VOA News: ព័ត៌មាន: “កម្ពុជារិះគន់ថៃថាយឺតយ៉ាវក្នុងការនាំយកអ្នកសង្កេតការណ៍មកតំបន់ព្រះវិហារ” plus 2 more |
- កម្ពុជារិះគន់ថៃថាយឺតយ៉ាវក្នុងការនាំយកអ្នកសង្កេតការណ៍មកតំបន់ព្រះវិហារ
- ថៃសុំឱ្យពន្យាពេលដាក់អ្នកសង្កេតការណ៍មកតំបន់ជម្លោះ
- អ្នកវិភាគ៖ កម្ពុជាគួរស្វែងរកដំណោះស្រាយនយោបាយដើម្បីបើកផ្លូវឱ្យលោកសម រង្ស៊ីមកវិញ
កម្ពុជារិះគន់ថៃថាយឺតយ៉ាវក្នុងការនាំយកអ្នកសង្កេតការណ៍មកតំបន់ព្រះវិហារ Posted: 03 Mar 2011 10:08 AM PST ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានរិះគន់ប្រទេសថៃចំពោះការយឺតយ៉ាវក្នុងការបំពេញបែបបទឯកសារដើម្បីអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកត្រួតពិនិត្យមើលបទឈប់បាញ់នៅក្នុងតំបន់ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ក្បែរប្រាសាទព្រះវិហារ។ កាសែត The Nation របស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាលោក ម៉ាទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានបញ្ជូនឯកសារបែបបទសម្រាប់ការបំពេញបេសកកម្មរបស់អ្នកសង្កេតការណ៍មកកាន់ភាគីជម្លោះកម្ពុជានិងថៃ។ ប្រទេសកម្ពុជាបានឆ្លើយតបជាវិជ្ជមាន ប៉ុន្តែប្រទេសថៃបានទទួលយកឯកសារបែបបទនេះដោយគ្មានការឆ្លើយតបរហូតមកដល់ពេលនេះ។ កាសែត The Nation បានបញ្ជាក់ថាប្រទេសឥណ្ឌូនេស៊ីនឹងបញ្ជូនអ្នកសង្កេតការណ៍៣០នាក់ដែលនឹងដាក់១៥នាក់នៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា និង១៥នាក់ទៀតដាក់នៅក្នុងព្រំដែននៃទឹកដីថៃ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងពិធីបិទទិវាមហោស្រពសិល្បៈមហាជនលើកទី១៣នៅសាលចតុមុខក្រុងភ្នំពេញថាលោកបានប្រញាប់ប្រញាល់ធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងក្រសួងការពារជាតិដោយប្រមូលឯកសារនិងផែនទីពីសមរភូមិមុខដើម្បីរៀបចំបំពេញបែបបទឆ្លើយតបទៅប្រធានអាស៊ានជាបន្ទាន់។ «ខ្ញុំប្រាប់ឱ្យរដ្ឋមន្ត្រីការបរទេសឆ្លើយមិនឱ្យលើសពី២៤ម៉ោងនៃសំណើរបស់ប្រទេសឥណ្ឌូនេស៊ី។ យើងបានឆ្លើយទៅនឹងសំណើរបស់គាត់ (ឥណ្ឌូនេស៊ី) ហើយយើងផ្តល់នូវចំណុចត្រួតពិនិត្យចំនួន១៤ចំណុចឱ្យទៅប្រទេសឥណ្ឌូនេស៊ីត្រួតពិនិត្យ និងអង្កេតការណ៍ ហើយយើងបើកចំហទៀត បើមានការចាំបាច់ យើងផ្តល់ជូនលទ្ធភាពឱ្យ។ យើងសុំរយៈពេល១២ខែ និងអាចពន្យា»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងថាប្រទេសថៃកំពុងតែលេងកលល្បិចចង់ធ្វើអ្វីមួយទៀតហើយចំពោះការមិនទាន់បំពេញបែបបទសម្រាប់ការត្រួតពិនិត្យមើលបទឈប់បាញ់របស់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដែលភាគីជម្លោះទាំងពីរបានយល់ស្របគ្នានោះ។ «ដល់ម៉ោងនេះ រដ្ឋាភិបាលទីក្រុងបាងកកបាននិយាយថារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិមិនទាន់បានជួបគ្នា។ គ្រាន់តែរដ្ឋមន្ត្រីរបស់ថៃពីរនាក់ជួបគ្នាអត់បាន។ អគ្គមេញ្ជាការកងទ័ពបាននិយាយថាមិនអាចឱ្យ (អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី) ចូលត្រួតពិនិត្យនៅខាងក្នុងបានទេ។ វាមានអាថ៌កំបាំង»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវដល់ប្រទេសឥណ្ឌូនេស៊ីឱ្យបញ្ជូនអ្នកសង្កេតការណ៍មកកាន់ប្រទេសកម្ពុជា បើប្រទេសថៃ ស្ទាក់ស្ទើរក្នុងការទទួលយកដោយបញ្ជាក់ថាសូមប្រទេសបញ្ជូនជាបន្ទាន់មកភាគីកម្ពុជានៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថាប្រទេសកម្ពុជានឹងមិនធ្វើការចរចាជាមួយប្រទេសថៃដោយទ្វេភាគីលើបញ្ហាជម្លោះព្រំដែននោះទេ។ ប៉ុន្តែបើប្រទេសថៃចង់ចរចាជាមួយកម្ពុជាគឺត្រូវស្នើសុំប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានចូលរួមនៅក្នុងការចរចានោះ៕ This posting includes an audio/video/photo media file: Download Now |
ថៃសុំឱ្យពន្យាពេលដាក់អ្នកសង្កេតការណ៍មកតំបន់ជម្លោះ Posted: 03 Mar 2011 06:28 AM PST ប្រទេសថៃបានសុំឲ្យឥណ្ឌូនេស៊ី ពន្យាការបញ្ជូនក្រុមអ្នក សង្កេតការណ៍មកកាន់តំបន់ជម្លោះដោយបញ្ជាក់ថា ខ្លួនត្រូវការចរចាជាមួយកម្ពុជាសិន។ នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វីចាជីវ៉ា អះអាងកាលពីថ្ងៃពុធថា ថៃ និង កម្ពុជាត្រូវជួបពិភាក្សាគ្នាអំពីយន្តការទ្វេភាគីមួយ ទាក់ទងនឹងការបញ្ជូនក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះ។ លោកបានស្នើសុំឲ្យប្រទេសឥណ្ឌូនេស៊ីពន្យាពេលក្នុងការបញ្ជូនក្រុមអ្នកសង្កេតការណ៍ដោយសារមានតម្រូវការចាំបាច់ដើម្បីកំណត់ឲ្យបានច្បាស់លាស់នូវទំហំកិច្ចការ រចនាសម្ព័ន្ធ ហើយនឹងទីតាំង ដែលក្រុមអ្នកសង្កេតការណ៍ត្រូវធ្វើប្រតិបត្តិការ។ នេះបើតាមការបញ្ជាក់របស់ លោកអាប់ភីស៊ីត ក្នុងសេចក្តីសម្រង់ព័ត៌មានប្រចាំថ្ងៃរបស់លោកបន្ទាប់ពីលោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន។ លោក អាប់ភីស៊ីតបានថ្លែងថា៖ «ប្រទេសថៃនិងកម្ពុជា ចាំបាច់ត្រូវព្រមព្រៀងគ្នា ក្នុងការកំណត់តំបន់ និងទំហំការងារចំពោះកន្លែងណាដែលក្រុមអ្នកសង្កេតការណ៍អាចអនុវត្តភារកិច្ចរបស់ពួកគេ បើពុំដូច្នោះទេ វាអាចនាំទៅដល់បញ្ហា និងជម្លោះច្រើនបន្ថែមទៀតទាក់ទងនឹងការទាមទារឲ្យមានការសម្រុះសម្រួល»។ នាយករដ្ឋមន្ត្រីថៃដែលពុំបានបញ្ជាក់លម្អិតថាបែបណាជាយន្តការទ្វេភាគីនោះ បានអះអាងថាប្រទេសថៃ បានសរសេរលិខិតទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយដើម្បីពន្យល់អំពីរឿងដែលថៃបារម្ភនោះហើយ។ គេពុំទាន់ឃើញមានការបញ្ជាក់ពីប្រទេសឥណ្ឌូនេស៊ីនិងសមាគមអាស៊ានយ៉ាងណាទេចំពោះការពន្យាពេលនេះ។ លោក អាប់ភីស៊ីតបានអះអាងជាឯកតោភាគីថា ប្រទេសឥណ្ឌូនេស៊ីបានទទួលស្គាល់ពីស្ថានការណ៍និងកង្វល់របស់ថៃហើយ។ លោក កុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា ជំហររបស់ ថៃយ៉ាងណាចំពោះរឿងអ្នកសង្កេតការណ៍អាស៊ាននោះកម្ពុជាមិនដឹងទេ តែ កម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួនរួចហើយថា កម្ពុជានឹងទទួលយកបែបបទធ្វើ ការងារដែលឥណ្ឌូនេស៊ីបានស្នើមកកម្ពុជាក្នុងលិខិតកាលពីថ្ងៃ២៧កុម្ភៈ។ «យើងបានបញ្ជាក់ច្បាស់ហើយថា បើក្នុងករណីប្រទេសថៃជំទាស់មិនព្រមនោះគឺកម្ពុជាយល់ព្រមទទួលជាឯកតោភាគី»។ កម្ពុជានិងថៃបង្ហាញឲ្យឃើញពីជំហរផ្ទុយគ្នាខ្លះរឿងទទួលយកក្រុមអ្នកសង្កេតការណ៍។ ភាពផ្ទុយគ្នាដែលទំនងជារឿងលំបាកដល់ឥណ្ឌូនេស៊ីនោះគឺ កម្ពុជាយល់ព្រមឥតលក្ខខណ្ឌតាមការរៀបចំរបស់ឥណ្ឌូនេស៊ី តែថៃបានបញ្ជាក់ ថានឹងត្រូវរៀបចំជួបប្រជុំគ្នារកយន្តការទ្វេភាគីមួយជាមុនសិននៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជានិងថៃដែលនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីតបានបញ្ជាក់ថានឹងធ្វើនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ។ ក៏ប៉ុន្តែ លោក កុយ គួងនឹងមន្ត្រីយោធាកម្ពុជាម្នាក់បានអះអាងស្រដៀងគ្នាថា ថៃបានប្រកាស ដាក់ថ្ងៃចរចាតែម្នាក់ឯង ដោយគ្មានការយល់ព្រមពីកម្ពុជា។ លោក កុយ គួងនិងមន្ត្រីយោធាខ្មែរដដែលបានអះអាងថាកម្ពុជាបានបញ្ជាក់រួចហើយថា ដរាបណាឯកសារព្រំដែនទាំងបី មិនត្រូវសភាថៃអនុម័ត ហើយអ្នកសង្កេតការណ៍អាស៊ានមិនទាន់មានវត្តមានកម្ពុជានឹងមិនជួបប្រជុំជាមួយថៃទេ។ អ្នកវិភាគកម្ពុជាខ្លះនិយាយថាថៃអាចចាប់ឲ្យកម្ពុជាទទួលខុសត្រូវរឿងថៃ ពន្យាពេលទទួលយកអ្នកសង្កេតការណ៍ ប្រសិនបើកម្ពុជាមិនព្រមចរចាទ្វេភាគីជាមួយខ្លួនរឿងយន្តការទ្វេភាគីដែលថៃចង់រៀបចំជាមួយកម្ពុជាមុនពេលទទួលយកអ្នកសង្កេតការណ៍អាស៊ាននោះ។ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីសប្តាហ៍ទី៣នៃខែកុម្ភៈក្នុងប្រទេសឥណ្ឌូនេស៊ី ប្រទេសកម្ពុជានិងថៃបាន ប្រកាសព្រមគ្នាពីការបង្ហាញ ឆន្ទៈទទួលយកអ្នកសង្កេតការណ៍អាស៊ាន ៣០ នាក់ ចែកគ្នាពាក់កណ្តាលម្នាក់ ទៅកាន់តំបន់ជម្លោះនៅជាប់ព្រំដែនប្រទេសទាំងពីរជិតតំបន់ប្រាសាទព្រះវិហារ ដើម្បីធានាបទឈប់បាញ់គ្នានិងធ្វើឲ្យមានទំនុកចិត្តឡើងវិញរវាង ភាគីទាំងពីរ ថៃនិងកម្ពុជា។ ការប្រកាសទទួលយកក្រុមអ្នកសង្កេតការណ៍នេះកើតឡើង ក្រោយពីកងទ័ព កម្ពុជានិងថៃ បានវាយប្រយុទ្ធគ្នា៤ ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ ថ្ងៃទី៧ខែកុម្ភៈតាមបណ្តោយព្រំដែនជិតតំបន់ប្រាសាទព្រះវិហារ ធ្វើឲ្យ មានស្លាប់និង របួសទាំងសងខាងដោយសារការចោទប្រកាន់រឿងរំលោភបំពានបូរណភាពដែនដី៕ This posting includes an audio/video/photo media file: Download Now |
អ្នកវិភាគ៖ កម្ពុជាគួរស្វែងរកដំណោះស្រាយនយោបាយដើម្បីបើកផ្លូវឱ្យលោកសម រង្ស៊ីមកវិញ Posted: 03 Mar 2011 01:59 PM PST ក្រោយមួយថ្ងៃដែលមេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជាគឺលោក សម រង្ស៊ី ត្រូវតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារពីរឆ្នាំបន្ថែម ទៀតពីបទដកតម្រុយបង្គោលព្រំដែន ក្រុមអ្នកវិភាគនៅក្នុងប្រទេសកម្ពុជាបានអះអាងថាការស្វែងរកដំណោះស្រាយមួយសម្រាប់លោកសម រង្ស៊ីអាចវិលត្រឡប់មកប្រទេសកម្ពុជាដើម្បីចូលរួមបោះឆ្នោតគឺជារឿងសំខាន់។ លោក សមរង្ស៊ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសត្រូវជាប់ទោស១២ឆ្នាំ ប្រសិនលោកវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ពីបទទាក់ទងនឹងការដក តម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមកាលពីឆ្នាំ២០០៩នៅខេត្តស្វាយរៀង ហើយនឹងការផ្សព្វផ្សាយ ឯកសារ ព្រំដែនក្លែងក្លាយ។ តែលោក សម រង្ស៊ីបានចាត់ទុកថាការកាត់ក្តីករណីរបស់លោកតាមរយៈតុលាការគឺជារឿងមិនសមរម្យទេ ដោយសារលោកសម រង្ស៊ីបញ្ជាក់ថាករណីលោកជារឿងនយោបាយគួរត្រូវដោះស្រាយតាមបែបនយោបាយ។ ការជាប់ពិរុទ្ធភាពរបស់លោកសម រង្ស៊ីត្រូវក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាព្រួយបារម្ភខ្លាចថាលោកសម រង្ស៊ី មិនអាចវិលត្រឡប់មកកម្ពុជាវិញបានដើម្បីចូលរួមប្រកួតប្រជែងពេលបោះឆ្នោតជាមួយគណបក្សគ្រប់គ្រងប្រទេស របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាចជាង៣ទសវត្សមកហើយនោះ។ លោកស្រី ជា វណ្ណាត ជាអតីតនាយិកាមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមនិងជាអ្នក វិភាគឯករាជ្យម្នាក់បានថ្លែងថា៖ ការបោះឆ្នោតមួយដែលអាចមានលក្ខណៈ យុត្តិធម៌ត្រឹមត្រូវផង ហើយលទ្ធិប្រជាធិបតេយ្យពេញលេញផងនោះ លុះត្រាតែមានវត្តមានរបស់មេដឹកនាំបក្សជំទាស់គឺលោក សម រង្ស៊ី។ «ខ្ញុំមានជំនឿថាសម្តេចនាយកលោកធ្លាប់មានបទពិសោធខាងឈ្នះៗ ករណីឈ្នះៗលោកមានបទពិសោធច្រើនក្នុងការបង្រួបបង្រួមជាតិ ខ្ញុំសង្ឃឹមថាករណីឯកឧត្តមសម រង្ស៊ីនេះនឹងមានដំណោះស្រាយតាមផ្នែកនយោបាយណាមួយដើម្បីអនុញ្ញាតឲ្យប្រធានគណបក្សសម រង្ស៊ីហ្នឹងលោកអាច នឹងអញ្ជើញ មកចូលរួមក្នុងការឃោសនាបោះឆ្នោតនិងចូលរួមក្នុងការបោះឆ្នោត»។ លោក ស្រី ជា វណ្ណាត ថ្លែងដូច្នេះដោយយោងថាលោក សម រង្ស៊ីត្រូវប្រជាពលរដ្ឋជាច្រើនបោះឆ្នោតជូនលោកដែរ។ ហើយបើការប្រកួតប្រជែងក្នុងពេល បោះឆ្នោតខាងមុខគណបក្សប្រជាជនកម្ពុជានៅតែឈ្នះ ពេលនោះជាការឈ្នះដោយកិត្តិយស។ ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១២ និងបោះឆ្នោតជាសកលនៅឆ្នាំ២០១៣ខាងមុខ។ លោក សម រង្ស៊ីដែល គណបក្សលោកទទួលបានអាសនៈក្នុងសភាចំនួន២៦ គឺជាដៃគូប្រកួតប្រជែង នយោបាយដ៏សំខាន់ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៩០ក្នុងចំណោមអសនៈសភាសរុបចំនួន១២៣។ លោកហង្ស ឆៃយ៉ា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានថ្លែងថាដំណោះស្រាយនយោបាយមួយគួរកើតមានទៅតាមឆន្ទៈប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតជូនលោក សម រង្ស៊ី។ លោក ឆៃយ៉ាថ្លែងថា លោក សម រង្ស៊ីមិនអាចមានឱកាសបម្រើ ដល់អ្នកគាំទ្រលោកបានទេប្រសិនបើលោកស្ថិតនៅក្រៅប្រទេស ហើយសហគមន៍អន្តរជាតិនឹងដាក់ចម្ងល់ខ្លាំងអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រសិនលោកសម រង្ស៊ីត្រូវគេរឹតត្បិតសកម្មភាពនយោបាយ។ «ហើយរឿងហ្នឹងរឹតតែធ្វើឲ្យបញ្ហាហ្នឹងពិបាកទៀតហើយៗយើងឃើញថានឹង មានជះឥទ្ធិពលខ្លាំងពីព្រោះអ្នកដែលស្រឡាញ់ឯកឧត្តមសម រង្ស៊ីនិងគណបក្ស ប្រឆាំងសម រង្ស៊ីហ្នឹងគេកំពុងតែទន្ទឹងរង់ចាំឲ្យគាត់ចូល មកប្រទេស កម្ពុជាវិញដើម្បីដឹកនាំគណបក្សគាត់ចូលរួមក្នុងការបោះឆ្នោតនៅពេលឆាប់ៗនេះបាទ»។ លោក ឆៃយ៉ាបានអះអាងទៀតថា៖ រឿងរ៉ាវដកបង្គោលព្រំដែននេះគួរតែដោះ ស្រាយតាមរយៈនយោបាយមិនគួរដោះស្រាយតាមផ្លូវតុលាការទេ។ «របៀបទំនាស់ផ្នែកនយោបាយគួរដោះស្រាយតាមហ្នឹងទៅ មិនបាច់យកតុលាការអីដែលបំភិតបំភ័យឲ្យប្រជាជនមិនសប្បាយចិត្តទេ។ គេចង់ឃើញ ប្រទេសកម្ពុជាអភិវឌ្ឍ ព្រោះប្រទេសកម្ពុជាជួបប្រទះអកុសលប្រវត្តិសាស្ត្រជូរចត់។ ហើយយើងឃើញថាបច្ចុប្បន្ននេះគួរធ្វើយ៉ាងណារួបរួមគ្នាដើម្បីអភិវឌ្ឍប្រទេសជាតិព្រោះអី ភាពក្រីក្រហ្នឹងជាបញ្ហាដ៏ធំមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង»។ លោក ជៀម យាប មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជានិងជាអ្នកតំណាងរាស្ត្របានបដិសេធការចោទប្រកាន់ពីឥទ្ធិពលរបស់គណបក្សគ្រប់គ្រងប្រទេស ចំពោះតុលាការ។ លោកថ្លែងថាករណីលោក សម រង្ស៊ី ជារឿងតុលាការនិងការ ប្រព្រឹត្តរបស់លោកសម រង្ស៊ី ដែលមិនមានអ្នកណាបញ្ជាឲ្យគាត់ដកបង្គោលព្រំដែនដែលខុសច្បាប់នោះ។ នៅពេលសួរអំពីដំណោះស្រាយនយោបាយនឹងអាចកើតមានឬទេចំពោះលោក សម រង្ស៊ីពេលនេះ? លោកជៀម យាបបានបញ្ជាក់ថាមានដំណោះស្រាយឬយ៉ាងណាគឺស្រេចលើគណបក្សសម រង្ស៊ី និងខ្លួនលោក សម រង្ស៊ីផ្ទាល់ដែលទាក់ទងយ៉ាងណាជាមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងការស្នើលើកលែងនិងបន្ទូរបន្ថយទោសពីព្រះមហាក្សត្រ។ «ពីព្រោះនេះជាឆន្ទានុសិទ្ធិរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី លោក យល់ឃើញយ៉ាងណាៗនោះជាសិទ្ធិរបស់លោក»។ ក្រុមអ្នកនយោបាយមួយចំនួនដែលត្រូវចាប់ខ្លួន ឬផ្តន្ទាទោសរួមទាំងលោក សម រង្ស៊ី ផង កាលពីអតីតកាលធ្លាប់សរសេរលិខិតបំភ្លឺ ឬសុំទោសលោក ហ៊ុន សែន ដើម្បីជាថ្នូរនឹងការលើកលែងទោសឬស្នើឲ្យព្រះមហាក្សត្រលើកលែងទោសបន្ទាប់ពីតុលាការសម្រេចទោសនៅពេលមានករណីក្តីក្តាំតុលាការជាមួយគ្នា។
លោក សម រង្ស៊ីដែលបានបំពេញទស្សនកិច្ចនៅស.រ.អ.កាលពីសប្តាហ៍មុនដើម្បីជួបជាមួយមន្ត្រីមួយចំនួនបានជំរុញឲ្យស.រ.អត្រួតពិនិត្យមើលស្ថានការណ៍ កម្ពុជាឡើងវិញជាពិសេសទាក់ទងនឹងរឿងបោះឆ្នោតពេលខាងមុខ។ លោកបញ្ជាក់ថាប្រសិនបើបញ្ហាមួយចំនួនរួមទាំងសេរីភាពរបស់គណបក្សជំទាស់ ដែលមិនអាចមានសេរីភាពធ្វើអ្វីបាននុះ ការបោះឆ្នោតនាពេលខាងមុខ នឹងក្លាយជាការបោះឆ្នោតដែលមិនបានការ។ មន្ត្រីសហគមន៍អឺរ៉ុបកាលពីខែថ្មីៗនេះបានថ្លែងប្រាប់វីអូអេ ផ្នែកខេមរភាសាថា នយោបាយប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍បើមានការចូលរួមរបស់ លោកសម រង្ស៊ី៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |