VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


មេ​បក្ស​ប្រឆាំង​មក​រក​ការ​គាំទ្រ​ពី​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន

Posted: 01 Mar 2011 02:59 PM PST

លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៤​និង​ទី​២៥​ខែ​កុម្ភៈ ​ដើម្បី​ជួប​​ប្រជុំ​ជាមួយ​មន្រ្តី​​ស្ថាប័ន​ផ្សេងៗ​របស់​សហរដ្ឋ​អាមេរិក​និង​សួរ​សុខទុក្ខ​ក្រុម​អ្នកគាំទ្រ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដែល​យូរៗ​ម្តង​ លោក​ សម រង្ស៊ី ​មក​បំពេញ​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ទាក់ទាញ​រក​ការ​គាំទ្រ។

ប៉ុន្តែ​ការ​វិវត្ត​ចុងក្រោយ​នៃ​រឿងក្តីក្តាំ​របស់​លោក​ទាក់ទង​នឹង​ការ​ដក​បង្គោល​ព្រំដែន​​និង​ការ​ប្រែប្រួល​នៃ​ស្ថានភាព​នយោបាយ​នៅ​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ ផ្តល់​ឱ្យ​លោក​នូវ​ឱកាស​ស្នើ​ឱ្យ​ប្រទេស​ដ៏​ធំ​មួយ​ដូចជា​សហរដ្ឋ​អាមេរិក​គិតគូរ​ឡើងវិញ​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដូចជា​កម្ពុជា។

លោក​ សម រង្ស៊ី​ បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ស្ថាប័ន​នីតិប្បញ្ញត្តិ ​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ខ្មែរ-អាមេរិកាំង។

ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​ជំនួប​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស ​លោក​ សម រង្ស៊ី​បញ្ជាក់​នូវ​ជំហរ​យ៉ាងច្បាស់​ថា​ប្រទេស​ធំៗ​ដូចជា​អាមេរិក​ត្រូវ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​ទាក់ទង​នឹង​ការ​បោះឆ្នោត​ដែល​មាន​ដូចជា៖ ការ​ធានា​ថា​ប្រធាន​បក្ស​ដូចជា​រូបលោក​អាច​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ឆ្នាំ​២០១២​និង​២០១៣ ​​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​​ដោយ​មាន​រៀបចំ​បញ្ជី​អ្នក​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ ផ្តល់​អត្តសញ្ញាណប័ណ្ណ​ឱ្យ​ទាន់​ពេល​ឱ្យ​ប្រជាពលរដ្ឋ​និង​បង្កើន​ចំនួន​អាសនៈ​នៅ​ក្នុង​សភាជាតិ។

«បើ​បញ្ហា​ទាំងបួន​ដែល​យើង​លើកឡើង​អម្បាញ់​មិញ​មិន​ទទួល​បាន​ដំណោះស្រាយ​ត្រឹមត្រូវ​ទេ​គឺ​ការ​បោះឆ្នោត​ខាងមុខ​គឺ​គ្មានន័យ​ គ្មានតម្លៃ ​គ្មានប្រយោជន៍ ​មិនចាំបាច់​ឱ្យ​អ្នក​សង្កេត​ការណ៍​ទៅ​តាម​ឃ្លាំ​សង្កេត​មើល​ការ​បោះឆ្នោត​នោះ​ទេ ​ព្រោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​​ គឺ​ដឹង​​មុន ​ហើយ​​ដឹង​មុន​​តាំងពី​​ឥឡូវ ​ពីព្រោះ​តាម​រយៈ​ការ​បន្លំ ​ការ​លួចឈ្មោះ ​ការ​លុបឈ្មោះ​ ការរៀបចំ​បញ្ជី​អ្នក​បោះឆ្នោត​មិន​ត្រឹមត្រូវ​គឺ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​គេ​ធានា​ជោគជ័យ​របស់​គេ​ក្នុង​ការ​បោះឆ្នោត​រួច​ទៅ​ហើយ»។

លោក​ សម រង្ស៊ី​ កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅប្រទេស​ ដោយសារ​ត្រូវ​តុលាការ​ប្រទេស​កម្ពុជា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​ទាក់ទង​នឹង​រឿង​ដក​តម្រុយ​បង្គោល​​ព្រំដែន​​ជាមួយ​​ប្រទេស​​វៀតណាម។ លោក​អាច​នឹង​បាត់​ឈ្មោះ​ចេញពី​បញ្ជី​បេក្ខជន​ឈរ​បោះឆ្នោត​ដោយសារ​ច្បាប់​បោះឆ្នោត​ហាមឃាត់​មិន​​ឱ្យ​អ្នក​មាន​ជាប់​ទោសទណ្ឌ​ឈរឈ្មោះ​បាន​ឡើយ។

ក៏​មាន​បញ្ហា​ធំៗ​ជាច្រើន​ដែល​ជា​បញ្ហា​អាយុ​ជីវិត​របស់​កម្ពុជា​​ ហើយ​ជា​រងើក​ភ្លើង​មួយ​អាច​នឹង​ឆាបឆេះ​នៅ​ពេលណា​មួយ​មិនខាន ​ក្នុងនោះ​មាន​ដូចជា​ភាព​ក្រីក្រ​ ភាពអត់​ការងារ​ធ្វើ ​ការ​រឹបអូស​ដីធ្លី​ប្រជារាស្ត្រ ​អំពើពុករលួយ ​ការ​មិនគោរព​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ។

នៅ​ក្នុង​ការ​ជួបជុំ​ជាមួយ​សហគមន៍​ខ្មែរ-អាមេរិកាំង​ធ្វើនៅ​ភោជនីយដ្ឋាន​ហាវ៉េសមូន​ ដែល​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​រក​ការគាំ​ទ្រ​ លោកសម រង្ស៊ី បញ្ជាក់​ថា ​ព្រឹត្តិការណ៍​ដែល​​លោក​​បាន​​តាមដាន​នៅ​បណ្តា​ប្រទេស​ដែល​មាន​ការ​បះបោរ​នា​ពេល​ថ្មីៗ​នេះ​​​ ឃើញ​ថា​វាមាន​លក្ខណៈ​ប្រហាក់​ប្រហែល​ឬ​ដូចគ្នា​នឹង​​សង្គម​នៅ​ប្រទេស​កម្ពុជា៖

«យើង​មើល​ឃើញ​ថា​ប្រជា​ពលរដ្ឋ​ដែល​បះបោរ​នៅ​ប្រទេស​ទាំង​ប៉ុន្មាន ​នៅ​អាហ្រ្វិក​ខាង​ជើង​នេះ​ជា​ពិសេស​គឺ​បះបោរ​ដើម្បី​អ្វី? ចង់​បាន​អ្វី? ​គឺ​ប្រជាពលរដ្ឋ​ឥឡូវនេះ​ឈឺចាប់​ដោយសារ​រឿង​អ្វី? គឺ​ដូចគ្នា ​គឺ​ ទី​មួយ​ភាព​ក្រីក្រ​ ដរាប​ណា​គេ​ចេះតែ​ថា​ស្រុក​អភិវឌ្ឍ ​ប៉ុន្តែ​អភិវឌ្ឍ​សម្រាប់​នរណា? អភិវឌ្ឍ​​សម្រាប់​អ្នកមាន​អំណាច​ អភិវឌ្ឍ​សម្រាប់​មហាសេដ្ឋី​ឱ្យ​កាន់តែ​មានឡើង​ ដូចនេះ​ប្រជារាស្រ្ត​អត់​ចង់​បាន​ទេ​ គាត់​ចង់​បាន​ការអភិវឌ្ឍ​សម្រាប់​ប្រជារាស្ត្រ​ទូទៅឱ្យ​អ្នកក្រ​បាន​ទទួលផល​ពី​ការអភិឌ្ឍ​ផង។ ​បើ​អ្នកក្រ​នៅ​តែ​ក្រ​ដដែល​ មាន​អ្នកខ្លះ​កាន់តែ​ក្រ​ទៅ​ក៏​មាន​ដែរ​ នេះ​ច្បាស់​ជា​មាន​ការ​តវ៉ា​នៅ​ប្រទេស​អេហ្ស៊ីប​ ទុយនេស៊ី​ លីប៊ី ​ហើយ​នៅ​ប្រទេស​កម្ពុជា​គឺ​ដូចគ្នា​អញ្ចឹង​ដែរ»។

នៅ​ប្រទេស​ទុយនេស៊ី​និង​អេហ្ស៊ីប​ ចលនា​បដិវត្តន៍​របស់​ក្រុម​យុវជន​បាន​ផ្តួល​រំលំ​មេដឹកនាំ​ដែល​​បាន​កាន់កាប់​ប្រទេស​ទាំង​នេះ​ជាយូរ​មក​ហើយ។ ​រី​ឯ​នៅ​ប្រទេស​លីប៊ី ​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មាន​ការ​ខឹង​សម្បារ​កំពុង​បះបោរ​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​ដែល​បាន​កាន់​កាប់​ប្រទេស​អស់​រយៈ​ពេល​ជិត​៤២​ឆ្នាំ។

ការ​ធ្វើការ​ប្រៀបធៀប​នេះ​បាន​ត្រូវ​ចំ​​ទឹកចិត្ត​អ្នក​ចូលរួម​ស្តាប់​ដូចជា​លោក​ កែវ ថម ​អនុប្រធាន​សមាគម​អង្គរ។

«ខ្ញុំ​មាន​ជំនឿ​មួយ​ចំនួន​ដែរ​ថា ​ប្រហែល​ជា​ថ្ងៃណា​មួយ ​ការ​ស្រេកឃ្លាន​ប្រជាធិបតេយ្យ​និង​យុត្តិធម៌​ អាច​មាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជាតិ​យើង​ ប្រសិន​បើ​ការ​រស់នៅ​របស់​ប្រជាជាតិ​យើង​​នៅ​ក្នុង​​ភាព​ក្រីក្រ​ខ្លាំង​ឡើងៗ​គឺ​ថ្ងៃណា​មួយ​ប្រជាជាតិ​ប្រជាជន​យើង​ក៏​មិនអាច​នៅ​សំងំ​ស្ងៀម​បាន​ដែរ»។

ជា​ផ្នែក​នៃ​ការ​ទាក់ទាញ​ឱ្យ​មាន​ការគាំទ្រ​ទូលំទូលាយ​លោក សម រង្ស៊ី​ក៏​បាន​ដឹកនាំ​ប្រតិភូ​ទៅ​ជួប​ជាមួយ​នឹង​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​អាមេរិក​ផង​ដែរ។

នៅ​ទីបញ្ចប់​ការ​ប្រមូលផ្តុំ​ការគាំទ្រ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​ការ​សំខាន់​ក្នុង​យុទ្ធនាការ​របស់​លោក​សម រង្ស៊ី​ក្នុង​ការជំរុញ​ឱ្យ​មាន​ការ​កែប្រែ​​​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក។ លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​ក្រោយពី​ជំនួប​​មួយ​ជាមួយ​មន្រ្តី​នៃ​វិទ្យាស្ថាន​ដើម្បី​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក​ថា៖

«ជំហរ​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ប្រកាន់​ចំពោះ​ប្រទេស​នានា​ក្នុង​ពិភពលោក​ជាពិសេស​ប្រទេស​ដែល​មាន​មេដឹកនាំ​អំណាច​ផ្តាច់ការ​ ប្រទេស​ដែល​ប្រជារាស្ត្រ​រងគ្រោះ​ដោយ​អំណាច​ផ្តាច់​ការ​ ដោយ​អំពើ​អយុត្តិធម៌ ​ប្រជារាស្រ្ត​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ ខ្ញុំ​ជឿជាក់​ថា​ ចាប់​ពី​ពេល​នេះ​ទៅ ​សហរដ្ឋ​អាមេរិក​នឹង​ឱ្យ​និយមន័យ​ថ្មី​មួយ ​«អ្វី​ដែល​ហៅថា​ស្ថេរភាព»។​ តើ​ស្ថេរភាព​ក្នុង​របប​ប្រជាធិបតេយ្យ​ឬ​ស្ថេរភាព​ក្នុង​របប​ផ្តាច់ការ?​ យើង​មិនត្រូវ​ឱ្យ​តម្លៃ​ចំពោះ​ស្ថេរភាព​ក្រោម​អំណាច​ផ្តាច់ការ​ទេ​ព្រោះ​ស្ថេរភាព​បែប​នេះ​មិនយូរ​ទេ​គង់តែ​ថ្ងៃណា​មួយ​គង់​តែ​ផ្ទុះ​កំហឹង​ប្រជារាស្រ្ត ​នឹង​ផ្ទុះ​ដូច​នៅ​ប្រទេស​លីប៊ី​ ប្រទេស​អេហ្ស៊ីប​ ប្រទេស​ទុយនីស៊ី»។

បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ លោក​សម រង្ស៊ី​ក៏នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់​បន្ត​ទៀត​ដើម្បី​ទាក់ទាញ​ឱ្យមាន​ការ​គាំទ្រ​បន្ថែម៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!