Koh Santipheap Daily

Koh Santipheap Daily


សន្និ​សីទ​​មហា​អនុ​តំបន់​ទន្លេ​មេ​គង្គ​គ្រោង​បើក​ធ្វើ​នៅ​សប្តាហ៍​ក្រោយ

Posted: 04 Mar 2011 06:02 PM PST

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​​៩ មីនា ខាង​មុខ ​នៅ​សណ្ឋា​គារ​សូហ្វី​តែល​ភ្នំពេញ ផូ​កី​ត្រា នឹង​​​ប្រារព្ធ​ពិធី​បើក​​​សន្និ​សីទ​​មហា​អនុ​តំបន់​ទន្លេ​​មេគង្គ (GMS) សម្រាប់​ការ​អភិ​​វឌ្ឍ​ច្រក​​របៀង​សេដ្ឋ​កិច្ច​​ភាគ​ខាង​ត្បូង (SEC) ​ក្រោម​អធិបតី​ភាព​​លោក​ចម ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ក្រសួង​​ពាណិជ្ជ​កម្ម និង​រដ្ឋ​មន្ត្រី​​ GMS ប្រចាំ​ប្រទេស​កម្ពុជា ។ សន្និ​សីទ​នេះ​​​រៀប​ចំ​ឡើង​ក្នុង​រយៈ​​ពេល​ពីរ​ថ្ងៃ ។ ​លោក Thomas Crouch អគ្គ​នាយក​រង​នៃ​នាយក​​ដ្ឋាន​អាស៊ី​​អាគ្នេយ៍​​​ របស់​​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី (ADB) និង​លោក​ស្រី Megan Anderson ​ប្រធាន​ទី​ភ្នាក់​ងារ​​អូស្ត្រាលី​ដើម្បី​​ការ​អភិ​វឌ្ឍ​​អន្តរ​ជាតិ (AusAID) ប្រចាំ​កម្ពុជា នឹង​ផ្តល់​ទស្សន​វិស័យ​របស់​ដៃ​គូ​អភិ​វឌ្ឍ​សំខាន់ៗ​ទាំង​ពីរ (ADB និង AusAID) ដែល​​សកម្ម​​ក្នុង​ការ​អភិ​វឌ្ឍ​​មហា​អនុ​តំបន់​ទន្លេ​​មេ​គង្គ ។ លោក Oudet Souvannavong អគ្គ​លេខា​ធិការ​នៃ​វេទិកា​ពាណិជ្ជ​កម្ម GMS នឹង​បង្ហាញ​ពីទស្សនៈ​របស់​វិស័យ​ឯក​ជន​ទៅ​លើ​ច្រក​របៀង​សេដ្ឋ​កិច្ច​​ភាគ​ខាង​​​ត្បូ​ង​ផង​ដែរ ។

​សន្និ​សីទ​​ដែល​រៀប​ចំ​ដោយ ADB និង​ឧបត្ថម្ភ​​ថវិកា​ដោយ AusAID នេះ ​មាន​បំណង​​កំណត់ និង​ផ្សព្វផ្សាយ​​ផែន​ការ​វិនិ​យោគ​សាធា​រណៈ​ដែល​កំពុង​អនុ​វត្ត​ដោយ​រដ្ឋា​ភិបាល​​ថ្នាក់​ជាតិ និង​អាជ្ញា​ធរ​ក្នុង​តំបន់​​ ចែក​រំលែក​​ព័ត៌​មាន​អំពី​ឱកាស​​វិនិ​យោគ​ និង​សហ​ប្រតិ​បត្តិ​ការ​បង្ហាញ​ពី​ទស្សនៈ​របស់​វិស័យ​​ឯក​ជន​​ទៅ​លើ​ឱកាស​ និង​បញ្ហា​នៅ​ក្នុង​ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋ​កិច្ច​ភាគ​​ខាង​ត្បូង ​ផ្តល់​ព័ត៌​មាន​ពី​គោល​នយោ​បាយ​​បរិ​ស្ថាន​ ​ដែល​ប៉ះ​ពាល់​​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម ​ការ​​វិនិ​យោគ​នៅ​តាម​ច្រក​របៀង​ និង​ពិនិត្យ​មើល​​ឡើង​វិញ ​នូវ​កិច្ច​សម្រប​សម្រួល​ពាណិជ្ជ​កម្ម ពាណិជ្ជ​កម្ម​ទ្វេ​ភាគី និង​បញ្ហា​​ដឹក​ជញ្ជូន​​ដែល​ប៉ះ​ពាល់​​ដល់​ការ​អភិ​វឌ្ឍ​​ច្រក​របៀង​សេដ្ឋ​កិច្ច​​ភាគ​​ខាង​ត្បូង ។

សន្និ​​សីទ​​នេះ ​មាន​ការ​ចូល​រួម​ពី​​តំណាង​អាជ្ញា​ធរ​ខេត្ត ​និង​មូល​ដ្ឋាន​ អ្នក​បង្កើត​គោល​នយោ​បាយ​​ថ្នាក់ជាតិ មក​ពី​ក្រសួង​ពាក់​ព័ន្ធ​ដូច​ជា​ ក្រសួង​​សាធារណ​ការ និង​ដឹក​ជញ្ជូន ​​​ពាណិជ្ជ​កម្ម​ ផែន​ការ និង​​ក្រសួង​ការ​បរទេស​ និង​មាន​តំណាង​​វិស័យ​ឯក​ជន​​ដែល​មក​ពី​សមា​គម​​ពាណិជ្ជ​កម្ម និង​សភា​​ពាណិជ្ជ​កម្ម​ នៃ​​បណ្តា​​ខេត្ត​ចំនួន​៤៣​​ ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​​របៀង​សេដ្ឋ​កិច្ច​ភាគ​ខាង​​ត្បូង ។ ​តំណាង​ដៃ​​គូ​អភិ​វឌ្ឍន៍​​ក៏​ត្រូវ​​បាន​អញ្ជើញ​​ឱ្យ​ចូល​រួម​​ផង​ដែរ ។ អភិ​បាល​ខេត្ត​មួយ​ចំនួន​​មក​ពី​ខេត្ត​នៅ​ជាប់​ព្រំ​​ដែន​នៃ​​​ច្រក​របៀង​នេះ នឹង​ធ្វើ​បទ​បង្ហាញ​​អំពី​ការ​ផ្តួច​ផ្តើម​​របស់​អាជ្ញា​ធរ​​មូល​ដ្ឋាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​សម្រ​ប​សម្រួល​​ការ​អភិ​វឌ្ឍ​​ច្រក​របៀង​​សេដ្ឋ​កិច្ច​ភាគ​ខាង​ត្បូង​ ​ផល​លំបាក​ដែល​ប្រឈម​ក្នុង​ការ​ពង្រីក​ វិនិ​យោគ និង​ពាណិ​ជ្ជ​កម្ម និង​លក្ខ​ខណ្ឌ​នានា​ដើម្បី​​ជម្រុញ​ផ្សព្វ​ផ្សាយ​ និង​សម្រប​សម្រួល​ការ​អភិ​វឌ្ឍ​រវាង​អាជ្ញា​ធរ​ក្នុង​តំបន់​ និង​តំណាង​​វិស័យ​​ពាណិជ្ជ​កម្ម ៕

សមា​សភាព​​ប្រកួត​នៅ​សង្វៀន​បាយ័ន​ថ្ងៃ​ទី​​៦ មីនា ខាង​មុខ

Posted: 04 Mar 2011 04:20 PM PST

រាជធានីភ្នំពេញ ៖ នៅ​លើ​សង្វៀន​​ប្រដាល់​​ស្ថានីយ​ទូរទស្សន៍​បាយ័ន​សម្រាប់​​រសៀល​ថ្ងៃ​​អាទិត្យ ​ទី​៦ មីនា ខាង​មុខ​​នេះ ​ឯម វិចិត្រ ​មក​ពី​ក្លឹប​​គ្រុឌ​មាន​ជ័យ​ ត្រូវ​បាន​​ផ្គូ​ផ្គង​ឱ្យ​ជួប​​ប្រកួត​ជា​មួយ​សំរិត សុភាព មក​ពី​ក្លឹប​​ក្រសួង​កសិ​កម្ម ។ រវាង​គូ​នេះ​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​គ្នា​ជា​ញឹក​ញាប់​ដែរ នា​ពេល​កន្លង​មក​​ ក្នុង​នោះ​សុភាព មិន​សូវ​មាន​ឱកាស​​ឈ្នះ​វិចិត្រ​ទេ ។ សុភាព មាន​ស្នៀត​កណ្តាប់​ដៃ​​ល្អ និង​​លឿន​ទៀត​ផង​ រីឯ​វិចិត្រ ​ក្រៅ​ពី​ជង្គង់​គេ​មាន​ស្នៀង​កែង និង​រន្ទះ​ជើង​ដែល​​មិន​អាច​ប្រហែស​បាន​ឡើយ ប៉ុន្តែ​ពេល​ខ្លះ​មុខ​របស់​វិចិត្រ ក៏​ជ្រាយ​ដែរ ។ ​ទោះ​បី​ជា​យ៉ាង​ណា​រវាង​​វិចិត្រ និង​សុភាព អាច​ប្រកួត​បាន​​៥​ទឹក​ពេញ​ ហើយ​​អ្នក​ណា​ឈ្នះ​ក៏​មិន​ស្រួល​ខ្លួន​ប៉ុន្មាន​ដែរ ។

ភុន សោភ័ណ្ឌ ​មក​ពី​ក្លឹប​​យុវ​កីឡា​ខេត្ត​កណ្តាល ត្រូវ​ប្រកួតង​ជា​មួយ​​យឹម ​ឌៀប ​មក​ពី​ក្លឹប​​ក្រសួង​ការ​ពារ​ជាតិ ។ គូ​នេះ​ក៏​ធ្លាប់​​​ជួប​គ្នា​ជា​ច្រើន​​លើក​ច្រើន​សា​មក​ដែរ ដែល​មាន​ឈ្នះ​-ចាញ់​​ជា​ធម្ម​តា ។ មួយ​រយៈ​​ចុង​ក្រោយ​​នេះ​ពួក​គេ​ហាក់​បី​ដូច​ជា​ឃ្លាត​ឆ្ងាយ​​ពី​​សង្វៀន​​មិន​សូវ​បាន​បង្ហាញ​មុខ​ញឹក​ញាប់​​ឡើយ ។ សោភ័ណ្ឌ មាន​រន្ទះ​ជើង​ល្អ​ តែ​ពេល​ចូល​​កៀក​ចាញ់​ស្នៀត​ជង្គង់​របស់​យឹម ឌៀប ។ កណ្តាប់​ដៃ​របស់​សោភ័ណ្ឌ ​លឿន​តែ​​ស្រាល រីឯ​កណ្តាប់​ដៃ​យឹម ឌៀប ​យឺត​តែ​ធ្ងន់ ។ ការ​ជួប​គ្នា​​លើ​ក​នេះ​ទំនង​យឹម ឌៀប ​ជា​អ្នក​ឈ្នះ។

​អាំង សំអាត មក​ពី​ក្លឹប​​តាព្រហ្ម​​មាន​ជ័យ ត្រូវ​ប្រកួត​​ជា​មួយ​​ឯម ចាន់​រស្មី មក​ពី​ក្លឹប​​គ្រុឌ មាន​ជ័យ ។ សំអាត និង​រស្មី ទោះ​បី​ជាមាន​មាឌ​​ល្អិត​​ទម្ងន់​ស្រាល​ តែ​ពួក​​គេ​មាន​ប្រវត្តិ​ឡើង​សង្វៀន​​ចាស់​វស្សា​​​ និង​មាន​បទ​ពិសោធន៍​ពេញ​ខ្លួន​ដូច​គ្នា ។ អាន ​មុន្នី​ មក​ពី​ក្លឹប​​និរោធ​មាន​ជ័យ ត្រូវ​ប្រកួត​ជា​មួយ​ជា សុផា​និត មក​ពី​ក្លឹប​​វីអាយ​ភី​ចំការ​មន ។ សុខ វិរៈ មក​ពី​ក្លឹប​ប៉េអឹម​​ខេត្ត​កំពង់​ស្ពឺ ត្រូវ​ប្រកួត​ជា​មួយ​ស៊ឹម សល់ មក​ពី​ក្លឹប​​ប៉េអឹម​​រាជ​ធានី​ភ្នំពេញ ។ រីឯ​នាង ស៊ីណាត ​មក​ពី​ក្លឹប​​ប្រដាល់​ខេត្ត​រតន​គិរី ត្រូវ​ប្រកួត​ជា​មួយ​ឈៀង សំអូន មក​ពីក្លឹប​កង​ទ័ព​ជើង​គោក ។ ប៉ុន្មាន​គូ​ចុង​ក្រោយ​​នេះ​សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​​រលក​ក្រោយ​​ដែល​មិន​ទាន់​មាន​បទ​ពិសោធន៍​​ច្រើន​នៅ​​ឡើយ៕

ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​ផ្ទះ​ប្រជា​ពល​រដ្ឋ​យក​បាន​ទ្រព្យ​ជាង៦ពាន់​ដុល្លារ

Posted: 04 Mar 2011 02:52 AM PST

​ពួក​ចោរ​​នាំ​គ្នា​លូន​ចេញ​តាម​ប្រហោង​បង្អួច
ស្ត្រី​ម្ចាស់​ផ្ទះ

ខេត្ត​កណ្តាល​ ៖ ចោរ​ប្លន់​ប្រដាប់​អាវុធ​១​ក្រុម​បានគាស់​បង្អួច​ផ្ទះ​លក់​កាហ្វេ​មួយ​រួច​លូន​ចូល​ទៅ​ចាប់​កូន​ម្ចាស់​ផ្ទះ​ចង​ស្លាប​សេក​ ព្រម​ទាំង​វាយ​ស្ត្រី​ម្ចាស់​ផ្ទះ និង​កូន​ស្រី​បណ្តាល​ឱ្យ​រង​របួស​ ហើយ​​ប្រមូល​​យក​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ រួច​គេ​ច​ខ្លួន​ទៅ​បាត់​​។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១១ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ភូមិ​អង្គ​ស្នួល​ទី​៣ ឃុំ​ពើក​ ស្រុក​អង្គ​ស្នួល ។

ក្រុម​ចោរ​ប្លន់​មាន​គ្នា​​២​នាក់​ស្លៀក​ពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​១​ដើម​ ដែក​ស្បែង​១ និង​ដូយ​រថ​យន្ត​១ ។ ចំណែក​ឯ​ស្ត្រី​ម្ចាស់​​ផ្ទះឈ្មោះ​សុខ ខឿន អាយុ​៤៩​ឆ្នាំ រង​របួស​បែក​ក្បាល​ដេរ​ចំនួន​៥០​​ថ្នេរ​ និង​កូនស្រី​​ឈ្មោះ​លឹម សុខា អាយុ​២៨​ឆ្នាំ រង​របួស​បែក​ក្បាល​ដេរ​៥​ថ្នេរ​។ ក្រុម​ចោរ​​ប្រមូល​យក​បាន​ខ្សែ​ដៃ​ប្លា​ទីន​២​ខ្សែ​ទម្ងន់​២តម្លឹង​៣​ជី ខ្សែ​.ក​ប្លា​ទីន​២​​ខ្សែ​​ទម្ងន់​៨​ជី ខ្សែ​ដៃ​ដាំ​ត្បូង​១​ខ្សែ​ ក្រវិល​ពេជ្រ​១​គូ​តម្លៃ​ប្រហែល​១.០០០​ដុល្លារ​ បន្តោង​ខ្សែ​.ក​រូប​ព្រះ​ធ្វើ​ពី​មាស​២​ជី លុយ​៥០០​ដុល្លារ​​ និង​ទូរ​ស័ព្ទ​ដៃ​១​គ្រឿង​​តម្លៃ​ជាង​១០០​ដុល្លារ​ ។ ​សរុប​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​​ទាំង​អស់​ចំនួន​ជាង​៦​ពាន់​ដុល្លារ​។

តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា នៅ​ពេលម្ចាស់​ផ្ទះ​កំពុង​លង់​លក់​ក្នុង​ដំណេក​​​ ក្រុម​ចោរ​ប្លន់​បាន​គាស់​បង្អួច​ចំហៀង​ខាង​លិច​ រួច​កាត់​ចំរឹង​បង្អួច​លូន​ចូល​បន្ទប់​ ក្រោម​​ផ្ទះ​​។ ពួក​គេ​បាន​​ចាប់​កូន​ប្រុស​​​ម្នាក់របស់​ស្ត្រី​ម្ចាស់​ផ្ទះ​​ចង​ស្លាប​សេក​នឹង​ខ្សែ​ភ្លើង​ ព្រម​ទាំង​គំរាម​មិន​ឱ្យ​ស្រែក​។ បន្ទាប់​មក​ពួកចោរ​​ឡើង​ទៅ​លើ​ផ្ទះ​តាម​ជណ្តើរ​​ខាង​ក្នុង​​ រួច​ចាប់​កូ​ប្រសាប្រុស​ម្នាក់​ទៀត​ចង និង​​គំរាម​​ស្ត្រី​ម្ចាស់​ផ្ទះ និង​កូន​ស្រី​ឱ្យ​យក​កូន​សោ​ចាក់​ទូ​ និង​ក្បាល​គ្រែ​ប្រអប់​រើ​យក​ទ្រព្យ​សម្បត្តិ​មានតម្លៃ​។

ប្រភព​ដដែល​​បន្ត​ទៀត​ថា ដោយ​សារ​ស្ត្រី​ម្ចាស់​ផ្ទះ​​បដិ​សេធ​ថា អត់​មាន​លុយ​​ ឬ​របស់​មាន​តម្លៃ​អ្វី​ទេ​ ធ្វើ​ឱ្យ​ចោរ​ខឹង​ក៏​ទាញ​យក​ដែក​គាស់​វាយគាត់​ផង​​ និងវាយ​កូន​ស្រីផង​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ធ្ងរ។ ខណៈ​ស្ត្រី​ម្ចាស់​ផ្ទះ​រង​របួស​ ពួក​​ចោរ​បាន​យក​ដែក​គាស់​ទៅ​គាស់​ទូ និង​ក្បាល​គ្រែ​ប្រអប់​ប្រមូល​យក​គ្រឿង​អលង្ការ​ និង​លុយ​នៅ​ក្នុង​នោះ​​ទាំង​អស់ ។ ពេល​នាំ​គ្នា​គេច​ខ្លួន​​ដោយ​សារ​តែ​ទ្វារ​ផ្ទះ​ជាប់​គន្លឹះ​ចេញ​មិនបាន​លឿន ​ពួក​ចោរ​​នាំ​គ្នា​លូន​ចេញ​តាម​ប្រហោង​បង្អួច ។ ក្រោយ​ពេល​កើត​ហេតុនោះ ប្រជា​ពល​រដ្ឋ​ និង​សមត្ថ​កិច្ច​ប៉ូលិស​ស្រុក​​អង្គ​ស្នួលបាន​តាម​រក​ចាប់​ខ្លួន​ពួក​ចោរ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​រក​មិន​ឃើញ​។ ​គេ​​សង្ស័យ​ថា ពួក​ចោរ​អាចជា​អ្ន​ក​រស់​​នៅ​ជិតៗ​នោះ និង​ធ្លាប់​ចេញ​ចូល​ផឹក​កាហ្វេ​ទៀត​ផង​ទើប​ដឹង​ថា ជន​រង​គ្រោះ​មាន​ទ្រព្យ​សម្បត្តិ​ និង​លុយ​កាក់​ ហើយ​ចូល​ប្លន់​បែបនោះ ៕

ដុតកម្ទេច​ជ័រ​​និងកំណាត់​ធ្វើឱ្យ​មាន​ផ្សែង​បំពុល​បរិស្ថាន

Posted: 04 Mar 2011 02:47 AM PST

ដុតកម្ទេច​ជ័រ​​និងកំណាត់​ធ្វើឱ្យ​មាន​ផ្សែង​បំពុល​បរិស្ថាន
កម្លាំង​ចម្រុះបាន​ចុះទៅ​ត្រួត​ ពិនិត្យ​ទីតាំង​ឆេះ​កាកសំណល់​បង្ក​ជា​ផ្សែង​ពុល​

រាជធានីភ្នំពេញ​ ៖ កម្លាំង​ចម្រុះ​រួមមាន​​អាជ្ញាធរ​ខណ្ឌ​ដង្កោ​​ ​លោកអភិបាល​រង​ហែម ដារិទ្ធិ និង​មន្ត្រី​មន្ទីរ​បរិស្ថាន​រាជធានីភ្នំពេញ​ និង​ការិយាល័យ​​បរិស្ថាន​​ខណ្ឌ​ដង្កោ​ បាន​ចុះទៅ​ត្រួត​ ពិនិត្យ​ទីតាំង​ឆេះ​កាកសំណល់​បង្ក​ជា​ផ្សែង​ពុល​ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្តឹង​ចោទ​ប្រកាន់​​ពីការ​ដុត​​កម្ទេច​កាកសំណល់​​ចោល​ឥត​សណ្តាប់​ធ្នាប់​ ​ធ្វើ​ឱ្យ​​ប្រជា​លរដ្ឋ​​ដែល​មាន​លំនៅ​ឋាន​​ជិត​នោះ​ពិបាក​ទ្រាំ​នឹង​ក្លិន​សាយភាយ​​​នេះ​រក​កល់ចង់​​ពុល​និង​ថប់​ដង្ហើម​ ។

ក្រោយ​​ពេល​ទទួល​បាន​បណ្តឹង​ប្រជាពលរដ្ឋ​​​កម្លាំង​ចម្រុះបាន​ចុះ​ទៅ​​ពិនិត្យ​មើល​​កាលពី​​​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១១ ដល់ទីតាំង​ខាង​លើ​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​ព្រៃព្រីងខាង​ត្បូង សង្កាត់​ចោម​​ចៅ ខណ្ឌ​ដង្កោ ។ ពេល​ចុះ​ទៅ​ដល់​​ គឺ​ឃើញ​មានការ​ដុត​ចោល​​នូវ​កម្ទេច​កាក​សំណល់​រោង​ចក្រ​​មែន ​ហើយ​ការ​ដុត​នោះ​​ធ្វើ​ឱ្យ​ផ្សែង​​ហុយ​ទ្រលោម​​និង​ជះក្លិន​អាក្រក់​ស្ទើរ​ទ្រាំ​មិនបាន​​ដូច​ការ​ដែល​ប្រជា​ពលរដ្ឋ​ប្តឹង​មែន ។ ​មន្ត្រី​អាជ្ញាធរ​​និយាយ​​ថា ​ម្ចាស់​ទីតាំង​ស្តុក​កម្ទេច​កាក​សំណល់​​រោង​ចក្រ​ខាង​លើ​ឈ្មោះ​ហេង ហ្វុត​ ប្រធាន​សេដ្ឋ​កិច្ច​សមាគមនិគម​ជន​វៀត​ណាម​នៅ​កម្ពុជា ហើយ​ពេល​ទៅ​ដល់​ស្ត្រី​ជា​ប្រពន្ធ​របស់​ម្ចាស់​​ទីតាំង​ខាង​លើ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ដុត​កាក​សំណល់​នេះទេ ​តែ​សារភាព​ថា​បាន​ចាក់​​ចោល​កាក​សំណល់​នៅទីនោះ​មែន​ និង​​ប្រហែល​​ជា​មាន​គេ​លួច​ដុត​​។​

​ទោះបីជា​បែប​ណា ​សមត្ថ​កិច្ច​មិន​បាន​ជឿ​ថា ​​​ម្ចាស់​ទីតាំង​នោះ​អត់​ដុត​នោះឡើយ​ព្រោះ​​ភ្លើង​​​ឆេះ​​កាក​សំណល់​នៅ​ក្នុង​ទីតាំង​​ខាង​លើ ។ មិនតែប៉ុណ្ណោះ​​​ ភ្លាមៗ​​នោះ​អាជ្ញាធរបាន​ហៅ​រថយន្ត​​ពន្លត់​អគ្គីភ័យ​ទៅ​បាញ់​ទឹក​ពន្លត់​​អស់​​២​​ស៊ីទែន​ នៅតែ​មិន​រលត់​ទៀត​ ហើយ​បន្ទាប់​​មក​​ម្ចាស់​ទី​តាំង​បាន​​ប្រើ​កម្មករ​របស់​ខ្លួន​ឱ្យ​យក​ម៉ាស៊ីន​បូម​ទឹក​បាញ់​ពន្លត់​។ ភ្លើង​ឆេះ​កាក​សំណល់​ខាង​លើ​មាន​រយៈ​ពេល​២​ថ្ងៃ​ហើយ ​ទើប​នៅ​​យប់​ថ្ងៃ​ទី​៣ មីនា ប្រជា​ពល​រដ្ឋ​បាន​ប្តឹង​លោក​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ ទើប​ពេល​នោះ​មាន​ការ​បញ្ជា​ឱ្យ​កម្លាំង​ចេញ​ដើរ​រក​ទាំង​យប់​​ ប៉ុន្តែ​ពុំ​ទាន់​មាន​វិធាន​ការ​ភ្លាមៗ​ទេ​។ លុះ​ដល់​ព្រឹក​ឡើង​ទើប​មាន​ការ​ប្តឹង​ទៅ​គណៈ​អភិ​បាល​ខណ្ឌ​ដង្កោ​ទៀត ​ទើប​លោក​អភិ​បាល​ខណ្ឌ​បញ្ជា​ឱ្យ​លោក​អភិ​បាល​រង​ហែម​ ដារិទ្ធ​ិ សហ​ការ​​ជាមួយ​មន្ត្រី​មន្ទីរ​បរិ​ស្ថាន​រាជ​ធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​មើល និង​ចាត់​វិធាន​ការ​ពន្លត់​ភ្លើង​នេះ​។

មន្ត្រី​បរិ​ស្ថាន​បាន​ឱ្យ​ដឹង​ថា ផ្សែង​ និង​ក្លិន​អាក្រក់​ខាង​លើ​អាច​នាំ​ឱ្យមនុស្ស​ថប់​ដង្ហើម​វិល​មុខ ងងឹត​មុខ ​បណ្តាល​ឱ្យ​មាន​​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ខ្លាំង​ណាស់​ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​ស្ត្រី​​ទើប​សំរាល​កូន​រួច​ ។ ​​បន្ទាប់​ពី​ចុះ​ទៅ​ដល់​ក្រៅ​ពី​ពន្លត់​ភ្លើង​នោះ​គឺ​បាន​ធ្វើ​ការ​ណែនាំ​​និង​ផាក​ពិន័យ​ម្ចាស់​ទី​តាំង​​ទៅ​តាម​ច្បាប់​ ហើយ​​​ដោយ​មិន​អាច​ប្រកែក​បាន​ ម្ចាស់​ទី​តាំងក៏​ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នក​បង្ក​ផង​ដែរ ៕​

តូយ៉ូ​តា​១បាំង​កន្លះ​បុក​រះ​ឡិចស៊ីស​និងម៉ូតូរួច​ចុះ​ត្រាំ​ទឹក

Posted: 04 Mar 2011 02:32 AM PST

តូយ៉ូ​តា​១បាំង​កន្លះ​បុក​រះ​ឡិចស៊ីស​និងម៉ូតូរួច​ចុះ​ត្រាំ​ទឹក
​រថយន្ត​ឡិចស៊ីស RX300 ត្រូវ​រថយន្តតូយ៉ូ​តា​បុក

ខេត្ត​កណ្តាល ៖ រថ​យន្ត​​តូ​យ៉ូតា១​បាំង​កន្លះ១​គ្រឿង​ បានបើកបោះ​ពួយ​យ៉ាង​លឿន ជ្រុល​ទៅ​បុក​រថយន្ត​ឡិចស៊ីស RX300 មួយ​គ្រឿងពេញទំហឹង រួច​ហើយ​អត់​ឈប់​ស្ងៀម​ទេ បាន​ជ្រុលទៅ​មុខ​បុកម៉ូតូ​អ្នកដំណើរ​១​គ្រឿង ​ទៀត​បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ២​នាក់​រងរបួស​​ស្រាល បន្ទាប់មក​ទើប​រថយន្ត​នោះ​ជ្រុល​ធ្លាក់​ចូលទៅ​ក្នុង​ប្រឡាយ​​ទឹក​ ហើយ​អ្នក​បើកបរ​​បាន​រត់គេចខ្លួន​បាត់ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍នោះបានកើត​ឡើង​កាលពីវេលាល្ងាច​ថ្ងៃទី​៣ មីនា ឆ្នាំ២០១១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិចុងបង្គោល ឃុំបែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល ។

​រថយន្ត​បង្កហេតុ​ម៉ាក​តូ​យ៉ូតា​១បាំងកន្លះ​ពណ៌​ទឹក​​ប្រាក់​ ពាក់ស្លាក​លេខ​ញ-៣៨៩៦ ភព២ ​ក្រោយ​ពេលកើតហេតុ អ្នក​បើកបរ​បាន​គេច​ខ្លួនបាត់​ ។ ចំណែកឯ​​រថ​យន្ត​រង​គ្រោះ​ម៉ាក​តូយ៉ូតា​ឡិចស៊ីស RX 300 ពណ៌ស្ករ ពាក់ស្លាក​លេខ​ភ្នំពេញ 2M- 2433 បើកបរ​ដោយ​បុរ​ស​ឈ្មោះ​​ឡុង ប៊ុនឡាយ អាយុ​៥៨​ឆ្នាំ ​មានទីលំនៅ​សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ រង​របួស​ស្រាល​ដោយ​បោកក្បាល​​ទៅ​នឹ​ងជញ្ជាំង​រថ​យន្ត ។ រីឯម៉ូតូ​មួយគ្រឿង​ទៀត​ដែល​រងគ្រោះ​ដោយ​សារ​​​​តែ​រថយន្ត​បុក​ដែរនោះ​ម៉ាក​ហុងដា​គុបជ្រុង ពណ៌​ខៀវ បើកបរ​ដោយ​បុរស​ឈ្មោះ​​ស៊ុន សុខកួន អាយុ​២៤​ឆ្នាំ មានទី​លំនៅ​ភូមិ​កោះ ទ្រេត ឃុំភ្នំ​តូច ស្រុកឧដុង្គ ខេត្ត​កំពង់ស្ពឺ រួម​ជា​មួយ​អ្នកជិះ​ពីក្រោយ​ម្នាក់​ទៀត​រង​របួស​ស្រាល។

តាម​ប្រភព​ព័ត៌​មាន​​បានឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​ខាងលើ រថយន្ត​ទាំង​ពីរ​គ្រឿង និងម៉ូតូ​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិសគ្នា ដោយ​រថយន្ត​ម៉ាកតូយ៉ូតា​១​បាំង​កន្លះ បើកបរ​ក្នុង​ទិស​ដៅ​ពីកើត​ទៅ​លិច​ក្នុងល្បឿន​យ៉ាងលឿន​ ។ ចំណែក​ឯ​រថ​យន្ត​ម៉ាក​ឡិចស៊ីស RX300 និងម៉ូតូម៉ាកគុបជ្រុង បើកបរ​​ស្របទិស​គ្នា​ក្នុងទិសដៅ ពីលិច​ទៅកើត ។ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​រថយន្ត​ម៉ាកតូយ៉ូតា​១​បាំង​កន្លះ បានបន្ថែម​​ល្បឿន​វ៉ា​រថយន្ត​ផ្សេង​ទៀត​ ហើយបាន​ជ្រុល​ទៅ​បុករថយន្ត​ឡិចស៊ីស RX 300 ​ពេញទំហឹង​បណ្តាល​ឱ្យរ​ង​នូវ​​ការខូចខាត​យ៉ាងដំណំ​ រួច​ហើយ​ជ្រុលទៅបុកម៉ូតូ​១គ្រឿង​ទៀត​មុនពេលធ្លាក់ចូល​ទៅក្នុងប្រឡាយ​ទឹក៕

លោក​រដ្ឋ​មន្ត្រី​​ស៊ុយ សែម ​​ពិនិត្យ​​ការ​បោស​សំអាត​មីន​ក្នុង​អាង​វារី​អគ្គិ​​សនី​​ស្ទឹង​អាតៃ

Posted: 04 Mar 2011 02:13 AM PST

លោក​រដ្ឋ​មន្ត្រី​​ស៊ុយ សែម ​​ពិនិត្យ​​ការ​បោស​សំអាត​មីន​ក្នុង​អាង​វារី​អគ្គិ​​សនី​​ស្ទឹង​អាតៃ
លោក​រដ្ឋ​មន្ត្រី​​ស៊ុយ សែម ​​ពិនិត្យ​​ការ​បោស​សំអាត​មីន​ក្នុង​អាង​វារី​អគ្គិ​​សនី​​ស្ទឹង​អាតៃ

ខេត្ត​ពោធិ៍​សាត់ ៖ ​កាល​ពី​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១១​ កន្លង​ទៅ លោក​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​ក្រសួង​​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល បាន​អញ្ជើញ​ពិនិត្យ​​មើ​លការ​ដោះ​មីន​នៅ​ក្នុង​អាង​ទំនប់​វារី​​អគ្គិ​សនី​​ស្ទឹង​អាតៃ ស្ថិត​ក្នុង​ភូមិ​ឆាយ​លូក ​ឃុំ​អូរ​សោម ស្រុក​វាល​វែង ​ដែល​ក្រុម​ស៊ី​ម៉ាក់​​កំពុង​​ធ្វើ​សកម្ម​ភាព​បោស​សំអាត​សព្វ​ថ្ងៃ​នេះ មុន​នឹង​វារី​ អគ្គិ​សនី​ដំណើរ​ការ​ប្រើ​ប្រាស់ ។

តាម​របាយ​ការណ៍​របស់​​លោក​ឧត្តម​សេនីយ៍​ទោ តូច ​ផេង​​ទាន នាយក​​នាយក​ដ្ឋាន​ផែន​ការ​ប្រតិ​បត្តិ​ការ​ និង​ហ្វឹក​ហ្វឺន​​នៃ​មជ្ឈ​មណ្ឌល​​ជាតិ​គ្រប់​គ្រង​​កង​កម្លាំង​រក្សា​សន្តិ​​ភាព​បោស​សំអាត​មីន​ និង​កាក​​សំណល់​​​សង្គ្រាម​​ឱ្យ​ដឹង​ថា ការ​ដ្ឋាន​​បោស​សំអាត​មីន​ និ​ងកាក​សំណល់​​សង្គ្រាម​នៅ​ស្ថានីយ​វារី​អគ្គិ​សនី​ស្ទឹង​​អាតៃ ​ស្រុក​វាល​វែង នេះ គឺ​ជា​តំបន់​មាន​សង្គ្រាម​​នៅ​ក្នុង​ទស​​វត្ស​ឆ្នាំ​១៩៧០ ​រហូត​ដល់​១៩៩៨ ​ដែល​​នៅ​សេស​សល់​​​មីន​អន្ទាក់​​ប្រឆាំង​ថ្មើរ​​​ជើង​ និង​គ្រាប់​​បាញ់​ផ្លោង​ធ្លាក់​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​នៅ​លើ​ដី និង​ក្នុង​ដី​យ៉ាង​ច្រើន ។ ​តំបន់​នេះ​ជា​សមរ​ភូមិ​ចាស់​កាន់​កាប់​ដោយ​ភាគី​ខ្មែរ​ក្រហម ​មាន​ព្រៃ​ក្រាស់ ព្រៃ​ស្រោង ជ្រលង​ជ្រោះ ​​ជម្រាល​​ភ្នំ ចំណោត​ខ្លាំង​ ​ភ្នំ​ខ្ពស់ៗ អាកាស​ធាតុ​ពេល​យប់​​ត្រជាក់​ ពេល​ថ្ងៃ​ក្តៅ ​មាន​ភ្លៀង​ធ្លាក់​ញឹក​ញាប់ សំបូរ​សត្វទាក និង​សត្វ​មាន​ពិស​​ជា​ច្រើន​ ធ្វើ​ឱ្យ​កម្លាំង​រុក​រក​ភាគ​ច្រើន​ទទួល​រង​ជំងឺ​គ្រុន​ចាញ់ តែ​​បាន​ព្យា​បាល​​​ទាន់​ពេល​វេលា​ ។ កម្លាំង​សរុប​មាន​ចំនួន​៨៣​នាក់ ប្រើ​ប្រាស់​ម៉ាស៊ីន​រាវ​មីន​​៣៣​គ្រឿង រថយន្ត​ដឹក​ជញ្ជូន​៣​គ្រឿង ម៉ូតូ​២​គ្រឿង និង​ម៉ាស៊ីន​ភ្លើង​​១​គ្រឿង ។ គិត​ពី​ថ្ងៃ​ទី​២៨ ​សីហា ឆ្នាំ​២០១០ ដល់​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១១ ជា​លទ្ធ​ផល​យើង​រក​ឃើញ​គ្រាប់​មីន​ចំនួន​៥១​គ្រាប់ និង​​កាក​សំណល់​សង្គ្រាម​៣៤​គ្រាប់ លើ​ផ្ទៃ​ដី​៥.៩២៦.៨០០​​​ម៉ែត្រ​ការ៉េ ។

​លោក​រដ្ឋ​មន្ត្រី​​ស៊ុយ សែម បាន​ថ្លែង​កោត​សរសើរ​​ចំពោះ​មន្ត្រី​ស៊ីម៉ាក់ ដែល​បាន​ខិត​ខំ​បោស​សំអាត​មីន​ក្នុង​អាង​វារី​អគ្គិ​សនី​​ស្ទឹង​​អាតៃ ​ដើម្បី​ងាយ​ស្រួល​​ដល់​ក្រុម​ហ៊ុន​​ចិន​ដែល​កំពុង​កសាង​​វារី​អគ្គិ​សនី​សព្វ​ថ្ងៃ​នេះ​ចៀស​ផុត​ពី​គ្រោះថ្នាក់​​ជាយ​ថា​ហេតុ ។ ​​នៅ​ប្រទេស​​​កម្ពុជា​យើង​​មាន​សង្គ្រាម​​រ៉ាំរ៉ៃ​ជាង​២​ទស​វត្ស ដូច្នេះ​ហើយ​​ទើប​រាល់​ការ​បង្កើត​​ការ​ដ្ឋាន​​សាង​សង់​អ្វី​មួយ ​គឺ​ចាំ​បាច់​ត្រូវ​តែ​ដោះ​មីន ។ ជាក់​ស្តែង​​ដូច​ជា​ការ​​កសាង​វារី​អគ្គិ​សនី​​គិរី​រម្យ ស្ទឹង​តាតៃ ឫស្សី​ជ្រំជា​ដើម ​សុទ្ធ​តែ​ត្រូវ​បាន​ដោះ​មីន​ជា​មុន ហើយ​​សូម្បី​តែ​កាល​បើក​ការ​ដ្ឋាន​ដំណើរ​ការ​សាង​សង់​ស្ពាន​អ្នក​លឿង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក៏​​ដោះ​មីន​ដែរ និង​រក​ឃើញ​គ្រាប់​មីន​ជា​ច្រើន​គ្រាប់​​ទៀត​ផង ។ រាល់​ការ​បោស​សំអាត​មីន​​កន្លង​មក មិន​ដែល​មាន​គ្រោះ​ថ្នាក់​​​អ្វី​ទេ នេះ​ដោយ​សារ​មន្ត្រី​​​ស៊ី​ម៉ាក់ យើង​​មាន​​​ចំណេះ​​ដឹង បច្ចេក​ទេស និង​បទ ពិសោធន៍​​ច្បាស់​លាស់ ។ លោក​ស៊ុយ សែម បាន​ផ្តាំ​ផ្ញើ​​ដល់​កង​កម្លាំង​បោស​សំអាត​មីន​​​សូម​ខិត​ខំ​​បំពេញ​​ការ​ងារ​របស់​ខ្លួន​បន្ត​ទៀត​ ដើម្បី​សម្រេច​​​ផ្ទៃ​ដី​ជូន​ដល់​ក្រុម​ហ៊ុន​ចិន​ធ្វើ​អាង​វារី​អគ្គិ​សនី​​​ឆាប់​បាន​ដំណើរ​ការ​​ប្រើ​ប្រាស់ ។ នៅ​ក្នុង​ឱកាស​នោះ​ លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម បាន​ឧបត្ថម្ភ​​ទឹក​ក្រូច​ចំនួន​១០​កេស និង​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​បោស​សំអាត​មីន​នៅ​ទី​នោះ ព្រម​ទាំង​បាន​ពិនិត្យ​​មើល​ផ្ទៃ​ដី​ដោះ​រួច និង​អញ្ជើញ​​ចុច​បំផ្ទុះ​​គ្រាប់​មីន​កំទេច​ចោល​ផង​ដែរ៕

សមត្ថ​កិច្ច​ក្រុង​ខេមរ​ភូមិន្ទ​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​ប្រើ​អំពើ​ហិង្សា

Posted: 04 Mar 2011 01:57 AM PST

​​ជន​សង្ស័យ
​ជន​រង​គ្រោះ

ខេត្ត​កោះ​កុង ៖ គ្រាន់​តែ​ទាស់​ពាក្យ​សំដី​គ្នា​រឿង​ទិញ​ស្រា​បន្តិច​បន្តួច​បាន​ក្លាយ​ជា​អ្នក​ទោស​ដោយ​សារ​ប្រើ​អំពើ​ហិង្សា​ចាក់​គេ​នឹង​ដែក​បំពង់​ទីប​ចុង​ស្រួច​​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​​ ហើយ​ត្រូវ​នាំ​ចូល​សំរាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កោះ​កុង។ ករណី​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២ មីនា នៅ​ក្រោយ​អនុ​វិទ្យា​ល័យ​ទីរួម​ខេត្ត ស្ថិត​​ក្នុង​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរ​ភូមិន្ទ។ ​ជន​រង​គ្រោះ​ឈ្មោះ​ប៉ើ សៅ​លីញ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​ជា​កម្ម​ករ​ស៊ី​ឈ្នួល​កាប់​ជ្រូក មាន​ទីលំនៅ​​ក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរ​ភូមិន្ទ ​ត្រូវ​ជន​ល្មើស​ឈ្មោះ​ញឹក ទឹម​ផល្លី ហៅ​ខៀវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​ជា​កម្ម​ករ​សំណង់ មាន​ទីលំនៅ​​​ក្នុង​ភូមិ​២ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរ​ភូមិន្ទ ចាក់​នឹង​ដែក​បំពង់​ទីប​ត្រង់​ក្បាល និង​ចង្កេះ។

​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា បន្ទាប់​ពី​​បង្ក​ហេតុ​រួច​​ជន​សង្ស័យ​​រត់​គេច​ខ្លួន​បាត់ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ មីនា ទើប​សមត្ថ​កិច្ច​នគរ​បាល​ក្រុង​ខេមរ​ភូមិន្ទ ឃាត់​ខ្លួន​បាន ហើយ​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ដើម្បី​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​​សង្ស័យ និង​ជន​រង​គ្រោះ​​ទាស់​ពាក្យ​សំដី​គ្នា​រឿង​​ទិញ​ស្រា។ ជន​រង​គ្រោះ​ឈ្មោះ​ប៉ើ សៅ​លីញ អង្គុយ​ផឹក​ស្រា​នៅ​តូប​អ្នក​លក់ ហើយ​ពេល​ជន​​សង្ស័យ​ដើរ​ទៅ​​ទិញ​ស្រា ​ឌឺ​ដង​ពាក្យ​សំដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ទើប​កើត​ជា​អំពើ​ហិង្សា​​​បែប​នោះ៕

ស្ត្រី​២នាក់ និងបុរស​២​នាក់​ត្រូវសមត្ថ​កិច្ច​​ឃាត់ខ្លួន

Posted: 04 Mar 2011 01:48 AM PST

បុរស​២​នាក់​ត្រូវសមត្ថ​កិច្ច​​ឃាត់ខ្លួន
ស្ត្រី​២នាក់​ត្រូវសមត្ថ​កិច្ច​​ឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ នគរបាលផ្នែកព្រហ្ម​ទណ្ឌនៃអធិការដ្ឋានខណ្ឌដូនពេញបាន​ឃាត់ ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនពីរនាក់នៅ​ជាប់​របងវិហារ​អ៊ិស្លាមប្លុកបឹងកក់ ស្ថិតក្នុងភូមិទី ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលា ម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣ មីនា ឆ្នាំ ២០១១ ក្រោយពីសមត្ថកិច្ចរកឃើញ​ថ្នាំញៀន ។

ជនសង្ស័យដែលនគរបាល​ឃាត់ខ្លួនមាន ១-ឈ្មោះប៊ូ ណេត ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់ នៅសង្កាត់ស្រះចក ខណ្ឌដូពេញ និង២-ឈ្មោះ​រឿន ធី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅ​សង្កាត់ ស្រះ​ចក​ដែរ ។ នគរ បាលផ្នែកព្រហ្ម​ទណ្ឌនៃ​អធិ​ការដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួនស្រ្តី​ទាំង២​នាក់​  នោះបន្ទាប់ពីរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ាចំនួនពីរគ្រាប់ ។

ដោយ​ឡែក​ករណី​មួយ​ទៀត ជន​២នាក់​ត្រូវ​​ឃាត់​ខ្លួន​​កាលពី​រសៀល​ថ្ងៃទី៣ មីនា ដោយ​​​នគរបាល​ប៉ុសិ៍្ត​​បឹង​ព្រលិត ខណ្ឌ៧មករា ក្នុង​នោះម្នាក់ពាក់ព័ន្ធ​​រឿងចែកចាយ និងម្នាក់​​ទៀត ប្រើប្រាស់​គ្រឿង​ញៀន ព្រម​ទាំង​​ដក​ហូត​វត្ថុតាង​​មួយចំនួន ។ ជន២នាក់​នោះ​​ម្នាក់​ឈ្មោះ​មាស ឡេ​វីណា ​អាយុ​២០​ឆ្នាំ ​ស្នាក់នៅ​​សង្កាត់​ទឹកថ្លា ​​ខណ្ឌ​សែនសុខ និងម្នាក់​​ទៀតឈ្មោះ​វ៉ាន់ ចន្ទសេង អាយុ​២១​ឆ្នាំ ជា​​និស្សិតឆ្នាំទី១ នៅសាកល​វិទ្យា​ល័យ​ជាតិគ្រប់គ្រង​រស់នៅ​សង្កាត់​​ផ្សារ​ថ្មី​ទី១ ខណ្ឌដូន​ពេញ ។

លោក​អនុសេនីយ៍​ទោ ប៉ាត សំណាត ប្រធាន​នគរបាល​ប៉ុសិ៍្ត​ព្រលិតឱ្យ​ដឹងថា ​នៅ​វេលា​ម៉ោង១ និង​៣០នាទី​រសៀល​ថ្ងៃទី៣ មីនា ប៉ុសិ៍្ត​​រដ្ឋ​បាល​សង្កាត់​​​បឹង​ព្រលិតទទួល​បានព័ត៌​មាន​ថា នៅ​ច្រក​ជណ្តើរ​​ផ្ទះ​លេខ​៣DEo ផ្លូវ​លេខ ១៩០ ភូមិ៦ សង្កាត់​បឹង​ព្រលិត មាន ជន​សង្ស័យ​២នាក់ កំពុង​ធ្វើ​​សកម្ម​ភាព​ចែកចាយ ​និងប្រើប្រាស់​គ្រឿង​ញៀន ។ លោកប៉ាត សំណាត ឱ្យ​ដឹង​ទៀតថា ជន​សង្ស័យ​បានសារភាព​ថា ថ្នាំញៀន​ដែលគេ​យក​មកប្រើប្រាស់​ និង​ចែកចាយ​បន្តនេះ គឺ​ទិញពី​​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសម្នាក់ ។ ជន​សង្ស័យ​​ត្រូវ​បាន​ប្រគល់​ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​ ដើម្បី​ស្រាវជ្រាវស្វែងរក​ចាប់ខ្លួន​បក្សពួក និង​កសាង​សំណុំ​ រឿង​បញ្ជូនទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញ ៕

ដា​ណឺម៉ាក​សរ​សើរ​​ពីកិច្ច​ទំនាក់​ទំនង​ល្អជាមួយ​ប្រទេស​កម្ពុជា

Posted: 04 Mar 2011 01:42 AM PST

ក្រោម​អធិបតីភាពលោក​អ៊ឹម ​ឈុន​លឹម រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូប​នីយ​កម្ម​ និងសំណង់

រាជធានីភ្នំពេញ ៖ នៅ​ក្រសួង​រៀបចំ​​ដែន​ដី​នគរូប​នីយ​កម្ម​ កាលពីថ្ងៃទី​៣ មីនា បានរៀបចំ​ពិធី​ប្រគល់​-ទទួល​អគារ​ការិយា​ល័យ​​យាន​យន្ត​​ និងសំភារ​បរិក្ខា​រក្នុង​ក្របខណ្ឌ​នៃកម្មវិធី​គ្រប់​គ្រង​ធនធាន​ធម្ម​ជាតិ​ និងទ្រទ្រង់​ជីវ​ភាពរស់នៅ​​ពីឆ្នាំ​២០០៦-២០១០ ក្រោម​អធិបតីភាពលោក​អ៊ឹម ​ឈុន​លឹម រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូប​នីយ​កម្ម​ និងសំណង់ និង​លោក Tom Barthel Hansen អគ្គទីប្រឹក្សា​ស្ថាន​ទូត​​ដា​ណឺម៉ាក​ប្រចាំ​នៅ​កម្ពុជា ។

តាម​របាយ​ការណ៍​​របស់លោក​ឌុច វនទីតូ អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​រៀបចំ​ដែន​ដី និង​នគរូបនីយ​កម្ម​បាន​ឱ្យ​ដឹង​ថា ​ផ្អែក​លើ​​កិច្ចព្រម​ព្រៀង​​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​​ និង​​រដ្ឋាភិបាល​​នៃ​ប្រទេស​ដាណឺម៉ាក​​ចុះ​ថ្ងៃទី​៣១ កក្កដា ឆ្នាំ​២០០៦ ​និង​អនុ​ស្សរណៈ នៃ​ការ​យោគ​យល់​គ្នា​រវាង​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយ​កម្ម និង​សំណង់ និងស្ថាន​ទូត​ដា​ណឺ​ម៉ាក​ប្រចាំ​​រា​ជ​ធានី​ភ្នំពេញចុះ​ថ្ងៃទី១២ ​តុលា ​ឆ្នាំ ២០០៦ សមាស​ភាព​រៀបចំ​ដែនដី​នៃកម្ម​វិធី​​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ និង​ទ្រទ្រង់​​ជីវ​ភាព​រស់នៅ​​គាំទ្រ​ដោយ Dania /Dfid/NZAid បាន​ចាប់​ផ្តើម​អនុ​វត្ត​ការ​ងារ​ដោយ​អគ្គ​នាយក​ដ្ឋានរៀប​ចំ​ដែន​ដី និង​នគរូបនីយ​កម្ម​ពីថ្ងៃទី១៩ មេសា ឆ្នាំ ២០០៧​និងបញ្ចប់​​​នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ​២០១០។ ​សមាស​ភាពរៀបចំ​ដែនដី អនុវត្ត​ការ​ងារ​គ្រប​ដណ្តប់លើ​ខេត្ត​​គោលដៅ​ចំនួន១១ គឺខេត្ត​កំពត​ កែប​ ព្រះសីហនុ ​កោះ​កុង កំពង់ស្ពឺ កំពង់ចាម ​ក្រចេះ មណ្ឌលគិរី​ រតនគិរី សៀមរាប និង​ខេត្ត​​ពោធិ៍​សាត់ ។

លោក Tom Barthel Hansen បានថ្លែងថា ​ពិធី​​ប្រគល់​-ទទួល​នេះ ជា​និមិត្ត​​រូប​នៃ​កិច្ច​​សហ​ប្រតិបត្តិ​ការ​ប្រកប​ដោយជោគជ័យ​​​​រវាង​រដ្ឋា​ភិបាល​របស់​ប្រទេស​ទាំងពីរ ក្នុង​​ការ​ជួយ​ដល់​វិស័យ​ដីធ្លី ពិសេស​​គឺ​ការ​ខិតខំ​​ប្រឹង​ប្រែង​រួមគ្នា​ក្នុង​ការ​ពង្រឹង​អន្តរាគមន៍​​របស់​អគ្គ​​​​នាយក​ដ្ឋាន​រៀបចំ​ដែនដី​ និង​នគរូបនីយ​កម្ម ​ទាំង​នៅ​ថ្នាក់​ជាតិ​​ និងថ្នាក់​ក្រោម​ជាតិ ។

ចាប់​តាំង​ពី​​ឆ្នាំ​២០០៧ ដល់​ឆ្នាំ ២០១០ ​Danida គឺ​ជា​ដៃ​គូ​ដ៏​សកម្ម​មួយក្នុងវិស័យ​​ដីធ្លី រួម​ជាមួយ​ដៃ​គូ​ផ្សេង​ទៀត​មកពី​ប្រទេស​អាល្លឺ​ម៉ង់ ​​កា​ណា​ដា ហ្វាំង​ឡង់ ​​និងធនា​គារ​ពិភព​លោក ។ ក្នុង​អំឡុង​ពេលប៉ុន្មាន​ឆ្នាំនេះ Danida បាន​ចំណាយ​​ថវិកា​ច្រើន​ជាង​៣,៥​លាន​ដុល្លារសហ​រដ្ឋ​អាមេរិក សម្រាប់​​​គាំទ្រ​សកម្ម​ភា​ព​ដែល​ពាក់​ព័ន្ធ​នឹង​​ការអភិវឌ្ឍ​ស្ថាប័ន ​និងសមត្ថ​ភាព ​ធន​ធាន​មនុស្ស និងការ​កសាង​ផែនការ​រៀបចំ​ដែនដី ដែល​រួម​​បញ្ចូល​ទាំង​ការ​រៀប​ចំ​ផែន​ការ​​ប្រើ​ប្រាស់​​​ដី​នៅ​ក្នុង​ឃុំ​-សង្កាត់ ។ ថវិកា​ដែល​ជា​ជំនួយ​ទាំ​ង​នេះ ​បាន​ផ្តល់​ផល​ប្រយោជន៍​​ដល់​ឃុំ-សង្កាត់​លើស​ពី​៧០០​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន១៤ ​របស់​កម្មវិធី​ទាំងមូល ។ មួយភាគ​​ធំ​នៃ​ការគាំទ្រ នេះ បានចំណាយ​​នៅថ្នាក់​ក្រោម​ជាតិ ដើម្បី​គាំទ្រ​ដល់​ការ​រៀបចំ​​​ផែន​ការ​នៅថ្នាក់​ឃុំ-សង្កាត់ ​និងការផ្តល់​សេវាកម្ម​នៅថ្នាក់​ខេត្ត ដើម្បី​បង្កើន​ការ​ទទួល​បាន​ព័ត៌​មាន​ និង​ការ​​កែ​លំអ​វិស័យ​រៀប​ចំ​ដែនដី ។

​ភាពស្មុគ​ស្មាញ​នៃបញ្ហា​ដីធ្លី ​មិន​មែន​កើត​មាន​​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ ​តែ​វា​កើតមានក្នុង​ប្រទេស​ជាច្រើន​លើ​សាកល​លោក ។ ​បញ្ហា​ទាំ​ង​នេះ​ត្រូវ​ការ​ពេលវេលា​គ្រប់​គ្រាន់​ ធន​ធាន​មនុស្ស ​​និងហិរញ្ញវត្ថុ និងជំនាញ​​​ច្បាស់​លាស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ដើម្បី​កំណត់​ចក្ខុ​វិស័យ​ជាយុទ្ធ​សាស្ត្រ​​រយៈ​ពេលវែង ​និងផែន​ការ​​សម្រាប់​ប្រើ​ប្រាស់​​ដីទាំងនោះ ។ កម្ពុជា​ទើបតែ​ចាប់​ផ្តើម​បោះ​ជំហាន​​នៅលើ​ផ្លូវ​ដ៏វែង​ឆ្ងាយ​​នេះ ។​ ការ​ចាប់​ផ្តើម ​អនុវត្ត​ការកសាង​ផែន​ការ​ប្រើប្រាស់​​ដីនៅក្នុង​ឃុំ-សង្កាត់ កន្លងមកថ្មីៗនេះ គឺ​ជា​ជំហាន​បឋម​​នៃយុទ្ធ​សាស្ត្រ​ដ៏វែងឆ្ងាយ​នេះ ។​ ជាការ​ចាំ​បាច់ ​ដែលយើង​ត្រូវ​ទទួលស្គាល់​ថា ដី​ធ្លី​ជា​វិស័យ​ចំរុះ​ដែល​ទាម​ទារ​ឱ្យ​មានការ​ចូល​រួម​ពី​អ្នកពាក់​ព័ន្ធ​ជា​ច្រើន​ ហើយ​ក៏​ជា​តំរូវ​​ការសម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​ជោគ​ជ័យ​​នា​ពេល​អនាគត ​ដែល​ពឹង​​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​រៀបចំ​ផែនការ​​រៀប​ចំ​ដែន​ដី និង​ការ​ពង្រឹង​ប្រសិទ្ធ​ភាព​នៃការ​អនុវត្ត​​គោលនយោបាយ​ដីធ្លី ។

​ទោះ​បី​ជា​ជួប​ប្រទះ​​ឧបសគ្គ​​ជា​ច្រើន​ក្នុង​បញ្ហា​ដីធ្លី​ក៏​ដោយ ក៏ការ​គាំទ្រ​របស់​​​កម្ម​វិធី​ដល់​អគ្គ​នាយក​ដ្ឋាន​រៀបចំ​ដែនដី​ និងនគរូប​នីយ​កម្ម ​អាចអនុវត្ត​​សម្រេច​បាន​លទ្ធ​ផលសំខាន់ៗ​មួយ​ចំនួន​គួរឱ្យ​កត់សំគាល់​។ ជោគ​ជ័យ​ធំៗ​ដែល​សម្រេច​បាន​មាន ១-​អនុក្រឹត្យស្តី​ពីនីតិវិធីនៃការ​ធ្វើ​ផែន​ការ​ប្រើប្រាស់​ដីនៅ​ក្នុងឃុំ-សង្កាត់ដែល​ត្រូវ​បានអនុម័ត​កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ​២០០៩  ២-​ការផ្តល់​​ផែនទី​គ្រប់​ប្រភេទ​​រួម​ទាំង​ផែនទី​​​​ប្រើ​ប្រាស់​ដីលំអិត​ និងសា​មញ្ញក្នុងចំនួន​​លើសពី​៨.០០០​​ផ្ទាំង ដល់អ្នកប្រើប្រាស់​ដី ៣-​ការ​រៀប​ចំ​ និង​ចែកឯក​សារ​បច្ចេក​ទេស​ស្តី​ពីការ​ណែ​នាំ​អនុវត្ត​ក្នុង​ការរៀបចំ​ផែន​ការ​ប្រើប្រាស់​​ដីនៅ​ក្នុងឃុំ​-សង្កាត់​ចំនួន​៦.៤០០​ក្បាល ដល់ក្រសួង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​នានា​ ៤-​ការ​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ដល់ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ តាមរ​យៈ​​​បណ្តាញ​សេវាទី​ប្រឹក្សា​បច្ចេកទេស​ក្នុង​ប្រទេស ។

លោក​អ៊ឹម ឈុនលឹម បានថ្លែងថា រាជ​រដ្ឋា ភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏ខ្ពង់​ខ្ពស់​​របស់សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​​នៃព្រះ​រា​ជា​ណាចក្រ​កម្ពុជា​បាន​ផ្តល់​អាទិ​ភាព​ខ្ពស់ដល់​ការ​ងារ​កំណែ​ទំរង់​​កាន់​តែ​ស៊ី​ជម្រៅ​ ​​និងគ្រប់​ជ្រុងជ្រោយ​​លើ​គ្រប់វិស័យ ដែល​ក្នុង​នោះ​​ពាក់ព័ន្ធ​នឹង​ការ​រួមចំណែក​របស់​ក្រសួង​រៀបចំ​​ដែន​ដី នគរូប​នីយកម្ម ​និងសំណង់ ​គឺការ​ងារ​​​កំណែ​ទម្រង់​ដីធ្លី ​ក្នុងគោល​ដៅ​រួមចំណែក​កាត់បន្ថយ​​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ​សង្គមប្រកប​ដោយ​ចីរភាព​​។ បណ្តា​កិច្ច​ការ​ជា​អាទិភាព​​នៃកំណែ​ទម្រង់​​ដីធ្លីផ្តោត​ ១-​លើ​ការពង្រឹង​​សុវត្ថិភាពនៃ​ការ​កាន់​កាប់ដីធ្លី ទាំង​ដី​ឯក​ជន និង​ដីរដ្ឋ ​និងដីរបស់​​សហគមន៍​​ជនជាតិ ដើម​ភាគតិច ​តាម​រយៈការចុះ​បញ្ជី​ដីធ្លីជាប្រព័ន្ធ​​ និង​ដាច់​ដោយ​ដុំ ការ​ផ្តល់​ប័ណ្ណកម្ម​សិទ្ធិ​ជូន​ប្រជា​ជន​ ស្ថាប័ន និងសហគមន៍​ជន​ជាតិ​ដើម​ភាគតិច ​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​សម​ស្រប ដើម្បី​ទប់ស្កាត់​ការ​ប្រមូល​ដីទុក​ដោយមិន​បាន​ប្រើ​ប្រាស់ ​និងមិន​ផលិត ២-​លើការ​ចូលរួម​លើក​ កម្ពស់​ការ​បង្កើន​ផលិត​ភាព និងពិពិធភា​វូប​នីយ​កម្ម ​សំដៅ​​ធានាគារ​ គ្រប់គ្រង​ ការ​ការពារ និង​ការ​​ប្រើប្រាស់​ និងអភិវឌ្ឍន៍​ដី និងធន​ធានធម្ម​ជាតិ​ក្នុង​​បរិបទនៃ​សេដ្ឋ​កិច្ច​ទីផ្សារ​ឱ្យ​មាន​តម្លា​ភាព​​ សមធម៌ ដោយ​មាន​ការ​ចូលរួម​ពីគ្រប់ភាគី និងសង្គម​ស៊ីវិលដែលពាក់ព័ន្ធ​មាន​ចីរភាព​ និងប្រសិទ្ធភាព និង៣-​លើការ​ពង្រីក​ និង​បែង​ចែកដីធ្លីក្នុង​ក្របខណ្ឌសម្បទានដីសង្គម​កិច្ច​សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន​ និងសម្រាប់​គោល​ដៅ​កំណែទម្រង់​កងកម្លាំង​ប្រដាប់​អាវុធ៕

សង្កាត់​​ព្រែក​លៀប​នាំ​អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​រង​គ្រោះ​ដោយ​អគ្គី​ភ័យ

Posted: 04 Mar 2011 01:37 AM PST

សង្កាត់​​ព្រែក​លៀប​នាំ​អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី រាជ​ការ​សង្កាត់​ព្រែក​លៀប​ដឹក​នាំ​ដោយ​លោក​ព្រាប​ មុនី ជា​ចៅ​សង្កាត់​កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនា បាន​នាំ​អំណោយ​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​ដល់​ប្រជា​ពល​រដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ភូមិ​បាក់​ខែង​ ដែល​រង​គ្រោះ​​ដោយ​អគ្គី​ភ័យ​កាល​ពី​វេលា​យប់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ​។ អំណោយ​​រួម​មាន​អង្ករ​ចំនួន​៥០​គីឡូ​ក្រាម កន្ទេល​២ មុង​២ ភួយ​២ ធុង​ទឹក​១ ទឹក​ត្រី​ចំនួន​៤​ដប​ ទឹក​សីុ​អីុវ​៤​ដប​ ​ចាន​បាយ​ចំនួន​៦​ កាធុន​ចំនួន​៣ ឆ្នាំ​ង​បាយ​២ ខ្ទះ​១​ ជ្រញ់​១ វែក​ឆា វែក​សម្ល ស្លាប​ព្រា​មួយ​ចំនួន​ និងប្រាក់​​ចំនួន​១០​ម៉ឺន​រៀល​។

លោក​ព្រាប​ មុនី ចៅ​សង្កាត់​ព្រែក​លៀប​បាន​សំដែងការ​សោក​ស្តាយ​ និង​ចូល​រួម​រំលែក​ទុក្ខ​​គ្រួសារ​ជន​រង​គ្រោះ​​ដែល​ត្រូវភ្លើង​​ឆាប​ឆេះ​លំនៅ​ឋាន​។ អំណោយ​ទាំង​នេះ​តិច​តួច​​ទេ​ តែ​អាច​ជួយ​សំរួល​ដល់​ការ​លំបាក​ដល់​គ្រួសារ​ជន​រង​គ្រោះ​ដែល​​គ្មាននៅ​​សល់​អ្វី​ឡើយ​។ នេះ​ជា​អំណោយ​​បន្ទាន់​របស់​សង្កាត់​សំរាប់​ជួយ​ដល់​ជន​រង​គ្រោះ​។ លោក​ព្រាប​ មុន្នី​ ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ពល​រដ្ឋ​ថា ​រដូវ​នេះ​ជា​រដូវ​ប្រាំង​ត្រូវ​​ប្រុង​ប្រយ័ត្ន​កុំ​ដុត​ភ្លើង​ទៀន​ធូប​ទុក​ចោល​វា​អាច​បង្ក​ឱ្យ​កើត​មាន​​អគ្គី​ភ័យ​។ លោក​បាន​ធានា​ជួយ​ធ្វើ​ឯក​សារ​អត្រា​នុកូល​ដ្ឋាន​ជូន​ដល់​គ្រួសារ​ជន​រង​គ្រោះ ព្រម​ទាំង​​សន្យា​ជួយ​ស៊ីម៉ង់ត៍​ចំនួន​១​តោន​នៅ​ពេល​កសាង​លំនៅ​ឋាន​ឡើង​វិញ​។

កាល​ពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​១​ខ្នង​​ធ្វើ​អំពី​ឈើ​​ប្រក់​ស័ង្ក​សី​មាន​ទំហំ​៥ម៉ែត្រ​គុណ​៧​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​បាក់​ខែង​ សង្កាត់​ព្រែក​លៀប​ ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​នៅ​ពេល​ម្ចាស់​ឈ្មោះ​សុខ គឹម​ស៊ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ចាន់​ ឆវី អាយុ​៣១​ឆ្នាំ មាន​កូន​៥​នាក់​​ចាក់​សោ​ផ្ទះ​ទុក​ចោល​នាំ​គ្នា​ទៅ​លេង​បុណ្យ​បញ្ចុះ​សីមា​​នៅ​សង្កាត់​កោះ​ដាច់​ ខណ្ឌ​ឫស្សី​កែវ។ អគ្គី​ភ័យ​នេះបណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង ៕

សមត្ថ​កិច្ច​ប៉ូលិស​ឃាត់​រថ​យន្ត​ដឹក​តំណាប់​​ដូង​ចំនួន​២០០កេស

Posted: 04 Mar 2011 01:31 AM PST

សមត្ថ​កិច្ច​ប៉ូលិស​ឃាត់​រថ​យន្ត​ដឹក​តំណាប់​​ដូង​ចំនួន​២០០កេស​
សមត្ថ​កិច្ច​ប៉ូលិស​ឃាត់​រថ​យន្ត​ដឹក​តំណាប់​​ដូង​ចំនួន​២០០កេស​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​៣ មីនា កម្លាំង​ជំនាញ​​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​សហ​ការ​ជាមួយ​មន្ត្រី​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ​បាន​ឃាត់​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​រ៉ៃ​ណូ ពណ៌​ស-ខៀវ​ ពាក់​ស្លាក​លេខកំពង់​ចាម៣​A១៦១៣ ចំណុះ​៥​តោន​ ផលិត​នៅ​ប្រទេស​កូរ៉េ​។​ ការ​ឃាត់​រថ​យន្ត​នេះ ​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​(ភ្លើង​ស្តុប​) លើ​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ ខេត្ត​​បន្ទាយ​មាន​ជ័យ​។

មន្ត្រី​ជំនាញ​​ឱ្យ​ដឹង​ថា ក្រោយ​ពេល​​ឃាត់​ និង​ត្រួត​ពិនិត្យ​ សមត្ថ​កិច្ច​​រក​ឃើញ​នៅ​លើ​រថ​យន្ត​មាន​ដឹក​តំណាប់​ដូង​​​ម៉ាក​ញី​ប៊ិញ​ផលិត​នៅ​ប្រទេស​វៀត​ណាម​ចំនួន​២០០​កេស​ក្នុង​១​កេស​ស្មើ​នឹង​៤០០​ថង់​តូច​ គ្មាន​កាល​បរិ​ច្ឆេទ​ និង​គ្មាន​ឯក​សារ​អ្វី​ទាំង​អស់​ ដោយ​ដាក់​បង្កប់​ជា​មួយ​បន្លែ​ចំនួន​៥​មុខ​ទៀត​មាន​មើម​ខ្ទឹមបារាំង​ មើម​ការ៉ុត​ ដំឡូង​បារាំង​ ស្ពៃ​បូក​គោ​ និង​ក្រូច​​ឆ្មា​រ​សរុប​៤០​ការុង​ ទម្ងន់​៣.០០០​គីឡូ​ក្រាម​ ។ ​បន្លែ​ទាំង​អស់​នេះ​សុទ្ធ​សឹង​នាំ​ចូល​ពីប្រទេស​វៀត​ណាម​។

លោក​ឧត្តម​សេនីយ៍​ត្រី​ខេង ស៊ុម ស្នង​ការ​នគរ​បាល​ខេត្ត​មាន​ប្រសាសន៍​ថា ក្រោយ​ពី​រក​ឃើញ​តំណាប់​ដូង​ចំនួន​២០០​កេស​នេះ​ សមត្ថ​កិច្ច​ឃាត់​រថ​យន្ត​នោះ​នាំ​ទៅ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​បង្កើត​​ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ​រួម​គ្នា​មាន​មន្ត្រី​កាំ​កុង​ត្រូល​ខេត្ត​ មន្ត្រី​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ​ និង​មន្ត្រី នគរ​បាល​ប្រឆាំង​បទ​​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត។ ជាមួយ​គ្នា​នេះ សមត្ថ​កិច្ច​​ឃាត់​ខ្លួន​មនុស្ស​ចំនួន​២​នាក់​ ឈ្មោះ​កែវ​ សុវណ្ណៈ ភេទ​ប្រុស អាយុ២៧​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ព្រែក​​មហា​ទេព​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ម្នាក់​ទៀត​​ជា​អ្នក​បើក​បរ​រថ​យន្ត​ឈ្មោះ​ស សឿ ភេទ​ប្រុស អាយុ​២៧ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ស្រងែ​ ឃុំ​បល្ល័ង្ក​ ស្រុក​បារាយ​ ខេត្ត​កំពង់ធំ​ ដើម្បី​សា​កសួរ។ លោក​ស្នង​ការ​​បន្ត​ទៀត​ថា ចំពោះ​បន្លែ​ទាំង​៥​មុខ​ស្មើ​៣.០០០​គីឡូ​ក្រាម​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ ដោយ​ឡែក​តំណាប់​ដូង​ទាំង​២០០​កេស និង​រថ​យន្ត​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៕

ក្រសួង​ព័ត៌​​មាន​​ផ្សព្វ​ផ្សាយ​​អនុ​ក្រឹត្យ​ហាម​ឃាត់​​​ការ​ផ្សាយ​​ពាណិជ្ជ​កម្ម​​បារី

Posted: 04 Mar 2011 01:29 AM PST

ក្រសួង​ព័ត៌​​មាន​​ផ្សព្វ​ផ្សាយ​​អនុ​ក្រឹត្យ​ហាម​ឃាត់​​​ការ​ផ្សាយ​​ពាណិជ្ជ​កម្ម​​បារី

រាជធានីភ្នំពេញ ៖ ក្រសួង​ព័ត៌​​មាន​ បាន​សហ​ការ​ជា​មួយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ និង​អង្គ​ការ​​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា រៀប​ចំ​បើក​​សិក្ខា​សាលា​ផ្សព្វផ​្សាយ​​អនុ​ក្រឹត្យ​ស្តី​ពី​វិធាន​ការ​ហាម​​ឃាត់​ចំពោះ​​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​​ផល​ថ្នាំ​ជក់​នៅ​​ទី​ស្តី​ការ​ក្រសួង ​​​​​កាល​ពីថ្ងៃ​ទី​៤ មីនា​ ក្រោម​​​អធិបតី​ភាព​​លោក​ថាច់ ផែន រដ្ឋ​លេខា​ធិការ​ក្រសួង​ព័ត៌​មាន ។ អនុ​ក្រឹត្យ​​នេះ​មាន​៦​ជំពូក និង​១៣​មាត្រា ​ដែល​មាត្រា​ទី​៤ បាន​ចែង​ថា ក្រសួង​សុខា​ភិបាល​​ជា​ស្ថាប័ន​​មាន​សមត្ថ​កិច្ច​ក្នុង​ការ​ណែ​នាំ​ និង​ត្រួត​ពិនិត្យ​​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​ថ្នាំ​ជក់​​នៅ​ក្នុង​​ប្រទេស​កម្ពុជា ក្នុង​ករណី​​ចាំ​បាច់​​ក្រសួង​​នេះ ត្រូវ​សហ​ការ​ជា​មួយ​ស្ថាប័ន​​ពាក់​ព័ន្ធ ​ដែល​មាន​សមត្ថ​កិច្ច​ ។

លោក​ថាច់ ផែន បាន​ថ្លែង​ថា ​ផលិត​ផល​ថ្នាំ​ជក់​​បាន​ធ្វើ​ឱ្យ​មាន​អ្នក​​ស្លាប់​​៥,៤​លាន​នាក់ ក្នុង​មួយ​ឆ្នាំ​​ៗនៅ​លើ​ពិភព​លោក តាម​រយៈ​​ជំងឺ​ផ្សេងៗ​ដែល​កើត​ឡើង​ចំពោះ​អ្នក​ជក់​បារី និង​អ្នក​​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ ជា​ពិសេស​ស្ត្រី​ និង​កុមារ ។ ​ថ្នាំ​ជក់​ មិន​ត្រឹម​តែ​បង្ក​មហន្ត​រាយ​ចំពោះ​សុខ​ភាព​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​បាន​ធ្វើ​ឱ្យ​ខាត​បង់​សេដ្ឋ​កិច្ច​ជាតិ និង​ថវិកា​គ្រួសារ​​ទៀត​ផង ។ ជាក់​​ស្តែង​ ក្នុង​​១​ឆ្នាំៗ​ប្រជា​ពល​រដ្ឋ​​កម្ពុជា បាន​​ចំណាយ​ថវិកា​​​គ្រួសារ​​៦៩,៥​លាន​ដុល្លារ ​ទៅ​លើ​ការ​ទិញ​បារី​ជក់​ ។

ប្រឈម​មុខ​នឹង​មហន្ត​រាយ​នេះ​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា រួម​ជា​មួយ​ប្រទេស​ចំនួន​​១៦៨​​​នៅ​លើ​​សាកល​លោក បាន​ផ្តល់​សច្ចា​ប័ន​ចូល​ជា​សមា​ជិក​នៃ​អនុ​សញ្ញា​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ តាំង​ពី​​ថ្ងៃ​ទី​១៥ វិច្ឆិកា ​ឆ្នាំ​២០០៥ ។ ដោយ​ការ​ចូល​​ជា​សមា​ជិក​នេះ ភាគី​នីមួយៗ​ត្រូវ​មាន​កាតព្វ​កិច្ច​ក្រោម​មាត្រា​១៣ ហាម​ឃាត់​​ទាំង​ស្រុង​នូវ​រាល់​ទំរង់​​នៃ​ការ​ផ្សាយ​​ពាណិជ្ជ​កម្ម ការ​ផ្សព្វ​ផ្សាយ​​លក់​ផលិត​ផល​ថ្នាំ​ជក់ និង​ការ​ឧបត្ថម្ភ​កម្ម​វិធី​​របស់​ក្រុម​ហ៊ុន​ថ្នាំ​ជក់ ឱ្យ​បាន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ បន្ទាប់​ពី​ប្រទេស​នោះ ចូល​ជា​សមា​ជិក​អនុ​​សញ្ញា។

ការ​អនុ​​ម័ត​ឱ្យ​មាន​វិធាន​ការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​​ផ​លិត​ផល​ថ្នាំ​​ជក់​​គ្រប់​រូប​ភាព​របស់​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​គឺ​ជា​ការ​​ឆ្លើយ​តប​ទៅ​នឹង​​កាតព្វ​កិច្ច​​ក្រោម​មាត្រា​១៣​នៃ​អនុ​សញ្ញា​ស្តី​ពី​ការ​ត្រួត​​ពិនិត្យ​​ថ្នាំ​​ជក់ ដើម្បី​​បង្ហាញ​សាកល​​លោក​ទាំងមូល​ថា កម្ពុជា​រួម​ចំណែក​​ការ​ពារ​មនុស្ស​ជំនាន់​ក្រោយ​​ពី​មហន្ត​រាយ​នៃ​ការ​ប្រើ​ប្រាស់​​ថ្នាំ​ជក់ ដោយ​ឡែក​ការ​ពារ​កុមារ​​ យុវ​ជន និង​ស្ត្រី​ ពី​អ​ន្ទាក់​​ទីផ្សារ​​ដែល​ទាក់​ទាញ​ឱ្យ​ធ្លាក់​​ទៅ​ក្នុង​​ការ​ញៀន​នីកូ​ទីន​ក្នុង​ផលិត​ផល​ថ្នាំ​ជក់​អស់​មួយ​ជីវិត ។ អនុ​ក្រឹត្យ​​ស្តី​ពី​វិធាន​ការ​ហាម​ឃាត់​​ចំពោះ​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​​​ថ្នាំ​ជក់ បាន​ហាម​ឃាត់​​គ្រប់​​រូប​ភាព និង​គ្រប់​មធ្យោ​បាយ​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​ថ្នាំ​ជក់ និង​ទោស​ទណ្ឌ​​ក្នុង​ករណី​បំពាន​បាន​ដាក់​បន្ទុក​មិន​ត្រឹម​តែ​​ចំពោះ​ក្រុម​ហ៊ុន​ថ្នាក់​ជក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ចំពោះ​​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​​ទៀត​ផង ៕

កើត​ជំងឺ​​ហើម​​ក្បាល​ជង្គង់​​រក​គ្រូ​បុរាណ​​ផ្លុំ​​ស្តោះ​៦​ខែ​មិន​ស្រក​ទើប​នាំ​មក​​ពេទ្យ

Posted: 04 Mar 2011 01:22 AM PST

យុវ​ជន​​កើត​ជំងឺ​ចម្លែក​​​នេះ​មាន​ឈ្មោះ​​ជឺង កប អាយុ​១៩​ឆ្នាំ
កើត​ជំងឺ​​ហើម​​ក្បាល​ជង្គង់​​រក​គ្រូ​បុរាណ​​ផ្លុំ​​ស្តោះ​៦​ខែ​មិន​ស្រក​ទើប​នាំ​មក​​ពេទ្យ

រាជធានីភ្នំពេញ ៖ ការ​ហើម​ក្បាល​ជង្គង់​​បន្តិច​បន្តួច​គួរតែ​មក​កាន់​មន្ទីរ​ពេទ្យ តែ​​ដោយ​សារ​តែ​ជីវ​ភាព​ខ្វះ​ខាត​​គ្មាន​លទ្ធ​​ភាព​មក​​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​ក៏​រក​គ្រូ​បុរាណ​​មក​ផ្លុំ​​ស្តោះ​​អស់​រយៈ​ពេល​៦​ខែ​ ស្រាប់​តែ​ហើម​កាន់​តែ​ធំ​តាំង​ពី​ក្រលៀង​​រហូត​ដល់​ចុង​ជើង​​ដើរ​មិន​រួច ​នៅ​ដេក​តែ​មួយ​កន្លែង សូម្បី​​ផ្អៀង​ខ្លួន ឬ​ងើប​ទាល់​តែ​​មាន​អ្នក​ជួយ​លើក​ជើង​ពីរ​នាក់ ​ទើប​អាច​ងើប​រួច ។

យុវ​ជន​​កើត​ជំងឺ​ចម្លែក​​​នេះ​មាន​ឈ្មោះ​​ជឺង កប អាយុ​១៩​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ភូមិ​​បឹង​សាឡាង​ខាង​ត្បូង ឃុំ​​បឹង​សាឡាង​ខាង​​ត្បូង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ។ ​​តាម​ការ​រៀប​រាប់​​ពី​ស្ត្រី​​ជា​ម្តាយ​​ឈ្មោះ​កង ពៅ អាយុ​៤០​ឆ្នាំ បាន​ឱ្យ​ដឹង​ថា ​គាត់​មាន​កូន​៥​នាក់ ស្រី​៣​នាក់ ប្រុស​២​នាក់ ចំណែក​​ប្តី​របស់​គាត់​ធ្វើ​ស្រែ​ពេល​ទំនេរ​​​ទៅ​ស៊ីឈ្នួល​អូស​ត្រី អូស​បង្គា​​នៅ​ខេត្ត​​ព្រះ​សីហនុ ​។ ដោយ​​សារ​តែ​ជីវ​ភាព​ក្រីក្រ​​ គាត់​ក៏​សម្រេច​​ចិត្ត​ឱ្យ​​កូនច្បង​​ឈ្មោះ​ជឺង កប ឈប់​​រៀន​​ទៅស៊ី​ឈ្នួល​អូស​​ត្រី អូស​បង្គា​​ជា​មួយ​ឪពុក​កាល​ពី​ឆ្នាំ​២០០៩។ ទាក់​ទិន​​នឹង​ការ​ហើម​ជើង​នេះ​​ត្រូវ​ស្ត្រី​ជា​ម្តាយ​និយាយ​ថា ​ពេល​កូន​ទៅ​ស៊ីឈ្នួល​​នេសាទ​​នោះ​ ថ្ងៃ​មួយ​កូន​គាត់​ឈឺ​ក្បាល​ជង្គង់​​​​ខាង​​ឆ្វេង ក៏​ទៅ​​ពេទ្យ​ផ្សំ​ថ្នាំ​លេប ហើយ​​ចុះ​ទូក​ទៅ​អូស​ត្រី​ទាំង​ជើង​​ឈឺ ។ ​ដោយ​សារ​ជើង​នៅ​តែ​ឈឺ​​មិន​ធូរ​ស្រាល​ រយៈ​ពេល​ជាង​​មួយ​ខែ​ធ្វើ​ការ​មិន​​កើត​ក៏​ត្រឡប់​​មក​ផ្ទះវិញ ។ ខណៈ​កូន​មក​ដល់​ផ្ទះ ​គាត់​​គ្មាន​ប្រាក់​សម្រាប់​​នាំ​កូន​​ទៅ​មន្ទីរ​ពេទ្យ​ទេ ក៏​ហៅ​​គ្រូ​​បុរាណ​​មក​មើល​នៅ​ផ្ទះ​​ហើយ​គ្រូ​​​​​នោះ​​ប្រាប់​ថា កូន​គាត់​កើត​ជំងឺ​ក្បាល​ដំរី ​ព្រោះ​ជើង​របស់​កូន​គាត់​ហើម​រាង​ដូច​ដំរី ។

​​ស្ត្រី​ជា​ម្តាយ​​ឱ្យ​ដឹង​​ទៀត​ថា ​ក្នុង​មួយ​ថ្ងៃ​គ្រូ​​​នោះ​មក​ផ្លុំ​ស្តោះ​ព្រឹក​ម្តង​ល្ងាច​ម្តង និង​ឱ្យ​ថ្នាំ​ឫស​ឈើ​ដាំ​ទឹក​ផឹក​រាល់​ថ្ងៃ ​ចំណែក​ស្ថាន​ភាព​ជំងឺ​កូន​គាត់​ពី​មួយ​​ថ្ងៃ​ទៅ​មួយថ្ងៃ​​ចេះ​តែ​ដុន​ដាប​ទៅ ដោយ​​ជើង​កាន់​តែ​​ហើមធំ​​ឡើង​​រហូត​ដើរ​មិន​រួច ​សូម្បី​តែ​កំរើក​ក៏​មិន​កើត​ដែរ ​ប៉ុន្តែ​បែរ​ជា​គ្រូ​បុរាណ​នេះ​ប្រាប់​ថា ជំងឺ​នេះ​មិន​អី​ទេ កុំ​ភ័យ​ព្រួយ​​អី​ពេល​ផឹក​ថ្នាំ​ជា​សះ​ផ្នែក​ខាង​ក្នុង​​ហើយ​ជើង​នឹង​ស្វិត​​តូច​​វិញ​ធម្ម​តា ។ ​​​ក្នុង​ការ​ព្យា​បាល​​ជើង​កូន​ គាត់​​បាន​លក់​​គោ​​​អស់​មួយ​នឹម តែ​មិន​បាន​ធូរ​ស្រាល​​ទេ រឹត​តែ​ហើម​ធំ​ឡើង​រហូត​មាន​​ខ្ទុះ​រលួយ​សាច់​ហូរ​ទឹក​​រងៃ​​ចេញ​មក​នៅ​​ត្រង់​​កំភួន​ជើង​ទៀត ទើប​គាត់​និង​ប្តី​សម្រេច​​ចិត្ត​ហៅ​បង​ប្អូន​គិត​គូរ​យក​កូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ​កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ កន្លង​មក​នេះ ។

ស្ត្រី​ជា​ម្តាយ​បាន​និយាយ​​ថា គាត់​គ្មាន​លទ្ធ ​ភាព​យក​កូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​ទេ ​តែ​បាន​បង​ជីដូន​ម​ួយ​ជួយ​​​ចេញ​​ថ្លៃ​រថយន្ត​ដឹក​​​ពី​កំពត​មក​អស់​២៤​ម៉ឺន​រៀល ​ហើយ​ការ​ហូប​​ចុក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក៏​គាត់​គ្មាន​ប្រាក់​ដែរ ​បាន​បង​ប្អូន​នៅ​ស្រុក​មក​ជា​មួយ​ឱ្យ​បន្តិច​បន្តួច និង​អ្នក​​ភូមិ​ដែល​មាន​កូន​មក​ធ្វើ​ការ​នៅ​ភ្នំពេញ បាន​ផ្តាំ​ឱ្យ​កូន​មក​ជួយ​​មើល​ និង​ទិញ​បាយ​​​​​​ទឹក​យក​មក​ឱ្យ​ ហើយ​បាន​គ្រូ​ពេទ្យ​ម្នាក់​ឱ្យ​ប្រាក់​១៥.០០០​រៀល ​​ដល់​រូប​គាត់​​ផង​ដែរ។ ខណៈ​មក​ដល់​​មន្ទីរ​ពេទ្យ​​គ្រូ​ពេទ្យ​ប្រាប់​ថា ​ជើង​របស់​កូន​​គាត់​មាន​តែ​​កាត់​ចោល​ទេ ព្រោះ​ហើម​តាំង​​ពី​ក្រលៀន​រហូត​ដល់​ចុង​ជើង​ហើយ ។ ​នៅ​ថ្ងៃ​​ទី​៤ មីនា កូន​របស់​គាត់​ត្រូវ​វះ​កាត់​ជើង ​ប៉ុន្តែ​​គ្រូ​ពេទ្យ​ឱ្យ​បញ្ចូល​​ឈាម​៥​ប្លោក​ ឈាម​១​ប្លោក តម្លៃ​​៥៥​ដុល្លារ គាត់​គ្មាន​​ប្រាក់​​សម្រាប់​ទិញ​​ឈាម​បញ្ចូល​ទេ ​បង​ប្អូន​​គាត់​បាន​​រៃ​អង្គាស​គ្នា​ទិញ​បាន​​​២​ប្លោក​ហើយ​នៅខ្វះ​៣​ប្លោក​ទៀត ។

​ស្ត្រី​ជា​ម្តាយ​​បាន​បញ្ជាក់​ថា ​កាល​ពី​មិន​ទាន់​​ធ្លាយ​ខ្ទុះ​​ចេញ​មក​នោះ ជើង​របស់​កូន​គាត់​ធំ​ជាង​​នេះ​​ទៅ​ទៀត ។ ស្ត្រី​ជាម្តាយ​​​បាន​អំពាវ​នាវ​​រក​ការ​ជួយ​​ឧបត្ថម្ភ​​​ពី​សប្បុរស​ជន​ សូម​ជួយ​​សង្គ្រោះ​​ជីវិត​កូន​គាត់​​ផង ព្រោះ​​គ្រួសារ​គាត់​ក្រីក្រ​គ្មាន​លទ្ធ​​ភាព​ទិញថ្នាំ​​ព្យា​បាល​នោះ​ទេ ។ នេះ​​ជា​មេ​រៀន​​មួយ​សម្រាប់​​ប្រជា​ពល​រដ្ឋ​​ មិន​ត្រូវ​ផ្អែក​ទៅ​​​លើ​ភាព​ក្រី​ក្រ​របស់​ខ្លួន​រហូត​​ខ្លាច​ពេទ្យ​ ហើយ​ទុក​ឱ្យ​​ជំងឺ​ធ្ងន់​ធ្ងរ​​ទើប​​រត់​មក​រក​​ពេទ្យ​​​បែប​នេះ មិន​មែន​​ជា​ការ​ល្អ​ឡើយ ៕

កង​ពល​​តូច​ថ្មើរជើង​ទី​១ថៃ​បាត់អាវុធ​​យ៉ាងច្រើន

Posted: 04 Mar 2011 01:18 AM PST

កាសែតបាង​កក​ប៉ុស្តិ៍​នៅថ្ងៃទី​​៤ មីនា ផ្សាយ​ឱ្យ​​ដឹង​ថា ​អាវុធក្នុង​ចំនួន​ដ៏ច្រើន​​​មាន​ដូចជា​កាំ ភ្លើង​​ប្រភេទ​ M16 ចំនួន​១៣០​ដើម​​ និងកាំភ្លើង​​យន្ត​​ធុន​ស្រាលជាច្រើន​​​ដើមទៀត បានបាត់​ពី​កន្លែង​​ផ្ទុក​អាវុធ​​នៃ​កងពល​តូច​ថ្មើរជើង​​ទី​១ នៅ​ក្នុង​ស្រុក​ Pran Buri ខេត្ត Prachuap Khiri Khan ប្រទេស​ថៃ ។ ការបាត់​អាវុធ​​ក្នុង​ចំនួន​ដ៏​ច្រើន​​នេះ​​ត្រូវបាន​​ដឹង​ដោយ​​មេបញ្ជា​ការ​​កង​ពល​តូច​​​ទ័ព​ថ្មើរ​ជើង​​​ទី​១ លោក Manorot Suthisam-deang ។

លោក Manorot ឱ្យ​​ដឹង​ថា កាំភ្លើង​​ប្រភេទ M16 ចំនួន​១៣០​ដើម និង​កាំភ្លើង​​ផ្សេងៗ​​ទៀត​​ជាង​​១០០ដើម ​ក្នុងនោះ​មាន​កាំភ្លើង​​យន្តធុន​​ស្រាល​ផលិត​​នៅ​ប្រទេស​បែលហ្ស៊ិក​បានបាត់​​​ ។ ​ឧត្តមសេនីយ៍​​ប្រាយុទ្ធ ចាន់អូចា ប្រមុខ​យោ​ធា​​ថៃ​ ត្រូវ​​បាន​​ជម្រាប​អំពី​​ការបាត់អាវុធ​​ដ៏ច្រើន​​នេះ នៅព្រឹក​ថ្ងៃ​ទី​៤ មីនា ​ហើយ​លោក​​បានបញ្ជា​​ឱ្យបើក​ការ​ស៊ើបអង្កេត​​ភ្លាមៗ​ក្រោយពី​​ទទួល​បាន​​ព័ត៌មាន​នេះ ៕​

ក្រុមអាវ​ក្រហម​គ្រោង​​ប្រមូលផ្តុំ​​គ្នា​ជាថ្មី​នៅថ្ងៃទី​១២ មីនា

Posted: 04 Mar 2011 01:12 AM PST

ក្រុមអាវ​ក្រហម​គ្រោង​​ប្រមូលផ្តុំ​​គ្នា​ជាថ្មី​នៅថ្ងៃទី​១២ មីនា​

យោងតាម​ប្រភពព័ត៌​មាន​​ពីកាសែត​​ថៃ​ឱ្យ​​ដឹង​ថា ​ក្រុម​រណសិរ្ស​​បង្រួបបង្រួម​ជាតិ ដើម្បី​​លទ្ធិប្រជា​ធិបតេយ្យ​​​​ប្រឆាំង​ភាព​​ផ្តាច់ការ​​ហៅ​ក្រុមអាវ​ក្រហម​ ប្រកាស​នៅថ្ងៃទី​​៤ មីនា ថា ពួក​គេ​នឹង​​ប្រមូលផ្តុំ​​​គ្នា​ធ្វើ​បាតុកម្ម​​ជាថ្មីទៀត នៅថ្ងៃទី​​១២ មីនា ​ខាងមុខនេះ ហើយការប្រមូលផ្តុំ​នេះ​នឹង​ចូល​រួម​​ដោយមេដឹកនាំ​​របស់ពួក​គេ​៧​នាក់ ដែល​​ទើបត្រូវ​ដោះលែង​​ពីការឃុំខ្លួន​​​​ផងដែរ ។​

លោកចាទុផន ព្រំផាន ​​ជាមេដឹកនាំ​​ក្រុម​អាវ​​ក្រហម​​សំខាន់មួយ​រូប ​ថ្លែង​ថា ​ការប្រមូលផ្តុំ​​នេះ​នឹងធ្វើឡើង​​ដោយ​​សន្តិវិធី​​មិនមានការ​​ប្រើប្រាស់​​អាវុធឡើយ ។ ប្រភពព័ត៌​មានដដែល​​ឱ្យ​​ដឹង​ទៀត​ថា ​ការប្រមូលផ្តុំ​នេះ​នឹងធ្វើឡើង​​នៅវិមាន​​ប្រជាធិបតេយ្យ​​ដើម្បីទាមទារ​​​យុត្តិធម៌​​​សម្រាប់​​ជនរងគ្រោះ​​ក្នុងការ​​បង្ក្រាប​​យ៉ាង​សាហាវ​របស់​រដ្ឋាភិបាល​​លើក្រុម​​បាតុករ​​ក្នុងអំឡុងពេល​​នៃការធ្វើ​បាតុកម្មប្រឆាំង​រដ្ឋាភិបាល​​លោកអាប់​ភីស៊ីត​​ កាលពី​ខែមីនា និងខែ​មេសា ឆ្នាំ​​២០១០ កន្លងមក ។​

ពុំមានប្រភព​ច្បាស់​ការណ៍​ណាមួយ​​ឱ្យ​ដឹង​ថា ​ការប្រមូលផ្តុំ​​នោះនឹង​​មានមនុស្ស​​ប៉ុន្មាននាក់​​​ចូល​រួមនោះទេ ។ ជាមួយគ្នានេះ ​ទាក់ទិន​ទៅនឹងការ​គ្រោង​​ប្រមូល​​ផ្តុំរបស់​​​ក្រុមអាវ​ក្រហម​នោះ ​ប្រភព​ព័ត៌មាន​​ពី​កាសែតបាង​កក​ប៉ុស្តិ៍​​​ឱ្យ​​ដឹង​ថា ប៉ូលិស​​​៤.០៥០នាក់ ​នឹងត្រូវដាក់​ពង្រាយ​​ដើម្បី​​ធានា​សន្តិសុខ សុវត្ថិភាព និង​​សណ្តាប់ធ្នាប់​​ក្នុង​ក្រុង​​បាងកក ក្នុង​ពេលនៃ​ការ​ប្រមូល​​ផ្តុំ​​របស់​ក្រុម​​អាវ​ក្រហម ៕

ក្រុមអាវ​លឿង​​មានផែនការ​​ប្រមូលហត្ថលេខា​​ប្តឹង​ទម្លាក់​​អាប់​ភីស៊ីត ​ចេញពីតំណែង

Posted: 04 Mar 2011 01:09 AM PST

ក្រុមអាវ​លឿង​​មានផែនការ​​ប្រមូលហត្ថលេខា​​ប្តឹង​ទម្លាក់​​អាប់​ភីស៊ីត ​ចេញពីតំណែង​

គេហទំព័រ MCOT របស់ថៃ​ផ្សាយ​​​ជា​ភាសា​អង់គ្លេស​​​នៅថ្ងៃទី​​​៤ មីនា ​​​​ឱ្យ​​ដឹង​ថា ​ក្រុម​សម្ព័ន្ធ​​ភាពប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​​ហៅ​ក្រុម​អាវលឿង​​ពេលនេះ​​មានផែនការ​​ប្រមូល​ហត្ថ​លេខា​​ឱ្យបាន​​២០.០០០​ ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​​របស់​ពួក​គេ ដើម្បី​​ប្តឹង​ទម្លាក់​​​លោក​​នាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត ចេញពីតំណែង​​​ដោយ​ក្រុម​នេះ​​​ចោទ​ប្រកាន់​ថា លោកអាប់ភីស៊ីត ​មិន​បាន​បំពេញ​​កាតព្វ​កិច្ច​​របស់​ខ្លួន​ធ្វើ​​ឱ្យថៃ​បាត់បង់​​ទឹក​ដី​​ទៅ​​​កម្ពុជា ។​

​លោក Prapan Koonmee ជាសមាជិក​​សំខាន់មួយ​រូប​​របស់ក្រុម​អាវលឿង​​និយាយ​ថា ​​ក្រុមរបស់ខ្លួន​នឹងប្រើប្រាស់​​មធ្យោបាយ​​ស្រប​ច្បាប់​​​ដាក់​សម្ពាធ​​លើ​​រដ្ឋាភិបាល​​លោកអាប់ភី​ស៊ីត ​ដោយប្រ​មូលហត្ថលេខា​​ឱ្យបាន​​២០.០០០​​ដែល​តម្រូវ​​ដោយ​រដ្ឋ​​ធម្មនុញ្ញ ។ ​​ Prapan និ​យាយ​ថា ​លោក​នាយករដ្ឋ​​មន្ត្រី​​អាប់ភីស៊ីត នឹង​​ត្រូវ​​ប្តឹង​​ទម្លាក់​​​ចេញពី​​តំណែង​ពីបទ​​មិន​​បំពេញ​​កាតព្វ​កិច្ច​​របស់ខ្លួន ។​

លោក​​ចម្លង​​ស្រ៊ីមឿង ​​មេដឹកនាំ​​​​ចលនា​អាវ​លឿង​​​និយាយ​ថា ​​ឥឡូវ​​នេះក្រុម​​របស់​​​ខ្លួន​នឹង​​​បង្កើនយុទ្ធនាការ​​​ ដើម្បីជូន​ដំណឹង​ដល់​​ពលរដ្ឋថៃ​​ថា ប្រសិនបើ​ថៃ​បាត់បង់​ទឹកដី​មាន​​ជម្លោះ​​៤,៦​គីឡូម៉ែត្រ​ការ៉េ ​ទៅកម្ពុជា ថៃ​នឹង​បាត់បង់​ដី​​ទំហំ​​១៨០.០០០​រ៉ៃ ​ទៀត​​ទៅកម្ពុជា ៕​

ទទួល​ទាន​ផ្លែប៉េងប៉ោះជួយកាត់បន្ថយអត្រាជំងឺបេះដូងនិងពុកឆ្អឹង

Posted: 04 Mar 2011 01:03 AM PST

ទទួល​ទាន​ផ្លែប៉េងប៉ោះជួយកាត់បន្ថយអត្រាជំងឺបេះដូងនិងពុកឆ្អឹង

យល់ដឹង ៖ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​អះ​អាង​ថា​ការ​ទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​អាចជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​មហារីក​ ជំងឺ​បេះ​ដូង​និង​ការ​ពុក​ឆ្អឹង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ប៉េង​ប៉ោះ​ដែល​ចំ​អិន​រួច​ឬក៏​កែ​ឆ្នៃ​ទុក​បាន​យូរ​រឹត​តែ​មាន​គុណប្រ​យោជន៍​​ល្អ​ជាង​ទទួល​ទាន​ឆៅ​ទៅ​ទៀត​។ អ្នក​ស្រាវ​ជ្រាវ​របស់​អាមេរិក​បាន​រក​ឃើញ​ថា​បន្លែ​ដែល​សម្បូរទៅ​ដោយ​ទឹក​ដូចជា​ផ្លែ​ប៉េង​ប៉ោះ​នេះ​ជា​ប្រភព​ដ៏​សំខាន់​បំផុត​របស់​របប​អាហារ​ព្រោះ​មាន​ប្រឆាំង​អុកស៊ីដ​កម្ម​ដ៏​ខ្លាំង​បំផុត​ឈ្មោះ​លីកូ​ប៉ែន​(Lycopene)។​ ក្រុម​អ្នក​វិទ្យា​សាស្រ្ត​នៅ​មជ្ឈ​មណ្ឌល​អាហារ​និង​សុវត្ថិភាព​ជាតិ​ក្នុង​រដ្ឋ​អុីលីណយ​សហរដ្ឋ​អាមេរិក​បាននិយាយ​ថា​ អាហារ​ប៉េង​ប៉ោះ​ផ្ទុក​ទៅ​ដោយ​យន្ត​ការ​ការ​ពារ​ដែល​អាច​ជួយ​ទប់​ស្កាត់​ការរលាក​និង​ដុំ​ឈាម​កក​។

វេជ្ជ​បណ្ឌិត​ប្រ៊ីដ បឺតុន​និង​វេជ្ជ​បណ្ឌិត​គ្រី​ស្ទីន រេម័រ​ដែល​ជា​ប្រភព​ដើម​នៃការ​អះ​អាង​បាន​និ​យាយ​ថា​៖«ការ​លេច​ចេញ​ឥទ្ធិ​ពល​វិទ្យាសាស្រ្ត​អំពី​ផ្លែ​ប៉េង​ប៉ោះ​ និង​ផលិត​ផល​កែ​ច្នៃ​ពី​ប៉េង​ប៉ោះ​អាច​ជា​យុទ្ធសាស្រ្ត​ដ៏​សាមញ្ញ និង​មាន​ប្រ​សិទ្ធិ​ភាព​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​មនុស្សបង្កើន​ការ​ទទួល​ទាន​បន្លែ​ ដែល​ជា​កត្តា​នាំ​ទៅ​រក​ការ​កែលំអការ​ទទួល​ទាន​​ដើម្បី​​សុខភាព​ល្អ​ប្រ​សើរ​ឡើង។ ការ​ស្រាវ​ជ្រាវ​លើក​នេះ​បាន​គូ​សបញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ការទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​និង​ការ​កាត់​បន្ថយ​ជំងឺ​មហារីក​ ជំងឺ​បេះដូង​ រួមនិង​ជំងឺ​ដទៃទៀត​​»​ ។ វេជ្ជ​បណ្ឌិត​ទាំង​ពីររូប​ខាង​លើ​យល់​ថា​ លទ្ធ​ផល​​​​នៃ​ការ​រក​ឃើញ​លើក​នេះ ​គឺ​ជា​ភស្តុតាង​ដែល​បាន​លើក​ឡើង​ពី​លទ្ធភាព​វិល​មក​រក​ការ​ទទួល​ទាន​ប៉េង​ប៉ោះ​ដើម្បី​ទទួល​បាន​ផល​ប្រ​យោជន៍​អាហារ​បំប៉ន​រាង​កាយ​៕

ដេក១ស្រឡេត​វេលា​ថ្ងៃត្រង់​ជួយកាត់បន្ថយភាពតានតឹង

Posted: 04 Mar 2011 12:58 AM PST

យល់​ដឹង​ ៖ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​ថា​ ការ​ដេក​លក់​១​ស្រ​ឡេត​នៅ​​ពេល​ថ្ងៃ​ត្រង់​អាចជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​មួយ​កម្រិត​ កាត់​បន្ថយបាន​​នូវ​ភាព​តប់​ប្រ​មល់​នៅ​កន្លែង​ធ្វើ​ការ​ ។​​ ការ​សិក្សា​មួយ​បាននិយាយ​ថា​ អ្នក​ធ្វើ​ការ​ដែល​ដេក​បាន​៤៥នាទី​នៅ​ពេលថ្ងៃ​ សម្ពាធ​ឈាម​ចុះ​ទាប​ជាង​អ្នក​ដែល​មិន​បាន​ដេក​សោះ​។ ម៉ោង​ធ្វើ​ការយូរ​  ​ការ​ងារ​ផ្លាស់​វេនបង្កើន​នូវ​ភាព​តប់​ប្រមល់ ហើយ​​ការ​មើល​ទូរទស្សន៍​ដល់យប់​​ជ្រៅ​ក៏​មាន​ការ​ប៉ះ​ពាល់​ដែរ ​ជា​ពិសេស​ដល់​ដំណេក​ពេល​​យប់​។

វេជ្ជ​បណ្ឌិត​រី​យ៉ាន​ ប្រ៊ីន​ដល​និង​វេជ្ជ​បណ្ឌិត​សារ៉ា ខុន​ឃ្លីន​ មក​ពី​មហាវិទ្យា​ល័យ​Allegheny​រដ្ឋ​ផេនស៊ីល​វេនៀ​​ សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ការ​ពិ​សោធ​​ទៅ​លើ​ក្រុម​និស្សិត​៨៥នាក់​ដោយ​បែង​ចែក​ជា​២ក្រុម​។ ​១ក្រុម​តម្រូ​វ​ឲ្យ​ដេក​ពេល​ថ្ងៃ​និង​១ក្រុម​ទៀត​មិន​ដេក​សោះ​ ។ ជា​លទ្ធផល​គេ​រក​ឃើញ​ថា ក្រុម​​និស្សិត​ដេក​ពេល​ថ្ងៃ​ហាក់ទទួល​បាន​លទ្ធផល​នៃ​ការ​ផលិត​សា​​​ជា​ថ្មី​ប្រៀប​ធៀប​ជា​មួយ​ក្រុម​ដែល​មិន​ដេក​។ បើ​ទោះ​បី​ជា​សម្ពាធ​ឈាម​និង​ជីព​ចរ​របស់​និ​ស្សិត​ទាំង​ពី​រ​ក្រុម​បាន​កើន​ឡើង​ខុ​សពី​ពេល​មុន​នៅ​ក្នុង​អំឡុង​ការ​ធ្វើ​ពិ​សោធន៍ក៏​ដោយ​ ប៉ុន្តែ​អ្នក​ដែល​បាន​ដេក​ពេល​ថ្ងៃ​​មាន​សម្ពាធ​ឈាម​ជា​មធ្យម​ទាប​ជាង​អ្នក​ដែល​មិន​បាន​ដេក​។

ដូច​នេះ​តាម​លទ្ធផល​នៃការ​ធ្វើ​ពិ​សោធន៍​ខាង​ដើម​បាន​បង្ហាញ​ថា​ ការ​ដេក​ពេល​ថ្ងៃ​ចន្លោះ​ពី​៤៥នាទី​ទៅ​៦០នាទី​ពិត​ជា​អាច​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​​បណ្តា​ក្រុម​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ចាំ​បាច់​ត្រូវ​​តែ​ធ្វើ​គឺ​ធ្វើ​ដើម្បី​រក​ឲ្យ​ឃើញ​យន្ត​ការ​នៃ​ទំនាក់​ទំនង​គ្នា​រវាង​ការ​ដេក​ពេល​ថ្ងៃ​និង​សុខ​ភាព​សរសៃ​ឈាម​បេះដូង​ ៕

ដើរហាត់ប្រាណ៣០នាទី​រាល់ថ្ងៃជួយការពារ​មហារីកពោះវៀន

Posted: 04 Mar 2011 12:49 AM PST

យល់ដឹង ៖ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ការធ្វើ​លំ​ហាត់​ប្រាណ​ទៀត​ទាត់​អាច​ជួយ​កាត់​បន្ថយ​ជា​សំខាន់​នូវ​អត្រា​ប្រ​ឈម​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ ។​ គ្រាន់​តែ​ធ្វើ​សកម្ម​ភាព​ដូចជា​ការ​ដើរ​ឲ្យ​បាន​៣០​នាទី​ក្នុង​១ថ្ងៃ​ នឹង​កាត់​បន្ថយ​នូវ​ឱកាស​នៃការ​លូត​លាស់​របស់​Polyps(ការដុះ​សាច់​ខុស​ពី​ប្រ​ក្រតី​ដែល​ក្រោយ​មក​អាច​ក្លាយ​ជា​មហារីក​)បាន​១/៣​។

បណ្តា​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​មកពី​មហាវិទ្យា​ល័យ​វេជ្ជ​សាស្រ្ត​របស់​សាកល​វិទ្យា​ល័យ​វ៉ាស៊ីន​តោន​សហរដ្ឋ​អាមេរិក ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ហាត់​ប្រាណ​ជា​ប្រចាំ​និង​ទៀង​ទាត់​ពេល ​ប្រ​ឈម​នឹង​ការរីក​ធំ​របស់​​Polyps(ការដុះ​សាច់​ខុស​ពី​ប្រ​ក្រតី​)មិន​ដល់​៣០​%​​។ អ្នក​ហាត់​ប្រាណ​ទៀង​ទាត់​ អត្រា​នៃការលូ​ត​លាស់​Polypsមាន​មិន​ដល់​១៦%នោះទេ ។

ការ​សិក្សា​លើក​នេះ​ផងដែរ​ដែល​ចុះ​ផ្សាយ​នៅក្នុង​ព្រឹត្តិ​បត្រBritish Journal of Cancer​ក៏​បាន​ពិ​និត្យ​មើល​ទិន្នន័យ​នៃការ​បោះពុម្ព​ផ្សាយ​ពី​លើក​មុន​ចំនួន​២០​ផងដែរ​។ វេជ្ជ​បណ្ឌិត​ខាលីន  វ៉ូលីន​អ្នក​ដឹក​នាំ​ការ​ស្រាវ​​​ជ្រាវ​បាននិយាយ​ថា​៖«ការ​ធ្វើ​លំហាត់​ប្រាណ​ផ្តល់​អត្ថ​ប្រ​យោជន៍​ជាច្រើន​យ៉ាង​រួម​មាន​ជួយ​បង្កើន​កម្លាំង​ប្រព័ន្ធ​ភាព​ស៊ាំ​  បន្ថយ​ការ​រលាក​នៅក្នុង​ពោះ​វៀន ព្រម​ទាំង​បន្ថយ​កម្រិត​អាំង​ស៊ុយលីន​ផងដែរ​។ ជំងឺ​មហារីក​ពោះ​វៀន​ជា​ប្រភេទ​ជំងឺ​សាមញ្ញ​លំ​ដាប់​ទី​៣ តែ​ក្នុង​ចំណោម​ស្រ្តី​វិញ​គឺ​ស្ថិត​នៅ​លំ​ដាប់​ទី​២ ។

វេជ្ជ​បណ្ឌិត​ខាលីន វ៉ូលីន បាន​បញ្ជាក់​ថា​៖«យើង​បាន​ដឹង​ជា​យូរ​មក​ហើយ​ថា បែបបទ​នៃ​ការ​រស់​នៅ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សកម្ម​ភាព​ពិត​ជា​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​ តែ​ការ​សិក្សា​នេះ​គ្រាន់​តែ​ជា​លើក​ដំបូង​ប៉ុណ្ណោះ​ ។ យើង​​​​សង្ឃឹម​ថា លទ្ធផល​ទាំង​នេះ​នឹងលើក​ទឹក​ចិត្ត​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ចូល​រួម​ទទួល​យក​អត្ថ​ប្រ​យោជន៍​ពី​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​»៕

ប៉ូលិស​សេដ្ឋ​កិច្ច​​ជួ​ប​កំណប់​​ឈើ​គ្រញូង

Posted: 04 Mar 2011 12:47 AM PST

ឈើ​គ្រញូង​​ប្រមាណ​ជាង​៣​ម៉ែត្រ​គូប ដែល​ក្រុម​​ជន​ល្មើស​​យក​ទៅ​កប់​ក្នុង​​ទឹក​ស្រះ

ខេត្ត​ស្វាយ​រៀង ៖ ឈើ​គ្រញូង​​ប្រមាណ​ជាង​៣​ម៉ែត្រ​គូប ដែល​ក្រុម​​ជន​ល្មើស​​យក​ទៅ​កប់​ក្នុង​​ទឹក​ស្រះ និង​ក្នុង​​​ពំនូក​​លាមក​ក្របី​​លាក់​ទុក​ដើម្បីងាយ​ស្រួល​ឆក់​ឱកាស​យក​ទៅ​លក់​នៅ​​ប្រទេស​វៀត​ណាម ត្រូវ​បាន​​ប៉ូលិស​សេដ្ឋ​កិច្ច​ខេត្ត​​ប្រទះ​ឃើញ ។

ទាក់​ទិន​ករណី​ខាង​លើ​លោក​វរ​សេនីយ៍​ត្រី ចាន់ សូត្រ នាយ​ការិយា​ល័យ​នគរ​បាល​សេដ្ឋ​កិច្ច​​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា​ កាល​ពី​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១១ វេលា​ម៉ោង​​៨​ព្រឹក លោក​វរ​សេនីយ៍​ឯក ហែម សាបាន ​ស្នង​ការ​​រង​នគរ​បាល​ខេត្ត​បាន​ដឹក​នាំ​កម្លាំង​ចុះ​​ទៅ​ស្រាវជ្រាវ​​រក​បទ​ល្មើស​​នៅភូមិ​មនោរម្យ ឃុំ​​មនោរម្យ ស្រុក​ស្វាយ​​ទាប ​បន្ទាប់​ពី​​ប្រជា​ពល​រដ្ឋ​​បាន​រាយ​ការណ៍​​ថា មាន​ក្រុម​ឈ្មួញ​​ទុច្ចរិត​លួច​នាំ​ឈើ​គ្រញូង​ចេញ​ទៅ​ប្រទេស​វៀត​ណាម ​ខុស​ច្បាប់​​។ ប៉ុន្តែ​​ដោយ​សារ​ក្រុម​​សមត្ថ​កិច្ច​នៅ​ច្រក​​របៀង​​មាន​ការ​យាម​​ល្បាត​​តឹង​​រ៉ឹង​​ ទើប​​ក្រុម​ឈ្មួញ​​បាន​យក​ឈើ​ទាំង​នោះ​ទៅ​លាក់​ទុក​នៅ​ក្នុង​ស្រះ​ទឹក​ក្នុង​​ភូមិ​ដាច់​ស្រយាល​ជិត​ព្រំដែន ។ ​

ក្រោយ​ពី​ទទួល​បាន​​ព័ត៌​មាន​​ភ្លាម ​លោក​ស្នង​ការ​បាន​ដាក់​បញ្ជា​ឱ្យ​ចុះ​ស្រាវ​ជ្រាវ ​​ក៏​ប្រទះ​ឃើញ​​ឈើ​គ្រញូង​​កប់​ក្នុង​ទឹក​ស្រះ​ និង​កប់​ក្នុង​​ពំនូក​​លាមក​​ក្របី​សរុប​ប្រមាណ​ជាង​​៣​ម៉ែត្រ​គូប គឺ​​ដុំ​ឈើ​គ្រញូង​មុខ​​កាត់​៤​តឹក ៣​តឹក ប្រវែង​​១,៥០​ម៉ែត្រ ទៅ​៣​​ម៉ែត្រ ​ចំនួន​១៥​​កំណាត់​ និង​ឈើ​ខ្លីៗ​ចំនួន​២៤០​កំណាត់។

ចំពោះ​​ម្ចាស់​ផ្ទះ​ដែល​មាន​ការ​លាក់​ឈើ​គ្រញូង​​នេះ​​ពុំ​បាន​​រស់​នៅ​ទី​នោះ​​​ទេ ​ហើយ​​​ពួក​គេ​​មិន​ហ៊ាន​ចេញ​​មុខ​ ឬ​តវ៉ា​ឡើយ ។ ក្រុម​​សមត្ថ​កិច្ច​ក៏​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ឈើ​គ្រញូង​ទាំង​អស់​មក​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរ​បាល​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​ រួច​​ឱ្យ​ជំនាញ​មក​ពិនិត្យ​​​​វាស់​វែង​ឱ្យ​បាន​ត្រឹម​ត្រូវ​ជាក់​លាក់​ ​​ដើម្បី​​ចាត់​ការ​បន្ត​​តាម​ផ្លូវ​ច្បាប់ ។

បើ​តាម​ប្រភព​ប្រជាពល​រដ្ឋ​បាន​ឱ្យ​ដឹង​ដែរ​ថា ​ឈ្មួញ​ទុច្ច​រិត​បានដឹក​ឈើ​គ្រញូ​​យក​​ទៅ​លក់​ឱ្យ​ឈ្មួញ​​​​វៀត​​ណាម​ជា​ហូរ​​ហែ​ស្ទើរ​រាល់​យប់​​​ ពុំ​ដែល​មាន​សមត្ថ​កិច្ច​ណា​​បង្ក្រាប​ ឬ​ចាប់​បាន​ឡើយ។​​ ហើយ​ឈើ​​ទាំង​នេះ​​ពួក​ឈ្មួញ​បាន​យក​មក​លាក់​​ស្តុក​​ទុក​ឱ្យ​បាន​ច្រើន​ទើប​ដឹក​​ចេញ ​ដូច្នេះ​​នៅ​មាន​កំណប់​​ឈើ​គ្រញូង​ច្រើន​​កន្លែង​ទៀត​ដែល​ឈ្មួញ​កំពុង​កប់​ទុក​រង់​​ចាំ​​​ឱកាស​ល្អ​ន្អាល​នឹង​ដឹក​ចេញ​ទៅ​លក់​ឱ្យ​ឈ្មួញ​​នៅ​ប្រទេស​វៀត​ណាម​៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!