VOA News: ព័ត៌មាន: “អាជ្ញាធរ​ដាក់​ឱសានវាទ​បណ្តេញ​អ្នកបឹងកក់​ចេញ” plus 2 more

VOA News: ព័ត៌មាន: “អាជ្ញាធរ​ដាក់​ឱសានវាទ​បណ្តេញ​អ្នកបឹងកក់​ចេញ” plus 2 more


អាជ្ញាធរ​ដាក់​ឱសានវាទ​បណ្តេញ​អ្នកបឹងកក់​ចេញ

Posted: 04 Mar 2011 01:28 PM PST

ភ្នំពេញ៖ ប្រជាពលរដ្ឋ​បឹងកក់​ជាង​២០០នាក់​ បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ទីស្នាក់ការ​គណៈកម្មការ​អភិវឌ្ឍន៍​បឹងកក់​នៅថ្ងៃ​សុក្រ​នេះ​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការកំណត់​រយៈពេល​ប្រាំពីរ​ថ្ងៃ​សម្រាប់​ការបណ្តេញ​ចេញ។

សាលាខណ្ឌ​ដូនពេញ​កាល​ពី​ថ្ងៃពុធ​ បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​នៅតំបន់​បឹង​ដែល​មិនទាន់​ទំនាក់ទំនង​ ទទួលយក​គោលនយោបាយ​រួសរាន់​ទៅ​ទំនាក់ទំនង​ដោះស្រាយ​គោលនយោបាយ​នៅ​ទីស្នាក់ការ​ គណៈកម្មការ​អភិវឌ្ឍន៍​បឹងកក់​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃពុធ​កន្លង​មកនេះ។

លោក​សុខ សម្បត្តិ ​អភិបាល​ខណ្ឌដូនពេញ ​បាន​បញ្ជាក់​នៅក្នុង​លិខិត​ជូនដំណឹង​ចុះថ្ងៃទី២​ ខែមិនា​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​មិន​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ​ សាលាខណ្ឌ​ដូនពេញ​នឹង​ចាត់​វិធានការ​ តាម​ផ្លូវច្បាប់​យ៉ាង​តឹងរឹង​បំផុត ​ពិសេស​មិនទទួល​ខុសត្រូវ​លើ​ការបាត់បង់​ឬ​ការខូចខាត​សម្ភារៈ​របស់ ប្រជាពលរដ្ឋ​ឡើយ។

អ្នកស្រី​ខៀវ ច័ន្ទតារា ​អាយុ៥២ឆ្នាំ ​អ្នក​តវ៉ា​ម្នាក់​នៅ​តំបន់​បឹងកក់ ​បាន​បញ្ជាក់​ថា​អ្នកស្រី​មាន​ការភ័យខ្លាច​ ចំពោះ​ការបណ្តេញ​ចេញ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​សប្តាហ៍​ក្រោយ​នេះ។

«ខ្ញុំ​ភ័យខ្លាច​ការបណ្តេញចេញ​ ព្រោះ​គាត់​ដាក់​កំណត់​នៅក្នុង​លិខិត​នេះ​ឱ្យ​រុះរើ​ជាបន្ទាន់។ អញ្ចឹង​ ខ្ញុំ​តវ៉ា​ ឱ្យ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ដោះស្រាយ​ឱ្យ​លឿន​ជាទីបំផុត​ដើម្បី​កុំឱ្យ​បណ្តេញ​ប្រជាពលរដ្ឋ​នៅទី​កន្លែង​បឹងកក់នេះ​ និង​សូម​អភិវឌ្ឍន៍​នៅ​នឹងកន្លែង»។

អ្នកស្រី​ព្រំ មុន្នី ​អាយុ៥០ឆ្នាំ​ អ្នក​តវ៉ា​បឹងកក់​ម្នាក់​ បាន​និយាយថា​អាជ្ញាធរ​បាន​ដាក់​ការបង្ខិតបង្ខំ​លើ​អ្នកភូមិ​បឹងកក់​ឱ្យ​រុះរើ​ផ្ទះសម្បែង​ក្នុង​រយៈពេល​ប្រាំពីរថ្ងៃ​និង​មិន​ធានា​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​ របស់​ប្រជាពលរដ្ឋ​ទេ ​បន្ទាប់ពី​ការផុតពេល​កំណត់។

«ខ្ញុំ​មក​ទាមទារ​នៅ​ថ្ងៃនេះ ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ឆ្លើយតប​នឹង​ពួកខ្ញុំ​ កុំ​ឱ្យ​ដាក់​វិធានការ​ថា​ក្នុង​មួយ​សប្តាហ៍​នេះ អាជ្ញាធរ​មិន​ធានា​ទ្រព្យសម្បត្តិ​និង​ផ្ទះសម្បែង​របស់​ពួកយើង​ខ្ញុំ។ អញ្ចឹង​ខ្ញុំ​នឹង​រស់នៅ​ដោយ​ការភ័យខ្លាច។ អញ្ចឹង​ខ្ញុំ​សូម​ឱ្យ​សម្តេចហ៊ុន ​សែន និង​លោក​ជំទាវ ​ជួយ​ធ្វើអន្តរាគមន៍​ឱ្យ​ពួកខ្ញុំ​បាន​រស់នៅ​ក្នុង​តំបន់​បឹងកក់​ផង»។

លោក​ចាន់ សូវ៉េត​ ប្រធានផ្នែក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​​បាន​ថ្លែង ថា ការដាក់​ឱសានវាទ​នេះ​ គឺជា​ការដាក់​សម្ពាធ​ទៅលើ​ប្រជាពលរដ្ឋ ​ខណៈ​ដែល​ភាគី​ជម្លោះ​មិនទាន់​ ឈាន​ដល់​ការព្រមព្រៀង​គ្នា​នៅឡើយ​នោះ។

«ចំណុចនេះ ​ដែល​យើង​មើលឃើញ​ថា វា​ជារឿង​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ ​ហើយ​អ្នកស្រុក​អ្នកភូមិ ដែល​ទទួលរង​នោះ​មាន​តែទឹកភ្នែក​ជារឿយៗ ​ហើយ​អាជ្ញាធរ​អួត​ក្តែងៗ​ថា ពួកគេ​កំពុង​អភិវឌ្ឍ។ ថ្ងៃ​ឱសានវាទ​របស់​សាលារាជធានី​ភ្នំពេញ​និង​សាលា​ខណ្ឌដូនពេញ​នេះ​ ខ្ញុំ​គិតថា​នេះ​ជា​សម្ពាធ​មួយ​ធ្ងន់ធ្ងរ​ គំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ​មិនអាច​ឱ្យ​គាត់​ចេញ​មុខ​តវ៉ា​ដើម្បី​ទាមទារ​រកយុត្តិធម៌​សមស្រប​ដែល​គាត់ អាច​ទទួល​យក​បាន​នោះ»។

លោក​សុខ ពេញវុធ ​អភិបាល​រង​ខណ្ឌ​ដូនពេញ ​និង​តំណាង​គណៈកម្មការ​អភិវឌ្ឍន៍​បឹងកក់​ដែល​រួមមាន​ ភាគី​រដ្ឋាភិបាល ​និង​ភាគី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ Shukaku Inc ​បាន​ថ្លែង​ប្រាប់​ក្រុមអ្នកតវ៉ា​យ៉ាង​ដូច្នេះថា៖

«យើង​ទុក​រយៈពេល​ប្រាំពីរ​ថ្ងៃ​សម្រាប់​ការរុះរើនេះ។ វា​មិនមែន​មាន​ន័យថា​វា​ផុត​រយៈពេល​ប្រាំពីរ​ថ្ងៃនេះ។ ​យើង ដេញ​ប្រជាពលរដ្ឋ​នោះ​ទេ។ យើង​ទុក​ឱ្យ​បងប្អូន​ចូល​មក​ចរចា​ដោះស្រាយ​គោលនយោបាយ​ជាមួយ​គណៈកម្មការ​អភិវឌ្ឍន៍​បឹងកក់​ដែល​មាន​តំណាង​សាលារាជធានី​ភ្នំពេញ​ ឬ​ សាលាខណ្ឌ ​ឬ​ ក្រុមហ៊ុនអភិវឌ្ឍន៍​បឹងកក់​ សម្របសម្រួល​មួយ​គ្រួសារ​ម្តងៗ​តាម​តម្រូវការ​រៀងខ្លួនៗ​ពីព្រោះ​បងប្អូន​មាន​ស្ថានភាព​រស់នៅ​ផ្សេង​គ្នា​និង​តម្រូវ​ការផ្សេងគ្នា។ អ្នកខ្លះ​និយាយថា​ខ្លួន​មាន​ផ្ទះធំ​ផ្ទះតូច​និង​មាន​ផ្ទះសំណាក់​។ អញ្ចឹង​ តម្រូវការ ​និង​សំណូមពរ​មិនដូច​គ្នាទេ»។

គោល​នយោបាយ​សម្រាប់​អ្នកភូមិ​បឹងកក់​ មាន​ជម្រើសបី ៖ សំណង​ជាប្រាក់​៨.៥០០​ដុល្លារ​អាមេរិក សម្រាប់​គ្រួសារ​នីមួយៗ ​ដើម្បី​ចាកចេញ​ ការតាំង​ទីលំនៅ​ជាថ្មី​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ និង​ការអភិវឌ្ឍ​នៅ នឹង​កន្លែង។

លោក​សុខ ពេញវុធ​ បាន​ពន្យល់​ថា​ចំពោះ​ការអភិវឌ្ឍ​នៅនឹង​កន្លែង​ ប្រជាពលរដ្ឋ​ត្រូវតែ​រុះរើ​ផ្ទះ​សម្បែង និង​ប្រគល់​ទីតាំង​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ បាន​ទាមទារ​ដី​ទំហំ​១៥​ហិកតា​នៃ​ផ្ទៃដី​សរុប ​១៣៣​ហិចតា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ដោយ​ខ្លួនឯង។

លោក​សុខ ពេញវុធ ​បាន​បញ្ជាក់​ថា​សំណើ​ដី​ទំហំ​១៥ហិកតា​នេះ​ទំនង​ជា​មិនអាច​ទៅរួចទេ។

លោក​សុខ ពេញវុធ​ បាន​ថ្លែងថា​លោកនឹង​យក​សំណើ​នេះ​ទៅជូន​រដ្ឋាភិបាល​ដើម្បី​សម្រេច។ ក្រុមអ្នក តវ៉ា​បាន​យល់ព្រម​រំសាយ​ការតវ៉ា​និង​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ​ដើម្បី​រង់ចាំ​លទ្ធផល​បន្ទាប់​ទៀត៕

This posting includes an audio/video/photo media file: Download Now

ក្រុម​​ The Like Me's អង្រួន​បេះដូង​ទស្សនិកជន​កម្ពុជា

Posted: 04 Mar 2011 01:01 PM PST

ភ្នំពេញ៖ ម៉ម​ ឡូរ៉ា​ទេវរី និង​ក្រុមភ្លេង​របស់​នាង​ឈ្មោះថា​ The Like Me's គឺជា​ក្រុម​ថ្មី​មួយ​ដែល​ទទួល​បាន​ប្រជាប្រិយ៍ភាព​យ៉ាង​លឿន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ក្រុម​នេះ​កំពុង​ធ្វើ​ទស្សនកិច្ច​រយៈពេល​ខ្លី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​សង្ឃឹម​ថា​បទភ្លេង​​របស់​ពួកគេ​នឹង​បាន​ទៅ​ដល់​​ប្រជាជន​កាន់តែ​ច្រើន​នៅ​ក្នុង​ទឹកដី​កំណើត​របស់​ឪពុក-ម្តាយ​​ពួកគេ។

ក្រុមភ្លេង​ក្នុងស្រុក​​នៃ​ក្រុង​San Jose ​រដ្ឋកាលីហ្វ័រញ៉ា ​លេង​បទភ្លេង​​ដែល​និពន្ធ​ដោយ​​ខ្លួនឯង​ឥតយក​លំនាំ​តាមគេ​ហើយ​ក៏​លេង​​​បទ​ដែល​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៦០​មួយ​នេះ​ដែរ​គឺ​«បទស្វារាំ​ម៉ាន់ឃីស»។

ម៉ម ឡូរ៉ាទេវរី ​ដែល​មាន​អាយុ​២៤​ឆ្នាំ លេង​ហ្គីតា​ផង​និង​ច្រៀង​ផង។ ចំណែក​ឯបងស្រី​​ជីដូន​មួយ​របស់​នាង​ដែល​ជា​ជនជាតិ​អាមេរិកកាំង​ដើមកំណើត​ខ្មែរ ឈ្មោះ​ ហុង ហេលីណា ដួងច័ន្ទ​ អាយុ​៣១​ឆ្នាំ ជា​អ្នក​លេង​បាស។ ម៉ម ឡូរ៉ាទេវរី និយាយ​ថា បទចម្រៀង​នេះ​បាន​ទៅ​ដល់​ប្រជាជន​កម្ពុជា​ពីរ​ជំនាន់។ វា​បាន​និយាយ​ទៅ​ដល់​ជន​អន្តោ​ប្រវេសន៍​ដែល​បាន​ភៀស​ខ្លួន​ពី​របប​ខ្មែរ​ក្រហម​និង​ទៅដល់​កូន​របស់​ពួកគេ​ ហើយ​ក៏​​ជំរុញ​ឲ្យ​មាន​ការជជែក​គ្នារវាង​​មនុស្ស​ទាំងពីរ​ជំនាន់​អំពី​ភាពស្រដៀង​គ្នា​របស់​​ពួកគេ។

បទចម្រៀង​ដើម​របស់​ក្រុម​នេះ​ទទួល​បាន​ការពេញ​និយម​ពី​សំណាក់​ប្រជាពលរដ្ឋ​អាមេរិកាំង​ ដើម​កំណើត​ខ្មែរ​វ័យក្មេង​ជាច្រើន​ដែល​ស្វះស្វែង​រក​សំឡេង​មួយ​របស់​ខ្លួន។

ម៉ម ឡូរ៉ាទេវរី ​និយាយ​ថា​នាង​សង្ឃឹម​ថា​បទ​ចម្រៀង​របស់​នាង​នឹង​បាន​ទៅ​ដល់​​ប្រជាជន​កាន់​តែ​ច្រើន​ក្នុង​ដំណើរ​របស់​នាង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ​នាង​មិន​ដែល​រំពឹងទេ​​ថា​នឹង​រកបាន​អ្នកគាំទ្រ​យ៉ាង​ច្រើន​រួច​ទៅ​ហើយ​នៅ​ទីនេះ។

«ពី​មុន​ខ្ញុំ​ស្មាន​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​អត់​ស្គាល់​យើង​សោះ ដូច្នេះ​ពេល​មក​ស្រុក​ខ្មែរ​យើង​មាន​Fans (អ្នកគាំទ្រ) ​ហើយ​គេ​មក​លើ​stage(ឆាក) ហ្នឹង​ហើយ​គេ​សួរ​យើង​ហើយ​មាន​អ្នកព័ត៌មាន​សួរ​យើង​សំណួរ​ច្រើន​មែនទែន។ ដូច្នេះ ខ្ញុំ​អរមែនទែន​ហើយ​គិត​ថា​ដូចជា​Rock Stars ហ្នឹង»។

កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ម៉ម ឡូរ៉ាទេវរី និពន្ធ​បទចម្រៀង​​ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​ផង​និង​ជា​ជនជាតិ​អាមេរិកាំង​ផង។

«ពី​ដំបូង​ ខ្ញុំ​តែង​បទ​ឲ្យ​ខ្លួន​ឯង​ពីព្រោះ​ បើ​ខ្ញុំ​មាន​អារម្មណ៍​អ្វី ខ្ញុំ​ដាក់​អារម្មណ៍​ហ្នឹង​នៅ​ក្នុង​បទ​ហ្នឹង​ ហើយ​ពេល​ខ្ញុំ​ចូលរួម​ជាមួយ​ក្រុមភ្លេង​ខ្ញុំ​ យើង​ទាំងអស់​គ្នា​ចូលរួម​ហើយ​យើង​មាន​អារម្មណ៍​ហើយ​ដាក់​អារម្មណ៍​ក្នុង​បទ​ទៅ»។

សោកនាដកម្ម​នៅ​លើ​ស្ពាន​ពេជ្រ​នៅ​តំបន់​កោះ​ពេជ្រ​កាលពី​ថ្ងៃទី​២២​ ខែវិច្ឆិកា ​ឆ្នាំមុន ​ក៏​បាន​ជំរុញ​ឲ្យ​នាង​តែង​បទចម្រៀង​មួយ​បទ​ដែល​ឧទ្ទិស​ទៅដល់​ជនរងគ្រោះ​នៅ​ក្នុង​ឧបទ្ទវហេតុ​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ​ដែរ។ បទ​នេះ​មាន​ចំណង​ជើង​ថា «ពេជ្រ»។

«យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​គ្រួសារ​ស្លាប់​នៅ​កោះពេជ្រ​ហ្នឹង​ ខ្ញុំ​ចង់​ឲ្យគេ​ស្តាប់​ភ្លេង​យើង​ហើយ​មាន​អារម្មណ៍​ជាប់​បេះដូង​បន្តិច​ព្រោះ​បទ​ហ្នឹង​គេ​ហៅ​ថា ពេជ្រ​ ហើយ​យើង​ចង់​និយាយ​ថា អ្នក​រងគ្រោះ​ហ្នឹង​ជា​ពេជ្រ យើង​នឹង​ចាំ​គេ ព្រោះ​គេ​មាន​តម្លៃ​ល្អណាស់»។

ក្រុមអ្នក​គាំ​ទ្រ​​និង​អ្នក​ស្តាប់​ថ្មីៗ​អាច​ទស្សនា​ ម៉ម ឡូរ៉ាទេវរី​និង​ក្រុម​The Like Me'sរបស់​នាង​សម្តែង​នៅ​យប់​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​នេះ​នៅ​ក្នុង​ការប្រគុំ​តន្ត្រី​ដោយ​ឥតគិត​ថ្លៃ​​មួយ​ចាប់ពី​ម៉ោង៦​ល្ងាច​នៅ​ឯ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ​ក្នុង​ទីក្រុងភ្នំពេញ។ ការប្រគុំ​តន្ត្រី​​​នោះ​នឹង​ជា​ការសម្តែង​ចុង​ក្រោយ​របស់​ក្រុមនេះ​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាងហោចណាស់​ក៏​សម្រាប់​ពេល​នេះដែរ៕

This posting includes an audio/video/photo media file: Download Now

អ្នកសេដ្ឋកិច្ច​ពិនិត្យ​មើល​គោលនយោបាយ​ដុល្លារូបនីយកម្ម​នៅកម្ពុជា

Posted: 04 Mar 2011 12:41 PM PST

ភ្នំពេញ៖ កុ្រមអ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ជាតិ​ និង​អន្ដរជាតិ​បាន​ពិភាក្សា​គ្នា​អំពី​ការចរាចរ​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ​អាមេរិក​ដ៏​ប្រទាញប្រទង់​នៅក្នុង​ប្រទេស​កម្ពុជា​ស្រប​ពេល​ដែល​ប្រាក់​ដុល្លារ​បាន​គ្រប​ដណ្ដប់​ ការ​ចរាចរ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ស្ទើរតែ​ទាំងស្រុង។ កិច្ច​ពិភាក្សា​រយៈពេល​ពីរថ្ងៃ​ដែល​គាំទ្រ​ដោយ​ធនាគារ​ជាតិ​និង​ស្ថានទូត​បារាំង​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​ហង់ ជួនណារ៉ុន​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​បាន​ថ្លែងថា​ប្រាក់​ដុល្លារ​តំណាង​ឲ្យ​៩០​ភាគរយ​ក្នុង​ចំណោម​ការចរាចរ​សាច់​ប្រាក់​នៅ​ប្រទេស​កម្ពុជា។

លោក​ ហួត ពុំ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលប័ត្រ​កម្ពុជា​បាន​កត់​សម្គាល់​ថា ​ប្រាក់រៀល​កម្ពុជា​ត្រូវ គេ​និយម​ប្រើ​សម្រាប់​តែ​ក្នុង​ការទូទាត់​នូវ​ទំហំ​ទឹកប្រាក់​កម្រិត​តូច​តែប៉ុណ្ណោះ។

«អត្រា​នៃ​ការប្រើប្រាស់​ប្រាក់​រៀល​នៅក្នុង​ប្រទេស​កម្ពុជា ​គឺថា​ចាប់​ពី​មួយម៉ឺន​ឬ​ពីរម៉ឺន​រៀល​ឡើង​ទៅ ប្រជាពលរដ្ឋ​កម្ពុជា ​ឬ​ក៏​ជនបរទេស​ផង​ដែរមាន​និន្នា​ការចាយវាយ​លុយ​ដុល្លារ។ មាន​ន័យថា​បើទោះ​ជា​ប្រាក់​រៀល​អាច​ប្រើ​ជា​មធ្យោបាយ​សម្រាប់​ការចាយវាយ​ក៏​ប៉ុន្ដែ​វាត្រូវប្រើ​សម្រាប់​ការទូទាត់​ក្នុង​ទំហំ​ទឹក លុយ​តូចៗ»។

ទោះជា​យ៉ាង​ណា​លោក​ ហួត ពុំ ​បាន​លើក​ឡើងថា ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាច​នឹង​នាំឲ្យ​មាន​ភាពងាយ​ស្រួល​សម្រាប់​អ្នកវិនិយោគ​ផ្ទុយ​ទៅវិញ​ការពឹងផ្អែក​លើ​ការចរាចរ​ប្រាក់​ដុល្លារ​អាមេរិក​ខ្លាំងពេក​នឹង​ធ្វើឲ្យ​​បាត់បង់​អធិបតេយ្យភាព​នៃ​ប្រាក់​រៀល​របស់​ខ្មែរ​ដែរ។

ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការប្រើប្រាស់​សាច់ប្រាក់​ជាច្រើន​ប្រភេទ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ គេ​សង្កេត​ឃើញ​បា្រក់​ដុល្លារ​មាន​ឥទ្ធិពល​ក្នុង​ទីផ្សារ​កម្ពុជា​ ប្រាក់​បាតថៃ​ ប្រាក់​គីប​របស់​ឡាវ​និង​ប្រាក់ដុង របស់​វៀតណាម​ក៏​មាន​ឥទ្ធិពល​ក្នុង​ការទូទាត់​ថ្លៃ​ទំនិញ​នៅតាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​ទាំងនោះ​ដែរ។ ក៏ប៉ុន្ដែ​ក្រុម​អ្នកសេដ្ឋកិច្ច​បាន​ផ្ដោត​កង្វល់​លើ​ការប្រើប្រាស់​និង​ចរាចរណ៍​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​ទីផ្សារ​ ប្រទេស​កម្ពុជា​ច្រើន​ជាងគេ។

ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​បាន​ធ្វើឲ្យ​ប្រទេស​នេះ​ទទួល​ខាតបង់​ចន្លោះ​ពី​២០ ​ទៅ ​៩០លាន​ដុល្លារ​ជារៀងរាល់​ឆ្នាំ​ពីការបោះពុម្ព​ប្រាក់​រៀល​ថ្មីៗ​សម្រាប់ចរាចរ​បន្ថែម​ទៀត។ នេះ​បើយោង​តាម​ក្រុមអ្នកសេដ្ឋកិច្ច។

លោក​ Jayant Menon ​អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​លើក​ឡើងថា​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ទប់ទល់​នឹង​សម្ពាធ​របស់​ប្រាក់​ដុល្លារ​អាមេរិក ​និង​បន្ដ​ការប៉ុនប៉ង​បដិដុល្លា​រូបនីយកម្ម​។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Michel Dabadie ​អគ្គ​ត្រួតពិនិត្យ​របស់​ធនាគារ​កណ្ដាល​ប្រទេស​បារាំង​ឲ្យ​យោបល់​ថា ​ដើម្បី​ធ្វើ​បដិដុល្លារូបនីយកម្ម​បាន​ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើឲ្យ​ប្រាក់រៀល​របស់​ខ្លួន​មាន​ស្ថេរភាព ​ហើយ ប្រព័ន្ធ​ធនាគារ​ក្នុងស្រុក​ត្រូវតែ​លើក​ដម្កើង​ដល់​ប្រាក់រៀល​ជាដើម។

សូម​បញ្ជាក់ថា​ ការចរាចរ​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ពេញនិយម​ចាប់តាំង​ពី​អំឡុង​មាន​វត្តមាន​អង្គការ​សហប្រជាជាតិ​ចូលមក​ជួយ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ជាលើក​ដំបូង​នៅឆ្នាំ​ ១៩៩៣។

លោកស្រី​នាវ ចន្ថាណា ​ទេសាភិបាល​រង​ធនាគារជាតិ​កម្ពុជា​ ហាក់​ដូចជា​យល់ស្រប​ជាមួយ​លោក Michel Dabadie ​ដែរថា ​នៅពេល​ដែល​ប្រទេស​កម្ពុជា​ពង្រឹង​ទំនុក​ចិត្ត​លើ​ប្រាក់រៀល​ក្នុង​ចំណោម​ប្រជា ពលរដ្ឋ ​នៅពេល​នោះ​ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​នឹង​ថយចុះ​ជាបណ្ដើរៗ​ជា​ស្វ័យប្រវត្តិ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!