Koh Santipheap Daily

Koh Santipheap Daily


ឈប់កាប់​​​អុស​លក់​ដោយសារ​​មេ​ព្រៃ​ពូកែ​​ចាប់ពេក ឡើង​ត្នោត​​ធ្លាក់​​សន្លប់

Posted: 26 Feb 2011 08:17 PM PST

បុរស​​ធ្លាក់ពីលើ​​​ដើមត្នោត​​​នេះ​ឈ្មោះ​ជ័យ នាក់ អាយុ​​៥៤​ឆ្នាំ

រាជធានីភ្នំពេញ ៖ ​មុខ​របរ​ឡើងត្នោត​​​ប្រឈមមុខនឹង​​គ្រោះថ្នាក់​បំផុត ប៉ុន្តែដោយសារ​​​ជីវភាពក្រីក្រ​​​​គ្មាន​​ជម្រើស​​អ្វីផ្សេងៗ បុរស​ម្នាក់​​​បានបង្ខំ​ចិត្ត​​​ឈប់ដើរ​​កាប់​អុស​លក់ប្តូរ​មក​​ឡើង​ត្នោត​​​វិញម្តង ​ស្រាប់តែ​​​ឡើងត្នោត​​បាន​​៣​ឆ្នាំ​ក៏​​​ធ្លាក់ពីលើ​ដើម​ត្នោត​រង​របួស​សន្លប់ ​កាលពី​​វេលា​ម៉ោង​​៩​និង​​​៣០នាទី​​​ព្រឹកថ្ងៃទី​​២៥ កុម្ភៈ កន្លងមក​នេះ ។​ បុរស​​ធ្លាក់ពីលើ​​​ដើមត្នោត​​​នេះ​ឈ្មោះ​ជ័យ នាក់ អាយុ​​៥៤​ឆ្នាំ ​មានស្រុក​កំណើត​​នៅភូមិ​​​​បឹង ឃុំ​​ព្រះខែ ​ស្រុកប​សេដ្ឋ ​ខេត្តកំពង់ស្ពឺ ​មាន​ប្រពន្ធ​ឈ្មោះ​​​ពៅ ​ម៉ុន ​អាយុ​​​៤៥​ឆ្នាំ មានកូន​​៣​នាក់​។​

តាមការ​រៀប​រាប់ពី​​ប្រពន្ធ​​ជនរងគ្រោះ​​ឈ្មោះ​ពៅ ម៉ុន បាន​ឱ្យ​​ដឹង​ថា ​កាលពីដើម​​ឡើយ​​ក្រុម​គ្រួសារ​របស់​គាត់​ប្រកប​​របរ​ចូលព្រៃ​​ដើរ​កាប់​អុសលក់​ទេ ប៉ុន្តែ​ដោយសារ​ការ​កាប់អុសនោះ​ត្រូវ​ខាង​​រដ្ឋបាល​ព្រៃឈើ​​ចាប់មិន​ឱ្យ​កាប់​​ព្រៃ ​ហើយ​គ្មាន​​​មុខរបរ​អ្វីចិញ្ចឹម​កូន​ ក៏សម្រេច​ចិត្ត​​ឡើង​​ត្នោត​កាលពី​​ឆ្នាំ​​២០០៨​កន្លង​មក​នេះ ។ នៅ​ថ្ងៃ​កើតហេតុ​នេះ រូប​គាត់​ជា​ប្រពន្ធ​នៅ​ផ្ទះ​​ដុត​ភ្លើង​​​រំងាស់​​ធ្វើ​ស្ករ​​ត្នោត ​ចំណែក​ប្តី​​ចេញទៅ​​ចង​​បង្អោងតាម​​ដើម​ត្នោត​នៅ​ខាង​ជើង​ផ្ទះចម្ងាយ​ប្រមាណ​​​​​៥០ម៉ែត្រ​ប៉ុណ្ណោះ លុះ​ចង​បង្អោង​​បាន​មួយ​កំណាត់ក៏​​​ត​បង្អោង​​មួយទៀត ពេលកំពុង​ចង​ត​នោះ ស្រាប់​តែ​​គាត់​ឮសូរ​ប្រាវ ​ក៏​ក្រឡេ​ក​មើល​​ទៅប្តី​​នៅលើ​ដើម​​ត្នោត​​ឃើញធ្លាក់​ស្ទាកមក​​ដី​...​គាត់ខំប្រឹង​​រត់ទៅ​​កន្លែង​ដែល​ប្តី​​​ធ្លាក់​ក៏ឃើញ​បញ្ឈរ​​ភ្នែក​​សន្លប់​ទៅហើយ ​រូប​គាត់​ក៏លើក​​​ទ្រក្បាល​ប្តី ហើយស្រែក​​ហៅ​អ្នក​ជិត​ខាង​​​ឱ្យមក​ជួយ​​សែង​យក​ទៅសង្គ្រោះ​ ។ គួរ​​បញ្ជាក់​​​ផងដែរ​ថា បង្អោង​ដែល​យក​ទៅចង​​នោះ​ជា​​បង្អោង​​ចាស់​ដែល​ចង​​បាន​មួយឆ្នាំ​​​ហើយ​ដោះ​​​យកមក​ទុក រួច​​ក៏​យក​ទៅចង​ដើមត្នោត​​ថ្មី​នេះ​តែ​ម្តង ។​

ប្រពន្ធ​បានបន្ត​ថា ពេល​យកប្តី​មក​ដល់​​​​​ផ្ទះ​អ្នកជិត​ខាង​​ជួយធ្វើចលនា​ទៅប្រមាណ​​​១០នាទី​​ទើប​ប្តីគាត់​ដឹង​ខ្លួនវិញ ​ប៉ុន្តែ​ត្រឹម​​​ចង្កេះ​​ចុះក្រោយ​​​ស្ពឹក​​​មិន​ដឹង​​អ្វីទាំងអស់ ​សូម្បីជើង​​ក៏​មិន​ដឹង​ថា​ជើងដែរ ​រីឯ​.ក​ដៃ​​​​ខាង​ឆ្វេង​បាក់ ។ ដោយ​ឃើញ​ស្ថាន​​ភាពធ្ងន់​ធ្ងរ​ក៏នាំ​ប្តី​ទៅព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​​​ខេត្តតាកែវ ​បន្ទាប់មក​​​មន្ទីរពេទ្យ​​បាន​បញ្ជូន​​បន្តទៅព្យាបាល​​នៅមន្ទីរ​​ពេទ្យ​ព្រះ​កុសុមៈ ​វេលា​ម៉ោង​​៣​និង​​៣០នាទី​​រសៀលថ្ងៃទី​​​​២៥ កុម្ភៈ ។​រហូត​មកដ​ល់​​​ថ្ងៃទី​​២៧ កុម្ភៈ ស្ថានភាព​របស់​ជនរងគ្រោះ​​បន្ទាប់​ពី​យកទៅ​ស្គែន​​ចង្កេះ​រួច គ្រូ​ពេទ្យ​​​ប្រាប់​ថា បាក់​​ឆ្អឹង​ចង្កេះ ​​និង​​បាន​​ធ្វើការ​វះ​កាត់​​រួចហើយ ៕​

បេសក​ជន​ពិសេស​អង្គការ​​យូណេស្កូ​នឹង​មកដល់​​​កម្ពុជានា​រសៀលថ្ងៃនេះ​ពិភាក្សា​​​ជាមួយ​ក្រុម​​មន្ត្រី

Posted: 26 Feb 2011 08:04 PM PST

រាជធានីភ្នំពេញ ៖ ​បេសក​ជន​ពិសេស​របស់​អង្គការយូណេស្កូ ​លោក​កូអ៊ីជិរ៉ូ ​ម៉ាត់​ស៊ូរ៉ា ​និងជា​​អតីត​អគ្គ​នាយក​អង្គការយូណេស្កូ​ផង​នោះ ​នឹងមកដល់​​ប្រទេស​កម្ពុជា​​​នៅវេលា​រសៀល​ថ្ងៃ​​អាទិត្យ​ ទី​​២៧ កុម្ភៈ ២០១១ នេះ ហើយ បន្ទាប់​​ពី​លោក​បាន​បញ្ចប់​​ដំណើរ​​ទស្សនកិច្ច​នៅ​​ប្រទេសថៃ​នោះ​​រួចមក ។ នេះបើ​​​យោង​តាម​​លោកផៃ​​ស៊ីផាន ​អ្នកនាំពាក្យ​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​​ដែល​បាន​​ថ្លែង​ប្រាប់​​កោះសន្តិភាព​​តាម​ទូរស័ព្ទ​​​កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ​នេះ ។​

គួរ​​បញ្ជាក់​ថា ដំណើរទស្សនកិច្ច​​ផ្លូវការ​​របស់​បេសក​ជន​ពិសេស​របស់​អង្គការយូណេស្កូ ​លោក​កូ​​អ៊ីជិរ៉ូ ម៉ាត់​ស៊ូរ៉ា ​នៅព្រះរាជាណាចក្រកម្ពុជា នា​ពេលនេះ ធ្វើឡើង​​បន្ទាប់​​ពីប្រាសាទព្រះវិហារ​របស់​​កម្ពុជា​​​​បានទទួល​រង​នូវការ​​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយសារ​ត្រូវ​​គ្រាប់កាំភ្លើង​​របស់​ទាហាន​​សៀម​​នៅក្នុងការ​​ប្រយុទ្ធគ្នា​​រវាង​ទាហាន​​​កម្ពុជា​​-​ថៃ​​៤លើក ​ក្នុងរយៈ​ពេល​​​៤ថ្ងៃ​​ជាប់​ៗ​គ្នា​​កាលពី​ថ្ងៃ​ទី​៤ ដល់ថ្ងៃទី​​៧ កុម្ភៈ កន្លងមក​នេះ ដោយទាហាន​​សៀម​បាន​ឈ្លានពាន​​បូរណ​ភាព​ទឹកដី​កម្ពុជានៅ​ព្រំដែន​​ប្រាសាទព្រះវិហារ​​នោះ​រួច​មក ។ ​ពីប្រទេស​ថៃ​ឯណោះវិញ ​ជាថ្មី​ម្តង​ទៀត​ ​​​លោក​នាយករដ្ឋ​មន្ត្រី​​ថៃ ​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​បាន​និយាយ​​​​ថា ការ​វាយ​ប្រយុទ្ធគ្នា​​​រវាង​កង​ទ័ពកម្ពុជា និង​ថៃ​​​​នៅ​តំបន់​ប្រាសាទព្រះវិហារ​នា​ពេល​កន្លង​មក​នេះ គឺដោយសារតែ​​ការ​ដាក់​បញ្ចូល​​ប្រាសាទ​ព្រះវិហារ​​​ជាសម្បត្តិ​​បេតិ​កភណ្ឌ​ពិភពលោក ។ ការ​និយាយ​របស់លោកអាប់ភី​ស៊ីត ​​យ៉ាង​ដូច្នេះ ​គឺ​បាន​ធ្វើឡើងនៅ​​ក្នុង​ជំនួប​ជា​មួយ​បេសក​ជន​ពិសេស​​របស់អង្គការ​យូណេស្កូ ​លោក​កូអ៊ីជិរ៉ូ ម៉ាត់ស៊ូរ៉ា នៅក្នុង​ទីក្រុង​​បាង​កក កាលពីថ្ងៃ​សុក្រ ទី​​២៥ កុម្ភៈ កន្លងមក​នេះ ។ នេះ​បើ​​​យោង​តាម​កាសែត​​​ឌឹណេស្សិន របស់ថៃ​ចេញ​​ផ្សាយកាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ និង​​បាន​សរសេរ​បញ្ជាក់​ដែរ​ថា ​ក្រុម​​អង្គការ​យូណេស្កូ​​បាន​ស្តាប់នាយក​រដ្ឋ​មន្ត្រី​​ថៃ លោក​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​និយាយ​​​អំពី​ទំនាស់​កម្ពុជា​-ថៃ ​​ដែលនាំ​ឱ្យ​មានការ​វាយ​ប្រហារ​​គ្នាកន្លង​មកនេះ ប៉ុន្តែ​​មិនបាន​​បញ្ចេញ​​យោ​បល់​​ថាតើ​យូណេស្កូ នឹង​សម្រេច​ធ្វើ​យ៉ាង​ណា​​នោះទេ ។

កាសែត​ឌឹណេស្សិន​របស់ថៃ​​​បានបញ្ជាក់ទៀត​ថា ​ក្រោយពី​ស្តាប់នាយករដ្ឋ​មន្ត្រី​​ថៃ​បកស្រាយ​​កាលពីថ្ងៃ​​សុក្រ​នោះ​រួច​មក មន្ត្រី​​បេសក​​ជន​យូណេស្កូ ​លោក​កូអ៊ីជិរ៉ូ ម៉ាត់ស៊ូរ៉ា ​មិនបាន​បញ្ជាក់​​​​ច្បាស់ថាតើ យូណេស្កូ ​នឹង​យល់ព្រម​​ជាមួយនឹង​សំណើ​​របស់ថៃ ដែលចង់​ឱ្យ​ផ្អាកការ​​គិត​គូរ​​អំពីផែនការ​​អភិវឌ្ឍ​ប្រាសាទព្រះវិហារ​​របស់​កម្ពុជា ឬ​ក៏​​យ៉ាងណានោះទេ ។ សូមបញ្ជាក់​ថា ​អគ្គនាយក​អង្គការ​យូណេស្កូ ​លោកស្រី​​អ៊ីរី​ណា  បូកូ​វ៉ា ​ធ្លាប់​បាន​​ថ្លែងព្រមាន​​កាលពីពេល​ថ្មីៗ​នេះ​ថា ​ប្រាសាទព្រះវិហារ​​ដែលជាមរតក​វប្បធម៌​​ពិភពលោក​មួយនេះ មិនគួរ​យកបញ្ហា​នៃ​ការ​បង្ក​​ទំនាស់​​មក​បន្ទុច​បង្អាក់​​នោះទេ ៕​

ក្រុម​ក្មេង​​ស្ទាវ​ប្រើប្រាស់ថ្នាំញៀន​ត្រូវ​នគរបាល​ប៉ុស្តិ៍​​ផ្សារ​ថ្មីទី​២​ឃាត់ខ្លួន

Posted: 26 Feb 2011 07:41 PM PST

កម្លាំង​​នគរបាល​​បាន​ចុះ​​បង្ក្រាប​​ក្រុមក្មេង​​ស្ទាវ​ប្រើ​​​ប្រាស់ថ្នាំញៀន​​ចំនួន​៣​នាក់

រាជធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃទី​​២៦ កុម្ភៈ ​២០១១ ​វេលាម៉ោង​​៧​និង​​៣០នាទី​​​យប់ ​កម្លាំង​​នគរបាល​ប៉ុស្តិ៍​​​រដ្ឋ​បាល​ផ្សារ​ថ្មី​​ទី​២ ​បាន​ចុះ​​បង្ក្រាប​​ក្រុមក្មេង​​ស្ទាវ​ប្រើ​​​ប្រាស់ថ្នាំញៀន​​ចំនួន​៣​នាក់ ​ដែលកំពុង​​ធ្វើសកម្ម​ភាព​ជក់​ប្រើប្រាស់ ជាក់ស្តែង​​នៅក្នុង​​បន្ទប់​​​លេខ​​​៣២៣​ ជាន់ទី​​​៣ ផ្ទះ​សំណាក់​សូរិ​យា​ផ្កាយ​​៩ ទីតាំង​​អគារ​​លេខ​​១៧-១៩ ​ផ្លូវ​លេខ​​៨១ ​ភូមិ​​ទី​​៧ សង្កាត់​ផ្សារ​ថ្មី​ទី​​២ ខណ្ឌ​​ដូនពេញ ​។​

មន្ត្រីនគរបាល​​ប៉ុស្តិ៍​ផ្សារ​​ថ្មីទី​២ បាន​និយាយ​ថា ​យោងតាម​បទបញ្ជា​​អធិការ​នគរ​បាល​ខណ្ឌ​ដូនពេញ និង​ផែនការ​​អនុវត្ត​ន៍ភូមិ​-​សង្កាត់​មាន​​សវុត្ថិភាព​ នគរបាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​ផ្សារ​ថ្មីទី​២ បានចុះ​​បង្ក្រាប​​ក្រុម​ក្មេង​​ស្ទាវ​ប្រើប្រាស់​​ថ្នាំញៀន​​ក្នុងបន្ទប់​​លេខ​៣២៣ ​ផ្ទះ​សំណាក់​​​សូរិយា​ផ្កាយ​​៩ ដែល​​មានទីតាំង​អគារ​លេខ​​១៧-­១៩ ​ផ្លូវលេខ​​៨១ ភូមិ​ទី​៧ សង្កាត់ផ្សារ​​ថ្មីទី​២ ​​ខណ្ឌ​ដូនពេញ ​ខណៈ​ពួកគេ​​ធ្វើស​កម្ម​ភាព​​ជក់​​ជាក់ស្តែង ។ ក្រុម​ក្មេង​ស្ទាវ​​ដែលឃាត់ខ្លួន​​មាន ១-​ឈ្មោះ​​ម៉ង់​ សុភីរុណ ​​ហៅ ម៉ាប់ ភេទប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​​ផ្ទះ​លេខ​​៣០ ផ្លូវ​លេខ​​​២៣២ សង្កាត់បឹង​​ព្រលឹត ​ខណ្ឌ​​​៧​មករា ​​​២-​ឈ្មោះហ៊ង ប៊ិសម៉ារក៍ ភេទ​ប្រុស អាយុ​​២១​ឆ្នាំ ​ស្នាក់នៅ​ផ្ទះលេខ​​២៧BE2 ផ្លូវ​លេខ​១៩ សង្កាត់​​​ផ្សារ​ចាស់ ​​ខណ្ឌ​ដូនពេញ ​និង​​៣-​ឈ្មោះ​សែម កក្កដា ​ភេទប្រុស អាយុ​​​១៩​ឆ្នាំ ​ទីលំនៅ​ផ្ទះលេខ​៣៩ZE2 ផ្លូវលេខ​​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក ​ជនទាំង​ពីរនេះ​​ជា​និស្សិត​​​ឆ្នាំទី​២ សាលា​បៀលប្រាយ ។​

នគរបាល​​បានដកហូត​​វត្ថុតាង​មាន​​១­​-​ថ្នាំ​ញៀន​​ប្រភេទ​​ក្រាម ពណ៌ស ​(ម៉ាទឹក​កក)​ ចំនួន​​១ ​​កញ្ចប់​​តូច ២-​សំបក​ថង់គ្មាន​ថ្នាំញៀន​​ចំនួន​​១ ​និង​សម្ភារ​​មួយចំនួន​​សម្រាប់ប្រើប្រាស់​​ថ្នាំញៀន។ ​គេសង្កេតឃើញ​​​ថា បើទោះ​​បីជា​សាលា​រាជធានី​ភ្នំពេញ​ ក៏​ដូចជា​​​សាលា​​ខណ្ឌដូនពេញ ​​បានធ្វើ​ការ​​ផ្សព្វ​ផ្សាយ​​ស្តីពី​​ក្រុមក្មេង​ស្ទាវ​​ចូលស្នាក់នៅ​​ផ្ទះ​សំណាក់​ និង​​​សណ្ឋាគារ​​ត្រូវ​រាយការណ៍​​​ដល់​អាជ្ញា​ធរ និង​​នគរបាល​មូលដ្ឋាន​ដើម្បី​ចុះ​រដ្ឋបាលយ៉ាង​ណាក៏ដោយ ​ក៏​​នៅតែ​មានក្រុម​​ក្មេង​ទំនើង​​ប្រមូលផ្តុំ​​នៅផ្ទះ​សំណាក់​​ និង​សណ្ឋាគារ​ដែរ ៕​

អំពើហិង្សា​ថ្មីៗ​នៅទុយនីស៊ី​​ស្លាប់​4នាក់​និង​របួស​12នាក់

Posted: 26 Feb 2011 07:40 PM PST

ប្រភព​ព័ត៌​មាន​ផ្លូវ​ការ​រាយ​ការណ៍​ថា អំពើ​ហិង្សា​ថ្មីៗ​​កើត​មាន​ទៀត​កាលពីថ្ងៃទី២៥ និង២៦ កុម្ភៈ​នៅទី​ក្រុង​ទុយនីស៊ី ​រដ្ឋ​ធានីទុយនីស៊ី ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់៤​​នាក់ និងរបួស​១២​នាក់ ។
ទូរ​ទស្សន៍​​ជាតិបាន​ផ្សាយ​កាលពី​យប់​ថ្ងៃទី​២៦ កុម្ភៈ នូវ​រូប​ភាព​នៃពិធី​ដង្ហែ​សព​យុវ​ជន​អាយុ​១៩ឆ្នាំ ដែលស្លាប់​ដោយ​គ្រាប់កាំ​ភ្លើង​ចំ បំពង់​ក​ពេល​អំពើ​ហិង្សា​កើត​ឡើង​កាលពី​យប់​ថ្ងៃទី២៥ កុម្ភៈ ​នៅមហាវិថីបួរ​ហ្គីបា នា​ភាគ​កណ្តាល​​រដ្ឋ​ធានី​​ទុយនីស៊ី ។
ការ​ប៉ះ​ទង្គិចគ្នា​កើត​មាន​កាលពីថ្ងៃ​ទី២៦ កុម្ភៈ ​បណ្តាល​​​ឱ្យ​មនុស្ស​ស្លាប់​៣នាក់ និងរបួស​២​នាក់ ។ នេះ​ជា​ការ​អះ​អាង​របស់ក្រសួង​មហា​ផ្ទៃ​ដែល​ថា មានពួកអ្នក​ញុះ​ញង់​​ជ្រៀតចូល​ក្នុ​ងជួរ​​ពួក​បាតុករ​ ។ ​ដោយកាន់ដំបង​ និងដុំថ្ម បាតុ​ករ​មួយ​ចំនួន​បានប្រព្រឹត្ត​អំពើ​បំផ្លិចបំផ្លាញ​ និងប្លន់​ក្នុង​អគារ​​ជាច្រើន​ ហើយ​​ធ្វើ​ឱ្យ​ផ្ទុះ​​ដប​ឧស្ម័ន​មួយ​នៅ​កណ្តាល​ក្រុង ។ ក្រសួង​មហា​ផ្ទៃ​​ចោទ​ប្រកាន់​ពួក​អ្នកញុះ​ញង់​ថា ប្រើប្រាស់​​ពួកយុវជនធ្វើ​ជា​ខែល​មនុស្ស​​ ។ អាជ្ញា​ធរ​រៀបរាប់​ពីការ​ចាប់​ខ្លួន​មនុស្ស​​៨៨​នាក់​ កាល​ពីថ្ងៃទី២៥ កុម្ភៈ និងជាង​១០០​​នាក់​ទៀត​នា​ថ្ងៃ​ទី២៦ កុម្ភៈ ៕

លោក​អូបាម៉ា ​អំពាវ​នាវ​​ឱ្យលោកកាដា​ហ្វី ​ចុះចេញពីតំណែង

Posted: 26 Feb 2011 07:32 PM PST

លោកកាដាហ្វី

ប្រធានាធិបតី​​សហរដ្ឋអាមេរិក ​លោក​បារ៉ាក់ អូបាម៉ា ​កាលពី​​ថ្ងៃទី​២៦ កុម្ភៈ បានបង្កើន​​សម្ពាធ​​លើ​មេ​ដឹកនាំលីប៊ី​ លោក​មូ​អាម៉ា ​កាដា​ហ្វី ​​ដោយ​លោក​ថ្លែង​ថា ឥឡូវនេះ​​វា​ដល់​ពេល​សម្រាប់​​លោកកាដាហ្វី ចុះចេញពីតំណែង​ហើយ។​​ ក្នុង​​ការពិភាក្សា​​គ្នា​តាមទូរស័ព្ទ​​ជាមួយ​​អធិ​ការ​បតី​​អាល្លឺម៉ង់ លោកស្រី​​​អេនចឺឡា ម័រ​កែល ​ស្តីអំពីស្ថានការណ៍​នៅប្រទេស​លីប៊ី លោក​អូបាម៉ា ​ថ្លែង​ថា មេដឹកនាំ​​លីប៊ី​​ពេលនេះ​​ត្រូវ​តែ​ធ្វើ​​​អ្វីដែល​ជារឿងត្រឹមត្រូវ​​​សម្រាប់​ប្រទេស​ដោយ​ចុះចេញពីតំណែង ។​
សេតវិមាន​​​និយាយក្នុងសេចក្តី​ថ្លែ​ងការណ៍​​មួយ​ថា ​លោកអូបាម៉ា ​និង​លោកស្រីម័រកែល ​​បានពិភាក្សា​​គ្នា​អំពី​​មធ្យោបាយ​​សម​ស្រប និង​​ប្រកបដោយ​​ប្រសិទ្ធ​ភាព​សម្រាប់​ការឆ្លើយ​​​តប​របស់​​សហគមន៍​​អន្តរជាតិ​​ចំពោះស្ថាន​ការណ៍​​នៅ​ប្រទេសលីប៊ី ។​
កាលពីថ្ងៃទី​​២៥ កុម្ភៈ កន្លងមក​​ លោកអូបា​ម៉ា ​បាន​បញ្ជា​ឱ្យ​​ផ្អិបទុកទ្រព្យ​​សម្បត្តិ​​របស់​រដ្ឋាភិ​បាល​​លីប៊ី ​​និង​របស់​លោកកាដាហ្វី​ ​ព្រម​​ទាំង​គ្រួសារ​របស់​លោក​ក្រោយពី​​ការ​ផ្អាក​ដំណើរការ​​របស់ស្ថាន​ទូត​​អាមេរិក​​​ប្រចាំ​ទីក្រុង​​ទ្រីប៉ូលីូ រដ្ឋ​​ធានីលីប៊ី ។ ​ប៉ុន្តែ​ទោះបីជាបែបណាក៏ដោយ ​លោក​​​កា​ដាហ្វី ​ថ្លែង​ថា រូបលោកនឹង​​មិនចុះ​ចេញ​ពី​តំណែង​​ឡើយ​គឺ​​​លោកតស៊ូ​រហូត​​ដល់​ដំណក់​ឈាម​ចុង​ក្រោយ៕

ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប អនុម័ត​ទណ្ឌ​កម្ម​ប្រឆាំង​លីប៊ី

Posted: 26 Feb 2011 07:32 PM PST

ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប ប្រជុំពីរឿងនៅលីប៊ី

ក្រុមប្រឹក្សា​​សន្តិសុខអង្គការសហ​ប្រជាជាតិ​​កាលពីថ្ងៃទី​​២៦ កុម្ភៈ ​កន្លងមក​​​ បានសម្រេច​​អនុ​ម័ត​​ជា​ឯកច្ឆន្ទ​​លើពង្រាង​​សេចក្តីសម្រេច​​ចិត្ត​មួយ​ដាក់​ទណ្ឌ​កម្ម​​ប្រឆាំង​​ប្រទេ​សលីប៊ីចំពេល​ការ​​បង្ក្រាប​ក្រុម​​បាតុករ​របស់​មេដឹកនាំ​​ប្រទេស​​នេះ លោក​​មូ​អាម៉ា​ កាដាហ្វី មានការកើនឡើង។ ​ទណ្ឌ​កម្ម​នោះ​មានដូចជា​ការ​ហ៊ុមព័ទ្ធ​​​អាវុធ ​ការ​ផ្អិប​ទុក​ទ្រព្យ​សម្បត្តិ​​ និង​ការ​ហាម​​ប្រាម​លើ​ការ​ធ្វើ​ដំណើរ​​ជា​​ដើម​សម្រាប់​​លោក​​កាដាហ្វី និង​មនុស្ស​​​របស់លោកជា​ច្រើននាក់​ទៀត ។​
ឯកអគ្គ​រដ្ឋទូត​អាមេរិកប្រចាំ​ អ.ស.ប ​លោក ​ស្រី​ Susan Rice ថ្លែង​ក្រោយ​ពីការ​​បោះឆ្នោត​​លើពង្រាង​​សេចក្តី​​សម្រេច​ចិត្ត​​នោះ​ថា ​នេះ​ជា​ការ​​ព្រមាន​យ៉ាង​ច្បាស់​ចំពោះ​រដ្ឋាភិបាល​​​លីប៊ី ​ដែល​ត្រូវ​តែ​បញ្ឈប់​​ការ​សម្លាប់​​​​មនុស្ស ហើយ​​អ្នក​ដែល​​​សម្លាប់ជនស៊ីវិលស្លូតត្រង់​​ នឹង​ត្រូវតែ​​ទទួល​ខុសត្រូវ​​ចំពោះ​​​ទង្វើ​របស់ខ្លួន ។ ​ចំណែក​​ឯក​អគ្គ​រដ្ឋទូត​​បារាំង​ប្រចាំ​អង្គការ​​​សហប្រជាជាតិ​​លោក Gerard Araud បាន​ពណ៌​នា​​ការអនុ​ម័ត​​លើ​សេចក្តី​​​សម្រេច​ចិត្ត​​នោះ​ថា ជា​​ «គ្រោះ​រញ្ជួយ​ដី​» មួយ ។​
អ.ស.ប បាន​ប៉ាន់ស្មាន​ថា ​មនុស្សជាង​​​១.០០០​នាក់ ​ត្រូវ​​បាន​សម្លាប់​​​ចាប់តាំង​ពី​ការបះ​បោរ​​របស់​ពលរដ្ឋ​​លីប៊ី​ចាប់ផ្តើម​​ពីសប្តាហ៍​​មុន​ ហើយ​​ប្រមុខ អ.ស.ប ​លោកបាន គីមូន ​បាន​ទទូច​​​ឱ្យក្រុមប្រឹក្សា​​​សន្តិសុខ​​ចាត់វិធានការ​​ភ្លាម​ប្រឆាំង​​របប​របស់​​លោក​កាដាហ្វី ។​
សម័យប្រជុំ​​​បោះឆ្នោត​​អនុម័ត​លើ​សេចក្តី​​សម្រេច​ចិត្ត​​ដាក់ទណ្ឌ​កម្ម​​ប្រឆាំង​​ប្រទេស​លីប៊ី ​​របស់ក្រុមប្រឹក្សា​សន្តិសុខ​​ អ.ស.ប ធ្វើ​​ឡើងមួយ​ថ្ងៃ ក្រោយ​ពី​​ឯកអគ្គ​រដ្ឋទូត​លីប៊ី លោក Mohamad Shalgam អំពាវ​នាវ​ដល់ អ.ស​.ប ​​​ឱ្យបើក​កិច្ច​ប្រជុំ​​នេះ ៕

ចិន​​នឹង​បញ្ជូន​យន្ត​ហោះ​​15​គ្រឿង​1​ថ្ងៃ​ទៅ​ដឹក​ជន​ជាតិ​ចិន​ចេញ​ពី​លី​ប៊ី

Posted: 26 Feb 2011 07:32 PM PST

ប្រទេស​ចិន​បានសំរេច​កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ​ ជំរុញ​ការ​ជម្លៀស​ជន​ជាតិ​ខ្លួន​ចេញ​​ពី​លី​ប៊ី​ ហើយ​អាជ្ញា​ធរ​អាកាស​ចរណ៍​ចិន​គ្រោង​បញ្ជូន​យន្ត​ហោះ​១៥​គ្រឿង​ក្នុង​មួយ​ថ្ងៃ​ទៅ​កាន់​លី​ប៊ី​ ឬ​ប្រទេស​ជិត​ខាង​រយៈ​ពេល​២​សប្តាហ៍​ខាង​មុខ​នេះ​ដើម្បី​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជន​ជាតិ​ចិន​ទាំង​ឡាយ​ដែល​ជាប់​នៅ​លី​ប៊ី។ រដ្ឋ​បាល​អាកាស​ចរណ៍​ស៊ីវិល​ចិន AACC បាន​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ​ ក្នុង​ក្រុង​ប៉េកាំង​នូវ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ ហើយ​បាន​សំរេច​បញ្ជូន​យន្ត​ហោះ​បន្ថែម​ទៀត​រៀង​រាល់​ថ្ងៃ​សំរាប់​ដំណាក់​កាល​រវាង​ថ្ងៃ​ទី២៨ កុម្ភៈ​ដល់​ថ្ងៃ​ទី​១០ មីនា​ ឆ្ពោះ​ទៅ​កាន់​បណ្តា​ប្រទេស​ជិត​ខាង​លី​ប៊ី​​ដើម្បី​ធានា​ដល់​ការ​ជម្លៀស​មនុស្ស​ចេញ​យ៉ាង​ច្រើន​ ។ ដោយ​ព្រម​ព្រៀង​ជាមួយ​នឹង​ AACC ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចិន​សំខាន់ៗ​នឹង​អនុវត្ត​ប្រិត​បត្តិ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជន​ជាតិចិន​​ទាំង​ឡាយ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​។ ក្នុង​ដំណាក់​កាល​នេះ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ AIR CHINA នឹង​បញ្ជូន​យន្ត​ហោះ​ទេស​ចរណ៍​៥​គ្រឿង​ក្នុង​មួយ​ថ្ងៃ​ទៅ​កាន់​កោះ​ក្រែត ប្រទេស​ក្រិក ចំណែក​ក្រុម​ហ៊ុន HAINAN AIRLINES នឹង​បញ្ជូន​យន្ត​ហោះ​២​គ្រឿង​ ក្រុម​ហ៊ុន CHINA EASTERN AIRLINES  នឹង​បញ្ជូន​យន្ត​ហោះ​​៤​គ្រឿង​ក្នុង​មួយ​ថ្ងៃ​ទៅ​កាន់កោះ​ម៉ាល់​ ហើយ​​ក្រុម​ហ៊ុន CHINA SOUTHERN AIRLINES នឹង​បញ្ជូន​យន្ត​ហោះ​៤​គ្រឿង​ទៅ​កាន់​កោះ DJERBA ប្រទេស​ទុយ​នី​សីុ​។ កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ​ នា​វេលា​រសៀល​ជន​ជាតិ​ចិន​ជិត​១៦.០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លី​ប៊ី ៕

ស្ត្រីជួញដូរ​​គ្រឿងញៀន​​២នាក់​ជាប់​អន្ទាក់​សមត្ថ​កិច្ច​​​ខេត្តកំពត

Posted: 26 Feb 2011 07:26 PM PST

​ស្ត្រីជួញដូរ​គ្រឿងញៀន​​២នាក់ត្រូវ​ចាប់ខ្លួន
រថយន្តកូរ៉ូឡា មួយគ្រឿង

​ខេត្តកំពត​ ៖ ​ស្ត្រីជួញដូរ​គ្រឿងញៀន​​២នាក់ ​ព្រមទាំង​​រថយន្តកូរ៉ូឡា មួយគ្រឿង ត្រូវ​បាន​ប៉ូលិស​​ការិយាល័យ​​​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​​ដ្ឋាននគរបាល​ខេត្តកំពតចាប់ខ្លួន និង​​​​ប្រមូល​វត្ថុ​​តាង​​មក​កាន់​ស្នងការ​​ដ្ឋាន​​​នគរ​បាល​​ខេត្ត​​ រួម​មាន​​ម៉ាទឹកកក និង​​រថយន្ត​កូរ៉ូឡា​​​មួយ​គ្រឿង​ កាលពី​វេលាម៉ោង​​៤​និង​​៤៥​នាទី​​​រសៀល​ថ្ងៃទី​​២៦ ​កុម្ភៈ ២០១១ ​​នៅ​ចំណុច​​ស្ថានីយ​​ប្រេង​ឥន្ធនៈ​កំពត ស្ថិត​​នៅ​​ចម្ងាយ​ប្រហែល​​៣០០​ម៉ែត្រ ខាង​លិចក្បាល​​ស្ពាន​ព្រែក​កំពត ​​ភូមិ​ទ្វី​ខាង​ជើង សង្កាត់​​​អណ្តូង​ខ្មែរ ។

លោក​ទៀង សុផាត ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​នៃស្នង​ការ​​ដ្ឋាន​​នគរ​បាល​​​ខេត្ត​បាន​ឱ្យ​​ដឹង​ថា ​ក្រោយ​ពី​​ទទួល​បទ​បញ្ជា​​​ពី​​​លោក​នាយ​ស្នងការ​​ និង​​​ស្នង​ការ​​​រង លោក​អ៊ិន ជីវ៉ា ​ទទួល​បន្ទុក​​ប្រធាន​​ការិ​យាល័យ​​កណ្តាល​​នគរបាល​យុត្តិធម៌ ​បាន​ដាក់​បទ​បញ្ជា​​ ​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​​ការិយាល័យ​​​បង្ក្រាប​​​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​សហការ​ជា​មួយ​កម្លាំង​​នគរ​បាល​សេដ្ឋកិច្ច​​​ ​​ចុះ​ប្រតិបត្តិការ​​​បង្ក្រាប​​​​ឃាត់ខ្លួន​​ស្ត្រី​ជួញដូរ​​​គ្រឿង​​ញៀន​​២នាក់​ ព្រម​ទាំង​​រថយន្តកូរ៉ូឡា ស៊េរី​​៩៥ ​ពណ៌ទឹក​​​ប៊ិច​​មួយ​គ្រឿង ​ពាក់ស្លាកលេខ ​ភ្នំពេញ 2G-7205 បើក​បរ​ដោយ​​ស្ត្រី​ឈ្មោះ​គឹម ហុង អាយុ​​​​៤៧​ឆ្នាំ ជា​ម្ចាស់​រថយន្ត​​​មានទីលំនៅ​​ក្នុងភូមិ​​​ជម្ពូវ័ន្ត សង្កាត់​ចោមចៅ ​​​ខណ្ឌដង្កោ ​​រាជធានី​ភ្នំពេញ និង​ស្ត្រី​ម្ចាស់​ថ្នាំញៀន​​ម្នាក់​ទៀត​​ឈ្មោះ​មិន ម៉ារី អាយុ​​៤៣​ឆ្នាំ ​​ជា​ស្ត្រីមេ​ម៉ាយ​ ​មាន​កូន​​​ប្រុសតូចៗ​​មកជា​មួយ​២នាក់​ផង ស្ត្រីទាំង​២​មានទីលំនៅ​ក្នុង​ភូមិ​​​-​សង្កាត់​​ជាមួយគ្នា​ខាងលើ ។ ​​

​សមត្ថកិច្ច​​​ជំនាញ​ឆែកឆេរ​​​​រកឃើញ​ថ្នាំញៀន​​៧​កញ្ចប់​តូចៗ ​ជា​ប្រភេទ​​ម៉ា​ទឹកក​ក ។ ទាំង​វត្ថុ​តាង​​ថ្នាំញៀន​​ និង​ឧបករណ៍​​យាន​ជំនិះ​​ ព្រមទាំង​​ជន​ជាប់សង្ស័យ​​ត្រូវ​ប៉ូលិស​​កសាង​សំណុំរឿង​​បញ្ជូន​​​ទៅសាលា​ដំបូង​​ខេត្ត ដើម្បី​ផ្តន្ទា​ទោស​​តាមច្បាប់ ។ ​គួរ​រំលឹក​ថា ​ប្រតិបត្តិការ​​​បង្ក្រាប​​គ្រឿងញៀន​យ៉ាង​ក្តៅ​គគុក​នេះ ២ថ្ងៃ​​​ជាប់គ្នា​​បន្តបន្ទាប់​​សមត្ថ​កិច្ច​​ការិយាល័យ​​​​ប្រឆាំង​គ្រឿង​ញៀន​​នៃស្នងការ​ដ្ឋាន​​នគរបាល​ខេត្ត បង្ក្រាប​បាន​​២ករណី​ (​ថ្ងៃទី​​​២៥ និង​២៦ កុម្ភៈ) ៕​

យក​រថយន្ត​​ទៅចាក់​ហ្គាស ​ឆ្លៀត​ជក់បារី​សង្ហា​មិនដឹង​ខ្យល់អី ផ្ទុះ​ឆេះ​​គេ​ឯង

Posted: 26 Feb 2011 07:17 PM PST

​ស្ត្រី​រង​គ្រោះ​​ត្រូវ​សាច់ញាតិ​​ដឹក​តាម​រថ​យន្ត​ពេទ្យ​ឯក​ជន​​​មក​កាន់​​មន្ទីរ​​ពេទ្យកាល់ម៉ែត

រាជធានីភ្នំពេញ ៖ ​ស្ត្រីម្នាក់ដែល​គេ​ស្គាល់​​ជា​ម្ចាស់​ស្ថានីយ​​បញ្ចូល​ហ្គាស​រថយន្តមួយ​កន្លែង​​ដែល​មាន​ទីតាំង​​​លើ​​កំណាត់​​ផ្លូវ​​លេខ​៤ ស្ថិតក្នុង​ភូមិ​​​ព្រៃ​បឹង សង្កាត់​កន្ទោក​​ ខណ្ឌ​ដង្កោ ​​ត្រូវ​សាច់ញាតិ​​ដឹក​តាម​រថ​យន្ត​ពេទ្យ​ឯក​ជន​​​មក​កាន់​​មន្ទីរ​​ពេទ្យកាល់ម៉ែត ​ដើម្បី​សង្គ្រោះ​​ជីវិត បន្ទាប់​ពី​រង​គ្រោះ ខណៈ​ពេល​​កំពុងបញ្ចូល​​ហ្គាស​រថយន្ត​​​ ហើយ​ម្ចាស់​រថ​យន្ត​​ជក់បារីបណ្តាល​ឱ្យ​ឆាបឆេះ​​រលាក​ពេញខ្លួន​​កាលពីវេលាម៉ោង​​៧​និង​​៣០នាទី​​យប់ថ្ងៃ​ទី​​២៥ កុម្ភៈ ​២០១១ ។​

ម្ចាស់​​ស្ថានីយ​បញ្ចូល​​ហ្គាស​​រថយន្ត​​ជួប​​គ្រោះ​​ចង្រៃ​ត្រូវ​គេ​ស្គាល់​​ឈ្មោះ​​ម៉ម ម៉ានី ភេទស្រី អាយុ​​៣៣​ឆ្នាំ ​មានទីលំនៅ​​​ភូ​មិ​ព្រៃ​​បឹង សង្កាត់​​កន្ទោក ខណ្ឌ​ដង្កោ ។​ ប្រភព​​ព័ត៌​មាន​​ទាក់ទិន​​នឹង​​ការ​ផ្ទុះ​​ហ្គាស​នេះ ត្រូវ​​គេ​និយាយ​ឱ្យ​​ដឹង​ថា មុន​ពេល​កើត​​ហេតុ មាន​​រថយន្ត​មួយគ្រឿង​​​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៤ ​ចូល​ចាក់​​ហ្គាស​នៅ​ស្ថានីយលក់​ហ្គាស​ខាង​លើ​​ ខណៈ​ពេល​​ដែល​ស្ត្រី​​ជា​ម្ចាស់​​ស្ថានីយ​​កំពុង​បញ្ចូល​ហ្គាស​​រថ​យន្ត​នោះ​ ស្រាប់តែ​បុរស​ជា​ម្ចាស់​​រថយន្ត​​ក៏ទាញ​បារី​មក​ជក់​យ៉ាង​​សង្ហា ហាក់ដូច​ជា​មិន​​​ដឹង​ថា ហ្កាស និង​ភ្លើង​វា​យ៉ាង​ម៉េច?​ បណ្តាល​ឱ្យ​​​ឆាប​ឆេះ​បង្ក​ភាព​ភ្ញាក់​ផ្អើល​ និងធ្វើ​​​ឱ្យស្ត្រី​​រូប​នោះ​​រលាក​​ពេញ​ផ្ទៃ​​មុខ​ ព្រម​​​ទាំង​ដៃ​ជើង ហើយ​ត្រូវ​សាច់ញាតិ​​ដឹកទៅ​​ពេទ្យ​​ឯកជន​​ ដើម្បី​សង្គ្រោះ​​ជីវិត ប៉ុន្តែ​​ដោយសារ​មុខ​របួសធ្ងន់​ធ្ងរ  ទើប​បញ្ជូន​​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។

ដោយឡែក​​ម្ចាស់​រថយន្តបង្ក​​ឱ្យ​មានការ​​​ឆាប​ឆេះ​​នោះ លុះ​​ពេលឃើញ​​ហេតុ​​ព្រលឹង​ចុង​សក់​​បែបនេះ​​ក៏​បានបើក​រថយន្ត​គេច​ខ្លួន​​តាម​ផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះទៅ​​​ទិស​ខាង​លិច​បាត់ស្រមោល ​ហើយ​ក្នុង​​ហេតុ​​​នោះ​​ដែរ ត្រូវ​​បានប្រជា​ពលរដ្ឋ​​រិះគន់​ថា មូលហេតុ​​ដោយ​សារ​​ការ​​ធ្វេស​ប្រហែស​​របស់​ម្ចាស់​​​ស្ថានីយ​​បញ្ចូល​ហ្គាស​តែម្តង ដែល​បណ្តែត​បណ្តោយ​​ឱ្យ​អតិថិជន​​ចូល​ចាក់​ហ្គាស ហើយ​​ជក់បារី​...​ចំណែក​​ម្ចាស់​រថយន្ត​​​ក៏​អញ្ចឹង​ដែរ គួរតែ​​យល់​ដឹង​អំពី​ភ្លើង និង​​ប្រេង​ឥន្ទនៈ ​ហើយ​​ថា​តើ​​វា​មាន​ចំហេះ​​បែបណា​? មិនចាំ​បាច់​​ឱ្យគេ​​ទៅ​ឃ្វាល​​ប្រាប់ដូច​សត្វគោ​​ក្របីនោះទេ គួរតែ​​តាម​រក​ឱ្យ​ឃើញ​ និងដាក់​​ទោស​តាមច្បាប់ ៕​​

បាញ់​១គ្រាប់​ប្លន់​យក​ម៉ូតូ​​ម៉ាកស្កុប​ភី​ស៊េរី​ថ្មី​មួយគ្រឿង​វេលាម៉ោង​​រំលង​អធ្រាត្រ

Posted: 26 Feb 2011 07:03 PM PST

រាជធានីភ្នំពេញ ៖ យុវសិស្ស​ម្នាក់បាន​​រង​របួស​​ធ្ងន់​ធ្ងរ​​​ដោយសារ​ការ​បាញ់​ប្រហារ​ប្លន់​​យក​ម៉ូតូ​​​​ម៉ាក​ស្កុបភី​ស៊េរី​ថ្មី​មួយគ្រឿង​​ពី​សំណាក់​ជន​ប្រដាប់​អាវុធ​​​​​​មានគ្នា​ពី​​រ​នាក់ ​នៅ​​លើកំណាត់​​ផ្លូវ​​លេខ​២០៥ ​​​មុខ​ផ្ទះលេខ​៣២ សង្កាត់ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​​ចំការមន កាលពីវេលាម៉ោង​​​១​និង​​៣០​នាទី​រំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី​​២៧ កុម្ភៈ ២០១១ ។​

យុវសិស្ស​​រងគ្រោះ​ក្នុង​​អំពើ​បាញ់​​​ប្រហារ​ខាង​លើ​នេះ ឈ្មោះ​​ខូវ​ គឹម​ពី ភេទ​ប្រុស អាយុ​​២០​ឆ្នាំ ​បានរង​របួស​​​ពី​សំណាក់​ក្រុមចោរ​​ប្លន់បាញ់​ត្រូវ​ចំស្មា​ខាង​ស្តាំ​​១គ្រាប់​ធ្លាយ​​​ពីម្ខាងទៅ​ម្ខាង ។​ តាមប្រភពព័ត៌​មាន​​ទាក់ទិន​នឹង​​អំពើប្លន់​​ប្រដាប់​អាវុធ​​ខាងលើ​នេះ​បាន​ឱ្យ​​ដឹង​ថា មុនពេល​កើត​ហេតុ​​​ ឈ្មោះ​​ខូវ គឹម​ពី បានជិះ​ម៉ូតូ​​របស់​ខ្លួន​ម៉ាក​ស្កុប​ភី​ធ្វើដំណើរ​​លើ​កំណាត់​ផ្លូវ​​លេខ​២០៥ ក្នុង​ទិស​ដៅ​​​ពីត្បូង​ទៅជើង​ លុះ​ដល់​​​ចំណុច​មុខ​ផ្ទះ​លេខ​​៣២ខាងលើ ​ក៏​ជួប​​ក្រុម​ចោរ​ប្លន់​​២​នាក់ ជិះ​ម៉ូតូ​ម៉ាកស្កុបភី​ពណ៌​ខ្មៅ​​​​​តាម​កៀរ​​ភ្ជង់​បាញ់​​​​​ប្លន់​យកម៉ូតូ​ពី​ឈ្មោះ​​ខូវ គឹមពី បណ្តាល​ឱ្យ​​​រង​របួស​​ហើយ​ដណ្តើម​យក​ម៉ូតូ​ជិះ​ទៅ​បាត់​ភ្លាមៗ​ដោយ​សុវត្ថិភាព ។​

ក្រោយពេល​កើតហេតុ ភ្លាមៗ ឈ្មោះខូវ គីម​ពី ​​បាន​ហៅម៉ូតូឌុប​ជិះទៅព្យាបាល​របួស​នៅ​គ្លីនិក​​​វិសាល​សុខ ហើយក៏​ត្រឡប់​ចេញពី​មន្ទីរ​ពេទ្យ​ភ្លាមៗ​តែម្តង ៕​

សម​យុទ្ធ​យោធា​​​រួមគ្នា​កម្ពុជា​-​​អាមេរិក​​នៅលើ​​ទីតាំង​​​៣កន្លែង​​ចាប់ផ្តើម​​ថ្ងៃ​នេះ​​​ក្រោម​​ប្រធានបទ​​​សង្គ្រោះ​បន្ទាន់

Posted: 26 Feb 2011 06:21 PM PST

​
​
​
​
​

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​​ក្រសួងការ​ពារជាតិ​​ លោក​ឧត្តមសេនីយ៍​​ឈុំ សុជាតិ ​បាន​ប្រាប់​​​កោះសន្តិភាព​នៅវេលាព្រឹក​ថ្ងៃ​អាទិត្យ ​ទី​​២៧ ​​កុម្ភៈ ​២០១១ ​នេះ​ថា នាវា​​សហរដ្ឋអាមេរិក​​ដែល​ដឹក​កង​​​​នាវឹក​​រួមជាមួយ​គ្រឿងសព្វា​វុធ​​​គ្រប់​ប្រភេទ ​យន្តហោះ និង​គ្រឿងបរិក្ខា​​រ​ពេទ្យ បាន​​​ចូលចត​នៅ​​កំពង់ផែ​ខេត្ត​ព្រះ​​​សីហនុ ​កាលពី​​វេលា​ថ្ងៃសៅរ៍​ម្សិលមិញ​​ដោយមានការ​អញ្ជើញ​ចូល​រួម​ស្វាគមន៍​​ពី​លោក​ឧត្តមនាវី​ទៀ វិន ។ ​លោកឈុំ សុជាតិ បានបញ្ជាក់​ឱ្យ​​ដឹងដែរ​ថា ​សម​យុទ្ធ​​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៧ កុម្ភៈ ២០១១ ​នេះ​គឺ​នឹង​ធ្វើ​​​ពី របៀប​​សង្គ្រោះ​​​អ្នក​រង​របួស និងប្រជា​ពលរដ្ឋ​​ក្នុ​ងពេលមានសង្គ្រាម​ ដោយប្រើ​​ប្រាស់​​យន្ត​ហោះ។

អ្នកនាំពាក្យ​​​ក្រសួងការ​ពារជាតិ​បាន​បន្ត​ថា ទីតាំង​​ធ្វើ​សមយុទ្ធ​​​នឹង​ផ្តើម​​​ពីមូលដ្ឋាន​កង​ទ័ព​​ជើង​ទឹក​​រាម ខេត្ត​ព្រះសីហនុ ​ទៅ​កាន់ទីបញ្ជា​ការ​​ដ្ឋានកង​​រថក្រោះក្នុង​ខេត្តកំពង់ស្ពឺ ។​ គួរបញ្ជាក់​ដែរ​ថា សម​យុទ្ធ​​រវាង​កង​ទ័ព​កម្ពុជា​ និងកង​ទ័ព​ជើងទឹក​​សហរដ្ឋអាមេរិក​​ដែល​ចាប់​ផ្តើម​ឡើង​ពីថ្ងៃ​នេះ​គឺនឹង​ត្រូវ​​បញ្ចប់​នៅថ្ងៃ​ទី​​២ មីនា ​២០១១ ខាង​មុខ ។ បើ​តាមលោក​ឈុំ សុជាតិ​ ​អ្នកនាំពាក្យ​​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា សមយុទ្ធ​នេះ​​គឺធ្វើ​ឡើង​​ក្នុង​​គោល​បំណង​​ដើម្បី​​ផ្លាស់ប្តូរ​​បទពិសោធន៍​​រវាង​កងទ័ព​​នៃ​ប្រទេស​ទាំង​២​នៅ​ក្នុង​​​ការថែរក្សា​​សន្តិភាព​តែ​ប៉ុណ្ណោះ ។ ​សម​យុទ្ធ​​នេះផងដែរ ​នឹង​មានទាហាន​​កម្ពុជា និង​សហរដ្ឋអាេមរិក​​ចូលរួម​​ចំនួន​៥០០​នាក់ ​ដោយប្រារព្ធ​ធ្វើ​នៅលើ​​​ទីតាំង​ចំនួន​៣កន្លែង​​​គឺនៅមូលដ្ឋាន​​កង​ទ័ពជើង​​ទឹក​​ខេត្តព្រះ​សីហនុ ​ទីបញ្ជាការ​​ដ្ឋានកង​​រងក្រោះ​​ក្នុង​ខេត្តកំពង់ស្ពឺ ​និង​​​នៅមូលដ្ឋាន​​​កង​ទ័ព​ពេជ្រនិល ។ ​លោកឈុំ សុជាតិ​  អ្នកនាំពាក្យ​​​ក្រសួង​ការ​ពារ​ជាតិកម្ពុជា ​បានបន្ថែម​ថា ​សមយុទ្ធ​នេះ​​នឹង​ផ្តោត​សំខាន់​​ទៅ​លើ​​ការ​​ជួយសង្គ្រោះ​​​ជន​រង​គ្រោះ​​នៅ​​ក្នុង​សង្គ្រាម​​​របៀបសង្គ្រោះ​​អ្នក​រង​របួស និងការ​​ដឹក​ស្បៀង​​អាហារ​បន្ទាន់ ៕​

កម្ពុជា​គោរព​បទ​ឈប់​បាញ់ តំណាង​យូ​ណេ​ស្កូ​នឹង​មក​ដល់​កម្ពុជា​ថ្ងៃ​២៧​កុម្ភៈ​បន្ទាប់​ពី​ជួប​អាប់​ភី​ស៊ី​ត​នៅ​បាងកក

Posted: 26 Feb 2011 05:42 PM PST

រាជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ក្រើន​រំលឹក​សាជា​ថ្មី​ដល់​នាយ​ទាហាន ពល​ទាហាន​ដែល​ឈរ​ជើង​នៅ​សមរ​ភូមិ​មុខ​ព្រំ​ដែន​កម្ពុជា-​ថៃ ពិសេស​តំបន់​ប្រាសាទ​ព្រះ​វិហារ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​តាម​ទីតាំង​ឈរ​ជើង​រៀង​ៗ​ខ្លួន និង​អត់​ធ្មត់​ឱ្យ​អស់​លទ្ធ​ភាព ​ដើម្បី​អនុ​វត្ត​ឱ្យ​បាន​នូវ​បទ​ឈប់​បាញ់​ជា​អចិ​ន្ត្រៃយ៍ ដែល​ភាគី​ទាំង​២​ឯក​ភាព​នា​ថ្ងៃ​ទី​២២ កុម្ភៈ ២០១១ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាស៊ាន នៅ​ទីក្រុង​ហ្សា​ការតា ហើយ​ជា​មួយ​គ្នា​នោះ​ត្រូវ​ការ​ពារ​សុវត្ថិ​ភាព និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​បំពេញ​ភារ​កិច្ច​នៅ​ក្នុង​ទឹកដី​កម្ពុជា​ឱ្យ​បាន​ល្អ​ជូន​ចំពោះ​ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​ប្រទេស​ឥណ្ឌូ​ណេស៊ី​ផង​ដែរ។

ជា​មួយ​គ្នា​នេះ សម្តេច​តេជោ​បាន​ណែនាំ​ឱ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន និង​ស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​សំរួល​ការ​ដឹក​ជញ្ជូន​បង​ប្អូន​ជន​ភៀស​សឹក​ដោយ​សារ​សង្គ្រាម​បង្ក​ឡើង​ដោយ​ភាគី​ថៃ នា​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ដោយ​សុវត្ថិ​ភាព ដើម្បី​បន្ត​ការ​ងារ​បង្ក​បង្កើន​ផល​របស់​ខ្លួន​វិញ។ វិធាន​ការនានា​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ទាក់​ទិន​ទៅ​នឹង​ការ​ដាក់​បទ​បញ្ជា​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​តាម​ទីតាំង​ឈរ​ជើង​ក្នុង​សមរ​ភូមិ​ជួរ​មុខ​នេះ​មិន​មាន​ន័យ​ថា ជា​ការ​បង្កើន​កំដៅ​នៅ​តំបន់​ប្រឈម​មុខ​នោះ​ទេ តែ​ជា​ការ​ពង្រឹង​កម្លាំង​ការ​ពារ​ត្រឹម​បូរណ​ភាព​ទឹកដី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ទោះ​បី​ជា​កម្ពុជា​បាន​បង្ហាញ​ពី​ជំហរ​គោរព​បទ​ឈប់​បាញ់​គ្នា​ក្តី ក៏​ឥរិយា​បថ​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ក៏​ដូច​ជា​មេ​ទ័ព​ថៃ​នៅ​តែ​ប្រើ​ពាក្យ​បែប «ទូង​ស្គរសង្គ្រាម​» ។

បើ​យោង​តាម​សេច​ក្តី​រាយ​ការណ៍​តាម​កាសែត​​បាង​កក​ប៉ុស្តិ៍​​កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ កន្លង​មក​ ដែល​​មាន​ចំណង​ជើង​ថា «នាយក​រដ្ឋ​មន្ត្រី ៖ ថៃ​​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​វាយ​បក» គឺជា​ការ​ពិត​នោះ​​សង្គ្រាម​ឈ្លាន​ពាន​ជា​មួយ​នឹង​ចេតនា​ឈ្លាន​ពាន​ និង​កាន់​កាប់​ទឹក​ដី​​​ក្រោម​អធិប​តេយ្យ​​កម្ពុជា ដោយ​​​ទាហាន​ថៃ​ហាក់​បី​ដូច​ជា​នឹង​កើត​ឡើង​យា៉ង​ពិត​ប្រាកដ​ក្នុង​ពេលឆាប់ៗ​ខាង​មុខ​នេះ ។

តែ​មួយ​ថ្ងៃ​​ប៉ុណ្ណោះ បន្ទាប់​ពី​ថៃ​បាន​ប្រកាស​ពី​ជោគ​ជ័យ​ការ​ទូតរបស់​ខ្លួន​នៅ​ឯ​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ កាល​ពី​ថ្ងៃ​ទី​២២​ កុម្ភៈ ​២០១១​ក្នុងទី​ក្រុង​ហ្សា​ការ​តា ​ឥណ្ឌូ​ណេ​ស៊ី ​និង​តែ​មួយ​សប្តាហ៍ បន្ទាប់​ពី​ថៃ​ប្រកាស​ពី​ជោគ​ជ័យ​ខាង​នយោ​បាយ​របស់​ខ្លួន​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុម​​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១១​ក្នុង​បុរី​ញូវ​យ៉ក ​សហ​រដ្ឋ​អាមេ​រិក​នោះ​មក ឥឡូវ​នេះ​នាយក​រដ្ឋ​មន្ត្រី​ថៃ អាប់​ភី​ស៊ីត វេចា​ជីវ៉ា បែរ​ជា​កំពុង​ទូង​ស្គរ​ប្រកាស​សង្គ្រា​មយ៉ាង​វក់​វី និងកំពុង​បង្ហាញ​ដោយ​អំនួត​នូវ​សកម្ម​ភាព​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ទល់​មុខ​តំបន់​ព្រំ​ដែន​ប្រាសាទ​ព្រះវិហារ ដោយ​បាន​និយាយ​ថា «ថៃ​ត្រៀម​ខ្លួន​ជា​ស្រេច​​ធ្វើ​ការ​វាយ​ប្រហារ​ពេញ​ទំហឹង​ប្រឆាំង​នឹង​កម្ពុជា ប្រសិន​បើ​កម្ពុជា​នៅ​បន្ត​រំលោភ​អធិប​តេយ្យ​ថៃ» ។ ​ចូរ​យើង​ទាំង​អស់​គ្នា​​ធ្វើ​​ការ​វិភាគ​លើ​សេចក្តី​ថ្លែង​ការណ៍​បែប​ក្រអឺត​ក្រទម​នេះ និង​ពិនិត្យ​​មើល​ថា ​តើ​ការ​និយាយ​បែប​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច? ហើយ​ថា​ តើ​វា​មាន​ផល​ប៉ះ​ពាល់​បែប​ណា​ចំពោះ​បណ្តា ប្រទេស​​ស៊ី​វិល័យ​​ក្នុងអាស៊ាន និង​សហ​គមន៍​​ពិភព​លោក។​

  • បេសក​ជន​ពិសេស​របស់​យូ​ណេ​ស្កូ​មក​ដល់​កម្ពុជា​ថ្ងៃ​ទី​ ២៧កុម្ភៈ

ប្រភព​ព័ត៌​មាន​ផ្លូវ​ការ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៤​ កុម្ភៈ​ ថា អតីត​អគ្គ​នាយក​អង្គ​ការ​យូ​ណេ​ស្កូ​ លោក​កូ​អ៊ី​ជី​រ៉ូ ម៉ាត​ស៊ូ​អ៊ូ​រ៉ា នឹង​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ​មួយ​នៅ​កម្ពុជា​ក្នុង​ឋានៈ​ជា​បេសក​ជន​ពិសេស​របស់​អង្គ​ការ​នេះចាប់​ពី​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ទៅ​។ លោក​ផៃ​ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​ទី​ស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី​ឱ្យ​ដឹង​ថា លោក​ម៉ាត​ស៊ូ​អ៊ូ​រ៉ា អញ្ជើញ​ម​ក​ដល់​កម្ពុជា​នា​ថ្ងៃ​ទី​២៧ កុម្ភៈ ហើយ​លោក​នឹង​ស្ថិត​នៅ​កម្ពុជា​រហូត​ដល់​ថ្ងៃទី ១ មីនា។
បេសកជន​ពិសេស​រូប​នោះ​នឹង​ជួប​ជាមួយ​លោក​សុខ​ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ ក៏​ប៉ុន្តែ​លោក​ផៃ​ស៊ី​ផាន​ពុំ​បាន​គូស​បញ្ជាក់​ថា តើ​លោក​ម៉ាត​ស៊ូ​អ៊ូ​រ៉ា​ នឹង​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨​ដែរ ​ឬ​យ៉ាង​ណា​ឡើយ។

មុន​ពេល​​មក​កាន់​ទី​ក្រុង​​ភ្នំពេញ​លោក​ម៉ាត​ស៊ូ​អ៊ូរ៉ា​​បាន​ម​ក​កាន់​ទី​ក្រុង​បាង​កក​កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ។ ដំណើរ​ទស្សន​កិច្ច​នេះ​របស់​លោក​មាន​ទិស​ដៅ​ថែ​រក្សា​ប្រាសាទ​ព្រះ​វិហារ​ដែល​រង​ការ​បំផ្លាញ​ដោយ​គ្រាប់​កាំ​ភ្លើង​ និង​គ្រាប់​​ផ្លោង​របស់​កង​ទាហាន​ថៃ​ក្នុង​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​ពី​ថ្ងៃ​ទី​៤ដល់​ទី​៧ កុម្ភៈ​ រវាង​កង​ទ័ព​​នៃ​ប្រទេស​ទាំង​២។​ កម្ពុជា​ និង​ថៃ​សុទ្ធ​តែ​បាន​ផ្តល់​សច្ចា​ប័ន​លើ​អនុ​សញ្ញា​​បេតិក​ភណ្ឌ​ពិភព​លោក​ឆ្នាំ​១៩៧២។ យោងតាម​ប្រភពព័ត៌​មាន​ពីកាសែត​​បាង​កក​ប៉ុស្តិ៍​​​ឱ្យ​ដឹង​ថា បេសក​ជន​ពិសេស​របស់​អង្គការ​យូ​ណេស្កូ ​លោក Koichiro Matsuura បាន​អញ្ជើញ​​​​មក​ដល់ទីក្រុង​​បាងកក ប្រទេស​ថៃ កាល​ពី​​យប់ថ្ងៃទី​​​២៤ កុម្ភៈ កន្លងមក ​ហើយ​លោក​​​នឹង​ជួបពិភាក្សា​​ការងារ​ជាមួយ​លោក​កាស៊ីត ភីរម្យ ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ថៃ និងលោក Suwit Kunkitti រដ្ឋ​មន្ត្រី​​​ក្រសួង​ធនធាន​ធម្មជាតិ​​ និងបរិ​ស្ថាន​​​ ប៉ុន្តែ​​ប្រភពព័ត៌​មាន​នេះ​មិន​បាន​ឱ្យ​​ដឹង​ពី​ប្រធាន​​បទនៃ​ការ​ពិភាក្សា​​​ទាំង​នោះទេ ។​

លោក​ Thani ឱ្យ​ដឹង​ថា លោក Koichiro Matsuura បេសក​ជន​ពិសេស​ទទួលបន្ទុក​​ប្រាសា​ទព្រះវិហារ​​នឹង​មិន​ត្រូវ​​អនុញ្ញាត​ឱ្យ​អញ្ជើញ​ទៅ​កាន់​​តំបន់​មាន​​ជម្លោះ​ឡើយ ​ពីព្រោះ​​វា​ជា​ពេល​មិនសមរម្យ​​សម្រាប់​លោកទេ ។​
ក្រោយ​បំពេញទស្សនកិច្ច​​នៅទីក្រុង​​បាង​កក ​លោក Koichiro Matsuura នឹង​អញ្ជើញ​​មកកាន់​​រាជធានី​ភ្នំពេញ​រហូត​ដល់ថ្ងៃទី​​១ មីនា ។

  • ក្រុម​អាវ​លឿងកាន់តែលេលា

យោង​តាម​កាសែត​ថៃ​បាន​ផ្សាយ​ឱ្យ​ដឹង​ថា លោក​ប៉ាន​ថេប ពង្សពួព័ន្ធ អ្នក​នាំ​ពាក្យ​ក្រុម​អាវ​លឿង​បាន​​និយាយ​មុន​​ពេល​ជួប​គ្នា​រវាង​តំណាង​យូណេស្កូ និង​នាយក​រដ្ឋ​មន្ត្រី​ថៃ ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ថា ក្រុម​អាវ​លឿង​នឹង​មិន​មាន​ឥរិយា​បថ​ណា​មួយ​បញ្ជូន​តំណាង​ទៅ​ចូល​រួម​ស្តាប់​ការ​សន្ទនា​នោះ​ទេ ព្រោះ​យល់​ថា គ្មាន​ប្រយោជន៍។ កាល​ពី​​ពេល​មុន​នេះ អ្នក​ជំនាញ​មួយ​ចំនួន​បាន​​ប្រឆាំង​ដោយ​ផ្ញើ​សារ​លិខិត​មិន​ព្រម​​ឱ្យ​តំណាង​យូណេស្កូ​ចូល​ទៅ​ប្រទេស​ថៃ ព្រោះ​មាន​របាយ​ការណ៍​ថា ការ​ជួប​ពិភាក្សា​គ្នា​ជា​មួយ​តំណាង​យូណេស្កូ​​ច្បាស់​ជា​ស្នើ​សុំ​ឱ្យ​ថៃ​សង​ការ​ខូច​ខាត​​ប្រាសាទ​ព្រះ​វិហារ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ ហើយ​ប្រសិន​បើ​ជា​ការ​ពិត​ក្រុម​អាវ​លឿង​នឹង​បណ្តេញ​ទូត​យូណេស្កូ​ប្រចាំ​នៅ​ប្រទេស​ថៃ​ចេញ។

លោក​ប៉ាន​ថេប ពង្ស​ពួព័ន្ធ ​ឱ្យ​ដឹង​ទៀត​ថា មាន​ភស្តុ​តាង​ជា​រូប​ថត និង​របាយ​ការណ៍​របស់ JBC បញ្ជាក់​ឱ្យ​ដឹង​ថា វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ បាន​សាង​សង់​ឡើង​នៅ​ឆ្នាំ​២០០៣ មិន​មែន​នៅ​ឆ្នាំ​១៩៩៨ ដូច​ដែល​កម្ពុជា​អះ​អាង​​ទេ។ ​ការ​សង់​វត្ត​នេះ​ជា​ការ​​ល្មើស​លើ​កិច្ច​ព្រម​ព្រៀង (MOU) ឆ្នាំ​២០០០ ដែល​មិន​ឱ្យ​មាន​ការ​សាង​សង់ ឬ​សង់​បន្ថែម​នៅ​ក្នុង​តំបន់​ជម្លោះ​ ដូច្នេះ​ហើយ​ទើប​ស្នើ​សុំ​ឱ្យ​នាយក​រដ្ឋ​​មន្ត្រី​ធ្វើ​ការ​ត្រួត​ពិនិត្យ។ រាល់​ការ​អះ​អាង​របស់​ពួក​អាវ​លឿង​នេះ គឺ​ជា​គំនិត​លេលា​មួយ និង​ពិស​ពុល​បំផុត​ ដោយ​ធ្វើ​មិន​ដឹង​មិន​ឮ​ថា រដ្ឋា​ភិបាល​របស់​ខ្លួន​តាំង​ពី​ដើម​មក​មាន​ភ្នែក​អត់​ប្រស្រី​ឬ​ក្នុង​ការ​ចុះ​ហត្ថ​លេខា​លើ MOU នោះ?

ការ​ទាម​ទារ​​របស់​ក្រុម​អាវ​លឿង​ជ្រុល​និយម​របស់​សៀម​នេះ ប្រៀប​ដូច​ជា​ការ​ដុត​កំឡោច​សម្ព័ន្ធ​ភាព​រវាង​កម្ពុជា​-ថៃ ខណៈ​ពេល​បច្ចុ​ប្បន្ន​ស្ថាន​ការណ៍​នៅ​តាម​ព្រំ​ដែន​កំពុង​មាន​ភាព​តាន​តឹង ដោយ​ថៃ​កំពុង​បន្ថែម​គ្រឿង​សព្វា​វុធ និង​កម្លាំង​ទ័ព​កំញើញ​កម្ពុជា។ ទោះ​បី​ជា​បែប​ណា​ ក្រុម​អាវ​លឿង​សៀម​​គ្រាន់​តែ​ជា​ក្រុម​មួយ​ប៉ុណ្ណោះ មិន​មែន​តំណាង​ឱ្យ​ប្រជា​ជាតិ​​ថៃ​ទាំង​មូល​​ទេ។ ​ចំពោះ​ការ​ទាម​ទារ​របស់​ក្រុម​អាវ​លឿង​​នោះ​មិន​បាន​ធ្វើ​ឱ្យ​កម្ពុជា​កោត​ក្រែង​​ទេ និង​ត្រៀម​តបត​វិញ​ប្រសិន​បើ​មាន​ការ​​ឈ្លាន​ពាន​ពី​​ទាហាន​សៀម។ ចំពោះ​ការ​ទាម​ទារ​របស់​ពួក​អាវ​លឿង​សៀម ដែល​ប្រឆាំង​នឹង​តំណាង​យូណេស្កូ ក៏​ជា​ហេតុ​ផល​មួយ​នឹង​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​បាន​យល់​កាន់​តែ​ច្បាស់​ពី​គំនិត​ដ៏​អាក្រក់​របស់​ពួក​អាវ​លឿង​ជ្រុល​និយម​ដែល​ចង់​បាន​ទឹក​ដី​កម្ពុជា និង​រារាំង​ការ​សំរប​សំរួល​របស់​អង្គ​ការ​យូណេស្កូ ដែល​ការ​ពារ​បេតិក​ភណ្ឌ​ពិភព​លោក ។

  • ទស្សនៈ​មិន​គ្រប់​ទឹក​របស់​ក្រុម​អាវ​លឿង​

លោក​ស ធារឹទ្ធ បាន​ផ្តល់​អត្ថ​បទ​មួយ​របស់​លោក​​​ឆ្លុះ​បញ្ចាំង​ពី​ពួក​អាវ​លឿង​ថា ប្រទេស​សៀម​កើតភាពវឹកវរ និង​ចលា​ចល​ពាស​ពេញ​ផ្ទៃ​ប្រទេស ក៏ដោយសារតែការប្រកាន់​ភាព​ជាតិ​និយមជ្រុលហួសហេតុ រហូតដល់លាបពណ៌​ដាក់​គ្នា​រវាងជាតិសាសន៍​ឯង ដើម្បីបំពេញ​មហិច្ឆតា​នៃ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ការ​ល្មោភ​អំណាច​នៃ​ក្រុមរបស់ខ្លួន រហូតដល់ជម្លោះ​ផ្ទៃ​ក្នុង​នេះ​មិន​អាចបញ្ឈប់បាន ក៏ចេះតែយក​លេស​រករឿង​គ្នា​ពី​បញ្ហានេះបញ្ហានោះ មិនចេះ​ចប់​មិនចេះ​ហើយ។ ពិសេស​ពួកក្រុមអាវ​លឿង​នេះ​ឯង ចេះតែធ្វើ​ការ​ប្រឆាំង​រដ្ឋាភិបាល​សៀម​ខ្លួន​ឯង​គ្រប់រឿង មិន​ថា​ខុស ឬត្រូវ​គិតតែពីប្រឆាំង​គ្រប់​រឿង ដោយ​បញ្ឆេះ​ឱ្យ​ជាតិសាសន៍​របស់ខ្លួន​មកបង្កជម្លោះ​ជា​មួយប្រទេសជិតខាង ។

ពួកក្រុមអាវលឿង​ ជាក្រុមមនុស្សពាល​ដែលធ្វើមិនយល់ប្រវតិ្តសាស្រ្តប្រទេសជាតិរបស់ខ្លួន ហើយចេះតែនិយាយផ្តេសផ្តាស​ក្នុងគោល​បំណង​បោក​ប្រាស់​ និង​ពង្វក់ស្មារតីជាតិសាសន៍​ខ្លួន ហើយ​នាំប្រទេសធ្លាក់ចូលក្នុងជម្លោះ​រ៉ាំរ៉ៃ ពិសេសចូលចិត្តបង្កើតទស្សនៈឆ្កួតៗរបស់ក្រុម​ខ្លួនមកលើកម្ពុជា ដោយយកបញ្ហា​ប្រាសាទ​ព្រះវិហារ បញ្ហាដីជុំវិញតំបន់ប្រាសាទ​​នោះ​ មកធ្វើជា​លេសបង្កទំនាស់ជាមួយ​កម្ពុជា។ ហេតុ​ផលទាំងនេះសរបញ្ជាក់ពី​អំពើ​ឆ្កួត​លេលា និង​មិន​ដឹងខុសត្រូវ​ដែលក្រុមជនជាតិ​សៀម​នេះ​បង្កើ​តឡើងជារៀងរាល់ថ្ងៃ ដើម្បី​បង្ក​សង្គ្រាម​នៅ​តាមបណ្តោយពំ្រដែន​កម្ពុជា-សៀម។

យើងមិនយល់ថា តើពួកក្រុមអាវលឿងនេះ មានខួរក្បាលជាមនុស្សធម្មតា ឬ​មិនមាន​លក្ខណៈ​ធម្មតាយ៉ាងណានោះទេ? ប៉ុន្តែបើយើង​ស្តាប់ទស្សនៈ និង​មតិដែលពួកក្រុមនេះ​លើក​ឡើង​ជារឿយៗ ហាក់បីដូចជា​ទស្សនៈមនុស្ស​គ្មាន​ការចេះដឹងអ្វីបន្តិចសោះ ឬជាមនុស្សខ្វះ​ការ​អប់រំយ៉ាង​ពិតប្រាកដ ពីព្រោះទស្សនៈរបស់ពួក​ក្រុម​នេះ តែងតែលើកឡើងដោយគ្រាន់ជា​ទស្សនៈ​ឡប់ៗតែ​ប៉ុណ្ណោះ បើនិយាយ​ឱ្យ​ស្រួល​ស្តាប់​បន្តិចទៅយើងអាចចាត់ទុកបានថា ពួក​ក្រុម​អាវលឿងនេះ គឺជា​ពពួកក្រុមមនុស្សមិន​គ្រប់​ទឹក ៕

សមត្ថកិច្ចចាប់ធុង​​​ដាក់ត្រីរបស់អាជីវករកណ្តាល​​​យប់​ដាក់​​សាលា​ខណ្ឌ​ឫស្សីកែវ

Posted: 26 Feb 2011 05:30 PM PST

រាជធានីភ្នំពេញ ៖ ​កាលពី​វេលាម៉ោង​​១​១​យប់​ថ្ងៃទី​​​២៣ កុម្ភៈ កន្លងមក​ ​កម្លាំង​ប៉ូលិស​​​ដឹក​នាំ​ដោយ​លោក​​​អធិការ​រង​យឹម ​សាវុទ្ធ និង​​​អនុ​ប្រធាន​​​សណ្តាប់​ធ្នាប់​​​​ខណ្ឌ​ឫស្សីកែវ ​បាន​​នាំ កម្លាំង​​​ប្រមាណ​​​ជា​១០នាក់ ​ចុះទៅ​​​ចាប់​​​យក​ធុង​ត្រី​​​ចំនួន​៨ធុង ក្នុងនោះ​មាន​ធុង​ត្រី​អណ្តែង​​​​៤ធុង​ ក្នុង​​១ធុង ​ទម្ងន់​ត្រី​១០០គីឡូក្រាម ​​ត្រីរ៉ស់​​៣ធុង ​ចំនួន​​១០០គីឡូក្រាម ​ជញ្ជីង​​ប៉ុង​​១​ ខេង​១ ​ធុង​​ទទេ​​១ ដែល​សរុប​​​ជា​ទឹកប្រាក់​​ចំនួន​​៤​លាន​រៀល ។

​អ្នកស្រី​​​ចាន់ ផល្លី ​ដែលជា​ម្ចាស់ត្រី​មាន​​ទីតាំង​​ផ្ទះលេខ​​៤B ផ្លូវ​ទំនប់​​​កប់​ស្រូវ​ ភូមិ​​ឡ​កំបោរ ​សង្កាត់ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ ​​បាន​មាន​ប្រតិ​​​​កម្ម​​ជុំ​វិញ​ការ​​ចាប់រឹប​អូស​នេះ ដោយ​​បាន​​ចោទ​​ថា ​សកម្ម​ភាព​បែបនេះ ​មិនអាច​​ទទួល​យក​បាន​ទេ ​ព្រោះ​គាត់​មាន​​មុខរបរ​​លក់ និង​​ទិញ​​ផល​​ជល​ផល នៅមុខ​​ផ្ទះ​របស់​​គាត់ ។​ ​អ្នកស្រី​​ចាន់ ផល្លី​ ​បាន​​​បន្ត​ថា ​ការ​លក់ និង​ទិញ​ផល​នេសាទ​នេះគឺ​គាត់​មាន​ច្បាប់ចេញ​​ពីលោក​ងិន ឌី នាយ​ខណ្ឌ​​រដ្ឋ​បាល​ជល​ផល​ភ្នំពេញ ​ឱ្យបង្កើត​​ទីតាំង​​លក់​ត្រឹម​ត្រូវ​និង​​មានលិខិត​​អនុញ្ញាត​​ឱ្យ​ដឹក​ជញ្ជូន​​ផល​​ជល​ផល​​ចេញ​ពី​ភ្នំ​ដិន ស្រុក​គិរី​វង់​ ខេត្ត​តាកែវ ​មក​ភ្នំពេញ ​​ដែល​​ចុះ​​​ហត្ថលេខា​​ដោយ​​លោក​​ប្រតិ​ភូ​​រាជរដ្ឋាភិបាល​​​​កម្ពុជា​​ទទួល​បន្ទុក​​​ប្រធាន​រដ្ឋបាល​​ជល​​ផល​​ត្រឹម​ត្រូវ ។ បើ​សិន​ក្រុមនោះ​ជា​សមត្ថ​កិច្ច​​ពេញ​​ច្បាប់​​មែន​​នោះគួរ​តែ​មាន​​សេចក្តី​​​ប្រកាស ឬ​​សេចក្តីណែ នាំ​​​ពី​ជំនាញដែលពាក់ព័ន្ធ ឬ​​មួយ​មាន​លិខិត​​កោះ​ហៅ​​អ្នកលក់​​​​មកសាកសួរ​​ពីច្បាប់​ ឬ​ផលប៉ះពាល់​​ ទើប​​គួរ​ ។

នៅព្រឹក​​ថ្ងៃទី​​២៤ កុម្ភៈ​ ម្ចាស់ត្រី​បានរក​​ឃើញ​ធុង​ និងត្រី ជញ្ជីង​ ខេង នៅក្នុង​សាលា​ខណ្ឌ​​​​ឫស្សីកែវ​​​ ទើប​ដឹង​ថា ​កម្លាំង​​ប៉ូលិស​​ និង​សណ្តាប់ធ្នាប់​​​ទាំង​នេះ​​ជា​របស់ខណ្ឌ​​ឫស្សីកែវ ។ មន្ត្រី​​​នៅក្នុង​​​សាលា​ខណ្ឌ​​ម្នាក់​បាន​ប្រាប់​ម្ចាស់​​ត្រី​​​ថា ​ការចុះ​​ទៅចាប់​យក​ធុងត្រី​​យប់មិញ​នេះ ​គឺ​ធ្វើតាម​​បញ្ជា​របស់​លោក​អភិបាល​​ខណ្ឌ ឫស្សី​កែវ និងធ្វើ​តាម​ពាក្យ​បណ្តឹង​របស់​​ថៅ​កែ​យឿត្រី​គីឡូម៉ែត្រ​​លេខ​៩ ដោយចោទ​ថា កន្លែង​​​លក់​​របស់​​ស្ត្រីឈ្មោះ​​ចាន់ ​ផល្លី ​នោះគឺ​ជា​កន្លែង​​លក់​អនា​ធិបតេយ្យ ។ អ្នកស្រី​​ចាន់ ផល្លី ​បាន​បញ្ជាក់​​ថា បើ​អាជ្ញា​ធរ​​ធ្វើ​តាម​ពាក្យ​បណ្តឹង​​នោះ គួរតែ​​ធ្វើសេច​ក្តី​​​ប្រកាស​​​ណាមួយ ឬ​ក៏​ហៅ​គាត់​​ទៅសាកសួរ​​រក​ច្បាប់​​​ទម្លាប់​ជា​មុន​សិន មិនមែន​​ទៅចាប់​រឹបអូស​​ទាំង​​កណ្តាល​​​យប់​បែបនេះ ឡើយ ។ ​ប្រតិ​កម្ម​​ខាងលើ​​នេះមិនអាច​រក​ការ​បំភ្លឺ​​ណា​មួយពីសមត្ថ​កិច្ច​​​ខណ្ឌ​ឫស្សីកែវ​​បាននៅឡើយទេ​ជុំវិញការរឹប​អូសនេះ ៕

វត្តកែវសិក្ខាគិរីស្វារៈក្រោយការបំផ្លាញពីភាគីសៀម

Posted: 26 Feb 2011 05:15 PM PST

វត្តកែវសិក្ខាគិរីស្វារៈដែលទ័ពសៀមឈ្លានពានព្យាយាមបំផ្លាញ
ព្រះចៅអធិការ និងព្រះសង្ឃដែលគង់ក្នុងវត្ត
កូនសេក្ខបង្ហាញលេណដ្ឋាន
ការខូចខាតក្នុងវត្ត

ខេត្ត​ព្រះវិហារ ៖ វត្ត​​កែ​វ​សិក្ខា​​គិរី​ស្វារៈ​ដែល​សង់​ឡើង​​នៅ​លើ​អធិប​តេយ្យ​ភាព​របស់​​កម្ពុជា​​នាអំឡុង​ឆ្នាំ​១៩៩៨ ​បាន​​រង​ការ​ខូច​ខាត​​​ដោយ​ការ​បាញ់​​ផ្លោង​​អា​វុធ​​គាំទ្រ​ធុនធ្ងន់​ជាច្រើន​​រយ​គ្រាប់​ពីសំណាក់​ទា​ហាន​សៀម​​ឈ្លាន​ពាន​កាល​​ពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ​នេះ បណ្តាល​ឱ្យ​ខូច​ខាត​យ៉ាង​​ទម្ងន់ ។ មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​​​ជួសជុល​នឹង​រៀប​ចំតម្កល់​​ព្រះ​ពុទ្ធ​រូប​ដែល​សេស​សល់​ពីការ​បាក់​បែក​ឡើង​​​​វិញ​នៅ​ឡើយ​ទេ ។ 

​នៅ​ក្នុង​​បរិវេណ​​​វត្ត​ ពេល​នេះ​​បើ​ចង់​ចូល​ទៅ​អុជ​​ធូប​​​គោរព​បូជា​រំលឹក​ដល់​​​បារមី​នៃ​កំពូលភ្នំ​ប្រា​​សាទ​​ព្រះវិហារ​​ គឺ​មិន​មាន​អ្វីដែល​​មាន​សភាព​​ស្រស់​​បស់​នឹង​ស្អាត​​បាត​ដូច​ជា​ពេលមុននោះ​​ទេ គឺ​​ដោយ​សារ​តែ​ដំបូល​ព្រះវិហារ​ប្រក់​មេឃ​ជញ្ជាំង​បាក់​ធ្លុះ​ធ្លាយ​​ និងព្រះពុទ្ធ​​បដិមា​ក៏​ត្រូវ​បែក​​បាក់​​​អស់មួយចំនួន​ធំ​ទៅហើយ​ដែរមើល​ឃើញ​គួរឱ្យ​អាណោ​ច​អាធមណាស់ ។ ចំណែក​ទី​ធ្លានៅ​ជុំ​​វិញវត្ត​ក៏​ដូច​គ្នា​ដែរ ។ នៅ​​លើ​ផ្ទៃ​ដីគេ​ក្រឡេក​មើល​ទៅ​ឃើញ​​តែ​ស្នាម​រណ្តៅ និង​អំបែង​​គ្រាប់នៅ​រាយ​ប៉ាយ ​ហើយ​រណ្តៅ​​ខ្លះ មាន​ក្បាល​គ្រាប់​លិច​នៅ​ក្នុង​ដីមិន​ទាន់​ផ្ទុះ​​ក៏មានដែរ។

បច្ចុប្បន្ន​​មានព្រះ​សង្ឃគង់​​​នៅ​ចំនួន​៦អង្គ​​ គឺ​ភិក្ខុ​៣​អង្គ ​សាម​ណេ​៣​អង្គ​​ និង​​សិស្ស​ចំនួន​៦​នាក់​​ ។ ​ក្នុង​វត្ត​​ពុំ​មាន​តា​ជី​យាយ​ជី​​ទេ ដោយ​សារ​មានការ​ភ័យ​ខ្លាច​​​ពី​សុវត្ថិ​ភាព​​ និង​ត្រូវបាន​ចាក​ចេញ​ពីទី​អារាម​ទៅ​ស្នាក់​នៅ​​​​ទី​កន្លែង​​ឆ្ងាយៗ​អស់ហើយ ។

​ព្រះ​តេជ​គុណ​ព្រះ​នាម ​ស៊ុន​ ស័ង្ហ​ ចៅ​អធិការ​​វត្ត​កែវ​សិក្ខាគិរី​ស្វារៈ បាន​មាន​ថេរ​ដីកា​​ឱ្យ​ដឹង​ថា ព្រះ​សង្ឃ​​​និង​​សិស្ស​ដែលកំពុង​គង់​នៅ​ និង​រស់​នៅក្នុងវត្ត​នេះ​ គឺ​ត្រូវ​​ចំអិន​ចង្ហាន់​​ឆាន់​ដោយ​ខ្លួន​ឯង ​​។ ចំពោះ​គ្រឿង​​ចង្ហាន់​សម្រាប់​ផ្គត់​ផ្គង់​​​លោក​​នឹង​កូន​សិស្ស​​នៅក្នុង​វត្ត​សព្វ​​ថ្ងៃ​ បាន​មក​ពី​សប្បុរស​ជន​ប្រគេន​​ពីទីជិត​ឆ្ងាយ​​ និងពី​កង​ទ័ព​​ដែល​កំពុង​ប្រចាំ​ការ​នៅ​ទីនោះ ។ ដោយឡែក​​ចំពោះ​​ទីអារាម​​ដែល​ត្រូវ​​ខ្ទេច​​ខ្ទាំ​ដោយ​សា​រ​ពួក​​ទមិឡ​ឥត​សាស​នា​សៀម​ឈ្លានពានបាន​បាញ់​​ផ្លោង​ដាក់​​​​ប៉ុន​ប៉ង​កំទេច​ទីអារាម​​​ឱ្យ​ទៅ​​ជាផេះ​ គឺព្រះ​អង្គ​នៅ​មិន​ទាន់​បាន​បោស​សំអាត​នៅឡើយ​ទេ ​ដោយ​សារ​​ខ្លាច​​បំណែក​គ្រាប់​ និងគ្រាប់​មួយចំនួន​ដែល​​មិន​ទាន់​ផ្ទុះ​នៅ​ជុំ​វិញ​បរិវេណ​វត្ត​ ។​​ ព្រះ​ចៅ​អធិ​ការ​​វត្ត​បាន​បញ្ជាក់ឱ្យ​ដឹងថា​ កន្លង​ទៅ​ថ្មីៗនេះ​​អាជ្ញា​ធរ​​ជាតិប្រា​សាទ​ព្រះវិហារ​​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​ និងវាស់​វែង​ទៅលើ​ការ​ខូច​ខាត​រួច​ម្តង​ហើយ​ដែរ ក៏ប៉ុន្តែ​​​ការ​ដែល​ត្រូវ​ជួស​ជុល​​នៅ​ពេល​ណា​ គឺ​ព្រះ​តេជគុណ​ចៅ​​អធិការ​វត្ត​ពុំ​បានដឹង​ទេ ។​

ជុំ​វិញវិនាសសកម្មនៅ​វត្ត​កែវ​សិក្ខាគិរី​ស្វារៈ គឺ​​​មិន​​ទាន់​អាច​ធ្វើ​ការ​ជួស​ជុល​ឡើង​វិញបាន​ទេ ដោយ​សារ​ទី១-ស្ថាន​ការណ៍​ផ្នែក​​យោធា​ក្នុង​តំបន់​នោះ​នៅ​មិន​ទាន់​មានស្ថិរ​ភាព​​នៅឡើយ​ ទី២-​គឺពេល​នេះ​គេ​ត្រូវ​រក្សា​ទុកភស្តុ​តាង​នៃការ​ខូច​ខាត​​ទាំង​នោះ​ទុកឱ្យ​ភ្ញៀវ​ជាតិ និងអន្តរ​ជាតិ​​ដែល​បាន​ឡើង​ទៅ​​ទស្សនា​ប្រា​សាទ​ព្រះ​វិហារ​បានឃើញ​នូវ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយសារ​កង​ទ័ព​សៀម​​ឈ្លានពាន​មកលើ​ទឹកដី​កម្ពុជាយើង ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!