Koh Santipheap Daily

Koh Santipheap Daily


សោក​នា​ដកម្ម

Posted: 02 Mar 2011 11:26 PM PST

ស្ថាប័ន​អធិ​ការ​កិច្ច​បឋម​សិក្សា​បញ្ជូន​មន្ត្រី​​ឈ្មោះ​វិន​សុន ភី​ថឺ ឱ្យ​ចុះ​ត្រួត​ពិនិត្យ​​ការ​បង្រៀន​ និង​ការ​រៀន​សូត្រ​​​របស់​សិស្ស​នៅ​​តាម​សាលា​បឋម​សិក្សា ។ ​ពេល​​មក​ដល់​សាលា​បឋម​សិក្សា​​នៅចុង​កាត់​មាត់​ញក លោក​វិន​សុន ភីថឺ ជ្រើស​រើស​យក​ថ្នាក់​ដំបូង​មួយ​សម្រាប់​ធ្វើ​ការ​សាក​ល្បង​សមត្ថ​​ភាព​សិស្ស ។ គាត់​សួរ​ខ្លាំងៗ ៖

-ចំណោម​ក្មួយៗ​រាល់​គ្នា​​ មានក្មួយ​ណា​​អាច​ឱ្យ​ឧទាហរណ៍​អ្វី​ដែល​ល្មម​​ចាត់​ទុក​​ជា​សោកនាដ​កម្ម​បាន ​ទេ? ក្មួយ​ណា​ក្លាហាន​​ក្រោក​ឆ្លើយ​​មុន​គេ​ឱ្យ​លោក​គ្រូ​ស្គាល់​មុខ​ផង ។
កុមារ​ម្នាក់​​ក្រោក​ភ្លែត​សួរ ៖

-ឧទាហរណ៍​​របស់​ខ្ញុំ គឺ​មិត្ត​ខ្ញុំ​ម្នាក់​ពេល​កំពុង​លេង​ជា​មួយ​ខ្ញុំ​លើ​ចិញ្ចើម​ថ្នល់​ ស្រាប់​តែ​មាន​​រថយន្ត​មួយ​​​គ្រឿង​ភ្លាវ​ចង្កូត​ឡើង​មក​កិន​វា​ស្លាប់ តើ​នេះ​ហៅ​ថា សោក​នា​ដ​កម្ម​បាន​ទេ?
-​មិន​បាន​ទេ ​នេះ​គេ​ហៅ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។

កុមារ​ទី​ពីរ​​ក្រោក​ឡើង​ទៀត ៖

-ចុះ​ប្រសិន​បើ​រថយន្ត​បឺស​មួយ​​គ្រឿង​ដឹក​សិស្ស​តូចៗ​៥០​នាក់ ទៅ​កម្សាន្ត​​ទេស​ភាព​តាម​ជន​បទ ស្រាប់​តែ​រអិល​ធ្លាក់​ជ្រោះ​ជ្រៅ សិស្ស​​តូច​ៗ​ស្លាប់​​អស់​គ្មាន​សល់​ម្នាក់ ។ តើ​នេះ​ហៅ​ថា សោក​នាដ​​កម្ម​ទេ?

-មិន​ដូច​គ្នា​ទេ នេះ​គេ​ហៅ​ការ​បាត់​បង់​ជីវិត​ដ៏​​ធំ ។

ក្នុង​ថ្នាក់​ស្ងាត់​​ច្រៀប​ បន្ទាប់​​ពី​ឧទាហរណ៍​ដែល​​​លើក​ឡើង​ត្រូវ​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។ ឃើញ​ដូច្នេះ​លោក​មន្ត្រី​អធិ​ការ​កិច្ច​បឋម​សិក្សា​​សួរ​បន្ត ៖

-​ម៉េច​ដែរ ​មាន​ក្មួយ​ណា​​អាច​និយាយ​បាន​ពី​ឧទាហរណ៍​សោក​នាដ​កម្ម​ទេ?

ចុង​ក្រោយ​​មាន​ដៃ​ស្គម​តូច​មួយ​លើក​ឡើង​របៀប​ស្ទាក់​ស្ទើរ​​ញញើត​ញញើម​​គឺ​ ជា​កុមារ​តូច​ម្នាក់​​អង្គុយ​ចុង​ថ្នាក់​ក្រោក​ឡើង​​និយាយ ៖

-ឧទាហរណ៍​របស់​ខ្ញុំ គឺ​ថ្ងៃ​មួយ​យន្ត​ហោះ​ផ្លូវ​ឆ្ងាយ​​មួយ​គ្រឿង​​ដែល​មាន​​លោក​អធិ​ការ​​វិន​ សុន ភីថឺ ជិះ​ក្នុង​នោះ​ផង ត្រូវ​ពួក​ភេរវ​ករ​​ដាក់​គ្រាប់​បែក​ បណ្តាល​​ឱ្យ​ផ្ទុះ​ឆេះ​កណ្តាល​​អាកាស​ តើ​នេះ​ហៅ​ថា សោក​នាដ​កម្ម​បាន​ទេ?

-អស្ចារ្យ! នេះ​ទើប​ពិត​ជា​សោក​នាដ​កម្ម​មែន។ ​ប៉ុន្តែ​ក្មួយ​ឯង​ត្រូវ​បក​ស្រាយ​ឱ្យ​គ្រូ​ស្តាប់ តើ​ហេតុ​ម៉េច​នឹក​ឃើញ​ពី​ដំបូង​ថា នេះ​​ជា​សោក​នាដ​កម្ម?

-បាទ! ព្រោះ​ខ្ញុំ​គិតថា វា​មិន​មែន​ជា​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ក៏​​មិន​មែន... មិន​មែន​ជា​​ការ​បាត់​បង់​ជីវិត​នរ​ណា​មួយ វា​ជា​ឧទាហរណ៍​​ដែល​មាន​ពាក់​ព័ន្ធ​ដល់​ជីវិត​លោក​គ្រូ​ជាង រឿង​អី​លោក​គ្រូ​មិន​ចាត់​ទុក​​ជា​សោក​នាដ​កម្ម?

លីប៊ី ៖ ស្លាប់​6.000នាក់​​​តាំង​ពី​​ចាប់ផ្តើម​​ការបះបោរ​មក

Posted: 02 Mar 2011 11:05 PM PST

រថក្រោះដែលពួកបះបោរលីប៊ីដណ្តើមបាន

សហរដ្ឋអាមេរិក​​​បានពិចារណា​លើដំណោះ​ស្រាយ​​​ជាច្រើន​​​ដើម្បី​​ធ្វើ​ឱ្យ​លោកកាដាហ្វី សុខ​ចិត្ត​​ចុះញ៉ម ។ ការហាម​​ហោះហើរលើ​​ប្រទេស​លីប៊ី ​នឹង​ជា​លទ្ធ​ភាព​មួយ ។ សហភាពអឺរ៉ុប​សម្រាប់​ពេល​នេះ នៅ​​រារែក​​ចំពោះ​​អន្តរាគមន៍​​យោធា​មួយ ។​ ការ​​ប្រយុទ្ធ​គ្នា​​យ៉ាង​សាហាវ​​នានាកើត​​មាន​នៅ​ទីក្រុង BREGA ដែលមានទីតាំង​​​ប្រេង​កាត​ដ៏សំខាន់មួយ​ស្ថិតនៅ​ចម្ងាយ​​២០០គីឡូម៉ែត្រ ​ពី​ក្រុង​​បេនហ្គា​​ហ្ស៊ី ។ ​សភាពការណ៍​មនុស្សធម៌​​​កាន់​តែ​​ពិបាក​ខ្លាំងឡើង​​ដោយ​យោង​តាម​​ប្រទេស​អ៊ីតាលី​​ថា ពួកអន្តោ​ប្រវេសន៍​​ដល់ទៅ​​១,៥​​លាន​នាក់ ​ប៉ុនប៉ង​រត់ភៀស​ខ្លួន​​ចេញពីលីប៊ី​។​
យោងតាម​​អ្នកនាំពាក្យ​​ម្នាក់របស់​សម្ព័ន្ធ​​សិទ្ធិ​មនុស្ស​​លីប៊ី លោក ALI ZEIDAN ថា អំពើ​ហិង្សា​តាំង​ពី​​ចាប់​ផ្តើម​ការ​​បះបោរ​​នៅលីប៊ី​​​មក បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់​​​៦.០០០នាក់ ​ហើយ​ក្នុង​នោះ​​៣.០០០​នាក់​ក្នុងទីក្រុង​​ទ្រី​ប៉ូលីតែ​មួយគត់។​
នាវា​ចម្បាំង​អាមេរិក​​​២គ្រឿង​​ក្នុង​នោះ​​មាន​​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​​ USS KEARSARGE បានឆ្លង​កាត់​ព្រែក​​ជីកស៊ុយអេ ទៅកាន់​​សមុទ្រ​​មេឌី​ទែរ៉ាណេ ដើម្បី​​ទៅបោះទីតាំង​​នៅក្នុង​​ដែន​ទឹក​​លីប៊ី ។ ​​ប្រទេសបារាំង​​បានបញ្ជូន​​នាវា​​ផ្ទុក​ឧទ្ធម្ភាគចក្រ​​មួយគ្រឿង​​ធុន MISTRAL ​ដើម្បី​​ចូលរួម​ក្នុង​​ការ​​ជ​ម្លៀស​ពលករ​អេហ្ស៊ីប​ទាំង​ឡាយ ​ដែលជាប់​​គាំង​ឱ្យមក​កាន់​អេហ្ស៊ីប​ក្នុង​ក្រប​ខណ្ឌ​​នៃ​វិធានការ​ដែល​សម្រេច​​ដោយសហ​ភាពអឺរ៉ុប ។​
ចំណែក​​តុលាការ​​ឧក្រិដ្ឋ​​កម្ម​អន្តរជាតិ​​ប្រកាស​ពី​ការ​បើកការ​ស៊ើបអង្កេត​​ផ្លូវការ​មួយលើ​លទ្ធ ភាព​​នៃឧក្រិដ្ឋ​កម្ម​ប្រឆាំ​ងមនុស្ស​​ជាតិ​នៅលីប៊ី ។ រដ្ឋអាជ្ញា លោក LUIS MORENO OCAMPO នឹង​​ប្រកាស​​នា​ថ្ងៃទី​​៤ មីនា​ ពីឈ្មោះ​​របស់​​មនុស្ស​​ទាំងឡាយ​ដែលជាប់​​ក្នុងការ​ស៊ើប​អង្កេត​​នេះ ៕

ឆ្កែ​ហិត​​ក្លិន​រក​គ្រឿង​ផ្ទុះ​​មួយក្បាល​​គាំង​បេះដូង​ងាប់​ក្រោយ​ពី​ម្ចាស់​ស្លាប់

Posted: 02 Mar 2011 10:56 PM PST

ឆ្កែដែលស្លាប់តាមម្ចាស់

ចាត់ទុក​​ថា ជារឿង​​ស្មាន​មិនដល់​មួយ​នៅ​ពេល​ឆ្កែហិត​ក្លិន​​រកគ្រឿង​ផ្ទុះ​​មួយក្បាល​​បាន​ងាប់​ដោយសារ​គាំងបេះ​ដូង​ក្រោយពី​ម្ចាស់របស់​វា​ស្លាប់ ។ ឆ្កែ​មួយក្បាល​​នេះ​ និងម្ចាស់​​​របស់វា​​​ជា​ទាហាន​​អង់គ្លេស​ឈ្មោះ Liam Tasker បាន​បំពេញ​​​បេសក​កម្ម​ដោយមិន​​ខ្លាច​នឿយ​ហត់​​ជួយ​សង្គ្រោះ​​​ជីវិត​មនុស្ស​​រាប់មិន​​អស់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ហើយរកឃើញ​​គ្រាប់​បែក​ផលិត​ក្នុង​​ស្រុក​​១៤​គ្រាប់ និង​អាវុធ​​ជាច្រើនក្នុង​​រយៈ​ពេល​តែ​​​៥ខែ​ប៉ុណ្ណោះ ។
ប៉ុន្តែ​ជា​អកុសល​ លោក Liam Tasker អាយុ​​​២៦​ឆ្នាំ ​បានស្លាប់​​​បាត់បង់ជីវិត​​នៅក្នុងការ​ប្រយុទ្ធ​​​​គ្នាជាមួយ​ពួកតាលីបង់​​ធ្វើ​ឱ្យ​លោក​ក្លាយ​​ជា​​ទាហាន​របស់​អង់គ្លេស​ទី​៣៥៨​ ដែលស្លាប់​​ក្នុង​ជម្លោះ​​រយៈ​ពេល​​១០​ឆ្នាំ នៅ​ប្រទេស​អាហ្វ​ហ្គានីស្ថាន​​ ។
ក្រោយពីម្ចាស់​របស់វា​​​ស្លាប់​​មិនទាន់​បាន​ប៉ុន្មាន​​ម៉ោង​​ផង ឆ្កែហិត​ក្លិន​​រកគ្រឿងផ្ទុះ​នេះ ឈ្មោះ Theo បានគាំងបេះ​ដូង​​​ស្លាប់​ភ្លាម ។​
នៅពេល​​នៅរស់ លោក Liam Tasker និង​ឆ្កែឈ្មោះ Theo នេះ​រស់នៅ​​ជាមួយ​គ្នា និង​ធ្វើ​ការ​ងារ​​ជាមួយគ្នា ដោយ​មិន​​ខ្លាច​នឿយ​ហត់​ ហើយ​​នៅពេល​ស្លាប់ ក៏ស្លាប់​ទាំង​​អស់​គ្នា​ដែរ ជា​ហេតុការណ៍​​មួយកម្រ​​បានជួបប្រទះ​បំផុត ។​
លោក Liam Tasker ស្លាប់​​កាលពីប៉ុន្មាន​​ថ្ងៃ​កន្លង​មក ៕

ប្រេង​ឡើង​ថ្លៃ​ដល់​លើស​100ដុល្លារ​មួយ​ធុងនៅ​ញូវយ៉ក

Posted: 02 Mar 2011 10:56 PM PST

ប្រេង​ឆៅអាមេរិក​បានឡើងថ្លៃ​​ជាង​​២,៥% ទៀត​​កាលពីថ្ងៃទី​​២ មីនា នៅទីផ្សារ​ក្រុង​ញូវយ៉ក​​គឺ​ដល់​​លើសពី​​១០០ដុល្លារ ក្នុង​មួយធុង​ជា​លើក​ដំបូងពុំ​ធ្លាប់​មាន​ចាប់តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០០៨ មក ដោយ​សារ​តែ​មាន​ការកើនឡើង​​នៃការ​ប្រយុទ្ធគ្នា​នៅលីប៊ី ។​ តម្លៃប្រេង​ឆៅពេល​បិទទីផ្សារ​​ថ្ងៃទី​២ មីនា បានឡើង​​២,៦០​ដុល្លារ ឬ​២,៦១% ដល់​​១០២,២៣​ដុល្លារ ក្នុងមួយធុង ។ ទូរទស្សន៍​​អាល់​ហ្សា​ហ្ស៊ី​រ៉ារាយការណ៍​ថា យន្តហោះ​​ប្រយុទ្ធ​​របស់​លីប៊ី ​កាលពី​​ថ្ងៃទី​​២ មីនា បាន​វាយប្រហារ​​លើទីក្រុង​ AJDABIAH ដែលមាន​មូលដ្ឋាន​យោធា​មួយ និងឃ្លាំង​អាវុធ​មួយ ។ ក្រុង​ AJDABIAH គឺជាទីក្រុង​​ធំមួយក្នុង​ចំណោម​​ទីក្រុង​​ធំៗ​នៅ​ភាគខាងកើត​លីប៊ី ​ដែលស្ថិត​ក្នុង​​កណ្តាប់ដៃ​ពួកបះបោរ​​ ។ ក្រុង​​នេះ​ស្ថិត​នៅ​ចម្ងាយ​​១៦០គីឡូម៉ែត្រ ​ខាង​ត្បូងក្រុង​បេន​ហ្គា​ហ្ស៊ី ។ ការ​វាយប្រហារ​តាម​អាកាស​​ដទៃៗទៀត​កើតមាន​​នៅក្រុង​ BREGA ជា​ក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​តែ​២គីឡូម៉ែត្រ ​ពីទីតាំង​​ប្រេង​កាត​​មួយរបស់​លីប៊ី ។ ​គេ​មាន​ការលំបាក​​ព្យាករណ៍​ដែល​ថា រដ្ឋាភិបាល​លីប៊ីអាច​វាយប្រហារ​​ទីតាំង​​ប្រេង​កាត​​ទាំងឡាយ​នៅ​ភាកខាង​កើតប្រទេស ​ឬ​គ្រាន់តែ​​វាយប្រហារ​​លើ​តំបន់​​កាន់កាប់​របស់​ពួក​ឧទ្ទាម​​ ហើយទីផ្សារ​ប្រេង​មានការ​ព្រួយ​បារម្ភ​​លើ​លទ្ធ​ភាព​នៃការ​វាយប្រហារ​​​ទីតាំង​ប្រេង​ ទើបញ៉ាំង​​ឱ្យប្រេង​ឡើង​ថ្លៃ​​យ៉ាង​ខ្ពស់​​បែប​នេះ ។​
ប្រទេស​​លីប៊ីផលិត​ប្រេង​​តាមធម្មតា​១,៦​លានធុង មួយថ្ងៃ ហើយ​ឥឡូវ​​ធ្លាក់មក​នៅត្រឹម​​រវាង​ពី​​​​៧០០.០០០​ទៅ​​៧៥០.០០០​ធុង​
ប៉ុណ្ណោះ ៕

រុស្ស៊ី​នឹង​ដាក់​ពង្រាយ​​មីស៊ីល​បណ្តែត​លើ​ប្រជុំ​កោះ​គូរីល

Posted: 02 Mar 2011 10:49 PM PST

ទីភ្នាក់​ងារ​សារព័ត៌​មាន​រុស្ស៊ី  INTERFAX ​រាយ​ការណ៍​កាលពីថ្ងៃទី២​ មីនា ថា ប្រទេស​រុស្ស៊ី ​​នឹង​ដាក់​ពង្រាយ​​មីស៊ីល​បណ្តែត​ប្រឆាំង​នាវា​មុជ​ទឹក និងប្រព័ន្ធ​ការ​ពារ​អាកាសទំនើប​នៅលើ​ប្រជុំ​​កោះ​គូរីល ក្នុងនោះ​រួម​ទាំង​កោះ​៤​ត្រួត​ត្រា​ដោយ​រុស្ស៊ី ហើយ​អធិបតេយ្យ​ភាព​លើ​កោះ​៤នោះ​​ទាម​ទារ​​ដោយជប៉ុន​ដែរ ។ ​ដោយ​ដក​ស្រង់​​សំដី​អ្នក​ទទួល​ខុសត្រូវ​​ម្នាក់​នៃ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​រុស្ស៊ី​​ INTERFAX និយាយ​ថា ​រុស្ស៊ី​នឹង​ដាក់ពង្រាយ​​មីស៊ីល​ប្រឆាំង​​នា​វា​មុជ​ទឹក​ធុន YAKHONT ហើយត​ម្លើង​ប្រព័ន្ធ​​ការពារ​ប្រឆាំង​មីស៊ីលធុន TOR-M2 ។ ​​មី​ស៊ីល​បណ្តែត​​ទាំងឡាយ​អាច​ដាក់​ពង្រាយ​លើ​កោះ ITOUROUP និងកោះ KOUNACHIR ជា​កោះ២ ក្នុង​ចំណោម​​កោះ​៤​ដែល​មានជម្លោះ​​ហើយ​មានទី​តាំង​យោធា​រុស្ស៊ី​​ដ៏សំខាន់ ។
ផែន​ការ​មួយ​ដែល​សំដៅ​​ពង្រឹង​​វត្ត​មាន​យោធា​​រុស្ស៊ី​​លើ​ប្រជុំ​កោះ​គូរីល ដែលមាន​មី​ស៊ីល ​ធុន YAKHONT និង​ប្រព័ន្ធ​​ការ​ពារ​អាកាស TOR-M2 ​ត្រូវ​បានដាក់​ជូនរដ្ឋ​​មន្ត្រី​ការ​ពារ​ប្រទេស​រុស្ស៊ី​លោក​អាណា​តូលី ស័រឌី​អ៊ូកូវរួច​ហើយ ។ រុស្ស៊ី​នឹង​បន្ត​ពង្រឹង​​វត្ត​មាន​យោធា​​របស់​ខ្លួន​នៅ​ប្រជុំ​កោះ​គូរីល​ដែលខ្លួនចាត់ទុកថា​ជា​តំបន់​យុទ្ធ​សាស្ត្រ​មួយ ៕

សម្តេច​តេជោ​ ៖ ​សង្គ្រាម​ឈ្លានពាន​​របស់ថៃ​ថោកទាបបំផុត​...​កម្ពុជា​ត្រៀម​​លក្ខណៈ​​ រួចរាល់​​​សម្រាប់​អ្នកសង្កេត​ការណ៍...​ចុងក្រោយ​​នឹង​ទៅ​តុលាការ​អន្តរជាតិ

Posted: 02 Mar 2011 10:49 PM PST

រាជធានីភ្នំពេញ ៖ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​នៃទិវា​វប្បធម៌​ជាតិលើកទី​​១៣ នៅ​សាល​​​សន្និសីទ​​​ចតុមុខ​​ កាលពីព្រឹកថ្ងៃទី​​៣ មីនា ​​២០១១ នេះ​ សម្តេច​​តេជោ​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បានមាន​ប្រតិ​កម្ម​ខ្លាំងៗ​ចំពោះ​មហិច្ឆតា​អាក្រក់​​របស់ថៃថា ការបាញ់មកលើប្រាសាទ​ព្រះ​វិហារ​ពីសំណាក់​​ទាហាន​ថៃ​ជាង​​៤០០គ្រាប់​​កាំ​ភ្លើងធំ​​នោះ និង​ការបាញ់​​មកលើ​តំបន់​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​ មិនមែន​​ជា​ការ​ផ្ទុះអាវុធ​​ដោយ​គ្រាន់តែ​ខ្វែង​គំនិត​គ្នា​នោះ​ទេ​...​​ការពិតនេះ​ជា​សង្គ្រាម​...​ហើយសង្គ្រាម​នេះ​​មិនមែន​​ត្រឹម​តែ​ឈ្លានពាន​​ទឹកដី​​ប៉ុណ្ណោះទេ គឺឈ្លានពាន​​ដណ្តើម​​សម្បត្តិ​វប្បធម៌​​ថែមទៀត ​ដែលនេះ​​ជា​មហិច្ឆតា​ថោកទាបក្រៅតម្រា​​ ប្រាស​ចាក​ច្បាប់​​​ជាតិ និង​អន្តរជាតិ ។​
សម្តេច​​បានថ្លែង​ថា រូបសម្តេច​មានការ​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង ខណៈ​ដែលជួប​​សន្ទនា​ជាមួយ​លោកកូអុី​​ជីរ៉ូ ម៉ាត់ស៊ូរ៉ា ​​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ ​ហើយ​លោក​ម៉ាត​់ស៊ូរ៉ា ប្រាប់​ថា ​ភាគីថៃ​​គេទាមទារ​​ឱ្យ​​ដក​ប្រាសាទព្រះវិហារ​​ចេញពី​​​បញ្ជីបេតិ​កភណ្ឌពិភពលោក និង​បង្អាក់​ការ​​អភិវឌ្ឍ​លើ​តំបន់​ប្រាសាទ​ដ៏​ល្បីល្បាញ​នេះ​ ​ព្រោះ​ការ​​ដែលធ្វើ​​បែបនេះនាំ​ឱ្យ​​​មានការ​តានតឹង​ទាំង​នយោបាយ និង​​យោធា​រវាង​កម្ពុជា​-ថៃ ។ ​សម្តេចតេជោ​​បានលើកឡើង​​ថា ការ​ដាក់​បញ្ចូល​​ប្រាសាទព្រះវិហារទៅក្នុងបញ្ជី​​បេតិកភណ្ឌ​ពិភព លោក ​និង​ការអភិវឌ្ឍ​ប្រាសាទ​នេះ វាជា​បុព្វ​​​សិទ្ធ​ិរបស់​កម្ពុជា ដែលជា​រដ្ឋ​​អធិបតេយ្យ​ពេញ​លេញ ​គ្មាន​​​ពាក់ព័ន្ធ​​ជា​​មួយប្រទេសថៃ ​មក​ចូល​រួម​​​ហ៊ុន​ហាយអ្វី​ទេ​...​ហើយម្យ៉ាង​ទៀត​​ប្រាសាទ​ព្រះវិហារ​​មាន​តម្លៃ​​ជា​សាកល​​ត្រូវបានអនុ​ម័ត​​ចុះបញ្ជី​​បេតិកភណ្ឌ​ពិភពលោក ជាសម្បត្តិ​​វប្ប​ធម៌​​​ពិភព​លោក ​​ដោយគណៈ​កម្មការ​របស់​អង្គ​ការ​​យូណេស្កូជាង​​១៨០​ប្រទេសឯណោះ ​មិន​មែន​​ជា​ការ​​លេង​សើចសម្រាប់ថៃ​​ចង់​​បង្វិល​តាម​អំពើចិត្ត​​នោះទេ​។​ សូមរំលឹក​ថា កាលពី​ឆ្នាំ​​១៩៥៤​ថៃ​បានឈ្លានពាន​​លើ​ប្រាសាទព្រះវិហារ​​ម្ត​ង​រួច​​មកហើយ ប៉ុន្តែត្រូវ​បរាជ័យ​ទៅវិញ ​ដោយ​សារ​គ្មាន​​លក្ខណៈ​​គតិយុត្តិ​​គ្រប់គ្រាន់​​ និង​ចាញ់ក្តី​​កម្ពុជានៅតុលាការ​អន្តរជាតិ​​​ឆ្នាំ​​១៩៦២ ។​
សម្តេច​បានសង្កត់ធ្ងន់​ថា ឥឡូវនេះ​​កម្ពុជា​​បានត្រៀម​​លក្ខណៈ​រួចរាល់​​អស់​ហើយ សម្រាប់​​​អ្នកសង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​​ដែលមក​កាន់​តំបន់​​ជម្លោះ​​ឆាប់​ៗ​នេះ ​​គឺ​កម្ពុជា​ត្រៀម​​កន្លែង​​១៤​ចំណុច សម្រាប់​​អ្នកសង្កេត​ការណ៍​ទាំង​នោះ ដើម្បី​​បង្ក​លក្ខណៈ​​ងាយស្រួល​ដល់​​ពួកគេ​​បំពេញ​តួនា​ទី​​ពិនិត្យ​មើល​ការ​ខូចខាត ពិនិត្យមើល​ទ្រង់​ទ្រាយ​ជម្លោះ​ ពិនិត្យ​មើល​​​អ្នក​​បង្ករឿង ​និង​ពិនិត្យមើល​​ភាពគិតយុត្តិ​​របស់​​ប្រទេស​ភាគី​ជម្លោះ​​នីមួយៗ ​បើ​ទោះ​ជាភាគីថៃ​​មិនឆ្លើយ​​​តប​ទាន់ពេល​វេលា​​ក៏ដោយ ។​​ ចាប់ពីពេលនេះ​ទៅ ការ​​ចរចា​ទ្វេ​ភាគី​​ផ្សេងៗ ជាមួយថៃ គឺ​មានតែ​ពាណិជ្ជ​កម្ម​-សេដ្ឋ​កិច្ច​ ទេសចរណ៍​...​​ប៉ុណ្ណោះ ​ប៉ុន្តែ​​សម្រាប់​ជម្លោះ​​ព្រំដែន​​ និងការ​ចង់​​លេបត្របាក់​​ព្រះវិហារ គឺត្រូវ​​ធ្វើឡើង​​មានអ្នក​​ទី​៣ចូល​រួម​...​អាស៊ាន​​ ឬ​អន្តរ​​ជាតិ​...​និងជា​​ចុង​ក្រោយ​​​គឺត្រូវ​​ឆ្ពោះទៅ​​​កាន់​តុលាការ​​យុត្តិធម៌​អន្តរ​ជាតិ ដើម្បី​​ស្នើ​ឱ្យ​​​បក​ស្រាយសាលក្រម​ស្ថាពរ​ដែល​​តុលាការ​នេះ​​បាន​សម្រេច​តាំង​ពី​ឆ្នាំ​​១៩៦២​មកនោះ ៕

រ៉េត​ រ៉ា​ដា ល្បី​តាម​រយៈ​បទ​«មនុស្ស​ប្រុស​ហេង​ស៊យ»និង​បទ «ប្តី​ខ្ញុំ​ទេ​នាង»

Posted: 02 Mar 2011 10:38 PM PST

កញ្ញា រ៉េត រ៉ាដា
កញ្ញា រ៉េត រ៉ាដា
កញ្ញា រ៉េត រ៉ាដា

រាជ​ធានី​ភ្នំពេញ​ ៖ កញ្ញា​រ៉េត រ៉ា​ដា ក្នុង​វ័យ​២៣​ឆ្នាំ​ដ៏​ស្រស់​សោភាបាន​ក្លាយ​ជា​អ្នក​ចំរៀង​តាមរយៈការ​ប្រឡង​ក្នុង​កម្ម​វិធី​ស្ពាន​តារា​នៃ​ស្ថានីយ​ទូរ​ទស្សន៍​ CTN ជាប់​ចំណាត់​ថ្នាក់​លេខ​១​នា​ឆ្នាំ​២០០៨​ ហើយ​នៅ​ឆ្នាំ​២០០៩​នាង​បាន​​ថត​សំលេង​ចូល​ស៊ី​ឌី​ និង​សំដែង​​កាយ​វិការ​​ខារ៉ា​អូ​ខេ​ឱ្យ​ផលិត​កម្ម​ស្វាង​តារា​ និង​ច្រៀង​ជា​កិត្តិ​យស​តាម​​កម្ម​វិធី​​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​របស់​​ស្ថានីយ​ទូរ​ទស្សន៍​​នានា​ផង​ដែរ​។ តាម​រយៈ​ទឹក​ដម​សម្លេង​ពីរោះ​គួប​ផ្សំ​នឹង​រូប​សម្ផស្ស​ស្រស់​ស្អាត​ផង​នោះ​នៅ​ពេល​​កញ្ញា​រ៉ា​ដា​ឡើង​​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​​តាម​ស្ថានីយ​ទូរ​ទស្សន៍​នានា​ម្តងៗ​គេ​​សង្កេត​ឃើញ​មាន​អ្នក​ទស្សនា​​ផ្ទាល់​​ទះ​ដៃ​សំដែង​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​កុះ​ករ ជា​ពិសេស​នោះ​យុវ​វ័យតែ​ម្តង​។ ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ​នៅ​ពេល​នាង​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ថ្ងៃ​អាទិត្យ​​ក្នុង​កម្ម​វិធី​តន្ត្រី​យុ​វវ័យ​រីក​រាយ​ របស់​ស្ថានីយ​ទូរ​ទស្សន៍​​អប្សរា​ប៉ុស្តិ៍​លេខ​១១ តាម​រយៈ​បទ​«មនុស្ស​ប្រុស​ហេង​ស៊យ» និង«​បទ​ប្តី​ខ្ញុំ​ទេ​នាង​» ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រិយ​មិត្ត​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ​។

កញ្ញា​រ៉េត រ៉ា​ដា តារា​ថ្មី​ទើប​រះ​ឡើង​ក្នុង​រយៈ​ពេល​​២​ឆ្នាំ​មក​នេះ​ទទួល​ជោគ​ជ័យ​ជាបន្ត​បន្ទាប់​ ហើយ​ធ្លាប់​បាន​យុវ​វ័យ​ទទួល​ស្គាល់​តាម​រយៈ​បទខូច​ខ្លួ​​ន​កុំ​ខូច​ចិត្ត​ ហើយ​ក្នុង​ឆ្នាំ​២០១១​នេះ​កំពុង​ត្រៀម​​ចេញ​បទ​ថ្មីៗ​ជា​ច្រើន​ទៀត​ដូច​ជា​បទ​ ហេតុ​ផល​ចំលែក​ បទ​ឆូត​កាត​ទៅ​លេង​ស្រុក​ ជា​ដើម​។
កញ្ញា​រ៉េត រ៉ា​ដា និយាយ​ថា ថ្វី​បើ​សព្វ​ថ្ងៃ​នាង​ពុំ​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ​យ៉ាង​ណា​ក្តី​ក៏​នាង​មាន​ចិត្ត​សប្បាយ​រីក​រាយ​ក្នុង​អាជីព​ដែរ​ ហើយ​កំពុង​តែ​កសាង​កេរ្តិ៍​ឈ្មោះ​​តាម​រយៈ​ការថត​សំលេង​ចូល​ស៊ី​ឌី​ និង​សម្តែង​ខារ៉ា​អូខេ​ និង​ឡើង​ច្រៀង​ជាកិត្តិ​យសក្នុង​​កម្ម​វិធី​ប្រគំ​តន្ត្រី​របស់​​ស្ថានីយ​ទូរ​ទស្សន៍​នានា​ស្ទើរ​រាល់​សប្តាហ៍​ ​។
កញ្ញា​រ៉េត រ៉ា​ដា ជា​អ្នក​រាជ​ធានី​​ភ្នំ​ពេញ​មាន​បង​ប្អូន​៧​នាក់​ ក្នុង​នោះ​ប្រុស​៣នាក់​ ចំណែករូប​​​នាង​ជា​កូន​ទី​៥​ក្នុង​គ្រួសារ ៕

អគ្គីភ័យ​បាន​ឆាបឆេះ​​សន្ធោសន្ធៅ​​​ផ្ទះ​​២​ល្វែង​នៅ​​សង្កាត់​​ផ្សារ​កណ្តាល​​១ទាំងស្រុង

Posted: 02 Mar 2011 10:27 PM PST

រថយន្តកំពុងបាញ់ទឹកពន្លត់ភ្លើង

រាជធានីភ្នំពេញ ៖ ផ្ទះ​ប្រជា​ពលរដ្ឋ​​​២ល្វែង​​ធ្វើអំពី​ថ្មក្រោម ​ឈើខាងលើ ​លេខ​៧១​និង​៧៣​Eo ត្រូវបានអគ្គីភ័យ​​ឆាបឆេះ​​យ៉ាង​សន្ធោសន្ធៅ​​​ខ្ជាក់​ផ្សែង​ខ្មៅ​អាប់ ​ហុយ​ឡើងទៅលើអកាស​វេហាស៍​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ និង​​តក់ស្លុត​យ៉ាងខ្លាំង​​ពីសំណាក់​​​អ្នក​រង​គ្រោះ​​ និង​​អ្នក​រស់នៅ​ក្បែរ​នោះ​​ កាលពីវេលា​ម៉ោង​​​៩​និង​​៣០នាទីព្រឹក​ថ្ងៃទី​​​​៣ មីនា ២០១១ លើ​កំណាត់​ផ្លូវ​​លេខ​១៣៦ សង្កាត់​​ផ្សារ​កណ្តាល​១ ខណ្ឌ​​ដូនពេញ...ចំណែក​​មនុស្ស​​ម្នាជាច្រើន​​បានទៅ​ចោមរោម​​មើល​ហេតុ​ការណ៍​​​វិនាស​កម្ម​​​នេះ​យ៉ាង​កក​កុញ បណ្តាល​ឱ្យ​​​កកស្ទះ​​ចរាចរណ៍​ផង​ដែរ ​ខណៈឡាន​ទឹក​ពន្លត់​​អគ្គីភ័យ​​​របស់សមត្ថកិច្ច​​ពី​៦ទៅ​៧​គ្រឿង កំពុង​ចេញ​-ចូល​​បង្ក្រាប​​ភ្លើង​​ឥត​ដាច់​រយៈ ។

បុរស​ម្ចាស់​ផ្ទះ​លេខ​​៧១Eo ឈ្មោះ​សែស រិទ្ធ ​អាយុ​​​៤៨​ឆ្នាំ ជាមន្ត្រី​​យោធា​ម្នាក់ ​ពេល​អគ្គីភ័យ​​កំពុងឆាបឆេះ​​ប្រពន្ធរបស់​គាត់​បាន​តក់ស្លុត​រហូត​ដល់សន្លប់​បាត់ស្មារតី​...​ចំណែក​​បុរស​​ម្ចាស់​​ផ្ទះ​លេខ​​​៧៣Eo ឈ្មោះឡោ ​វ៉ាន់ថា អាយុ​​​​៤៦​ឆ្នាំ ​ជា​អ្នក​​លក់​ដូរ មុនពេល​ភ្លើង​ឆេះ​​​ គាត់បាន​​ចាក់​សោ​​ផ្ទះ​​ចោល​ ដោយទុក​​កូនស្រីអាយុ​​៤​ឆ្នាំ គ-ថ្លង់​​ឱ្យ​នៅក្នុង​ផ្ទះ​​ម្នាក់​ឯង ​ប៉ុន្តែ​​នាង​មាន​វាសនា​​ខ្ពស់​បាន​​រួចផុតពីសេចក្តីស្លាប់​ដោយសារ​តែ​អ្នកជិត​ខាង​​​ទម្លាយ​​​សោ​យក​នាង​ចេញ​មក​ក្រៅ​​​ទាន់ពេលវេលា ។ ​តាមប្រភពព័ត៌​មាន​​ជំហាន​ដំបូង​​បាន​ឱ្យ​​ដឹ​ងថា ​មូលហេតុនៃ​ការ​ឆាប​ឆេះ​​នេះគឺបណ្តាល​មកពីផ្ទះ​សង់ថ្មីជាប់​នោះ​​ (កម្ពស់​​ច្រើនជាន់​) ជាង​ផ្សារ​​ដែក​ធ្វើ​​ឱ្យធ្លាក់​​កម្ទេច​​ផ្កាភ្លើង​​មកលើ​ដំបូល​ស័ង្កសី​ ​និង​ប៉ះ​ចំ​ឈើ ឬ​ប៉ះ​ចំ​​វត្ថុស្ងួត​ណាមួយ​ងាយស្រួល​​ឆាប​ឆេះ​ ទើប​កើត​​ជា​​អណ្តាត​ភ្លើងតែ​ម្តងទៅ ។

មកដល់​វេលាម៉ោង​​១១ព្រឹក​​ថ្ងៃដដែល ​អគ្គី​ភ័យ​នេះត្រូវបាន​សមត្ថកិច្ច​បាញ់ទឹក​ពន្លត់​​ឱ្យ​​ក្រាប​​រាប​សូន្យសុង​ហើយ​ ​បន្សល់តែ​​ផ្សែង​ពណ៌​​ស​ហុយ​​រសាត់​​យឺតៗតែប៉ុណ្ណោះ និង​គំនរ​​ផេះ​ផង់​​លាយឡំ​​ជាមួយ​កំណាត់ធ្យូង​...​លំនៅឋាន​​២​ល្វែង​​ជាប់គ្នា​​នេះត្រូវ​​បានអគ្គីភ័យ​​ឆាបឆេះ​​លេប​ត្របាក់​​អស់ទាំង​ស្រុង ចំណែក​​ទ្រព្យសម្បត្តិ​​ក៏ត្រូវ​​បានជញ្ជូន​​ចេញរួច​​តិចតួចផងដែរ​...​តែទោះ​​​ជា​យ៉ាង​ណា សមត្ថកិច្ច​​បានប្រឹង​​ប្រែង​បាញ់ទឹក​​ពន្លត់​​​យ៉ា​ងស​កម្ម ​មិន​ឱ្យ​ឆេះ​រាលដាល​​ទៅដល់​ផ្ទះ​​ល្វែង​​ជាប់នេះ​​ទៀត​ទេ ​ដោយគ្រាន់​​ជះអណ្តាត​ភ្លើង​​រោល​​ខ្មៅ​ជុំវិញ​​ផ្ទះជិត​ខាង​​ខ្លះៗ​តែប៉ុណ្ណោះ៕

អ្នក​កាសែត​ម្នាក់​ត្រូវ​ក្មេង​ស្ទាវ​ស្រវឹង​វាយ​បែក​ក្បាល​ ខណៈ​ដេក​ចាំ​ប្រមាញ់​អ្នក​ដឹក​ឈើ

Posted: 02 Mar 2011 07:58 PM PST

ជន​សង្ស័យ​២​នាក់ត្រូវ​ចាប់​ខ្លួន និងអ្នក​កាសែត​ដែល​ក្មេង​ស្ទាវ​​​រយះ​​ក្បាល​ដេរ​៥​ថ្នេរ

ខេត្ត​សៀម​រាប ៖ ភ្នាក់​ងារ​កាសែត​ក្រុង​កម្ពុជា​ម្នាក់​ប្រចាំ​នៅ​ស្រុក​​សូទ្រ​និគម ត្រូវ​បាន​យុវ​ជន​២​នាក់ ស្ថិត​ក្នុង​សភាព​ស្រវឹង​ជោក​ជាំ ​កាប់​ក្បាល​នឹង​​ពូថៅ​បណ្តាល​ឱ្យ​​រយះ​ដេរ​៥​ថ្នេរ កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៧ កុម្ភៈ នៅ​ក្នុង​ភូមិ​ត្រពាំង​ថុង ឃុំ​ពពេល ស្រុក​សូទ្រ​និគម ខណៈ​ពេល​កំពុង​ដេក​​លង់​លក់​នៅ​ក្នុង​អង្រឹង​ចាំ​ឃ្លាំ​មើល​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មីនា ជន​សង្ស័យ​២​នាក់​ក្នុង​នោះ​ម្នាក់​ជា​ក្មេង​ទំនើង​ប្រចាំ​ភូមិ និង​ម្នាក់​ទៀត​ជា​មន្ត្រី​បំរើ​ការ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​​នគរ​បាល​ស្រុក​សូទ្រ​និគម ប៉ុន្តែ​ជន​ដៃ​ដល់​ទាំង​២​នាក់​នោះ​មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​តុលា​ការ​ដើម្បី​​​ធ្វើ​ការ​ចោទ​ប្រកាន់​ទេ គឺ​ត្រូវ​ដោះ​លែង​វិញ ក្រោយ​ពី​សំរួល​ដោះ​ស្រាយ​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​រួច​ហើយ។

លោក​អនុ​សេនីយ៍​ឯក ហេង សំណាង អធិ​ការ​រង​នគរ​បាល​ស្រុក​សូទ្រ​និគម ទទួល​បន្ទុក​ព្រហ្ម​ទណ្ឌ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ឈ្មោះ​ទុំ មោង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់​នៅ​​ក្នុង​ភូមិ​បុស្ស ឃុំ​ដំដែក ស្រុក​សូទ្រ​និគម ជា​អ្នក​យក​ព័ត៌​មាន​​ឱ្យ​កាសែត​ក្រុង​កម្ពុជា បាន​រង​របួស​បែក​​ថ្ងាស​រយះ​ដេរ​៥​ថ្នេរ។ ចំណែក​ជន​សង្ស័យ​បង្ក​អំពើ​ហិង្សា​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ម្នាក់​ឈ្មោះ​សាំ ហាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​កើត​ហេតុ និង​ម្នាក់​ទៀត​ឈ្មោះ​ហៀន ហង់ រស់​នៅ​ភូមិ​តាពេញ ឃុំ​ខ្នង​ភ្នំ ស្រុក​ស្វាយ​លើ ជា​មន្ត្រី​ឧទ្យានុ​រក្ស​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ប៉ុន្តែ​ត្រូវ​បាន​លោក​ហង្ស សាវុធ នាយក​ឧទ្យាន​ជាតិ​ភ្នំ​គូលែន បញ្ជូន​មក​យាម​ដី​របស់​គាត់​នៅ​ភូមិ​កើត​ហេតុ។

លោក​អនុ​សេនីយ៍ឯក ហេង​ សំណាង បាន​បញ្ជាក់​ថា នៅ​យប់​កើត​ហេតុ​ជន​រង​គ្រោះ​ដែល​ជា​អ្នក​កាសែត​របស់​អង្គ​ភាព​ក្រុង​កម្ពុជា រួម​ជា​មួយ​អ្នក​កាសែត​ម្នាក់​ទៀត​បាន​ទៅ​ចង​អង្រឹង​ដេក​នៅ​តាម​ផ្លូវ​ក្នុង​ភូមិ​កើត​ហេតុ ដើម្បី​ចាំ​​ឃ្លាំ​មើល​បទ​ល្មើស​ព្រៃ​ឈើ ហើយ​បក្ស​ពួក​ជន​ដៃ​ដល់​បាន​ផឹក​ស្រាស​នៅ​ក្បែរ​នោះ​ដែរ លុះ​ដល់​ពេល​ស្រវឹង​ជោក​ជាំ​មិន​ដឹង​ជា​មាន​គំនុំ​​តាំង​ពី​ពេល​ណា​មក​ ក៏​យក​​ពូថៅ​កាប់​​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​​ថ្ងាស​បណ្តាល​ឱ្យ​បែក​ហូរ​ឈាម​ដេរ​៥​ថ្នេរ។ ចាង​ហ្វាង​កាសែត​ក្រុង​កម្ពុជា លោក​សំ​ វិចិត្រ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២ មីនា ​បាន​ថ្លែង​ថា លោក​​កំពុង​តែ​ជំរុញ​ឱ្យ​សមត្ថ​កិច្ច​ជួយ​អន្តរា​គមន៍​ចាត់​ការ​ទៅ​តាម​ច្បាប់ ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ឱ្យ​កូន​ចៅ​របស់​លោក​ចំពោះ​ករណី​​កាប់​ឱ្យ​រង​របួស​យ៉ាង​ដំណំ​បែប​នេះ។

លោក​ទុំ ​មោង ដែល​ត្រូវ​គេ​​​កាប់​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា កាល​ពី​វេលា​​​យប់​កើត​ហេតុ​​ខ្លួន​បាន​ទៅ​សុំ​រោង​របស់​ឈ្មោះ​​សាំ ដែល​ត្រូវ​ជា​ឪពុក​ឈ្មោះ​សាំ ហាក់ ដើម្បី​ចង​អង្រឹង​ដេក​​ចាំ​ឃ្លាំ​មើល​សកម្ម​ភាព​ដឹក​ជញ្ជូន​​ឈើ​ខុស​ច្បាប់​​ឆ្លង​កាត់​​ផ្លូវ​នេះ ។ លោក​ទុំ​​មោង បាន​បន្ត​ថា ​នៅវេលា​ម៉ោង​​ជាង​១០​យប់ ខណៈ​ខ្លួន​​កំពុង​ដេក​ក្នុង​​អង្រឹង ស្រាប់​តែ​មាន​មនុស្ស​ពីរ​នាក់​ម្នាក់​កាន់​ពូថៅ និង​ម្នាក់​ទៀត​​កាន់​ដំបង​ដើរ​សំដៅ​ចូល​មក​ ដោយ​អ្នក​កាន់​ដំបង​​បាន​វាយ​​បំបែក​អំពូល​ភ្លើង​ដើម្បី​ឱ្យ​ងងឹត​ ចំណែក​អ្នក​កាន់​ពូថៅ​ស្ទុះ​ចូល​មក​កាប់​ក្បាល​របស់​ខ្លួន​ដែល​កំពុង​តែ​ដេក​ក្នុង​អង្រឹង​​បណ្តាល​ឱ្យ​រង​របួស​ជា​​ទម្ងន់ ហើយ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​រួច​ពួក​គេ​បាន​រត់​គេច​ខ្លួន​បាត់ ។ លោក​អនុ​សេនីយ៍​ឯក ហេង សំណាង ​នៅ​រសៀល​ថ្ងៃ​​​ដដែល​ប្រាប់​ថា ​ជន​សង្ស័យ​ទាំង​ពីរ​នេះ​អាច​ត្រូវបាន​បញ្ជូន​ទៅ​កាន់​តុលា​ការ​ច្រើន​ជាង បន្ទាប់​ពី​ពួក​គេ​បាន​យល់​ព្រម​​ធ្វើ​ការ​​សម្រប​សម្រួល​ដោយ​ព្រម​បង់​លុយ​​ចំនួន​៥​ពាន់​ដុល្លារ​ទៅ​ឱ្យ​ជន​រង​គ្រោះ​តែ​​គ្មាន​លុយ​បង់​ទាន់​ពេល​ ។

​ទាក់​ទិន​​ទៅ​នឹង​ករណី​ដែល​សមត្ថ​កិច្ច​គ្រោង​ធ្វើ​ការ​បញ្ចប់​រឿង​នោះ ​លោក​ទី សុវិន​​ថាល់ ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​សៀម​រាប​បាន​មាន​ប្រសាសន៍​​ថា រាល់​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​សមត្ថ​កិច្ច​មន្ត្រី​នគរបាល​​យុត្តិ​ធម៌​មិន​​មាន​សិទ្ធិ​ដោះ​លែង​បាន​ទេ ត្រូវ​តែ​បញ្ជូន​សំណុំ​រឿង​​​ទៅតុលា​ការ​ ហើយ​ការ​ឃុំ​ខ្លួន​ ឬ​មិន​ឃុំ​វា​ជា​ឆន្ទានុ​សិទ្ធិ​របស់​តុលា​ការ៕

ទិវាស្លៀក​​តែ​សម្លៀក​បំពាក់ក្នុង​​រៀបចំ​ឡើង​នៅ​​ប្រទេស​ប្រេស៊ីល

Posted: 02 Mar 2011 07:49 PM PST

ទិដ្ឋភាពក្នុងទិវានៅប្រេស៊ីល

តារាម៉ូដែល​​ប្រុស-ស្រី​​ប្រេស៊ីល​​​ជាច្រើន​នាក់ កាលពីថ្ងៃទី​​​២ មីនា កន្លងមក បានប្រមូលផ្តុំគ្នា​​នៅ​​ស្ថានីយ​​ចំណត​រថយន្ត​​ក្រុង​​មួយ​​ក្នុងទីក្រុង​​ប្រេស៊ី​​លីយ៉ា​ ដើម្បី​​ចាប់​ផ្តើម​​​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​​មាន​ឈ្មោះ​ថា «ទិវា​ស្លៀក​តែ​ស​ម្លៀក​បំពាក់​​ក្នុង​ប្រចាំ​​ឆ្នាំ​របស់​​ប្រេស៊ីល​» ។​​ ក្នុង​​ការប្រមូលផ្តុំ​គ្នា​​នេះ​​តារាម៉ូដែល​ទាំងអស់​​ស្លៀកតែ​​សម្លៀក​បំពាក់​ក្នុង​ ហើយឈរ​​តំរៀប​គ្នា​​នៅ​តាម​កាំជណ្តើរ​​ឱ្យគេ​ថត​​ទាក់ទាញ​​ឱ្យមានការ​​ចាប់អារម្មណ៍​​បំផុត​ពី​មនុស្ស​ផងទាំង​ឡាយ ។​
ក្នុង​ព្រឹត្តិការណ៍​នេះ​តារាម៉ូដែល​ទាំង​នោះ​ស្លៀក​​​សម្លៀក​បំពាក់​ក្នុងចម្រុះ​​​​ពណ៌មើលទៅ​​គួរ​ឱ្យចាប់អារម្មណ៍បំផុត​ ៕

លីប៊ី ៖ ស្លាប់​៦.០០០នាក់​​​តាំង​ពី​​ចាប់ផ្តើម​​ការបះបោរ​មក

Posted: 02 Mar 2011 07:42 PM PST

​

សហរដ្ឋអាមេរិក​​​បានពិចារណា​លើដំណោះ​ស្រាយ​​​ជាច្រើន​​​ដើម្បី​​ធ្វើ​ឱ្យ​លោកកាដាហ្វី សុខ​ចិត្ត​​ចុះញ៉ម ។ ការហាម​​ហោះហើរលើ​​ប្រទេស​លីប៊ី ​នឹង​ជា​លទ្ធ​ភាព​មួយ ។ សហភាពអឺរ៉ុប​សម្រាប់​ពេល​នេះ នៅ​​រារែក​​ចំពោះ​​អន្តរាគមន៍​​យោធា​មួយ ។​ ការ​​ប្រយុទ្ធ​គ្នា​​យ៉ាង​សាហាវ​​នានាកើត​​មាន​នៅ​ទីក្រុង BREGA ដែលមានទីតាំង​​​ប្រេង​កាត​ដ៏សំខាន់មួយ​ស្ថិតនៅ​ចម្ងាយ​​២០០គីឡូម៉ែត្រ ​ពី​ក្រុង​​បេនហ្គា​​ហ្ស៊ី ។ ​សភាពការណ៍​មនុស្សធម៌​​​កាន់​តែ​​ពិបាក​ខ្លាំងឡើង​​ដោយ​យោង​តាម​​ប្រទេស​អ៊ី​តាលី​​ថា ពួកអន្តោ​ប្រវេសន៍​​ដល់ទៅ​​១,៥​​លាន​នាក់ ​ប៉ុនប៉ង​រត់ភៀស​ខ្លួន​​ចេញពីលីប៊ី​។​

យោងតាម​​អ្នកនាំពាក្យ​​ម្នាក់របស់​សម្ព័ន្ធ​​សិទ្ធិ​មនុស្ស​​លីប៊ី លោក ALI ZEIDAN ថា អំពើ​ហិង្សា​តាំង​ពី​​ចាប់​ផ្តើម​ការ​​បះបោរ​​នៅលីប៊ី​​​មក បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់​​​៦.០០០នាក់ ​ហើយ​ក្នុង​នោះ​​៣.០០០​នាក់​ក្នុងទីក្រុង​​ទ្រី​ប៉ូលីតែ​មួយគត់។​ នាវា​ចម្បាំង​អាមេរិក​​​២គ្រឿង​​ក្នុង​នោះ​​មាន​​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​​ USS KEARSARGE បានឆ្លង​កាត់​ព្រែក​​ជីកស៊ុយអេ ទៅកាន់​​សមុទ្រ​​មេឌី​ទែរ៉ាណេ ដើម្បី​​ទៅបោះទីតាំង​​នៅក្នុង​​ដែន​ទឹក​​លីប៊ី ។ ​​ប្រទេសបារាំង​​បានបញ្ជូន​​នាវា​​ផ្ទុក​ឧទ្ធម្ភាគចក្រ​​មួយគ្រឿង​​ធុន MISTRAL ​ដើម្បី​​ចូលរួម​ក្នុង​​ការ​​ជ​ម្លៀស​ពលករ​អេហ្ស៊ីប​ទាំង​ឡាយ ​ដែលជាប់​​គាំង​ឱ្យមក​កាន់​អេហ្ស៊ីប​ក្នុង​ក្រប​ខណ្ឌ​​នៃ​វិធានការ​ដែល​សម្រេច​​ដោយសហ​ភាពអឺរ៉ុប ។​

ចំណែក​​តុលាការ​​ឧក្រិដ្ឋ​​កម្ម​អន្តរជាតិ​​ប្រកាស​ពី​ការ​បើកការ​ស៊ើបអង្កេត​​ផ្លូវការ​មួយលើ​លទ្ធ ភាព​​នៃឧក្រិដ្ឋ​កម្ម​ប្រឆាំ​ងមនុស្ស​​ជាតិ​នៅលីប៊ី ។ រដ្ឋអាជ្ញា លោក LUIS MORENO OCAMPO នឹង​​ប្រកាស​​នា​ថ្ងៃទី​​៤ មីនា​ ពីឈ្មោះ​​របស់​​មនុស្ស​​ទាំងឡាយ​ដែលជាប់​​ក្នុងការ​ស៊ើប​អង្កេត​​នេះ ៕​

រថយន្ត​ក្រុង​​ដឹកអ្នក​ដំណើរ​​កៀរ​​ដៃចង្កូច​ម៉ូតូ​របួសធ្ងន់​មនុស្ស​​៣នាក់

Posted: 02 Mar 2011 07:21 PM PST

​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ទេសចរណ៍​​មួ​យ​គ្រឿង
បណ្តាល​ឱ្យ​ដួល​​​រងរបួស​​យ៉ាង​ធ្ងន់​ធ្ងរ​​​ដល់​​មនុស្ស​៣​នាក់​

ខេត្ត​ស្វាយ​​រៀង​​ ៖ ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ទេសចរណ៍​​មួ​យ​គ្រឿង​កៀរ​ដៃ​ម៉ូតូ​​​​បណ្តាល​ឱ្យ​ដួល​​​រងរបួស​​យ៉ាង​ធ្ងន់​ធ្ងរ​​​ដល់​​មនុស្ស​៣​នាក់​ ក្នុង​នោះ​​​មាន​ស្ត្រី​​២​នាក់​​​​​​ កាលពី​ថ្ងៃទី​២៨ កុម្ភៈ​ វេលា​ម៉ោង​​១១​និង​៣០​នាទី​​ព្រឹក​ នៅលើ​កណាត់​ផ្លូវ​ជាតិ​លេខ​១ ចំណុច​ទល់​មុខ​​​វិទ្យា​ល័យ​ហ៊ុន សែន ចេក ស្ថិត​ក្នុងភូមិ​​ទទា សង្កាត់​ចេក ​ក្រុង​ស្វាយ​រៀង ។

អ្នក​រង​គ្រោះទាំង​៣​​នាក់​ ​​១-​ឈ្មោះ​ឃួន វណ្ណី អាយុ​៤៤ឆ្នាំ ​ភេទ​ស្រី​ របួស​​បាក់​ដៃ​ឆ្វេង ​​​និង​បែក​ក្បាល ​ផុងលលាដ៍​​សន្លប់​​ ២-ឈ្មោះ​​គង់ សារិន ​ភេទ​ស្រី​ អាយុ​​​២៨​ឆ្នាំ បាក់​ដៃ​​ឆ្វេង ​និង​បែកក្បាល​ធ្ងន់​ធ្ងរ​​ ស្ត្រីទាំងពីរ​​នាក់​​មាន​ទីលំនៅ​​ភូមិ​ដូនទង់ ឃុំ​ប្រាសាទ​ ស្រុក​ កំពង់​ត្របែក ​ខេត្ត​​ព្រៃវែង​ និង​៣-ឈ្មោះ​​នួន ពុទ្ធីដា ភេទ​ប្រុស អាយុ​២៣ឆ្នាំ រងរបួស​ដៃ​ខាង​ឆ្វេង និង​​ដាច់​​ស្បែក​ក្បាល​​​ដល់​​លលាដ៍​​​​សន្លប់​​ ។ បុរស​រង​គ្រោះ​រស់​នៅ​ភូមិ​កៀន​សាំង សង្កាត់​ស្វាយ​​រៀង ក្រុង​ស្វាយ​រៀង ជាអ្នក​រត់​ម៉ូតូឌុប​។​

ឈ្មោះ​នួន ពុទ្ធីដា បាន​ប្រាប់​កោះ​សន្តិភាព​​ថា រូបគេ​​បាន​ឌុប​ស្ត្រីរងគ្រោះ​ពីរង្វង់​មូល​មុខ​សាលា​ដំបូង​ខេត្ត​គោល​បំណង​ទៅកាន់​ផ្សារ​​ក​អណ្តើក​​​​ខេត្ត​ព្រៃវែង​ ។ ពេល​កំពុង​ធ្វើ​ដំណើរ​នោះ​ស្រាប់​តែ​​មាន​រថយន្ត​ទេសចរ​ណ៍​មួយ​គ្រឿង​បើក​វ៉ា​​ម៉ូតូ​ហើយ​បត់អែប​ខាង​ស្តាំ​ធ្វើ​ឱ្យ​​កន្ទុយ​រថយន្ត​កៀរ​​ដៃម៉ូតូ​​​បណ្តាល​ឱ្យ​ដួលនៅលើ​ថ្នល់​​បង្កការ​គ្រោះ​ថ្នាក់​បែបនេះ​តែម្តង​។ រីឯរថយន្ត​​ទេសចរណ៍​បាន​បន្ថែម​ល្បឿន​បើក​រត់​ តែដោយ​អ្នក​ស្រុក​​បានស្គាល់​ស្លាក​លេខ​​​រថយន្ត​​​ ក៏​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ចរាចរណ៍​ដេញ​​តាម​ចាប់​បាន​នៅ​កំពង់​ចម្លង​​អ្នក​លឿង ។ ​​រថយន្ត​​​​ទេសចរណ៍​ម៉ាក​គា ​ពណ៌​ខៀវ​​ ពាក់​​ស្លាក​លេខ​​ភ្នំពេញ​ 3B-9993 របស់​ក្រុម​ហ៊ុន​​វ៉ាន​វ៉ិច​ធ្វើ​ដំណើរ​​​ស្របគ្នា​​ក្នុង​ទិស​​ដៅ​ពី​​កើត​ទៅលិច ៕​

លោក​កា​ដា​ហ្វី​ធ្វើ​ការ​វាយបក​ ហើយ​សន្យា​​ធ្វើសង្គ្រាម​​ក្នុង​ករណី​មា​ន​អន្ត​រាគមន៍​របស់បរទេស

Posted: 02 Mar 2011 07:16 PM PST

លោក​មូ​អាម៉ា កា​ដា​ហ្វី

ខណៈ​ដែលការបះបោរ​​របស់​ប្រជា​ជន​​លីប៊ី ​​​​ចូលដល់​សបា្តហ៍​​ទី៣​ លោក​មូ​អាម៉ា កា​ដា​ហ្វី ​បាន​ធ្វើ​ការ​វាយ​តប​វិញ​​កាលពី​​ថ្ងៃទី២ មីនា ​ដោយ​សន្យា​ថា ​មនុស្ស​ជា​ច្រើន​ពាន់នាក់​​នឹង​ត្រូវស្លាប់​ក្នុង​ករណី​មាន​អន្តរា​គមន៍​​របស់​លោក​ខាង​លិចចូល​លីប៊ី ។ លោក​កាដា​ហ្វីបានបញ្ជូន​កង​ទ័ព​ និង​​យន្ត​ហោះ​ប្រដេញ​វាយ​ប្រហារ​​លើ​ភាគ​ខាង​កើត​​ប្រទេស​ត្រួតត្រា​ដោយ​ពួកបះបោរ ។

នៅទៅ​ក្រុង​​ទ្រីប៉ូលី លោកកា​ដាហ្វី បាន​បង្ហាញ​​ខ្លួននៅ​មុខពួកអ្នកគាំទ្រ​​លោក ក្នុង​ឱកាស​នៃពិធី​មួយ​ដែលកំណត់​ខួបលើក​ទី៣៤ នៃ​ការ​បង្កើត​អំណាច​មហាជន​ក្នុង​ប្រទេស ។ ក្នុង​សុន្ទរក​ថា​យ៉ាង​វែង​​មួយ​មានរយៈ​ពេល​ជាង​២​​ម៉ោង​កន្លះ លោក​កា​ដា​ហ្វី​ថ្លែង​ថា យើង​មិន​អាច​អនុញ្ញាត​ឱ្យពួក​អាមេរិក​ ឬ​លោកខាង​លិច​ធ្វើ​អន្តរា​គមន៍​​ចូលលីប៊ី​ឡើយ ។​​ ប្រសិនបើ​ពួកគេ​ធ្វើ​នោះ​​ពួកគេត្រូវ​ដឹង​ថា​ ពួក​គេ​នឹងធ្លាក់​ក្នុង​ឋាន​​នរក និងក្នុង​សមុទ្រ​ឈាម​យ៉ាង​អាក្រក់​ជាងនៅ​អ៊ីរ៉ាក់ ឬ​អាហ្វ​ហ្គានី​ស្ថានទៅ​ទៀត ។ យើង​នឹង​​ចែក​អាវុធដល់​មនុស្ស​​ច្រើន​លាន​​នាក់ ហើយនោះ​នឹង​ជា​វៀត​ណាម​ថ្មីមួយ ។

ដោយ​អះ​អាង​ថា លោក​នឹង​មិន​ចាក​ចេញ​ពី​ប្រទេស​​ដាច់​ខាត និង​ថា​លោក​នឹង​មិនបោះបង់​ចោល​អំណាច​​ លោក​កា​ដា​ហ្វី​បានចោទ​ប្រកាន់​​ជាថ្មី​ដល់​បណ្តាញ​អាល់កៃ​ដា​ថា ជា​ប្រភព​នៃ​ការ​បះ​បោរ​​នេះ​ ហើយសន្យា​​លើក​លែង​ទោស​ឱ្យ​​ចំពោះ​ពួកអ្នក​ដែលប្រគល់​អាវុធ​​ ហើយ​លោក​អះ​អាង​​ទៀតថា ​ពុំ​មាន​បាតុកម្ម​នៅលីប៊ីឡើយ។

​ការប្រយុទ្ធ​គ្នា​មានការ​កើន​ឡើង​នៅ​ភាគ​ខាង​កើត​​​លីប៊ី ។ ​នៅក្រុង​បេនហ្គា​ហ្ស៊ី​ជា​ចំណុច​កណ្តាល​នៃ​ការ​បះ​បោរក្រុម​ប្រឹក្សា​ជាតិលីប៊ី ​បង្កើត​ឡើង​កាលពីថ្ងៃទី២៧ កុម្ភៈ កន្លង​មក​នេះ ដែលមាន​អតីត​រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌​​លោក MOUSTAFA ABDELDJEIL ​ជា​ប្រមុខ​បានស្នើ​សុំ​ជំនួយ​ដោយ​សុំ​ឱ្យ​អ.ស.ប បញ្ជូន​យន្ត​ហោះ​វាយប្រហារ​ទីតាំង​បង្អែកទាំងឡាយ​របស់ពួក​ទាហាន​ស៊ី​ឈ្នួល​អាហ្វ្រិក​ដែល​លោក​កា​ដា​ហ្វី ប្រើប្រាស់​ប្រឆាំង​នឹង​ប្រជាជន​ខ្លួន​ឯង ៕

ម៉ោង​ប្រមាណ​ជាង​១០ព្រឹកនេះ លោក​នាយ​ឧត្តមសេនីយ៍​​នាង ផាត នឹង​ដឹក​​នាំ​ប្រតិភូ​​អនុ​​ព័ន្ធ​​យោធា​ទៅដល់​​តំបន់​​ប្រាសាទ​ព្រះវិហារ

Posted: 02 Mar 2011 07:15 PM PST

​ខេត្តព្រះវិហារ​ ៖ បើ​តាមគម្រោង​​ វេលា​ម៉ោង​ប្រមាណ​ជាង​​១០ព្រឹកនេះ ទី​​៣ មីនា ២០១១ ​លោក​នាយ​ឧត្តម​សេនីយ៍​ផ្កាយមាស​​៤ ​នាង ផាត ​រដ្ឋ​លេខាធិការ​​ក្រសួងការពារ​ជាតិ នឹង​​ដឹកនាំប្រតិ​ភូ​​អនុព័ន្ធ​យោធា​​ ដែល​តាម​គម្រោង​​១៩​ប្រទេស​ប្រចាំ​​ស្ថានទូត​​​នានា​ក្នុង​​​ប្រទេស​កម្ពុជា​ទៅធ្វើ​ទស្សនកិច្ច​​លើ​ប្រាសាទ​ព្រះវិហារ​ និង​ត្រួត​ពិនិត្យ​​ការ​ខូចខាត​​សំណង់​ប្រាសាទ​​​ដ៏ល្បី​ល្បាញ​​​ជា​បេតិក​ភណ្ឌ​​ពិភព​លោក​​​​ ដែលទទួល​រង​​មហន្ត​រាយ​​ធ្ងន់ធ្ងរ​ពី​សំណាក់​ទាហាន​សៀម​​ឈ្លានពាន​​​បាញ់ផ្លោង​​អាវុធធន់ធ្ងន់​​​ដាក់​កាល​ពី​ថ្ងៃទី​​​៤ ដល់​ទី​៧ ​កុម្ភៈ ២០១១ កន្លងទៅថ្មីៗ​នេះ ។​

តាមប្រភព​​ពីមន្ត្រីយោធា​​ជាន់ខ្ពស់នៃ​​​ក្រសួង​​ការពារជាតិ​​​កម្ពុជា​​បាន​​ឱ្យ​​ដឹង​ថា ​ដំណើរ​ទស្សន​កិច្ច​​របស់​​អនុព័ន្ធ​​យោធា​​តាមគម្រោង​​ចំនួន​​​១៩​ប្រទេស​​នា​ថ្ងៃទី​​​៣ មីនា​២០១១ នេះ នឹង​ធ្វើ​ដំណើរ​​​ទៅ​ដល់​បរិវេណ​កង​ពលអន្តរាគមន៍​​លេខ​​៨ ​ដោយ​រថយន្តពិសេស រួច​ហើយ​​បន្តដំណើរ​​ប្រមាណ​​​១៥គីឡូ​ម៉ែត្រ ​ទៅជួបជុំ​ពិធី​​​ធ្វើបដិ​សណ្ឋារ​កិច្ច​​នៅទី​បញ្ជា​ការ​​ដ្ឋាន​អង្គរក្ស​​ត្រង់​ចំណុច​​ទួល​​៩៥​ចម្ងាយ​ប្រមាណ​​១០គីឡូម៉ែត្រ​ពីប្រាសាទព្រះវិហារ ​ហើយ​បន្ទាប់​​​មក​នឹង​ធ្វើដំណើរ​​​ឡើង​ទៅកាន់​​​ប្រា​សាទ​​ព្រះវិហារ ​ដើម្បី​​ពិនិត្យ​​មើ​ល​ការ​​ខូចខាត​​តែ​ម្តង ។​

សូមបញ្ជាក់ផងដែរ​ថា ​យោង​តាម​​បណ្តាញ​ផ្សាយ​​ព័ត៌​មាន​ផ្សេង​​ៗ​របស់ថៃ​បាន​​លើកឡើង​​ពី​ថ្នាក់ដឹកនាំ​​របស់ថៃ​​​និយាយ​កាលពីថ្ងៃ​ពុធ ម្សិលមិញ​​​នេះ​​ថា ការប៉ុនប៉ង​​របស់កម្ពុជា​ដើម្បីនាំ​​អនុព័ន្ធ​យោធា​​មួយ​​ក្រុម​ទៅ​​កាន់​ផ្នែក​​នៃ​​តំបន់​ដី​ទំហំ​​៤,៦គីឡូម៉ែត្រការ៉េ ជុំវិញ​​ប្រាសាទព្រះ​វិហារនេះ​ ​បានបង្ក​ភាពតានតឹង​​នៅតាម​​ព្រំដែន​​ជា​ថ្មី​​ទៀត​ ហើយ​​ទាហានថៃ​​​បានប្រែប្រួល​​មក​ស្ថិត​ក្នុងភាព​​ប្រុង​ជើង​ការ ​ជា​ពិសេសតំបន់​​ជុំវិញ​​ប្រាសាទព្រះវិហារ​ គឺពួក​​គេ (សៀម) បាន​​ប្រុង​ជើង​ការ​ចាប់តាំង​ពី​​យប់ថ្ងៃ​អង្គារ​​មក​ម៉្លេះ ដោយ​គេ​ចាត់ទុកថា ​តំបន់នោះ​​ជា​​ទឹកដីរបស់គេ ។​

ជាការពិតណាស់ ​​កម្ពុជា​​​ជា​អ្នក​​​រងគ្រោះ​​គឺ ត្រូវ​តែ​​ចង់​ឱ្យ​​អនុព័ន្ធ​​យោធា​មើលឃើញ​​ពីកន្លែង​​​សំខាន់​ៗ រួម​មាន​ការ​​​ខូចខាត​វត្តកែវ​សិក្ខាគិរី​ស្វា​រៈ​ និង​តំបន់ជុំវិញ​​ប្រាសាទ​ព្រះវិហារ ហើយ​​ដោយ​សារតែ​​​មាន​​ការ​ជំទាស់​ពី​ថៃ​នេះហើយ ទើប​កម្ពុជា​​​​បានពន្យារ​​ដំណើរ​​នាំ​អនុពន្ធ​​យោធា​នេះ​​រហូត​​ដល់ថ្ងៃ​ព្រហស្បតិ៍ ​ទី​៣ មីនា ​២០១១ ​ពីព្រោះ​​​ទាហាន​ស្ថិត​ក្នុង​​ស្ថានភាព​ប្រុង​ប្រៀប​​ប្រយុទ្ធ ដោយ​ភាគី​​​មួយមានបំណង​​ឈ្លានពាន​​​ (សៀម) ​និង​​ភាគីមួយ (កម្ពុជា) មាន​​បំណងការ​ពារ​​​ទឹកដី​​ឯករាជ្យ​​របស់​ខ្លួន ។​

​ទោះជា​យ៉ាង​​ណា​ក៏ដោយ ​​យោង​តាម​លោក​​ឧត្តមសេនីយ៍​​ឯក​ឈុំ ​សុជាតិ ​អ្នកនាំពាក្យក្រសួង​​ការពារជាតិកម្ពុជា​​​បានថ្លែង​​​​ថា ក្រសួង​​ការពារ​ជាតិ​នឹង​ដឹកនាំ​​​មន្ត្រី​​អនុព័ន្ធ​​​​យោធា​បរទេស​​ចំនួន​​១៩ប្រទេស ​ទៅត្រួតពិនិត្យ​​មើល​តំបន់​​​សមរ​ភូមិ ​​ព្រំដែន​​ប្រាសាទព្រះវិហារ​នៅថ្ងៃទី​៣ មីនា គឺ កម្ពុជា​​​ធ្វើឡើង​​នៅក្នុងទឹកដី​កម្ពុជាប៉ុណ្ណោះ ​ហើយ​​​វា​ជា​សិទ្ធិ​​របស់កម្ពុជា ៕​

ខណៈពេល​​កីឡាករ​ប្រវត្តិ​សាស្ត្រ​​ Barcelonaរិះគន់​ Real Madrid ថាខ្សោយ​ ​គ្រូបង្វឹក​​​ក្លឹប​ Palermo ត្រូវ​បណ្តេញ​​ចេញ​​ពី​តំណែង​​ក្រោយ​ចាញ់ក្លឹបUdinese៧-០

Posted: 02 Mar 2011 07:06 PM PST

*អតីត​កីឡាករ​ប្រវត្តិ​សាស្ត្រ​​ក្លឹប​ Barce lona  ​បញ្ជាក់​ថា Real Madrid  ​មិន​អាច​ប្រៀប​​ផ្ទឹម Barcelona បានឡើយ

​លោក​​យ៉ូ​ហាន ក្រាហ្វ កីឡាករ​ប្រវត្តិ​សាស្ត្រ​​​ក្លឹប​​ Barcelona បញ្ជាក់​ថា​ ក្លឹប​ Real Madrid មិន​អាច​តស៊ូ​ជាមួយ​ក្លឹប  Barcelona ​បានឡើយ​ពី​​ព្រោះ​​គ្មាន​​ចំណាត់​​ការ​គ្រប់គ្រង​បាល់​​បាន​​ ក្រោយ​​ពី​​​ក្លឹប​​ Barcelona  ស្ថិតនៅកំពូល​តារាង​នាំ​មុខក្លឹប​ Real Madrid ​ដល់​ទៅ​៧​ពិន្ទុ​ក្នុង​ពេល​បច្ចុប្បន្ន​ ។

​លោក​​យ៉ូ​ហាន ក្រាហ្វ កីឡាករ​ប្រវត្តិ​សាស្ត្រ​ក្លឹប​​អ្នក​មាន​បុណ្យ​ Barcelona  បាន​​ថ្លែង​កាលពី​​ថ្ងៃទី​​២៨ កុម្ភៈ កន្លង​មក​ថា គេ​មាន​​ជំនឿ​​ថា ក្លឹប​​ស្តេច​ស​  Real Madrid  ដែល​ជា​ក្លឹប​ប្រជែង​​​មិន​អាច​តស៊ូ​​ជាមួយ​នឹង​ក្លឹបBarcelona ដែល​​​ស្ថិត​នៅ​លំដាប់​​កំពូល​​នៃ​ការ​​ប្រកួត​​ក្របខណ្ឌ​​ La Liga  អេស្ប៉ាញ​​បាន​ឡើយ​ ។

លោក​ក្រាហ្វ បាន​បន្ត​ទៀត​ថា អ្វីដែល​ធ្វើ​ឱ្យ​ក្លឹប​ Barcelona  គ្រប់គ្រង​​ស្ថាន​ការណ៍​​បាន​ល្អ​គឺ​ការ​គ្រប់គ្រង​បាល់​ ​និង​ការ​​បញ្ជូន​​បាល់​​ដល់​កីឡា​ករ​របស់​ក្លឹប​មាន​​ភាព​ច្បាស់​​លាស់​​ អាច​ធ្វើ​ឱ្យ​​ពួក​គេ​មាន​ឱកាស​​ស៊ុត​បញ្ចូល​ទី​​បាន​ច្រើន​ ។ រីឯក្លឹប​ Real Madrid ​ការបញ្ជូន​​បាល់​មាន​លក្ខណៈ​​ឆ្ងាយ​​ ធ្វើ​ឱ្យ​កម្លាំង​​រត់​របស់​កីឡាករ​ធ្លាក់​ចុះ ៕

*ក្លឹប​​ Palermo ​បណ្តេញ​​គ្រូ​បង្វឹក​​ក្រោយ​ពី​​ដឹកនាំ​ក្លឹប​ប្រកួត​​ចាញ់​​ក្លឹប​ Udinese 7-0

​លោក​ដេលីយូ រ៉ូសស៊ី ត្រូវ​បាន​បណ្តេញ​​ចេញ​ពីតំណែង​​ជាគ្រូបង្វឹក​បន្ទាប់​ពីដឹកនាំ​ក្លឹប​​ Palermo ប្រកួត​ចាញ់​​ក្លឹប​ Udinese ​ក្នុង​លទ្ធផល​៧-០ ហើយ​​លោក​ស៊ែរ៍សេ​ កូស្មី អតីត​គ្រូ​បង្វឹក​​ក្លឹប​ Livorno ​ចូល​កាន់​តំណែង​ជំនួស ។

ក្លឹប​​​ល្បី​ក្នុង​ក្រប​ខណ្ឌ​​បាល់​ទាត់​ Calcio Serie A ​អ៊ីតាលី បាន​បង្ហើប​ឱ្យ​ដឹង​តាម​គេហទំព័រ​​របស់​ក្លឹប​​ថា «​ Palermo ​សូម​​ប្រកាស​ថា លោក​ស៊េរ៍សេ កូស្មី​ បាន​ទទួល​​ការ​តែង​តាំង​​ជាគ្រូ​បង្វឹក​​ជំនួស​លោក​ដេលីយូ​រ៉ូស​ស៊ី​ ដែល​ដឹកនាំ​​ក្លឹប​ប្រកួត​ចាញ់​ក្លឹប​​ Udinese ​ក្នុង​លទ្ធផល​៧-០ ​កាលពី​ថ្ងៃទី​​២៧ កុម្ភៈ កន្លង​មក ។​

លោក​ម៉ាវ​រីស៊ីយ៉ូ សាំប៉ារីនី ម្ចាស់​ក្លឹប​​ Palermo បាន​បង្ហើប​​ឱ្យ​​ដឹង​​ពីមូល​ហេតុ​បណ្តេញ​លោក​រ៉ូស​ស៊ី​នៅ​ក្រោយ​​​ពេល​ចប់​ការ​ប្រកួត​កាលពី​ថ្ងៃទី​២៧ កុម្ភៈថា «​គេ​(រ៉ូសស៊ី​)​ បាន​បំផ្លិច​បំផ្លាញ​ក្លឹប​​ Palermo ​របស់​​ខ្ញុំ​ ​និងបាន​បំផ្លាញ​កិត្តិយស​​របស់​​ក្លឹប​អស់​ហើយ» ។

 

បាញ់ប្រហារ​លើទាហានអាមេរិក​នៅ​ទីក្រុង​​ហ្វ្រង់​ហ្វើត​​​អាល្លឺម៉ង់​​ស្លាប់2នាក់

Posted: 02 Mar 2011 07:00 PM PST

រថយន្តបឺសរងការវាយប្រហារ

ប៉ូលិស​និយាយ​ថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​​បាញ់​ប្រហារ​​ទៅលើ​រថយន្តបឺស​មួយគ្រឿង​ដែល​ដឹកទាហាន​​​អាមេរិក​នៅ​ព្រលានយន្តហោះ​​ហ្វ្រង់​ហ្វើត ​ប្រទេស​អាល្លឺម៉ង់ ​កាលពីល្ងាចថ្ងៃទី​​២ មីនា ​កន្លង​មក ​បណ្តាល​ឱ្យ​ស្លាប់​​​ទាហាន​អាមេរិក​​​២​នាក់ និង​​២នាក់ទៀត​រង​របួស ។​ ​អ្នកនាំពាក្យ​​ប៉ូលិស​​ លោក Jurgen Linker និយាយ​ថា ហេតុការណ៍​បាញ់ប្រហារ​នេះ​កើត​ឡើង​​​នៅទល់មុខ​ចំណត​​​សម្រាប់​​អ្នក​​មកដល់​​ ។​

ទីភ្នាក់ងារ​ព័ត៌​មាន​​​ក្នុងស្រុក​​រាយការណ៍​ថា ​អ្នកដែល​​​​ស្លាប់​ក្នុង​​អំពើបាញ់​ប្រហារនេះ​ជា​ទាហាន​​អាមេរិក ប៉ុន្តែ​​គេមិន​​ទាន់ដឹង​ពី​​អត្ត​សញ្ញាណ​​​ច្បាស់លាស់​​​នៅឡើយទេ ។ គេមិន​​​បាន​ដឹង​ថា ​រថយន្តបឺស​នោះ​ដឹក​មនុស្ស​​ប៉ុន្មាន​នាក់​ឡើយ​ ហើយ​​គេក៏​​មិន​ដឹង​ថា ​តើហេតុ​​អ្វីបាន​​ជា​បុរស​​នោះបាញ់ប្រហារ​លើ​រថយន្តបឺស​​នេះ​។​

ការបាញ់​ប្រហារ​លើ​ទាហាន​​អាមេរិក​​នេះ​បាន​ធ្វើ​ឱ្យ​លោកប្រធានាធិបតី​​បារ៉ាក់ អូបាម៉ា ​មានការ​ខឹង​សម្បា​យ៉ាង​​ខ្លាំង​។​ លោក​អូបាម៉ា ថ្លែង​ថា រូបលោក​មានការ​ក្រៀម​ក្រំ និង​​ខឹង​សម្បា​​យ៉ាង​ខ្លាំង​​ចំពោះ​​​ការ​បាញ់​​ប្រហារលើ​​ទាហាននៃ​កង​ទ័ព​ជើងគោក​​អាេម​​រិក​​​នៅក្នុងទីក្រុងហ្វ្រង់​​ហ្វើត ។ តាមសេចក្តី​រាយការណ៍​ថា ខ្មាន់កាំភ្លើង​​នោះ​មក​ពីកូសូវូ ​ហើយក្រោយពី​​បាញ់ប្រហារ​​លើ​ទាហាន​អាមេរិក​​​ត្រូវប៉ូលិស​​ចាប់ខ្លួន ។
លោកអូបាម៉ា ​ថ្លែង​ថា អាមេរិកនឹង​​សហការ​ជាមួយ​​អាជ្ញាធរ​​អាល្លឺម៉ង់ ​ដើម្បីនាំ​​យក​ជនដៃ​ដល់​នោះ​មក​កាត់ទោស​​តាមផ្លូវច្បាប់ ៕

ប្រជា​ជនចិន​អាច​មាន​ចំនួន​សរុប​នៅ​ទូ​ទាំង​ប្រទេស​​1.341លាន​នាក់

Posted: 02 Mar 2011 06:58 PM PST

ប្រជា​ជនចិន

AFP ​ផ្សាយ​​ឱ្យ​ដឹង​ថា ​ប្រទេស​ចិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ទិន្ន​ន័យ​កាលពីថ្ងៃ​​ទី​២៨ កុម្ភៈ ​ថា ប្រជា​ជន​ចិន​ដែល​គេ​រំពឹង​ថា មាន​ចំនួន​ច្រើន​បំផុត​លើ​​​ពិភព​លោក​នោះ​បច្ចុប្បន្ន​​បានកើន​លើស​​​កាលពីឆ្នាំ២០១០ ​ចំនួន ៦,៣​លាន​នាក់​ទៀត​​ធ្វើ​ឱ្យ​ចំនួន​សរុបក្នុង​ដំណាច់​​ឆ្នាំ​២០១០ចិន​មាន​ប្រជាជន​១.៣៤១​​លាន​នាក់។ វិទ្យា​ស្ថាន​ស្ថិតិ​​ជាតិប្រទេស​ចិន​បាន​បង្ហើប​​
ឱ្យ​ដឹង​​តួ​លេខ​ប្រជា​ជន​ចិន​ក្នុងឆ្នាំ២០១០ ដោយ​បញ្ជាក់​ថា នេះគ្រាន់​តែ​​ជា​តួ​លេខ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ ។ សម្រាប់​តួ​លេខ​សរុប​​យក​ជា​ផ្លូវ​ការ​នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​ខែ​មេ​សានៅ​ពេល​ដែល​រដ្ឋាភិបាល​​អាច​ប្រមូល​ទិន្ន​ផល​ទទួល​បាន​ពី​ការ​​ធ្វើ​ជំរឿន​ប្រជាជន​ក្នុងឆ្នាំ​២០១០ ដោយ​ចាត់​ទុកថា ជា​ការ​ជំរឿន​នៅទូ​ទាំង​ប្រទេស​ជា​​លើក​ដំបូង​​​ក្នុង​អំឡុង​​ពេល​១០​ឆ្នាំ ។

តា​ម​ទិន្ន​ន័យ​តួ​លេខ​​នៃការ​ធ្វើជំរឿន​​ក្នុង​ឆ្នាំ​២០០០​ប្រជាជន​ចិន​មាន​ប្រហែល​១.២៩៥លាន​នាក់ ។ ចាប់​តាំង​ពីចិន​ប្រើប្រាស់​​នយោ​បាយ​​កូន​​​តែ​មួយ​ក្នុង​ឆ្នាំ​១៩៨០ ដែល​កំណត់​ឱ្យ​ប្រជាជន​​​​អាចមាន​កូន​ម្នាក់​ជា​ហេតុ​​​ធ្វើឱ្យ​​ចិន​ការ​ពារ​ការ​កើន​ឡើង​នៃចំនួន​ប្រជាជន​ដោយរំពឹង​ថា ​មាន​ប្រជាជនកើន​ឡើង​​ប្រហែល​៤០០​លាន​នាក់ ។ ប្រទេស​ចិន​បាន​ធ្វើ​​ជំរឿន​​ប្រជាជន​ជា​លើ​ក​ដំបូង​​នៅ​ទូទាំង​ប្រទេស ក្នុង​ឆ្នាំ​​១៩៥៣ ដោយ​កាលណោះ​ចិន​​មាន​ប្រជាជន​ចំនួន​៥៩៤​លាន​នាក់ ​គឺតិច​ជាង​តួ​លេខ​បច្ចុប្បន្ន​​ដល់​ទៅ​ជាង​ពាក់កណ្តាល ៕

សេវា​ផ្តល់​​ព័ត៌​មាន​ប្រកប​ដោយ​គុណ​ភាព​ និង​ត្រឹម​ត្រូវ​ចាំ​បាច់​សម្រាប់​​កិច្ច​អភិវឌ្ឍន៍

Posted: 02 Mar 2011 06:58 PM PST

លោក​ថាច់ ផែន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ព័ត៌​មាន​មាន​ប្រសាសន៍​ថា
សេវា​ផ្តល់​​ព័ត៌​មាន​ប្រកប​ដោយ​គុណ​ភាព​ និង​ត្រឹម​ត្រូវ​ចាំ​បាច់​សម្រាប់​​កិច្ច​អភិវឌ្ឍន៍

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌​មាន​​បាន​ថ្លែង​ថា សេវា​ផ្តល់​​ព័ត៌​មាន​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ និង​ត្រឹម​ត្រូវ​ ហើយ​ទទួល​មក​វិញ​នូវ​មតិ​យោ​បល់​ជាក់​ស្តែង​របស់​ប្រជា​ពល​រដ្ឋ​គឺ​ជា​ប្រការ​ចាំ​បាច់​​ក្នុង​​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​​ប្រទេស​។ ការ​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ជួប​ជុំ​អ្នក​សារ​ព័ត៌​មាន​​ និង​អ្នក​នាំ​ពាក្យ​តាម​ស្ថាប័ន​ ក្រសួង​ រដ្ឋា​ភិ​បាល​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ការ​ងារ​ជាមួយ​វិទ្យុ​ជាតិ​កម្ពុជា​ដែល​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​​១ ខែ​មីនា ឆ្នាំ​២០១១ នៅ​អគ្គ​នាយក​ដ្ឋាន​វិទ្យុ​ជាតិ​កម្ពុជា​។

លោក​ថាច់ ផែន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ព័ត៌​មាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ដោយ​ទទួល​បាន​កិច្ច​សហ​​ប្រតិបត្តិ​ការ​ពី​ដៃ​គូ​អភិវឌ្ឍន៍​​ និង​ការ​កែ​ទម្រង់​កម្ម​វិធី​ផ្សាយ​វិទ្យុ​ជាតិ​កម្ពុជា​បាន​និង​កំពុង​ក្លាយ​ជា​វេទិកា​សម្តែង​មតិ​យ៉ាង​ទូលំ​ទូលាយ​របស់​ប្រជា​ពល​រដ្ឋ​ដែល​ជា​សិទ្ធិ​មូល​ដ្ឋាន​សម្រាប់​ទាំង​ការ​បញ្ចេញ​មតិ​ និង​ការ​ទទួល​បាន​ព័ត៌​មាន​ទាន់​ពេល​វេលា​ និង​មាន​ប្រសិទ្ធ​ភាព​នូវ​ព័ត៌​មាន​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ និង​ត្រឹម​ត្រូវ​ដែល​គ្រប់​គ្រង​ដោយ​រាជ​រដ្ឋា​ភិបាល និង​អាជ្ញា​ធរ​​សា​ធារណៈ​ផ្សេង​ទៀត​។

លោក​បន្ត​ថា ​កម្ពស់​ការ​ផ្តល់​ព័ត៌​មាន​ជូន​ប្រជា​ពល​រដ្ឋ​ក៏​ជា​ការ​ចូល​រួម​ចំណែក​សម្រេច​គោល​ដៅ​អភិ​បាល​កិច្ច​ល្អ​ក្រោម​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ស្រប​ជាមួយ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​​ទើប​ចូល​ជា​ធរមាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​រួម​យ៉ាង​សកម្ម​​​ក្នុង​ដំណើរ​ការ​នយោ​បាយ​ និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​នី​តិរដ្ឋ​ជម្រុញ​​ឱ្យមាន​ការ​​​គោរព​សិទ្ធិ​​មនុស្ស​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​នៅ​កម្ពុជា​។ ដូច្នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ផ្តល់​សេវា​ប្រកប​ដោយ​​គុណ​ភាព​​ខ្ពស់​ត្រឹម​ត្រូវ​ ហើយ​និង​ការ​ទទួល​បាន​មក​វិញ​នូវ​យោ​បល់​ជាក់​ស្តែង​ពី​ប្រជា​ពល​រដ្ឋ​ក្នុង​ជីវ​ភាព​​នយោ​បាយ ​សេដ្ឋ​កិច្ច​ សង្គម​កិច្ច​ និង​វប្ប​ធម៌​ គឺ​ជា​ប្រការ​​សំខាន់​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។

លោក​តន់​ យ៉ាន ប្រតិ​ភូ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​​ទទួល​បន្ទុក​​ជា​​អគ្គ​នាយក​វិទ្យុ​​​ជាតិ​កម្ពុជា​ និង​ជា​នាយក​គម្រោង​អភិ​បាល​កិច្ច​ល្អ​មូល​ដ្ឋាន​​បាន​លើក​ឡើង​ថា​ ដោយ​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​សំខាន់​ៗ​ដូច​ជា​គណ​បក្ស​នយោ​បាយ​ប្រជា​ពល​រដ្ឋ​ សង្គម​ស៊ីវិល​ និង​ស្ថាប័ន​មិន​មែន​រដ្ឋ​ វិទ្យុ​ជាតិ​មាន​កម្ម​វិធី​សន្ទនា​មតិ​ជា​មួយ​ប្រជា​ពល​រដ្ឋ​៥​ដង​ក្នុង​មួយ​សប្តាហ៍​ពី​ម៉ោង​១១​ដល់​១២​ថ្ងៃ​ត្រង់​។ អ្វី​ដែល​វិទ្យុ​ជាតិ​បាន​រៀប​ចំ​ គឺ​កែ​លំអ​ការ​ផ្សាយ​កម្ម​វិធី​ព័ត៌​មាន​ដើម្បី​ធានា​ឱ្យ​បាន​ព័ត៌​មាន​ពិត​ត្រឹម​ត្រូវ ​ទាន់​ពេល​វេលា​ និងឯក​រាជ្យ​សម្រាប់​អ្នក​ស្តាប់​​។ រៀប​ចំ​ខ្លឹម​សារ​ជួយ​ឱ្យ​ប្រជា​ពល​រដ្ឋជា​អ្នក​ស្តាប់​ចេះ​សិក្សា​ស្រាវជ្រាវ​​សីុ​ជម្រៅ​​ ចេះ​វិភាគ​ និង​ចេះ​លើក​​ហេតុ​ផល​ត្រឹម​ត្រូវ​ដែល​នឹង​ធ្វើ​ឱ្យ​គាត់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​យ៉ាង​ច្បាស់​លាស់​។ បង្កើត​​ឱ្យ​មាន​ការ​គោរព​ប្រតិ​បត្តិ​តាម​គោល​នយោ​បាយ​ និង​ក្រម​សីល​ធម៌​ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​ទាំង​ឡាយ​ដើម្បី​ធានា​ថា ព័ត៌​មាន​ទាំង​អស់​ពិត​ជា​ត្រឹម​ត្រូវ​មិន​លំអៀង​  និង​អាច​មាន​ផល​ប្រយោជន៍ក្នុង​កំរិត​ណា​មួយ​នោះ​ដល់​អ្នក​ស្តាប់​វិទ្យុ​​ជាតិ​។ បង្កើត​ទំនាក់​ទំនង​ និង​ដៃ​គូ​ជា​មួយ​សង្គម​ស៊ី​វិល​ ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត​ និង​ក្រុម​ហ៊ុន​​នានា​ដើម្បី​ផ្សព្វ​ផ្សាយ​​សម្លេង​របស់​ប្រជា​ពល​រដ្ឋ​។ រាល់​កម្ម​វិធី​ទាំង​អស់​នេះ គឺ​ខ្លឹម​សារ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ដំណើរ​ការ​កែ​ទម្រង់​វិស័យ​​៤​ជា​អាទិ​ភាព​ គឺ​វិមជ្ឈ​ការ​ និង​សហ​មជ្ឈ​ការ​​​ ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ ការ​ពង្រីក​វិស័យ​ឯក​ជន​ និង​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សា​ធារណៈ​។ ក្រៅ​ពី​នោះ​ក៏​នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​សេចក្តី​ត្រូវ​ការ​​របស់​ក្រុម​ជន​ជាតិ​ភាគ​តិច​ស្ត្រី​ និង​យុវ​ជន​ផ​ងដែរ ៕

ប្លន់​រថ​យន្ត​ឆ្លាម​ទៅ​ប្លុង​ចោល​នៅកំពត​ត្រូវ​ជាប់​ខ្នោះ​៣នាក់

Posted: 02 Mar 2011 06:47 PM PST

ជន​សង្ស័យ​ប្លន់​ប្រដាប់​អាវុធ​ចំនួន​៣​នាក់​ត្រូវ​​ចាប់​ខ្លួន​

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ប្លន់​ប្រដាប់​អាវុធ​ចំនួន​៣​នាក់​ត្រូវ​​ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្ន​ង​ការដ្ឋាន​រាជ​ធានី​​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ក្រោយ​ពី​ពួក​គេ​ប្លន់​យក​រថ​យន្ត​ម៉ាក​តូ​យ៉ូតា​កាម​រី​ឆ្លាម ស៊េរី​១៩៩៨​ ពណ៌​ស្ករ​ កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​​ផ្លូវ​ជាតិ​លេខ​៥​ ម្តុំ​ស្ពាន​ស្រះ​អង្កាម​ ខេត្ត​កំពង់​ឆ្នាំង​ ពី​ជន​រង​គ្រោះ​ឈ្មោះ​លឹម សុម៉ា​ល័យ ប្រកបរបរ​រត់រថ​យន្តឈ្នួល​ ​។​

នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​រាជ​ធានី​​ធ្វើ​សន្និ​សីទ​កាសែត​មួយ​​ដើម្បី​បង្ហាញ​មុខ​ជន​សង្ស័យ​​ប្លន់​ប្រដាប់​អាវុធ​​ទាំង៣​នាក់នោះ​​។ លោក​ជួន ណារិន នាយ​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ដែល​ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​បង្ក្រាប​ករណី​នោះ​​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ កុម្ភៈ វេលា​ម៉ោង​​១៦ ឈ្មោះ​លឹម សុម៉ាល័យ ដែល​ជា​អ្នក​រត់​​តាក់ស៊ី​ពីភ្នំពេញ ទៅ​បាត់​ដំបង និង​ពី​បាត់​ដំបង​មក​ភ្នំពេញ ត្រូវ​ជន​សង្ស័យ​៤​នាក់​​ជួល​ឱ្យ​ដឹកទៅ​​ភ្នំពេញ ដោយ​ឯក​ភាព​ក្នុង​តម្លៃ​៤៥​ដុល្លារ ។​ឈ្មោះ​លឹម សុម៉ាល័យ បាន​យក​រថយន្ត​ម៉ាក​តូយ៉ូតា​ឆ្លាម ពណ៌​ស្ករ ស៊េរី​១៩៩៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-9054 ​ដឹក​ជន​សង្ស័យ​ទាំង​៤​នាក់​នោះ គឺ​ដឹក​ពី​ខេត្ត​បាត់​ដំបង​មក​ភ្នំពេញ ។ ​ពេល​ដឹក​មក​ដល់​ចំណុច​ស្ពាន​ស្រះ​អង្កាម ខេត្ត​កំពង់​ឆ្នាំង ម៉ោង​ប្រហែល​១៩​ ជន​សង្ស័យ​ទាំង​​៤​នាក់​នោះ​​ប្រាប់​ឱ្យ​ឈ្មោះ​លឹម សុម៉ាល័យ ឈប់​រថយន្ត ដើម្បី​បត់​ជើង​តូច។ ពេល​នោះ​ឈ្មោះ​លឹម សុម៉ាល័យ បាន​ឈប់​រថយន្ត ហើយ​ជន​សង្ស័យ​ទាំង​៤​នាក់​បាន​ចុះ​ពី​លើ​រថយន្ត​ដើរ​ទៅ​ឈរ​ទន្ទឹម​គ្នា​បត់​ជើង​តូច។ ​បាន​ប្រហែល​២​នាទី​ពួក​គេ​ដើរ​ចូល​រថ​យន្ត​​វិញ ​ហើយភ្លាម​នោះ​ជន​សង្ស័យ​ដែល​អង្គុយ​ទន្ទឹម​​ឈ្មោះ​លឹម សុម៉ា​ល័យ បាន​ដក​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​ក្បាល​ខាង​ស្តាំ​របស់​លឹម សុម៉ា​ល័យ ចំណែក​ជន​សង្ស័យ​២​នាក់​ទៀត​​អង្គុយ​ខាង​ក្រោយ ដក​អាវុធ​ខ្លី​ភ្ជង់​ចង្កេះ​ខាង​ក្រោយ​ ​គំរាម​មិន​ឱ្យ​ស្រែក និង​ម្នាក់​ទៀត​ដក​អាវុធ​ខ្លី​ភ្ជង់​ពី​ខាង​ក្រៅ​រថយន្ត ។

ប្រភព​ដដែល​បន្ត​ថា ជន​សង្ស័យ​២​នាក់​ដែល​អង្គុយ​ខាង​ក្រោយ​បាន​ទាញ​ឈ្មោះ​លឹម សុម៉ា​ល័យ ឱ្យ​មក​ក្រោយ រួច​យក​ខ្សែ​កៅស៊ូ​យឺត​រាង​មូល​មាន​ទម្ពក់​សង​ខាង​ចង​ដៃ​ទាំង​២​មក​ក្រោយ និង​យក​ស្កុត​ពណ៌​ស មក​រុំ​មុខ និង​មាត់​ជិត និង​យក​ខ្សែ​ចង.ក​ជើង​ថែម​ទៀត ។ ​ពួកគេ​បាន​បើក​រថយន្ត​យក​ឈ្មោះ​លឹម សុម៉ា​ល័យ ទៅ​​ទម្លាក់​ចោល​នៅ​ផ្លូវទំនប់​​កប់​ស្រូវ ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។ ​រថយន្ត​នោះ​ត្រូវ​​ជន​សង្ស័យ​ទាំង​​៤​នាក់ យក​ទៅ​ ព្រម​ទាំង​សំភារ​របស់​ឈ្មោះ​លឹម សុម៉ា​ល័យ មាន​ដូច​ជា ទូរ​ស័ព្ទ​២​គ្រឿង ម៉ាក​ណូគា​​១​គ្រឿង និង​ម៉ាក​សាំ​សុង១​គ្រឿង ប័ណ្ណ​សំគាល់​រថយន្ត (ថត​ចំលង​)​ ចំនួន​១​សន្លឹក អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក (ថត​ចំលង) ប្រាក់​​៣០​ដុល្លារ​ និង​​១០​ម៉ឺន​រៀល​។ ក្រុម​ជន​សង្ស័យ​ទាំង​៤​នាក់​បាន​ជិះ​រថ​យន្ត​របស់​ឈ្មោះ​លឹម សុម៉ា​ល័យ​ គេ​ច​ខ្លួន​បាត់​ ។

នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១១ សមត្ថ​កិច្ច​បាន​​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​អ៊ុក ណុច អាយុ​​៣០​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត។​ ឆ្លង​តាម​ចំលើយ​សារ​ភាព​សមត្ថ​កិច្ច​​បាន​បន្ត​សហ​ការ​ជាមួយសមត្ថ​កិច្ច​​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​បន្ទាយ​មាស​ឃាត់​ខ្លួន​ជន​សង្ស័យ​​២​នាក់​ទៀត គឺម្នាក់​ឈ្មោះ​ឡាំ សុភ័ក្រ អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​​ឈ្មោះ​ឡាំ​ វីរៈ អាយុ​២៣​ឆ្នាំ​។
ការ​បង្ក្រាប​ជន​សង្ស័យ​ប្លន់​ប្រដាប់​អាវុធចំនួន​៣​នាក់​នេះ ការិយា​ល័យ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​រាជ​ធានី​បាន​សហ​ការ​ជាមួយ​ប៉ូលិស​ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពតផង​ដែរ​ ៕

កញ្ញា​មាស សុខ​សោភា ចូល​រួម​​អប​អរ​ពិធី​តាំង​​បង្ហាញ​ផលិត​ផល​ Samsung ស៊េរី​ថ្មី

Posted: 02 Mar 2011 06:42 PM PST

កញ្ញា​មាស សុខ​សោភា បង្ហាញ​ផលិត​ផល​ Samsung ស៊េរី​ថ្មី
កញ្ញា​មាស សុខ​សោភា ថតរូប​អនុស្សាវរីយ៍​ជាមួយមិត្តសិល្បករ និងភ្នាក់ងារក្រុមហ៊ុន

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន Samsung Electronics Co.,Ltd ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​លើ​ទី​ផ្សារ និង​ទទួល​បាន​​រង្វាន់​​ច្នៃ​ប្រឌិត​លើ​ផ្នែក​សំភារ​​អេឡិច​​ត្រូ​និក នា​ពេល​ថ្មីៗ​នេះ បាន​ប្រារព្ធ​ពិធី​សន្និ​សីទ​ និង​ការ​ជួប​ជុំ​លៀង​សាយ​ភោជន​ពាណិជ្ជ​កម្ម​២០១១ ​នៅ​សណ្ឋា​គារ​ភ្នំពេញ ។ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​ហ្គី​ហាន់ លី នាយក​គ្រប់​គ្រង​ Samsung ប្រចាំ​តំបន់​ឥណ្ឌូ​​ចិន ​ពិធី​តាំង​បង្ហាញ​ផលិត​ផល​​អេឡិច​ត្រូ​និក Samsung ក៏ មាន​ការ​ចូល​រួម​សម្តែង​ដោយ​កញ្ញា មាស សុខ​សោភា ផង​ដែរ ។ លោក​ហ្គី​ហាន់ លី ​នាយក​គ្រប់​គ្រង​ Samsung ប្រចាំ​តំបន់​ឥណ្ឌូ​ចិន ​បាន​ចែក​រំលែក​នូវ​ភាព​រីក​រាយ​ជា​មួយ​ការ​បង្ហាញ​​វិធី​ប្រើ​ផលិត​ផល​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ដោយ​ថ្លែង​ទៅ​កាន់​ពិធី​សន្និ​សីទ​ពាណិជ្ជ​កម្ម​ថា «Samsung បាន​​ក្លាយ​​ជា​អ្នក​នាំ​មុខ​ក្នុ​ងការ​រចនា​ម៉ូដ និង​បច្ចេក​វិជ្ជា​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​យើង​ក៏​ពេញ​ចិត្ត​ចំពោះ​ការ​បង្កើត​​ផលិត​ផល​ដែល​មាន​ការ​រចនា​​យ៉ាង​​ស្រស់​ស្អាត​ ដែល​ធ្វើ​ឱ្យ​ជីវិត​​អតិថិ​ជន​ជុំ​វិញ​ពិភព​លោក​កាន់​តែ​ប្រសើរ​ឡើង ។ ​ជា​ការ​ពិត Samsung មាន​មជ្ឈ​មណ្ឌល​រចនា​ម៉ូដ​៧​កន្លែង​ទូទាំង​ពិភព​លោក​ដូច​ជា Corporate Design Center នៅ​ទី​ក្រុង Seoul សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​នៅ​ទី​ក្រុង London, Milan, Los Angeles, Shanghai, Tokyo និង Delhi។ អ្នក​ជំនាញ​​ទាំង​អស់​ដែល​នៅ​តាម​តំបន់​​ខុសៗ​គ្នា​ចំនួន​៦​កន្លែង អាច​ធ្វើ​ការ​វិភាគ​ទៅ​លើ​វប្ប​ធម៌​​ជីវិត​រស់​នៅ​ និង​ការ​និយម​ ដើម្បី​ប្រមូល​យក​នូវ​ចំណុច​សំខាន់​ៗ​ទៅ​កាន់​មជ្ឈ​មណ្ឌល Corporate Design Center ។ លទ្ធ​ផល​នៃ​​កិច្ច​ប្រឹង​ប្រែង​​​​ ​ភាពច្នៃ​ប្រឌិត និង​ការ​យក​ចិត្ត​​ទុក​ដាក់​​ បាន​ផ្តល់​​នូវ​អត្ថ​​ប្រយោជន៍​ដល់​ប្រជា​ជន​​រាប់​លាន​នាក់​ជុំ​វិញ​ពិភព​លោក ហើយ​បច្ចុ​ប្បន្ន​នេះ​ អតិថិ​ជន​កម្ពុជា​របស់​យើង​ក៏​អាច​ទទួល​​បាន​នូវ​ភាព​រីក​រាយ​​ជា​មួយ​អត្ថ​ប្រយោជន៍​​ដូច​គ្នា​នេះ​ផង​ដែរ» ។

ដៃ​គូ​ពាណិជ្ជ​កម្ម​ និង​អ្នក​ចែក​ចាយ Samsung ត្រូវ​បាន​បង្ហាញ​នូវ​ផលិត​​ផល​ជា​ច្រើន​​ប្រភេទ​សម្រាប់​ឆ្នាំ​២០១១ ទាំង​រូប​ភាព និង​សំឡេង​​ រួច​បន្ទាប់​​មក​កម្សាន្ត​​ជា​មួយ​ការ​សម្តែង​របស់​កញ្ញា​មាស សុខ​សោភា ​ដោយ​ផ្តល់​ការ​ថត​រូប​ជា​មួយ​ភ្ញៀវ​ផ​ង​ដែរ ។ ​កញ្ញា មាស សុខ​សោភា ​​បាន​បញ្ចេញ​នូវ​ទស្សនៈថា «វា​ជា​កិត្តិ​យស​​បំផុត​សម្រាប់​ខ្ញុំ ដែល​មាន​ឱកាស​ចូល​រួម​ក្នុង​ពិធី​សន្និ​សីទ​ពាណិជ្ជ​កម្ម​ Samsung 2011 នេះ ។ Samsung ពិត​ជា​ម៉ាក​សញ្ញា​ដ៏​ពេញ​និយម និង​​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ហើយ​នេះ​ជា​ភាព​អស្ចារ្យ​មួយ​ដែ​ល​ក្រុម​ហ៊ុន​នេះ​មាន​វត្ត​មាន​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​ប្រជា​ជន​ជា​ច្រើន​កំពុង​ពេញ​និយម​នឹង​ភាព​ស៊ីវិល័យ​ ដោយ​ផ្តោត​​លើ​ស្ទីល​ម៉ូដ​ ការ​រចនា និង​បច្ចេ​កវិជ្ជា ។ សម្រាប់​គេ​ហ​ដ្ឋាន យើង​តែង​តែ​ចង់​បាន​នូវ​ផលិត​ផល​​ល្អ ស្អាត ទំនើប មាន​គុណ​ភាព​ខ្ពស់ ហើយ​ Samsung គឺជា​ម៉ាក​សញ្ញា​ដែល​ស័ក្តិ​សម​នឹង​តម្រូវ​ការ​​នេះ​បំផុត» ។

សន្និ​សីទ​ពាណិជ្ជ​កម្ម Samsung កើត​ចេញ​ព្រម​គ្នា​ជា​មួយ​ការ​បើក​សម្ពោធ​ហាង Samsung Green Air Store លើក​ដំបូង​ក្នុ​ងរាជ​ធានី​ភ្នំពេញ ​ផង​ដែរ ។ ​ហាង​ជំនាញ​ខាង​ម៉ាស៊ីន​ត្រជាក់​បាន​​ដាក់​តាំង​បង្ហាញ​នូវ​ម៉ាស៊ីន​ត្រជាក់ Samsung ជា​ច្រើន​ប្រភេទ ​ដែល​សុទ្ធ​តែ​ផ្តល់​នូវ​មធ្យោ​បាយ​​ល្អ បំផុត ដើម្បី​បង្កើត​​បរិ​ស្ថាន​​​ប្រកប​ដោយ​ផាសុក​ភាព​សម្រាប់​ការិយា​ល័យ​ កន្លែង​ពាណិជ្ជ​កម្ម ឬ​គេហ​ដ្ឋាន ។ ក្រុម​ហ៊ុន Samsung Electronics Co.,Ltd គឺ​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​ក្នុង​ផ្នែក​​បន្ទះ​អេឡិច​ត្រូ​និក​ទូរគមនា​គមន៍​ ឧបករណ៍​​ឌីជី​ថល និង​បច្ចេក​វិជ្ជា​​​ឌីជី​ថល ជា​មួយ​ការ​លក់​ចេញ​សរុប​ចំនួន​១១៧​ពាន់​លាន​​ដុល្លារ​ក្នុង​ឆ្នាំ​២០០៩ ។ មាន​បុគ្គ​លិក​ប្រមាណ​ជា​១៨៨.០០០​នាក់ ​កំពុង​បម្រើ​ការ​ក្នុង​ការិយា​ល័យ​១៨៥​កន្លែង​ក្នុង​៦៥​ប្រទេស ​ហើយ​ក្រុម​ហ៊ុន​​មាន​មុខ​ជំនួញ​ដំណើរ​ការ​ដាច់​ដោយ​ឡែក​ចំនួន​ប្រាំបី​ផ្នែក​​ដូច​ជា​ ការ​បង្ហាញ​រូប​ភាព ការ​ទំនាក់​ទំនង​ចល័ត ​ប្រព័ន្ធ​ទូរគមនា​គមន៍ ​ឧបករណ៍​ឌីជី​ថល ​ដំណោះ​ស្រាយ​​ព័ត៌​មាន​​វិទ្យា ការ​បង្កើត​រូប​ភាព​ឌីជី​ថល ​បន្ទះ​​អេឡិច​ត្រូ​និក និង LCD ។ ក្រុម​ហ៊ុន​​អេឡិច​ត្រូ​និក Samsung ជា​​ម៉ាក​សញ្ញា​ដែល​មាន​ការ​រីក​ចម្រើន​ឆាប់រហ័ស​​ និង​ជា​អ្នក​​ផលិត​ឈាន​មុខ​គេ​លើ​ផលិត​ផល​ដូច​ជា ទូរទស្សន៍​​ឌីជី​ថល ​បន្ទះ​អង្គ​ចង​ចាំ ទូរស័ព្ទ​​ចល័ត និង​អេក្រង់ TFT-LCDs ។ សម្រាប់​ព័ត៌​មាន​បន្ថែម​​ សូម​ចូល​ទៅ​កាន់ www.samsung.com ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!