Koh Santipheap Daily

Koh Santipheap Daily


អ្នក​វិនិយោគ​​ចិន​​និង​ម៉ាឡេស៊ី​​​ស្វែង​យល់​ឱកាស​​វិនិយោគ​​នៅ​កម្ពុជា

Posted: 03 Mar 2011 11:33 PM PST

ក្រុម​អ្នក​វិនិយោគ​ចិន​និង​ម៉ាឡេស៊ី​បាន​មក​​ស្វែង​យល់​ឱកាស​វិនិយោគ​នៅ​កម្ពុជា

រាជធានីភ្នំពេញ​ ៖ អាច​ជាលើក​ទី​១​ហើយ ដែល​ក្រុម​អ្នក​វិនិយោគ​ចិន​និង​ម៉ាឡេស៊ី​បាន​មក​​ស្វែង​យល់​ឱកាស​វិនិយោគ​នៅ​កម្ពុជា បន្ទាប់ពី​ទំហំ​ទុន​វិនិយោគ​​​ម៉ាឡេស៊ី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​ពី​លំដាប់​លេខ​​៣ ​នៃ​ការ​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ។ 

ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​​នាល្ងាច​ថ្ងៃទី​២ ខែមីនា ឆ្នាំ២០១១ លោក​ Tan Sri Dato’ Soong Sieu Hoong ​ទីប្រឹក្សា​​ប្រតិបត្តិ​​សមាគម​​សភាពាណិជ្ជ​កម្ម​​ចិន និង​​ឧស្សាហកម្ម​ម៉ា​ឡេ​ស៊ី​ (ACCCIM) ​​បាន​ឱ្យ​ដឹងថា ក្រុម​អ្នក​​វិនិយោគ​​​ចិន​ ដែល​ជា​សមាជិក​ ACCCIM មក​បំពេញ​ទស្សនកិច្ច​ជាលើក​ដំបូង​នៅ​កម្ពុជា​ នាពេល​​នេះ​ គឺ​ដើម្បី​ស្វែង​យល់​អំពី​សក្តានុពល​ និង​ឱកាស​​វិនិយោគ​​នៅ​ប្រទេស​កម្ពុជា​ ដែល​​ពួក​គេ​សុទ្ធសឹង​ជាអ្នក​ជំនួញ​ធំៗ​នៅម៉ាឡេស៊ី ដែល​​ពួកគេ​​សុទ្ធ​សឹង​ជាអ្នក​ជំនួញ​ធំៗ​នៅ​ម៉ាឡេស៊ី ។ ក្នុង​ឱកាស​ស្នាក់​នៅរាជធានីភ្នំពេញ វិនិយោគិន​​ទាំង​អស់​​នោះ​នឹង​ផ្សព្វ​ផ្សាយ​​តាម​​រយៈ​​សារ​ព័ត៌​មាន​ស្វែងរក​ដៃគូ​វិនិយោគ​ក្នុង​​ស្រុក​ដែល​មាន​សក្តានុពល​​លើ​ផ្នែក​កសិកម្ម អចលនទ្រព្យ​​ ឧស្សា​ហកម្ម​ខ្នាត​តូច និង​ផលិត​​ផល​គ្រឿង​ចក្រជា​ដើម ។

លោក​បាន​​បញ្ជាក់​ថា ក្នុង​ចំណោម​​វិនិយោ​គិន​​ទាំង​២៨​នាក់ ដែល​មក​ទស្ស​ន​កិច្ច​នៅ​កម្ពុជា នាពេល​នេះ គឺ​មាន​ផ្នែក​កសិកម្ម​ដែល​ពួកគេ​ត្រូវ​ការ​ផ្ទៃដី​ប្រមាណ​១៦.០០០​​​ហិកតា ​សម្រាប់​ដំណាំ​ដូង​ប្រេង​ ទីតាំង​សាង​សង់​ទីក្រុង​ខ្នាត​​តូច​និង​សំណង់​អគារ​ធំ និង​ការ​សាង​សង់​​ផ្ទះ​សម្រាប់​អ្នក​ដែល​មាន​​ជីវភាព​ធូរធារ និង​ផ្ទះ​សម្រាប់​​អ្នក​ក្រីក្រ​ដោយ​ប្រើ​ប្រាស់​​គោល​នយោបាយ​​ឱ្យ​ខ្ចី​​ក្នុង​រយៈពេល​យូរឆ្នាំ ។ ទន្ទឹម​​នោះ ក៏​មាន​វិនិយោគ​ិន​ដែល​​ស្វែង​រក​ដៃគូ​ ជាមួយ​​ផ្នែក​ឧស្សា​ហកម្ម​​​ខ្នាត​តូច​ដែល​​មាន​កម្មករ​ក្នុង​រង្វង់​១០០​ទៅ១៥០​នាក់ ដើម្បី​ពង្រីក​ទំហំ​ផលិត​កម្ម​ឱ្យ​ទៅជាឧស្សាហកម្ម​​ខ្នាតធំជាដើម​ ។ ទាំង​អស់​នេះ​គឺជា​​ការ​​ទាក់​​ទាញ​មួយ​យ៉ាង​​សំខាន់​សម្រាប់​​អ្នក​វិនិយោគ​​ក្នុង​ស្រុក​ ដែល​​ចង់​ស្វែង​រក​ដៃគូ​វិនិយោគ​​ក្រៅប្រទេស ។ លោក​​​សង្ឃឹម​ថា តាម​រយៈ​​នៃដំណើរ​ទស្សនកិច្ច​​ របស់​ក្រុម​សមាជិក​សភា​ពាណិជ្ជកម្ម​និង​ឧស្សា​ហកម្ម​ម៉ាឡេស៊ី នាពេល​​នេះ​ ទំហំ​នៃទុន​វិនិយោគ​​​ម៉ាឡេស៊ី​នៅ​កម្ពុជា​​នឹង​មានការ​កើន​ឡើង​​​ខ្ពស់​​​ដូចជា​​ប៉ុន្មាន​​ឆ្នាំ​មុន​ដែល​ម៉ាឡេស៊ី​មាន​ចំណាត់​​ថ្នាក់​លេខ​៣​ ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅកម្ពុជា ។

លោក​ Datuk Pengiran’Hj  ឯកអគ្គ​​រាជទូត​​ម៉ាឡេស៊ី​ប្រចាំកម្ពុជា មាន​ប្រសាសន៍​ថា ទាំង​កម្ពុជា​​និង​ម៉ាឡេស៊ី​មានដំណើរ​អភិឌ្ឍន៍​​​ ប្រទេស​​​ប្រហាក់​​ប្រហែល​គ្នា​ ។ ក្រោយពី​​ទទួល​បាន​ឯករាជ្យ​នាឆ្នាំ​​១៩៥៨ ម៉ាឡេស៊ី​បាន​ចាប់​យក​វិស័យ​​កសិកម្ម​ជា​ផ្នែក​អាទិភាព​​ក្នុង​ការ​អភិវឌ្ឍប្រទេស ។ រហូត​មក​ដល់​​ឆ្នាំ​១៩៦០ ម៉ាឡេស៊ី​​បាន​ប្តូរ​ពី​កសិកម្ម​​មក​ឧស្សា​ហកម្ម​​វិញ​ ដែល​ធ្វើ​​ឱ្យ​ម៉ាឡេស៊ី​​​មានការ​​​រីក​ចម្រើន​​យ៉ាង​​ឆាប់​​​រហ័ស​​ ។  លោក​​​បញ្ជាក់​ថា  ទំហំ​វិនិយោគ​​​ម៉ាឡេ​​ស៊ី​នៅកម្ពុជា​ក្នុង​ឆ្នាំ​២០១០ មាន​ប្រមាណ​​៣.៣៣៩​​ពាន់​​លាន​​ដុល្លារ ដោយ​គ្រប​ដណ្តប់​​លើ​ផ្នែក​​សណ្ឋាគារ​ ធនាគារ​ រោងចក្រ​​កាត់​ដេរ ថាម​ពល​ និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ។ លោក​​រំពឹង​​ថា នាប៉ុន្មាន​​​ឆ្នាំ​ខាង​មុខ​​នេះ​ទំហំ​នៃទុន​វិនិ​យោគ​​​​នឹង​កើន​ឡើង​ខ្ពស់​ ព្រោះ​វិនិយោគិន​​ម៉ាឡេស៊ី​ ជាច្រើន​កំពុង​ចាប់​អារម្មណ៍​​ និង​​ស្វែង​រក​ឱកាស​​​វិនិយោគ​នៅ​កម្ពុជា ៕

សៀមគ្រោង​ធ្វើ​​ស្នាក់​ការ​​គយ​និង​តម្រួត​​​ត្រូវភាគី​កម្ពុជា​បដិសេធ

Posted: 03 Mar 2011 11:24 PM PST

ខេត្ត​បន្ទាយ​មានជ័យ​​ ៖ កម្ពុជា​បាន​បដិសេធ​ភ្លាមៗ​​ខណៈ​​ភាគីសៀម​​គ្រោង​សាង​សង់​​ស្នាក់​ការគយ​​និង​ប៉ុស្តិ៍​​​តម្រួត​នៅ​ច្រក​ស្រុកតាប្យា​ ​​ខេត្ត​​ស្រះ​កែវ​​ ឈមនឹង​​ច្រក​​បឹង​ត្រកួន​ ស្ថិត​ក្នុង​ភូមិ​បន្ទាយ​មាន​រិទ្ធ ​ឃុំ​គោក​រមៀត ស្រុក​ថ្ម​​ពួក ​ខេត្ត​បន្ទាយ​មានជ័យ ។ ​ការ​​បដិសេធ​​​​របស់​កម្ពុជា​បាន​បង្ហាញ​​យ៉ាង​ច្បាស់​ថា ចំណុច​ព្រំដែន​​មិន​ទាន់​​ច្បាស់​លាស់​​ គឺ​មិន​​អាច​ឱ្យ​មាន​ការ​​សាង​សង់​​​​ ​ដោយ​ទុក​​ឱ្យជំនាញ​បច្ចេកទេស​​របស់​គណៈ​​កម្មការ​ព្រំ​ដែន​​​ចុះ​សិក្សា​​​ពិនិត្យ​​​មើល​សិន ។ ​ភាគី​សៀម​​​​​បាន​​អញ្ជើញ​​អាជ្ញាធរ​​និង​សមត្ថ​កិច្ច​កម្ពុ​ជា​ពិនិត្យ​មើល​ទីតាំង​ដែល​ពួកគេ​មាន​គម្រោង​​​សាង​សង់​​។

​នៅព្រឹក​ថ្ងៃទី​៣ មីនា ​​​គណៈកម្មការ​​​មួយ​ក្រុម​​របស់​កម្ពុ​ជា​ដឹកនាំ​ដោយ​លោក​អ៊ឹម ភ័ណសុផល អភិបាល​រង​ខេត្ត ​​ក្នុង​នោះ​មាន​វត្ត​មាន​លោក​ឧត្តម​សេនីយ៍​ត្រី​ឌី ផេន នាយករង​​​​ទីចាត់​ការ​ការ​ងារ​​​ព្រំដែន​នៃអគ្គ​បញ្ជាការ​និង​ជា​ប្រធាន​ការិយាល័យ​​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​​-ថៃ ព្រម​ទាំង​សមត្ថ​កិច្ច​ជាច្រើន​នាក់​បានចូលទៅទឹកដី​សៀម​តាម​ការ​អញ្ជើញ​ពី​ភាគី​សៀម​ដើម្បី​ទៅពិនិត្យ​​មើល​ទីតាំង​ដែល​ភាគី​សៀម​គ្រោង​​​សាង​សង់​​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​​​ ព្រម​ទាំង​​ប៉ុស្តិ៍​​​តម្រួត​។

ក្រោយ​​​​ការ​​វិល​ត្រឡប់​​​មក​ដល់​ទឹក​ដី​​កម្ពុជា​​​វិញ លោកអ៊ឹម ​ភ័ណ​សុផល ​អភិបាល​រង​​ខេត្ត​បាន​ប្រាប់​ថា ​​ដោយ​មាន​សំណូមពរ​​ពី​អភិបាល​ខេត្ត​ស្រះកែវ​​សុំ​សាង​សង់​ស្នាក់​ការ​​គយ​​និងរដ្ឋា​ករ​ ព្រម​ទាំង​ប៉ុស្តិ៍​​ត​ម្រួត​របស់​​គេ​នៅ​ក្នុង​ស្រុក​​​តាប្យា​ ដែល​​នៅ​ទល់​មុខ​ច្រក​តំបន់​បឹង​ត្រកួន​របស់​កម្ពុជា ខាង​ភាគី​​សៀម​ក៏​បាន​អញ្ជើញ​​អាជ្ញាធរ​​​​​និង​សមត្ថ​កិច្ច​​កម្ពុជា​​ទៅពិនិត្យ​​មើល​​​ទីតាំង​ដែល​​គ្រោង​សាង​សង់​នោះ ។ ប៉ុន្តែ​​​​ក្រុម​ការងារ​​របស់​លោក​បាន​ប្រាប់​​ទៅ​ភាគី​​សៀម​វិញ​ថា​ មិន​មាន​សិទ្ធិ​​សម្រេច​​​​ទេ​ និង​បាន​សុំ​ពេល​មួយ​រយៈ​សិន​​ដើម្បី​ធ្វើ​របាយ​ការណ៍​​ដាក់​ជូន​​គណៈ​កម្មការ​​ព្រំដែន​ថ្នាក់​ជាតិ​​​និង​ឱ្យ​ជំនាញ​​​បច្ចេក​ទេស​​មក​ពិនិត្យ​មើល​​សិន។ ចំណុច​ដែល​ភាគី​សៀម​គ្រោង​​សាង​សង់​នោះ​ ត្រូវ​បាន​អភិបាល​រង​​ខេត្ត​ប្រាប់​ថា មាន​ចម្ងាយ​​ប្រហែល​​២២០​ម៉ែត្រ​ពី​បង្គោល​ឡាក់​លេខ​​​៣៦ ។​

លោក​អភិបាល​រង​ខេត្ត​បន្តទៀតថា ខាង​លោក​បាន​​ប្រាប់​​ភាគី​​សៀម​ថា លោកគ្មាន​សិទ្ធិ​សម្រេចទេ ហើយ​​ខាង​​អាជ្ញាធរ​​សៀម​គឺ​លោក​អភិបាល​ខេត្ត​ស្រះកែវ​បាន​អះអាង​ថា កន្លែង​​ដែលត្រូវ​សាង​សង់​នោះ​​មិន​ប៉ះពាល់​ចំណុច​ដែល​មានការ​​ប្រទាំង​ប្រទើស​គ្នា​ឡើយ ។​

​ចំណែក​លោក​​ឧត្តម​សេនីយ៍​​ត្រី​ឌី ​ផេន ​បាន​ប្រាប់​​តាម​ទូរស័ព្ទ​​ថា ការ​អញ្ជើញ​​ទៅ​ចូលរួម​ពិនិត្យ​ទីតាំង​ដែល​ខាងភាគី​​សៀម​​គ្រោង​​សាង​សង់​​នោះ ​មិន​មែន​ជា​ការ​អញ្ជើញ​​ផ្លូវ​ការ​​ទេ ហើយ​​លោក​ប្រាប់​ថា ក្រោយ​ការ​ពិនិត្យ​ទីតាំង​​​ក៏​មាន​ការជួប​ប្រជុំ​​គ្នា​មួយ​ផងដែរ និង​ក្រោយ​​​កិច្ច​ប្រជុំ​បាន​​ទទួល​​ទាន​អាហារ​រួម​គ្នាក្នុង​ទឹកដី​​សៀម​ ។ បើ​គេចាំ​មិនភ្លេច​ទេ​ កាលពី​ឆ្នាំទៅ​មិញ​​ ភាគី​សៀម​បាន​យកគ្រឿង​​ចក្រ​​មកធ្វើ​ការ​​​ឈូស​ឆាយ​​នៅចំណុច​នោះ​ម្តង​ហើយ​ ដោយ​មិន​បាន​​ប្រាប់​ភាគី​កម្ពុជា​ទេ ហើយ​ក៏​មាន​ការ​​រារាំង​សកម្មភាព​នោះ​ម្តង​ហើយ​​ដែរ​ព្រោះ​តែ​ចំណុច​នោះ​ជា​តំបន់​​​ប្រទាញ​ប្រទង់​មិន​​ទាន់​ច្បាស់​លាស់​ពីបន្ទាត់​ព្រំដែន ៕​

ប៉ូលិស​​ខេត្ត​កណ្តាល​និង​ស្រុក​ស្នួល​ឆ្មក់​ចូល​ចាប់​មុខ​សញ្ញា​ជួញដូរ​ថ្នាំញៀន

Posted: 03 Mar 2011 11:23 PM PST

ជន​សង្ស័យ​​​មុខ​សញ្ញា​​ចែក​ចាយ​គ្រឿង​ញៀនពីរ​​នាក់​​ត្រូវ​ចាប់​ខ្លួន

ខេត្ត​កណ្តាល​ ៖ ​ជន​សង្ស័យ​​​មុខ​សញ្ញា​​ចែក​ចាយ​គ្រឿង​ញៀនពីរ​​នាក់​​ត្រូវ​បាន​កម្លាំងនគរ​បាល​​​ព្រហ្មទណ្ឌ​​ស្រុកអង្គ​ស្នួល​ សហការជាមួយ​​នគរបាល​​ការិយាល័យ​​ប្រឆាំង​​​ការជួញដូរ​​​គ្រឿង​ញៀន​​នៃ​ស្នង​ការ​​ដ្ឋាននគរ​បាល​​ខេត្ត​​​​​ចាប់​ខ្លួន​ ព្រម​​ទាំង​ដក​ហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក​ និង​​សំភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ផងដែរ ។ ហេតុ​ការណ៍​នោះ​បាន​កើត​​ឡើង​កាលពី​វេលា​​ម៉ោង​៤​និង​១៥​នាទី​រសៀល​​ថ្ងៃទី២ ខែមីនា ឆ្នាំ​២០១១ នៅ​ក្នុង​ភូមិ​​ត្រពាំង​ក្រសាំង​ ឃុំ​​បែក​ចាន ស្រុក​អង្គ​ស្នួល ។

ជន​សង្ស័យ​ដែល​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​នោះ​​ម្នាក់​ឈ្មោះ​សុខ សំបូរ អាយុ​២៤ឆ្នាំ​ មុខ​របរ​ចិញ្ចឹម​មាន់ មាន​ស្រុក​កំណើត​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​និង​ម្នាក់​ទៀត​​ឈ្មោះ​សៅ គង់ អាយុ​៣៧ឆ្នាំ ជាជាង​​ជួសជុល​ម៉ូតូ​ មានទីលំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ ។ តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹងថា ​ក្រៅពី​មុខរបរ​​ចិញ្ចឹម​មាន់​ និង​​ធ្វើ​ជាងជួសជុល​ម៉ូតូ​ ជនទាំង​ពីរ​នាក់​នោះ​​គឺជាមុខសញ្ញា​​ជួញដូរ​និង​ចែក​ចាយ​​គ្រឿង​ញៀន​​យ៉ាង​សកម្ម​​​បំផុត ហើយ​ពួកគេ​​រក​ស៊ី​របរ​នេះ​តាំងពី​យូរ​មក​ហើយ រហូត​ម​ក​ដល់​ពេល​​នេះ ទើប​ប៉ូលិស​​ស្រាវជ្រាវ​​​រកឃើញ​​​​និង​ធ្វើ​ការ​​ចាប់​ខ្លួន​​​តែម្តង ។ ​

ប្រភព​ដដែល​​បាន​បន្ត​ទៀតថា សមត្ថកិច្ច​​​​​​បាន​​ឆ្មក់​​ចូល​ចាប់​ខ្លួន​ជន​ទាំង​​ពីរ​នាក់​​​នោះ​ក្នុង​ខណៈពេល​ពួកគេ​កំពុង​​​លក់​ថ្នាំ​ញៀន​​​នៅ​ក្នុង​​ផ្ទះ​ ​ហើយ​សមត្ថ​កិច្ច​បាន​ដក​ហូត​បាន​ថ្នាំញៀន​​ប្រភេទ​​ម៉ាទឹកកក​ចំនួន​៥កញ្ចប់​​តូច​ឧបករណ៍​​សម្រាប់​សេពគ្រឿង​ញៀន​មួយ​កំប្លេ ទូរស័ព្ទ​ដៃ១គ្រឿង និង​លុយ​បាន​មក​ពី​ការ​លក់​​​ថ្នាំញៀន​​ចំនួន​៤៥​ម៉ឺន​​រៀល​ ព្រមទាំង​ថង់​​សម្រាប់​​​វេច​ខ្ចប់​​​ថ្នាំញៀន​មួយ​ចំនួន​ទៀត​ ។ ប្រភព​​​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់​ខ្លួន​​សមត្ថ​កិច្ច​បានធ្វើ​ការ​​សាកសួរ​​​កសាង​សំណុំ​រឿងបញ្ជូន​ទៅ​​កាន់​ការិយាល័យ​​ប្រឆាំង​ការជួញដូរ​​គ្រឿង​ញៀន​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​កណ្តាល​​ដើម្បី​ចាត់​ការ​​បន្ត​តាម​នីតិវិធី​៕

ដណ្តើម​ផ្ទះ​មួយខ្នង​​ក្លាយ​ជាជម្លោះ​ស៊ី​សាច់​ហុត​ឈាម​រវាងឪពុក​ក្មេក​និងកូនប្រសា

Posted: 03 Mar 2011 11:15 PM PST

​លោក​តា​ សាន សូត្រ ​វ័យ​៦២ឆ្នាំ ដែល​​ត្រូវ​កូន​ប្រសាចាក់​ត្រូវ​៧កាំបិត​​ បាន​រៀបរាប់​ថា

ខេត្ត​ស្ទឹង​ត្រែង​​ ៖ ជម្លោះ​​ស៊ី​សាច់​ហុត​ឈាម​​មួយបាន​កើត​ចេញពីផ្ទះ​មួយ​ខ្នង រវាង​ឪពុក​ក្មេក​ និងកូន​ប្រសា​ប្រុស​អត់​ខាន់​ស្លា​​​ដែល​ករណី​ជម្លោះ​​នោះបាន​ឈាន​ដល់​ការ​​​ប្រើ​អំពើ​ហិង្សា​ ទាញ​យកកាំបិត​បន្ទោះ​ និង​កាំបិត​ប៉័ងតោ​កាប់ចាក់ប្រហារ​​គ្នា​យ៉ាង​សាហាវ​​​បំផុត​បណ្តាល​​ឱ្យ​​ឪពុក​ក្មេក​​ត្រូវ​​​៧​កាំបិត​​បន្ទោះ​ ​ឯកូន​​ប្រសា​ចិត្ត​ភ្លើង​​ត្រូវ​១កាំបិត​ប៉័ងតោ​​​រងរបួស​​ធ្ងន់​​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ខេត្ត​ដើម្បី​​សង្គ្រោះ​​បន្ទាន់ ។
​មន្ត្រី​នគរ​បាល​​យុត្តិធម៌​​ក្រុង​ស្ទឹង​ត្រែង​​បាន​​ប្រាប់​​ឱ្យ​ដឹងថា ​ករណីជម្លោះ​​​នេះ​បាន​​កើត​ឡើង​​កាលពី​វេលា​​ម៉ោង​​​៤​និង​៣០នាទី​​​រសៀល​ថ្ងៃទី​​២ មីនា ​ត្រង់​ចំណុច​មុខ​ផ្ទះ​ក្នុងភូមិ​ថ្មី សង្កាត់​​​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​ ដែល​ឪពុក​​ក្មេក​​​ឈ្មោះ​សាន​ សូត្រ អាយុ​៦២​ឆ្នាំ រីឯកូន​ប្រសា​ឈ្មោះ​អ៊ុំ​ សុខុម ​អាយុ​៤៥ឆ្នាំ ។ ទាំងឪពុកកេ្មក​​ និងកូន​ប្រសា​​រស់​នៅ​ក្នុងផ្ទះជាមួយ​គ្នា​ ។​

​លោក​តា​ សាន សូត្រ ​វ័យ​៦២ឆ្នាំ ដែល​​ត្រូវ​កូន​ប្រសាចាក់​ត្រូវ​៧កាំបិត​​ បាន​រៀបរាប់​ថា មូល​ហេតុ​​​បង្ក​ឱ្យ​មាន​ជម្លោះ​​រហូត​​ឈាន​ដល់​ការ​ចាក់​​កាប់​បង្ហូរឈាម​​​គ្នា​នេះ ដោយសារ​កូន​ប្រសា​​អត់​ខាន់​ស្លា​​រូបនោះ ក្រោយ​ពីរត់​ឡើង​មក​យកកូន​ស្រី​​គាត់​ឈ្មោះ​សាន ចាន់ណង អាយុ​ជាង​​២០ឆ្នាំ ដោយ​ពុំ​​បាន​​រៀបការ​​​ឬសែន​​ព្រេន​អ្វី​បន្តិច​សោះ​ រួចមក​ រយៈពេល​១ឆ្នាំ​ក្រោយ​កូន​ស្រី​​គាត់ក៏​បាន​​កើត​​​កូន​ប្រុស​មួយ ។ ចាប់តាំងពី​​បុរស​រូបនោះ​ឡើង​មក​រស់​នៅ​ជាមួយកូន​ស្រីគាត់ ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយ​អស់​១​សេន​នោះ ពួកគេទាំង​ពីរ​នាក់​ប្តីប្រពន្ធ​​ចេះ​តែ​មានការ​រកាំរកូស​​​ឈ្លោះ​ប្រកែកគ្នា​ជានិច្ច ពុំ​សូវ​​​បាន​សុខ​នឹងគ្នា​ទេ ។  ដោយ​ឃើញ​សភាព​បែបនេះ ក្នុង​នាម​គាត់​ជាឪពុក​-ម្តាយ​ ​មិន​សប្បាយ​ចិត្ត​សោះ ហើយ​​​​ក៏​បាន​និយាយ​ទៅ​កាន់​កូន​ថា បើ​ពួក​ឯង​នៅតែ​យ៉ាង​នេះ​សូម​ចែក​ផ្លូវ​គ្នា​ទៅ ។ ​ចាប់តាំង​ពីពេល​នោះ​មក កូន​ប្រសា​រូបនោះ ក៏​បាន​ចុះ​ចេញ​ពី​ផ្ទះ​ចោល​ប្រពន្ធ​កូន​ខ្ចីអស់​​រយៈ​ពេល​៥ទៅ​៦​ខែ​   យូរៗ​លប​ចូល​ផ្ទះ​ម្តង ហើយ​មក​ដៀល​​ត្មះ​ពួកគាត់​ជាឪពុក​-ម្តាយក្មេក​យ៉ាង​ចាស់​ដៃ ដោយ​គ្មាន​ស្គាល់​បាបបុណ្យ​​អ្វី​ឡើយ ។​

​លុះ​មក​​ដល់​ល្ងាច​​ថ្ងៃទី​៣ មីនា កូន​ប្រសា​​នេះ​​បាន​មក​រក​រឿង​គាត់​ម្តង​ទៀត ខណៈ​ដែល​គាត់​កំពុង​អង្គុយ​បិតឫស្សី​នៅ​មុខ​ផ្ទះ ។ នៅពេល​នោះ​ដោយ​សារ​ទ្រាំ​មិន​បាន​នឹងទង្វើ​​របស់កូន​ប្រសា​ គាត់​ក៏​បានយក​កាំបិត​ប័ុង​តោ​​ជន្ល​​គេ​ពី​ចម្ងាយ​ កុំ​ឱ្យ​មកជិត​គ្រួសារ​​​គាត់​ទៀត​ ​ស្រាប់​​តែកូន​ប្រសា​អត់​​​ខាន់​ស្លា​នោះ​​យក​ដំបង​ស្ទុះ​មក​រងកាំបិត​​ដែល​គាត់​​​ជន្ល​នោះ ហើយ​បាន​​វាសកាំបិត​​ចេញ​ពីដៃ​​គាត់​​ ទើប​បណ្តាល​​ឱ្យ​កាំបិត​ប៉័ងតោ​​នោះ​មុត​​រូប​គេ​ត្រូវ​ឆ្អឹងជំនីរ​​ផ្នែក​ខាង​ស្តាំ​១កាំបិត​ទៅ ។ ​បន្ទាប់​មក​កូន​ប្រសា​​គាត់​បាន​យកកាំបិត​​បន្ទោះ​​​នោះ​មក​ចាក់​​រូបគាត់​ផ្ទួនៗគ្នា​ចំនួន​៧​កាំបិត​ ចំក្បាល​​​ ដៃ ​និង​ខ្លួន​ បណ្តាល​ឱ្យរងរបួស​ជា​ទម្ងន់។
អ្នកភូមិ​​​បាននិយាយថា ទាំងឪពុក​​ក្មេក​​ និង​កូន​ប្រសា​​ចិត្ត​​ខ្លាំងដូចគ្នា​ ហើយ​អ្វីដែល​ធ្វើ​ឱ្យ​ឪពុក​​ក្មេក​ខឹង​នឹង​កូន​ប្រសា​ខ្លាំងនោះ ក៏ព្រោះតែ​បុរស​នោះ​បាន​ឡើងមក​យកកូន​​ស្រីគាត់​ដោយ​មិន​​គោរព​ទៅតាម​ប្រពៃណី​អ្វីទាំងអស់ បានន័យ​ថា​ ឡើង​មកយកនៅពេល​ដែលលោកតា​​​ជា​ឪពុក​​ក្មេក​នោះ​មិននៅ​ផ្ទះ​ជិត​១ឆ្នាំ គឺនៅ​តែ​ម្តាយ​ដែលជា​ស្ត្រីវ័យចំណាស់​មិន​ហ៊ាន​តបត​នឹងកូន​​ប្រសា​​ដែល​ស៊ី​នំអត់​ឱ្យលុយ​នេះឡើយ ។ ហើយ​នៅពេល​ដែលឪពុក​មក​ផ្ទះ​វិញ អង្ករ​បាន​ក្លាយជា​​​បាយទៅ​ហើយ ទើប​ធ្វើ​ឱ្យគាត់​​នឹក​ហួស​​ចិត្ត​ខ្មាស​អ្នកជិតខាង និងបង្កើតឱ្យ​មាន​ការក្តៅ​ក្រហាយ​​​ក្នុង​ចិត្ត​ជារៀងរាល់​ថ្ងៃ ។ ទោះបីជា​បែបណា កូន​ស្រីគាត់​ក៏ជាអ្នក​បង្ក​ឱ្យ​មាន​ភាព​អពមង្គល​នេះ​មួយផ្នែក​ដែរ ដោយសារ​តែស្នេហា​បំពាន​តម្រា​​​​របស់​ខ្លួន ។

​លោក​វរសេនីយ៍​​ត្រី​​ហែល វ៉ា នាយ​រង​ការិយាល័យ​​​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ បាន​ឱ្យ​ដឹង​ថា ជុំវិញ​ករណីនេះ​មិន​ទាន់​​ដឹងថា អ្នកណា​​ខុស​ អ្នកណា​ត្រូវ​នៅឡើយ​ទេ តែតាម​ព័ត៌​មាន​​របស់​អ្នកភូមិ​បាន​ឱ្យ​ដឹងថា ឈ្មោះ​អ៊ុំ​ សុខុម ជាកូន​ប្រសានេះ​ គឺ​មិន​ដែល​ចុះ​​សម្រុង​នឹងអ្នក​ក្នុងភូមិ​ទេ ហើយ​សំណុំ​រឿង​នេះ​លោក​បាន​បញ្ជូន​ទៅ​ឱ្យ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការ​ពារអនីតិជន​​ដោះស្រាយ​ហើយ ៕​

កាប់​ចាក់​គ្នា​របួស​​ចូល​ពេទ្យ ​សមត្ថ​កិច្ច​ត្រៀម​ចាប់​បញ្ជូន​ទៅ​តុលាការ​ទាំង​២នាក់

Posted: 03 Mar 2011 11:10 PM PST

សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​កាល​ពី​រសៀល​ថ្ងៃ​ទី​១ មីនា

ខេត្ត​បាត់​ដំបង​ ៖ សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​កាល​ពី​រសៀល​ថ្ងៃ​ទី​១ មីនា ក្រោយ​ពី​ចេញ​ពី​មន្ទីរ​ពេទ្យ​ ខណៈ​គូ​បដិ​បក្ស​របស់​គេ​​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ​។ ជន​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើ​ដាវ​កាប់​ចាក់​គ្នា​ជាមួយ​សត្រូវ​របស់​ខ្លួន​បណ្តាល​ឱ្យ​របួស​ដេក​ដួល​រៀង​ៗ​ខ្លួន​​នៅ​ក្នុង​ភូមិ​បាសែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ កុម្ភៈ​ ​។

ជន​ដែល​សមត្ថ​កិច្ច​ចាប់ខ្លួន​មុន​គូ​ប្រយុទ្ធ​របស់​ខ្លួន​នេះ​ឈ្មោះ​យ៉េប អះ​ម៉ាត់​ហៀត ហៅ​ម៉ាប់​ ឬ​ម៉ាត់ អាយុ​២៧​ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ​អ៊ិស្លាម​ រស់​នៅ​ភូមិ​បាសែត​ ឃុំ​តាប៉ុន​ ស្រុក​សង្កែ​រី​ឯ​គូ​បក្ខដិបក្ខ​ដែល​របួស​ធ្ងន់​កំពុង​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​​ឈ្មោះ​ទុំ លៀង អាយុ​២៣​ឆ្នាំ រស់​នៅ​ភូមិ​ឈុង​ត្រដក់​ ឃុំ​រកា​ ស្រុក​សង្កែ​។ សមត្ថ​កិច្ច​​ស្រុក​សង្កែ​បាន​និយាយ​ថា ជន​២​នាក់​នេះ​បាន​ប្រើ​ដាវ​កាប់​ចាក់​បង្ហូរ​ឈាម​គ្នាដើម្បី​​សង​សឹក​គំនុំ​ចាស់​។ ពួក​គេ​ច្បាំង​គ្នា​រហូត​របួស​​ឈាម​ដាប​ដេក​ដួល​រៀង​ខ្លួន​នៅ​កន្លែង​កើត​ហេតុ​ ហើយ​​ត្រូវ​គេ​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទាំង​អស់​គ្នា ។

​ឈ្មោះ​យ៉េប អះ​ម៉ាត់​ហៀត របួស​ដៃ​ទាំង​២ រី​ឯ​ឈ្មោះ​ទុំ លៀង របួស​ក្បាល​ ដៃ​ និង​ពោះ​ធ្ងន់​ធ្ងរ​។ តាម​ចំលើយ​របស់​ឈ្មោះ​យ៉េប អះ​ម៉ាត់​​ហៀត​ ថា គេគ្មាន​គំនុំ​ជាមួយ​ឈ្មោះ​ទុំ លៀង​ ទេ ប៉ុន្តែ​មាន​គំនុំ​ជាមួយ​បក្ស​ពួក​របស់​ជន​នោះ​។ ឈ្មោះ​ទុំ លៀង តែង​ណាត់​កាប់​ចាក់​គ្នា​ជាមួយ​រូប​គេ​​មិន​ឈប់​ លុះ​​នៅរសៀល​​ថ្ងៃ​ទី​២២​ កុម្ភៈ​ ក៏​ប៉ះ​ទង្គិច​គ្នា​តែ​ម្តង​ ដោយ​គេ​​ប្រើ​កាំ​បិត​ រី​ឯ​ឈ្មោះ​ទុំ លៀង​ ប្រើ​ដាវ​សាមូរ៉ៃ​។​

លោក​ជេត វណ្ណ​នី ស្នង​ការ​រង​ និង​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​យុត្តិ​ធម៌​មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​គ្មាន​ដើម​បណ្តឹង​​ទេ​។ ​ពួក​គេ​ជា​ជន​ល្មើស​ផង​ជា​ជន​រង​គ្រោះ​ផង​ ព្រោះ​ក្រោយ​ពេល​ច្បាំង​គ្នា​ពួក​គេ​របួស​ទាំង​២​នាក់​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​រៀង​ៗ​ខ្លួន​។ លោក​​បញ្ជាក់​ថា​ សមត្ថ​កិច្ច​របស់​លោក​ ​ត្រៀម​ឃាត់​ខ្លួន​ពួក​គេ​ទាំង​២​នាក់​​បញ្ជូន​ទៅ​តុលា​ការ​ ។ ​ឈ្មោះ​អះ​ម៉ាត់​​ហៀត​ ​ធូរ​ស្រាល​ចេញ​ពី​​មន្ទីរ​ពេទ្យ​មុន​ទើបចាត់ការមុន​​ រី​ឯ​ឈ្មោះ​លៀង ​ត្រៀម​ចាប់​បញ្ជូន​ទៅ​តុលាការ​តាម​ក្រោយ​ បន្ទាប់​ពី​គេ​​ចេញ​ពី​មន្ទីរ​ពេទ្យ​ ៕

ជន​ជាតិ​ចិន​ម្នាក់​ទ្រម​ខ្លួន​ដោយ​សារ​ចោរ​ប្លន់យក​ទូរស័ព្ទ​ដៃ

Posted: 03 Mar 2011 11:08 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​១​ក្រុម​មាន​គ្នា​ចំនួន​៦​នាក់​ ត្រូវ​បាន​ប្រភព​ឱ្យ​ដឹង​ថា បាន​ធ្វើ​ការ​វាយ​ដំ​ទៅ​លើ​ជន​ជាតិ​ចិន​ម្នាក់​ប្លន់​យក​ទូរស័ព្ទ​ដៃ​២​គ្រឿង​ កាល​ពី​ថ្ងៃ​ទី​១ មីនា​ វេលា​ម៉ោង​១២ និង​៥០​នាទីរំលងអធ្រាត្រ​​នៅ​​ភូមិ​ចុង​ថ្នល់​​ខាង​លិច​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ប៉ុន្តែ​ភ្លាមៗ​នោះ​​ប៉ូលិស​ចាប់​ខ្លួន​បាន​២​នាក់​ ​។

លោក​ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌសែន​សុខ​​ឱ្យ​ដឹង​ថា ជន​ជាតិ​ចិន​ដែល​រង​ការ​វាយ​ទ្រម​ខ្លួន​ពី​ក្រុម​ជន​សង្ស័យដើម្បី​​​ប្លន់​យក​ទូរ​ស័ព្ទ​ដៃ​ចំនួន​២ គ្រឿង​នេះ ឈ្មោះ​លាវ ​ស៊ាន​សាន់​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​​នៅ​កន្លែង​កើត​ហេតុ​ ។ រី​ឯ​ជន​ល្មើស​ចំនួន​២​នាក់​ដែល​ប៉ូលិសចាប់បាន​ឈ្មោះ​សួន សេដ្ឋី​បុត្រ​ ភេទ​ប្រុស​​ អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​ចុង​ថ្នល់​ខាង​លិច​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ និ​ងឈ្មោះ​ផយ ប៊ុន​ធឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​ ស្នាក់​នៅ​​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​។ ចំណែក​ឯ​៤​នាក់​ទៀត​ដែល​សមត្ថ​កិច្ច​​ស្គាល់​អត្ត​សញ្ញាណនោះ​កំពុង​​តាម​​ចាប់​​ខ្លួន​។

លោក​អធិការ​​ប្រាប់​ថា នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលងអធ្រាត្រ​ ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១១ ជន​ជាតិ​ចិន​បាន​ជិះ​ម៉ូតូ​ឌុប​ចេញ​ពី​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ហើយ​ពេល​ទៅ​ដល់​​ផ្ទះ​ជួល​ស្រាប់​តែ​ត្រូវ​​ចោរ​ប្លន់​ចំនួន​២​នាក់​ជិះ​ម៉ូតូ​​២​គ្រឿង​​ម៉ាក​វ៉េវ​ និង​គុប​ជ្រុង​តាម​ទៅ​​វាយទ្រម​ខ្លួន​ប្លន់​​យក​ទូរ​ស័ព្ទ​ចំនួន​​២​គ្រឿង​​។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ពេល​នោះ​កំលាំង​ប៉ូលិស​​ល្បាត​ប្រទះ​ឃើញ​​ចាប់​បាន​ចោរ​២​នាក់​ ចំណែក​៤​នាក់​ទៀត​រត់​គេច​បាត់​ ។ លោក​អធិការ​​បញ្ជាក់​ថា ប៉ូលិស​រឹប​អូស​​បាន​ម៉ូតូ​ចំនួន​២​គ្រឿង​​ដែល​ជន​សង្ស័យ​ជិះ​ធ្វើ​សកម្ម​ភាព​ ចំណែក​ឯ​ទូរ​ស័ព្ទ​របស់​ជន​រង​គ្រោះ​ត្រូវ​ជន​៤​នាក់​នោះ​យក​ទៅបាត់​ ៕

ពេទ្យ​យោធា​កម្ពុជា​-អាមេរិក​សហ​ការ​ព្យា​បាល​ជម្ងឺ​ប្រជា​ពល​រដ្ឋ​មិន​គិត​ថ្លៃ

Posted: 03 Mar 2011 11:00 PM PST

ពេទ្យ​យោធា​កម្ពុជា​-អាមេរិក​សហ​ការ​ព្យា​បាល​ជម្ងឺ​ប្រជា​ពល​រដ្ឋ​មិន​គិត​ថ្លៃ

រាជ​ធានី​ភ្នំពេញ​ ៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​ស្ថិត​ក្នុង​ភូមិ​អូរ​ជ្រៅ​ ឃុំ​អូរ​ជ្រៅ​ ស្រុក​ព្រៃ​នប់​ ប្រមាណ​ជិត​៣.០០០​នាក់​ ទទួល​បាន​ការ​ព្យា​បាល​ជម្ងឺ​ដោយ​ឥត​គិត​ថ្លៃ​ពី​ក្រុម​គ្រូ​ពេទ្យ​​យោធា​ស្ម័គ្រ​ចិត្ត​អាមេរិក​សហ​ការ​ជាមួយ​​គ្រូ​ពេទ្យ​យោធា​កម្ពុជា​។ ​សកម្ម​ភាពព្យា​បាល​នោះ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១។

លោក​ GEN BIRD SONG មន្ត្រី​យោធា​ផ្នែក​ពេទ្យ​នៃ​កង​ម៉ារីន​នាវា​អាមេរិក​បាន​ថ្លែង​ថា នេះ​ជា​កិច្ច​សហ​ការ​​​ប្រកប​ដោយ​មនុស្ស​ធម៌​របស់​កង​ទ័ព​អាមេរិក​ដែល​តែង​តែ​ធ្វើ​ជា​ប្រចាំ​ ​។ តាម​គម្រោង​ គឺ​​រយៈ​ពេល​មួយ​ថ្ងៃ​នៃ​បេសកកម្ម​​ជួយ​ព្យា​បាល​ជម្ងឺ​​ជូន​ប្រជា​ពល​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​នេះ​​សម្រេច​ឱ្យ​បាន​នូវ​ការ​​ព្យាបាល​ប្រមាណ​ពី​៧០០​ទៅ​១.០០០​នាក់​។ ប្រតិ​បត្តិ​ការ​នេះ​​មាន​រយៈ​ពេល​ប្រមាណ​៣​ថ្ងៃ​។ ដូច្នេះ​លោក​​គិត​ថា​ ​មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​៣.០០០​នាក់​ទទួល​បាន​ការ​ព្យាបាល​។

លោក​ GEN BIRDSONG ​ឱ្យ​ដឹង​ថា ក្រុម​គ្រូ​ពេទ្យ​របស់​លោក​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ព្យា​បាល​ចំពោះ​មនុស្ស​ចាស់​លើ​ជម្ងឺ​ភ្នែក​ ដោយ​មាន​ការ​វះ​កាត់​តូច និង​ផ្តល់​វ៉ែន​តា​សម្រាប់​ពួក​គាត់​។ ទន្ទឹម​នោះ​​យក​ចិត្ត​ទុក​ដាក់​លើ​ការ​​ព្យា​បាល​ជម្ងឺ​ក្រពះ​​ ថ្លើម​ ពោះ​វៀន​ រួម​ទាំង​ជម្ងឺ​ផ្នែក​សរី​រាង្គ​ខាង​ក្នុង និង​ជម្ងឺ​គ្រុន​ក្តៅ​សម្រាប់​កុមារ​។ ចំណែក​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជម្ងឺ​រ៉ាំ​រ៉ៃ គឺ​ពេទ្យ​យោធា​​អាមេរិក​មិន​អាច​ព្យាបាល​​បាន​ទេ ប៉ុន្តែ​​ក្រុម​លោក​នឹង​ពិភាក្សា​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​យោធា​កម្ពុជា​​ដើម្បី​ស្វែង​រក​គ្រូ​ពេទ្យ​ជំនាញ​ជួយ​ព្យាបាល​ពួក​គាត់​។

លោក​កោត​សរ​សើេរ​​ចំពោះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ មន្ត្រី​យោធា​កម្ពុជា​ដែល​បាន​គាំ​ទ្រ​ និង​សហ​ការ​ល្អ​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​​អាមេរិក ​។ លោក​អរគុណ​ផង​ដែរ​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​បង្ហាញ​​មនោ​សញ្ចេត​នា​រាក់​ទាក់​ជាមួយ​ក្រុម​លោក​។ លោក​យន់​ ឆេង មេ​ឃុំ​អូរ​ជ្រៅ​បាន​ប្រាប់​អ្នក​កាសែត​ថា ឃុំ​អូរ​ជ្រៅ​ស្ថិត​នៅ​ទី​ដាច់​ស្រយាល​ ហើយ​កំពុង​ជួប​ការ​លំបាក​លើការ​ព្យា​បាល​ជម្ងឺ​។ ដូច្នេះ​អ្វី​ដែល​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​អាមេរិក​ និង​​ក្រុម​គ្រូ​ពេទ្យ​យោធា​កម្ពុជា​មក​ជួយ​ព្យា​បាល​​នេះ គឺ​ជា​សកម្ម​ភាព​មនុស្ស​ធម៌​ដ៏​ថ្លៃ​ថ្លា​បំផុត​សម្រាប់​ប្រជា​ពល​រដ្ឋ​។​ តាង​នាមប្រជា​ពលរដ្ឋ​ក្នុងឃុំ​លោក​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គ្រូពេទ្យ​ទាំង​អស់​​ជាមួយ​នឹង​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ផង​ដែរ៕

ពេទ្យ​យោធា​កម្ពុជា​-អាមេរិក​សហ​ការ​ព្យា​បាល​ជម្ងឺ​ប្រជា​ពល​រដ្ឋ​មិន​គិត​ថ្លៃ

Posted: 03 Mar 2011 11:00 PM PST

ពេទ្យ​យោធា​កម្ពុជា​-អាមេរិក​សហ​ការ​ព្យា​បាល​ជម្ងឺ​ប្រជា​ពល​រដ្ឋ​មិន​គិត​ថ្លៃ

រាជ​ធានី​ភ្នំពេញ​ ៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​ស្ថិត​ក្នុង​ភូមិ​អូរ​ជ្រៅ​ ឃុំ​អូរ​ជ្រៅ​ ស្រុក​ព្រៃ​នប់​ ប្រមាណ​ជិត​៣.០០០​នាក់​ ទទួល​បាន​ការ​ព្យា​បាល​ជម្ងឺ​ដោយ​ឥត​គិត​ថ្លៃ​ពី​ក្រុម​គ្រូ​ពេទ្យ​​យោធា​ស្ម័គ្រ​ចិត្ត​អាមេរិក​សហ​ការ​ជាមួយ​​គ្រូ​ពេទ្យ​យោធា​កម្ពុជា​។ ​សកម្ម​ភាពព្យា​បាល​នោះ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១។

លោក​ GEN BIRD SONG មន្ត្រី​យោធា​ផ្នែក​ពេទ្យ​នៃ​កង​ម៉ារីន​នាវា​អាមេរិក​បាន​ថ្លែង​ថា នេះ​ជា​កិច្ច​សហ​ការ​​​ប្រកប​ដោយ​មនុស្ស​ធម៌​របស់​កង​ទ័ព​អាមេរិក​ដែល​តែង​តែ​ធ្វើ​ជា​ប្រចាំ​ ​។ តាម​គម្រោង​ គឺ​​រយៈ​ពេល​មួយ​ថ្ងៃ​នៃ​បេសកកម្ម​​ជួយ​ព្យា​បាល​ជម្ងឺ​​ជូន​ប្រជា​ពល​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​នេះ​​សម្រេច​ឱ្យ​បាន​នូវ​ការ​​ព្យាបាល​ប្រមាណ​ពី​៧០០​ទៅ​១.០០០​នាក់​។ ប្រតិ​បត្តិ​ការ​នេះ​​មាន​រយៈ​ពេល​ប្រមាណ​៣​ថ្ងៃ​។ ដូច្នេះ​លោក​​គិត​ថា​ ​មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​៣.០០០​នាក់​ទទួល​បាន​ការ​ព្យាបាល​។

លោក​ GEN BIRDSONG ​ឱ្យ​ដឹង​ថា ក្រុម​គ្រូ​ពេទ្យ​របស់​លោក​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ព្យា​បាល​ចំពោះ​មនុស្ស​ចាស់​លើ​ជម្ងឺ​ភ្នែក​ ដោយ​មាន​ការ​វះ​កាត់​តូច និង​ផ្តល់​វ៉ែន​តា​សម្រាប់​ពួក​គាត់​។ ទន្ទឹម​នោះ​​យក​ចិត្ត​ទុក​ដាក់​លើ​ការ​​ព្យា​បាល​ជម្ងឺ​ក្រពះ​​ ថ្លើម​ ពោះ​វៀន​ រួម​ទាំង​ជម្ងឺ​ផ្នែក​សរី​រាង្គ​ខាង​ក្នុង និង​ជម្ងឺ​គ្រុន​ក្តៅ​សម្រាប់​កុមារ​។ ចំណែក​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជម្ងឺ​រ៉ាំ​រ៉ៃ គឺ​ពេទ្យ​យោធា​​អាមេរិក​មិន​អាច​ព្យាបាល​​បាន​ទេ ប៉ុន្តែ​​ក្រុម​លោក​នឹង​ពិភាក្សា​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​យោធា​កម្ពុជា​​ដើម្បី​ស្វែង​រក​គ្រូ​ពេទ្យ​ជំនាញ​ជួយ​ព្យាបាល​ពួក​គាត់​។

លោក​កោត​សរ​សើេរ​​ចំពោះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ មន្ត្រី​យោធា​កម្ពុជា​ដែល​បាន​គាំ​ទ្រ​ និង​សហ​ការ​ល្អ​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​​អាមេរិក ​។ លោក​អរគុណ​ផង​ដែរ​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​បង្ហាញ​​មនោ​សញ្ចេត​នា​រាក់​ទាក់​ជាមួយ​ក្រុម​លោក​។ លោក​យន់​ ឆេង មេ​ឃុំ​អូរ​ជ្រៅ​បាន​ប្រាប់​អ្នក​កាសែត​ថា ឃុំ​អូរ​ជ្រៅ​ស្ថិត​នៅ​ទី​ដាច់​ស្រយាល​ ហើយ​កំពុង​ជួប​ការ​លំបាក​លើការ​ព្យា​បាល​ជម្ងឺ​។ ដូច្នេះ​អ្វី​ដែល​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​អាមេរិក​ និង​​ក្រុម​គ្រូ​ពេទ្យ​យោធា​កម្ពុជា​មក​ជួយ​ព្យា​បាល​​នេះ គឺ​ជា​សកម្ម​ភាព​មនុស្ស​ធម៌​ដ៏​ថ្លៃ​ថ្លា​បំផុត​សម្រាប់​ប្រជា​ពល​រដ្ឋ​។​ តាង​នាមប្រជា​ពលរដ្ឋ​ក្នុងឃុំ​លោក​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គ្រូពេទ្យ​ទាំង​អស់​​ជាមួយ​នឹង​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ផង​ដែរ៕

ប្រេង​សាំង​គេច​ពន្ធ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ឆ្លង​ដែន​តាម​ផ្លូវ​ទឹក

Posted: 03 Mar 2011 10:53 PM PST

ប្រេង​សាំង​គេច​ពន្ធ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ឆ្លង​ដែន​តាម​ផ្លូវ​ទឹក​

ខេត្ត​កំពត​ ៖ ដើម​ឆ្នាំ​២០១១នេះ ​នៅ​តាម​ច្រក​របៀង​ព្រំ​ដែន​នានា​ជា​​ពិសេស​ច្រក​របៀង​នៅ​សង​ខាង​​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក​គេ​សង្កេត​ឃើញ​សកម្ម​ភាព​​ក្រុម​ឈ្មួញ​រត់​ពន្ធ​ប្រេង​សាំង​កំរើក​ឡើង​វិញ​ទាំង​ផ្លូវ​ទឹក​ និង​តាម​ផ្លូវ​គោក​។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​ដែល​មាន​លំនៅ​ឋាន​ជិត​ខ្សែ​បន្ទាត់​ព្រំ​ដែន​ជាប់​ច្រក​របៀង​បាន​និយាយ​ថា ជំនួញ​​ប្រេង​សាំង​ត្រូវ​បាន​គេ​ផ្អាក​សកម្ម​ភាព​ដឹក​ជញ្ជូន​​ពី​ប្រទេស​វៀត​ណាម​​រយៈ​ពេល​២​ឆ្នាំ​ហើយ​ ទើប​តែ​នៅ​ដើម​ឆ្នាំ​២០១១​នេះ​​ប្រេង​សាំង​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​​ឡើង​វិញ​​ឆ្លង​កាត់​មក​ចូល​ខេត្ត​កំពត​។ ជាក់​ស្តែង​នៅ​ខាង​កើត​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក គឺ​មាន​សកម្ម​ភាព​​ដឹក​ជញ្ជូន​​ជា​ប្រចាំ​តាម​ផ្លូវ​ទឹក​។ ពេល​ខ្លះ​ក្រុម​ឈ្មួញ​បាន​គេ​ជួល​ប្រជា​ពល​រដ្ឋ​ឱ្យ​ចង​ខ្សែ​អូស​ប៊ី​ដុង​ប្រេង​តាម​ទឹក​ ឬ​ដឹក​តាម​ទូក​​ ហើយ​បើ​អ្នក​ខំ​ក្នុង​មួយ​ថ្ងៃ​គេ​ដឹក​តាម​ទូក​បាន​ទៅ​ដល់​១០​ជើង​ ដែល​​ក្នុង​មួយ​ជើង​គេ​ដឹក​បាន​ពី​៣០​ទៅ​៤០​ប៊ី​ដុង​។ អ្នក​រក​ស៊ី​ដឹក​ប្រេង​សាំង​គេច​ពន្ធ​ទាំង​នេះ​មិន​ខ្លាច​សមត្ថ​កិច្ច​ទេ ព្រោះ​មាន​អ្នក​អង្គុយ​ចាំ​យក​លុយ​។

មន្ត្រី​នគ​របាល​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក​មួយ​រូប​និយាយ​ថា កម្លាំង​នគរ​បាល​អាច​​​ចល័ត​ចេញ​ពី​ប៉ុស្តិ៍​ចំងាយ​១.៥០០​ម៉ែត្រ​ ប៉ុន្តែ​ការ​អង្គុយ​ចាំ​យក​លុយ​នោះ​បាន​ត្រឹម​តែ​រួច​ថ្លៃ​ម្ហូប​ប៉ុណ្ណោះ​ ។ ចំណែក​ឯ​មន្ត្រី​គយ​វិញ​មិន​អាច​រក​ការ​បំភ្លឺ​​បាន​ទេ តែ​កន្លង​មក​គេ​ក៏​ធ្លាប់​ឃើញ​ខាង​គយ​ទៅ​បង្អើល​ម្តង​ម្កាល​ដែរ​ ៕

ចំនួន​​អ្នក​អត់​ការ​ងារ​​ធ្វើ​​នៅ​ជប៉ុន​​មាន​៤,៩ភាគរយ​​​ក្នុង​ខែ​មករា

Posted: 03 Mar 2011 10:50 PM PST

​យល់​ដឹង ៖ អត្រាអត់ការងារធ្វើក្នុងប្រទេសជប៉ុននា​ខែមករា ស្ថិតនៅលើតួ​លេខដដែលគ្មានការប្រែ​ប្រួលខុសពីខែមុនទេ គឺនៅត្រឹម៤,៩ភាគរយ។ នេះ​បើតាមរបាយការណ៍រដ្ឋាភិបាលប្រាប់ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ និងបញ្ជាក់ថា វាស្ថិតនៅក្នុងលំដាប់​ខ្ពស់​ដដែល។ តាមរបាយការណ៍ ចំនួនអ្នក​អត់​ការ​ងារ​ធ្វើ​មានការថយចុះរាល់ខែចំនួន​១៤០.០០០​​នាក់ បើគិតពីឆ្នាំកន្លងទៅ​៣,០១​លាន​នាក់ ក្នុង​រយៈពេល៨ខែចុងក្រោយ នេះ​បើ​តាម​របាយ​ការណ៍​ដំបូងរបស់ក្រសួងការបរទេស និងទូរគម​នា​គមន៍។

ចំនួនធ្លាក់ចុះនៃអ្នកអត់ការងារធ្វើនាពេលថ្មីៗនឹងអាចជាទុនក្នុងការស្តារសេដ្ឋកិច្ច ប៉ុន្តែ​អត្រា​អ្នកអត់ការងារស្ថិ​ត​ក្នុង​ចំនួនច្រើននៅឡើយ ហើយ​យើងត្រូវខិតខំបន្ត​ទៀត នេះ​បើ​តាម​សម្តីរបស់លោករដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ទូរគមនាគមន៍។ ចំនួនបុរសអត់ការងារធ្វើធ្លាក់៥,៣ភាគរយ​ក្នុងខែមករា ខុសពីខែធ្នូ ធ្លាក់៥,៤ភាគរយ ដែល​នេះជាចំនួនធ្លាក់ចុះនៃអត្រាអត់ការងារធ្វើពីរខែ​ជាប់គ្នា។ ចំណែកស្ត្រីវិញ ចំនួនអ្នក​អត់ការ​ងារ​ធ្វើ​មាន​​​៤,២ភាគរយ ធ្លាក់ពីចំនួន​៤,៣​ភាគ​រយ​ក្នុង​រយៈ​​ពេល​ពីរខែនេះ។

ចំនួនមនុស្សដែលបាត់បង់ការងារមានការ​​ធ្លាក់ចុះពីចំនួន៨៣០.០០០​នាក់ មកត្រឹម ២០០.០០០​នាក់ ដែលនេះជាសញ្ញាវិជ្ជមាន​មួយ​របស់រដ្ឋាភិបាល។ មានរបាយការណ៍មួយរបស់ក្រសួង​សុខា​ភិបាល​ ការងារ និងសុខុមាលភាពទៀតថា ចំនួន​អត្រាអ្នករកការងារធ្វើ១០០នាក់ មានការងារ​សំរាប់ពួកគេ៦១នាក់៕

ព្រូដេក​​ក្រោម​ឡាន​​តៃ​កុង​បើក​កិន​ស្លាប់​​ដឹក​សព​យកទៅប្លុង​ចោលក្នុង​​វត្ត​​សង្កែ

Posted: 03 Mar 2011 10:28 PM PST

ចោមរោមមើលសពព្រូឡានដែលគេយកមកប្លុងចោលក្នុងវត្ត

ខេត្តបាត់ដំបង​ ៖ ​សព​​បុរសម្នាក់​​ដែល​មាន​​ស្នាម​របួស​បែក​ក្បាលខ្ទេច​​ផ្នែក​ខាង​ក្រោយ​ ត្រូវគេប្រទះឃើញ​​​មនុស្ស​​​​៤នាក់ ដឹក​តាម​ម៉ូតូ​យក​ទៅ​​ប្លុង​ចោល​​ក្បែរ​​ចេតិយ​ក្នុង​វត្ត​​​សង្កែ ​កាលពីវេលាម៉ោង​​៦ព្រឹក​ថ្ងៃទី​​​៤ មីនា ​​ស្ថិត​​ក្នុង​​ភូមិ​​​​រំចេក​​៤ សង្កាត់​រតន​ៈ ក្រុង​បាត់​ដំបង ។​ ស្ត្រី​​ឈ្មោះ​​សិន ​សារ៉ូន ​អាយុ​​​៥៨​ឆ្នាំ ធ្វើ​ចុង​ភៅនៅក្នុង​​វត្ត​​សង្កែ បាននិយាយ​ថា ក្រោយពី​​ពួកគេ​​​​ទម្លាក់​​សព​​​ទុកក្បែរ​​ចេតិយ​មួយ​​មាន​បុរស​ម្នាក់​​ក្នុងចំណោម​​​​៤នាក់ និង​មាន​​ស្ត្រីម្នាក់​ផង ​បាន​មក​សួរ​គាត់ដើម្បី​​​រកអាចារ្យ​បូជា​សពនោះ ។ ​ក្រុម​​នោះអះអាងប្រាប់គាត់​ថា ​សព​​នេះ​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​​ជិះម៉ូតូ​​ចូល​រថ​យន្ត​​ពេលស្រវឹង ​ប៉ុន្តែក្រោយ​​​ពីនិយាយ​​បាន​ប៉ុន្មាន​​​​នាទី​​ ក្រុមនេះ​​ជិះម៉ូតូ​​ចាកចេញ​​ទៅបាត់​​​ ទើ​ប​​មានគេរាយការណ៍​​ទៅសមត្ថកិច្ច​​​តែម្តង ។​
ក្រោយពេល​​​ត្រួតពិនិត្យ​​ សមត្ថកិច្ច​​បាន​រក​ឃើញ​​សំបុត្រ​​​កំណើត​​មួយច្បាប់​​​ជាប់ខ្លួន​​​សព​ ហើយត្រូវគេសន្មត​ថា ជាសំបុត្រ​​កំណើត​របស់​​​ជនរងគ្រោះ​​នេះតែ​ម្តង ។ ​សព​​នេះ​ឈ្មោះ​​ឈន វណ្ណៈ ​អាយុ​២៥​ឆ្នាំ ​មាន​ស្រុកកំណើត​​ភូមិ​​ពោធិ៍​តូច ​​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ​ខេត្ត​កណ្តាល ​។​ សាកសព​​នេះមាន​​ស្នាមរបួស​​បែក​ក្បាល​​ខ្ទេច​ផ្នែក​​ខាង​ក្រោយ ​និង​បាក់ក ។​
ក្នុងគ្រាដែល​​សមត្ថ​កិច្ច​​កំពុង​​ពិនិត្យ​សព ​​គេ​ឃើញ​​បុរស​ម្នាក់​​​ទៀត​​បានមក​​ដល់ ហើយ​​និយាយ​​ថា ខ្លួនជា​​បង​ប្រុស​​របស់ជន​រងគ្រោះ ។ ​បុរស​​នេះឈ្មោះ​​ឈន ពៅ អាយុ​​​២៧​ឆ្នាំ ​គាត់​និយាយ​ថា ​ប្អូនប្រុស​​ខ្លួន​បានធ្វើព្រូ​ឡាន​ដឹក​ទំនិញ​​​ ហើយ​​ខ្លួន​បាន​​ដឹង​​រឿង​​នេះក្រោយ​ពីតៃ​កុង​​ឡាននោះ​​ទូរស័ព្ទប្រាប់​​ខណៈដែល​​ខ្លួន​កំពុង​បើក​​ឡាន​ដឹក​ទំនិញ​​ផ្សេងទៀត ។​
បន្ទាប់ពី​​មានការស្រាវជ្រាវ​​បន្តិចក្រោយ​មក ​ទើបសមត្ថកិច្ច​​រកឃើញ​​ថា ជនរងគ្រោះ​​បាន​ស្លាប់​​​ដោយសារ​តែ​​តៃកុង​ឡាន​បើកកិនស្លាប់​​​កាលពី​វេលាម៉ោង​​៥ព្រឹក ថ្ងៃទី​​៤ មីនា នេះ នៅ​​ចំណុច​​ភូមិ​ចំការ​ឫស្សី ​សង្កាត់​​​ព្រែកព្រះស្តេច ​ក្រុង​បាត់ដំបង ៕

គ.ជ.ប កំណត់យក​ថ្ងៃ​ទី​២៩ ​មករា ​២០១២ ​​បោះ​ឆ្នោត​​ជ្រើសតាំង​សមា​ជិក​ព្រឹទ្ធ​សភា​​​នីតិ​កាលទី​៣

Posted: 03 Mar 2011 10:28 PM PST

រាជធានីភ្នំពេញ ៖ ​យោង​តាម​​​សេចក្តី​ប្រកាសរបស់​​​​គណៈ​កម្មាធិការ​​ជាតិរៀបចំ​​ការ​បោះ​ឆ្នោត​​​កាលពីថ្ងៃទី​​​១ មីនា ​២០១១​ ដែល​កោះ​​សន្តិភាព​​បានទទួល​​ចុះហត្ថលេខា​​ដោយ​លោក​​អ៊ឹម សួស្តី ប្រធាន គ.ជ.ប ​ឱ្យ​​ដឹង​ថា ​ការ​បោះ​ឆ្នោត​​​ជ្រើសតាំង​​សមាជិក​ព្រឹទ្ធ​សភា​​នីតិកាល​ទី​៣ នឹង​ត្រូវ​​ប្រព្រឹត្ត​ទៅ​​នៅថ្ងៃ​​អាទិត្យ ទី​២៩ មករា ឆ្នាំ​​២០១២ ។​
សេចក្តី​​ជូនដំណឹង​​ស្តីពីកាលបរិច្ឆេទ​​នៃថ្ងៃ​​បោះ​ឆ្នោតជ្រើសតាំង​សមាជិក​​​ព្រឹទ្ធសភា នីតិ​កាល​ទី​៣ បានធ្វើ​ឡើង​​ក្រោយពី​​ព្រឹទ្ធសភា​​ បាន​កំណត់​​ពីការ​​បែង​ចែក​​អាសនៈ តាម​ភូមិ​​ភាគ​ចំនួន​៨ សម្រាប់ការបោះ​ឆ្នោត​​ជ្រើសតាំង​​សមាជិក​ព្រឹទ្ធ​​សភានីតិ​កាល​ទី​៣។ ​យោង​តាម​​សេចក្តី​សម្រេច​របស​់ព្រឹទ្ធសភា ​ចំនួនអាសនៈ​ទាំង​អស់​​​​របស់ព្រឹទ្ធសភានី​តិ​កាល​ទី​៣ មាន​​ចំនួន​​៦១​អាសនៈ ​ហើយ​អាសនៈ​ដែល​ត្រូវ​​បោះឆ្នោត​​ជ្រើស​តាំង​ត្រូវ​កំណត់ត្រឹម​​តែ​​៥៧​​អាសនៈ​ប៉ុណ្ណោះ ។​
គ.ជ.ប ​បន្ត​ថា អាសនៈ​​តាមភូមិ​​ភាគ​ទាំង​៨​រួម​មាន​ ភូមិ​​ភាគទី​១ រាជធានីភ្នំពេញ ​មាន​ចំនួន​​៦​អាសនៈ​ ​ភូមិ​ភាគទី​២ ខេត្តកំពង់​ចាម មាន​៨​អាសនៈ, ភូមិ​ភាគទី​​៣ ខេត្ត​​កណ្តាល មាន​​៥​អាសនៈ​, ភូមិ​ភាគ​ទី​៤ ខេត្ត​បាត់​ដំបង បន្ទាយ​មានជ័យ​ សៀម​រាប ​ឧត្ត​រមានជ័យ និង​ខេត្តប៉ៃ​លិន​​ មាន​១០អាសនៈ, ភូមិ​ភាគទី​៥ ខេត្តតា​កែវ ​កំពត និង​ខេត្តកែប មាន​​៧អាសនៈ, ភូមិ​ភាគទី​៧ ខេត្ត​​កំពង់​​ស្ពឺ កំពង់ឆ្នាំង ពោធិ៍​សាត់ ​កោះកុង និង​​ខេត្ត​ព្រះសីហនុ ​មាន​៨អាសនៈ និង​ភូមិ​ភាគ​​ទី​៨ ខេត្ត​កំពង់ធំ ​ព្រះវិហារ ​ក្រចេះ​ ស្ទឹង​ត្រែង រតន​គិរី និង​ខេត្ត​​មណ្ឌល​គិរី មាន​​៦អាសនៈ ។​
គួររំលឹក​ថា ការបោះឆ្នោត​​ជ្រើសតាំង​​សមា​ជិកព្រឹទ្ធ​សភា​​​ត្រូវ​ធ្វើឡើង​​ជា​លក្ខណៈ​​អសកល ។ ​ពោលគឺ​មានតែ​សមាជិក​ក្រុមប្រឹក្សា​​​ឃុំ​-​សង្កាត់​​សរុប​ចំនួន​​១១.៣៥៣​នាក់ និង​​សមាជិក​រដ្ឋសភា (អ្នកតំណាង​​រាស្ត្រ) ចំនួន​​​១២៣​រូប​ប៉ុណ្ណោះ ​ជា​អ្នកបោះឆ្នោតជ្រើសតាំង​​សមាជិ​ក​ព្រឹទ្ធ​សភា​ចំនួន​​៥៧​រូប​ ក្នុងចំណោម​​សមាជិក​ព្រឹទ្ធ​សភា​​​សរុប​​​៦១​រូប ។​
យោង​តាមច្បាប់​​សមាជិក​ព្រឹទ្ធ​សភា​៦១​រូប​ ​គឺមាន​​សមាជិកព្រឹទ្ធសភា​​​២រូប ត្រូវ​បានតែ​ង​តាំង​​ដោយព្រះមហាក្សត្រ, ២រូបទៀត​ត្រូវ​បាន​រដ្ឋសភា​​ជ្រើសតាំង​​តាមមតិ​​ភាគច្រើន​​ និង​​៥៧​រូប ត្រូវបានជ្រើសតាំង​​តាមការ​បោះឆ្នោត​​ជា​អសកល ៕

នគរបាល​​ខណ្ឌ​ដូនពេញ​​​ឃាត់ខ្លួន​​​ស្រ្តី​​ពីរនាក់​ជួញដូរថ្នាំញៀន

Posted: 03 Mar 2011 08:15 PM PST

ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​​​ជួញដូរ​​​ថ្នាំញៀន​២នាក់

រាជធានីភ្នំពេញ ៖ កម្លាំង​​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​​​នៃ​អធិការដ្ឋាន​​នគរបាល​​ខណ្ឌ​ដូនពេញ​​បានឃាត់ខ្លួន​ស្ត្រី​សង្ស័យ​​​ជួញដូរ​​​ថ្នាំញៀន​២នាក់ ​នៅ​ចំណុច​​ជាប់រ​បង​វិហា​រ​ចាម​ប្លុកបឹង​​កក់ ស្ថិត​​ក្នុងភូមិ​ទី​​២២ សង្កាត់ស្រះចក ​ខណ្ឌ​ដូនពេញ ​កាលពី​វេលាម៉ោង​​​៥​និង​​៣០នាទី​ល្ងាចថ្ងៃទី​​​៣ មីនា ​២០១១ ​ក្រោយ​ពីសមត្ថកិច្ច​​រកឃើញ​ថ្នាំ​ញៀន​ ហើយការ​បង្ក្រាប​​​ជួញដូរថ្នាំញៀន​​ដ៏ក្តៅ​គគុក​​នេះមិនរំខាន​ដល់​នគរបាល​​ប៉ុស្តិ៍​​រដ្ឋបាល​ស្រះចក​​នោះទេ​ ។​

ស្ត្រី​សង្ស័យ​​ជួញដូរថ្នាំញៀន​​ដែលនគរបាល​​ឃាត់ខ្លួន​​​មាន ​​១-ឈ្មោះ​​ប៊ូ ណេត ​អាយុ​​៤៨​ឆ្នាំ ​ស្នាក់នៅ​ក្នុង​វិហារ​ចាម ​សង្កាត់ស្រះ​ចក ​ខណ្ឌ​ដូនពេញ ​២-ឈ្មោះ​​រឿន ធី អាយុ​​​២៥​ឆ្នាំ ​ស្នាក់​នៅ​​​​ជាមួយស្ត្រី​​ខាងលើ ។ ប៉ូលិស​​ខណ្ឌ​ដូនពេញ​​បាន​ឱ្យ​​​ដឹង​ថា ​យោង​តាម​​ការ​ចង្អុល​​បង្ហាញ​​ពី​លោកអធិការនគរបាល​ខណ្ឌ​ដូន​ពេញ​​ត្រូវតែ​អនុវត្ត​​បង្ក្រាប​​​ជា​ប្រចាំ​​បទល្មើស​​ជួញ​ដូរថ្នាំញៀន​ ជាក់ស្តែង​​នៅថ្ងៃទី​​៣ មីនា ​វេលា​ម៉ោង​​​៥​និង​​៣០នាទី​ល្ងាច ​​កម្លាំង​​នគរបាល​​ផ្នែក​​​ព្រហ្មទណ្ឌ​​អធិការដ្ឋាន​នគរបានខណ្ឌ​​​ដូន​ពេញ​​បានឃាត់ខ្លួន​​​ស្ត្រី​ចំនួន​​​​២នាក់ជាប់រ​បង​វិហារ​ចាម ​ស្ថិត​ក្នុង​​ភូមិ​ទី​២២ សង្កាត់ស្រះចក ​បន្ទាប់ពី​​រក​ឃើញ​ថ្នាំ​ញៀន​​ប្រភេទ​យ៉ាម៉ា​​ចំនួន​​២​គ្រាប់ ។​

ប្រជា​ពលរដ្ឋ​​​រស់នៅ​ក្បែរ​វិហារចាម ​(ប្លុក​​​បឹង​កក់) បាននិយាយ​ថា ​មិនថា ពេល​យប់​ ឬ​ពេលថ្ងៃ​​នោះ​​ទេ សកម្មភាព​​ជួញដូរ​ថ្នាំញៀន​​ពួកគេ​តែង​​តែ​ឈរ​លក់​ដូច​​លក់ស្ករគ្រាប់​ មិន​រំខានដល់​​​នគរបាល​​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចកនោះ ​ទេ ​បើទោះ​​បីជា​សាលា​ខណ្ឌ​​ដូនពេញ បាន​យក​សង្កាត់​​ស្រះចក ជា​សង្កាត់​ដក​​​ពិសោធន៍​ក៏​ដោយ ​គេ​សង្កេតឃើញ​​ ក្រុមជួញ​​ដូរថ្នាំញៀន នៅ​តែ​បន្ត​​សកម្មភាព​ដដែល​៕​

រថយន្ត​មែរសឺដេស​អត់ការងារ​ធ្វើ​​បើកបុក​របាំង​ថ្ម​​ក្រឡាប់ផ្ងារ​​កង​ទ្រមេឃ

Posted: 03 Mar 2011 08:09 PM PST

រថយន្ត​មែរសឺដេស​​បើកបុក​របាំង​ថ្ម​​ក្រឡាប់ផ្ងារ​​កង​ទ្រមេឃ​​

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​មែ​រ​សឺ​ដេស ​ពណ៌ខ្មៅ មួយគ្រឿង ​ដែលគេ​អះអាង​ថា ​ម្ចាស់​ស្រវឹង​បាន​បើកបោះ​ពួយ​បុកក្បាល​​របាំង​ថ្ម​​ពេញ​ទំហឹង​ ហើយ​ក្រឡាប់​​​ផ្ងារ​កង់ ​ពោះទ្រមេឃ​​កាល​ពីវេលាម៉ោង​​​៩​និង​​៣០​នាទីយប់​​ថ្ងៃទី​៣ មីនា ​លើ​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុងសង្កាត់​​​ទឹកល្អក់ទី​១ ខណ្ឌ​​ទួលគោក ​​បណ្តាល​​ឱ្យ​ក្បាល​របាំង​​ថ្ម​​២កំណាត់​​បានបាក់របេះ​ចេញពី​ជួរ​...ចំណែក​ម្ចាស់​​​រថយន្ត​​​មិន​មាន​រង​របួស​អ្វីធ្ងន់​ធ្ងរ​ទេ​ ។ ​

រថយន្តបង្ក​​គ្រោះថ្នាក់​នេះ​ត្រូវសមត្ថកិច្ច​​ឱ្យ​​ដឹង​ថា ម៉ាកមែរ​សឺដេស​​ ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ ​ភ្នំពេញ 2E-3168 ហើយ​ពុំ​ត្រូវ​​គេស្គាល់​​អ្នក​បើក​​បរឡើយ ​ពេល​រថយន្ត​​ក្រឡាប់​​​បាន​បើក​ទ្វារ​ចុះពីលើ​រថយន្ត​​គេ​ចខ្លួន​​បាត់ ។​ តាម​សាក្សី​នៅកន្លែង​កើតហេតុ​​​បាន​ឱ្យ​​ដឹង​ថា ​មុន​ពេលកើតហេតុ​​ គេឃើញ​រថយន្ត​ម៉ាក​មែ​រ​សឺ​ដេស​​​ខាងលើ​​បានធ្វើ​ដំណើរ​​តាម​មហាវិថី​​សហ​ព័ន្ធ​រុស្ស៊ី ​ក្នុងទិសដៅ​​ពីលិចទៅកើត ។

​ពេល​ធ្វើ​​ដំណើរ​​​ហួស​វិទ្យាស្ថាន​​បច្ចេក​វិទ្យា​កម្ពុជា ​(តិច​ណូ) ​បាន​​បន្តិច ​រថយន្តក៏​ជ្រុលចង្កូត​​ទៅ​បុក​ក្បាល​​​របាំង​ថ្ម ពេញទំហឹង ​​បណ្តាល​ឱ្យ​​​​ក្រឡាប់​​ទៅ​ខាង​ស្តាំ ដេក​ផ្ងារ​កង់ឡើងលើ​​ ពោះទ្រមេឃ​។​ ​​ភ្លាមៗ​នោះ​​អ្នកបើក​​បរ​បាន​លូន​ចេញ​ពី​​ក្នុង​រថយន្ត​​រួចហើយ​គេចខ្លួន​​​បាត់ ដោយ​ពុំមាន​​រង​របួសអ្វីធ្ងន់ធ្ងរ​ឡើយ ។​ រថយន្ត​ត្រូវ​បាន​សមត្ថ​កិច្ច​​ចុះទៅ​​ស្ទូច​បញ្ជូន​​ទៅកាន់​​​សាលា​រាជ​ធានី​ភ្នំពេញ​​ដោះស្រាយ​​តាម​ច្បាប់ ៕​

ចោរ​​២នាក់​ចូលប្លន់​​ផ្ទះលក់កាហ្វេ​​ប្រមូល​យក​គ្រឿង​​អលង្ការ​​វាយម្ចាស់​ផ្ទះ​បែក​ក្បាល​ដេរ​ជាង​​៥០ថ្នេរ

Posted: 03 Mar 2011 08:05 PM PST

ស្រុកអង្គស្នួល, ខេត្តកណ្តាល​ ៖ ​ផ្ទះលក់​​កាហ្វេ​​ធំគ្រាន់បើ​មួយត្រូវ​ចោរ​​២នាក់​​​គាស់​បង្អួច​​ចូល​ចាប់​មនុស្សចង និង​ប្លន់​យកគ្រឿងអលង្ការ​​លុយ​កាក់​ចេញទៅ​​បាត់​​ដោយសុវត្ថិភាព​​បន្សល់​ទុក​​​ឱ្យជនរងគ្រោះ​​​រង​របួស​បែកក្បាល​​ពីរនាក់​​​ម្តាយកូន​ដេរអស់​​​រាប់សិប​ថ្នេរ ​កាលពីវេលា​ម៉ោង​​​២និង​​៣០នាទី​​​រំលងអធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​​៤ មីនា ២០១១ នៅភូមិ​​អង្គស្នួល​ទី​៣ ឃុំ​ពើក ​ស្រុកអង្គស្នួល ។

ស្ត្រីម្ចាស់ផ្ទះ​លក់កាហ្វេ​​ឈ្មោះ​សុខ ភឿន អាយុ​​​៤៩​ឆ្នាំ ​រង​របួស​​បែកក្បាល​ដោយ​សារ​តែ​​ចោរ​វាយ​​នឹង​ដែក​ស្បែងដេរ​អស់​​​៥០ថ្នេរ​...ស្ត្រី​​រូប​​នេះ​​​​មានប្តី​​ជា​មន្ត្រី​​ប៉ូលិស​​នៅព្រំដែន​...​ចំណែក​កូនស្រីរបស់ម្ចាស់​ផ្ទះ​​ឈ្មោះ​លឹម សុខា អាយុ​​២៨​ឆ្នាំ ​ត្រូវចោរ​​វាយ​នឹង​​​​ដែកស្បែង​​បែក​ក្បាល​​​ដេរ​អស់​​​៥ថ្នេរ​​ផងដែរ ។ ​​ទ្រព្យសម្បត្តិ​​​ដែល​ចោរ​​ប្រមូល​យកទៅ​មាន​​ខ្សែ​ដៃ​​ប្លាទីន​​២​តម្លឹង​​៣ជី ខ្សែ.ក​​ប្លាទីន​​​៨ជី ​ខ្សែ​ដៃ​​ដាំ​ត្បូង​​១ខ្សែ​​ក្រវិល​​ពេជ្រ​​១គូ ​តម្លៃ​ប្រហែល​​១.០០០​ដុល្លារ ​ប្រាក់​​​៥០០ដុល្លារ ​បន្តោងមាស​​២ជី និង​ទូរស័ព្ទ​​ដៃ​​១គ្រឿង ។

ចំណែក​​ចោរប្លន់​​មានគ្នា​​​២នាក់​​ ប្រដាប់​​ដោយ​​កាំភ្លើង​​​​ខ្លី​​១ដើម ដែកស្បែង​​១ និង​ឧបករណ៍​ដូយ​​រថយន្ត​​១​សម្រាប់​គាស់​ និងលើក​​ទ្វារ​...​ពេលពួកចោរ​​គាស់​​បង្អួច​​ចូលផ្ទះ​លក់កាហ្វេ​​ខាងលើ​នេះ ​គឺពួកគេ​​បានចាប់កូន​​ម្ចាស់​​ផ្ទះចង​ដៃ​​ចង​ជើង និង​គំរាម​​មិន​ឱ្យស្រែក ​បើហ៊ាន​​ស្រែក​បាញ់សម្លាប់​​ចោល​...​ដោយសារ​តែ​ម្ចាស់ផ្ទះ​​​ប្រកែក​​មិនព្រម​​​ប្រគល់​ទ្រព្យសម្បត្តិ​​ឱ្យ​ពួកចោរ​​នោះ ទើប​ពួកចោរ​​ទាញដែក​​ស្បែង​​វាយ​បែក​ក្បាល​​​​ដេរ​ច្រើន​ថ្នេរ​​បែបនេះ ហើយ​​គេចខ្លួន​​​តាម​​ផ្លូវ​​​ក្រោយ​បាត់ទៅ ៕​

ទទួល​ព័ត៌​មាន​​ពី​កូន​ធ្វើ​ការ​នៅ​ម៉ាឡេ​ស៊ី​​​ឱ្យ​​​​ម្តាយ​ជួយ​​ស្វះ​ស្វែង​​រក​អន្តរា​​គមន៍

Posted: 03 Mar 2011 07:49 PM PST

ស្ត្រី​ឈ្មោះ​​ឆន ចាន់​ខុម អាយុ​៤៩​ឆ្នាំ និង​​បុរស​ជា​ប្តី​​ស្រ្តីធ្វើ​ការ​នៅ​ម៉ាឡេ​ស៊ី​​​ឈ្មោះ​​យឹម យ៉េន ​អាយុ​២៩​ឆ្នាំ

ក្រុង​ប៉ោយ​ប៉ែត ៖ កាល​ពី​រសៀល​ថ្ងៃ​​ទី​២៦ កុម្ភៈ ស្ត្រី​ឈ្មោះ​​ឆន ចាន់​ខុម អាយុ​៤៩​ឆ្នាំ និង​​បុរស​ជា​ប្តី​ឈ្មោះ​​យឹម យ៉េន ​អាយុ​២៩​ឆ្នាំ រស់​នៅ​​ចំណុច​ព្រៃ​​ព្រិច ស្ថិត​​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​​ប៉ោយ​ប៉ែត ​បាន​មក​​ស្រែក​ទ្រហោ​យំ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​​ឱ្យ​​ជួយ​អន្តរា​គមន៍​ដល់​កូន​របស់​គាត់​ផង ។ ស្ត្រី​​ឈ្មោះ​​ឆន ចាន់​ខុម ​ជា​ម្តាយ​បាន​រៀប​រាប់​ប្រាប់​កោះ​​សន្តិ​ភាព​ថា​ កូន​របស់​​គាត់​ឈ្មោះ​រឿន​ អ៊ី​សា​ប៊េល ​ភេទ​ស្រី អាយុ​​​២៨​ឆ្នាំ ​បាន​ចេញ​ពី​ប្រទេស​​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​អស់​រយៈ​ពេល​​​៧​ខែ​មក​ហើយ គឺ​ចាប់​ពី​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១០ តាម​រយៈ​ក្រុម​ហ៊ុន​អ៊ឹង​រិទ្ធី​គ្រុប ។

ស្ត្រី​ជា​ម្តាយ​​បាន​បន្តថា នៅ​វេលា​ម៉ោង​​៥​ល្ងាច ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១១ កូន​ស្រី​របស់​គាត់​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​នោះ​បាន​ជួប​ជនជាតិ​ខ្មែរ​ម្នាក់​ជា​កម្ម​ករ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ដូច​គ្នា ហើយ​បាន​ខ្ចី​ទូរស័ព្ទ​​ដៃ​​ទាក់​ទង​​មក​លេខ​ទូរស័ព្ទ​របស់​គាត់​ ដោយ​​ប្រាប់​​ឱ្យ​ជួយ​​ផង បើ​មិន​ជួយ​ទេ ប្រាកដ​ជា​ស្លាប់​នៅ​ស្រុក​គេ​ហើយ ។ បន្ទាប់​មក​​ទូរស័ព្ទ​នោះ​ដាច់​លែង​​ទំនាក់​​ទំនង​គ្នា​បាន​។ ​ស្ត្រី​ជា​ម្តាយ​​បាន​បញ្ជាក់​​ថា លេខ​ទូរស័ព្ទ​​ដែល​ទាក់​ទង​ចូល​មក​​ទូរស័ព្ទ​របស់​គាត់​នោះ​មាន​លេខ​​ +៦០១៦៤៨៦៤១២០ ។ ​ក្រោយ​​ពេល​​ទទួល​ដំណឹង​​ពី​កូន​ស្រី​របស់​គាត់​ហើយ​​​រូប​គាត់​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ក្រុម​ហ៊ុន​អ៊ឹង​រិទ្ធី​គ្រុប ​ជា​ច្រើន​​លើក​ ប៉ុន្តែ​​​គ្មាន​អ្នក​​លើក​សោះ​ ​ទើប​រូប​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​​បាន​នាំ​គ្នា​ទៅ​ប្តឹង​​ដល់​ក្រសួង​មហា​ផ្ទៃ​​ឱ្យ​ជួយ​អន្តរា​គមន៍​នាំ​កូន​គាត់​មក​ស្រុក​វិញ ។

ស្ត្រី​ជា​ម្តាយ​បាន​និយាយ​​ថា នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ​ឆ្នាំ​២០១១ ​ខាង​អង្គ​ការ​​បាន​ហៅ​រូប​គាត់​ឱ្យ​ទៅ​ជួប​​ក្រុម​ហ៊ុន​អ៊ឹង​រិទ្ធី​គ្រុប ប៉ុន្តែ​​ខាង​ក្រុម​ហ៊ុន​មិន​បាន​ឱ្យ​​គាត់​ជួប​កូន​ស្រី​​​តាម​ទូរស័ព្ទ​​​ដោយ​ផ្ទាល់​​នោះ​ទេ គឺ​គេ​បាន​យក​ខ្សែ​អាត់​សំឡេង​​​​កូន​របស់​គាត់​​មក​ឱ្យ​​ស្តាប់​ ។ ​​នៅ​ពេល​ដែល​ពួក​គាត់​ស្តាប់​សំឡេង​កូន​​និយាយ​​ក្នុង​​​ខ្សែ​អាត់​នោះ​ គឺ​រូប​គាត់​​សន្និ​ដ្ឋាន​​ថា កូន​ស្ត្រី​​​និយាយ​​លែង​ដឹង​ខុស​ត្រូវ​​អស់​ហើយ ។ បន្ទាប់​មក​ពួក​គាត់​សំណូម​ពរ​​ដល់​ស្ថាប័ន​​មាន​សមត្ថ​កិច្ច​ជំនាញ​ឱ្យ​​​ជួយ​អន្តរាគមន៍​​យក​កូន​ស្រី​របស់​គាត់​មក​ស្រុក​វិញ​ផង​​ ។ ពេល​នេះ​ ពួក​គាត់​​​លែង​ចង់​បាន​លុយ​ទៀត​ហើយ ឱ្យ​តែ​បាន​កូន​របស់​គាត់​​វិល​ត្រឡប់​មក​ស្រុក​ជួប​ជុំ​​​គ្រួសារ​​វិញ​ ។ ​ចំពោះ​​ការ​អង្វរ​ករ​សុំ​របស់​អាណា​ព្យា​បាល​​ឱ្យ​ស្ថាប័ន​​មាន​សមត្ថ​កិច្ច​ជួយ​អន្តរា​គមន៍​នាំ​យក​កូន​​ស្រី​​របស់​គាត់​វិល​ត្រឡប់​មក​ស្រុក​វិញ​នោះ រហូត​មក​ដល់​​ព្រឹក​ថ្ងៃ​ទី​១ មីនា ពុំ​ទាន់​មាន​ដំណឹង​ពី​នរណា​មួយ​ដែល​បាន​​ធ្វើ​ឱ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​ទទួល​នូវ​ភាព​កក់​ក្តៅ​នៅ​​ឡើយ​ទេ ។

លោក​ស្រី​​អ៊ឹង ស៊ាង​រិទ្ធី អគ្គ​នាយក​​​ក្រុម​ហ៊ុន​​អ៊ឹង​ ​រិទ្ធី​គ្រុប បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​នៅ​​វេលា​ម៉ោង​​២​និង​​៣៥​នាទី​រសៀល ថ្ងៃ​ទី​១ មីនា ថា ចំពោះ​​​ស្ត្រី​ជា​ម្តាយ​​​ឈ្មោះ​ឆន ​ចាន់​ខុម និង​​បុរស​ឈ្មោះ​​យឹម យ៉េន ​រស់​នៅ​​ក្រុង​ប៉ោយ​ប៉ែត ដែល​បាន​ឱ្យ​កូន​ស្រី​ឈ្មោះ​រឿន អ៊ីសាប៊េល ​​ទៅ​ធ្វើ​ការ​​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​​តាម​រយៈ​​ក្រុម​ហ៊ុន​​ស្រប​ច្បាប់​​របស់​គាត់​ពិត​មែន ។ លោក​ស្រី​បន្ត​ថា ​បន្ទាប់​មក​ទាំង​២​​នាក់​ប្តី​ប្រពន្ធ​បាន​ប្តឹង​ក្រុម​ហ៊ុន​របស់​គាត់​នៅ​ការិយា​ល័​យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​​នៅ​ក្រសួង​មហា​ផ្ទៃ​​ពិត​មែន​ ។ ​​​រូប​គាត់​​តំណាង​ក្រុម​ហ៊ុន​​​ក៏​បាន​ជួប​ជា​មួយ​​ឪពុក​ម្តាយ​​ស្ត្រី​ដែល​មាន​ឈ្មោះ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​រួច​ហើយ​​​ដែរ ហើយ​ក៏​បាន​ទូរស័ព្ទ​​​​​​ឱ្យ​រូប​គាត់​ជួប​គ្នា​និយាយ​សួរ​សុខ​ទុក្ខ​​​ជា​​មួយ​​កូន​ស្រី​របស់​គាត់​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​​នោះទៀត​ផង​​ ដោយ​កូនស្រី​​បាន​និយាយ​ថា នាង​​សុខ​សប្បាយ​​ជា​ធម្ម​តា​ទេ ។ ប៉ុន្តែ​​តំណាង​បាន​បញ្ជាក់​ទៅ​ម្តាយ​ឪពុក​ស្ត្រី​នោះ​ថា កូន​ស្រី​របស់​ពួក​គាត់​​មិន​ចេះ​ធ្វើ​ការ​ទើប​​ទាម​ទារ​​ត្រឡប់​មក​វិញ​​ ។

លោក​ស្រី​អគ្គ​នាយក​ក្រុម​ហ៊ុន​​បាន​បញ្ជាក់​​បន្ថែម​​ថា បើ​ឪពុក​ម្តាយ​នៅតែ​ទទូច​សុំ​​ឱ្យ​កូន​ស្រី​របស់​គាត់​វិល​ត្រឡប់​មក​ស្រុក​វិញ​នោះ ដរាប​ណា​មាន​ប្រាក់​​​រត់​​​ការ​​​​បែប​បទ​ច្បាប់ និង​ថ្លៃ​យន្ត​ហោះ ​ម្យ៉ាង​ទៀត​លោក​ស្រី​ប្រាប់​ថា ដរាប​ណា​រក​មនុស្ស​ថ្មី​ទៅ​ផ្លាស់​ប្តូរ ទើប​អាច​វិល​ត្រឡប់​មក​បាន​បើ​ពុំ​ដូច្នោះ​ទេ ខាង​ក្រុម​ហ៊ុន​នៅ​ឯ​ប្រទេស​ម៉ាឡេ​ស៊ី​នោះ នឹង​ប្តឹង​ក្រុម​ហ៊ុន​របស់​គាត់ ៕

សព​ពលរដ្ឋខ្មែរ​​ដែលទាហានឡាវ​​បាញ់ស្លាប់​ក្នុងព្រៃ​ស្រោង មិនទាន់​​​ចរចា​​​យក​ចេញ​​បានទេ

Posted: 03 Mar 2011 07:41 PM PST

សព​ប្រជា​ពលរដ្ឋ​​ខ្មែរ​ម្នាក់ដែល​​​ទាហានព្រំ​ដែន​​​ឡាវ​បាញ់​ស្លាប់​កាល​ពី​ថ្ងៃទី​​​៣ មីនា ​ម្សិល​មិញ​នេះ​ ខាង​ភាគី​​ឡាវ​នៅ​មិនទាន់​​បានប្រគល់​​​មក​​ឱ្យ​កម្ពុជា​​វិញ​នៅឡើយ​ទេ ។ នេះ​បើ​តាម​​​​លោក​​ស៊ុន​ បាន ​មេ​បញ្ជា​ការ​​​​វរ​ការពារព្រំដែន​​​​លេខ​​​៧០១ ​ថ្លែង​ប្រាប់​​​កោះសន្តិភាព​​តាមទូរស័ព្ទ​​នៅព្រឹកថ្ងៃសុក្រ ទី​​​៤ មីនា ​២០១១ នេះ ។ ទោះ​ជា​យ៉ាង​ណា លោក​មេ​បញ្ជាការ​​វរ​ការ​​​ពា​រព្រំ​ដែន​​លេខ​​​៧០១ ស៊ុន បាន ​​បានបញ្ជាក់ដែរ​ថា ​នៅថ្ងៃ​នេះ​អាជ្ញាធរ​​​កម្ពុជានឹង​​ទៅចរចា​ជាមួយ​​ភាគី​​ឡាវ​ជាថ្មីទៀត ដើម្បី​នាំ​​យក​សព​ប្រគល់​​ទៅ​ឱ្យ​​​​ក្រុមគ្រួសារ ​ធ្វើបុណ្យ​តាមប្រពៃណី​ បន្ទាប់ពី​​ជួប​គ្នា​​កាលពី​ថ្ងៃ​ម្សិលមិញ​​មិនទាន់​ទទួល​បាន​លទ្ធ​ផល​​នោះ ។​

ទាក់ទង​ទៅនឹង​បញ្ហា​នេះ អ្នកនាំពាក្យ​​ក្រសួងការ​បរទេស​កម្ពុជា លោក​កុយ គួង បាន​ថ្លែង​​ប្រាប់​​​កោះសន្តិភាព​​តាមទូរស័ព្ទ​​នៅព្រឹកថ្ងៃ​ទី​​៤ មីនា នេះដែរថា ក្រសួង​ការបរទេស​កម្ពុជា​កំពុង​​ធ្វើ​​ការ​ជាមួយ​​អាជ្ញាធ​រមូលដ្ឋាន​​​ ដើម្បី​​ឱ្យ​រាយការណ៍​​លម្អិត​អំពី​ការ​​​ស្លាប់​​របស់​​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​នោះ​​មុននឹងក្រសួង​ការបរទេស​អាច​ធ្វើ​​កំណត់​​​​ទូត​ជូន​ក្រសួងការ​​បរទេសឡាវ ពីព្រោះ ក្រសួងការ​​​បរទេស​កម្ពុជា​​ទើបទទួល​​បាន​ព័ត៌​​មាន​នេះ​តាមការ​​ចុះផ្សាយ​​របស់​សារព័ត៌​មាន​​មួយ​ចំនួន​​នា​ថ្ងៃសុក្រ​នេះ​​ប៉ុណ្ណោះ ។​

គួរបញ្ជាក់​ថា បុរស​កម្ពុជា​ម្នាក់នេះ​ត្រូវ​បាន​ទាហាន​​ការពារព្រំដែន​​ឡាវ​បាញ់​​​បណ្តាល​ឱ្យ​ស្លាប់ចោល​​សពក្នុង​​ព្រៃស្រោង ស្ថិត​​ក្នុង​​ស្រុក​មឿង​​​ខូង ​ខេត្តចំប៉ាសាក់ ​ប្រទេ​សឡាវ ​ទល់​មុខ​​ព្រំប្រទល់​​ ភូមិ​​​កំភោគ ​ឃុំព្រែក​​មាស ស្រុក​​សៀម​ប៉ាង ​ប្រទេស​កម្ពុជា កាលពី​វេលាម៉ោង​​ជាង​​១២​រំលង​​អធ្រាត្រឈាន​ចូលថ្ងៃទី​​​​៣ មីនា ម្សិល​មិញ​​ ហើយ​​នៅរសៀល​​ថ្ងៃដដែល​នេះ​​អាជ្ញា​ធរ​​កម្ពុជា​​​​បាន​​​ចរចា​ជាមួយ​អាជ្ញាធរ​ឡាវ​សុំ​​យក​​សពបុរស​​មកជូន​សាច់ញាតិ​​​ ដើម្បីធ្វើ​បុណ្យ​តាម​ប្រពៃណី​​ ប៉ុន្តែ​ពុំ​ទាន់ត្រូវ​​បានអនុញ្ញាត​​ និង​យក​ចេញ​​បាននៅឡើយ​​ទេ ។ ​បុរស​រងគ្រោះ​​​ឈ្មោះ​​ទេព សុខ ហៅង៉ែត ​អាយុ​​៣០​ឆ្នាំ មានស្រុក​កំណើត​​​​នៅខេត្តកំពត ​​បានចូល​ទៅក្នុងព្រៃ​ស្រោង​ទឹក​ដីឡាវ​ចម្ងាយ​​រាប់សិបគីឡូ​ម៉ែត្រ ​ពី​បន្ទាត់ព្រំដែន​​ទឹកដីកម្ពុជា ដើម្បីទៅ​​ដឹកឈើ​​គ្រញូង​​ឱ្យឈ្មួញ ​និង​នាំចេញទៅ​លក់នៅ​ប្រទេស​ផ្សេងៗ​​ដូច​ជា​ប្រទេស​​វៀតណាមជាដើម ។​

គួររំលឹក​ផងដែរ​ថា ​គិតចាប់តាំង​ពីឆ្នាំ​​២០១០ ​រហូត​មក​ដល់​​​ថ្ងៃព្រហស្បតិ៍ ​ទី​៣ មីនា ឆ្នាំ​​២០១១ ម្សិលមិញ​នេះ ​មានប្រជា​ពលរដ្ឋ​​​​ខ្មែរ​ចំនួន​​២៤នាក់ បានចូូល​​​​ក្នុងទឹកដី​​ឡាវ​ដោយ​មិន​​ស្របច្បាប់​​ចំនួន​៨លើក ​ហើយ​ក្នុងចំណោម​​​ប្រជា​ពលរដ្ឋ​​​ខ្មែរទាំង​​​២៤​នាក់នោះ ត្រូវ​បាន​ទាហាន​​ការពារ​ព្រំដែន​​​ឡាវ​​បាញ់ស្លាប់​​​២នាក់ និង​ម្នាក់ទៀត​​​​រង​របួសធ្ងន់ ។ ​រីឯ​ប្រជា​ពលរដ្ឋ​ខ្មែរ​​​ដែលត្រូវចាប់ខ្លួន​​​ក្រៅពី​​របួស និង​​ស្លាប់ ត្រូវ​បានភាគីឡាវ​ប្រគល់​មក​​ឱ្យកម្ពុជាវិញ ។ ជាមួយ​គ្នានេះដែរ ក្រសួង​​ការបរទេស​កម្ពុជា ក៏​​បានធ្វើ​កំណត់​​ទូត​ថ្កោលទោស​អាជ្ញាធ​រឡាវ ​ដោយចាត់​ទុក​​​ការ​​បាញ់​​សម្លាប់ប្រជា​ពលរដ្ឋ​ខ្មែរ​​ថា ជា​អំពើ​​ឃោរឃៅ​​អមនុស្ស​ធម៌​​រំលោភ​​លើសិទ្ធិមនុស្ស​​​​ជា​សាកល ​និង​ភាព​​ជា​ប្រទេស​ជិត​ខាង​​ល្អនោះ​ថែមទៀត ៕​

ជាលើក​​ដំបូង​លោកអូបា​ម៉ា​​អំពាវនាវ​ឱ្យ​លោកកាដាហ្វី​ចាកចេញ​ពី​អំណាច

Posted: 03 Mar 2011 07:37 PM PST

មេ​ដឹក​នាំ​លីប៊ី​លោក​មូ​អាម៉ា ​កា​ដា​ហ្វី

កាល​ពី​​ថ្ងៃ​ទី៣ មីនា ​ជា​លើក​ដំបូង និង​ជា​សា​ធារណៈ​​ប្រធានា​ធិបតី​អាមេរិក​លោកបារ៉ាក់ អូ​បា​ម៉ា ថ្លែង​ថា មេ​ដឹក​នាំ​លីប៊ី​លោក​មូ​អាម៉ា ​កា​ដា​ហ្វី ​បានបាត់បង់​រាល់​​ភាពស្របច្បាប់​ ហើយ​ត្រូវ​ចាក​ចេញ​ពីអំណាច។ លោក​ក៏​ប្រកាស​ផង​ដែរថា លោកនឹង​បញ្ជូន​យន្តហោះ​យោធា និង​ជន​ស៊ី​វិល​​ទៅ​ចូលរួម​ក្នុងការជម្លៀស​ពួកជន​ភៀស​​ខ្លួន​អេ​ហ្ស៊ីបដែល​ជាប់​គាំង​នៅតាម​ព្រំ​ដែន​រវាង​​លីប៊ី​ និងទុយ​នីស៊ី ។ ក្នុងសន្នីសីទ​សារព័ត៌​មាន​មួយ​នៅ​សេត​វិមាន ​ជាមួយ​សមភាគី​ម៉ិច​ស៊ិក​លោក​ហ្វឺលីប​ កាល់ដឺ​រ៉ូន លោក​អូ​បា​ម៉ា​មាន​ប្រសាសន៍​ថា យើង​នឹង​​​បន្ត​បញ្ជូន​សារ​យ៉ាង​ច្បាស់​​​ថា អំពើ​ហិង្សា​ត្រូវ​បញ្ឈប់។ ​លោក​កា​ដាហ្វី​បាត់​បង់​រាល់ភាព​ស្រប​ច្បាប់​សម្រាប់​ជា​មេដឹក​នាំ​ ហើយ​ត្រូវ​ចាក​ចេញ។ ​

លោក​​បារ៉ាក់ អូបា​ម៉ា ក្នុងសេចក្តី​ប្រកាស​ជា​ច្រើន​ធ្លាប់​បាន​ទាមទារ​រួច​ហើយឱ្យ​ជន​លេខ​មួយ​លីប៊ី​ចាក​ចេញ​ ហើយ​នេះ​ជា​លើក​​​ដំបូង​ដែល​លោក​ធ្វើ​សំណើ​នេះជា​សាធារណៈ ។ លោកបន្ត​ថា បណ្តា​ទី​ប្រឹក្សា​របស់​លោក​កា​ដាហ្វី ក៏នឹង​ជា​អ្នក​ត្រូវ​ទទួលខុស​ត្រូវ​ផង​ដែរ ចំពោះ​អំពើ​ហិង្សា​​ទាំ​ងឡាយ​ប្រឆាំង​ជន​ស៊ីវិល ។

​ប្រមុខ​សេត​វិមាន​បន្ត​ទៀត​ថា សហរដ្ឋ​អាេមរិក​ចង់​ចាត់​ការ​​ឱ្យ​បាន​ឆាប់ជាទី​​បំផុត​ក្នុង​ករណី​​មាន​វិបត្តិ​មនុស្ស​ធម៌​​នៅ​លី​ប៊ី ហើយ​នឹង ពិនិត្យិពីវិធានការ​ទាំង​ឡាយ​​​​​មាន​ទាំង​វិធានការ​យោធា ឬ​វិធាន​ការ​ឯ​ទៀត​ ដើម្បី​ជួយ​ដល់​ប្រជា​ជន ។ លោក​ប្រកាស​រួច​ហើយថា លោកបាន​អនុ​ញ្ញាត​ឱ្យ​បញ្ជូន​យន្តហោះ​យោធា និង​ស៊ីវិល​អាមេ​រិក​ ដើម្បី​ចូលរួម​ក្នុង​ការ​ជម្លៀស​ជន​ស៊ី​វិល​អេ​ហ្ស៊ីប​ដែល​ជាប់គាំង​នៅព្រំដែន​លីប៊ី-ទុយ​នីស៊ី។ ក្រោយ​ភាព​ច្របូក​ច្របល់​រយៈ​ពេល៣ខែ​សភាព​ការណ៍​​នៅតំបន់ព្រំ​ដែន​នោះ​មានការ​កែ​លំអ​ដោយ​សារសហគមន៍​​អន្តរ​ជាតិ​ធ្វើ​ការ​ប្តូរ​វេន​គ្នា​បញ្ជូន​យន្តហោះ​ជួយ​ជម្លៀស​​មនុស្ស​ចេញ​។​ បារាំងនឹង​ធានា​ការ​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ដល់​ទៅ​៦​ជើង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ហើយ​អង់​គ្លេស​​ ក៏នឹង​ចាប់​ផ្តើម​ដែរ បញ្ជូន​យន្តហោះ​មក​សហការ​ជាមួយ​អេហ្ស៊ីប ។

​ចូល​ដល់​ថ្ងៃទី១៧ នៃ​ការ​បះបោរ​របស់​ ប្រជាជន​លីប៊ី​លោក​កា​ដាហ្វី បានវាយ​ប្រហារ​កាល​​ពី​ថ្ងៃទី៣ មីនា ​លើ​ទី​តាំង​ទាំង​ឡាយ​នៅ​ភាគ​​​ខាង​កើត​ប្រទេស​ត្រួត​ត្រា​ដោយ​ពួកបះ​បោរ។ ពួកឧទ្ទាម​​បាន​ទទួល​រងការ​វាយ​ប្រហារ តាម​អាកាស​របស់កងទ័ព​នៅ​ទី​ក្រុង​ BREGA ដែល​​មាន​ទី​តាំង​ប្រេង​កាត​​ ហើយ​ក៏​ជា​ច្រក​យុទ្ធ​សាស្ត្រ​សម្រាប់​ចូល​ទៅ​កាន់ទី​ក្រុង​បេន​ហ្គា​ហ្ស៊ី​ដែលជាទី​តាំង​​បង្អែក​របស់ពួក​ប្រឆាំង​ដែរ។ យោង​តាម​ប្រជាជន​ទីក្រុងនេះ​ថា​ មនុស្ស​​​យ៉ាង​តិច​៥​នាក់ ត្រូវបាន​កងទ័ព​​ស្និទ្ធ​លោកកា​ដា​ហ្វី​ចាប់ខ្លួន​ពេលមានការ​វាយ​លុក​គាំទ្រ​​ដោយ​​​កង​យន្ត​ហោះ​ និង​កាំភ្លើង​ធំធុនធ្ងន់ ​ហើយ​មនុស្ស​យ៉ាង​​តិច​១២​នាក់​ត្រូវស្លាប់ ។​ ពួក​ប្រឆាំង​អះ​អាង​​ថា នៅកាន់​កាប់ទីក្រុង​នេះ​ជានិច្ច​ ហើយ​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​តិច​១០០​នាក់​ក្នុង​ចំណោម​​ពួកយុទ្ធ​ជន​ដែលស្មោះ​ត្រង់​នឹង​លោក​កា​ដាហ្វី ។ ​​អ្នក​នាំ​ពាក្យ​របស់​ពួក​​ប្រឆាំង​ក៏​លើក​ឡើង​ដែរ ពីការ​ពង្រឹង​កង​ទ័ព​លើកសំដៅ​ទីក្រុង RAS LANOUF ចម្ងាយ​១០០គ.ម ខាង​លិច​ក្រុង BREGA ។​ កងទ័ព​គាំទ្រ​ដោយ​ពួកទាហាន​ស៊ី​ឈ្នួល​មកពីឆាដ និង​នីហ្ស័រ ៕

នារី​សកម្ម​ជន​ការពារសិទ្ធិ​ស្ត្រី​​នាំគ្នាដោះអាវ​ចេញប្រឆាំង​​ការ​ប្រកួត​​មួយ

Posted: 03 Mar 2011 07:30 PM PST

នារីជា​សកម្ម​ជន​ការពារ​សិទ្ធិ​ស្ត្រីនៅ​ក្នុង​​ប្រទេស​​អ៊ុយក្រែន​​ជាច្រើន​​នាក់

នារីជា​សកម្ម​ជន​ការពារ​សិទ្ធិ​ស្ត្រីនៅ​ក្នុង​​ប្រទេស​​អ៊ុយក្រែន​​ជាច្រើន​​នាក់ កាលពី​​ពេលថ្មីៗ​កន្លងមក ​បានប្រមូលផ្តុំគ្នា​​នៅ​កន្លែង​មួយ​ ហើយ​បង្កើត​​ព្រឹត្តិការណ៍​គួរ​ឱ្យ​​ចាប់អារម្មណ៍​​មួយ​ដោយ​នាំគ្នា​​ដោះអាវ​​ចេញអស់​ រួច​លើ​កផ្ទាំង​​​បដាធ្វើ​​បាតុ​​កម្ម ។ ពួកនាង​​បានធ្វើ​​​ដូច្នេះ​​ដើម្បី​​ធ្វើបាតុ​កម្ម​​ប្រឆាំង​ការ​ប្រកួតមួយ​ ដែលអ្នកឈ្នះ​​​​ទទួល​បាននារី​ម្នាក់ធ្វើ​ជា​ប្រពន្ធ​ រៀបចំ​​ឡើង​ដោយ​​ស្ថានីយ​​វិទ្យុ​មួយ​របស់​​ប្រទេស​នូវែល​សេឡង់។

តាម​ប្រភពព័ត៌​មាន​​​ថា ​ស្ថានីយវិទ្យុ The Rock FM របស់ប្រទេស​​នូវែល​សេ​​ឡង់ ​បាន​រៀបចំ​​​ការប្រកួត​មួយ​សម្រាប់​​អ្នកស្តាប់​របស់​ខ្លួន ដែល​ក្នុងការប្រកួត​នេះ​អ្នក​​ឈ្នះ​ទទួលបាន​សិទ្ធិ​​ដើរ​​លេង​ក្នុង​​ប្រទេស​​អ៊ុយ​ក្រែនរយៈ​​ពេល​​១២​ថ្ងៃ​​ និងទទួល​បាននារីម្នាក់​​ធ្វើជា​ប្រពន្ធ​​ផងដែរ ប៉ុន្តែ​​ការប្រកួត​នេះ​រងការ​ប្រឆាំង​យ៉ាង​ខ្លាំងពីនារី​ជា​សកម្មជន​​ការពារ​​សិទ្ធិ​ស្ត្រី​ដោយ​​​ពួកគេ​និយាយ​ថា ​ការ​​ប្រកួត​​នេះមិនអាច​​ទទួល​យក​បាន​ឡើយ​៕​

នាយករដ្ឋ​មន្ត្រី​​អេហ្ស៊ីប​លាលែង​ចេញពីតំណែង

Posted: 03 Mar 2011 07:28 PM PST

នាយករដ្ឋ​មន្ត្រី​អេហ្ស៊ីប​ លោក Ahmed Shafiq បានលាលែង​ចេញពីតំណែង

នាយករដ្ឋ​មន្ត្រី​អេហ្ស៊ីប​ លោក Ahmed Shafiq បានលាលែង​ចេញពីតំណែង​ដោយ​មិន​បាន​គ្រោងទុកជា​មុន​ កាលពីថ្ងៃទី​​​៣ មីនា កន្លង​មក ​ខណៈ​ពួក​​បាតុករ​ទាមទារ​​ឱ្យ​លោក​ដែលជា​សម្ព័ន្ធ​មិត្ត​​របស់​លោក​ហូស្នី ​មូបារ៉ាក់ ​​អតីត​ប្រធា​នា​ធិបតី​​អេហ្ស៊ីប ​ដែលត្រូវ​​ផ្តួល​រំលំ​​​ចុះ​ចេញពី​​តំណែង ។ មេដឹកនាំ​​យោធា​​អេហ្ស៊ីប​​និយាយ​ថា លោក Ahmed  Shafiq នឹង​ត្រូវ​​ជំនួស​ដោយលោក Essan Sharaf អតីត​រដ្ឋ​មន្ត្រី​​ក្រសួង​​ដឹកជញ្ជូន​ដែលចូលរួម​ធ្វើបាតុ​កម្ម​នៅទីលាន Tahrir ​នៃ​ទីក្រុងគែរ ​បង្ខំ​ឱ្យ​លោកមូបារ៉ាក់ ​ចុះ​ចេញពី​​តំណែង​នៅ​​ថ្ងៃទី​​១១ កុម្ភៈ ។​

លោក Ahmed Shafiq ត្រូវបានតែង​តាំង​​ជា​នាយករដ្ឋមន្ត្រី​​ដោយ​លោក​មូបារ៉ាក់ ​ក្នុង​អំឡុង​​​ពេល​លោក​មូបារ៉ាក់ ​នៅកាន់តំណែង​​ប្រធា​នាធិបតី​​ ដើម្បី​​​បង្ក្រាប​​បាតុករ​ប្រឆាំង​លោក ។​ ក្រុមប្រឹក្សា​​ជាន់ខ្ពស់​​របស់​កង​​ទ័ព​អេ​ហ្ស៊ីប​​បានប្រកាស​ថា ខ្លួន​បាន​​ទទួល​យកការ​សុំ​លា​លែង​​​ចេញពី​តំណែង​របស់​លោក Shafiq ហើយ ។ តាមសេចក្តី​រាយការណ៍​​ថា បាតុករ​ដែល​នៅប្រមូលផ្តុំ​​​គ្នាក្នុង​ទីលាន Tahrir នៅឡើយ មាន​ក្តី​រីករាយ​​យ៉ាងខ្លាំង​​នៅពេល​លោក Ahmed Shafiq ប្រកាស​ពី​ការ​លាលែង​​​នេះ​ ។​ ​ទោះបីជា​​របប​របស់​លោក​ហូស្នី ​មូបារ៉ាក់​ ត្រូវ​បាន​ផ្តួលរំលំ​​ហើយ​ក៏ដោយ ក៏​​ពលរដ្ឋ​​អេ​ហ្ស៊ីប​​ក្នុង​ចំនួន​ដ៏ច្រើន​​នៅបន្ត​​ធ្វើបាតុកម្ម​​​ទាមទារ​​ឱ្យមានការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​​បច្ចុ​​ប្បន្ន ៕​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!