VOA News: ព័ត៌មាន: “គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តីព្រៀង​ច្បាប់​ថវិកា​ឆ្នាំ​២០១២” plus 7 more

VOA News: ព័ត៌មាន: “គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តីព្រៀង​ច្បាប់​ថវិកា​ឆ្នាំ​២០១២” plus 7 more


គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តីព្រៀង​ច្បាប់​ថវិកា​ឆ្នាំ​២០១២

Posted: 19 Oct 2011 01:14 PM PDT

ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​នៅ​ថ្ងៃ​ពុធ​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០១២ ចំនួន​ជាង​១០​លាន​លាន​រៀល ​គឺ​ស្មើ​នឹង​ប្រមាណ​ជាង​ ២.៦២៦​លាន​ដុល្លារ​អាមេរិក។

ការ​អនុម័ត​ថវិកា​សម្រាប់​ឆ្នាំ​២០១២​នេះ​គឺ​បាន​កើន​ឡើង​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ថវិកា​ឆ្នាំ​២០១១។

លោក​ ជាម ​យៀប ​ប្រធាន​គណៈកម្មធិការ​ហរិញ្ញវត្ថុ​ និង​ធានាគារ​របស់​រដ្ឋសភា​បាន​មាន​ប្រសាសន៍ ថា​ ការ​កើន​ឡើង​ថវិកា​ក្នុង​ឆ្នាំ​២០១២​នេះ ​ដោយសារ​តែ​កម្ពុជា​ជួប​ប្រទះ​នឹង​ទឹក​ជំនន់ ​ហើយ​កម្ពុជា​ត្រូវ​ការ​ថវិកា​បន្ថែម​ទៀត​​សម្រាប់​វិស័យ​ការពារ​ជាតិ។

«ដោយ​ឈរ​លើ​មូលដ្ឋាន​ទី​១ យើង​កំពុង​ទទួល​នូវ​គ្រោះ​ទឹក​ជំនន់​នេះ​ផង ហើយ​មួយ​រយៈ​ធ្ងន់ធ្ងរ​ដែល​អាច​រហូត​ដល់​មាន​ការ​ខូចខាត​រាប់រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ហើយ​ទី​២ ​ដោយសារ​ការការពារ​ជាតិ​ ក៏​យើង​ត្រូវ​គិត​គូរ​ពិចារណា​ដែរ ​នៃ​ការ​ការពារ​បូរណភាព​ទឹក​ដី»។

សេចក្តី​ប្រកាស​របស់​ទីស្តីការ​គណរដ្ឋ​មន្រ្តី​ឲ្យ​ដឹង​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​នេះ ​គឺ​ដើម្បី​ធានា​ឲ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​អត្រា​ប្រមាណ​ប្រាំពីរ​ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ ​និង​ការ​ធានា​សម្រេច​ឲ្យ​មាន​ការ​កាត់​បន្ថយ​អត្រា​នៃ​ភាព​ក្រីក្រ​ឲ្យ​បាន​លើស​ពី​មួយ​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

លោក ​ ជាម ​យៀប ​បាន​មាន​ប្រសាសន៍​ថា ​ថវិកា​ក្នុង​ឆ្នាំ​២០១២​ខាង​មុខ​នេះ ​ផ្តល់​ជូន​ក្រសួង​ចំនួន ប្រាំពីរ​ជា​អតិភាព​ចំបង​គឺ​ក្រសួង​អប់រំ​ ក្រសួង​សុខាភិបាល​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្រសួង​កសិកម្ម ក្រសួង​សង្គមកិច្ច ​ក្រសួង​កិច្ចការ​នារី ​និង​ក្រសួង​នគរដែនដី​រូបនីយកម្ម និង​សំណង់។ លោក​ ជាម ​យៀប ​មិន​បាន​បញ្ជាក់​ថា​ តើ​ក្រសួង​អទិភាព​ទាំង​ប្រាំពីរ​នេះនឹង​មាន​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​ទេ ក៏ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ​ក្រសួង​សុខាភិបាល ​និង​ក្រសួង​អប់រំ ​អាច​កើន​ឡើង​ប្រមាណ​ពី​១៨ ​ភាគរយ​ ទៅ​២០ភាគរយ ​និង​ក្រសួង​កសិកម្ម​អាច​ឡើង​ដល់​ប្រមាណ​សាមសិប​ភាពរយ។

«ការ​កើន​ឡើង​នេះ​គឺ​ថា​ផែនកា​ជាតិ​សហសវត្សន៍​ថ្មី ​២០០៨​-​២០១៣ ​របស់​រាជរដ្ឋាភិបាល។​ លោក បាន​បង្កើន​រាល់​ការងារ​ទាំង​ឡាយ ​ពី​សេស​យក​ចិត្ត​ទុក​ដាក់​សុខមាលភាព​របស់​ប្រជាពលរដ្ឋទូទាំង​ប្រទេស»។

លោក ​យឹម ​សុវណ្ណ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ ​ដោយ​លោក​បាន មាន​ប្រសាសន៍​ថា ​លោក​មិន​ទាន់​ឃើញ​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ។

«សេចក្តី​ព្រាង​ច្បាប់​មក​ដល់​ដៃ​សិន ​បាន​យើង​ធ្វើ​អត្ថាធិប្បាយ​លំអិត​តែ​ម្តង»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ទៀត​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ​រដ្ឋាភិបាល​បាន​បន្ត​អនុវត្ត​ផលិកម្ម​ស្រូវ ​ការ​នាំ​ចេញ​អង្ករ​ ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ​ដែល​ខូចខាត​ដោយ​ទឹក​ជំនន់ បន្ត​ពង្រីក ​និង​ពង្រឹង​ឧស្សាហកម្ម​កាត់ដេរ​ និង​ផ្នែក​សេវាកម្មទេសចរណ៍៕

This posting includes an audio/video/photo media file: Download Now

ពលការិនី​២.៥០០​នាក់​អាច​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ទោះ​បី​មាន​បម្រាម

Posted: 19 Oct 2011 01:36 PM PDT

ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​បញ្ជូន​ពលការិនី​ជំនួយការ​មេផ្ទះ​ ដែល​ទទួល​បាន​លិខិត​ឆ្លងដែន ​និង​ទិដ្ឋាកា​ការងារ​ត្រឹមត្រូវ​មុន​បម្រាម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​ទៅ​បម្រើ​ការងារ​នៅ​ម៉ាឡេស៊ី។

លោក ​សេង​ សក្តា ​អគ្គនាយក​នៃ​ក្រសួង​ការងារ​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«ចាប់​ពី​ពេល​នេះ​ទៅ​ យើង​អត់​មាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ជ្រើស​រើស​ពលការិនី​ជា​ជំនួយ​ការ​មេផ្ទះ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​បន្ត​ទៀត​ទេ។​ ដោយឡែក ​ពលការិនី​ដែល​បាន​ទទួល​ទិដ្ឋាកា ​និង​បាន​វីសា (Visa) ការងារ​ពី​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​ភ្នំពេញ​រួច​ហើយ។ ​អាហ្នឹង ​យើង​អនុញ្ញាត​ឲ្យ​ពលការិនី​ទាំង​អស់​ហ្នឹង​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ ព្រោះ​ថា​ ពលការិនី​ហ្នឹង​បាន​ ទទួល​ទិដ្ឋាកា ​ការងារ​ពី​ប្រទេស​ម៉ាឡេស៊ី ​និង​មាន​ថៅកែ​រួច​ហើយ។

លោក ​សេង ​សក្តា ​មិន​បាន​លម្អិត​អំពី​ចំនួន​ពលការិនី​ជំនួយ​ការ​មេផ្ទះ ​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​នេះ​ទេ ប៉ុន្តែ​លោក​បាន​ស្នើ​សុំ​ដល់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទាំង​អស់​ឲ្យ​បញ្ជូន​បញ្ជី​ឈ្មោះ​ពលការិនី​ជំនួយ​ការ​មេផ្ទះ​មក​អគ្គនាយកដ្ឋាន​ការងារ​របស់​លោក។

លោក​ អាន​ ប៊ុនហាក់ ​ប្រធាន​សមាគម​នៃ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ​បាន​ថ្លែង​ថា​ លោក​ស្វាគមន៍​ដល់​ការ​ធ្វើ​សេចក្តី​សម្រេច​នេះ ​ដោយ​បញ្ជាក់​ថា​ ពលការិនី​ជំនួយ​ការ​មេផ្ទះ​ប្រមាណ​២.៥០០​នាក់​ ដែល​ជ្រើស​រើស​មុន​បម្រាម​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ជូន​ចេញ​ទៅ​បម្រើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

«ពលករ​ ដែល​បាន​ជ្រើសរើស​មុន​ថ្ងៃ​ទី​១៥​ មាន​កិច្ចសន្យា ​និង​មាន​ថៅកែ​ហើយ ​អាច​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​។​ ដូច្នេះ ​ទំហំ​នៃ​ការ​ខាត​បង់​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ គឺ​តិច​បំផុត ​និង​សឹង​តែ​គ្មាន​ការ​ខាត​បង់​តែ​ម្តង»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ថ្លែង​នៅ​ក្នុង​សារាចរ​ចុះ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ថា​ រដ្ឋាភិបាល​សូមជូន​ដំណឹង​ដល់​ក្រសួង ​ស្ថាប័ន​ អាជ្ញាធរ​មាន​សមត្ថកិច្ច ​និង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ឲ្យ​បាន​ជ្រាប​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ​ ការ​ជ្រើសរើស​បណ្តុះបណ្តាល ​និង​បញ្ជូន​ពលការិនី​ជំនួយ​ការ​មេផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន។

លោក ​ជា ​មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​យន្តការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ ​ការ​គោរព​ច្បាប់​ការងារ​ និង​ការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​សមរម្យ ​ដើម្បី​លុប​បំបាត់​ការ​បញ្ជូន​ពលករ​ជា​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ប្រកប​ដោយ​គ្រោះថ្នាក់។

«បើ​សិន​ជា​រដ្ឋាភិបាល​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ការងារ​ឲ្យ​បាន​ល្អ ​កុំ​ថៅកែ​ធ្វើ​បាប​កម្មករ ​កម្មការិនី​ខ្មែរ ​ហើយ​តម្លើង​ប្រាក់​បៀរវត្សរ៍​ដល់​កម្មករ ​កម្មការិនី​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នេះ​ឲ្យ​បាន​សមរម្យ​ ដែល​អាច​រស់​បាន។​ ការ​ធ្វើ​ចំណាក​ស្រុក​នឹង​ធ្លាក់​ចុះ»។

លោក ​អាត់ ​ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ត្រូវ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​សម្រាប់​ជួយ​កាត់​បន្ថយ​ការ​បញ្ជូន​ពលការិនី​ជំនួយ​ការ​មេផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី៕

This posting includes an audio/video/photo media file: Download Now

តុលាការ​ខ្មែរ​ក្រហម​បើក​សវនាការ​ជុំវិញ​ជំងឺ​ផ្លូវ​ចិត្ត​អៀង ធីរិទ្ធ

Posted: 19 Oct 2011 12:00 PM PDT

ក្រុម​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​មនុស្ស​ចាស់​បាន​រក​ឃើញ​ស្រប​គ្នា​នឹង​របាយការណ៍​កាល​ពី​លើក​មុន​ថា​ អៀង ​ធីរិទ្ធ ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ហើយ​ពិបាក​នឹង​ចូលរួម​សវនាការ​កាត់​ទោស​រូប​គាត់។ ​ការ​រក​ឃើញ​បែប​នេះ​ត្រូវ​បាន​បកស្រាយ​ជា​សាធារណៈ​នៅ​ក្នុង​សវនាការ​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ស្ដីពី​បញ្ហា​សុខភាព​របស់​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​ខ្មែរ​ក្រហម​រូប​នេះ។ ​សវនាការ​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ពុធ​នេះ។

លោក​វេជ្ជបណ្ឌិត​ ស៊ីណា ​ហ្វាហ្ស៊ែល​ (Seena Fazel) ជនជាតិ​អង់គ្លេស​បាន​ថ្លែង​ក្នុង​សវនាការ​នោះ​ថា​ ជនជាប់​ចោទ​អាយុ​៧៩ ​ឆ្នាំ​រូប​នេះ​បាត់បង់​ការ​ចងចាំ ​ហើយ​អាច​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ការ​កាត់ក្ដី​ពេញ​លេញ​លើ​រូប​គាត់។ លោក​បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ថា៖

«ខ្ញុំ​គិត​ថា ស្ថានភាព​បញ្ញា​របស់​គាត់​អាច​ជា​ការ​រារាំង​សវនាការ។ វា​មាន​ការ​ពិបាក​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​មេធាវី​ក្នុង​ការ​រៀបចំ​ការពារ​ក្ដី​របស់​គាត់​ដោយសារ​តែ​គាត់​ចុះខ្សោយ​សតិបញ្ញា»។

កាល​ពី​ខែ​សីហា ​លោក​សាស្ដ្រាចារ្យ​ ចន ​ខាំបែល ​អ្នក​ជំនាញ​ផ្នែក​ជំងឺ​មនុស្ស​ចាស់ ​​បាន​លើក​ឡើង​ក្នុង​សវនាការ​ស្ដីពី​បញ្ហា​សុខភាព​ជន​ជាប់​ចោទ​ថា​ អៀង ​ធីរិទ្ធ​ មាន​បញ្ហា​ច្របូក​ច្របល់​ក្នុង​ខួរ​ក្បាល​ បាត់​ការចងចាំ​ ព្រមទាំង​ពិបាក​ក្នុង​ការ​ចោទ​ជា​សំណួរ​លើ​រូបគាត់​នៅ​ក្នុង​សវនាការ​ ហើយ​គាត់​ថែម​ទាំង​មិន​អាច​ចូល​រួម​សវនាការ​តាម​រយៈ​វីដេអូ​ភ្ជាប់​ចូល​ទៅ​កាន់​បន្ទប់​គាត់​បាន​​ទៀត​ផង។

ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ​លោក​វេជ្ជបណ្ឌិត​កម្ពុជា​ ហួត​ លីណា ​បាន​គូស​បញ្ជាក់​ថា​ អៀង ​ធីរិទ្ធ ​មិន​ដឹង​ថា ​គាត់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​ទេ។

«រក​ឃើញ​ថា ​គាត់​មិន​អាច​ដឹង​អគារ​ដែល​កំពុង​ស្នាក់​នៅ​នោះ​ជា​អគារ​អ្វី​ និង​ជា​អគារ​ដែល​មាន​មុខងារ​អ្វី​នោះ​ទេ»។

អៀង ​ធីរិទ្ធ​ រួម​ជាមួយ​នឹង​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ក្នុង​សំណុំរឿង​០០២ ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជសាសន៍​​ ដែល​នាំ​ឲ្យ​ស្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរ​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩។

លោក​ចៅក្រម​ និល ​ណុន ​ប្រធាន​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរ​ក្រហម បាន​បង្ហាញ​ថា សវ​នាការ​ស្ដីពី​បញ្ហា​សុខភាព​ អៀង ​ធីរិទ្ធ​ នៅ​ថ្ងៃ​នេះ​នឹង​ពិនិត្យ​មើល​ថា តើ​ត្រូវ​បញ្ចប់​នីតិ​វិធី​ច្បាប់​លើ​ជន​ជាប់​ចោទ​រូប​នេះ​ ឬ​យ៉ាង​ណា​ដោយសារ​តែ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ។

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​វេជ្ជបណ្ឌិត​ចុងក្រោយ​បាន​លើក​ឡើង​ថា​ អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​សុខ​ភាព​របស់​ អៀង ​ធីរិទ្ធ​ មាន​លក្ខណៈ​ប្រសើរ​ឡើង ​ហើយ​ប្រសិន​បើ​សាលាក្ដី​ខ្មែរ​ក្រហម​យល់​ថា ​គាត់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ការ​កាត់​ទោស​របស់​គាត់​នោះ​ គួរ​តែ​មាន​ការ​ពិនិត្យ​ឡើងវិញ​លើ​ស្ថានភាព​ជំងឺ​របស់​គាត់​រាល់​បី​ខែ​ម្ដង​ ហើយ​គួរ​តែ​មាន​គ្រូពេទ្យ​ជំនាញ​ផ្នែក​ការ​ធ្វើ​ចលនា​មនុស្ស​ចាស់​ផង​ដែរ​សម្រាប់​ថែរក្សា​គាត់៕

This posting includes an audio/video/photo media file: Download Now

សវនាការ​សំណុំរឿង​០០២​នឹង​ចាប់​ផ្តើម​ចុង​សប្តាហ៍​នេះ

Posted: 19 Oct 2011 11:36 AM PDT

អង្គជំនុំ​ជម្រះ​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​កាត់ទោស​ជន​ជាប់​ចោទ​ ​ចាប់​ពី​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១១​នេះ​តទៅ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។

សំណុំ​រឿង​ទី​២​នេះ​ដែល​សហគមន៍​អន្តរជាតិ ​និង​ជន​រួម​ជាតិ​កម្ពុជា​រងចាំ​បំផុត ​ដោយសារ​តែ​ជនជាប់​ចោទ​នៅ​ក្នុង​សំណុំរឿង​នេះ​ គឺ​ជា​អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​តែ​បួន​នាក់​គត់​ ដែល​នៅរស់រាន​មាន​ជីវិត។

លោក ​ឡាស ​អលសិន ​មន្ត្រី​ទំនាក់​ទំនង​ផ្នែក​កិច្ចការ​ច្បាប់ ​ខាង​អង្កការ​សហប្រជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា ​ការ​កាត់​ទោស​ចាប់​ផ្តើម​ហើយ​ដែល​នេះ​គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់រូប​រងចាំ។

ដោយ​ឡែក​លោក ​នេត្រ ​ភត្រា ​ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា ​លើក​ឡើង​ដូចគ្នា​នេះ​ដែរ។

«ជា​ការ​ឆ្លើយ​តប​ទៅ​នឹង ​ជា​ធម្មតា​ទេ ​ការ​ទន្ទឹង​រងចាំ​ជា​យូរ​មក​ហើយ​របស់​ជន​រងគ្រោះ​ ដូចជា​ការគោរព​សិទ្ធ​របស់​ជន​ជាប់​ចោទ​ដែល​គាត់​មាន​វ័យចាស់​ហើយ»។

ជន​ជាប់​ចោទ​វ័យ​ចំណាស់​ទាំង​បួន​នាក់រួម​មាន​ នួន​ ជា​ អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​ ខៀវ ​សំផន​ អតីត​ប្រមុខរដ្ឋ​ អៀង ​សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស ​និង​ប្រពន្ធ​របស់​គាត់ ​អៀង ​ធីរិទ្ធ​ អតីត​រដ្ឋមន្រ្តី

ក្រសួង​សង្គមកិច្ច។ ពួកគេ​ត្រូវ​បាន​ចោទ​ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​រល័យពូជសាសន៍។

អង្គជំនុំ​ជម្រះ​សាលាដំបូង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​សវនាការ​ដើម្បី​ពិនិត្យ​ភ័ស្តុតាង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា។ ​ដោយឡែក​សវនាការ​ ថ្ងៃ​ទី​២១​ ខែ​កក្កដា​ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ចោទ​ប្រកាន់ ​លើ​ជន​ជាប់​ចោទ​ម្នាក់ៗ។​ កិច្ច​ជំនុំ​ជម្រះ​នឹង​បន្ត​រហូត​ទៅ​ដល់​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ ឆ្នាំ​២០១១​ មុន​នឹង​ត្រូវ​បន្ត​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៩ ​ខែ​មករា​ ឆ្នាំ​២០១២។

លោក ​ឆាំង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​អបអរសាទរ​ចំពោះ​សវនាការ​នេះ។

«ខ្ញុំ​គិត​ថា ​បង្ហាញ​ពី​ការ​ដោះស្រាយ​របស់​តុលាការ ​ក្នុង​ការ​ធ្វើ​ឲ្យ​០០២​អាច​ចេញ​ នៅ​ពេល​ដែល​ភាពស្រប​ច្បាប់​របស់​តុលាការ​នេះ ​កំពុង​ត្រូវ​បាន​ចោទ​សួរ​ពី​សង្គម​ស៊ីវិល ​និង​មជ្ឈដ្ឋាន​ទូទៅ»។

លោក ​លឹម ​ម៉េងឃី ​មេធាវី​មួយ​រូប​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី ​មាន​ប្រតិកម្ម​ដូច​គ្នា​នេះ​ដែរ។

«នេះ​ជា​ថ្ងៃ​ប្រវតិ្តសាស្ត្រ​ទី១​ ដែល​ឈាន​ទៅ​ពន្លឺ​នៃ​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ»។

សហគម​អន្តរជាតិ ​ឆ្លាប់បាន​សម្តែង​ការ​ព្រួយបារម្ភ ​ពី​ការ​យឺតយ៉ាវ​របស់​សាលាក្តី​ខ្មែរ​ក្រហម ​ពី​ការ​កាត់​ក្តី​សំណុំរឿង​០០២​នេះ ​ក៏ប៉ុន្តែ​នៅ​មិនទាន់​មាន​ប្រតិ្តកម្ម​ពី​សហគមអន្តរជាតិ ​ទាក់ទង​នឹង​ការ​កំណត់​កាលបរិច្ឆេទ​ នៃ​សវនាការ​នេះ​នៅ​ឡើយ​ទេ៕

This posting includes an audio/video/photo media file: Download Now

តុលាការ​ខ្មែរក្រហម​បើក​សវនាការ​អំពី​សុខភាព​អ្នកស្រី​អៀង ធីរិទ្ធ​ក្នុង​ដំណើរការ​កាត់ទោស

Posted: 19 Oct 2011 10:21 AM PDT

កាលពី​ថ្ងៃពុធ​ទី១៩​តុលា​នេះ ​តុលាការ​កាត់ទោស​ខ្មែរក្រហម​បាន​បើក​សវនាការ​បឋម​អំពី​សមត្ថភាព​សុខភាពរបស់​អ្នកស្រី​អៀង ធីរិទ្ធ​អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម ក្នុង​ដំណើរការ​កាត់ទោស​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ មេ​ដឹកនាំ​ជាន់ខ្ពស់​បួននាក់​របស់​ខ្មែរក្រហម​ត្រូវឡើង​សវនាការ​ជំនុំ​ជម្រះ​ថ្ងៃ​ទី​២១ ​វិច្ឆិកា​គឺ៣​ទសវត្ស​ក្រោយពី​បដិវត្តន៍​បាត​ដៃ​ទទេ​ដ៏ខ្មៅ​ងងឹត​បំផុត​ក្នុង​សតវត្ស​ទី២០​នេះ​បាន​ផុត​រលត់។

តុលាការ​តែងតាំង​អ្នក​ជំនាញ​ខាង​សុខភាព​៤នាក់​ធ្វើការ​វាយ​តម្លៃ​ថា ​តើ​អ្នកស្រី​​អៀង ធីរិទ្ធ​មាន​សុខភាព​ល្អ​ដែល​អាច​ចូលរួម​សវនាការ​បាន​យ៉ាង​ណា។

<!--AV-->

លោក​John Campbell ​ត្រូវ​តុលាការ​ចាត់តាំង​ឲ្យ​វាយ​តម្លៃ​សុខភាព​ចុង​ចោទនេះ​សម្រាប់​សវនាការ​ពី​ថ្ងៃ​២៩​ដល់​ថ្ងៃ​៣១​សីហា។

ចៅក្រម ​Silvia Cartwright ​បាន​ឲ្យ​លោក​Campbell ​ឡើង​បំភ្លឺ។

«សូម​លោក​បកស្រាយ​អំពី​កិច្ច​សម្ភាសន៍​របស់​លោក​ជាមួយ​អ្នកស្រី​អៀង ធីរិទ្ធ​បីលើក​ក្នុង​ពេល​២​ថ្ងៃ​មក​នេះ។ ​ការ​សាកល្បង ​និង​ការ​ពន្យល់​របស់លោក​មាន​សារៈ​សំខាន់​សម្រាប់​សវនាការ»។

លោក​ហួត ​លិណា ​អ្នក​ជំនាញ​ម្នាក់​និយាយ​ថា ​អ្នកស្រី​អៀង ធីរិទ្ធ​មាន​សុខភាព​មធ្យម។

«អ្នក​ស្រីអៀង ​ធីរិទ្ធ​គាត់​បាន​ពិន្ទុ​១៥​នៅ​ថ្ងៃទី១​ និង​១៨​នៅ​ថ្ងៃទី​២។ គាត់​នៅ​ចន្លោះ​ពី១០​ទៅ២០​នេះ​គឺ​គាត់​មាន​កម្រិត​មធ្យម​បាទ»។

អ្នក​រួច​ជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ខេត្ត​កំពង់ស្ពឺ ​និយាយ​ថា ​គេមាន​ជំនឿ​លើ​អង្គ​ចៅក្រម។

លោក​ស៊ុំ រិទ្ធី​ដើម​បណ្តឹង​រដ្ឋប្បវេណី​និយាយ​ថា៖

«ពួក​ខ្ញុំ​មក​ជា​ដើម​បណ្តឹង​ហ្នឹង​គឺ​ពឹង​ទៅ​លើ​ច្បាប់។ ​បើ​ច្បាប់​​គេ​ថា ​គាត់​មិន​អាច​ចូលរួម​ការ​កាត់ទោស​បាន ​អាហ្នឹង​ស្រេច​លើ​តុលាការ​សម្រេច»។

ភាគី​ដើមបណ្តឹង​រដ្ឋប្បវេណី​មាន​សិទ្ធិ​តាម​ផ្លូវច្បាប់​ផ្តល់​សក្ខី​កម្ម​ ​សួរ​ជន​សង្ស័យ ​និង​ទាមទារ​សំណង​ផ្លូវ​ចិត្ត។

អ្នក​ផ្សេង​ទៀត​និយាយ​ថា ​គេ​មិន​ចង់​បង្ខំ​កាត់ទោស​មេ​ដឹកនាំ​ខ្មែរក្រហម​ទេ​ បើ​អ្នកទាំង​នេះ​មាន​បញ្ហា​សុខភាព។

អ្នក​ស្រី​លឹម សារឿន​មកពី​ខេត្ត​កំពង់ស្ពឺ​និយាយ​ថា៖

«បើ​យើង​អត់​ដឹង​គាត់​ឈឺ ​អាហ្នឹង​មាន​ចិត្ត​នឹក​ខឹង។​ អត់​ចិត្ត​ខ្លួន​ឯង​ ខឹង។​ ប៉ុន្តែ​បើ​ដឹង​គាត់​ឈឺ​អញ្ចឹង​ យើង​អនុគ្រោះ​ឲ្យ​គាត់​ទៅ»។

ជនជាតិ​ខ្មែរ​ជិត​២​លាន​នាក់​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ដោយសារ​ទារុណកម្ម ​ការ​ប្រហារ​ជីវិត​ ទុរ្ភិក្ស ​និង​ធ្វើការ​ហួស​កម្លាំង។

ចុងចោទ​ទាំង​៤​សុទ្ធតែ​ចាស់​ជរា។​ ពួកគេ​នៅ​ក្នុង​មជ្ឈដ្ឋាន​ផ្ទៃ​ក្នុង​របស់​ប៉ុល ពត​ ស្ថាបនិក​វាល​ពិឃាដ​របស់​ខ្មែរក្រហម ​ក្រុម​ម៉ៅនិយម​ ដែល​ទទួល​ខុសត្រូវ​ការ​បាត់​បង់​ជីវិត​ជនជាតិ​ខ្មែរ​១លាន៧សែន​នាក់​ពី​ឆ្នាំ​១៩៧៦​ដល់​១៩៧៩។

តុលាការ​នេះ​កំពុង​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ទាំង​នេះ៕

ប្រែ​សម្រួល​ដោយ ​ពិន ស៊ីសុវណ្ណ

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ១៩ តុលា

Posted: 18 Oct 2011 07:53 PM PDT

ព័ត៌មានចុងក្រោយបំផុត៖

ថៃ៖ នាយករដ្ឋមន្រ្តី​ថៃ​ Yingluck​ Shinawatra​ កំពុង​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​រួបរួម​គ្នា​នៅពេល​ដែល​ទាហាន​និង​ក្រុម​កម្មករ​កំពុង​តស៊ូ​ទប់​ទំនប់​ទឹក​ការពារ​ទីក្រុង​បាងកក​ពី​ទឹកជំនន់។

ទួរគី៖ ពួក​ឧ​ទ្ទាម​ Kurds ​បាន​សម្លាប់​​ទាហាន​តួកគី​២៦នាក់​ និង​ធ្វើឲ្យ​ទាហាន​១៦​នាក់​ទៀត​រងរបួស​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ាក់​ ដែល​នេះ​ជា​ការ​ស្លាប់​ដ៏​ច្រើន​បំផុត​នៅក្នុង​ការ​វាយ​ប្រហារ​បែប​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ជន​ប៉ាឡេស្ទីន​មួយ​ក្រុម​ដែល​គេ​ចាត់ទុក​ថា​ជា​ជននិរទេស​ខ្លួន​នៅ​ក្រោម​កិច្ចព្រមព្រៀង​ដោះដូរ​អ្នកទោស​ជាមួយ​ប្រទេស​អ៊ីស្រាអែល​បាន​ទៅដល់​ប្រទេស​កំណើត​របស់​ខ្លួន​ហើយ។

កេនយ៉ា/សូម៉ាលី៖ កងទ័ព​ប្រទេស​កេនយ៉ា​កំពុង​ប្រឈម​នឹងការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ និង​ភក់​នៅពេល​ដែល​ពួកគេ​ចូល​ក្នុង​តំបន់​ពីរ​នៅ​ក្នុង​ប្រទេស​សូម៉ាលី​ដែល​ជាប្រទេស​ជិតខាង​របស់​ខ្លួន​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​តាម​ប្រមាញ់​សមាជិក​កងជីវពល​អ៊ីស្លាម​ (al – Shabab)។

អឺរ៉ុប៖ កូដកម្ម​ទូទៅ​មួយ​ដែល​មាន​រយៈពេល​៤៨​ម៉ោង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ក្រិកមុនពេល​ការ​បោះឆ្នោត​នៅក្នុង​សភា​លើ​វិធានការ​ដ៏​សោះកក្រោះ​មួយ​ដើម្បី​បញ្ចៀស​ការ​ក្ស័យធន។

ជប៉ុន/កូរ៉េខាងត្បូង៖ មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​ជប៉ុន​ បាន​ព្រមព្រៀងគ្នា​ធ្វើឲ្យ​ចំណង​ទាក់ទង​ការទូត​ និង​សេដ្ឋកិច្ច​បាន​ប្រសើរ​ឡើង​ ទោះបី​មាន​ភាព​ល្វីង​ជូរចត់​ពី​ការ​ត្រួតត្រា​របស់​ប្រទេស​ជប៉ុន​ក្នុង​ឧបទ្វីប​កូរ៉េ​ និង​ជម្លោះ​ដែនដី​ក៏ដោយ។

សហរដ្ឋអាមេរិក/កូរ៉េខាងត្បូង៖ មេ​បញ្ជាការ​ថ្មី​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​ក្នុង​ឧបទ្វីប​កូរ៉េ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ដែនកោះ​ជាប់​ព្រំប្រទល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​កន្លែង​វាយ​ប្រហារ​ផ្តាច់ជីវិត​ដោយ​កាំភ្លើង​ធំ​របស់​កងទ័ព​កូរ៉េ​ខាងជើង​កាលពី​ចុង​ឆ្នាំ​ទៅ។

បារាំង៖ អ្នក​និពន្ធ​បារាំង​មួយ​រូប​បាន​សម្រេចចិត្ត​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ការ​ចាប់​រំ​លោភ​ប្រឆាំង​អតីត​នាយក​អង្គការ​រូបីយវត្ថុ​អន្តរជាតិ​( IMF)​ លោក​ Dominique​ Strauss ​– ​Kanh ។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

អាស៊ី​អាគ្នេយ៍៖ អង្គការ ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា​មនុស្ស​ជាង​៧រយ​នាក់​បាន​ត្រូវ​សម្លាប់ ​ហើយ​៨​លាន​នាក់​ទៀត​បាន​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់​នៅ​ពាស​ពេញ​តំបន់​អាស៊ី ​អាគ្នេយ៍។ ហើយ​អង្គការ​នោះ​ប្រាប់​​ទៀត​ថា​​ខ្លួន​បាន​ប្រុង​ប្រៀប​ជាស្រេច​ហើយ​ដើម្បី ​ផ្តល់​ជំនួយ​មនុស្ស​ធម៌។

ចិន​៖ អង្គការ​សិទ្ធិ​មនុស្ស​កំពូល​មួយឲ្យ​ដឹង​ថា​ ព័ត៌មាន​ដែល​បាន​រាយការណ៍​ថា​ដូនជី​ព្រះ​ពុទ្ធ​សាសនា​ជាតិ​ទីបេដែល​បាន​ដុត​ ខ្លួន​ហើយ​បាន​ស្លាប់​ បង្ហាញ​ពី​​កម្រិត​នៃ​ការ​​ប្រឆាំង​តវ៉ាដ៏​ខ្លាំង​ថ្មី​មួយ​ប្រឆាំង​នយោបាយ​ ចិន​នៅ​ក្នុង​តំបន់​នោះ។

សហរដ្ឋ​អាមេរិក​៖ ភ្នាក់ងារ​សហព័ន្ធ​បាន​និរទេស​ចំនួន​មនុស្ស​ចេញ​ពី​សហរដ្ឋ​អាមេរិក​ឡើង​ដល់​កម្រិត​មួយ​គួរ​ឲ្យ​កត់​សម្គាល់។

អ៊ីស្រាអែល​៖ ទាហាន​អ៊ីស្រាអែល​ម្នាក់​ ដែល​ត្រូវ​​បាន​ដោះលែង​ដោយ​ពួក​កងជីវពល​ហាម៉ាស​ដែល​បានចាប់​ខ្លួន​លោក​​កាល​ ពី​៥​ឆ្នាំ​មុន​ បាន​ទទួល​ការស្វាគមន៍​ប្រកប​ដោយ​ការ​រីករាយ​នៅ​ក្នុង​ទីក្រុង​កំណើត​របស់​ លោក នៅ​ខណៈនោះ​ដែរ​ជនជាតិ​​ប៉ាឡេ​ស្ទីន​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ Gaza​ Strip ​បាន​អបអរ ​ពួ​ក​អ្នកទោស​ប៉ាឡេ​ស្ទីន​រាប់​រយ​នាក់​ដែល​អ៊ីស្រាអែល​បាន​ដោះលែង ​ដែល​ជាការ​ដោះដូរ​ជាមួយ​​ទាហាន​អ៊ីស្រាអែល​ម្នាក់​នោះ។

លីប៊ី​៖ លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ហ៊ីលឡារី គ្លីនតុន​បាន​ទៅ​បំពេញ​ទស្សនៈ​កិច្ច​ប្រទេស​លីប៊ី​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ប្រទេស​នោះ​ ខណៈ​ដែល​ពួក​អ្នក​ប្រយុទ្ធ​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី​បាន​ចាប់​ផ្តើម​ វាយ​ប្រហារ​​ទីតាំង​ដ៍​រឹង​មាំ​នានា​​ដែល​នៅ​សេសសល់ចុង​ក្រោយ​​របស់​អតីត​ មេដឹកនាំ​ Moammar​ Gadhafi។

កែនយ៉ា​៖ កង​កម្លាំងកែនយ៉ា​បាន​ចូល​ផ្នែក​ទី​២នៃ​ប្រទេស​សូម៉ាលី​ខាង​ត្បូង​ដែល​ ជាផ្នែក​មួយ​នៃ​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​កង​ជីវពល al – Shabab។

សកលលោក​៖ អង្គការ​សុខភាព​ពិភព​លោក​ រាយការណ៍​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់​ជុំវិញ​ពិភពលោក​ បាន​ធ្លាក់​ចុះ​ជាង​២០​ភាគរយ​ចាប់​តាំង​ពីឆ្នាំ ២០០០​មក។

ហ្វីលីពីន​៖ អាជ្ញាធរ​ក្នុង​តំបន់​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​ ប្រាប់​ឲ្យ​ដឹងថា​ទាហាន​យ៉ាង​ហោច​ណាស់​ក៏​១២​នាក់​បាន​ស្លាប់​ហើយ​១០​នាក់​ ទៀត​កំពុង​បាត់​ខ្លួន​បន្ទាប់​ពី​ការ​ប្រយុទ្ធ​ជាមួយ​​ពួក​អ្នក​ប្រយុទ្ធ​ រាប់​រយ​នាក់​មកពី​ក្រុម​ឧទ្ទាម​អ៊ីស្លាម​​ដ៏​ធំ​បង្អស់​​នៅ​ក្នុង​តំបន់៕

This posting includes an audio/video/photo media file: Download Now

ប្រទេស​ម្ចាស់​ជំនួយ​រំពឹង​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​បន្ថែម​លើ​សារពើពន្ធ

Posted: 19 Oct 2011 08:21 AM PDT

[កំណត់​សម្គាល់​អ្នក​កែសម្រួល៖ ថ្មីៗ​នេះ​ ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​​ប្រកាស​ថា ខ្លួន​មាន​ផែន​ការ​ផ្តាច់​ជំនួយ​ដល់​ប្រទេស​​ទាំងឡាយ​ណា​ដែល​មិន​មាន​តម្លាភាព​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​​ចំណូល និង​មិន​មាន​អភិបាលកិច្ច​ល្អ។ ក្នុង​កិច្ច​ប្រឹងប្រែង​ដូចគ្នានេះ ​កាលពី​​ឆ្នាំ​​កន្លង​​ទៅ​ សហរដ្ឋអាមេរិក​បាន​អនុម័ត​ច្បាប់​​ស្តីអំពី​កំណែទម្រង់​ហិរញ្ញវត្ថុ​មួយ​ឈ្មោះ​ថា Dodd-Frank Financial Reform Act ដែល​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​អស់​ដែល​ចុះ​បញ្ជី​នៅ​ផ្សារហ៊ុន​នាទី​ក្រុង​ញូវយ៉ក​ បោះពុម្ពផ្សាយ​ជា​សាធារណៈ​អំពី​ការ​​​ចំណាយ​​របស់​ខ្លួន​ទៅ​ឲ្យ​រដ្ឋាភិបាល​បរទេស។ សហភាព​អឺរ៉ុប​អាច​នឹង​អនុម័ត​ច្បាប់​ស្រដៀង​គ្នា​នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​បទសម្ពាស​រវាង​លោក​អ៊ឹម សុធារិទ្ធ​នៃ​វីអូអេ​ខ្មែរ​ជាមួយ​លោក​ចច បូដិន (George Boden) អ្នក​យុទ្ធនាការ​ក្លូបល​វិតណេស]។

<!--AV-->

ស៖ ថ្មីៗ​នេះ​ចក្រភព​អង់គ្លេស​ឲ្យ​ដឹង​ថា​ ខ្លួន​អាច​នឹង​ផ្អាក​ជំនួយ​ដល់​ប្រទេស​មួយ​ចំនួន​ដែល​មិន​បាន​​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​គេ​ចំណាយ​មូលនិធិ។ លោក​ ហ្វ្រ៊ែនស៊ិស ម៉ូដ (Francis Maude) រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​ បាន​មាន​ប្រសាសន៍​ថា លក្ខខណ្ឌ​ថ្មី​ទាំង​នោះ​នឹង​ភ្ជាប់​​ទៅ​នឹង​​គម្រោង​ថវិកា​ប្រចាំឆ្នាំ​ដែល​មាន​ទឹក​បា្រក់​ចំនួន​១៣ពាន់​លាន​២​សែន​ដុល្លារ​អាមេរិក។ បើ​តាម​ការ​គិត​របស់​លោក​ តើ​​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​មាន គោល​បំណង​អ្វី​​ដែល​​ធ្វើ​យ៉ាង​ដូច្នេះ?

ច៖ យើង​ស្វាគមន៍​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ហើយ​យើង​ជឿថា មាន​​គោលបំណង​ពីរ​ចំពោះ​លក្ខខណ្ឌ​ដែល​គេ​បាន​ដាក់​លើ​ជំនួយ​របស់​គេ។ ទី​១​គឺ​ថា គម្រោង​ថវិកា​របស់​ចក្រភពអង់គ្លេស​កើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ ជា​ថ្មី​ម្តង​ទៀត​យើង​ស្វាគមន៍​គម្រោង​ថវិកា​នេះ។ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវការ​បង្ហាញ​ថា ជំនួយ​នេះ​ត្រូវ​បាន​ចំណាយ​បាន​យ៉ាង​ល្អ​ ហើយ​អាច​ពន្យល់​ការ​បង្កើន​ចំណាយ​នោះ​ដល់​ប្រជារាស្រ្ត​នៃ​ចក្រភព​អង់គ្លេស។ ទី២​ ហើយ​ជា​ចំណុច​សំខាន់​​បំផុត​សម្រាប់​យើង​ គឺ​ថា ​វា​ជា​ការ​សំខាន់​ណាស់​ដែល​ជំនួយ​ត្រូវ​បាន​ផ្តល់​ក្នុង​លក្ខណៈ​មួយ​​ដែល​លើក​កម្ពស់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ និង​អភិបាល​កិច្ច​ល្អ។ យើង​ជឿ​ថា ការ​ធានា​បែបប​នេះ​ចំពោះ​តម្លាភាព​ជំនួយ​ និងការ​ធានា​ថា​ ជំនួយ និង​ចំណូល​ត្រូវបាន​ចំណាយ​យ៉ាង​ល្អ​នោះ មិន​គួរ​អនុវត្ត​តែ​លើ​​ជំនួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​គួរ​តែ​ត្រូវបាន​អនុវត្ត​ចំពោះ​លុយ​ដែល​បាន​មក​ពី​ប្រភព​ផ្សេងៗ​ជា​ពិសេស​លុយ​ដែល​បាន​មក​ពី​ធនធាន​ធម្មជាតិ។ យើង​គិត​ថា នេះ​ជា​លក្ខខណ្ឌ​ដែល​គេ​ត្រូវ​ធានា​ថា រដ្ឋាភិបាល​ប្រើប្រាស់​គ្រប់​ចំណូល​ទាំង​អស់​ឲ្យ​បាន​ត្រឹមត្រូវដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​គឺ​មិន​គ្រាន់​តែ​លុយ​ជំនួយ​ប៉ុណ្ណោះ​ទេ។

ស៖ តើ​វិធានការ​នេះ​មាន​ផលប៉ះ​ពាល់​យ៉ាង​ដូចម្តេច​ចំពោះ​កម្ពុជា?

ច៖ កាល​ពី​ឆ្នាំ​កន្លង​ទៅ រដ្ឋាភិបាល​ចក្រភពអង់គ្លេស​បាន​សម្រេច​​បញ្ចប់​ជំនួយ​អភិវឌ្ឍន៍​ទ្វេភាគី​របស់​ខ្លួន​​ដល់​កម្ពុជា។ ដូច្នេះ​វា​មិន​ច្បាស់​ទេ​ថា ​សេចក្តី​ប្រកាសនេះ​​នឹង​មាន​ផលប៉ះពាល់​យ៉ាង​ដូចម្តេច​ចំពោះ​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា។​ ក៏​ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា ចក្រភពអង់គ្លេស​នៅ​តែ​ជា​ប្រទេស​ផ្តល់​ជំនួយ​ពហុ​ភាគី​ដ៏​ធំមួយ​​តាមរយៈ​ទីភ្នាក់ងារ​ផ្សេងៗ​មួយ​ចំនួន​ដែល​រូម​ទាំង​សហភាពអឺរ៉ុប​ផងដែរ។ ដូច្នេះ​ វា​អាច​ជាលទ្ធភាព​មួយ​ដែល​គំនិត​នេះ និង​ឆន្ទៈ​ដើម្បី​ធានា​ថា​លុយ​ជំនួយ​ដល់​រដ្ឋាភិបាល​គឺ​ត្រូវ​បាន​ប្រើប្រាស់​​​យ៉ាង​ល្អ​នោះ ​នឹង​ត្រូវបាន​អនុវត្ត​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ដែល​ពេល​នេះ​យើង​មិនទាន់ដឹង​នៅ​ឡើយ។ គោលនយោបាយ​ទាំងនោះ​មិន​ច្បាស់។ បញ្ហា​ផ្សេង​ទៀត​ដែល​ត្រូវចាំ​គឺ​ថា សេចក្តីប្រកាស​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តួចផ្តើម​គំនិត​ពី​រដ្ឋាភិបាល​មួយ​ចំនួន និង​ការ​ផ្តួច​ផ្តើម​គំនិត​នៃ​រដ្ឋាភិបាល​បើក​ចំហ។ ហើយ​រដ្ឋាភិបាល​ទាំង​ឡាយ​ដែល​បាន​ចូល​រួម​ក្នុង​វិធាន​ការ​នេះ ចង់​ផ្សព្វផ្សាយ​ការ​គ្រប់​គ្រង​សារពើពន្ធ​ហិរញ្ញវត្ថុ​ល្អ ដើម្បី​ធានា​ដល់​លុយ​ដែល​បាន​ចូល​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​ត្រូវបាន​ចំណាយ​បាន​ល្អ។ ជាថ្មី​ម្តង​ទៀត​ ខ្ញុំ​សូម​សង្កត់​ធ្ងន់​អំពី​ការ​ព្រួយ​បារម្ភ​របស់​យើង​ដែល​ថា វា​មិន​​ត្រឹម​តែ​ត្រូវ​បាន​អនុវត្ត​លើ​លុយ​ជំនួយ​នោះ​ទេ ប៉ុន្តែ​គេ​គួ​តែ​ពិនិត្យ​មើល​រាល់​ចំណូល​ទាំង​អស់​ដើម្បី​ធានា​ថា រដ្ឋាភិបាល​បើក​ចំហ និង​មាន​តម្លាភាព​ចំពោះ​លុយ​ដែល​គេ​បាន​ទទួល​ ហើយ​ថាតើ​គេ​ប្រើ​ប្រាស់​លុយ​នោះ​ដោយ​របៀបណា។ យើង​នឹង​មិន​អំពាវនាវ​ដល់​ម្ចាស់​ជំនួយ​ឲ្យ​ចាប់ផ្តើម​​បង្ហាញ​អំពី​របៀប​ដែល​រដ្ឋាភិបាល​ចំណាយ​លុយ​នោះ​ទេ។ គោលនយោបាយ​នោះ គឺ​ស្រេច​តែ​ទៅលើ​ពួកគេ ប៉ុន្តែ​បើសិន​ជា​គេ​ធ្វើ​ឡើង​ប្រកបដោយ​ប្រសិទ្ធភាព​ និងតម្លាភាព​ នោះ​គឺ​ជា​អ្វី​ដែល​យើង​អំពាវនាវ​ឲ្យ​មាន។ ដូច្នេះ​ប្រហែល​ជា​អ្នក​ជំនួយ​ខ្លះ​នៃកម្ពុជា ក៏​នឹង​ពិនិត្យ​មើល​គោលនយោបាយ​ស្រដៀង​គ្នា​នេះ​ដែល​ពិត​ជាអាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​កម្ពុជា។

ស៖ តើអ្វី​ខ្លះ​ទៅ​ដែល​ជា​​តម្លៃ​នៃ​គោល​នយោបាយ​នេះ​ក្នុង​បរិបទ​សកលលោក?

ច៖ តម្លៃ​នៃ​គោលនយោបាយ​នេះ​ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​បញ្ជាក់​បន្តិច​មក​ហើយថា វា​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែល​មាន​នៅ​ក្នុង​ករណី​មួយ​ចំនួន​ក្នុង​​ប្រទេស​មួយ​ចំនួន​ដែល​យើង​បាន​ធ្វើ​ការ​នៅ​ទី​នោះ​ ឬ​ដែល​យើង​បាន​ធ្វើ​ការ​សិក្សា ហើយ​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​នោះ​។ អ្វី​ដែល​យើង​បាន​ឃើញ​នោះ​គឺ​ម្ចាស់​ជំនួយ​បន្ត​ផ្តល់​លុយ​រាប់​ឆ្នាំ​ដោយ​គ្មាន​កំណែ​ទម្រង់ និង​ឥរិយាបទ​​ប្រកប​ដោយ​ភាពទុកចិត្ត​​របស់​រដ្ឋាភិបាល។ ជា​ឧទាហរណ៍​នៅ​កម្ពុជា​ អ្វីដែល​យើង​បាន​ឃើញ​ ជាង​១០​ឆ្នាំ​មក ហើយ​រដ្ឋាភិបាល​ទទួល​បាន​លុយ​​ និង​ជំនួយ​កាន់​តែ​ច្រើន​រាប់ឆ្នាំ​ ខណៈដែល​រដ្ឋាភិបាល​មិន​បាន​គ្រប់​គ្រង​ចំណូល​ពី​ធនធាន​ធម្មជាតិ​ និង​ប្រភព​ផ្សេង​ទៀត​បាន​ល្អ។ លុយ​ទាំង​នោះ​មិនត្រូវ​បាន​​ឃើញ​មាន​​នៅ​ក្នុង​គណនី​រដ្ឋាភិបាល យើង​មិន​ដឹង​ថា​ គេ​ចំណាយ​លុយ​នោះ​ដោយ​របៀប​ណា ហើយ​ច្បាស់​ណាស់​ថា យើង​កត់​ទុក​ជា​ឯកសារ​នៅក្នុង​របាយការណ៍​របស់​យើង​ស្តីពី​អំពើ​ពុករលួយ​កម្រិត​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​ចំណូល​ពី​គ្រប់​វិស័យ។ យើង​មាន​អារម្មណ៍​ថា វា​ដូចជា​បន្សល់​នូវ​ចន្លោះ​ប្រហោង​នៃ​ការ​ទទួល​ខុសត្រូវ​មួយ​ដែល​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ឆ្ពោះ​ទៅ​រក​តម្លាភាព​ និង​ការទទួល​ខុសត្រូវ​ក្នុង​រដ្ឋាភិបាល។ ដូច្នេះ​តម្លៃ​នៃ​គោលនយោបាយ​នេះ​គឺ​ថា ​យើង​ចង់​ឃើញ​ថា វា​​ត្រូវបាន​​ធ្វើ​ឡើង​​ដើម្បី​អនុវត្ត​លើ​ចំណូល​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​ ជា​ពិសេស​ចំណូល​ដែល​បាន​មកពី​ធនធាន​ធម្មជាតិ​។ ប្រសិន​បើ​យើង​មើល​ទៅ​ទ្វីបអាហ្រ្វិក​ជា​ឧទាហរណ៍​ ចំនួន​លុយ​ពី​ធនធានធម្មជាតិ​ ដែល​ក្រុមហ៊ុន​ចំណាយលើ​ធនធាន​ធម្មជាតិចូល​ទៅ​ក្នុង​ទ្វីប​នេះ​គឺមាន​ចំនួន​ប្រាំបួន​ដង​លើស​តម្លៃ​នៃ​ជំនួយ។ ដូច្នេះ​ការ​ដែល​ធ្វើ​ឲ្យ​បា្រកដ​ថា​ ចំណូល​ដែល​ចូល​ទៅ​ក្នុង​គណនី​រដ្ឋាភិបាល​ ហើយ​ត្រូវ​បាន​ចំណាយ​បាន​ត្រឹម​ត្រូវ​នោះ​ គឺ​សំខាន់​ជា​ងជំនួយ​ទៅ​ទៀត។ ដូច្នេះ​យើង​យល់​ថា គោលនយោបាយ​នេះ​ពិត​ជា​អាច​ធ្វើ​ឲ្យ​អភិបាលកិច្ច​ និង​ការ​គ្រប់​គ្រង​ចំណូល​មាន​ភាព​ប្រសើរ​ឡើង ហើយ​វា​អាច​លើក​កម្ពស់​ និង​ធ្វើ​ឲ្យ​ប្រទេស​​ធ្វើ​ដំណើរ​ទៅរក​ស្ថាន​ភាព​មួយ​ដែល​គេ​អាច​ទៅ​ហួស​ពី​ការ​ពឹង​ផ្អែក​លើ​ជំនួយ ហើយ​ពឹង​ផ្អែក​លើ​ចំណូល​របស់​ខ្លួន​ មាន​រដ្ឋាភិបាល​ដែល​មាន​ដំណើរ​ការ​ល្អ ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​របស់​ខ្លួន។

ស៖ ច្បាប់​ស្តីអំពី​កំណែទម្រង់​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​មួយ​ឈ្មោះថា Dodd-Frank Financial Reform Act ត្រូវបាន​អនុម័តកាលពី​ឆ្នាំ​កន្លង​ទៅ។ តើ​ច្បាប់​នេះ​ រួមជាមួយ​នឹង​លក្ខខណ្ឌ​ថ្មី​របស់​រដ្ឋាភិបាល​ចក្រភពអង់គ្លេស​ និង​បទបញ្ញត្តិ​ថ្មី​ស្រដៀង​គ្នា​នេះ​ដែល​សហភាព​អឺរ៉ុប​នឹង​អនុម័ត​ ផ្តល់វិភាគទាន​អ្វីខ្លះ​ដល់​ការ​លើកម្ពស់​តម្លាភាព និង​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ពិភពលោក?

ច៖ សហរដ្ឋអាមេរិក​បាន​អនុម័ត​ច្បាប់​ស្តីអំពី​កំណែទម្រង់​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ​កន្លង​ទៅ ហើយ​មាត្រា​ទី​១៥០៤ កំណត់​ថា រាល់​ក្រុមហ៊ុន​ប្រេងកាត​ ឧស្ម័ន និង​រ៉ែ ទាំង​អស់​ដែល​​ចុះ​បញ្ជី​នៅ​ទី​ក្រុង​ញូវយ៉ក​ត្រូវ​តែ​​បោះពុម្ព​ផ្សាយ​ការ​ចំណាយ​របស់​ខ្លួ​ន​ទៅ​ឲ្យ​រដ្ឋាភិបាល​បរទេស។ ដូច្នេះ​នៅ​ក្នុង​ប្រទេស​ទាំងឡាយ​នៅ​ជុំវិញពិភពលោក​ដែល​រួម​មាន​កម្ពុជា​ផង​នោះ​ ហើយ​ក្រុម​ហ៊ុន​ដូច​ជា ឈែវរ៉ន (Chevron) និង​ក្រុមហ៊ុន​ប្រេងកាត​ធំៗ​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​តែ​ចាប់​ផ្តើម​បោះពុម្ព​រាល់​ការ​ចំណាយ​របស់​គេ​​ទៅ​ឲ្យ​រដ្ឋាភិបាល​ដែល​ក្នុង​នោះ​មាន​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។ ដូច្នេះ ​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ប្រជារាស្ត្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​សម្បូរ​ធនធាន​ទាំង​ឡាយ​នៅ​ជុំវិញពិភពលោក​នឹង​អាច​ដឹង​យ៉ាង​ពិត​ប្រាកដ​ថាតើ​រដ្ឋាភិបាល​របស់​ខ្លួន​ទទួល​លុយ​បាន​ប៉ុន្មាន​ពី​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ ហើយ​គេ​នឹង​មាន​លទ្ធភាព​ដាក់​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ និង​សួរ​អំពី​ថាតើ​លុយ​ទាំង​នោះ​នឹង​ត្រូវ​ចំណាយ​យ៉ាង​ដូចម្តេច និង​ត្រូវ​ប្រើ​ប្រាស់​ទៅ​លើ​អ្វី។ សហភាព​អឺរ៉ុប​ថ្មីៗនេះ​កំពុង​ពិចារណា​បទបញ្ញត្តិ​ស្រដៀង​គ្នានេះ ដែល​កំណត់​ឲ្យ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ដែល​ចុះ​បញ្ជី​ផ្សារហ៊ុន​នៅ​ទ្វីបអឺរ៉ុប​នឹង​ត្រូវ​តែ​ធ្វើ​ដូចគ្នា​នេះ​ ដែល​អាច​រួម​បញ្ចូល​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ដែល​មិន​ចុះ​បញ្ជី​នៅ​ទីក្រុង​ញូវយ៉ក ដូច​ជា​ ក្រុមហ៊ុន ហ្គាហ្សប្រូម (Gazprom) និង​រ៉ូស្ន៊ែហ្វត៍ (Rosneft) ក្រុមហ៊ុន​រុស្ស៊ី​ធំៗពីរ​ដែល​មិន​បាន​ចុះ​បញ្ជី​នៅ​ទី​ក្រុង​ឡុងដ៍ ។ យើង​ឃើញ​​មាន​វិធី​ពីរ។ ដូច្នេះ​ប្រសិន​បើ​អ្នក​ដឹង គឺ​ថាប្រទេស​មួយ​ចំនួន​ដែល​មាន​ក្រុមហ៊ុន​ប្រេងកាត​ ឧស្ម័ន និង​រ៉ែ​​អន្តរជាតិធំៗ​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ក្រុម​ហ៊ុន​ទាំង​នោះ​មិន​បង្ក​ឲ្យ​មាន​អំពើ​ពុករលួយ​នៅ​បរទេស ដែល​នោះ​រួម​មាន​ទ្រឹស្តី​ដូច​គ្នា​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​ត្រូវ​បាន​កាត់​ទោស​ខណៈគេ​សូកប៉ាន់​មន្រ្តី​សាធារណៈបរទេស ដែល​រួម​ទាំង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​តម្លាភាព​ក្នុង​ធ្វើ​កិច្ចការ​​ជា​មួយ​នឹង​រដ្ឋាភិបាល​បរទេស​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​អំពើ​ពុករលួយនឹង​កើត​មាន​ឡើង​ ដែល​ក្រុម​ហ៊ុន​ទាំង​នោះ​មិន​ចូលរួម​ចំណែក​ក្នុង​អំពើ​ពុករលួយ។ ទីពីរ​គឺ​ថា យើង​គិត​ថា វាជា​តួនាទី​របស់​ប្រទេស​ផ្តល់​ជំនួយ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​ទាំង​រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​ ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការចាត់​ចែង​ចំណូល​ និង​គ្រប់​គ្រង់ធនធាន​ធម្មជាតិ​របស់​ខ្លួន​ ហើយ​ចែក​រំលែក​ជំនាញ​ដល់​ប្រទេសទាំង​នោះ ប៉ុន្តែ​យើង​ក៏​គិត​ដែរ​ថា រដ្ឋាភិបាល​មិន​ធ្វើ​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ទេ​នៅ​ពេល​ដែល​​គេពុករលួយ​នោះ​ ហើយ​គេ​លួច​ធនធាន​ធម្មជាតិ​ និង​ចំណូល​របស់​ប្រទេស។ ហើយ​ពេល​នោះ​ពួកគេ​គួរ​ដាក់​ឲ្យ​រដ្ឋាភិបាលទាំងនោះ​ទទួល​ខុសត្រូវ​ ហើយ​ពួក​គេ​គួរ​ដក​មូលនិធិដែល​ផ្តល់​​ពី​រដ្ឋាភិបាលទៅ​រដ្ឋាភិបាល​ដែល​ពុករលួយ និង​ដែល​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​របស់​ខ្លួន។ វា​ពិត​ជា​មាន​វិធីពីរ​ក្នុង​​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា គេ​អាច​​ឃើញ​​ថា ​លុយ​ចំនួន​ប៉ុន្មាន​ចរាចរណ៍​ទៅ​កន្លែង​ទី៣ ដែល​នោះ​គឺ​ជា​អ្វី​ដែល​ច្បាប់​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​កំណត់ ហើយ​ជា​អ្វី​ដែល​បញ្ញត្តិ​នៃ​សហភាព​អឺរ៉ុប​នឹង​កំណត់​ ប៉ុន្តែ​នៅ​ពេល​ដែល​លុយ​ទៅ​ដល់​ប្រទេស​ អ្នក​នឹង​ដឹង​មាន​ចំនួន​ប៉ុន្មាន។ វា​ធានា​ថា វា​បង្ហាញ​នៅ​ក្នុង​​គណនី​បាន​ត្រឹមត្រូវ​ ហើយ​ត្រូវ​បាន​គ្រប់គ្រង​ប្រកបដោយ​តម្លាភាព ហើយ​ថាអ្នក​អាច​ឃើញ​ថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​នោះ​អាច​ឃើញ​ថា​លុយនោះ​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើ​អ្វីជាក់​លាក់។ នោះ​គឺ​ជា​ចំណែក​នៃ​ការ​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ និង​ប្រជាពលនៃ​ប្រទេស​នោះ ដែល​ដាក់​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា លុយ​នោះ​ត្រូវ​បាន​ចំណាយ​បាន​ល្អ​ត្រឹមត្រូវ៕

This posting includes an audio/video/photo media file: Download Now

ទោះបី​មាន​បម្រាម​ ក៏​អាច​មាន​ពលការនី​រាប់​ពាន់​នាក់​នឹង​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី

Posted: 19 Oct 2011 06:53 AM PDT

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​បញ្ជូន​ពលការនី​ជំនួយ​ការ​មេផ្ទះ​ ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​​បណ្តោះ​អាសន្ន​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ ​ប៉ុន្តែ​មន្ត្រី​ផ្លូវ​ការ​កំពុង​ពិចារណា​លទ្ធភាព​នៃ​ការ​បញ្ជូន​ពលករ​ជា​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​យ៉ាង​តិច​ ២.៥០០​នាក់​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី។

លោក​ សេង​ សក្តា ​អគ្គនាយក​នៃ​ក្រសួង​ការងារ ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​កំពុង​តែ​សិក្សា​លទ្ធភាព​របស់​ពលករ​ ដែល​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ជ្រើសរើស ​និង​បាន​បណ្តុះបណ្តាល​រួច​ហើយ​តាំង​ពី​មុន​បម្រាម​ថ្ងៃ​ទី​១៥ ​ខែ​តុលា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន។

«ខ្ញុំ​សិក្សា​មើល​ថា​ តើ​ក្រុមហ៊ុន​​ដែល​បាន​ទទួល​ជ្រើសរើស ​និង​បណ្តុះ​បណ្តាល ​ហើយ​បាន​ទទួល​បណ្ណ​ការងារ​ពី​ក្រសួង​ការងារ​មុន​ថ្ងៃ​ទី​១៥​ មាន​ចំនួន​ប៉ុន្មាន ​ហើយ​យើង​នឹង​ស្នើ​សុំ​គោលការណ៍​ទៅ​រដ្ឋាភិបាល»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ថ្លែង​នៅ​ក្នុង​សារាចរ​ចុះ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ថា​ រដ្ឋាភិបាល​សូមជូន​ដំណឹង​ដល់​ក្រសួង ​ស្ថាប័ន​ អាជ្ញាធរ​មាន​សមត្ថកិច្ច ​និង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​ឲ្យ​បាន​ជ្រាប​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ ​ការ​ជ្រើសរើស ​បណ្តុះ​បណ្តាល ​និង​បញ្ជូន​ពលករ​ ជា​ស្ត្រី​ជំនួយការ​មេ​ផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន។

បម្រាម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​នគរបាល​បាន​ឆ្មក់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ ធី​&​ភី​ ខូអិលធីឌី​ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​កាល​ពី​សប្តាហ៍​មុន​ ដើម្បី​សង្គ្រោះ​ក្មេង​ស្រី​ក្រោម​អាយុ​ ១៨​ឆ្នាំ​ចំនួន​ ៣០​នាក់​ ដែល​កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​ដើម្បី​បម្រើការ​តាម​ផ្ទះ​នៅ​​ម៉ាឡេស៊ី ​និង​ពាក្យ​បណ្តឹង​អំពី​មរណៈភាព​ ការ​រំលោភ​សេពសន្ទវៈ ​និង​ការ​ធ្វើ​ទារុណកម្ម​ ក្នុង​ម៉ាឡេស៊ី។

លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​បញ្ជាក់​ថា​ ដំណើរការ​នៃ​ការ​ជ្រើសរើស ​បណ្តុះបណ្តាល ​និង​បញ្ជូន​ពលករ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​ជា​ធម្មតា​ឡើង​វិញ ​លុះត្រា​តែ​ទទួល​បាន​ការ​ជូន​ដំណឹង​ជា​ថ្មី​របស់​រាជរដ្ឋាភិបាល​អំពី​បញ្ហា​នេះ។ តាម​តួលេខ​របស់​ក្រសួង​ការងារ​ ប្រទេស​កម្ពុជា​មាន​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ចំនួន​៣៤។

លោក​ ចាន់ ​សាវ៉េត ​ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា​ អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​វិធានការ​ចាំ​បាច់​នេះ ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​រំលោភ​សិទ្ធិ​ពលករ​កម្ពុជា​នៅ​ម៉ាឡេស៊ី ​និង​ការ​ជ្រើសរើស​ពលករ​មិន​ទាន់​គ្រប់​អាយុ​ឲ្យ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី។

«ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិទ្ធិ​មនុស្ស ​ខ្ញុំ​ត្រូវ​គិត​ពិចារណា​ថា​ បើ​សិន​ជា​រាជរដ្ឋាភិបាល​មើល​ឃើញ​ប្រទេស​មួយ​ ដែល​ពោរពេញ​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស ​មិន​គួប្បី​រួម​ចំណែក​ក្នុង​ការ​បញ្ជូន​ពលករ​របស់​ខ្លួន​ឲ្យ​ទៅ​ចូល​រួម​ធ្វើ​កិច្ច​ការងារ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​ ហើយ​ខ្វះ​អ្វី​ប្រទេស​នៅ​ក្នុង​ពិភពលោក​ ដែល​ត្រូវ​ការ​ពលករ​កម្លាំង​ពលកម្ម​នេះ។​ យើង​ខ្ញុំ​សូម​ជំទាស់​ជា​ដាច់​ខាត​ក្នុង​ការ​យក​អនីតិជន​ពី​ប្រទេស​ខ្មែរ​ទៅ​បម្រើការ​ឲ្យ​ប្រទេស​ដទៃ។​ វា​ប៉ះពាល់​ដល់​សេរីភាព​កុមារ»។

លោក​ អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​ថា​ សារាចរ​នេះ​ គ្រាន់​តែ​ជា​ដំណោះ​ស្រាយ​បណ្តោះ​អាសន្ន​ និង​មិន​មាន​ឥទ្ធិពល​ធំ​ដុំ​សម្រាប់​ការបញ្ជូន​ពលករ​ នៅ​ពេល​មាន​ភស្តុតាង​ នៃ​ការ​រំលោភ​ច្បាប់​នា​នា​ត្រូវ​បាន​រក​ឃើញ ​ទើប​មាន​ការ​ផ្អាក ​ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ទេ។

«មេភូមិ ​ឬ​មេឃុំ ​ឬ​ចៅហ្វាយ​ស្រុក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​ការ​កែ​អត្តសញ្ញាណ​បណ្ណ​បែប​ហ្នឹង។​ យើង​ឃើញ​ថា និទណ្ទភាព​គឺ​ជា​មូល​ហេតុ​ចម្បង​ជាង​គេ​បង្អស់ ​បើ​សិន​ជា​យើង​អត់មាន​ការ​កាត់​ទោស​អ្នក​កែ​អត្តសញ្ញាណ​បណ្ណ​បែប​ហ្នឹង ​គាត់​អត់​មាន​អ្នក​ណា​គេ​ពិន័យ ​អត់​មាន​អ្នក​ណា​គេ​ធ្វើ​បាប ​អត់​មាន​អ្នកណា​គេ​ដាក់​ទោស​គាត់​សោះ។​ ពួក​គាត់​នឹង​រក​ផ្លូវ​ផ្សេង​ទៀត​ ដើម្បី​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដដែល»។

លោក ​អាន​ ប៊ុនហាក់ ​ប្រធាន​សមាគម​ នៃ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ​បាន​ថ្លែង​ថា​ សមាគម​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​១០០​ភាគរយ​តាម​សារាចរ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​នេះ។

«យើង​ឃើញ​ថា ឱកាស​នេះ​គឺ​ជា​ឱកាស​សម្រាប់​យើង​សម្រាក​ក្នុង​ការ​ជ្រើសរើស ​ហើយ​យើង​ងាក​មក​អង្គុយ​ដើម្បី​រក​យន្តការ​នៃ​ការការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលការនី​យើង។​ យើង​ពង្រឹង​យន្តការ​នៃ​ការ​ការពារ​នេះ​ ដោយ​ធ្វើ​ការ​សហការ​ជាមួយ​ដៃ​គូ​របស់​យើង​ប្រទេស​ម៉ាឡេស៊ី ​ក៏​ដូចជា​រដ្ឋាភិបាល​ម៉ាឡេស៊ី ​និង​អង្គការ​ជា​ដៃគូ​មួយ​ចំនួន»។

លោក​ រ៉ាចា សៃហ្វ៊ល រីដាវ៉ាន (Raja Saiful Ridawan) អនុ​ប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​បាន​បដិសេធ​ការ​អត្ថាធិប្បាយ​អំពី​បម្រាម​នេះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!