VOA News: ព័ត៌មាន: “Interview with Chou Davy Cambodia-French Filmmaker on Cambodian Cinemaអ្នកដឹកនាំភាពយន្តវ័យក្មេងនាំយកសម្លេងសិល្បករខ្មែរចាស់ៗទៅឆាកអន្តរជាតិ” plus 6 more |
- Interview with Chou Davy Cambodia-French Filmmaker on Cambodian Cinemaអ្នកដឹកនាំភាពយន្តវ័យក្មេងនាំយកសម្លេងសិល្បករខ្មែរចាស់ៗទៅឆាកអន្តរជាតិ
- តុលាការខេត្តរតនៈគិរីកោះហៅមន្រ្តីសិទ្ធិមនុស្ស និងអ្នកយកព័ត៌មានចូលបំភ្លឺ
- មន្រ្តីកំពូលអង្គការសហប្រជាជាតិពិនិត្យមើលការជ្រៀតជ្រែកនយោបាយនៅសាលាក្តីខ្មែរក្រហម
- រដ្ឋសភាអនុម័តកិច្ចព្រមព្រៀងធានាទូទាត់ថ្លៃទិញអគ្គិសនី
- ព័ត៌មានអន្តរជាតិ៖ ១៧ តុលា
- គណបក្សសម រង្ស៊ី ដោះដូរសមាជិកសភារបស់ខ្លួន
- សាលាក្រុងភ្នំពេញប្រកាសលក់អង្ករក្នុងតម្លៃសមរម្យខណៈកំពុងមានទឹកជំនន់
Posted: 17 Oct 2011 03:31 PM PDT ឈូ ដាវីជាអ្នកដឹកនាំភាពយន្តវ័យក្មេងសញ្ជាតិបារាំងដើមកំណើតខ្មែរ។ ដាវី បានធ្វើដំណើរមកប្រទេសកម្ពុជាជាលើកដំបូងនាឆ្នាំ២០០៩ ហើយចំណាយ ពេល៨ខែបង្រៀនយុវសិស្សខ្មែរឲ្យចេះផលិតភាពយន្ត។ ស្នាដៃដែលដាវីបានសម្រេចជាមួយយុវសិស្សខ្មែរមានដូចជារឿងពេជ្យកូនភ្លោះ និងការតាំងពិពណ៌ភាពយន្តកាលពីសម័យមុនរបបខ្មែរក្រហម។ ដាវី បានត្រឡប់មកកម្ពុជាជាលើកទីពីរនៅដើមឆ្នាំ២០១០ ជាមួយក្រុមផលិតអាជីព ហើយចំណាយពេល១ខែ ដើម្បីថតខ្សែភាពយន្តឯកសារនិយាយពីការងើបនិងការស្លាប់វិស័យភាពយន្តកម្ពុជាក្នុងទសវត្សរ៍១៩៦០និង១៩៧០។ ឥឡូវនេះភាពយន្តឯកសារនេះ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុង មហោស្រពភាពយន្តអន្តរជាតិប៊ូសាន ប្រទេសកូរ៉េ។ ពីរដ្ឋធានីវ៉ាស៊ីនតោនលោក បូរី ស៊ីលីវណ្ណ សូមជូនបទសម្ភាសន៍តាមទូរសព្ទ័ជាមួយ ឈូ ដាវីដូចតទៅ៖ <!--AV-->
This posting includes an audio/video/photo media file: Download Now |
តុលាការខេត្តរតនៈគិរីកោះហៅមន្រ្តីសិទ្ធិមនុស្ស និងអ្នកយកព័ត៌មានចូលបំភ្លឺ Posted: 17 Oct 2011 02:05 PM PDT មន្ដ្រីសិទ្ធិមនុស្សចំនួនពីររូប និងអ្នកយកព័ត៌មានឯករាជ្យមួយរូបត្រូវតុលាការសាលាដំបូងខេត្តរតនគិរីកោះហៅមកសាកសួរកាលពីថ្ងៃព្រហស្បតិ៍ ក្រោមបណ្ដឹងពីបទញុះញង់ទាក់ទងនឹងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងជនជាតិភាគតិចទំពូននិងក្រុមហ៊ុនDM Group។ ការកោះមកសាកសួរនេះ ដែលមន្ដ្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋរងគ្រោះចាត់ទុកថា គឺជាចំណាត់ការដោយលម្អៀងមួយរបស់តុលាការខេត្តនេះ។ ចាប់តាំងពីឆ្នាំ ២០០៥ រហូតមកក្រុមហ៊ុន DM Group និងប្រជាពលរដ្ឋជនជាតិដើមទំពូនចំនួន ១៣៦គ្រួសារបានក្លាយជាគូទំនាស់យ៉ាងខ្លាំងក្លាជុំវិញការទាមទារកាន់កាប់ដីទំហំ ២៦០ហិកតា ក្នុងភូមិបាតាង នៃស្រុកលំផាត់ ខេត្តរតនៈគិរី។ មនុស្ស១៥នាក់បានទទួលរងការចោទប្រកាន់ក្នុងទំនាស់ដីដែលក្រុមហ៊ុន DM Group បម្រុងយកដាំកៅស៊ូនេះ។ ក្នុងចំណោមនោះមានអ្នកភូមិ១០នាក់ រូមជាមួយមន្រ្តីសិទ្ធមនុស្សពីរនាក់ សកម្មជនស្មគ្រ័ចិត្តផ្នែកសិទ្ធិមនុស្សចំនួនពីរនាក់ និង អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋ វិសាល។ មន្ដ្រីសិទ្ធិមនុស្ស និងអ្នកយកព័ត៌មានរូបនេះត្រូវចោទពីបទញុះញង់បន្ទាប់ពីមានបណ្ដឹងពីក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០០៨មកម្លេះ ដោយសំអាងថា ពួកគាត់ជាអ្នកញុះញង់ក្រុមអ្នកភូមិឲ្យមានការតវ៉ាប្រឆាំងនឹងការឈូសឆាយចូលកាន់កាប់របស់ក្រុមហ៊ុន។ លោក ប៉ែន ប៊ុណ្ណារ អ្នកសម្របសម្រួលរបស់អង្គការអាដហុក ប្រចាំខេត្តរតនៈគិរី ដែលត្រូវតុលាការកោះហៅនោះមានប្រសាសន៍ថា តុលាការខេត្តបាននិងកំពុងចាត់ការលើពាក្យបណ្តឹងរបស់ក្រុមហ៊ុនមកលើមន្រ្តីសិទ្ធមនុស្ស និងអ្នកយកព័ត៌មាន ក៏ប៉ុន្តែពាក្យបណ្តឹងរបស់ប្រជាជនដែលរងគ្រោះដោយសារអំពើហិង្សារបស់កងសន្ដិសុខក្រុមហ៊ុនមកលើអ្នកភូមិរហូតដល់ពិការមិនត្រូវតុលាការលើកយកមកសាកសួរនោះឡើយ។ លោកបានបញ្ជាក់ថា នេះជាការបង្ហាញឲ្យឃើញថា តុលាការមានភាពអយុតិ្តធម៌ក្នុងការដោះស្រាយទំនាស់ដីធ្លីនេះ។ «គឺថាទាំងអស់គ្នាត្រូវតែហ៊ានប្រឈមមុខជាមួយច្បាប់ទាំងអស់គ្នា បើសិនជាយើងធ្វើតែមួយផ្នែកចំពោះអ្នកទន់ខ្សោយ ចំពោះតែអ្នកការពារសិទ្ធិមនុស្ស សំណុំរឿង ដែលពាក់ព័ន្ធជាមួយអ្នកមានអំណាច តុលាការយើងមិនធ្វើគឺវាមានភាពអយុត្តិធម៌មួយក្នុងសង្គមណាស់»។ គួរបញ្ជាក់ថានៅក្នុងទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន DM Groupដែរ លោក សឿង យារ៉ាត់ ជាជនជាតិទំពូន ត្រូវកងសន្ដិសុខ បាញ់បាក់ភ្លៅកាលពីឆ្នាំ ២០០៩។ ជើងរបស់លោកត្រូវគ្រូពេទ្យកាត់ចោលនៅត្រឹមពាក់កណ្ដាកភ្លៅ។ លោក សឿង យារ៉ាត់ កំពុងរង់ចាំចំណាត់ការរបស់តុលាការលើបណ្ដឹងរបស់លោកប្រឆាំងនឹងក្រុមហ៊ុន DM Group។ ក៏ប៉ុន្ដែលោកមិនទាន់ឃើញចំណាត់ការណាមួយរបស់តុលាការដើម្បីយុត្តិធម៌សម្រាប់រូបលោកឡើយ។ «មិនឃើញលទ្ធផលអីទេ តុលាការបិទបាំងអស់រលីង និយាយត្រង់ៗតែម្តង។ ខ្ញុំយល់ឃើញថា សម័យឥឡូវបើគេអ្នកមាន តុលាការយកចិត្តទុកដាក់ បើក្រដូចជាខ្ញុំអញ្ចឹង បើគ្មានមួយកាក់មួយសេនយកទៅសូកប៉ាន់អញ្ចឹង បើសម័យឥឡូវគឺថាចាយលុយពេញទី គេនិយាយអ្វីមួយសុទ្ធតែលុយតែម្តងគេនិយាយអ្វីមួយសុទ្ធ តែមានផលប្រយោជន៍ គេដូច្នេះខ្ញុំដូចថា អស់សង្ឈឹមតែម្តង»។ ប៉ុន្តែលោក លូ សូសម្បត្តិ ប្រធានសាលាដំបូងខេត្តរតនៈគីរីបានអះអាងថា លោកមិនទាន់បានទទួលបណ្ដឹងរបស់លោក សឿង យារ៉ាត់ នៅឡើយទេ។ ចំណែកឯការកោះហៅមន្រ្តីសិទ្ធមនុស្ស២នាក់ និងអ្នកយកព័ត៌មានមកសាកសួរនេះគឺជាដំណើរការរបស់នីតិវិធីតុលាការតែប៉ុណ្ណោះ។ «រឿងប្រជាជន ព្រះរាជអជ្ញា គេអត់ចោទមកខាងខ្ញុំ ក៏អត់ធ្វើកើតដែល ខ្ញុំមិនដឹងយ៉ាងម្តេចអារឿងនេះមិនដឹងជាកប់ត្រឹមព្រះរាជអាជ្ញា ឬមួយខាងចៅក្រម។ ខ្ញុំក៏អត់ទាន់ដឹងដែរ។ វាមិនមែនធម្មតាទេរឿងព្រហ្មទណ្ឌ គេមិនឲ្យកប់ចោលទេ សំខាន់ទាល់តែឲ្យគាត់ គាត់ដាក់ទៅខាងណាឲ្យគាត់ទៅជួបអ្នកនោះទៅ។ បើថារឿងនេះ មកខាងខ្ញុំទាំងពីរហើយអាមួយចាត់ការអាមួយអត់ចាត់ការវាមិនយុត្តិធម៌ទេ»។ មន្រ្តីសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ព្រះរាជអាជ្ញាដែលកាន់សំណុំរឿងរបស់លោកសឿង យារ៉ាត់គឺលោក រស់ សារ៉ាម ក៏ប៉ុន្តែលោក សារ៉ាម បានបដិសេធថា លោកមិនមែនជាអ្នកកាន់សំណុំរឿងនេះទេ ហើយក៏មិនដឹងថា អ្នកណាកាន់សំណុំរឿងនេះដែរ។ «សម្រាប់ខ្ញុំដូចជាអត់មានទទួលចាត់ការសំណុំរឿងគាត់ទេ។ ពេលដែលគាត់មកដាក់ពាក្យប្តឹងខ្ញុំបានដឹងដែរ នៅពេលនោះគាត់បានមកសួរព័ត៌មាន ហើយក៏យើងបានដាក់បណ្តឹងគាត់រុញទៅខាងរដ្ឋបាល ហើយខ្ញុំដូចជាបានចាំថា ដូចជាគេបានបង្វិលរឿងនេះទៅឲ្យខាងសមត្ថកិច្ចនគរបាលស្រុកលំផាត់ទទួលចាត់ការរឿង នេះក៏ប៉ុន្តែខ្ញុំអត់ច្បាស់ដែរ»។ ក្រុមសង្គមស៊ីវិលធ្លាប់បានរិះគន់ជាញឹកញាប់លើប្រព័ន្ធតុលាការកម្ពុជាថា មិនមានភាពឯករាជ្យដោយមានភាពលម្អៀងទៅលើអ្នកមានអំណាច និងអ្នកមានប្រាក់ ហើយប្រជាពលរដ្ឋក្រីក្រតែងតែទទួលរងភាពអយុត្តិធម៌យ៉ាងឈឺចាប់។ លោក ប៉ែន ប៊ុណ្ណារ និយាយថា រាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងទំនាស់ដីធ្លីភាគច្រើននៅកម្ពុជាមិនត្រូវបានលើកយកមកដោះស្រាយនោះទេ។ ទំនាស់ដីធ្លីនៅតែស្ថិតក្នុងប្រធានបទក្ដៅគគុកនៅកម្ពុជា។ ទំនាស់ភាគច្រើនកើតឡើងរវាងប្រជាពលរដ្ឋ និងអ្នកមានអំណាច។ លោក អ៊ូច ឡេង មន្រ្តីកម្មវិធីដីធ្លីរបស់សមាគមអាដហុកបានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០១១ មានករណីទំនាស់ដីធ្លីទ្រង់ទ្រាយធំប្រមាណជា១៥០ករណីដោយមានប្រជាពលរដ្ឋជិត២០០នាក់ត្រូវបានចោទប្រកាន់តាមផ្លូវតុលាការក្នុងនោះជាង៥០នាក់ ត្រូវបានចាប់ខ្លួន ហើយតុលាការក៏មិនមានដំណោះស្រាយណាមួយជូនដល់ប្រជាពលរដ្ឋនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
មន្រ្តីកំពូលអង្គការសហប្រជាជាតិពិនិត្យមើលការជ្រៀតជ្រែកនយោបាយនៅសាលាក្តីខ្មែរក្រហម Posted: 17 Oct 2011 12:20 PM PDT លោកស្រី ប៉ាទ្រីស្យា អូប្រាយអិន (Patricia O'Brien) អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកកិច្ចការច្បាប់នឹងមកដល់កម្ពុជានៅក្នុងសប្ដាហ៍នេះដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយជាបន្ទាន់នូវវិបត្តិក្នុងសាលាក្ដីខ្មែរក្រហម ដែលស្ថិតនៅជុំវិញការចោទប្រកាន់ពីការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋាភិបាលក្នុងកិច្ចការកាត់ទោសពួកមេដឹកនាំខ្មែរក្រហម។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយពីលោកសហចៅក្រមស៊ើបអង្កេតខាងភាគីអង្គការសហប្រជាជាតិ លោក ស៊ីកហ្វ្រ៊ីត ប៊្លុង បានលាឈប់ពីការងារកាលពីថ្ងៃទី៨ ខែតុលា។ លោកបានប្រកាសថាមូលហេតុនៃការលាឈប់កើតពីការជាប់ទាក់ទងនឹងការជ្រៀតជ្រៀករបស់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការស៊ើបអង្កេតរបស់លោកក្នុងសំណុំរឿង០០៣ និង០០៤។ សំណុំរឿងទាំងនេះមានជនជាប់ចោទសរុបចំនួនប្រាំនាក់ ដែលសុទ្ធសឹងតែជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។ លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃការស្វែងរកការយោគយល់គ្នាកាន់តែប្រសើរឡើងរវាងភាគីកម្ពុជា និងអង្គការសហប្រជាជាតិចំពោះដំណើរការកាត់ទោសពួកខ្មែរក្រហម។ «អ្វីដែលអ្នកនាំពាក្យអង្គការសហប្រជាជាតិបានថ្លែងជាមូលដ្ឋាននោះគឺថា វាមានសារៈសំខាន់សម្រាប់អង្គការសហប្រជាជាតិក្នុងនិយាយទៅកាន់មន្រ្ដីជាន់ខ្ពស់ក្នុងសាលាក្ដីខ្មែរក្រហម និងមន្ដ្រីដទៃទៀតដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅបំផុតពីកង្វល់ទាក់ទងនឹងការចោទប្រកាន់នៃការជ្រៀតជ្រែកផ្នែកនយោបាយ»។ ប៉ុន្តែពុំមានមន្ដ្រីផ្លូវការណាម្នាក់នៃសាលាក្ដីខ្មែរក្រហមបានអះអាងពីកាលបរិច្ឆេទពិតប្រាកដ នៃការមកដល់របស់លោកស្រី ប៉ាទ្រីស្យា អូប្រាយអិន នោះទេ។ លោក ឡាស អលសិន បញ្ជាក់ថា លោកស្រីនឹងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេលពីរទៅបីថ្ងៃតែប៉ុណ្ណោះ។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក ម៉ាទីន ណេសៀរគី (Martin Nesirky) បានថ្លែងកាលពីសប្ដាហ៍មុនថា លោកស្រីអូប្រាយអិននឹងជួបជាមួយមន្ដ្រីផ្លូវការរបស់កម្ពុជា និងមន្ដ្រីដទៃទៀត ដែលទាក់ទងនឹងសាលាក្ដីខ្មែរក្រហម។ យោងតាមកម្មវិធីរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីបានឲ្យដឹងថា លោកស្រី ប៉ាទ្រីស្យា អូប្រាយអិន នឹងជួបសន្ទនា ជាមួយលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលកាន់កាប់សំណុំរឿងកាត់ទោសមេដឹកនាំខ្មែរក្រហម នៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបញ្ជាក់ថា កង្វល់នៃបញ្ហាជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងសាលាក្ដីនឹងត្រូវដោះស្រាយក្នុងដំណើរទស្សនកិច្ចនេះ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ លោក ហ៊ុយ វណ្ណៈ មន្ដ្រីផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមបញ្ជាក់ថា ព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមិនត្រូវគេទម្លាយឲ្យដឹងនោះទេ។ ក៏ប៉ុន្ដែជាគោលការណ៍នឹងមិនមានបញ្ហាអ្វីជាឧបសគ្គសម្រាប់សាលាក្ដីនោះទេក្នុងពេលនេះ។ «ប្រក្រតីភាពនៃតុលាការនឹងបន្ដទៅតាមធម្មតា»។ លោកស្រី គ្លែ ដាហ្វ៊ី (Clair Duffy) អ្នកឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហមមកពីអង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសេរី កត់សម្គាល់ថា ដំណើរទស្សនកិច្ច របស់លោក ស្រីប៉ាទ្រីស្យា អូប្រាយអិន មានការជាប់ពាក់ព័ន្ធនឹងវិបត្តិនៃការជឿជាក់លើសាលាក្ដីខ្មែរក្រហមទាក់ទងទៅនឹងការជំនួសលោកចៅក្រមស៊ីកហ្វ្រ៊ីត ប៊្លុង និងជាការជាប់ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់មន្ដ្រីជាន់ខ្ពស់កម្ពុជាជំទាស់ទៅនឹងសំណុំរឿង ០០៣ និង០០៤។ លោក ស្រីគ្លែ ដាហ្វ៊ី គិតថាបញ្ហាទាំងនេះត្រូវតែដោះស្រាយនៅកម្រិតនយោបាយរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ «ភាគីទាំងសងខាងត្រូវតែមានកិច្ចសន្យាជាមួយគ្នាឡើងវិញដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ហើយអង្គការសហប្រជាជាតិ និងប្រទេសផ្ដល់ជំនួយត្រូវតែប្រកាន់ជំហរឲ្យបានរឹងមាំមែនទែន»។ ទោះជាយ៉ាងណា រដ្ឋាភិបាលខ្មែរកាលពីសប្ដាហ៍មុនបានបង្ហាញជំហររបស់ខ្លួនពីការគោរពការសម្រេចចិត្តនានារបស់សាលាក្ដីខ្មែរក្រហម៕ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយពីលោកសហចៅក្រមស៊ើបអង្កេតខាងភាគីអសប បានលាឈប់ពីការងារកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១១៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋសភាអនុម័តកិច្ចព្រមព្រៀងធានាទូទាត់ថ្លៃទិញអគ្គិសនី Posted: 17 Oct 2011 12:59 PM PDT នៅថ្ងៃច័ន្ទនេះ រដ្ឋសភាកម្ពុជាបានអនុម័តលើកិច្ចព្រមព្រៀងធានាទូទាត់របស់រដ្ឋាភិបាលដល់ការទិញចរន្តអគ្គីសនីពីក្រុមហ៊ុនរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មនៅក្នុងខេត្តព្រះសីហនុរបស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាច។ ការធានាទូទាត់របស់រដ្ឋាភិបាលលើការទិញចរន្តអគ្គីសនីពីរោងចក្រអគ្គីសនី ដែលដើរដោយធ្យូងថ្មអនុភាព១៣៥មេហ្គាវ៉ាត់ ដែលមានតម្លៃទឹកប្រាក់ចំនួន១៨១លានដុល្លារអាមេរិកសម្រាប់រយៈពេល៣៣ឆ្នាំ បានស្ថាបនាដោយក្រុមហ៊ុនខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវេឡូបមែន គ្រុបនៅក្នុងខេត្តព្រះសីហនុគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្រុមហ៊ុនខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវេឡូបមែន គ្រុបនេះ បានបំបែកចេញពីក្រុមហ៊ុន Power Synergy Corporation Co., Ltd ហៅកាត់ថា PSC ដែលបានវិនិយោគប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីស្ថាបនារោងចក្រអគ្គីសនីដែលដើរដោយធ្យូងថ្ម អានុភាព២០០មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុ។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្សី បានលើកឡើងពីកង្វល់អំពីការធានាការទូទាត់របស់រដ្ឋាភិបាលដល់ក្រុមហ៊ុនអគ្គីសនីដើរដោយធ្យូងថ្មនេះ។ លោក សុន ឆ័យ បានបញ្ជាក់នៅក្នុងសម័យប្រជុំសភាថា គណបក្ស សម រង្សី ពិបាកណាស់ក្នុងការគាំទ្រដល់ការធានានេះដែលមិនត្រឹមតែធានាក្នុងការទិញអគ្គីសនីក្នុងតម្លៃដ៏ខ្ពស់ទេ តែថែមទាំងធានាក្នុងករណីវិបត្តិនយោបាយទៀតផង។ លោក សុន ឆ័យ ស្នើឲ្យអង្គសភាពិនិត្យពិចារណាក្នុងន័យថា គួរតែកុំអនុម័តច្បាប់ដោយទុកឱ្យមានរបៀបរៀបរយប្រសើរជាងនេះ មុននឹងរដ្ឋសភាដែលតំណាងឱ្យប្រជាជាតិបន្តការអនុម័តក្នុងការធានាឱ្យក្រុមហ៊ុនបែបនេះបន្តកើតមាន។ លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការស្នើសុំទាត់ចោលសេចក្តីព្រាងច្បាប់នេះគឺជាការមិនទទួលខុសត្រូវ ហើយសេចក្តីព្រាងច្បាប់នេះបានផ្តល់ផលចំណេញដល់ជាតិ និងប្រជាពលរដ្ឋ។ «ខ្ញុំមានការសោកស្តាយដែលអំម៉ិញ ឯកឧត្តម សុន ឆ័យ បានស្នើសុំ ឬសំណូមពរដល់រដ្ឋសភាមេត្តាទាត់ចោល (សេចក្តីព្រាងច្បាប់នេះ)។ ខ្ញុំក្នុងនាមប្រធានគណៈកម្មការជំនាញ សូមអំពាវនាវដល់អង្គសភាទាំងមូលថា សូមទុកចិត្តលើកយើងខ្ញុំខ្លះ។ អ្វីៗក៏ដោយយើងតែងតែយកចិត្តទុកដាក់ទៅលើផលចំណេញជូនដល់ជាតិមាតុភូមិ និងប្រជាជន»។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានថ្លែងថា គម្រោងនេះ ជាគម្រោងមួយដែលមានសារៈសំខាន់ចាំបាច់សម្រាប់ប្រើទាំងប្រាំងទាំងវស្សា ហើយរហូតមកដល់ពេលនេះ ថវិការដ្ឋមិនទាន់បានចំណាយជំនួសក្រុមហ៊ុនអគ្គីសនីកម្ពុជានៅឡើយទេ។ «បើយើងមិនបង្កើតរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មនេះ មានតែយើងកុំប្រើអគ្គីសនី។ បើយើងត្រូវការប្រើអគ្គីសនីយើងត្រូវតែបង្កើតរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មនេះ»។ លោក សុន ឆ័យ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថាន ដែលកើតចេញពីរោងចក្រអគ្គីសនី ដើរដោយធ្យូងថ្មនេះ និងបានអំពាវនាវឱ្យមានការវ៉ាយតម្លៃផលប៉ះពាល់បរិស្ថានឯករាជ្យ ព្រោះខេត្តព្រះសីហនុគឺជាគោលដៅទេសចរណ៍។ វាអាចធ្វើឱ្យបរិស្ថានកង្វក់តំបន់ទេសចរណ៍នេះ និងធ្វើឱ្យខូចខាតជំនួញទេសចរណ៍។ លោក ស៊ុយ សែម បានថ្លែងថា ក្រុមហ៊ុនមានប្រើឧបករណ៍បច្ចេកទេសទំនើបសម្រាប់ការពារផលប៉ះពាល់បរិស្ថាននៅក្នុងតំបន់នោះ។ លោក សុន ឆ័យ បានបញ្ជាក់ថា តម្លៃអគ្គីសនីនៅកម្ពុជាគឺថ្លៃជាងប្រទេសជិតខាងដល់ទៅបីដង។ ប៉ុន្តែលោក ជាម យៀម បានទទួលស្គាល់អំពីបញ្ហាតម្លៃអគ្គីសនីនៅកម្ពុជាថ្លៃជាងប្រទេសថៃ វៀតណាម និងឡាវ ពីព្រោះកម្ពុជាអត់មានថាមពលប្រើប្រាស់គ្រប់គ្រាន់ និងទិញថាមពលពីប្រទេសទាំងនោះ។ កិច្ចព្រមព្រៀងបាននិយាយថា អគ្គីសនីចេញពីរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មនេះត្រូវលក់ទៅឱ្យក្រុមហ៊ុនអគ្គីសនីកម្ពុជាដែលជារបស់រដ្ឋតាមរយៈកិច្ចព្រមព្រៀងទិញអគ្គីសនី៕ This posting includes an audio/video/photo media file: Download Now |
Posted: 16 Oct 2011 07:06 PM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ ក្រុមសិទ្ធិមនុស្សបានស្វាគមន៍ចំពោះសេចក្តីសម្រេចមួយរបស់ប្រទេសកម្ពុជាក្នុងការបញ្ឈប់បញ្ជូនពលករបំរើតាមផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ី ខណៈពេលដែលរដ្ឋាភិបាលក្រុងភ្នំពេញស៊ើបអង្កេតអំពីករណីរំលោភផ្លូវភេទ និងការរំលោភបំពានផ្សេងៗទៀតជាច្រើនកាលពីពេលថ្មីៗនេះ។ ស៊ិរី៖ សម្ព័ន្ធអារ៉ាប់និយាយថាខ្លួននឹងនាំរដ្ឋាភិបាលស៊ិរីនិងក្រុមប្រឆាំងឱ្យមកជួបប្រជុំគ្នាក្នុងគោលបំណងដើម្បីបញ្ចប់អំពើហិង្សាដែលកំពុងមានតទៅទៀតក្នុងប្រទេសស៊ិរី។ យេម៉ែន៖ ការប៉ះទង្គិចគ្នារវាងពួកទាហានស្មោះត្រង់នឹងប្រធានាធិបតីយេម៉ែន Ali Abdullah Saleh និងកងកម្លាំងប្រឆាំងបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៣នាក់ស្លាប់នៅក្នុងរដ្ឋធានីសាណា។ អាហ្វហ្គានីស្ថាន៖ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារទៅលើប្រធានផ្នែកស៊ើបការណ៍សម្ងាត់ម្នាក់ប្រចាំខេត្តមួយនៅភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឲ្យមន្ត្រីនេះត្រូវរបួសនិងក្មេងប្រុសម្នាក់ស្លាប់។ កេនយ៉ា/សូម៉ាលី៖ ពួកអ្នកស្រុកក្នុងប្រទេសសូម៉ាលីបាននិយាយថាពួកទាហានកេនយ៉ា បានជម្រុលទៅមុខថែមទៀតក្នុងផ្នែកខាងត្បូងប្រទេសក្រោយពីបានឆ្លងកាត់ព្រំដែនដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធ al-Shabab។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានជួយឧទ្ទិសសំណង់អនុស្សាវរីយ៍ជាតិមួយជូនលោក Martin Luther King Jr. មេដឹកនាំល្បីឈ្មោះខាងសិទ្ធិពលរដ្ឋដែលបានត្រូវធ្វើឃាត ដោយលោកបានប្រកាសថាប្រទេសជាតិត្រូវធ្វើតាមឧទាហរណ៍របស់លោក King ដោយបន្តខិតខំយ៉ាងខ្លាំងនិងតស៊ូដើម្បីឱ្យមានប្រទេសមួយល្អប្រសើរជាងមុន។ សូម៉ាលី៖ របាយការណ៍មកពីផ្នែកខាងត្បូងនៃប្រទេសសូម៉ាលីនិយាយថាពួកទាហានកែនយ៉ាបានចូលក្នុងតំបន់នោះ ទោះណាជារដ្ឋមន្ត្រីការពារប្រទេសកែនយ៉ា បានបដិសេធការអះអាងនេះក៏ដោយ។ បារាំង៖ លោកស្រី Martine Aubry អតីតរដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសបារាំងបានទទួលស្គាល់ថាលោកស្រីចាញ់លោក Francois Hollande នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសង្គមនិយមបារាំងដើម្បីជ្រើសរើសអ្នកប្រជែងម្នាក់នឹងលោកប្រធានាធិបតី Nicolas Sarkozy។ យេម៉ែន៖ កងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតី Ali Abdullah Saleh នៃប្រទេស Yemen បានបាញ់កាំភ្លើងទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងរដ្ឋធានីសាណានិងក្នុងក្រុង Taiz នាផ្នែកខាងត្បូងប្រទេស បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៥នាក់ស្លាប់។ ស៊ីរី៖ ពួកមន្ត្រីនៃសម្ព័ន្ធអារ៉ាប់និយាយថាពួករដ្ឋមន្ត្រីការបរទេសអារ៉ាប់ធ្វើការប្រជុំគ្រាមានអាសន្នក្នុងក្រុង Le Caire កាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាគ្នាថាតើត្រូវព្យួរប្រទេសស៊ីរីពីអង្គការតំបន់នេះឬទេ។ អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាល្លឺម៉ង់ Christian Wulff បានបំពេញទស្សនកិច្ចមិនប្រាប់ឱ្យគេដឹងជាមុនកាលពីថ្ងៃអាទិត្យក្នុងប្រទេសអាហ្វហ្គនីស្ថាន។ លីប៊ី៖ ពួកជនជាតិលីប៊ីដែលប្រើប្រាស់រថយន្តបានចាប់ផ្តើមកម្ទេចកំផែងនៅជុំវិញពហុអាគារធំជាងគេរបស់មេដឹកនាំ Moammar Gadhafi ដែលបានត្រូវបណ្តេញចេញពីតំណែង។ This posting includes an audio/video/photo media file: Download Now |
គណបក្សសម រង្ស៊ី ដោះដូរសមាជិកសភារបស់ខ្លួន Posted: 17 Oct 2011 01:24 PM PDT លោក ទេព នីថា អគ្គលេខាធិការនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប.ធ្វើលិខិតជូនដំណឹងជាផ្លូវការអំពីការសម្រេចការផ្លាស់ប្តូរដោយដាក់លោក សាន សាង សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ខាងគណបក្ស សម រង្សី ជំនួសលោក តុ វ៉ាន់ចាន់ បន្ទាប់ពីគណបក្សនេះបានលុបឈ្មោះលោកចេញពីសមាជិកសភាតំណាងរាស្ត្រកន្លងមក។ ការសម្រេចផ្លាស់ប្តូរសមាជិកសភាតំណាងរាស្ត្រខាងគណបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពីគ.ជ.ប. កាលពីថ្ងៃសៅរ៍នេះ បានបើកកិច្ចប្រជុំមួយនៅទីស្នាក់ការរបស់ខ្លួន ដើម្បីផ្លាស់ប្តូរសមាជិកសភាតំណាងរាស្ត្រខាងគណបក្ស សម រង្សី។ លោក ទេព នីថា បានមានប្រសាសន៍ថា គណបក្ស សម រង្សី បានស្នើឲ្យមានការផ្លាស់ប្តូរនេះ។ «ដោយផ្អែកទៅលើច្បាប់ស្តីពីការបោះឆ្នោតតាមតំណាងរាស្ត្រ ដូចច្បាប់ស្តីពីគោការណ៍គណបក្សនយោបាយ ដែលបានផ្តល់សិទិ្ធអំណាចដល់ គ.ជ.ប. ដើម្បីសម្រេចការងារនេះ»។ កាលពីដើមខែតុលានេះ គណបក្ស សម រង្សី បានសម្រេចលុបឈ្មោះលោក តុ វ៉ាន់ចាន់ ពីសមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោក វ៉ាន់ ស៊ីវឿន ពីសមាជិកព្រឹទ្ធសភា និងលោក ហុកលេហាក់ ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្សី ប្រចាំស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដោយបានចោទប្រកាន់ថា មាននយោបាយឃ្លីងឃ្លោង និងអសកម្មភាពការងារ។ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្សី បានសាទរចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានអនុវត្តត្រឹមត្រូវតាមច្បាប់។ លោកបានបញ្ជាក់ថា តាមច្បាប់ រដ្ឋសភាក្រោយពីបានទទួលលិខិតពីគ.ជ.ប។ រដ្ឋសភានឹងកោះប្រជុំដើម្បីជម្រាបជូនសាធារណជនថា មានការរៀបផ្លាស់ប្តូរតំណាងរាស្ត្រគណបក្សសម រង្សី។ «ឯការធ្វើត្រឹមត្រូវតាមច្បាប់ហើយ កុំឲ្យគ.ជ.ប. បន្តនីតិវិធីហ្នឹងតទៅទៀត ដើម្បីធ្វើម៉េចឲ្យមានការផ្លាស់ប្តូរឲ្យបានឆាប់ និងអ្នកតំណាងរាស្ត្រដែលនឹងជាប់ថ្មីនេះចូលទៅបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ»។ លោក តុ វ៉ាន់ចាន់ អតីតសមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវបានបង្ហាញពីជំហរមិនជំទាស់នឹងសេចក្តីសម្រេចរបស់ គ.ជ.ប. ទេ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា លោកមិនសុខចិត្តចំពោះការលុបឈ្មោះពីតំណាងរាស្ត្រគណបក្សសម រង្សី ទេ ហើយលោកនឹងប្រកាសរកយុត្តិធម៌ជាមួយនឹងគណបក្សសម រង្សី តាមផ្លូវការវិញ។ «ខ្ញុំការពារយុត្តិធម៌ ការពារកិត្តិយសរបស់ខ្ញុំសិន ព្រោះថា បងប្អូន មិត្តភក្តិ និងប្រជាពលរដ្ឋ ដែលគាំទ្រខ្ញុំទូទាំងប្រទេស និងជុំវិញខេត្តតាកែវហ្នឹង គាត់កំពុងរងចាំមើល ថាតើគណបក្សសម រង្សីហ្នឹងឲ្យយុត្តិធម៌ ឲ្យខ្ញុំដែរ ឬអត់?» លោក តុ វ៉ាន់ចាន់ បន្ទាប់ពីគណបក្សសម រង្សី បានលុបឈ្មោះពីសមាជិកសភាតំណាងរាស្ត្រ បានដាក់ពាក្យបណ្តឹងមួយច្បាប់ទៅកាន់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅនេះ។នៅថ្ងៃដដែលនោះ លោកចៅក្រម អឿង សៀង នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការក្សាការពារដើម្បីគណបក្សសម រង្សី ផ្អាកសេចក្តីសម្រេចរបស់ខ្លួន។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ការសម្រេចលុបឈ្មោះនឹងមិនមានទំនាស់ជាមួយតុលាការទេ ពីព្រោះ គ.ជ.ប. ជាស្ថាប័នឯករាជ្យ មានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការធ្វើសេចក្តីសម្រេចរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា គ.ជ.ប. មានសិទ្ធិសម្រេចទាក់ទឹននឹងការបោះឆ្នោត អ្នកជាប់ឆ្នោត និងអ្នកឡើងជំនួសតាមការស្នើសុំ»។ សមាជិកគណបក្សសម រង្សីមួយចំនួនដោយរាប់បញ្ចូលទាំងសមាជិកសភា សមាជិកព្រឹទ្ធសភា ក្រោយពីបានលុបឈ្មោះចេញពីគណបក្សបានប្រកាសចូលរួមជាមួយនឹងគណបក្សសិទ្ធិមនុស្ស ក៏ប៉ុន្តែលោក តុ វ៉ាន់ចាន់ មិនទាន់បានបញ្ជាក់ពីជំហរនយោបាយរបស់ខ្លួននៅឡើយទេ៕ This posting includes an audio/video/photo media file: Download Now |
សាលាក្រុងភ្នំពេញប្រកាសលក់អង្ករក្នុងតម្លៃសមរម្យខណៈកំពុងមានទឹកជំនន់ Posted: 17 Oct 2011 01:48 PM PDT នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនមួយដែលបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ សាលាក្រុងភ្នំពេញ ដោយមានការសហការជាមួយក្រសួងអភិវឌ្ឃន៍ជនបទ បានប្រកាសលក់អង្ករដល់ប្រជាពលរដ្ឋចំនួនប្រាំមួយកន្លែងផ្សេងៗគ្នានៅក្នុងទីក្រុងភ្នំពេញបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីអង្ករបាននិងកំពុងឡើងថ្លៃនាពេលបច្ចុប្បន្ននេះក្នុងពេលដែលកម្ពុជាបានជួបប្រទះនឹងវិបត្តិទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញបានឲ្យដឹងថា សាលាក្រុងគ្រោងដាក់លក់អង្ករនៅថ្ងៃអាទិត្យនៅវេលាម៉ោង៧និង៣០នាទីនៅមុខវត្តបទុមវតី ផ្សាររាត្រីក្នុងសង្កាត់ផ្សារចាស់ មុខស្ថានីយរថភ្លើងក្នុងសង្កាត់ស្រះចក ផ្សារច្បារអំពៅក្នុងសង្កាត់ច្បារអំពៅទី២ សាលាសង្កាត់ស្ទឹងមានជ័យ និងផ្សារជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ។ ក៏ប៉ុន្តែសេចក្តីជូនដំណឹងមិនបានបញ្ជាក់អំពីតំលៃប៉ុន្មានអង្ករនោះទេ។ លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ និងលោក កើត ឆែ នាយករងរដ្ឋបាលនៃសាលាក្រុងភ្នំពេញមិនបានធ្វើអត្ថាធិប្បាយទេដោយលោកទាំងពីរបានអះអាងថា កំពុងជាប់រវល់ប្រជុំ។ ការបញ្ចេញលក់អង្កររបស់សាលាក្រុងភ្នំពេញ និងក្រសួងអភិវឌ្ឃន៍ជនបទនេះបានធ្វើឡើង ដោយសារក្នុងរយៈពេលប៉ុន្មានសបា្តហ៍នេះអង្ករបានឡើងថ្លៃ ដែលបណ្តាលមកពីកម្ពុជាបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ទន្លេមេគង្គ និងទឹកជំនន់ទឹកភ្លៀង។ អ្នកលក់អង្ករមួយរូបនៅក្នុងទីក្រុងភ្នំពេញបាននិយាយថា អង្ករក្នុងមួយបាវទម្ងន់៥០គក្រឡើងតម្លៃពីពីរដុល្លារទៅបីដុល្លារទៅតាមប្រភេទអង្ករ។ អ្នកស្រីបានបញ្ជាក់ថា អង្ករផ្កាម្លិះ១គក្រតម្លៃ៣.២០០រៀល ផ្កាខ្ញី ១គក្រតម្លៃ២.៧០០រៀល នាងខុន១គក្រតម្លៃ២.៦០០រៀល និងនាងមិញ១គក្រតម្លៃ២.៥០០រៀល។ «លេខមួយ៣២ (៣.២០០) លេខពីរ២៧ (២.៧០០) លេខបី២៦ (២.៦០០) លេខបួន២៥ (២.៥០០)» ការឡើងថ្លៃអង្ករនាពេលបច្ចុប្បន្នក្នុងបរិបទទឹកជំនន់នេះបានធ្វើឲ្យប្រជាពលរដ្ឋខ្លះបានទិញអង្ករទុក។ អ្នកស្រីសោ ភ័ណ្ឌអាយុ២៨ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យក្រុងភ្នំពេញបាននិយាយថា អ្នកស្រីបានទិញអង្ករទុកដោយបារម្មណ៍ថាអង្ករនឹងឡើងថ្លៃ។ អ្នកស្រីបាននិយាយថាអង្ករបានឡើងថ្លៃក្នុង១បាវទម្ងន់៥០គីឡូក្រាម ឡើងលើសពីធម្មតារហូតដល់៣ដុល្លារ។ អ្នកស្រីសោ ភ័ណ្ឌមិនត្រឹមតែទិញអង្ករទុកសម្រាប់ខ្លួនឯងទេ ក៏ប៉ុន្តែអ្នកស្រីបានផ្តល់ដំណឹងឲ្យបងប្អូនទិញអង្ករទុកផងដែរ។ «ចា៎ ខ្ញុំប្រាប់ដែរ បងប្អូនសាច់ឈាមបង្កើតៗ។ ខ្ញុំប្រាប់ឲ្យគាត់ទិញដែរហ្នឹងពីព្រោះតាមរាល់ឆ្នាំមកឲ្យតែមានបុណ្យទានអីក៏ម្ហូបអាហារឡើងថ្លៃដែរ ដល់ពេលមានទឹកជំនន់អញ្ចឹងខ្ញុំចេះតែឲ្យបងប្អូនទិញទុកឲ្យហើយទៅក្រែងលោឡើងថ្លៃជាងហ្នឹងទៀត»។ លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សប្រឆាំងបាននិយាយថា ដើម្បីទប់ស្កាត់ការឡើងថ្លៃអង្ករ រដ្ឋាភិបាលត្រូវបានរកមធ្យោបាយទិញអង្ករទុកស្តុកដោយខ្លួនឯងក្នុងករណីចាំបាច់ត្រូវបញ្ចេញអង្ករមកលក់។ «អង្ករនៅក្នុងប្រទេសកម្ពុជាតែងតែបណ្តែកបណ្តោយឲ្យឡើងចុះទៅតាមទីផ្សារ។ រដ្ឋាភិបាលអត់មានវិធានការណ៍ដើម្បីទប់ស្កាត់ទេ ហើយជាក់ស្តែងយើងឃើញហើយប៉ុន្មានខែចុងក្រោយនេះសូម្បីតែទឹកជំនន់កើតឡើងរដ្ឋាភិបាលមិនអាចទប់ស្កាត់តម្លៃទំនិញបានដែរ»។ ទឹកជំនន់កាលពីចុងខែសីហាបានសម្លាប់មនុស្សចំនួន២៤៧នាក់ហើយគិតមកត្រឹមថ្ងៃសៅនេះ។ លោក ញឹម វណ្ណដា អនុប្រធានទី១នៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថារដ្ឋាភិបាលបានបញ្ចេញស្បៀងចំនួន២.៩០០តោនទៅតាមខេត្តទាំង១៦ដែលបានទទួលរងផលប៉ះពាល់ និងថវិការចំនួន២០០លានរៀល។ លោកបានមានប្រសាសន៍ទៀតថា ឥឡូវនេះយើងបានបញ្ចេញអង្ករចំនួន១.០០០តោនបន្ថែមទៀតដើម្បីជូនប្រជាជនដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។ «មកដល់ឥឡូវ យើងបានបញ្ចេញស្បៀង២.៩០០តោនហើយ។ លើកមុន១.៩០០តោនទៅតាមខេត្ត១៦ក្នុងនោះថវិការមួយខេត្ត២០០លាន»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសលុបចោលពីធីបុណ្យអំទូកជាប្រវត្តិសាស្រ្តហើយគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយវិញ ដោយសារតែកម្ពុជាបានទទួលរងគ្រោះដោយទឹកជំនន់។ ការបញ្ជាក់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ១,២លាននាក់ ផ្ទៃដីដំណាំស្រូវ៣៩០.០០០ហិកតា ស្មើនិង១៦%នៃផ្ទៃដីដាំស្រូវ ផ្លូវ១.៩៧០គីឡូម៉ែត្រ ការខូចខាតផ្លូវ៥៨៣គម ដាច់ផ្លូវ៨៧គម និងបានសម្លាប់មនុស្ស២៤៧នាក់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |