VOA News: ព័ត៌មាន: “វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចេញ​ផ្សាយ​របាយ​ការណ៍​អំពី​ជម្លោះ​ដីធ្លី” plus 3 more

VOA News: ព័ត៌មាន: “វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចេញ​ផ្សាយ​របាយ​ការណ៍​អំពី​ជម្លោះ​ដីធ្លី” plus 3 more


វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចេញ​ផ្សាយ​របាយ​ការណ៍​អំពី​ជម្លោះ​ដីធ្លី

Posted: 20 Oct 2011 11:05 AM PDT

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១០​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ករណី​ជម្លោះ​ដី​ធ្លី​ភាគ​ច្រើន​បាន​កើត​ឡើង​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​មាន​អំណាច​ អ្នក​ជំនួញ​មាន​ប្រាក់​ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន។

អ្នក​ចូលរួម​ប្រមាណ​២០០​នាក់​ពី​តំណាង​ជន​រង​គ្រោះ​ដោយ​ការ​រំលោភ​ដី​ធ្លី​ទូទាំង​ប្រទេស​តំណាង​អង្គការ​សង្គម​ស៊ីវិល ​និង​តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​បាន​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍​ស្តីពី​ការ​វិភាគ​ទិន្នន័យ​ករណី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ​២០១០​នៅ​សណ្ឋាគារ​អ៊ីមភើរៀល​ ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​ឈិត ​សំអាត ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​ស្តីពី​ការ​វិភាគ​ទិន្នន័យ​ករណី​វិវាទ​ដី​ធ្លី​នៅ​កម្ពុជា​ឆ្នាំ​២០១០​នេះ​ថា​​​ នៅ​ឆ្នាំ​២០១០​ អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​កត់ត្រា​២៨២​ករណី​វិវាទ​ដីធ្លី​ ដែល​កំពុង​តែ​កើត​មាន​ឡើង​ពាក់ព័ន្ធ​ជាមួយ​៥​គ្រួសារ​ឡើង​ទៅ។ ​ចំនួន​ទំនាស់​ដីធ្លី​នៅ​តែ​បន្ត​កើន​ឡើង​ថែម​ទៀត​នៅ​ឆ្នាំ​២០១០​នេះ។

លោក​ឈិត ​សំអាត​បាន​បញ្ជាក់​ថា ​មាន​កត្តា​ផ្សេងៗ​ជា​ច្រើន​ ដែល​នាំ​ឱ្យ​មាន​ករណី​ទំនាស់​ដីធ្លី​ទាំង​នេះ​ ដូច​ជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ទីក្រុង ​និង​ជនបទ ​ក៏​ដូច​ជា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​មាន​ទ្រង់ទ្រាយ​ធំ។

«ការ​អង្កេត​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ​មាន​២០​ភាគរយ​នៃ​ករណី​វិវាទ​ដីធ្លី​បាន​ដោះស្រាយ ​ហើយ​ ចំណែក​ឯ​៦០​ភាគរយ​នៃ​វិវាទ​ផ្សេង​ទៀត​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។​ ទំនាស់​នេះ​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ»។

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​រក​ឃើញ​ថា​ ចំនួន​១៥៧​លើ​២៨២​ករណី​ជម្លោះ​ដី​ធ្លី​បាន​បង្ហាញ​ថា​ មាន​ការ​ជាប់​ពាក់​ព័ន្ធ​របស់​អ្នក​មាន​អំណាច ​ឬ ​អ្នក​មាន​ប្រាក់ ​និង​ចំនួន​១៥១​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន។

របាយ​ការណ៍​នេះ​បាន​បញ្ជាក់​ថា​ ករណី​ជម្លោះ​ដី​ធ្លី​មួយ​ចំនួន​ទៀត​បាន​នាំ​ទៅ​ដល់​ការ​ប្រើប្រាស់​ការ​គំរាម​កំហែង ​ឬ ​អំពើ​ហិង្សា ​និង​ការ​ចាប់​ខ្លួន​ដោយ​ដីកា​របស់​តុលាការ ​និង​មួយ​ចំនួន​ឈាន​ដល់​ការ​ឃុំ​ខ្លួន​ដែល​មាន​ចំនួន​៥៥​ករណី។​ របាយ​ការណ៍​នេះ​បាន​សរសេរ​ថា​ ករណី​ជម្លោះ​ដីធ្លី​ចំនួន​១០៥​ករណី​ស្មើនឹង​៣៧​ភាគ​រយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចំនួន​គ្រួសារ​ពី​៥​ទៅ​៥០។

ចំនួន​២៣​ភាគរយ​បាន​កើត​ឡើង​ដោយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចំនួន​គ្រួសារ​ចាប់​ពី​២០០​គ្រួសារ​ឡើង​ទៅ។

របាយ​ការណ៍​នេះ​បាន​បន្ថែម​ថា​ ជម្លោះ​ដី​ធ្លី​ចំនួន​១៥១​ករណី ​ស្មើនឹង​៥៣​ភាគរយ​ បាន​កើត​ឡើង​លើ​ប្រភេទ​ដី​សម្រាប់​វិស័យ​កសិកម្ម ​ ចំនួន​៦៧​ករណី ​ស្មើ​នឹង​២៨​ភាគរយ​ បាន​កើត​ឡើង​លើ​ប្រភេទ​ដី​លំនៅដ្ឋាន​ និង​ចំនួន​២៨​ករណី ​ស្មើ​នឹង​១០​ភាគរយ​បាន​កើត​ឡើង​លើ​ប្រភេទ​ដី​ព្រៃ។

របាយ​ការណ៍​នេះ​បាន​បន្ត​ថា​ ចំនួន​២២​ភាគរយ​ស្មើ​នឹង​៦៣​លើ​២៨២​ករណី​ត្រូវ​បាន​ដោះស្រាយ​មួយ​ផ្នែក​ ឬ​ទាំង​ស្រុង។ ​ចំនួន​៦២​ភាគរយ​​ស្មើនឹង​១៧៧​លើ​២៨២​ករណី​មិនទាន់​ត្រូវ​បាន​ដោះស្រាយ។​ ចំនួន​១២​មិន​ត្រូវ​បាន​អើពើ​ដោះស្រាយ​ និង​២៥​ករណី​ត្រូវ​បាន​រាយ​ការណ៍​ថា​ មិន​មាន​ព័ត៌មាន។

លោក​ James Heenan ​តំណាង​ស្តីទី​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះ​ថា​ បញ្ហា​សិទ្ធិ​ដីធ្លី ​និង​សិទ្ធិ​លំនៅដ្ឋាន​ គឺ​ជា​អាទិភាព​យុទ្ធសាស្ត្រ​មួយ​របស់ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា។ ​ជម្លោះ​ដីធ្លី​តែងតែ​បញ្ចប់​ដោយការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ។

លោក​យិន ​ជាវ ​អាយុ​៣៤​ឆ្នាំ ​នៅ​ឃុំ​ជីខលើ ​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះ ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​ «ប្រជាពលរដ្ឋ​ចំនួន​២២០​គ្រួសារ​រង​ផល​ប៉ះពាល់​ដី​កសិកម្ម​ផង​ និង​ដី​លំនៅដ្ឋាន​ផង។​ ក្រុមហ៊ុន​ឈូសឆាយ​យក​អស់។ ​សព្វថ្ងៃ​នេះ​គឺ​មិន​ ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ទេ»។

លោក​ ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​មិន​អាច​ធ្វើ​ការ​ទំនាក់ទំនង​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ៕

This posting includes an audio/video/photo media file: Download Now

ព្រះ​រាជអាជ្ញា​ និង​មេធាវីខ្វែង​គំនិត​គ្នា​អំពី​សុខភាព​អ្នកស្រី​អៀង ធីរិទ្ធ​ក្នុង​ដំណើរ​ការ​កាត់ទោស

Posted: 20 Oct 2011 11:03 AM PDT

សហ​មេធាវី​អន្ដរជាតិ​លោក​ស្រី​ ដាយអាណា ​អាលីស​ បាន​ស្នើសុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ដោះលែង​កូន​ក្ដី​របស់​ខ្លួន​គឺ​អ្នកស្រី​អៀង​ ធីរិទ្ធ​ ដោយសារ​តែ​​​បញ្ហា​សុខភាព។

ក្រុម​គ្រូពេទ្យ​ជំនាញ​ខាង​មនុស្ស​ចាស់​ និង​ខាង​វិកលវិទ្យា​បាន​បង្ហាញ​នៅ​ក្នុង​សវនាការ​ស្ដីពី​បញ្ហា ​សុខភាព​របស់​អ្នកស្រី​អៀង​ ធីរិទ្ធ​​ កាល​ពី​ថ្ងៃ​ពុធ ​និង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​​ អតីត​រដ្ឋ​មន្រ្ដី​ក្រសួង​សង្គមកិច្ច​របស់​ខ្មែរ​ក្រហម​អាយុ​៧៩​ឆ្នាំ​រូប​នេះ​ មាន​រោគ​សញ្ញា​នៃ​ការ​ចុះខ្សោយ​សតិបញ្ញា ​និង​បាត់បង់​ការ​ចងចាំ។

លោក​ស្រី​ដាយអាណា ​អាលីស​មាន​ប្រសាសន៍​ដោយ​យោង​ដល់​របាយ​ការណ៍​របស់​គ្រូពេទ្យ​ថា៖

«ការ​ចុះខ្សោយ​ក្នុង​ការ​ផ្ចង់​អារម្មណ៍ និង​ការ​ចុះខ្សោយ​នៃ​ការ​ចង​ចាំ​ ​គឺ​ជា​ការ​បង្ហាញ​យ៉ាង​រឹងមាំ​ពី​អសមត្ថ​ភាព​របស់​អៀង​ ធីរិទ្ធ​ នៅ​ក្នុង​ការ​តស៊ូ​ក្នុង​ដំណើរ​ការ​កាត់​ទោស​លើ​រូប​គាត់»។

លោក​ស្រី​មេធាវី​សញ្ជាតិ​អង់គ្លេស​ដដែល​នេះ​បាន​សំអាង​ថា​ នឹង​មិន​មាន​យុត្តិធម៌​សម្រាប់​កូន​ក្ដី​របស់​គាត់​ទេ​ ល្គឹកណា​កូន​ក្ដី​​មិន​មាន​លទ្ធភាព​យល់ដឹង​ពី​ដំណើរ​នីតិ​វិធី​កាត់ទោស ​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មេធាវី​នោះ។​ ហើយ​លោក​ស្រី​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​សម្រេច​បញ្ឈប់​នីតិ​វិធី​ប្រឆាំង​នឹង​កូន​ក្ដី​របស់​ខ្លួន។

«មិន​មាន​អ្វី​ជា​ការ​សង្ស័យ​ទេ​ថា ​អៀង ​ធីរិទ្ធ​មិន​មាន​លទ្ធភាព​នឹក​ឃើញ​ពី​អ្វី​ ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​គាត់​ សម្រាប់​ការ​ចូលរួម​ការ​កាត់​ទោស​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ។​ ជន​ជាប់​ចោទ​គួរ​ត្រូវ​រក​ឃើញ​ថា ​មិន​មាន​លទ្ធភាព​ចូលរួម​ការ​កាត់​ទោស»។

យ៉ាងណា​ក៏​ដោយ​ សហ​ព្រះរាជ​អាជ្ញា​រង​បាន​ជំទាស់​ទៅ​នឹង​សំណើរ​នោះ ​ហើយ​បាន​អះអាង​ថា ​អៀង ​ធីរិទ្ធ​នៅ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​សវនាការ ​ដោយសារ​​របាយការណ៍​គ្រូពេទ្យ​បញ្ជាក់​ថា​ គាត់​មាន​ជំងឺ​បាត់បង់​ការ​ចងចាំ​ក្នុង​កម្រិត​មធ្យម​នៅ​ឡើយ​ រួម​ទាំង​មាន​លទ្ធភាព​អង្គុយ​ក្នុង​សវនាការ​​បាន។ ​ម្យ៉ាងវិញ​ទៀត​ ជន​ជាប់​ចោទ​ទាំង​បួន​នាក់​ក្នុង​សំណុំរឿង​០០២​នេះ​មាន​ស្ថានភាព​សុខភាព​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ។

លោក​ច័ន្ទ តារារស្មី ​សហ​ព្រះរាជ​អាជ្ញា​រង​ជាតិ​កម្ពុជា​និយាយ​ថា៖

«​វត្តមាន​របស់​គាត់​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ​មិន​ត្រូវ​គប្បី​ឲ្យ​ជន​ជាប់​ចោទ​ អៀង ​ធីរិទ្ធ​ នៅ​ក្រៅ​ឃុំ​នោះ​ទេ ​ពីព្រោះ​ការ​ឃុំ​ខ្លួន​​គាត់​នៅ​ទី​នេះ​សម​ស្រប​ទៅ​នឹង​លក្ខខណ្ឌ​សុខភាព​របស់​គាត់​ដែល​ត្រូវការ​ការ​តាម​ដាន​ជា​ចាំបាច់​ក្នុង​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​របស់​គាត់»។

មេធាវី​នាំ​មុខ​ដែល​តំណាង​ឲ្យ​ខាង​ភាគី​ជន​រង​គ្រោះ​យល់​ស្រប​នឹង​សហ​ព្រះរាជ​អាជ្ញា​ដែរ។​ ហើយ​បាន​គាំទ្រ​ឲ្យ​មាន​ការ​បំបែក​នីតិ​វិធី ​ខណៈ​ដែល​មេធាវី​របស់​នួន ​ជា ​មេធាវី​របស់​អៀង​ សារី ​និង​មេធាវី​របស់​អៀង ​ធីរិទ្ធ​ទាមទារ​ឲ្យ​មាន​ការ​បំបែក​នីតិវិធី​ ដើម្បី​ធ្វើ​ការ​កាត់​ទោស​ជនជាប់​ចោទ​ដាច់​ដោយ​ឡែក​ពី​គ្នា។

សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​នឹង​បើក​សវនាការ​កាត់​ទោស​ពេញ​អង្គ​សេចក្ដី​លើ​ជន​ជាប់​ចោទ​ទាំង​បួន​នាក់​ក្នុង​សំណុំ​រឿង​០០២​ ដែល​រួម​មាន​មាន​នួន​ ជា​ អៀង​ សារី​ អៀង​ ធីរិទ្ធ​ និង​ខៀវ ​សំផន​ ចាប់​ពី​ថ្ងៃ​ទី​២១ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​នេះ​ត​ទៅ។​ លោក​ខៀវ​ សំផន ​និង​មេធាវី​របស់​ខ្លួន​មិន​បាន​ចូលរួម​ក្នុង​សវនាការ​ស្ដីពី​បញ្ហា​សុខភាព​របស់​អៀង​ ធីរិទ្ធ ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ​ទេ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ២០ តុលា

Posted: 19 Oct 2011 08:18 PM PDT

ព័ត៌មានចុងក្រោយបំផុត៖

លីប៊ី៖ មន្រ្តី​រដ្ឋាភិបាល​បណ្តោះអាសន្ន​ក្នុង​ប្រទេស​លីប៊ី​និយាយ​ថា ​អតីត​មេដឹកនាំ​គឺ​លោក​ម៉ូអាម៉ា ហ្កាដាហ្វី​ បាន​ស្លាប់​បន្ទាប់​ពី​រងរបួស​ខណៈ​ពេល​ដែល​លោក​បាន​ព្យាយាម​រត់​គេច​ខ្លួន​ពី​ទីក្រុង​សឺត។

អាហ្វហ្គានីស្ថាន៖ លោកស្រី​ហ៊ីលឡារី​ គ្លីនតុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និយាយ​ថា​ពួកតាលីបង់​អាច​ចូលរួម​ក្នុង​ការ​ចរចា​ស្វែងរក​សន្តិភាព​ឬក៏​ប្រឈមមុខ​នឹង​ការវាយប្រហារ​ជា​បន្ត​ទៀត។

លីប៊ី៖ ក្រុម​អ្នក​ប្រយុទ្ធ​បដិវត្តន៍​របស់​ប្រទេស​លីប៊ី​និយាយ​ថា​ពួកគេ​បាន​កាន់កាប់​ទីក្រុង​សឺត ដែល​ជា​ការ​ផ្លាស់ប្តូរ​មួយ​អាច​នាំឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​ប្រកាស​ថា​ប្រទេស​នេះ​ត្រូវបាន​រំដោះ​​ហើយ។

អាស៊ី៖ ទីផ្សារ​ធំៗ​ក្នុង​ទ្វីប​អាស៊ី​បាន​បិទទ្វារ​ក្នុង​តម្លៃ​ទាប​ជាងមុន​នៅ​ ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ទីផ្សារ​ភាគហ៊ុន នីកេ ក្នុង​ទីក្រុង​តូក្យូ​បាន​ធ្លាក់​ចុះ​បន្តិចបន្តួច​អស់​ជា​ង​មួយភាគរយ​ គឺ​អស់​៩០​ពិន្ទុ​មក​នៅ ត្រឹម​៨.៦៨២​ពិន្ទុ។​ ទីផ្សារ​ហ៊ុន ហាង​សេង ក្នុង​ទីក្រុង​ហុង​កុង​ធ្លាក់​ចុះ​បន្តិច​អស់​៣២៦​ពិន្ទុ​ដោយ​បញ្ចប់​នៅ​ ត្រឹម​ ១៧.៩៨៣​ ពិន្ទុ។​ តម្លៃ​ភាគហ៊ុន​ក៏ធ្លាក់​ចុះ​ក្នុង​ទីក្រុង​បាងកក​ គូឡាឡាំពួ​ ម៉ានីល​ ម៉ុមបៃ​ សេអ៊ូល​ សិង្ហបូរី​ និង​តៃ​ប៉ិ។

ថៃ៖ មន្ត្រី​ថៃ​និយាយ​ថា​ពួកគេ​មិនអាច​ទប់​ទឹក​ជំនន់​ដែល​កំពុង​ហូរ​ចូល​ក្នុង​ រដ្ឋ​ធានី​បាងកក​បាន​ទៀតទេ។​ លោកស្រី​ យីងឡាក់​ ស៊ីណាវ៉ាត​ ដែល​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ដំបូង​បំផុត​ក្នុង​អាណត្តិ​របស់​លោកស្រី​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោកស្រី​បាន​បញ្ជា​ឲ្យ​មន្រ្តី​នានា​បើក​ទ្វារ​ទឹក​ជំនន់​ហើយ​ឲ្យ​ទឹក​ហូរ​ កាត់​តាម​ព្រែក​នានា​ក្នុង​ទីក្រុង​បាងកក​នាំ​ទឹក​ទៅ​សមុទ្រ។

អឺរ៉ុប៖ បាតុករ​ក្រិក​បន្ត​ចេញ​មក​តវ៉ា​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​អាថែន នៅ​ថ្ងៃ​ទី​ពីរ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្របពេល​ដែល​សមាជិក​សភា​ជាតិ​រៀបចំ​ បោះឆ្នោត​ចុងក្រោយ​លើ​វិធានការ​រឹត​ត្បិត​ថវិកា​ថ្មី ទៀត​ដែល​ចាំបាច់​ដើម្បី​ទទួលបាន​មូលនិធិ​ជួយ​សង្គ្រោះ​បន្ថែម។

កេនយ៉ា/សូម៉ាលី៖ ការវាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​មួយ​បាន​ផ្ទុះ​ឡើង​រវាង​កងទ័ព​រដ្ឋាភិបាល​សូម៉ាលី​និង​ពួកឧទ្ទាម​អាល់​សាបាប់​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​ ខណៈ​ពេល​ដែល​កងកម្លាំង​កេនយ៉ា​បន្ត​ជំរុល​ទៅមុខ​នៅ​តំបន់​ភាគខាងជើង​ប្រទេស​សូម៉ាលី​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​ប្រម៉ាញ់​សមាជិក​ក្រុម​បះបោរ​សូម៉ាលី។

អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​បាន​វាយប្រហារ​លើ​របាយការណ៍​មួយ​របស់​អ្នក​ស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិ​ដែល​បាន​ភ្ជាប់​ការ​សម្លាប់​ដែល​កាន់តែ​មាន​ការ​កើន​ឡើង​ក្នុង​ទីក្រុង​តេអេរ៉ង់​ទៅ​នឹង​ការចោទ​ប្រកាន់​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត។

សហរដ្ឋ​អាមេរិក/កូរ៉េ​ខាងជើង៖ សហរដ្ឋ​អាមេរិក​និយាយ​ថា​ខ្លួន​បាន​តែងតាំង​បេសកជន​ជាន់​ខ្ពស់​ថ្មី​ម្នាក់​ទៀត​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ជើង​ នៅមុន​ពេល​កិច្ច​ប្រជុំ​ដ៏​កម្រ​មួយ​ជាមួយ​នឹង​ក្រុម​អ្នក​ចរចា​អាវុធ​បរិមាណូ​របស់​ប្រទេស​នេះ​នៅ​សប្តាហ៍​ក្រោយ។

អាហ្វ្រិកកណ្តាល៖ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នាំមុខ​មួយ​កំពុង​ទទូច​ឲ្យ​សហភាព​អាហ្រ្វិក​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​មួយ​ដើម្បី​បញ្ចប់​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​មាន​ជាច្រើន​ទសវត្សរ៍​មកហើយ​ក្នុង​សហភាព​អាហ្រ្វិក​កណ្តាល។

សហរដ្ឋ​អាមេរិក៖ មន្រ្តី​នានា​និយាយ​ថា​ពួកគេ​បាន​ចាត់​ការ​អស់​ហើយ​លើ​សត្វ​ដែល​បាន​ដោះលែង​ចេញ​ពី​សួន​សត្វ​ចម្លែកៗ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​បុរស​ម្នាក់​ក្នុង​រដ្ឋ​អូហៃ​យូ​នាភាគ​កណ្តាល​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក/ប៉ាគីស្ថាន៖ មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​រួម​ទាំង​លោក​ស្រី​ហ៊ីលឡារី​ គ្លីនតុន​ និង​នាយក​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ David Petraeus​ គ្រោង​នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​ប៉ាគីស្ថាន​ដើម្បី ជំរុញ​មេដឹកនាំ​ទីនោះ​ឲ្យ​តទល់​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ភាគ​ពាយ័ព្យ​ប្រទេស។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

សហរដ្ឋ​អាមេរិក​៖ ហាង​លក់ផលិតផល​អេឡិចត្រូនិចនៃ​ក្រុមហ៊ុន ​Apple ​បាន​បិទទ្វារ​ជា​ច្រើន​ម៉ោង​ កាល​ពី​ថ្ងៃ​ពុធ​នៅ​ទូទាំងសហរដ្ឋ​អាមេរិក ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់​ក្រុមហ៊ុន​អាច​មើល​ការ​ផ្សាយ​នៃ​ពិធី​បុណ្យគោរព​វិញ្ញាណក្ខ័ណ្ឌ​សហស្ថាបនិក​​ក្រុមហ៊ុន ​Apple​ លោក​ Steve Jobs ។

ក្រិក​៖ ហ្វូង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ក្រិក​អំពី​វិធានការ​រឹតត្បិត​បាន​ប៉ះទង្គិច​ជា​មួយ​ប៉ូលីស​កុបកម្ម​ កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​រដ្ឋធានី ​អាថែន​ ចំពេល​ដែល​ពលករ​រាប់​ពាន់​ម៉ឺន​នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​លើ​ផ្លូវ​ដើម្បី​ធ្វើ​កូដកម្ម​ទូទៅ​ពីរ​ថ្ងៃ។

អាហ្វហ្គានីស្ថាន​៖ ស្រ្ដី​អ្នក​នយោបាយ​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​បាន​ត្រូវប​ណ្ដេញ​ចេញ​ពី​រដ្ឋសភា​តាម​បទ​ចោទ​ប្រកាន់​អំពី​ការ​បន្លំ​សន្លឹក​ឆ្នោតបាន​បញ្ឈប់​កូដកម្ម​ឥតអាហារ​១៨​ថ្ងៃ។

ប៉ាគីស្ថាន​៖ អគ្គមេបញ្ជាការ​យោធា​របស់​ប្រទេស​ប៉ាគីស្ថាន​ថ្លែង​ថា​សហរដ្ឋ​អាមេរិកសម​នឹង​ផ្ដោត​មក​លើ​កិច្ចការ​ដែល​នាំ​ឲ្យ​មាន​ស្ថិរភាព​ដល់​ប្រទេសនេះ​ ជាជាង​ធ្វើ​ការ​កៀបសង្កត់​ឲ្យ​ប្រឈមមុខ​នឹង​ជនសកម្មប្រយុទ្ធ​នៅ​តំបន់​កុលសម្ពន្ធ​នៃ​តំបន់​ឥសាន​ប្រទេស។

ស៊ីរី​៖ ជនជាតិ​ស៊ីរី​ច្រើន​ពាន់ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​គំាទ្រ​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​ភាគ​ខាង​ជើង​អាឡេប៉ូ​​ដែល​នៅ​ទី​នោះ​សកម្មជន​ស៊ីរី​និយាយ​ថា ​មនុស្ស ​យ៉ាងតិច​២០​នាក់​បាន​ស្លាប់​ក្នុង​ការ​បះបោរ​ក្នុង​តំបន់​ផ្សេងៗ​នៃ​ប្រទេស។

ប៉ាឡេស្ទីន​៖ ក្រុម​ប៉ាឡេស្ទីន​ ហាមាស ​នឹង​ផ្កល់​រង្វាន់​២​ពាន់​ដុល្លារ​ ដល់អតីត​អ្នកជាប់ឃុំម្នាក់ៗដែល​មក​ដល់​តំបន់ ​ហ្គាសា​ ក្រោយ​ពី​បាន​ត្រូវ​ដោះលែង​ពី​គុក​ អ៊ីស្រាអែល​ តាម​ការ​ដូរដាល​ឈ្លើយ​សង្រ្គាម។

កែនយ៉ា​៖ យោធា​កែនយ៉ា​និយាយ​ថា​បាន​សម្លាប់​ជនសកម្មប្រយុទ្ធ​ អាល​ ហ្សាបាប​ជាង​១២​នាក់​ ចាប់​តំាង​ពី​ខ្លួន​បាន​បើក​កិច្ច​ប្រតិបត្ដិការ​យោធា​នៅ​សូម៉ាលី​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

ម៉ារ៉ុក​៖ ប៉ូលីស​និយាយ​ថា​មនុស្ស​៥​នាក់​ដែល​បាន​ត្រូវ​ចាប់​ឃុំ ​ពាក់ព័ន្ធ​ និង​ការ​លួច​ចូល​ក្នុង​​អាគារ​ប្រវត្ដិសាស្រ្ដ​ នៅ​ក្នុង​រដ្ឋ​ តិចសាស ​មាន​ដើម​កំណើត​ជា​ជនជាតិ​ ម៉ារ៉ុក។

ឥណ្ឌា​៖ រដ្ឋមន្ដ្រី​ការបរទេស​ឥណ្ឌា​និយាយ​ថា​ល្បឿន​នៃ​ការលូតលាស់​សេដ្ឋកិច្ច​ ឥណ្ឌា​នឹង​មាន​សភាព​យឺត​យ៉ាវ​ ខុស​ពី​ការ​រំពឹង​ ដោយ​សារ​តែ​វិបត្ដិ​ហិរញ្ញវត្ថុ​សកល​និង​អត្រា​ការប្រាក់​ឡើង​ខ្ពស់​មួយ​ចំនួន។

សហរដ្ឋ​អាមេរិក​៖ និយាយ​ថា​ អ្នកការទូត​របស់​ខ្លួន​ទទួល​បន្ទុក​អំពី​នយោបាយអាមេរិក​ចំពោះ​ប្រទេស​កូរេខាងជើង​បាន​ចុះ​ចេញ​ពី​ដំណែង ​ក្រោយ​ពី​មាន​ការចរចា​គ្នា​ដ៏​កម្រ​មួយ​នៅ​សប្ដាហ៍​ក្រោយ​ ជា​មួយ​ក្រុម​ប្រតិ​ភូកូរ៉េខាងជើង ដែល​មាន​គោល​ដៅ​នឹង​ចាប់​ផ្ដើម​ឡើង​វិញនូវ​ការចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

តួកគី​៖ បាន​បើក​កិច្ច​ប្រតិបត្ដិការ​យោធា​ប្រឆំាង​​ក្រុម​បះបោរ​គួរឌ​នៅ​តំបន់​ភាគ​ខាង​ជើង​អ៊ីរ៉ាក​ជាច្រើន​ម៉ោង​ ហើយ​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ២៤ ​នាក់​និង​ធ្វើ​ឲ្យ​របួស​១៨​នាក់​ក្នុង​ការ​វាយប្រហារ​ នៅ​តំបន់​អគ្នេយ៍​ប្រទេស​ជិត​ព្រុំដែន​ជា​មូយ​ប្រទេស​អ៊ីរ៉ាក៕

This posting includes an audio/video/photo media file: Download Now

បន្លែ​និង​ផ្លែឈើ​ពី​កសិដ្ឋាន​សរីរាង្គ​ទទួល​ការ​គាំទ្រ​បណ្តើរៗ

Posted: 20 Oct 2011 07:28 AM PDT

[កំណត់​សម្គាល់​អ្នក​កែ​សម្រួល៖ បញ្ហា​ជា​ច្រើន​កើត​ចេញ​ពី​ការ​ប្រើ​បា្រស់​ជីគីមី​សម្រាប់​ផលិតកម្ម​កសិកម្ម។ អ្នក​ជំនាញ​កសិកម្ម​លើក​ទឹក​ចិត្ត​ដល់​កសិករ​ខ្មែរ​ ឲ្យ​​ងាក​មក​រក​ការ​ដាំដំណាំ​សរីរាង្គ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី​ ដែល​បង្កឲ្យ​មាន​ភាពរិចរិល​ដល់​ស្រែ​ចម្ការ និង​បំពុល​បរិដ្ឋាន។ ខាង​ក្រោម​នេះ គឺ​ជាបទ​សម្ភាស​របស់​ធីតា វីន នៃ​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក និង​លោក​សម សុធារិទ្ធ អ្នក​គ្រប់​គ្រង​កសិដ្ឋាន​នៃ​ដំណាំ​សរីរាង្គ​នៅ​​ឃុំ​កោះក្របី ខេត្ត​កណ្តាល​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ៖]

<!--AV-->

ស៖ សូម​ឲ្យ​លោក​ជួយ​ពន្យល់​ថា​អ្វី​ទៅ​ជា​កសិដ្ឋាន​សរីរាង្គ?

ច៖ កសិដ្ឋាន​សរីរាង្គ​គឺ​គោលដៅ​អ្វី​ម៉េច ​ដើម្បី​កាត់​បន្ថយ​គីមី​ ប្រើ​ជី​ធម្មជាតិ។ ជី​ដែល​ផលិត​ដោយខ្លួន​ឯងខ្លះ ជី​ធម្មជាតិ​ដែល​យើង​ទិញ​ខ្លះ។

ស៖ ​ហេតុ​អ្វី​បាន​ជា​លោក ​មាន​គំនិត​បង្កើត​កសិដ្ឋាន​សរីរាង្គ​នេះ​ឡើង?

ច៖ ​ម្ចាស់​កសិដ្ឋាន​នោះ​កន្លង​មក​ គាត់​ដាំ​បន្លែ​ទូទៅ ​ដូច​ជា​ចេក​ ល្ហុង។ ដល់​ពេល​កូន​គាត់​​ដូច​ថា ​គាត់​បាន​ទៅ​លេង​ស្រុក​ក្រៅ​មើល​ឃើញ​កសិដ្ឋាន​គេអញ្ចឹង​ទៅ​ក៏​មាន​គំនិត​ចង់​ដាំ​បន្លែ​នៅ​ស្រុក​យើង។ កសិដ្ឋាន​នេះ​ទាំង​អស់​គឺ​មាន​ផ្ទៃដី​២​ហិកតា។​ ប៉ុន្តែ​ផ្ទៃ​ក្រឡា​ដែល​យើង​ដាំ​សុទ្ធ​ បាន​តែ​មួយ​ហិកតា​កន្លះ​ទេ។​ ទើប​តែ​ចាប់​ផ្តើម​បាន​មួយ​កន្លែង​ហ្នឹង​ទេ​ ប៉ុន្តែ​គម្រោង​របស់​ម្ចាស់​កសិដ្ឋាន​ហ្នឹង​ គាត់​ចង់​បង្កើត​ពីរ​កន្លែង​ទៀត​ ប៉ុន្តែ​ជា​សមាគម ​និង​មួយ​កន្លែង​ទៀត​នៅ​មណ្ឌល​គីរី។​ ប៉ុន្តែ​ប្រហែល​ជា​គាត់​ដាំ​ជា​ផ្លែឈើ ​នៅ​មណ្ឌល​គីរី​ នៅ​កំពង់ស្ពឺ​ដាំ​ប្រភេទ​សាឡាត់​ដូច​ខាង​នោះ​អញ្ចឹង​ដែរ។

ស៖ តើ​មុន​ដំបូង​បន្លែ​ផ្លែ​ឈើ​សរីរាង្គ​នេះ​ មាន​ការ​ទទួល​គាំទ្រ​បែប​ម៉េច​ចំពោះ​អតិជន​ដែរ?

ច៖ បន្លែ​សរីរាង្គ​នេះ​ភាគ​ច្រើន​អតិថិជន​ដែល​គាំទ្រ​ផ្នែក​បរទេស​ភាគ​ច្រើន​អាច​ប្រហែល​ដល់​៨០​ភាគរយ។​ ប៉ុន្តែ​ខ្ញុំ​សង្កេត​មើល​តែ​ក្នុង​ទីផ្សារ​ហ្នឹង​ ភាគ​ច្រើន​ហ្នឹង​គឺ​គាត់​អ្នក​មាន​ធនធាន។​ ឥឡូវ​នេះ​ខុស​ពី​មុន​ វា​មាន​អតិថិជន​គាំទ្រ​ច្រើន​ជាង​មុន។​ គាត់​ចាប់​ផ្តើម​ដំបូង​ប្រហែល​ជា​៣០​ភាគរយ​ទេ ដែល​ចូល​ទៅ​ទិញ តែ​បច្ចុប្បន្ន​នេះ ​គាត់​មាន​ការ​គាំទ្រ​ច្រើន​ជាង​មុន ​មាន​ន័យថា​កាល​ពី​មុន​ ខ្ញុំ​យក​ទៅ​លក់​ដប់​គីឡូ​អញ្ចឹង។ លក់​នៅ​សល់​ប្រាំគីឡូ ​ឬ​បី​គីឡូ​មក​វិញ។​ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​យក​ទៅ​ម្ភៃគីឡូ ​គឺ​លក់​ឥត​គ្រាន់​ទេ។ បាន​ន័យ​ថា​ គាត់​គាំទ្រ​បន្លែ​ដែល​យើង​យក​ទៅ​ដាំ​ច្រើន​ជាង​មុន។

ស៖ ​ការ​ដាំ​បន្លែ​នេះ​ តើ​លោក​បាន​នាំ​គ្រាប់​ពូជ​ពី​ខាង​ណា​ដែរ?

ច៖ ​ភាគច្រើន​គឺ​គាត់​យក​គ្រាប់​ពូជ​មក​ពី​ស្រុក​ក្រៅ​ សឹង​តែ​គ្រប់​ប្រទេស​ដែល​ផលិត​គ្រាប់​ពូជ​ហ្នឹង​ ហើយ​មាន​ក្រុមហ៊ុន​វៀតណាម​មួយ។ គាត់​ទទួល​យក​មក​ទុក​នៅ​ក្រុមហ៊ុន​ហ្នឹង។ ខ្ញុំ​មើល​ទៅ​ច្រើន​កញ្ចប់ ​មាន​តាំង​ពី​ជប៉ុន ​កូរ៉េ ​ម៉ាឡេស៊ី ​សាំងហ្គាពួរ ​មាន​ចិន​អី​នៅ​ក្នុង​ហ្នឹង។​ នៅ​កសិដ្ឋាន​នេះ ​ផ្តោត​ទៅ​លើ​បន្លែ​ប្រភេទ​បន្លែ​អ៊ឺរ៉ុប។ ខ្ញុំ​ដាំ​ទាំង​អស់។ វា​មាន​១២​មុខ។ វា​មាន​ប៉ាតារីយ៉ា រ៉ូម៉ែន​ រ៉េត ក្លូរ៉ូ អ៊ុកលីរ៉េត​ អ៊ុកលីការ៉ីន ​អាយស្បើត​ ដូចជា​រ៉ូកែត​ កាតូត ​កាធំ​ ព្យីស្សេរ។ ប្រភេទ​ជី​ វា​មាន​បី​ទៀត ​ជី​ហ្នឹង​ វា​មាន​ឌៀល ​ហ៊ាស្លី ​ប៉ាស៊ីន។​ ផ្លែ​ឈើ​ដាំ​ទៅ​មិន​អាច​ពេញ​មួយ​ឆ្នាំ​ តាម​របៀប ​តាម​រដូវ​ ជា​ប៉េងប៉ោះ ​ជា​ត្រសក់។

ស៖ ហេតុអ្វី​បាន​ជា​លោក​ជ្រើសរើស​យក​បន្លែ​ប្រភេទ​នេះ​មក​ដាំ​ក្នុង​នៅ​កសិដ្ឋាន​ ហើយ​ដែល​លក់​នៅ​ក្នុង​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា?

ច៖ ខ្ញុំ​ជ្រើស​រើស​យក​បន្លែ​នេះ ​ទី​១​សំដៅ​ទៅ​លើ​ការ​ដាំ​មិន​បាន។​ ទី​២​ សំដៅ​ទៅ​លើ​ទីផ្សារ។​ ខ្ញុំ​យក​ទៅ​មាន​ផ្សារ​តែ​មួយ​ទេ​ ដែល​គេ​ហៅ​ថា​សួន​ផ្សារ​ធម្មជាតិ​នៅ​ផ្លូវ​៦៣​គឺ​ផ្លូរ​ត្រសក់​ផ្អែម។ ​នៅ​ទល់​មុខ​ពេទ្យ​មេគង្គ​ ប៉ុន្តែ​ផ្សារ​ហ្នឹង​គេ​បែង​ចែក​ គេ​បំបែក។ ​គេ​ដើរ​ដាក់​តាម​ហាង ​ឬ​ក៏​តាម​អូតែល។

ស៖ សុំ​ឲ្យ​លោក​ជួយ​បញ្ជាក់​ថា​ ក្នុង​លក់​មួយ​ថ្ងៃ​ តើ​ការ​លក់​បន្លែ​សរីរាង្គ​ហ្នឹង​អស់​ប៉ុន្មាន​គីឡួក្រាម? អាច​ចំណូល​ជា​ទឹក​ប្រាក់​បាន​ប៉ុន្មាន?​ ហើយ​ចង់​ឲ្យ​លោក​បញ្ជាក់​ដែរ​ តើ​ក្នុង​មួយ​ខែ ​ឬ​មួយ​ឆ្នាំ​ខាង​លោក​អាច​រក​ចំណូល​ពី​បន្លែ​សរីរាង្គ​បាន​ប៉ុន្មាន​ដែរ​ បើ​សិន​ជា​យើង​ផាត់​ថ្លៃកម្មករ ផាត់​ថ្លៃ​ចំណាយ​ទាំង​អស់?

ច៖ គឺ​បន្លែ​ហ្នឹង​ ខ្ញុំ​យក​ទៅ​លក់​វា​បាន​តម្លែ​មួយ​ដូល្លារ។ ប្រភេទ​ជី​បាន​តម្លែ​ជាង​មួយ​ដូល្លារ។​ ក្នុង​ខែ​១០​ ខែ​១១​ ខែ​១២​ ខែ​១ ​ខែ​២​ និង​ខែ​៣ ប្រាំមួយ​ខែ​ហ្នឹង​ គឺ​យើង​អាច​លក់​បាន​រហូត​ដល់​ជាង​៨០​គីឡូ ​ទៅ​១០០​គីឡូ​ក្នុង​មួយ​ថ្ងៃ។ ​ប៉ុន្តែ​ចន្លោះ​ពី​ប្រាំមួយ​ខែ​ហ្នឹង​ទៅ​ ធ្លាក់​ចុះ​រហូត​បាន​មួយ​ថ្ងៃ​បាន​តែ​១០​គីឡូ​ក៏​មាន។​ អញ្ចឹង​បើ​យើង​គិត​មួយ​ឆ្នាំ​ពេញ ​គឺ​វា​បាន​ត្រឹម​តែ​រួច​ខ្លួន។​ យើង​គិត​ពី​ខែ ​វា​អាច​មាន​ខែ​ឡើង​ ខែ​ចុះ។ ​តាំង​ពី​ចាប់​ឆ្នាំ​២០០៩​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​វា​ពីរ​ឆ្នាំ។ ​តាម​ខ្ញុំ​គិត​មើល​ទៅ​ ការ​ចំណាយ ​និង​ចំណូល ​គឺ​ស្មើ​នៅ​ឡើយ។​ យើង​បាន​មក​ចំណាយ​ទៅ​វិញ។​ វា​មិន​ខាត ​ហើយ​ក៏​មិន​បាន​ចំណេញ​ដែរ។​ ការ​ធ្វើ​កសិកម្ម​គឺ​រយៈពេល​បី​ថ្ងៃ​ឡើង​ បាន​ជា​គិត​មើល​ឃើញ​ចំណេញ​បាន។​ អញ្ចឹង​ឆ្នាំ​ទី​បី​នឹង​គិត​ថា​អាច​រក​ផល​ចំណេញ។​ ប៉ុន្តែ​មិន​ដឹង​ថា វា​ច្រើន​ឬ​ក៏​តិច​ទេ។

ស៖​ តើ​បាន​ស្គាល់​ពី​ខាង​ក្រសួង​ ឬ​ខាង​សមាគម​ណា ​ដែល​ថា​កសិដ្ឋាន​របស់​លោក​មិន​ប្រើ​ជាតិ​គីមី​មែន?

ច៖ ​ខ្ញុំ​សព្វ​ថ្ងៃ​ ខ្ញុំ​ឥត​ទាន់​ដឹង​ខាង​ណា ​គេ​ចេញ​ឡាយសេន៍ ​ព្រោះ​ម្ចាស់​គាត់។​ គាត់​លាក់​ទំនាក់​ទំនង។​ អីញ្ចឹង ​បើ​តាម​ខ្ញុំ​ដឹង​ខ្លះៗ​គឺ​មាន​ពីរ​ដែល​ចេញ​ឡាយសេន៍​ឲ្យ​ហ្នឹង​គាត់ គឺ​ខាង​សមាគម​កសិកម្ម​សរីរាង្គ​ហ្នឹង។​ មួយ​ទៀត​គឺ​អង្កការ​ការ៉ូ ​ដែល​ចេញ​ឡាយសេន៍​ឲ្យ​ ហើយ​បញ្ជាក់​ថា​គ្មាន​ជាតិ​គីមី​ ជា​ដំណាំ​សរីរាង្គ​ពិត​ប្រាកដ ​ប៉ុន្តែ​ខាង​ក្រសួង​គាត់​អត់​ទាន់​ចេញ​ឲ្យ​។ ​ប៉ុន្តែ​គាត់​មាន​ទំនាក់​ទំនង​ថា ​ឲ្យ​ក្រសួង​ហ្នឹង​ផ្តល់​ជា​អាញ្ញាបណ្ណ​ការ​ដាំ​ជា​បន្លែ​ ដែល​គ្មាន​ជាតិ​គីមី​ហ្នឹង។

ស៖ ​ចង់​ឲ្យ​លោក​បញ្ជាក់​ថា ​ការ​ដាំ​បន្លែ​សរីរាង្គ​នេះ ​តើ​វា​ខុស​ពី​ការ​ដាំ​បន្លែ​គីមី​យ៉ាង​ម៉េច​ដែរ?

ច៖ ការ​ប្រៀប​ធៀប​បន្លែ​ធម្មជាតិ​នេះ​នឹង​បន្លែ​គីមី​វា​ខុស​គ្នា។ ​ការ​ប្រើ​ធម្មជាតិ​គឺ​យើង​ប្រើ​ជី​កំប៉ុស្តិ៍ ​ដើម្បី​ជំនួយ​ដី​ឲ្យ​កាន់​តែ​ប្រសើរ​ល្អ ​ហើយ​ដី​ដែល​យើង​ចាប់​ផ្តើម​ធ្វើ​ហ្នឹង​ ដែល​ល្អ​ស្រាប់​ ប៉ុន្តែ​យើង​ប្រើ​ជី​បន្ថែម​ទៀត​ គឺ​យើង​ប្រើ​ជី​កំប៉ុស្តិ៍។ ​ប្រើ​ជី​ធម្មជាតិ​បាញ់​ ដើម្បី​ឲ្យ​មាន​លំនឹង​ធម្មជាតិ។

ស៖​ តើ​ការ​ដាំដុះ​បន្លែ​សរីរាង្គ​របស់​លោក ​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ហើយ​ ឬ​នៅ​ ឬ​មួយ​ក៏​នៅ​មានការ​ខ្វះខាត?

ច៖ សព្វ​ថ្ងៃ​នេះ ​មាន​ការ​ខ្វះខាត ​ដោយសារ​ការ​មាន​ភ្លៀង​ច្រើន។ ​អញ្ចឹង​ យើង​មាន​ការ​អាក់ខាន​ដោយ​ការដាំ។​ បើ​សិន​មាន​ប្រជាពលរដ្ឋ​គាត់​មាន​បំណង​ ចង់​ដាំ​បន្លែ​អ៊ឺរ៉ុប​នេះ ​គាត់​អាច​នឹង​ដាំ​នៅ​ខែ​ហ្នឹង​ គាត់​នឹង​អាច​រក​ទីផ្សារ​បាន​ស្រួល។

ស៖ តើ​លោក​គិត​ថា ​គួរ​តែ​មាន​កសិដ្ឋាន​ដាំ​បន្លែ​សរីរាង្គ​ហ្នឹង​ឲ្យ​បាន​ច្រើន​ ឬ​យ៉ាង​ណា​ដែរ?

ច៖ ខ្ញុំ​គិត​ថា ​បើ​បាន​ច្រើន​កាន់​តែ​ល្អ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​ គាត់​ហូប​បន្លែ​ដែល​ដាំ​នៅ​ស្រុក​យើងដែល​គ្មាន​ជាតិ​គីមី​ គឺ​បាន​ច្រើន​ទូលំ​ទូលាយ​ទៅ​ ហើយ​ការ​ហូប​ក៏​កាន់​តែ​ច្រើន​ទៅ។​ វា​ធ្វើ​ឲ្យ​សុខភាពប្រជាជន​យើង​ទាំង​អស់​គ្នា​កាន់​តែ​ល្អ។

ស៖ ​តើ​កសិដ្ឋាន​សរីរាង្គ​មាន​ការ​ប្រកួត​ប្រជែង​បែប​ណា​ដែរ​ នៅ​លើ​ទីផ្សារ?

ច៖ កសិដ្ឋាន​សរីរាង្គ ​ប្រកួត​ប្រជែង​ទី១​គឺ​គុណភាព។ ទី២​គឺ​ប្រកួត​ប្រជែង។ រឿង​តម្លៃ​ពេល​ដែល​យើង​ធ្វើ​បាន​ គេ​ក៏​ធ្វើ​បាន។​ ពេល​ធ្វើ​បាន​ វា​ក៏​មាន​ច្រើន​ អញ្ចឹង​អា​តម្លៃ​វា​ក៏​ធ្លាក់​ចុះ។

ស៖ តើ​នៅ​ពេល​អនាគត​ តើ​លោក​គិត​ថា ​ទីផ្សារ​សរីរាង្គ​ហ្នឹង​នេះ​ អាច​នឹង​មាន​ការ​រីចម្រើន​ ឬ​យ៉ាង​ណា​ដែរ?

ច៖ ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ទៅ​ប្រជាពលរដ្ឋ​យើង​ក៏​ដឹង​ច្រើន​អំពី​ការ​មាន​ជាតិ​គីមី​ និង​ការ​គ្មាន​ជាតិ​គីមី​ហ្នឹង​ជា​ច្រើន។ អញ្ចឹង​វា​ធ្វើ​ឲ្យ​គាត់​ងាក​មក​រក​ការ​គ្មាន​ជាតិ​គីមី ​ចំពោះ​សុខភាព​របស់​គាត់​ដើម្បី​អនាគត​របស់​គាត់។​ អញ្ចឹង​លើស​តម្លៃ​តិចតួច​ គាត់​នឹង​ឈាន​មក​រក​បន្លែ​ធម្មជាតិ​ភាគ​ច្រើន។​អញ្ចឹង​កាលណា​គាត់​ងាក​មក​រក​បន្លែ​ធម្មជាតិ​ជា​រឿយៗ​ គេ​គ្រប់​គ្នា​អញ្ចឹង​មក។​ អ្នក​គ្រប់​គ្នា​ដែល​ផលិត​បន្លែ​បាន​កាន់​តែ​ច្រើន​ទៅ​អាច​ផ្គត់ផ្គង់​បាន​គ្រប់​គ្រាន់។

ស៖ តើ​បន្លែ​សរីរាង្គ​នេះ​ មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សុខភាព​រាង្គកាយ​ អ្នក​ប្រើប្រាស់?

ច៖ ធ្វើ​ឲ្យ​យើង​គ្មាន​ជម្ងឺ​បៀតបែន​ដូចជា​ជំងឺ​ប្លែកៗ។ ស្រុក​យើង​សព្វ​ថ្ងៃ​ស្អី ក៏​គីមី​ដែរ។​ ភាគ​ច្រើន​សឹង​ថា​៩០​ភាគ​រយ​ហើយ​ ដែល​មាន​សារធាតុ​គីមី។ ​អញ្ចឹង​យើង​សង្កេត​មើល​សុខភាព​ ប្រជាជន​យើង​មាន​ជម្ងឺ​ប្លែកៗ​ច្រើន​ណាស់។​ បន្លែ​ឬ​ក៏​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ធម្មជាតិ​ អញ្ចឹង​វា​អត់​មាន​ប្រើ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​គីមី។ ​ធម្មជាតិ​ហ្នឹង​វា​ធ្វើ​ឲ្យ​សុខភាព​យើង​មាំមួន​ រឹងមាំ​ល្អ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!