VOA News: ព័ត៌មាន: “កម្ពុជារងផលប៉ះពាល់ធ្ងន់ជាងគេពីទំនប់ទន្លេមេគង្គ” plus 4 more |
- កម្ពុជារងផលប៉ះពាល់ធ្ងន់ជាងគេពីទំនប់ទន្លេមេគង្គ
- តុលាការក្រុងភ្នំពេញលើកពេលសួរអ្នកភូមិបឹងកក់
- ព័ត៌មានអន្តរជាតិ៖ ១៨ តុលា
- មន្ត្រីចិន និងមន្ត្រីអាមេរិកជួបមន្ត្រីខ្មែរពិភាក្សាការផ្តល់ជំនួយដល់ជនរងគ្រោះទឹកជំនន់
- ទោះមានបម្រាម ស្រ្តីបម្រើតាមផ្ទះខ្មែរនៅតែត្រូវគេបញ្ជូនទៅម៉ាឡេស៊ី
កម្ពុជារងផលប៉ះពាល់ធ្ងន់ជាងគេពីទំនប់ទន្លេមេគង្គ Posted: 18 Oct 2011 01:55 PM PDT ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ កាលពីថ្ងៃអង្គារ៍ បានព្រមានសាជាថ្មីម្តងទៀតពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគម្រោងសាងសង់ទំនប់វារីអគ្គីសនី នៅតាមបណ្តោយទន្លេមេគង្គ និងតាមបណ្តោយដៃទន្លេនេះ ដោយបញ្ជាក់ថា កម្ពុជានឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ប្រទេសចិនមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាងហាសិបនៅទន្លេមេគង្គ និងដៃរបស់វា។ នៅក្នុងនោះទំនប់វារីអគ្គិសនីចំនួនបួនកំពុងតែដំណើរការ។ ជាមួយគ្នានេះ មានគម្រោងសាសង់ទំនប់វារីអគ្គិសនីចំនួន១២ទៀតនៅលើខ្សែទឹកនៃទន្លេមេគង្គក្រោម។ ក្នុងនោះទំនប់ចំនួនពីរ ស្ថិតក្នុងប្រទេសឡាវ និងចំនួនពីរទៀត ស្ថិតក្នុងប្រទេសកម្ពុជា ដែលវិនិយោគដោយប្រទេសចិន។ ក្រុមអ្នកជំនាញបានទទួលស្គាល់នៅក្នុងកិច្ចពិភាក្សាតុមូលនៅក្នុងទីក្រុងភ្នំពេញ ដែលរៀបចំដោយវិទ្យាស្ថានកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការណ៍ និងសន្តិភាព ថាការវិនិយោគលើវិស័យនេះនឹងនាំឲ្យមានផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែង។ ក៏ប៉ុន្តែវាក៏នៅតែបង្កឲ្យមានផលប៉ះពាល់ដល់ធនធាននៅក្នុងទឹក បរិស្ថាន ការរស់នៅរបស់ប្រជាជន និងសន្តិសុខស្បៀងផងដែរ។ លោក អែម ហុយ អ្នកជំនាញផ្នែកជីវិតជនបទ បានបញ្ជាក់នៅក្នុងការពិភាក្សានោះថា ការសិក្សាបានបង្ហាញថា ប្រជាពលរដ្ឋដែលពឹងអាស្រ័យលើធនធានទឹកទៅតាមតំបន់ដែលសាងសង់ទំនប់វារីអគ្គិសនីនឹងទទួលផលប៉ះពាល់យ៉ាងខ្លាំង។ «នឹងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន ហើយការចំណាយមួយ ដែលមានការប្រើប្រាស់យូរអង្វែង។ ប៉ុន្តែ ទទ្ទឹមនឹងនេះក៏មានផលប៉ះពាល់ វាជាអវិជ្ជមាន។ វាធ្វើឲ្យអ្នករស់នៅតាមដងទន្លេមេគង្គហ្នឹងជួប បញ្ហាផ្នែកជីវភាពអាហារការដាំដុះ ហើយការនេសាទត្រី ដែលជាមុខរបរសំខាន់របស់គាត់ ហើយវាធ្វើឲ្យប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី»។ ទន្លេមេគង្គមានប្រវែងជាងបួនពាន់គីឡូម៉ែត ដោយហូរឆ្លងកាត់ប្រទេសចំនួនប្រាំមួយគឺ ចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម។ លោក អាឡាន ប្រ៊ូក (Alan Brook) នាយកមជ្ឈមណ្ឌល World Fish Center បានបង្ហាញថា ទន្លេដ៏វែងរបស់ពិភពលោកមួយនេះ ផ្តល់ផលត្រីចំនួនជាងពីរតោននៅក្នុងមួយឆ្នាំ គឺជាទិន្នផលត្រីច្រើនជាងគេនៅក្នុងពិភពលោក ក្នុងខ្សែទន្លេតែមួយ ហើយមានសត្វចម្រុះប្រមាណជាងមួយពាន់ប្រាំរយប្រភេទ។ លោក ប្រ៊ូក បានឲ្យដឹងថា ការសាងសង់ទំនប់វារីអគ្គិសនីនឹងខ្ទប់ការផ្លាស់ទីរបស់ត្រី បំផ្លាញជម្រករបស់ត្រី រួមទាំងបំបាត់ពួជត្រីផងដែរ ហើយកម្ពុជានឹងទទួលរងផលប៉ះពាល់ច្រើនជាងគេ។ លោកប៊្រូកផ្តល់យោបល់ថា ដើម្បីរក្សាទិន្នផលត្រីឲ្យមានស្ថិរភាព គេត្រូវបង្កើតបណ្តាញសម្របសម្រួលយោគយល់គ្នា សម្រាប់ការបង្កើតសមាសភាពបណ្តាញនេះ។ ក្រុមអ្នកជំនាញ បានលើកឡើងថា ការបាត់បង់ផលត្រីដោយសារការសាងសង់ទំនប់វារីអគ្គិសនី នឹង មានទំហំទឹកប្រាក់រហូតទៅដល់ប្រាំរយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ដូច្នេះ ប្រសិនទំនប់វារីអគ្គិសនីត្រូវបានសាងសង់ គួរតែបែងចែកផលចំណេញប្រកបដោយសមាសភាព ហើយប្រជាពលរដ្ឋរូបនោះ ត្រូវតែទទួលបានសំណង។ លោក ដៅ ជុង ទូ (Dao trong tu) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្រាប់អភិវឌ្ឍធនធានទឹក ប្រកបដោយចីរភាព និងការស៊ាំនឹងការប្រែប្រួលអាកាសធាតុមកពីប្រទេសវៀតណាម មានប្រសាសន៍ថា ការវិនិយោគច្រើនលើសំណង់វារីអគ្គិសនីនឹងធ្វើឲ្យធនធានទឹកប្រមាណជាងហាសិបភាគរយ នៃទន្លេមេគង្គក្លាយជាអាងស្តុកទឹកសម្រាប់ទំនប់វារីអគ្គីសនី។ «អនាគតរបស់ទន្លេមេគង្គដូចជាស្ថិតនៅចំផ្លូវបំបែកនៃផលចំណេញរបស់ប្រទេសនីមួយៗ ពឹងផ្អែកលើអ្នកវិនិយោគទុន»។ ក្រុមមន្រ្តី និងនិស្សិត ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូល បានសម្តែងកង្វល់ចំពោះគម្រោង សាងសង់ទំនប់វារីអគ្គិសនីយ៉ាងច្រើនរបស់ចិននៅលើដងទន្លេមេគង្គ។ កញ្ញា ជូ ដៃស្សូរ ភារធារីអមស្ថានទូតចិន ដែលបានចូលរួមនៅក្នុងវេទិកាតុមូលនេះ បានអះអាងថាកង្វល់ទាំងនេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋបាលចិន។ កិច្ចប្រជុំតុមូលនេះ ឧបត្ថម្ភដោយ វីអូអេ សំឡេងសហរដ្ឋអាមេរិក។ មន្ត្រីផ្លូវការរបស់រដ្ឋាភិបាលដែលត្រូវបានអញ្ជើញ មិនមានវត្តមានទេ៕ This posting includes an audio/video/photo media file: Download Now |
តុលាការក្រុងភ្នំពេញលើកពេលសួរអ្នកភូមិបឹងកក់ Posted: 18 Oct 2011 12:00 PM PDT តុលាការក្រុងភ្នំពេញបានប្រកាសលើកពេលសាកសួរភ្លាមៗចំពោះករណីប្រជាពលរដ្ឋនៅតំបន់បឹងកក់បន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំងនៅពីមុខតុលាការនៅព្រឹកថ្ងៃអង្គារ៏នេះ។ «ជួយរកយុត្តិធម៌ឲ្យពួកយើងខ្ញុំផង ពួកយើងខ្ញុំគ្មានកំហុសទេ។ តុលាការត្រូវតែឯករាជ្យសម្រាប់អ្នកក្រ»។ តាមរយៈដីកាកោះហៅរបស់លោកសុខ រឿន ព្រះរាជអាជ្ញារងក្រុងភ្នំពេញបានកោះអញ្ជើញលោកស្រីទេព វន្នីតំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់មកសាកសួរតាមបណ្តឹងរបស់សាលាក្រុងភ្នំពេញពីបទបរិហាកេរ្តិ៍ និងលោក ដួង គា ប្រជាពលរដ្ឋភូមិ២២តាមបណ្តឹងមួយផ្សេងទៀតរបស់ប្រជាពលរដ្ឋចំនួនប្រាំបីគ្រួសារដែលបានប្តឹងក្រុមហ៊ុនថា បានបំផ្លាញទ្រព្យសម្បត្តិឯកជនកាលពីថ្ងៃទី១៦ខែកញ្ញាកន្លងទៅនេះ។ ការកោះហៅប្រជាពលរដ្ឋនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងនៅពីមុខតុលាការ។ ប្រជាពលរដ្ឋដែលត្រូវបានហៅធ្វើការសាកសួរបានស្លៀកពាក់ស កាន់ដីពីតំបន់បឹងកក់ម្នាក់មួយកញ្ចប់ៗ និង កាន់រូបភាពស្តីពីការប៉ះទង្គិចរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅតំបន់បឹងកក់ទៀតផង។ លោក ដួង គា អាយុ៤៣ឆ្នាំបានអុជធូកនៅចំពោះមុខតុលាការដើម្បីបួងសួងឲ្យតុលាការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋរងគ្រោះនៅតំបន់បឹងកក់។ លោកបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងលាយឡំនឹងការអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជួយរកយុត្តិធម៌។ «អ្វីដែលខ្ញុំបានកសាងមកជាង៣០-៤០ឆ្នាំកន្លងទៅនេះមិននឹកស្មានថា មួយប៉ព្រិចភ្នែកគេត្រូវកម្ទេចអស់រលីង។ តើខ្ញុំសង្ឃឹមអ្វីទៀត។ សូមឲ្យសម្តេចហ៊ុន សែន និងលោកជំទាវ លោកមេធាវី លោកចៅក្រម សុខ រឿន មាស ពីសិដ្ឋ ពិចារណារឿងក្តីក្តាំទាំងអស់នេះឡើងវិញ»។ អង្គុយបទជើងផ្ទាល់នឹងថ្នល់កៅស៊ូក្នុងសម្លៀកបំពាក់ស អ្នកស្រី ហេង មុំ ប្រជាពលរដ្ឋនៅភូមិ២២បាននិយាយថា ប្រជាពលរដ្ឋគ្មានកំហុសទេគឺគ្រាន់តស៊ូដើម្បីសម្រាប់ការស់នៅតែប៉ុណ្ណោះ។ «ទ្រព្យសម្បត្តិ ផ្ទះសម្បែងអស់ហើយ បែរជាគេកោះហៅមកតុលាការទៀតតើយុត្តិធម៌មានទេលើលោកនេះ។ ខ្ញុំសុំតែសិទ្ឋិជ្រកកោន និងសិទ្ឋិរស់នៅសូម្បីតែសិទ្ឋិបញ្ចេញមតិក៏ពួកខ្ញុំត្រូវគេបំបិទសិទ្ឋិគ្រប់បែបយ៉ាង»។ ការតវ៉ារបស់ប្រជាពលរដ្ឋពុំមានការបង្ក្រាបពីអាជ្ញាធរដូចសព្វមួយដងទេ។ មន្រ្តីប៉ូលីសតិចតួចប៉ុណ្ណោះត្រូវដាក់ពង្រាយឃ្លាំមើលនៅក្បែៗអគារតុលាការ។ លោកស្រី ទេព វន្នី តំណាងប្រជាពលរដ្ឋបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅមុខតុលាការថា ការសាកសួរអ្នកស្រីត្រូវបានលោកសុខ រឿន ព្រះរាជអាជ្ញារងតុលាការបានលើកពេលសាកសួរដោយសារប្រជាពលរដ្ឋប្រមូលផ្តុំតវ៉ាច្រើនពេលដែលរំខានដល់ការសាកសួរ។ អ្នកស្រីបានបញ្ជាក់ទៀតថា ពួកយើងមានការងឿងឆ្ងល់ថា មិនដឹងបរិហាកេរ្តិ៍អ្នកណាទេគឺពួកគាត់គ្រាន់តែសម្តែងមតិតែប៉ុណ្ណោះ។ «ពួកខ្ញុំទាងអស់គ្នាអត់ដឹងថា បរិហាកេរ្តិ៍មានន័យរបៀបដូចម្តេចពីព្រោះពួកខ្ញុំឈឺចាប់ប៉ុណ្ណាគឺខ្ញុំសម្តែងចេញប៉ុណ្ណឹង។ ហើយបរិហាកេរ្តិ៍លុះត្រាតែអ្នកហ្នឹងមិនដឹងអីសោះ។ ខ្ញុំទៅហែកហួរគេអីឬមួយយ៉ាងម៉េចបានខ្ញុំខុស។ ការឈឺចាប់ពួកខ្ញុំសម្តែងចេញទៅជារឿងធម្មតាទេនេះមិនមែនជារឿងបរិហាកេរ្តិ៍ទេ»។ លោក សុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នពេញ និងលោកជីវ កេងប្រធានតុលាការមិនអាចសុំសេចក្តីអត្ថាធិប្បាយបានទេ។ លោក សួង សុផលមេធាវីការពារក្តីរបស់សាលាក្រុងភ្នំពេញមិនធ្វើអត្ថាធិប្បាយទេដោយលោកនិយាយថាវិជ្ជាជីវៈមេធាវីមិននិយាយនៅពេលដំណើររឿងក្តីទេ។ «ខ្ញុំជាមេធាវី។ អញ្ចឹងមេធាវីមានក្រមសីលធម៌របស់គេ។ អញ្ចឹងការសម្ភាសជាមួយបងជាអ្នកកាសែតអីខ្ញុំអត់អាចធ្វើបានទេពីព្រោះវាស្ថិតនៅក្នុងconfidencial របស់រឿងក្តី»។ លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្កការសិទ្ឋិមនុស្សលីកាដូបានប្រាប់អ្នកយកព័ត៌មានថា តាមធម្មតានៅពេលមានទំនាស់ដីធ្លី ប្រជាពលរដ្ឋតែងតែទទួលរងគ្រោះដោយបណ្តឹងបរិហាកេរ្តិ៍ និងបណ្តឹងព្រហ្មទណ្ឌផ្សេងៗពីខាងតំណាងក្រុមហ៊ុនឬអាជ្ញាធរ។ លោកបានបញ្ជាក់ថា នេះជាបន្ទុកថ្មីមួយទៀតសម្រាប់ពលរដ្ឋនៅតំបន់បឹងកក់។ «អញ្ចឹងយើងឃើញថា បន្ទុកដែលធ្វើឲ្យបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធ្លាក់ដុនដាបទៅហ្នឹងកាន់តែកើនឡើងហើយបញ្ហាសុវត្ថិភាពរស់នៅរបស់ពួកគាត់ក៏កាន់តែថយចុះ»។ លោកស្រីមួរ សុខហួរអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបាននិយាយថា តុលាការជាស្ថាប័នឯករាជ្យហើយប្រជាពលរដ្ឋចង់បានយុត្តិធម៌។ ប្រសិនបើពុំមានកំណែទម្រង់ប្រព័ន្ឋយុត្តិធម៌ទេនោះប្រជាពលរដ្ឋ និងជួបទុក្ខលំបាកជារៀងរហូត៕ This posting includes an audio/video/photo media file: Download Now |
Posted: 17 Oct 2011 08:27 PM PDT ព័ត៌មានចុងក្រោយបំផុត៖ អ៊ីរ៉ង់/សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រឌិតការចោទប្រកាន់អំពីផែនការប្រព្រឹត្តអំពើទុច្ចរិតរបស់អ៊ីរ៉ង់ក្នុងការធ្វើឃាតឯកអគ្គរដ្ឋទូតប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំសហរដ្ឋអាមេរិកដើម្បីធ្វើឲ្យមានការបែកបាក់គ្នារវាងរដ្ឋាភិបាលក្រុង Tehran និងប្រទេសអារ៉ាប៊ីសាអូឌីត។ អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ លោក Gilad Shalit ដែលជាទាហានអ៊ីស្រាអែល បានវិលត្រទ្បប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញក្រោយពីត្រូវបានដោះលែងដោយចលនាអ៊ីស្លាមនិយមហាម៉ាស់ក្នុងការដោះដូរគ្នាជាមួយអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។ ប៉ាឡេស្ទីន៖ នេះជាបញ្ជីឈ្មោះនៃអ្នកទោសប៉ាឡេស្ទីនសំខាន់ៗខ្លះដែលត្រូវដោះលែងជាថ្នូរនឹង លោកGilad Shalit ដែលជាទាហានអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួនៈ លោក Nael Barghouthi: គេជឿថា លោកជាអ្នកទោសប៉ាឡេស្ទីនដែលជាប់ឃុំឃាំងយូរជាងគេ។ លោក Sami Younis: គេជឿថាលោកជាអ្នកទោសប៉ាឡេស្ទីនចាស់ជាងគេ ហើយមានរបាយការណ៍ខ្លះនិយាយថាលោកមានអាយុ៧៨ឆ្នាំ។ អ្នកទោសប៉ាឡេស្ទីនសំខាន់ៗឯទៀតៗមានដូចជា លោក Yehya al-Sinwar លោក Abdel Hadi Ghanem លោក Mohammed al-Sharatha លោក Marwan Barghouti និងលោក Ahmed Saadat។ ស៊ីរី៖ កាលពីថ្ងៃច័ន្ទ កងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សយ៉ាងតិច២៥នាក់នៅក្នុងការវាយប្រហារមួយទៅលើសំបុកក្រុមប្រឆាំងនៅ Homs ខណៈពេលដែលអង្គការសហប្រជាជាតិបានអំពាវនាវដល់រដ្ឋាភិបាលស៊ីរីឲ្យអនុញ្ញាតឲ្យមានការស៊ើបអង្កេតមួយអំពីការរំលោភសិទ្ធិមនុស្សដែលអាចកើតមានឡើងនៅក្នុងប្រទេសស៊ីរី។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> បច្ចេកវិទ្យា៖ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ឲ្យដឹងថាខ្លួនបានលក់ដាច់ទូរស័ព្ទថ្មី iPhone 4s ថ្មីរបស់ខ្លួនចំនួន៤លានគ្រឿងក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ នាយកប្រតិបត្តិ Apple និយាយថានេះជាការលក់ដាច់ខ្លាំងបំផុតសម្រាប់ទូស័ព្ទម៉ាក្ស iPhone នេះ។ ទូរស័ព្ទថ្មីនេះបានទាក់ទាញឲ្យមានការរាយការណ៍យ៉ាងខ្លាំងពីបណ្តាញផ្សាយព័ត៌មាន ដោយសាតែម៉ាស៊ីតថត ការបញ្ជារដោយគ្រាន់តែនិយាយ និងមុខងារផ្សេងៗទៀត។ កម្ពុជា៖ អង្គការសហប្រជាជាតិប្រាប់ឲ្យដឹងថាមន្រ្តីកំពូលម្នាក់ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការពិភពលោកនេះនឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជានៅសប្តាហ៍នេះដើម្បីពិភាក្សាពីការចោទប្រកាន់ការជ្រៀតជ្រែកខាងនយោបាយពីរដ្ឋាភិបាលក្រុងភ្នំពេញចូលក្នុងតុលាការខ្មែរក្រហម។ សហរដ្ឋអាមេរិក៖ ផលិតផលឧស្សាហកម្មសហរដ្ឋអាមេរិក បានកើនឡើងក្នុងខែកញ្ញា មួយផ្នែកដោយសារតម្រូវការរថយន្តនិងម៉ាស៊ីនកុំព្យូទ័រ ហើយកំពុងបន្ថយការភ័យខ្លាចសេដ្ឋកិច្ចដ៍ធំបំផុតរបស់ពិភពលោក អាចវិលត្រឡប់ចូលក្នុងការមិនរីកចម្រើនម្តងទៀត។ លីប៊ី៖ ពួកអ្នកប្រយុទ្ធរដ្ឋាភិបាលអន្តរកាលលីប៊ីនិយាយថា ពួកគេបានត្រួតត្រាទីក្រុង Bani Walid ស្ទើរតែទាំងអស់ ដែលជាទីតាំងដ៍រឹងមាំមួយនៃទីតាំងដ៍រឹងមាំចុងក្រោយបង្អស់របស់ពួកអ្នកស្មោះត្រង់អតីតមេដឹកនាំ Gadhafi។ ស៊ីរី៖ សម្ព័ន្ធភាពអារ៉ាប់ប្រាប់ឲ្យដឹងថាខ្លួននឹងធ្វើការបង្រួបបង្រួមរដ្ឋាភិបាលនិងគណបក្សប្រឆាំងស៊ីរីក្នុងគោលបំណងបញ្ចប់អំពើហិង្សាដែលកំពុងបន្តមានឡើង ក្នុងប្រទេស។ យេម៉ែន៖ ការប៉ះទង្គិចគ្នារវាងកងទ័ពដែលស្មោះត្រង់ប្រធានាធិបតី Ali Abdulalh Saleh និងកងទ័ពប្រឆាំងយេម៉ែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៣នាក់ដែរនៅក្នុងរដ្ឋធានី Sana'a ។ អ៊ីរ៉ង់៖ ឲ្យដឹងថាខ្លួនប្រុងប្រៀងជាស្រេចហើយដើម្បីសិក្សាការចោទប្រកាន់របស់សហរដ្ឋអាមេរិកពីផែនការរបស់អ៊ីរ៉ង់សម្លាប់ឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតនៅក្នុងសហរដ្ឋអាមេរិក។ ប៉ាគីស្ថាន៖ ពួកកងជីវពលបានវាយប្រហារកងទ័ពប៉ាគីស្ថានក្នុងតំបន់កុលសម្ព័ន្ធផ្នែកពាយ័ព្យដោយបានសម្លាប់ទាហានយ៉ាងហោចណាស់ណាស់៩នាក់ដែរ។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានចាប់ផ្តើមធ្វើដំណើរនៅក្នុងបណ្តារដ្ឋខាងត្បូងដោយជំរុញឲ្យពួកអ្នកបោះឆ្នោតដាក់ការគៀបសង្កត់លើសភាឲ្យអនុម័តសេចក្តីព្រាងច្បាប់បង្កើតការងារមួយឈុតដែលមិនទាន់បានទទួលការអនុម័តពីសភាកាលពីសប្តាហ៍មុន។ បែលហ្សិក៖ អឺរ៉ុបកំពុងប្រឈមមុខសប្តាហ៍ដ៍សំខាន់មួយដើម្បីដោះស្រាយវិបត្តិបំណុលរយៈពេលពីរឆ្នាំរបស់ខ្លួន មុនពេលមេដឹកនាំរបស់ខ្លួនធ្វើដំណើរទៅចូលរួមសន្និសីទកំពូលទីក្រុង Brussels នៅថ្ងៃអាទិត្យ។ ហ្វីលីពីន៖ កងទ័ពម៉ារីនដ៍ធំមួយរបស់សហរដ្ឋអាមេរិកបានចូលរួមជាមួយកងទ័ពហ្វីលីពីនដើម្បីធ្វើសមយុទ្ធរយៈពេលពីរថ្ងៃដែលរួមមានការវាយប្រហារប្រកបដោយអរិយភាពនៅជិតប្រជុំកោះដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង៕ This posting includes an audio/video/photo media file: Download Now |
មន្ត្រីចិន និងមន្ត្រីអាមេរិកជួបមន្ត្រីខ្មែរពិភាក្សាការផ្តល់ជំនួយដល់ជនរងគ្រោះទឹកជំនន់ Posted: 18 Oct 2011 07:33 AM PDT ទឹកជំនន់នៅបន្តជន់លិចរាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ១៧ តុលានេះ ពេលរដ្ឋាភិបាលព្យាយាមទប់ស្កាត់ការបំផ្លិចបំផ្លាញដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតច្រើនឆ្នាំមកនេះ។ ទឹកជំនន់និងដីបាក់បានសម្លាប់មនុស្ស២៤៧នាក់នៅកម្ពុជា។ ទឹកបានចាប់ផ្តើមស្រក តែផ្ទះជាច្រើននៅលិច ហើយអ្នកភ្នំពេញខ្លះប្រើទូកធ្វើដំណើរ។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីឲ្យដឹងថា ខេត្តក្រុង១៧នៃខេត្តក្រុងទាំង២៤រងការប៉ះពាល់។ លោកហោណាំហុង រដ្ឋមន្ត្រីការបរទេស បានជួបលោក David Carden ប្រធានបេសកកម្មអាមេរិកប្រចាំអាស៊ាន ដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌អាមេរិក។ <!--AV--> ជំនួបនេះធ្វើឡើងពេលក្រុងភ្នំពេញត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០១២។ លោក Carden និយាយថា៖ «យើងអាណិតអាសូរជនរងគ្រោះដោយសារគ្រោះមហន្តរាយនេះ។ វាបានបំផ្លាញស្រូវ និងសម្លាប់មនុស្ស។ ស.រ.អា.កំពុងផ្តល់ជំនួយដើម្បីបន្ធូរបន្ថយការលំបាកដោយសារទឹកជំនន់នេះ»។ ចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោក បានបញ្ជូនជំនួយ៨លានដុល្លារកាលពីថ្ងៃសៅរ៍ ហើយបានចុះហត្ថលេខានៅថ្ងៃច័ន្ទ។ ជំនួយរួមមាន ថ្នាំពេទ្យ ភួយ ក្រណាត់កៅស៊ូ មុង ជាដើម ដើម្បីចែកឲ្យជនរងគ្រោះ។ យន្តហោះមួយគ្រឿងបានដឹកជំនួយមកដល់កាលពីថ្ងៃអាទិត្យ។ នៅថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតចិន និងមន្ត្រីអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងចែកអំណោយឲ្យជនរងគ្រោះនៅខេត្តកណ្តាល។ លោកហោ ណាំហុងមានប្រសាសន៍ថា «តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា ខ្ញុំសូមថ្លៃងអំណរគុណយ៉ាងជ្រៀលជ្រៅដល់រដ្ឋាភិបាលដែលផ្តល់ជំនួយមនុស្សធម៌នេះ»។ អាជ្ញាធរឲ្យដឹងថា ប្រជាជន១លាន៥សែននាក់បានរងគ្រោះទឹកជំនន់។ សាលាជាង២០០០ និងស្រូវជាង២ម៉ឺនហិចតាត្រូវខូចខាតក្នុងខេត្តចំនួន១៨។ កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសលុបចោលពិធីបុណ្យអុំទូក ដោយសារគ្រោះទឹកជំនន់៕ ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ This posting includes an audio/video/photo media file: Download Now |
ទោះមានបម្រាម ស្រ្តីបម្រើតាមផ្ទះខ្មែរនៅតែត្រូវគេបញ្ជូនទៅម៉ាឡេស៊ី Posted: 18 Oct 2011 07:16 AM PDT លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានចុះហត្ថលេខាលើបទបញ្ជាមួយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដែលបានហាមឃាត់ក្រុមហ៊ុនជ្រើសរើសពលករកុំឲ្យបញ្ជូនពលករក្នុងស្រុកទៅប្រទេសម៉ាឡេស៊ីបន្ទាប់ពីមានសេចក្តីរាយការណ៍មួយចំនួនពីការរំលោភធ្វើបាប។ ក៏ប៉ុន្តែ អង្គការសិទ្ធិមនុស្សដ៍ល្បីល្បាញមួយប្រាប់ឲ្យដឹងថា ការហាមឃាត់នេះបានត្រូវរំលោភភ្លាមៗនៅពេលដែលក្រុមហ៊ុនពីរបានបញ្ជូនស្រ្តីទៅបរទេសបន្ថែមទៀតកាលពីថ្ងៃច័ន្ទ។ ក្រុមសិទ្ធិមនុស្សបានដាក់ការគៀបសង្កត់លើរដ្ឋាភិបាលក្រុងភ្នំពេញអស់រយៈពេលជាច្រើនខែឲ្យប្រយុទ្ធប្រឆាំងការរំលោភធ្វើបាបស្ត្រីកម្ពុជាបម្រើតាមផ្ទះដែលធ្វើការក្នុងប្រទេសម៉ាឡេស៊ី។ កាលពីថ្ងៃសុក្រសប្តាហ៍មុន នាយករដ្ឋមន្រ្តីហ៊ុន សែនបានសន្យាចាត់វិធានការណ៍។ កាលពីថ្ងៃសៅរ លោកបានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ក្រុមហ៊ុនកម្ពុជាជ្រើសរើសពលករមិនឲ្យបញ្ជូនពលករក្នុងស្រុកទៅប្រទេសម៉ាឡេស៊ី។ ក្រុមសិទ្ធិមនុស្សបានស្វាគមន៍ការហាមឃាត់នេះ។ ទីភ្នាក់ងារជ្រើសរើសស្រ្តីបម្រើតាមផ្ទះបានថ្កោលទោសការហាមឃាត់នេះ។ ប៉ុន្តែកាលពីថ្ងៃច័ន្ទ លោកស្រី Naly Pilorge នាយកអង្គការសិទ្ធិមនុស្សLICADHO និយាយថា ក្រុមហ៊ុនពីរ បានបញ្ជូនស្រ្តីក្មេងៗយ៉ាងហោចណាស់ក៏២៥នាក់ដែរទៅប្រទេសម៉ាឡេស៊ីតាមជើងយន្តហោះព្រឹកព្រលឹមពីទីក្រុងភ្នំពេញ។ «កាលពីថ្ងៃសុក្រនិងថ្ងៃសៅរខ្ញុំបានទទួលការលើកទឹកចិត្ត ប៉ុន្តែ បន្ទាប់មកសហការីរបស់ខ្ញុំបានរាយការណ៍ថាមានស្រ្តីយ៉ាងហោចណាស់ក៏២៥នាក់ដែរបានត្រូវគេឃើញចាកចេញទៅកាន់ប្រទេសម៉ាឡេស៊ីនៅព្រឹកនេះ វាជាការបញ្ជាក់យ៉ាងច្បាស់ចំពោះខ្ញុំថាពួកអាជ្ញាធរ ក្រុមហ៊ុន កំពុងបំពានបំរាមនេះ។ ដូច្នេះខ្ញុំមិនបានទទួលការលើកទឹកចិត្តទេ»។ អស់រយៈពេលជាច្រើនខែមកហើយ សមាជិកសភាគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាបានផ្តោតលើការរំលោភធ្វើបាបដ៍ធ្ងន់ធ្ងរដល់ស្រ្តីខ្មែរបំរើតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី។ លោកស្រី Pilorge មានប្រសាសន៍ថា លោកស្រីជឿជាក់ថារដ្ឋាភិបាលបានហាមឃាត់លំហូររបស់ពលករផ្លាស់ទីលំនៅនៅពេលឥឡូវនេះ មួយផ្នែក ពីព្រោះតែ ពួកមន្រ្តីព្រួយបារម្មណ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អាចបញ្ចុះឋានភាពការជួញដូរមនុស្សរបស់ខ្លួន ដែលដាក់ឲ្យខ្លួនស្ថិតក្នុងភាពគ្រោះថ្នាក់បាត់បង់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍ការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឆ្នាំ២០១១ប្រាប់ឲ្យដឹងថាកម្ពុជាមិនបានធ្វើឲ្យមានការជឿនលឿនដើម្បីសម្គាល់អត្តសញ្ញាណឬការពារជនរង្គ្រោះដោយសារការជួញដូរនោះទេ។ មនុស្សក្មេងៗប្រហែល៣សែននាក់បានចូលទីផ្សារកាងាររបស់កម្ពុជាក្នុងមួយឆ្នាំៗ ប៉ុន្តែ មិនមានការងារដែលបានទទួលប្រាក់កម្រៃគ្រប់គ្រាន់ក្នុងស្រុកសម្រាប់មនុស្សភាគច្រើន។ ដោយហេតុនេះហើយបានជាមនុស្សរាប់ម៉ឺននាក់បានឆ្លងកាត់ដោយស្របច្បាប់និងខុសច្បាប់ចូលក្នុងប្រទេសថៃនិងប្រទេសម៉ាឡេស៊ីក្នុងមួយឆ្នាំៗដើម្បីរកការងារធ្វើ។ ស្រ្តីកម្ពុជាយ៉ាងហោចណាស់៣ម៉ឺននាក់ បានត្រូវគេជួលឲ្យធ្វើជាពលករបំរើនៅតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី។ បុរសនិងស្រ្តីជាច្រើន ត្រូវបានគេទាក់ទាញឲ្យធ្វើការងារនានាដូចជានៅក្នុងរោងចក្រនិងចំការកៅស៊ូ ឬរងការឈឺចាប់នៅក្នុងស្ថានភាពដូចជាទាសករនៅលើទូកនេសាទនិងកន្លែងបនបេស្យា។ លោកស្រី Pilorge បានប៉ាន់ស្មានថា ស្រ្តីកម្ពុជាប្រហែលបីពាន់នាក់ដែលមានអាយុពី១៨ទៅ២៤ឆ្នាំបានចាកចេញទៅកាន់ប្រទេសម៉ាឡេស្យាក្នុងមួយខែៗ។ «អ្វីដែលបានកើតឡើងជាការពិតគឺថាឯកសារត្រូវគេធ្វើក្លែងក្លាយ ភូតកុហកដល់ក្រុមគ្រួសារ ដល់នារី ទីភ្នាក់ងារជ្រើសរើសស្ត្រីឲ្យធ្វើការងារតាមផ្ទះ ឃុំឃាំងនារីទាំងនោះ ធ្វើឲ្យពួកគេជំពាក់បំណុល។ អំពើឧក្រិដ្ឋទាំងអស់នេះធ្វើឡើងដើម្បីបំពេញចំនួនដែលអាចបញ្ជូននារីនិងស្រ្តី៣ពាន់នាក់ទៅប្រទេសម៉ាឡេស៊ី»។ ទើបតែមួយសប្តាហ៍កន្លងមកនេះ ប៉ូលីសកម្ពុជា បានវាយឆ្មក់កន្លែងជ្រើសរើសស្រ្តីបំរើការងារតាមផ្ទះមួយហើយបានដោះលែងនារីនៅក្រោមអាយុ៣៥នាក់។ ចាប់តាំងពីនោះមក ក្រុមហ៊ុននោះ បានបិទទ្វា។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនការងារកម្ពុជាបានត្រូវគេដកអាជ្ញាប័ណ្ណប្រតិបត្តិការណ៍របស់ខ្លួននោះ។ លោកស្រី Pilorge មានប្រសាសន៍បន្តទៀតថា បំរាមនេះជាការចាប់ផ្តើមតែប៉ុណ្ណោះ។ «បំរាមនេះគ្រាន់តែជាបង់សម្រាប់រុំរបួសបណ្តោះអាស័ន្ន។ អ្វីដែលចាំបាច់នោះគឺថាមិនមានស្រ្តីកម្ពុជាណាម្នាក់ត្រូវគេបញ្ជូនទៅកាន់ប្រទេសម៉ាឡេស្យារហូតទាល់តែកិច្ចការពារដ៍ត្រឹមត្រូវនិងយន្តការផ្សេងៗទៀតបានត្រូវដាក់នៅនឹងកន្លែងដើម្បីការពារពលករក្នុងស្រុកហើយនឹងពលករកម្ពុជាផ្សេងៗទៀត»។ កាលពីថ្ងៃច័ន្ទ កាសែតThe Starរបស់ម៉ាឡេស្យា បានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីមកចុះផ្សាយថាប្រទេសរបស់លោកនឹងសុំអភ័យទោសកម្ពុជាប្រសិនបើការចោទប្រកាន់ពីការធ្វើទារុណកម្មនិងការរំលោភធ្វើបាបបានត្រូវគេរកឃើញថាជាការពិតនោះ៕ ប្រែសម្រួលដោយ ភី សុភាដា This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |