VOA News: ព័ត៌មាន: “មរតក​ដែល​តុលាការ​ខ្មែរ​ក្រហម​នឹង​បន្សល់​ទុក​នៅ​ស្រពិច​ស្រពិល​នៅឡើយ​ក្រោយពី​ចៅក្រម​លាឈប់” plus 2 more

VOA News: ព័ត៌មាន: “មរតក​ដែល​តុលាការ​ខ្មែរ​ក្រហម​នឹង​បន្សល់​ទុក​នៅ​ស្រពិច​ស្រពិល​នៅឡើយ​ក្រោយពី​ចៅក្រម​លាឈប់” plus 2 more


មរតក​ដែល​តុលាការ​ខ្មែរ​ក្រហម​នឹង​បន្សល់​ទុក​នៅ​ស្រពិច​ស្រពិល​នៅឡើយ​ក្រោយពី​ចៅក្រម​លាឈប់

Posted: 21 Oct 2011 02:25 PM PDT

តុលាការ​ខ្មែរ​ក្រហម​​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កំពុង​ធ្វើការ​ជា​បណ្តើរៗ​ឆ្ពោះទៅ ​ការកាត់​ទោស​ដ៏លំបាក​និង​ធំបំផុត​មួយ។ ​ប៉ុន្តែ​ការកាត់​ទោស​នោះ​បាន​គ្រប​ដណ្តប់​ដោយ​ការ​ដោះ​ស្រាយ​សំណុំ​រឿង​ពីរ​ថែម​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។​ អ្នក​សង្កេត​ការណ៍​តុលាការ​នេះ​កាន់​តែ​ច្រើន​ឡើងៗ​និយាយ​ថា​ ដំណោះ​ស្រាយ​ដែល​តុលាការ​ប្រើ​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​កំពុង​ធ្វើ​ឱ្យ​ខូច​កិត្តិនាម​តុលាការ​នេះ​ បើ​ទោះ​បី​ជា​តុលាការ​នេះ​កំពុង​តែ​រៀបចំ​កាត់ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម​បួន​នាក់​ទៀត​ចំពោះ​ឧក្រិដ្ឋកម្ម ​ដែល​អាក្រក់​ជាង​គេ​បំផុត​ក្នុង​សត​វត្សរ៍​ទី​២០​ក៏ដោយ។

<!--IMAGE-RIGHT-->

តុលាការ​ខ្មែរក្រហម​​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ដ៏លំបាក​ជាង​គេ​បំផុត​នៅ​ឆ្នាំ​ក្រោយ។​ ខណៈ​ពេល​ដែល​ចៅក្រម​និង​ព្រះរាជអាជ្ញា​និង​បុគ្គលិក​ខិតខំ​ធ្វើការ​ឆ្ពោះ​ទៅ​ការកាត់​ទោស​នួន ជា​ ខៀវ សំផន ​អៀង សារី ​និង​អៀង​ ធីរិទ្ធ​នេះ​ ​ពួកគេ​ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​ទិតៀន​កាន់តែ​ច្រើន​ឡើងៗ។

ក្រុម​អ្នក​សង្កេត​ការណ៍​និយាយ​ថា​ ភាព​ជឿជាក់​ជាទូទៅ​លើ​តុលាការ​នេះ​កំពុង​ទទួល​ការ​ប៉ះពាល់។

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា៖

«តុលាការ​នេះ ​ប្រសិនបើ​យើង​ចង់​វាស់​ពី​ជោគជ័យ​គឺ​មាន​ពីរ​ចំណុច​ដែល​តុលាការ​នេះ​ចង់​បំពេញ​ គឺ​ទីមួយ​កាត់​ទោស​អ្នក​ដែល​មាន​តួ​នាទី​ខ្ពស់​នៅ​ចំពោះ​ការ​សម្លាប់​រង្គាល​នៃ​របប​ខ្មែរ​ក្រហម​ ហើយ​ទីពីរ​គឺ​ត្រូវ​តែ​បន្សល់​នូវ​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ជា​គម្រូ​សម្រាប់​​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

យោងតាម​បទសម្ភាសន៍​ជាមួយ​​អ្នក​សង្កេត​ការណ៍​ទាំង​ជាតិ​ និង​អន្តរជាតិ​បាន​ឱ្យ​ដឹង​ថា​ តុលាការ​នេះ​កំពុង​តស៊ូ​នឹង​បញ្ហា​ពីរ​គឺ​ការ​ដោះស្រាយ​សំណុំរឿង​០០៣​និង​០០៤​ដែល​បង្ក​ជា​ការព្រួយ​បារម្ភ​ខ្លាំង​ជាង​គេ​បំផុត​ ​​​ហើយ​សំណុំរឿង​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​បន្ទាប់​ពី​ការកាត់​ក្តី​នៅ​ឆ្នាំ​ក្រោយ។​ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​ដែរ​តុលាការ​នេះ​ត្រូវ​បង្ហាញ​គម្រូ​​ជាទូទៅ។

ក្រុម​អ្នក​សង្កេត​ការណ៍​តុលាការ​ ក្រុម​ការពារ​ជន​រងគ្រោះ ​និង​ជន​រងគ្រោះ​និយាយ​ថា​ ពួកគេ​ចង់​ឱ្យ​សំណុំរឿង​ទាំង​ពីរ​នោះ​ដំណើរ​ការ​ទៅមុខ​ដែល​ជា​ការ​ដើរ​ផ្ទុយគ្នា​ទៅ​នឹង​ជំហរ​ជំទាស់​ជា​សាធារណៈ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ធ្លាប់​សម្តែង​ឱ្យ​ដឹង។

<!--IMAGE-LEFT-->

ទោះបី​យ៉ាងណាក៏​ដោយ​ ចៅក្រម​ស៊ើប​អង្កេត​លើ​សំណុំរឿង​ទាំង​ពីរ​នោះ​ហាក់​បាន​បញ្ចេញ​សញ្ញា​ឱ្យ​ដឹង​ថា​ ពួកគេ​ចង់​បញ្ចប់​​ ឬ​ច្រាន​ចោល​សំណុំរឿង​នោះ​ឱ្យ​បាន​ឆាប់ៗ។ លោក​ចៅក្រម​ Siegfried Blunk ​និង​លោក​ចៅក្រម​យូ ប៊ុនឡេង​និយាយ​កាលពី​ដើម​ឆ្នាំ​នេះ​ថា ​ពួកគេ​មាន​ការ​មន្ទិល​សង្ស័យ​​យ៉ាង​ខ្លាំង​ថា​ តើ​ជន​សង្ស័យ​ប្រាំនាក់​ក្នុង​ករណី​ទាំង​ពីរ​នេះ​អាច​ចាត់ទុក​ថា​ ជា​អ្នក​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ ឬយ៉ាងណា​នៅ​ឡើយ​ទេ ​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម។

ការ​ឱ្យ​និយម​ន័យ​ ការកំណត់​និយម​ន័យ​នៃ​ពាក្យ​«អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត»​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​របស់​តុលាការ​នេះ​ទៅ​ហើយ។

លោក​ John Ciorciari ​សាស្រ្តាចារ្យ​ខាង​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ Michigan ​បាន​បញ្ជាក់ថា៖​ «ការ​ប្រកែកគ្នា​លើ​សំណុំរឿង​០០៣​និង​០០៤​បាន​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះ​តុលាការ​នេះ ​ហើយ​បាន​បង្ហាញ​ពី​ទំនាស់​ផ្ទៃក្នុង​ និង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។ ​វា​ជា​ការ​ពិបាក​ក្នុង​ការ​លុបលាង​ការ​ខូចខាត​នេះ​ណាស់។ ​ប្រសិន​បើ​សំណុំ​រឿង​០០៣​និង​០០៤​ដំណើរការ​ទៅមុខ​ ក៏​វានឹង​នាំ​ឱ្យ​មាន​ការ​មិន​យល់​ស្របគ្នា​ និង​ការ​ចូលជ្រៀត​ជ្រែក ​និង​ការ​ពន្យារ​ពេល​​បន្ថែម​ទៀត​ដល់​ការ​ចាប់ផ្តើម​សវនាការ​ដ៏​សំខាន់​បំផុត​គឺ​សំណុំ​រឿង​លេខ​០០២​ ដែល​​ជា​បន្តបន្ទាប់ ​នឹង​អាច​បរាជ័យ​ ​ដោយសារ​ជន​ជាប់​ចោទ​ទាំង​នោះ​មាន​វ័យ​ចំណាស់​ និង​មាន​សុខភាព​ខ្សោយ»។

<!--IMAGE-RIGHT-->

ជាទូទៅ​សាធារណជន​ចង់​ឱ្យ​តុលាការ​បញ្ចប់​សំណុំ​រឿង​លេខ​០០២​​ឱ្យ​បាន​ឆាប់។ ​បំណង​នេះ​បាន​បង្ហាញ​រូបរាង​យ៉ាង​ច្បាស់​កាល​ពី​ដើម​ខែ​នេះ​ នៅ​ពេល​ដែល​សាក្សី​សំខាន់​ម្នាក់​ដែលជា​អ្នក​រស់​រាន​មាន​ជីវិត​ពី​ការ​កាប់​សម្លាប់​ក្នុង​គុក​ទួលស្លែង​គឺ​លោក​វ៉ាន់ ណាត​បាន​ស្លាប់​ដោយសារ​ជំងឺ​ខូច​ក្រលៀន។ ​ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​ មេ​ដឹកនាំ​ដែល​ត្រូវ​យក​មក​កាត់​ទោស​ក៏​ត្រូវ​ពិនិត្យ​សុខភាព​ថា​ តើ​ពួកគេ​មាន​សុខភាព​ល្អ​គ្រប់​គ្រាន់​ដែល​អាច​ប្រឈម​មុខ​នឹង​ការកាត់​ទោស​ឬទេ។ ​ប្រសិន​បើ​តុលាការ​មិន​អាច​កាត់​ទោស​មេដឹកនាំ​ទាំង​បួន​បាន​គឺ​មាន​ន័យ​ថា ​ពួក​តុលាការ​បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ តែ​ធ្វើការ​ជំនុំ​ជម្រះ​តែ​កាំង​ ហ្កេកអ៊ាវម្នាក់ប៉ុណ្ណោះ។ ​កាំង​ ហ្កេកអ៊ាវ​ហៅ ​ឌុចគឺ​ជា​មេគុក​ទួលស្លែង។ ​សំណុំរឿង​របស់​គាត់​មាន​លក្ខណៈ​សាមញ្ញ​ ប៉ុន្តែ​ការកាត់​ក្តី​របស់​គាត់​ដែល​ចាប់​ផ្តើម​កាលពី​ឆ្នាំ​២០០៩​នៅ​កំពុង​រង់ចាំ​ការ​សម្រេច​ចុងក្រោយ​​នៅឡើយ។

ក្រុម​អ្នក​រិះគន់​តុលាការ​ជាច្រើន​គិត​ថា​ ​បញ្ហា​សំខាន់​សម្រាប់​ការជឿជាក់​លើ​តុលាការ​នេះ​គឺ​ស្ថិតលើ​ចៅក្រម​ស៊ើប​អង្កេត។

កាលពី​ថ្ងៃ​ច័ន្ទ​ ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​គឺ​លោក ​Siegfried Blunk ​បាន​លាឈប់​ពី​តំណែង​ដោយ​លើក​ហេតុផល​ថា​ មាន​ការ​ចូល​ជ្រៀតជ្រែក​ពី​ខាង​រដ្ឋាភិបាល​កម្ពុជា។

ការ​លាឈប់​នេះ​បាន​នាំ​ឱ្យ​អ្នក​តាម​ដាន​សាលាក្តី​ ដូច​ជា​លោក​សាស្រ្តាចារ្យ​ ចន ហល​នៃ​មហា​វិទ្យាល័យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​ Chapman ក្នុង​រដ្ឋ​​កាលីហ្វញ៉ា​ យល់ថា​ នេះ​ជា​ឱកាស​ថ្មី​មួយ​ក្នុង​ការ​ចាប់ផ្តើម​ការស៊ើប​អង្កេត​ប្រកប​ដោយ​ការ​ជឿជាក់​ឡើង​វិញ​លើ​សំណុំរឿង​០០៣​និង​០០៤។

«ប្រសិន​បើ​ការស៊ើបអង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចៅក្រម​ស៊ើប​អង្កេត​​ប្រកប​ដោយ​តម្លាភាព​ ស្មោះត្រង់​ និង​ល្អិតល្អន់ ​វា​នឹង​ជួយ​ស្តារ​កិត្តិយស​របស់​សាលាក្តី​ខ្មែរ​ក្រហម។ ​បើ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​ គឺ​ចៅក្រម​ស៊ើប​អង្កេត​ហាក់​ដូច​ជា​អង្គុយ​នៅស្ងៀម ​ហើយ​មិន​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ។ ​អញ្ចឹង​ខ្ញុំ​គិត​ថា ​មាន​ហេតុផល​រឹងមាំ​ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​លើ​ភាព​ស្របច្បាប់​នៃ​តុលាការ​នេះ ហើយ​ក្នុង​ករណី​នេះ​ខ្ញុំ​គិត​ថា ​វា​ជាការ​សម​ស្រប​សម្រាប់​អង្គការ​សហ​ប្រជាជាតិ​ដកខ្លួន​ចេញ​ពី​សាលាក្តី​នេះ»។

ប៉ុន្តែ​លោក​ហ៊ុយ វណ្ណៈ​ មន្ត្រី​ព័ត៌មាន​របស់​តុលាការ​ខ្មែរ​ក្រហម​បាន​និយាយ​ការពារ​កិច្ចការ​របស់​តុលាការ​ថា៖

«រហូត​មកដល់​ពេល​នេះ​គឺ​តុលាការ​នេះ​បាន​បន្ត​ទៅមុខ​ដោយ​ជោគជ័យ។ ​យើង​ឃើញ​ថា​ សំណុំ​រឿង​លេខ​០០១​ យើង​ជិត​បញ្ចប់​ហើយ។ ​នៅ​ពេល​ខាង​មុខ​នឹង​ប្រកាស​សាល​ក្រម​ស្ថាពរ ​ហើយ​ក៏​គ្រោង​ចាប់​ផ្តើម​នីតិវិធី​០០២​ដែរ​ដែល​ថ្មីៗ​នេះ​តុលាការ​បាន​ធ្វើ​ការប្រកាស​អំពី​ការបំបែក​នីតិវិធី​ដើម្បី​ធ្វើ​ឱ្យ​ដំណើរ​ការ​នេះ​បាន​កាន់តែ​លឿន​ដើម្បី​ប្រយោជន៍​យុត្តិធម៌។ ​ហើយ​យើង​ត្រឡប់​ទៅ​មើល​អំពី​ការរីក​ចម្រើន​និង​ការវិវត្ត​ដែល​ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​ឃ្លាំ​មើល​សាលាក្តី​ភាគច្រើន​ក៏​ដូចជា​ប្រទេស​ម្ចាស់​ជំនួយ»។

កាលពី​ខែ​មេសា​ ចៅក្រម​ស៊ើបអង្កេត​បាន​បិទបញ្ចប់​ការ​ស៊ើបអង្កេត​ករណី​០០៣​យ៉ាងប្រញ៉ាប់​ប្រញ៉ាល់​ដោយ​មិន​ទាំង​បាន​សម្ភាស​ជនសង្ស័យ​​សំខាន់ៗ​ពីរ​នាក់​គឺ​មេ​បញ្ជាការ​យោធា​ លោក​មាស មុត​ ​និង​លោក​​ស៊ូ ម៉េត ​ដែល​អ្នកទាំងពីរ​ត្រូវ​អតីត​ព្រះរាជ​អាជ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ​និយាយ​ក្នុង​ឆ្នាំ​២០០៨​ថា ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ថ្នាក់​លើ​ក្នុង​ជួរ​អ្នក​ដឹកនាំ។

លោក​អាន់ឌ្រូ ខេលី ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​នាពេល​បច្ចុប្បន្ន​នេះ ​បាន​ប្តឹង​ឧទ្ធរណ៍​ភ្លាមៗ​ឱ្យ​ចៅក្រម​បើក​ការស៊ើប​អង្កេត​ឡើងវិញ​ ដោយ​ស្នើ​ឱ្យ​ពួកគេ​ទៅ​សម្ភាស​ជនសង្ស័យ​និង​ទៅ​មើល​ទីតាំង​ឧក្រិដ្ឋ​កម្ម​សំខាន់ៗ។

លោក ​Ciorciari ​ឱ្យ​ដឹង​ដែរ​ថា​ ចៅក្រម​មិន​បាន​ធ្វើការ​ឱ្យ​ដិត​ដល់​ទេ។

«ព័ត៌មាន​ដែល​យើ​ង​ទទួល​បាន​គឺ​បញ្ជាក់​ថា ​សហចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ធ្វើការ​សម្រេច​ចិត្ត​រួចជាមុន​លើ​សំណុំរឿង​០០៣​និង​០០៤​ ហើយ​បាន​ធ្វើការ​ស៊ើប​អង្កេត​ដោយ​មិន​អស់​ចិត្ត​អស់​ថ្លើម​ទេ»។

កាលពី​ខែ​មិថុនា​ អង្គការ​គម្រោង​សង្គម​យុត្តិធម៌​បើក​ចំហ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​តុលាការ​ធ្វើការ​ស៊ើប​អង្កេត​លើ​ការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​ថា​ ចៅក្រម​ស៊ើប​អង្កេត​មាន​​ចេតនាធ្វើឱ្យ​រាំង​ស្ទះ​ការ​ស៊ើប​អង្កេត។

លោក​ម៉ាទីន ណេសឺគី ​(Martin Nesirky) ​អ្នកនាំ​ពាក្យ​របស់​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​បាន​បញ្ជាក់​ពី​ជំហរ​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ការ​គាំទ្រ​តុលាការ​មួយ​ដែល​ឯករាជ្យ។​ លោក​ក៏​បាន​ស្នើ​សុំ​​ទុក​ពេលឱ្យ​តុលាការ​នេះ​ធ្វើ​ការ​ក្នុងស្ថានភាព​​រួចផុត​ពី​សម្ពាធ​នានា។

«ចៅក្រម​នៅ​អង្គជំនុំ​ជម្រះ​ក្នុង​តុលាការ​កម្ពុជា​ត្រូវ​តែ​មាន​លទ្ធភាព​ធ្វើ​ការ​ដោយ​មិន​មាន​ការជ្រៀត​ជ្រែក​​ពី​​ខាង​ក្រៅ​​ ទោះបី​ជាមក​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ អង្គការ​សហ​ប្រជាជាតិ​ ប្រទេស​ម្ចាស់​ជំនួយ​និង​អង្គការ​សង្គម​ស៊ីវិល»។

<!--IMAGE-LEFT-->

ក្រុម​តាមដាន​កិច្ចការ​តុលាការ​បាន​អំពាវនាវ​ជាថ្មី​កាលពី​ខែ​មុន​ ក្រោយពី​ចៅក្រម​ស៊ើប​អង្កេត​ធ្វើការ​សម្រេច​ចិត្ត​​ដែល​អាច​រារាំង​មិន​ឲ្យ​ជនរងគ្រោះ​ជាច្រើន​មានលទ្ធភាព​ចូលរួម​ក្នុង​សំណុំរឿង​០០២។

ក្នុង​បទ​សម្ភាសន៍​មួយ​លោក James Goldston ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ OSJI ​និយាយ​ថា​ តុលាការ​នោះ​មិន​ឈាន​ដល់​កម្រិត​ស្តង់ដារ​អន្តរជាតិទេ ​ជាពិសេស​ខាងផ្នែក​ស៊ើបអង្កេត។

«មន្ត្រី​យុត្តិធម៌​របស់​តុលាការ​គួរ​តែ​ធ្វើការ​ដូច​តុលាការ​ដទៃ​ទៀត​ ដែល​ដោះស្រាយ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ។ ​ទាំងនេះ​ជា​ការ​ចាំបាច់​ក្នុង​ការ​ធ្វើការ​ស៊ើប​អង្កេត​ក្នុង​ស្ថានភាព​ដែល​នឹង​មាន​ប្រសិទ្ធិភាព​ ហើយ​មាន​សមត្ថភាព​​ឈាន​ទៅ​វែកមុខ​ និង​ដាក់ទោស​ជនទាំងឡាយ​ណា​​ដែល​ទទួល​ខុស​ត្រូវ​ ហើយ​នៅ​ឯករាជ្យ​​ពី​​សម្ពាធ​​ពី​ខាង​ក្រៅ​​ និង​បើកចំហ​ឱ្យ​សាធារណជន​បាន​ដឹង»។

បញ្ហា​ទាក់ទឹន​នឹង​ការ​តាម​មើល​ពី​សាធារណជន ​និង​តម្លាភាព​បាន​តាម​លង​តុលាការ​នេះ​តាំង​ពី​មុន​ពេល​តុលាការ​នេះ​ចាប់ផ្តើម​ដំណើរការ​ម៉្លេះ។​ តាំង​ពី​ពេល​បង្កើតឡើង​ ក្រោយពី​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​រវាង​អង្គការ​សហប្រជាជាតិ​ និង​កម្ពុជា​ក្នុង​ឆ្នាំ​២០០៦​នោះ​ តុលាការ​នេះ​បាន​ប្រឡាក់​ប្រឡូស​នឹង​ការចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ​ដែល​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឱ្យ​បាន​ពេញ​លេញ​ជា​សាធារណៈ​នៅ​ឡើយ។

ឥឡូវ​ការ​សម្ងាត់​ដូចគ្នា​នេះ​កំពុង​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣​និង​០០៤។​ នេះ​បើតាមប្រសាសន៍របស់​លោក​ហ្កោលស្តុន។

«គឺ​មាន​ដូច​ជា​ការ​រារាំង​មិនឱ្យ​ជនរងគ្រោះ​ក្នុង​ឧក្រិដ្ឋកម្ម​របស់​ពួកខ្មែរក្រហម​ ហើយ​ដែល​អាច​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ​មាន​ឱកាស​ត្រឹមត្រូវ​ចូលរួម​ក្នុង​ដំណើរ​ការ​របស់​តុលាការ។ ​របៀប​នៃ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​០០៣​និង​០០៤​ត្រូវ​បាន​ធ្វើ​ឡើង​ផ្ទុយគ្នា​ខ្លាំង​ពី​ព័ត៌មាន​ដ៏​សម្បូរ​បែប​ដែល​តុលាការ​បាន​ផ្តល់​ឱ្យ​សាធារណជន​ទាក់ទង​នឹង​ការស៊ើប​អង្កេត​ក្នុង​សំណុំរឿង​​០០១​និង​០០២»។

លោក​ហ្កោល​ស្តុន​បាន​បញ្ជាក់​ដែរ​ថា​ ការ​ដោះស្រាយ​សំណុំរឿង​​ទាំង​ពីរ​នេះ​មិន​បាន​ត្រឹមត្រូវ​នឹង​​ជះ​ផល​អាក្រក់​លើស​ពី​ចៅក្រម​ស៊ើបអង្កេត​ទៅទៀត។

«ផលវិជ្ជមាន​ដែល​បាន​មក​ពី​ការកាត់​ក្តី​មេដឹកនាំ​កំពូលៗ​ក្នុង​សំណុំរឿង​​​០០២​ប្រកប​ដោយ​ជោគជ័យ​នឹង​រលាយ​បាត់​ទៅវិញ​ ប្រសិន​បើ​ការព្រួយ​បារម្ភ​ទាំង​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ប្រកប​ ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ទេ»។

លោក​ប្រែដ​ អាដាម​ នាយក​​អង្គការ​ Human Rights Watch នៅ​តំបន់​អាស៊ី​ និយាយ​ថា​ ក្រោយ​ពី ចំណាយ​ប្រាក់​អស់​២០០​លាន​ដុល្លារ​ តុលាការ​នេះ​គួរ​តែ​អាច​ពង្រីកទំហំការងារ​របស់​ខ្លួន​ឱ្យ​ហួស​ពី​ការ​ជំនុំជម្រះ​មេ​ដឹកនាំ​ទាំង​ប្រាំ​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​តុលាការ។

«អ្នកទាំង​ប្រាំនាក់​នោះ​ត្រូវបាន​គេ​ចោទ ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត​ ប៉ុន្តែ​ពួកគេ​ទាំង​នោះ​មិន​មែន​ជា​អ្នក​បាញ់​សម្លាប់​មនុស្ស​ទេ»។

លោក​អាដាម​បញ្ជាក់​ថា​ ការ​សម​គំនិត​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម​​ចេញ​ពី​ជម្រៅផ្ទៃ​ក្នុង​របស់​ជួរ​មេ​ដឹកនាំ​ក្រុម​ខ្មែរក្រហម​គឺ​ហួស​ពី​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅទៀត។ ​លោក​បន្ថែមថា​ ការកាត់​ទោស​សំណុំ​រឿង​០០៣​និង​០០៤​នឹង​នាំ​ឱ្យ​មាន​ការ​យក​មក​កាត់ទោស​មនុស្ស​ដែល​មាន​ទោស​ធ្ងន់ៗ​ខ្លះ​ដែល​ទទួល​ខុសត្រូវ​ការ​សម្លាប់​មនុស្ស​រាប់​ពាន់​ និង​រាប់​ម៉ឺននាក់។

«នៅ​ក្នុង​តុលាការ​ដទៃ​ទៀត​ អ្វី​ដែល​គេ​ធ្វើ​គឺ​ថា​ នៅពេល​ដែល​ពួកគេ​ទទួល​បាន​ភស្តុតាង​ ពួកគេ​នឹង​បន្ត​ការ​ស៊ើបអង្កេត។ ​ពួក​គេ​ស៊ើបអង្កេត ​ដោយ​ទៅ​សាកសួរ​ចុងចោទ ​ប្រសិន​បើ​គេ​អាច​ធ្វើ​បាន​ ដោយ​ទៅ​សាកសួរ​សាក្សី ​ពិនិត្យ​មើល​ឯកសារ​ ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ។ ​ហើយ​តាម​មើល​ទៅ​សម្រាប់​សំណុំរឿង​០០៣​និង​០០៤​ ពួកគេ​ហាក់​មិន​បាន​ធ្វើ​កិច្ច​ការ​​ដូច​លើក​ឡើង​នេះ​ទេ»។

លោក​និយាយ​ថា​ ចៅក្រម​ស៊ើបអង្កេត​មិន​បាន​ធ្វើការ​គ្រប់​គ្រាន់​ទេ។

«ហេតុអ្វី​បាន​ជា​ពួកគេ​មិន​ចុះ​ទៅ​មូលដ្ឋាន​ឱ្យ​បាន​រាល់​ថ្ងៃ​ រាល់​សប្តាហ៍​ រាល់​ខែ ​ដើម្បី​ទៅ​សម្ភាស​​អ្នក​ទាំង​នោះ​ ដោយ​ព្យាយាម​រក​ឱ្យ​ឃើញ​ថា ​មាន​អ្វី​កើត​ឡើង​នៅ​កន្លែង​ឧក្រិដ្ឋកម្ម​ទាំង​នោះ? ​នោះ​គឺ​ជា​អ្វី​ដែល​ចៅក្រម​ស៊ើប​អង្កេត​អាជីព​ត្រូវ​ធ្វើ។ ​ដូច្នេះ​រឿង​នេះ​ហាក់​ដូច​ជា​មិន​ធម្មតា​​សោះ។​ វា​ជា​ការ​បំពេញ​ការងារ​ដ៏​អន់​បំផុត​របស់​តុលាការ​មួយ​ដែល​អង្គការ​សហ​ប្រជាជាតិ​ចូលរួម​ ដោយ​ហេតុនេះ​ហើយ​បាន​ជា​មាន​ជំនឿយ៉ាង​ទូលំ​ទូលាយ​ និង​ការ​ទទួល​យក​ជា​សាកល​ថា​ តុលាការ​នៅ​ប្រទេស​កម្ពុជា​គឺ​ជា​តុលាការ​មួយ​ដែល​អន់​ជាងគេ​បំផុត»។

លោក​ភីធឺ​ ម៉ាក្វាយ ​សាស្រ្តាចារ្យ​ច្បាប់​អាមេរិកាំង​ និង​ជាអ្នក​និពន្ធ​សៀវភៅ​ស្តីពី​របប​ខ្មែរ​ក្រហម​​និយាយ​ថា​ ចៅ​ក្រម​ស៊ើបអង្កេត​បាន​ទោរទន់​ទៅ​តាម​សម្ពាធ​នយោបាយ។

លោក​បាន​ព្យាករណ៍​ថា​ សំណុំ​រឿង​០០២​គឺ​ជា​សំណុំរឿង​ចុងក្រោយ​របស់​តុលាការ​នេះ ​មុន​ពេល​ពួកគេ​ត្រឡប់​ទៅ​ស្រុក​វិញ។

របៀប​ដោះស្រាយ​សំណុំរឿង​០០៣​និង​០០៤​ដោយ​ចៅក្រម​ស៊ើបអង្កេត​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​ចម្ងល់​ក្នុង​ចំណោម​អ្នក​សង្កេត​ការណ៍​កម្ពុជា ​ដូច​ជា​លោក​ហង្ស​ ឆាយា​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ។

«ចៅក្រម​ស៊ើបអង្កេត​ក៏គួរ​មាន​ការ​ពិចារណា​អំពី​រឿង​ហ្នឹង​ដែរ។​ ប្រសិន​បើ​គាត់​អសកម្ម​ មិន​ព្រម​ធ្វើ​ការងារ​ហ្នឹង​ឱ្យ​បាន​ដិត​ដល់​ ខ្ញុំ​ជឿ​ថា​ វា​ក្លាយ​ជាប្រវត្តិសាស្រ្ត​មួយ​ ហើយ​ចៅក្រម​គឺ​នឹង​ពាក់​ព័ន្ធ​នឹង​ប្រវត្តិសាស្រ្ត​ហើយ។ ​ហើយ​ខ្ញុំ​ជឿថា​ នឹង​មាន​ការ​សោកស្តាយ​ទៅ​អនាគត»។

លោក​ស្រី​ពុង ឈីវកេក​ ស្ថាបនិក​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​និយាយ​ថា ​តុលាការ​នៅ​មាន​ឱកាស​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កេរ​ដំណែល​របស់​ខ្លួន​ដោយ​ឱ្យ​ក្រុម​រាជ​អាជ្ញា​ និង​ចៅក្រម​ស៊ើប​អង្កេត​សហការ​បន្ត​សំណុំ​រឿងក្តី​ទាំង​អស់​នេះ។

«អញ្ចឹង​ បើ​មិន​បាន​ស្រុះ​ស្រួល​គ្នា​ ​ខ្ញុំ​ជឿ​ថា ​បងប្អូន​ប្រហែល​ជាមាន​ការខកចិត្ត​ជាច្រើន​ ហើយ​ឈ្មោះ​ខ្ញុំ​ក៏​មិន​ធានា​ទៀត ​ព្រោះ​ពីដើម​មក​ ដោយសារ​យើង​ឃើញ​ថា​ ពេល​ចាប់ផ្តើម​មក​ ឃើញ​តុលាការ​នេះ​ធ្វើ​ការល្អ។​ អញ្ចឹង​ទៅ​យើង​ទាំងអស់​គ្នា​សង្ឃឹម​ថា​ នឹង​បាន​ឃើញ​យុត្តិធម៌​ផង​ ហើយ​ឃើញ​ការពិត​ផង។​ យើង​នឹក​ឃើញ​អញ្ចេះ​ទៀត​គឺ​ថា ​តុលាការ​នេះ​អាច​ទៅ​ជា​គម្រូ​មួយ»។

សកម្មភាព​របស់​ចៅក្រម​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​០០៣​និង​០០៤​បាន​លើក​ឡើង​ជាសំណួរ​ជា​បន្ត​បន្ទាប់​អំពី​ការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ​ពី​លោក​ហ៊ុន សែន​ និង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ ដែល​អ្នក​ខ្លះ​ក៏​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដែរ។

លោក​ជាម យៀប ​តំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​និយាយ​ថា ​មេដឹកនាំ​ទាំង​បី​នាក់​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​ហេង​ សំរិន ​ប្រធាន​សភាជាតិ និង​លោក​ជា ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​ មិន​ដែល​បញ្ជា​ឱ្យ​តុលាការ ​ឬ​ព្រះរាជ​អាជ្ញា​ពន្យារ​ ឬ​ពន្យឺត​ដំណើរ​ការ​កាត់​ទោស​នេះ​ទេ។

លោក​ជាម​ យៀប​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការព្រួយ​បារម្ភ​ខ្លះ​របស់​រដ្ឋាភិបាល​ដែល​ថា​ ការ​ចោទ​ប្រកាន់​ជា​បន្ត​ទៀត​អាច​ធ្វើ​ឱ្យ​​ប្រទេស​ជាតិមាន​​អស្ថិរភាព។

«កត្តា​ដ៏​សំខាន់​គឺ​ថា ​កុំ​ឱ្យ​បែក​បាក់​គ្នា​តទៅ​ទៀត ​គឺ​កុំ​ឱ្យ​ប្រេះ​ឆា​ត​ទៅទៀត។ ​អ្នក​ចូលរួច​មក​ហើយ​យើង​សូម​ឱ្យ​កាត់​ដើម្បី​ឱ្យ​រាងចាល ​ហើយ​ដើម្បី​ឱ្យ​ព្រលឹង​ជន​ជាតិ​ខ្មែរ​ ដែល​បាត់​បង់​នៅ​ជំនាន់​ប៉ុល​ ពត ​បាន​នឹង​នរ​ចិត្ត​ខ្លះ។ ​ហើយ​កាលណា​អ្នកដែល​បាន​ដឹង ​ហើយ​ចូល​មក​ជួយ​ប្រទេស​ជាតិ​ជាបន្ត​មក​គឺ​យើង​ឃើញ​ណាស់​ទៅ​ហើយ​ គឺ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទុក​ជាខ្មែរ​ហ្នឹង​តទៅ​ទៀត​ចុះ​ ទម្រាំ​គេ​ងាប់​ទៅចុះ។​ នេះ​គឺ​ជា​គោល​ការណ៍​រក​សន្តិភាព​ គោលការណ៍​ដើម្បី​រក​សន្តិភាព​ គោលការណ៍​ដើម្បី បំបាត់​ភាព​ក្រីក្រ​ និង​ធ្វើ​ម៉េច​ឲ្យ​ជីវភាព​ប្រជាជន​កម្ពុជា​មាន​ការ​អភិវឌ្ឍ។​ នេះជា​គោលការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​យក​មក​អនុវត្ត​នាពេល​បច្ចុប្បន្ន​នេះ»។

ទោះបី​ជាយ៉ាងណា​ក៏ដោយ​ ក្រុម​អ្នករិះគន់​និយាយ​ថា​ សេចក្តី​ថ្លែង​ការណ៍​ជាសាធារណៈ​របស់​លោក​ហ៊ុន សែន​ នាយករដ្ឋ​មន្រ្តី​កម្ពុជា ​និង​ការ​បដិសេធ​ពី​មេដឹកនាំ​ជាន់ខ្ពស់​ មិន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​ស្នើ​សុំ​របស់​មន្ត្រី​តុលាការ​បង្ហាញ​ពី​ការ​ចូល​ជ្រៀតជ្រែក។

លោក ​Ciociari​ នៃ​សាកល​វិទ្យាល័យ​មីឈីហ្កេន​ និយាយ​ថា​ ប្រសិន​បើ​ករណី​០០៣​និង​០០៤​មិន​ដំណើរ​ការ​ទៅមុខ​ទេ​នោះ​ អ្នក​ដែល​តាម​ដាន​មើល​តុលាការ​នេះ​ភាគច្រើន​នឹង​សន្និដ្ឋាន​បញ្ចប់​ថា​ ករណី​ទាំងពីរ​នោះ​ត្រូវ​បាន​ទាត់​ចោល​ដោយសារ​តែ​ហេតុផល​នយោបាយ​ ដែល​ក្នុង​នោះ​ រួម​មាន​ការ​ខឹង​សម្បារ​ និង​ការ​នឿយ​ណាយ​ពី​ម្ចាស់​ជំនួយ​ ក៏​ដូច​ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ជម្រើស​ដ៏ល្អ​បំផុត​របស់​តុលាការ​នេះ​គឺ​បន្ត​រឿង​ក្តី​នេះ​ដោយ​ម៉ឺងម៉ាត់ ​ចេញ​សាលក្រម​ ដែល​អាច​ទុកចិត្ត​បាន ​ឬក៏​បង្ហាញ​ហេតុផល​ផ្លូវច្បាប់​ដែល​មាន​ឯកសារ​ត្រឹមត្រូវ​និង​មាន​ហេតុផល​ច្បាស់លាស់​ក្នុងការ​ច្រាន​ករណី​នេះ​ចោល។​ ប៉ុន្តែ​តាម​មើល​ទៅ​ប្រហែល​ជា​តុលាការ​នេះ​មិន​ព្រម​ធ្វើ​ដូច្នេះ​ទេ»។

<!--IMAGE-RIGHT-->

ការ​ចោទ​ប្រកាន់​អំពី​ការ​ចូល​ជ្រៀតជ្រែក​ខាង​ផ្នែក​នយោបាយ​ក៏​បាន​ធ្វើ​ឱ្យ​ខូច​ដល់​តួនាទី​របស់​តុលាការ​ដែល​នឹង​ធ្វើ​ជា​គម្រូ​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ដែល​គេ​ដឹង​ច្បាស់​ថា​ ពុក​រលួយ​ និង​អសមត្ថ​ភាព។

លោក​អ៊ូ វីរៈ ​នាយក​ប្រតិបត្តិ​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និយាយ​ថា​ តុលាការ​នេះ​នៅ​មិន​ទាន់​ជម្រះ​បាន​​ទាំងស្រុង​នូវ​​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ ដោយ​រួមទាំង​​ការ​ទទួល​សំណូក​ពី​​បុគ្គលិក ​និង​ការ​ជ្រៀត​ជ្រែក​ចូល​ខាង​ផ្នែក​នយោបាយ។

«ការ​បន្សល់​នូវ​ប្រព័ន្ធ​តុលាការ​ ឬ​មួយ​ក៏​តុលាការ​មួយ​ដែល​ជាគម្រូ​បាន​គឺ​ជា​គម្រូ​សម្រាប់​តុលាការ​ក្នុង​ស្រុក​ គឺ​ជារឿង​មួយ​ដែល​ខ្ញុំ​មើល​ទៅ​ថា ​តុលាការ​នេះ​បាន​ធ្វើ​រឿង​ហ្នឹង​បាន​ខ្លះ។​ ក៏​ប៉ុន្តែ​មិនបាន​គ្រប់​ជ្រុង​ជ្រោយ​ទេ ​ព្រោះ​អី​បញ្ហា​ក្នុង​ប្រព័ន្ធ​តុលាការ​យើង​ គឺ​អំពើ​ពុករលួយ​ បញ្ហា​ទីពីរ​គឺ​ការ​លូក​ដៃ​​ពី​នយោបាយ​ ហើយ​តុលាការ​ខ្មែរ​ក្រហម​នេះ​ក៏​អត់​បាន​គេច​រួច​ពី​ការចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ​​ហើយ​នឹង​ការលូក​ដៃ​ពី​រឿង​នយោបាយ​ដែរ។ ​ដូច្នេះ​ការអត់​គេច​រួច​ពី​បញ្ហា​ទាំង​ពីរ​នេះ​មិន​បាន​ឆ្លុះ​បញ្ជាំង​ថា ​តុលាការ​នេះ​ជា​គម្រូ​ល្អ​ទាំង​ស្រុង​នៅឡើយ​ទេ»។

លោក​ហ៊ុយ វណ្ណៈ​ មន្រ្តី​ព័ត៌មាន​នៃ​សាលាក្តី​បាន​ឆ្លើយ​ការពារ​កេរ្តិ៍​ឈ្មោះ​របស់​តុលាការ​ និង​គម្រូ​ដែល​គេ​គិត​ថា​ តុលាការ​នេះ​នឹង​បន្សល់​ទុក។

«ខ្ញុំ​ចូល​មក​ខ្លួន​ឯង​ផ្ទាល់​ ចូល​មកដល់​តុលាការ​ ធ្វើការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នេះ ​គឺ​ខាង​ក្នុង​នេះ​តែ​ម្តង​គឺ​ចៅក្រម​គ្រប់​គ្នា​ មន្ត្រី​ច្បាប់​គ្រប់​គ្នា​ គឺ​បាន​លះ​បង់​ដើម្បី​ធ្វើ​កិច្ច​ការ​ក្នុង​សាលាក្តី​មួយ​នេះ​ដែល​រំពឹង​ថា​ នឹង​ផ្តល់​មរតក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។​ រឿង​មរតក​សំខាន់​ក្នុង​សាលាក្តី​នេះ​ យើង​នឹង​បាន​មើល​ឃើញ​នៅ​ពេល​ដែល​តុលាការ​នេះ​កំពុង​ដំណើរ​ការ​រហូតដល់​ពេល​សាលាក្តី​នេះ​បញ្ចប់​ផងដែរ។ ​ប៉ុន្តែ​អ្វី​មួយ​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ជូន​អំពី​ការផ្លាស់​ប្តូរ​ដ៏​ធំ​ដោយសារ​តែ​មាន​វត្តមាន​តុលាការ​ខ្មែរ​ក្រហម​នេះ​គឺ​ការផ្លាស់​ប្តូរ​ឥរិយាបទ​របស់​ប្រជា​ពលរដ្ឋ។​ យើង​ស្រមៃ​មើល​ពីមុន ​ប្រសិន​បើ​យើង​ប្រមូល​ប្រជា​ពលរដ្ឋ​ទៅ​តុលាការ​គឺ​​គ្មាន​នរណា​ម្នាក់​ចង់​ទៅ​តុលាការ​ទេ។ ​ក៏​ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​ យើង​ឃើញ​ប្រជាពលរដ្ឋ​ជិត​១០​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​បាន​ដល់​សាលាក្តី​ខ្មែរ​ក្រហម​ ដោយ​ចាត់​ទុក​ថា​ តុលាការ​ជាកន្លែង​មួយ​បើក​ចំហ​ ដែល​ផ្តល់​ឱកាស​ក្នុង​ការស្វែង​យល់​អំពី​នីតិវិធី​ ដូច​ជា​ការ​ប្រព្រឹត្តិ​ទៅ​របស់​តុលាការ​ ដែល​ការវិវត្តន៍​ដ៏​ធំ​នេះ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​នៅ​ក្នុង​ឥរិយាបទ​សង្គម​ នៅក្នុង​ការ​យល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ​ ចំពោះ​វត្តមាន​និង​ដំណើរការ​របស់​សាលាក្តី»។

ចំណែក​ឯ​លោក​អាដាម​វិញ​ និយាយថា​ ក្រៅពី​ដើរ​តួ​ជា​គម្រូ​សម្រាប់​តុលាការ​កម្ពុជា​ តុលាការ​ខ្មែរ​ក្រហម​អាច​ធ្វើ​ជា​គម្រូ​មួយ​ផ្នែក​សម្រាប់​សង្គម​ទាំងមូល​ ដែល​ជារឿយៗ​ ជន​ប្រព្រឹត្ត​ល្មើស​តែង​តែ​រួច​ខ្លួន។

«នៅពេល​ដែល​យើង​និយាយ​អំពី​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​គឺ​នៅ​មាន​និទណ្ឌ​ភាព​សម្រាប់​ក្រុម​មេដឹកនាំ ​នៅមាន​និទណ្ឌភាព​សម្រាប់​​មេ​ទាហាន​ធំៗ​ និង​មន្ត្រី​នៅក្នុង​ក្រសួង​មហាផ្ទៃ»។

លោក​បាន​លើក​អំ​ពី​ករណី​សម្លាប់​មនុស្ស​ដែល​នៅ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ។ ​ក្រោយ​ប្រតិបត្តិការ​របស់​អ៊ុនតាក់​​ ការវាយប្រហារ​ដោយ​គ្រាប់​បែក​លើ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៩៧​ និង​រដ្ឋ​ប្រហារ​ដែល​កើត​មាន​ឡើង​នាពេល​ក្រោយមក​ក្នុង​ឆ្នាំ​នោះ​ អំពើ​ហិង្សា​លើ​បាតុករ​ក្នុង​ឆ្នាំ​១៩៩៨​ និង​អំពើ​ហិង្សា​ដែល​បន្ត​មាន​ក្នុង​ការ​ចាប់​រំលោភ​យក​ដី​គឺជា​ឧទាហរណ៍​ដែល​កើត​ឡើង​ដោយ​មិន​មាន​ការ​ដាក់​ទោស។

លោក​អាដាម​បាន​បញ្ជាក់​ថា៖ «ការកាត់​ទោស​ក្រុមខ្មែរ​ក្រហម​ជាផ្នែក​មួយ​នៃ​ការ​ផ្តល់​ចម្លើយ​ដល់​បញ្ហា​នោះ។ ប៉ុន្តែ​សូម្បី​តែ​តុលាការ​ខ្មែរ​ក្រហម​ដំណើរ​ការ​ទៅ​ដោយ​ល្អ​ឥតខ្ចោះ​ក៏​វា​នៅ​មិន​ទាន់​ដោះ​ស្រាយ​បាន​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ប្រទេសកម្ពុជា​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែរ»។

ទោះបី​ជាយ៉ាងណា​ក៏ដោយ​ លោកស៊ុយ ម៉ុង​លាង​ អគ្គលេខា​ធិការ​នៃ​ក្រុមប្រឹក្សា​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​របស់​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ បាន​ប្រាប់​វីអូអេ​ថា​ ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ​ តុលាការ​ខ្មែរ​ក្រហម​នឹង​ជួយ​ដល់​តុលាការ​ជាតិ​ដែរ។

លោក​មាន​ប្រសាសន៍​ថា ​មេរៀន​មួយ​គឺ​ថា​ គេ​ត្រូវ​ការ​ថវិកា​ច្រើន​ទៀត​សម្រាប់​តុលាការ​ជាតិ​ដើម្បី​ជួយ​ឱ្យ​ប្រព័ន្ធ​តុលាការ​ដំណើរ​ការ​បាន​ ហើយ​​បញ្ហា​មួយ​ទៀត​គឺ​ការ​សម្រប​ទៅតាម​បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា។

«ដើម្បី​ជា​កេរ​ដំណែល​របស់​តុលាការ​ខ្មែរ​ក្រហម​ គេមើល​ទៅ​ឃើញ​ថា ​តុលាការ​ខ្មែរ​ក្រហម​ធ្វើ​ទៅ​បាន​ល្អ។​ ដូច្នេះ​គេយក​មក​ដើម្បី​នឹង​ផ្ទេរ​បច្ចេក​វិទ្យា​ និង​ចំណេះ​ដឹង​ទៅ​តុលាការ​ធម្មតា​របស់​យើង»។

ខណៈ​ពេល​ដែល​នៅ​មិនទាន់​មាន​ការ​យល់​ស្រប​គ្នា​ថា​ សំណុំរឿង​​០០៣​និង​០០៤​មាន​សារៈ​សំខាន់​យ៉ាង​ណា​ដល់​កេរដំណែល​របស់​តុលាការ​នោះ​ វា​ច្បាស់​ណាស់​ថា​ សំណុំរឿង​០០២​នឹង​ត្រូវ​ការ​ការយក​ចិត្ត​ទុកដាក់​ឱ្យ​បាន​ពេញ​លេញ។

បុរស​ទាំង​បី​នាក់​ និង​ស្រ្តីម្នាក់​ដែល​នឹង​ត្រូវ​យក​មក​កាត់​ទោស​ក្នុងសំណុំរឿង​០០២​នោះ​គឺ​ជា​មេ​ដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​បំផុត​ដែល​នៅ​រស់​រាន​មាន​ជីវិត។ ​របបខ្មែរ​ក្រហម​បាន​បង្ក​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់​១​លាន​៧​សែន​នាក់។ ​ជន​ជាប់​សង្ស័យ​ទាំង​បួន​នាក់​នេះ​មាន​វ័យ​កាន់​តែ​ចាស់​ឡើងៗ​ ហើយ​តុលាការ​នេះ​ដំណើរ​ការ​មកដល់​ឆ្នាំ​ទី​៥​ហើយ៕

This posting includes an audio/video/photo media file: Download Now

មន្ត្រី​ជាន់ខ្ពស់​អ.ស.ប.​ព្រមាន​មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​ខ្មែរក្រហម

Posted: 21 Oct 2011 10:23 AM PDT

អ្នក​តំណាង​ច្បាប់​ជាន់ខ្ពស់​របស់​អង្គការ​សហ​ប្រជា​ជាតិ​ បាន​ព្រមាន​ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ឈប់​ធ្វើ​សេចក្តីថ្លែង​ការណ៍​ជា​សាធារណៈ​ ប្រឆាំង​នឹង​សំណុំ​រឿងចំនួន​ពី​រ​របស់​សាលាក្តី​ខ្មែរ​ក្រហម។

លោកស្រី​ Patricia​ O'Brien ​អគ្គ​លេខាធិការ​រង​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ច្បាប់​ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ សុខ​ អាន​កាល​ពីយប់​​ព្រហស្បតិ៍​ ដើម្បី​ពិភាក្សា​កង្វល់​របស់​អង្គការ​សហ​ប្រជា​ជាតិ​អំពី​ការវិវឌ្ឍ​ថ្មីៗ​នៅ​សាលាក្តី​ខ្មែរក្រហម​ បន្ទាប់ពី​ការលា​ឈប់​របស់​លោក​ Siegfried​ Blunk​ សហ​ចៅក្រម​ស៊ើបអង្កេត​ខាង​ភាគី​អង្គការ​សហ​ប្រជា​ជាតិ​កាលពី​សប្តាហ៍​មុន។

លោក​ Blunk ​បាននិយាយ​ថា​ សេចក្តី​ថ្លែង​ការណ៍​សាធារណៈ​ជាបន្តបន្ទាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ​ ណាំហុង​ និង​លោក​ខៀវ​ កាញារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​បង្ហាញ​ពី​ការប្រឆាំង​របស់​រដ្ឋាភិបាល​ទៅលើ​សំណុំ​រឿង​លេខ​០០៣​ និង​លេខ​០០៤​ ដែល​បង្កើត​ឱ្យ​មាន​បរិយាកាស​មួយ​ដែល​លោក​ Blunk​ បានទទួល​អារម្មណ៍​ដឹង​ថា​ ជា​ការ​លំអៀង។ ការ​លាឈប់​នេះ​មាន​ការ​សង្ស័យ​ថា​ តុលាការ​ស្ថិត​នៅ​ក្រោម​ការគាបសង្កត់​នយោបាយ​ ដើម្បី​កុំ​ឱ្យធ្វើ​ការ​ស៊ើបអង្កេត​សំណុំ​រឿង​ទាំង​នេះ​ដោយ​ពេញលេញ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ចោទប្រកាន់​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ប្រាំ​នាក់​បន្ថែម​ទៀត​ដែល​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ បានព្រមាន​ថា​ អាច​ធ្វើ​ឱ្យ​ប្រទេស​មាន​អស្ថិរភាព។

លោកស្រី​ Patricia​ O'Brien​ បានបញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ លោកស្រី​បាន​ជំរុញ​យ៉ាងខ្លាំង​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ឈប់​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទាំង​ឡាយ​ដែល​ប្រឆាំង​នឹង​ការ​រីក​ចម្រើន​នៃ​សំណុំ​រឿង​លេខ​០០៣​ និង​លេខ​០០៤​ ហើយ​ឱ្យ​ឈប់​ជ្រៀតជ្រែក​ តាម​វិធី​យ៉ាង​ម៉េច​ក៏ដោយ ​ក្នុង​ដំណើរ​ការ​វិនិច្ឆ័យ។ លោកស្រី​បាន​គូស​បញ្ជាក់​នូវ​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សហ​ប្រតិបត្តិកា​រយ៉ាង​ពេញលេញ​ជាមួយ​នឹង​សាលាក្តី​ខ្មែរក្រហម។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា​ លោកស្រី​បាន​សម្តែង​កង្វល់​ចំពោះ​ការ​វិវឌ្ឍ​ថ្មីៗ​នេះ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ ហើយ​លោកស្រី​បានអះអាង​ថា​ អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​យ៉ាងម៉ឹងម៉ាត់​ឲ្យ​គ្រប់​ភាគី​គោរព​ និង​គាំទ្រ​សេចក្តី​សុចរឹត​ និង​ឯក​រាជ្យភាព​នៃ​ដំណើរការ​វិនិច្ឆ័យ​របស់​សាលាក្តី​ខ្មែរក្រហម។

លោកស្រី​បាននិយាយ​សំដៅ​ទៅ​រក​ការគាំទ្រ​យ៉ាងរឹងមាំ​របស់​លោក​បាន់ គីមូន​ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ចំពោះ​ការងារ​របស់​សាលាក្តី​ខ្មែរ​ក្រហម។

គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បានចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​កិច្ចប្រជុំ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​មិន​បាន​និយាយ​អំពី​សំណុំ​រឿង​លេខ​០០៣​ និង​លេខ​០០៤​ ការ​លា​ឈប់​របស់​លោក​ចៅក្រម​ Siegfried​ Blunk​ ឬ​ការ​ជ្រៀតជ្រែក​ខាង​នយោបាយ​ចូល​ទៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ទេ។ ​ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​នេះ​ បាន​បញ្ជាក់​ថា​ ភាគី​ទាំងពីរ​បាន​ផ្តោត​ជា​សំខាន់​លើ​សំណុំ​រឿង​លេខ​០០២​ដែល​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ហើយ​ភាគី​ទាំងពីរ​មាន​ឆន្ទៈ​ចូលរួម​ជំរុញ​ឱ្យ​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​បន្ត​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ និង​ដោយ​រលូន។

លោក​ឯក​ ថា​ អ្នក​នាំពាក្យ​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បានថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ ក្រោយ​ពី​ជំនួប​រវាង​លោកស្រី​ Patricia​ O'Brien ​និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ​ អាន​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា​ «រាជ​រដ្ឋាភិបាល​កម្ពុជា​ទាំងមូល​មិន​បានជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ​នៅក្នុង​តុលាការ​កម្ពុជា​ដែល​កំពុងតែ​ទទួល​បន្ទុក​ក្នុង​ការ​កាត់ក្តី​មេ​ដឹកនាំ​កំពូលៗ​របស់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​កន្លង​មក​នេះ​ទេ។ យើង​ទុក​ឱ្យ​តុលាការ​នេះ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ និង​ការងារ​របស់​តុលាការ ​ស្របតាម​កិច្ច​ព្រមព្រៀង​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហ​ប្រជា​ជាតិ​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​នៅក្នុង​ឆ្នាំ​២០០៣​កន្លង​មក​នេះ»។

លោក​ផៃ​ ស៊ីផាន​ អ្នកនាំពាក្យ​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​បានថ្លែង​ថា​ ភាគី​ទាំងពីរ​រួម​គ្នា​ការពារ​សាលាក្តី​ខ្មែរក្រហម​ឱ្យ​បាន​សម្រេច​ជោគជ័យ​ ហើយ​ភាគី​ទាំងពីរ​មិន​បាន​ពិភាក្សា​ស៊ីជម្រៅ​នៅក្នុង​សំណុំ​រឿង​លេខ​០០៣​ និង​លេខ​០០៤​ទេ។

លោក​ផៃ​ ស៊ីផាន​បាន​បញ្ជាក់​ថា​ លោក​ Laurent​ Kasper-Anermet​ នឹង​ត្រូវ​ជំនួស​លោក​ Siegfried​ Blunk​ ដែល​បាន​លាឈប់៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ២១ តុលា

Posted: 20 Oct 2011 08:16 PM PDT

ព័ត៌មានចុងក្រោយបំផុត៖

លីប៊ី៖ នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី​បាន​ពន្យាពេល​ផែនការ​បញ្ចុះ​សព​អតីត​មេដឹកនាំ​ម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi)​ មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​គាត់​ត្រូវបាន​សម្លាប់​នៅ​ពេល​ដែល​ក្រុម​យុទ្ធជន​ប្រឆាំង​បាន​វាយលុក​ចូល​ទៅក្នុង​ទីក្រុង​សឺត​ (Sirte)​ ដែល​ជា​ក្រុង​កំណើត​របស់​គាត់។

លីប៊ី៖ លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​ហ៊ីលឡារី​ គ្លីនតុន​ (Hillary Clinton)​ បាន​មាន​ប្រសាសន៍​ថា​ ការ​ស្លាប់​របស់​លោក​ម៉ូអាម៉ារ​ ហ្កាដាហ្វី​ (Moammar Gadhafi)​ នៃ​ប្រទេស​លីប៊ី​បាន​បញ្ចប់​ «ផ្នែក​ដ៏​អភ័ព្វ​ខ្លាំង»​ មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​ ក៏​ប៉ុន្តែ​បាន​កំណត់ ​«ការចាប់ផ្តើម​​សម័យ​ថ្មី​មួយ» ផងដែរ។

អាស៊ី​ខាងត្បូង៖ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ហ៊ីលឡារី​ គ្លីនតុន​ (Hillary Clinton) ​បាន​ស្នើ​ប្រទេស​ប៉ាគីស្ថាន​ឲ្យ​បដិសេធ​មិន​ផ្តល់​កន្លែង​ជ្រកកោន​សុខសាន្ត​ដល់​ពួក​បះបោរ​និង​ស្នើឲ្យ​លើកទឹកចិត្ត​ពួក​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ចូល​ធ្វើការ​ចរចា​សន្តិភាព​ក្រោយពី​មាន​ការ​ប្រយុទ្ធគ្នា​អស់​រយៈពេល​១០​ឆ្នាំ​មក។

ថៃ៖ នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រុម​មន្ត្រី​ថៃ​បាន​ជំរុញឲ្យ​អ្នកស្រុក​រាប់​លាន​នាក់​ក្នុង​ទីក្រុង​បាងកក​ឲ្យ​ដឹក​ជញ្ជូន​​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទៅកាន់​កន្លែង​មាន​ទីទួល​ខ្ពស់​ ពីព្រោះ​ទឹកជំនន់​បាន​ចាប់ផ្តើម​លិច​ផ្នែក​ខ្លះ​នៅតាម​តំបន់​ជាយក្រុង​រួចហើយ។

ចិន៖ កុមារី​ចិន​ម្នាក់​អាយុ​២​ឆ្នាំ​ដែល​ត្រូវ​រថយន្ត​២​គ្រឿង​បុក ​ហើយ​ដែល​ពួក​អ្នក​នៅ​ជិត​កន្លែង​កើត​ហេតុ​​មិន​អើពើ​នឹង​នាង​នៅ​ពេល​នាង​ដួល​ទៅលើ​ដី​ក្នុង​អាការៈ​របួស​ធ្ងន់ធ្ងរ​ បាន​ស្លាប់​ហើយ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយមក​ បន្ទាប់​ពី​ឧប្បតិហេតុ​នេះ​បាន​កើតឡើង។ ករណី​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ខឹងសំបារ​យ៉ាងខ្លាំង ​និង​មាន​ការ​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ​អំពី​សីលធម៌​ក្នុង​វប្បធម៌​របស់​ប្រទេស​ចិន។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

លីប៊ី​៖ ប្រធានាធិបតី ​បារ៉ាក់​ អូបាម៉ា​ ថ្លែង​ថា​អតីត​មេដឹកនាំ​លីប៊ី ​មូមារ​ កាដាហ្វី ​ដែល​ស្លាប់​បង្ហាញ​ជា​ភ័ស្ដុតាង​ជាក់​លាក់​ថា ​របប​គ្រប់គ្រង​៤ទសវត្សរ៍​របស់​គាត់​ បាន​ចូល​ដល់​ទី​បញ្ចប់។

លីប៊ី​៖ អតីត​មេដឹកនាំ​ប្រទេស​លីប៊ី ​មូមារ​ កាដាហ្វី ​បាន​ស្លាប់​ទៅ​ហើយ ​ក្នុង​ការ​វាយ​លុក​មួយ​ធ្វើ​ឡើង​ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ នៅ​ក្នុង​ស្រុក​កំណើត​របស់​គាត់​ គឺ​ទីក្រុង​ស៊ឺត។ ម៉ូអាម៉ារ កាដាហ្វី ​បាន​ត្រូវ​គេ​ស្គាល់​ថា​ ជា​អ្នក​ធ្វើ​នយោបាយ​ចម្រូងចម្រះ​ ហើយ​ជា​អ្នក​ហ៊ឺហា​ដ៏​ចម្លែក​ ក្នុង​អំឡុង​ពេល​៤២​​ឆ្នាំ​​នៃ​ការ​គ្រប់គ្រង​ប្រទេស​លីប៊ី។

ថៃ​៖ នាយក​រដ្ឋមន្ដ្រី​ថៃ​ លោក​ស្រី ​យីងឡាក់​ ស៊្ហីនណាវ៉ាត់ ​ព្រមាន​រាជធានី​បាងកក​​ឲ្យប្រុងប្រៀប​ទប់ទល់​នឹង​ទឹកជំនន់​ដែល​ហូរ​ចូល​មក​ក្នុង​រាជធានី​ក្រោយ​ពី​លោកស្រី​បាន​ចេញបញ្ជា​ឲ្យ​បើក​ទ្វារ​ទំនប់។

អាហ្វ្រិក​៖ ជន​ភៀសខ្លួន​អាហ្វ្រិក​ជាង​១២០០​នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ឆាដ ​ក្រោយ​ពី​បាន​ត្រូវ​ជម្លៀស​ឲ្យ​ដើរ​លើ​ផ្លូវ​មាន​គ្រោះថ្នាក់​ចេញ​ពី​តំបន់​ភា​គ​ខាងត្បូង​ប្រទេស​លីប៊ី។

សូម៉ាលី​៖ សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​នៅសូម៉ាលី ​និយាយ​ថា​ ក្រុម​អាល ​ហ្សាបាប​ ពាក់ពាន់​នឹង​បណ្ដាញ​ភេរវកម្ម ​អាល់កៃ​ដា​បាន​វាយ​ដណ្ដើម​យក​មក​វិញ​នូវ​ ទីតាំង​យោធា​របស់​ខ្លួន ​នៅ​ក្នុង​មណ្ឌល​មួយ​នៃ​ទី​ក្រុង​មូហ្គាដីហ្សូ​ ក្រោយ​ពី​បាន​បើក​កិច្ច​ប្រតិបត្ដិការ​វាយបក​ ដោយ​បាន​សម្លាប់​ទាហាន​ជាង​១២​នាក់​នៃ​កងកម្លាំង​ការពារ​សន្ដិភាព​របស់​សហភាព​អាហ្វ្រិក​ នៅ​ពេល​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។

ម៉ាលី​៖ ប្រទេស​មូរីតានី​ និយាយ​ថា​យោធា​របស់​ខ្លួន​បាន​បើក​កិច្ច​ប្រតិបត្ដិការ​យោធា​ ដោយ​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​មក​លើ​ទី​កន្លែង​សង្ស័យ​ជា​មូលដ្ឋាន​របស់​បណ្ដាញ​ភេរវកម្ម ​អាល កៃ ដា​នៅ​តំបន់​ខាង​លិច ​ប្រទេស ​ម៉ាលី។

ប៉ាគីស្ថាន​៖ រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក ​ហ៊ីលឡារី គ្លីនតុន​ បាន​ធ្វើ​ដំណើរ​មក​ដល់​ ក្រុង​អ៊ីស្លាមាបាដ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​នៅ​ទី​នោះ​គេ​រំពឹង​ថា​លោក​ស្រី​នឹង​ថ្លែង​ពាក្យ​ព្រមាន​តឹងរឹង​ប្រាប់​ រដ្ឋាភិបាល​ប៉ាគីស្ថាន​ ឲ្យបំផ្លាញ​ចោលជំរុំ​សុខសាន​របស់​ជន​សកម្មប្រយុទ្ធ​ ហើយ​ដើរ​តួនាទី​ធំធេង​ក្នុង​កិច្ចការ​នាំ​សន្ដិភាព​ ដល់​ប្រទេស​ជិតខាង​អាហ្វហ្គានិស្ថាន៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!