VOA News: ព័ត៌មាន: “ទឹកជំនន់​ ដីបាក់សម្លាប់​មនុស្សជាង​២០០​នាក់​នៅ​កម្ពុជា” plus 5 more

VOA News: ព័ត៌មាន: “ទឹកជំនន់​ ដីបាក់សម្លាប់​មនុស្សជាង​២០០​នាក់​នៅ​កម្ពុជា” plus 5 more


ទឹកជំនន់​ ដីបាក់សម្លាប់​មនុស្សជាង​២០០​នាក់​នៅ​កម្ពុជា

Posted: 13 Oct 2011 02:17 PM PDT

មន្ត្រី​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​ថា​ មក​ត្រឹម​ថ្ងៃ១៣​តុលា​នេះ​ ទឹកជំនន់​ និង​ការ​បាក់ដី​បាន​សម្លាប់​មនុស្ស​២០៧​នាក់​នៅ​កម្ពុជា។​ មាន​ខេត្តក្រុង​ចំនួន​១៧​ត្រូវ​លិច​ទឹក​ជំនន់​ ហើយ​ខេត្ត​កំពង់​ធំ​ដែល​ជា​ចំណុច​កណ្តាល​ប្រទេស​កម្ពុជា​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ។

ទឹក​ជំនន់​លិច​ស្រែ​ និង​ភូមិករ​នានា​ ហើយ​ប្រជាជន​ធ្វើ​ដំណើរ​ទៅណា​មកណា​ដោយ​ជិះទូក។ ​នៅភូមិ ​អាទ ស៊ូ ​នេះ​ ​លោក​ញឹម វណ្ណដា​ អនុប្រធាន​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​ឯក​អគ្គរាជទូត​ជប៉ុន​បាន​ដឹកនាំ​ការ​ចែក​អំណោយ​ និង​ថវិកា​ដល់​ជន​រងគ្រោះ​ជាង​១៨០០​គ្រួសារ។​ ភូមិ​នេះ​យក​ឈ្មោះ​តាម​បុគ្គលិក​ជាតិ​ជប៉ុន​ឈ្មោះ​Atsuhito ​Nakata​ ដែល​ស្លាប់​ក្នុង​ឆ្នាំ​១៩៩៣​ ពេល​អ៊ុនតាក់​រៀបចំ​ការ​បោះឆ្នោត​តាម​ប្រជាធិបតេយ្យ​ជា​លើក​ដំបូង​នៅ​កម្ពុជា។ ​មន្ត្រី​ជប៉ុន​និយាយ​ អំណោយ​នេះ​គឺ​ជា​កិត្តិយស​សម្រាប់ ​Atsuhito Nakata។

<!--AV-->

លោក​ញឹម វណ្ណដា​និយាយ​ថា​ អំណោយ​នេះ​ចែក​ជូន​ជន​រងគ្រោះ​១៨០០​គ្រួសារ។

«ថ្ងៃនេះ​១៨០០​គ្រួសារ​ទទួល​អំណោយ​រាជរដ្ឋាភិបាល​ជប៉ុន។​ បើគិត​ជាលុយ​ស្មើនឹង​៣៣០០០០​ដុល្លារ​អាមេរិក»។

អំណោយ​នេះ​រួមមាន​មី៦៩​កេស​ ភួយ​ មុង ​គ្រឿង​បន្សុត​ទឹក​ និង​តង់សម្រាប់​សង់ជម្រក។អ្នកស្រុក​ខេត្ត​កំពង់ធំ​និយាយ​ថា ​គ្រោះ​ទឹកជំនន់​ឆ្នាំ​នេះ​ធ្ងន់ធ្ថរ​ណាស់។

ហេង​ សុឃាង​និយាយ​ថា​ «ទឹក​ហូរ​ឡើង​ពួយ។​ ធ្លាក់អស់​ ប៉ើងអស់។​ មាន់អីគ្មាន​សល់​ទេ​ ប៉ើងអស់​ ព្រោះ​វាហូរ​ណាស់​ពេក​នោះ»។

លោក​ឌួង ភៀត​បន្ថែម​ថា​ «ត្រូវការ​ស្បឿង​អាហារ។ ​ដូចថា ​ជាពិសេស​គោ ក្របី​... ជម្រកគោ ​ក្របី​ ព្រោះ​វា​ហាល​ភ្លៀង»។

អាជ្ញាធរជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​ថា​ ទឹក​ជំនន់​បាន​បង្ខំ​ឲ្យ​ប្រជាជន​៣០​ម៉ឺន​គ្រួសារ​ចាកចោល​ផ្ទះ​សម្បែង។

ប្រែសម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ

This posting includes an audio/video/photo media file: Download Now

ឧក្រិដ្ឋកម្ម​កើន​ឡើង​ពេល​មាន​គ្រោះ​ទឹក​ជំនន់

Posted: 13 Oct 2011 01:20 PM PDT

បញ្ហា​អសន្ដិសុខ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​បាន​នាំ​ឲ្យ​មាន​កង្វល់​មួយ​បន្ថែម​ទៀត​ក្នុង​សង្គម ពេល​កម្ពុជា​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់។ ប្រជាពលរដ្ឋ និង​មន្ដ្រី​សិទ្ធិ​មនុស្ស​ហាក់​ដូចជា​យល់​ស្រប​ថា បទល្មើស​ឧក្រិដ្ឋ​ហាក់​ដូចជា មាន​ការ​កក្រើក​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​លក្ខណៈ​សាហាវ​ទៀត​ផង។ អំពើ​ឧក្រិដ្ឋ​ទាំងនេះ​ត្រូវ​បាន​មន្ដ្រី​សមត្ថកិច្ច​អះអាង​ថា អាច​ជា​ការ​ឆ្លៀត​ឱកាស​នៃ​ជនពាល​ក្នុង​វិបត្តិ​គ្រោះធម្មជាតិ​សព្វ​ថ្ងៃ​នេះ។

កាល​ពី​ល្លាច​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ​ស្រ្តី​​មួយ​រូប​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ស្ទាក់​ចាប់​នៅ​ពេល​ដែល​នាង​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ដ​លើ​មហាវិថី​សហព័ន្ឋ​រស្ស៊ី​ជិត​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។ ជន​មិន​ស្គាល់​មុខ​បាន​ចុះ​ពី​ថយន្ដ​ទំនើប​ធុន​Lexus ៥៧០​ហើយ​វាយ​បំបែក​កញ្ចក់​រថយន្ដ​របស់​ស្ដ្រីរងគ្រោះ និង​អូស​រូបនាង​ចូល​ក្នុង​រថយន្ដ​របស់​ខ្លួន។ នេះ​បើ​តាម​សក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ដែល​ស្នើ​សុំ​រក្សា​ភាព​អនាមិក។ ក៏​ប៉ុន្ដែ​លោក​ឧត្តម​សេនីយ​ឯក​ គៀត ច័ន្ទថារិទ្ឋ​ អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​និយាយ​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ។

«ខ្ញុំ​អត់​បាន​ទទួល​របាយការណ៍​ផង។ អត់​ដឹង​ផង»។

ភាពស្ងាត់ស្ងៀម​នៃ​បញ្ហា​ខាង​លើ​កើត​ឡើង​បន្ទាប់​ពី​មាន​ឧក្រិដ្ឋកម្ម​ផ្ទួនៗ​នៅ​ក្នុង​ទីក្រុង។ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដែល​កូន​ប្រុស​លោក​ឧត្តម​សេនីយឯក​ សូរ ផន​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ គឺ​លោក សូរ អាត់​ណូ អាយុ​៤២​ឆ្នាំ​ត្រូវ​បាន​ជនមិន​ស្គាល់​មុខ​ចាប់​ជំរិត​​ក្នុង​ខណៈ​ដែល​លោក​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​គេហដ្ឋាន​ដែល​មាន​ទី​តាំង​នៅ​សង្កាត់​ជ្រោយ​ចង្វារ​ខ័ណ្ឌ ឬស្សី​កែវ។

សមត្ថកិច្ច​អះអាង​ថា មាន​ជន​សង្ស័យ​ចំនួ​ន​បួន​នាក់​ប្រដាប់​ដោយ​អាវុធ​AK47 និង​អាវុធ​ខ្លី។ ​បន្ទាប់​មក​ជន​ប្រដាប់អាវុធ​ទាំងនោះ​បាន​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយ​ទាមទារ​ទឹកប្រាក់​ចំនួន​១លាន​ដុល្លា​ជា​ថ្នូរនឹង​ការ​ដោះលែង។

រយៈ​ពេល​ជិត​មួយ​សប្តាហ៍​មក​ហើយ​ដំណឹង និង​សុវត្តិ​ភាព​ជន​រងគ្រោះ​នៅ​មិន​ទាន់​ដឹង​ថា​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក​ឧត្តម​សេនីយ​ឯក​សូរ ផន​ អនុរដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ភាសា​ខ្មែរ​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​មិន​មាន​ដំណឹង​អំពី​កូន​ប្រុស​របស់​លោក​ទេ។ លោក​សូរ​ ផន​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​ដោយ​លោក​និយាយ​យ៉ាង​ខ្លី​ថា​សម្ថកិច្ច​កំពុង​ធ្វើ​ការ។

«អត់​មាន​ទេ បាទ​អត់។ ខ្ញុំថា​ថ្ងៃ​ក្រោយ​សុំទោស​ណា​អូន ថ្ងៃ​ក្រោយ»។

ស្ត្រី​វ័យ​២៣​ឆ្នាំ​​មួយ​រូបទៀតត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​កាលពី​ខែ​សីហា​នៅ​ក្នុង​ខណៈ​ដែល​ស្រ្តី​រូប​នោះ​បាន​បី​កូន​ប្រុស​របស់​ខ្លួន​អាយុ​២​ខែ​ទៅ​ចាក់​ថ្នាំ​ការពារ​នៅ​មណ្ឌល​សុខភាព​ចំការ​ដូង​ក្នុង​សង្កាត់​ដង្កោ​ ខ័ណ្ឌ​សង្កោ​ ក្រុង​ភ្នំពេញ។​ នៅ​ក្នុង​ខែ​សីហា​ដដែល​នោះ ស្រ្តី​​​រក​ស៊ី​ដូរ​ប្រាក់​មួយ​រូប​នៅ​សង្កាត់​ចោម​ចៅ​ ជាយទីក្រុងភ្នំពេញ​ត្រូវ​ក្រុម​ចោរ​ប្លន់​បាញ់​សម្លាប់​យ៉ាង​ស្រស់ៗ​ ហើយ​រូបភាព​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​បណ្ដាញ​សង្គម Facebook។

លោក​ ខេង ទី​តូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និយាយ​ថា ការ​កម្រើក​នៃ​បទល្មើស​ទាំងនេះ​​ជា​ការ​ឆ្លៀត​ឱកាស​របស់​ជនឧក្រិដ្ឋ​ក្នុង​បរិបទ​នៃ​ទឹក​ជំនន់។

«គួប​ផ្សំ​នឹង​យើង​រវល់​ការ​ងារ​ដូចជា​គ្រោះ​ទឹក​ជំនន់​ គ្រោះ​ធម្មជាតិ​ អញ្ចឹង​ពួក​ជន​ល្មើស​ឆ្លៀត​ឱកាស​ពេល​ហ្នឹង​ទៅ។ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា បើ​ប្រៀប​ធៀប​វា​តិច​ទេ ​ភាគ​ច្រើន​តែ​ករណី​ចោរ​ឆក់​ ចោរ​លួច និង​បង្ក​របួស​ស្នាម​អី​ទេ»។

ប៉ុន្តែ​ទាំង​លោក ទីតូ ទាំង​អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរបាល​ជាតិ​ឧត្តម​សេនីយ​ឯក​ គៀត ច័ន្ទថារិទ្ឋ​ សុទ្ធ​តែ​បាន​អះអាង​ថា បទល្មើស​ឧក្រិដ្ឋ​មាន​ការ​ថយចុះ​ក្នុង​រយៈពេល​ប្រាំបួន​ខែ​រាប់​ពី​ដើម​ឆ្នាំ​នេះ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

របាយការណ៍​របស់​កង​រាជ​អាវុធ​ហត្ថ​បង្ហាញ​ថា ក្នុង​រយៈ​ពេល​៩​ខែ​ដើម​ឆ្នាំ​២០១១​​មាន​បទ​ល្មើស​កើត​ឡើង​ចំនួន​១៦​ករណី​ស្មើ​នឹង​៣.១៧៥​លើក។ តួលេខនេះ​បង្ហាញ​ពីការ​ចុះថយ​នៃ​បទល្មើស​ចំនួន​១៦៣​លើក​ធៀប​នឹង​ឆ្នាំ​២០១០។​ ក្នុង​នោះ​បទ​ឧក្រិដ្ឋ​​មាន​ចំនួន​៧​ករណី​ ស្មើ​នឹង​៤៧៣​លើក​ដែល​បណ្ដាល​ឲ្យ​មនុស្ស​២១៤​នាក់​បាន​ស្លាប់ និង​រង​របួស​២២៦​នាក់ ពោល​គឺ​ជន​រងគ្រោះ​ស្លាប់​កើន​ឡើង​ចំនួន​១៣​នាក់​ក្នុង​បទ​ឧក្រិដ្ឋ​នេះ។

លោក​ឧត្តម​សេនីយ​ត្រី​ ទូច​ ណារុថ​ស្នង​ការ​ប៉ូលីស​ក្រុង​ភ្នំ​ពេញ​មិន​អាច​សុំ​សេច​ក្តី​អត្ថា​ធិប្បាយ​បាន​ទេ។

លោក​ចាន់​ សាវ៉េត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ឋិ​មនុស្ស​អាដ​ហុក​បាន​និយាយ​ថា ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ បញ្ហា​សន្តិសុខ​សង្គម​មាន​ភាព​ល្អ​ប្រសើរ ហើយ​​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​៦​ខែ​ចុង​ឆ្នាំ​នេះ​ដោយសារ​មាន​ករណី​បាញ់​សម្លាប់​​មនុស្ស​ និង​សកម្ម​ភាព​ចាប់​ជំរិត​ក៏ប៉ុន្តែ អាជ្ញាធរ​បាន​ទទួល​ជោគ​ជ័យ​ច្រើន​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន។

«ខាង​សង្គម​ស៊ីវិល​យើង​មើល​ឃើញ​ថា ភ្នាក់​ងារ​ខាង​ប៉ូលីស​ហាក់​បី​ដូចជា​មាន​ការណ៍ធ្វេស​ប្រហែស​ដោយសារ​វិធាន​ការណ៍​របស់​ខ្លួន​ក្នុង​ការ​ចាត់​វិធានការ​ហ្នឹង​អត់​ទាន់​ពេល​វេលា ហើយ​ការ​ទប់​ស្កាត់​បទ​ល្មើស​កុំឲ្យ​វា​កើត​បាន​នោះ​ហាក់​បី​ដូច​ជា​នៅ​មាន​កម្រិត​ដែរ»។

ប្រជា​ពលរដ្ឋ​មួយ​រូប​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា អំពើ​បាញ់​សម្លាប់​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​វាហាក់​បី​ដូច​ជា​រឿង​បាញ់​សម្លាប់​សត្វ​ដោយ​មិន​មាន​អ្នក​ណា​រក​ខុស​ត្រូវ។

«ប្រជាជន​ជា​ទូ​ទៅ​គឺមិន​ដែល​មាន​ការ​សប្បាយ​ចិត្ត​ទេ​ចំពោះ​ការ​កាប់​សម្លាប់ អំពើ​មនុស្ស​ឃាត​បែប​នេះ​នោះ។ មាន​តែ​ការ​ភ័យ​ខា្លច មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​ខ្លួន​ក្នុង​ការ​ធ្វើ​ការ​ងារ​អ្វី​មួយ»។

ដោយ​ឡែក​បើ​ទោះជា​លោក​អះអាង​ថា បទល្មើស​ឧក្រិដ្ឋ​មាន​ការ​ថយចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​ លោកឧត្តម​សេនីយ​កៀត ច័ន្ទថារិទ្ឋ​ ក៏​បាន​ទទួល​ស្គាល់​ថា មាន​កើន​ឡើង​បទ​ល្មើស​មជ្ឃឹម​ដែល​រួម​មាន​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ ចាប់​រំលោភ​សេព​សន្ទវៈ​ និង​អំពើ​ចោរកម្ម។

«ដោយសារ​កម្រិត​យល់​ដឹង​របស់​ប្រជាពល​រដ្ឋ​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ អញ្ចឹង​គាត់​ធ្វើ​អ្វីៗ​ទៅ​ ជួន​កាល​គាត់​ធ្វើ​ហើយ​ស្តាយ​ក្រោយ​ក៏​មាន។ បញ្ហា​មួយ​ទៀត​មាន​ចំណុច​ខ្លះ​ការ​សេព​គប់​ក្នុង​សង្គម​មិន​ត្រឹម​ត្រូវ​ក៏​ជះ​ឥទ្ឋិពល​ក្នុង​ហ្នឹង​ដែរ»។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក​គៀត ច័ន្ទថារិទ្ឋ​បាន​បញ្ជាក់​ថា គ្រប់ឃាតកម្ម និង​បទល្មើស​ធំៗ​សម្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅ​ឡើយ៕

This posting includes an audio/video/photo media file: Download Now

រដ្ឋាភិបាល​កម្ពុជា​លុបចោល​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ

Posted: 13 Oct 2011 01:07 PM PDT

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​ប្រកាស​លុប​ចោល​​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ដែល​សម្លាប់​មនុស្ស​ជាង​២០០​នាក់។

ព្រះរាជពិធី​បុណ្យ​អុំទូក​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ជា​រៀងរាល់​ឆ្នាំ​នោះ​ត្រូវ​បាន​លុប​ចោល​សម្រាប់​ឆ្នាំ​នេះ ដោយសារ​​រដ្ឋាភិបាល​ត្រូវការ​ថវិកា​សម្រាប់​ការ​រៀបចំ​ការ​ប្រារព្ធ​ព្រះរាជពិធី​បុណ្យ​អុំទូក​នេះ​ ទៅ​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ច្រើន​រាប់​ម៉ឺន​នាក់។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​ប្រកាស​នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​ពិសេស​គណៈ​រដ្ឋមន្ត្រី​នៅ​ល្ងាច​នេះ​ថា លោក​សុំ​លើក​ពេល​ប្រារព្ធ​ព្រះរាជាពិធី​បុណ្យ​អុំទូក​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​នេះ​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ​ដោយសារ​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ពេក ​ប៉ុន្តែ​ពិធី​បុណ្យ​ផ្សេងៗ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​ធម្មតា។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​បញ្ជាក់​ថា កម្ពុជា​កំពុង​តែ​ទទួល​រងគ្រោះ​ទឹក​ជំនន់។ កម្លាំង​សកម្ម​ត្រូវ​ជួយ​ស្តារ​ការ​ខូចខាត ​ហើយ​ទូក​ប្រណាំង​ភាគ​ច្រើន​បំផុត​មក​ពី​តំបន់​រងគ្រោះ​ដោយ​ទឹក​ជំនន់ ​ហើយ​រដ្ឋាភិបាល​ត្រូវ​ការ​ចំណាយ​សម្រាប់​ការ​ប្រារព្វពិធី​ បុណ្យ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​បន្ថែម​ថា ទូក​ប្រណាំង​នីមួយៗ​ត្រូវ​ចំណាយ​យ៉ាង​តិច​ជាង​១០​លានរៀល ​ស្មើ​នឹង​២.៥០០​ដុល្លារ​អាមេរិក​ ហើយ​ប្រជាពលរដ្ឋ​អាច​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ​នៅ​តាម​វត្ត​អារាម​ ឬ ​តាម​ស្រុក​ភូមិ។

លោក​ ខៀវ ​កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​បាន​ថ្លែង​ប្រាប់​អ្នក​រាយការណ៍​ព័ត៌មាន​ ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ពិសេស​ថា​ ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​លុបចោល ​ប៉ុន្តែ​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ឈប់​សម្រាក​ជា​ធម្មតា ​និង​ការ​សម្តែង​តន្ត្រី​តាម​ទីសាធារណៈ​សម្រាប់​កំសាន្ត​លេង​ដូច​ឆ្នាំ​មុន​ៗ។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​ថ្លែង​ថា ការ​ប្រារព្វ​ពិធី​បុណ្យ​អុំទូក​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​មាន​មនុស្ស​ច្រើន​រាប់​លាន​នាក់​ចូល​រួមនោះ ​គឺ​ជា​ការ​ខាតបង់​ឱកាស​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ ព្រោះ​ស្រុក​ភូមិ​នីមួយៗ​ចាំបាច់​ត្រូវ​បញ្ជូន​ទូក​ និង​កម្លាំង​អ្នក​អុំទូក​មក​ចូល​រួម​ពីធី ​ ដែល​ត្រូវ​មាន​សម្លៀកបំពាក់​សមរម្យ ​និង​ការ​ចំណាយ។

ជា​រៀងរាល់​ឆ្នាំ ​មាន​ទូក​ប្រណាំង​ជាង​មាណ​៤០០​គ្រឿង​មក​ពី​ទូទាំង​ប្រទេស​មក​ចូល​រួម​នៅ​ក្នុង​ព្រះរាជពិធី​បុណ្យ​អុំទូក​នេះ ដែល​ត្រូវ​ចំណាយ​សរុប​ជាង​១ ​លាន​ដុល្លារ​អាមេរិក។

លោក​ ខៀវ ​កាញារីទ្ធ​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​នឹង​យក​ថវិកា​សម្រាប់​ចំណាយ​លើ​ការ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ​ទៅ​ជួយ​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់។

លោក ​សុន​ ឆ័យ ​តំណាង​រាស្ត្រ​គណបក្ស​ សម​ រង្សី ​បាន​ថ្លែង​ថា ការ​សម្រេច​លុប​ចោល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ​ដោយសារ​តែ​គ្រោះ​ទឹក​ជំនន់​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ខុសធ្ងន់ធ្ងរ​ណាស់។

«ខ្ញុំ​ថា ​វា​ជា​ប្រពៃណី​របស់​ជាតិ​ ហើយ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ពិធី​បុណ្យ​របស់​យើង ​គួរ​ប្រព្រឹត្តិ​ទៅ​ជា​ធម្មតា ​ពីព្រោះ ​វា​មិន​គ្រាន់​តែ​ជា​ប្រពៃណី ​វា​គឺ​ជា​មូលហេតុ​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ដែល​មក​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ផង​ដែរ។​ ការ​ចំណាយ​ធនធាន​បន្តិច​បន្តួច​ដើម្បី​ប្រារព្ធ​ពិធី​នេះ ​យើង​បាន​ទទួល​ផល​ច្រើន​ទ្វេ​ដង​អំពី​ការ​មក​ចូល​ទស្សនា​កម្ពុជា​នៃ​ភ្ញៀវ​បរទេស​ផង​ដែរ»។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​បង្ហាញ​ថា​ ទឹក​ជំនន់​នៅ​កម្ពុជា​ ដែល​បាន​ចាប់​ផ្តើម​ពី​ខែ​កញ្ញា​មក​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២០០​នាក់ ​ប្រជាពលរដ្ឋ​ជាង​៣២.០០០​គ្រួសារ​គ្មាន​ទី​ជម្រក​ ស្រូវ​សន្ទូង​ជាង​៤៤៥.៥៣១​ហិកតា​ ត្រូវ​លិចលង់​ហើយ​ផ្លូវ​ជាតិ ​និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​ជាង​១.០០០​គីឡូម៉ែត​នៅ​តាម​ខេត្ត​មួយ​ចំនួន​ត្រូវ​បាន​ខូចខាត៕

This posting includes an audio/video/photo media file: Download Now

តុលាការ​ក្រុង​ភ្នំពេញ​តម្កល់​ទោស​ជាប់​គុក​ពីរ​ឆ្នាំ​ដល់​មេគណបក្ស​ប្រឆាំង

Posted: 13 Oct 2011 12:38 PM PDT

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្រេច​តម្កល់​ការ​ផ្តន្ទា​ទោស​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​សម​ រង្ស៊ី ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ ​ពី​បទ​បរិហារកេរ្តិ៍​លោក​ ហោ​ ណាំហុង ​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរ។​ ការ​សម្រេច​ក្ដី​នេះ​ធ្វើ​ឲ្យ​មេ​ដឹកនាំ​គណបក្ស​សម​ រង្ស៊ី ​ដែល​កំពុងនិរទេស​នៅ​ក្រៅ​ប្រទេស​ទទួល​រង​ការ​ផ្តន្ទាទោ​ជាប់​ពន្ធគារ​សរុប​ចំនួន​ប្រាំបួន​ឆ្នាំ ​ក្នុង​បទ​ចោទ​ប្រកាន់​ចំនួន​បី​ករណី។

លោក ​ហោ ​ណាំហុង បាន​ប្តឹង​ប្រឆាំង​លោក​ សម​ រង្ស៊ី​ នៅ​តុលាការ​កម្ពុជា ​និង​បារាំង​ បន្ទាប់​ពី​លោក​សម​ រង្ស៊ី​ បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​២០០៨​ នៅ​សារមន្ទីរ​ជើងឯក​ថា​ លោក​ ហោ ​ណាំហុង​ គឺ​ជា​អតីត​មេ​គុក​បឹងត្របែក​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១​ នេះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោក​ សម​ រង្ស៊ី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ។ ដោយឡែក​តុលាការ​កំពូល​ប្រទេស​បារាំង​បាន​សម្រេច​ឲ្យ​លោក​ សម​ រង្ស៊ី ​ឈ្នះ​ក្ដី​លោក​ប្រមុខ​ការ​ទូត​ខ្មែរ​កាល​ពី​ដើម​ឆ្នាំ ​២០១១​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ ​ដែល​ធ្វើ​ឲ្យ​លោក ​សម ​រង្ស៊ី​ ប្ដឹង​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ក្ដី​លើ​ករណី​របស់​លោក​ឡើង​វិញ។

លោក ​ជួង​ ជូងី ​មេធាវី​ការពារក្តី​របស់​លោក​ សម​ រង្ស៊ី​ បាន​ថ្លែង​ថា ចៅក្រម​សាលា​រាជធានី​ភ្នំពេញ​បាន​តម្កល់​សេចក្ដី​សម្រេច​ប្រកប​ដោយ​អយុត្តិធម៌​ ដោយ​មិន​ពិចារណា​លើ​សេចក្ដី​សំអាង​របស់​លោក​ក្នុង​សវនាការ​ និង​មិន​ពិចារណា​លើ​គោលការណ៍​សកល​នៃ​ការ​សម្រេច​លើ​សំណុំក្ដី​តែ​មួយ។

«ការ​ដែល​តុលាការ​ក្រុង​រក្សា​ការ​សម្រេច​ដូច​មុន​ដដែល​អត់​ត្រឹមត្រូវ​ទេ​ គឺ​បាន​ន័យ​ថា ​គាត់​មិន​បាន​ពិចារណា​ទៅ​លើ​សាលដីកា​តុលាការ​កំពូល​ប្រទេស​បារាំង។​ បើ​សិន​ណា​តុលាការ​ប្រទេស​បារាំង​កាត់​ចប់​សព្វ​គ្រប់​អស់​ហើយ​គោលការណ៍​សកល​មិន​អាច​តុលាការ​ផ្សេង​ទៀត​យក​ទៅ​កាត់​ឡើង​វិញ​ទេ»។

លោក ​កា ​សាវុធ ​មេធាវី​ការពារក្តី​របស់​លោក​ ហោ ​ណាំហុង​ ចាត់ទុក​ថា​ ការ​សម្រេច​ក្ដី​នេះ​ជា​ការ​សម្រេច​ត្រឹមត្រូវ។

«ខ្ញុំ​ពេញ​ចិត្ត​ពី​ព្រោះ​គាត់​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់»។

លោក​មេធាវី ​កា ​សាវុធ ​ធ្លាប់​ពន្យល់​ថា​ ច្បាប់​មិន​តម្រូវ​ឲ្យ​​តុលាការ​ពិចារណា​ទៅ​លើ​សាលក្រម​ប្រទេស​បារាំង​ទេ​ ខណៈ​ដែល​លោកសម រង្ស៊ី ដែលជាជន​ត្រូវ​ចោទ​អវត្តមាន​នៅ​ពេល​សវនាការ ។

លោក​មេធាវី​ ជួង​ ជូងី ​បាន​បញ្ជាក់​ថា ​លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ៕

This posting includes an audio/video/photo media file: Download Now

ជួបគ្នា​វិញ​បន្ទាប់​ពី​បែក​៣៦​ឆ្នាំ

Posted: 13 Oct 2011 07:54 AM PDT

ក្រុម​គ្រួសារ​អនិកជន​ខ្មែរ​កាដាណា​មួយ​ បាន​ជួប​ជុំ​គ្នា​វិញ​បន្ទាប់​ពី​បាន​បែក​គ្នា​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ ចាប់​តាំង​ពី​ក្រុម​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​មក។ ការ​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើង​វិញ​នេះ​ ហាក់​ដូច​ជា​សុបិន​ក្លាយ​ជា​ការណ៍​ពិត​សម្រាប់​ពួកគេ។

មិន​ដែល​ឡើយ ដែល​អ្នក​ស្រី ឈា វ៉ាត ធ្លាប់​គិត​ថា អ្នក​ស្រី​នឹង​មាន​ឱកាស​បែប​នេះ​ម្តង​ទៀត​ក្នុង​ជីវិត​របស់​អ្នក​ស្រី។ អ្នក​ស្រី​ទើប​នឹង​បាន​ជួប​ប្តី​ជា​ទី​ស្រឡាញ់​របស់​អ្នក​ស្រី​វិញ ​បន្ទាប់​ពី​បែក​គ្នា​តាំង​ពី​ឆ្នាំ​១៩៧៥​ ក្នុង​របប​ខ្មែរ​ក្រហម​មក​ម៉្លេះ។

ជា​អនិក​ជន​ខ្មែរ​មក​ពី​ប្រទេស​កាណាដា​ អ្នក​ស្រី​ ឈា វ៉ាត​បាន​គិត​ថា ប្តី​របស់​អ្នក​ស្រី គឺ​លោក ពៅ ណាំ បាន​ស្លាប់​បាត់​ទៅ​ហើយ​ ក្រោយ​ពី​​ក្រុម​ខ្មែរ​ក្រហម​បាន​នាំ​ខ្លួន​គាត់​យក​ទៅ​បាត់ ​កាល​ពី​​​៣៦​ឆ្នាំ​មុន​នោះ។

«ពី​មុន ខ្ញុំ​អត់​ស្រម៉ៃ​ទេ​ ទើប​នឹង​មក​ជួប​ប្រទះ​នេះ​បណ្តោយ​ ព្រោះ​អី​នឹក​ឃើញ​ថា​ ខ្មែរ​ក្រហម​យក​ទៅ​ គេ​មិន​ដែល​ទុក​ជីវិត​យើង​ទេ»។

<!--AV-->

លោក ពៅ ណាំ​ធ្វើ​ការ​ជា​គិញ​ក្នុង​របប​លន់ នល់។ ​លោក​មាន​កូន​ប្រុស​ស្រី​ចំនួន​៧នាក់ ​ជាមួយ​លោក​ស្រី ឈា វ៉ាត។

«ដូច​ដែល​ខ្ញុំ​រស់​នៅ​ជាមួយ​គាត់​ពី​សង្គម​ចាស់​អញ្ចឹង​​ដែរ ​ខ្ញុំ​នៅ​តែ​គិត​អញ្ចឹង​ដដែល»។

លោក​ស្រី ឈា វ៉ាត​ និង​កូន​ទាំង៧នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៥​ ហើយ​បាន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កាណាដា​នៅ​ដើម​ទសវត្ស​១៩៨០។​ ទើប​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ លោក​ស្រី​និង​កូនៗ​ក៏​បាន​សម្រេច​ចិត្ត​តាម​ស្វែង​រក​លោក ពៅ​ ណាំ​ បន្ទាប់​ពី​ជឿ​គ្រូទាយ​ប្រាប់​ថា​ ប្តី​និង​ឪ​ពុក​របស់​ពួកគេ​នៅ​មាន​ជីវិត​នៅ​ឡើយ។

លោក ពៅ​ ភារុណ​គឺ​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​៥​នាក់ ដែល​បាន​ព្យាយាម​តាម​ស្វែង​រក​ឪពុក​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ខែ​មីនា​ ឆ្នាំ​មុន​មក​ម៉្លេះ។ ​ឪពុក​ និង​កូន​បាន​ជួប​គ្នា​វិញ​ដោយ​ចៃដន្យ​នៅក្នុង​ផ្សារ​មួយ​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាប់​ព្រំដែន​ខ្មែរ​ ថៃ។

«ពេល​ខ្លះ​ នៅ​ពេល​យប់​ ដែល​ខ្ញុំ​ងើប​ឡើង​ ខ្ញុំ​ចេះ​តែ​គិត​ថា​តើ​រឿង​នេះ​ពិត​ឬ​មិន​ពិត​ ដូច​ជា​រឿង​យល់​សប្តិ។ ​ប៉ុន្តែ​វា​ជា​រឿង​ពិត​ដែល​ខ្ញុំ​បាន​ជួប​ឪពុក​ម្តង​ទៀត​ ព្រោះ​ខ្ញុំ​ដឹង​ថា ​ពេល​ខ្ញុំ​ទៅ​កាណាដា​ បួន​ប្រាំ​ឆ្នាំ​មុន​ដំបូង​ ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​ឪពុក​ខ្ញុំ​ ពេល​យប់​ខ្ញុំ​តែង​ស្រក់​ទឹក​ភ្នែក»។

លោក ពៅ ណាំ​ ត្រូវ​បាន​ក្រុម​ខ្មែរ​ក្រហម​នាំ​យក​ទៅ​វាយ​សម្លាប់​ចោល​ក្នុង​រណ្តៅ​​ចំនួន​ពីរ​លើក​ ប៉ុន្តែ​​ជា​ភ័ព្វ​សំណាង​ដ៏​កម្រ​មួយ លោក​នៅ​តែ​មាន​ជីវិត​ និង​ខំ​ប្រឹង​រស់​ត​ទៅ​ទៀត។ ​ក្រោយ​របប​ខ្មែរ​ក្រហម​ លោក​បាន​ព្យាយាម​ស្វែង​រក​ប្រពន្ធ​និង​កូនៗ​របស់​លោក​វិញ​ ប៉ុន្តែ​បាន​ជួប​ត្រឹម​តែ​ក្តី​អស់​សង្ឃឹម​ ប៉ុណ្ណោះ​ ដោយ​សារ​លោក​បាន​គិត​ថា​ ប្រពន្ធ​និង​កូនៗ​ជា​ទី​ស្រឡាញ់​របស់​លោក​ ប្រហែលជា​បាន​ស្លាប់​បាត់​អស់​ទៅ​ហើយ។

លោក ពៅ សម្បូរ គឺ​ជា​កូន​ប្រុស​ពៅ​ក្នុង​គ្រួសារ​ដែល​បាន​បែក​ពី​ឪពុក​តាំង​ពី​អាយុ​បាន​៥​ឆ្នាំ។

«អ្វី​ដែល​ខ្ញុំ​ប៉ង​តាំង​ពី​តូច​មក​គឺ​ថា​ នៅ​ពេល​នោះ​ ខ្ញុំ​ស្រក់​ទឹក​ភ្នែក។​ ពេល​ខ្ញុំ​ឱប​គាត់​ ខ្ញុំ​ស្រក់​ភ្នែក។​ ខ្ញុំ​យំ​ជាមួយ​គាត់ ពី​ព្រោះ​ខ្ញុំ​តាំង​ពី​ដើម​មក​ ខ្ញុំ​មិន​ដែល​បាន​ស្គាល់​ឪពុក​ ទើប​តែ​លើក​ទី​១​ ដែល​ខ្ញុំ​ដឹង​ក្តី ហើយ​ចាំ​៤១​ឆ្នាំ​ហ្នឹង»។

លោកស្រី​ ឈា វ៉ាត ​បាន​រក្សា​ទុក​ជាប់​នឹង​ខ្លួន​ជានិច្ច​នូវ​រូបថត​មួយ​សន្លឹក​របស់​ប្តី​អ្នក​ស្រី និង​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ ​ដែល​ប្តី​របស់​លោក​ស្រី​បាន​បន្សល់​ទុក​ឲ្យ​ មុន​ពេល​​ក្រុម​ខ្មែរ​ក្រហម​បាន​ចាប់​ខ្លួន​គាត់​យក​ទៅ។ លោក​ស្រីជឿ​ថា​ គឺ​របស់​ទាំង​ពីរ​នេះ​ហើយ​ដែល​បាន​ជួយ​ឲ្យ​អ្នក​ស្រី​ជួប​ជុំ​​ជាមួយ​ប្តី​ដ៏​ជា​ទី​ស្រឡាញ់​​របស់​អ្នក​ស្រី​វិញ​នោះ។

«ខ្ញុំ​នឹក​ឃើញ​ថា​ គាត់​ស្រឡាញ់​ព្រះ​អង្គ​ណាស់។ ​ខ្ញុំ​ថែ​រក្សា​មក​រហូត​ ដើម្បី​ទុក​ជា​អនុស្សាវរីយ៍។ដល់​ពេល​នេះ​ ខ្ញុំ​រក​គាត់​ឃើញ ខ្ញុំ​ត្រូវ​ជូន​គាត់​វិញ​ របស់​គាត់»។

ថ្វី​ត្បិត​តែ​ការ​ជួប​ជុំ​ក្រុម​គ្រួសារ​ជាថ្មី​ឡើង​វិញ​​នេះ​ ហាក់​រាង​ជ្រុល​ពេល​បន្តិច​ទៅ​ហើយ​ក៏​ដោយ​ ក៏​សម្រាប់​លោក​ស្រី ឈា វ៉ាត វា​ហាក់​ដូច​ជា​សុបិន​ ដែល​ក្លាយ​ជា​ការណ៍​ពិត​ដូច្នោះ​ដែរ ​ពោល​គឺ​សុបិន​ចង់​នៅ​ក្បែរ​ស្វាមី​ជាទី​ស្រឡាញ់​របស់លោក​ស្រី​ម្តងទៀត​ដូច​គ្រា​មុន៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ១៣ តុលា

Posted: 12 Oct 2011 08:46 PM PDT

ព័ត៌មានចុងក្រោយបំផុត៖

អាស៊ី៖ អាជ្ញាធរ​នៅ​ប្រទេស​វៀតណាម​រាយការណ៍​ថា​ មាន​មនុស្ស​៩​នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ទឹកជំនន់​ដែល​កើត​មាន​នៅ​ទូទាំង​តំបន់​ជលសីមា​ទន្លេ​មេគង្គ​។ ទឹកជំនន់​នេះ​ធ្វើឲ្យ​មនុស្ស​ស្លាប់​សរុប​នៅក្នុង​ប្រទេស​នេះ​មាន​ចំនួន​៤៣​នាក់ ដែល​ភាគច្រើន​ជា​កុមារ។

សហរដ្ឋអាមេរិក/អារ៉ាប៊ីសាអូឌីត/អ៊ីរ៉ង់៖ លោក​ប្រធានាធីបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​ និង​ព្រះមហាក្សត្រ​ប្រទេស​អារ៉ាប៊ីសាអូឌីត​អាប់ឌូឡាហ៍ (Abdullah) ប្ដេជ្ញា​ចិត្ដ​បន្ត​នូវ​ការ​ឆ្លើយតប​របស់​អន្ដរជាតិ​យ៉ាង​ខ្លាំង​និង​ឯកភាព​មួយ​ចំពោះ​គម្រោងការណ៍​សម្ងាត់​របស់​អង្គភាព​រដ្ឋាភិបាល​អ៊ីរ៉ង់​ ដែល​ចង់​ធ្វើ​ឃាត​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ប្រចាំ​សហរដ្ឋ​អាមេរិក។

លីប៊ី៖ អង្គការ​សិទ្ធិ​មនុស្ស​មួយ​បាន​ជំរុញឲ្យ​អាជ្ញាធរ​បណ្ដោះអាសន្ន​ បញ្ចប់​ការ​ឃុំឃាំង​និង​ការ​រំលោភ​បំពាន​ជាទូទៅ​តាម​អំពើចិត្ដ​ចំពោះ​អ្នក​ជាប់ឃុំ​ ដោយ​និយាយ​ថា​ ករណី​នេះ​មាន​គ្រោះថ្នាក់​ដូច​ទៅនឹង​ទំរង់​នៃ​ការ​គ្រប់គ្រង​របស់​អតីត​មេដឹកនាំ​ម៉ូអាម៉ារ​ ហ្កាដាហ្វី។

ប៉ាគីស្ថាន៖ ក្រុម​មន្ដ្រី​ស៊ើបការណ៍​សម្ងាត់​ប៉ាគីស្ថាន​និយាយ​ថា​ ការ​ទម្លាក់​គ្រាប់បែក​របស់​យន្ដហោះ​ដែល​គេ​សង្ស័យ​ថា​ជា​យន្ដហោះ​គ្មាន​អ្នក​បើកបរ​របស់​សហរដ្ឋ​អាមេរិក​ បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​យ៉ាង​តិច​ ៣​ នាក់​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ Waziristan​ នៅ​ភាគ​ខាង​ជើង​ប្រទេស។

ស៊ីរី៖ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​ស៊ីរី​និយាយ​ថា​ ការ​ប្រយុទ្ធគ្នា​រវាង​កងកម្លាំង​សន្ដិសុខ​របស់​រដ្ឋាភិបាល​និង​ជន​ប្រដាប់​អាវុធ​ ដែល​គេ​ជឿ​ថា​ជា​ជន​រត់​ចោល​ជួរ​កងទ័ព​បាន​សម្លាប់​មនុស្ស​ ៣​នាក់​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ទួគី។

កូរ៉េ​ខាងត្បូង/សហរដ្ឋ​អាមេរិក៖ ក្រុម​មេដឹក​នាំ​កូរ៉េ​ខាង​ត្បូង​សរសើរ​ដល់​ការ​អនុម័ត​របស់​សភា​ជាតិ​សហរដ្ឋ​អាមេរិក​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ និង​អំពាវនាវ​ឲ្យ​អង្គនីតិ​បញ្ញត្ដិ​របស់​ខ្លួន​ផ្តល់​សច្ចានុម័ត​ឲ្យ​បាន​លឿន​លើ​កិច្ច​ព្រម​ព្រៀង​នេះ។

ចិន៖ ពាណិជ្ជកម្ម​ដែល​លើស​ចំនួន​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​នៅ​ខែ​កញ្ញា​ចូល​ដល់​ខែ​ទី​ពីរ​ជាប់ៗ​គ្នា​ ដែល​បង្ហាញ​ឲ្យឃើញ​ពី​ភាព​ចុះខ្សោយ​នៃ​សេដ្ឋកិច្ច​សាកល​ដែល​មាន​ជា​បន្ដ។

ជប៉ុន៖ គេ​បាន​រកឃើញ​ភាព​គំរាមកំហែង​វិទ្យុសកម្ម​ថ្មី​ទៀត​នៅ​ទី​ក្រុង​តូក្យូ​ និង​ទីក្រុង​ក្បែរខាង​យូកូហាម៉ា​ ដោយ​ស្នើ​ថា​វិទ្យុសកម្ម​ចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ​ Fukushima​ ដែល​ខូចខាត​នៅ​តែ​ចោទ​ជា​បញ្ហា​នៅ​ទូទាំង​ប្រទេស​ជប៉ុន​នៅ​ឡើយ។

លីបេរីយ៉ា៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គេ​រំពឹង​ថា​ក្រុម​មន្ដ្រី​ប្រទេស​លីប៊ីរីយ៉ា​នឹង​ប្រកាស​លទ្ធផល​ដំបូងៗ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដែល​មាន​ការ​ប្រកួតប្រជែង​យ៉ាង​ក្តៅគគុក។

សហរដ្ឋ​អាមេរិក៖ បុរស​ប្រដាប់​អាវុធ​ម្នាក់​បាន​សម្លាប់​មនុស្ស​៨​នាក់​ និង​ធ្វើឲ្យ​មនុស្ស​ម្នាក់​រង​របួស​ជា​ទម្ងន់​នៅ​ក្នុង​ការ​បាញ់ប្រហារ​ជា​បន្ដបន្ទាប់​នៅក្នុង​ហាង​កាត់សក់​និង​អ៊ុតសក់​មួយ​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក។

ប៊ូតង់៖ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្រះមហាក្សត្រ​ Jigme Khesar Namgyel Wangchuck​ ដែល​មាន​ព្រះជន​ក្មេង​ជាងគេ​នៃ​ព្រះ​រាជាណាចក្រ​ Bhutan​ ដ៏​តូច​មួយ​ស្ថិត​នៅ​តំបន់​ភ្នំ​ហេមពាន្ដ​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នាង​ Jetsun Pema ដែលជា​រាស្ដ្រ​សាមញ្ញ​ អាយុ​២១​ឆ្នាំ​ នៅ​ក្នុង​ពិធី​មួយ​តាម​ជំនឿ​ព្រះពុទ្ធសាសនា​​នៅ​វត្ដ​មួយ​ក្នុង​រាជធានី​ Punakha​។ ព្រះមហាក្សត្រ​បាន​សិក្សា​នៅ​បស្ចិម​ប្រទេស។

សហរដ្ឋ​អាមេរិក/កូរ៉េ​ខាងត្បូង៖ នាថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ប្រធានាធិបតី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លីម្យុងបាក់​ ធ្វើ​ទស្សនកិច្ច​នៅ​សេតវិមាន​សហរដ្ឋ​អាមេរិក​ ដែល​ជា​ទស្សនកិច្ច​ឆ្លើយតប​ទៅនឹង​ការ​អនុម័ត​របស់​សហរដ្ឋ​អាមេរិក​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ ដែល​គេ​រំពឹង​ថា​នឹង​នាំ​យក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ទាំង​ពីរ។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

ថៃ​៖ អ្នក​ស្រុក​ភូមិ ក្នុង​រាជធានី​បាងកក​ប្រទេស​ថៃ បាន​ប្រមូល​ចេញ​នូវ​ទំនិញ​ម្ហូប​អាហារ​ចេញ​ពី​ទីផ្សារ​លក់ដូរ​នៅ​ពេល​ដែល​ទឹក​ជំនន់​គំរាម​នឹង​ធ្វើឲ្យ​លេច​ដល់​ទី​កន្លែង​នោះ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ឥណ្ឌា​និង​វៀតណាម៖ បាន​ប្រកាស​អំពី​ផែនការ​រុករក​ប្រេង​និង​ឧស្ម័ននៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ថ្ងៃ​ពុធ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី ទ្រៀង តាន់​ សាង នៅ​ក្នុង​រដ្ឋធានី នូ ដែលី​។​ ចិន​បាន​ទិតៀន​មក​លើ​ការចរចា អំពី​ការ​ផ្សង​ព្រេង​រុករក​ប្រេង និង ឧស្ម័ន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជាពិសេស ជិត​ជួរ​កោះ​ដែល​ចិន​ទាមទារ​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន។

ចិន​និង​រុស្ស៊ី​៖ នាយក​រដ្ឋមន្ដ្រី​រុស្ស៊ី​វ៉្លាឌីមៀរ​ ពូទីន ​ថ្លែង​ថា​ រដ្ឋាភិបាល​ម៉ូស្គូ​​និង​ប៉េកាំង​ខិត​ជិត​មក​ដល់​ការដោះស្រាយ​ជម្លោះ​យូរអង្វែង​អំពី​តម្លៃ​ឧស្ម័ន​ធម្មជាតិ​ ដែល​នឹង​ត្រូវ​បញ្ជូន​លក់​ទៅ​ឲ្យ​ប្រទេស​ចិន​ ដែល​មាន​សេដ្ឋកិច្ច​ស្រែក​ឃ្លាន​ថាមពល។

ភូមា​៖ គណបក្ស​ប្រឆាំង​ធំ​មួយ​នៃ​ប្រទេស​ភូមា​ និយាយ​ថា​រដ្ឋាភិបាល​បាន​ដោះលែង​សកម្មជន​ អ្នកទោស​ជាប់គុក​ ១៨៣​ នាក់​ ឲ្យ​មាន​សេរីភាព​ ដែល​ជា​កាយវិកា​បង្ហាញ​ការ​កែ​ទម្រង់​នយោបាយ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ តែ​ ក្រុម​ការពារ​សិទ្ធិមនុស្ស​​ ទិតៀន​ថា​វិធានការ​នោះ​​នៅ​ពុំ​ទាន់​គ្រាប់គ្រាន់​ទេ។

អ៊ីរ៉ង់​៖ រដ្ឋមន្ដ្រី​ការបរទេសអាមេរិក ហ៊ីឡារី គ្លីនតុន ​ថា​ ការ​ប៉ុនប៉ង​ធ្វើឃាត​មូយ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង​មក​លើ​រូប​ឯកអគ្គរដ្ឋទូត​អារ៉ាប៊ី ​សាអ៊ូឌីត​​ប្រចាំ ​ ជា​ការ​បង្ករឿង​ ដ៏គ្រោះថ្នាក់​បំផុត​ ដោយសារអ៊ីរ៉ង់គាំ​ទ្រ​ ភេរវកម្ម។​ ក្រុងតេហេរ៉ងបដិសេធថា​មិនបានពាក់ព័ន្ទនឹងរឿងនោះទេ។

នីហ្សេរីយ៉ា​៖ ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ព្យាយាម​បំផ្ទុះ​យន្ដហោះ​ពាណិជ្ជកម្ម​អាមេរិកាំង​មូយគ្រឿង​ ដោយ​ប្រើ​គ្រាប់បែក​ញាត់​ចូល​ក្នុង​ខោ​ទ្រនាប់​ហើយ​បាន​សារភាព​កំហុស​របស់ខ្លួន​ទៅ​លើ​ការ​ចោទ​ប្រកាន់​ទាំង​អស់។

អាហ្វហ្គានីស្ថាន​៖ ក្រុមប្រិក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​បាន​បន្ដ​អាណត្ដិ​មួយ​ឆ្នាំ​ទៀត​ដល់​កង​កម្លាំងជំនួយ​សន្ដិសុខ​អន្ដរជាតិ​ដឹកនាំ​ដោយ​អង្គការ​អូតង់​នៅ អាហ្វហ្គានីស្ថាន។

សហរដ្ឋ​អាមេរិក​៖ អាមេរិក​បាន​ចោទ​ប្រកាន់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ស៊ីរី​ម្នាក់ ពី​បទ​ចារកម្ម​មក​លើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរីនៅក្នុងសហរដ្ឋ​អាមេរិក។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!