VOA News: ព័ត៌មាន: “សមាជិក​គណបក្ស​សម រង្ស៊ី​ផ្តាច់​ខ្លួន​ចូល​គណបក្ស​សិទ្ធិមនុស្ស” plus 3 more

VOA News: ព័ត៌មាន: “សមាជិក​គណបក្ស​សម រង្ស៊ី​ផ្តាច់​ខ្លួន​ចូល​គណបក្ស​សិទ្ធិមនុស្ស” plus 3 more


សមាជិក​គណបក្ស​សម រង្ស៊ី​ផ្តាច់​ខ្លួន​ចូល​គណបក្ស​សិទ្ធិមនុស្ស

Posted: 12 Oct 2011 11:20 AM PDT

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ សម​ រង្សី​ចំនួន​១០​នាក់​ប្រចាំ​ខេត្ត​កំពង់ចាម ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​ សម ​រង្សី​ មកចូល​រូម​គណបក្ស​សិទ្ធិ​មនុស្ស។

មន្ត្រី​ទាំង​១០​នាក់រូប​រួម​មាន​លោក​ វ៉ាន់​ ស៊ីវឿន​ អនុប្រធាន​ក្រុមប្រឹក្សា​គណបក្ស​ខេត្ត​ លោក​ ប្រាក់ ​វណ្ណឌី​ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​គណបក្ស​ខេត្ត​ លោក​ ហុក ​លីហក់​ ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស​ស្រុក​ត្បូងឃ្មុំ ​និង​អ្នក​ដទៃ​ទៀត​មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​តំបែរ ​ស្រុក​កងមាស ​ស្រុក​ស្រីសន្ធរ​ ស្រុក​ព្រៃឈរ។

លោក ​ហុក​ លីហក់ ​ប្រធាន​ក្រុមប្រឹក្សា​គណបក្ស​ស្រុក​ត្បូងឃ្មុំ ​ខេត្ត​កំពង់ចាម​ បាន​និយាយ​ថា លោក​មិន​ក្បត់​គណបក្ស​ សម​ រង្សី​ទេ ​ប៉ុន្តែ​គណបក្ស​ សម​ រង្សី​ បាន​ធ្វើ​ឲ្យ​លោក​ឈឺចាប់។

«ខ្ញុំ​ស្រឡាញ់​ណាស់​គណបក្ស​ សម​ រង្សី ​ប៉ុន្តែ​វា​ជា​រឿង​បុគ្គល​វិញ ​មិន​មែន​ជា​រឿង​ជាតិ ​មិនមែន​ជា​រឿង​លទ្ធិ​ប្រជាធិបតេយ្យ ​បក្ខពួក​និយម ​និង​អយុត្តិធម៌។​ ខ្ញុំ​ត្រូវ​តែ​មក​រួបរួម​ជា​មួយ​គណបក្ស​សិទ្ធិមនុស្ស ​ដើម្បី​ប្រមូល​ផ្តុំ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ​ដើម្បី​យក​ជ័យជម្នះ​ជូន​ប្រជាពលរដ្ឋ ​និង​ប្រទេស​ជាតិ​ នៅ​ពេល​បោះឆ្នោត​ខាង​មុខ​នេះ»។

លោក ប្រាក់ ​វណ្ណឌី ​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​គណបក្ស​ប្រចាំ​ខេត្ត​កំពង់ចាម​បាន​បញ្ជាក់​ថា​ លោក​ជា​មនុស្ស​ញៀន​នយោបាយ។ លោក​មិន​អាច​បោះបង់​ចោល​អាជីព​នយោបាយ​របស់​លោក​ទេ។

«យើង​ធ្វើ​នយោបាយ​ចង់​បាន​ប្រជាធិបតេយ្យ ​បើ​ឥឡូវ ​គណបក្ស​អត់​ប្រជាធិបតេយ្យ យើង​គិត​យ៉ាង​ណា​ទៀត»។

លោក ​សម ​រង្សី ​មេ​ដឹក​នាំ​គណបក្ស​ សម ​រង្សី ​បាន​ថ្លែង​ប្រាប់ វីអូអេ​ខ្មែរ​​ពី​ប្រទេស​បារាំង​មក​ថា​ លោក​មិន​មាន​កង្វល់​នឹង​ការ​ចាកចេញ​របស់​សកម្មជន​គណបក្ស​ សម​ រង្សី​ទាំង​នេះទេ​ ពីព្រោះ​ពួក​គាត់​ជា​មនុស្ស​អសកម្ម​។

«យើង​អត់​មាន​ការ​ភ្ញាក់ផ្អើល​ទេ​ពីព្រោះ​យើង​បាន​សម្គាល់​នៅ​ក្នុង​ជួរ​គណបក្ស​សម ​រង្សី​ ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ឃើញ​ថា មាន​មនុស្ស​មួយ​ចំនួន​តូច​ដែល​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​សម ​រង្សី​ ថ្នាក់​មូលដ្ឋាន​ ថ្នាក់​ខេត្ត​បួន​ដប់​នាក់​ ដែល​អសកម្ម ​មិន​ធ្វើការ​ រវើរវាយ ​យក​ជើង​រាទឹក​ដោយ​ប្រការ​ណាមួយ។​ ដូច្នេះ យើង​បាន​ដក​តួនាទី​ពី​អ្នក​ទាំងអស់​នោះ»។

លោក​ ឡាវ​ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​ គណបក្ស​នយោបាយ​មួយ​មិន​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ប៉ុន្តែ​បាន​ធ្វើ​មាន​បែក​សំឡេង​អ្នក​គាំទ្រ​ក្នុង​ចំណោម​គណបក្ស​ប្រឆាំង​ទាំង​ពីរ​គឺ​គណបក្ស​ សម​ រង្សី ​និង​គណបក្ស​សិទ្ធិ​មនុស្ស។

«ការ​ផ្លាស់ប្តូរ​នេះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ដែល​គេ​រត់​ចេញ ​ចុះ​ទន់​ខ្សោយ ​ហើយ​មាន​ការ​ផ្តល់​កម្លាំង​ទៅ​គណបក្ស​ដែល​ទទួល​យក។​ នេះ​ជា​ដំណើការ​លទ្ធិ​ប្រជាធិបតេយ្យ។ ​មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​យក​ជំហរ​នយោបាយ ​និង​គណបក្ស​នយោបាយ»។

លោក​ នី ​ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«បើ​សិន​ជា​យើង​នៅ​តែ​រត់​ចេញ​រត់​ចូល ​គណបក្ស​ប្រឆាំង​ប្រាកដ​ជា​ខ្សោយ​ហើយ។ ប៉ុន្តែ​បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​មាន​ចូល​រួម​គ្នា​វិញ ​ស្ថានភាព​នយោបាយ​នឹង​អាច​មាន​ការ​ផ្លាស់​ប្តូរ​ធំ​ដោយសារ​តែ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ការ​ចូល​រួម​នៃ​ការ​បោះឆ្នោត​ ដោយ​លោក​យល់​ថា​ប្រហែល​ជា​សំឡេង​ឆ្នោត​របស់​លោក​នៅ​ពេល​នេះ​មាន​តម្លៃ»។

លោក ​នី​ ចរិយា ​បាន​លើក​ឡើង​ថា ករណី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​សម​ រង្សី​ មាន​ការ​រត់​ចេញ​រត់​ចូល ​ប៉ុន្តែ​ទី​បំផុត ​គណបក្ស​ទាំង​ពីរ​នេះ​បាន​ចុះ​ទន់ខ្សោយ ​និង​បរាជ័យ​ទាំង​ពីរ​ ហើយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នេះ​វា​បាន​កើត​ឡើង​ពី​ពេល​មុន​រួច​មកហើយៗ​វា​ជា​ការ​បរាជ័យ​តាំង​ពី​ពេល​មុន​មក​ដែរ៕

This posting includes an audio/video/photo media file: Download Now

នគរបាល​ជាតិ​តាម​ប្រមាញ់​ប្រធាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី

Posted: 12 Oct 2011 09:50 AM PDT

នគរបាល​កំពុង​តាម​ស្វែង​រក​ចាប់​ខ្លួន​លោក​សម​ ពិសី​ នាយក​ក្រុមហ៊ុន​ ធី&ភី​ ខូអិលធីឌី​ (T&P Co., Ltd.) ដែល​ជា​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​អំពី​បទ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ បទ​ជ្រើស​រើស​អនីតិជន​ដោយ​ខុស​ច្បាប់​ និង​បទក្លែង​ឯកសារ។

ដីកា​តាម​ចាប់​ខ្លួន​លោក​សម​ ពិសី​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នគរបាល​បានឆ្មក់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ធី&ភី​ ខូអិលធីឌី​ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​កាល​ពី​ចុង​សប្តាហ៍​ ដើម្បី​សង្គ្រោះ​ក្មេង​ស្រី​ក្រោម​អាយុ​១៨​ឆ្នាំ​ចំនួន​៣០​នាក់​ដែល​កំពុង​ទទួល​ការបណ្តុះ​បណ្តាល​ឲ្យ​បម្រើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោក​ឧត្តម​សេនីយ៍​ទោ​ ប៊ិត​ គឹមហុង​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា ​លោក​បាន​ស្នើសុំ​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ និង​បាន​បញ្ជូន​ដីកា​ទៅ​មន្ត្រី​អន្តោប្រវេសន៍​ច្រក​ទ្វា​ព្រំដែន​ទាំង​អស់​ដើម្បី​ចាប់​ខ្លួន​លោក ​សម​ ពិសី​ តាម​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​របស់​តុលាការ​ បើ​លោក​ប៉ុនប៉ង​ឆ្លងដែន​ដើម្បី​រត់គេច​ពី​ការ​ចោទប្រកាន់។

លោក​ឧត្តមសេនីយ៍ត្រី ​ជីវ​ ផល្លី ​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​ថា ​លោក​ សម ​ពិសី ​នាយក​ក្រុមហ៊ុន ​ធី​&​ភី ​ខូអិល​ធី​ឌី​នេះ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ទាក់ទង​នឹង​ការ​ជ្រើសរើស​អនីតិជន​ ការ​ក្លែង​ឯកសារ​ និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់។

«យើង​សង្ស័យ​ថា​ប្រធាន​ក្រុមហ៊ុន​នេះ​នៅ​ភ្នំពេញ។ ​ប៉ុន្តែ​ឥឡូវ ​យើង​មាន​​ដីកា​ហើយ។​ យើង​កំពុង​តែ​តាម​ស្វែងរក​គាត់​ ដើម្បី​នាំខ្លួន​ទៅ​តុលាការ​ ហើយ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។ ​យើង​នឹង​តាម​ប្រមាញ់​គាត់ ​តាម​រក​គាត់ ​មិន​អត់​ឱនឲ្យ​គាត់​រួច​ផុត​ពី​សំណាញ់​ច្បាប់​ទេ។ ​ប៉ុន្តែ​ឥឡូវ ​គាត់​កំពុង​គេច​ខ្លួន។​ អញ្ចឹង​ យើង​កំពុង​តែ​រក​គាត់»។

លោក​ ពេញ​ វិបុល ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំ ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​ចុះ​ថ្ងៃ​ទី​១០​ ខែ​តុលា ​ដោយ​ចោទ​ប្រកាន់​លោក​ សម ​ពិសី ​នាយក​ក្រុមហ៊ុន ​ធី&ភី ​ខូអិលធីឌី​ អំពី​បទ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់។

លោក​ឧត្តមសេនីយ៍ ​ជីវ ​ផល្លី ​បាន​បញ្ជាក់​តាម​សម្តី​ដើម​ថា៖

«​យើង​កំពុង​សុំ​ទៅ​ព្រះរាជអាជ្ញា ​ដើម្បី​ឲ្យ​ចោទ​ប្រកាន់​​លោក​ពិសី​ ពី​បទ​ល្មើស​ទៀត​បន្ថែម ​គឺ​បទ​ជ្រើសរើស​អនីតិជន​ដោយ​ខុស​ច្បាប់ ​និង​បទ​ក្លែង​ឯកសារ​ បន្ទាប់​ពី​នគរ​បាល​បាន​រក​ឃើញ»។

លោក​ឧត្តមសេនីយ៍ ​ជីវ​ ផល្លី ​បាន​បន្ត​ថា​ នគរបាល​បាន​ចាប់​ឃុំ​ខ្លួន​ជនសង្ស័យ​បួន​នាក់​ពាក់ព័ន្ធ​នឹង​អំពើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​ ធី&ភី ​ខូអិលធីឌី​នេះ ​រួម​មាន​ឈ្មោះ ​ឡុង ​សីណា ​អាយុ ​៣០​ឆ្នាំ ​តំណាង​ក្រុមហ៊ុន​នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ត្រូវ​បាន​ចោទ​អំពី​បទ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ចំពោះ​ការ​ចាក់​សោរ​ក្មេង​ស្រី​ក្នុង​បន្ទប់​​ ខណៈ​ដែល​មេ​ខ្យល់​ឈ្មោះ​ ប៉ែន ​សំអាង​ អាយុ​៤៥​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​បទ​ក្លែង​បន្លំ​ឯកសារ ​និង​មាន​បំណង​បញ្ជូន​មនុស្ស​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់។ អ្នក​ស្រី​ ខឹម​ ស្រី ​អាយុ​៤៥​ឆ្នាំ ​និង​អ្នកស្រី ​សឿន​ សី ​អាយុ​៤៤​ឆ្នាំ​ដែល​ជា​ម្តាយ​របស់​អនីតិជន​ពីរ​នាក់​ ក្នុង​ចំណោម​៣០​នាក់ ​ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​បទ​ក្លែង​បន្លំ​ឯកសារ​បន្ថែម​អាយុ​កូន​របស់​ខ្លួន។

លោក ​មឿន​ តុលា ​ប្រធាន​ផ្នែក​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍​បាន​ថ្លែង​ថា​ អាជ្ញាធរ​ត្រូវ​ស្វែងរក​ចាប់​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​នេះ​មក​ដាក់​ទោស​ឲ្យ​ខាង​តែ​បាន។​ ក្រុមហ៊ុន​នេះ​ត្រូវ​តែ​បិទ​ដើម្បី​ជា​គំរូ​មួយ​ដល់​ក្រុមហ៊ុន​ផ្សេងៗ និង​ជា​ការ​កែប្រែ​មុខ​មាត់​របស់​កម្ពុជា។

«ការ​ជ្រើសរើស​ពលករ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ ​ដោយសារ​តែ​កង្វះ​នៃ​ការ​ការពារ​ និង​កង្វះ​នៃ​ការ​ត្រួតពិនិត្យ​ឲ្យ​ដិតដល់។ យើង​ឃើញ​ថា​ ការ​ជ្រើសរើស​ពលករ​នេះ​ ហាក់​ដូច​ជា​ធ្លាក់​ទៅ​ជា​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស»។

លោក ​អាន ​ប៊ុនហាក់ ​ប្រធាន​សមាគម​នៃ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ បាន​ថ្លែង​ថា​ទង្វើ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន​ ធី​&​ភី​ខូអិលធីឌី​នេះ​ អាច​ធ្វើ​ឲ្យ​មាន​ការ​ភ័យខ្លាច​ដល់​ពលករ​ដែល​មាន​បំណង​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​តាម​រយៈ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ផ្សេង​ៗ​ទៀត​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ត្រឹមត្រូវ​ដទៃ​ទៀត។

«សមាគម​បាន​ធ្វើ​ការ​ណែនាំ​សឹក​បបូរ​មាត់​ហើយ​អំពី​បញ្ហា​អនីតិជន ​និង​បញ្ហា​បង្ខាំង​មនុស្ស​នេះ។ ក៏​ប៉ុន្តែ​ករណី​នេះ​នៅ​តែ​កើត​ឡើង។ ​ដូច្នេះ​យើង​ពិត​ជា​មាន​ការ​សោកស្តាយ​ចំពោះ​អំពើ​របស់​ក្រុមហ៊ុន​នេះ»។

លោក​ ហូ ​វុទ្ធី​ អនុ​ប្រធាន​នាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បិទ៕

This posting includes an audio/video/photo media file: Download Now

​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​គួរ​ត្រូវ​ធ្វើ​លើ​ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត

Posted: 12 Oct 2011 08:46 AM PDT

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ លោក​ ឆាំង ​យុគ ​បាន​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ​​នៅ​ថ្ងៃពុធ​​​នេះ​ឲ្យ​ចាត់​វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់បំផុត​​ប្រឆាំង​នឹង​ការ​ចោទប្រកាន់​ស្ដីពី​អំពើ​ពុករលួយ​​នៅក្នុង​​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ ដើម្បី​អ្វី​មួយ​ដែល​លោក​​ហៅ​ថា ជា​ការ​​ស្ដារ​កិត្តិ​យស​​របស់​សាលាក្ដី​នេះ​ឡើងវិញ​ពីការ​អាប់ឱន​ដោយសារ​ការ​ចោទ​ប្រកាន់​​ពី​ការ​ជ្រៀត​ជ្រែក​​​និង​ចំណោទ​នៃ​ភាពពុករលួយ។

លោក​ ឆាំង​ យុគ ​បាន​ស្នើ​យ៉ាងដូច្នេះ​ដោយ​សំអាង​លើ​មូលហេតុ​នៃ​ការ​លាឈប់​ពី​ការងារ​របស់​​សហ​ចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ ​លោក ​ស៊ីកហ្វ្រ៊ីត ​ប៊្លុង។ លោក ​ប៊្លុង​ដែល​បាន​ប្រកាស​លាលែង​ពី​ការងារ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ច័ន្ទ ​ហើយ​លោក​បាន​លាតត្រដាង​ថា ​មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោ​បាយ​ពី​រដ្ឋាភិបាល​កម្ពុជា​ចូល​ក្នុង​កិច្ចការ​ស៊ើប​អង្កេត​របស់​លោក​ក្នុង​សំណុំ​រឿង​ចុងក្រោយ​ ០០៣​ និង​​០០៤។

លោក​ ឆាំង ​យុគ ​ដែល​មជ្ឈមណ្ឌល​របស់​លោក​បាន​រួមចំណែក​ក្នុង​ការ​ផ្ដល់​ឯកសារ​ស្ដីពី​របប​​ខ្មែរ​ក្រហម​ជាច្រើន​ដល់​សាលាក្ដី​ពិសេស ​បាន​លើកឡើង​នៅ​ក្នុងសេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ថា​ ការ​លា​ឈប់​ពីការងារ​របស់​លោក​ចៅក្រម ​ស៊ីកហ្វ្រ៊ីត​ ប៊្លុង ​ជា​រូបភាព​កាន់​តែ​អាក្រក់​បន្ថែមលើ​គម្រោង​ការ​អាក្រក់ ​និង​ការ​ប៉ាន់​​ប្រមាណ​​លើ​អំពើ​ពុករលួយ​ដែល​កើតមាន​នៅ​ក្នុង​ការិយាល័យ​​សហចៅក្រម​ស៊ើបអង្កេត​រួចទៅ​ហើយនោះ។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដដែល​បាន​គូស​បញ្ជាក់​ថា​ ជា​ការណ៍​ចាំបាច់​បំផុត​ដែល​អង្គការ​​សហប្រជាជាតិ​ចាត់ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ស្ដារ​ទំនុកចិត្ត​និង​កេរ្តិ៍ឈ្មោះ​របស់​សាលាក្ដីខ្មែរ​​ក្រហម។

លោក ​ឆាំង ​យុគ ​បាន​ទទូច​ថា ​មិន​ត្រូវ​ឲ្យមាន​ការលាឈប់​ពី​ការងារ​របស់​ចៅក្រម​ដោយ​ពុំមានការ​​ស៊ើបអង្កេត​លើ​អ្វី​ដែល​បាន​លើកឡើង​នោះឡើយ។

«ដំណើរការ​ហ្នឹង​មាន​ភាពពុករលួយ​ មានន័យថា​ មានភាព​មិនប្រក្រតី។ ដូច្នេះ​ចាំបាច់​ត្រូវតែ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ។ ហើយ​ការលាលែង​ដោយ​មិនបាន​ធ្វើ​ការស៊ើប​អង្កេត​នេះ​មិនមែន​ជាទម្លាប់​ល្អ​​របស់​អង្គការ​សហប្រជាជាតិ​ទេ។ ការលាលែង​មិនមែន​ជាដំណោះស្រាយ​ហើយ​មិនត្រូវ​ឲ្យការ​​លាលែង​​នេះ​​កន្លង​ទៅ​ផុត​​ដោយ​គ្មាន​ការស៊ើបអង្កេត»។

អង្គការ​​គំនិត​​ផ្ដួច​ផ្ដើម​​យុត្តិធម៌​​សង្គម​​សេរី ​​OSJI​ ​របស់​​សហរដ្ឋ​​អាមេរិក​ ​កាល​ពី​​ឆ្នាំ​​២០០៧​​ បាន​​​បរិហារ​​អំពើ​ពុករលួយ​​នៅ​​សាលាក្ដី​​ខ្មែរ​ក្រហម​​ខាង​​ភាគី​​កម្ពុជា។​ ហើយ​បន្ទាប់​មក​កម្មវិធី​​អភិវឌ្ឍន៍​​អង្គការ​​សហប្រជាជាតិ​(UNDP)​បាន​បង្កក​លុយ​ជំនួយ​​បរទេស​​ដល់​​ភាគី​​កម្ពុជា​​ចំនួន​ ​៧២ម៉ឺន​ដុល្លារ​អាមេរិក។

កាលពី​ខែ​កញ្ញា​ លោក ​អ៊ុត ​​ឈន ​​អគ្គ​សវនាករ​​នៃ​​អាជ្ញាធរ​ជាតិ​​សវនកម្ម​​កម្ពុជា​​ដែល​ត្រូវ​​បាន​​តែង​តាំង​​​ជា​​ទីប្រឹក្សា​​ឯករាជ្យ​​របស់​​សាលាក្ដី​​ខ្មែរ​ក្រហម​​សម្រាប់​ធ្វើ​ការត្រួតពិនិត្យ​លើ​ការចោទប្រកាន់​​ស្ដីពី​អំពើពុក​រលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​បាន​​អះអាង​​ថា លោក​​មិន​បាន​​រក​ឃើញ​​បញ្ហា​​ធ្ងន់ធ្ងរ​​ទាក់ទង​​នឹង​​ការ​ចោទ​ប្រកាន់​​ពី​​ភាព​មិន​ប្រក្រតី​ ​និង​​អំពើ​ពុករលួយ​​ក្នុង​​សាលាក្ដី​​ខ្មែរ​ក្រហម​​នោះ​ទេ។

លោក​ឆាំង ​យុគ​ បាន​ដាស់តឿន​ថា​ ប្រសិន​បើ​មិនមាន​ការ​ចាត់​ការពី​អង្គការ​សហប្រជាជាតិ​នោះទេ​ អង្គភាព​ក្នុង​សាលាក្ដីខ្មែរ​ក្រហម​ទាំងមូល​រួមទាំង​អង្គការ​សហប្រជាជាតិ​ខ្លួនឯង​ផង​នឹង​ជាប់ប្រឡាក់​ប្រឡូស​ក្នុង​ការ​ស៊ុមគ្រលុំ​ជាមួយ​រដ្ឋាភិបាល។

តែ​លោក​យូ ​ប៊ុនឡេង​ សហ​ចៅក្រម​ស៊ើបអង្កេត​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​មួយ​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​បញ្ជាក់​ថា ​លោក​បាន​ធ្វើ​ការ​សហការ​ជាមួយ​នឹង​ដៃគូ​អន្តរជាតិ​​លោក​​ស៊ីកហ្វ្រ៊ីត​ ប៊្លុង​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣​និង​០០៤​ដោយ​ឯករាជ្យ​ពី​ការ​ជ្រៀត​ជ្រែក​នានា។

លោក​នេត្រ ​ភក្ដ្រា​ អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាងភាគី​កម្ពុជា​អះអាង​ថា ​សហ​ចៅក្រម​កម្ពុជា​​និង​បន្ដ​ជំហរ​បែបនេះ​តទៅទៀត។

«គាត់​នឹង​បន្ដ​ឯករាជ្យភាព ​ហើយ​នឹង​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​រាល់​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​នានា​ពី​​មជ្ឈដ្ឋាន​ខាងក្រៅ ​និង​មជ្ឈដ្ឋាន​ខាងក្នុង​ខាង​សហចៅ​ក្រមស៊ើបអង្កេត»។

ក្នុង​ពេល​ជាមួយគ្នានេះ​ដែរ ក្រសួង​ការបរទេស​កម្ពុជា​ក៏បាន​បញ្ជាក់​ជំហ​របស់​ខ្លួន​ឡើងវិញ​ថា ​រដ្ឋាភិបាល​ខ្មែរ​មិន​ដែល​ជ្រៀតជ្រែក​ ហើយ​ក៏​នឹង​មិន​ជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃក្នុង​របស់​សាលាក្ដីខ្មែរ​​ក្រហម​ដែរ។​ ហើយ​រដ្ឋាភិបាល​កម្ពុជា​គោរព​ឯករាជ្យភាព​របស់​តុលាការ​នេះ ​ក៏ប៉ុន្ដែ​សេចក្ដីថ្លែង​ការណ៍​ដដែល​នៅតែ​ព្រមាន​ជាប្រយោល​ថា ​ខ្លួន​មានសិទ្ធិ​រក្សា​នូវ​«សន្តិភាព ​និង​ការផ្សះផ្សា​នៅ​ក្នុង​ប្រទេស»៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ១២ តុលា

Posted: 11 Oct 2011 09:53 PM PDT

ព័ត៌មានចុងក្រោយបំផុត៖

សហរដ្ឋ​អាមេរិក៖ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​ការ​ប្រកាស​ដ៏​ប្រុងប្រយ័ត្ន​មួយ​ទូទាំង​ពិភពលោក​​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិក​អំពី​លទ្ធភាព​នៃ​សកម្មភាព​ប្រឆាំង​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ការ​ចោទប្រកាន់​ប្រឆាំង​ជនជាតិ​អ៊ីរ៉ង់​ពីរ​នាក់​ពី​ការ​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ (Tehran) ​ដើម្បី​សម្លាប់​ឯកអគ្គរដ្ឋទូត​ប្រទេស​អារ៉ាប៊ីសាអូឌីត​​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

អារ៉ាប៊ី​សាអូឌីត៖ លោក​ Abdel ​Al – ​Jubeir​ ឯកអគ្គរាជទូត​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​​ប្រចាំ​សហរដ្ឋ​អាមេរិក​ ជា​ទិសដៅ​នៃ​ផែនការ​ឃាតកម្ម​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​ ជា​អ្នកការទូត​ដ៏​មាន​បទ​ពិសោធន៍​ដែល​ល្បី​ល្បាញ​បំផុត​ក្នុង​ប្រទេស​លោក​ខាង​លិច។

វៀតណាម/ឥណ្ឌា៖ ប្រធានាធិបតី​វៀតណាម​ ជុង តាន សាង (Truong Tan Sang) ​បាន​ស្ថិត​ក្នុង​រដ្ឋធានី​ញូវដែលី​នៃ​ប្រទេស​ឥណ្ឌា​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៤​ថ្ងៃ​ ដែល​មាន​គោលបំណង​ពង្រឹង​ចំណង​ទាក់ទង​ខាង​ពាណិជ្ជកម្ម​និង​វិស័យ​ការពារ​ប្រទេស។

ភូមា៖ ក្រុម​ប្រឆាំង​និង​អង្គការ​សិទ្ធិ​មនុស្ស​ភូមា​ ប្រាប់​ឲ្យ​ដឹងថា​ រដ្ឋាភិបាល​បាន​ដោះលែង​ពួក​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​នៅ​ថ្ងៃ​ពុធ​នេះ​ រួមមាន​ទាំង​អ្នក​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ផង។

សហរដ្ឋ​អាមេរិក៖ សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹងថា ​សមាជិក​ម្នាក់​នៃ​ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​ បាន​ត្រូវ​ជាប់​សង្ស័យ​ពី​ការ​មាន​តួនាទី​​ក្នុង​ការ​រៀបចំ​ផែនការ​ដែល​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ធ្វើ​ឃាត​​ឯកអគ្គរាជ​ទូត​នៃ​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

ហ្វីលីពីន៖ ប្រធានាធិបតី​ Benigno ​Aquino ​នៃ​ប្រទេស​ហ្វីលីពីន​មាន​ប្រសាសន៍​ថា លោក​នឹង​មិន​យល់​ព្រម​ឲ្យ​មាន​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​ដល់​ខ្មោច​ជន​ផ្តាច់ការ​ប្រធានាធិបតី​ Ferdinand ​Marcos ​ទេ។

ចិន/រុស្ស៊ី៖ ប្រធានាធិបតី​ចិន​ ហ៊ូ ជីនតាវ​ បាន​ស្វាគមន៍​នាយករដ្ឋមន្រ្តី​ Vladimir ​Putin ​នៃ​ប្រទេស​រុស្ស៊ី​ដែល​ជា​មិត្តភក្តិ​ចាស់​របស់​ចិន​នៅថ្ងៃ​ពុធ​នេះ។ ប្រធានាធិបតី​ចិន​បាន​ប្រាប់​នាយករដ្ឋមន្រ្តី​រុស្ស៊ី​ថា​ ​ដំណើរ​បំពេញ​ទស្សនកិច្ច​​រយៈពេល​២ថ្ងៃ​របស់​លោក​មក​កាន់​ទី​ក្រុង​ប៉េកាំង​ បាន​ធ្វើ​ទំនាក់ទំនង​ជឿនលឿន​រវាង​ប្រទេស​ទាំង​ពីរ។

អង់គ្លេស៖ ការិយាល័យ​ស្ថិតិ​ជាតិ​នៃ​ប្រទេស​អង់គ្លេស​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អត្រា​អត់​ការងារ​នៅ​ក្នុង​ប្រទេស​បាន​ឡើង​ដល់​៨​ភាគរយ​ជា​លើក​ទី​មួយ​នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

វៀតណាម​៖ Nguyen​ Phu​ Trong​ ប្រធាន​បក្ស​កុម្មុយនីស្ត​​វៀតណាម​ បាន​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​​រយៈពេល​៥​ថ្ងៃ​ទៅកាន់​ប្រទេស​ចិនដែល​បាន​កើត​មាន​ឡើង​​ប៉ុន្មាន​សប្តាហ៍ ​បន្ទាប់ពី​​ភាគី​ទាំងពីរ​​បាន​ព្រមព្រៀង​គ្នា​បង្កើន​ការចរចា​ដើម្បី​កាត់​បន្ថយ​​ការ​តានតឹង​ខាង​យោធា​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

អ៊ីរ៉ង់​៖ សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​បាន​បំបែក​ផែនការរបស់​អ៊ី​រ៉ង់​​ធ្វើ​ឃាតុ​កម្ម​ឯកអគ្គ​រដ្ឋទូត​ប្រទេស​អារ៉ាប់​ប៊ី​សាអូឌីត​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

ប៉ាឡេស្ទីន​៖ វិទ្យុ​អ៊ីស្រាអែល​ ប្រាប់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ បាន​ឈោង​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ជាមួយ​ក្រុម​កងជី​វពល​ប៉ាឡេស្ទីន​ហាម៉ាស​ ដើម្បី​ដោះលែង​ទាហាន​អ៊ីស្រាអែល​ Gilad Shalit។

លីប៊ី​៖ ពួ​ក​អ្នក​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​អន្តរកាល​លីប៊ី​ និយាយ​ថា​ ពួកគេ​បាន​បង្កើន​ការ​ត្រួត​ត្រា​ទីស្នាក់ការធំៗ​របស់​ប៉ូលីសក្នុង​ទី​ក្រុង Sirte ដែល​ជា​ទីក្រុង​​​កំណើត​របស់អតីត​មេដឹកនាំ​ Moammar Gadhafi ហើយ​ពួកគេ​កំពុង​ខិត​ចូល​កាន់តែ​ជិតដើម្បី​ត្រួតត្រា​ទីក្រុង​នោះ​ទាំង​ស្រុង។

អេហ្ស៊ីប​៖ ឧបនាយករដ្ឋ​មន្រ្តី​អេហ្ស៊ីប​បាន​លាចេញ​ពីតំណែង​កាល​ពី​ថ្ងៃ​អង្គារ ​ពេល​ដែល​ការ​ប៉ះទង្គិច​អំពើ​ហិង្សារវាង​កង​កម្លាំង​សន្តិសុខ​នឹង​អ្នកកាន់​សាសនា​គ្រឹស្ត​ Coptic ​ដែល​បានសម្លាប់​មនុស្ស​២៦​នាក់។

រុស្ស៊ី​៖ ប្រទេស​រុស្ស៊ី​បាន​រិះគន់​ប្រទេស​អ៊ុយក្រែន​ចំពោះ​ការ​កាត់ទោស​អតីត​នាយករដ្ឋ​មន្រ្តី​លោកស្រី​ Yulia​ Tymoshenko ​ឲ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំចំពោះ​ការ​ប្រើប្រាស់​អំណាច​ហួសក្នុង​ទំនាក់​ទំនង​កិច្ច​ព្រម​ព្រៀង​ឧស្ម័ន​​ដែល​លោក​ស្រី​បាន​ចរចាជាមួយ​ប្រទេស​ជិត​ខាងនៅ​ឆ្នាំ​២០០៩។

អ៊ីរ៉ង់​៖ ប្រធានាធិបតី​អ៊ីរ៉ង់​​ Mahmoud​ Ahmadinejad  បានរិះគន់​​ការ​វាយ​នឹង​រំពាត់​កាល​ពី​ពេល​ថ្មីៗ​នេះ​ដល់​និស្សិត​ម្នាក់​ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ចំពោះ​ការ​ប្រមាថ​មើល​ងាយ​លោក​ មួយ​ថ្ងៃបន្ទាប់​ពី​ពួក​សកម្ម​ជន​គណបក្ស​ប្រឆាំង​និ​យាយ​ថា​​សិល្បការនី​​អ៊ីរ៉ង់​ម្នាក់​ក៏​បាន​ត្រូវ​កាត់​ទោស​ដោយ​ការ​វាយ​៩០​រំពាត់​ចំពោះតួនាទី​របស់​នាង​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​ដែល​រិះគន់​រដ្ឋាភិបាល។

សហរដ្ឋ​អាមេរិក​៖ ការកាត់ទោស​អតីត​មន្រ្តី​យោធា​សូវៀត​ម្នាក់​ដែល​គេចាត់​ថាជា​អ្នក​ជំនួញ​មរណភាព​បាន​ត្រូវ​គេកំណត់​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ញូយ៉ក​ដោយ​មាន​គណៈវិនិច្ឆ័យ​ជ្រើសរើស។

សហរដ្ឋ​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​អូបាម៉ា​ មាន​ប្រសាសន៍​ថា​ លោក​បាន​រង់​ចាំ​សមាជិក​សភា​ដើម្បី​ជួយ​លោក​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ជឿន​លឿន​ទៅ​មុខ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!