VOA News: ព័ត៌មាន: “ក្រោយពីចៅក្រមលាលែង ក្រុមអ្នកសង្កេតការណ៍ស្នើឱ្យអ.ស.បនិងរដ្ឋាភិបាលពិភាក្សាគ្នាដោយកុំឱ្យមានសម្ពាធនយោបាយ” plus 5 more |
- ក្រោយពីចៅក្រមលាលែង ក្រុមអ្នកសង្កេតការណ៍ស្នើឱ្យអ.ស.បនិងរដ្ឋាភិបាលពិភាក្សាគ្នាដោយកុំឱ្យមានសម្ពាធនយោបាយ
- សហចៅក្រមស៊ើបអង្កេតលាឈប់ក្នុងពេលមានការរិះគន់ច្រើន
- ក្រុមហ៊ុនចិនចាប់ផ្តើមបើកប្រតិបត្តិការខួងប្រេងនៅសមុទ្រកម្ពុជា
- ព័ត៌មានអន្តរជាតិ៖ ១០ តុលា
- ប្រតិកម្មពីកម្ពុជាចំពោះមរណភាពរបស់ស្ទីវ ចបស៍ សហស្ថាបនិកក្រុមហ៊ុនកុំព្យូទ័រអេបផល
- គណៈកម្មាធិការបោះឆ្នោតពន្យារពេលចុះឈ្មោះអ្នកបោះឆ្នោតនៅតំបន់រងគ្រោះដោយទឹកជំនន់
Posted: 10 Oct 2011 02:58 PM PDT ក្រុមអ្នកវិភាគសាលាក្តីខ្មែរក្រហមជាតិនិងអន្តរជាតិ ជំរុញឲ្យអ.ស.បនិងកម្ពុជាដោះស្រាយអំពីបញ្ហាកិច្ចការតុលាការកាត់ទោសខ្មែរក្រហមជាបន្ទាន់ដើម្បីកុំឲ្យកេរ្តិ៍ដំណែលបរាជ័យនិងប៉ះពាល់បន្ថែមទៅលើដំណើរការកាត់ទោសខ្មែរក្រហម។ ការព្រមានជាមុនដូច្នេះកើតឡើងបន្ទាប់ពីការប្រកាសលាឈប់ពីមុខតំណែងរបស់សហចៅក្រមស៊ើបអង្កេតស៊ិកហ្វ្រិត ប៊្លុង (Siegfried Blunk) ដែលគេចាត់ទុកថាបរាជ័យក្នុងការស៊ើប អង្កេតសំណុំរឿងបន្ថែមទាក់ទងនឹងបទឧក្រិដ្ឋកម្មនានាក្នុងរបបវាលពិឃាតសម័យខ្មែរក្រហម។ លោក Siegfried Blunk ចៅក្រមស៊ើបអង្កេតអ.ស.បបានប្រកាសលាឈប់ពីតំណែងរបស់លោក កាលពីថ្ងៃច័ន្ទដោយសារលោកចោទប្រកាន់លើកដំបូងជាសាធារណៈថាមានការជ្រៀតជ្រែកនយោបាយពីរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងដំណើរការកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ការជជែកគ្នាជាក់លាក់ រវាងកម្ពុជានិងអ.ស.បអំពីដំណើរការសាលាក្តីបច្ចុប្បន្ននឹងដំណើរការទៅមុខ។ តែលោកបន្ថែមថាការជជែកគ្នាគួរឈប់លែងនយោបាយ ត្រូវតែបង្ហាញពីគោលជំហរមួយរឹងមាំ។ គោលជំហរយុត្តិធម៌ គោលការណ៍តុលាការឯករាជ្យ យកគោលបំណងរកយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋជាធំ។ «ខ្ញុំថាបើអត់[ជជែកគ្នាអំពីរឿងនេះ]ទេ តុលាការនេះគេនឹងចងចាំថាជាតុលាការមួយដែលបានបរាជ័យចំពោះជនរងគ្រោះនៃរបបនេះបាទ»។ លោក អ៊ូ វីរៈ អះអាងថាការប្រែប្រួលចុងក្រោយទាក់ទងនឹងរឿង០០៣ និង០០៤និងការលាឈប់ពីមុខតំណែងនេះនឹងធ្វើឲ្យអ្នកឃ្លាំមើលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរមិនទុកចិត្តតុលាការខ្មែរក្រហមនេះទាំងស្រុងទេ។ ការលាលែងរបស់លោកប្លុងកើតឡើងក្រោយពេលបន្តិចដែលមានការគាបសង្កត់ឲ្យសហចៅក្រមស៊ើបអង្កេតលាលែងពីតំណែងពីអង្គការអន្តរជាតិដែលមានដូចជា Human Rights Watch និងការរិះគន់របស់អង្គការ OSJI ពីការបរាជ័យចំពោះការ ស៊ើបអង្កេតសំណុំរឿងបន្ថែមគឺសំណុំ០០៣និង ០០៤ទាក់ទងនឹងបទឧក្រិដ្ឋកម្មនានាក្នុងទសវត្សរ៍១៩៧០ លើជនសង្ស័យ៥នាក់។ លោកស្រី ក្លែ ដាហ្វហ្វី (Clair Duffy) អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការច្បាប់របស់ស.រ.អ.មួយមានឈ្មោះថា OSJI បានថ្លែង ថាអ.ស.បគួរបញ្ជៀសបញ្ហាបានប្រសិនមានការដោះស្រាយបញ្ហាស្មុគស្មាញនេះឲ្យបានឆាប់ មុនពេលមានបញ្ហាកើតឡើង។ លោកស្រីថ្លែងដូច្នេះដោយយោងទៅលើការទាមទាររបស់អង្គការ OSJI ប៉ុន្មានខែមកហើយ ដើម្បីបង្កើតក្រុមជំនាញ ស៊ើបអង្កេតពីមូលហេតុ ស៊ើបអង្កេតសហចៅក្រមស៊ើបអង្កេតទាំងពីរដែលប្រព្រឹត្តខុសច្បាប់ ស៊ើបអង្កេតថាហេតុអ្វីបានជាសំណុំរឿងបន្ថែមជាពិសេសសំណុំរឿង០០៣ មិនបន្តទៅមុខ និងស៊ើបអង្កេតថាការិយាល័យរបស់សហចៅក្រមស៊ើបអង្កេតមានឆន្ទៈឯករាជ្យឥតលម្អៀងដើម្បីស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ឬទេ។ អ្នកស្រីថ្លែងទៀតថាការលា ឈប់ពីមុខតំណែងនិងការជំនួសអ្នកថ្មីមិនមែនជាដំណោះស្រាយទេដែលរឿងនេះអ.ស.បនិងប្រទេសកម្ពុជាត្រូវដោះស្រាយឲ្យបានជាប្រញ៉ាប់។ «ខ្ញុំជឿជាក់ខ្លាំងណាស់ថារឿងនេះមិនមែនជាអ្វីដែលនឹងអាចដោះស្រាយបញ្ហាទេ។ ជាការណ៍ពិតយើងនឹងឃើញបញ្ហាដូចគ្នានេះបង្ហាញពួកគេនៅពេលលើកទី៣ ជាមួយនឹងចៅក្រមបរទេសលើកទី៣ក្នុង មុខតំណែងនេះ។ ជារឿងចាំបាច់ រដ្ឋាភិបាលកម្ពុជានិងអ.ស.បត្រូវតែអង្គុយប្រជុំនៅតុជាមួយគ្នាដើម្បី ពិភាក្សាដោយស្មោះត្រង់អំពីគោលបំណងណាមួយដែលពួកគេចង់ឃើញ ហើយថាតើកេរ្តិ៍ឈ្មោះ យ៉ាងម៉េចដែលគេចង់ឃើញនៅទីបញ្ចប់នៃតុលាការ»។ ក្រុមអ្នកវិភាគខ្លះនៅកម្ពុជាបានថ្លែងថា ការលាលែងរបស់លោកប៊្លុងអាចនឹងធ្វើឲ្យមេធាវីជនជាប់ចោទជាច្រើនក្នុងសំណុំរឿង០០២ដែលធ្លាប់តវ៉ាពីភាពមិនឯករាជ្យរបស់ចៅក្រម មន្ត្រីតុលាការនោះអាចយកសំអាងការលាឈប់របស់លោក ប៊្លុងដើម្បីទាត់ចោលការសម្រេចរបស់តុលាការហើយមានលេសសុំឲ្យតុលាការ ដោះលែងកូនក្តីរបស់ពួកគេជាបន្តបន្ទាប់ឬក៏អះអាងថាតុលាការនេះមិនឯករាជ្យ អព្យាក្រឹត្យគ្រប់គ្រាន់ល្មមអាចកាត់ក្តីជនជាប់ចោទបាន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោកប៊្លុងបានចោទប្រកាន់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រួមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថាបានជ្រៀតជ្រែកចូលក្នុងកិច្ចការតុលាការជាមួយនឹងការប្រើពាក្យជម្រាបលោកអគ្គលេខាធិការអ.ស.ប បាន គីមូនថាមិនអនុញ្ញាតឲ្យមានសំណុំរឿង០០៣ឬ០០៤។ អត្ថាធិប្បាយ នេះត្រូវបណ្តាញផ្សាយព័ត៌មានយកចុះផ្សាយនៅពេលលោក បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងឆ្នាំ២០១០។ «បើទោះបីជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិមិនដាក់ខ្លួនគាត់ឲ្យស្ថិតនៅក្រោមឥទ្ធិពលនៃការលើកឡើងខាងលើនេះក៏ដោយក៏នៅតែមានមន្ទិលសង្ស័យទៅលើលទ្ធភាពរបស់លោកក្នុងការគាំទ្រនឹងសម្ពាធពីមន្ត្រីរាជរដ្ឋាភិបាលនិងលទ្ធភាពនៅក្នុងការបំពេញការងាររបស់លោកដោយឯករាជ្យ ហើយក៏ បង្ករឲ្យមានមន្ទិលសង្ស័យចំពោះសុចរិតភាពនៃដំណើរការទាំងមូលរបស់តុលាការក្នុងសំណុំរឿង០០៣ និង ០០៤ដែរ»។ ភ្លាមៗបន្ទាប់ពីការចោទប្រកាន់របស់លោកប៊្លុងលោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ដ្រីក្រសួងព័ត៌មានច្រានចោលការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល ហើយបានស្ដីបន្ទោសថា លោក ប៊្លុងបរាជ័យក្នុងការសហការល្អជាមួយនឹងសហសេវិករបស់ខ្លួនក្នុងសាលាក្ដីខ្មែរក្រហម។ សាលាក្តីកាត់ទោសខ្មែរក្រហមបានញាំញីដោយការជ្រៀតជ្រែកផ្នែកនយោបាយ និង អំពើពុករលួយនៅពេលតុលាការនេះមិនអាចហៅសាក្សីជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលយ៉ាងតិច ៦នាក់ដើម្បីបំភ្លឺ និងមានការកាត់ប្រាក់ខែបុគ្គលិក សូកប៉ាន់មន្ត្រីតុលាការ ការប្រកាសជាញឹកញាប់មិនឲ្យមានការកាត់ទោសជនសង្ស័យបន្ថែម។ មន្ត្រីតុលាការជាច្រើននាក់ត្រូវគេដឹងថាបានចាកចេញពីតុលាការដោយ បញ្ហាអស់នោះ តែមន្ត្រីមួយចំនួនលាក់បាំងមិននិយាយស្តីការណ៍ពិតដែលបានកើតឡើង។ លោក ឡុង បញ្ញាវុធ មន្ត្រីសម្របសម្រួលកម្មវិធីយុត្តិធម៌នៅកម្ពុជាបានថ្លែងថាកម្ពុជានិងអ.ស.បត្រូវតែ ស្វែងរកដំណោះស្រាយនយោបាយមួយតាមរយៈការជជែកគ្នាដើម្បីជៀសវាងបញ្ហាកាន់តែធំទៅ។ «ហើយបើយើងមិនអាចធ្វើសំណុំរឿង០០៣/០០៤ទេ យើងគួរតែប្រកាសទៅថាដោយសារបញ្ហា ថវិកា ដោយសារតែបញ្ហាពេលវេលារបស់សាលាក្តីត្រូវការពេលយូរយ៉ាងណានោះ ដូច្នេះសំណុំរឿង០០៣/០០៤ មិនអាចដើរទៅមុខបានទេ ដូច្នេះត្រូវបើកចំហរជានិច្ចទៅ»។ យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Martin Nesirky ដែល វីអូអេ សំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា លោក បាន គីមូន បានទទួលលិខិតសុំលាលែងពីការងាររបស់លោកចៅក្រមស៊ីកហ្វ្រ៊ិត ប៊្លុង រួចហើយអង្គការសហប្រជាជាតិនឹងស្នើតែងតាំងសហចៅក្រមស៊ើបអង្កេតបម្រុងជនជាតិស្វ៊ីស លោក ឡូរ៉ង់ កាសពែ អានស៊ែម៉េ ដើម្បីជំនួសលោក ប៊្លុង ឲ្យបានឆាប់បំផុត។ អ្នកនាំពាក្យរបស់លោកបាន គីមូន ដដែលបានបញ្ជាក់ឡើងវិញថា សាលាក្ដីខ្មែរក្រហមត្រូវតែឯករាជ្យពីការជ្រៀតជ្រែកនានារាប់ទាំងការជ្រៀតជ្រែកពីរាជរដ្ឋាភិបាលខ្មែរ ពីប្រទេសម្ចាស់ជំនួយ និងពីអង្គការសង្គមស៊ីវិលផងដែរ។ លោកសហចៅក្រមកម្ពុជា យូ ប៊ុនឡេង បដិសេធធ្វើការបកស្រាយលើហេតុផលនៃការលាលែងពីការងារដែលលោក ប៊្លុង បានលើកឡើងនោះ។ ក៏ប៉ុន្ដែលោកបានសម្តែងការសោកស្ដាយចំពោះរឿងនេះ។ «(ខ្ញុំ) សោកស្ដាយគាត់នៅពេលដែលគាត់លាលែងទៅ គាត់ធ្លាប់ធ្វើការជាមួយយើងបានល្អ»។ ទោះជាយ៉ាងណាក៏ដោយលោក Brad Adam នៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានសម្តែងស្វាគមន៍ចំពោះការលាលែងរបស់លោកប៊្លុង ក្រោយមួយសប្តាហ៍ដែលអង្គការលោកបានស្នើសុំ តែលោកថាសហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេងក៏គួរលាលែងផងដែរ ពីការណ៍ដែលខកខានស៊ើបអង្កេតដូចគ្នានិងលោកប្លុងដែរ ទាក់ទងនឹងសំណុំរឿង០០៣/០០៤។ លោកបានអះអាងថាសេចក្តីថ្លែងការណ៍ជាច្រើនទំព័ររបស់យើងសប្តាហ៍កន្លងទៅបានបញ្ជាក់ច្បាស់ថាមានភស្តុតាងដ៏សន្ធឹកសន្ធាប់ អង្គហេតុជាច្រើនក្នុងសំណុំរឿង០០៣/០០៤ ដែលសហចៅក្រមស៊ើបអង្កេតទាំងពីរត្រូវស៊ើបអង្កេត។ «ពួកគេគួរតែចាត់វិធានការសំណុំរឿងផ្សេងៗទៀតពីព្រោះ មិនមែនមានតែ៥នាក់ទេ ដែលជាអ្នកទទួលខុសត្រូវ។ តែគេគួរធ្វើតាមភស្តុតាង នេះជាអ្វីដែលយើងបាននិយាយតាំងពីដំបូង។ យើងបានស្នើពួកគេថាគួរតែធ្វើតាមភស្តុតាង កន្លែងណាក៏ដោយដែលភស្តុតាងឲ្យតម្រុយ គេគួរតែចាត់វិធានការ។ ហើយបើភស្តុតាងនាំទៅកាន់មនុស្សមានឋានៈទាប ឬ មនុស្សមានឋានៈខ្ពស់ ចៅក្រមទាំងពីរគួរចាត់ វិធានការណ៍ គួរធ្វើតាមហើយអ្នកទាំងពីរមិនគួរខ្វល់អំពីនយោបាយទេ។ នយោបាយមិនមែនជារឿង របស់ពួកគេទេ។ រឿងរបស់ពួកគេគឺត្រូវមើលពីភស្តុតាង»។ សាលាក្តីកាត់ទោសខ្មែរក្រហមគ្រោងនឹងកាត់ទោសសំណុំរឿង០០២ឬអតីតមេដឹកនាំជាន់ខ្ពស់ខ្មែក្រហម មាននួន ជា បងធំទី២ ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារីរដ្ឋមន្ត្រីការបរទេស និងអៀងធីរិទ្ធរដ្ឋមន្ត្រីសង្គមកិច្ចនៅពេលប៉ុន្មានខែខាងមុខ បន្ទាប់ពីកាត់ទោសសំណុំរឿង០០១គឺកាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងដែលទទួលខុសត្រូវជីវិតមនុស្សជាង១២.០០០នាក់៕ This posting includes an audio/video/photo media file: Download Now |
សហចៅក្រមស៊ើបអង្កេតលាឈប់ក្នុងពេលមានការរិះគន់ច្រើន Posted: 10 Oct 2011 11:06 AM PDT សហចៅក្រមស៊ើបអង្កេតអន្ដរជាតិ លោក ស៊ីកហ្វ្រ៊ីត ប៊្លុង (Siegfried Blunk) បានប្រកាសលាលែងពីការងារនៅថ្ងៃច័ន្ទនេះ ដោយសារមូលហេតុនៃការជ្រៀតជ្រែកផ្នែកនយោបាយជាខ្លាំងរបស់រដ្ឋាភិបាលទៅលើកិច្ចការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និងសំណុំរឿង០០៤ដែលរដ្ឋាភិបាលកម្ពុជាបានបង្ហាញការជំទាស់ជាចំហមិនចង់ឲ្យលេចចេញជារូបរាងនោះទេ។ លោក ស៊ីកហ្វ្រ៊ីត ប៊្លុង បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លូនថា លោកបានបញ្ជូនពាក្យនៃការសុំលាឈប់ពីការងាររបស់លោករួចហើយកាលពីថ្ងៃសៅរ៍ទី ៨ ខែតុលា ទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-Moon) បន្ទាប់ពីរូបលោកបានទទួលការប្រឆាំងជំទាស់របស់លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន និងការប្រឆាំងជំទាស់នេះត្រូវបានលើកឡើងច្រំដែលៗ ដោយមន្ដ្រីរដ្ឋាភិបាលដែលលោកចុចចំឈ្មោះ រួមមានលោក ខៀវ កញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្រ្ដីក្រសួងការបរទេស។ សហចៅក្រមស៊ើបអង្កេតសញ្ជាតិអាល្លឺម៉ង់បានហៅអំពើទាំងនោះថា «ការប៉ុនប៉ងជ្រៀតជ្រែករបស់មន្ដ្រីរដ្ឋាភិបាលក្នុងសំណុំរឿង០០៣ និងសំណុំរឿង០០៤»។ កាលពីសប្ដាហ៍មុនអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានអំពាវនាវឲ្យសហចៅក្រមស៊ើបអង្កេតទាំងពីររូប គឺលោក យូ ប៊ុនឡេង និងលោក ស៊ីកហ្វ្រ៊ីត ប៊្លុង លាឈប់ពីការងារដោយសារតែពួកលោកខកខានក្នុងការធ្វើការស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ និង០០៤ ឲ្យបានត្រឹមត្រូវនិងមិនលម្អៀង។ លោកចៅក្រម ស៊ីកហ្វ្រ៊ីត ប៊្លុង ត្អូញត្អែរក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ទោះបីជារូបលោកមិនបណ្ដោយខ្លួនឲ្យមានជ្រៀតជ្រែកដូចបានលើកឡើងមកនេះក៏ដោយ ប៉ុន្ដែសមត្ថភាពរបស់លោកក្នុងការទប់ទល់នឹងការលើកឡើងដោយមន្ដ្រីរដ្ឋាភិបាល និងការធ្វើការដោយឯករាជ្យអាចស្ថិតក្នុងការមន្ទិលសង្ស័យហើយក៏ធ្វើឲ្យមានការមន្ទិលអំពីបូរណភាពនៃនិតិវិធីក្នុងសំណុំរឿង ០០៣ និង ០០៤ ដែរ។ លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិមានប្រសាសន៍ថា លោកចៅក្រម ស៊ីកហ្វ្រ៊ីត ប៊្លុង នឹងស្ថិតនៅកម្ពុជារហូតដល់មានចៅក្រមអន្ដរជាតិថ្មីមកជំនួសរូបលោក។ «រយៈពេលនៃការលាលែងនេះ គឺនឹងផ្អែកទៅលើលោកអគ្គលេខាធិការអង្គការសប្រជាជាតិនិងឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដែលមានអំណាចតែងតាំងសម្រាប់ការជំនួសនេះ»។ យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ម៉ាទិន ណេសៀរគី (Martin Nesirky) ដែល វីអូអេ សំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា លោកបាន គីមូន បានទទួលលិខិតសុំលាលែងពីការងាររបស់លោកចៅក្រមស៊ីកហ្វ្រ៊ិត ប៊្លុង រួចហើយអង្គការសហប្រជាជាតិនឹងតែងតាំងសហចៅក្រមស៊ើបអង្កេតបម្រុងជនជាតិស្វ៊ីស លោក ឡូរ៉ង់ កាសពែ អានស៊ែម៉េ ដើម្បីជំនួសលោក ប៊្លុង ឲ្យបានឆាប់បំផុត។ អ្នកនាំពាក្យរបស់លោកបាន គីមូន ដដែលបានបញ្ជាក់ឡើងវិញថា សាលាក្ដីខ្មែរក្រហមត្រូវតែឯករាជ្យពីការជ្រៀតជ្រែកនានារាប់ទាំងការជ្រៀតជ្រែកពីរាជរដ្ឋាភិបាលខ្មែរ ពីប្រទេសម្ចាស់ជំនួយ និងពីអង្គការសង្គមស៊ីវិលផងដែរ។ លោកសហចៅក្រមកម្ពុជា យូ ប៊ុនឡេង បដិសេធធ្វើការបកស្រាយលើហេតុផលនៃការលាលែងពីការងារដែលលោក ប៊្លុង បានលើកឡើងនោះ។ ក៏ប៉ុន្ដែលោកបានសម្តែងការសោកស្ដាយចំពោះរឿងនេះ។ «(ខ្ញុំ)សោកស្ដាយគាត់នៅពេលដែលគាត់លាលែងទៅ។ គាត់ធ្លាប់ធ្វើការជាមួយយើងបានល្អ»។ យ៉ាងណាក៏ដោយលោក ខៀវ កញ្ញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ដ្រីក្រសួងព័ត៌មានច្រានចោលការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល ហើយបានស្ដីបន្ទោសថា លោក ប៊្លុងបរាជ័យក្នុងការសហការណ៍ល្អជាមួយនឹងសហសេវឹករបស់ខ្លួនក្នុងសាលាក្ដីខ្មែរក្រហម។ លោក អ៊ូ វីរៈ នាយកមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបកស្រាយថា ការលាលែងពីការងាររបស់ សហចៅក្រមស៊ើបអង្កេតអន្ដរជាតិបានបង្ហាញពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងសំណុំរឿង០០៣ និង ០០៤។ ប្រសិនបើសាលាក្ដីខ្មែរក្រហមបិទទ្វារដោយពុំមានការស៊ើបអង្កេតពេញលេញនិងត្រឹមត្រូវក្នុងសំណុំរឿងទាំងពីរ នោះមានន័យថា អង្គការសហប្រជាជាតិនឹងធ្វើឲ្យជនរងគ្រោះដោយរបបខ្មែរក្រហមខកចិត្ត៕ This posting includes an audio/video/photo media file: Download Now |
ក្រុមហ៊ុនចិនចាប់ផ្តើមបើកប្រតិបត្តិការខួងប្រេងនៅសមុទ្រកម្ពុជា Posted: 10 Oct 2011 12:58 PM PDT ក្រុមហ៊ុនសារជីវកម្មប្រេងជាតិដ៏ធំមួយរបស់ប្រទេសចិនដែលមានឈ្មោះថា CNOOC (China National Offshore Oil Corporation) គ្រោងនឹងខួងយកប្រេងនៅក្នុងសមុទ្រកម្ពុជានៅចុងខែតុលានេះ។ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយស្តីពីអំពីផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុន CNOOC ដែល វីអូអេសំឡេងសហរដ្ឋអាមេរិកបានទទួល។ របាយការណ៍បានឲ្យដឹងថាក្រុមហ៊ុន CNOOC ត្រូវបានអនុញ្ញាតពីអាជ្ញាធរជាតិប្រេងកាតកម្ពុជាឲ្យរុករកប្រេងនៅក្នុងប្លុក F ដែលមានផ្ទៃក្រឡាប្រមាណជាង៤.៧០០គីឡូម៉ែតនឹងមានចម្ងាយប្រមាណជាង៣៧គីឡូម៉ែតពីភាគនិរតីនៃក្រុងព្រះស៊ីហនុ។ ក្រុមហ៊ុន CNOOC នៅថ្ងៃច័ន្ទ បានធ្វើបទបង្ហាញរបស់ខ្លួន នៅឯក្រសួងបរិស្ថានស្តីពីផលប៉ះពាល់បរិស្ថានមុននឹងក្រុមហ៊ុននេះឃួងរុករកប្រេង។ បទបង្ហាញនេះ មានការចូលរួមពីក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រសួងកសិកម្ម និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នៅថ្ងៃច័ន្ទនេះ វីអូអេខ្មែរមិនអាចសុំសេចក្តីអត្ថាធិប្បាយបានទេពីមន្ត្រីរដ្ឋាភិបាលសំខាន់ៗដែលរួមមានលោកម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោក ម៉ម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលនៃបណ្តាញផលប៉ះពាល់បរិស្ថាន និងសង្គមមកពីវិស័យឧស្សាហកម្មនិស្សារណកម្មបាននិយាយថា នេះគឺជាបញ្ហាល្អមួយដែលក្រុមហ៊ុន CNOOC បានសិក្សាពីប៉ះពាល់បរិស្ថានមុននឹងសម្រេចខួងរុករកប្រេង។ «ខ្ញុំគិតថានេះជាដំណើរការមួយល្អ ដែលសមស្របទៅនឹងទម្រង់ការ ឬមួយក៏ច្បាប់នៅក្នុងតំបន់ហើយនឹងអន្តរជាតិ។ ហើយខ្ញុំគិតថា បើក្រុមហ៊ុនប្រេងដទៃទៀតនៅក្នុងប្រទេសកម្ពុជាធ្វើដំណើរការដូចក្រុមហ៊ុននេះ អញ្ចឹង។ ខ្ញុំគិតថា ល្អមែនទែន»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកម្ពុជា ធ្លាប់បានអះអាងថា កម្ពុជានឹងទទួលតំណក់ប្រេងជាលើកដំបូងនៅវេលាម៉ោង១២ ថ្ងៃទី១២ ខែ១២ និងឆ្នាំ២០១២ខាងមុននេះ។ លោក ម៉ម សម្បត្តិ បានមានប្រសាសន៍ថានេះគ្រាន់តែជាផែនការមួយតែប៉ុណ្ណោះ ក៏ប៉ុន្តែកម្ពុជាអាចនឹងទទួលបានមុនផែនការ ឬក៏ក្រោយផែនការកំណត់។ «បើសិនជាថ្ងៃ១២ ម៉ោង១២ ខែ១២ ឆ្នាំ២០១២ ពេលហ្នឹងយើងអាចរកបានតំណក់ប្រេងដំបូង ខ្ញុំគិតថា ជាការប្រសើរមែនទែន។ តែទោះជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំដំបូង ចំណូលដែលបានមកពីប្លុក A នេះ វាមិនអាចយកមកអភិវឌ្ឍន៍អីបានទេពីព្រោះចំណូលនេះ ត្រូវយកទៅទូទាត់ថ្ងៃរុករក គេហៅថាថ្ងៃស្រាវជ្រាវ»។ កម្ពុជាមានអណ្តូងប្រេងកាតចំនួនបីតំបន់គឺនៅតំបន់ត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រកម្ពុជា និងថៃ ដែលមានពីប្លុកទី១រហូតទៅដល់ប្លុកទីបួន។ តំបន់ឈូងសមុទ្រ ដែលមានពីប្លុក A, B, C, D, E និង F នៅតំបន់ដែនគោកជុំវិញបឹងទន្លេសាប ហើយក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិកបានរកឃើញអណ្តូងប្រេងចំនួនបួនកន្លែងនៅក្នុងប្លុក A ដែលមាននៅក្នុងបាតសមុទ្រនៃក្រុងព្រះស៊ីហនុ។ ដើម្បីបានចំណូលពីធនធានធម្មជាតិ និងឧស្ម័ន និងដើម្បីជៀសវាងបណ្តាសាប្រេង កម្ពុជាកំពុងធ្វើសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ប្រេងនិងឧស្ម័ន និងសេចក្តីព្រាងច្បាប់ស្តីពីការយកពន្ធលើប្រាក់ចំណូលពីប្រេង និងឧស្ម័ន ដែលកំពុងឋិតនៅក្នុងដៃទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយ។ យោងតាមស្ថិតិរបស់អាជ្ញាធរជាតិប្រេងកាតកម្ពុជាបានឲ្យដឹងថា មានក្រុមហ៊ុនចំនួន២០កំពុងដំណើរការរុករកប្រេងកាតនៅកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
Posted: 09 Oct 2011 06:47 PM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ ចៅក្រមស៊ើបអង្កេតម្នាក់របស់តុលាការកាត់ទោសពួកមេដឹកនាំខ្មែរក្រហមក្នុងប្រទេសកម្ពុជាបានដាក់ពាក្យលាលែងចេញពីតំណែងដោយត្អូញត្អែរអំពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល។ តុលាការនេះបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទនេះ ដោយនិយាយថាចៅក្រមអន្តរជាតិ Siegfried Blunk បានដាក់ពាក្យលាលែងចេញពីតំណែងកាលពីថ្ងៃសៅរ៍។សេចក្តីថ្លែងការណ៍នេះបាននិយាយថា លោក Blunk បានធ្វើដូច្នេះពីព្រោះសេចក្តីថ្លែងការណ៍សាធារណៈដោយក្រុមមន្ត្រីរដ្ឋាភិបាលបានធ្វើឱ្យមានការសង្ស័យអំពីភាពសុចរិតនៃការស៊ើបអង្កេតពីរដែលកំពុងមានធ្វើ។ លោក Blunk ដែលជាជនជាតិអាល្លឺម៉ង់ បានប្រឈមមុខរួចស្រេចហើយជាមួយការចោទប្រកាន់ថា លោកនិងចៅក្រមស៊ើបអង្កេតយូ ប៊ុនឡេង បានចុះញ៉មនឹងការគាបសង្កត់មិនឱ្យធ្វើកិច្ចការបន្តចំពោះករណីឯទៀតៗលើសពីសំណុំរឿងចំនួនពីរដែលបាននាំយកមកកាត់សេចក្តី។ ចៅក្រមទាំងនេះបានប្រកាសកាលពីខែមេសាថាពួកគេបានបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេអំពីករណីយទីបី (សំណុំរឿង០០៣) ទោះណាជាព្រះរាជអាជ្ញាម្នាក់បានត្អូញត្អែរថា ចៅក្រមទាំងនេះមិនបានសាកសួរចម្លើយសាក្សីសំខាន់ៗឬមិនបានទៅមើលកន្លែងដែលជាប់សង្ស័យថាជាកន្លែងមានការប្រព្រឹត្តឧក្រិដ្ឋកម្មទេ។ អេហ្ស៊ីប៖ អាជ្ញាធរអេហ្ស៊ីបបានចាប់ខ្លួនមនុស្សរាប់សិបនាក់នៅក្នុងរដ្ឋធានីគែរ ក្រោយពីការប៉ះទង្គិចគ្នារវាងពួកអ្នកកាន់គ្រិស្តសាសនានិកាយ Coptic និងពួកប៉ូលីសបានបណ្តាលឱ្យមនុស្ស២៤នាក់ស្លាប់ ហើយធ្វើឱ្យមនុស្សយ៉ាងតិចណាស់២០០នាក់ទៀតត្រូវរបួស។ លីប៊ី៖ ប្រមុខនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសលីប៊ីបាននិយាយថា លោករំពឹងថាសំបុកចុងក្រោយបង្អស់របស់ពួកជនដែលស្មោះត្រង់ជាមួយអតីតមេដឹកនាំMoammar Gadhafi នឹងត្រូវវាយយកបានក្នុងសប្តាហ៍នេះ នៅពេលដែលការប៉ះទង្គិចគ្នានៅតែមានតទៅទៀតនៅក្នុងក្រុង Sirte ដែលជាក្រុងកំណើតរបស់ Gadhafi។ ស៊ីរី៖ ពួកសកម្មជនខាងសិទ្ធិមនុស្សស៊ីរីបាននិយាយថា មនុស្ស៣១នាក់បានត្រូវសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅទូទាំងប្រទេស នៅពេលដែលការបង្ហូរឈាមជាច្រើនខែមកហើយនៅតែមានតទៅទៀត។ ប៉ូឡូញ៖ លោក Donald Tusk មេដឹកនាំប៉ូទ្បូញនិយមនយោបាយកណ្តាលខាងស្តាំបានក្លាយទៅជានាយករដ្ឋមន្ត្រីទីមួយចាប់តាំងពីការរលំនៃលទ្ធិកម្មុយនិស្តសូវៀតកាលពី២២ឆ្នាំមុននេះ ដែលបានឈ្នះឆ្នោតសម្រាប់អាណត្តិទីពីរបន្តបន្ទាប់គ្នាក្នុងប្រទេសប៉ូទ្បូញ។ តៃវ៉ាន់/ចិន៖ លោកប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou បានសុំដល់ប្រទេសចិនឱ្យដើរដោយក្លាហាននៅក្នុងទិសនៃសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ នៅក្នុងឱកាសខួបឆ្នាំទី១០០នៃបដិវត្តន៍ដែលបានបញ្ចប់ការគ្រប់គ្រងដោយព្រះចៅអធិរាជក្នុងប្រទេសចិន។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> ថៃ៖ ក្រុមអ្នកធ្វើការជួយសង្គ្រោះគ្រាមានអាសន្នក្នុងប្រទេសថៃបានជម្លៀសអ្នកជំងឺជាង៣រយនាក់ពីមន្ទីរពេទ្យមួយនៅខាងជើងក្រុងបាងកក ពេលដែលទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនអាទិត្យមកហើយបានបង្ខិតបង្ខំឱ្យរោងចក្រនៅជិតនោះបិទទ្វារ ហើយបានគំរាមកំហែងរាជធានីជាមួយទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលច្រើនទសវត្សរ៍មកហើយ។ ជប៉ុន៖ ពួកវេជ្ជបណ្ឌិតជប៉ុនបានចាប់ផ្តើមធ្វើការពិនិត្យរយៈពេលយូរលើក្រុមកុមារ៣សែន៦ម៉ឺននាក់ដើម្បីឱ្យដឹងថាការលេចវិទ្យុសកម្មពីរោងចក្របរមាណូដែលមានការខូចខាតធ្វើឱ្យពួកគេអាចមានគ្រោះថ្នាក់មានជំងឺមហារីក thyroid ឬទេ។ ស្រីលង្កា៖ គណបក្សគ្រប់គ្រងនៅស្រីលង្កាបានឈ្នះក្នុងការបោះឆ្នោតមូលដ្ឋានកាលពីថ្ងៃសៅរ៍ តែគ្មានជោគជ័យទេក្នុងការធ្វើឱ្យមានការត្រួតត្រាក្រុមប្រឹក្សាក្រុងនៃរដ្ឋធានី ជាបរាជ័យមួយរបស់គណបក្សនេះ។ ប៉ូឡូញ៖ ប្រជារាស្ត្រប៉ូទ្បូញបោះឆ្នោតសភាដែលអាចផ្តល់ឱ្យលោក Donald Tusk នាយករដ្ឋមន្ត្រីកំពុងកាន់តំណែងនិងគណបក្ស Civic Platform របស់លោកដែលនិយមនយោបាយកណ្តាលខាងស្តាំនូវរយៈពេល៤ឆ្នាំទៀតដើម្បីបន្តកំណែទម្រង់សេដ្ឋកិច្ចនិងកែលម្អចំណងទាក់ទងជាមួយប្រទេសឯទៀតៗនៃទ្វីបអឺរ៉ុប។ ស៊ីរី៖ រដ្ឋមន្ត្រីការបរទេសស៊ីរីបានព្រមានដល់សហគមន៍អន្តរជាតិកុំឱ្យទទួលស្គាល់ក្រុមប្រឹក្សាប្រឆាំងដែលបានត្រូវបង្កើតកាលពីពេលថ្មីៗនេះ។ លីប៊ី៖ ក្រុមយុទ្ធជននៃរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ីនិយាយថាពួកគេបានចូលទៅដល់ផ្នែកកណ្តាលនៃក្រុង Sirte ជាក្រុងកំណើតរបស់អតីតមេដឹកនាំ Moammar Gadhafi ដោយវាយយកបានកន្លែងមួយចំនួនដែលធ្លាប់ត្រូវកាន់កាប់ដោយពួកជនស្មោះត្រង់ជាមួយអ្នកកាន់អំណាចផ្តាច់ការដែលបានត្រូវទម្លាក់ពីតំណែងរូបនេះ។ ស៊ូដង់៖ លោកប្រធានាធិបតី Salva Kiir នៃប្រទេសស៊ូដង់ខាងត្បូងបានបញ្ចប់ទស្សនកិច្ច២ថ្ងៃរបស់លោកក្នុងក្រុង Khartoum ដែលនៅទីនោះលោកនិងលោកប្រធានាធិបតីស៊ូដង់ Omar al-Bashir បានពិភាក្សាបញ្ហាទាំងទ្បាយដែលនៅតែបណ្តាលឱ្យមានការតានតឹងរវាងប្រទេសទាំងពីរនេះ។ អាហ្វហ្គានីស្ថាន៖ អ្នកនយោបាយអាហ្វហ្គានីស្ថានស្រីម្នាក់ដែលបានត្រូវបណ្តេញចេញពីសភាដោយបានត្រូវចោទប្រកាន់អំពីការបន្លំសន្លឹកឆ្នោតប្តេជ្ញាថានឹងបន្តកូដកម្មបង្អត់អាហារខ្លួនឯងជាងមួយអាទិត្យមក ហើយរហូតដល់ពេលណាដែលអ្នកស្រីបានត្រូវបញ្ចូលជាថ្មីក្នុងសភាវិញ។ តួកគី៖ សមាជិកអំបូរ Kurde ម្នាក់នៃសភាតួកគីបាននិយាយថាបាតុកម្មតវ៉ាធំមួយរបស់ក្រុមជនអំបូរ Kurde ត្រូវបានលប់ចោលហើយនៅក្នុងក្រុងកំពង់ផែមួយនាផ្នែកពាយ័ព្យប្រទេស នៅជិតគុកមួយដែលគេបានឃុំឃាំងលោក Abdullah Ocalan មេដឹកនាំសកម្មប្រយុទ្ធ Kurde។ This posting includes an audio/video/photo media file: Download Now |
ប្រតិកម្មពីកម្ពុជាចំពោះមរណភាពរបស់ស្ទីវ ចបស៍ សហស្ថាបនិកក្រុមហ៊ុនកុំព្យូទ័រអេបផល Posted: 10 Oct 2011 04:05 PM PDT អ្នកជំនាញផ្នៃកព័ត៌មានវិទ្យា និងអ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសកម្ពុជា បានសម្តែងការសោកស្តាយបន្ទាប់ពីមរណភាពរបស់លោក ស្ទីវ ចបស៍ (Steve Jobs)សហស្ថាបនិករបស់ក្រុមហ៊ុនអេបផល (Apple)។ ក្រុមហ៊ុននេះ បានជ្រៀតចូលផ្នែកទីផ្សារព័ត៌មានវិទ្យា និងអេឡិចត្រូនិកនៅក្នុងពិភពលោក និងនៅកម្ពុជាក្នុងរយៈពេលទសវត្សរ៍ចុងក្រោយនេះ។ លោក ស្ទីវ ចបស៍ បានស្លាប់កាលពីថ្ងៃពុធសប្តាហ៍មុន ដោយសារជំងឺមហារីកលំពែង ក្នុងជន្មាយុ ៥៦ឆ្នាំ ដែលជាការស្លាប់វ័យក្មេងសម្រាប់ប្រទេសលោកខាងលិច។ លោក សំ ផៃ នាយកគ្រប់គ្រងនៃក្រុមហ៊ុនលក់កុំព្យូទ័រ ដែលជាផលិតផលរប់ក្រុមហ៊ុនអេបផល មានឈ្មោះថា យូនីយាំងតិចណូឡូជី។ លោកគឺជាអ្នកជំនាញ និងជាអ្នកលក់យ៉ាងទូលំទួលាយ នូវផលិតផលរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិចមួយនេះ។ «គ្រាន់តែឃើញដំណឹងហ្នឹងភ្លាមធ្វើឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារបាត់បង់មនុស្សសំខាន់ម្នាក់នៅក្នុងពួកផលិតផល អេបផល ហ្នឹង របស់ក្រុមហ៊ុន អេបផលតែម្តង។ ហើយយើងជាអ្នកដែលមានជំនាញទាក់ទងនឹងផលិតផលហ្នឹង ធ្វើឲ្យមានការរន្ធត់ខ្លាំងណាស់ ដោយសារតែមិនដឹងថាអាចមានការប្រែប្រួលយ៉ាងម៉េចទៀត។ គឺគាត់មានគំនិត Creative (ច្នៃប្រឌិត) ហើយគាត់ជាទូទៅគឺជាមនុស្សមួយដែលពូកែ។ មិនទាន់ឃើញអ្នកណាម្នាក់ដែលជំនួសគាត់បានទេ»។ លោក ស្ទីវ ចបស៍ គឺជាអ្នកបង្កើតកុំព្យូទ័រ ម៉ាក Macintosh មុនគេ សម្រាប់ក្រុមហ៊ុន អេបផល ហើយក្រោយមកទៀត លោកបានឆ្នៃប្រឌិតបច្ចេកវិទ្យាព័ត៌មានវិទ្យាឈានមុខគេបំផុតនៅក្នុងពិភពលោកដែលបង្កើតជាម៉ាស៊ីនចាក់ភ្លេងដែលអាចយកតាមខ្លួនបានឈ្មោះថា អៃផដ (iPod) បង្កើតទូរស័ព្ទដៃ ដែលប្រើការចុចបញ្ជានៅលើអេក្រង់ម៉ាក អៃហ្វូន (iPhone) ប្រកបដោយស៊េរីប្រដេញយ៉ាងច្រើន និងការច្នៃប្រឌិតបង្កើតកុំព្យូទ័រយកតាមខ្លួនបានស៊េរីចុងក្រោយគេ ដោយធ្វើការចុចបញ្ជាគ្រប់យ៉ាងនៅលើផ្ទៃអេក្រង់តែម្តង។ នោះគឺជាកុំព្យូទ័រមួយប្រភេទដែលឈ្មោះថា iPad។ លោកឃោ សៅវរៈ ជាសាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អធិប្បាយថា មរណភាពរបស់លោក ស្ទីវ ចបស៍ គឺជាការបាត់បង់យ៉ាងធំ សម្រាប់វិស័យបច្ចេកវិទ្យា។ «ការស្លាប់របស់លោក ស្ទីវ ចបស៍ គឺជាការបាត់បង់មួយដ៏ធំ សម្រាប់វិស័យបច្ចេកវិទ្យាក៏ថាបាន ពីព្រោះដោយសារលោកស្ទីវ ចបស៍ជាមនុស្សម្នាក់ដែលបានបង្កើតនូវ Products (ផលិតផល) យ៉ាងច្រើន ដែលធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងការប្រើប្រាស់នៅក្នុងឧបករណ៍អេឡិកត្រូនិកជាច្រើន ឧទាហរណ៍នូវការប្រើប្រាស់នូវ Smart Phone ផងដែរ»។ លោក សៅវីរៈ ដែលបានទៅបំពេញការសិក្សានៅទ្វីបអ៊ីរ៉ុបធ្លាប់បានតាមដានស្តាប់សុន្ទរកថា របស់លោក ចបស៍ ហើយលោកចាត់ទុកថានោះគឺជាសុន្ទរកថាដ៏មានអត្ថន័យបំផុតសម្រាប់កូនខ្មែរ។ «ខ្ញុំធ្លាប់ស្តាប់ Speech (សុន្ទរកថា) របស់គាត់នៅពេលបញ្ចប់ការសិក្សានៅស្ទែនហ្វ៊ត (សាកលវិទ្យា Stanford) ជាសុន្ទរកថាមួយដែលលើកទឹកចិត្តដល់និស្សិតយ៉ាងខ្លាំងពីព្រោះអ្វីដែលជាគោលគំនិតរបស់គាត់ជារឿងរាល់ថ្ងៃ គាត់តែងតែសួរខ្លួនឯងថា ឧបមាថាថ្ងៃហ្នឹងជាថ្ងៃដែលរស់ជាថ្ងៃចុងក្រោយ តើគាត់ត្រូវតែធ្វើអ្វីខ្លះ? អញ្ចឹងគឺជា Idea (គំនិត) មួយដែលធ្វើឲ្យមនុស្សយើងយកចិត្តទុកដាក់នឹងការងាររបស់ខ្លួនឯង និងធ្វើវាឲ្យអស់ពីសមត្ថភាព ជារឿងរាល់ថ្ងៃអញ្ចឹងហើយ។ ជាចំណុចមួយដែលធ្វើឲ្យគាត់មានគំនិតច្នៃប្រឌិតយ៉ាងច្រើនក្នុងការបង្កើតផលិតផលល្បីឲ្យមនុស្សប្រើប្រាស់បានយ៉ាងល្អដូចសព្វថ្ងៃ។ អញ្ចឹងខ្ញុំគិតថា កូនខ្មៃរយើងម្នាក់ៗគួរចាប់អារម្មណ៍គោលគំនិតរបស់មនុស្សល្បីៗដូច្នេះ ដូចជាស្ទីវ ចបស៍ ដូចជាអ្នកល្បីៗពីមុនមក អាយស្តាញ ឬអ្នកណាផ្សេងទៀត ហើយយកគោលគំនិតនោះមកអនុវត្ត»។ ផលិតផលព័ត៌មានវិទ្យា និងអេឡិចត្រូនិចរបស់ក្រុមហ៊ុនអេបផលថ្វីត្បិតតែប្រកបដោយគុណភាពខ្ពស់និងមានភាពល្បីល្បាញ ក៏ប៉ុន្តែវាមានតម្លៃខ្ពស់ ដែលធ្វើឲ្យទំហំបញ្ជ្រាបនៅក្នុងទីផ្សារកម្ពុជានៅ មានកម្រិតនៅឡើយ។ កុំព្យូទ័រម៉ាក Macintosh ត្រូវគេប្រើប្រាស់មួយចំនួនសម្រាប់ការគូរប្លង់ ឬសម្រាប់ប្រើការបោះពុម្ពជាដើម ក៏ប៉ុន្តែលោក សោម ផៃ នាយករបស់ក្រុមហ៊ុនលក់កុំព្យូទ័រយូនីយាំងតិចណូឡូជី មានប្រសាសន៍ថាមានការប្រើប្រាស់នូវឧបករណ៍ព័ត៌មានវិទ្យារបស់ក្រុមហ៊ុន អេបផល បានទូលំទូលាយជាងមុននៅកម្ពុជាសព្វថ្ងៃនេះ។ លោក សុខ រិទ្ធី ប្រធានអង្គនាយកនៃការបោះពុម្ព និងការចែកផ្សាយរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលជាគ្រឹះស្ថានបោះពុម្ពរបស់លោកប្រើប្រាស់កុំព្យូទ័រម៉ាក Macintosh ចំនួនជិតដប់គ្រឿងសម្រាប់ការបោះពុម្ពសំខាន់ៗ។ លោក សុខ រិទ្ធី បានចែករំលែកនូវមរណទុក្ខរបស់លោក ស្ទីវ ចបស៍។ «មិនថានៅក្នុងប្រទេសកម្ពុជាទេ គឺទូទាំងពិភពលោក មានមនុស្សម្នាជាច្រើននាក់ណាស់ដែលរួមមរណទុក្ខរបស់គាត់ ដោយសារគាត់ជាអ្នកបង្កើតកុំព្យូទ័រ បង្កើត Software ជាច្រើនដែលយកមកជួយឲ្យយើងយកមកប្រើប្រាស់ តាមការងារបានច្រើនមុខណាស់។ ការបាត់បង់គាត់ គឺជាការបាត់បង់ដ៏ធំ។ ខ្ញុំសុំចូលរួមសម្តែងមរណទុក្ខ និងសោកស្តាយរូបគាត់ជាខ្លាំង»។ iPhone, iPod ឬក៏ iPad សុទ្ធតែជាឧបករណ៍អេឡិកត្រូនិកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលអាចរកទិញបាន។ កញ្ញា សុខ ឡេង និស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាអ្នកប្រើប្រាស់ទូរស័ព្ទដៃ iPhone ម្នាក់។ កញ្ញា សុខ ឡេង ចាត់ទុកថា ការស្លាប់របស់ស្ទីវ ចបស៍ គឺជាការបាត់បង់ជីវិតដែលមិនអាចជៀសរួច ក៏ប៉ុន្តែ សុខ ឡេង គិតថាលោក ស្ទីវ ចបស៍ បានបន្សល់ទុកស្នាដៃជាច្រើន។ «នេះជារឿងសាមញ្ញ ក៏ប៉ុន្តែអ្វីដែលគាត់បន្សល់ទុកគឺអស្ចារ្យមែនទែន ដែលគាត់បានបន្សល់ទុកស្នាដៃផលិតផលរបស់គាត់ហ្នឹងឲ្យយើងទាំងអស់គ្នាសម្រាប់ប្រើប្រាស់។ ដូចថា Apple, iPhone, iPad នាងខ្ញុំគិតថាមានសារៈសំខាន់បំផុត វាលឿនក្នុងការ Check អ៊ីម៉ែលក៏ដូចជាការប្រើប្រាស់អ៊ីនធឺណិតផងដែរ»។ ក្រុមអ្នកជំនាញកម្ពុជា កំពុងតែរងចាំកត់សម្គាល់ទៅលើការអភិវឌ្ឍបច្ចេកវិទ្យារបស់ក្រុមហ៊ុន អេបផល ជាបន្តទៅទៀត បន្ទាប់ពីការបាត់បង់លោក ស្ទីវ ចបស៍៕ This posting includes an audio/video/photo media file: Download Now |
គណៈកម្មាធិការបោះឆ្នោតពន្យារពេលចុះឈ្មោះអ្នកបោះឆ្នោតនៅតំបន់រងគ្រោះដោយទឹកជំនន់ Posted: 10 Oct 2011 03:27 PM PDT នៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានពន្យារពេលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួនបីថ្ងៃបន្ថែមទៀតសម្រាប់ឃុំ សង្កាត់ចំនួន ៣១៦ ក្នុងខេត្តចំនួន១៣ដែលកំពុងលិចលង់ដោយទឹកជំនន់។ ការពន្យារពេលនេះត្រូវបានធ្វើឡើងស្របពេលដែលវិទ្យាស្ថានជាតិលទ្ធិប្រជាធិបតេយ្យ NDI របស់អាមេរិក និងអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅថា និចហ្វិកបានចេញរបាយការណ៍មួយដែលបង្ហាញថា មានភាពមិនប្រក្រតីជាច្រើនកើតឡើងនៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោតនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ឃុំ សង្កាត់ទាំងនោះត្រូវបន្ថែមរយៈពេលសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះអ្នកបោះឆ្នោតថ្មីរហូតដល់ថ្ងៃទី១៨ ខែតុលា ខណៈដែលការចុះឈ្មោះអ្នកបោះឆ្នោតថ្មីនឹងត្រូវបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៥ ខែតុលា។ ក្នុងចំណោមខេត្តទាំង១៣ ខេត្តកំពង់ធំ មានចំនួនឃុំត្រូវពន្យារពេលច្រើនជាងគេគឺរហូតដល់៧១ឃុំ បន្ទាប់មកគឺខេត្តកំពង់ចាម មាន៥៦ឃុំ ខេត្តព្រៃវែង មាន៣៧ឃុំ។ ជាមួយនឹងការសម្រេចពន្យារការចុះឈ្មោះអ្នកបោះឆ្នោតថ្មីនេះ វិទ្យាស្ថាន NDI និងអង្គការនិចហ្វិច បានលើកឡើងថា ស្មៀនឃុំបានអនុញ្ញាតឲ្យអ្នកចុះឈ្មោះចុះឈ្មោះដោយគ្មានឯកសារគ្រប់គ្រាន់។ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមួយចំនួនត្រូវបានអនុញ្ញាតឲ្យចុះបញ្ជីដោយមិនចាំបាច់បង្ហាញខ្លួនចំពោះ មុខស្មៀនឃុំនោះឡើយ។ម្យ៉ាងវិញទៀតស្មៀនឃុំ ក៏បានបដិសេធការចុះឈ្មោះឲ្យប្រជាពលរដ្ឋដែលកាន់អត្តសញ្ញាណប័ណ្ណផុតកំណត់ផងដែរ។ ការលើកឡើងបែបនេះបន្ទាប់ពី វិទ្យាស្ថាន NDI និងអង្គការនិចហ្វិច បានធ្វើការឃ្លាំមើលដំណើរការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីរយៈពេល១០គឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ខែតុលានេះ នៅក្នុងឃុំសង្កាត់ចំនួន២៩៩នៃឃុំ សង្កាត់សរុប១.៦២១ទូទាំងប្រទេសកម្ពុជា។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធរបាយការណ៍របស់វិទ្យាស្ថាន NDI និងអង្គការនិកហ្វិច ដោយបញ្ជាក់ថា គ្មានមូលដ្ឋានច្បាស់លាស់។ «ស្មៀនក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសម រង្សី គណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកសង្កេតការណ៍នៅទីនោះបានរាយការណ៍ថា ពុំមានករណីនេះទេ។ យើងឃើញថារបាយការណ៍ដែលគាត់ថ្លែងការណ៍នេះមួយចំនួនមិនដូចគ្នាដែលកើតឡើងនៅមូលដ្ឋាន»។ លោក ទេព នីថា បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង៦៦ម៉ឺននាក់ត្រូវបានចុះឈ្មោះបោះឆ្នោតរហូតដល់ថ្ងៃទី៥ ខែតុលានេះ គឺលើសចំនួនប៉ាន់ស្មានដែលមានតែជាង ៤៧ម៉ឺននាក់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |