VOA News: ព័ត៌មាន: “រដ្ឋាភិបាលកម្ពុជាបញ្ជាក់ពីជំហររបស់ខ្លួនរឿងការជ្រៀតជ្រែកសាលាក្តីខ្មែរក្រហម” plus 3 more |
- រដ្ឋាភិបាលកម្ពុជាបញ្ជាក់ពីជំហររបស់ខ្លួនរឿងការជ្រៀតជ្រែកសាលាក្តីខ្មែរក្រហម
- ចៅក្រមបដិសេធការឃុំខ្លួនសមាជិកគណបក្សប្រឆាំងដោយគ្មានដីកា
- សន្និបាតប្រចាំឆ្នាំសម្លឹងមើលការខ្វះខាតសុខភាពខ្មែរអាមេរិក
- ព័ត៌មានអន្តរជាតិ៖ ១១ តុលា
រដ្ឋាភិបាលកម្ពុជាបញ្ជាក់ពីជំហររបស់ខ្លួនរឿងការជ្រៀតជ្រែកសាលាក្តីខ្មែរក្រហម Posted: 11 Oct 2011 02:28 PM PDT កម្ពុជា នៅថ្ងៃអង្គារនេះ បានសម្រួលជំហរផ្លូវការរបស់ខ្លួនថា ខ្លួនគាំទ្រចំណាត់ការរបស់សាលាក្តីខ្មែរក្រហមលើសំណុំរឿងបន្ថែម០០៣ និង០០៤។ ក៏ប៉ុន្តែបានព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងបញ្ហាអសន្តិសុខណាមួយ ដែលកើតចេញពីចំណាត់ការផ្លូវច្បាប់នេះ។ ការបង្ហាញជំហរបែបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហចៅក្រមស៊ើបអង្កេតលោកស៊ីហ្គហ្វ្រ៊ិដ ប៊្លុង (Siegfried Blunk) បានលាលែងពីការងារដោយលោកបានលាតត្រដាងការជ្រែតជ្រែករបស់រដ្ឋាភិបាលកម្ពុជាក្នុងការស៊ើបអង្កេតរបស់លោកលើសំណុំរឿងបន្ថែមទាំងពីរ។ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្រោយពីជំនួបរបស់សមភាគីរបស់លោកមកពីប្រទេសស៊ែប៊ី គឺលោក វុក ហ្សេរ៉េមីក (Vuk Jeremic) ក្នុងទីក្រុងភ្នំពេញ។ លោក ហោ ណាំហុង បានបញ្ជាក់ថា កម្ពុជាគាំទ្រសេចក្តីសម្រេចជាក់លាក់ទាំងឡាយរបស់សាលាក្តីខ្មែរក្រហម។ «ដល់សរុបមកជាសិទ្ធិរបស់តុលាការ។ ប្រសិនក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិ ទទួលជួបជោគវាសនារបស់ប្រទេសជាតិ របស់ប្រជាជន។ យើងមានយោបល់ដូច្នេះ អ្វីៗស្រេចតែលើតុលាការ។ សូមអរគុណ»។ កាលពីថ្ងៃច័ន្ទ លោកចៅក្រម ស៊ីហ្គហ្វ្រ៊ិដ ប៊្លុង (Siegfried Blunk) បានលើកពីសេចក្តីថ្លែងការណ៍បន្តបន្ទាប់គ្នារបស់លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ និងលោក ហោ ណាំហុង ប្រឆាំងនឹងការស៊ើបអង្កេត និងចំណាត់ការទៅលើសំណុំរឿង០០៣ និងសំណុំរឿង០០៤។ លោក ប្លុង (Blunk) បានត្អូញត្អែរថា សេចក្តីថ្ងែងការណ៍របស់ថ្នាក់ដឹកនាំកម្ពុជាទាំងនោះ បាននាំឲ្យគេមើលឃើញពីការប៉ុនប៉ងជ្រែតជ្រែករបស់រដ្ឋាភិបាល និងធ្វើឲ្យសមត្ថភាពរបស់លោក និងក្នុងការប្រឈមសម្ពាធអំពីរដ្ឋាភិបាលនេះត្រូវគេបន្ទិលសង្ស័យ។ លោក ហោ ណាំហុង បានបកស្រាយថា មានការបកស្រាយខុសទៅលើសេចក្តីថ្ងែងការណ៍របស់លោក ក៏ប៉ុន្តែលោកបញ្ជាក់ថា រដ្ឋាភិបាលមានបុព្វសិទ្ធិអំពីការចោទសួរទៅលើចំណោទដែលអាចកើតពីចំណាត់ការតុលាការ។ «យើងដឹងច្បាស់ការស្រាវជ្រាវរកសំណុំរឿងទី៣ ទី៤ ជាសិទ្ធិរបស់តុលាការ។ ក្នុងឋានៈជារដ្ឋាភិបាលទទួលខុសត្រូវជោគវាសនារបស់ជាតិ បើសិនជាតុលាការកូនកាត់នេះ ធ្វើអ្វីមួយដែលនាំឲ្យមានអសន្តិសុខ គឺសង្គ្រាមនៅកម្ពុជា។ តើអ្នកណាទទួលខុសត្រូវ?» អង្កការយុត្តិធម៌សង្គមសេរី OSJI របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះថា អង្កការសហប្រជាជាតិ ត្រូវតែស្វែងរកការធានាជាសាធារណៈពីសហប្រតិបត្តិការរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលសម្រាប់សំណុំរឿងស៊ើបអង្កេតទាំងបួន។ ជាមួយគ្នានេះ អង្កការ Amnesty International របស់ប្រទេសអង់គ្លេសចាត់ទុកថា វាគឺជាបញ្ហាអាយុជីវិតដែលអង្កការសហប្រជាជាតិត្រូវតែចាត់ការដើម្បីការពារអនាគតសាលាក្តីខ្មែរក្រហម និងធានាការកាត់ក្តីមួយត្រឹមត្រូវ ឯករាជ្យ នឹងមិនលម្អៀង។ ដំណាលគ្នានេះដែរ គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ីដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ក៏បានទទូចឲ្យអង្កការសហប្រជាជាតិដោះស្រាយវិបត្តិនៃឯករាជ្យរបស់តុលាការនេះដែរ។ លោក ឡាស អលសិន មន្រ្តីទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមបញ្ជាក់ថា សាលាក្តីខ្មែរក្រហមនឹងមិនធ្វើការឆ្លើយតបណាមួយទៅនឹងសេចក្តីថ្លែងការណ៍របស់អង្កការសង្គមស៊ីវិលនោះទេ៕ This posting includes an audio/video/photo media file: Download Now |
ចៅក្រមបដិសេធការឃុំខ្លួនសមាជិកគណបក្សប្រឆាំងដោយគ្មានដីកា Posted: 11 Oct 2011 02:15 PM PDT បន្ទាប់ពីមានរឿងចម្រូងចម្រាសក្នុងការសម្រេចឃុំខ្លួនជំទប់ទី២ខាងគណបក្សសម រង្ស៊ី ដោយគ្មានដីការសម្រេចឃុំខ្លួនត្រឹមត្រូវកាលពីចុងខែកញ្ញា។ លោកលឹម សុគន្ថាចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកណ្តាលបានអះអាងថា ជាការចោទប្រកាន់មិនត្រឹមត្រូវពីសំណាក់មេធាវីការពារជនជាប់ចោទទេ។ លោកលឹម សុគន្ថាចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកណ្តាលប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ការចោទប្រកាន់របស់មេធាវីជាការមិនពិត។ «ករណីដែលលោកមេធាវីចោទប្រកាន់ថា ការចាប់ឃុំខ្លួនកូនក្តីរបស់លោកដោយគ្មានដីការ លោកពិចារណាទៅ តើចៅក្រមអាចឃុំខ្លួនដោយគ្មានដីកាបានទេ។ គឺយើងធ្វើអ្វីមាននិតិវិធីទាំងអស់គឺយើងមានដីកាសម្រចហើយទើបមានដីកាបង្គាប់។ ថ្ងៃនោះយើងបានយកដីកាបង្គាប់ឲ្យឃុំខ្លួនទៅដល់ពន្ធនាគារ»។ កាលពីចុងខែកញ្ញាមានភាពចម្រូងចម្រាស់មួយបានកើតឡើងក្នុងខណៈដែលលោកមាស ប៉េង ជំទប់ទី២ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាលត្រូវបាននាំខ្លួនទៅឃុំបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកណ្តាលក្រោមបទចោទប្រកាន់ថាផ្តើមគំនិតឲ្យប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត នៅក្នុងរឿងទំនាស់ដីធ្លីមួយជាមួយលោកប្រាក់ សាវុធ សមាជិកក្រុមប្រឹក្សាខេត្តក្រចេះខាងគណបក្សប្រជាជនកម្ពុជា។ លោកជួង ជូងី មេធាវីការពារក្តីលោកមាសប៉េងបាននិយាយថាការសម្រចឲ្យឃុំខ្លួនកូនក្តីរបស់លោកមិនមានដីកាសម្រចឲ្យឃុំខ្លួនដែលបានចេញពីលោកចៅក្រមលឹម សុគន្ថាទេ ទើបលោកសម្រេចនាំកូនក្តីរបស់លោកចេញពីពន្ធនាគារត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។ លោក ជួង ជូងីបាននិយាយថា ការបញ្ជាក់ពីលោកលឹម សុគន្ថា ថាមានដីការសម្រេចឲ្យឃុំខ្លួនត្រឹមត្រូវនោះជាការលើកឡើងមិនពិត។ លោកបានមានប្រសាន៍ថា ទំនងជាលោកចៅក្រមរៀបចំដីកាឃុំខ្លួនក្រោយពេលមានចម្រូងចម្រាសនេះកើតឡើង។ «គាត់ប្រាកដជារៀបចំដីកាហ្នឹងតាមក្រោយហើយពីព្រោះសភាពជាក់ស្តែងពេលហ្នឹងខ្ញុំទារកអត់មានបង្ហាញខ្ញុំទេ។ ខ្ញុំទារបី(ដង)នៅបន្ទប់របស់គាត់ អត់មានបង្ហាញខ្ញុំទេ។ ហើយពេលដែលបញ្ជូនមាស ប៉េងទៅដល់ពន្ធនាគារទៀត។ខ្ញុំទារមន្ត្រីពន្ឋនាគារថាឯណាដីកាបង្គាប់ឲ្យឃុំខ្លួន? ដល់ពេលខ្ញុំសួរទៅមន្ត្រីពន្ធនាគារទាំងហ្វូងជាង១០នាក់ឡេង ឡង់ៗមើលមុខគ្នាអត់មានដីកាបង្គាប់ឲ្យឃុំខ្លួន។ ខ្ញុំហៅកូនក្តីរបស់ខ្ញុំឲ្យមកផ្ទះវិញមក»។ លោកមាស ប៉េង ជំទប់ទី២ឃុំបន្ទាយដែកបានប្រាប់ វីអូអេពីន្លែងលាក់ខ្លួនមកថាការសម្រេចចេញដីកាឃុំខ្លួនពីចៅក្រម លឹម សុគន្ថាពេលនោះគឺពុំមានដីកាត្រឹមត្រូវទេ។ លោកបានបញ្ជាក់ថាចំណែកឯការចោទប្រកាន់ថាលោកជាប់ពាក់ព័ន្ឋ និងផ្តើមគំនិតឲ្យប្រើអំពើហិង្សាក៏មិនពិតដែរ។ «ចោទហ្នឹងមិនត្រឹមត្រូវទេ។ ហេតុអ្វីបានជាខ្ញុំថា មិនត្រឹមត្រូវ។ ពាក្យថាផ្តួចផ្តើមថាដើមគឺមុនអញ្ចឹងរឿងកើតហេតុចប់ហើយបានខ្ញុំទៅហ្នឹង។ ទៅមើលគេមួយភ្លែត អត់ហ៊ានទៅជិតផងថាខ្ញុំផ្តើមពីណា?» សំណុំរឿងចាប់មនុស្សឃុំឃាំងនេះនៅមិនទាន់បញ្ចប់ការស៊ើបអង្កេតទេ។ លោកលឹម សុគន្ថា ចៅក្រមតុលាការខេត្តកណ្តាលបាននិយាយថា តុលាការនៅបន្តនីតិវិធីរបស់ខ្លួនដដែល។ នៅក្នុងខណៈដែលលោកជួ ជូងីមេធាវីការពារក្តីជនជាប់ចោទបានដាក់ពាក្យបណ្តឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីទាមទាររកយុត្តិធម៌ចំពោះកូនក្តីរបស់លោក។ មន្រ្តីគណបក្សប្រឆាំងធ្លាប់បានអះអាងថា ការចាប់ឃុំខ្លួនជំទប់ទី២នៃឃុំបន្ទាយដែកជារឿងពាក់ព័ន្ធនឹងផ្នែកនយោបាយក៏ប៉ុន្តែចៅក្រមនៃតុលាការខេត្តកណ្តាលបាននិយាយថា ជាការអនុវត្តច្បាប់។ កាលពីខែកញ្ញាលោកមឹក ជា សកម្មជនខាងគណបក្សប្រឆាំងត្រូវបានតុលាការខេត្តកណ្តាលបានចាប់ឃុំខ្លួនក្រោមបទចោទប្រកាន់ដូចគ្នានេះដែរក្នុងទំនាស់ដីធ្លីជាមួយនិងលោកប្រាក់ សាវុធ។ លោក មឹក ជា សកម្មជនគណបក្សសម រង្ស៊ី កាលពីចុងខែសីហា បានចូលរួមតវ៉ាជម្លោះដីធ្លីមួយនៅស្រុកគៀនស្វាយ ខេត្តកណ្តាល និងតវ៉ានៅសួនប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញ។ ការតវ៉ានេះត្រូវបានធ្វើឡើងដើម្បីប្រឆាំងជំទាស់នឹងរឿងក្តីមួយ ដែលតុលាការខេត្តកណ្តាលបានសម្រេចកាត់ក្តីឲ្យលោកប្រាក់ សាវុធ សមាជិក្រុមប្រឹក្សាខេត្តក្រចេះឈ្នះក្តីលើទំហំដីជាងសែសិបប្រាំពីរ ហិកតា ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១១៤គ្រួសារនៅស្រុក គៀនស្វាយ ខេត្តកណ្តាល៕ This posting includes an audio/video/photo media file: Download Now |
សន្និបាតប្រចាំឆ្នាំសម្លឹងមើលការខ្វះខាតសុខភាពខ្មែរអាមេរិក Posted: 11 Oct 2011 01:34 PM PDT នៅឯទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា សមាគមមាតាបិតាខ្មែររៀបចំសន្និបាទសុខភាពប្រចាំឆ្នាំលើកទី៧ នៅមន្ទីរពេទ្យ St. Mary Medical Center ដើម្បីពង្រឹងសុខមាលភាពប្រជាពលរដ្ឋខ្មែរ អាមេរិក ដែលរស់នៅទីនោះ។ សមាគមមាតាបិតាខ្មែររៀបចំសន្និបាតស្តីពីសុខភាពលើកទី៧ នៅថ្ងៃសៅរ៍ទី៨ខែតុលានៅមន្ទីពេទ្យ St. Mary Medical Center ក្នុងទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ាដើម្បីបង្រៀនពីបញ្ហាសុខភាព និងចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋខ្មែរអាមេរិចកាំងនៅទីក្រុងឡងប៊ិច។ សន្និបាតនេះ បានទទួលការសហការពីអង្គការជាច្រើន ដែលមានដូចជា នាយកដ្ឋានសុខាភិបាលប្រចាំទីក្រុងឡុងប៊ិច មូលនិធិទាយជ្ជទានរដ្ឋកាលីហ្វ័រញ៉ា និងអង្គការជាច្រើនទៀត ប្រចាំនៅទីក្រុងឡុងប៊ិច។ លោកស្រី ចាន់ ហបសុន (Chan Hopson) ជានាយិកាប្រតិបត្តិ សមាគមមាតាបិតាខ្មែរនិង ជាអ្នករៀបចំកម្មវិធីសន្និបាតនេះ បានមានប្រសាសន៍ឱ្យដឹងពីបញ្ហាសុខភាព របស់សហគមន៍ខ្មែរនៅទីក្រុងឡុងប៊ិចយ៉ាងដូច្នេះថា៖ «សុខភាពរបស់ប្រជាជនខ្មែរយើង នៅឡុងប៊ិចនេះគឺយើងមានបញ្ហាដ៏ច្រើនជាទីបំផុត ដោយសារយើងមានជំងឺនេះតាំងពីដែលយើងនៅជាប់របបកុម្មុយនីស្ត សម័យប៉ុលពតដែលធ្វើទុក្ខវេទនា ហើយធ្វើទារុណកម្មដ៏ខ្លាំងដល់ជីវិតរបស់ខ្មែរយើងគ្រប់គ្នាហើយយើងមិនដែលមានពេទ្យ ក៏មិនដែលដឹងពីវិធីតើត្រូវរាវរកមន្ទីរពេទ្យឬរកអ្នកដែលមានឯកទេសខាងសុខាភិបាល ដើម្បីពិនិត្យរោគយើងឱ្យទាន់ពេលវេលា ព្រោះយើងតែងតែគិតថាកាលណាបើមិនទាន់ឈឺធ្ងន់គឺមិនបាច់ទៅពេទ្យទេ។ ហើយឥឡូវរៀបចំនេះដោយសារប្រជាជនយើងបានស្លាប់ច្រើនហើយនៅក្នុងអាយុវ័យខ្ចីជាទីបំផុត»។ នៅក្នុងសន្និបាទនេះមានការផ្តល់សេវាកម្មផ្សេងៗដោយឥតគិតថ្លៃជូនដល់សាធារណជន ដែលមានដូចជាការចាក់ថ្នាំបង្ការជំងឺផ្តាសាយជំងឺតេតាណុស ជំងឺក្អកមាន់និងការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនដល់សាធារណជន រួមទាំងថ្នាក់បង្រៀនស្តីពីសុខភាព ជំងឺរលាកថ្លើមប្រភេទ B ជំងឺបេះដូងនិងការជក់បារី អនាម័យមាត់ធ្មេញរបស់មនុស្សចាស់និងកូនក្មេងរបៀប បរិភោគអាហារដែលធ្វើឱ្យមានសុខភាពល្អដែលនឹងពន្យល់ជាភាសាខ្មែរពីក្រុមគ្រូពេទ្យជំនាញ និងមានការធ្វើការបរិច្ចាគសក់ជូនដល់អ្នកជំងឺមហារីករបស់ American Cancer Society។ កញ្ញា ហួត ម៉ីម៉ី ជាអ្នកស្ម័គ្រចិត្តជួយរៀបចំកម្មវិធីក្នុងសន្និបាតនេះបានឱ្យដឹងបន្ថែមថា៖ «គេនឹងចាក់ថ្នាំឱ្យយើងជាពិសេសមានកូនក្មេងតូចៗគេនឹងចាក់ថ្នាំក្អកមាន់និងផ្តាសាយធំការពារជំងឺប្រភេទនោះព្រោះថាបើយើងមានភ្លាមគឺយើងអាចស្លាប់ភ្លាម។ គេនឹងបង្រៀនយើងថាយើងត្រូវដុះធ្មេញយ៉ាងម៉េចត្រូវថែរក្សាធ្មេញយ៉ាងម៉េចកុំឱ្យមានមេរោគជាពិសេសដង្កូវស៊ីមានមួយទៀតគឺមានការផ្តល់សក់ដល់អ្នកកើតមហារីកព្រោះអ្នកដែលកើតមហារីកគឺគាត់ជ្រុះសក់អស់»។ លោកស្រី ស្រ៊ន វី ជាប្រជាពលរដ្ឋរស់នៅទីក្រុងឡុងប៊ិច ហើយនឹងអញ្ជើញចូលរួមសន្និបាតនេះបានមានប្រសាសន៍ឱ្យដឹង ពីបញ្ហាកង្វះខាតការយល់ដឹងពីសុខភាព របស់ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងនេះថា៖ «ចំណុចត្រង់នេះជាចំណុចមួយសំខាន់ណាស់សម្រាប់បងប្អូនខ្មែរយើង ព្រោះបងប្អូនខ្មែរយើងភាគច្រើនក្រអត់សូវបានរៀនសូត្រ អត់បានចេះដឹងទៅក្នុងច្បាប់ទម្លាប់សង្គម ប៉ុន្មានទេច្រើនតែគាត់អត់មានបានគិតគូររឿងតម្រិះវិជ្ជាក្នុងការហាត់ប្រាណ ក្នុងការហូបចុក ក្នុងការអនាម័យដល់ពេលកាលណាយើងខ្វះសុខភាព យើងក៏ខ្វះអ្វីៗទាំងអស់ដែរ»។ លោកស្រីប្រាក់ ម៉ូលី ដែលជាស្ត្រីមេផ្ទះដែលនឹងទៅចូលរួមសន្និបាតនេះដែរបានប្រាប់ឲ្យដឹងពីសារៈសំខាន់ពីសុខភាពនៅក្នុងគ្រួសារគាត់៖ «បើយើងអត់មានសុខភាពល្អគ្រួសារយើងអត់មានសេចក្តីសុខទេព្រោះខ្ញុំជាម្តាយបើខ្ញុំឈឺកូនខ្ញុំក៏ឈឺដូចខ្ញុំដែរព្រោះខ្ញុំអត់អាចថែទាំកូនខ្ញុំបាន។ ផ្លូវចិត្តគ្នាក៏អត់ល្អព្រោះអត់មានម្តាយជាជំហរដើម្បីឱ្យកូនមើលមកវាមានសង្ឈឹមមានសេចក្តីសុខនៅក្នុងគ្រួសារ»។ សន្និបាតនេះចាប់ផ្តើមនៅម៉ោង៩ព្រឹក រហូតដល់ម៉ោង២រសៀល៕ This posting includes an audio/video/photo media file: Download Now |
Posted: 10 Oct 2011 08:03 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ស៊ីរី៖ ប្រទេសចិនបានអំពាវនាវដល់ប្រទេសស៊ីរី ឲ្យពន្លឿនកំណែទម្រង់ទំាងឡាយដែលបានសន្យាកន្លងមក ក្នុងរយៈពេលមូយថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ីបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីព្រៀងនៃការសម្រេចចិត្ដរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលដាក់ទណ្ឌកម្មមកលើប្រទេសស៊ីរីចំពោះការវាយបង្រ្កាបមកលើក្រុមបាតុករស៊ីវិល។ លីប៊ី៖ កងកម្លំាងបដិវត្ដន៍នៃប្រទេសលីប៊ីនិយាយថា ខ្លួនបានឡោមព័ទ្ធក្រុមអ្នកប្រយុទ្ធស្មោះស្ម័គ្រជាមួយអតីតមេដឹកនាំលីប៊ីលោកម៉ូអាមារ ហ្កាដាហ្វី នៅក្នុងទីក្រុងស៊ើតដែលជាស្រុកកំណើតរបស់លោក ដែលនៅទីនោះ ជនស៊ីវិលរងគ្រោះនៅតែព្យាយាមរកផ្លូវរត់ចេញពីការប្រយុទ្ធដ៏សាហាវនៅលើដងផ្លូវ។ ភូមា៖ ទូរទស្សន៍រដ្ឋនៃប្រទេសភូមា បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលនឹងរំដោះអ្នកទោសជាង ៦ ពាន់ នាក់ នៅថ្ងៃពុធខាងមុខនេះ។ ចិន/រុស្ស៊ី៖ នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានធ្វើដំណើរមកដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយក្នុងនោះកិច្ចសហការថាមពលជាបញ្ហាសម្រាប់ពិភាក្សាចំបងបំផុតនៅក្នុងរបៀបវារៈ។ លីបេរីយ៉ា៖ ក្រុមអ្នកបោះឆ្នោតនៅក្នុងប្រទេសលីបេរីយ៉ាបានទៅកាន់ស្ថានីយ៍បោះឆ្នោតនៅថ្ងៃអង្គារនេះជាលើកទីពីរ ចាប់តាំងពីប្រទេសនេះបានបញ្ចប់សង្រ្គាមស៊ីវិល ១៤ ឆ្នាំមក។ នូវែលសេឡង់៖ ប្រទេសនូវ៉ែល សេឡង់ ឲ្យដឹងថា ការហៀរប្រេងចេញពីនាវាដឹកប្រេងនៅក្បែរឆ្នេរសមុទ្រភាគខាងជើងប្រទេស បានក្លាយទៅជាគ្រោះមហន្ដរាយបរិស្ថានក្នុងសមុទ្រដ៏អាក្រក់បំផុតនៅក្នុងប្រវត្ដិសាស្រ្ដជាតិ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងចំណាយពេលធ្វើដំណើរលើដងផ្លូវនៅថ្ងៃអង្គារនេះដើម្បីស្វែងរកការគាំទ្រពីសាធារណជនចំពោះសេចក្ដីព្រៀងច្បាប់បង្កើតការងារមានតម្លៃ ៤៤៧ ពាន់ លានដុល្លារ ខណៈពេលដែលព្រឹទ្ធសភាកំពុងរៀបចំធ្វើការបោះឆ្នោតដ៏សំខាន់មួយអំពីសេចក្ដីព្រៀងច្បាប់នេះនៅរសៀលថ្ងៃអង្គារនេះ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> ភូមា៖ ពួកអ្នកការទូតនៅខាងក្នុងនិងខាងក្រៅប្រទេសភូមា បាននិយាយថារដ្ឋាភិបាលថ្មីភូមា អាចប្រុងប្រៀបរៀបចំចាប់ផ្តើមដោះលែងពួកអ្នកទោសនយោបាយដែលត្រូវបាន ចាប់ដាក់គុកដោយអតីតក្រុមយោធាគ្រប់គ្រងប្រទេស។ ចិន៖ បានលប់ចោលការដឹកជញ្ជូនទំនិញតាមទន្លេមេគង្គ ប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកដើរកប៉ាល់១៣នាក់បានស្លាប់នៅលើកប៉ាល់ ដឹកទំនិញពីរគ្រឿង ដែលទំនងដោយសារការប្លន់របស់ពួកអ្នកជួញដូរថ្នាំញៀន។ អេហ្ស៊ីប៖ ក្រុម ប្រឹក្សាយោធាដែលកំពុងកាន់អំណាចនៃប្រទេសអេហ្ស៊ីបបានបញ្ជារឲ្យ រដ្ឋាភិបាលស៊ើបអង្កេតការសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២៥នាក់ដែរ នៅក្នុងការប្រយុទ្ធដ៏សាហាវកាលពីថ្ងៃអាទិត្យរវាងពួកអ្នកកាន់ គ្រឹស្តសាសនា Coptic និងកងកម្លាំងសន្តិសុខអេហ្ស៊ីបក្នុងរដ្ឋធានីឡឺគែ។ លីប៊ី៖ កងទ័ពរដ្ឋាភិបាលអន្តរកាលជាតិលីប៊ីបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានឡោមព័ទ្ធពួកអ្នកប្រយុទ្ធដែលស្មោះត្រង់ Moammar Gadhafi ឲ្យនៅក្នុងទីក្រុងSirte ដែលជាទីក្រុងកំណើតរបស់អតីតមេដឹកនាំ Gadhafi។ ស៊ីរី៖ ពួកសកម្មជននិយាយថាកងទ័ពស៊ីរីបានបង្ក្រាបពួកប្រឆាំងរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធដ៏សាហាវម្តងទៀតនៅក្នុងទីក្រុង Homs កាលពីថ្ងៃច័ន្ទបន្ទាប់ពីមានមនុស្សយ៉ាងហោចណាស់ក៏៣១នាក់ដែរបាន ស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅពាសពេញប្រទេសកាលពីថ្ងៃអាទិត្យ។ អាហ្វហ្គានីស្ថាន៖ អង្គការសហប្រជាជាតិ ប្រាប់ឲ្យដឹងថាអាជ្ញាធរបានធ្វើទារុណកម្មពួកអ្នកទោសនៅក្នុងគុក រួមមានអ្នកទោសស្ថិតនៅក្រោមអាយុ១៨ឆ្នាំ។ សូម៉ាលី៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងនៅក្នុងរដ្ឋធានី ពេលដែលកងទ័ពលម្អៀងរដ្ឋាភិបាលបានព្យាយាមបណ្តេញក្រុមកងជីវពល al – Shabab ចេញពីទីតាំងដ៏រឹងមាំចុងក្រោយបង្អស់នៅក្នុងទីក្រុង។ យេម៉ែន៖ ពួកសកម្មជននិងបុគ្គលិកសុខាភិបាលនិយាយកាលពីថ្ងៃច័ន្ទថា ស្រ្តីយ៉ាងហោចណាស់ក៏២២នាក់ដែរបានរងរបួសក្នុងអំឡុងពេលនៃ បាតុកម្មប៉ុន្មានថ្ងៃមុនក្រោយពីពួកអ្នកស្មោះត្រង់រដ្ឋាភិបាលបាន ចោលដុំថ្ម និងវត្ថុផ្សេងទៀតដាក់ពួកគេ។ បែលហ្ស៊ិក៖ បានសម្រេចចិត្តកាលពីថ្ងៃច័ន្ទថានឹងទិញភាគហ៊ុនសាខាធនាគារដែល មានបញ្ហា ដែលជាជនរងគ្រោះលើកទីមួយរបស់អឺរ៉ុបថ្មីដែលបារម្ភណ៍ពីការរាលដាល នៃវិបត្តិបំណុលរបស់ប្រទេសក្រិក។ សហដ្ឋអាមេរិក៖ លោក Thomas Sargent និងលោក Christopher Sims ជនជាតិអាមេរិកាំង បានទទួលរង្វាន់ណូបែលសេដ្ឋកិច្ចចំពោះការស្រាវជ្រាវស្តីពីទំនាក់ ទំនងរវាងការសម្រេចចិត្តរបស់រដ្ឋាភិបាលនិងសេដ្ឋកិច្ច។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |