VOA News: ព័ត៌មាន: “ទឹកជំនន់សម្លាប់មនុស្សជិត២៥០នាក់និងបន្ថយកំណើនសេដ្ឋកិច្ច” plus 3 more |
- ទឹកជំនន់សម្លាប់មនុស្សជិត២៥០នាក់និងបន្ថយកំណើនសេដ្ឋកិច្ច
- តុលាការនឹងពិចារណាលើលទ្ធភាពអៀង ធីរិទ្ធក្នុងការប្រឈមការកាត់ទោស
- វិធានការសង្គ្រោះគ្រោះធម្មជាតិនៅតំបន់អាស៊ាន
- ព័ត៌មានអន្តរជាតិ៖ ១៤ តុលា
ទឹកជំនន់សម្លាប់មនុស្សជិត២៥០នាក់និងបន្ថយកំណើនសេដ្ឋកិច្ច Posted: 14 Oct 2011 08:37 AM PDT លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចំនួនមនុស្សស្លាប់ដោយទឹកជំនន់បានកើនឡើងដល់ប្រមាណ២៥០នាក់រហូតមកដល់ថ្ងៃសុក្រនេះ ខណៈដែលដំណាំស្រូវជាង ៣៩០.០០០ហិកតា និងផ្លូវជាតិ ផ្លូវលំ ប្រវែងជាង២.៧០០គីឡូម៉ែត្រត្រូវបានទទួលរងការខូចខាត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាកំពុងទទួលរងគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរជាងទឹកជំនន់ដែលបានកើតឡើងកាលពីឆ្នាំ២០០០។ «រហូតមកដល់ពេលនេះ តួលេខខូចខាតនៃផ្នែកដំណាំស្រូវដោយមិនទាន់គិតពីដំណាំកសិកម្មដទៃទៀតជាង ៣៩០.០០០ហិកតា ដោយស្មើនឹង ១៦ភាគរយ នៃផ្ទៃដីដាំដុះស្រូវរបស់យើង។ ឯការខូចខាតប៉ាន់ស្មានជំហានបឋមនេះ នឹងខូចអស់ជាង ១៩០.០០០ហិកតា ស្មើនឹង៧,៧៤ ភាគរយ។ ផ្លូវលំមានផលប៉ះពាល់ដោយទឹកជំនន់មានចំនួន ១.៩៧០គីឡូម៉ែត្រ ការខូចតួផ្លូវចំនួន៥៨៣គីឡូម៉ែត្រ ការដាច់តួផ្លូវចំនួន៨៧គីឡូម៉ែត្រ ...ចំនួនមនុស្សស្លាប់មកដល់ត្រឹមថ្ងៃព្រហស្បតិ៍នេះ មានចំនួនកើនឡើងដល់២៤៧នាក់»។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការខូចខាតនេះបានកាត់បន្ថយកំណើនសេដ្ឋកិច្ចកម្ពុជាដែលបានព្យាករណ៍ថា នឹងមានប្រមាណ៧ភាគរយ កាលពីពេលមុននោះ បានធ្លាក់ចុះមកនៅត្រឹម៦ភាគរយ។ ប្រទេសចិនបានផ្តល់ជំនួយជាប្រាក់ប្រមាណ៨លានដុល្លារអាមេរិក ប្រទេសជប៉ុនប្រមាណ៣៣០.០០០ដុល្លារអាមេរិក និងសហរដ្ឋអាមេរិកចំនួន ៥០.០០០ដុល្លារអាមេរិក សម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលបានបម្រុងទុកថវិកាជាង១០០លានដុល្លារអាមេរិក ដើម្បីធ្វើការស្តារឡើងវិញនូវការខូចខាតដោយទឹកជំនន់សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ។ «ដោយឡែកឆ្នាំនេះ ថវិកាដែលបានត្រៀមបម្រុងទុកសម្រាប់សង្គ្រោះការស្តារឡើងវិញ គឺមានចំនួន ២២១ ០០០ ០០០ ០០០រៀល ស្មើនឹងជាង ៥៥លានដុល្លារអាមេរិក សម្រាប់រយៈពេលពីរខែនៃទឹកសម្រកចុងឆ្នាំ។ ប៉ុន្តែយើងនឹងដាក់ទៅក្នុងថវិកាជាតិរបស់យើងសម្រាប់ឆ្នាំក្រោយ ចំនួនទឹកប្រាក់ ២០០ ០០០ ០០០ ០០០រៀល ស្មើនឹងប្រហែល៥០លានដុល្លារអាមេរិកបន្ថែមទៀតបូកជាមួយនឹងមូលនិធិទ្រទ្រង់ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជា ១៦០ ០០០ ០០០ ០០០រៀល ស្មើនឹងប្រមាណ៤០លានដុល្លារអាមេរិក»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា គិតរហូតមកដល់ថ្ងៃទី១០ ខែតុលានេះ រដ្ឋាភិបាលបានចែកអំណោយដល់ប្រជាពលរដ្ឋ បានចំនួន ៧៦.៥៩៥គ្រួសារ ហើយគណៈរដ្ឋមន្ត្រីបានសម្រេចបញ្ចេញថវិកា និងអង្ករសម្រាប់ជួយទៅដល់ប្រជាពលរដ្ឋប្រមាណ ៤០.០០០គ្រួសារបន្ថែមទៀតដែលកំពុងត្រូវការជំនួយ។ យ៉ាងណាក៏ដោយចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានក្រុមគណបក្សប្រឆាំងរិះគន់ថាមានភាពយឺតយ៉ាវ។ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងឃើញថាការជួយសង្គ្រោះនេះហាក់ដូចជាមិនទាន់មានប្រសិទ្ធភាព ដែលទាន់ពេលវេលានៅឡើយទៅតាមសេចក្តីត្រូវការរបស់ជនរងគ្រោះ។ យើងឃើញវិធានការមួយចំនួនដែលលោកបានចាត់ចែង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋហ្នឹង ហាក់បីដូចជាមានការយឺតយ៉ាវច្រើន ហើយរហូតដល់ពេលនេះយើងមានការព្រួយបារម្ភមែនទែនអំពីការខ្វះខាតស្បៀងអាហារ ហើយនឹងថ្នាំសង្កូវទៅថ្ងៃអនាគតទៀត»។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានស្តីបន្ទោសវិធានការរបស់រដ្ឋាភិបាលក្នុងការផ្តល់ជំនួយយឺតយ៉ាវដល់ជនរងគ្រោះទឹកជំនន់ និងជំនួយអន្តរជាតិមានតិចតួច សម្រាប់ជួយដល់ជនរងគ្រោះ។ «យើងត្រូវតែបង្កើនយន្តការ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ បើសិនជាយើងចាត់ការយឺតយ៉ាវរបៀបនេះ ធ្វើឲ្យប្រជាពលរដ្ឋយើងទទួលរងគ្រោះកាន់តែធ្ងន់ធ្ងរថែមទៀត»។ លោក យឹម សុវណ្ណ បានបន្ថែមថាជំនួយរបស់រដ្ឋាភិបាល គឺជាជំនួយចេញពីថវិកាជាតិ ហើយជំនួយនេះមិនត្រូវយកទៅធ្វើប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយ ខណៈដែលប្រជាពលរដ្ឋកំពុងរងគ្រោះទឹកជំនន់នេះទេ៕ This posting includes an audio/video/photo media file: Download Now |
តុលាការនឹងពិចារណាលើលទ្ធភាពអៀង ធីរិទ្ធក្នុងការប្រឈមការកាត់ទោស Posted: 14 Oct 2011 10:21 AM PDT អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម គ្រោងនឹងស្វែងរកយោបល់រួមមួយដើម្បីពិនិត្យមើលថាតើត្រូវបញ្ចប់នីតិវិធីច្បាប់លើជនជាប់ចោទ អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចសម័យខ្មែរក្រហម ឬយ៉ាងណា ដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងរ របស់ជនជាប់ចោទរូបនេះ។ នេះបើយោងតាមដីការបស់លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃច័ន្ទស្ដីពីការកំណត់កាលបរិច្ឆេទការបើកសវនាការជាសាធារណៈស្ដីពីបញ្ហាសុខភាពរបស់ជនជាប់ចោទអាយុ ៧៩ ឆ្នាំរូបនេះ។ សវនាការនេះ គ្រោងធ្វើនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ។ ដីកាដដែលលើកឡើងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញថា ស្ថានភាពសុខភាពរបស់ អៀង ធីរិទ្ធ កាន់តែធ្ងន់ធ្ងរទៅៗ ហើយអាចនឹងអូសបន្លាយការពន្យាពេលនីតិវិធីកំណត់។ លោកចៅក្រម និល ណុន បានបង្ហាញថា សវនាការ នៅសប្ដាហ៍ក្រោយនេះ នឹងស្វែងរកការពិភាក្សាពីភាគីនានាថា តើករណី អៀង ធីរិទ្ធ អាចអនុវត្តតាមវិធានទី ៨៩ស្ទួននៃវិធានផ្ទៃក្នុងរបស់សាលាក្តីខ្មែរក្រហមបានឬយ៉ាងណា។ វិធាននេះនឹងអនុញ្ញាតឲ្យធ្វើការលុបចោលនីតិវិធីប្រឆាំងនឹងជនជាប់ចោទបានក្នុងករណីដែលជនជាប់ចោទត្រូវរកឃើញថា មិនមានលទ្ធភាពចូលរួមសវនាការបាន។ លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម ពន្យល់ថា ប្រសិនបើមានការសម្រេចលុបចោលនីតិវិធីប្រឆាំងនឹង អៀង ធីរិទ្ធ នោះមិនមែនមានន័យថា តុលាការត្រូវរំលត់បណ្ដឹងអាជ្ញានោះទេ។ «ការបញ្ចប់ដំណើរការនីតិវិធីនេះគឺមានន័យថា នឹងមិនយកជនជាប់ចោទមកធ្វើការជំនុំជម្រះទេ ក៏ប៉ុន្ដែស្ថានភាពរបស់គាត់ស្ថិតនៅជាជនជាប់ចោទដដែល»។ ទោះជាយ៉ាងណាអង្គជំនុំជម្រះសាលាដំបូងនឹងត្រូវស្ដាប់ភាគីនានាលើកពីហេតុផលនិងពិចារណាទៅលើស្ថានភាពជាក់ស្ដែងរបស់ជនជាប់ចោទមុននឹងធ្វើសេចក្ដីសម្រេចរបស់ខ្លួន។ ក្រុមជំនាញផ្នែកច្បាប់បានប្រមើលទុកថា អៀង ធីរិទ្ធ អាចនឹងដាក់ឲ្យស្ថិតនៅក្រៅមន្ទីរឃុំឃាំង ក៏ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ប្រសិនបើតុលាការរកឃើញថា គាត់ពិតជាមានបញ្ហាសុខភាពធ្ងន់ធ្ងរមែននោះ។ នៅក្នុងដីការបស់ប្រធានអង្គជំនុំជម្រះបង្ហាញថា លោកសាស្រ្តាចារ្យជំនាញផ្នែកជំងឺមនុស្សចាស់ ចន ខាំបែល (John Campbel) បានរកឃើញថា អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចខ្មែរក្រហម មានការចុះអន់ថយផ្នែកការចងចាំ ដែលរារាំងលទ្ធភាពរបស់គាត់ចូលរួមឲ្យបានពេញលេញក្នុងការកាត់ក្ដីរូបគាត់ ក៏ដូចជារារាំងការអនុវត្តនូវសិទ្ធិទទួល បានការកាត់ទោសត្រឹមត្រូវផងដែរ។ លោក ចន ខាំបែល ធ្លាប់បានលើកឡើងក្នុងសវនាការស្ដីពីបញ្ហាសុខភាពជនជាប់ចោទកាលពីខែសីហា ថា អៀង ធីរិទ្ធ មានបញ្ហាច្របូកច្របល់ក្នុងខួរក្បាល បាត់ការចងចាំ ព្រមទាំងពិបាកក្នុងការចោទជាសំណួរលើរូបគាត់នៅក្នុងសវនាការ ហើយគាត់ថែមទាំងមិនអាចចូលរួមសវនាការតាមរយៈវីដេអូភ្ជាប់ចូលទៅកាន់បន្ទប់គាត់បានទៀតផង។ ក្រោយពីសវនាការនោះសាលាក្ដីខ្មែរក្រហម បានផ្ដល់លទ្ធភាព ដល់វេជ្ជបណ្ឌិតជំនាញចំនួនបួនរូបគឺកម្ពុជាពីររូប មានលោកវេជ្ជបណ្ឌិត ហួត លីណា (Huot Lina) និងលោកវេជ្ជបណ្ឌិត កើត ឈុនលី (Koeut Chhunly), និងវេជ្ជបណ្ឌិតបរទេសពីររូបទៀតមានលោក ស៊ីណា ហ្វាហ្ស៊ែល (Seena Fazel) និងលោក កាល់វិន ហ្វូន ស៊ូន ឡេង (Calvin Fones Soon Leng) ដើម្បីធ្វើកោសល្យវិច័យលើសុខភាពរបស់ អៀង ធីរិទ្ធ បន្ថែមទៀត។ ក្រុមវេជ្ជបណ្ឌិតទាំងបួននាក់ បានបញ្ចប់ការងារកាលពីចុងខែកញ្ញា ប៉ុន្ដែរបាយការណ៍វេជ្ជសាស្ដ្រមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ យ៉ាងណាក៏ដោយ យោងតាមប្រភពស្និទ្ធនឹងសាលាក្ដីខ្មែរក្រហមបញ្ជាក់ថា ក្រុមគ្រូពេទ្យមានការវាយតម្លៃដូចការរកឃើញរបស់លោកសាស្ដ្រាចារ្យ ចន ខាំបែល ដែរ។ ហើយជនជាប់ចោទ អៀង ធីរិទ្ធ ប្រឈមនឹងការដាក់ឲ្យនៅក្រៅមន្ទីរឃុំឃាំង។ អៀង ធីរិទ្ធ រួមជាមួយនឹងជនជាប់ចោទបីនាក់ផ្សេងទៀតក្នុងសំណុំរឿង០០២ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ដែលនាំឲ្យស្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅក្នុងសវនាការនៅសប្ដាហ៍ក្រោយនេះ អង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងពិភាក្សាលើការទាមទារសំណងរបស់ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីផងដែរ៕ This posting includes an audio/video/photo media file: Download Now |
វិធានការសង្គ្រោះគ្រោះធម្មជាតិនៅតំបន់អាស៊ាន Posted: 14 Oct 2011 09:44 AM PDT ថ្មីៗនេះតំបន់អាស៊ានទទួរងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ ជាពិសេសប្រទេសហ្វ៊ីលីពិនទទួលរងព្យុះត្រូពិក ប្រទេសក្នុងតំបន់តាមទន្លេមេគង្គទទួលរងទឹកជំនន់ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ លំនៅស្ថាន ផលិតកម្មកសិកម្ម និងសម្លាប់មនុស្សរាប់រយនាក់។ មហន្តរាយនេះបានបង្កឲ្យរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅក្នុងតំបន់មានការព្រួយបារម្ភដល់ការខ្វះខាតស្បៀង និងវិបត្តិសេដ្ឋកិច្ចក្នុងតំបន់។ ទាក់ទងនឹងបញ្ហានេះ លោក អ៊ឹម សុធារិទ្ធ នៃវីអូអេ សំឡេងសហរដ្ឋអាមេរិកពីរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាសតាមទូរស័ព្ទជាមួយបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបតិ្តការ និងសន្តិភាព ដែលមានខ្លឹមសារដូចតទៅ៖ <!--AV--> This posting includes an audio/video/photo media file: Download Now |
Posted: 13 Oct 2011 08:42 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ស.រ.អា៖ លោកស្រីរដ្ឋមន្ត្រីការបរទេសស.រ.អា ហ៊ីលឡារី គ្លីនតុនថ្លែងថា ជាការចាំបាច់ ស.រ.អាត្រូវដាក់បញ្ហាសេដ្ឋកិច្ចជាស្នូលនៃគោលនយោបាយការបរទេសរបស់ខ្លួន ហើយធ្វើទំនាក់ទំនងឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីកសាងចំណងទាក់ទងជាមួយតំបន់អាស៊ី។ ក្នុងសុន្ទរកថាដែលត្រៀមថ្លែងនៅថ្ងៃសុក្រនេះនៅឯក្លឹបសេដ្ឋកិច្ចនាក្រុងញូយ៉ក លោកស្រីគ្លីនតុននឹងនិយាយប្រាប់មេដឹកនាំសេដ្ចកិច្ចថា ស.រ.អាកំពុងប្រឈមនឹងមហាអំណាចក្នុងពិភពលោក ដែលអ្វីៗទាំងអស់សម្រេចតាមកម្លាំងសេដ្ឋកិច្ចជាជាងកម្លាំងយោធា។ លោកស្រីនិយាយថា ចំណងទាក់ទងរឹងមាំឆ្លងមហាសមុទ្រអាត្លង់ទិកជាមួយអឺរ៉ុប អាចនឹងកាន់តែរឹងមាំឡើង ដោយគួបផ្សំនឹងចំណងទាក់ទងទ្វេដង ជាមួយតំបន់អាស៊ី។ ស.រ.អា/កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីសរអាបារ៉ាក់អូបាម៉ា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងបាក់ (Lee Myung-bak) នឹងធ្វើដំណើរទៅក្រុង Detroit រដ្ឋ Mechigan នៅថ្ងៃសុក្រនេះ ដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលអនុម័តនាសប្តាហ៍នេះ ដោយសភាសរអា។ មេដឹកនាំទាំងពីរនឹងធ្វើទស្សនកិច្ចរោងចក្រធ្វើឡានរបស់អាមេរិកគឺ General Motors។ លោកអូបាម៉ាបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងបើកទីផ្សារកូរ៉េខាងត្បូងសម្រាប់លក់រថយន្តធ្វើនៅអាមេរិក ហើយនឹងទំនិញផ្សេងទៀត ដែលផ្តល់ការងារចំនួន៧ម៉ឺននិងបង្កើនការនាំចេញរបស់អាមេរិកដល់១១ពាន់លានដុល្លារ។ លោកអូបាម៉ានិយាយថា លោកចង់ឃើញជនជាតិកូរ៉េខាងត្បូងជិះឡានអាមេរិកច្រើន ដូចជនជាតិអាមេរិកជិះឡានកូរ៉េខាងត្បូងដែរ។ ថៃ៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ បានធានាចំពោះអ្នករស់នៅក្រុងបាងកកនៅថ្ងៃសុក្រនេះថា រាជធានីនេះភាគច្រើនអាចជៀសផុតពីទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញប្រទេសនេះ២/៣តាំងពីខែកក្កដាមក។ មេដឹកនាំថៃបានប្រាប់អ្នកយកព័ត៌មានថា តំបន់ខាងក្រៅទីក្រុងអាចនឹងមានបញ្ហាខ្លះ ប៉ុន្តែទីក្រុងមានការការពារឹងមាំ ហើយយើងអាចគ្រប់គ្រងស្ថានការណ៍បាន។ មជ្ឈមណ្ឌលជួយសង្គ្រោះមហន្តរាយទឹកជំនន់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទឹកបានឡើងដល់កម្រិតប្រកាសអាសន្នដែលបាននាំឲ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាពលរដ្ឋ តែអាជ្ញាធរបានប្រញ៉ាប់ប្រញ៉ាល់ដករបាយការណ៍នេះវិញ ដោយនិយាយថា របាយការណ៍នេះរាយការណ៍ខុស។ អង្គការអ.ស.ប៖ មន្ត្រីអ.ស.ប.ជាន់ខ្ពស់ខាងសិទ្ធិមនុស្សបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការបន្ទាន់សម្រាប់ការពារក្រុមជនស៊ីវិលក្នុងប្រទេសស៊ីរីដោយនិយាយថាចំនួនមនុស្សស្លាប់ក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលមានរយៈពេល៧ខែមកហើយនេះបានកើនលើសពី៣ពាន់នាក់ហើយ។ លោកស្រី ណាវី ភីឡៃ (Navi Pillay) អគ្គស្នងការអ.ស.ប.ខាងសិទ្ធិ មនុស្សបានមានប្រសាសន៍នៅថ្ងៃសុក្រនេះថាក្នុងបណ្តាពួកជនដែលបានត្រូវសម្លាប់ក្នុងការបង្ក្រាបដោយរដ្ឋាភិបាលស៊ីរីមានរួមបញ្ចូលទាំងកុមារ១៨៧នាក់ផងដែរ។លោកស្រី Pillay បានមានប្រសាសន៍បន្ថែមថា មនុស្ស១០០នាក់បានស្លាប់ក្នុងរយៈពេល១០ថ្ងៃកន្លងទៅនេះ។ លោកស្រី Pillay បានព្រមានថាការបង្ក្រាបនិងការសម្លាប់គ្មានមេត្តាដោយអាជ្ញាធរស៊ីរីអាចរុញច្រានប្រទេសឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលពេញទំហឹងបាន។លោកស្រីមិនបានបញ្ជាក់អំពី សកម្មភាពអ្វីដែលលោកស្រីមានជំនឿថាសហគមន៍អន្តរជាតិគួរធ្វើនោះទេ។ លីប៊ី៖ ក្រុមយុទ្ធជននៃរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ីបានប្រមូលផ្តុំគ្នាជាថ្មីនៅក្នុងការប៉ុនប៉ងចុងក្រោយដើម្បីត្រួតត្រាទីក្រុងSirte ដែលជាក្រុងកំណើតរបស់អតីតមេដឹកនាំលីប៊ី Moammar Gadhafi។ ក្រុមយុទ្ធជននៃក្រុមប្រឹក្សាជាតិអន្តរកាល ដែលហៅកាត់ថាNTC និយាយថា កងកម្លាំងលំអៀងទៅខាង Gadhafi បានត្រូវទ្បោមព័ទ្ធនៅក្នុងតំបន់មួយដែលមានទំហំប្រមាណ២គ.ម.ក្រទ្បា។ អេស្ប៉ាញ៖ ក្រុមហ៊ុន Standard's and Poors បានបន្ទាបអត្រាឥណទានក្នុងរយៈពេលយូរនៃប្រទេសអេស្ប៉ាញ ដោយសារសេដ្ឋកិច្ចខ្សោយនៃប្រទេសនេះនិងកង្វល់អំពីប្រាក់កម្ចីមិនល្អរបស់ធនាគារ។ S and P បានបន្ទាបអត្រារបស់ប្រទេសអេស្ប៉ាញមួយកម្រិតមកនៅត្រឹមAAដកដោយចុះពីកម្រិតAA។ ការកែប្រែអត្រានេះមានន័យថាប្រទេស អេស្ប៉ាញ ទំនងជានឹងអស់សោហ៊ុយច្រើនជាងមុនក្នុងការខ្ចីប្រាក់ក្នុងរយៈពេលយូរ។ ទីភ្នាក់ងារ Fitch ក៏បានបន្ទាបអត្រាឥណទាននៃប្រទេស អេស្ប៉ាញ ដែរកាលពីសប្តាហ៍មុន។ អ៊ីតាលី៖ គេរំពឹងថាលោកនាយករដ្ឋមន្ត្រីអ៊ីតាលីនឹងឈ្នះនៅក្នុងការបោះឆ្នោតស្តីពីការទុកចិត្តលើរដ្ឋាភិបាលលោកនៅថ្ងៃសុក្រនេះក្នុងសភា។ លោក បេឡូស្កូនី (Berlusconi) បានត្រូវបង្ខំឱ្យអំពាវនាវឱ្យមានការបោះឆ្នោតនេះក្រោយពីគណបក្សកណ្តាលខាងស្តាំរបស់លោកគ្មានជោគជ័យក្នុងការអនុម័តថវិកាដោយចាញ់ឆ្នោតតែមួយសន្លឹកកាលពីពេលមុននេះក្នុងសប្តាហ៍នេះ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> វៀតណាម៖ ពួកអាជ្ញាធរវៀតណាមកំពុងរាយការណ៍ថា មានមនុស្សស្លាប់៩នាក់ទៀតដោយសារទឹកជំនន់ដែលបានបំផ្លិចបំផ្លាញជលសីមាទន្លេមេគង្គទាំងមូលនៃតំបន់អាស៊ីអាគ្នេយ៍ ហើយពួកព្យាករណ៍អាកាសធាតុឲ្យដឹងថា មានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃសរអា មានប្រសាសន៍ថា ក្រុងវ៉ាស៊ីនតោន នឹងធ្វើឲ្យប្រាកដថា ប្រទេសអ៊ីរ៉ង់នឹង«បង់ថ្លៃ» សម្រាប់គម្រោងមួយដើម្បីធ្វើឃាតឯកអគ្គរាជទូតប្រទេស អារ៉ាប៊ី សាអ៊ីឌីត ប្រចាំសរអា។ កូរ៉េខាងជើង៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាមានប្រសាសន៍ថា កូរ៉េខាងជើងបានបន្តធ្វើការគំរាមកំហែងដោយផ្ទាល់ដល់សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង។ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថា ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងមនុសស្សប្រដាប់អាវុធដែលគេជឿថាជាអ្នករត់ចោលជួរនៃកងយោធា បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១៣ នាក់។ លីប៊ី៖ ក្រុមអ្នកគាំទ្រលោក ម៉ូអាម៉ា ហ្កាដាហ្វី អតីតមេដឹកនាំលីប៊ី ដែលប្រដាប់ដោយអាវុធយ៉ាងច្រើន បានបន្ថយល្បឿនការជឿនលឿនរបស់ក្រុមយុទ្ធជននៃរដ្ឋាភិបាលបណ្តោះអាសន្ន ដែលបានព្យាយាមដណ្តើមយកការត្រួតត្រាលើទីក្រុង សឺត (Sirte) ដែលស្ថិតនៅតាមឆ្នេរសមុទ្រ។ ប៉ាគីស្ថាន៖ មន្រ្តីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថានប្រាប់ឲ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) របស់សហរដ្ឋអាមេរិកក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានបានសម្លាប់សមាជិកជាន់ខ្ពស់ម្នាក់នៃបណ្តាញក្រុមជនសកម្មប្រយុទ្ធ Haqqani។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |