VOA News: ព័ត៌មាន |
លោកហ៊ុនសែនបញ្ជាឱ្យដកមេជលផលជុំវិញបឹងទន្លេសាប Posted: 01 Jul 2011 10:36 AM PDT នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យដកមន្ត្រីជលផលនៅក្នុងខេត្តចំនួនប្រាំជុំវិញបឹងទន្លេសាបដោយសារតែមន្ត្រីទាំងនោះមិនទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប។ ការបញ្ជានេះ បានធ្វើឡើងបន្ទាប់ពីបានរកឃើញកំហុសឆ្គងរបស់មន្ត្រីជលផលទាំងនេះថាបានបណ្តែតបណ្តោយឱ្យមានបទល្មើសនេសាទ ការបំផ្លិចបំផ្លាញធនធានជលផលនៅក្នុងបឹងទន្លេសាប និងការប្រើប្រាស់ឧបករណ៍ការនេសាទហាមឃាត់ជាដើម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងទិវាមច្ឆាជាតិនៅខេត្តស្វាយរៀងថា នាយខណ្ឌជលផលក្នុងខេត្តចំនួនប្រាំនៅជុំវិញបឹងទន្លេសាបត្រូវតែដកចេញពីតំណែង ចំពោះការមិនអាចទប់ស្កាត់បទល្មើសនេសាទបាន។ «ដើម្បីធានាដល់ការធ្វើអធិការកិច្ច ខ្ញុំបញ្ជាឱ្យឯកឧត្តមចាន់ សារុន ដកនាយខណ្ឌជលផលខេត្តចំនួនប្រាំ គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ ហើយដូរមេខណ្ឌថ្មីចូល ព្រោះអធិរាជទាំងប្រាំនេះមិនបានទេ។ ពួកគាត់មិនទាន់ប្រាកដថាមានកំហុសអ្វីទេ ប៉ុន្តែការបណ្តែត បណ្តោយក្នុងពេលកន្លងទៅរកឃើញនូវបញ្ហានេះ វាជាការណ៍ល្មមដើម្បីឱ្យគាត់មកនៅការិយាល័យសិន ហើយរៀបចំមន្ត្រីល្អឱ្យធ្វើជានាយខណ្ឌជលផលជំនួស»។ នៅក្នុងតំបន់បឹងទន្លេសាប មានបទល្មើសនេសាទច្រើនដោយការដាក់សម្រាស់ ព្រួលនិងកន្សំធំៗច្រើនរាប់រយម៉ែត្រដែលធ្វើឱ្យអន្តរាយដល់ធនធានជលផល ហើយកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាលេខ០១ ដើម្បីយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ និងរុះរើសម្រាស់ទាំងនោះ។ លោក ហ៊ុន សែន បានបញ្ជាក់ថាគណៈកម្មាធិការចម្រុះមួយត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រួមមានក្រសួងដែលចូលរួមមានក្រសួងអធិការកិច្ច ក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងមហាផ្ទៃ អាជ្ញាធរទន្លេសាប និងអភិបាលខេត្ត ដើម្បីធ្វើអធិការកិច្ចបណ្តាឡូត៍នេសាទនៅក្នុងអាងទន្លេសាប។ បឹងទន្លេសាបផ្តល់ផលត្រីប្រមាណ២៣០.០០០តោនក្នុងមួយឆ្នាំ ដែលផ្គត់ផ្គង់ប្រជាពលរដ្ឋខ្មែរជាងបីលាន នាក់ និងផ្តល់ប្រូតេអ៊ីនដល់ប្រជាពលរដ្ឋខ្មែរ៦០ភាគរយ។ ប្រទេសកម្ពុជាមានសហគមន៍ឡូត៍នេសាទជាង៤០០ ហើយមានអ្នកនេសាទពេញម៉ោងចំនួន១,៤លាននាក់ និងប្រមាណប្រាំមួយលាននាក់ជាអ្នក នេសាទមិនពេញម៉ោង។ លោក យិម រឿន តំណាងសហគមន៍នេសាទត្រពាំងធំក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានថ្លែងថា លោកសូមសម្តែងស្វាគមន៍ការដកមន្ត្រីជលផល ដែលមិនត្រឹមត្រូវចេញពីតំណែងនេះ ដោយសារកន្លងមកនេះមានបទល្មើសនេសាទច្រើនបានកើតឡើង។ លោក យិម រឿន បានបញ្ជាក់ថាអ្នកប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ចាប់យកទាំងត្រីតូច ទាំងត្រីធំអស់ហើយអ្នកភូមិប្រើឧបករណ៍បុរាណ មង អង្រុត ស្នាង មិនអាចរកត្រីបាន បរិភោគទេ។ «មន្ត្រីជលផលពីមុនមកតែងតែអនុញ្ញាតឱ្យមានបទល្មើសនេសាទច្រើន។ សម្តេចនាយកដកហូតមន្ត្រី ជលផលតឹងតែងសម្រាប់អ្នកភូមិ ប្រជាពលរដ្ឋអាចរកការនេសាទបានស្រួល។ បទល្មើសនេសាទមាន ច្រើនពីមុនមក នៅពេលនេះសម្តេចនាយកដកមន្ត្រីជលផលមានន័យថាដកបទល្មើសនេសាទ។ អ្នករករបរនេសាទស្របច្បាប់មិនមានបញ្ហាអ្វីទេ។ វាជារឿងធម្មតា»។ លោកហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលត្រូវតែធ្វើឱ្យសម្បូរត្រីសម្បូរឡើងវិញនៅតាមជម្រកធម្មជាតិ ឬ បឹងធម្មជាតិទន្លេសាបនេះ ដើម្បីជៀសវាងការធ្វើឱ្យប្រជាពលរដ្ឋខកចិត្តចំពោះការបាត់បង់បរិមាណត្រី៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |