VOA News: ព័ត៌មាន: “សង្ខេបព័ត៌មានអន្តរជាតិ៖ ០១ កក្កដា” plus 4 more |
- សង្ខេបព័ត៌មានអន្តរជាតិ៖ ០១ កក្កដា
- ព្រះរាជអាជ្ញាបញ្ចប់សវនាការបឋមនៃការកាត់ទោសមេដឹកនាំខ្មែរក្រហម
- ខៀវ សំផន ប្រកាសបើកអាថ៌កំបាំងរបបវាលពិឃាត
- ពេលសវនាការបឋមបញ្ចប់ជនរងគ្រោះទាមទារយុត្តិធម៌
- កម្ពុជាឈានឡើងក្នុងការទប់ស្កាត់ការជួញដូរមនុស្ស
សង្ខេបព័ត៌មានអន្តរជាតិ៖ ០១ កក្កដា Posted: 30 Jun 2011 01:50 PM PDT លីបង់៖ តុលាការគាំទ្រដោយអ.ស.ប.ដែលកំពុងតែស៊ើបអង្កេតអំពីការធ្វើឃាតអតីតនាយករដ្ឋមន្ដ្រី Rafik Hariri នៃប្រទេសលីបង់នៅឆ្នាំ២០០៥ បានចេញដីកាចោទប្រកាន់ហើយនឹងចេញដីកាចាប់ខ្លួនជនជាប់សង្ស័យ៤នាក់នៅក្នុងករណីនេះ។ លីបង់៖ លោកអតីតនាយករដ្ឋមន្ដ្រី Rafik Hariri នៃប្រទេសលីបង់ត្រូវបានចាត់ទុកថាជាកម្លាំងនយោបាយដ៏ខ្លាំងក្លាម្នាក់នៅក្នុងប្រទេសនេះ ហើយនឹងនៅទូទាំងពិភពអារ៉ាប់មុនមរណភាពរបស់លោកនៅឆ្នាំ២០០៥ ដោយសារការផ្ទុះគ្រាប់បែកនៅក្នុងរថយន្ដកាមីញ៉ុងមួយគ្រឿងដែលមានគោលដៅទៅលើក្បួនដឹកនាំរបស់លោកនៅប្រទេសលីបង់។ ក្រិក៖ សភានៃប្រទេសក្រិកបានព្រមព្រៀងគ្នាអំពីសេចក្ដីលម្អិតនៃផែនការតឹងរឹងថ្មី ជាការប្រោះព្រំសម្រាប់ការបញ្ចេញជំនួយអន្ដរជាតិច្រើនថែមទៀតទៅឲ្យរដ្ឋាភិបាលនេះដែលមានប្រាក់បំណុលយ៉ាងច្រើនលើសលប់។ អាហ្វហ្កានីស្ថាន៖ អង្គការណាតូ (NATO) ឲ្យដឹងថាខ្លួនបានសម្លាប់មេដឹកនាំថ្នាក់ខ្ពស់នៃបណ្ដាញ Haqqani នៅក្នុងប្រទេសអាហ្វហ្កានីស្ថានដែលជាប់សង្ស័យក្នុងបទជួយពួកសកម្មប្រយុទ្ធដែលវាយប្រហារទៅលើសណ្ឋាគារមួយនៅទីក្រុងកាប៊ុល នៅដើមអាទិត្យនេះ។ អាហ្វហ្កានីស្ថាន៖ អ្នកកាសែតបារាំង២នាក់ដែលត្រូវបានពួកតាលីបាន់ចាប់នៅក្នុងប្រទេសអាហ្វហ្កានីស្ថានក្នុងរយ:ពេលមួយឆ្នាំកន្លះ បានវិលត្រឡប់ទៅប្រទេសបារាំងវិញហើយ ក្រោយពីពួកអ្នកចាប់ពង្រត់បានដោះលែងពួកគេ។ ប៉ាគីស្ថាន៖ ក្រុមមន្ដ្រីយោធាប៉ាគីស្ថានឲ្យដឹងថា កងកម្លាំងសន្ដិសុខនៃប្រទេសនេះបានសម្លាប់ជនសកម្មប្រយុទ្ធយ៉ាងតិច៤០នាក់នៅក្នុងតំបន់របស់ពួកកុលសម្ព័ន្ធនៅតាមព្រំដែនជាមួយប្រទេសអាហ្វហ្កានីស្ថានក្នុងរយ:ពេលជាច្រើនថ្ងៃកន្លងមកនេះ។ អេហ្ស៊ីប៖ លោកស្រី ហ៊ីល្លារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ដ្រីក្រសួងការបរទេសស.រ.អ. និយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោកអូបាម៉ានឹងដាក់កម្រិតជាថ្មីម្ដងទៀតទៅលើការទាក់ទងជាមួយក្រុមសាសនានិយមមួយឈ្មោះ Muslim Brotherhood។ លីប៊ី៖ ក្រុមមេដឹកនាំនៃប្រទេសក្នុងទ្វីបអាហ្វ្រិកបានបើកសន្និសីទកំពូលមួយ នៅក្នុងប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea) ដែលគេរំពឹងថានឹងផ្ដោតភាគច្រើនទៅលើការប៉ះទង្គិចគ្នានៅប្រទេសលីប៊ី។ សូម៉ាលី៖ អ.ស.ប.ឲ្យដឹងថាវិបត្ដិស្បៀងអាហារនៅក្នុងប្រទេសសូម៉ាលីកំពុងតែកើនឡើងហើយ ដោយមកពីស្បៀងអាហារឡើងថ្លៃ និងភាពរាំងស្ងួតដែលមានបន្ដទៅទៀតនៅក្នុងប្រទេសនេះ។ This posting includes an audio/video/photo media file: Download Now |
ព្រះរាជអាជ្ញាបញ្ចប់សវនាការបឋមនៃការកាត់ទោសមេដឹកនាំខ្មែរក្រហម Posted: 30 Jun 2011 01:46 PM PDT អតីតប្រមុខរដ្ឋ ខៀវ សំផន បានប្រាប់សវនាការបឋមនៅតុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិថា គាត់នឹងប្រាប់ការពិតពីអ្វីដែលបានកើតឡើងក្នុងអំឡុងពេលខ្មែរក្រហមគ្រប់គ្រងប្រទេស។ តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅទីក្រុងភ្នំពេញបានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋជាង ២,២០០,០០០នាក់បានស្លាប់នៅពេលដែលខ្មែរក្រហមគ្រប់គ្រងនៅចន្លោះឆ្នាំ១៩៧៥ និង១៩៧៩។ ខៀវ សំផន បាននិយាយក្នុងតុលាការថា៖ «ខ្ញុំមិនដឹងគ្រប់រឿងទាំងអស់ទេ ក៏ប៉ុន្តែប្រសិនបើខ្ញុំអាច ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធានាប្រាប់ការពិត»។ ខៀវ សំផន បានទទួលស្គាល់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវការដឹងយ៉ាងខ្លាំងនូវអ្វីដែលបានកើតឡើង។ គាត់ថ្លែងថា៖ «ខ្ញុំគិតថា វាជាពេលវេលាដ៏មានសារៈសំខាន់មួយសម្រាប់ខ្ញុំ និងប្រជាជាតិខ្មែររបស់ខ្ញុំដែលស្រែកឃ្លានការយល់ដឹងនូវអ្វីដែលបានកើតឡើងក្នុងអំឡុងឆ្នាំ១៩៧៥ដល់១៩៧៩»។ <!--AV--> សវនាការនឹងចាប់ផ្តើមនៅចុងឆ្នាំនេះប្រហែលមិនហួសពីខែកញ្ញានេះទេ។ សំណុំរឿងនេះគឺជាសំណុំរឿងទី២របស់សាលាក្តីនេះ ហើយទំនងជាសំណុំរឿងចុងក្រោយក្នុងការទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ ឈរនៅក្នុងសវនាការជាមួយ ខៀវ សំផននោះផងដែរ រូមមាន នួន ជា ដែលត្រូវបានស្គាល់ថា បងធំទីពីរ និងមេខាងមនោគមន៍វិជ្ជាក្នុងចលនាតស៊ូបដិវត្តន៍ អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ រដ្ឋមន្រ្តីសង្គមកិច្ច។ ជនជាប់ចោទទាំងអស់នេះបដិសេធរាល់បទចោទប្រកាន់នានាដូចជា អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ មេធាវីការពារក្តី នួន ជា លោក វិកទ័រ ខូប្ប (Victor Koppe) បានប្រាប់អង្គជំនុំជម្រះថា កូនក្តីរបស់គាត់ត្រូវការការកាត់ក្តីឆាប់រហ័ស ព្រោះគាត់មានវ័យកាន់តែចាស់ហើយ។ លោកខូប្បនិយាយថា៖ «ក៏ប៉ុន្តែ ការសំខាន់ជាងការកាត់ក្តីដែលមានលក្ខណៈឆាប់រហ័សនោះ គឺគាត់ចង់បានការកាត់ក្តីដែលធានាការពិត។ មិនមែនជារឿងដែលអាចអានបានតាមសៀវភៅប្រវត្តិសាស្រ្តអាមេរិក ឬវៀតណាមនោះទេ ក៏ប៉ុន្តែជាប្រវត្តិសាស្រ្តពិតៗ ដែលរួមទាំងទស្សនៈរបស់គាត់ក្នុងព្រឹត្តការណ៍ផ្សេងៗដែលបានកើតឡើងមុន និងក្នុងអំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ ហើយការពិតដែលរួមទាំងតួនាទីរបស់វៀតណាម និងការទម្លាក់គ្រាប់បែក និងបញ្ហាសំខាន់ៗដែលទាក់ទងនឹងព្រឹត្តការណ៍នោះ»។ ជនជាប់ចោទទាំងបួននាក់សុទ្ធតែមានវ័យចាស់រវាង ៧៩ទៅ ៨៥ឆ្នាំ និងគ្មាននរណាម្នាក់មានសុខភាពរឹងមាំទេ។ ខៀវ សំផន គឺជាជនជាប់ចោទតែម្នាក់គត់ដែលមានមុខនៅក្នុងសវនាការរហូតចប់ក្នុងសបា្តហ៍នេះ។ តុលាការមានយុត្តាធិការក្នុងការជម្រះក្តីឧក្រិដ្ឋកម្មដែលបានកើតឡើងតែនៅក្នុងរវាងខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ ដល់ខែមករា ឆ្នាំ១៩៧៩ ពេលដែលពួកគេត្រូវបានបណ្តេញចេញ។ ក្នុងអំឡុងសវនាការបឋម តុលាការបានឮពីការដាក់សំណើពីមេធាវីការពារក្តី សហព្រះរាជាអាជ្ញា និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីទាក់ទងទៅនឹងសំណុំរឿងដូចជា យុត្តាធិការតុលាការ បញ្ជីរាយនាមសាក្សី និងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិ។ ការកាត់ទោសនេះទំនងជានឹងបន្តជាច្រើនឆ្នាំ ហើយត្រូវបានបារម្ភថា ជនជាប់ចោទអាចស្លាប់មុនការកាត់ទោសចប់។ ប៉ុន្តែច្បាប់ថ្មីនេះ មានន័យថា តុលាការអាចកាត់ទោសថា មានទោស និងអាចឲ្យរួចទោសនៅពេលការកាត់ទោសកំពុងដំណើរការនានា។ នេះមានន័យថា ទោះជាជនជាប់ចោទស្លាប់ក្នុងពេលសវនាការ ពួកគេនឹងអាចទំនងជាត្រូវបានប្រកាសថា ជាប់ទោស ឬរួចទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរនានា។ This posting includes an audio/video/photo media file: Download Now |
ខៀវ សំផន ប្រកាសបើកអាថ៌កំបាំងរបបវាលពិឃាត Posted: 30 Jun 2011 01:16 PM PDT អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ លោកខៀវ សំផន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាលោកនឹងត្រៀមនិយាយបើកកកាយអំពីអាថ៌កំបាំងនៃការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់នៅក្នុងរយៈពេលដែលលោកកាន់កាប់អំណាចកាលពីជាង៣០ឆ្នាំមុន។ លោកខៀវ សំផន បានប្រកាសយ៉ាងដូច្នេះនៅក្នុងសវនាការថ្ងៃចុងក្រោយនៃសវនាការបឋមរយៈពេលបួនថ្ងៃរបស់អង្គជំនុំជម្រះសាលាដំបូងនៅក្នុងសាលាក្តីខ្មែរក្រហម។ «ខ្ញុំយល់ឃើញថា ជាពេលដែលមានសារៈសំខាន់បំផុតចំពោះខ្ញុំ ក៏ដូចជាបងប្អូន រួមជាតិយើងទាំងអស់ ដែលស្រេកឃ្លានចង់ដឹង ចង់យល់អំពីអ្វីដែលបានកើតឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩»។ <!--AV--> របបកម្ពុជាប្រជាធិបតេយ្យ ដែលស្លៀកពាក់ខោវអាវខ្មៅបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់យ៉ាងតិច១,៧លាននាក់ នៅក្នុងរយៈពេលជិតបួនឆ្នាំ។ ខៀវ សំផន និងឈានដល់អាយុ៨០ឆ្នាំនៅក្នុងខែកក្កដាខាងមុខនេះ គាត់គឺជាជនជាប់ចោទម្នាក់ នៅក្នុងចំណោមជនជាប់ចោទបួននាក់នៃសំណុំរឿង០០២ ដែលត្រូវនាំខ្លួនចូលនៅក្នុងសវនាការបឋមនេះ។ ជនជាប់ចោទផ្សេងទៀត ដូចជានួន ជា អតីតប្រធានសភាខ្មែរក្រហម អៀង សារី រដ្ឋមន្រ្តីក្រសួងការបរទេស និងអៀង ធីរិទ្ធ ប្រពន្ធរបស់គាត់អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។ ខៀវ សំផន បាននិយាយនៅក្នុងរយៈពេលប្រាំបីនាទីកាលពីព្រឹកម៉ិញនេះ ថាគាត់នឹងត្រៀមខ្លួនសហការជាមួយនឹងសាលាក្តីខ្មែរក្រហមដើម្បីបើកកកាយការណ៍ពិត។ «បើកាលណាលំដាប់ណាខ្ញុំនៅមានសុខភាពល្អដូចសព្វថ្ងៃនេះខ្ញុំនឹងរួមចំណែកឲ្យអស់ពីកម្លាំងចិត្ត កម្លាំងកាយរបស់ខ្ញុំដល់ការងាររបស់តុលាការ ដើម្បីធ្វើម៉េចអ្វីដែលបានកើតឡើងនៅពេលអំឡុងឆ្នាំដែលខ្ញុំបាននិយាយអំបាញ់ម៉ិញនេះ វាលេចចេញឡើងឲ្យបានច្បាស់»។ លោកខៀវ សំផន ក៏ដូចជាអតីតមេដឹកនាំកំពូលខ្មែរក្រហមដទៃទៀតដែរ តែងតែបដិសេធទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងសម័យដែលពួកគេកាន់កាប់អំណាច។ លោកខៀវ សំផន ធ្លាប់បាននិយាយថា លុះណាទឹកថ្លាទើបអាចមើលត្រីឃើញ ដោយទំនងជាគាត់ចង់និយាយថា ស្ថានការណ៍ស្ងប់ស្ងាត់ទើបគេអាចដឹងអំពីមូលហេតុពិតប្រាកដនៃឧក្រិដ្ឋកម្មនៅក្នុងសម័យខ្មែរក្រហមបាន។ នៅក្នុងសវនាការនៅថ្ងៃនេះដែរ ក្រុមមេធាវីការពារក្តី នួន ជា បានស្នើឲ្យមានការស៊ើបអង្កេតអំពីការជាប់ពាក់ព័ន្ធរបស់ប្រទេសវៀតណាមនិងសហរដ្ឋអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មាននៅល្ងាចនេះក្រុមព្រះរាជអាជ្ញានិងមេធាវីការពារក្តីឲ្យអៀង ធីរិទ្ធ និង ខៀវ សំផន បានប្រកាសថា គឺជាដំណើរការល្អនិងប្រកបទៅដោយជោគជ័យនៅក្នុងសវនាការបឋមនេះ។ ដោយឡែកលោកស្រី ជា លាង សហព្រះរាជអាជ្ញាកម្ពុជាបានសម្តែងស្វាគមន៍ចំពោះចេតនាចង់សហការជាមួយសាលាក្តីខ្មែរក្រហមរបស់លោកខៀវ សំផន។ យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែតដដែលនោះ ក្រុមមេធាវីរបស់នួន ជា និងអៀង សារី បានបង្ហាញការមិនសប្បាយចិត្តដោយសារតែមេធាវីរបស់អៀង សារី បានប្តឹងអាជ្ញាជាច្រើន ប៉ុន្តែអង្គជំនុំជម្រះយកមកពិចារណាត្រឹមតែបួនបណ្តឹងតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ក្រុមមេធាវីរបស់នួន ជា លើកពីការស៊ើបអង្កេតមិនស្មើភាពនិងពុំមានការពិចារណាអំពីសាក្សីដែលខ្លួនបានស្នើសុំ។ ដោយឡែកក្រុមមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីដែលជាភាគីជនរងគ្រោះ បានស្នើឲ្យមានការផ្តល់សំណងផ្លូវចិត្តនិងសំណងជាសមូហភាពដូចជាការសាងសង់មន្ទីរពេទ្យចិត្តសាស្រ្តសម្រាប់ជនរងគ្រោះជាដើម៕ This posting includes an audio/video/photo media file: Download Now |
ពេលសវនាការបឋមបញ្ចប់ជនរងគ្រោះទាមទារយុត្តិធម៌ Posted: 30 Jun 2011 11:59 AM PDT ក្រុមអ្នកតាមដានសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បួននាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងបួននាក់នេះ ពិតជាមានទោសក្នុងការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ១,៧លាននាក់ក្នុងអំឡុងចុងទសវត្សរ៍១៩៧០ បើទោះបីជាមេធាវីជនត្រូវចោទថាបានខំប្រឹងប្រែងលើកយកសក្ខីកម្មមកការពារជនត្រូវចោទទាំងបួននាក់នេះឱ្យរួចផុតពីការចោទប្រកាន់ក៏ដោយ។ សាលាក្តីខ្មែរក្រហមបានបញ្ចប់សវនាការបឋមលើសំណុំរឿងលេខ០០២ ទាក់ទងនឹងនួន ជា អតីតប្រធានរដ្ឋសភា ខៀវ សំផន អតីតប្រធានរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអំពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងរបបវាលពិឃាត។ លោកប៉ែន សឿន អាយុ៥៦ឆ្នាំ មកពីខេត្តស្វាយរៀង ដែលបានចូលរួមនៅក្នុងសវនាការសំណុំរឿងលេខ០០២ ចំនួនបួនថ្ងៃនេះ មានសាច់ញាតិស្លាប់ចំនួនបួននាក់ក្នុងរបបខ្មែរក្រហមបាននិយាយថាអតីតមេដឹកនាំខ្មែរក្រហមទាំងបួននាក់នេះមិនអាចគេចផុតពីការចោទប្រកាន់របស់តុលាការទេ បើទោះបីជាមេធាវីជនត្រូវចោទបានយកសក្ខីកម្មនិងបទដ្ឋានច្បាប់សម្រាប់ធ្វើជាអំណះអំណាងឱ្យកូនក្តីរបស់ខ្លួនរួចទោសក៏ដោយ។ «មេធាវីរបស់ជនត្រូវចោទមានវិជ្ជាជីវៈខ្ពស់និងទឡ្ហីករណ៍ល្អណាស់សម្រាប់ឱ្យកូនក្តីរបស់គេគេចវេសន៍ពីការចោទប្រកាន់របស់តុលាការ។ ប៉ុន្តែខ្ញុំគិតថាអ្វីដែលច្បាប់ អ្វីដែលជាគតិយុត្តិនោះ ទោះបីជា អស់លោកនោះមានហេតុផលយ៉ាងណាក៏ដោយ។ ប៉ុន្តែខ្ញុំបានសំឡឹងឃើញមេធាវីរបស់ខ្ញុំ មួយផ្នែកមានទឡ្ហីករណ៍ល្អៗ ហើយមានការប្រុងប្រៀបបកស្រាយតាមនីតិវិធីច្បាប់។ បើការពិចារណារបស់ខ្ញុំ ហើយយើងមើលក្នុងការដេញដោលគ្នានេះ ខ្ញុំគិតថាអ្នកទាំងបួននេះមិនអាចគេចផុតពីសំណាញ់ច្បាប់ចោទប្រកាន់បានទេ»។ លោក ស៊ុំ រិទ្ធី អាយុ៥១ឆ្នាំ នៅទីក្រុងភ្នំពេញ ដែលបានចូលរួមសវនាការសំណុំរឿងលេខ០០២នេះ បានថ្លែងថាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងបួននាក់នេះមិនអាចគេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់អំពីការកាប់សម្លាប់ក្នុងអំឡុងចុងទសវត្សរ៍១៩៧០។ «មេធាវីជនត្រូវចោទមិនចង់ឱ្យកូនក្តីរបស់ខ្លួនជាប់ទោស ប៉ុន្តែមិនអាចរួចខ្លួនទេ ព្រោះភស្តុតាងមានគ្រប់គ្រាន់ទាំងអស់ពីសម័យដែលគាត់ដឹកនាំ»។ អ្នកស្រី មាស ផល្លី អាយុ៥៤ឆ្នាំ មកពីខេត្តកំពង់ធំ ដែលបានចូលរួមនៅក្នុងសវនាការសំណុំរឿងលេខ០០២ចំនួនបួនថ្ងៃនេះ មានសាច់ញាតិស្លាប់ចំនួន១០នាក់ ក្នុងរបបខ្មែរក្រហម បានថ្លែងថា អ្នកស្រីបានមើលឃើញការសួរដេញដោលគ្នាយ៉ាងសកម្មនៅក្នុងសាលាក្តីខ្មែរក្រហមគឺជារឿងដ៏អស្ចារ្យណាស់សម្រាប់អ្នកស្រី។ អ្នកស្រីបានបន្តថា អ្នកស្រីពេញចិត្តចំពោះសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរជាន់ខ្ពស់ទាំងបួននាក់នេះរបស់សាលាក្តីខ្មែរក្រហម បើទោះជាយុត្តិធម៌មិនបានសម្រេចដល់១០០ភាគរយក៏ដោយ ក៏អ្នកស្រីអាចទទួលយកបាន។ «សវនាការប្រព្រឹត្តទៅបួនថ្ងៃនេះដូចខ្ញុំតាមដានរហូត អ្នកទាំងបួននាក់ប្រាកដជាមានទោស ព្រោះមាន សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីរាប់រយរាប់ពាន់នាក់ ហើយគាត់ធ្វើបាបជាពិសេសលើរូបខ្ញុំផ្ទាល់។ អញ្ចឹងគាត់ត្រូវតែទទួលទោស។ ខ្ញុំសង្ឃឹមថា១០០ភាគរយ អ្នកទាំងបួននាក់នេះត្រូវតែមានទោស»។ របបខ្មែរក្រហមត្រូវបានស្តីបន្ទោសអំពីការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ១,៧លាននាក់ រវាងពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដោយវិធីបង្អត់អាហារ ការបង្ខំឱ្យធ្វើការជាទម្ងន់ ការប្រហារជីវិតដោយ គ្មានការកាត់ទោស និងជំងឺជាដើម៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាឈានឡើងក្នុងការទប់ស្កាត់ការជួញដូរមនុស្ស Posted: 30 Jun 2011 10:25 AM PDT ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា របាយការណ៍វាយតម្លៃអំពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឆ្លុះបញ្ចាំងពីការណ៍ពិតជាក់ស្តែងនិងជាផែនទីបង្ហាញផ្លូវសម្រាប់រដ្ឋាភិបាលរកវិធីដោះស្រាយចំណុចអវិជ្ជមានទាំងឡាយក្នុងការទប់ស្កាត់ អំពើជួញដូរមនុស្សនៅកម្ពុជា។ របាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយនៅថ្ងៃច័ន្ទថា រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តឱ្យបានពេញលេញតាមបទដ្ឋានអប្បបរមាសម្រាប់ការលុបបំបាត់នៃអំពើជួញដូរមនុស្សហើយរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីការរីកចម្រើនក្នុងកិច្ចខំប្រឹងប្រែងអនុវត្តច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងគ្មានការកាត់ទោសជនល្មើសជួញដូរមនុស្សនៅក្នុងអំឡុងឆ្នាំ២០១០និងឆ្នាំ២០១១ ហើយជួនកាលព្រះរាជអាជ្ញាមិនបានចោទប្រកាន់ជនល្មើសជួញដូរមនុស្សទេ។ របាយការណ៍នេះបានលើកឡើងថា ចំនួននៃការកាត់ឱ្យជាប់ទោសពីបទជួញដូរមនុស្សបានធ្លាក់ចុះ ប៉ុន្តែចំនួននៃកម្មករចំណាកស្រុកដែលកំពុងកើនឡើងនៅកម្ពុជា បានទទួលរងការរំលោភបំពានដោយគ្មានការការពារប្រកបដោយដោយប្រសិទ្ធភាពពីនគរបាល ឬក្រសួងការងារ ហើយការទប់ស្កាត់ការជួញដូរនិងការការពារជនរងគ្រោះមិនបានប្រសើរឡើងទេ។ សហរដ្ឋអាមេរិកបានរក្សាចំណាត់ថ្នាក់ទី២សម្រាប់ប្រទេសកម្ពុជា។ របាយការណ៍នេះបានចង្អុលបង្ហាញថាអំពើពុករលួយគ្រប់លំដាប់ថ្នាក់បន្តរារាំងការវិវឌ្ឍទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយរដ្ឋាភិបាលមិនដែលកាត់ទោសក្រុមហ៊ុនជ្រើសរើសពលករណាមួយដែលបានជាប់ពាក់ព័ន្ធនឹងការជួញដូរពលករនិងការជ្រើសរើសដោយមិនសុចរិត។ លោកសំលាង សិលា នាយកនៃអង្គការសកម្មភាពដើម្បីកុមារប្រចាំប្រទេសកម្ពុជា (APLE) បានថ្លែងថារបាយការណ៍នេះបានឆ្លុះបញ្ចាំងនូវស្ថានភាពដែលជាបញ្ហាជាក់ស្តែងមួយចំនួនដែលបានកើតក្នុងករណីជាក់លាក់នៃអំពើជួញដូរមនុស្ស។ «នៅក្នុងរបាយការណ៍នេះ ខ្ញុំយល់ឃើញនូវចំណុចសមស្របជាច្រើន ដូចជាកិច្ចការពារជនរងគ្រោះនៅមានកម្រិតហើយការអនុវត្តនូវវិធានការច្បាប់រឹងមាំជាពិសេសការដាក់ទោសក៏នៅស្រាលដែរ ដែលធ្វើឱ្យជនល្មើសនិងអ្នកផ្សំគំនិតនៅតែអាចប្រព្រឹត្តបទល្មើសនេះបន្តទៀតនៅកម្ពុជា។ របាយការណ៍នេះបានលើកឡើងនូវចំណុចរសើបមួយនិងជាចំណុចសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការជួញដូរមនុស្សនៅកម្ពុជា ជាពិសេសការផ្តន្ទាទោសនិងកិច្ចការពារជនរងគ្រោះនៃអំពើនេះ។ បើសិនការផ្តន្ទាទោស មិនរឹងមាំគ្រប់គ្រាន់ទេអំពើនេះនឹងមិនបញ្ឈប់ទេនៅកម្ពុជា ហើយទីពីរបើសិនជាកិច្ចការពារជនរងគ្រោះនៅទន់ខ្សោយខ្ញុំជឿថាកុមារនៅតែប្រឈមនឹងកត្តាគ្រោះថ្នាក់ដែលត្រូវបានគេជួញដូរឬក៏ធ្វើអាជីវកម្មផ្លូវភេទ»។ លោកសៅ ឈឿត នាយកប្រតិបត្តិនៃអង្គការ AFESIP បានថ្លែងថា លោកពេញចិត្តនឹងរបាយការណ៍នេះដែលមានតម្លាភាពច្រើននិងឆ្លុះបញ្ចាំងពីការណ៍ពិតក្នុងស្ថានភាពជួញដូរមនុស្សនៅកម្ពុជា។ «ខ្ញុំឃើញថា របាយការណ៍នេះគឺឆ្លុះបញ្ចាំងពីការណ៍ពិតច្រើន ពិសេសឥឡូវយើងឃើញថា មានបញ្ហាច្រើនពីរឿងក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីហើយថ្មីៗនេះយើងឃើញមានបញ្ហានេះ ច្រើនណាស់។ សូម្បីតែអង្គការ AFESIP យើងធ្លាប់ទៅចរចាយកក្មេងពីក្រុមហ៊ុនមកចំនួនបីករណី។ ដូច្នេះ របាយការណ៍នេះ ខ្ញុំគិតថា វាជាកញ្ចក់មួយឆ្លុះបញ្ចាំងពីសកម្មភាពជាក់ស្តែង ដែលបង្ហាញពីភាពជោគជ័យរបស់រដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលនានាធ្វើកិច្ចការនេះហើយក៏ឆ្លុះបញ្ចាំងអំពីចំណុចខ្វះខាតដែលទាំងអង្គការមិនមែនរដ្ឋាភិបាលនិងរដ្ឋាភិបាលត្រូវតែព្រួតដៃគ្នាធ្វើសកម្មនេះឱ្យកើនឡើងជាងនេះ»។ លោកចាន់ សូវេត ប្រធានផ្នែកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុកបានថ្លែងថារបាយការណ៍នេះបានបង្ហាញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះអំពើជួញដូរមនុស្សនៅកម្ពុជាហើយវាជាការព្រួយបារម្ភសម្រាប់រដ្ឋាភិបាលកម្ពុជា ដែលមិនទាន់បានបំពេញកាតព្វកិច្ចឱ្យបានគ្រប់គ្រាន់និងត្រួតពិនិត្យលើការដាក់ទោសជនល្មើសជួញដូរមនុស្ស។ លោកចាន់ សូវេត បានបន្តថា របាយការណ៍ជាចំណុចសំខាន់ណាស់ដែលចាប់បង្ខំរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយចំណុចអវិជ្ជមានទាំងឡាយនៅក្នុងរបាយការណ៍នេះ។ រដ្ឋាភិបាលគួរតែពិចារណាឱ្យស៊ីជម្រៅលើការផ្តល់អាជ្ញាប័ណ្ណនិងក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណសម្រាប់ជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស ដើម្បីបញ្ចៀសការជួញដូរមនុស្ស។ «របាយការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពមួយដែលបញ្ជាក់ឱ្យរដ្ឋាភិបាលភ្ញាក់រលឹកគួរតែមានយន្តការច្បាស់លាស់សម្រាប់ត្រួតពិនិត្យទៅលើការនាំពលករយើងចេញ ដើម្បីបញ្ជៀសហានិភ័យច្រើន។ តាមការពិនិត្យមើលលើរបាយការណ៍ វាអាចសម្តែងឱ្យឃើញថា រដ្ឋាភិបាលកម្ពុជាមានចំណុចខ្សោយច្រើនដែលទទូចឱ្យមានការត្រួតពិនិត្យឡើងវិញនិងមានលក្ខណៈពិតប្រាកដច្រើន។ ក្នុងនាមខ្ញុំជាអ្នកស៊ើបអង្កេតសិទ្ធិមនុស្ស ខ្ញុំទទួលស្គាល់ថារបាយការណ៍នេះពិតជាបង្ហាញការណ៍ពិតហើយ។ វាពិតជាកើតមាននៅក្នុងប្រទេសកម្ពុជា។ របាយការណ៍នេះ មិនមែនបន្តុះបង្អាប់ទេ។ របាយការណ៍នេះ គ្រាន់តែចង់សម្តែងឡើងដើម្បីឱ្យមានការចាប់អារម្មណ៍និងចូលរួមចំណែកពីរដ្ឋាភិបាលដើម្បីបង្ការរឿងនេះកុំឱ្យកើតមាននៅក្នុងប្រទេសកម្ពុជាយើងសន្ធឹកសន្ធាប់បែបនេះ»។ លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា លោកគាំទ្រនិងយល់ស្របជាមួយនឹង របាយការណ៍ស្តីពីការជួញដូរមនុស្សនៅកម្ពុជារបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ។ «ខ្ញុំគិតថារបាយការណ៍នេះជាត្រីវិស័យមួយដើម្បីចង្អុលទិសសម្រាប់រដ្ឋាភិបាលយើងក្នុងការរិះរកមធ្យោបាយឬយន្តការដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាយើងនេះ ឱ្យមានកម្រិតកាន់តែ ល្អប្រសើរបន្ថែមទៀត»។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថាលោកអបអរសាទរចំពោះរបាយការណ៍វាយតម្លៃនេះ។ អាជ្ញាធរកម្ពុជាបានខិតខំអស់ពីលទ្ធភាពរបស់ខ្លួនហើយទាំងការអនុវត្តច្បាប់ ទាំងការផ្សព្វផ្សាយ ទាំងការផ្តន្ទាទោស។ «យើងអបអរសាទរការវាយតម្លៃនេះ គឺត្រឹមត្រូវហើយ។ យើងមែនទែនទៅចង់បានចំណាត់ថ្នាក់លេខមួយ ប៉ុន្តែចំណាត់ថ្នាក់លេខមួយមើលទៅនៅឆ្ងាយណាស់។ យើងចង់បានបំផុតចំណាត់ថ្នាក់លេខមួយ។ យើងត្រូវខំប្រឹងតទៅទៀត។ របាយការណ៍នេះជាការរួមចំណែកមួយដើម្បីធ្វើផែនទីបង្ហាញផ្លូវរបស់យើងតទៅទៀត»។ លោកចាន់ សូវេត ប្រធានផ្នែកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថាក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០១១នេះ សមាគមអាដហុកទទួលបានបណ្តឹងជាង៦០ករណីពាក់ព័ន្ធជាមួយនឹងការជួញដូរកម្លាំងពលកម្មនិងការជួញដូរផ្លូវភេទ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |