VOA News: ព័ត៌មាន: “ប៉ុល ពត នៅមានគេគោរព” plus 9 more |
- ប៉ុល ពត នៅមានគេគោរព
- សង្ខេបព័ត៌មានអន្តរជាតិ - ៣០ មិថុនា ២០១១
- មេធាវី៖ បទឧក្រិដ្ឋរបស់មេខ្មែរក្រហមហួសពេលត្រូវយកមកកាត់ទោសហើយ
- ការកាត់ទោសមេខ្មែរក្រហមទាក់ទាញអ្នកតាមដានច្រើន
- អតីតខ្មែរក្រហមថ្នាក់កណ្តាលទទួលយកការកាត់ទោសអតីតមេដឹកនាំដោយស្ងប់ស្ងៀម
- សាច់ញាតិមិនត្រូវគ្នា ដោយសាររបបខ្មែរក្រហម
- ការកាត់ទោសខ្មែរក្រហមដ៏សំខាន់មួយបានចូលថ្ងៃទី២
- សង្ខេបព័ត៌មានអន្តរជាតិ - ២៩ មិថុនា ២០១១
- អាមេរិកពង្រីកបញ្ជីឈ្មោះប្រទេសដែលបំពានច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស
- ការកាត់ទោសខ្មែរក្រហមគឺជាការឆ្កឹះដំបៅ ហើយនឹងដើម្បីព្យាបាល
Posted: 29 Jun 2011 03:30 PM PDT ជាង៣ទសវត្សរ៍មកហើយចាប់តាំងពីខ្មែរក្រហមបានចាប់ផ្តើមបំផ្លិចបំផ្លាញប្រទេសកម្ពុជា សម្លាប់ប្រជាជនប្រហែលជា១ភាគបួនក្នុងការធ្វើនយោបាយកម្មុយនីស្តមហាលោតផ្លោះមហាអស្ចារ្យរបស់គេ។ នៅពេលមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បំផុតចំនួនបួនរូបដែលនៅរស់រានមានជីវិតត្រូវកាត់ទោសនៅទីក្រុងភ្នំពេញនោះ អ្នកទទួលខុសត្រូវខ្ពស់បំផុតគឺប៉ុល ពតនោះ មិនអាចស្គាល់យុត្តិធម៌ទេ។ ប៉ុល ពតបានស្លាប់នៅឆ្នាំ១៩៩៨ បន្ទាប់ពីក្រុមកម្មុយនីស្តជ្រុលនិយមបែកបាក់។ អន្លង់វែងមកជាតំបន់កាន់កាប់ចុងក្រោយរបស់ខ្មែរក្រហម ដែលមានប្រជាជនមួយចំនួននៅតែចាត់ទុក ប៉ុល ពតថាជាអ្នកមានអំណាចគួរឲ្យគោរព។ លោកសេក ណាវុធ លុតជង្គង់នៅមុខផ្នូរធម្មតាមួយដំបូលប្រក់ស័ង្កសី និងព័ទ្ធជុំវិញដោយអំបែងដបដែលដាំក្បាលចូលទៅក្នុងដី។ បុរសអាយុ៣២ឆ្នាំនោះបានអុជធូបសែនចេកនិងលើកដៃសំពះបួងសួង។ លោក សេក ណាវុធ និយាយថា គាត់មកបួងសួងនៅផ្នូរនេះពីរ បីដងក្នុងមួយឆ្នាំ ដើម្បីបន់ស្រន់សុំសេចក្តីស្ងប់ក្នុងចិត្ត និងរកស៊ីមានបាន។ ការគោរពបុព្វបុរសជាប្រពៃណីមួយរបស់ពលរដ្ឋខ្មែរភាគច្រើន។ ក៏ប៉ុន្តែលោកណាវុធមិនត្រឹមតែគោរពបុព្វបុរសទេ តែគាត់កំពុងគោរពមេដឹកនាំខ្មែរក្រហមដ៏ឃោរឃៅគឺប៉ុល ពត។ នៅក្នុងរបបប៉ុល ពត ដែលគាត់ត្រូវស្គាល់ថា «បងធំទីមួយ» ពួកកម្មុនីស្តជ្រុលនិយមបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត២លាននាក់ពេលដែលពួកគេចង់បង្កើត កសិកម្មមហាលោតផ្លោះមហាអស្ចារ្យរបស់គេ។ លោកសេក ណាវុធនិយាយថា គាត់មកបន់ស្រន់នៅទីនេះ ពីព្រោះគាត់គោរពប៉ុល ពត។ គាត់និយាយថា គាត់មិនដឹងថា តើ ប៉ុល ពតបានសម្លាប់មនុស្សឬក៏អត់ទេ។ គាត់និយាយថា ប៉ុល ពតគ្រាន់តែជាមនុស្សចាស់ម្នាក់ ហើយឥឡូវប៉ុល ពតជាបុព្វបុរស ដូចនេះគាត់គ្រាន់តែមកបន់ស្រន់សុំឲ្យគ្រួសារ គាត់មានសេចក្តីសុខប៉ុណ្ណោះ។ ផ្នូររបស់ប៉ុល ពតឋិតនៅក្រោយកន្លែងលក់ដូរតូចមួយរបស់លោកណាវុធ ហើយគាត់និយាយថា គាត់ប្រទះឃើញសាច់ញាតិរបស់ប៉ុល ពត មកគោរពបូជានៅទីនេះ។ លោកណាវុធនិយាយថា ការលក់ដូររបស់គាត់គឺល្អប្រសើរ ហើយទោះជាគាត់មិនប្រាកដថា ដោយសារព្រលឹងរបស់ ប៉ុល ពតក៏ដោយ ក៏គាត់និងមិត្តភក្តិនឹងបន្តបន់ស្រន់គ្រែងលោ វាសក្តិសិទ្ធ។ លោក អ៊ុន រ៉េត ជាប្រធានភូមិស្លែងពណ៌ក្នុងស្រុកអន្លង់វែង និងជាអតីតទាហានខ្មែរក្រហម។ គាត់និយាយថា ប៉ុល ពត គឺជាមនុស្សអស្ចារ្យម្នាក់សម្រាប់អ្វីដែលគាត់បានបំពេញ ប៉ុន្តែប៉ុល ពតមិនបានគិតពីទុក្ខវេទនារបស់ប្រជាពលរដ្ឋ។ គាត់និយាយថា អ្នកដែលទៅគោរពផ្នូរ ប៉ុល ពត គឺជាសាច់ញាតិជិតស្និទ្ធរបស់ប៉ុល ពត ឬក៏អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប៉ុល ពត។ គាត់និយាយថា ពួកគាត់នៅតែជឿជាក់លើនយោបាយរបស់ប៉ុល ពត។ មានអ្នកខ្លះចង់បានធាតុរបស់ប៉ុល ពតដាក់នៅផ្ទះរបស់ពួកគេផង ព្រោះគេគិតថា វានឹងនាំឲ្យពួកគេមានសំណាងល្អ។ ដូចគ្នានឹងអតីតខ្មែរក្រហមភាគច្រើនដែរ លោក អ៊ុន រ៉េត បដិសេធថា គាត់មិនដែលជាប់ពាក់ព័ន្ធនឹងអំពើឃោរឃៅផ្សេងៗទេ។ ប៉ុន្តែមិត្តភក្តិរបស់គាត់ ដែលបានស្លាប់បាត់បង់ជីវិតអស់ហើយនោះ បានប្រាប់គាត់ថា ពួកគេបានធ្វើទារុណកម្មឬសម្លាប់មនុស្ស។ ផ្ទះរបស់មេទ័ពខ្មែរក្រហមគឺតាម៉ុកឋិតនៅជិតបឹងមួយដែលមានផ្កាច្រើនគួរឲ្យគយគន់។ ម្តងម្កាល មានទូកអ៊ុំក្នុងបឹងនេះ ហើយគោជាច្រើនកំពុងស៊ីស្មៅនៅជិតផ្ទះធ្វើអំពីស៊ីម៉ង់និងឈើដែលក្លាយជាទីតាំងទេសចរណ៍មួយ។ ប៉ុល ពត និងមេដឹកនាំជាន់ខ្ពស់ដែលបច្ចុប្បន្នកំពុងត្រូវកាត់ទោស បានប្រជុំចុងក្រោយនៅទីនេះ នៅពាក់កណ្តាលទសវត្សរ៍១៩៩០ មុនពេលខ្មែរក្រហមបែកបាក់ និងរលំរលាយ។ លោក សៀង សុខេង ប្រធានការិយាល័យទេសចរណ៍និងជាអតីតខ្មែរក្រហមបានពន្យល់នូវអ្វីដែលបានកើតឡើង។ លោកនិយាយថា ក្រុមទាំងពីរ មួយក្រុមស្មោះត្រង់នឹងប៉ុល ពត ហើយ មួយក្រុមទៀតស្មោះត្រង់នឹងតាម៉ុក បានព្យាយាមគ្រប់គ្រងទាហានខ្មែរក្រហម។ លោកនិយាយថា ដំបូងប៉ុល ពតមានអំណាចខ្លាំងជាងគេ ក៏ប៉ុន្តែក្រោយមក តាម៉ុក បានអំណាចគ្រប់គ្រងទាហាន ដូចនេះគាត់ក្លាយជាអ្នកដែលមានអំណាចធំជាងគេវិញ។ តាម៉ុកបានចាប់យកប៉ុល ពតមកឃុំ និងកាត់ទោសដោយគ្រាន់តែបង្គ្រប់កិច្ច។ ក៏ប៉ុន្តែមេដឹកនាំអស់អំណាចនេះបានស្លាប់ក្នុងការឃុំឃាំង មុនពេលប្រឈមមុខនឹងការកាត់ទោសដ៏ពិតប្រាកដ។ មួយឆ្នាំបន្ទាប់មក តាម៉ុកបានត្រូវគេចាប់ខ្លួន ហើយបានស្លាប់មុនពេលសវនាការចាប់ផ្តើម។ មេដឹកនាំនយោបាយជាន់ខ្ពស់បួននាក់ដែលនៅរស់នេះត្រូវបានចាប់ខ្លួននៅឆ្នាំ២០០៧ និងពួកគេកំពុងប្រឈមមុខការចោទប្រកាន់ពីបទធ្វើទារុណកម្មរហូតដល់អំពើប្រល័យពូជសាសន៍ នៅតុលាការគាំទ្រដោយអង្គការសហប្រជាជាតិនាទីក្រុងភ្នំពេញ។ ក៏ប៉ុន្តែពួកគេមានអាយុពី៧៩ ដល់៨៥ឆ្នាំ ហើយអ្នកសង្កេតការណ៍ជាច្រើនព្រួយបារម្ភថា ពួកគេប្រហែលជាមិនអាចរស់នៅរហូតដល់ការប្រកាសសាលក្រមទាក់ទងនឹងតួនាទីរបស់គេក្នុងបដិវត្តដ៏បង្ហូរឈាមរបស់ប៉ុល ពតនោះទេ៕ ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស This posting includes an audio/video/photo media file: Download Now |
សង្ខេបព័ត៌មានអន្តរជាតិ - ៣០ មិថុនា ២០១១ Posted: 29 Jun 2011 03:16 PM PDT សហរដ្ឋអាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានវែកញែកអំពីសេដ្ឋកិច្ចប្រទេសលីប៊ីនិងប្រទេសអាហ្វហ្កានិស្ថាននៅក្នុងសន្និសីទទូលំទូលាយនៅឯសេតវិមានកាលពីថ្ងៃពុធ។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងថាស.រ.អ.នឹងបន្ដដាក់គំនាបមកលើក្រុមអាលកៃដា ទោះបីជាកងកម្លាំងអាមេរិកាំងបានត្រូវដកថយចេញពីប្រទេសអាហ្វហ្គានិស្ថានក៏ដោយ។ ក្រិក៖ សភារបស់ប្រទេសក្រិកបានយល់ព្រមមកលើវិធានការរឹតត្បៀតថវិកាដែលជាជំហានដំបូង ក្នុងគោលបំណងនឹងទទួលយកជំនួយថវិកាពីអន្ដរជាតិ ដើម្បីដោះស្រាយបញ្ហាបំណុលរបស់ប្រទេសនោះ។ អាហ្វហ្កានីស្ថាន៖ ប្រធានាធិបតីនៃប្រទេសអាហ្វហ្គានីស្ថាន ហាមិឌ កាសៃ ថ្លែងថាការវាយប្រហារមួយ ដូចធ្វើមកលើសណ្ឋាគារប្រណិតក្នុងទីក្រុង កាប៊ូលដែលបានសម្លាប់ជនស៊ីវិលនិងប៉ូលិស១១នាក់មិនធ្វើឲ្យរាថយដល់ការផ្ទេរសន្ដិសុខទៅឲ្យប្រទេសរបស់លោកទេ។ អេហ្ស៊ីប៖ ក្រសួងសុខាភិបាលរបស់ប្រទេសអេហ្ស៊ីបឲ្យដឹងថាការប្រឈមមុខដ៏ឃោរឃៅរវាងក្រុមប៉ូលីសនិងបាតុករ នៅចំកណ្ដាលទីក្រុងឡឺគែរបានធ្វើឲ្យរបួសដល់មនុស្សជាងមួយពាន់នាក់ដែលជាព្រឹត្ដិការណ៍ច្រើនសប្ដាហ៍នៃការបះបោរដ៏ធំនៅក្នុងរដ្ឋធានីរបស់ប្រទេសអេហ្ស៊ីប។ ស៊ីរី៖ សកម្មជនស៊ីរីថ្លែងថាទាហានរដ្ឋាភិបាលបានវាយប្រហារមកលើភូមិជាច្រើនកន្លែងនៅក្នុងតំបន់ឦសានប្រទេសដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច៤នាក់ ដែលជាផ្នែកមួយនៃការវាយបង្រ្កាបប្រើពេលមួយខែមកលើក្រុមបាតុករនិយមលទ្ធិប្រជាធិបតេយ្យ។ យេមែន៖ មន្ដ្រីយោធានៅក្នុងប្រទេសយេមែនថ្លែងថា យ៉ាងតិចមានទាហាន២៦នាក់បានស្លាប់ក្នុងការប្រយុទ្ធជាមួយជនសកម្មប្រយុទ្ធនៅតំបន់ភាគខាងត្បូងទីក្រុង Zanjibar។ បារ៉ែន៖ ព្រះមហាក្សត្ររបស់ប្រទេសបារ៉ែន បានប្រកាសកាលពីថ្ងៃពុធនេះថា នឹងបង្កើតគណកម្មការឯករាជ្យមួយដើម្បធ្វើការស៊ើបអង្កេតមកលើលទ្ធភាពនៃបទរំលោភលើសិទ្ធិមនុស្ស ក្នុងពេលមានបាតុកម្មប្រឆំាងរដ្ឋាភិបាល។ អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad ព្រមានអាជ្ញាធរអំពីការចាប់ខ្លួនសមាជិករបស់រដ្ឋាភិបាល តាមបទអំពើពុករលួយ។ កូរ៉េខាងត្បូង៖ យោធារបស់កូរ៉េខាងត្បូងនិយាយថាខ្លួនបានរៀបចំបង្កើតសាលាសង្រ្គាមកុំព្យូទ័រ ក្រោយពីមានការវាយប្រហារតាមបណ្ដាញអ៊ីនធឺណិត សង្ស័យមកពីប្រទេសកូរ៉េខាងជើង។ ស៊ីរី៖ ពួកសកម្មជនស៊ីរីនិយាយថារថក្រោះរបស់រដ្ឋាភិបាលបានបើកចូលខេត្ត Idlib ភាគខាងជើង ដែលជាចំណាត់ការថ្មីៗបំផុតនៅក្នុងការបង្ក្រាបអំពើហិង្សាដែលកំពុងធ្វើឡើងប្រឆាំងពួកបាតុករដែលកំពុងអំពាវនាវឲ្យបញ្ចប់ដល់ការគ្រប់គ្រងរយៈពេល១១ឆ្នាំរបស់ប្រធានាធិបតីស៊ីរី។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានកំណត់ពេលជួបជាមួយមេដឹកនាំព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យនៅថ្ងៃពុធនេះដើម្បីពិភាក្សាការចរចាដែលជាប់គាំងថាតើបង្កើនការកម្រិតបំណុលរបស់ប្រទេសជាតិហើយនឹងបញ្ចៀសមហន្តរាយនៃការខកខានមិនបានសងបំណុលនោះយ៉ាងដូចម្តេច។ សហប្រជាជាតិ៖ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ប្រាប់ឲ្យដឹងថាប្រទេសជាតិអាស៊ីនានា ត្រូវតែធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងនៃអាកាសធាតុដែលបានគំរាមកំហែងការរើបឡើងវិញនូវសេដ្ឋកិច្ចក្នុងតំបន់។ អ៊ីរ៉ង់៖ លោក William Hague រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស មានប្រសាសន៍ថាប្រទេសអ៊ីរ៉ង់ បានធ្វើតេស្តកាំជ្រួចផ្លោងមីស៊ីលដែលមានលទ្ធភាពផ្ទុកនុយគ្លេអ៊ែរនៅក្នុងការរំលោភសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ ហ្វ៊ីលីពីន៖ អាជ្ញាធរហ្វីលីពីននិយាយថាទឹកជំនន់ភ្លាមនៅលើកោះមីដាណាវខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២៥នាក់ដែរភាគច្រើននៃអ្នកស្លាប់ទាំងនោះជាកូនក្មេង បានត្រូវទឹកនាំយកទៅជាមួយនៅពេលពួកគេស្ថិតនៅក្នុងផ្ទះនៅពេលយប់។ យេមែន៖ មន្រ្តីសុខាភិបាលនៅក្នុងប្រទេសយេមែន និយាយថាការវាយប្រហារតាមអាកាសរបស់យោធាលើរថយន្តមួយគ្រឿងនៅក្នុងខេត្ត Abyan ខាងត្បូងដែលមានការរំជើបរំជួលបានសម្លាប់ជនស៊ីវិល៤នាក់និង១២នាក់ទៀតបានរងរបួស។ This posting includes an audio/video/photo media file: Download Now |
មេធាវី៖ បទឧក្រិដ្ឋរបស់មេខ្មែរក្រហមហួសពេលត្រូវយកមកកាត់ទោសហើយ Posted: 29 Jun 2011 02:19 PM PDT ក្រុមមេធាវីការពារក្ដីឲ្យ អៀង សារី ខៀវ សំផន និង អៀង ធីរិទ្ធ បានទាមទាររៀងៗខ្លួនឲ្យអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមទទួលស្គាល់ថា អាជ្ញាយុកាលនៃបទឧក្រិដ្ឋដែលទាក់ទងនឹងកូនក្ដីរបស់ផងខ្លួនត្រូវផុតរលត់រួចទៅហើយ។ សេចក្ដីទាមទារនេះធ្វើឡើងនៅសវនាការបឋមនៅថ្ងៃទីបី ទៅលើអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់នៅក្នុងសំណុំរឿង០០២ នៅថ្ងៃពុធនេះ ដែលគេមើលឃើញថា គឺជាយុទ្ធសាស្ដ្ររបស់ក្រុមមេធាវីការពារជនជាប់ចោទដើម្បីស្វែងរកការដោះលែងកូនក្ដីរបស់ផងខ្លួន។ លោក ផាត់ ពៅស៊ាង សហមេធាវីកម្ពុជារបស់លោកស្រីអៀង ធីរិទ្ធ បានលើកឡើងថា តាមក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ អាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋមានត្រឹមតែរយៈពេលដប់ឆ្នាំតែប៉ុណ្ណោះ។ «នៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ កំណត់ថាអាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋគឺមានរយៈពេលដប់ឆ្នាំដូច្នេះរាប់ពីថ្ងៃប្រព្រឹត្តគឺឆ្នាំ១៩៧៩ ត្រូវចប់អាជ្ញាយុកាលនៅឆ្នាំ១៩៨៩»។ សហមេធាវីរបស់អៀង សារី និងសហមេធាវីរបស់ខៀវ សំផន សុទ្ធតែបានលើកឡើងនូវទឡ្ហីករណ៍ដូចគ្នានេះដែរ។ លើកលែងតែសហមេធាវីរបស់នួន ជា តែប៉ុណ្ណោះដែលសុំមិនបញ្ចេញទស្សនៈទៅលើបញ្ហានេះ។ លោក ស សាវ៉ាន សហមេធាវីរបស់ខៀវ សំផន មានប្រសាសន៍ថា នៅក្នុងរយៈពេលដប់ឆ្នាំ ក្រោយពីបទល្មើសកើតឡើងប្រសិនបើមិនមានបណ្ដឹងណាមួយនោះទេ ការចាត់ការទៅលើបទឧក្រិដ្ឋនេះនឹងត្រូវរលត់ជាស្វ័យប្រវត្តិ។ នេះបើផ្អែកតាមក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។ ក៏ប៉ុន្ដែសហព្រះរាជអាជ្ញារងទាំងពីរគឺលោក សេង ប៊ុនឃាង និងលោកវ៉ាំងសង់ ដឺ វីល (Vincent de Wilde) បានជំទាស់ទៅនឹងការទាមទាររបស់ក្រុមមេធាវីការពារក្ដី។ លោកសេង ប៊ុនឃាងលើកឡើងថា អាជ្ញាយុកាលរបស់បទល្មើសនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យអាចពន្យារពេលបានដោយសារតែរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបំផ្លាញអស់នូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុក ហើយក្រោយពីរបបនេះបានដួលរលំទៅសង្រ្គាមស៊ីវិលនៅតែបន្ដទៅទៀត ដែលមិនអាចអនុញ្ញាតឲ្យមានចំណាត់ការផ្លូវច្បាប់ធ្វើបានភ្លាមៗនោះទេ។ «តំណាងអយ្យកាសន្និដ្ឋានថា អាជ្ញាយុកាលតាមច្បាប់ជាតិនេះ មិនទាន់ផុតរលត់នៅឡើយទេនៅពេលដែលមានការពន្យានៅក្នុងច្បាប់ស្ដីពីការបង្កើតអ.វ.ត.ក (សាលាក្ដីខ្មែរក្រហម)»។ របបកម្ពុជាប្រជាធិបតេយ្យបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់យ៉ាងតិច១,៧លាននាក់ ដោយសារការសម្លាប់ ការបង្អត់អាហារ និងការធ្វើការដោយបង្ខំ។ មេដឹកនាំកំពូលនៃរបបនេះដែលនៅរស់រានមានជីវិត គឺនួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ កំពុងតែស្ថិតក្នុងដំណាក់កាលជំនុំជម្រះទោស។ ពួកគេត្រូវចោទប្រកាន់អំពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍៕ This posting includes an audio/video/photo media file: Download Now |
ការកាត់ទោសមេខ្មែរក្រហមទាក់ទាញអ្នកតាមដានច្រើន Posted: 29 Jun 2011 11:42 AM PDT ប្រជាពលរដ្ឋខ្មែរដែលបានតាមដានមើលដំណើរការសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួនបួននាក់តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធនេះ បានសម្តែងអារម្មណ៍សប្បាយរីករាយចំពោះការមើលឃើញអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បួននាក់ឈរនៅចំពោះមុខសាលាក្តីខ្មែរក្រហមដែលត្រូវប្រឈមនឹងបទចោទប្រកាន់ប្រល័យពូជសាសន៍សម្រាប់មរណភាពប្រជាពលរដ្ឋខ្មែរប្រមាណ១,៧លាននាក់ក្នុងអំឡុងចុងទសវត្សរ៍១៩៧០។ សាលាក្តីខ្មែរក្រហមបានបើកសវនាការសំណុំរឿងលេខ០០២ អំពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹង នួន ជា អតីតប្រធានរដ្ឋសភា ខៀវ សំផន អតីតប្រធានរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៅក្នុងរបបវាលពិឃាត។ លោក យុទ្ធ ថងឌី អាយុ៤៣ឆ្នាំនៅខេត្តបន្ទាយមានជ័យដែលមានសាច់ញាតិចំនួន៥នាក់ស្លាប់ក្នុងរបបខ្មែរក្រហម បានតាមដានមើលសវនាការតាមកញ្ចក់ទូរទស្សន៍បានថ្លែងថាលោកមានការសប្បាយចិត្តចំពោះការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បួននាក់នេះដែលទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ ប៉ុន្តែបើតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់តែបួននាក់នេះ វាហាក់ដូចជាអត់មានភាពយុត្តិធម៌សម្រាប់ជនត្រូវចោទនិងជនរងគ្រោះ។ «ចំពោះសំណុំរឿងលេខ០០២នេះ ខ្ញុំយល់ឃើញថាគេ (សាលាក្តីខ្មែរក្រហម) បានយកអ្នកទាំងបួននាក់មកកាត់ទោសហ្នឹង ជាដំណើរការមួយល្អហើយ។ ខ្ញុំគ្រាន់តែយល់ថាបើដំណើរការកាត់ទោសតែបួននាក់ហ្នឹង វាអត់មានភាពយុត្តិធម៌ទេ ពីព្រោះវាអត់បានដល់ទីបញ្ចប់ ពីព្រោះសំណុំរឿងផ្សេងៗទៀតស្ថិតនៅក្នុងភាពអាថ៌កំបាំង។ ចំពោះការកាត់ទោសបួននាក់នេះ ខ្ញុំគិតថាដំណើរការកាត់ទោសនេះមានដំណើរការល្អ ដោយសារវាបានបង្ហាញភាពយុត្តិធម៌ជូនប្រជាពលរដ្ឋដោយសារសាលាក្តីខ្មែរក្រហមបាននាំអ្នកទាំងបួននាក់មកបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ឬ វិទ្យុឱ្យប្រជាពលរដ្ឋស្តាប់ ហើយបានឃើញទាំងរូបភាពទៀតផង»។ លោក ឡៅ ឡៃហេង អាយុ៥៣ឆ្នាំមកពីខេត្តឧត្តរមានជ័យដែលមានសាច់ញាតិស្លាប់ចំនួន១៣នាក់ស្លាប់ក្នុងរបបខ្មែរក្រហមបាននិយាយថាសវនាការកាត់ទោសអតីតមេដឹកនាំក្រហមជាន់ខ្ពស់បួននាក់នេះគឺជារឿងល្អនិងត្រឹមត្រូវសម្រាប់នាំយកយុត្តិធម៌មកជូនជនរងគ្រោះខ្មែរដែលត្រូវបានសម្លាប់កាលពីចុងទសវត្សរ៍១៩៧០។ «ចំពោះអារម្មណ៍របស់ខ្ញុំត្រេកអរចំពោះការបានឃើញការកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរ ហើយសង្ឃឹមថានឹងទទួលបាននូវភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋយើង។ ខ្ញុំមើលឃើញការកាត់ទោសនេះជាប្រវត្តិសាស្ត្រ ហើយក៏ជាគំរូសម្រាប់ជំនាន់ក្រោយៗទៀតកុំឱ្យដូចពួកខ្មែរក្រហមទៀត កុំឱ្យទៅជារបបផ្តាច់ការ»។ លោក វង់ វណ្ណៈ អាយុ៥១ឆ្នាំ នៅខេត្តកោះកុងដែលសាច់ញាតិស្លាប់ចំនួនប្រាំមួយនាក់ក្នុងរបបខ្មែរក្រហម បានថ្លែងថាការកាត់ទោសនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលទទួលរងគ្រោះនៃរបបខ្មែរក្រហមនេះ ហើយការកាត់ទោសនេះដើម្បីបញ្ជាក់អំពីការដោះស្រាយបញ្ហានិទណ្ឌភាពនៅក្នុងសង្គមកម្ពុជា។ «ករណីកាត់ទោសសំណុំរឿងលេខ០០២នេះខ្ញុំយល់ថាវាជារឿងល្អណាស់ដែលយើងអាចនាំយកថ្នាក់ដឹកនាំកំពូលរបស់ខ្មែរក្រហមចូលទៅកាន់តុលាការដែលសម័យទំនើប សម័យជឿនលឿន គេប្រើច្បាប់តុលាការ ដើម្បីកំណត់ទោសរបស់ថ្នាក់ដឹកនាំខ្មែរក្រហម។ ខ្ញុំគិតថាសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បួននាក់នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ តាមការតាមដានការកាត់ទោស ខ្ញុំដឹងថាវាអាចមានសំណុំរឿងលេខ០០៣និងលេខ០០៤»។ អ្នកតាមដានសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងបួននាក់នេះចង់ឱ្យមានការបើកសវនាការករណីសំណុំរឿងលេខ០០៣ និងលេខ ០០៤ ដែលមានមេដឹកនាំដៃដល់ក្នុងការសម្លាប់នៅតាមតំបន់៕ This posting includes an audio/video/photo media file: Download Now |
អតីតខ្មែរក្រហមថ្នាក់កណ្តាលទទួលយកការកាត់ទោសអតីតមេដឹកនាំដោយស្ងប់ស្ងៀម Posted: 29 Jun 2011 11:26 AM PDT ក្រុមអតីតកម្មាភិបាលនិងយោធាខ្មែរក្រហមបញ្ចេញប្រតិកម្មប្រយ័ត្នប្រយែងចំពោះការចាប់ផ្តើមជំនុំជម្រះទោសមេដឹកនាំខ្មែរក្រហមចំនួន៤នាក់ក្នុងសំណុំរឿងលេខ០០២ ដោយអះអាងថាការជំនុំជម្រះទោសនេះជារឿងអនុវត្តច្បាប់។ សវនាការជំនុំជម្រះទោសជាបឋមចំពោះក្រុមមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមមាន នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធបានឈានដល់ថ្ងៃ ទី៣ហើយមកដល់ថ្ងៃពុធនេះ។ តែការលើកលែងទោស ការសន្យារបស់រដ្ឋាភិបាលជាង១០ឆ្នាំថាមិនយកទោសពៃរ៍ដល់អ្នកដែលចុះចូលពេលសមាហរណកម្មនោះ ត្រូវគេគិតថាហាក់ដូចជាអស់សុពលភាពសម្រាប់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមួយចំនួនដែរ។ ទោះជាយ៉ាងណាក៏ដោយក្រុមមន្ត្រីកម្មាភិបាលខ្មែរក្រហមមួយចំនួន បានថ្លែងថា ការកាត់ទោសនេះជាតម្រូវការផ្នែកច្បាប់និងជាកិច្ចការរបស់រដ្ឋាភិបាល។ លោកឧត្តមសេនីយ៍ទោ សុខ ភាពជាអនុប្រធាននៃគណៈកម្មាធិការព្រំដែនចម្រុះនៃក្រសួងការពារជាតិបន្ទាប់ពីបានធ្វើសមាហរណកម្មនៅឆ្នាំ១៩៩៦។ លោកធ្លាប់ជាមេបញ្ជាការកងទ័ពខ្មែរក្រហមប្រចាំតំបន់ភ្នំម៉ាឡៃ។ លោកបានថ្លែងថា លោកបានតាមដានមើលដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមប៉ុន្មានថ្ងៃនេះដែរ។ លោក សុខ ភាព បានអះអាងថាលោកពុំមានអ្វីជាការភ្ញាក់ផ្អើលនោះទេ ព្រោះរឿងនេះជារឿងរដ្ឋាភិបាល។ ហើយរឿងរកយុត្តិធម៌បានឬមិនបានយ៉ាងណាគឺអាស្រ័យលើតុលាការ ដែលកំពុងធ្វើកិច្ចការ។ «ប្រទេសជាតិតម្រូវធ្វើតាមច្បាប់អញ្ចឹងហើយ គឺធ្វើតាមហ្នឹងទៅ។ រឿងសន្យារឿងអី ជារឿងផ្សេងទៀត ប៉ុន្តែរឿងប្រជាជនគេប្តឹងអញ្ចឹងធ្វើម៉េច?» លោក យឹម ផាន់ណា អភិបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហើយជាមេបញ្ជាការទ័ពផ្តាច់ខ្លួនចុងក្រោយនៅតំបន់អន្លង់វែងបានថ្លែងថាលោកបាន តាមដានមើលពីដំណើរការកាត់ទោសខ្មែរក្រហមដែរ តែលោកបញ្ជាក់ថា ការកាត់ទោសនេះមិនធ្វើឲ្យមានការភ្នាក់ផ្អើលពីពលរដ្ឋជាអតីតកងទ័ពខ្មែរក្រហមទេ។ «ចំពោះខ្ញុំគិតថាអានេះវាជារឿងធម្មតាទេដែលថ្នាក់កំពូលគាត់ត្រូវតែហ៊ានទទួលនូវអ្វីដែលកើតឡើងក្នុងរបបដែលដឹកនាំដោយគាត់ អញ្ចឹងគឺថាវាត្រូវតែហ៊ាន ប្រឈមមុខនឹងច្បាប់ហើយមិនត្រូវតូចចិត្តទេ»។ លោកថ្លែងថាពលរដ្ឋដែលជាបងប្អូនអតីតខ្មែរក្រហមផ្តាច់ខ្លួនមិនមានការភ្ញាក់ផ្អើលទៅនឹងការកាត់ទោសទេដោយសារពួកគាត់បានចូលរួមជាមួយរដ្ឋាភិបាល ជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយទៅហើយនោះ។ លោកអះអាងថាពលរដ្ឋគិតតែ ពីបញ្ហាជីវភាពរបស់ពួកគេហើយម្យ៉ាងគឺបានយល់ច្បាស់ថានេះជាដំណើរការ តម្រូវដោយច្បាប់ដែលថា ត្រូវនាំខ្លួនមេដឹកនាំជាន់ខ្ពស់ប៉ុន្មាននាក់យកទៅកាត់ ទោស។ ក្រុមអតីតកម្មាភិបាលខ្មែរក្រហមនិងប្រជាជនរាប់ម៉ឺននាក់នៅតំបន់នានាដូចជា ភាគពាយព្យប្រទេស ភាគខាងជើង និងតំបន់ផ្សេងៗទៀតបានធ្វើសមាហរណ កម្មជាមួយរដ្ឋាភិបាលជាង១០ឆ្នាំហើយដើម្បីបញ្ចប់សង្រ្គាមស៊ីវិលជាច្រើនទសវត្សរ៍។ ជាថ្នូរនឹងសន្តិភាពរដ្ឋាភិបាលបានសន្យាថាមិនយកទោសពៃរ៍ដល់ ក្រុមខ្មែរក្រហមដែលបានចុះចូលជាមួយរដ្ឋាភិបាលទេ។ ក្រៅពីការអំពាវនាវមិនឲ្យសាលាក្តីខ្មែក្រហមបន្ថែមការចោទប្រកាន់ទោសលើ កម្មាភិបាលខ្មែរក្រហមបន្ថែមទៀតទេ ដោយចាត់ទុកថាជាកិច្ចការដែលនាំឲ្យ មានការស្មុគស្មាញច្រើនសម្រាប់ប្រទេសកម្ពុជាដែលទើបទទួលបានសន្តិភាព។ កម្មាភិបាលខ្មែរក្រហមម្នាក់ ដែលធ្លាប់ធ្វើការក្រោមបង្គាប់មេដឹកនាំខ្មែរក្រហម ទាំងបួនរូបបានថ្លែងប្រាប់វីអូអេក្នុងលក្ខខណ្ឌពុំឲ្យប្រាប់ឈ្មោះថា៖ ការជំនុំជម្រះទោសឲ្យបានឆាប់ជារឿងចាំបាច់។ ការថ្លែងយ៉ាងដូច្នេះដោយយោងថាការណ៍ពិតខ្លះៗអាចនឹងរកឃើញមុនពេលដែល មេដឹកនាំ ចំណាស់ៗអាយុ ជិត៨០ និងជាង៨០ឆ្នាំនោះ អាចស្លាប់បាត់បង់ជីវិត។ លោក ហ៊ុយ វណ្ណៈ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថាឆ្លងតាមរយៈ ការជំនុំជម្រះទោសនេះ សាលាក្តីរំពឹងថានឹងផ្តល់ការណ៍ពិតនៃអំពើឃាតកម្ម ដែលកើតឡើងក្នុងរបបខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយធ្វើឲ្យ ពលរដ្ឋខ្មែរស្លូតត្រង់ជិត២លាននាក់ស្លាប់បាត់បង់ជីវិត។ «តាមរយៈតុលាការនេះអាចធ្វើឲ្យមនុស្សស្វែងយល់ពីអ្វីដែលជាអំពើដែល បានកើតឡើងពីអតីតកាល ហើយក៏ជាដំណើរការមួយស្វែងរកសន្តិភាពនិង ការផ្សះផ្សាជាតិនៅកម្ពុជា»។ សាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.បបានចោទប្រកាន់មេដឹកនាំទាំង៤រូបពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋមួយចំនួនទៀត។ មេដឹកនាំទាំងនោះមាន នួន ជាបងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្ត្រីការបរទេស និង អៀង ធីរិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ច៕ This posting includes an audio/video/photo media file: Download Now |
សាច់ញាតិមិនត្រូវគ្នា ដោយសាររបបខ្មែរក្រហម Posted: 29 Jun 2011 10:35 AM PDT បីទសវត្សរ៍តាំងពីខ្មែរក្រហមបំផ្លិច បំផ្លាញប្រទេសកម្ពុជា ដោយបានសម្លាប់មនុស្សដល់ទៅ១ភាគ៤ក្នុងការបង្កើតរបបកុម្មុយនិស្តមហាលោកផ្លោះមហាស្ចារ្យនោះ ប្រជាពលរដ្ឋកម្ពុជានៅតែឈឺចាប់នៅឡើយ។ នៅពេលមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បំផុតបួននាក់ដែលនៅរស់ត្រូវកាត់ទោសនៅភ្នំពេញនោះ កម្មាភិបាលខ្មែរក្រហមថ្នាក់ទាបរាប់ពាន់នាក់ទៀតដែលទទួលខុសត្រូវអំពើកំណាចនេះ នឹងមិនត្រូវកាត់ទោសទេ។ ភូមិក្រាំងលាវជាសហគមន៍ខ្មែរដាច់ស្រយាល មិនឆ្ងាយពីភ្នំពេញទេ។ អ្នកភូមិជាមិត្តភក្តិ សាច់ញាតិ និងជាអ្នកជិតខាងនឹងគ្នា។ តែអំឡុងរបបខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០ អ្នកភូមិមានការភ័យខ្លាច ព្រោះមានការចោទប្រកាន់ថា គេជាជនប្រឆាំងបដិវត្តន៍ ហើយត្រូវបាត់ខ្លួន។ <!--AV--> លោកសោម ឆោម អាយុ៧១ឆ្នាំនិយាយថា គាត់ត្រូវបង្ខំឲ្យចូលរួមចលនាខ្មែរក្រហម តែដូចកម្មាភិបាលផ្សេងទៀតដែរ លោកអះអាងថា លោកមិនមានឋានៈ ហើយមិនដែលប្រព្រឹត្តអំពើឃោរឃៅទេ។ កិច្ចការរបស់លោកគឺឃ្វាលគោ។ «ខ្ញុំគិតថា យើងត្រូវទុកអតីតកាលមួយកន្លែង។ យើងត្រូវគិតពីរដ្ឋាភិបាលបច្ចុប្បន្ន បំភ្លេចអតីតកាលជូរចត់។ យើងត្រូវខំកសាងសង្គមជាតិ»។ តែចំពោះអ្នកស្រីប៉ុល យ៉ុម នៅម្ខាងផ្លូវនិយាយថា លោកសោម ឆោមត្រូវជាអ្នកទទួលខុសត្រូវ ហើយថា រឿងអតីតកាលនេះពីបាកបំភ្លេចណាស់។ អ្នកស្រីនិយាយថា ខ្មែរក្រហមបានសម្លាប់សាច់ញាតិរបស់គាត់ច្រើនណាស់ រាប់មិនអស់ទេ។ អ្នកស្រីនិយាយថា លោកសោម ឆោមត្រូវជាអ្នកទទួលខុសត្រូវ។ គាត់ថា លោកសោម ឆោមមិនដែលឃ្វាលគោទេ។ គាត់ជាប្រធានសហករណ៍ ដែលជាកម្មាភិបាលថ្នាក់ទាប។ គាត់ក៏ជាបងប្អូនជីដូនមួយរបស់អ្នកស្រីដែរ។ «គាត់រស់នៅជាមួយឳពុកម្តាយខ្ញុំបីបួនឆ្នាំ ពេលរៀននៅបឋមសិក្សា។ ប៉ុន្តែ ខ្ញុំមិនយល់ទេថា ហេតុអ្វីគាត់ធ្វើអំពើអាក្រក់។ គាត់ជាអ្នកចេះដឹង។ ខ្ញុំនៅតែមិនយល់»។ អ្នកស្រីនិយាយថា អ្នកស្រីនិយាយជាមួយគាត់ តែមិនដែលប្រឈមមុខនឹងគាត់ទេ ពីព្រោះសព្វថ្ងៃ អ្នកស្រីនៅតែខ្លាចបងប្អូនជីដូនមួយរបស់អ្នកស្រី។ អ្នកស្រីមិនចង់ឲ្យគេកាត់ទោសគាត់ដូចមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បួននាក់នៅភ្នំពេញទេ ប៉ុន្តែអ្នកស្រីនិយាយថា ដើម្បីឲ្យអ្នកស្រីយល់ និងធូរចិត្ត លោកសោម ឆោមត្រូវបកស្រាយ និងបញ្ជាក់ការណ៍ពិត។ អ្នកស្រីប៉ុល សារ៉ាត់ ជាអ្នកជិតខាងបញ្ជាក់ថា សោម ឆោមនិយាយកុហក់ ហើយតាមពិតគាត់ជាប្រធានសហករណ៍។ ដូចប៉ុល យ៉ុមដែរ ប៉ុល សារ៉ាត់ជាបងប្អូនជីដូនមួយរបស់សោម ឆោម។ ទោះជាយ៉ាងណាក្តី អ្នកស្រីមិននិយាយជាមួយគាត់ទេ ហើយថា គាត់គួរឡើងតុលាការកាត់ទោស។ «គាត់គួរមានទោសតាមច្បាប់»។ លោកសោម ឆោមប្រកែកថា គាត់គ្មានកំហុសទេ ហើយថា ខ្មែរក្រហមដែលធ្វើទារុណកម្ម និងបានសម្លាប់សមាជិកគ្រួសារលោកនោះ បានបង្ខំឲ្យលោកធ្វើជាអ្នកដឹកនាំ តែលោកបានបដិសេធ។ «ពេលខ្មែរក្រហមចូល គេចោទថា ខ្ញុំជាមន្រ្តីរដ្ឋាភិបាលក្នុងរបបចាស់ ឬភ្នាក់ងារសម្ងាត់ធ្វើការឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA។ ប៉ុន្តែក្រោយពីខ្មែរក្រហមដួលរលំ គេចោទថា ខ្ញុំជាខ្មែរក្រហម ពីព្រោះខ្ញុំមានផ្ទះធំដូច្នេះ ដូចអ្នកឃើញហើយ។ ដូច្នេះឥឡូវគេចោទថា ខ្ញុំឃុបឃិតជាមួយខ្មែរក្រហម»។ លោកសោម ឆោមនិយាយថា លោករួចជីវិតពីខ្មែរក្រហម ដោយធ្វើឲ្យខ្មែរក្រហមយល់ថា ទុកគាត់ចំណេញជាងសម្លាប់គាត់ចោល។ អ្នកស្រីប៉ុល យ៉ុមនិយាយថា ជូនកាលអ្នកស្រីដេរខោអាវ ពេលអ្នកស្រីនឹងឃើញរឿងក្រៀមក្រំក្នុងអតីតកាល និងរឿងបងប្អូនជីដូនមួយរបស់អ្នកស្រី។ ថ្វីបើគេរស់នៅក្នុងភូមិជាមួយគ្នា ផ្ទះក្បែរគ្នាក៏ដោយ ដ៏សាច់ញាតិរបស់គេនៅតែបែកបាក់គ្នាដោយសារតែសោកនាដកម្មអតីតកាលនៅតែតាមលងពួកគេដដែល៕ ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់ This posting includes an audio/video/photo media file: Download Now |
ការកាត់ទោសខ្មែរក្រហមដ៏សំខាន់មួយបានចូលថ្ងៃទី២ Posted: 29 Jun 2011 09:53 AM PDT តុលាការឧក្រិដ្ឋកម្មសង្គ្រាមដែលគាំទ្រដោយអង្គការសហប្រជាជាតិបានបន្តសវនាការរបស់ខ្លួនកាត់ទោសពួកមេដឹកនាំដែលនៅរស់រានមានជីវិត៤នាក់របស់ចលនាខ្មែរក្រហមនៃប្រទេសកម្ពុជា។ នៅថ្ងៃទីពីរនេះមានការជជែកដេញដោលលើការលើកលែងទោសដ៏ចម្រូងចម្រាសដែលបានធ្វើឡើងក្នុងឆ្នាំ១៩៩៦ដល់អតីតរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ចលនានោះ។ ក្នុងឆ្នាំ១៩៩៦ អៀង សារី រដ្ឋមន្រ្តីក្រសួងការបរទេសបានរត់ចូលរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ។ យោធាខ្មែរក្រហមរាប់ពាន់នាក់បានមកជាមួយអៀង សារី ក្នុងចំណាត់ការមួយដែលនាំឲ្យដួលរលំនៃចលនាម៉ៅនិយមដែលបាននាំឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។ វាជាការសម្រេចចិត្តយ៉ាងវាងវៃរបស់អៀង សារី ការរៀបចំសម្ព័ន្ធភាពសារជាថ្មីនៅពេលបញ្ចប់សង្គ្រាមត្រជាក់មានន័យថាថ្ងៃរបស់ខ្មែរក្រហមជិតមកដល់ហើយ។ ក្នុងកំឡុងពេលនៃការកាត់ទោសនៃឧក្រិដ្ឋកម្មសង្គ្រាមដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅពេលបច្ចុប្បន្ននេះ ពួកមេធាវីការពារក្តីអៀង សារីនិយាយថាការលើកលែងទោសនៅដដែលហើយអៀង សារី មិនគួរត្រូវកាត់ទោសទាល់តែសោះ។ មេធាវីការពារក្តី ម៉ាយឃើល កាណាវ៉ាស (Michael Karnavas) និយាយយ៉ាងដូច្នេះថា៖ «អៀង សារីបានគោរពលក្ខខណ្ឌទាំងអស់សម្រាប់ការលើកលែងទោស ហើយការលើកលែងទោសដូចដែលខ្ញុំបានចង្អុលបង្ហាញបាននាំឲ្យមានផ្លែផ្កា។ វាបានធ្វើឲ្យមានផ្លែផ្កាយ៉ាងខ្លាំងនោះគឺសន្តិភាពដល់កម្ពុជា ពីព្រោះបន្ទាប់ពីនោះមក ពួកខ្មែរក្រហមផ្សេងៗទៀតក៏បានទម្លាក់អាវុធរបស់ខ្លួន ឬក៏បោះបង់ចោលការតស៊ូ»។ អៀងសារីជាមេដឹកនាំនៅរស់រានមានជីវិតម្នាក់នៃមេដឹកនាំនៅរស់រានមានជីវិត៤នាក់ដែលកំពុងបង្ហាញខ្លួនមុខតុលាការនៅថ្ងៃទី២ ហើយទំនងជាករណីចុងក្រោយដែលកាត់ទោសឧក្រិដ្ឋកម្មចលនាខ្មែរក្រហម។ ជនចុងចោទ៣នាក់ផ្សេងទៀតមាននួន ជា ដែលគេស្គាល់ថាជាបងធំទី២ដែលត្រូវគេចាត់ទុកជាមេមនោគមវិជ្ជារបស់ចលនានោះ ខៀវ សំផន ប្រមុខរដ្ឋ និងអៀង ធីរិទ្ធ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។ ជនចុងចោទ បានបដិសេធថាពួកគេពុំបានប្រព្រឹត្តបទល្មើសមួយចំនួន រួមមានការប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទេ។ តុលាការនិយាយថា ខ្មែរក្រហម ជាមូលហេតុធ្វើឲ្យមានការស្លាប់ប្រជាពលរដ្ឋយ៉ាងច្រើនរហូតដល់២,២លាននាក់រវាងឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩។ ចុងចោទទាំង៤ មានសារៈសំខាន់ដល់ការកាត់ទោសចំពោះការធ្វើនយោបាយដែលបាននាំឲ្យមានការស្លាប់មនុស្សយ៉ាងច្រើន។ លោក វីលាម ស្មីត (William Smith) រដ្ឋអាជ្ញារងអន្តរជាតិរបស់តុលាការ បានច្រានចោលការជជែកឲ្យហេតុផលរបស់ចុងចោទនេះ។ លោកនិយាយថាកំហុសមួយនៃការឲ្យហេតុផលរបស់ចុងចោទគឺការណ៍ដែលខ្លួននិយាយថាមិនបានដឹងថាមានច្បាប់អន្តរជាតិដែលចែងថារដ្ឋត្រូវបង្ខិតបង្ខំកាត់ទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរដូចជាអំពើប្រល័យពូជសាសន៍។ លោក Smith បាននិយាយយោងមាត្រាទី១នៃអនុសញ្ញាប្រល័យពូជសាសន៍ដែលបង្ខំឲ្យរដ្ឋនានាដាក់ទោសអំពើឧក្រិដ្ឋកម្មនោះ។ «ចៅក្រមជាទីគោរព យើងសូមឱ្យយកមកប្រើនូវក្រិត្យដែលមិនបាននិងមិនមានបំណងផ្តល់ការលើកលែងទោសដល់របបប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មផ្សេងៗទៀតនៅថ្ងៃអនាគត»។ លោកស្តេហ្វឹន រែប (Stephen Rapp) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទទួលបន្ទុកឧក្រិដ្ឋកម្មសង្គ្រាមបានប្រាប់ពួកអ្នកកាសែតថារឿងក្តីនេះបង្ហាញថានៅពេលឧក្រិដ្ឋកម្មមានលក្ខណៈបែបនេះត្រូវបានប្រព្រឹត្ត គេត្រូវប្រឈមមុខនឹងយុត្តិធម៌។ «វាមិនអាចសម្រេចនៅថ្ងៃបន្ទាប់ឬឆ្នាំក្រោយនោះទេ ក៏ប៉ុន្តែ គឺថាវាត្រូវការឲ្យមានលទ្ធផលពិតប្រាកដតាមរយៈការកាត់ទោសនេះ។ ហើយរឿងក្តីនេះ ខ្ញុំគិតថាវាបញ្ជូនសញ្ញានៅជុំវិញពិភពលោកនៅពេលឥឡូវនេះ ដែលមានស្ថាប័នកាន់តែច្រើនឡើងដូចនេះដែលកំពុងដោះស្រាយការចោទប្រកាន់ពីអំពើឃោរឃៅដ៏ធ្ងន់ធ្ងរថា មនុស្សផ្សេងៗទៀតដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដូចបុរសទាំងនោះដែលត្រូវរងការចោទប្រកាន់និងស្រ្តីម្នាក់នេះ ដែលត្រូវរងការចោទប្រកាន់ពីការប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម ក៏នឹងប្រឈមមុខថ្ងៃអន្សាររបស់ខ្លួនក្នុងតុលាការដែរ»។ សវនាការនៅសប្តាហ៍នេះ ជាការសម្រេចលើនីតិវិធី ហើយការកាត់ទោស ត្រូវគេរំពឹងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ ការស្មុគស្មាញមួយគឺថាចុងចោទទាំង៤នាក់ជាជនចាស់ជរាដែលមានអាយុពី៧៩ឆ្នាំទៅ៨៥ឆ្នាំ ហើយមិនមាននរណាម្នាក់ មានសុខភាពមាំទាំទេ។ ការកាត់ទោសទំនងជាចំណាយពេលរាប់សិបឆ្នាំ ហើយមានការភ័យខ្លាចថាចុងចោទម្នាក់ឬក៏ច្រើននាក់ អាចស្លាប់មុនពេលបញ្ចប់ការកាត់ទោស។ ក៏ប៉ុន្តែ ច្បាប់ថ្មីមានន័យថាតុលាការ អាចសម្រេចថាដាក់ទោសឬក៏ឲ្យរួចខ្លួននៅពេលដែលការកាត់ទោសកំពុងដំណើរការ ដែលមានន័យថាទោះបីចុងចោទ ស្លាប់ក្នុងកំឡុងពេលសវនាការ ពួកគេ នឹងនៅតែត្រូវកាត់ឲ្យមានទោសឬរួចទោសពីបទឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនេះ៕ ប្រែសម្រួលដោយ ជឹង ប៉ូជីន This posting includes an audio/video/photo media file: Download Now |
សង្ខេបព័ត៌មានអន្តរជាតិ - ២៩ មិថុនា ២០១១ Posted: 29 Jun 2011 07:11 AM PDT ចិន៖ មន្រ្តីចិនម្នាក់ដែលទាក់ទងជាមួយកោះតៃវ៉ាន់បាននិយាយថា រដ្ឋាភិបាលទាំងពីរមានការទទួលខុសត្រូវរួមដើម្បីការពារដែនដីដែលទាមទារដោយចិនក្នុងសមុទ្រចិនខាងត្បូង។ អាហ្វហ្កានីស្ថាន៖ មន្រ្តីអាហ្គានីស្ថាននិយាយថាជនស៊ីវិលអាហ្គាន១០នាក់បានស្លាប់កាលពីយប់ថ្ងៃអង្គារនៅពេលដែលពួកតាលីបានប្រដាប់ដោយអាវុធធន់ធ្ងន់បានវាយសង្គ្រប់សណ្ឋាគារដ៏ប្រណិតមួយក្នុងរដ្ឋធានីកាប៊ុល។ ក្រិក៖ ប្រទេសក្រិកកំពុងស៊ូទ្រាំកូដកម្មទូទៅមួយអស់រយៈពេល៤៨ម៉ោងនៅថ្ងៃទី២នៅក្នុងការប្រឆាំងតវ៉ាការធ្វើកំណែទម្រង់ជាតិដ៏ក្រៀមក្រោះមួយឈុតទៀត។ អេហ្ស៊ីប៖ ការប្រយុទ្ធរវាងកងសន្តិសុខអេហ្ស៊ីបនិងបាតុករក្នុងទីក្រុងឡឺគែរបានធ្វើឲ្យមនុស្សជាង៤០នាក់រងរបួសនៅថ្ងៃពុធនេះ នៅពេលដែលបាតុករបានអំពាវនាវឲ្យសេនាប្រមុខរបស់ប្រទេសនោះចុះចេញពីតំណែង។ ភូមា៖ អង្គការនយោបាយដែលដឹកនាំដោយលោកស្រី អោង សានស៊ូជី និយាយថាខ្លួនបានត្រូវគេបញ្ជាឲ្យបញ្ឈប់សកម្មភាពនយោបាយទាំងអស់។ ចិន៖ ប្រធានាធិបតីចិន ហ៊ូ ជិនតៅ (Hun Jintao) បានធ្វើការចរចាជាមួយប្រធានាធិបតី Omar al-Bashirបន្ទាប់ពីការស្វាគមន៍កម្រាលព្រំក្រហមសម្រាប់ប្រធានាធិបតីស៊ូដង់ ដែលបានប្រឈមមុខដីកាចាប់ខ្លួនអន្តរជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ This posting includes an audio/video/photo media file: Download Now |
អាមេរិកពង្រីកបញ្ជីឈ្មោះប្រទេសដែលបំពានច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស Posted: 29 Jun 2011 06:31 AM PDT កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានបង្កើនចំនួនប្រទេសដែលខ្លួននិយាយថា មិនបានបំពេញទៅតាមបទដ្ឋានអន្តរជាតិអប្បបរិមានៅក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ប្រទេសលីបង់ វ៉េណេហ៊្សុយអេឡា និងរដ្ឋជាច្រើនទៀតក្នុងទ្វីបអាហ្វ្រិក ស្ថិតក្នុងចំណោមប្រទេសដែលមិនបានឈានចូលក្នុងកម្រិតដែលតម្រូវនៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកទេ។ មន្រី្តការបរទេសថ្លែងថា ទោះបីការយល់ដឹងអំពីការជួញដូរមនុស្សមានការកើនឡើងច្រើនក៏ដោយ ក៏បញ្ហានេះបន្តរីកធំ មួយផ្នែកមកពីការទាក់ទងតាមអ៊ីនធឺរណិត ត្រូវគេធ្វើអាជីវកម្ម ដើម្បីទាក់ទាញមនុស្សឲ្យចូលក្នុងទាសករផ្លូវភេទ ហើយបង្ខំធ្វើការដោយមានកិច្ចសន្យា។ ក្រសួងការបរទេសបានបង្កើនចំនួនប្រទេសមានលំដាប់ថ្នាក់ទីបីហៅ ធា ៣ (Tier 3) ពី១៣ ដល់២៣។ ប្រទេសទាំងនេះត្រូវបានចាត់ទុកថាមិនបានប្រឹងប្រែងជាដុំកំភួនដើម្បីដោះស្រាយបញ្ហានេះទេ ហើយអាចទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក។ <!--AV--> ក្នុងការចេញផ្សាយរបាយការណ៍នេះ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកថ្លែងថា មានមនុស្សរហូតដល់២៧លាននាក់ ដែលអាចកំពុងរស់នៅក្នុងទាសភាព ហើយទោះជាប្រទេសជាច្រើន មានច្បាប់ប្រឆាំងការជួញដូរមនុស្សក៏ដោយ ការអនុវត្តមិនបានដល់កម្រិតទេ។ <!--AV--> «ចំនួននៃការកាត់ទោសទូទាំងពិភពលោក នៅដដែល។ ហើយការវាស់វែងនៃជោគជ័យមិនអាចពឹងផ្អែកទៅលើរឿងថាតើប្រទេសនោះបានអនុម័តច្បាប់ទាំងនោះឬទេ។ ប្រទេសជាច្រើនមានច្បាប់ទាំងនោះកាលពីទសវត្សរ៍មុន។ ឥឡូវនេះ យើងត្រូវធ្វើឲ្យប្រាកដថា ច្បាប់ទាំងនោះ ត្រូវបានអនុវត្ត ហើយប្រទេសទាំងនោះ នឹងប្រើប្រាស់ឧបករណ៍ដែលខ្លួនបានបង្កើត»។ លោកស្រីគ្លីនតុនបានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំមុន។ លោកស្រីថ្លែងថាលោកស្រីបានឃើញផលប៉ះពាល់ជាក់ស្តែងទៅលើស្ត្រីក្មេងៗដែលត្រូវបានគេជួញដូរ។ «ឆ្នាំមុន ខ្ញុំបានទៅទស្សនាកន្លែងផ្សះផ្សាររបួសផ្លូវចិត្តនិងគាំទ្រ ដែលជាជម្រកមួយសម្រាប់អ្នករស់រានមានជីវិតពីការជួញដូរនៅប្រទេសកម្ពុជា។ ខ្ញុំបានជួបជាមួយនឹងក្មេងស្រីមួយចំនួន ដែលពួកគេភាគច្រើននៅក្មេងខ្ចី ហើយត្រូវបានគេកេងប្រវ័ញ្ច និងរំលោភផ្លូវភេទ។ ពួកគេត្រូវបាន ផ្តល់ជម្រកនិងបង្រៀនជំនាញមានប្រយោជន៍ជាច្រើន ដែលអាចឲ្យពួកគេចូលរួមក្នុងសង្គមជាថ្មី។ ក្មេងស្រីទាំងនោះចង់បាន នូវអ្វីៗ ដូចគ្នានឹងក្មេងៗទូទៅចង់បានដែរ ដូចជាឱកាសក្នុងការរស់នៅ រៀនសូត្រ កន្លែងសុវត្ថិភាព និងមានអ្នកថែទាំពួកគេ»។ នេះជារបាយការណ៍លើកទី១១ របស់ក្រសួងការបរទេសនៅក្រោមច្បាប់ប្រឆាំងការជួញដូរមនុស្សដែលបានអនុម័តដោយសភានៅឆ្នាំ២០០០។ បញ្ជីនេះ មានឈ្មោះប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលំដាប់ថ្នាក់ ធា ៣ (Tier 3) ដែលរួមមាន ភូមា គុយបា អ៊ីរ៉ង់ កូរ៉េខាងជើង និងហ្ស៊ីមបាវេ។ គុយវ៉ែតនិងអារ៉ាប់ប៊ីសេអូឌីតជាសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់ឈូងសមុទ្រពែកស្ថិតក្នុងលំដាប់ថ្នាក់ ធា ៣ (Tier 3) ដែលបានចូលរួមជាលើកដំបូងដោយបណ្តារដ្ឋអាហ្វ្រិក ៦ផ្សេងទៀត និងលីបង់ ធឺកមីនិស្ថាន (Turkmenistan) វ៉េណេហ្ស៊ុយអេឡា (Venezuela) និងមីក្រូនិស្យ៉ា (Micronesia)។ ការដាក់ទណ្ឌកម្មដែលបានអនុញ្ញាតិនៅក្រោមច្បាប់អាមេរិក គឺមិនឲ្យជំនួយមិនមែនមនុស្សធម៌ ហើយបានត្រូវអនុវត្តម្តងម្កាល។ «របាយការណ៍ជាឧបករណ៍ ហើយអ្វីដែលយើងយកចិត្តទុកដាក់បំផុត គឺការធ្វើការជាមួយប្រទេសនានាជុំវិញពិភពលោកហើយនឹងធ្វើការជាមួយរដ្ឋាភិបាលរបស់យើងផ្ទាល់ដើម្បីឲ្យបានទទួលលទ្ធផល»។ ពិធីនៅក្រសួងការបរទេស បានផ្តល់កិត្តិយសដល់សកម្មជន១០នាក់ថាជាវីរជន។ ក្នុងនោះមានអ្នកស្រី ស្ហីឡា រ៉ូស៊ូ (Sheila Roseau) អ្នកគាំទ្រសិទ្ធិស្រ្តីនៅកោះ អាទីហ្ក័ និង បាប៊ូដា (Antigua and Barbuda) ដែលបានជំរុញច្បាប់ប្រឆាំងការជួញដូរមនុស្សតាមរយៈរបស់ប្រទេសកាលពីឆ្នាំមុន។ «គ្រាដែលយើងទទួលស្គាល់កិច្ចប្រឹងប្រែងយ៉ាងខ្លាំងនោះ ចូរយើងធ្វើឲ្យប្រាកដថា យើងបន្តគាំទ្រឧបត្ថម្ភប្រកបដោយប្រសិទ្ធិភាពដល់អ្នកនៅរស់រានមានជីវិតពីការជួញដូរនេះ។ យើងត្រូវបន្តឃ្លាំមើលក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីកំចាត់ការជួញដូរមនុស្សដោយស្វែងរកការគាំទ្រពីរដ្ឋាភិបាលរបស់យើងដល់ចំណាត់ការនេះ»។ របាយការណ៍បានចុះឈ្មោះប្រទេស៦ ថាជាប្រទេសរំលោភច្បាប់អាមេរិកឆ្នាំ២០០៨ ចំពោះការប្រើប្រាស់កុមារធ្វើជាទាហាន ដូចជា ភូមា ឆាដ (Chad) កុងហ្គោ សូម៉ាលី ស៊ូដង់និងយ៉េម៉ែនជាដើម។ ក្រៅពីភូមា ប្រទេសទាំងអស់នេះបានទទួល ជំនួយយោធាខ្លះពីសហរដ្ឋអាមេរិក។ អង្គការការពារសិទ្ធិមនុស្ស Human Rights Watch បានអំពាវនាវដល់រដ្ឋបាលលោកអូបាម៉ាឲ្យបញ្ចប់ជំនួយនោះ ដូចដែលបានចែងនៅក្នុងច្បាប់៕ ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់ This posting includes an audio/video/photo media file: Download Now |
ការកាត់ទោសខ្មែរក្រហមគឺជាការឆ្កឹះដំបៅ ហើយនឹងដើម្បីព្យាបាល Posted: 29 Jun 2011 04:57 AM PDT សាលាក្តីគាំទ្រដោយអ.ស.ប.កាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់នៅប្រទេសកម្ពុជាដើម្បីរកយុត្តិធម៌ខ្លះៗ ក្រោមពីពួកគេរូចពីការកាត់ទោសច្រើនទសវត្សទាក់ទងនឹងបដិវត្តន៍ដ៏បង្ហូរឈាមរបស់គេ។ ចំពោះជនរងគ្រោះខ្លះ ការកាត់ទោសនេះឆ្កឹះដំបៅនេះឡើងវិញ តែវាក៏ព្យាបាលរបួសនេះផងដែរ។ អ្នកស្រីកូប អៃសះ ជាជនជាតិភាគតិចខ្មែរឥស្លាម។ អ្នកស្រីមានគម្ពីរគូរ៉ាននេះតាំងអាយុ១២ឆ្នាំ។ ពេលរបបខ្មែរក្រហម អំឡុងទសវត្សរ៍១៩៧០ រំលាយសាសនានោះ អ្នកស្រីជីករណ្តៅលាក់គម្ពីរនេះក្រោយផ្ទះ។ ខ្មែរក្រហមបង្ខំឲ្យអ្នកស្រីហូបសាច់ឆ្កែនិងសាច់ជ្រូក។ <!--AV--> អ្នកស្រីពិបាកនិយាយអំពីពួកកុម្មុយនិស្តជ្រុលនិយម ដែលអួតអាងបង្កើតកសិកម្មមហាលោតផ្លោះមហាអស្ចារ្យនោះ។ គេសម្លាប់គ្រួសាររបស់អ្នកស្រីជាច្រើន។ «បើគេសម្លាប់គ្រួសារមេដឹកនាំទាំងនេះវិញយ៉ាងម៉ុចដែរ? គាត់គ្មានសាច់ញាតិទេឬ?» អ្នកស្រីបានចូលរួមការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់នៅភ្នំពេញពីបទឩក្រិដ្ឋកម្មសង្គ្រាម។ អ្នកស្រី និងជនរងគ្រោះជាច្រើនទៀតនិយាយថា ពួកគេដឹកនាំនយោបាយសម្លាប់ខ្មែរជិត២លាននាក់។ អ្នកទាំងនេះមានខៀវ សំផន កាលណោះជាប្រមុខរដ្ឋ អៀងសារី រដ្ឋមន្ត្រីការបរទេស និងភរិយារបស់គាត់គឺអៀង ធីរិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ច និងនួន ជា បងធំទី២។ ចុងចោទនិយាយថា ខ្លួនគ្មានកំហុសដូចបទចោទប្រកាន់ទេ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាអតីតខ្មែរក្រហម បាននិយាយថា ករណី០០២នេះជាការកាត់ទោសចុងក្រោយ។ កញ្ញាសេង ធារី ប្រធានសមាគមជនរងគ្រោះខ្មែរក្រហមនៅកម្ពុជា និយាយថា តុលាការគាំទ្រដោយអ.ស.ប.រណបតាមការគាបសង្កត់របស់រដ្ឋាភិបាល។ «នេះជារឿងមិនអាចទទួលយកបាន និងគួរឲ្យស្អប់ខ្ពើម។ អ.ស.ប.រំលោភគោលការណ៍ជាមូលដ្ឋានរបស់ខ្លួន គឺឯករាជ្យភាពនៃតុលាការ។ យើងមិនមានជំនឿលើមន្ត្រីកម្ពុជាទេ តែសង្ឃឹមលើអ.ស.ប.»។ បុគ្គលិកបរទេសមួយចំនួនឈប់ធ្វើការនៅតុលាការនេះដោយសារជម្លោះ។លោកឌឹម សុវណ្ណារុំ មន្ត្រីកិច្ចការសាធារណៈនៃតុលាការនេះ បានបដិសេធថា គ្មានការជ្រៀតជ្រែកពីនយោបាយទេ។ «តាំងពីពេលខ្ញុំធ្វើការនៅតុលាការនេះ២ឆ្នាំនេះមានការកែប្រែច្រើន។ ពេលអ្នកនិយាយពីប្រសាសន៍លោកនាយករដ្ឋមន្ត្រី ខ្ញុំចង់និយាយថា តុលាការឯករាជ្យ ជាស្ថាប័នឯករាជ្យ»។ ទោះជាកាត់ទោស ឬមិនកាត់ទោសមេដឹកនាំថែមទៀតក៏ដោយ គឺប្រាកដណាស់ថា ខ្មែរក្រហមថ្នាក់ទាបច្រើនពាន់នាក់ដែលទទួលខុសត្រូវការសម្លាប់មនុស្ស នឹងមិនត្រូវកាត់ទោសទេ។ អ្នកទិតៀនយល់ស្របថា ការកាត់ទោសមេខ្មែរក្រហមក្រោយពីពួកគេមានសេរីភាពច្រើនឆ្នាំនេះ គឺជាជំហានផ្សះផ្សារបួសជនរងគ្រោះ។ ប៉ុន្តែចំពោះកូប អៃសះ គាត់យល់ថា មានយុត្តិធម៌លុះត្រាមេខ្មែរក្រហមទាំងអស់មានទោសជាប់គុករហូតដល់ស្លាប់៕ នាងលី ម៉ូរីវ៉ាន់ ប្រែសម្រួល This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |