VOA News: ព័ត៌មាន: “មេធាវីការពារក្តីសុំឱ្យដោះលែងអៀង សារី” plus 3 more |
- មេធាវីការពារក្តីសុំឱ្យដោះលែងអៀង សារី
- ទូតគោចរអាមេរិកស្នើឱ្យមានការគាំទ្រសាលាក្តីខ្មែរក្រហម
- តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិចាប់ផ្តើមការកាត់ទោសជាប្រវត្តិសាស្រ្តដល់មេដឹកនាំខ្មែរក្រហម
- ថៃដកខ្លួនចេញពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោកពេលកម្ពុជាត្រៀមបង្ហាញពីគម្រោងការពារប្រាសាទព្រះវិហារ
មេធាវីការពារក្តីសុំឱ្យដោះលែងអៀង សារី Posted: 28 Jun 2011 10:47 AM PDT ក្រុមមេធាវីការពាររបស់លោកអៀង សារី អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរក្រហមបានទទូចឲ្យសាលាក្ដីខ្មែរក្រហមបោះបង់ចោលការកាត់ទោសលើកូនក្ដីរបស់ផងខ្លួនស្របពេលដែល នួន ជា បានដើរចេញពីសាលសវនាការជាលើកទីពីរនៅថ្ងៃអង្គារនេះ។ នៅក្នុងសវនាការបឋមរបស់អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃនេះ ក្រុមមេធាវីបានទទូចឲ្យសាលាក្ដីខ្មែរក្រហមគោរពនូវគោលការណ៍មិនកាត់ទោសពីរដងលើបទល្មើសតែមួយនិងបានទាមទារឲ្យអង្គជំនុំជម្រះពិចារណាលើការលើកលែងទោសពីព្រះមហាក្សត្រខ្មែរចំពោះអតីតបងធំទីបីខ្មែរក្រហមរូបនេះ។ សហមេធាវី លោក អាង ឧត្តម និងលោក ម៉ាយឃើល កាណាវ៉ាស (Michael Karnavas) បានលើកឡើងថាការគោរពគោលការណ៍ទាំងពីរនេះនឹងធ្វើឲ្យអៀង សារី រួចផុតពីការកាត់ទោសក្នុងពេលនេះ។ អៀង សារី ត្រូវកាត់ទោសដោយតុលាការបដិវត្តន៍កម្ពុជានៅថ្ងៃទី១៥ខែសីហាឆ្នាំ១៩៧៩ ហើយត្រូវបានផ្ដន្ទាទោសប្រហារជីវិត។ ប៉ុន្ដែទោសនេះត្រូវបានលើកលែងដោយសម្ដេច នរោត្តម សីហនុ នៅឆ្នាំ១៩៩៦ ដែលជាព្រះមហាក្សត្រនៅពេលនោះ ដើម្បីជាថ្នូរទៅនឹងការយកកងទ័ពខ្មែរក្រហម និងតំបន់ឈរជើងនៅប៉ៃលិនចុះចូលជាមួយរដ្ឋាភិបាល។ លោក ម៉ាយឃើល កាណាវ៉ាស មានប្រសាន៍ថា អៀង សារី នាំមកនូវសន្ដិភាព និងការផ្សះផ្សាជាតិមួយដោយការចុះចូលជាមួយរដ្ឋាភិបាល។ សហមេធាវីអន្ដរជាតិដដែលបានទាមទារថានៅក្នុងតុលាការអន្ដរជាតិដទៃទៀតក៏គេបានគិតគូរអំពីការមិនកាត់ទោសពីរដងទៅលើបទល្មើសតែមួយដូចគ្នានេះដែរ។ «បញ្ហានេះត្រូវលើកឡើងលើកទីមួយនៅក្នុងតុលាការ ICTY ទាក់ទងទៅនឹងគោលការណ៍នៃការមិនកាត់ទោសពីរដង ដើម្បីធ្វើយ៉ាងម៉េចធានាថា បូស្នៀ ក្រូអាស៊ី គឺគេមិនកាត់អ្នកណាម្នាក់។ ឧទាហរណ៍ថា កាត់ឲ្យគាត់រួចខ្លួន ហើយត្រូវបានគេនាំមកកាត់ម្តងទៀតនោះទេ»។ លោក អាង ឧត្តម សហមេធាវីកម្ពុជារបស់ អៀង សារី លើកឡើងថា ការលើកលែងអនុគ្រោះទោសរបស់ព្រះមហាក្សត្រដល់លោក អៀង សារី បានរារាំងមិនឲ្យយកលោកអៀង សារី មកកាត់ទោសជាថ្មី។ លោក វីលាម ស្មីត សហព្រះរាជអាជ្ញាអន្ដរជាតិ បានស្នើសុំឲ្យក្រុមចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងទាត់ចោលសំណើរបស់ក្រុមមេធាវីការពាររបស់ អៀង សារី ដោយមិនត្រូវដម្កល់ការលើកលែងទោសរបស់ អៀង សារី ឡើយ។ លោកស្រីស៊ីលក៍ ស្ទូហ្សឹនស្គី (Silke Stuzensky) មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២ នេះ លើកឡើងថា បើសិនជាអង្គជំនុំជម្រះសាលាដំបូងផ្ដល់ប្រយោជន៍ដល់ការលើកលែងទោសអៀង សារី នោះនឹងនាំឲ្យមាននិទណ្ឌភាពទាំងស្រុងដល់មេដឹកនាំខ្មែរផ្សេងទៀតដែលនៅសេសសល់។ ព្រមទាំងវានឹងបំពានលើសិទ្ធិជនរងគ្រោះ និង តុលាការនេះមិនអាចបំពេញបទដ្ឋានអន្ដរជាតិបានទេ។ សូមបញ្ជាក់ថា នៅពេលចាប់ផ្ដើមសវនាការបឋមនៅថ្ងៃនេះ នួន ជា អតីតប្រធានសភាខ្មែរក្រហមបានសុំដើរចេញពីបន្ទប់សវនាការទៅកាន់បន្ទប់ឃុំឃាំងវិញ ដោយសារតែរបៀបវារៈ គឺមានតែការពិភាក្សាលើករណីរបស់អៀង សារី តែប៉ុណ្ណោះ។ ចាប់តាំងពីថ្ងៃច័ន្ទម្សិលម៉ិញនេះ អង្គជំនុំជម្រះបានចាប់ផ្ដើមបើកសវនាការបឋមលើសំណុំរឿង០០២ ដែល មានជនជាប់ចោទជាអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់ ក្នុងនោះមាន នួន ជា ខៀវ សំផន អតីតប្រមុខរដ្ឋ អៀងសារី អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសនិងអៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ជនទាំងបួនត្រូវចោទប្រកាន់ពីឧក្រិដ្ឋកម្មដែលបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់យ៉ាងតិចចំនួន១,៧លាននាក់ក្នុងពេលដែលពួកគេកាន់កាប់អំណាចពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩៕ This posting includes an audio/video/photo media file: Download Now |
ទូតគោចរអាមេរិកស្នើឱ្យមានការគាំទ្រសាលាក្តីខ្មែរក្រហម Posted: 28 Jun 2011 12:18 PM PDT លោក ស្តេហ្វឹន រែប (Stephen Rapp) ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាឧក្រិដ្ឋកម្មសង្គ្រាមបានថ្លែងនៅថ្ងៃអង្គារនេះថា សវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួនបួននាក់របស់សាលាក្តីខ្មែរក្រហមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ លោក ស្តេហ្វឹន រែប ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាឧក្រិដ្ឋកម្មសង្គ្រាមកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមក្នុងពិធីបើកសវនាការនៃសំណុំរឿងលេខ០០២នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាអំពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងនឹង នួន ជា អតីតប្រធានរដ្ឋសភា ខៀវ សំផន អតីតប្រធានរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និង អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៅក្នុងរបបវាលពិឃាត ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ១,៧លាននាក់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ លោកឯកអគ្គរដ្ឋទូត ស្តេហ្វឹន រែប បានហៅករណីសំណុំរឿងលេខ០០២នេះថាជាសវនាការ ដែលមានសារៈសំខាន់បំផុតក្នុងពិភពលោក។ «ខ្ញុំសប្បាយរីករាយណាស់នៅទីនេះក្នុងសប្តាហ៍នេះ ដើម្បីចូលរួមការបើកសវនាការកាត់ក្តីករណីលេខ០០២។ ការកាត់ក្តីនេះដែលខ្ញុំបាននិយាយនិងជឿថានៅពេលនេះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក ពីព្រោះវាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលមានទ្រង់ទ្រាយដ៏ធំ ដូចជា ការស្លាប់ប្រជាពលរដ្ឋចំនួន១.៧០០.០០០នាក់។ ឧក្រិដ្ឋកម្មនេះនៅតែមានផលប៉ះពាល់លើមនុស្សគ្រប់គ្នានៅក្នុងប្រទេសនេះ»។ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី ក្លីនតុន (Hillary Clinton) បានកំណត់ថាសវនាការកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បួននាក់ ដែលនៅរស់នៃរបបខ្មែរក្រហម គឺជាអាទិភាពខ្ពស់មួយ។ លោកឯកអគ្គរដ្ឋទូត ស្តេហ្វឹន រែប បានបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចលើកនេះ លោកនឹងជួបពិភាក្សាការងារជាមួយមន្ត្រីតុលាការ ចៅក្រម ព្រះរាជអាជ្ញាជាលក្ខណៈបុគ្គល មន្ត្រីចៅក្រមស៊ើបអង្កេត និង តំណាងជនរងគ្រោះ ដើម្បីពិភាក្សាពីការជួយឧបត្ថម្ភគាំទ្រចាំបាច់សម្រាប់សាលាក្តីខ្មែរក្រហមក្នុងការបំពេញភារកិច្ចតាមអាណត្តិរបស់ខ្លួន។ «ខ្ញុំកំពុងធ្វើការជាមួយបណ្តាប្រទេសផ្តល់ជំនួយដទៃទៀត ដើម្បីធ្វើឱ្យប្រាកដប្រជាថាតុលាការនេះមានធនធានដែលត្រូវការសម្រាប់បំពេញការងារ»។ លោក ប៊ែណាដ វ៉ាលេរ៉ូ (Bernard Valero) អ្នកនាំពាក្យក្រសួងការបរទេសបារាំង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា រឿងក្តីនេះនឹងធ្វើឱ្យគេអាចវែកមុខអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏ធំដែលបានប្រព្រឹត្តដោយរបបខ្មែរក្រហម ពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩ ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ដល់ពីរលាននាក់៕ This posting includes an audio/video/photo media file: Download Now |
Posted: 28 Jun 2011 01:16 PM PDT តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមកាត់ទោសជាប្រវត្តិសាស្រ្តដល់ពួកមេដឹកនាំខ្មែរក្រហម៤នាក់ ដែលជាពួកកុម្មុយនីស្តជ្រុលនិយមដែលបដិវត្តន៍បង្ហូរឈាមរបស់ពួកគេក្នុងទសវត្សរ៍១៩៧០ បានសម្លាប់ប្រជាពលរដ្ឋជិត១ភាគ៤។ នៅខណៈពេលដែលការកាត់ទោសត្រូវគេទន្ទឹងរង់ចាំយ៉ាងយូរនោះ បានត្រូវទទួលស្វាគមន៍ដោយជនរងគ្រោះ ពួកគេក៏កំពុងរិះគន់តុលាការពីបទចោទប្រកាន់ពីការជ្រៀតជ្រែកខាងនយោបាយដែលអាចកម្រិតការកាត់ទោសជនចុងចោទបន្ថែមទៀត។ សវនាការដំបូងបានបើកធ្វើកាលពីថ្ងៃច័ន្ទនៅតុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិដើម្បីកាត់ទោសពួកមេដឹកនាំដែលនៅរស់រានមានជីវិតនិងជាន់ខ្ពស់បំផុតរបស់របបពួកខ្មែរក្រហម។ មនុស្សរាប់រយនាក់ បានដើរចូលក្នុងបន្ទប់តុលាការដែលស្ថិតនៅខាងក្រៅរាជធានីភ្នំពេញដើម្បីមើលការកាត់ទោសចុងចោទដែលគេរង់ចាំជាយូរមកហើយ។ ចុងចោទទាំងនោះមានខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្រ្តីក្រសួងការបរទេស ភរិយារបស់គាត់អៀង ធីរិទ្ធ ដែលជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងនួន ជា ដែលគេស្គាល់ថាជាបងធំទី២។ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត ពួកគេត្រូវរងការចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមនិងប្រល័យពូជសាសន៍ចំពោះតួនាទីរបស់ពួកគេនៅក្នុងការប៉ុនប៉ងរបស់ពួកគេក្នុងចុងទសវត្សរ៍១៩៧០ដើម្បីបោសសម្អាតបនប្រតិកិរិយាហើយបានធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងកសិកម្មមហាលោតផ្លោះ។ ចុងចោទចាស់ជរាទាំងបួនមានអាយុពី៧៩ឆ្នាំ ទៅ៨៥ឆ្នាំ ពួកគេទាំងអស់គ្នាបានប្រកែកការចោទប្រកាន់ប្រឆាំងខ្លួន។ ការកាត់ទោសរបស់ពួកគេ អាចចំណាយពេលបី បួនឆ្នាំ។ កញ្ញាសេង ធារី ជាប្រធានសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ កញ្ញា មានអារម្មណ៍រំភើបផងនិងការរំជួលចិត្តផងដែលនៅទីបញ្ចប់បានឃើញពួកមេដឹកនាំខ្មែរក្រហមបានឡើងតុលាការ។ «ជានិច្ចកាល យើងបានសួរខ្លួនឯងថាតើហេតុអ្វី? ហេតុអ្វីបានជាវាកើតឡើង? ហេតុអ្វីបានជាបុគ្គលទាំងនេះ មេដឹកនាំខ្មែរក្រហមទាំងនោះ គិតថាពួកគេអាចដើរតួជាព្រះអាទិទេព។ ពួកគេសម្លាប់ឪពុកម្តាយរបស់ខ្ញុំនិងសម្លាប់ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត២លាននាក់។ តើពួកគេមានសិទ្ធិអ្វីធ្វើការពិសោធន៍មនុស្សក្នុងលក្ខណៈឃោរឃៅបែបនេះ? ហើយខ្ញុំសង្ឃឹមថាដំណើរការរបស់តុលាការនឹងបញ្ចាំងពីភាពងងឹតដោយការផ្តល់ព័ត៌មាន ដោយការបំបាត់សំណួរថាហេតុអ្វី? ហេតុអ្វីបានជាវាកើតមានឡើងនោះ?» កញ្ញាសេង ធារី និងជនរងគ្រោះផ្សេងទៀតហើយមេធាវី បានជំរុញឲ្យមានការកាត់ទោសពួកមេដឹកនាំខ្មែរក្រហមកាន់តែច្រើនឡើងថែមទៀត រួមមានមេបញ្ជាការយោធានិងប្រធានគុកដែលនៅរស់រានមានជីវិត។ ប៉ុន្តែតុលាការមិនយល់ព្រមហើយបានទទួលរងការចោទប្រកាន់ពីអំពើពុករលួយនិងការគាបសង្កត់ខាងនយោបាយ។ នាយករដ្ឋមន្រ្តីហ៊ុន សែន ខ្លួនឯង ជាអតីតខ្មែរក្រហម បាននិយាយថាលោកចង់ឲ្យមានការកាត់ទោសនេះ ហើយឲ្យមានតែពីរករណីប៉ុណ្ណោះ ដែលករណីនេះជាករណីចុងក្រោយ។ លោកជជែកឲ្យហេតុផលថាការកាត់ទោសអាចនាំឲ្យមានអស្ថិរភាព។ លោកឌឹម សុវណ្ណារ៉ុម ជាមន្រ្តីទទួលខុសត្រូវកិច្ចការសាធារណៈរបស់តុលាការ។លោកបានច្រានចោលពីការមានការជ្រៀតជ្រែកខាងនយោបាយ។ «ឥឡូវនេះ ខ្ញុំបានធ្វើការងារនេះជាងពីរឆ្នាំហើយៗមានការប្រែប្រួលច្រើនណាស់។ ដូចលោកមានប្រសាសន៍ឬក៏លើកឡើងពីប្រសាសន៍របស់សម្តេច ហ៊ុន សែន ជាហូរហែ ខ្ញុំសូមជម្រាបលោកថាតុលាការនេះជាតុលាការឯករាជ្យតុលាការនេះគឺឯករាជ្យ។ ស្ថាប័នតុលាការគឺឯករាជ្យ»។ តុលាការឧក្រិដ្ឋកម្មសង្គ្រាមដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានត្រូវបង្កើតឡើងដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម។ ប៉ុន្តែការបង្កើតតុលាការនេះបាននាំឲ្យមានការចរចាអស់រយៈពេលជាច្រើនឆ្នាំជាមួយអាជ្ញាធរកម្ពុជាដែលចង់ត្រួតត្រាដំណើរការកាត់ទោសនេះ។ នៅក្នុងករណីទី១ កាលពីឆ្នាំទៅ តុលាការបានកាត់ឲ្យជាប់ទោសកាំង ហ្គេកអ៊ាវដែលបានមើលការខុសត្រូវគុកនិងកន្លែងធ្វើទារុណកម្មដ៏សំខាន់មួយរបស់ខ្មែរក្រហម។ តុលាការបានកាត់ទោសជននេះឲ្យជាប់គុក៣៥ឆ្នាំដែលបានត្រូវបន្ថយមកត្រឹម១៩ឆ្នាំ។ ក្នុងកំឡុងពេលនៃការគ្រប់គ្រងជិត៤ឆ្នាំរបស់ពួកខ្មែរក្រហមមានប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនរហូតដល់២លាននាក់បានស្លាប់មកពីការសម្លាប់ចោល ការធ្វើទារុណកម្ម ការបង្អត់អាហារនិងការបង្ខំធ្វើការជាទម្ងន់។ ពួកគេ បានជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងហើយបានឃុំឃាំងឬសម្លាប់ចោលជនណាដែលប្រឆាំងនឹងបដិវត្តន៍កុម្មុយនីស្តជ្រុលនិយមរបស់ពួកគេ។ កងទ័ពកុម្មុយនីស្តវៀតណាម បានបញ្ចប់ការគ្រប់គ្រងរបស់ពួកគេដោយការឈ្លានពានប្រទេសកម្ពុជាហើយរុញពួកខ្មែរក្រហមទៅកាន់ព្រំដែនថៃដែលជាទីកន្លែងដែលពួកគេធ្វើការតស៊ូរហូតដល់ពួកគេបានរលាយនៅឆ្នាំ១៩៩៨។ ប៉ុល ពត មេដឹកនាំកំពូលខ្មែរក្រហម ដែលគេស្គាល់ថាជាបងធំទី១ បានត្រូវកម្ចាត់ចេញពីក្រុមនោះនៅឆ្នាំតែមួយនោះ ដែលជននោះបានស្លាប់៕ ប្រែសម្រួលដោយ ជឹង ប៉ូជីន This posting includes an audio/video/photo media file: Download Now |
Posted: 28 Jun 2011 09:59 AM PDT កាលពីថ្ងៃអាទិត្យនេះ ប្រទេសថៃបានដកខ្លួនចេញពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោកនៅពេលប្រទេសកម្ពុជារៀបចំបង្ហាញពីគម្រោងគ្រប់គ្រងប្រាសាទដែលមានអាយុជាង៩០០ឆ្នាំនៅកិច្ចប្រជុំមួយនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ រដ្ឋាភិបាលថៃបានឲ្យដឹងថាការដកខ្លួនគឺធ្វើឡើងក្នុងន័យការពារបូរណភាពដែនដី។ អ្នកវិភាគនិយាយថា ថៃគឺចង់ពន្យាររការអនុវត្តគម្រោងគ្រប់គ្រងមួយទៅលើស្ថានីយ៍ប្រវត្តិសាស្រ្តនេះ។ ការដកខ្លួនរបស់ប្រទេសថៃពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោក និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅចំពេលដែលកិច្ចប្រជុំមួយក្នុងទីក្រុងប៉ារីសយល់ព្រមដាក់សំណើគម្រោងគ្រប់គ្រងលើទីប្រាសាទនេះក្នុងរបៀបវារៈនៃការប្រជុំ។ ប្រទេសថៃបានបន្តជំទាស់ពេលប្រទេសកម្ពុជាបង្ហាញពីគម្រោងគ្រប់គ្រងមួយលើប្រាសាទដែលមានអាយុកាល៩០០ឆ្នាំដែលមានជម្លោះស្ថិតនៅព្រំដែនកម្ពុជា-ថៃ។ នៅក្នុងការប្រជុំនោះ ប្រទេសថៃបានស្នើឲ្យមានការពន្យាររាល់គម្រោងគ្រប់គ្រងនានារហូតដល់ជម្លោះព្រំដែនត្រូវបានដោះស្រាយ។ នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិមានទីតាំងនៅទីក្រុងឡាអេ (International Court of Justice - ICJ) បានសម្រេចថា ប្រាសាទនេះគឺជាកម្មសិទ្ធិរបស់កម្ពុជា។ ប៉ុនែ្តទឹកដីជាងបួនគីឡូម៉ែត្រការ៉េនៅជាប់ប្រាសាទព្រះវិហារនៅតែមានជម្លោះ។ នៅខែឧសភា កម្ពុជាបានអំពាវនាវឲ្យតុលាការអន្តរជាតិយុត្តិធម៌ ICJ ជំរុញឲ្យប្រទេសថៃដកទ័ពរបស់ខ្លួនចេញពីទឹកដីដែលតុលាការបានកាត់នៅជុំវិញប្រាសាទនេះ។ លោក ស៊ូវិត ឃុនគិតទិ (Suwit Khunkitti) រដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថានថៃ ប្រកាសនៅថ្ងៃអាទិត្យពីការសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោក។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ប៉ានីតាន់ វឌ្ឍនាយ៉ាកន(Panitan Wattanayagorn) បាននិយាយថាការសម្រេចនេះគឺមានបំណងការពារផលប្រយោជន៍ប្រជាជាតិថៃទៅនឹងតំបន់ជម្លោះ។ «ហេតុនេះហើយបាននាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាលថៃបានសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញា និងសមាជិកភាពនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បីគ្រាន់តែធានាថា យើងមិនប្រថុយនឹងគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់បូរណភាពនិងអធិបតេយ្យភាពជាតិយើងទេ»។ នៅក្នុងឆ្នាំ២០០៨ ប្រាសាទនេះត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការសហប្រជាជាតិខាងអប់រំ និងវិទ្យាសាស្រ្តហៅថាយូណេស្កូ។ ចាប់តាំងពីពេលនោះមក ប្រទេសថៃ និង កម្ពុជាបានប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅតំបន់ប្រាសាទនោះ។ ការផ្ទុះអាវុធជាច្រើននៅខែមេសានៅតាមព្រំដែន មានប្រជាពលរដ្ឋជាង ៥០.០០០នាក់ទាំងខាងថៃនិងកម្ពុជាត្រូវបានបង្ខំឲ្យជម្លៀសចេញទៅកាន់ទីតាំងសង្រ្គោះបន្ទាន់ផ្សេងៗ។ អ្នកវិទ្យាសាស្រ្តនយោបាយ លោក ខាល ថាយយឺ (Carl Thayer) នៃសាកលវិទ្យាល័យ New South Wales នៅប្រទេសអូស្រ្តាលី ហៅការសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោកនិងគណៈកម្មាធិការនេះគឺជាជំហរថយក្រោយមួយក្នុងការបញ្ចប់ជម្លោះព្រំដែនលើដែនដីប្រាសាទព្រហ្មញ្ញសាសនានេះ។ «ខ្ញុំសង្ស័យថាកម្ពុជានឹងអាចគិតពីការពន្យារពេលបន្តិចលើដំណើរការរបស់ពួកគេ។ ធ្វើដូចនេះ វានឹងអាចពន្យារឲ្យអង្គការ UNESCO ដើម្បីបញ្ចប់នីតិវិធីទទួលស្គាល់ជាលើកចុងក្រោយ (គឺជាការទទួលយកគម្រោងគ្រប់គ្រង) ពីព្រោះគម្រោងគ្រប់គ្រងគឺប៉ះពាល់ទៅនឹងតំបន់ជម្លោះ។ តើប្រទេសកម្ពុជានឹងអភិវឌ្ឍប្រាសាទនោះប្រកបដោយប្រសិទ្ធភាពយ៉ាងដូចម្តេច? ករណីសំខាន់ដែលអាចធ្វើកិច្ចការនេះបានគឺទាល់តែប្រទេសទាំងពីរសហការនឹងគ្នា»។ ដោយមានកំហឹងនឹងការបរាជ័យរបស់រដ្ឋាភិបាលថៃក្នុងការប្រកាន់ជំហរដ៏តឹងរ៉ឹងជាងនេះជាមួយនឹងកម្ពុជាលើជម្លោះនោះ អ្នកជាតិនិយមថៃជាច្រើនបានទទួលស្វាគមន៍នូវការដកខ្លួនរបស់ថៃចេញពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោក។ ការធ្វើបាតុកម្មតវ៉ាកាលពីសប្តាហ៍មុននេះនៅទីកុ្រងបាងកក អ្នកជាតិនិយមទាំងនោះទាមទារឲ្យ អង្គការសហប្រជាជាតិដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ មន្រ្តីថៃជាច្រើននិយាយថា ពួកគេត្រៀមធ្វើការទាមទារជាមួយសហគមន៍អន្តរជាតិក៏ដូចជាយូណេស្កូ និង សមាជិកបេតិកភណ្ឌពិភពលោកដើម្បីបន្តដោះស្រាយដោយមិនឱ្យមានសំណើគម្រោងគ្រប់គ្រងនោះទេ ពួកគេនិយាយថា គម្រោងនោះគឺវាប៉ះពាល់ដល់អធិបតេយ្យភាពថៃ៕ ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |