VOA News: ព័ត៌មាន: “បង​ធំ​ទីពីរ​ខ្មែរ​ក្រហម​សម្តែង​ការ​មិន​ពេញចិត្ត​ពេល​តុលាការ​ចាប់ផ្តើម​កាត់ទោស” plus 4 more

VOA News: ព័ត៌មាន: “បង​ធំ​ទីពីរ​ខ្មែរ​ក្រហម​សម្តែង​ការ​មិន​ពេញចិត្ត​ពេល​តុលាការ​ចាប់ផ្តើម​កាត់ទោស” plus 4 more


បង​ធំ​ទីពីរ​ខ្មែរ​ក្រហម​សម្តែង​ការ​មិន​ពេញចិត្ត​ពេល​តុលាការ​ចាប់ផ្តើម​កាត់ទោស

Posted: 27 Jun 2011 01:49 PM PDT

បងធំ​ទីពីរ​នៃ​សម័យ​ខ្មែរក្រហម ​លោក​នួន ជា ​បាន​សម្តែង​ការ​ខឹង​សម្បា​ចំពោះ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃច័ន្ទ​នេះ​នៅពេល​ដែល​រូបគាត់​ត្រូវ​នាំខ្លួន​យក​មក​កាត់ទោស។

ថ្លែង​នៅចំ​ពោះ​មុខ​អង្គ​ចៅក្រម​ចំនួន​ប្រាំរូប​នៃ​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ នួន ជា​ ពាក់មួក​គ្រប​ក្បាល​ និង​វ៉ែនតា​ខ្មៅ ​បាន​អាន​សំណេរ​មួយ​ បា​នសម្តែង​ការ​គោរព​ចំពោះ​មុខ​ប្រជាពលរដ្ឋ​កម្ពុជា។ ក៏ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​អំ​ពីហេតុផល​ ចំពោះ​ការមិន​សប្បាយ​ ចិត្ត​របស់​លោក​នោះ​ទេ។

«ជាបឋម​ ខ្ញុំ​បាទ​សូម​គោរព​លោក​ប្រធាន​តុលាការ ​ពិសេស​លោកស្រី​ បងប្អូន​រួមជាតិ​ក្នុង​ទីនេះ ​បងប្អូន​រួមជាតិ​ទូទាំង​ប្រទេស​និង​ក្រៅ​ប្រទេស​ដោយ​មេត្រី។ ខ្ញុំ ​មិន​សប្បាយ​ចិត្ត ​ចំពោះ​សវនាការ​នេះ ​ហើយ​ខ្ញុំ ​ប្រគល់​ភារៈ​នេះ​ជូន​មេធាវី​របស់​ខ្ញុំ ​ដើម្បី​ពន្យល់​ពី​ហេតុផល»។

អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ចំនួន​បួននាក់ ​នៅក្នុង​នោះ ​មាន ​​នួន ជា​អតី​ត​ប្រធាន​សភា​ខ្មែរក្រហម ​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​ អៀង សារី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​និង​អៀង ធីរិទ្ធ​ ប្រពន្ធ​របស់​គាត់​និង​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច។

ជន​ជាប់ចោទ​ទាំងបួន​នាក់​ នៅក្នុង​សំណុំរឿង​០០២​នេះ​ ត្រូវ​នាំខ្លួន​ចូល​សវនាការ​បឋម​នៅ​ថ្ងៃ​នេះ​ក្រោម​ការចោទ​ប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​បទ​ប្រល័យ​ពូជសាសន៍​ ទាក់ទង​ទៅ​នឹង​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរលាន​នាក់ ​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ​និង ​ឆ្នាំ១៩៧៩​ គឺ​ជា​រយៈពេល​ដែល​ពួកគេ​កាន់កាប់​អំណាច។

មេធាវី​បរទេស​របស់​នួន ជា​ គឺ​លោក ​ម៉ាយឃើល ផេសមែន (Michael Pesttman) ​ ថ្លែង​ប្រាប់​តុលាការ​ថា ​កូនក្តី​របស់​ខ្លួន​មិនសប្បាយ​ចិត្តទេ​ដោយសារតែ​ការស៊ើបអង្កេត​របស់​ក្រុម​ចៅក្រម​បាន​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​គាត់។

មួយ​វិញទៀត​ ក្រុម​ចៅក្រម ​មិន​បាន​កោះហៅ ​សាក្សី​ចំនួន​ជាង​៣០០នាក់ ​ដែល​ក្រុម​មេធាវី​បាន​ស្នើឲ្យ​យកមក​បកស្រាយ​នៅក្នុង​សវនាការ​បឋម​នេះ​ទេ។

លោក​ម៉ាយឃើល ផេសមែន ​បាន​ថ្លែង​តាមរយៈ​អ្នក​បកប្រែ​ភាសា​ថា ​កូនក្តី​របស់​លោក​មិនត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ធ្វើការ​បកស្រាយ​នូវ​អ្វី ​ដែល​គាត់​ចង់​និយាយ​នោះ​ទេ។ ​ហើយ​លោក​បាន​ទាមទារ​ឲ្យ​តុលាការ​បោះបង់​ចោល​នូវ​សំណុំរឿង​របស់​លោក​នួន ជា។

«ដូច​ដែល​បាន​លើកឡើង​ ការស៊ើប​អង្កេត​ គឺ​មិនមាន​យុត្តិធម៌។ ដូច្នេះ​ហើយ​សំណុំរឿង​របស់​លោក​ នួន ជា​ មិនគួរ​ត្រូវបាន​គេយក​មក​ជំនុំជម្រះ​នោះ​ទេ»។

សវនាការ​ចំនួន​បួនថ្ងៃ ​នៅពេល​នេះ ​នឹង​ជជែក​អំពី​អញ្ញត្រកម្ម​ផ្សេងៗ ​នៅក្នុង​នោះ​និង​មាន​ការជជែក​ អំពី​ការកាត់ទោស​ពីរដង​ទៅលើ​អៀង សារី​ ការលើកលែង​ទោស​ទៅលើ​អៀង សារី ​និង​ការចូលរួម​របស់​សាក្សី​ជាដើម។

នួន ជា​ បាន​ចាកចេញ​ពី​បន្ទប់​សវនាការ​ដោយ​បញ្ហា​សុខភាព ​ហើយ​បន្ទាប់​មក​អៀង ធីរិទ្ធ ​ក៏បាន​ចាកចេញ​ទៅ​បន្ទប់​ឃុំឃាំង​ដែរ ​ដោយសារ​តែ​មូលហេតុ​ដូចគ្នានេះ។

ផ្ទុយ​ទៅវិញ ​មេធាវី​របស់​ខៀវ សំផន ​បាន​ស្នើឲ្យ​ក្រុម​ចៅក្រម​របស់​អង្គជំនុំ​ជម្រះ​សាលាដំបូង​ដោះលែង​កូន​ក្តី​របស់​ខ្លួន​ទៅកាន់​បន្ទប់​រង់ចាំ​ ឬ​ក៏​ទៅកាន់​បន្ទប់​ឃុំឃាំង។ ក៏ប៉ុន្តែ​ប្រធាន​អង្គ​ជំនុំជម្រះ​លោក​ចៅក្រម​ និល ណុន ​បាន​ទាត់​ចោល​សំណើ​នោះ ​ដោយ​សំអាង​ថា​ លោក​ខៀវ សំផន ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ ដែល​គួរ​ត្រូវ​ចាកចេញ​​ពីបន្ទប់​សវនាការ​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

ខណៈ​ពេល​សវនាការ​មេខ្មែរ​ក្រហម​ចាប់ផ្តើម​ជនរងគ្រោះ​ធូរចិត្ត​ហើយ​សង្ឃឹម​ថា​នឹង​បាន​យុត្តិធម៌

Posted: 27 Jun 2011 12:39 PM PDT

អ្នករស់រាន​មាន​ជីវិត​ពី​គុក​ទួលស្លែង ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​នៅក្នុង​របប​ខ្មែរ​ក្រហម​ ព្រមទាំង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ប្រាថ្នា​ចង់​ឃើញ​សាលាក្តី​ប្រល័យ​ពូជសាសន៍​កាត់ទោស​ពួកខ្មែរ​ក្រហម​ផ្តន្ទាទោស​ចំពោះ​មេដឹកនាំ​កំពូលៗ​របស់​ខ្មែរ​ក្រហម​ចំនួន​បួន​រូប​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​ទៅតាម​ទោស​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ការ​លើកឡើង​នេះ ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខណៈពេល​ដែល​សាលាក្តី​ខ្មែរ​ក្រហម ​បាន​បើក​សវនាការ​ជា​បឋម ​ចំពោះ​សំណុំរឿង​០០២​ ដែល​មាន​ជនជាប់​ចោទ​ជា​មេដឹកនាំ​ខ្មែរ​ក្រហម​ចំនួន​បួន​រូប​ គឺ​លោក​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ ​លោក​នួន ជា ​អតីត​ប្រធាន​រដ្ឋសភា ​លោក​អៀង សារី​ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និង​ភរិយា​របស់​លោក ​គឺ​អ្នកស្រី​អៀង ធីរិទ្ធ ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ដើរ​ចុះ​ពី​អគារ​នៃ​អង្គ​ជំនុំជម្រះ​របស់​សាលាក្តី​ខ្មែរក្រហម លោក​វ៉ាន់ ណាត​ អាយុ​៦៦ឆ្នាំ​មានសក់​ពណ៌​ស ​ជា​អ្នករស់រាន​មាន​ជីវិត​មួយរូប​ពី​គុក​ទួលស្លែង ​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​នឹង​អ្នកកាសែត​​ថា​ លោក​សង្ឃឹមថា​ ទី​បញ្ចប់​ក្នុង​សំណុំរឿង​០០២​នេះ ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

«ចំា​ស្តាប់​ការ​រៀបចំ​ជា​បឋម​យើង​សង្ឃឹម​ថា​ ទីបញ្ចប់​យើង​នឹង​បាន​យុត្តិធម៌​អំពី​ជំនុំជម្រះ​០០២»។

កញ្ញា​សេង ធារី​ ប្រធាន​សមាគម​ជនរងគ្រោះ​របបខ្មែរក្រហម​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ កញ្ញា​ មាន​ភាព​រន្ធត់​នៅពេល​ដែល​ចូលរួម​សវនាការ​កាត់ទោស​ជាបឋម​របស់​សាលាក្តី​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២ ​ដែល​បាន​ទន្ទឹង​រង់ចាំ​ជាយូរ​យា​ណាស់​មក​ហើយ។

កញ្ញា​បាន​និយាយ​ទៀតថា ​សវនាការ​ថ្ងៃនេះ​ មាន​សារៈសំខាន់​ ដែល​យើង​កំពុង​ទាមទា​រកយុត្តិធម៌​ និង​ការណ៍​ពិត​ចំពោះ​ជនរងគ្រោះ។

«ថ្ងៃ​នេះ​ខ្ញុំ​រីករាយ ​ដែល​បាន​ចូល​រួម​ជាក់ស្តែង​ជា​ជនរងគ្រោះ ​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី​នូវ​ក្នុង​ការ​ផ្តន្ទាទោស​លើ​លោក​នួន ជា ​លោក​អៀង សារី ​លោក​ខៀវ សំផន ​ហើយ​លោកស្រី ​អៀង ធីរិទ្ធ។ អញ្ចឹង​ជា​ថ្ងៃ​អស្ចារ្យ​ ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត ​ដែល​ខ្ញុំ​ហើយ​ជនរងគ្រោះ​ផ្សេងៗ​ទៀត​រីករាយ​ក្នុង​ការចូលរួម»។

នៅថ្ងៃ​ដំបូង​នៃ​សវនាការ​ជា​បឋម ​ជន​ជាប់ចោទ​ដែល​ជាមេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​ទាំង​បួន​រូប ​មាន​វត្តមាន​នៅក្នុង​បន្ទប់​សវនាការ។ ក៏ប៉ុន្តែ​លោក​នួន ជា ​បងធំ​ទី២ ​នៅក្នុង​របប​ខ្មែរ​ក្រហម ​បាន​ដើរចេញ​ពី​បន្ទប់​សវនាការ​បន្ទាប់ពី​លោក​បាន​សម្តែង​ការ​មិនពេញ​ចិត្ត​ចំពោះ​សាលាក្តី​ខ្មែរ​ក្រហម។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​មួយ​រូប ​បាន​និយាយថា ​លោក​សប្បាយ​ចិត្ត​ជាង​ករណី​ជំនុំជម្រះ​លោក​កាំង ហ្កេកអ៊ាវ​ ហៅ​ ឌុច ​ទៅ​ទៀត ​ដោយ​ហេតុថា​ មេដឹកនាំ​នៅក្នុង​របប​មួយ​ត្រូវបាន​នាំ​យកមក​កាត់ទោស។

លោក​ឡៅ ម៉ុងហៃ​ នៅពេល​ដែល​លោក​រំលឹក​ដល់​ការស្លាប់​បាត់បង់​ជីវិត​របស់​បង​ ប្អូន​ពីរនាក់​នៅក្នុង​របប​ខ្មែរក្រហម​លោក​បាន​សម្តែង​ការ​ក្តុកក្តួល​និង​ប្រាថ្នា​ចង់​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ដាក់​ទោសទណ្ឌ​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំងបួន​រូប​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត។

«អាហ្នឹង​ធ្ងន់​ជាង​គេបង្អស់​ពីព្រោះ​អ្នកទទួល​ខុស​ត្រូវ​ខ្ពស់​ជាងគេ​ទាំងអស់។ បើ​ចិត្ត​ខ្លួន​ឯង​ អ្នក​ទទួលខុស​ត្រូវ​ខ្ពស់ៗ​អញ្ចឹង ​គឺ​ត្រូវ​ដាក់​ទណ្ឌកម្ម​ឲ្យ​ខ្ពស់​បំផុត»។

លោក ​ជុំ មី ​អាយុ​៨០ឆ្នាំ ​អ្នករស់រាន​មាន​ជីវិត​មួយរូប​ផ្សេង​ទៀត​ពី​មន្ទីរ​ឃុំឃាំង​ស២១​ បាន​និយាយ​ថា ​លោក​រង់ចាំ​ថ្ងៃ​សវនាការ​នេះ​ជាយូរ​ណាស់​មកហើយ។ ហើយ​ក្នុង​ចិត្ត​របស់​លោក​មាន​ការ​រីករាយ​តាំងពី​លោក​ចូលរួម​នៅក្នុង​ពិធី​បួងសួង​នៅ​វាលពិឃាត​បឹង​ជើងឯក​កាលពី​សប្តាហ៍​មុន។

«ថ្ងៃ​នេះ​ អារម្មណ៍​របស់​យើង​សប្បាយចិត្ត​ណាស់​ យើង​ចូលរួម​ស្តាប់​ ដើម្បី​តើចៅក្រម​ព្រះរាជអាជ្ញា​ ហើយ​ជនជាប់ចោទ ​គាត់​មាន​ប្រសាសន៍​យ៉ាង​ម៉េច ​យើង​ចង់​ដឹង»។

លោក​ស៊ុំ រិទ្ធី ​អាយុ​៥៨ឆ្នាំ ​អតីត​អ្នកទោស​នៅភូមិភាគ​ឧត្តរ​នៅ​មន្ទីរ​ឃុំឃាំង​គុក​ធំ​នៃ​ខេត្ត​សៀមរាប​បាន​និយាយ​ថា​ លោក​ចង់ដឹង​ការណ៍​ពិត​ពី​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​បួន​រូប​ថា​តើ​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​នៅក្នុង​របប​ខ្មែរក្រហម​បាន​កើត​មាន​ឡើង​ដោយ​សារ​អ្វី។

«សូម​មេដឹកនាំ​ខ្មែរក្រហម​ទាំងបួន​រូបនេះ ​និយាយ​ការណ៍​ពិត ​និង​បង្ហាញ​ការណ៍​ពិត​ឲ្យ​ជាតិ ​និង​អន្តរជាតិ ​បាន​ដឹង​ថា ​តើ​ការ​កាប់​សម្លាប់​ពូជសាសន៍​ឯង ​ដែល​ពិភពលោក​គេ​មិនដែល​ដឹង​ គេ​មិន​ដែលឮ ​តើ​រឿង​ហ្នឹង វា​ចេញ​ពីណា​មក ​ហើយ​ខ្ញុំ​សូម​ឲ្យ​គាត់​និយាយ​ពី​ការណ៍​ពិត»។

លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម ​បាន​មាន​ប្រសាសន៍​ថា ​សវនាការ​ថ្ងៃនេះ ​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ក៏ដូចជា​ប្រជាជន​ពិភពលោក​ទាំងមូល​ពីព្រោះ​សវនាការ​លើ​សំណុំរឿង​០០២​នេះ ​មាន​សារៈសំខាន់​បំផុត​បន្ទាប់ពី​សវនាការ​របស់​ណាស៊ី ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទីពីរ។

«សវនាការ​នេះ ​យើង​គិតថា​ ជា​ដំណាក់កាល​មួយ​ដ៏​សំខាន់បំ​ផុត​សម្រាប់​ប្រជាជន​កម្ពុជា ​ដោយសារ​ថា​ ប្រជាជន​កម្ពុជា​រង់ចាំ​ជា​យូរឆ្នាំ​មកហើយ ​នៅក្នុង​ការ​ទន្ទឹង​រង់ចាំ​នូវ​យុត្តិធម៌​ ហើយ​ឥឡូវ​នេះ ​ដំណើរការ​នៃ​ការ​ស្វែងរក​យុត្តិធម៌​នោះ​បាន​មកដល់​ហើយ»។

សវនាការ​ជាបឋម​ លើ​សំណុំរឿង​០០២​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ចំនួន​បួនថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី២៧​ និង​បញ្ចប់​នៅ​ថ្ងៃទី៣០​ ខាង​មុខ​នេះ។

ជន​ជាប់ចោទ​ មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​បួនរូប​ ត្រូវបាន​ចោទប្រកាន់​ដូចៗគ្នា​ ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​មនុស្សឃាត ​ការធ្វើ​ទារុណកម្ម ​និង​ការធ្វើ​ទុកបុកម្នេញ​ខាង​ផ្នែក​សាសនា៕

This posting includes an audio/video/photo media file: Download Now

ប្រទេស​ថៃ​លាលែង​ពី​សមាជិកភាព​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក

Posted: 27 Jun 2011 12:02 PM PDT

នៅ​ថ្ងៃច័ន្ទ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​សម្តែង​ការ​ស្វាគមន៍​ដល់​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ​ពិចារណា​លើ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​ បើ​ទោះបី​ជា​ប្រទេស​ថៃ​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​អង្គការ​យូណេស្កូ​នេះ​ក៏​ដោយ។

ប្រទេស​ថៃ​ បាន​ដក​ខ្លួន​ចេញ​ពី​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ឆ្នាំ១៩៧២​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។​ នេះ​បើយោង​តាម​កាសែត​ថៃ​ The Nation ​បាន​រាយការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​បាន​សម្រេច​ផ្តល់​យុត្តិធម៌​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ផែនការ​គ្រប់គ្រង​ អភិរក្ស ​និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ។

«ដល់​ឥឡូវ ​យើង​សុំ​តែ​យុត្តិធម៌។ យុត្តិធម៌​នៅ​ឆ្នាំ១៩៦២​ធ្វើឱ្យ​ថៃ​ដកខ្លួន​ចេញពី​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ឥឡូវ​ជាថ្មី​ម្តងទៀត​ ថៃ​ដកខ្លួន​ចេញពី​សមាជិក​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក។ (ខ្ញុំ) សូម​ផ្តាំ​ទៅ​ឯកឧត្តម​អាប់ភីស៊ីត វីចាជីវ៉ា ​ បើ​ចិត្ត​កូនប្រុស ​ឯកឧត្តម​ធ្វើ​លិខិត​ជាផ្លូវ​ការ​នៅថ្ងៃ​ស្អែក​ ពីព្រោះ​ថ្ងៃស្អែក​ជាថ្ងៃ​ប្រជុំ​គណៈរដ្ឋមន្ត្រី»។

លោក​ស៊ូវិត ឃុនគីតទិ (Suwit Khunkitti) ​ប្រធាន​គណៈ​ប្រតិភូ​ថៃ​ចរចា​ជាមួយ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ​នៅក្នុង​ទីក្រុង​ប៉ារីស​បាន​ថ្លែង​ថា ​គណៈ​ប្រតិភូ​របស់​លោក​បាន​ប្រាប់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ថា​ ប្រទេស​ថៃ​បាន​លាលែង​ចេញ​ពី​ប្រទេស​សមាជិក​នៃ​អនុសញ្ញា។

លោក​ស៊ូវិត​រដ្ឋមន្ត្រី​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ ​បាន​បញ្ជាក់​ថា ​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក​មិន​អើពើ​ការព្រួយ​បារម្ភ​របស់​ប្រទេស​ថៃ​ដែល​ពិចារណា​លើ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា ​នឹង​ធ្វើឱ្យ​ស្មុគស្មាញ​ដល់​ជម្លោះ​ព្រំដែន​ថៃ​ កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​បន្ត​ថា ​ប្រទេស​កម្ពុជា​ត្រូវការ​អង្គការ​យូណេស្កូ​នេះ។​ ប្រទេស​កម្ពុជា​មិនដក​ខ្លួន​ចេញពី​អង្គការ​យូណេស្កូ​នេះ​ទេ។ ប្រទេស​កម្ពុជា​បាន​ខំប្រឹងប្រែង​ប្រែក្លាយ​ខ្លួន​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅក្នុង​ឆ្នាំ​២០០៩។

«យើង​មិនដក​ខ្លួន​ចេញពី​អង្គការ​យូណេស្កូ​ទេ ​ពីព្រោះ​យើង​ជាម្ចាស់​ផ្ទះ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ច្រើន​ណាស់​ ដូចជា​ប្រាសាទ​អង្គរវត្ត ​ប្រាសាទ​ព្រះវិហារ ​និង​សម្បត្តិ​អរូបិយ​មួយ​ចំនួន​ទៀត ​ហើយ​ឥឡូវ​កំពុង​តែ​ត្រៀម​បញ្ចូល​ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក​នូវ​ក្បាច់​គុណ​បុរាណ​ខ្មែរ​ ដែល​មាន​ល្បុក្កតោ​ ខ្លា​ក្រាប​ ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក។ ដូច្នេះ​យើង​ត្រូវការ​អង្គការ​យូណេស្កូ​នេះ។ យើង​មាន​បេតិកភណ្ឌ​ច្រើន​ណាស់»។

កាសែត​ថៃ ​បាងកក​ប៉ុស្តិ៍​ (Bangkok Post) ​បាន​រាយការណ៍​នៅថ្ងៃ​ច័ន្ទនេះ​ថា ​លោក​នាយករដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត វិចាជីវ៉ា (Abhisit Vejjajiva) បាន​ការពារ​សេចក្តី​សម្រេច​ដក​ប្រទេស​ថៃ​ ចេញ​ពី​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ដោយ​ថ្លែង​ថា ​ការ​យល់ព្រម​លើ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​នឹង​ដាក់​ប្រទេស​ឱ្យ​ស្ថិត​នៅត្រង់​ចំណុច​ចាញ់​ប្រៀប​គេ៕

This posting includes an audio/video/photo media file: Download Now

សវនាការ​សំខាន់​នៃ​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ចាប់​ផ្តើម

Posted: 27 Jun 2011 12:51 PM PDT

ប្រជាពលរដ្ឋ​កម្ពុជា​បាន​រង់ចាំ​អស់​រយៈ​ពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ​នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​ក្រហម​រស់​រាន​មាន​ជីវិត​បាន​លេច​មុខ​នៅ​ក្នុង​តុលាការ​ ដែល​ចោទ​ពួក​គេ​ពី​បទ​ឧក្រិដ្ឋ​នានា​ ដូច​ជា​ អំពើ​ប្រល័យ​ពូជ​សាសន៍​ បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ បទ​មនុស្សឃាត។ បទ​ចោទ​នេះ​គឺ​វែង​ណាស់។

ជន​ជាប់​ចោទ​ទាំង​បួន​រូប​នោះ​រួម​មាន​៖ នួន​ ជា​ ដែល​ស្គាល់​ថា​ជា​ បង​ធំ​ទី២​ និង​ជា​មេ​ខាង​មនោគមន៍​វិជ្ជា​ ខៀវ​ សំផន​ អតីត​ប្រធាន​រដ្ឋ​ អៀង​ សារី​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ និង​ ប្រពន្ធ​របស់​គាត់​ អៀង​ ធីរិទ្ធ​ ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច។

ជនជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០២​នេះ​បាន​បដិសេធ​រាល់​បទ​ចោទ​ទាំង​នោះ។

នេះ​គឺ​ផ្ទុយ​គ្នា​ស្រឡះ​ពី​សំណុំ​រឿង​០០១​ ដែល​អតីត​ប្រធាន​គុក​ទួល​ស្លែង​កាំង​ ហ្គេក​អ៊ាវ​ ហៅ​ឌុច​ បាន​ទទួល​កំហុស​ពី​តួនាទី​របស់​ខ្លួន​ និង​សន្យា​ថា​សហការ​ជា​មួយ​តុលាការ។

ឌុច​បាន​ដឹកនាំ​មន្ទីរ​សន្តិសុខ​ ស​ ២១​ដ៏​អសោច​នៅ​ទីក្រុង​ភ្នំពេញ​ដែល​នៅ​ទី​នោះ​យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ និង​ កុមារ​ចំនួន​១៤.០០០​នាក់​បាន​ត្រូវ​ធ្វើ​ទារុណកម្ម​ និង​ចុង​ក្រោយ​ត្រូវ​បាន​សម្លាប់​ដោយ​ចោទ​ថា​ជា​សត្រូវ​របស់​បដិវត្តន៍។

ឌុច​ បាន​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​និង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​៣៥​ឆ្នាំ។ ​ឌុច​បាន​ប្តឹង​ឧទ្ធរណ៍​ពី​សេចក្តី​សម្រេច​នេះ។

ក្នុង​សំណុំ​រឿង​នេះ​ ឌុចត្រូវ​បាន​ចោទ​ពី​បទ​អនុវត្ត​នយោបាយ​ ដែល​​ជាប់​ពាក់ព័ន្ធ​នឹង​​ការធ្វើ​ទារុណ​កម្ម​និង​ការសម្លាប់​នានា​ដើម្បី​កាត់​ផ្តាច់​ខ្សែ​រយៈ​ក្បត់​ដែល​របប​នេះ​ជឿ​ថា​ បាន​កំពុង​ព្យាយាម​ផ្តួល​រំលំ​បដិវត្តន៍។ ​ក៏​ប៉ុន្តែ​ជនជាប់​ចោទ​បួន​នាក់​ទៀត​ក្នុង​សំណុំ​រឿង​០០២​ ត្រូវ​ឡើង​សវនាការ​ក្នុង​ការបង្កើត​នយោបាយ​មួយ​ដែល​ធ្វើ​ពួក​គេ​មិន​ជាប់​ព័ន្ធនឹង​ការ​សម្លាប់​នានា។

លោកស្រី​ ក្លែរ​ ដាហ្វហ្វី (Clair​ Duffy)​ អ្នកឃ្លាំ​មើល​តុលាការ​ក្នុង​នាម​អង្គការ​ Open​ Society​ Justice​ Initiative​ ដែល​ផ្តល់​​ជំនួយ​ដោយ​មូលនិធិ​ Soros​ បាន​និយាយ​ថា​ ការខុស​ប្លែក​គ្នា​នឹង​ទំនង​ជា​បង្ហាញ​ក្នុង​ទឡ្ហីករណ៍​របស់​មេធាវី​ការពារ​ក្តី។

«នៅ​ពេល​យើង​ឃើញ​ជន​ជាប់​ចោទ​ជា​មេ​ដឹកនាំ​ទាក់ទង​ក្នុង​សវនាការ​ដែល​មាន​ទំហំ​ធំ​ដូច​នេះ​ជា​ធម្មតា​ការដោះសារ​ការពារ​ខ្លួន​ជា​ទូទៅ​ គឺថា​ពួក​គេ​មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រជុំ​ដែល​នយោបាយ​ទាំង​នោះ​ត្រូវ​បាន​បង្កើត​និង​ដាក់​ចេញ​ ឬ​ក៏​ពួក​គេ​មិន​បាន​ដឹង​ពី​អ្វី​នឹង​កើត​ឡើង​ចេញ​ពី​លទ្ធផល​នយោបាយ​នានា​ដែល​ពួក​គេ​បាន​បង្កើត​ឡើង​នោះ​ទេ​ ឧទាហរណ៍​ដូច​ជា​ ការសម្លាប់​ និង​ការធ្វើ​ទារុណកម្ម​ជាដើម»។

នៅ​ពេល​ដែល​តុលាការ​បិទ​សំណុំ​រឿង​០០២​ មន្រ្តី​តុលាការ​និយាយ​ថា​ មាន​ ឯកសារ​៣៥.០០០​ក្នុង​សំណុំ​រឿង​ដែល​ធ្វើ​ឲ្យ​មាន​ការស្មុគ​ស្មាញ​បំផុត​ចាប់​តាំង​ពី​សវនាការ​នៃ​ពួក​ណាហ្ស៊ី​នៅ​ Nuremberg។

ហើយ​មាន​ភាព​ស្មុគ​ស្មាញ​ដទៃ​ផ្សេង​ទៀត​ដែរ។ ជា​បឋម​នោះ​គឺ​ក្នុង​ពេល​ថ្មី​នេះ​តុលាការ​នេះ​ត្រូវ​បាន​រំខាន​​ដោយ​ការបែងចែក​សំណុំ​រឿង​បន្ថែម​ពីរ​ទៀត​ ដែល​គេ​ស្គាល់​ថា​ សំណុំ​រឿង​០០៣​ និង​០០៤។ ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ជា​យូរ​មក​ហើយ​ថា​ សំណុំ​រឿង​ចុង​ក្រោយ​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរការ​ទេ ​ពីព្រោះ​ការបន្ត​ដំណើរការ​នេះ​នឹង​អាច​នាំ​ឲ្យ​មាន​ការគំរាម​កំហែង​ដល់​ស្ថិរភាព​របស់​ ប្រទេស​ ហើយ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ត្រូវ​គេ​ចោទ​ពី​បទ​បង្អាក់​ដំណើរ​ការ​សំណុំ​រឿង​ទាំង​ពីរ​នេះ​ដោយសារ​សម្ពាធ​នយោបាយ។

ជា​លទ្ធផល​មាន​មន្រ្តី​ខាង​អង្គការ​សហ​ប្រជាជាតិ​មួយ​ចំនួន​បាន​សុំ​ឈប់​ពី​ការងារ​ ពី​ការិយាល័យ​ចៅ​ក្រម​ស៊ើប​អង្កេត​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​មាន​ការព្រួយ​បារម្ភ​ថា​ ការដោះស្រាយ​សំណុំ​រឿង​០០៣​និង​០០៤​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ការងារ​របស់​តុលាការ។

ការ​ប្រឈម​មួយ​ទៀត​គឺ​ថា​ ជនជាប់​ចោទ​ទាំង​បួន​រូប​សុទ្ធ​តែ​មាន​វ័យ​ចាស់​ ក្នុង​អាយុ​រវាង​ ៧៩​ ទៅ​៨៥​ឆ្នាំ​ ហើយ​ពួក​គេ​សុទ្ធ​តែ​មាន​សុខភាព​ទ្រុឌទ្រោម។​ សវនាការ​នេះ​នឹង​អាច​ទំនង​ជា​ធ្វើ​ឡើង​ជា​ច្រើន​ឆ្នាំ​ ហើយ​មាន​ការបារម្ភ​ថា​ ជន​ជាប់​ចោទ​ម្នាក់​ឬ​ច្រើន​អាច​ស្លាប់​មុន​ពេល​ដំណើរការ​ក្តី​ត្រូវ​បញ្ចប់។

រឿង​នេះ​បាន​កើត​ឡើង​រួច​មក​ហើយ​នៅ​តុលាការ​កាត់​ទោស​អតីត​មេដឹកនាំ​ ស៊ែប៊ី​ Slobodan​ Milosevic​ នៅ​តុលាការ​អន្តរជាតិ​ទី​ក្រុង​ឡាអេ​ និង​ដូច​គ្នា​ផង​ដែរ​ជា​មួយ​នឹង​ជន​ជាប់​ចោទ​មួយ​ចំនួន​នៅ​ក្នុង​តុលាការ​អន្តរជាតិ​ រៈវ៉ាន់ដា។

លោក​ ស្រី​ ដាហ្វហ្វី​ នៃ​អង្គការ​ OSJI​ បាន​មាន​ប្រសាសន៍​ថា​ ច្បាប់​ថ្មី​នឹង​អាច​ឲ្យ​ជនជាប់​ចោទ​មាន​ទោស​ឬ​រួច​ផុត​ពី​ការផ្តន្ទាទោស​ក្នុង​ពេល​ដំណើរ​ការ​រឿង​ក្តី។ ដូច្នេះ​ប្រសិន​បើ​ជនជាប់​ម្នាក់​បាន​ស្លាប់​មុន​គេ ពួក​គេ​អាច​ត្រូវ​បាន​ដាក់​ទោស​ឬ​ដាក់​ឲ្យ​រួច​ទោសពី​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​មុន​ពេល​ការបញ្ចប់​រឿង​ក្តី​ទាំង​នោះ។

«គោល​បំណង​នោះ​គឺ​ ពង្រួញ​តុលាការ​ឲ្យ​មាន​ទំហំ​តូច​ហើយ​ធ្វើ​ឲ្យ​ការសម្រេច​ក្តី​ដំណើរការ​ទៅ​តែ​មួយ​ម្តងៗ​ជាជាង​មាន​សវនាការ​ធំ​មួយ​ដែល​កាត់​ក្តី​ជនជាប់​ចោទ​ទាំង​បួន​នាក់​ដោយ​ព្រម​គ្នា​ដែល​អាច​នឹង​បន្ត​រាប់​សិប​ឆ្នាំ​ និង​ការសម្រេច​ក្តី​គឺ​នឹង​មិន​អាច​​ធ្វើ​ឡើង​សម្រាប់​ជន​ជាប់​ចោទ​ម្នាក់​ឬ​ជន​ជាប់​ចោទ​ទាំងអស់​នោះ»។

នួន​ ជា​ មាន​អាយុ​ ៨៤​ឆ្នាំ​ ជា​អនុ​ប្រធាន​របស់​ ប៉ុល​ ពត​ គឺ​ជា​ជនជាប់​ចោទ​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​គេ​ទី​ពីរ។ ពី​មុន​មក​គាត់​បាន​ចោទ​រាល់​ការកើត​ឡើង​ខុស​ឆ្គង​នានា​ក្នុង​កំឡុង​ការ​គ្រប់គ្រង​របស់​គាត់​ទាំង​ស្រុង​ទៅ​លើ​សត្រូវ​ចាស់​គឺ ប្រទេស​វៀតណាម។

លោក ​ម៉ាយឃើល ផេសមែន (Michael ​Pestman)​ មេធាវី​ការពារ​ក្តី​របស់​ នួន ជា ​និយាយ​ថា​ គាត់​មិន​មាន​សុទិដ្ឋិ​និយម​ចំពោះ​កូន​ក្តី​របស់​គាត់​ថា​នឹង​ទទួល​បាន​នូវ​ការកាត់​ក្តី​ដ៏​យុត្តិធម៌​នោះ​ទេ។

«តាម​យើង​ដឹង​សញ្ញា​ភ្លើង​គឺ​ក្រហម​ដាក់​យើង​ជានិច្ច។ យើង​មាន​ការព្រួយ​បារម្ភ​ថា​ តុលាការ​នេះ​មិន​អាច​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​ទេ​ នោះ​គឺ​ការផ្តល់​នូវ​ការកាត់​ទោស​មួយ​ដ៏​យុត្តិធម៌»។

លោក ​Pestman ​បាន​ចោទ​ការិយាល័យ​ចៅក្រម​ស៊ើប​អង្កេត​ដែល​ជា​ការិយាល័យ​ធ្វើការ​រក​ភស្តុតាង​នានា​ដើម្បី​បញ្ជាក់​ថា​មាន​កំហុស​ ឬ​គ្មាន​កំហុស​ តែ​ការិយាល័យ​នេះ​បែរ​ជា​ចង់​រក​តែ​ព័ត៌មាន​ដែល​អាច​គ្រាន់​តែ​ដាក់​បន្ទុក​ ជា​ជាង​ដោះ​បន្ទុក​ទៅ​លើកូន​ក្តី​គាត់។

លោក​និយាយ​ថា​ ធ្វើ​ដូច​នេះ​គឺ​មិន​បាន​ផ្តល់​ការកាត់​ក្តី​ដ៏​យុត្តិធម៌​សម្រាប់​ នួន​ ជា​ ទេ។

«ហើយ​យើង​បាន​ព្យាយាម​ធ្វើការ​មាន​ការផ្លាស់ប្តូរ​ក្នុង​ការស៊ើប​អង្កេត​នេះ ក៏​ប៉ុន្តែ​រាល់​សំណើ​របស់​យើង​ទាំងអស់​ដែល​យើង​ចង់​ឮ​ពី​សាក្សី​ផ្សេងៗ​នោះ​ ត្រូវ​បាន​គេ​បដិសេធ​ចោល។ ​ហើយ​យើង​សង្ឃឹម​ថា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​អនុញ្ញាត​​ឲ្យ​សាក្សី​ទាំង​នោះ​និយាយ។ ហើយ​យើង​នឹង​រង់ចាំ​ថា​តើ​ ពួក​គេ​មាន​បំណង​ចង់​ធ្វើ​ដូច្នេះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឬ​ទេ​ ក៏​ប៉ុន្តែ​យើង​ព្រួយ​បារម្ភ​ថា​ ពួក​គេ​មិន​ចាប់​អារម្មណ៍​ដូច​ដែល​យើង​បាន​គិត​នោះ​ទេ»។

រាល់​ភស្តុតាង​ជា​ច្រើន​ប្រឆាំង​នឹង​ជនជាប់​ចោទ​ទាំង​បួន​រូប​នោះ​គឺ​បាន​មក​ពី គម្រោង​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ទី​ក្រុង​ភ្នំពេញ​ដែល​ស្គាល់​ថា​ជា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ មជ្ឈមណ្ឌល​នេះ​បាន​ផ្តល់​ឯកសារ​ប្រហែល​ជា​ប្រាំ​សែន​ច្បាប់​ទៅ​តុលាការ។

លោក​ ឆាំង​ យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​កំពុង​តែ​រង់ចាំ​អស់​រយៈ​ពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ។ លោក​ ឆាំង​ យុ​ មាន​ប្រសាសន៍​ថា​ សំណុំ​រឿង​ទី​២​នេះ​គឺ​ជា​កម្លាំង​ចលករ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ចាត់​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​របស់​ពួក​គេ។

«ដូចេ្នះ​ ខ្ញុំ​គិត​ថា​ សំណុំ​រឿង​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ខ្ញុំ​ ក៏​ដូច​ជា​អ្នក​រស់​រាន​មាន​ជីវិត​ដទៃ​ទៀត​ដែរ​ ពីព្រោះ​យើង​ទាំង​អស់​គ្នា​ស្គាល់​អ្នក​ទាំង​បួន​នាក់​នោះ​ហើយ។ ខណៈ​ដែល​យើង​រាល់​គ្នា​ដឹង​ថា​​ពួក​គេ​មិន​បាន​ទទួល​ស្គាល់​នូវ​អ្វី​ដែល​បា​នកើត​ឡើង។ ពួក​គេ​បាន​ចោទ​ទៅ​អ្នកថ្នាក់​ក្រោម​របស់​ពួក​គេ ​និង​ពួក​គេ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ​ខ្ញុំ​គិត​ថា​ វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​មាន​សំណុំ​រឿង​នេះ។ យើង​ចង់​ឮ​តើ​ពួក​គេ​នឹង​និយាយ​ថា​យ៉ាង​ដូចម្តេច​ទៅ»។

មិន​ថា​លទ្ធផល​យ៉ាង​ដូចមេ្តច​ទេ​ មិន​ថា​ជន​ជាប់​ចោទ​ណា​ម្នាក់​ ឬ​ទាំង​អស់​អាច​រស់​ដល់​ពេល​កាត់​ទោស​ចប់​ទេ​ ថ្ងៃ​ច័ន្ទ​នេះ​គឺ​មាន​សារៈសំខាន់​ណាស់។ មេ​ដឹកនាំ​នៃ​របប​នយោបាយ​ដ៏​សាហាវ​ព្រៃ​ផ្សៃ​មួយ​ក្នុង​សតវត្សរ៍​ទី​២០​នេះ​នឹង​ឡើង​សវនាការ​ ទទួល​ខុស​ត្រូវ​នូវ​បទ​ឧក្រិដ្ឋ​នានា​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ក្នុង​នាម​បដិវត្តន៍​របស់​ពួកគេ»៕

ប្រែ​សម្រួល​ដោយ​ ហ៊ុយ​ សម្ផស្ស

This posting includes an audio/video/photo media file: Download Now

ការ​លើកលែង​ទោស​និង​ការសន្យា​របស់​រដ្ឋាភិបាល​មិន​មែន​ជា​របាំង​នៃ​ការ​កាត់​ទោស​​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទេ

Posted: 26 Jun 2011 07:43 PM PDT

ការ​លើកលែង​ទោស​ ការមិនអាច​ទទួលទោស​ពីរដង​ក្នុង​បទល្មើស​តែមួយ​និង ការសន្យា​មិនយក​ទោសពៃរ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បញ្ចប់​សង្រ្គាម​រវាង​ក្រុមខ្មែរ​ក្រហម​បំបែកខ្លួន​បានកើតមាន​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុមអ្នក​ច្បាប់​អន្តរជាតិ​និង​អ្នក​ច្បាប់​ជាតិ​បាន​អះអាងថា​ រឿងរ៉ាវ​អស់នោះ​ទំនងជា​មិនអាច​រារាំង​ដល់​ការវិនិច្ឆ័យ​ទោស​ពួកអតីត​មេដឹកនាំ​ជាន់ខ្ពស់​៤នាក់​ក្នុង​សំណុំរឿង​​០០២ដែល​គេ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ២៧​​ខែ​មិថុនា​​នេះ​ទាក់ទង​នឹងអំពើ​វាលពិឃាតក្នុង​ទសវត្សរ៍​១៩៧០​នោះទេ។

អៀង សារី​ អតីត​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ខ្មែរក្រហម​ ជាជន​ជាប់ចោទ​ដែលកំពុង​ជាប់​ឃុំឃាំង​រង់ចាំការ​កាត់ទោស​ជាប្រធាន​ចលនា​បង្រួប​បង្រួម​ជាតិ​ប្រជាធិបតេយ្យ ​បាន​ដឹកនាំ​កងទ័ព​និងប្រជាជន​ជាង​២ម៉ឺននាក់​ចុះចូល​ជាមួយ​នឹង​រដ្ឋាភិបាល​កាលពី​ថ្ងៃ១៥​សីហា​​ឆ្នាំ១៩៩៦​ ដើម្បីបញ្ចប់​សង្រ្គាម​រវាងភាគី​ខ្មែរ​និងខ្មែរ។​ ជាថ្នូរនឹង​សន្តិភាព​រដ្ឋាភិបាល​បានស្នើ​ព្រះមហាក្សត្រ​សម្តេច​ព្រះនរោត្តម​ សីហនុ​នៅ​ពេល​នោះ​ដើម្បី​លើក​លែង​ទោស​ដល់​លោក​ អៀង សារី​និង​សន្យា​មិនយក​ទោសពៃរ៍​ដល់​កងទ័ព​ខ្មែរក្រហម​ជាអ្នក​ចុះចូល​ពេល​សមាហរណកម្ម​ទាំងអស់​ចំពោះ​រឿង​អតីតកាល។​ មេ​ដឹក​នាំ​ខ្មែរក្រហម​ឯទៀត​ដូចជា​ ខៀវ សំផន អតីត​ ប្រមុខរដ្ឋ​ នួន ជា​បងធំទី២​ និង​ អៀង ធីរិទ្ធ​ បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ជាមួយ​នឹង​អៀង សារី​ឬ​ក៏ក្រោយ​បន្តិច។

ការចុះចូល​នោះ​បានធ្វើឲ្យ​ពួកគេ​រស់នៅ​ដោយមាន​សេរីភាព​យាងតិច​១០ឆ្នាំ​មុន​ពេល​ត្រូវ​ចាប់​ឃុំខ្លួន​ក្នុង​តុលាការ​ដែល​ចូលរួម​ដោយ​អ.ស.ប.។

ដោយ​មិនគិត​ពីការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​នោះ​ របាំង​ការពារខ្លួន​ដូចជា​ការ​សន្យា​នានា​របស់​រដ្ឋាភិបាល​ បទល្មើស​មួយ​មិនអាច​ទទួលទោស​ពីរដង​ឬកាត់ទោស​ពីរដង​ និងការ​លើកលែង​ទោស​ជាដើមនោះ​ ក្រុម​អ្នកច្បាប់​កម្ពុជានិង​អ្នកច្បាប់ក្នុង​ប្រទេស​អាមេរិកខ្លះ​​បាន​អះអាង​ថា​ មិនអាច​ធ្វើឲ្យ​ជនជាប់​ចោទ​ជា​ពិសេស​ អៀង សារី​ រួចខ្លួន​ពីការចោទ​ប្រកាន់​លើ​បទ​ឧក្រិដ្ឋកម្ម​នានាទេ​ ប្រសិន​បើ​គេ​រក​ឃើញថា​ពួកគេ​ពិត​ជា​ បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅសម័យ​ខ្មែរក្រហម ដែលធ្វើឲ្យ​ពលរដ្ឋ​កម្ពុជា​ជាង​​១លាន​៧សែន​នាក់​ស្លាប់បាត់​បង់ជីវិត​នៅ​ចន្លោះ​ឆ្នាំ១៩៧៥​ដល់​១៩៧៩ ​នោះទេ។ លោក ​John D​ Ciorciari ​សាស្ត្រាចារ្យ​នៃសាលា​គោល​នយោបាយ​សាធារណៈ Gerald R Ford ​នៃ​សាកល​វិទ្យាល័យ​ Michigan​ ស.រ.អ.​បានថ្លែង​ប្រាប់​វីអូអេ​ខ្មែរ តាមរយៈ​សារអេឡិច​ត្រូនិក​ អ៊ីម៉េល​ថា៖

«គ្មានជន​ជាប់ចោទ​ណាម្នាក់​ក្នុងសំណុំ​រឿងលេខ​០០២​អាចប្រើ​ប្រាស់ការ​លើក​លែងទោស​ឆ្នាំ១៩៩៦​ ដើម្បីការពារ​ខ្លួនដោយ​ជោគជ័យ​នោះទេ»។

លោកបាន​ពន្យល់ថា​ ការ​លើកលែង​ទោស​ដល់​អៀង សារី​គឺផ្តោតទៅ​លើ​ការ​មិន​យក​ទោស​ពៃរ៍​លើ​ច្បាប់​កម្ពុជាឆ្នាំ​១៩៩៤​ដែល​ប្រកាស់ដាក់​ក្រុម​ខ្មែរក្រហម​ឲ្យនៅ​ក្រៅច្បាប់​ប៉ុណ្ណោះ។​ ហើយគ្មាន​និយាយ​ទៅ​ដល់ការ​មិនឲ្យ​កាត់ទោស​ចំពោះ​បទឧក្រិដ្ឋ​កម្រិត​អន្តរជាតិធំៗ​ក្នុង​សំណុំរឿង​០០២​ទេ។

នៅពេល​សួរពី​រឿង​បទល្មើស​តែមួយ​ដែល​ទទួល​ទោសពីរ​ដងឬ​មិនអាច​កាត់ទោស​ម្តង​ទៀត​បាន​នោះ​ លោក​សាស្ត្រាចារ្យ​ Ciorciari​ បាន​ពន្យល់​ថា៖ បទចោទ​ជា​ច្រើន​ដែល​តុលាការ​ខ្មែរក្រហម​ចោទ​ អៀង សារី​ មិនមែន​ជាផ្នែក​នៃ​បទល្មើស​ដែលបាន​កាត់ទោស​ក្នុងតុលាការ​​ប្រជាជន​បដិវត្តន៍​កម្ពុជាឆ្នាំ​១៩៧៩​ទេ។​ តុលាការឆ្នាំ​១៩៧៩​នោះ​ជា​តុលាការ​ប្រឌិត។​ ហើយ​គោលការណ៍​រងទោស​ពីរដង​ក្នុងកំហុស​តែមួយ​​គឺ​រារាំង​បាន​តែ​ជនជាប់​ចោទណា​ដែល​ត្រូវ​ដាក់​ទោស​បទល្មើស​ដដែល​តែប៉ុណ្ណោះ។

លោក​ Jeffrey S Brand ​នាយក​​និង​​សាស្ត្រាចារ្យ​សាលាច្បាប់​នៃសាកល​វិទ្យាល័យ​ច្បាប់​ San Francisco ​ស.រ.អ.​​បានយល់​ស្រប​ទៅនឹង​សាស្ត្រាចារ្យ​និង​អ្នកវិភាគ​ដទៃ​ទៀត​ដែរ​ចំពោះ​ការសន្យា​របស់​រដ្ឋាភិបាល​ ការលើកលែង​ទោស​ ការមិនអាច​ទទួល​ទោស​ពីរដង​ក្នុង​បទល្មើស​តែមួយ​នោះ​ មិន​អាច​រារាំង​ក្នុង​ការវិនិច្ឆ័យ​ទោស​អៀង សារី​ និង​ក្រុម​ជន​ជាប់ចោទ​នោះទេ​ តែ​លោក​បញ្ជាក់ថា បញ្ហា​នេះ​ជារឿង​សំខាន់​ចំពោះ​ច្បាប់។

«ជា​ការ​ចាប់ផ្តើម​ វាជារឿង​សំខាន់​ក្នុងការ​បញ្ជាក់ថា​ ការ​ការពារ​សិទ្ធិជន​ជាប់​ចោទ​គឺ​ជា​រឿង​សំខាន់​ដល់សង្គម​យុត្តិធម៌​និង​ត្រឹមត្រូវ។​ រឿងនោះ​ហើយ ​ដែលកិច្ចការដ៏ល្អ​ផ្នែក​គាំពារក្តី​ក្នុង​សាលាក្តី​គឺ​ជារឿង​ដ៏សំខាន់។ យើង​ចាំបាច់​ត្រូវ​តទល់ដោយ​ស្មោះត្រង់​ចំពោះ​មូលហេតុ​ដែល​យើង​បដិសេធ​ដំណើរការ​​ជាបឋម​ដ៏ពិសេស​ណា​មួយ​ ឬដោះស្រាយ​បញ្ហា​ទាក់ទង​នឹងរឿង​នយោបាយ​ ពេល​ដែល​ជន​ជាប់​ចោទ​នឹងត្រូវ​កាត់ទោស»។

លោកស្រី​ Clair Duffy ​អ្នកឃ្លាំមើល​សាលាក្តី្ត​ខ្មែរក្រហម​នៃអង្គការ​ច្បាប់​របស់​ស.រ.អ.​មួយ​ឈ្មោះ​ Open Society ​Justice Initiative ​បាន​អះអាង​ថា​ ទោះបីថា​ការ​សម្រេច​របស់​អង្គបុរេ​ជំនុំ​ជម្រះ​ទាក់ទង​នឹង​ការ​លើកលែង​ទោស​ អៀង សារី​ និង ការណ៍​ដែល​មិន​ត្រូវ​ទទួលទោស​ក្នុងបទល្មើស​តែ​មួយ​នោះ​ មិន​ប៉ះពាល់​ដល់​យុត្តាធិការ​នៃ​សាលាក្តី​ដែល​ចូលរួម​ដោយ​អ.ស.ប.​មែន​ តែនេះ​ជារឿង​ដែល​អាច​មាន​ការ​តទល់​គ្នា​ក្នុង​សវនាការ។

«ខណៈពេល​ដែល​ជំហរ​អង្គបុរេ​ជនុំជម្រះ​មិនទាន់​បញ្ចប់​ចំពោះ​រឿងនេះ​ ហេតុផល​​និង​គ្រប់​ទាំង​អំណះ​អំណាង​ទំនងជា​ត្រូវលើក​ឡើង​ដោយ​អៀង សារី ជាថ្មីទៀត​ក្នុងពេល​សវនាការ​បឋម​នោះ។ អ្វីដែល​គេអាច​និយាយ​បាន​គឺថា​តុលាការ​នៅជុំវិញ​ពិភពលោក​ដែល​អនុវត្ត​យុត្តាធិការ​ទាក់ទង​នឹង​បទឧក្រិដ្ឋ​អន្តរជាតិ​តែងតែ​កាត់បន្ថយ​មាត្រា​ទាំង​ឡាយ​ណា​ទាក់ទង​នឹងការ​លើកលែង​ទោស ពី​ព្រោះ​ប្រភេទ​​នៃបទឧក្រិដ្ឋ​ស្ថិតក្រោម​យុត្ថាធិការ​របស់​តុលាការ»។

កិច្ច​ព្រមព្រៀង​រវាង​អ.ស.ប.​និង​កម្ពុជា​បាន​កំណត់​ថាបញ្ហា​លើកលែង​ទោស​​និង​បញ្ហា​ផុយ​ស្រួយ​ផ្សេងៗទៀត តម្រូវ​ទុកឲ្យ​ចៅក្រម​កាត់ក្តី​ជាអ្នក​សម្រេច​ តែ​មាត្រា​៤៧​​នៃ​ច្បាប់​កាត់ទោស​ខ្មែរក្រហម​បានចាត់​ទុកថា៖​ ការកាត់​សេចក្តី​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវធ្វើ​នៅក្រោម​ច្បាប់​កម្ពុជា​ ហើយ​កិច្ច​ព្រមព្រៀង​នោះ​ត្រូវ​អនុវត្ត​ជា​ច្បាប់​កម្ពុជា។

ក្រុម​អ្នក​ច្បាប់​ជាតិ​និងអន្តរជាតិ​ខ្លះ​មានមន្ទិល​សង្ស័យ​ពីផល​ប្រយោជន៍​នៃការ​បកស្រាយ​ច្បាប់​ក្នុង​សវនាការ​ដែល​ទំនង​ជាក្រុម​ជនជាប់​ចោទ​ អាចមាន​ប្រៀប​ខ្លាំង​ជាងក្រុម​ជនរងគ្រោះ ជា​ពិសេស​ទាក់ទងនឹង​ការសន្យា​របស់រដ្ឋាភិបាល​ ការលើកលែង​ទោសនិង​ការមិនអាច​ទទួលទោស​ពីរដង​ក្នុងបទល្មើស​តែមួយ​ ដ៏​ស្មុគស្មាញ​នោះ។​ ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រុមអ្នកច្បាប់​បាន​អះអាង​ថា​ ការល្អ​គឺ​ត្រូវ​រង់​ចាំមើល​អំពីការ​បកស្រាយ​ច្បាប់​ក្នុងពេល​សវនាការ។

លោកមេធាវី​ សុខ សំអឿន នាយក​ក្រុមអ្នក​ច្បាប់ការពារ​សិទ្ធិកម្ពុជា​ បានថ្លែង​ថា​ ការ​កាត់ទោស​ប្រកប​ដោយ​គំរូល្អ​ និង​​ការបក​ស្រាយច្បាប់​ដ៏ល្អគឺ​ជារឿង​សំខាន់​ជាងការ​យក​មេដឹកនាំ​ខ្មែរក្រហម​ដាក់ទោស​ទៅទៀត។

«ប្រការ​សំខាន់​យើងចង់​ឲ្យ​តុលាការ​ហ្នឹង​កាត់ក្តី​តាម​ច្បាប់​ដើម្បីបង្ហាញ​គំរូរល្អ​សម្រាប់​​ប្រទេស​កម្ពុជា។​ សំខាន់​ថា​តើ​តុលាការ​គេ​បកស្រាយ​យ៉ាងម៉េច ដោយ​មាន​មូលដ្ឋាន​ច្បាប់​សមហេតុ​សមផល​ឬអត់។ ឲ្យ​តែ​គេ​បកស្រាយ​​សមហេតុ​សមផល​យើង​ទទួល​យក​បាន​ហើយ»។

លោក​ សុខ សំអឿន​ ចោទសួរថា​តើតុលាការ​ឆ្នាំ១៩៧៩ មាន​អង្គហេតុ​អ្វីខ្លះ​ហើយ​អង្គហេតុ​នៅ​តុលាការ​ខ្មែរក្រហម​​ឥឡូវនេះ​​មានអ្វីខ្លះ​ដូចគ្នាឬ​ផ្សេងគ្នា?។ លោកថ្លែងថា​ប្រសិនបើ​អង្គហេតុ​ផ្សេងគ្នា​នោះ យុត្តាធិការ​តុលាការ​ខ្មែរក្រហម​ពិតជា​អាចកាត់​ទោស អៀង សារី​បាន។

លោក​ ហ៊ុយ វណ្ណៈ​ អ្នកនាំពាក្យ​នៃសាលាក្តី​ខ្មែរក្រហម​បានអះអាង​ថា ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរក្រហម​មាន​យុត្តាធិការ​គ្រប់គ្រាន់​ដើម្បី​ជំនុំ​ជម្រះ​ទោស​ករណី​លោក អៀង សារី ទោះ​បីជា​មានការ​លើក​លែង​​ទោស​​និង​គោលការណ៍​ទទួលទោស​ពីរដង​ក្នុងបទ​ល្មើស​តែមួយក្តី។​ ហើយ​រឿងរ៉ាវ​ទាំង​នេះ​នឹង​ត្រូវគេ​លើក​យក​មក​ជជែកគ្នា​ក្នុងពេល​សវនាការ​ដំបូង​នៅដើម​សប្តាហ៍​ខាងមុខ។

«ប៉ុន្តែសម្រាប់​ព័ត៌មាន​ដែលយើង​អាចមើល​នៅក្នុង​តុលាការ​គឺថា​ តុលាការ​នេះ​មាន​ដែន​សមត្ថកិច្ច​​និង​តួនាទី​គ្រប់គ្រាន់​ក្នុងការ​យកករណី​លោក អៀង សារី ដែលជា​ជន​ជាប់ចោទ​ពីបទប្រល័យ​ពូជសាសន៍​ បទរំលោភ​ឧក្រិដ្ឋកម្ម​នានា​ដែល​មាន​៤​ជាសំខាន់​នេះ​ គេអាចយក​មក​កាត់ទោស​នៅ​ក្រោម​ដែន​យុត្ដាធិការ​នៃ​សាលាក្តី​បាន»។

សាលាក្តី​កាត់ទោស​ខ្មែក្រហម​រងនូវការ​ចោទប្រកាន់​ពីការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​ជាពិសេស​ទាក់ទង​នឹងការ​មិនព្រម​ទៅ​ឆ្លើយ​ បំភ្លឺ​របស់​សាក្សី​សំខាន់ៗ​ជា​មន្ត្រី​កំពូលៗ​របស់​រដ្ឋាភិបាល​បច្ចុប្បន​្ន​ដែលជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម។​ ក៏​ដូច​គ្នាដែរ​គឺការ​ប្រកាស​ជា​សារធារណៈ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ច្រើន​លើក​អំពីការ​រារាំង​មិនឲ្យ​មាន​ការ​ចោទប្រកាន់​មេដឹកនាំ​ខ្មែរក្រហម​បន្ថែម​ទៀត​គឺ​សណុំរឿង​០០៣និង​០០៤។

លោក​ Peter Maguire ​អ្នកនិពន្ធ​សៀវភៅ​អំពី​រឿង​ខ្មែរក្រហម ហើយជា​សាស្ត្រាចារ្យ​​នៅ​សាកល​វិទ្យាល័យ​ស.រ.អ. ​បាន​រិះគន់​សាលាក្តី​ទាក់ទង​នឹងការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​និងការ​ខកខាន​របស់​កម្ពុជា​និងអ.ស.ប.​រយៈពេល​៣ទសវត្សរ៍ ក្នុង​រឿង​នាំ​យុត្តិធម៌​ជូន​ជន​រងគ្រោះ។​ លោកបាន​បញ្ជាក់ថា៖​ «តាម​មើល​ទៅ ចំពោះខ្ញុំ​ រដ្ឋាភិបាល​កម្ពុជា​ទំនងជា​មិន​ខ្ជះខ្ជាយ​ពេលវេលា​នេះ​ ហើយនិង​លុយ​កាក់​ ដើម្បី​គ្រាន់តែ​ចង់បង្ក​ឲ្យជន​ជាប់ចោទ​កំពូលៗ​បានរួចខ្លួន​នោះ​ទេ»៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!