VOA News: ព័ត៌មាន: “ភាពចម្រូង​ចម្រាស​រវាង​សហ​ព្រះរាជអាជ្ញា​ចំពោះ​ការ​ស៊ើប​អង្កេត​សំណុំរឿង០០៣” plus 5 more

VOA News: ព័ត៌មាន: “ភាពចម្រូង​ចម្រាស​រវាង​សហ​ព្រះរាជអាជ្ញា​ចំពោះ​ការ​ស៊ើប​អង្កេត​សំណុំរឿង០០៣” plus 5 more


ភាពចម្រូង​ចម្រាស​រវាង​សហ​ព្រះរាជអាជ្ញា​ចំពោះ​ការ​ស៊ើប​អង្កេត​សំណុំរឿង០០៣

Posted: 13 May 2011 02:35 PM PDT

កាលពី​ថ្ងៃច័ន្ទ ​និង​ថ្ងៃអង្គារដើម​សប្ដាហ៍​នេះ សហ​ព្រះរាជ​អាជ្ញា​ជាតិ​ និង​អន្ដរជាតិ​បាន​បង្ហាញ​ជំហរ​ខ្វែង​គ្នា​សា​ជាថ្មី​ចំពោះ​សំណុំរឿង​០០៣។ សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ ​លោក​ អ៊ែនឌ្រូ ខេលី (Andrew Caley) បាន​ស្នើ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ធ្វើការ​បន្ថែម​ទៀត​លើ​សំណុំ​រឿង​នេះ​ ហើយ​បាន​ស្នើ​ឲ្យ​បង្ហាញ​ព័ត៌មាន​ជា​ច្រើន​ ទៀត​ដែល​មាន​សារៈសំខាន់​សម្រាប់​មហាជន​ ដែលព័ត៌មាន​នោះ​​រួម​បញ្ចូល​ទាំង​អត្តសញ្ញណ​ជន​សង្ស័យ​ទៀត​ផង។ ក៏ប៉ុន្ដែ​សហ​ព្រះរាជអាជ្ញា​ជាតិ​លោក​ស្រី ជា លាង​ បាន​ជំទាស់​ថា ជន​ជាប់​សង្ស័យ​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជា​ផ្លូវការ​នៅឡើយ​នោះ​ថា ពួកគេ​មិន​ស្ថិត​ក្នុង​យុត្តាធិការ​សម្រាប់​នាំ​ខ្លួន​យក​មក​កាត់ទោស​ទេហើយ​ការកាត់ទោស​សំណុំរឿង​ចំនួន​ពីរ​ ដែល​កំពង់តែ​ដំណើរការ​នៅក្នុង​ពេលបច្ចុប្បន្ន​នេះ​គឺ​គ្រប់គ្រាន់​ហើយ។

អ្នក​សង្កេត​​ដំណើរការ​សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា ការ​ជំទាស់​របស់​ភាគី​កម្ពុជា​នៅ​ពេល​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ប្រកាសអំ​ពី​ការបិទ​បញ្ចប់​ការ​ស៊ើបអង្កេត​នៅ​ក្នុង​សំណុំ​រឿង​០០៣នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា ភាគី​ជាតិ​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម ដើរ​តាម​លំអាន​នយោបាយ​រដ្ឋាភិបាល​កម្ពុជា។ ជំហរ​បែប​នេះ​គឺ​ជា​ឧបសគ្គ​មួយ​ដែល​ធ្វើឲ្យ​សំណុំ​រឿង​០០៣​ និង​០០៤​ មាន​ភាព​មិនច្បាស់​លាស់។

បណ្ឌិត​ឡៅ ម៉ុងហៃ ​មាន​ប្រសាន៍​នៅថ្ងៃ​សុក្រ​នេះថា ​ភាព​ចម្រូងចម្រាស់​ដោយសារ​តែ​រដ្ឋា ភិបាល​កម្ពុជា​ជ្រៀត​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​សាលាក្ដី​ខ្មែរ​ក្រហម។ លោក​បាន​បា្រប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំថា​ រឿងនេះ​មាន​ការ​ពិបាក​នឹង​បដិសេធ​ថា​ អត់​មាន​ការជ្រៀត​ជ្រែក​ ពីព្រោះ​ជហរ​របស់​រាជ រដ្ឋាភិបាល​ហើយ​នឹង​ជំហរ​របស់​សហ​ព្រះរាជអាជ្ញា​កម្ពុជា​ដូច​អត់​ខុសគ្នា។ ដូច​កន្លែង​ខ្លះ​ខ្ញុំ​ស្តាប់​ទៅ​ដូច សម្តី​តែមួយ»។

ការ​លើកឡើង​ពី​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រ​ហម​មិនមែន​ជា​លើក​ទី១​ទេ។ ការចោទ​ប្រកាន់​បែបនេះ​បាន​ក្លាយ​ជា​កង្វល់​មួយ​សម្រាប់​ការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម។ លោក​ ឡៅ ម៉ុងហៃ ​មើល​ឃើញថា ប្រសិន​បើ​ការ​ជ្រៀត​ជ្រែក​បែប​នេះ​នៅ​តែ​បន្ដ វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​កាត់ទោស​សំណុំ​រឿង​០០៣​ ហើយ​ថា​តើ​ការ​កាត់ក្ដី​ក្នុង​សំណុំ​រឿង​នេះ​អាច​នឹង​កើត​មាន​ដែរ​ឬ​ទេ។

លោកហង្ស ឆាយ៉ា នាយក​ប្រតិបត្តិ​នៃ​វិទ្យាសា្ថន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​យល់​ឃើញ​ថា ការ​ជំទាស់​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​កម្ពុជា​នៅក្នុង​សាលាក្ដី​ខ្មែរក្រហម​ដោយសារ​តែការ​​ភ័យ​ខ្លាច​ចំពោះ​ផល​ប៉ះពាល់​ដល់​គោលនយោបាយ​ផ្សះផ្សារ​ជាតិ​ បន្ទាប់ពី​រដ្ឋាភិបាល​ខ្មែរ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ពួក​ខ្មែរ​ក្រហម​ដើម្បី​បញ្ចប់​សង្រ្គាម​នៅ​ឆ្នាំ១៩៩៨។ លោក​បន្ត​ថា៖

«ត្រូវ​ប្រយ័ត្ន​ដែរ​ពីព្រោះ​ផ្នែក​ខាង​យោធា​អតីត​ខ្មែរក្រហម​ គឺ​មាន​នៅ​ក្នុង​ហ្នឹង ​ហើយ​គេ​មិន​ចង់​ឲ្យ​មាន​ការ​ប៉ះពាល់​អារម្មណ៍​ ឬ​ក៏​អ្វី​ដោយសារ​ការ​លើក​ឡើង​ក្នុង​សំណុំ​រឿង​០០៣ ​និង​០០៤ ​ដោយ​ប៉ះ ពាល់​ និង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​តាំងពី​ឆ្នាំ​១៩៩៨»។

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន​ ធ្លាប់​បាន​ថ្លែង​ប្រាប់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមួន ថា កម្ពុជា​មិន​ត្រូវ​ការ​កាត់​ទោស​ជនសង្ស័យ​ក្នុង​សំណុំរឿង​០០៣​ និង​០០៤ទេ។ រដ្ឋាភិបាល​កម្ពុជា​ និង​សហ​ព្រះរាជអាជ្ញា​ជាតិ​ធ្លាប់​បាន​លើក​ឡើង​ថា ​ការ​ចាត់​ការ​សំណុំ រឿង​ទាំង​នេះ​អាច​នឹង​បំផ្លាញ​សន្ដិសុខ​ជាតិ​ដ៏​ផុយ​ស្រួយ។

អ្នកនាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ទាំងពីរ​រូប​គឺ​លោក​ ឌឹម សុវណ្ណារុំ ​និង​លោក​ ឡាស អលសិន ​(Lars Olsen) មាន​ប្រសាសន៍​ថា ​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ខ្វែង​គ្នា​រវាង​សហព្រះរាជ​អាជ្ញា​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ពេល​នេះ ​គឺ​គ្រាន់តែ​ជា​សេចក្ដី​ថ្លែងការណ៍​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់ ហើយ​នឹង​មិន​អាច​រារាំង​ការ​សម្រេច​នៅ​ពេល​ខាងមុខ​របស់​សហចៅក្រម​ស៊ើប​អង្កេត​នោះ​ទេ។

លោក​ ឌឹម សុវណ្ណារុំ ​បញ្ជាក់​ថា ​ទោះ​ជា​មាន​ការ​សម្រេច​យ៉ាងណា​របស់​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​នៅ​ពេល​ខាង​មុខនេះ​ សហ​ព្រះរាជអាជ្ញា​ដែល​មិនពេញ​ចិត្ត​អាច​នឹង​ប្ដឹង​ឧទ្ធរណ៍​បាន។ ឡោក​បាន​បញ្ជាក់​ថា៖

«នីតិ​វិធី​បន្ត​គឺជា​ការងារ​របស់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​ តើ​ការិយាល័យ​សហ​ចៅ ក្រម​ស៊ើបអង្គេត​ និង​ឆ្លើយ​ទៅ​តាម​ការ​ស្នើសុំ​នេះ​យ៉ាង​ដូចម្តេច​ វិជ្ជាមាន​ ឬ​ក៏​បដិសេធ។ សហ​ព្រះរាជ​ អាជ្ញា​អាច​ប្តឹង​ទៅ​សាលាឧទ្ឋរណ៍​ អង្គ​បូរេ​ជំនុំជម្រះ​ ហើយ​សូម​ជម្រាប​ថា​ អ្វី​ដែល​បាន​ប្រកាស​កន្លង​មក​គ្រាន់​តែ​ជា​សេចក្តី​ថ្លែងការណ៍​របស់​សហព្រះរាជ​អាជ្ញា​ជាតិ និង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ»។

រហូត​មកទល់​ពេលនេះ ​ជនសង្ស័យ​ក្នុង​សំណុំរឿង​០០៣ ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ។ ក៏​ប៉ុន្ដែ​បើ​យោងតាម​ការ​បង្ហាញ​ក្រៅ​ផ្លូវការ ជន​សង្ស័យ​អាច​មាន​ចំនួន​ពីរ​នាក់​ដែល​គេ​ស្គាល់ថា ជា​អតីត​មេបញ្ជាការ​កងទព័​ជើងទឹក​ខ្មែរ​ក្រហម​លោក​មាស​ មុត និងលោក ស៊ូ ម៉េត អតីត​មេបញ្ជាការ​កងទ័ព​អាកាស។ លោក​ ឡៅ ម៉ុងហៃ ​មាន​ប្រសាសន៍​ថា ការ​សម្រេច​លើ​សំណុំ​រឿង ​០០៣ ​យ៉ាង​ណានោះ​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ដោះស្រាយ​សំណុំរឿង​០០៤ ​ដែល​ស្ថិត​ក្នុងភាព​ចម្រូង​ចម្រាស់​ដូចគ្នា។ ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ចុង​ក្រោយ​នេះ​មាន​ចំនួន​បីនាក់។

លោកស្រី ​គ្លែរ ដាហ្វី (Clair Duffy) ​អ្នក​សម្របសម្រួល​របស់​អង្គការ​សង្គម​យុត្តិធម៌​សង្គម​សេរី​ (OSJI) នៅ​កម្ពុជា និង​ដែល​ជា​អ្នកឃ្លាំ​មើល​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម​មួយ​រូប​មាន​ប្រសាសន៍​ប្រកប​ដោយ​ការ​ព្រួយ​បារម្ភ​ថា សំណុំ​រឿង ​០០៣ ​និង​០០៤ ​នៅតែ​មាន​លទ្ធភាព​ត្រូវ​ទាត់​ចោល​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម។ ក៏ប៉ុន្ដែ​លោកស្រី​ គ្លែរ ដាហ្វ៊ី ទាមទារ​ថា ​បើ​ទោះជា​ហេតុ​ផល​បែបណា​ក៏ដោយ​ សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​តែ​បង្ហាញ​អំពី​តម្លាភាព​របស់​ខ្លួន។

សូម​បញ្ជាក់​ថា​ ក្នុង​អំឡុង​ពេល​ដែល​កំពង់​រង់ចាំ​ការ​ដោះស្រាយ​សំណុំ​រឿង​០០៣​ សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​នឹង​ប្រកាស​សាល​ដីកា​លើ​ការ​កំណត់​ទោស​ឌុច ដែល​ជា​អតីត​ប្រធាន​គុក​ទួលស្លែង​ជា​ចុង​ក្រោយ​នៅ​ខែ​ក្រោយ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ សវនាការ​បឋម​ក្នុង​សំណុំរឿង​០០២​ ដែល​មាន​ជន​ជាប់​ចោទ​ចំនួន​បួន​នាក់ ​ដែល​សុទ្ធ​សឹង​ជា​អតីត​មេដឹកនាំ​កំពូល​ខ្ពស់​បំផុត​ខ្មែរក្រហម​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៧រហូតទៅដល់ថ្ងៃទី៣០​ខែ​ក្រោយ​នេះ​ដែរ។ បន្ទាប់​មក​ការ​កាត់ទោស​ពេញ​អង្គ​នឹង​អាច​ប្រព្រឹត្តិ​នៅ​ខែ​សីហា​ ឬ​ខែ​កញ្ញា​ ឆ្នាំ​២០១១​នេះ៕

This posting includes an audio/video/photo media file: Download Now

អ្នកជំនាញ​និង​ជន​សង្ស័យ​ប្រតិកម្ម​ចំពោះ​ទស្សនៈ​ចម្រូងចម្រាស់​ក្នុង​សាលាក្តី​ខ្មែរក្រហម

Posted: 13 May 2011 02:24 PM PDT

ក្រុម​អ្នក​ឃ្លាំ​មើល​នៅ​ស.រ.អា.​និង​ជន​សង្ស័យ​មាន​ប្រតិកម្ម​ចំពោះ​ការ​ប្រទាញ​ប្រទង់​ចុង​ក្រោយ​មួយ​ក្នុង​សាលាក្តី​ខ្មែរក្រហម ​ដែល​ចូលរួម​ដោយ​អ.ស.ប.​ទាក់ទង​នឹង​ការ​នាំ​ខ្លួន​ជន​សង្ស័យ​បន្ថែម​មក​ជំនុំ​ជម្រះ​ទោស។

ការ​ទាត់ចោល​ ឬ​ក៏​ការ​នាំខ្លួន​ពួក​អតីត​មេដឹក​នាំ​ខ្មែរក្រហម​បន្ថែម​៥នាក់​ទៀត​ ក្នុង​សំណុំ​រឿង​លេខ​០០៣ ​និង​០០៤​ មក​ជំនុំ​ជម្រះ​ទោស​ បាន​ក្លាយ​ជា​ការ​មិន​ចុះ​សម្រុង​គ្នា​ជាថ្មី​ទៀត​រវាង​សហ​ព្រះរាជ​អាជ្ញា​ខ្មែរ​ និង​បរទេស​ ដោយ​សំអាង​ហេតុ ផល​រៀងៗ​ខ្លួន។​ ក៏ប៉ុន្តែ​ ការ​ប្រទាញ​ប្រទង់​ចុង​ក្រោយ​នេះ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​ក្រុម​អ្នក​ឃ្លាំ​មើល​សាលាក្តី​ក្នុង​ប្រទេស​អាមេរិក​ និង​ជន​ដែល​គេ​ចាត់​ទុក​ថា​ ជា​ ជន​សង្ស័យ​បន្ថែម​ក្នុង​សំណុំ​រឿង​ទាំងនេះ​ផង​ដែរ។

សហ​ព្រះរាជ​អាជ្ញា​បរទេស​លោក​ អាន់ឌ្រូ​ ឃេលី ​(Andrew Cayley)​ បាន​ចាត់​ទុក ​ថា ​សំណុំ​រឿង​០០៣ និង​០០៤​ ស្ថិត​ក្នុង​យុត្ថាធិការ​នៃ​សាលាក្តី​ខ្មែរក្រហម​ ហើយ​​លោក​បង្ហាញ​ឲ្យ​ឃើញ​នូវ​បទ​ឧក្រិដ្ឋកម្ម​នានា​ ការ​កាប់​សម្លាប់​ ការ​ធ្វើ​ទារុណ​កម្ម​ ដាក់គុក​ អំពើ​អមនុស្ស​ធម៌​ផ្សេងៗ​ ខណៈពេល​ដែល​លោក​ចង្អុល​បង្ហាញ​ចំៗ​ទៅ​លើ​ទីតាំង​ជាច្រើន​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង។

លោក​ឃេលី​បាន​អះអាង​ថា​ លោក​នឹង​ស្នើ​សុំ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​កោះហៅ​និង​សួរ​ចម្លើយ​ជន​សង្ស័យ​នានា​ ពិនិត្យ​បន្ថែម​ទៅលើ​ទីតាំង​ឧក្រិដ្ឋ​កម្ម​ កន្លែង​កប់​សាក​សព​ ស្តាប់​ចម្លើយ​សាក្សី​ ដាក់​ភស្តុតាង​បន្ថែម​ក្នុង​សំណុំ​រឿង​ ទោះបី​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ជូន​ដំណឹង​អំពី​ការ​បញ្ចប់​ការ​ស៊ើប​សួរ​សំណុំ​រឿង​០០៣ ​ហើយ​លោក​ មាន​ពេល​តែ​១៥​ថ្ងៃ​ក៏​ដោយ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ អំឡុង​ពេល​សហ​ចៅក្រម​ស៊ើប​អង្កេត​កំពុង​រង់ចាំ​ការ​ស្នើ​សុំ​ពី​លោក​អាន់ឌ្រូ​ ឃេលី​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​នោះ​ លោកស្រី​ជា លាង ​សហ​ព្រះរាជ​អាជ្ញា​ជាតិ​ បាន​បង្ហាញ​ជំហរ​ ជំទាស់​នឹង​ដៃ​គូ​របស់​លោកស្រី​ ដោយ​និយាយ​ថា ​ជន​សង្ស័យ​មាន​ឈ្មោះ​ក្នុង​សំណុំ​រឿង​០០៣​មិនមែន​ជា​មេដឹក​នាំ​ជាន់ខ្ពស់​ និង​មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ហេតុ​ដូច្នេះ​មិន​ស្ថិត​នៅ​ក្នុង​យុត្ថាធិការ​ដែល​សាលាក្តី​ខ្មែរក្រហម​ត្រូវ​យក​មក​ធ្វើការ​កាត់​សេចក្តី​ឡើយ។

ការ​ជំទាស់​របស់​លោកស្រី​ជា លាង​ត្រូវគេ​គិត​ថា​ ស្រប​ជាមួយ​នឹង​ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​រារាំង​ការ​នាំ​ខ្លួន​ជន​សង្ស័យ​បន្ថែម​ទៀត​មក​កាត់​ទោស​ ដោយ​ឈរ​លើ​ហេតុផល​ថា​ វា​អាច​ប៉ះពាល់​ដល់​សន្តិភាព។​ ចំហរ​នេះ​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​ភាគី​អ.ស.ប.​ដែល​ចង់​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។

លោក​ Jame​ Goldston​ នាយក​អង្គការ​ច្បាប់​មួយ​មាន​មូលដ្ឋាន​នៅ​ស.រ.អា.​ ឈ្មោះ​ Open​ Society ​Justice ​Initiative ​(OSJI)​ បាន​ចាត់​ទុកថា​ ជំហរ​ផ្ទុយគ្នា​របស់​សហ​ព្រះរាជ​អាជ្ញា​នោះ​ទំនង​ជា​ការ​សម្រច​ចិត្ត​តាម​ការ​ជំរុញ​ផ្នែក​នយោបាយ​ ការ​សើរើ​ឡើង​វិញ​ដដែលៗ​នូវ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​​ជា​លទ្ធផល​ដែល​គេ​អាច​កំណត់​ទុក​ជាមុន​ ដែល​លោក​បញ្ជាក់​ថា​ ជា​សេចក្តី​រាយ​ការណ៍​គួរ​ឲ្យបារម្ភ។

«ប្រសិន​បើ​រឿង​នេះ​ត្រូវ​បញ្ជាក់​មែន​ សេចក្តី​រាយការណ៍​ទាំងនេះ​អាចនឹង​ធ្វើ​ឲ្យ​ ខូចខាត​ដល់​មុខមាត់​ និងការណ៍​ពិត​នៃ​ឯករាជ្យ​ភាព​ ហើយ​នឹង​ភាព​មិន​លំអៀង។​ ឯករាជ្យ​ភាព​និង​ភាព​មិន​លំអៀង​នេះ​គឺ​ជា​រឿង​សំខាន់​ចំពោះ​សុចរិត​ភាព​នៃ​តុលាការ​ទាំង​ឡាយ»។

លោក​Goldston​បាន​អះអាង​ថា​ សាលាក្តី​ខ្មែរក្រហម​ពុំ​បាន​ធ្វើ​ឲ្យ​សំណុំ​រឿង​លេខ​០០៣​និង​០០៤​មាន​តម្លាភាព​ទេ​ ដែល​លោក​ចាត់ទុក​ថា​ គឺ​ជា​បញ្ហា​រំខាន។

«អ្វីដែល​យើង​ដឹង​ប្រាកដ​នោះ​គឺ​ថា​ មិនមាន​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ ឯ​ទីតាំង​ផ្ទាល់ទេ ​ក្នុង​សំណុំ​រឿង​ទាំងនេះ ​ហើយ​ក៏​គ្មាន​ជន​សង្ស័យ​ណា​ត្រូវ​សាក សួរ​ដែរ។​ រឿងនេះ​ទំនង​ជា​មាន​ការ​ខ្វះ​ចន្លោះ​ខ្លាំង​ក្នុង​ការ​បំពេញ​តាម​បទដ្នាន​ អន្តរជាតិ​នានា​ ចំពោះ​ការ​ស៊ើប​អង្កេត​លើ​បទ​ឧក្រិដ្ឋ»។

លោក​Peter ​Maguire ​ជា​សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​អាមេរិក​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ «Facing ​Death ​in ​Cambodia» ​ដែល​សរសេរ​អំពី​របប​ ខ្មែរក្រហម។​ លោក​បាន​អះអាង​ថា៖​ តុលាការ​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​ អ.ស.ប.​ មិន​ដំណើរ​ការ​ល្អទេ​ គឺ​វា​ស្ថិត​ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល។​ លោក​ថ្លែង​ថា​ ជា​ការ​ឆាប់ពេក​ ដែល​និយាយ​អំពី​ការ​កាត់ទោស​ជន​សង្ស័យ​បន្ថែម​ទៀត​នៅ​ពេល​នេះ។

«នៅ​ទីបំផុត​អ.ស.ប.​នឹង​លោត​ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រាប់​ឲ្យ ពួក​គេ​លោត។​ តែ​សំណើ​របស់​ពួកគេ​ជា​អង្គហេតុ​ដែល​បាន​បង្កើត​ឡើង​យ៉ាង​ល្អ​ក្នុង​ដំណាក់​កាល​នេះ»។

លោក​បាន​បន្ថែម​ដែរ​ថា​ លទ្ធផល​ចុងក្រោយ​គឺ​ជា​រឿង​ងាយទេ​គឺ​ថា​ ប្រសិន​បើ តុលាការ​ខ្មែរក្រហម​មិនអាច​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូលៗ​ នៅ​ពេល​ដែល​ពួកគេ​នៅរស់​ ដូច្នេះ​​ជា​រឿង​យុត្តិធម៌​ណាស់​ក្នុង​ការ​វិនិច្ឆ័យ​ថា ​តុលាការ​ចម្រុះ​នេះ​ធ្វើ​កំប្លុក​កំប្លែង​តាម​នីតិវិធី​ ដែល​មិនគួរ​ត្រូវ​ព្យាយាម​ធ្វើ​តទៅ​ទៀត​នោះ។

លោក​ David ​Tolbert ​ជា​នាយក​អង្គការ​ច្បាប់​របស់​ស.រ.អា.​មួយ​ឈ្មោះ​មជ្ឈ​មណ្ឌល​ អន្តរជាតិ​សម្រាប់​យុត្តិធម៌​អន្តរកាល ​(ICTJ) ​ហើយ​ធ្លាប់​ជា​អ្នក​ជំនាញ​ការ​ពិសេស​ នៃ​អ.ស.ប.​សម្រាប់​កិច្ចការ​ខ្មែរក្រហម។​ លោក​បាន​ប្រាប់​ VOA ​ខេមរៈ​ភាសា​តាម​រយៈអ៊ីម៉េល​ថា៖ យោង​ទៅ​តាម​ឧក្រិដ្ឋ​កម្ម​ដែល​បាន​កើត​ឡើង​ ​ ភាគី​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ទំនង​ជា​​មាន​សំអាង​មាំទាំ។​ ក៏​ប៉ុន្តែ​នៅ​ពេល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​សហ​ព្រះរាជ​អាជ្ញា​ទាំង​ពីរ​នោះ​ ការ​សម្រេច​ចុង​ក្រោយ​គឺ​ស្ថិត​នៅ​លើ​អង្គ​បុរេ​ ដែល​មាន​ចៅក្រម​ខ្មែរ​៣រូប​ និង​បរទេស​២រូប។​ លោក​បាន​អះអាង​ថា៖

«យើង​នឹង​ត្រូវ​ពិនិត្យ​មើល​ថា​ តើ​អ្វី​នឹង​កើត​មាន​ឡើង។​ ក៏​ប៉ុន្តែ​វា​បាន​បង្ហាញ​ចេញ​មក​ហើយ​ថា​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​មាន​អំណះ​អំណាង​ខ្លាំង​ដែល​ថា​ ជន​សង្ស័យ​ក្នុង​ករណី​០០៣​ និង​០០៤​ ឋិត​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​ជា​ជន​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត»។

ជន​សង្ស័យ​៥​នាក់​នេះ​ស្ថិតនៅ​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤។​ ឈ្មោះ​ជន​ទាំង​៥​នាក់​នេះ​ត្រូវ​អ្នក​ដាក់​ពាក្យ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្ប​វេណី​គឺ​កញ្ញា​សេង ធារី បង្ហាញ​ក្រៅ​ផ្លូវការ​ថ្មីៗ​នេះ​ មុន​ពេល​តុលាការ​ប្រកាស​ដឹង។​ អ្នក​ទាំង​៥​នាក់​នេះ​រួម​មាន​លោក​ស៊ូ ម៉េត​ ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​អតីត​មេបញ្ជាការ​ទ័ព​អាកាស​ខ្មែរក្រហម​ ​លោក​មាស មុត​ ជា​អតីត​មេ​បញ្ជាការ​កងទ័ព​ជើងទឹក​ អ្នកស្រី​អ៊ឹម ចែម ​ជា​អតីត​គណៈ​ស្រុក​ព្រះនេត​ព្រះ​ តាអាន​ ​អតីត​មេបញ្ជាការ​តំបន់​៤១​នៅ​កំពង់ធំ​ និង​តា ទិត​ ​អតីត​មេ​បញ្ជាការ​តំបន់​១៣​ នៅ​គីរីវង្ស​ ខេត្ត​តាកែវ។

ជនទាំង​២នាក់​ក្នុង​ចំណោម​៥នាក់ ​ដែល​វីអូអេ​អាច​ទាក់ទង​បាន​នោះ​ បាន​បដិសេដ​ថា ​ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​កម្ម​ដែល​កើត​ឡើង​ក្នុង​សម័យ​ខ្មែរក្រហម​ទេ។​ អ្នកស្រី​អ៊ឹម ចែម​បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ ដោយ​អះអាង​ថា៖ ​អ្នកស្រី​គ្មាន​ក្តី​បារម្ភ​ទេ ​ដោយសារ​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នានា​ ហើយ​ម្យ៉ាងទៀត​អ្នកស្រី​អះអាង​ថា​ រដ្ឋាភិបាល​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផ្តល់ការ​ជឿជាក់​ថា ​នឹងមិន​យក​អ្នក​ផ្សេង​បន្ថែម​ទៀត​ទៅ​តុលាការ​ជំនុំជម្រះ​ទោស​ទេ។

«តែ​ខាង​សម្តេច​នាយក​ហ៊ុន សែន​គាត់​ការពារ។​ គាត់ថា ​ឲ្យ​យកតែ​៥នាក់​មុន​ប៉ុណ្ណឹង​ទេ។​ កុំព្រួយ​កុំ(ភ័យ)​អី​ អត់​ឲ្យ​យក​ទៀត​ទេ​ណា៎។ ​អញ្ចឹង​ហើយ​គេ​ទុកចិត្ត​គាត់។​ ពាក្យ​គាត់​ហ្នឹង​ គាត់ដូច​ថា​ នៅចាំ​ការពារ​ពាក្យ​គាត់​រហូត​ ហើយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កក់ក្តៅ​ចំពោះ​គាត់​ដែរ»។

អ្នកស្រី​អ៊ឹម ចែម​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មួយរូប​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរ​មានជ័យ​ ដែល​ជា​អតីត​តំបន់​រឹងមាំ​ចុង​ក្រោយ​របស់​ខ្មែរក្រហម។

អ្នកស្រី​ព្រមាន​ថា​ ការ​នាំខ្លួន​ជន​សង្ស័យ​បន្ថែម​ទៀត​ទៅ​កាន់​តុលាការ​នឹងនាំ​ឲ្យ មាន​អស្ថិរភាព​ ដោយសារ​ មាន​បងប្អូន​ កូនចៅ​ អ្នកភូមិ​ជា​ច្រើន​នាំគ្នា​ចូល​ធ្វើ​យោធា​ការពារ​ទឹកដី​ប្រឆាំង​និង​កងទ័ព​ថៃ​នៅតាម​ព្រំដែន។​ អ្នកស្រី​ចែម​បាន​ បញ្ជាក់​ថា​ អ្នកស្រី​មិនធ្លាប់​ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ទេ។​ អ្នក​ស្រី​បញ្ជាក់​ថា​ ទោះ​មានការ​កោះហៅ​ពី​តុលាការ​ ក៏​អ្នកស្រី​នឹងមិន​ទៅ​បំភ្លឺ​ដែរ។​អ្នកស្រី​សំអាង​ថា​ អ្នកស្រី​មិន​បាន​ដឹងរឿង​អ្វី​ក្នុង​សម័យ​ខ្មែរក្រហម​ទេ។

«ខ្ញុំ​បក​ស្រាយ​កាល​ជំនាន់​នោះ​ ព្រោះអី​​ ពេលប្រទេស​កម្ពុជា​ទាំងមូល​កើត​សង្រ្គាម​គឺ​ខ្មែរក្រហម​ទាំងអស់​គ្នា​ហ្នឹង។​ រីឯ​បញ្ហា​ពាក់ព័ន្ធ​នយោបាយ​អី​ ខ្ញុំ​អត់ដឹង​ដែរ។ ​ខ្ញុំ​នៅ​ក្រោម​បញ្ជា​ ក្រោម​ការ​ដឹកនាំ​របស់​គេ​ដែរ»។

លោក​មាស មុត​បាន​ថ្លែង​ប្រាប់​ VOA ​ផ្នែក​ខេមរ​ភាសា​ ដោយ​អះអាង​ថា​ លោក​ មិន​មាន​ការ​ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋ​កម្ម​ទេ​ ហើយ​ក៏​ពុំធ្លាប់​ត្រូវ​កោះ​ហៅ​ទៅ​សាក សួរ​អ្វីដែរ។​ លោក​បាន​ព្រមាន​ដែរ​ថា​ បើមាន​ការ​ចាប់ខ្លួន​លោក​ទៅ​កាន់​តុលាការ​នោះ​ វានឹង​មាន​អស្ថិរ​ភាព​ ព្រោះថា ​អតីត​កងទ័ព​ខ្មែរក្រហម​ ដែល​កំពុង​ការពារ ទឹកដី​ជាមួយ​ថៃ​នៅ​សមរភូមិ​ជាយដែន ​នឹង​មិន​សុខ​ចិត្ត​ទេ។

«ខ្ញុំ​ឃើញ​អញ្ចេះ​ថា​ ដោយសារ​ស្ថានភាព​តាម​ព្រំដែន​ក៏វា​មិនទាន់​ជា​ល្អ​ណាស់​ ណា​ ហើយ​កិច្ច​ការងារ​អភិវឌ្ឍ​ប្រទេស​ជាតិ​ក៏វា​កំពុង​ដំណើរ​ការ​ល្អ​ ហើយ​ប្រសិន​ណា​យើង​មាន​ការ​កកូរ​កកាយ​អញ្ចឹង​ ទោះតិច​ ទោះច្រើន​ វា​នឹង​ប៉ះ​ហើយ​ដល់​អារម្មណ៍​របស់​កម្លាំង​មួយ​ចំនួន​នៅក្នុង​កង​ខេមរ​ភូមិន្ទ​ដែល​កំពុង​តែឈរ​ជើង ធ្វើ​ជា​របង​ការពារ​នៅ​តាម​ព្រំដែន ​ណា៎។​ ឯ​ចំពោះ​ផ្ទាល់ខ្លួន​ខ្ញុំ​ ខ្ញុំ​មែន​ទែន ​ខ្ញុំអត់​មាន​ការ​ព្រួយ​បារម្ភ​អីទេ​ ពីព្រោះ​អី​ ពីព្រោះ​ខ្ញុំ​ធ្វើ​កន្លង​មក​ តស៊ូ​កន្លង​មក​ ក៏​ដើម្បី​ជាតិ​ ដើម្បី​ប្រជាជន ​ហើយ​ខ្ញុំអត់​ដែល​ទៅ​ប្រឆាំង​ អត់​ដែល​ទៅ​វ៉ៃតប់​អី​នរណា​ក្រៅ​ពី​ពួក​ដែល​មក​រំលោភ​ឈ្លាន​ពាន​ទឹកដី​របស់​ខ្លួន​ទេ។​ ហើយ​បើគេ​ចោទ​ខ្ញុំ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អីៗ​ ខ្ញុំយល់​ឃើញ​ថា​ អញ្ចឹង​អ្នក​ការពារ​ទឹកដី​ប្រទេស​តូចតាច ​ដែល​ប្រឈម​មុខ​ការពារ​ទឹកដី​ អាហ្នឹង​សុទ្ធ​តែ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ទាំង​អស់​ឬ?​ ហើយ​នែ​ អាមេរិក​ទម្លាក់​គ្រាប់បែក​លើ​ស្រុក​ខ្មែរ​ប្រាំសែន​តោន​ នៅ​ស្រុក​យួន​១លាន៥ ​ឬ ​៦​សែនតោន​ ហ្នុង​វា​មិន​ឧក្រិដ្ឋ​សង្រ្គាម​ផង?​ មក​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​អី​តែ​ខ្មែរ​ ការពារ​ទឹកដី​របស់​ខ្លួន?​ អាហ្នឹង​ខ្ញុំ​យល់​ឃើញ​អញ្ចឹង»។

លោក​មាស មុត​ថ្លែង​យ៉ាង​ដូច្នេះ​ក្រោយពី​លោក​បាន​ទទួល​ទូរស័ព្ទ​ទាក់ទង​មក​ រូប​លោក​ជាច្រើន​នៅពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។​​ ពួក​គេ​ជា​អ្នក​ធ្លាប់​ស្គាល់​លោក​ ជា​អ្នក​ធ្លាប់​នៅ​ក្រោម​បង្គាប់​ ជា​ទាហ៊ាន​ដែល​បាន ​ឮ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពីការ​ប៉ុនប៉ង​នាំខ្លួន​ពួក​អតីត​កម្មាភិបាល​ខ្មែរក្រហម​ទៅ​តុលាការ។

លោក​មាស មុត​ជា​អតីត​ទីប្រឹក្សា​ក្រសួង​ការពារ​ជាតិ​ មាន​ឋានន្តរ​សក្តិ​ឧត្តម​សេនីយ៍​ទោ។​ លោក​បាន​ចូល​និវត្ត​មួយ​ឆ្នាំ​មក​ហើយ។

លោក​Mark ​Wenig​ អ្នក​នាំពាក្យ​ស្ថានទូត​ស.រ.អា.​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​ ស.រ.អា.​ប្តេជ្ញា​​ជួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ជំនុំ​ជម្រះ​ទោស​ជន​ទាំងឡាយ​ណា​ដែល​ជា​មេ​ដឹកនាំ​ជាន់ខ្ពស់​ ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​អំពើ​ឃោរឃៅ​នានា។

«យើង​គោរព​តាម​កិច្ច​ប្រឹងប្រែង​បន្ត​របស់​សាលាក្តី​ដើម្បី​នាំមក​នូវ​យុត្តិធម៌​សម្រាប់​ជនរង​គ្រោះ ​ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គោរព​ច្បាប់​ ហើយ​នឹង​ជំនឿ​ទុក​ចិត្ត​លើ​សុចរិត​ភាព​នៃ​ដំណើរ​ការ​ច្បាប់​របស់​តុលាការ»។​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​១២​ឧសភា​ កញ្ញា​សេង​ ធារី​ប្រធាន​សមាគម​ជន​រងគ្រោះ​កម្ពុជា​ បាន​រិះគន់​មន្ត្រី​តុលាការ​ខ្មែរក្រហម​ផ្នែក​អ.ស.ប.​ទាក់ទង​នឹង​ចំណាត់​ការ​មិន​សមរម្យ​សម្រាប់​ជន​រងគ្រោះ។​ ​កញ្ញា​សុំឲ្យ​មន្ត្រី​កំពូល​របស់​អ.ស.ប.​ប្រចាំ​សាលាក្តី​គឺ​លោក​Knut Rosandhaug ​និង​លោក​ Siegfried ​Blunk​ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ ចុះចេញ​ពី​តំណែង។

មាន​ជន​រងគ្រោះ​មិន​ដល់​៥នាក់​ផង​ដែល​បាន​ដាក់​ពាក្យ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​ រដ្ឋប្បវេណី​ ក្នុង​រយៈ​ពេល​តក់​ក្រហល់​ ដែល​ជន​រងគ្រោះ​មាន​ពេល​ដល់​ត្រឹម​ថ្ងៃ​ទី​១៨​ ឧសភា​ប៉ុណ្ណោះ​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​តាំងខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី។​ ជន​រងគ្រោះ​មិន​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​ពី​ដំណើរ​ការ​នីតិវិធី​ក្នុង​ករណី​នេះ​ ដូច​ក្នុង​ករណី​០០១​ និង​០០២​ទេ។

លោក​Jame ​Goldstone​ បាន​អះអាង​ថា ​ជន​រងគ្រោះ​មិនត្រូវ​គេ​ប្រាប់​ឲ្យ​ដឹង​ដើម្បី​ ត្រៀម​ខ្លួន​ចូលរួម​នោះ​ទេ​ ដែល​លោក​សង្កត់​ធ្ងន់​ថា​ នេះ​ជា​បញ្ហា។

«ចំពោះ​ហេតុផល​ទាំងឡាយ​នេះ​ ជន​រងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​នានា​ ដែល​ត្រូវ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​លេខ​០០៣​ និង​០០៤​ គួរ​មាន​ព័ត៌មាន​និង​ឱកាស​គ្រប់គ្រាន់​ដើម្បី​ចូលរួម។​ យើង​សង្ឃឹម​ថា ​តុលាការ​នឹង​ផ្តល់​ការ​យល់​ព្រម​នឹង​សំណើ​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ ដើម្បី​បន្ត​ពន្យា​ពេល​សម្រាប់​ជន​រងគ្រោះ​ដាក់​ពាក្យ​សុំ​របស់​គេ​ដើម្បី​ឲ្យ​មាន​ការ​ពិចារណា​នេះ»។

លោក​David ​Toldbert ​បាន​សង្កេត​ឃើញ​ថា​ មានការ​ចាត់ចែង​មិន​ត្រឹម​ត្រូវ​ចំពោះ​ បញ្ហា​ជន​រងគ្រោះ​ ដែល​លោក​បាន​អះអាង​តាម​ប្រសាសន៍​ដើម​របស់​លោក​ថា៖ ​វា​ជា​រឿង​ចំអក​មួយ​ ប្រសិន​បើការ​ចូលរួម​របស់​ជន​រងគ្រោះ​ត្រូវ​គេ​រិតត្បិត​ក្នុង​បរិបទ​នេះ។

នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១១​នេះ​ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​គ្រោង​នឹង​កាត់ ទោស​ករណី​០០២​ ដែល​មាន​អតីត​មេដឹកនាំ​កំពូលៗ​៤​នាក់​ ហើយដែល​កំពុង​ជាប់​ឃុំឃាំង​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍។​ ជនទាំង​៤នាក់​នោះ​មាន​ នួន ជា​ អៀង សារី​ ខៀវ សំផន ​អៀង ធីរិទ្ធ ​ដែល​ជា​មេដឹកនាំ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជិត​២​លាន​នាក់​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩៕

This posting includes an audio/video/photo media file: Download Now

រដ្ឋសភា​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត

Posted: 13 May 2011 08:26 AM PDT

រដ្ឋសភា​កម្ពុជា​បាន​យល់ព្រម​បង្កើន​ថ្ងៃ​ថែម​​ទៀត​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ ការចុះឈ្មោះ​អ្នក​បោះឆ្នោត និង​ការ​ប្តឹង​តវ៉ា​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ត្រឹមត្រូវ ​និង​យុត្តិធម៌​ជាង​មុន។

ការ​យល់ព្រម​លើ​ការ​ធ្វើ​វិសោធនកម្ម​ចំនួន​១៣​មាត្រា​នៃ​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ​នេះ បាន​តម្រូវ​ឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ បាន​បង្កើន​ពី​ចំនួន​១៥​ថ្ងៃ​ទៅ​៣០ថ្ងៃ​ និង​បាន​បង្កើន​រយៈពេល​នៃ​ការប្តឹង​តវ៉ា​ ឬ​ការប្តឹង​ជំទាស់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ពី​៥ថ្ងៃ​ទៅ​១០ថ្ងៃ​ សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ ​សង្កាត់​នៅឆ្នាំ​២០១២ ​និង​ការ​បោះឆ្នោត​តំណាងរាស្ត្រ​នៅឆ្នាំ​២០១៣។

ការ​យល់ព្រម​លើ​មាត្រា​១៩០​ថ្មី​នៃ​ច្បាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ បាន​ផ្លាស់ប្តូរ​ការ​កំណត់​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ពី​ថ្ងៃ​អាទិត្យ​ដើម​ខែ​មេសា​មក​ថ្ងៃ​ទី៣​ ខែ​មិថុនា ​ឆ្នាំ២០១២។

លោក​ សក់ សេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​នៅក្នុង​សម័យ​ប្រជុំ​សភា​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ​គឺ​ជា​ការបង្ហាញ​អំពី​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ និង​រដ្ឋសភា​សំដៅ​កែលម្អ​ដំណើរការ​បោះឆ្នោត​។

លោក​ កុយ ប៊ុនរឿន ​តំណាងរាស្ត្រ​គណបក្ស​សម រង្សី ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«កំណែ​ទម្រង់​នេះ​មិនមានអ្វី​ក្រៅពី​ពង្រឹង​ការ​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ទេ។ វា​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ បើ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត​នៅតែ​រក្សា​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដដែល»។

លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ ​និង​មិន​លំអៀង​នៅ​កម្ពុជា​ បាន​ថ្លែងថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ​ជា​ជំហាន​វិជ្ជមាន​ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការពិនិត្យ​ជាក់​ស្តែង​ស្តីពី​លទ្ធផល​កើត​ចេញ​ពី​ស្ថាប័ន​បោះឆ្នោត​នេះ។ លោកបាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​គិតថា វា​ជា​ការ​ធ្វើ​វិសោធនកម្ម​មួយ​សំដៅ​ធ្វើ​ឱ្យ​មាន​គុណភាព​កាន់តែ​ល្អ​ឡើង​នូវ​ដំណើរការ​បោះឆ្នោត​ ក៏​ដូចជា​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ។ សម្រាប់​ការ​បន្ថែម​ថ្ងៃ​ចុះ​ឈ្មោះ ​និង​ការ​បន្ថែម​ថ្ងៃ​ដោះស្រាយ​ពាក្យ​បណ្តឹង​នេះ ​ខ្ញុំ​គិតថា នេះ​ជា​ហេតុផល​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ឆន្ទៈ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​ដែល​ជា​កង្វះខាត​របស់​ខ្លួន​កន្លង​មក។ ខ្ញុំ​អាច​និយាយ​បាន​ថា នេះ ​ជា​ការកែទម្រង់​មួយ​ហើយ​ ជា​ការ​ធ្វើ​វិសោធនកម្ម​មួយ​ហើយ។ ប៉ុន្តែ​ការពិត​​យើង​នឹង​តាម​សង្កេត មើល​បន្ថែមទៀត​ថា ​តើ​ធ្វើវិសោធនកម្ម​បែបនេះ​នឹង​ទទួល​ផល​បែបណា»។

លោក​គល់ បញ្ញា​ នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​បាន​ថ្លែងថា ការ​បង្កើន​ពេលវេលា​តែមួយ​មិនមែន​ជា​ដំណោះស្រាយ ​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​មិន​បាត់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​ទេ ​ប៉ុន្តែ​វា​អាច​ជួយ​សម្រួល​ខ្លះ។ លោក​បញ្ជាក់​ថា៖

«ការ​ធ្វើ​វិសោធនកម្ម​នេះ​ជា​ជំហាន​មួយ​វិជ្ជមាន។ ការថែម​ពេលវេលា​នេះ​មាន​សារៈសំខាន់​ ដើម្បី​ធ្វើឱ្យ​រឿង​ចុះឈ្មោះ​បោះ​ឆ្នោត​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការដោះស្រាយ​ទំនាស់​បោះឆ្នោត​ទទួលបាន​លទ្ធផល​ ល្អ​ប្រសើរ​ជាងមុន»។

លោក​ទេព នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​ត្រៀម​ពី​ឥឡូវ​នេះ​ទៅ ហើយ​វា​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះឆ្នោត។

គណបក្ស​ប្រឆាំង​បាន​ប្តឹង​អំពី​ភាពមិន​ប្រក្រតី​ជា​ច្រើន​ករណី​ទាក់​ទង​នឹង​ដំណើរការ​បោះឆ្នោត​ និង​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​ ហើយ​អ្នក​បោះឆ្នោត​ច្រើន​រាប់រយ​នាក់​បាន​បាត់​ឈ្មោះ​របស់​ពួកគេ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០០៨៕

This posting includes an audio/video/photo media file: Download Now

សហព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខែ្មរក្រហម​ខែ្វង​គំនិត​គ្នា​លើ​បទឧក្រិដ្ឋកម្ម​សង្រ្គាម​សំណុំ​រឿង​០០៣

Posted: 13 May 2011 06:57 AM PDT

សហព្រះរាជអាជ្ញា​នៃ​សាលាក្តីខែ្មរ​ក្រហម​នៅទី​ក្រុងភ្នំពេញ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​សហ​ចៅក្រម​ស៊ើបអងេ្កត​និយាយ​ថា​ ពួក​គេ​បាន​បពា្ចប់​កិច្ចការ​របស់​ពួក​គេ​រួច​រាល់​ហើយ​លើ​សំណុំ​រឿង​០០៣​ប្រឆាំង​នឹង​អតីត​មេ​បញ្ជាការ​កង​ទព័​ជាន់​ខ្ពស់​ចំនួន២នាក់​។ ​Robert Carmichael ​រាយការណ៍​រឿង​នេះ​ពី​ទីក្រុង​ភ្នំពេញ ​កនែ្លង​ដែល​អ្នក​រិះ​គន់​ចោទ​ប្រកាន់​រដ្ឋាភិបាល​លើបទ​ជ្រៀតជ្រែក​​​​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​លើ​មន្រ្តី​ជាន់​ខ្ពស់។

តុលាការ​ខែ្មរក្រហម​នៅ​ទីក្រុង​ភ្នំពេញ​បាន​ខ្វែងគំនិតគ្នា​ជាយូរ​មកហើយ​ ក្នុង​ការ​​សម្រេច​ថា​តើ​អតីត​កម្មាភិបាល​ប៉ុន្មាន​នាក់​នឹង​ត្រូវចោទប្រកាន់។

សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​ លោក​ អេនឌ្រូ ខេលី​ (Andrew Cayley)​ បាន​និយាយ​កាល​ពី​ឆ្នាំ​មុន​ថា លោក​រំពឹង​ចង់​ឃើញ​មនុស្ស​មិន​លើស​ពី​ដប់​នាក់​ទេ​ឈរ​នៅ​ក្នុង​តុលាការ​ដើម្បី​ទទួល​ខុសត្រូវ​លើ​​​​តួនាទី​ដែល​គេ​ចោទក្នុង​ការ​ស្លាប់​របស់​មនុស្ស​អស់​ប្រមាណ​២​លាន​នាក់​នៅ​ក្នុង​អំឡុង​របបខែ្មរក្រហម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ រហូត​​ ដល់​១៩៧៩។

ប៉ុនែ្ត​សហ​សេវិក​កម្ពុជា​របស់​លោក​ គឺ​លោកស្រី​ ជា​ លាង ​បាន​ប្រឆាំង​ការ​ចោទ​ប្រកាន់​បនែ្ថម​លើស​ពី​៥នាក់។​ ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងអស់​នោះ​គឺ​ សមមិត្ត​ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង​​​​ដែល​សាលាក្តី​រក​ឃើញ​ថា មាន​ទោស​កាល​ពី​ឆ្នាំ​មុន​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​បទ​ឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្ស​ជាតិ។​ ការ​សមេ្រច​ទោស​របស់​គាត់​នៅ​ក្នុង​បណ្តឹង​​ឧទ្ធរណ៍​នៅ​ឡើយ។

ចំណែក​បួន​នាក់​ទៀត​ដែល​​ឋិត​នៅ​ក្នុង​សំណុំ​រឿង​០០២​​ ជា​មេដឹកនាំ​ចលនា​ខ្មែរ​ក្រហម​កំពូលៗ​ដែល​នៅ​រស់រាន​មាន​ជីវិត​​នៅ​ឡើយ។​ ដំណើរ​ការ​រឿង​ក្តី​របស់​ពួក​គាត់​រំពឹងថា​ នឹង​ចាប់​ផើ្តម​នៅ​​ឆ្នាំ​នេះ។

ប៉ុនែ្ត​នៅ​ពេល​ដែល​សំណុំរឿង​កំពុង​តែ​ដំណើរការ​ទៅ​មុខ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ប្រឆាំង​ជា​យូរ​មក​ហើយ​លើ​ការ​ចោទប្រកាន់​សំណុំរឿង​ទី​៣ និងទី៤​ ដែល​ជាប់​ទាក់ទង​នឹង​ជនសង្ស័យ​៥នាក់​ទៀត។

ព្រះរាជអាជ្ញា​មាន​នាទី​ក្នុង​ការ​វាយតម្លៃ​ការស៊ើបអង្កេត​របស់​តុលាការ​ និង​កំណត់​ថាតើ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ​រឿងក្តី​ដែរ​ឬទេ​។

សប្តាហ៍​នេះ​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ ខេលី បាន​និយាយ​ថា​ គឺច្បាស់​ណាស់​ថា​ មាន​កិច្ចការ​ជាច្រើន​ចាំបាច់​ត្រូវ​អនុវត្ត​លើ​សំណុំរឿង​០០៣។

«ប្រសិនបើ​អ្នក​សួរ​ខ្ញុំ​ថាតើ​ ត្រូវ​ការ​ការ​ស៊ើបអង្កេត​ប៉ុន្មាន​ទៀត​ ខ្ញុំ​នឹង​ប្រើ​ពាក្យ​សមញ្ញ​ថា​​ នៅ​មាន​សេចក្តី​ត្រូវ​ការ​ធ្វើការ​ស៊ើបអង្កេត​ចាំបាច់​ជា​ច្រើន​ដែល​​​ត្រូវ​បំពេញ​ក្នុង​ករណី​នេះ»។

ប្រទេស​កម្ពុជា​នៅ​ជា​ប្រទេស​ផ្តាច់​ការ​នៅ​ឡើយ​ ហើយ​ការ​ប្រឆាំង​របស់​រដ្ឋាភិបាល​​​នឹង​សំណុំ​រឿង​00៣​និង ​00៤​បាន​ប៉ះពាល់​ជា​ខ្លាំង​ដល់​បុគ្គលិក​កម្ពុជា​នៃ​តុលាការ​នេះ ​ដែល​ពួកគេ​ភាគ​ច្រើន​បដិសេធ​មិន​ព្រម​ធ្វើការ​ទាក់ទង​នឹង​សំណុំរឿង​នេះទេ។

នៅ​សប្តាហ៍​នេះ ​ចៅក្រម​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៣​បាន​បិទការ​ស៊ើប​អង្កេត​របស់​ពួក​​គេ​ ហើយ​ប្រគល់​សំណុំរឿង​នេះ​ជូន​ទៅ​ព្រះរាជអាជ្ញា​រួច​ហើយ។

លោក ខេលី​ បាន​ពន្យល់​ ពី​ការងារ​មួយចំនួន​ដែល​ចាំបាច់​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​មិន​ចាត់​ទុក​ថា ការស៊ើបអង្កេត​នេះ​ត្រូវ​បាន​បញ្ចប់​ទេ ហើយ​ខ្ញុំ​បាន​ស្នើ​ឲ្យ​មាន​​វិធានការណ៍​មួយ​ចំនួន​ដែល​មានរួមទាំង​ការសម្ភាសន៍​ជនសង្ស័យ​ដែល​បាន​រៀបរាប់​ឈ្មោះ​នៅ​ក្នុង​ការ​បញ្ចូន​រឿង​ទៅ​ស៊ើបសួរ​ដំបូង​ និង​វិធានការណ៍​មួយ​ចំនួន​ទៀត​រួមទាំង​​ការស៊ើបអងេ្កត​នៅទីតាំងនានា​ដែល​បទឧក្រិដ្ឋ​បាន​កើត​ផ្ទាល់ និង​ដែល​ដើមឡើង​បាន​ផ្តល់​ឈ្មោះ​ដោយ​ព្រះរាជអាជ្ញា​នៅ​ក្នុង​ការបញ្ចូន​រឿង​ទៅ​ស៊ើប​​​​សួរ ​ដែល​មិន​ត្រូវ​បាន​ធ្វើការ​ស៊ើបអង្កេត​ទាល់​តែ​សោះ»។

អធិប្បាយ​របស់​លោក ​ ខេលី ហាក់​ដូចជា​បញ្ចាក់​ពី​ការ​សាយភាយ​ពាក្យ​ចចាម​អារាម​ថា ចៅក្រម​ស៊ើប​អង្កេត​ពិតជា​បាន​បំពេញ​ការងារ​បន្តិច​បន្តួច​​ក្នុង​សំណុំរឿង​ទី៣​នេះ។

ប៉ុន្តែ​ បន្ទាប់​សហសេវិក​កម្ពុជា​របស់ ​លោក ខេលី លោកស្រី​ ជា​ លាង ​បាន​ចេញ​សេចក្តី​ថែ្លងការ​​បញ្ចាក់​ថា​ សំណុំរឿង​ទី៣​គួរតែ​ត្រូវ​បិទ។

លោកស្រី​ ជា​ លាង បាន​និយាយ​ថា​ គាត់​បាន​ត្រួត​ពិនិត្យ​សំណុំ​រឿង​នេះ​ហើយ​បាន​សម្រេច​ថា​ ជនសង្ស័យ​ដែល​មិន​បញេ្ចញ​ឈ្មោះ​ទាំងនោះ​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​ ហើយ​ក៏​មិនមែន​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​បទ​ឧក្រិដ្ឋ​នានា​ដែលប្រព្រឹត្ត​ដោយ​ខ្មែរក្រហម​ដែរ​ ហេតុនេះ​អ្នកទាំងនោះ​ ស្ថិត​នៅក្រៅ​យុត្តាធិការ​របស់​តុលាការ​ ថា​ជា​ជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ។

យោង​តាម​ព្រះរាជអាជ្ញា​ រាជរដ្ឋាភិបាល​និង ចៅក្រម​ស៊ើបអង្កេត​ កម្ពុជា​ ទាំងអស់​គ្នា​កំពុង​ជម្រុញ​ឲ្យ​បិទ​សំណុំ​រឿង​ទី៣​នេះ ចំណែកឯ​អ្នក​តាមដាន​ជា​ច្រើ​ន​​វិញ​សង្ស័យ​ថា​ ការ​ចោទប្រកាន់​នឹង​មិន​បន្ត​ដំណើរ​ការ​ទៅ​មុខ​ទេ។

ជម្រើស​ចុងក្រោយ​របស់​ លោក​ ខេលី ​ ដែល​ជា​ព្រះរាជអាជ្ញាអន្តរជាតិ​សម្រាប់​សំណុំរឿង​ទី៣​នេះ​គឺ​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​បិទ​នេះ​ទៅ​ចៅក្រម​ ៥​ រូប។​ ចៅក្រម​បីនាក់​គឺ​ជា​ភាគី​កម្ពុជា​ ហើយ​អ្នក​តាម​ដាន​ដំណើរការ​កាត់ក្តី​ជឿជាក់​ថា​ចៅក្រម​នឹង​ទំនង​ជា​បដិសេធ​ចោល​សំណុំរឿង​នេះ៕

ប្រែសម្រួល​ដោយ​ ហ៊ុយ​ សម្ផស្ស

This posting includes an audio/video/photo media file: Download Now

អតីត​ព្រះរាជអាជ្ញា​ជាប់​ពន្ធនាគារ​១៩​ឆ្នាំ

Posted: 12 May 2011 03:18 PM PDT

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​តុលាការ​ខេត្តពោធិសាត់​បាន​កាត់ទោស​អតីត​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៩ឆ្នាំ​អំពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់ ​និង​ជំរិត​ទារ​ប្រាក់។

លោក​តុប ច័ន្ទសេរីវុធ ​អតីត​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ពោធិសាត់​ ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​អង្គរក្ស​ពីរ​នាក់​របស់​លោក​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ពី​បទ​ពុក​រលួយ ជំរិត​ទារប្រាក់​ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់។

លោក​ឌុច ចន្ថា ​ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​ប្រកាស​សាលក្រម​នៅ​ចំពោះ​មុខ​ជន​ជាប់ចោទ​ថា​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​ឈ្មោះ​ តុប ច័ន្ទសេរីវុធ ​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៩ឆ្នាំ រស់ សំណាង ​១៧ឆ្នាំ ឈិន វុទ្ធី ១៥ឆ្នាំ ​និង​ពេជ្រ គុណយូ ដែល​បាន​រត់គេច​ខ្លួន ​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨ឆ្នាំ ​អំពី​បទ​ពុករលួយ​ ជំរិត​ទារ​ប្រាក់​ និងបង្ខាំង​មនុស្ស​ខុស​ច្បាប់។

លោក​ ហ៊ន បូរី ​មេធាវី​មួយ​របស់​ជន​ជាប់ចោទ​ តុប ច័ន្ទសេរីវុធ ​បាន​ថ្លែង​ថា លោក​មិន​ពេញចិត្ត​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​នេះទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«វា​មិន​ជា​លទ្ធផល​ល្អ​សម្រាប់​មេធាវី​ទេ។ វា​មិន​យុត្តិធម៌​សម្រាប់​គាត់​ (តុប ច័ន្ទសេរីវុធ)។ គេ​ដាក់ទោស​ កូន​ក្តី​របស់​យើង​មិនមាន​ភាព​យុត្តិធម៌​។ បើ​គាត់​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​មែន​គាត់​មិន​គួរ​ដាក់​ពន្ធនាគារ​យូរ​ដូច្នេះ​ទេ»។

លោក​ ឈួន ស៊ីផាន់ ​មេធាវី​ការពារក្តី​ជន​ជាប់ចោទ​ឈិន វុទ្ធី ​និង​រស់ សំណាង​ បាន​ថ្លែង​ថា ការ​សម្រេច​សេចក្តី​របស់​តុលាការ​នេះ​មាន​ភាព​អយុត្តិធម៌​សម្រាប់​កូនក្តី​របស់​លោក ​ហើយ​លោក​មិនអាច​ទទួល​យក​បាន​នូវ​សេចក្តី​សម្រេច​នេះទេ។ លោក​ស៊ីផាន់ ថ្លែង​ថា៖

«ចំពោះ​ខ្ញុំៗ​អត់​យល់​ស្រប​ជាមួយ​សាលក្រម​របស់​តុលាកា​រទេ​ ពីព្រោះ​អំពើ​របស់​កូនក្តី​ខ្ញុំ​ខុស​ប្រក្រតី​មែន ប៉ុន្តែ​ពួកគេ​ធ្វើទៅ​តាម​នីតិ​វិធី​របស់​ច្បាប់ ដែល​បាន​ចែង​ហើយ​ការដាក់​ទោស​នេះ​ក៏ធ្ងន់ធ្ងរ​ពេក​ដែរ»។

លោក ​ចាន់ សុវ៉េត ​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិមនុស្ស អាដហុក បាន​ថ្លែង​ថា តុលាការ​បាន​ផ្តល់​យុត្តិធម៌​ដល់​អំពើ​ល្មើស​ច្បាប់​របស់​អតីត​ព្រះរាជអាជ្ញា​ តុប ច័ន្ទសេរីវុធ​ និងបក្ខពួក​របស់​គាត់។ លោក​សុវ៉េត​បាន​ប្រាប់​វីអូអេ​ថា៖

«ថ្ងៃនេះ ​ការ​សម្រេច​សេចក្តី​របស់​តុលាការ​ខេត្ត​ពោធិសាត់​នេះ​មាន​ភាព​យុត្តិធម៌​ និង​សមរម្យ​ល្មម។ ការ​សម្រេច​ផ្តន្ទាទោស​ប៉ុណ្ណឹង ​យើង​គិតថា វា​យុត្តិធម៌​ហើយ»។

លោក ​ចាន់ សុវ៉េត​ បាន​បញ្ជាក់ថា ការ​ផ្ទន្ទាទោស​អ្នក​មាន​អំណាច​រូប​នេះ ​គឺជា​ការ​លើក​កម្ពស់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ឱ្យ​ជឿជាក់​តុលាការ​ និង​ជា​សារ​មួយ​ជូន​ដល់​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ឱ្យ​បោះបង់​ចោល​អំពើ​ខុសច្បាប់​របស់​ពួកគេ។

ក្រុម​មេធាវី​ បាន​និយាយថា កូនក្តី​របស់​អស់លោក​នឹង​ធ្វើការ​ប្តឹង​ឧទ្ទរណ៍។

គួរ​ត្រូវ​បាន​រំលឹក​ថា លោក​អតីត​ឧត្តមសេនីយ៍​ឯក​ ម៉ឹក តារា ​អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​និងលោក​ជា ឡេង ​អតីត​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ ​ព្រមទាំង​លោក​ហ៊ុន ហ៊ាន ​អតីត​ស្នងការ​ប៉ូលីស​ខេត្ត​បន្ទាយ​មានជ័យ ​និង​អតីត​ស្នងការ​រង​របស់​លោក​ គឺ​លោក​ឈាង សុន​ ត្រូវបាន​ចាប់ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ​ និង​ការជួញដូរ​គ្រឿង​នៅក្នុង​ខែ​មករា ឆ្នាំ​២០១១។

This posting includes an audio/video/photo media file: Download Now

លោក​រាជ សម្បតិ្ត​លាចាក​លោក តែ​គុណ​សម្បត្តិ និង​ស្នាដៃ​របស់​លោក​នៅ​តែ​ត្រូវ​បាន​ចង​ចាំ

Posted: 13 May 2011 01:52 PM PDT

តើ​អ្វីទៅ​ដែល​ជា​កេរដំណែល ​ដែល​នៅ​សេសសល់​ពី​លោក​រាជ សម្បត្តិ​ បុរស​ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព​ម្នាក់​នេះ។ គ្មាន​អ្នកណា​ម្នាក់​នៅ​ជុំវិញ​ខ្លួន​របស់​គាត់​ដែល​ធ្លាប់​ស្គាល់​គាត់​អាច​រក​កំហុស​របស់​គាត់​មក​លាត​ត្រដាង​នៅ​ពេល​នេះ​បាន​ទេ ក៏​ប៉ុន្តែ​ដំបូន្មាន ​និង​ការ​ប្តេជ្ញាចិត្ត ​ភាពរឹងមាំ​ មិត្តភាព ​ភាព​កក់ក្តៅ ​ដែល​គាត់​បាន​ផ្តល់​ដល់​ក្រុម​គ្រួសារ ​និង​មនុស្ស​ជំនាន់​ក្រោយ​ គឺ​ជា កេរដំណែល​ពិតប្រាកដ ​ដែល​លោក​រាជ សម្បត្តិ ​បាន​បន្សល់​ទុក។

មក​ពី​ឃុំ​ក្រោលគោ​ ស្រុក​ស្វាយជ្រុំ ​ខេត្ត​ស្វាយរៀង​ លោក​រាជ សម្បត្តិ ​បាន​បណ្តុះ​ខ្លួនឯង​ឲ្យ​ក្លាយ​ជា​បញ្ញាជន​ដ៏គំរូ​ម្នាក់​ប្រកប​ដោយ​ភាព​ល្បីល្បាញ​ និង​ទទួល​បាន​ការ​គោរព​ពី​គ្រប់​មជ្ឈដ្ឋាន។ គំរូ​ល្អ​របស់​លោក​នៅ​តែ​បន្ត​នៅ​ក្នុង​សង្គម​ខ្មែរ ទោះ​បី​ជា​លោក​លា​ចាក​​លោក​ទៅ​ក្នុង​អាយុ​៤៧​ឆ្នាំ​ កាលពី​យប់​ថ្ងៃ​ពុធ​នៅ​មន្ទីរ​ពេទ្យ​កាលម៉ែត​ក្រុង​ភ្នំពេញ​ដោយសារ​ជម្ងឺ​លើស​ឈាម។

នៅ​ក្នុង​ពិធី​បុណ្យ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ នៅ​ឯ​គេហដ្ឋាន​របស់​លោក អ្នក​ចូល​រួម​គ្រប់ៗ​គ្នា​មាន​ទឹកមុខ​ស្រងូត​ស្រងាត់ និង​កៀមក្រំ។ បង​ប្រុស​បង្កើត​របស់​លោក​រាជ សម្បត្តិ​ គឺ​លោក រាជ សំណាង​ អតីត​ស្នងការ​ប៉ូលីស​ខេត្ត​មណ្ឌលគីរី​ បាន​យំ​អណ្តើតអណ្តក់​នៅ​ពេល​ដែល​លោក​រំឭក​អនុស្សាវរីយ៍​ដែល​លោក​មាន​ជាមួយ​ប្អូន​ប្រុស​បង្កើត​របស់​លោក។ លោក សំណាង​បញ្ជាក់​ថា៖

«ធ្លាប់​រស់​នៅ​ពីក្មេង​ជា​មួយគ្នា រហូត​ដល់​ចាស់​យើង​នៅ​ជាមួយ​គ្នា​ទៀត។ ប៉ុល ពត​សម្លាប់​ម៉ែ យើង​បាន​រស់​ដោយ​លំបាក តែ​មក​ដល់​ឥឡូវ​ស្រួល ​បែ​ជាយើង​ស្លាប់»។

លោក រាជ សម្បត្តិ​ មាន​បង​ប្អូន​ចំនួន​ប្រាំមួយ​នាក់ គឺ​សុទ្ឋតែ​ប្រុស។ លោក​ជា​កូន​ទី៥។ ឪពុក​របស់​លោក​​ដែល​ជា​អតីត​មេឃុំ​ម្នាក់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ត្រូវ​ពួក​ខ្មែរ​ក្រហម​សម្លាប់​ជាមួយ​នឹង​ម្តាយ​របស់​លោក។ លោក​បាន​ក្លាយ​ជា​កូន​កំព្រា។

លោក​រាជ សម្បត្តិ ​បាន​សង្វាត​រៀនសូត្រ​ដោយ​ខ្លួនឯង​ ហើយ​បាន​ទទួល​អាហាររូបករណ៍​ទៅ​សិក្សា នៅ​ប្រទេស​ឥណ្ឌា​នៅ​ទសវត្សរ៍​ឆ្នាំ១៩៨០​ផ្នែក​កសិកម្ម ​គឺ​នៅ​ទីនោះ​ហើយ​ ដែល​លោក​ចាប់អារម្មណ៍​នៅក្នុង

វិស័យ​សារព័ត៌មាន ​ហើយ​លោក​ក៏បាន​ប្រឹងប្រែង​ស្វែង​សិក្សា​ទៅលើ​វិស័យ​សារព័ត៌​មាននេះ ។

លោក​រាជ សម្បត្តិ​បាន​ចូលបម្រើ​ការ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP ​នៅ​ឆ្នាំ​១៩៩១។ ក្រោយ​ពី​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​សារព័ត៌មាន​នៅ​សាកលវិទ្យា​ល័យ​ខូឡំបៀ​ សហរដ្ឋ​អាមេរិក ​លោក​រាជ សម្បត្តិ ​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ផ្នែក​វិជ្ជាជីវៈព័ត៌មាន​ នៅ​ឆ្នាំ២០០១ រហូត​ដល់​លោក​ទទួល​មរណភាព។

លោកទៀង សុភៈវិជ្ជា ​ប្រធាន​ស្តីទី​នៃ​សិក្ខាល័យ​ប្រព័ន្ឋ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​នៃ​សាលាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​ប្រសាសន៍​ដោយ​ទឹកភ្នែក​រលីង​រលោង​នៅ​ពេល​ខ្លះ​ថា លោក​រាជ សម្បតិ្ត ​គឺ​ជា​អតីត​គ្រូ​បង្រៀន​ដ៏ល្អ​ម្នាក់​កម្រ​រក​បាន។

«យើង​ពិបាក​រកគ្រូ​ណា​មក​ជំនួស​គាត់​ ពីព្រោះ​គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ពោ​ពេញ​ទៅ​ដោយ​បទ ពិសោធន៍ ​ចំណេះ​ដឹង ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការ​បង្រៀន​ ស្រឡាញ់​សិស្ស ​ចង់​ឲ្យ​សិស្ស​ចេះ​ពិត​ប្រាកដ។ហើយ​គាត់​មិន​ត្រឹម​តែ​បង្រៀន​ទេ​គាត់​តែងតែ​ផ្សារ​ភ្ជាប់​រវាង​ការ​បង្រៀន និង​ការអនុវត្ត។ ជូនកាល​គាត់​បង្រៀន​ពាក់​កណ្តាល ​គាត់​យក​សិស្ស​ទៅ​ក្រៅ​ពាក់កណ្តាល​ ដើម្បី​ឲ្យ​ឃើញ​ផ្ទាល់។ នេះ​ហើយ​ ជា​កា​រួម​ចំណែក​ដ៏​ធំ ពីព្រោះ​សិស្ស​នេះ​ហើយ​ ថ្ងៃក្រោយ​ជា​ធនធាន​មនុស្ស​ក្នុង​វិស័យ​សាព័ត៌មាន​ ផ្នែក​សាព័ត៌មាន ​ដើម្បី​ជួយ​ឲ្យ​ប្រទេស​យើង​មាន​ការរីកចម្រើន។ ចំពោះ​ខ្ញុំ​ការ​បង្រៀន​នេះ​ គឹ​ជា​ការរួមចំណែក​យ៉ាងធំ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សង្គម​យើង​ និង​ការ​ជឿន​លឿន​ក្នុង​សង្គម​យើង»។

រយៈពេល​១០​ឆ្នាំ ​លោក​រាជ សម្បត្តិ ​បាន​ចូលរួម​បណ្តុះ​បណ្តាល​និស្សិត​ផ្នែក​ព័ត៌មាន​ប្រមាណ​ជាង​២០០​នាក់។ អតីត​និស្សិត​របស់​លោក​មួយ​ចំនួន ​បាន​បំពេញ​ការងារ​ជា​អ្នក​យកព័ត៌​មាន​ មួយ​ចំនួន​ទៀត​បំពេញ​ការងារ​ផ្នែក​ទំនាក់ទំនង ផ្នែក​ព័ត៌មាន​នៅ​បណ្តា​អង្គការ​ក្រៅរដ្ឋាភិបាល។ អតីត​និស្សិត​របស់​លោក​ចំនួន​បួន​រូប​កំពុង​ធ្វើជា​សាស្រ្តាចារ្យ​ជំនួយ​ផ្នែកព័ត៌មាន​បច្ចុប្បន្ន​នេះ។

លោក​ទូច យិនមុនី ជា​គ្រូ​ជំនួយ​ម្នាក់​កំពុង​ឈរ​នៅ​លើ​ផ្លូវ​ដើរ​ចូល​អគារ​សិក្សា​មួយ​កន្លែង​ដែល​លោក​រាជ សម្បត្តិ ​ធ្លាប់​ដើរ​ឆ្លង​កាត់​នៅ​ទីនេះ។ លោក យិនមុនី​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ដោយសារ​គាត់​អប់រំ​យើង​ឲ្យ​ខំ ​ពីព្រោះ​យើង​ជាអ្នក​ស្រែ​ចម្ការ​ដូច​គាត់ដែរ ​គាត់​ជា​អ្នក​មាន​ដើម​កំណើត​មក​ពីស្រែ​ដូចគ្នា​ ហើយ​គាត់​តស៊ូ ​ហើយ​គាត់​ប្រាប់​ថា​ មុនី​ត្រូវ​ខំរៀន​ដើម្បី​អនាគត។ គាត់​ថា ក្នុង​នាម​ជា​និស្សិត​ក្រីក្រ​ម្នាក់​ យើង​ត្រូវ​ព្យាយាម​ខំ​ប្រឹង​ អ្វី​ដែល​អាច​ធ្វើ​បាន​ខំ​ប្រឹង​ធ្វើ។ ​តួយ៉ាង​ដូច​គាត់​តែង​ប្រា​ប់ថា គាត់​ធ្លាប់​រត់​កង់ឌុប។ នេះ​ជាការ​តស៊ូ​របស់​គាត់»។

ដូច​លោក​យិន មុនី ដែរ កញ្ញា​ធី ហៀង គឺ​ជា​មន្រ្តី​ទំនាក់ទំនង​នៃ​អង្គការ​សម្ព័ន្ឋភាព​ដើម្បី​តម្លាភាព​ចំណូល​ធនធាន ​និង​ជាអតីត​និស្សិត​របស់​លោក​រាជ សម្បត្តិ ​នៅឆ្នាំ​សិក្សា​២០០៣​ និង​២០០៤។ កញ្ញា​ធី ហៀង ​ពោល​ដោយ​ក្តុកក្តួល​ រំឭក​អំពី​ដំបូន្មាន​ល្អៗ​របស់​លោក​រាជ សម្បត្តិថា៖

«តាមពិត​ទៅ ​យើង​ទើប​ឃើញ​មុខ​គ្នា​មុន​នេះ​បន្តិច។ ហើយ​ដល់​ពេល​ពួកខ្ញុំ​ ឮរឿង​ហ្នឹង​ទៅ ​មាន​អារម្មណ៍​ថា​ទើប​ជួប​គ្នាថ្មីៗ។ ការបាត់បង់​គាត់​ គឺជា​ការបាត់បង់​ធំ​សម្រាប់​ពួកខ្ញុំ​ជា​សិស្ស ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ភាព​ស្មោះត្រង់​របស់​គាត់ ​ភា​ពល្អ​របស់​គាត់​ ភាព​ស្លូបបូត​របស់​គាត់​ និង​ចរិត​ល្អ​គាត់ បាន​ផ្តល់​មក​ឲ្យ​ពួក​យើង​ គឺ​ពួក​យើង​មាន​អារម្មណ៍​ថា​ កោត​សរសើរ​មែនទែន។ ការ​បាត់បង់​ជីវិត​របស់​គាត់​គឺ​បន្សល់​ទុក​នូវ​អ្វី​ដែល​ល្អ​សម្រាប់​កូន​សិស្ស​យើង​ទាំងអស់​គ្នា ​ហើយ​អ្នក​ដែល​ស្គាល់ ​ជាពិសេស​បើសិន​អ្នកណា​ដែល​ស្គាល់ គាត់​ជិត​ស្និទ្ធ​គឺ​មាន​អារម្មណ៍​ថា​ គឺ​ជា​ការ​បាត់បង់​ដ៏ធំ​បំផុត»។

លោក​រាជ សម្បត្តិ​ ក្លាយ​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បន្ទាប់​ពី​លោក​ក្លាយ​ជា​សាស្រ្តាចារ្យ​ព័ត៌មាន។ ក្រោយ​មក​ទៀត​ លោក​បាន​ឡើង​តំណែងជា​ប្រធាន​ផ្នែក​កិច្ចការសាធារណៈ​នៃ​សាលាក្តី​នេះ។តួនាទី​នេះ​គឺជា​សម្ពាធ​មួយ​យ៉ាងធំ​ដល់​សុខភាព​របស់​លោក ​ដែល​លោក​មាន​ជម្ងឺ​លើសឈាម​អស់ រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ករណី​០០៣ ​និង​០០៤ ​ដ៏​ស្មុគស្មាញ​ ដែល​កំពុង​តែ​មាន​ភាពប្រទាញ​ប្រទង់​រវាង​អង្គការ​សហប្រជាជាតិ ​និង​ភាគី​កម្ពុជា​នៅ​ក្នុង​សាលាក្តី គឺជា​បន្ទុក​មួយ​ផ្នែក​ទៀត​ដល់​ការងារ​របស់​លោក។

លោក​រាជ សម្បត្តិ ​បាន​ឡើង​សម្ពាធ​ឈាម​យ៉ាងខ្លំាង ​និង​ឆាប់​រហ័ស​បំផុត​នៅ​ក្នុង​បន្ទប់​ការងារ​របស់ លោក ​កាលពី​ថ្ងៃអង្គារ គឺ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន ​និង​លោក​ត្រូវ​ចាកចេញ​ពី​កន្លែង​ធ្វើការ​សំដៅ​មក​ផ្ទះ។លោក​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​​វីអូអេ​ខ្មែរ​នៅក្នុង​គ្រា​ចុង​ក្រោយ​បំផុត​កាលពី​ថ្ងៃច័ន្ទ។ សំឡេង​របស់​លោក​នៅ​តែ​ស្វាហាប់​នៅឡើយ។

លោក​កែរ មន្ឋិត​ ដែល​អតីត​យក​ព័ត៌មាន​ដ៏​ល្បីល្បាញ ​និង​ដែល​ជា​អ្នក​ប្រឡូក​ក្នុង​ការងារ​ជាមួយ​លោក​រាជ សម្បត្តិ ​យ៉ាង​ជិត​ស្និទ្ឋ ​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នៅដើម​ទសវត្សរ៍​១៩៩០ បាន​ស្រក់​ទឹកភ្នែក ហើយ​បន្លឺ​ពាក្យ​ពេចន៍​ដ៏​សោក​ស្តាយថា៖

«ទាំងខ្ញុំ ​ទាំង​អ្នក​ដទៃទៀត ​ដែល​ធ្លាប់​ស្គាល់​គាត់​ គឺ​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​គាត់។ គាត់​ជាអ្នក​កាសែត​ដ៏​ចំណាន​ម្នាក់ ​ហើយ​ដ៏​កម្រម្នាក់​នៅ​ស្រុក​យើង​ ជា​មនុស្ស​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ ដើម្បី​យក​មក​ផ្សព្វផ្សាយ។ គាត់​ចេះ​ចែក​រំលែក​អ្វី​ដែល​គាត់ដឹង​ គាត់​ចេះ​ឲ្យ​អ្នក​ជំនាន់​ថ្មី​ ដែល​ចង់​ប្រឡូក​នៅ​ក្នុង​វិស័យ​នេះ​ ហើយ​ក៏​ជា​មនុស្ស​គំរូ​ម្នាក់​សម្រាប់​ជំនាន់​ក្រោយ​នៅក្នុង​វិស័យ​សារព័ត៌មាន។ អនុស្សាវរីយ៍​ផ្សេង​ទៀត​គឺ​គាត់​ទន្ទឹម​នឹង​អាជីព​ដ៏​ចំណាន់​របស់​គាត់ គឺគាត់​ចូលចិត្ត​ធ្វើឲ្យ​គេ​សប្បាយ​ក្អាកក្អាយ»។

នៅ​ថ្ងៃព្រហស្បតិ៍នេះ ​សាលាក្តី​ខ្មែរក្រហម ​សមាគម​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម លោក​នាយក រដ្ឋ​មន្រ្តី​ហ៊ុន សែន ​បាន​ចេញ​សេចក្តី​រំលែកទុក្ខ​ចំពោះ​មរណភាពរ​បស់​លោក​រាជ សម្បត្តិ។

សព​របស់​លោក​រាជ សម្បត្តិ​នឹង​ត្រូវ​បាន​បូជា​នៅ​ថ្ងៃ​អាទិត្យ​ទី១៥​ ខែ​ឧសភា នេះ ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ភរិយា​របស់​លោក​ គឺ​លោកស្រី​ឈូយ ចាន់ធី នឹង​ត្រូវ​មើល​ការ​ខុសត្រូវ​កូន​ចំនួន​បីនាក់​ និង​គ្រប់គ្រង​គ្រួសារ​បន្ត​ទៀត៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!