VOA News: ព័ត៌មាន: “សហ​ព្រះ​រាជអាជ្ញា​គាំទ្រ​ការ​បង្ហាញ​ជនសង្ស័យ​ក្នុង​រឿង​ក្តី​០០៣” plus 2 more

VOA News: ព័ត៌មាន: “សហ​ព្រះ​រាជអាជ្ញា​គាំទ្រ​ការ​បង្ហាញ​ជនសង្ស័យ​ក្នុង​រឿង​ក្តី​០០៣” plus 2 more


សហ​ព្រះ​រាជអាជ្ញា​គាំទ្រ​ការ​បង្ហាញ​ជនសង្ស័យ​ក្នុង​រឿង​ក្តី​០០៣

Posted: 09 May 2011 11:44 AM PDT

លោក ​អ៊ែនឌ្រូ ខេលី (Andrew Cayley) សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​បាន​ស្នើ​សុំ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្ដី​ខ្មែរក្រហម​បង្ហាញ​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​ដ៏​ចម្រូង​ចម្រាស ហើយ​ទាមទារ​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ​ជា​បន្ថែម​ទៀត។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ទាមទារ​ដើម្បី​ផលប្រយោជន៍​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន​អំពី​ការ​វិវត្តន៍​របស់​សាលាក្ដី​ខ្មែរ​ក្រហម ដោយ​ខ្លួន​យល់​ឃើញ​ថា ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​នេះ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ។

ក្រុម​មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ បាន​លើក​ឡើង​ផង​ដែរ​ថា​ សាលាក្ដី​ខ្មែរ​ក្រហម​ខ្វះ​ការ​ជូន​ដំណឹង​ដល់​សាធារណៈជន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​០០៣​ និង​សំណុំ​រឿង​០០៤។

កាលពី​ថ្ងៃទី​២៩​ខែ​មេសា ​សហ​ចៅក្រម​ស៊ើប​អង្កេត​សាលាក្ដី​ខ្មែរក្រហម​បាន​ប្រកាស​ថា​ ខ្លួន​បាន​បិទ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​០០៣​រួច​រាល់​ហើយ​ ដោយ​មាន​សំណុំ​ឯកសារ​ភស្ដុតាង​ចំនួន ២.០០០​ដែល​មាន​ជាង​៤៨.០០០​ទំព័រ។ ក៏ប៉ុន្ដែ​សហ​ចៅក្រម​ទាំងពីរ​មិន​បាន​បង្ហាញ​ពី​ភិនភាគ​នៃ​ជន​សង្ស័យ​ដែល​នៅ​ក្រោម​យុត្តាធិការ​នៃ​ការ​ស៊ើប​អង្កេត​នោះ​ទេ។

លោក​ អ៊ែនឌ្រូ ខេលី បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃច័ន្ទ​នេះ​ថា សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ​ស្នើ​សុំ​ឲ្យ​កោះ​ហៅ​ និង​សួរ​ចម្លើយ​ជនសង្ស័យ​នានា​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​លើ​សំណុំ​រឿង​លេខ​០០៣​ព្រមទាំង​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​នោះ​ថា​ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​សួរ។

នៅ​ក្នុង​នោះ​ដែរ​សហព្រះរាជ្ញា​សញ្ជាតិ​អង់គ្លេស​ដដែល​ បាន​ស្នើ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ស្ដាប់​ចម្លើយ​សាក្សី​សក្ដានុពល​បន្ថែម​ទៀត​ និង​ស្ដាប់​ចម្លើយ​ឡើង​វិញ​នូវ​សាក្សី​ដែល​បាន​កំណត់​ក្នុង​សំណុំ​រឿង​០០២។ បន្ថែម​ពីនោះ​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ ក៏​បាន​ស្នើ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ពិនិត្យ​បន្ថែម​លើ​ទីតាំង​ឧក្រិដ្ឋកម្ម​រួមទាំង​កន្លែង​កប់​សាកសព​ ដាក់​ភស្ដុតាង​បន្ថែម​ និង​សាក​សួរ​បន្ថែម​អំពី​ការ​ចូលរួម​របស់​ជនសង្ស័យ​ក្នុង​ឧក្រិដ្ឋកម្ម​នានា។

លោក​រាជ សម្បត្តិ ​ប្រធាន​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​មិនទាន់​បាន​ទទួល​សំណើ​របស់​សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​នៅ​ឡើយ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«សហ​ចៅក្រម​ស៊ើបអង្គេត ​គាត់​បាន​ជម្រាប​ថា មិ​នទាន់​ឃើញ​គាត់​ផ្ញើ​អ្វី​ទេ​ មក​ដល់​ពេល​ហ្នឹង។ យើង​អត់​ដឹង​ជំហរ​ចៅក្រម​ស៊ើប​ គាត់​ព្រម​ធ្វើ​ទៅ​តាម​ការ​ស្នើ​សុំ​ ឬ​ក៏​គាត់​មិន​ព្រម​ធ្វើ​តាម​ការ​ស្នើ​សុំ។ អញ្ចឹង​កិច្ចការ​នេះ ​វា​ត្រូវ​ទៅ​ឧទ្ធរណ៍»។

សូម​បញ្ជាក់​ថា​ ការ​ស្នើ​សុំ​ឲ្យ​ស៊ើប​អង្កេត​បន្ថែម និង​បង្ហាញ​អត្តសញ្ញា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​របស់​សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ​ពុំមាន​ការគាំទ្រ​ពី​ភាគី​កម្ពុជា​ទេ។ លោកស្រី ​ជា លាង​ សហ​ព្រះរាជ​អាជ្ញា​ជាតិ​ បាន​ជំទាស់​នឹង​ការ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​បន្ថែម​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤​ ដែល​គេ​មើល​ឃើញ​ថា ​គឺជា​ការ​ដើរ​តាម​ជំហរ​បស់​រដ្ឋាភិបាល។

លោក​ រាជ សម្បត្តិ ​បញ្ជាក់​ថា ​លោកស្រី​ជា លាង ​នៅ​តែ​រក្សា​ជំហរ​នេះ​ដដែល។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​លោក​ អ៊ែនឌ្រូ ខេលី ​បាន​លើក​ឡើងថា ​ឧក្រិដ្ឋកមុ្ម​នៅ​ក្នុង​សំណុំ​រឿង​០០៣​ ត្រូវ​បាន​គ្រប​ដណ្តប់​លើ​ឧក្រិដ្ឋកម្ម ​និង​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​នានា​ក្នុង​សំណុំរឿង​០០២​ ដូចជា​ មន្ទីរ​សន្ដិសុខ​ស២១​ ការដ្ឋាន​សាងសង់​ព្រលាន​យន្ដហោះ​ខេត្ត​កំពង់ឆ្នាំង​ ការ​បោស​សម្អាត​ភូមិភាគ​បូព៌ា​ ភូមិ​ភាគ​កណ្ដាល​ ភូមិភាគ​ឧត្តរ​ថ្មី ​ការ​វាយ​លុក​លុយ​ចូល​ប្រទេសវៀត​ណាម ​បូករួម​ទាំង​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្ដិសុខ​ក្នុង​តំបន់​ភ្នំពេញ​ ខេត្ត​កំពង់សោម​ រតនគិរី ​និង​ ការ​ចាប់​ខ្លួន​ជន​បរទេស​ជាដើម។

រហូត​មកទល់​ពេលនេះ​ មាន​អតីត​ជនរងគ្រោះ​នៃ​សម័យ​ខ្មែរ​ក្រហម​ និង​សាច់ញាតិ​ជនរងគ្រោះ​សរុប​ចំនួន​ពីរនាក់​បាន​បើក​កកាយ​អត្តសញ្ញាណ​លោក ​មាស មុត​ អតីត​មេ​បញ្ជា​ការ​កងទ័ព​ជើង​ទឹក​ខ្មែរ​​ក្រហម​ និង​លោក ស៊ូ ម៉េត ​អតីត​មេបញ្ជាការ​កងទ័ព​អាកាស​ខ្មែរ​ក្រហម​ថា​ ពួកគេ​ស្ថិត​ជាជន​សង្ស័យ​ក្នុង​សំណុំរឿង​០០៣។ ក៏ប៉ុន្ដែ​សាលាក្ដី​ខ្មែរក្រហម​បាន​បង្ហាញ​ថា​ ពុំទាន់​មាន​ជនសង្ស័យ​ណា ម្នាក់​ត្រូវបាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​នេះ​ទេ៕

This posting includes an audio/video/photo media file: Download Now

គណបក្ស​ប្រឆាំង​នឹង​រៀបចំ​បាតុកម្ម​សម្រាប់​កម្មករ​រោងចក្រ

Posted: 09 May 2011 01:36 PM PDT

តាមរយៈ​សន្និសីទ​វីដេអូ​ជាមួយ​សមាជិកគណបក្ស​សម រង្ស៊ី ​ប្រចាំរាជធានី​ភ្នំពេញ​កាល​ថ្ងៃ​អាទិត្យ​នេះ លោក សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង ​ដែល​បច្ចុប្បន្ន​នេះកំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស​បាន​ព្រមានថា​នឹង​ដឹកនាំ​ធ្វើ​មហាបាតុកម្ម​មួយ​ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ក្រុម​​កម្មករ​រោងចក្រ​មិថុនា។ លោក​សម រង្ស៊ី ថ្លែង​តាមរយៈ​សន្និសីទ​វីដេអូ​យ៉ាង​ដូច្នេះ​ថា៖

«ត្រូវ​ប្រមូល​កម្មករ​រោងចក្រ​មិថុនា​ទាំងអស់ ​ប្រមូល​កម្មករ​រោងចក្រ​នានា​ដែល​ចង់​សម្តែង​សាមគ្គីភាព​ដល់​រោងចក្រ​មិថុនា​ អ្នក​រងគ្រោះទាំង​អស់។ យើង​ត្រូវ​ធ្វើបាតុកម្ម​មួយ​ទៅ​មុខ​ស្ថានទូត​អាមេរិក»។

ការ​ប្រកាស​ធ្វើ​មហាបាតុកម្ម​របស់​លោក​សម រង្ស៊ី ​បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រុម​កម្មករ​កម្មការីនី​នៃ​ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មិថុនា​បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាងមួយ​ខែ​មក​ហើយ​ ដើម្បី​ទាមទារ​ ​ថៅកែ​រោងចក្រ​ឲ្យ​បើក​ប្រាក់​អតីតភាព​ការងាររ​បស់​ពួកគេ។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ ក្រុម​កម្មករ​បាន​សម្រេច​បិទ​កំណាត់ផ្លូវ​សហព័ន្ធ​រុស៊្សី​ ដែល​មាន​ទីតាំង​នៅ​ពី​មុខ​រោងចក្រ​មិថុនា​ ដែល​ធ្វើ​ឲ្យ​ចរាចរ​បាន​កក​ស្ទះ​ជាច្រើន​ម៉ោង។ ក៏​ប៉ុន្តែ​ក្រោយ​មក​ប៉ូលីស​ប្រដាប់​ដោយ​អាវុធ ​ខែល ​និង​ដំបង​ឆក់ ព្រមទាំង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បាន​វាយ​បំបែក​ក្រុម​កម្មករ។ នេះ​បើ​តាម​ការ​អះ​អាង​របស់​សាក្សីដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក ​និង​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស។ យ៉ាងតិច​មាន​ក្រុម​កម្មករ​ចំនួន​ពីរនាក់​ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​ ហើយ​ក្រោយ​មក​បានដោះ​លែង​វិញ​បន្ទាប់​ពី​ក្រុម​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​ទៅ​តវ៉ា​នៅ​ពី​មុខ​ស្នងការ​ប៉ូលីស​ក្រុង​ភ្នំពេញ។

លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា ​ការ​ធ្វើ​មហា​បាតុក​ម្មនេះ​គឺ​ ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល ​ក៏​ដូចជា​ថៅកែ​រោងចក្រ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទារុណកម្ម​ និង​ផ្តល់​ប្រាក់​អតីតភាព​ដល់​ក្រុម​កម្មករ។

ក្រុម​កម្មករ​នៅ​រោងចក្រ​មិថុនា​មួយ​ចំនួន​បាន​និយាយ​ថា​ ប្រសិន​ណា​បើ​លោក​សម រង្ស៊ី ដឹក​នាំ​ធ្វើ មហា​បាតុកម្ម​ពួក​គេ​នឹង​ចូល​រួម​ពីព្រោះ​ការ​ទាមទារ​អស់រយៈ​ពេល​មួយ​ខែ​ប្រាំបី​ថ្ងៃ​កន្លង​មក​នេះ​ មិន​ទទួល​បាន​លទ្ធផល​ទេ។ កម្មករ​រោងចក្រ​ម្នាក់​បាន​ប្រាប់​វីអូអេ​ថា៖

«ប្រហែល​ជា​ចូល​រួម។ មិន​ដឹង​យ៉ាង​ម៉េច​ដែរ​ ខ្ញុំ​វា​មិន​ទាន់​ដឹង​ដែរ​ពីព្រោះ​ខ្ញុំ​ធ្វើ​កូដកម្ម​អត់​មាន​ខុស​ច្បាប់​ទេ។ អញ្ចឹង​កម្មករ​ខាង​ខ្ញុំ​ទាំងអស់​គ្នា​ត្រូវ​តែ​ចូល​រួម។ ខ្ញុំ​ដឹង​ថា ជា​គណបក្ស​ប្រឆាំង​ហើយ​ តែ​នៅ​តែ​ចូល​រួម ព្រោះ​ដើម្បី​លុយ​ពួក​ខ្ញុំ»។

រោចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មិថុនា ដែល​មាន​ទីតាំង​នៅ​ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​បាន បិទ​ទ្វារ​មួយ​រយៈ ​បន្ទាប់​ពី​ភ្លើង​ឆាប់​ឆេះ​កាលពី​ចុង​ខែ​មីនា ​ហើយ​ក្រោយ​មក​ក្រុម​កម្មករ​បាន​បន្ត​ធ្វើ​កូដកម្ម ដើម្បី​ទាមទា​រប្រាក់​អតីត​ភាព​ការងារ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

លោក​ខៀវ សាវុធ​ អនុ​ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​របស់​ក្រសួង​ការងារ​ បាន​មាន​ប្រសាសន៍​ថា ជម្លោះ​នេះ​ក្រសួង​ការងារ​ បាន​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ដើម្បី​ដោះស្រាយ​ហើយ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«យើង​បាន​ដោះស្រាយ​សម្រប​សម្រួល​ហើយ​ តែ​នៅ​មិន​សះ​ជា​គ្នា។ ក៏​ប៉ុន្តែ​ឥឡូវ ​តាមរយៈ​ឯកឧត្តម​រដ្ឋមន្រ្តី​ដាក់​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដោះស្រាយ​បន្ត»។

លោក អ៊ី សំភី​ ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​ និង​ទំនាក់​ទំនង​នៃ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​បាន​មាន ប្រសាសន៍​ថា ​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​រួច​ហើយ ​និង​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល ​និង​បើក​សវនាការ​ នៅ​ថ្ងៃ​អង្គារ៍។ លោក​ថ្លែង​ថា៖

«និយាយ​ទៅ​ បើ​តាម​នីតិវិធី​គឺ​ទាក់ទង​ទៅ​សំណុំ​រឿង​ហ្នឹង​ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ គាត់​នឹង​ចេញ​សេចក្តី​បង្គាប់​នៅ​ក្នុង​ខែ​៦ (ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១១)»។

លោក​ មឿង តុលា​ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​មាន​ប្រសាសន៍​ថា​ ថៅកែ​រោងចក្រ​ត្រូវ​តែ​ផ្តល់​សំណង​ជំងឺចិត្ត​ដល់​ក្រុម​កម្មករ។ លោក​បន្ត​ទៀត​ថា៖

«សម្រាក​ប្រចាំ​ឆ្នាំ​វា​មាន​ដប់​ប្រាំបី​ថ្ងៃ​ ក្នុង​មួយ​ឆ្នាំ។ អញ្ចឹង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​កម្មករ គាត់​អត់​បាន​ប្រើ​ប្រាស់​អស់​ទេ​ គេ​ត្រូវ​ទូទាត់​ជា​ប្រាក់វិញ»។

លោក​ មឿង តុលា ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ គឺជា​រឿង​ល្អមួយ ​ក៏ប៉ុន្តែ​មិនមែន​ជា​ដំណោះស្រាយ​ទេ៕

This posting includes an audio/video/photo media file: Download Now

របាយការណ៍​អង្កេត៖ គ្រូ​មាន​ទុទិដ្ឋិនិយម​ខ្លាំង​​ចំពោះ​គុណភាព​អប់រំ​កម្ពុជា

Posted: 09 May 2011 11:12 AM PDT

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ គុណភាព​នៃ​ការ​អប់រំ​នៅ​តាម​សាលា​រៀន​រដ្ឋ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ប្រកាស​អាសន្ន។ របាយការណ៍​អង្កេត​លើ​វិស័យ​​អប់រំ​ឆ្នាំ២០១១​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ធ្វើ​សម្ភាសន៍​គ្រូ​បង្រៀន​ចំនួន​៧២៦នាក់​នៅ​ក្នុង​១៧​ខេត្ត​ក្រុង​ ដូចជា​ រាជធានី​ភ្នំពេញ ​ខេត្ត​កំពង់ចាម សៀមរាប​ ព្រៃវែង ​បាត់ដំបង​ ស្វាយរៀង​ កណ្តាល​ បន្ទាយមានជ័យ​ ពោធិ៍សាត់​ជាដើម​ ចាប់ពី​ថ្ងៃទី១​ដល់​ថ្ងៃ​ទី​១៥​ខែ​មិនា​ឆ្នាំ២០១១។

លោក រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន ថា អ្នក​ផ្តល់​ចម្លើយ​៤៥,៥​ភាគរយ​បាន​ឆ្លើយថា ការ​អប់រំ​គ្មាន​ការអភិវឌ្ឍ និង​៣៩,៤​ភាគរយ​ថា ការ​អប់រំ​គ្មាន​គុណភាព​ទេ។ ប៉ុន្តែ​ជាង​១៤​ ភាគរយ​បាន​ឆ្លើយថា ការអប់រំ​មាន​ការអភិវឌ្ឍ​ច្រើន។ លោក​រ៉ុង ឈុន​ថ្លែង​ថា៖

«យើង​មាន​ការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​គុណភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា។ គុណភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា​បាន​មក​ដល់​កន្លែង​មួយ​ប្រកាស​អាសន្ន​ហើយ»។

របាយការណ៍​អង្កេត​នេះ​បាន​បង្ហាញ​ថា អ្នក​ផ្តល់​ចម្លើយ​៥២​ភាគរយ​ឆ្លើយ​ថា ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​គឺ​ជា​ការ​ចាំបាច់​ពី​ព្រោះ​ប្រាក់បៀវត្សរ៍​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​អប់រំ។ អ្នក​ផ្តល់​ចម្លើយ​១៥​ភាគរយ​ថា ត្រូវ​ការ​តម្លាភាព និង​ការ​ផ្លាស់ប្តូរ​នាយក​សាលា​ដែល​ដឹកនាំ​មិន​ល្អ។

របាយការណ៍​អង្កេត​នេះ​បាន​បញ្ជាក់​ថា បញ្ហា​បី​ធំៗ​ប៉ះពាល់​ដល់​ការ​បង្រៀន​របស់​គ្រូ​គឺ​២៤​ភាគរយ​បាន​បណ្តាល​មក​ពី​ប្រាក់ខែ​ ១៧​ភាគរយ​បាន​បណ្តាល​មក​ពី​អំពើ​ពុករលួយ ​និង​១៥​ភាគរយ​បាន បណ្តាល​មក​ពី​ការ​ខ្វះខាត​សម្ភារៈ ​និង​ការ​មិន​បាន​បណ្តុះ​បណ្តាល​គ្រូ។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា អ្នក​ផ្តល់​ចម្លើយ​៨៥​ភាគរយ​មិន​បាន​ចូល​រួម​ធ្វើ​សេចក្តី​សម្រេច ចិត្ត ​ក្នុង​នោះ​៣៧​ភាគរយ​បាន​និយាយ​ថា នាយក​សាលា​មិន​ចង់​ធ្វើ​ការ​ប្រឹក្សា​ជាមួយ​ពួកគេ ​និង​២៥​ភាគរយ​បាន​លើក​ឡើង​អំពី​ការ​រើស​អើង​ប្រឆាំង​នឹង​ពួកគេ។

របាយការណ៍​នេះ​ក៏​បាន​បន្ថែម​ថា អ្នកផ្តល់​ចម្លើយ​ជាង​៤៣​ភាគរយ​មិន​ទាន់​បាន​យល់​ច្បាស់​ និង​មិន​ធ្លាប់​ឮ​អំពី​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​នៅ​ឡើយ​ និង​៥៦ភាគរយ​បាន​ដឹង​អំពី​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​នោះ។

លោក ​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ថ្លែងថា លទ្ធផល​អង្កេត​នេះ​ជា​ ឯកសារ​មួយ​សម្រាប់​ឱ្យ​ក្រសួង​អប់រំ​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​កែលំអរ​បញ្ហា​អប់រំ​នៅ​កម្ពុជា​ ហើយ​របាយការណ៍​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង​អប់រំ​នៅ​ថ្ងៃ​នេះ។

លោក អ៊ូ អេង​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​អប់រំ​បាន​បដិសេធ​ការ​រក​ឃើញ​របស់​របាយការណ៍​អង្កេត​លើ​វិស័យ​អប់រំ​ឆ្នាំ​២០១១​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​អ៊ូ អេង បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«សេចក្តី​ប្រកាស​របស់​គាត់​អត់​ត្រឹម​ត្រូវ​ទេ។ អត់​ពិត​ទេ។ ក្រសួង​អប់រំ​អត់​ទទួល​យក​បាន​ទេ​ ហើយ​វិស័យ​អប់រំ​​នៅ​កម្ពុជា​មិន​ធ្លាក់​ចុះ​ដល់​ថ្នាក់​ដូចគាត់​និយាយ​នោះ​ទេ»៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!