VOA News: ព័ត៌មាន: “សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​ជំទាស់​ការ​ស៊ើបអង្កេត​សំណុំ​​រឿង​០០៣” plus 2 more

VOA News: ព័ត៌មាន: “សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​ជំទាស់​ការ​ស៊ើបអង្កេត​សំណុំ​​រឿង​០០៣” plus 2 more


សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​ជំទាស់​ការ​ស៊ើបអង្កេត​សំណុំ​​រឿង​០០៣

Posted: 10 May 2011 01:48 PM PDT

សហ​ព្រះរាជអាជ្ញា​កម្ពុជា ​លោកស្រី​ ជា លាង ​បាន​ជំទាស់​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃអង្គារ៍​នេះ ​ចំពោះ​ការ​តាម​ស៊ើបអង្កេត​និង​ចាប់​ខ្លួន​ជនសង្ស័យ​នៅក្នុង​សំណុំរឿង​០០៣​យកមក​កាត់ទោស​ ដោយសារ​លោកស្រី​ សំអាង​ថា ​ពួកគេ​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម​នោះទេ។

តាម​ការ​លើកឡើង​ក្រៅ​ផ្លូវការ​របស់​ជនរងគ្រោះ​ និង​សាច់ញាតិ​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ ចំនួន​ពីរនាក់​បាន​ឲ្យដឹង​ថា​ ជន​សង្ស័យ​នៅក្នុង​សំណុំរឿង​ទីបី​នេះ​ មាន​ពីរ​រូប ​គឺ​លោក​មាស មុត ​ដែល​ជា អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរ​ក្រហម​ និង​លោក​ ស៊ូ ម៉េត ​អតីត​មេបញ្ជាការ​កងទ័ព​អាកាស។

លោកស្រី​ ជា លាង ​បាន​លើកឡើង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃ​អង្គារន៍​នេះ​ថា​ ជន​សង្ស័យ​ ដែលត្រូវ​បាន​លើកឡើង​នៅក្នុង​សំណុំរឿង​០០៣​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​ហើយ​ក៏​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​នោះ​ដែរ។ ពោល​គឺ​មានតែ​ជន​ពីរក្រុម​នេះទេ​ ដែល​សាលាក្តី​ ខ្មែរក្រហម​អាច​ធ្វើការ​ស៊ើបអង្កេត​និង​តាម​ចាប់​ខ្លួន​យក​មកកាត់​ទោស​បាន។

សេចក្តី​សំអាង​ខាងលើ​នេះ​ ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ លោក អាន់ឌ្រូ ខេលី (Andrew Cayley) ​បាន​ស្នើសុំ​ជា​ឯកតោភាគី​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ថែម​ទៀត ​និង​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​នៅក្នុង​សំណុំ​រឿង​០០៣​ បន្ទាប់ពី​សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ ប្រកាស​ថា ​ខ្លួន​បាន​ស៊ើបអង្កេត​សំណុំ​រឿង​នេះ ចប់​សព្វគ្រប់​រួច​ហើយ។

រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា ​បាន​ជំទាស់​យ៉ាងខ្លាំងក្លា​ទៅ ​និង​ការតាម​ស៊ើបអង្កេត​នៅក្នុង​សំណុំ រឿង​០០៣ ​និង​សំណុំរឿង​០០៤ ​ដែល​មាន​ជនសង្ស័យ​សរុប​ចំនួន​ប្រាំនាក់​ ដែល​ស្នើ​ដោយ​សហ​ព្រះរាជ អាជ្ញា​បរទេស​នោះ។

សហ​ព្រះរាជអាជ្ញា​កម្ពុជា​ លោកស្រី ​ជា លាង​ ក៏បាន​បង្ហាញ​ជំហរ​ស្របគ្នា​ជាមួយ​រដ្ឋាភិបាល​ខ្មែរ​ដែរ​ ដែល​ត្រូវ​គេ​លើកយក​មក​រិះគន់​មិន​ចេះចប់​អំពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​ទៅលើ​ សាលាក្តី​ខ្មែរ​ក្រហម។

លោកស្រី ​Clair Duffy ​អ្នក​សម្របសម្រួល​របស់​អង្គការ​យុត្តិធម៌​សង្គម​សេរី​ OSJI​ របស់​សហរដ្ឋ​ អាមេរិក​ ដែល​កំពុង​តែ​តាម​ឃ្លាំមើល​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា ​ការបង្ហាញ​ជំហរ​ របស់​លោកស្រី​ជា លាង ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ។

«ខ្ញុំ​គិតថា​ វា​ច្បាស់ណាស់​ថា​ មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​សំណុំរឿង​០០៣​ និង​០០៤ ហើយ​ខ្ញុំ​គិតថា​សេចក្តី​ថែ្លង​ការណ៍​របស់​អ្នកស្រី​ ជា លាង​ មិនបាន​បន្ថែម​អ្វី​ថ្មី​ទៅលើ​ជំហរ​របស់​អ្នកស្រី ​ដែល​យើង​ដឹង​រួច​ទៅ​ហើយ​នោះ​ទេ​ គឺ​តាំងពី​ពេល​ដែល​សំណុំរឿង​ទាំងពីរ​ត្រូវបាន​បញ្ជូន​ទៅ​ស៊ើបអង្កេត​នោះ»។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ និង​សហ​ព្រះរាជអាជ្ញា​ជាតិ ​បាន​ខ្វែងគំនិត​គ្នា​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​បង្គាប់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​នៅក្នុង​សំណុំរឿង​០០៣​និង​០០៤។

សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ ​ក៏បាន​បង្ហាញ​អំពី​ការ​មិន​ចូលរួម​របស់​ខ្លួន​នៅក្នុង​ការ​ស៊ើបអង្កេត​នេះ​ ដែរ។ ដូច្នេះ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ បាន​សម្រេច​ធ្វើការ​ស៊ើបអង្កេត​ជា​លក្ខណៈ​ឯកតោភាគី​ទៅ​ លើ​សំណុំរឿង​ទាំងពីរ​នេះ៕

This posting includes an audio/video/photo media file: Download Now

ការ​ស្ទង់​មតិ៖ ពលរដ្ឋ​ខ្មែរ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​

Posted: 10 May 2011 12:51 PM PDT

ការ​ស្ទង់មតិ​ថ្មីមួយ​បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មិន​យល់​អំពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ​ដោយសារ​​ពួក​គេ​មាន​កង្វះ​ព័ត៌មាន​ច្បាស់លាស់​ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

របាយការណ៍​ស្ទង់​មតិ​ថ្មី​នេះ​ធ្វើ់ឡើង​ដោយ​អង្គការ​ BBC ​World ​Service​ Trust​ ហើយ​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ធ្លាប់​ឮ​ពាក្យ​ថា​«ការ​ប្រែប្រួល​អាកាសធាតុ»​ ឬ «ការ​កើនឡើង​កម្តៅ​ផែនដី» ប៉ុន្តែ​ពួកគេ​មិន​ទាន់​យល់​ច្បាស់​អំពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​បាតុភូត​ទាំងនេះ​នៅ​ឡើយ​ទេ។

ការ​ស្ទង់​មតិ​ដែល​បាន​ផ្សព្វផ្សាយ​​ជា​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ៍​នេះ ​​បាន​រក​ឃើញ​ថា​ ៨៤%​ក្នុង​ចំណោម​អ្នក​ឆ្លើយ​សំណួរ​​ទាំងអស់​ ធ្លាប់​ឮពាក្យ​ «ការ​ប្រែប្រួល​អាកាសធាតុ​» ហើយ​៧០%​ នៃ​ពួកគេ​ ធ្លាប់​ឮ​ពាក្យ​ «ការ​កើនឡើង​កម្តៅ​ផែនដី» តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ការ​និយាយ​តៗ​គ្នា ​ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន​បកស្រាយ​ពន្យល់​ពាក្យ​ទាំង​នេះ​ ដោយ​ផ្សាភ្ជាប់​ជាមួយ​នឹង​ជំងឺ ​បញ្ហា​ដាំដុះ​ គ្រោះ​រាំង​ស្ងួត​ កំណើន​សីតុណ្ហភាព​ ទិន្នផល​ធ្លាក់ចុះ​ និង​កង្វះទឹក​ប្រើប្រាស់​ជាដើម។

មាន​អ្នក​ឆ្លើយតប​តិចតួច​ណាស់​ដែល​បាន​ពន្យល់​ពី​​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ផ្សាភ្ជាប់​ទៅ​នឹង​ការ​បំពុល​ចេញ​ពី​រោងចក្រ​ឧស្សាហកម្ម​និង​ការ​ប្រើប្រាស់​យានជំនិះ។ អ្នក​ឆ្លើយតប​ភាគច្រើន​មិន​បាន​ពន្យល់​មូលហេតុ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ថា​ បណ្តាល​មក​ពី​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សាកល​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​ ពន្យល់​ថា​​មូលហេតុ​នោះ​គឺ​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​សិក្សា​ដែល​ផ្តល់​ថវិកា​ដោយ​ក្រសួង​បរិស្ថាន​កម្ពុជា​ក្រោម​ការ​គាំទ្រ​របស់​អង្គការ​Oxfam, Danida និង​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ​ UNDP ​បាន​ស្ទាបស្ទង់​ការ​យល់​ឃើញ​របស់​ប្រជាជន​កម្ពុជា​ចំនួន​២.៤០១​នាក់​ ដែល​ជា​កសិករ​ អ្នកនេសាទ​ គ្រូបង្រៀន​ ពាណិជ្ជករ

ស្រ្តី​មេផ្ទះ ​និង​ធ្វើ​បទ​សម្ភាសន៍​​បែប​ស៊ីជម្រៅ​ជាមួយ​បុគ្គល​សំខាន់ៗ​ចំនួន​១០១នាក់​មក​ពី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឧស្សាហកម្ម​ និង​ជា​មន្រ្តី​រដ្ឋាភិបាល​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​ នៅ​ទូទាំង​២៤​ខេត្ត-ក្រុង​នៃ​ប្រទេស​កម្ពុជា។

លោក​ Charles​ Hamilton ​នាយក​អង្គការ​ BBC ​World ​Service​ Trust​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្ទង់​មតិ​នេះ​ថា​ មាន​ចន្លោះប្រហោង​និង​ការ​យល់​ខុស​ជា​ច្រើន​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ ដោយ​សារ​កង្វះ​ព័ត៌មាន​ដែល​​មាន​លក្ខណៈ​ងាយ​យល់​សម្រាប់​ប្រជាសហគមន៍​មូលដ្ឋាន​ទាក់​ទង​នឹង​បញ្ហា​​ប្រែប្រួល​អាកាសធាតុ​នេះ។

«យើង​ត្រូវ​ប្រើ​ភាសា​ឲ្យ​ចំ​ ហើយ​សាមញ្ញ​ មិនមែន​ស្មុគស្មាញ​ ដូចជា​ការ​និយាយ​អំពី​ការ​កាត់​បន្ថយ​ឬ​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម។​ តើ​វា​មាន​ន័យ​យ៉ាង​ដូចម្តេច​​ចំពោះ​កសិករ​ឬ​អ្នកនេសាទ? ​អ្នក​ទាំង​នេះ​ហើយ​គួរ​តែ​ជា​ទស្សនិកជន​សំខាន់​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ ពោលគឺ​អ្នក​ដែលមាន​​ការ​អប់រំ​នៅ​មាន​កម្រិត​ ដែល​ត្រូវការ​ព័ត៌មាន​ច្បាស់​លាស់​ថា​តើ​វា​មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​ជីវិត​រស់នៅ​របស់​ពួកគេ។ ដូច្នេះ​ព័ត៌មាន​ចាំបាច់​ត្រូវ​តែ​មាន​ការ​ពាក់​ព័ន្ធនឹង​ពួកគេ។»

លោក​ទេសរដ្ឋមន្ត្រី ​ម៉ុក​ ម៉ារ៉េត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ មាន​ប្រសាសន៍​ថា​របាយការណ៍​ស្ទង់​មតិនេះ​គឺ​ជា​មូលដ្ឋាន​ព័ត៌មាន​ដ៏​ចាំ​បាច់​មួយ​សម្រាប់​រដ្ឋាភិបាល​និង​អ្នក​ពាក់ព័ន្ធ​នានា​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​រៀបចំ​កសាង​ផែន​ការ​យុទ្ធសាស្ត្រ​និង​សកម្មភាព​ផ្សព្វផ្សាយ​បន្ថែម​ ដើម្បី​លើក​កម្ពស់​ចំណេះដឹង​របស់​ប្រជាជន​កម្ពុជា​ទូទៅ។

«សេចក្តី​សន្និដ្ឋាន​និង​អនុសាសន៍​នានា​ដែល​បាន​តាក់តែង​ឡើង​ក្នុង​របាយការណ៍​នេះ​ នឹង​ជំរុញ​លើក​កម្ពស់​ចំណេះដឹង​សាធារណជន​ទូទៅ​នៅ​កម្ពុជា​និង​ជំរុញ​ឲ្យ​មាន​​ការ​ចូលរួម​ការ​អនុវត្ត​ការ​ឆ្លើយតប​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ​ឲ្យ​កាន់​តែ​សមស្រប​​ ច្បាស់លាស់​ សកម្ម​និង​មាន​ប្រសិទ្ធិភាព។»

ប៉ុន្តែ​លោក​ទេសរដ្ឋមន្ត្រី ​ម៉ុក​ ម៉ារ៉េត​ មិន​បាន​ឆ្លើយតប​ឲ្យ​ចំ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​​ថា​ តើ​ក្រសួង​របស់​លោក​នឹង​មាន​សកម្មភាព​ជាក់​ស្តែង​ណាមួយ​ ដើម្បី​បញ្ជ្រាប​ការ​អប់រំ​ឬ​លើក​កម្ពស់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ប្រាយ​អ៊ិន ​ឡន់​ (Brian Lund) ​នាយក​អង្គការ ​Oxfam ​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត​ បាន​ថ្លែង​ថា​ ការ​អប់រំ​ និង​ព័ត៌មាន​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​អំណាច​និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា ​អាច​បន្ស៊ាំ​ខ្លួន​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ​និង​អាច​ស្តារ​ខ្លួន​ឯង​ឡើង​វិញ​បន្ទាប់​ពី​រង​ផលប៉ះពាល់​ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​ពួកគេ៕

This posting includes an audio/video/photo media file: Download Now

​​​​​​​​​​អង្គការ​សិទ្ធិ​មនុស្ស​និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​បង្កើតក្រុម​ការងារ​រួម

Posted: 10 May 2011 11:47 AM PDT

ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល ​និង ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក (Adhoc) ​បាន​ព្រមព្រៀង​គ្នា​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ជម្លោះ​ដីធ្លី ​ដែល​កំពុងតែ​កើតមាន​យ៉ាង​ចម្រូង​ចម្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ​ឱម យិនទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​បញ្ហា​ដីធ្លី ​និង​យន្តការ​ដោះស្រាយ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana) ​ថា​ ក្រុម​ការងារ​នេះ​មាន​ភារកិច្ច​ចុះ​ទៅ​ស្រាវជ្រាវ​រក​ការ​ពិត​ក្នុង​ករណី​ជម្លោះ​ដីធ្លី​នីមួយៗ​សម្រាប់​ធ្វើជា​ជំនួយការ​ដល់​អ្នក​មាន​អំណាច​ដោះស្រាយ។

«ខ្ញុំ​បាន​ព្រមព្រៀង​ជាមួយ​លោក​ ធន សារ៉ាយ ​ថា​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​​និង​សមាគម​សិទ្ធិ​មនុស្ស ​Adhoc​ របស់​លោក ​ធន សារ៉ាយ​ រួមគ្នា​ជាក្រុម​ការងារ​ ចុះ​ដោះស្រាយ​ ចុះ​ពិនិត្យ​ករណី​ទំនាស់​ដីធ្លី​នីមួយៗ​ ហើយ​យើង​ធ្វើ​របាយការណ៍​រួមគ្នា។ ការ​យល់​ឃើញ​របស់​សមាគម​សិទ្ធិមនុស្ស ​Adhoc និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល ​ចុះ​ក្នុង​របាយការណ៍​រួម​គ្នានេះ។ វា​មិនមែន​មាន​ន័យ​ថា​ ធ្វើ​ក្រុម​ការងារ​ជាមួយ​គ្នា​ត្រូវតែ​និយាយ​ភាសា​តែមួយ​ទេ។ ប៉ុន្តែ​ក្រុម​ការងារ​នេះ​ចុះទៅ​មើល​បញ្ហា​ដូចគ្នា»។

លោក​ ឱម យិនទៀង ​បាន​បន្ត​ថា ​នេះ​ជា​វិធី​ដោះស្រាយ​ជាក់ស្តែង​លើ​ជម្លោះ​ដីធ្លី​នេះ​ ហើយ​ការ​រកឃើញ​ អំពី​មូលហេតុ​នៃ​ជម្លោះ​ដីធ្លី​នេះ ​នឹង​ដាក់​ជូន​គណៈកម្មាធិការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​រដ្ឋាភិបាល​និង​ តុលាការ​ ដើម្បី​ពិចារណា។

«យើង​ធ្វើ​កាតព្វកិច្ច​របស់​យើង​ចប់។ ប៉ុន្តែ​យើង​មិន​តម្រូវ​ឱ្យ​គេ​គោរព​តាម​ការ​សម្រេច​របស់​យើង​ ពីព្រោះ​ យោបល់​របស់​យើង​មិនមែន​ជា​សាលក្រម​ទេ។ ការ​សម្រេចចិត្ត​របស់​យើង​គឺជា​ពន្លឺ»។

ការ​​បង្ក្រាប​ហិង្សា​របស់​​ប៉ូលីស​​ទៅ​លើ​​អ្នក​​ភូមិ​បឹងកក់​កាល​ពី​ថ្ងៃ​ទី​២១​ខែ​មេសា​ឆ្នាំ​២០១១៖

ជន​រង​គ្រោះ​ពី​ទំនាស់​ដី​ធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ៖


លោក ​ធន សារ៉ាយ ​ប្រធាន​សមាគម​សិទ្ធិមនុស្ស ​Adhoc ​បាន​ថ្លែង​ថា​ ការ​ធ្វើការ​រួម​គ្នា​នេះ​ គឺជា​ការ​ល្អ​ជាង​ការ​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក។

លោក​ ធន ​សារ៉ាយ​ បាន​បញ្ជាក់ថា​ យើង​ចង់​ផ្តល់​ឱ្យ​អាជ្ញាធរ​នូវ​ការ​រកឃើញ​ សក្ខីកម្ម​ និង​ អនុសាសន៍​ របស់​យើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី។ យើង​ទុក​ឱ្យ​តុលាការ​ឬ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ ឬ ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​អ្វី​ដែល​យើង​បាន​រកឃើញ។

«យើង​រួមគ្នា​ដើម្បី​រក​ការ​ពិត​មួយ។ យើង​បាន​ជួយ​ដល់​រឿង​ករណី​ដ៏​ស្មុគស្មាញ​ខ្លះ​ដែល​វា​ជា​ការ​ល្អ។​ កិច្ច​សហការ​នេះ​ខ្ទប់​មាត់​របស់​យើង​មិន​ឱ្យ​និយាយ​ទេ។ យើង​នៅតែ​រក្សា​សិទ្ធិ​ក្នុង​ការ​និយាយ​អ្វី​នោះទេ។ បើ​ក្រុម​ការងារ​នេះ​ដំណើរការ​ល្អ ​វា​ចំណេញ​ដល់​ជនរងគ្រោះ»។

លោក​តំណាងរាស្ត្រ ​យ៉ែម​ បុញ្ញឫទ្ធិ ​អគ្គលេខា​ធិការ​គណបក្ស​សិទ្ធិ​មនុស្ស ​បាន​ថ្លែង​ថា​ ក្រុម​ការងារ​នេះ​ ជា​ជំហ៊ាន​ល្អ ​ហើយ​វាអាច​មាន​ប្រសិទ្ធិភាព​ បើ​ភាគី​ទាំង​ពីរ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ដើម្បី ដោះស្រាយ​​​បញ្ហា​​ជម្លោះ​ដីធ្លី​នេះ។

«យើង​ទុក​ឱកាស​ឱ្យ​គាត់​ (ភាគីទាំងពីរ) ​ធ្វើការ​មួយ​ជំហ៊ាន​សិន​ ប៉ុន្តែ​ក្តី​សង្ឃឹម​របស់​យើង​ហាក់​ដូច​ជា​ មាន​តិចតួច​ណាស់ ​ដោយសារ​មូលហេតុ​មិន​ទទួល​ស្គាល់​ការ​ពិត​នៃ​បញ្ហា»។

លោក ​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស ​Adhoc ​បាន​ថ្លែង​ថា​ បញ្ហា​ជម្លោះ​ដីធ្លី​គឺ​ជា​កង្វល់​ដ៏​ធំ​នៅ​កម្ពុជា ​ដោយ​សមាគម​សិទ្ធិ​មនុស្ស​ទទួល​បាន​បញ្ហា​ជម្លោះ​ដីធ្លី​ប្រមាណ​២០០​ករណី​និង​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ជាង​៣០០​នាក់​នៅ​ក្នុង​ឆ្នាំ២០១០៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!