VOA News: ព័ត៌មាន: “ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សុំ​ធ្វើ​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី” plus 2 more

VOA News: ព័ត៌មាន: “ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សុំ​ធ្វើ​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី” plus 2 more


ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សុំ​ធ្វើ​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី

Posted: 11 May 2011 03:31 PM PDT

សហ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​ពីរ​រូប​បារម្ភថា​ ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ត្រូវ​បាន​ដក​សិទ្ធិ​សម្រាប់​ការដាក់​ពាក្យ​ស្នើសុំ​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី ក្នុង​សំណុំ​រឿង​០០៣ ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​ទើបតែ​បិទ​បញ្ចប់ការ​ស៊ើប​អង្កេត​ កាលពី​ចុង​ខែ​មេសា។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃអង្គារ៍ ដើម្បី​ជូន​ដំណឹង​អំពី​ការ​ដាក់​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី លោកស្រី​មេធាវី​ ស៊ីលកិ ស្ទូហ្ស៊ិនស្គី ​(Silke Stuzenski) និង​លោក​មេធាវី​ ហុង គឹមសួន​ លើក​ឡើងថា ​ដោយ​ពុំ​បាន​ទទួល​ដំណឹង​អំពី​សំណុំ​រឿង​នេះ ជនរង​គ្រោះ​ដែល​ត្រូវ​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ ត្រូវ​បាន​រារាំង​មិន​ឲ្យ​ធ្វើ​ចំណាត់​ការ​ដ៏​មាន អត្ថន័យ​ដូច​ដែល​សិទ្ធិ​ត្រូវ​បាន​ចែង​ក្នុង​វិធាន​ផ្ទៃក្នុង។

លោក​ស្រី​ស៊ីលកិ ស្ទូហ្ស៊ីនស្គី​ មាន​ប្រសាសន៍​ក្នុង​សម្ភាសន៍​តាម​ទូរសព្ទ័​ថា ជន​រងគ្រោះ​ទើប​តែ​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង​លេខ​០០៣​នេះ​ ហើយ​ប្រសិន​បើ​ពួកគេ​ប្រថុយ​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង​ងងឹត​ងងុល​នោះ ពួកគេ​នឹង​ប្រឈម​នឹង​ការបដិសេធ​សិទ្ធិ​ជា​ដើម​បណ្ដឹង​ខ្ពស់​បំផុត។ លោក​ស្រី​ថ្លែង​ដូច្នេះ​ថា៖

«អ្នក​ដាក់​ពាក្យ​សុំតាំង​ខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​ហានិភ័យ​ខ្ពស់​ប្រសិន​បើ​ពួក​គេ​មិន​ស្ថិត​ក្នុង​ទំហំ​នៃ​ការ​ស៊ើប​អង្កេត។ ដោយសារ​តែ​ពួកគេ​មិនដឹង​អំពី​ទំហំ​នៃ​ការ​ស៊ើប​អង្កេត​នោះ ពួកគេ​ងាយ​នឹង​ត្រូវ​គេ​ទាត់​ចោល។ យើង​ទើប​តែ​ដឹង​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​សំណុំ​រឿង​០០៣​កាល​ពី​ម្សិល​មិញ​​តែ​ប៉ុណ្ណោះ។ ខ្ញុំ​សន្មត់ថា ​នេះគឺ​ជា​ចេតនា​ ដើម្បី​បញ្ចៀស​ជនរងគ្រោះ​ពីការ​ដាក់​ពាក្យ​ស្នើ​​សុំ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​​រដ្ឋ​ប្បវេណី»។

សហ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំងពីរ​រូប​បន្ថែម​ថា សំណុំរឿង​លេខ​០០៣ និង​០០៤​ គឺ​ជា​សំណុំរឿង​ដែល​នៅ​ក្នុង​នោះ​និទណ្ឌភាព​ ឬ​ភាព​គ្មាន​ទោសពៃរ៍​ទំនង​ជា​កើត​ឡើង​សម្រាប់​អ្នក​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​យុត្តាធិការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។

កាលពី​ថ្ងៃ​ច័ន្ទ សហ​ព្រះ​រាជ​អាជ្ញា​លោក​ អ៊ែនឌ្រូ ខេលី (Andrew Caley) ​បាន​អំពាវនាវ​ឲ្យ​ដើម បណ្ដឹង​សក្ដានុពល​នានា​ដាក់​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​សម្រាប់​សំណុំ​រឿង០០៣​ឲ្យ​បាន​ច្រើន ដោយ​ហេតុថា​ កាលបរិច្ឆេទ​កំណត់​សម្រាប់​ការ​ដាក់​ពាក្យ​បណ្ដឹង​សុំ​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេ​ណីនេះ នឹង​ត្រូវ​ចប់​នៅរសៀល​ថ្ងៃទី​១៨​ ខែ​ឧសភា​ខាង​មុខនេះ។

រហូត​មក​ទល់​ពេលនេះ​គេ​ទើប​តែ​ដឹង​ថា​ មាន​អតីត​ជនរងគ្រោះ និង​សាច់​ញាតិ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ចំនួន​បួន​នាក់​ហើយ​បាន​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ដើម្បី​ប្រឆាំង​នឹង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ចំនួន​ពីរ​នាក់​ក្នុង​សំណុំរឿង​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក អ៊ឹម សុភា ​ប្រធាន​ផ្នែកស​ម្របសម្រួល​កម្មវិធី​ផ្សព្វ​ផ្សាយ​នៃ​អង្គភាព​គាំពារ​ជនរង​គ្រោះ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម។ លោក សុភា បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អ្នក​ដាក់ពាក្យ​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ មកដល់​ម៉ោង​នេះ​ គឺមាន​ចំនួន​បួននាក់»។

លោក អ៊ឹម​ សុភា ​មិនធ្វើ​ការ​អត្ថាធិប្បាយ​លើ​ការ​លើកឡើង​របស់​លោកស្រី​ស្ទូហ្ស៊ិនស្គី​ទេ។

លោក​ឡាត់ គី​ អ្នក​សម្រប​សម្រួល​កម្មវិធី​សាលាក្ដី​ខ្មែរ​ក្រហម​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាហុក​មាន​ប្រសាសន៍​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​សារៈសំខាន់​ជា​ខ្លាំង​ក្នុង​ការ​ចូលរួម​ក្នុង​ដំណើរ​ការក្ដី​ ក៏ប៉ុន្ដែ ​តួលេខ​នៃ​អ្នក​ដាក់​ពាក្យ​សុំ​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​ចំនួន​តិចតួច​ណាស់​ក្នុង​ពេល​នេះ។ លោក ឡាត់ គី បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ការ​ចូលរួម​របស់​ជន​រងគ្រោះ​​គឺ​សំខាន់​មែនទែន​ គឺ​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​អាច​ប្រឈម ​ហើយ​នឹង គាត់​អាច​ស្វែងរក​យុត្តិធម៌ ​ដោយ​ខ្លួនគាត់។ ធ្វើយ៉ាង​ម៉េច​ឲ្យ​គាត់​អាច​ទទួល​យុត្តិធម៌​ ដោយ​ស្ងប់​ចិត្ត ឈរ​លើ​ការពិត»។

មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​៩០​រូប​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​សំណុំរឿង​០០១​ ​រីឯ​ក្នុង​សំណុំ​រឿង​០០២​ មាន​អតីត​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​សរុប​ជាង​២.០០០ ​នាក់​ត្រូវបាន​ទទួល​ស្គាល់​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

វិធាន​ទី​២៣​ នៃ​វិធាន​ផ្ទៃក្នុង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បង្ហាញ​ថា ​ការ​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​គឺ​ដើម្បី​ចូលរួម​ដំណើរការ​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​យុត្តាធិការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ដោយ​គាំទ្រ​ការចោទ​ប្រកាន់​របស់​តុលាការ និង​ការ​ទាមទារ​សំណង​ផ្លូវ​ចិត្ត។ វិធាន​ដដែល​នេះ​បញ្ជាក់ថា ​អ្នក​ស្នើ​សុំ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់។ ហើយ​ត្រូវ​បង្ហាញ​ឧក្រិដ្ឋកម្ម​មួយ​យ៉ាងតិច​ដែល​ត្រូវ​បាន​ចោទប្រកាន់​លើ​ជនជាប់​ចោទ​ថា ខ្លួន​ពិតជា​បាន​ទទួល​រង​ ព្យសនកម្ម​ខាង​ផ្លូវចិត្ត​លើ​រូប​រាងកាយ​ ឬ​សម្ភារៈ។

ក៏​ប៉ុន្ដែ​សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ខកខាន​ក្នុង​ការបង្ហាញ​ពី​ទំហំ​នៃ​ការ​ស៊ើបអង្កេត​ និង​ការ​ជាប់​ពាក់ព័ន្ធ​របស់​ជនសង្ស័យ រួមទាំង​ការ​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ផងដែរ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ជនរង​គ្រោះ​រា​រែក​ ឬ​មិន​បាន​ទទួល​ដំណឹង​ថា តើ​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ​តាំង​ខ្លួន​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​​យ៉ាង​ដូចម្ដេច។ យ៉ាងណា​ក៏ដោយ​សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ​ បាន​បង្ហាញ​អំពី​ទំហំ​នៃ​ការ​ស៊ើប​អង្កេត​ និង​បទ​ចោទ​ដែល​ទាក់ទង​ទៅនឹង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវបាន​លើកឡើង​ក្នុង​សំណុំរឿង​០០៣​នេះ។ ពេលវេលា​ដែល​ត្រូវ​ផុត​កំណត់​គឺ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​នេះ សម្រាប់​ដាក់​ពាក្យ​ស្នើសុំ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣។ ដូច្នេះ​ហើយ​សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​ លោក អ៊ែនឌ្រូ ខេលី ​បាន​ស្នើសុំ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​បន្ថែម​ពេលវេលា​ចំនួន​ប្រាំមួយ​សប្ដាហ៍​ទៀត។ ក៏ប៉ុន្ដែ​មិនទាន់​មាន​ការសម្រេច​ណាមួយ​ឆ្លើយតប​ទៅនឹង​សំណើ​នេះ​នៅឡើយ៕

This posting includes an audio/video/photo media file: Download Now

ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​ត្រូវ​បាន​បញ្ឆេះ​ដោយ​ស្មារតី​ជាតិនិយម​និង​នយោបាយ

Posted: 11 May 2011 03:11 PM PDT

ប្រាសាទ​បុរាណ​មួយ​ដែល​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ស្ថិត​នៅ​ចំ​ចំណុច​កណ្តាល​នៃ​ជម្លោះ​ស្លាប់​រស់​រវាង​ប្រទេស​ទាំងពីរ។ ការប៉ះទង្គិច​គ្នា​នៅតាម​បណ្តោយ​ព្រំដែន​នៅ​ឆ្នាំ​នេះ​បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​៣០នាក់​និង​បង្ខំ​អ្នកភូមិ​រាប់ម៉ឺន​នាក់​ឱ្យ​រត់ភៀស​ខ្លួន​ចេញពី​លំនៅដ្ឋាន។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​និយាយ​ថា​ជម្លោះ​នេះ​បង្កឡើង​ដោយសារ​បញ្ហា​កម្មសិទ្ធិ​ដី​នៅ​ជាប់​ប្រាសាទ ​ប៉ុន្តែ​ក៏មាន​ការលើកឡើង​ថា​ស្មារតី​ជាតិនិយម​និង​នយោបាយ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​ទាំងពីរ​ក៏​ដើរ​តួនាទី​សំខាន់​មួយ​ជំរុញ​ឱ្យ​មាន​ជម្លោះ​នេះដែរ។

ជម្លោះ​ព្រំដែន​បាន​គ្របដណ្តប់លើ​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​នេះ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​អ្នករៀបចំ​បាន​បរាជ័យ​ក្នុង​ការ​រក​ដំណោះស្រាយ​លើ​ការ​ខ្វែង​គំនិត​គ្នា​ដ៏ធំ​រវាង​ភាគី​ទាំងពីរ។

នៅពេលដែល​លោក​នាយករដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត​ វីចាជីវ៉ា​និង​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ ហ៊ុន សែន​បាន​ជួបគ្នា​នៅឯ​កិច្ច​ប្រជុំ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​កាល​ពី​ថ្ងៃ​អាទិត្យ​  មេដឹកនាំ​ទាំងពីរ​បាន​ធ្វើការ​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ទៅលើ​បញ្ហាថា​តើ​ប្រទេស​ណា​មួយ​ជាអ្នក​ទទួល​ខុសត្រូវ​ចំពោះ​ជម្លោះ​ដែល​បាន​អូស​បន្លាយ​រវាង​ប្រទេស​ទាំងពីរ។

នាយករដ្ឋមន្រ្តី ថៃ​បាន​អះអាង​ថា​ប្រទេស​កម្ពុជា​បាន​បង្ក​ឱ្យ​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ដោយ​សារ​បាន​ដាក់​ពង្រាយ​កងទ័ព​នៅ​តំបន់ដែលមាន​ជម្លោះ។ លោក​បាន​បន្ថែម​ទៀត​ថា​ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​កម្ពុជា​បាន​ព្យាយាម​ម្តងហើយ​ម្តងទៀត​នាំយក​ជម្លោះ​នេះ ទៅ​ឆាក​អន្តរជាតិ​ដោយ​នាំឱ្យ​មាន​ការ​ចូល​ពាក់ព័ន្ធ​ពីក្រុម​ខាងក្រៅ ដូច​ជា​សមាគម​អាស៊ាន​ និង​អង្គការ​សហ​ប្រជាជាតិ​ជាដើម។

លោក ធីទីណាន់ ពង្សុទ្ធី​រ៉ាក់ (Thitinan Pongsudhirak) នាយកនៃ​វិទ្យាស្ថាន​សិក្សា​សន្តិសុខ​​និង​កិច្ចការ​អន្តរជាតិ​នៅ​ឯ​សាកល​វិទ្យាល័យ​ជូឡាឡុងកន​ក្នុង​ទីក្រុង​បាងកក​បាន​និយាយ​ថា៖

«អាស៊ាន​បាន​ព្យាយាម​ជួយ​សម្រប​សម្រួល។ ​កាល​ពី​ខែ​កុម្ភៈ មាន​ការ​ព្រមព្រៀង​គ្នា​មួយ​ថា​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​សន្តិភាព​ឥណ្ឌូនេស៊ី​មក​ប្រទេស​កម្ពុជា​និង​ថៃ​ហើយ​ភាគី​ថៃ​បាន​យល់ព្រម។​ ប៉ុន្តែ​វិបត្តិ​ផ្ទៃក្នុង​របស់​ថៃ​ដែល​នាំ​ឱ្យ​ក្រុម​យោធា​បដិសេធ​ចោល​ការព្រមព្រៀង​របស់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​អាប់ភីស៊ីត។ ហើយ​តាម​ពិត​ទៅ​កិច្ចព្រម​ព្រៀង​នេះ​គឺ​ភាគីថៃទេ​ជាអ្នក​បដិសេធ​ចោល»។

នៅ​ប្រទេស​ថៃ​ ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតាម​បណ្តោយ​ព្រំដែន​បាន​កើត​មាន​ឡើង​ស្រប​ពេល​​ដែល​រដ្ឋាភិបាល​ត្រៀមរៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ដើម​ខែ​កក្កដា​ ហេតុនេះ​បាន​នាំ​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យថា​នយោបាយ​ផ្ទៃក្នុង​ដែល​កំពុង​បែកបាក់​របស់​ប្រទេស​​នេះ​អាច​មាន​ចំណែក​ខ្លះ​នៅក្នុង​ជម្លោះនោះ។

ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​បង្ហាញ​សាច់ដុំ​រវាង​ក្រុម​ថ្នាក់​ខ្ពស់​ឬ​ក្រុម​វរជន​ដែល​មាន​ការ​គាំទ្រ​ពី​ក្រុម​យោធា​ទល់នឹង​ក្រុម​គណបក្ស​ប្រឆាំង​ដែល​គាំទ្រ​ដោយ​អតីត​នាយករដ្ឋ​មន្រ្តី ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​កម្ពុជា​ពេល​ដែល​លោក​ នៅកាន់​អំណាច។

ក្រុម​យោធា​បាន​ទម្លាក់​លោក​ថាក់ស៊ីន​នៅក្នុង​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំ​២០០៦​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុម​បាតុករ​ជាតិនិយម​ដែល​គេ​ស្គាល់​ថា​ជាក្រុម​អាវ​លឿង។ អ្នក​គាំទ្រ​របស់​លោក​ត្រូវ​បាន​គេ​ដកចេញ​ពី​ជួរ​កងទ័ព​និង​រដ្ឋាភិបាល​ហើយ​លោក​បាន​រស់នៅ​និរទេសខ្លួន​ ដើម្បី​គេច​ចេញពី​ការចោទ​ប្រកាន់​ពីបទ​ពុករលួយ។

ចាប់តាំង​ពីពេល​នោះមក​ នយោបាយ​ក្នុង​ប្រទេស​នេះ​បាន​បែងចែកគ្នា​យ៉ាងជូរចត់​ហើយ​ការស្ទង់​មតិ​បង្ហាញថា​ការ​បោះឆ្នោត​ក្នុង​ខែ​កក្កដានេះ​នឹង​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា។

លោក វីលៀម ខេស (William Case) ​សាស្ត្រាចារ្យ​នៃ​ការសិក្សា​ពី​អាស៊ីនិង​កិច្ចការ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ City នៅ​​ទីក្រុង​ហុងកុង មាន​ប្រសាសន៍ថា​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ថាក់ស៊ីន ប្រហែល​ជា​សង្ឃឹម​ថា វិបត្តិ​ព្រំដែន​នឹង​ជួយ​ប្រមូលផ្តុំ​ជាតិ​ទាំងមូល​ឱ្យ​ងាក​មក​គាំទ្រ​ពួកគេ​ឬក៏​ប្រើប្រាស់​វាជា​លេស​ដើម្បីពន្យា​ពេល​បោះឆ្នោត។

«មាន​ក្រុម​​ខ្លះ​ដែល​រួម​ទាំង​ក្រុម​យោធា​និង​ចលនា​ក្រុម​អាវលឿង​ដែល​ប្រហែល​ជា​មិនចង់​ឱ្យ​មាន​ការ​បោះឆ្នោត​ទេ​ដោយសារតែ​ខ្លាច​លទ្ធផល​បោះឆ្នោត​ចេញ​មក​យ៉ាង​ណា​នោះ»។

កាលពីខែ​ធ្នូ​មាន​ក្រុម​មួយ​ក្នុងចំណោម​​ពួក​អាវលឿង​បាន​បំផុស​ស្មារតី​ជាតិនិយម​នៅ ភាគី​ទាំង​ពីរ​ដោយ​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​មាន​ជម្លោះ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ពី​បទ​ចារកម្ម។

ចាប់តាំង​ពី​ពេលនោះ​មក​ក្រុម​អាវលឿង​បាន​តវ៉ានៅ​ក្រៅ​អាគា​រដ្ឋាភិបាល​ប្រឆាំង​នឹង​លោក​អាប់ភីស៊ីត ដោយ​ចោទ​ថា​លោក​ប្រកាន់​ជំហរ​ទន់ខ្សោយ​ពេក​ចំពោះ​ប្រទេស​កម្ពុជា។

ការ​តានតឹង​បានកើត​មាន​ឡើង​ជា​លើក​ដំបូង​នៅតាម​បណ្តោយ​ព្រំដែន​ក្នុង​ឆ្នាំ​២០០៨​នៅពេល​ដែល​អង្គការ​សហប្រជាជាតិ​បានចុះ​បញ្ជី​​​ប្រាសាទ​បុរាណខ្មែរ​មួយដែល​មាន​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា​ជា​បេតិកភណ្ឌ​ពិភពលោក។ នៅ​ពេល​នោះ​ រដ្ឋាភិបាល​ថៃ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក​ថាក់ស៊ីន បាន​គាំទ្រ​ពាក្យ​ស្នើសុំ​របស់​ប្រទេស​កម្ពុជា។

លោក ម៉ៃឃើល ម៉ុងតេសាណូ (Michael Montesano) គឺ​ជា​អ្នកស្រាវជ្រាវ​មួយរយៈខ្លី​ស្តី​ពី​ប្រវត្តិសាស្រ្ត​ថៃ​និង​កិច្ចការ​ក្នុង​តំបន់​នៃ​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​អាស៊ី​អាគ្នេយ៍​នៅ ប្រទេស​សឹង្ហបូរី​បាន​បញ្ជាក់ថា​​គូប្រឆាំង​នយោបាយ​របស់​លោក​អតីត​នាយក​រដ្ឋមន្រ្តី​បាន​ចាប់​យក​ការ​ចុះ​បញ្ជី​ប្រាសាទ​នេះ​ដើម្បី ​ទាញ​រឿង​ទំនាស់​ព្រំដែន​មក​ជារឿង​នយោបាយ។

«ជាក់ស្តែង​ចាប់​តាំងពីពេល​នោះ​មក​រឿងរ៉ាវ​បាន​កើត​ឡើង​ហួសពី​ការគ្រប់គ្រង ហើយ​មាន​ហិង្សា​ប្រដាប់​អាវុធ​រវាង​កងកម្លាំង​ថៃនិង​កម្ពុជា​នៅតាម​ព្រំដែន​កម្ពុជា​និង​ថៃ​ មាន ឧបទ្ទវហេតុ​ជាបន្តបន្ទាប់​អូសបន្លាយ​ជាច្រើនឆ្នាំ​ អសមត្ថភាព​ដ៏រ៉ាំរ៉ៃ​របស់​សមាគម​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​ហិង្សា​រវាង​រដ្ឋ​សមាជិក​ គឺ​ទាំង​អស់​នេះ​ផ្តើម​ចេញ​មក​ពី​អ្វី ដែល​ជា​នយោបាយ​ផ្ទៃក្នុង​នៅ​ភាគី​ខាង​ថៃ»។

ជម្លោះ​ព្រំដែន​ក៏មាន​លក្ខណៈ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ ដែល​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម​ដើរ​តួនាទី​សំខាន់​ក្នុង​នយោបាយ​ផ្ទៃក្នុង។

លោក​ហ៊ុន សែន​នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​គឺ​ជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់​លោក​ថាក់ស៊ីន​ហើយ​ក្នុង​ឆ្នាំ​២០០៩​ បាន​តែង​តាំង​លោក​ថាក់ស៊ីន​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ហើយ​បាន​បដិសេធ​ធ្វើ​បត្យាប័ន​គាត់​ទៅប្រទេស​ថៃវិញ។

លោក Montesano និយាយថា​ប្រជាជន​កម្ពុជា​ជាច្រើន​មើល​ឃើញ​ប្រទេស​ថៃ​ថា​​មាន​លក្ខណៈ​ក្រអឺត​ក្រអោង​​ដាក់​ប្រទេស​ជិតខាង​តួចតាច​របស់ខ្លួនហើយ​លោក​ហ៊ុន សែន​ទទួលបាន​ពិន្ទុនយោយបាយ​ងាយស្រួល​ដោយ​ការ​ងើបឡើង​តទល់​នឹង​ទីក្រុង​បាងកក។

ប៉ុន្តែ​លោក Montesano និយាយថា​បញ្ហានេះ​ក៏​ផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​នូវ​ការ​បិទបាំង​ខាង​នយោបាយ​លើ​បញ្ហា​ព្រំដែន​ដែល​ខ្លួន​មាន​ជាមួយ​ប្រទេស​វៀតណាម។ គូបដិបក្ខ​របស់​លោក​ហ៊ុន សែន​បាន​ចោទ​ប្រកាន់​គាត់​ថា​មាន​ការ​ទន់ខ្សោយ​ក្នុង​ការចរចា​ជា​មួយ​ក្រុង​ហាណូយ។

«ខ្ញុំ​ក៏​មិនដឹង​ច្បាស់​ថា​ពួកគេ​និយាយ​ត្រូវ​ឬ​ខុសទេ។ ប៉ុន្តែ​ពួកគេ​និយាយថា​លោក​ហ៊ុន សែន​លេង​ក្នុង​សភាពការណ៍​ព្រំដែន​ជាមួយប្រទេស​ថៃ​គឺដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ពី​អ្វី​ដែល​ជា​ជំហរ​ទន់ខ្សោយ​របស់​លោក​ទល់​នឹង​ប្រទេស​វៀតណាម​ទាក់ទង​នឹង​ព្រំដែន​ដែល​មិន​បាន​បោះ​បង្គោល​ត្រឹមត្រូវ»។

ព្រំដែន​រវាង​ប្រទេស​កម្ពុជានិង​ថៃ​ត្រូវបាន​កំណត់​ជាង​មួយ​សតវត្សរ៍​មកហើយ​ដោយ​ប្រទេស​បារាំង​ដែល​ធ្វើ​អាណានិគម​នៅ​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ថៃ​ដែល​ពេល​នោះ មាន​ឈ្មោះ​ហៅថា​ព្រះរាជាណាចក្រ​សៀម។

ភាគីថៃ​បាន​ទទួល​យក​ផែនទី​ផលិត​ដោយ​ប្រទេស​បារាំង​យ៉ាង​ស្ងៀមស្ងាត់​ប៉ុន្តែ​មាន​ការ​អាក់អន់​ចិត្ត​នាពេល​ក្រោយ​មក​ដោយ​ចោទ​ថា​ផែនទី​នោះ​មិន​យុត្តិធម៌​ទេ។

តំបន់​ទំនាស់​សំខាន់​គឺ​លើ​ដី​ដែល​នៅ​ ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​មាន​ចំណាស់​៩០០​ឆ្នាំ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​សម្រេច​កាលពី​ឆ្នាំ​១៩៦២​ថា​ប្រាសាទ​នោះ​ជា​របស់​ប្រទេស​កម្ពុជា​​ហើយ​ប្រទេស​ថៃ​បាន​ទទួល​យល់ព្រម​ តែ​បញ្ហា​នោះ​នៅ​ងំ​ជា​ច្រើន​ទសវត្សរ៍​មក​ទៀត។

ប្រទេស​ថៃ​ទាមទារ​យក​ដី​នៅ​ជាប់​​ប្រាសាទ​ដែល​តុលាការ​មិន​បាន​សម្រេច។

កាល​ពី​ដើម​ខែ​នេះ​ប្រទេស​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​តុលាការ​នោះ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ ដើម្បី​ព្យាយាម​ដោះស្រាយ​ទំនាស់​នេះ។ ប្រទេស​ថៃ​និយាយ​ថា​ខ្លួន​ចង់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​ចរចា​ផ្ទាល់​ជាមួយ​ប្រទេស​កម្ពុជា៕

ប្រែ​សម្រួលដោយ​ ម៉ែន​ គឹមសេង

This posting includes an audio/video/photo media file: Download Now

ប្រជាជន​ខ្មែរ​អាមេរិកាំង​មាន​សំឡេង​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ករណី​០០២

Posted: 11 May 2011 05:27 AM PDT

របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​បាន​ផុត​រលត់​ជាង​៣០​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​​រឿង​រ៉ាវ​និង​បទ​ពិសោធន៍​ដ៏​ជូរចត់​នេះមិន​អាចផុត​រលត់​ពី​អារម្មណ៍​ជនជាតិ​ខ្មែរ​អាមេរិកាំង​ដែល​ដាក់​ពាក្យបណ្តឹង​ក្នុង​សំណុំ​រឿង​០០២​នោះ​ទេ។ ពួកគាត់​បាន​រៀបរាប់​រឿងវ៉ាវ​របស់គេ​ប្រាប់​មេធាវី​ដែល​តំណាង​ឲ្យ​ពួកគេ​ក្នុង​សវនាការ​សំណុំ​រឿង​នេះ។

របប​ប្រជា​ធិប​តេយ្យ​បាន​ផុត​រលត់​ជាង​៣០​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​ការ​ចងចាំ​នូវ​រឿង​រ៉ាវ​និង​បទរដ្ឋ​ពិសោធន៍​ដ៏​ជូរចត់​មិន​បាន​ផុត​រលត់​នោះ​ទេ។​ការ​នៅ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​គឺ​ជា​ឩបសគ្គ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​អាមេរិកាំង​មាន​ការ​ពិបាក​ក្នុង​ការ​តាម​ដាន​និង​ចូលរួម​ជាមួយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។​ ប៉ុន្តែ​ភាព​នៅ​ឆ្ងាយ​ពី​អង្គ​ជំនុំ​ជម្រះ​នេះ​មិន​បាន​ធ្វើ​ឲ្យ​លោក​ស្រី​ពេជ្យ​ ច័ន្ទ​ថន​និង​លោក​ស្រី​ព្រំ​រ័ត្ន​បោះបង់​ចោល​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ករណី​០០២​នោះ​ទេ។ ​តាម​រយៈ​អង្គការ​សិក្សា​សង្គម​កម្ពុជា​ លោក​ស្រី​ទាំងពីរ​និង​ប្រជាជន​ខ្មែរ​អាមេរិកាំង​១៦៨​នាក់​ទៀត​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​កាត់ទោស​មេដឹក​នាំ​ខ្មែរក្រហម​ករណី​០០២​ តាមរយៈ​មេធាវី​ពី​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការ​ទទួល​ខុសត្រូវ ​ដែល​តំណាង​ឲ្យ​បណ្តឹង​របស់​គេ។

នៅ​ក្នុង​សិក្ខា​សាលា​«ពី​ជន​រង​គ្រោះ​ក្លាយ​ជាសាក្សី»​ដែល​រៀប​ចំ​ឡើង​នៅ​បណ្ណាល័យ​ម៉ាក​ធ្វេន​ ទីក្រុង​Long Beach ​រដ្ឋ​California​ដោយ​អង្គការ​សិក្សា​សង្គម​កម្ពុជា​សហការ​ជាមួយ​និង​មជ្ឈ​មណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការ​ទទួល​ខុស​ត្រូវ​នេះ​លោក​​ស្រី​ព្រំ រ័ត្ន​ជា​ដើម​បណ្តឹង​រប្ប​វេ​ណី​បាន​និយាយ​ប្រាប់​អ្នក​ចូលរួម​ពី​រឿង​រ៉ាវ​របស់​គាត់​នៅ​សម័យ​ខ្មែរ​ក្រហម​ និង​សូម​ឲ្យ​តុលា​ការ​ធ្វើ​យ៉ាង​ណា​ជួយ​រក​យុត្តិធ៌ម​ជូន​គាត់​ផង។​ លោក​ស្រី​បាន​រៀប​រ៉ាប់​យ៉ាង​ដូច្នេះ​ថា​៖

«ខ្ញុំ​នេះវា​ឲ្យ​ធ្វើ​ការ​ធ្ងន់​ណាស់។ ​ធ្វើ​ការ​នៅ​រោង​ចក្រ​ផង​ហើយ​ជួន​កាល​វា​ឲ្យ​ខ្ញុំ​ទៅ​ភ្ជួរ​ស្រែ។​ ខ្ញុំ​នេះ​វា​ឲ្យ​ធ្វើ​គោ។ ​វា​យក​ខ្ញុំ​ទៅ​ទឹម​ធ្វើ​គោ​ភ្ជួរ​ស្រែ។​យើង​មនុស្ស​ភ្ជួរ​ទៅ​វា​មិន​ដូច​គោ​ទេ។​ កន្លែង​ខ្លះ​ដី​ដាច់​ ហើយ​វា​ឲ្យ​ខ្ញុំ​កាប់​ដី​ក្នុង​ទឹក​ហើយ​ពួក​យើង​បិទ​ភ្នែក។​ យើង​កាប់​ទៅ​ខ្ចាយ​ភក់​ចូល​ពេញ​ភ្នែក។​ ហើយ​ទឹក​ភក់​ចូល​ត្រចៀក ​កើត​ដំបៅ ​ហើយ​អត់​ថ្នាំ​អី​មើល​ទេ។ ​ខ្ញុំ​ឈឺ​រហូត​ដល់​ចូល​អា​មេរិក​ទើប​ខ្ញុំ​ជា​ដំបៅ​ហ្នឹង»។

រីឯ​អ្នកក​ស្រី​ពេជ្យ ​ច័ន្ទ​ថន​ក៏​បាន​និយាយ​រឿង​រ៉ាវ​ដ៏​ជូ​ចត់​របស់​គាត់​ហើយ​គាត់​មិន​ចង់​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​បញ្ឈប់​ការ​កាត់​ក្តី​ត្រឹម​ករណី​០០២​ប៉ុណ្ណោះ​ទេ។​ លោក​ស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖​ «ឥឡូវ​នេះ​ឮ​សូរ​ថា​ នៅ​ឯ​ខាង​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​ទាំង​អស់​គ្នា​ដែល​បាន​ដាក់​ទៅ។ ​ខ្ញុំ​សប្បាយ​ចិត្ត​ថែម​ទៀត។ ​តុលា​ការ​ចង់​បញ្ឈប់​ត្រឹម​ពីរ​សំណុំ​រឿង​ហ្នឹង​គឺ​ទី១​និង​ទី២។ ​ខ្ញុំ​មិន​ចង់​ឲ្យ​ឈប់​ទេ។ ខ្ញុំ​សូម​តវ៉ា​ឲ្យ​ធ្វើ​បន្ត​ទៀត»។

ការ​ចង់​ឲ្យ​បន្ត​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​បន្ទាប់​ពី​ករណី​០០២​ត្រូវ​បាន​គាំទ្រ​ពី​សំណាក់​អ្នក​ចូល​រួម​សិក្ខា​សាលា​ ហើយ​អ្នក​រៀប​ចំ​កម្មវិធី​បាន​រៀប​ចំ​ជា​ក្រដាស់​ស្នាម​សម្រាប់​អ្នក​ចូល​រួម​ចុះ​ឈ្មោះ​និង​ចុះ​ហត្ថលេខា​គាំ​ទ្រ​លើ​សំណើ​នេះ​ដើម្បី​ធ្វើ​ជា​ញត្តិ​ឲ្យ​មេធាវី​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។

អ្នក​ស្រី​មេធាវី​នូ​ស៊ីន​សា​កា​រា​ទី​(Nushin Sarkarati)​ដែល​ជា​មេធាវី​នៅមជ្ឈ​មណ្ឌល​សម្រាប់​យុត្តិធ៌ម​ និង​ការ​ទទួល​ខុស​ត្រូវ​និង​ជាអ្នក​តំណាង​ឲ្យ​ពាក្យ​បណ្តឹង​ទាំង​១៧០​ច្បាប់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖​«នៅ​សហ​រដ្ឋ​អាមេរិក​មាន​ខ្មែរ​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ប្រហែល​១៥០០០០​នាក់។​ ដូច្នេះ​មាន​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ច្រើន​ណាស់។ ​សំឡេង​របស់​គេ​មាន​សារៈ​សំខាន់​ក្នុង​ការ​កាត់​ទោស​នេះ​ ព្រោះ​ថា​ វា​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ គេ​មាន​ឱកាស​ទាម​ទារ​យុត្តិធម៌។ ​យុត្តិធម៌​នេះ​អាច​ឲ្យ​គេ​ធូរ​អារម្មណ៍​ពី​ជំងឺ​ផ្លូវ​ចិត្ត​សល់​ពី​របប​ខ្មែរក្រហម»។

ចំណែក​ឯ​អ្នក​ស្រី​បណ្ឌិត​នូ​លក្ខិណា​នាយិកា​ប្រតិបត្តិ​របស់​អង្គការ​សិក្សា​សង្គម​កម្ពុជា​បាន​ឲ្យ​ដឹង​ពី​កិច្ចការ​របស់​អ្នកស្រី​ក្នុង​ការ​រៀប​ចំ​កម្មវិធី​យ៉ាង​ដូច្នេះ​ថា៖​ «ASRIC ​មាន​បំណង​បង្កើត​វិចិត្រ​សាល​មួយ​ដូច​ដែល​ខ្ញុំ​ពន្យល់​ក្នុង​អង្គ​ប្រជុំ។​ វាសំខាន់។​ បើ​សាល​ក្រម​មិន​សម​តាម​ចិត្ត​គាត់​ កុំ​ឲ្យ​គាត់​អត់​ចិត្ត​ កុំ​ឲ្យ​បេះដូង​គាត់​ឈឺ​ម្តង​ទៀត។​ ហើយ​ពួក​ជន​រង​គ្រោះ​គាត់​អត់​ចង់​បាន​អី​ច្រើន​ទេ។ ​គាត់​គ្រាន់​តែ​ចង់​ឮ​សូរ​ថា ​ការ​ឈឺ​ចាប់​របស់​គាត់​ត្រូវ​តុលា​ការ​ទទួល​ស្គាល់​ ហើយ​តុលា​ការ​គោរព​ ឲ្យ​តម្លៃ​គាត់​ជា​មនុស្ស។​ កុំ​ឲ្យ​ថា​គ្រាន់​តែ​គាត់​ជា​ជន​រង​គ្រោះ​ អត់​ឲ្យ​តម្លៃ​គាត់​ជា​មនុស្ស។ ​​ថ្ងៃ​នេះ​ខ្ញុំ​យល់​ថា ​បាន​ជោគជ័យ​ខ្លាំង​ណាស់។​ ខ្ញុំ​បាន​ឃើញ​លោក​អ៊ំ ​លោក​យាយ​ប៉ុន្មាន​នាក់​ គាត់​យំ​ ហើយ​ខ្ញុំ​មើល​ឃើញ​គាត់​មាន​សង្ឃឹម​ក្នុង​ភ្នែក​គាត់»។

នៅ​ពេល​បិទ​កម្មវិធី​ អ្នក​រៀប​ចំ​​ក៏​មាន​ជា​ការ​ស្មូត​ដើម្បី​ជា​ការ​រំងាប់​អារម្មណ៍​តាន​តឹង៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!