VOA News: ព័ត៌មាន: “មរណ​ភាព​លោក​រាជ​ សម្បត្តិ​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​បាត់​បង់​ដ៍​ធំ​សម្រាប់កម្ពុជា” plus 4 more

VOA News: ព័ត៌មាន: “មរណ​ភាព​លោក​រាជ​ សម្បត្តិ​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​បាត់​បង់​ដ៍​ធំ​សម្រាប់កម្ពុជា” plus 4 more


មរណ​ភាព​លោក​រាជ​ សម្បត្តិ​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​បាត់​បង់​ដ៍​ធំ​សម្រាប់កម្ពុជា

Posted: 11 May 2011 06:47 PM PDT

លោក​ រាជ សម្បត្តិ​ ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ទទួល​មរណ​ភាព​កាល​ពី​យប់​ថ្ងៃ​ពុធ​ទី​១១​ ឆ្នាំ​២០១១​ ដោយ​សារ​ជំងឺ​លើស​ឈាម​ ឬ​ដាច់​សរសៃឈាម។​ ជាមួយ​គ្នា​នឹង​ការ​ចូល​រួម​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ ហើយ​នឹង​ការ​ចង​ចាំគុណ​សម្បត្តិ​ ដ៏​ច្រើន​របស់​លោក​រាជ ​សម្បត្តិ​ផង​នោះ​ អ្នកយក​ព័ត៌មាន​កម្ពុជា​​មិត្ត​ភក្តិ​ និងមន្ត្រី​រដ្ឋា​ភិបាល​បាន​ចាត់​ទុក​ថា​ មរណ​ភាព​នេះ​គឺ​ជា​ការ​បាត់បង់​ដ៏ធំ​សម្រាប់​កម្ពុជា។

លោក​ រាជ ​សម្បត្តិ​ អាយុ​៤៧​ឆ្នាំ​មាន​កូន​៣នាក់​ ធ្លាប់​ធ្វើជា​អ្នកយក​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ តាំងពី​ទសវត្ស​៩០​ ធ្លាប់​ធ្វើជា​គ្រូ​បណ្តុះ​បណ្តាល វិស័យ​ព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បន្ទាប់​ពី​លោក​បាន​ទទួល​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ផ្នែក​សារ​ព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​ខូឡំប៊ៀ (Columbia ​University) ​ស.រ.អា.​ ដ៏​ល្បី​ល្បាញ។​ កាលពី​ឆ្នាំ​២០០៦​ លោក​បានចូល​បម្រើ​ការងារ​ជា​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បន្ទាប់មក​ត្រូវ​បាន​ដំឡើង​ឋានៈជា​ប្រធាន​ផ្នែក​ការិយា​ល័យ​កិច្ចការ​សារធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម។

លោក​កឹម ​គុណវឌ្ឍន៍​ អគ្គ​នាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ដែល​ចូលរួម​បណ្តុះ បណ្តាល​វគ្គ​វិជ្ជាជីវៈ​សារព័ត៌មាន​ជាមួយ​លោក​រាជ ​សម្បត្តិ​ បាន​ថ្លែង​ទាំង​ក្រៀមក្រំ​ថា៖ ​មរណភាព​លោក​រាជ ​សម្បត្តិ​គឺ​ជា​ការ​បាត់​បង់​ដល់​កម្ពុជា​ ជា​ពិសេស​ផ្នែក​ធនធាន​មនុស្ស។

«អ្វី​ដែល​យើង​សោក​ស្តាយ​ខ្លាំង​បំផុត​នោះ​គឺ​សមត្ថ​ភាព​បុគ្គល​ ហើយ​នឹង​បទ ពិសោធន៍​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព​នៅក្នុង​វិស័យ​ព័ត៌មាន​ហើយ​ក្នុង​វិស័យ ផ្សព្វ​ផ្សាយ។​ ជា​ពិសេស​នោះ​គឺ​ការ​បម្រើ​រយៈ​ពេលបី​ឆ្នាំ​កន្លង​ទៅ​នៅ​ឯ​សាលាក្តី ខ្មែរក្រហម​ដែល​លោក​រាជ សម្បត្តិ​បាន​បម្រើ​វិស័យ​នេះ​យ៉ាង​សក្តិសម​និង​មាន ប្រសិទ្ធិ​ភាព​ ដោយ​បាន​ផ្តល់ភាព​ងាយ​ស្រួល​និង​ផ្តល់​ទំនាក់​ទំនង​ដល់​គ្រប់សារ ព័ត៌មាន​ទាំង​អស់​ ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ ដែល​ខ្ញុំ​ចង់​និយាយ​ថា​ ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅគ្រប់​វេទិកា​នៃ​ដំណើរ​ការ​នៃ សាលាក្តី​ខ្មែរក្រហម»។

លោកគុណវឌ្ឍន៍​បាន​បរិយាយ​ថា​ លោក​រាជ ​សម្បត្តិ​ជា​មនុស្ស​រស់​រាយ​ ជា​អ្នក មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ស្ងប់​ រវាង​អ្នក​ដើម​ចោទ​ និង​ចុង​ចោទ​ក្នុង សាលាក្តី​ខ្មែរក្រហម។

លោក​ ទៀង​ សុភៈវិជ្ជា​ ប្រធាន​ស្តីទី​នៃ​សិក្ខា​ល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​មរណភាព​លោក​រាជ​ សម្បត្តិ​ដោយ​ថ្លែង​ថា​ លោក​រាជ សម្បត្តិ​ជា​អ្នក​កាសែត​ដ៏ល្បី​ក្នុង​ចំណោម​អ្នក​ល្បី​ដែល​មាន​ចំនួន​តិច​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​មាន​ចំណេះ​ដឹង​ខ្ពស់​ខាង​កាសែត​ និង​ជា​អ្នក​នាំ​ពាក្យ​ដ៏ល្បី​សម្រាប់​សាលាក្តី​ខ្មែរក្រហម។

«ការ​បាត់​បង់​គាត់​គឺ​ជា​ការ​បាត់បង់​ដ៏ធំ​ គឺជា​ការ​បាត់បង់​ធនធាន​មនុស្ស​មួយ​ដ៏ធំ​សម្រាប់​ជាតិ​ក៏​ដូច​ជា​សម្រាប់​សាលាក្តី​ខ្មែរក្រហម​ក៏​ដូច​វិស័យ​សារ​ព័ត៌មាន​ក៏ដូច​សាលា​ព័ត៌មាន​ទាំង​មូល​ដែរ​ បាទ»។

លោក​ សុភៈវិជ្ជា​បាន​បរិយាយ​ថា ​លោក​រាជ​ សម្បត្តិ​ជា​មនុស្ស​ល្អ​រស់​រាយ​ ចូល ចិត្ត​លែង​សើច​ច្រើន​ ចូល​ចិត្ត​សប្បាយ​ តែ​ហ្មត់ចត់​នឹង​ការងារ​ ។ ​លោក សុភៈវិជ្ជា​បាន​ដក​ស្រង់​ការ​រៀប​រាប់​របស់​គ្រួសារ​លោក​រាជ​ សម្បត្តិ​មកបញ្ជាក់​ថា៖ ​គាត់​មាន​ជំងឺ​លើស​ឈាម​យូរ​ហើយ​ តែ​មិន​ធ្លាប់​ធ្វើ​ទុក្ខ​ខ្លាំង​ទេ៖

«គ្រួសារ​និង​បង​ប្អូន​គាត់​ប្រាប់​ថា​ គាត់​មាន​ជំងឺ​លើស​ឈាម​ជិត​១០​ឆ្នាំ​ ហើយ​ ប៉ុន្តែ​វា​អត់​មាន​បញ្ហា​ធ្វើ​ទុក្ខអ្វី​ទាំងអស់​កន្លង​មក​ ហើយ​ជា​អកុសល​ បង​(រាជ សម្បត្តិ)​ គាត់​អត់​ដែល​លេង​កីឡា​ គាត់​អត់​ដែល​បារម្ភ​រឿងអី​ទាំង​អស់​ តែ​គាត់​មាន​ជំងឺ​ហ្នឹង។​ បើ​តាមខ្ញុំ​ដឹង​ គាត់​ធ្លាប់​លេប​ថ្នាំ​ការពារ​ជំងឺ​លើស​ឈាម​រហូត​ ហើយ​ដល់​ពេល​ហ្នឹង​ វា​ខ្លាំង ​វា​ដាច់​តែ​ម្តង​បាទ»។

លោករាជ​ សម្បត្តិ​ត្រូវ​គេ​បញ្ជូន​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​កាល ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​លោក​ធ្លាក់​ខ្លួន​ឈឺ​សន្លប់​មិន​ដឹង​ខ្លួន។​ មួយ​ថ្ងៃ​បន្ទាប់​មក​ ​លោក​បាន​ស្លាប់​ មុន​ពេល​ដែល​គេ​ប្រុង​ប្រៀប​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។

កិច្ចការ​របស់​លោក​រាជ​ សម្បត្តិ​ចុង​ក្រោយ​មួយ​ដែល​ VOA​ បាន​សម្ភាស​គឺ បេសក​កម្ម​​របស់​លោក​ទៅ​កាន់​ខេត្ត​បាត់​ដំបង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សប្តាហ៍​មុន​ ដើម្បី​ចូលរួម​ចែក​ចាយ​សៀវភៅ​ស្តីពី​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​ដល់​សិស្សា​នុសិស្ស​នៅ​ទីនោះ។​ ស្រប​ពេល​ជាមួយ​គ្នា​ដែរ​ លោក​បាន​ចូលរួម​ជាមួយ​អង្គការ​Peace​ Corps ​របស់​ស.រ.អា.​ដើម្បី​បង្រៀន​ភាសា​អង់​គ្លេស​នៅ​ខេត្ត​បាត់ដំបង​ផង ដែរ។

ថ្លែងប្រាប់​VOA​តាម​ទូរស័ព្ទ​ពី​ខេត្ត​បាត់ដំបង​កាលពី​សប្តាហ៍​មុន​ លោក​សម្បត្តិ បាន​បញ្ជាក់​ថា៖​ លោក​ត្រៀម​ជួប​សិស្សា​នុសិស្ស​៤០០០​នាក់​ក្នុង​សាកល​វិទ្យាល័យ​បាត់​ដំបង​ ដើម្បី​អប់រំ​និង​ពន្យល់​អំពី​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​ ប្រវត្តិ​នៃ​ការ​កកើត​របប​ប្រល័យ​​ពូជ​សាសន៍​ ជំហរ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ និង​អ.ស.ប​.ក្នុង​រឿង​កាត់​ទោស​ខ្មែរក្រហម។

«នៅ​បាត់ដំបង​នេះ​ ពី​ល្ងាច​មិញ​ តាម​សំណើរ​របស់​ជនជាតិ​អាមេរិកាំង​ ដែល​ជា​គ្រូ​បង្រៀន​ Peace ​Corp ​នៅ​ក្នុង​ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ យើង​បាន​ជួប សិស្សា​នុសិស្ស​ជិត​៥០០​នាក់។ ​ដោយ​ឡែក​សិស្សា​នុសិស្ស​នៅ​ក្នុង​សាលាហ្នឹង​ជាង​១០០០​នាក់ ​ដែល​គេ​កំពុង​រៀន​ហ្នឹង​ ​យើង​បាន​ផ្តល់សៀវ​ភៅ​១០០០​ក្បាល​សម្រាប់​សាលា​វិទ្យាល័យ​ឯកភ្នំ។​ ហើយ​សាលា​ដ៏ទៃ​ទៀត​ ដែល​មាន​US Peace ​Corps​ទៅ​បង្រៀន​ក្រោម​ការ​ឧបត្ថម​របស់​ស.រ.អា.​ហ្នឹង​ ក៏​បាន​ស្នើ​ជាច្រើន​ដូចជា​នៅ​ខាង​វាលរិញ​ នៅ​ខាង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​ឥឡូវ​នេះ​គាត់​មក​ខេត្ត​បាត់ដំបង។ ​អញ្ចឹង​គឺ​យើង​ធ្វើ​គ្រប់​កន្លែង​ណា៎​ ហើយ​សិស្សានុសិស្ស​គេ​សប្បាយ​អបអរ។​ ដោយ​ឡែក​មួយទៀត ​នៅ​ព្រឹក​ថ្ងៃ​ ស្អែក ​យើង​នឹង​ជួប​និស្សិត​ចំនួន​៤០០០​នាក់​នៅ​សាកល​វិទ្យាល័យ​បាត់​ដំបង​ ដើម្បី​និយាយ​អំពី​ការ​វិវត្តន៍​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ហើយ​យើង​មិន​បញ្ចប់​ទេ។​ កិច្ចការ​នេះ​ គឺ​យើង​ព្យាយាម​ធ្វើ​ឲ្យបាន​ច្រើន​ជា​អតិបរមា​ តាម​ដែល​យើងធ្វើ​ទៅ​បាន»។

ខាងលើ​នេះ​ជា​អត្ថា​ធិប្បាយ​របស់​លោក​រាជ​ សម្បត្តិ​ចុង​ក្រោយ​ ដែល​និយាយ​អំ​ពី​កិច្ចការ​របស់​លោក​មុន​មរណ​ភាព។

លោក​ ខៀវ​ កូឡា​ អ្នក​អត្ថា​ធិប្បាយ​ទូរទស្សន៍ ​CTN​ បាន​ថ្លែងថា​ មរណភាព​ របស់​លោក​រាជ​ សម្បត្តិ​គឺជា​ការ​បាត់បង់​ដ៏ធំ​ហើយ​ពិបាក​រក​អ្នក​ជំនួស។

«ការ​បាត់បង់​លោក​សម្បត្តិ​នេះ​គឺជា​ការ​បាត់បង់​ដ៏ធំ​នៅក្នុង​វិស័យ​សារ​ព័ត៌មាន កម្ពុជា​ ព្រោះ​ថា​ លោក​ រាជ ​សម្បត្តិ​​បាន​ឧទ្ទិស​ជីវិត​លោក​សម្រាប់​ការ​បម្រើ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហើយ​ក្នុង​ឋានៈ​ជា​ប្រធាន​ការិយា​ល័យ​កិច្ចការ​សាធារណៈ ​ អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​ លោក​បាន​ខិត​ខំ​ ខ្នះខ្នែង​ជា​អតិបរមា​ដើម្បី​បម្រើ​អ្នកសារ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ដោយ​គ្មាន​គិត​ពី​យប់​ ថ្ងៃ ក្តៅ ​រងារ​ ត្រជាក់​ទេ»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាមៗ​អំពី​មរណភាព​របស់​លោក​រាជ​ សម្បត្តិ​ ដោយ​បង្ហាញ​ពីការ​សោក​ស្តាយ​ជា​ពន់​ពេក៕

This posting includes an audio/video/photo media file: Download Now

បទ​ព្រហ្មទណ្ឌ​មិន​​គួរ​ត្រូវ​បាន​ប្រើ​ប្រឆាំង​នឹង​អ្នក​តវ៉ា​ជម្លោះ​ដី​ធ្លី

Posted: 11 May 2011 03:46 PM PDT

តំណាង​សហគមន៍​ជន​រងគ្រោះ​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​នៅ​ថ្ងៃពុធ​នេះ​ថា តុលាការ​គួរតែ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នក​តវ៉ា​ជម្លោះដីធ្លី​។

តំណាង​សហគមន៍ និង​តំណាង​រដ្ឋាភិបាល​ប្រមាណ​១០០នាក់​បាន​ជួប​ជុំ​គ្នា​រយៈពេល​ពីរថៃ្ង​ក្នុង​សិក្ខាសាលា​មួយ​ ដើម្បី​ពិភាក្សា​ស្ថានភាព​បច្ចុប្បន្ន​នៃ​បញ្ហា​ដីធ្លី ​និង​យន្តការ​ដោះស្រាយ​ដែល​បាន​បញ្ចប់​ដោយ​មាន​អនុសាសន៍​មួយ​ចំនួន​ដូចជា ​គួរបញ្ឈប់​ការផ្តល់​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ទំហំ​ធំ​ជាង​ច្បាប់​កំណត់​ ការ​ពន្លឿន​ការ​ចុះ​បញ្ជី​ជា​ប្រព័ន្ធ​សម្រាប់​ដី​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​​ដើម្បី​ធានា​សិទ្ធិ​របស់​ពួកគេ​រស់នៅ​ក្នុង​សង្គម​ស្រប​តាម​ច្បាប់ និង​អាច​បញ្ចៀស​បាន​នូវ​ជម្លោះ​ផ្សេងៗ​ដែល​ចាំបាច់​ និង​មិន​គួរ​បន្ត​ចាប់ខ្លួន​ឬ ​ចោទ​ប្រកាន់​ពី​បទព្រហ្មទណ្ឌ​ចំពោះ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នោះ​ទេ។

លោក ​សុក សំអឿន ​នាយកប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ការ​បិទ​សិក្ខាសាលា​រយៈពេល​ពីរថ្ងៃ​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​គួរ​ពិចារណា​យុទ្ធសាស្ត្រ​នានា ​ដើម្បី​ជៀសវាង​ការ​អភិវឌ្ឍ​ណា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ និង​រំលោភ​សិទ្ធិ​មនុស្ស។ លោក​ថ្លែង​ថា៖

«ជាក់​ស្តែង​មាន​បញ្ហា​សំខាន់ៗ​ មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ដោយ​តំណាង​សហគមន៍ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​របស់​គាត់​ដែល​បាន​រងគ្រោះ​ ដូចជា​ ការបង្ក​ហិង្សា​ ការចាប់ខ្លួន​តំណាង សហគមន៍អំពី​បទ​ព្រហ្មទណ្ឌ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី ​ការរំលោភ​អំណាច​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​ការ​ធ្វេស​ប្រហែស​ ឬ​ដោយ​កំហុស​នីតិវិធី»។

អ្នកស្រី ទេព វ៉ាន្នី តំណាង​សហគមន៍បឹងកក់​បាន​និយាយ​ក្នុង​សិក្ខាសាលា​ថា អ្នកស្រី​គ្មាន​ជំនឿ​លើ តុលាការ​ទេ។ អ្នក​ស្រី​ថ្លែង​ដូច្នេះ​ថា៖

«អាជ្ញាធរ​បាន​ចាប់​ពួកខ្ញុំ​នៅ​តំបន់​យក​ទៅ​ដាក់​ឃុំឃាំង។ ពួក​ខ្ញុំ​អត់​កាន់​ដុំ​ថ្ម​គប់​គេ​ផង ​គេ​បង្ខំ​ឱ្យ​ផ្តិត​មេដៃ​ថា ពួក​ខ្ញុំ​កាន់​ដុំ​ថ្ម​គប់​ពួកគេ។ អញ្ចឹង​ពួកខ្ញុំ​អត់​ជំនឿ​ហើយ។ វា​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនា​គារ​ទៀត​ចំពោះ​អ្នក​រងគ្រោះ ​ដោយសារ​ដីធ្លី​ និង​ការ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅដ្ឋាន»។

លោក​ យាន ស៊ីណា ​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​បាន​ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូរ​អភិវឌ្ឍន៍ ជួយ​ពន្យល់​ណែនាំ​ពលរដ្ឋ​កុំ​ឱ្យ​កាន់​កាប់​ដី​រដ្ឋ​ដែល​មិន​ស្រប​ច្បាប់។ លោក​ស៊ីណា​ថ្លែង​ថា៖

«អាជ្ញាធរ​មូលដ្ឋាន​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​កុំឱ្យ​ពួកគាត់​រារាំង​ដល់​ការអនុវត្ត​សាលក្រម​ ឬ ​សាលដីកា​របស់​តុលាការ។​ ក្នុងករណី​ដែល​មាន​ការរារាំង​ការ អនុវត្ត​សាលក្រម ​ឬ​សាលដីកា​របស់​តុលាការ​ ការដុត​បំផ្លាញ​សម្ភារៈ​គ្រឿងចក្រ នាំឱ្យ​មាន​ការចាប់​ខ្លួន និង​ឃាត់ខ្លួន​ប្រជាពលរដ្ឋ ​ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចោទប្រកាន់​​តុលាការ​ថា ចាប់​ប្រជាពលរដ្ឋ​ដែល ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី។ ការចាប់​ ឬ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​របស់​តុលាការ​មិនមែន​ជា ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លីទេ»។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ​និង​សមាគម​សិទ្ធិមនុស្ស​អាដហុក ​បាន​ព្រមព្រៀង​គ្នា​បង្កើត​ក្រុម​ការងារ​រួម​មួយ​ ដើម្បី​ស៊ើប​អង្កេត​រឿង​ជម្លោះ​ដីធ្លី​សម្រាប់​ធ្វើ​របាយការណ៍​ លើក​អនុសាសន៍​ជូន​រដ្ឋាភិបាល​ធ្វើការ​ដោះស្រាយ៕

This posting includes an audio/video/photo media file: Download Now

ជំងឺ​របស់​លោក​រាជ សម្បត្តិ​ មិន​ប៉ះពាល់​នឹង​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​ទេ

Posted: 12 May 2011 07:28 AM PDT

អ្នក​ដែល​តាមដាន​សភាពការណ៍​សាលាក្តី​ខ្មែរក្រហម​មួយ​ចំនួន​តូច​បាន​លើក​ឡើង​ថា ជំងឺ​លើស​ឈាម​របស់​លោក​ រាជ សម្បត្តិ​ ដែល​ជា​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​កើត​ឡើង​ភ្លាមៗ​កាលពី​ថ្ងៃអង្គារ៍ ទី​១០ ខែ​ឧសភា ឆ្នាំ ២០១១​នេះ​ អាច​នឹង​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​កាត់ទោស​នៃ​សំណុំរឿង​០០២​របស់​ពួក​ខ្មែរ​ក្រហម ។

សាលាក្តី​ប្រល័យ​ពូជសាសន៍​សម្រាប់​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​០០២​នៅ​ខែមិថុនា​ខាងមុខ​នេះ។​ សំណុំ​រឿង​០០២នេះ​ មាន​ជន​ជាប់​ចោទ​ដែល​ជា​មេ​ដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​ចំនួន​បួនរួប​ រួមមាន​ លោក​ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ ​លោក​នួន ជា ​អតីត​ប្រធាន​រដ្ឋសភា ​និង​លោក​អៀង សារី ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ព្រមទាំង​ភរិយា​របស់​លោក ​គឺ​អ្នក​ស្រី​អៀង ធីរិទ្ឋិ ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច។

លោក​ឌឹម សុវណ្ណារុំ ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃពុធ​នេះ​ថា ដំណើរ​ការ​កាត់​ទោស​សំណុំរឿង​០០២​នេះ ​និង​ប្រព្រឹត្តិ​ទៅ​ដូច​ធម្មតា។ លោក​បាន​បន្ត​ថា អង្គ​ជំនុំជម្រះ​សាលាក្តី​ខ្មែរ​ក្រហម​មាន​មន្រ្តី​សំខាន់​ចំនួន​បួ​នរូប​ផ្សេងទៀត​ ដែលអាច​ធ្វើ​កិច្ចការ​ទាំងផ្នែក​រដ្ឋបាល​ និង​ផ្នែក​ច្បាប់ ពេល​លោក​រាជ សម្បត្តិ ​កំពុង​មាន​ជំងឺ។ លោក​សុវណ្ណារុំ​ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ផ្នែក​កិច្ចការ​សាធារណៈ​ យើង​មាន​មន្រ្តី​អ្នក​នាំ​ពាក្យ​រហូត​ដល់​ទៅ​បួនរូប​ ខាង​ផ្នែក​អង្គការ សហប្រជាជាតិ​ពីរ​រូប​ ហើយ​ខាង​ផ្នែក​ជាតិ​ពីរ​រូប។ អញ្ចឹង​ពេល​ដែល​លោក​រាជ សម្បត្តិ ​គាត់​កំពុង​តែ ទទួល​ស្ថានភាពជំងឺ​អញ្ចឹង​ ខ្ញុំ ​ឌឹម សុវណ្ណារុំ ​ដែល​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​រួមជា​មួយ​សហការី​របស់​ខ្ញុំ លោក ឡាស៍ អលសិន (Lars Olsen) និង​យូកូ ម៉ៃដា (Yuko Maeda) និង​មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ​នឹង​បន្ត​កិច្ចការ​ដែល​យើង​បាន​ចាត់​ចែង​រួចហើយ​ដែល​ជា​ការងារ​ជាប្រព័ន្ឋ»។

លោក ឆាំង យុ ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ដែល​មជ្ឈមណ្ឌល​នេះ​ តែងតែ​សហការ​ជា មួយ​នឹង​សាលាក្តី​ខ្មែរ​ក្រហម​បាន​មាន​ប្រសាសន៍​ថា មជ្ឈម​មណ្ឌល​ឯកសារ​នឹង​ជួយ​បំពេញ​ក​ង្វះ​ខាត​បន្ថែម​ទៀត​នៅ ក្នុង​ខណៈ​ដែល​លោក​រាជ សម្បត្តិ ​កំពុង​មាន​ជំងឺ។ លោក យុ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អ្វី​ដែល​សំខាន់ ​គឺ​យើង​ធ្វើការ​ជាមួយ​អង្គភាព ​ហើយ​អញ្ចឹង​អង្គភាព​នៅ​ដដែល។ អញ្ចឹង​ដំណើរ ការ​វា​នៅ​តែ​ទៅ​មុខ។ ចំពោះ​ការផ្សព្វផ្សាយ​ទៅ​សាធារណៈជន យើង​ពង្រឹង​បន្ថែម​ទៀត​ ដោយសារ​ថា រយៈកាល​កន្លងមក​គឺថា យើង​បាន​បណ្តាក់​គ្នា​ធ្វើការ​នៅតាម​មូលដ្ឋាន​ផ្សេងៗ ​ហើយ​ឥឡូវ​នេះ​ យើង អាច​បន្ថែម​ពង្រឹង​រយៈពេល​មួយ​ ដែល​យើង​អាច​បំពេញ​នូវ​ការខ្វះចន្លោះ​បាន​ដែរ»។

លោក​ឡុង បញ្ញាវុធ​ មន្រ្តី​សម្របសម្រួល​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ ថា ​មិនមាន​ចំណុច​ណាមួយ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​សាលាក្តី​ខ្មែរក្រហម​ទេ​ ក្នុង​ពេល​ដែល​លោក រាជ្ប សម្បត្តិ កំពុង​មាន​ជំងឺ​នោះ ។

លោក​ឡុង បញ្ញាវុធ ​បាន​មាន​ប្រសាសន៍​ទៀតថា​ សាលាក្តី​ខ្មែរក្រហម ​និង​មាន​បុគ្គលិក​ ដើម្បី កាន់​ការងារ​ជំនួស​លោក​រាជ សម្បតិ្ត។​ លោក​បញ្ញាវុធ​ថ្លែង​ថា៖

«ទី១ គាត់​ជា​មន្រ្តី​កិច្ចការ​សាធារណៈ។​ ក៏ប៉ុន្តែ​ក្នុង​ហ្នឹង​ គាត់​មាន​បុគ្គលិក​ដទៃទៀត​ដែរ ដែល​អាច​ទទួល​ខុស​ត្រូវ​បាន។ ហើយ​គេ​អាច​រៀបចំ។ គេ​អាច​បន្ថែម​បុគ្គលិក​បន្ថែម​ទៀត​បាន»។

ចំណែក​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​មួយរូប​បាន​និយាយ​ថា ​សាលាក្តី​ខ្មែរក្រហម​ និង​មាន​ផល​ប៉ះពាល់​តិចតួច​ពីព្រោះ​ការជំនួស​មនុស្ស​មិនមែន​ដូច​គ្រឿង​ម៉ាស៊ីន​ទេ។​ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«គឺ​មាន​ការ​ផ្លាស់ប្តូរ​ ក្រែង​លោ​ដូច​ថា ​វា​មិន​ទៅ​រលូន។ ដូច​ដែល​គាត់​ចាប់​ពី​អ៊ើយ​​កាន់​ការ​រហូត​ លើក​លែង​តែ​គាត់​មាន​ឧបការី​ដែល​មាន​ជំនាញ​សឹង​ប្រហែល​គាត់​ និង​មាន​បទពិសោធន៍​ប្រហាក់ ប្រហែល​គ្នា​ទើប​ជំនួស​អាហ្នឹង​បាន​ចេះតែ​រលូន​ទៅ​ទៀត»។

លោក​រាជ សម្បត្តិ ​អាយុ៤៨ឆ្នាំ ​បាន​ចូល​បម្រើ​ការងារ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​តាំងពី​ឆ្នាំ១៩៩៦។​ លោក​រាជ សម្បត្តិ ​មាន​ឈ្មោះ​បោះសំឡេង​នៅក្នុង​ប្រទេស​ និង​ឆាក​អន្តរជាតិ ​ដោយសារ​តែ​លោក​ជា អតីត​អ្នកនាំពាក្យ​របស់​សាលាក្តី​ខ្មែរក្រហម​ដ៏​ចំណាន​មួយរូប ​មុនពេល​ដែល​លោក​ត្រូវបាន​តែងតាំង​ជា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ ។

លោក​ឌឹម សុវណ្ណារុំ ​បាន​មាន​ប្រសាសន៍​ទៀតថា ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​បង្កើត​មូលនិធិ​មួយ ដើម្បី​ជួយ​សង្រ្គោះ​ដល់​លោក​រាជ សម្បត្តិ ​ហើយ​អស់លោក​អ្នក​អាច​ផ្តល់​មូលនិធិ​តាមរយៈ​គណនី​លេខ​២១៤០២៨៦​ របស់​ធនាគារ​ ANZ Royal៕

This posting includes an audio/video/photo media file: Download Now

ដើមបណ្តឹង​ទាមទារ​ឱ្យ​តុលាការ​បញ្ចេញ​ព័ត៌មាន​ថែម​ទៀត

Posted: 11 May 2011 04:15 PM PDT

ដើម​បណ្តឹង​រដ្ឋប្បវេណី​ដ៏​សកម្ម​ម្នាក់​នៃ​ករណី​០០៣​ និង​ ០០៤​ ដ៏​ចម្រូង​ចម្រាស គឺ​កញ្ញា​សេង ធារី​ បាន​រិះគន់​សាលាក្តី​ខ្មែរ​ក្រហម​ថា​ ពុំបាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ជន​រង​គ្រោះ​ជាពិសេស​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ដោយ​ចាត់​ទុក​ថា មាន​ នីតិវិធី​ស្មុគស្មាញ​ញាំញី​ដោយ​សម្ពាធ​នយោបាយ។​ នេះ​បើ​តាម​ការ​អះអាង​របស់​កញ្ញា​ សេង ធារី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន។

កញ្ញា​សេង ធារី ​ដែល​មាន​ឪពុក​ម្តាយ​ត្រូវ​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ទសវត្សរ៍ ១៩៧០​នោះ​ បាន​អះអាង​ថា​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ខកខាន​ ក្នុង​ការជូន​ដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​គ្រប់​គ្រាន់​និង​ទាន់​ពេល​វេលា​ ជា​ពិសេស​ អ្នក​ដាក់​ពាក្យ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី។

កញ្ញា​ សេង ធារី​បាន​បញ្ជាក់​ថា​មាន​ការលំបាក​ចំពោះ​ភាព​ស្មុគស្មាញ​នៃ​គំនាប​នយោបាយ ​ការបំភិត​បំភ័យ​ ការខ្វះ​ព័ត៌មាន​ ដែល​ផ្តល់​ដោយ​អង្គ​ជំនុំ​ជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(ECCC)​ ចំពោះ​ជនរងគ្រោះ​កម្ពុជា​សាមញ្ញ។

«នៅ​ក្នុង​ករណី​០០៣​ពួក​គាត់​អត់​ទាន់​បាន​ទទួល​ជន​រងគ្រោះ​ម្នាក់​សោះ​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី។​ បើ​អញ្ចឹង​រឿង​ហ្នឹង​វា​ហួស​ហេតុ​ពេក​គាត់​បាន​ឈ្លាន​ពាន តួនាទី​ គាត់​នៅ​ក្នុង​ភាពហួស​ហេតុ​ក្នុង​អ្វី​ដែល​គាត់​យក​លេស​ថា​មាន​ភាព​សម្ងាត់ វា​អត់​ស្រប​នឹង​សភាពការណ៍»។

កញ្ញា ​សេង ធារី​ដែល​កំពុង​ប្តឹងឧទ្ធរណ៍​រឿង​តួនាទី​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី ​បានអះអាង​ថា​ បើ​ទោះបី​ជា​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ ក៏​នៅ​តែ​ប្រើ​ប្រាស់​ពេល​វេលា​ និង​ ធនធាន​នានា​ដើម្បី​ដាក់​ពាក្យ​ព្រមគ្នា​សម្រាប់​ជន​រងគ្រោះ​ ដែល​មាន​ចំណេះ​ដឹង ​ជនរងគ្រោះ​ដែល​បាន​ទទួល​ព័ត៌មាន​ច្បាស់​លាស់។

លោក​ រាជ​ សម្បត្តិ​ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចាត់​ទុក​ថា​ជា​កិច្ចការ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ ដែល​គេ​មិន​អាច​ជ្រៀត​ជ្រែក​បាន។

«អ្នកណា​ក៏អាច​ដាក់​ពាក្យ​ធ្វើជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​បាន​ដែរ​ឬ​ក៏​បណ្តឹង​ធម្មតា​​បាន​ដែរ​ ប្រជាជន​កម្ពុជា​ទូទៅ។​ ដោយ​ឡែក​អ្នក​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​​ពី​មុន​មាន​ពីរនាក់។​ ហើយ​ការិយា​ល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ទទួល​អស់​ហើយ​ អញ្ចឹង​ហើយ​ កិច្ចការ​ហ្នឹង​គឺ​អត់​មានអី​ត្រូវ​ជម្រាប​តទៅ​ទៀត​ ព្រោះ​យើង​បាន​យើង​បាន​ជម្រាប​សាម៉ី​ខ្លួន​គេ​អ្នក​ដាក់​ពាក្យ​ហ្នឹង​ហើយ»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​លោក​បន្ថែម​សេចក្តី​ថា​សាលាក្តី​បាន​ធ្វើ​កិច្ចការ​ដែល មាន​ការ​កោត​សរសើរ​ច្រើន​ ក្រៅពី​ចាត់​ទុក​ការ​រិះគន់​នានា​ ថា​ជា​រឿង​ធម្មតា​ ក្នុង​សង្គម​ប្រជា​ធិបតេយ្យ។

កញ្ញា​សេង ធារី ​ជា​អ្នក​ដាក់​ពាក្យ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ ដើម្បី​តទល់ ផ្លូវ​ច្បាប់​ នឹង​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​៥នាក់​ ក្នុង​ករណី​០០៣​ និង​ ករណី​០០៤​ ដែល​កញ្ញា​បាន​បង្ហាញ​ឈ្មោះ​ជា​សាធារណៈ​ ហើយ​សង្ស័យ​ថា​មាន​ ជាប់​ទាក់​ទង នឹង​អំពើ​ឧក្រិដ្ឋ​កម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម។​ បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ កញ្ញា ​សេង ធារី ​ជនទាំង​៥នាក់​នោះ​មាន​ លោក​ មាស មុត​ លោក​ ស៊ូ ម៉េត អ្នកស្រី​ អ៊ឹម ចែម ​ តាអាន​ តាទិត​ ដែល​កញ្ញា​សេង ធារី​ដាក់​ពាក្យ​តតាំង​មុន​ពេល​តុលាការ ​ខ្មែរ​ក្រហម​មិន​ទាន់​បញ្ជាក់​អត្ត​សញ្ញាណ​ជន​ដែល​ត្រូវ​ស៊ើប​អង្កេត​ទាំង ឡាយ​ នោះ។​ ក៏ប៉ុន្តែ​ មាន​ជនពីរ​នាក់​យ៉ាងតិច​ក្នុង​ចំណោម​៥នាក់​ ដែល​ វីអូអេ​ ព្យាយាម ​ទាក់ទង​កន្លង​មក​បាន​បដិសេធ​ថា​ខ្លួន​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ ចោទ​ប្រកាន់។​ ជន​ទាំងពីរ​គឺ ​លោក​ ឧត្តម​សេនីយ៍ទោ​ មាស មុត​ ជា​ទីប្រឹក្សា ក្រសួង​ការពារ​ជាតិ ​នឹង​ អ្នកស្រី​ អ៊ឹម ចែម​ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​មួយ​នៃ​ស្រុក អន្លង់​វែង​ ខេត្ត​ឧត្តរ​មានជ័យ។

លោក ​រាជ ​សម្បត្តិ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ប្រកាស​ឈ្មោះ​ជន​ទាំង​ប្រាំ​រូប។

«ដោយ​ឡែក​រឿង​សហ​ព្រះរាជ​អាជ្ញា​បរទេស​ដែល​គាត់​សុំ​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​អី ហ្នឹង​គឺ​សហ​ចៅក្រម​ស៊ើប​អង្កេត​គាត់​បាន​ជូន​ដំណឹង​ហើយ​កាលពី​សប្តាហ៍​មុន និយាយ​ពីការស៊ើប​អង្កេត​ចប់​ហើយ​០០៣​ អញ្ចឹង​យើង​មិន​មែន​ចៅ​ក្រម ​យើង ទុក​ឲ្យ​ចៅក្រម​ធ្វើការ​ ពីព្រោះ​យើង​ក៏​ចង់​បាន​ការ​គោរព​ច្បាប់​ដែរ។​ បើ​គាត់​ធ្វើការ យើង​ចេះ​តែ​ទៅ​ចាក់​រុក​ឆ្កឹះ​ឆ្កៀល​គាត់​បាន​ន័យ​ថា​យើង​ជ្រៀត​ជ្រែក​តុលាការ»។

ប្រមុខ​ដឹកនាំ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រកាស​រារាំង​ការចោទ​ប្រកាន់​អតីត​មេដឹក​នាំ ខ្មែរ​ក្រហម​បន្ថែម​លើស​សំណុំ​រឿង​០០១ ​នឹង​ ០០២​ ដោយ​ព្រួយ​បារម្ភ​ពី​ការ​ប៉ះពាល់​សន្តិភាព​របស់​ប្រទេស​ ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​សន្យា​ជាមួយ​អតីត​ មេដឹកនាំ​ខ្មែរ​ក្រហម​ថា​មិន​យក​ទោស​ពៃរ៍​អ្នក​ដែល​ធ្វើ​សមា​ហរណ​កម្ម​តាំងពី​ឆ្នាំ​១៩៩៦​នោះ។​ ចៅក្រម​ជាតិ​និង​អន្តរជាតិ​ធ្លាប់​ប្រទាញ​ប្រទង់​គ្នា​ហើយ​ធ្វើ​ឲ្យ​នីតិវិធី​ ករណី​០០៣​ និង​០០៤ ​នេះ​ មិន​ដំណើរការ​ទៅ​មុខ​លឿន​ដូច​ការរំពឹង​ទុក ​បន្ទាប់​ពីមាន​ការជំទាស់​របស់​រដ្ឋាភិបាល។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ យុ ឆាំង ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អំពាវនាវ​សុំ​ឱ្យ​ មាន​តម្លាភាព​និង​ឯករាជ្យភាព​ចំពោះ​ករណី​០០៣​និង​០០៤ ​ដែល​លោក​ចាត់​ទុក ថា​ជា​រឿង​ មិន​អាច​ជៀស​វាង​បាន​ចំពោះ​យុត្តិធម៌​ជូន​ពលរដ្ឋ​ កម្ពុជា​ដែល​រងគ្រោះ ដោយ​របប​ឃោរឃៅ​ខ្មែរ​ក្រហម។

លោក​ថ្លែង​ដូច្នេះ​ក្រោយ​ពី​មួយ​សប្តាហ៍​ដែល​ការិយាល័យ​សហ​ចៅក្រម​ស៊ើប អង្កេត​ បាន​ប្រកាស​ពីការបញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​០០៣​ ដែល​មិន​បាន បញ្ជាក់​ជា​សាធារណៈ​ពី​ឧក្រិដ្ឋ​កម្ម​ដែល​បាន​ស៊ើប​អង្កេត​ សូម្បី​តែ​ជន​រងគ្រោះ ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី។ លោក​បាន​អះអាង​ថា​ការិយា​ល័យ​សាធារណៈ​នៃ​តុលាការ ​ខ្មែរ​ក្រហម​ពុំ​បាន​ពន្យល់​ប្រជា​ពលរដ្ឋ​អំពី​អត្តន័យ​និង​ផល​វិបាក​នានា នៃ​ការវិវត្តន៍​នៃ​ករណី​បន្ថែម​ទេ។

«យើង​សង្ឃឹម​ថា​តុលាការ​ខ្មែរ​ក្រហម​ ECCC​ នឹង​ប្រកាន់​យក​បទដ្ឋាន​ខ្ពស់​បំផុត ចំពោះ​ឯករាជ្យភាព​ផ្លូវ​ច្បាប់។​ ការសម្រច​របស់​តុលាការ​ត្រូវតែ​ធ្វើ​ឡើង​ ដោយ ឯករាជ្យ​ពី​សម្ពាធ​នយោបាយ​ និង​ តាម​ការបក​ស្រាយ​ដោយ​ត្រង់​ចំពោះ ​វិធាន​ផ្ទៃ ក្នុង​របស់​តុលាការ។​ ជាង​នេះ​ទៅ​ទៀត​ យើង​សុំ​ឲ្យ​តុលាការ​បន្ត​ជូន​ដំណឹង​គ្រប់ គ្រាន់​ដល់​ពលរដ្ឋ​កម្ពុជា​ អំពី​កិច្ចការ​របស់​ខ្លួន»។

សាលាក្តី​កាត់​ទោស​ខ្មែរ​គ្រោង​នឹង​កាត់​ទោស​ករណី​០០២ ​ដែល​មាន​អតីត​មេដឹក ​នាំ​ខ្មែរ​ក្រហម​កំពូល​៤នាក់​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ប្រល័យ​ពូជ​សាសន៍​ជា​ដើម​ ដែល​ត្រូវ​ស្តីបន្ទោស​ពីការ ស្លាប់​ពលរដ្ឋ​ខ្មែរ​ជិត​២​លាន​នាក់​ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩។​ តុលាការ​បាន​កាត់ទោស​ករណី​០០១​ គឺ​កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច​ រួច​ហើយ៕

This posting includes an audio/video/photo media file: Download Now

ខ្មែរ​អាមេរិកាំង​ត្រៀម​ស្នើ​ឱ្យ​សភា​អាមេរិកាំង​ជួយ

Posted: 11 May 2011 04:39 PM PDT

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ស្វះស្វែងរក​ជំនួយ​គាំទ្រ​ពី​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​ជួយ​ដល់​កម្មវិធី​លើក​កម្ពស់​សុខមាលភាព​ជន​អន្តោប្រវេសន៍​ ឬ​ជនភៀស​ខ្លួន​ខ្មែរ​ជាច្រើន​សែន​នាក់​ដែល​គេច​ខ្លួន​ពី​ប្រទេស​កម្ពុជា​ក្នុង​សម័យ​ខ្មែរ​ក្រហម​មក​កាន់ប្រទេស​អាមេរិក។

«ខ្មែរ​យើង​មក​សហរដ្ឋ​អាមេរិក​​៣០ឆ្នាំ​ហើយ។ សហរដ្ឋ​អាមេរិក​អត់​បាន​ដឹង​ថា​ខ្មែរ​យើង​មាន​ជំងឺ​អ្វីខ្លះ ទេ។​ ហើយ​ខ្ញុំ​ចង់​ជម្រាប​ថា​កាល​កំពុង​រស់នៅ​ក្នុង​សឹក​សង្គ្រាម​ខ្មែរ​យើង​ មាន​ការបង្រៀន​មួយ​គឺ​ថា​ កាលណា​យើង​និយាយ​គឺថា​យើង​ត្រូវ​ស្លាប់​ដូច្នេះ​មក​ដល់ សហរដ្ឋ​អាមេរិក​ ដែល​ជា​ស្រុក​ថ្មីមួយ​របស់​យើង​ហ្នឹង​គឺ​ថា​វប្បធម៌​របស់​គេគឺ​ថា​កាលណា​ យើង​អត់​និយាយ​ក៏​យើង​ស្លាប់។​ដូច្នេះ​ហើយ​បាន​ជា​យើងខ្ញុំ​ទាំង​អស់​គ្នា​ព្រម​ទាំង បង​ប្អូន​ខ្មែរ​យើង​ទាំងអស់​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក​នេះ​បាន​រួមគ្នា​ថា​ទៅ​ជួប​សភា​យើង ដើម្បី​បង្រៀន​គេ​ថា​ នរណា​ជា​ជនជាតិ​ខ្មែរ។ បើ​មិន​អញ្ចឹង​ទៅ​គេ​អត់​ស្គាល់​យើង​ទេ»។

គម្រោង​នេះ​ផ្តួច​ផ្តើម​គំនិត​ដោយ​លោក ​ស្រី ​គួច​ ធានវី ​នាយិកា​សមាគម​គាំទ្រ​ សុខភាព​ខ្មែរ​ មក​ពី​រដ្ឋ​ Connecticut ​និង​ លោកស្រី​ Dani ​Morton ​សកម្មជន​ម្នាក់ មក​ពី​ទីក្រុង​ Seattle​ រដ្ឋ​វ៉ាស៊ីនតោន​ ហើយ​នឹង​បណ្តាញ​អង្គការ​ផ្សេងៗ​ទៀត។ សកម្មជន​ទាំងពីរ​ បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​ Washington​ DC​ ចុង​សប្តាហ៍ មុន​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ការគាំទ្រ​ពី​ អ្នកមាន​មុខ​មាត់​ផ្សេង​ទៀត​ផង​ដែរ។​ ជា​ពិសេស​ នៅ​ក្នុង​កិច្ចប្រជុំ​រៃ​អង្គាស​ប្រាក់​មួយ​ដែល​រៀបចំ​ដោយ​ អង្គការ​ Refugee ​International ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ពេល​ប្រារព្ធ​ខួប​លើក ទី៣២ ​របស់​អង្គការ​នេះ​ផង​ដែរ។​ សកម្មជន​ទាំងពីរ​ គ្រោង​នឹង​ជួប​ជាមួយ​ សមាជិក ​ឬ​បុគ្គលិក​ សភា​ នៅ​ថ្ងៃ​២៤​ ដល់​ ថ្ងៃទី​២៥ ​ឧសភា​នេះ​ដើម្បី​បញ្ចុះ​ បញ្ចូល​ និង ​ផ្តល់​ការបង្រៀន​អំពី​ផល​វិបាក​នានា​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ កំពុង​ជួប​ប្រទះ។

លោកស្រី​ ធានវី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​បាន​ភៀសខ្លួន​មក​កាន់​សហរដ្ឋ​អាមេរិក​តាំងពី​ឆ្នាំ​១៩៨១​តាមរយៈ​ជំរំ​ខាវអ៊ីដាង​ ប្រទេស​ថៃ​ ហើយ​មក​រស់​នៅ​ក្នុង​រដ្ឋ Connecticut ។ លោក ស្រីបាន​អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​ឬ​ជនភៀស​ខ្លួន​ខ្មែរ​រាប់​ម៉ឺន​ សែន​នាក់ ដែល​បាន​គេច​ចេញ​ពី​សម័យ​សង្គ្រាម​មក​កាន់​សហរដ្ឋ​អាមេរិក​ មាន​ជំងឺ​ជាច្រើន​ដូច​ជា​ ទឹកនោម​ផ្អែម​ ជំងឺ​ផ្លូវចិត្ត​ ជំងឺ​ឡើង​ឈាម ​ជាដើម។ សមាគម​របស់​លោកស្រី​ត្រូវ​គេ​ដឹង​ថា​បាន​បើក​ជួយ​ពលរដ្ឋ​ខ្មែរ​តាំងពី​ឆ្នាំ​១៩៨២​ម្ល៉េះ​ ដោយមាន​ជំនួយ​ពី​អសប​ នឹង​ ពី​ទី​ភ្នាក់ងារ​សុខា​ភិបាល​របស់​សហរដ្ឋ​អាមេរិកា​ផង​ដែរ។

លោក​ ស្រី​ ដានី ​ម័រតុន ​សកម្មជន​ម្នាក់​ដែល​ធ្វើការ​ជិតដិត​ជាមួយ​នឹង​បញ្ហា​ខ្មែរ បាន​ថ្លែង​ថា​គំនិត​ផ្តួច​ផ្តើម​ក្នុងការជួប​ក្រុម​សមាជិក​សភា​គឺ​មួយ​ផ្នែក​ដើម្បី​ស្វែង​រក ថវិកា​ដើម្បី​គាំទ្រ​ដល់​គម្រោង​នានា​ដែល​ត្រូវ​ជួយ​ពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​នានា ក្នុង​ប្រទេស​អាមេរិក។

«មាន​ការលំបាក​គ្រប់​ផ្នែក​ ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​សហគមន៍​ខ្មែរ​ សំខាន់ បំផុត​គឺ​ផ្នែក​មិន​ចេះ​ភាសា ​(អង់គ្លេស)​ មិន​ដឹង​ពី​របៀប​របប​ទាក់​ទង»។

លោក​ស្រី​បាន​កត់​សម្គាល់​ថា​ពលរដ្ឋ​ខ្មែរ​មាន​ទំនាក់​ទំនង​តែ​ជា​មួយ​អាជ្ញាធរ​ថ្នាក់ មូលដ្ឋាន​ តែ​មិនមែន​ថ្នាក់​ជាតិ​ទេ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​ធ្វើ​កិច្ចការ​រួម​គ្នា សាមគ្គីគ្នា​ដើម្បី​ធ្វើការ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ ជា​អតីត​ជនភៀស​ខ្លួន។

លោក​ស្រី​ ដានី ​ម័រតុន​ធ្លាប់​ជា​ជនភៀស​ខ្លួន​ខ្មែរ​នៅ​ជំរំ​ខាវអ៊ីដាង​ដែរ​ មុន​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​១៩៨១។​ លោក​ស្រី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​មណ្ឌល​គីរី៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!