VOA News: ព័ត៌មាន |
និស្សិតខ្មែរនៅជប៉ុនរន្ធត់ចំពោះការរញ្ជួយតែមានសុវត្ថិភាព Posted: 12 Mar 2011 10:45 AM PST ព្រឹត្តិការណ៍រញ្ជួយផែនដីកម្រិត៨,៩រិចទ័រនៅរសៀលថ្ងៃ សុក្រកន្លងទៅនេះជាការរញ្ជួយផែនដីដ៏ធំបំផុតមិនធ្លាប់មាននៅ ប្រទេសជប៉ុន។ ក្នុងចំណោមអ្នកដែលបានជួបប្រទេះផ្ទាល់នឹងព្រឹត្តិការណ៍នេះ ក៏មាននិស្សិតខ្មែរដែលកំពុងបន្តការសិក្សានៅក្នុងប្រទេសជប៉ុន ដែរ។ ពួកគេភាគច្រើនមានការភ្ញាក់ផ្អើលនិងរន្ធត់ចំពោះមហន្តរាយនេះ ប៉ុន្តែបានឆ្លងផុតដោយសុវត្ថិភាព។ អ្នកនាង ជា ប៉ឡេង ជានិស្សិតខ្មែរម្នាក់មកពីទីក្រុងភ្នំពេញ ហើយកំពុងបន្តការសិក្សាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យមួយឯ រាជធានីតូក្យូជាទីក្រុងដែលបានរងឥទ្ធិពលពីការរញ្ជួយនេះ។ អ្នកនាងនិយាយថា ទោះបីអ្នកនាងបានស្នាក់នៅប្រទេសជប៉ុនអស់រយៈពេល២ឆ្នាំនិងបាន ឆ្លងកាត់ការរញ្ជួយផែនដីពីមុនក្តី ក៏អ្នកនាងមានការភិតភ័យជាខ្លាំងពីព្រឹត្តិការណ៍នេះពីព្រោះមិន ដែលបានជួបប្រទះនឹងព្រឹត្តិការណ៍រញ្ជួយខ្លាំងដូច្នេះពីមុនមក ហើយសូម្បីតែជនជាតិជប៉ុនក៏មានការភ័យខ្លាចដូចគ្នាដែរ។ អ្នកនាងបានរៀបរាប់ប្រាប់វីអូអេខ្មែរថា៖ «ខ្ញុំភ័យរហូតដល់ខ្ញុំ នៅទីនេះគេមិនឲ្យប្រើជណ្តើរយន្តទេ អញ្ចឹងខ្ញុំបានចុះតាមជណ្តើរជើងហើយខ្ញុំអត់ទាំងហ៊ានបានពាក់ ស្បែកជើងអីផង ខ្ញុំចុះមកភ័យចង់ងាប់។» <!--IMAGE--> ការរញ្ជួយផែនដីបាតសមុទ្រដ៏ខ្លាំងមួយនេះបានកើតឡើងនៅ ក្បែរឆ្នេរសមុទ្រភាគឥសានប្រទេសជប៉ុននៅជិតក្រុងសេនដៃ (Sendai) កាលពីរសៀលថ្ងៃសុក្រកន្លងទៅនេះ និងបានបណ្តាលឲ្យមានរលកសមុទ្រយក្សស៊ូណាមីកម្ពស់រហូតដល់១០ ម៉ែត្រ បោកបក់តំបន់ឆ្នេរសមុទ្រដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែង កប៉ាល់ និងរថយន្តជាដើម។ មានមនុស្សយ៉ាងហោចណាស់២០០នាក់បានស្លាប់នៅក្នុងព្រឹត្តិការណ៍នេះ។ ពេលមានការញ្ជួយនោះ អ្នកនាង ជា ប៉ឡេង នៅជាន់ទី៩លើគេបង្អស់ក្នុងអគារអន្តេវាសិកដ្ឋាននិស្សតិរបស់ សាកលវិទ្យាល័យ។ អ្នកនាងជា ប៉ឡេង បានរៀបរាប់បន្ថែមពីហេតុការណ៍ក្នុងអគារអ្នកនាងមុនពេលអ្នក នាងរត់ចុះ៖ «នៅក្នុងអគារនៅក្នុងបន្ទប់ហ្នឹង សៀវភៅអីហ្នឹងធ្លាក់ចុះមកអស់ហើយ ទឹកអីហ្នឹង ខ្ញុំមានទឹកមានប៉ាន់តែអីហ្នឹងបែក ធ្លាក់បែក និងទូរទស្សន៍នៅកន្លែងខ្ញុំហ្នឹងធ្លាក់បែកមួយដែរ។ ហើយនៅក្នុងចង្រ្កានបាយជ្រុះអស់ហើយ ទឹកដបទឹកត្រីឬទឹកស៊ីអ៊ីវអីហ្នឹង នាំគ្នាម្នាក់ៗភ័យរត់មកក្រៅហៅគ្នា។ នៅឯណេះអត់ខ្លាចអគាររលំទេ ប៉ុន្តែខ្លាចរបស់ធ្លាក់មកលើក្បាលយើងអញ្ចឹង។» និស្សិតខ្មែរម្នាក់ទៀតនៅក្រុងតូក្យូដែរ គឺលោក ហ៊ឹម សុភ័ក្រ និស្សិតឆ្នាំទីបញ្ចប់ផ្នែកភាសាជប៉ុន បានស្ថិតនៅអគារកម្ពស់៣២ជាន់នៃតំបន់ស៊ីណាហ្កាវ៉ាក្នុងទីក្រុង តូក្យូ បានបញ្ចាក់ប្រាប់វីអូអេខ្មែរថា៖ «ពេលដែលមានការចាប់ផ្តើមហ្នឹងក៏យើងមានការភ័យខ្លះដែរ (បង) ព្រោះយើងមិនដែលជួបសោះ ធ្លាប់ជួបពីមុនមកដែរគឺជួបកម្រិតតូចៗ អារបៀបតិចៗ(បង) តែពេលនេះគឺខ្លាំងតែម្តង។» តាមព័ត៌មានពីសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុនបានឲ្យដឹងថា នៅឆ្នាំ២០១០កន្លងទៅនេះ មាននិស្សិតខ្មែរដែលសិក្សានៅប្រទេសជប៉ុនទាំងអស់សរុបប្រមាណ ៣៥០នាក់ ហើយនៅតំបន់ក្រុងតូក្យូមានប្រហែល២០០នាក់។ លោក លី សុជាតិ មកពីស្រុកពារាំងខេត្តព្រៃវែង ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ វ៉ាសេដា (Waseda) និងជាប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុនបានប្រាប់វីអូអេ ខ្មែរតាមទូរស័ព្ទពីកន្លែងស្នាក់នៅរបស់លោកចម្ងាយ៣០គ.មពីក្រុង តូក្យូថា តំបន់របស់លោកមិនបានរងផលប៉ះពាល់ខ្លាំងទេ ហើយនៅក្រោយពេលមានព្រឹត្តិការណ៍រញ្ជួយនេះ សមាគមរបស់លោកបានទាក់ទងនិស្សិតខ្មែរតាមវិធីផ្សេងៗដូចជា ទូរស័ព្ទ អ៊ីម៉េល និងហ្វេសហ៊ុក ដើម្បីទទួលព័ត៌មានពីស្ថានភាពសុវត្ថិភាពរបស់ពួកគេ។ «យើងបានចម្លើយមកវិញថា និស្សិតភាគច្រើនមានសេចក្តីសុខសប្បាយធម្មតា អត់មានអ្នកណាដែលមានការរងគ្រោះថ្នាក់ដល់បាត់បង់ជីវិតឬមួយ ប៉ះពាល់រាងកាយអីទេ វាគ្រាន់តែបន្ទុចបង្អាក់សកម្មភាពរស់នៅរបស់គេមួយរយៈដោយសារ ទូរស័ព្ទវាអត់មានសេវា ហើយរថភ្លើងអត់ដំណើរការ អញ្ចឹងធ្វើឲ្យគាត់អាចកកស្ទះនៅតំបន់ដែលគាត់នៅ។» លោកថា រូបលោកផ្ទាល់មិនមានការភិតភ័យប៉ុន្មានទេ ដោយសារពេលនិស្សិតខ្មែរមកដល់ប្រទេសជប៉ុនដំបូងគេបានបង្រៀន អំពីបញ្ហាគ្រោះធម្មជាតិនៅក្នុងប្រទេសជប៉ុននិងពីវិធានការ ត្រៀមលក្ខណៈនានា ហើយប្រព័ន្ធសេវាសង្គមនៅជប៉ុនមានលក្ខណៈប្រសើរ។ ប៉ុន្តែលោកទទួលស្គាល់ថាមាននិស្សិតខ្មែរម្នាក់ឈ្មោះ ទា សៀងហួង ដែលបានធើ្វដំណើរទៅក្រុងសាន់ដៃនៅតំបន់ដែលជិតកន្លែងរញ្ជួយនិង ត្រូវរងមហន្តរាយរលកយក្សស៊ូណាមី មិនបានផ្តល់ដំណឹងមកសមាគមទេ ហើយមិនទាន់អាចទាក់ទងបានដោយផ្ទាល់ជាមួយទេ។ និស្សិតទា សៀងហួងនោះត្រូវជាមិត្តភក្តិរបស់អ្នកនាង ជា ប៉ឡេង។ អ្នកនាងបានរៀបរាប់ដោយក្តីបារម្ភ នៅប្រហែល៧ម៉ោងក្រោយការរញ្ជួយនេះថា៖ «ទឹមព្រឹកមិញហ្នឹងគាត់ទេ(ទូរស័ព្ទ)មកខ្ញុំថាគាត់នៅសេនដៃ (Sendai) គាត់ទៅលេងម្តាយធម៌គាត់ ហើយឥឡូវហ្នឹងនៅកន្លែងហ្នឹងវាស៊ូណាមីខ្លាំង ខ្ញុំឃើញតាមទូរទស្សន៍ហ្នឹង វាហូរអស់ ហូរផ្ទះហូរអីហ្នឹងទៅសឹងទាំងអស់ ហើយនៅអ៊ែរផង (អាកាសយានដ្ឋាន) នៅសេនដៃក៏អញ្ចឹងដែរ ស៊ូណាមិមកហ្នឹង ទឹកចូលពេញហ្នឹង។ ហើយខ្ញុំចេះតែភ័យ ទាក់ទងអត់បានសោះឡើយមួយថ្ងៃហើយ។» វីអូអេខ្មែរបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅអ្នកនាងទា សៀងហួងដែរ តែមិនអាចទាក់ទងបាន ហើយមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានជាក់លាក់អំពីស្ថានភាព របស់អ្នកនាងទេ។ ក៏ប៉ុន្តែតាមប្រភពព័ត៌មានក្រៅផ្លូវការពីមិត្តភក្តិរបស់អ្នកនាង បញ្ជាក់ថា អ្នកនាងទា សៀងហួង មានសុវត្ថិភាពល្អហើយក្រុមគ្រួសារនៅប្រទេសកម្ពុជាក៏បានដឹងពី សុវត្ថិភាពរបស់អ្នកនាងដែរ។ ស្ថានទូតប្រទេសកម្ពុជាប្រចាំនៅប្រទេសជប៉ុនមិនអាចទាក់ទង បានទេនៅយប់ថ្ងៃសុក្រនេះ។ ក៏ប៉ុន្តែតាមព័ត៌មានពីសមាគមនិស្សិតខ្មែរបញ្ជាក់ថា មន្ត្រីស្ថានទូតខ្មែរបានទាក់ទងមកសមាគមដើម្បីសាកសួរពីស្ថានភាព របស់និស្សិតខ្មែរទាំងអស់នៅក្រោយពេលមានកើតគ្រោះមហន្តរាយរញ្ជួយ ផែនដីនេះ។ នៅឯកោះឃ្យូស៊ូ (Kyushu) ចុងនិរតីនៃប្រទេសជប៉ុនឯណោះវិញ ដែលនៅឆ្ងាយពីកន្លែងរងផលប៉ះពាល់ការរញ្ជួយផែនដីនិងរលក ស៊ូណាមីនោះ លោក ជា វីតុម និស្សិតខ្មែរថ្នាក់បណ្ឌិតផ្នែកការសិក្សាកិច្ចការអន្តរជាតិ មហាសមុទ្រប៉ាស៊ីហ្វ៊ិក (Pacific Studies) និងជាប្រធានសាខាសមាគមនិស្សិតខ្មែរប្រចាំខេត្តឃ្យូស៊ូ និយាយថា រូបលោកនិងនិស្សិតខ្មែរប្រមាណ៥០នាក់នៅតំបន់នោះមិនបានរង ឥទ្ធិពលពីការរញ្ជួយទេ។ ប៉ុន្តែលោកវីតុមដែលមានស្រុកកំណើតនៅទីក្រុងភ្នំពេញថា ទោះបីរូបលោកនៅតំបន់មានសុវត្ថិភាពក្តី ក៏លោកមានការតក់ស្លុតចំពោះអ្វីដែលបានកើតឡើងចំពោះប្រទេសនិង ជនជាតិជប៉ុន ហើយលោកនឹងនៅតែប្រុងប្រយ័ត្នជាបន្តទៀត។ «ឥឡូវនេះខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចទេព្រោះអី ព្រឹត្តិការណ៍ហ្នឹងវាទើបតែកើតឡើងថ្ងៃហ្នឹងអញ្ចឹងណា៎បង ហើយឥឡូវនេះខាងខ្មែរយើងក្តី ជាពិសេសខាងជប៉ុន គេកំពុងពិនិត្យមើលការខូចខាតទី១ ហើយទី២ យើងនៅតែចាំមើលថាស្ថានភាពនេះវាអាចកើតមានទៀត ហើយអញ្ចឹងយើងកំពុងត្រៀមលក្ខណៈ ក៏ដូចជាទាក់ទងទៅខាងខ្មែរគ្នាយើងបាទ។» This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |