Koh Santipheap Daily

Koh Santipheap Daily


រដ្ឋអ៊ីលីណយ​របស់អាមេរិក​​លុប​ចោលទោស​ប្រហារជីវិត

Posted: 09 Mar 2011 11:05 PM PST

អភិបាលរដ្ឋអ៊ីលីណយ

រដ្ឋ​អ៊ីលីណយ​បានលុបចោលវិញនូវ​ទោស​ប្រហារជីវិត​ក្រោយពី​​ការពិភាក្សា​​យ៉ាង​តានតឹង​រយៈ​ពេល​​២ទសវត្ស​​ដោយ​ឈរលើមូលដ្ឋាន​​​ដែល​ថា ប្រព័ន្ធ​យុត្តិធម៌​​មួយ​នេះ​អាច​​សម្លាប់​មនុស្ស​​ស្លូតត្រង់​​ដោយ​​ការ​ភ័ន្ត​ច្រឡំ ។ រដ្ឋ​អ៊ីលី​ណយ​​បានក្លាយ​ជា​​រដ្ឋទី​​១៦​របស់​សហរដ្ឋ​អាមេ​រិក​ដែលលុប​ចោលវិញ​នូវទោស​​ប្រហារជីវិត ។ ការលុប​ចោល​​ច្បាប់​​នេះ​​អាច​សង្គ្រោះ​បុរស​​១៥​នាក់ ​ដែលប្រឈម​​​មុខ​នឹង​ការ​ប្រហារជីវិត​​ពីបទ​​ចោទប្រកាន់​​ផ្សេងៗ ។​
អភិបាល​​រដ្ឋ​អ៊ីលីណយ​ លោក Pat Quinn ជា​អ្នក​ប្រជា​ធិបតេយ្យ ដែលគាំទ្រ​​​ទោស​ប្រហារ​ជីវិតនោះ​បានចំណាយ​​ពេល​២ខែ ធ្វើការ​​សម្រេច​ចិត្ត​​លើ​ការ​លុប​​​​ចោល​នេះ​​ដោយ​លោក​ចាត់ទុក​ថា នេះ​ជា​ការសម្រេច​ចិត្ត​​ដែល​លោកពិបាក​ធ្វើ​បំផុត ។ ការ​សម្រេ​ចចិត្ត​​របស់លោក Pat Quinn ញ៉ាំង​​ឱ្យ​រដ្ឋ​​អាជ្ញា​ និងសាច់ញាតិ​​ជន​រង​គ្រោះ​​ក្នុងអំពើ​​​ឧក្រិដ្ឋ​​ជា​ច្រើន​​នាក់​មានការ​ខឹង​​សម្បា​យ៉ាង​ខ្លាំង ។​
លោក Pat Quinn ថ្លែង​ថា ​លោកប្រឆាំង​​ដាច់ខាត​ចំពោះ​​ទោសប្រហារជីវិត​​ហើយ​​មិន​ឱ្យ​មានច្បាប់​នេះ​ទៀត​​ឡើយ ៕

រុស្ស៊ី ៖ ការនាំចេញ​អាវុធ​នឹងមានទឹកប្រាក់​ដល់​9,5ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​2011

Posted: 09 Mar 2011 11:01 PM PST

ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុករាយការណ៍​​កាល​ពីថ្ងៃទី​​៩ មីនា ថា ក្រុមហ៊ុន​ ROSOBORON-EXPORT ជា​ក្រុមហ៊ុន​​នាំចេញ​​អាវុធ​រុស្ស៊ី​​បាន​លាត​ត្រដាង​​ពីផែនការ​នាំ​ចេញ​​អាវុធ​​របស់​ខ្លួន​ក្នុង​ឆ្នាំ​​២០១១ ថា នឹង​មាន​​​៩,៥​ពាន់​លាន​​ដុល្លារ។​
លោក​អា​ណាតូ​លី អ៊ី​សៃ​គីន ​​អគ្គ​នាយក​របស់​​ក្រុម​ហ៊ុន​​នេះថ្លែង​​ថា រុស្ស៊ី​​ចង់​រក្សា​​ជំហរ​របស់​​ខ្លួន​ជា​អ្នក​នាំ​ចេញ​អាវុធ​ធំជាង​គេ​ទី​២ លើ​​ពិភពលោក​​បន្ទាប់ពី​សហរដ្ឋអាមេរិក ។ លោក​គូស​បញ្ជាក់​​ថា ផែនការ​នាំ​ចេញ​អាវុធ​​ឆ្នាំ​​២០១១​នឹង​​មានលើស​ពី​ឆ្នាំ​​២០១០ ​ហើយនឹង​ត្រូវ​ឡើង​ដល់​​៩,៥ពាន់​លានដុល្លារ ។ ក្នុងរយៈ​ពេល​​​៣​ឆ្នាំ​​ខាងមុខទៀត ការនាំ​ចេញ​​​អាវុធ​​របស់​រុស្ស៊ី​​ត្រូវ​ឡើង​ដល់​​​៣៨.៥​ពាន់​លានដុល្លារ ។ ​លោក​អះ​អាង​​​ថា ​រុស្ស៊ី និងបារាំង​បាន​ចាប់ផ្តើម​​ដំណាក់​កាល​ទីមួយ​នៃការ​ចរចា​​លើ​ការ​ទិញ​​ដោយ​រុស្ស៊ី​​នូវ​​នាវា​ចម្បាំង​​ធុន MISTRAL ជានាវា​ផ្ទុក​​ឧទ្ធម្ភាគចក្រ​​​ផលិត​នៅ​បារាំង ។​
លោក​​អ៊ីសៃ​​គីន ក៏​គូស​បញ្ជាក់​​ផងដែរ​ថា ក្រុមហ៊ុន​ ROSOBORONEXPORT ធ្វើ​ការ​ចរចា​​ជា​មួយ​ក្រសួង​ការពារ​ប្រទេស​​អាេមរិក​​ស្តីពី​​ការ​ផ្តល់​​ឧទ្ធម្ភាគចក្រ​​​រុស្ស៊ី​ដល់​អាហ្វហ្គានីស្ថាន​​ និង​អុីរ៉ាក់ ។ ​យើង​កំពុង​​ស្ថិត​ក្នុង​​ដំណាក់កាល​នៃការ​ចរចា​​គ្នា ។ នៅពុំទាន់​​មានកុង​ត្រា​​នានា​នៅ​ឡើយ​ ក៏ប៉ុន្តែ​​មាន​សំណើ​ទិញ​ឧទ្ធម្ភាគចក្រ​​រុស្ស៊ី។ ​លោក​បញ្ជាក់​ថា កា​រផ្តល់​ឧទ្ធម្ភាគចក្រ​​ដល់​អាហ្វ​​ហ្គានីស្ថាន​គឺ​​ជា​គំរោង​មួយដែល​នឹង​អាច​​អនុវត្ត​ក្នុង​ពេល​​​​​ខាង​មុខ​ឆាប់​ៗ ។ ប្រទេស​រុស្ស៊ី​​ក៏​រួម​សហ​ការ​ដែរ​ក្នុង​​កម្រិត​​យោធា និង​បច្ចេកទេស​ជា​មួយ​​ប្រទេស​មួយ​ចំនួន​ជា​សមាជិក​​អូតង់ ។​
អគ្គនាយក​ក្រុមហ៊ុន​នេះគូស​បញ្ជាក់​​​ទៀត​ថា ​យន្តហោះ និង​​ឧបករណ៍​​យោធា​ទាំង​ឡាយ​ទាក់​ទិនដល់​​៤៣% នៃការ​នាំ​ចេញ​អាវុធ​​របស់​រុស្ស៊ី​​នាវា​ចម្បាំង និង​ឧបករណ៍​នាវា​ចរណ៍​​តំណាង​ឱ្យ​​ការ​នាំចេញ​​២២%​អាវុធ​និង​ឧបករណ៍​​យោធា​សម្រាប់​​កង​ទ័ពជើង​​គោក តំណាង​ឱ្យ​​១០% ហើយ​ប្រព័ន្ធ​​​ការពា​រអាកាស​១៣% ៕

ក្រុមហ៊ុន​​​វៀតណាម​​ផ្តល់សារ​ជាតិ​ពិសេស​សម្រាប់​​ថែបំប៉ន​​ដំណាំស្រូវ

Posted: 09 Mar 2011 10:44 PM PST

រាជធានីភ្នំពេញ ៖ ​ក្រុមហ៊ុន RVAC ខេត្ត​​កៀង​យ៉ាង ​ប្រទេសវៀតណាម ​ដែលជា​ក្រុម​​ហ៊ុន​ផលិត​​ជី​គីមី​ និង​ផលិ​ផល​មានលក្ខណៈ​​ធម្មជាតិ​​សម្រាប់បំប៉ន​ដល់​​រុក្ខ​ជាតិ តាមរយៈ​សមាគម​​​គ្រួសា​រខ្មែរ​អភិវឌ្ឍន៍​​កាលពីថ្ងៃទី​​៨ មីនា ​​២០១១ ​បាននាំ​យក​​​សារជាតិគីមីពិសេស​​សម្រាប់​​ថែ​បំប៉ន​ដំណាំស្រូវ និង​​ប្រើប្រាស់​លើ​ស្រូវ​​សន្ទូង​ប្រគល់​ដល់​មន្ទីរ​​កសិ​កម្ម​​រាជ​ធានី​​​​​ភ្នំពេញ ។​
លោក​​ត្រាន់ ​ថេ​អៀង ប្រធានក្រុម​ប្រឹក្សា​​ភិ​បាល​​ក្រុមហ៊ុន RVAC បាន​ឱ្យ​​ដឹង​ថា ​សារ​ជាតិ​​ពិសេស​នេះ​បើប្រើប្រាស់​ត្រឹមត្រូវ​​តាមលក្ខណៈ​​បច្ចេកទេស​​​​វា​អាច​​ជួយ​ឱ្យកសិករ​​ទទួល​ទិន្ន​ផល​ ​ខ្ពស់ ក្នុង​​មួយ​​ហិកតា​​​គិតជា​មធ្យម​​ពី​៧​ទៅ​​៨​តោន ​ស្រូវ ​​ហើយ​​សារជាតិនេះមិនធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​សុខភាព​ប្រជា​កសិករ​ និងបរិស្ថាន​​ទេ​។​ ​លោក​ផេង ​សុខាំ ប្រធាន​មន្ទីរ​កសិ​កម្ម​រាជ​ធានីភ្នំពេញ បានថ្លែង​​​អំណរគុណ​​ដល់​សមាគម​​គ្រួសារ​​ខ្មែរ​​អភិវឌ្ឍន៍​​ ជា​ពិសេស​ក្រុមហ៊ុន RVAC ដែលបាន​​ឧបត្ថម្ភ​​សារ​ជាតិ​​​​ពិសេស​នេះ​ដល់​មន្ទីរ​កសិ​កម្ម​ ក៏​ដូចជា​​​​ដល់​ប្រជា​កសិករ​​ដើម្បី​​ធ្វើការ​​ពង្រីក​​ការ​ងារ​​បង្ក​បង្កើន​ផល​​ស្រូវ​ឱ្យ​ទទួលបានទិន្ន​ផល​
ខ្ពស់ ។ ​​សារ​ជាតិ​នេះ​មន្ទីរ​​នឹង​យកទៅជូនប្រជា​កសិករ​​​នៅ​សង្កាត់​​ប្រទះឡាង ដើម្បី​​​​ជាការ​ដក​បទ​ពិសោធន៍​​ពីគុណ​ភាព ។​
តំណាង​​ក្រុមហ៊ុន​​​ខាងលើ​បាន​សន្យា​ថា នៅ​ក្នុង​​ឆ្នាំ​​២០១១ ​និង​​២០១២ ​នេះ ក្រុមហ៊ុន​​គ្រោង​​រៀបចំ​ស្រែ​បង្ហាញ​ចំនួន​​​៤កន្លែង ក្នុង​ភូមិ​សាស្ត្រ​​​រាជធានីភ្នំពេញ ​សម្រាប់ធ្វើស្រូវ​​​តាមលក្ខណៈ​​ប្រពៃណីផង និង​​លក្ខណៈ​​ទំនើប​ផង ។ ​ជាមួយ​នោះ ក្រុមហ៊ុន​​​នឹងបញ្ជូន​​អ្នកបច្ចេកទេស​​​មក​ពី​វៀត​ណាម​​​ប្រចាំកា​រ​នៅទីស្រែ​នោះ​សម្រាប់​​ធ្វើ​ការ​បង្ហាញ​​ដល់ប្រជា​កសិ​ករ​​ខ្មែរតែ​ម្តង ​ជា​ពិសេស​​លើ​ដំណាំ​ស្រូវ​​​, បន្លែ ​និង​ដើមឈើ​​​ហូប​ផ្លែ​​​មួយ​ទៀត​ផង ៕

ព្រះមហាក្សត្រ​​ម៉ារ៉ុក ប្រកាស​ពីការ​កែ​ទម្រង់​​រដ្ឋ​ធម្មនុញ្ញ

Posted: 09 Mar 2011 10:44 PM PST

ព្រះមហាក្សត្រម៉ារ៉ុក

ព្រះមហាក្សត្រ​​ម៉ារ៉ុក​ ព្រះចៅ​ម៉ូហាម៉េដ ​ទី​​៦ ទ្រង់ប្រកាស​កាលពី​យប់ថ្ងៃទី​​៩ មីនា ​ពីការ​កែ​ទម្រង់​​រដ្ឋធម្មនុញ្ញ​​ និងការបង្កើត​គណៈ​កម្មការ​មួយ​ទទួលបន្ទុក​​​រៀបចំ​សំណើ​​នានា​​រហូត​ដល់​​ខែ​មិថុនា ។​
ក្នុងព្រះ​​រាជ​សុន្ទរកថា​​មួយទៅកាន់​ប្រជាជាតិ​​ព្រះចៅ​​ម៉ូហាម៉េដ ទី​៦ ​បញ្ជាក់​ថា ការ​កែ​ទម្រង់​​នេះនឹង​ពង្រឹង​​​ឯករាជ​ភាពរបស់​​​តុលាការ ​​តួនាទី​​របស់​បណ្តា​​​គណបក្ស​​នយោបាយ និង​ការ​ធ្វើ​តំបន់​​ភាវូបនីយកម្ម​​ ដើម្បី​ផ្តល់អំណាច​​កាន់តែ​​ច្រើន​ដល់​​បណ្តា​ស្ថាប័ន​​មូលដ្ឋាន ។​ រដ្ឋធម្មនុញ្ញ​​​ក្រោយការ​ធ្វើ​​វិសោធន​កម្ម​​នឹង​​ដាក់​ឱ្យ​បោះប្រជា​មតិ ។
កាលពី​​ថ្ងៃទី​​២០ កុម្ភៈ ​​កន្លង​មក​នេះ ​ពល​រដ្ឋ​​ម៉ារ៉ុកជា​ច្រើន​​ពាន់នាក់ដែល​​​យកគំរូ​​តាមបដិវត្តន៍​​​នៅ​ទុយនីស៊ី​ និង​អេហ្ស៊ីប​​​​បាននាំគ្នា​​ធ្វើបាតុ​កម្ម​នៅតាមដ​ង​វិថី​​​ទាំងឡាយ​​ដើម្បី​​ទាមទារ​​ការ​កែ​ទម្រង់​​នយោបាយ ៕

មហា​សេដ្ឋី​​ម៉ិចស៊ិក​​ លោក​កាឡូស ស្លីម ​បន្ត​តំណែង​​ជា​អ្នក​មាន​បំផុត​លើ​ពិភពលោក

Posted: 09 Mar 2011 10:36 PM PST

លោកកាឡូស ស្លីម ​​ជា​មហាសេដ្ឋី​​ផ្នែក​​ទូរគមនាគមន៍​​ល្បី​ឈ្មោះ​​ម្នាក់នៅ​តែរក្សា​​តំណែង​ជា​​អ្នក​មាន​បំផុត​​នៅលើពិភពលោក ដោយទ្រព្យ​​សម្បត្តិ​​​របស់​លោក​កើនឡើង​​ជាង​​១​ភាគ​​៣ ។ នេះ​បើ​​តាម​​ការ​ឱ្យ​ដឹង​​តាមរយៈ​បញ្ជីឈ្មោះ​​​អ្នក​មាន​បំផុត​លើពិភពលោក​​ចង​ក្រង​​ដោយទស្សនា​វដ្តី Forbes ដែលជា​​​ទស្សនា​វដ្តី​​ល្បីឈ្មោះ​​មួយ​​របស់សហរដ្ឋអាមេរិក ។
តាមរបាយការណ៍​​ដែលចងក្រង​​ដោយ​​ទស្សនា​វដ្តី Forbes បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​​របស់​លោក​កា​ឡូស​ ស្លីម កើនឡើង​ដល់​​៧៤​ពាន់​​លាន​ដុល្លារ​​អាមេរិក ​យកឈ្នះ​លើ​​ស្ថាបនិក​​ក្រុមហ៊ុន Microsoft លោកប៊ីលហ្គេត ​ជា​​អ្នក​មាន​​បំផុត​​នៅលើ​​ពិភពលោក ។ លោក​ប៊ីល​ហ្គេត ​មាន​ទ្រព្យសម្បត្តិ​​​​៥៦ពាន់លានដុល្លារ​អាេមរិក ជាប់​ចំណាត់ថ្នាក់​​លេខ​​២ ។ លោក​កាឡូស ​ស្លីម ជា​អ្នក​ជំនួញជនជាតិ​​ម៉ិចស៊ិក ហើយឆ្នាំ​​​២០១១ ​នេះ​ជា​​ឆ្នាំទី​២ ​ដែល​​លោក​ជាប់​ចំណាត់ថ្នាក់​ជា​អ្នក​មាន​បំផុត​​នៅលើ​​ពិភព​លោក​​​របស់​ទស្សនា​វដ្តី​​ Forbes ។​​
ជាមួយគ្នានេះ តាមរបាយការណ៍​​​ដែលចង​ក្រង​​ដោយទស្សនាវដ្តី​ Forbes ​ដែរ​ថា សហ​រដ្ឋ​​អាេមរិក ដែលជា​ប្រទេស​​សេដ្ឋកិច្ច​​ធំ​បំផុត​លើ​ពិភព​លោក​​នៅតែ​ជាប់ចំណាត់ថ្នាក់​ជា​​ប្រទេស​មាន​​មហាសេដ្ឋី​​​ច្រើនបំផុត ​ដោយ​មាន​​មហាសេដ្ឋី​​​ដល់ទៅ​​៤១៣​នាក់​ឯណោះ ។​
ចំពោះ​​លោកកាឡូស ​ស្លីម ​បើទោះ​ជា​សេដ្ឋ​កិច្ច​​​សាកល​លោកនៅមិនទាន់ងើបឡើងវិញល្អ​​​ប្រសើរ​​ក៏ដោយ ​ក៏​ការ​ធ្វើជំនួញ​​របស់​លោក​​ដំណើរ​​ការ​យ៉ាង​រលូនដដែល ។
សម្រាប់​លំដាប់ទី​៣ នៅតែ​ជា​តំណែង​ដើម គឺលោក​វ័រ​រ៉េន បាហ្វ​ហ្វេត អាយុ​​៧៩​ឆ្នាំ មាន​ទ្រព្យ​​​សរុប​​៥០.០០០​លានដុល្លារ ​ចំណែក​លោក​ប៊ឺ​ណាដ អាណូល បានរំកិល​​ឡើងពី​លំដាប់ទី​៧ មក​​នៅ​លំដាប់ទី​៤ មានទ្រព្យ​សម្បត្តិ​​សរុប​​​៤១.០០០​​លាន​ដុល្លារ ។​
ទោះបីជា​យ៉ាង​ណា​ក៏ដោយ ​ក្រៅពី​​បណ្តា​អ្នក​​មាន​​ទ្រព្យ​សម្បត្តិ​​ស្តុកស្តម្ភ​​នៅក្នុង​សហរដ្ឋ​អាេមរិក​​ បណ្តា​អ្នក​មាន​​​ទ្រព្យ​​ទាំងឡាយ​នៅ​អាស៊ី​​ក៏​មានការ​​កើនឡើង​​​ពី​ចំនួន​​សរុប​កាលពី​ឆ្នាំ​​មុន (២០១០) ១.០១១​នាក់ ដល់​​១.២១០​នាក់ ក្នុង​ឆ្នាំ​​២០១១នេះដែរ​។
ទោះបីជា​សហរដ្ឋអាមេរិក​​នៅតែ​គ្រប់គ្រង​​លំដាប់ទី​១ គិត​​ជា​ភាគរយ​មាន​ចំនួន​​​៣៣% នៃ​មហាសេដ្ឋី​​នៅទូទាំង​ពិភពលោក​​ក្តី​ ប៉ុន្តែ​​​​មាន​ការ​ថយចុះ​​ពីអំឡុងពាក់កណ្តាល​​​ទស​វត្ស​​កន្លងមក ​ខុសពី​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ​ដែល​ចំនួន​អ្នក​មាន​ទ្រព្យសម្បត្តិ​​ស្តុកស្តម្ភ​​កើនឡើង​យ៉ាង​ច្រើន​ ​ប្រជែង​ជាមួយ​តំបន់​​អឺរ៉ុប ដែល​ស្ថិតនៅ​​លំដាប់​ទី​២នៅឡើយ​ ។​
មហា​សេដ្ឋី​​ដែលកើនឡើងខ្ពស់​​​យ៉ាង​ច្បាស់​គឺ​នៅប្រទេស​ចិនពីចំនួន​​៦៩​នាក់ ​ឡើងដល់​​១៥៥​នាក់ ​ចំណែក​នៅហុងកុង ​ពី​​​២៥​នាក់ ដល់​​៣៦​នាក់ ​នៅ​ឥណ្ឌា​ពីចំនួន​៤៩​នាក់ ​ដល់​​​៥៥​នាក់ ​និង​នៅ​​ទូទាំ​​ងអាស៊ី-​ប៉ាស៊ីហ្វិក ​មនុស្ស​មាន​​​ទ្រព្យ​​ស្តុក​ស្តម្ភ​​កើន​ពី​​២៣៤​នាក់ក្នុង​​ឆ្នាំ​មុន​ដល់​​៣៣២​
នាក់ ៕

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​​ជួញដូរថ្នាំញៀន​​​២នាក់

Posted: 09 Mar 2011 10:36 PM PST

ស្រ្តីជួញដូរថ្នាំញៀន
បុរសជួញដូរថ្នាំញៀន

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យជួញដូរ​ថ្នាំ ញៀន​​​២នាក់​​ត្រូវនគរបាល​​ព្រហ្មទណ្ឌ​​នៃអធិការ​ដ្ឋាន​​នគរបាលខណ្ឌ​ដូនពេញ ​ឃាត់ខ្លួន​​ជា​បន្ត​​បន្ទាប់នៅចំណុច​​ខុសគ្នា​​កាលពីថ្ងៃទី​​៩ និងទី​​​១០ មីនា ​២០១១ ខណៈ​ពេល​​ដែលពួក​គេ​កំពុង​ជួញ​ដូរ​​ជាក់ស្តែង ។​
មន្ត្រី​នគរបាល​​​ខណ្ឌ​ដូនពេញ​បាន​ឱ្យ​​ដឹង​ថា ​ករណីទី​​១ នៅថ្ងៃទី​​៩ មីនា ២០១១ ​វេលាម៉ោង​១១​ព្រឹក​​​នគរបាល​ខណ្ឌ​ដូនពេញ ​បានឃាត់ខ្លួន​ជនសង្ស័យ​​ជួញដូរថ្នាំញៀន​​ម្នាក់នៅ​ចំណុចមុខ​​មន្ទីរពេទ្យជប៉ុន ផ្លូវ​លេខ​​៤៧ ​ភូមិ​ទី​១៣ សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ ​ជនដែលឃាត់ខ្លួន​​មាន​ឈ្មោះ​​តាន់ នាង ភេទប្រុស អាយុ​​២៤​​ឆ្នាំ ជន​ជាតិខ្មែរ​ ​ស្នាក់នៅ​ផ្ទះជួល​​ ផ្លូវ​លំ​ សង្កាត់ទួល​សង្កែ ​ខណ្ឌឫស្សីកែវ ​សមត្ថកិច្ច​​ដកហូត​បាន​ថ្នាំ​ញៀន​​ប្រភេទ​ក្រាមពណ៌សថ្លា ​មួយកញ្ចប់​​តូច ។ ​​
ករណីទី​២-​នៅ​​ថ្ងៃទី​​១០ មីនា ​២០១១ ​វេលា​ម៉ោង​​១​និង​​៤៥​នាទី​​ នគរបាល​​​ព្រហ្មទណ្ឌ​​​​​ខណ្ឌ​ដូន​ពេញ​បានឃាត់ខ្លួន​ជនសង្ស័យជួញដូរ​ថ្នាំ​ញៀន​ម្នាក់នៅ​ចំណុច​​ផ្លូវ​លេខ​​៨០ មុខមន្ទីរ​​ព្យា​បាល​បេះដូង​ ភូមិ​​​២២ ​​សង្កាត់ស្រះចក ខណ្ឌ​ដូន​ពេញ​ ​។ ជនសង្ស័យ​​មានឈ្មោះ​​​វន វណ្ណៈ ហៅ​ដា ភេទស្រី​ អាយុ​២០​ឆ្នាំ ​មុខរបរ​ និង​ស្នាក់នៅ​​មិន​ពិតប្រាកដ​ សមត្ថកិច្ច​​ដកហូត​បាន​​ថ្នាំញៀន​​ប្រភេទ​​ក្រាម​ ពណ៌សថ្លា ​​​មួយកញ្ចប់​តូច ៕

ខឹង​ឪពុកម្តាយ​​វាយធ្វើបាប​​តស៊ូ​ចេញ​ពី​ខេត្ត​កំពង់ចាម​លោតទឹក​​សម្លាប់ខ្លួន

Posted: 09 Mar 2011 10:36 PM PST

នារីពាក់អាវសគឺជានារីដែលលោតទឹក

រាជធានីភ្នំពេញ ៖ ស្ត្រី​​វ័យក្មេង​​ម្នាក់បាន​​​ខិតខំ​តស៊ូ​ធ្វើដំណើរ​​​ចេញ​ពីខេត្ត​​កំពង់ចាម ​មក​លោត​ទឹក​​សម្លាប់ខ្លួនពីលើស្ពាន​​ជ្រោយចង្វា ​រាជ​ធានីភ្នំពេញ កាលពី​វេលា​ម៉ោង​​៧​និង​​៥៥​នាទី​យប់​ថ្ងៃទី​​៩ មីនា ​តែមិន​​ទាន់​​បាន​លោតផង​ ត្រូវ​ប៉ូលិសជួយ​ឃាត់ទាន់​ពេល​វេលា​ ។ ​ស្ត្រី​រូប​នេះ​ឈ្មោះ​​ស៊ុំ ស្រី​​តូ ហៅ​ហ្សា​​ហ្វីយ៉ា អាយុ​​​២០​ឆ្នាំ  ជា​សិស្ស​វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ​​អម្ពរ​វ័ន មានទីលំនៅ​​ភូមិរកា​​ខ្នុរទី​៦ ​ឃុំ​រកា​​ខ្នុរ ​ស្រុក​ក្រូច​ឆ្មារ​ ​ខេត្តកំពង់ចាម ។ ​
ស្ត្រី​រូបនេះ បានធ្វើ​ដំណើរ​​​មកពីខេត្ត​​កំពង់​ចាម កាលពីថ្ងៃទី​​៧ មីនា ហើយ​បាន​តាំង​ចិត្ត​លោត​ទឹក​សម្លាប់​​ខ្លួនពីលើ​ស្ពានជ្រោយ​ចង្វា​​ ដោយ​សារតែ​តូចចិត្ត​​​នឹង​​ឪពុក​ម្តាយ​វាយធ្វើបាប​​ ...​ចាត់ទុក​ថា អាយុនាង​មិនទាន់​អស់ទៅចុះ ពេល​រេរា​បម្រុង​លោត​ក៏​ត្រូវប៉ូលិស​​ឃាត់​ទាន់ ​​ហើយនាំ​យកទៅ​ការិយាល័យ​អប់រំ​ផ្លូវចិត្ត កុំ​ឱ្យ​​នាងប្រព្រឹត្ត​​ផ្តេស​ផ្តាស​ទៀត បន្ទាប់មក​ប្រគល់​ឱ្យ​អង្គការ​​អភិ​វឌ្ឍន៍​​​ស្ត្រីកម្ពុជា ៕

លោក​អែល​ បារ៉ាដេ ចង់​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​អេហ្ស៊ីប

Posted: 09 Mar 2011 07:28 PM PST

លោកអែល​បារ៉ាដ

លោក​ម៉ូ​ហា​ម៉េដ អែល​បា​រ៉ា​ដេ ប្រកាស​កាល​ពី​យប់​ថ្ងៃ​ទី​៩ មីនា តាម​ទូរ​ទស្សន៍​ឯក​ជន​មួយ​ថា លោក​មាន​បំណង​ឈរ​ឈ្មោះ​សំរាប់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អេហ្ស៊ីប​ដែល​ត្រូវ​ធ្វើ​នា​ឆ្នាំ​នេះ។
នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​អែល​បារ៉ា​ដេ​​អាយុ​៦៨​ឆ្នាំ ជ័យ​លាភី​​ពាន​រង្វាន់​ណូ​បែល​សន្តិ​ភាព​ឆ្នាំ​២០០៥​អះ​អាង​ជាសាធារណៈ​ពី​ចេតនា​នេះ​របស់​លោក​។ អតីត​នាយក​របស់​ទី​ភ្នាក់​ងារ​ថាម​ពល​​បរមាណូ​អន្តរ​ជាតិ​រូប​នោះ​ថ្លែង​ទៅ​កាន់​ទូរ​ទស្សន៍ ONTV ថា ពេល​ចាប់​ផ្តើម​ដំណាក់​កាល​ចុះ​ឈ្មោះ​បេក្ខ​ជន​ប្រធានា​ធិបតី​ខ្ញុំ​មាន​បំណង​ឈរ​ឈ្មោះ​ដែរ​។
មាន​វត្ត​មាន​ក្នុង​ឱកាស​នៃ​បាតុ​កម្ម​ទាំង​ឡាយ​ដែល​នាំ​ទៅ​ដល់​ការ​ផ្តួល​រំលំ​ លោក​ហូស្នី​មូ​បារ៉ាក់​ លោក​អែល​ បារ៉ា​ដេ គូស​បញ្ជាក់​ថា លោក​នឹង​មិន​បោះ​ឆ្នោត​គាំ​ទ្រ​សំរាប់​ការ​កែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​ដែល​ត្រូវ​ដាក​់ឱ្យ​បោះ​ប្រជា​មតិ​​នា​ថ្ងៃ​​ទី​១៩ មីនា ឡើយ​។ ខ្ញុំ​មិន​បោះ​ឆ្នោត​គាំ​ទ្រ​ការ​ធ្វើវិសោធន​កម្ម​នោះ​ហើយ​នឹង​​បោះ​ឆ្នោត
ប្រឆាំង​។ រដ្ឋ​ធម្ម​នុញ្ញ​បច្ចុប្បន្ន​ត្រូវ​រំលាយ​ហើយ​។ វា​នឹង​ជា​ការ​ប្រមាថ​មួយ​ចំពោះ​បដិវ​ត្តន៍ ប្រសិន​បើ​យើង​សាក​ល្បង​ជួស​ជុល​រដ្ឋ​ធម្ម​នុញ្ញ​នោះ​ប្រើ​។ លោក​ចង់​បាន​រដ្ឋ​ធម្ម​នុញ្ញ​ថ្មីមួយ​ ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ និង​ការ​បោះ​ឆ្នោត​សភា។ ខ្ញុំ​នឹង​ស្នើ​ដល់​ក្រុម​ប្រឹក្សា​យោធា​ឱ្យ​ពន្យារ​ពេល​ ឬ​លុប​ចោល​ការ​បោះ​ប្រជា​មតិ​នោះ ៕

ក្មេង​ប្រុស​​ហ្វីលីពីន​ម្នាក់​​អាយុ​17ឆ្នាំ កម្ពស់​​22អ៊ីញ ​ស្វះស្វែង​​រក​តំណែង​ឯតទគ្គ​កម្ម​​ជា​បុរស​ទាបបំផុត

Posted: 09 Mar 2011 07:28 PM PST

ក្មេងប្រុសដែលមានកំពស់ត្រឹមតែ ២២អ៊ីញ

ក្មេង​ប្រុស​ជនជាតិ​​ហ្វីលីពីន​ម្នាក់នេះ​អាយុ​​​១៧​ឆ្នាំ ប៉ុន្តែ​មានកម្ពស់​​ត្រឹមតែ​​២២​អ៊ីញ​ប៉ុណ្ណោះ។ ប្រសិនបើ​ក្រឡេក​​មើល​លើ​រូប​​រាង​របស់​ក្មេង​ប្រុសនេះ គេ​ច្បាស់ជា​​គិត​​ថា គេ​អាយុ​យ៉ាងច្រើន​​ណាស់​​១​ឆ្នាំ​ប៉ុណ្ណោះ ។​ ក្មេង​ប្រុស​​អភ័ព្វ​នេះ​ឈ្មោះ Junrey Balawing រស់នៅ​​តំបន់ Zamboanga del Norte បច្ចុ​ប្បន្ន​​ឪពុក​ម្តាយរបស់គេ​កំពុង​ស្វះស្វែង​រក​ការ​ទទួល​​ស្គាល់​ពីអង្គការ​​កំណត់ហេតុ​ឯតទគ្គ​កម្ម​ពិភពលោក ​(ហ្គីណេសប៊ុក) ​ជា​បុរស​​តូច​ ហើយ​ទាបបំផុតនៅលើ​ពិភព​លោក​សម្រាប់​រូបគេ ។​
ក្មេង​ប្រុស Junrey នឹង​ប្រារព្ធ​​ពិធីខួប​កំណើត​​​ឈាន​ចូល​អាយុ​​១៨​ឆ្នាំ ​នៅខែមិថុនា ​ខាង​មុខនេះ ហើយ​​នៅពេលនោះ​គេ​​រំពឹង​​ថា ​ក្មេង​ប្រុស​​នេះនឹង​​បន្ត​តំណែង​ឯតទគ្គ​កម្ម​ពិភព​លោក​​​ជា​បុរស​​ទាបបំផុតពីអ្នក​​គ្រង​តំណែង​បច្ចុប្បន្ន​​ជា​ជន​ជាតិ​នេប៉ាល់ ​អាយុ​​១៨​ឆ្នាំ ​កម្ពស់​​​២៥​អុីញ​។​ តាម​ប្រភពព័ត៌​មាន​​ថា ក្មេង​ប្រុស Junrey មិន​រីក​ធំ​ធាត់​​តាំង​ពី​​រូបគេ​​មានអាយុ​​១​ឆ្នាំ មក​ម៉្លេះ ៕

យុវជ​ន​ម្នាក់​​​មកការ​បងត្រូវ​​ក្រុម​​ក្មេង​ស្ទាវ​​ចាក់​​ស្លាប់

Posted: 09 Mar 2011 07:24 PM PST

សពយុវជន​រងគ្រោះ​ ​ដែលត្រូវ​​ក្រុមក្មេង​​ស្ទាវ​​នៅ​ឃុំ​សាឡុង ​ចាក់សម្លាប់

រាជធានីភ្នំពេញ ៖ ​យុវជន​​​វ័យ​២២​ឆ្នាំ​ម្នាក់​​បានស្លាប់ក្នុងមន្ទីរពេទ្យ​​​កាល់ម៉ែត ​កាលពី​វេលា​ម៉ោង​​​៣​និង​​៣០នាទី​​ទៀបភ្លឺ​ថ្ងៃទី​​១០ មីនា​២០១១ ​ក្រោយពី​យុវជននោះ​ត្រូវ​​ក្រុម​ក្មេង​ស្ទាវ​​​ចាក់​មួយ​​កាំ​បិត ខណៈ​​​កើត​ទំនាស់​​ពាក្យ​សម្តី​​​​ពេល​រាំ​ធុងបាស់ ក្នុងពិធីមង្គល​ការ​​របស់បង​ប្រុស​បង្កើត​នៅ​​​ភូមិ​កណ្តាល ឃុំ​សាឡុង ស្រុក​ខ្សាច់​កណ្តាល ​​ខេត្តកណ្តាល ។​

សាច់ញាតិ​​យុវ​ជនរងគ្រោះ​​បាន​និយាយ​​ឱ្យ​​ដឹង​ថា យុវជន​រងគ្រោះ​​ដែលត្រូវ​​ក្រុមក្មេង​​ស្ទាវ​​នៅ​ឃុំ​សាឡុង ​ចាក់ស្លាប់​​មានឈ្មោះ​​​អ៊ិន សំណាង អាយុ​​២២​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​​​ម្រះព្រៅ ​​ឃុំ​ត្រពាំង​​ស្តៅ ​ស្រុករមាស​ហែក ​ខេត្តស្វាយ​រៀង។ នៅថ្ងៃកើតហេតុ​ ជនរងគ្រោះដែល​​ជា​កូនពៅ​ និង​សាច់ញាតិ​​​បានមក​ចូលរួម​ពិធី​មង្គល​ការ​​របស់​បងប្រុស​​បង្កើត​ក្នុង​ភូមិ​​​កណ្តាល​ ឃុំ​សាឡុង​ ស្រុកខ្សាច់​កណ្តាល ​​ខេត្តកណ្តាល ​​ពេល​នោះ​​​ភាព​សប្បាយ​រីករាយ និង​អបអរ​​សាទរ​​គូ​ស្វាមី​ភរិយា​ថ្មី បានដំណើរការ​​យ៉ាង​រលូន ។ លុះ​យប់​ឡើង​មាន​​ចាក់រាំ​ធុង​បាស់ ដើម្បី​​កំដរ​​រោង​ការ​​ និងកិច្ចស្វាគមន៍​​ដល់មិត្ត​ភក្តិ​ដែល​ចូលរួម​​​បទញាក់​​កន្ទ្រាក់​ពេញ​​និយម​​របស់យុវវ័យពី​មួយបទ​ទៅមួយបទយ៉ាង​សប្បាយ​​​ ដោយ​មាន​​កូន​​កម្លោះ​ កូនក្រមុំ​​ឡើង​រាំ​ ដើម្បី​​បើកពិធី​​សប្បាយ​​ភាព​ជូន​​ញាតិ​មិត្ត​ផង​ដែរ ។ ​

នៅវេលាម៉ោង​​​ជាង​១១យប់នាថ្ងៃ​ដដែល យុវជន​​រងគ្រោះ​ឈ្មោះ​​អ៊ិន សំណាង បានឡើង​រាំ​​ជា​មួយមិត្តភក្តិ ​ហើយពេលនោះ​​មានយុវជន​​មួយ​ក្រុមទៀត​​​ដែលគេ​ស្គាល់​​ជា​ក្រុម​​ស្ទាវ​ប្រចាំ​​​ឃុំ​សាឡុង ចូល​រាំ​បទ​ញាក់ និង​ជាន់ជើង​ភាគី​ជន​រង​គ្រោះ​​ក៏កើត​​ទំនាស់ពាក្យ​សម្តី​​​ដាក់គ្នា​ទៅ​វិញ​ទៅ​មក ​​ភ្លាម​នោះ​ម្ចាស់​​រោង​ការ​​សុំ​ឱ្យ​បញ្ឈប់​​ទំនាស់​​ និង​បន្ត​​ការរាំ​ទៀត ។ ​​ក្រោយ​មក​​​យុវជន​​រង​គ្រោះ​​ឈប់រាំ​​​ហើយ​ដើរ​ទៅផ្ទះ​ស្នាក់​នៅ លុះ​ចេញ​ផុត​​ពី​រោង​ការ​​បន្តិច​​ស្រាប់តែ​​មាន​ក្មេង​​ស្ទាវ​ពី​​រ​នាក់ជិះ​ម៉ូតូមក​ក្បែរ​​​ជនរងគ្រោះ ​រួច​ជន​ម្នាក់ដែល​​អង្គុយ​ខាង​​ក្រោយ​​​លោតចុះ​​ពីលើ​ម៉ូតូ​​ដក​កាំបិត​​ចាក់​​ចំក្រោម​ឆ្អឹង​​ជំនីរ​ខា​ងឆ្វេង​មួយ​កាំបិត​​បណ្តាល​ឱ្យ​​ដេក​ដួល​​លើ​ដី​ ព្រមទាំង​​ស្រែក​​​ឱ្យសាច់ញាតិ​​ជួយ​ រីឯ​ជន​ដៃ​ដល់​​នាំគ្នា​គេចខ្លួន​​បន្សល់​ទុក​​ម៉ូតូ​នៅ​​កន្លែង​កើតហេតុ ។​

សាច់ញាតិ​ជនរងគ្រោះ​​បានបញ្ចាក់​ថា ភ្លាមៗ​នោះ​យុវជន​​រងគ្រោះ​​ត្រូវ​បាន​​បញ្ជូន​​ទៅ​មន្ទីរ​​ពេទ្យកាល់​ម៉ែត​​ ដើម្បីសង្គ្រោះ​​ជីវិត ក៏​ប៉ុន្តែ​​ដោយសារ​មុខរបួស​​ធ្ងន់​ធ្ងរ​ ជនរងគ្រោះ​​បាន​ស្លាប់​​​​នៅ​វេលាម៉ោង​​៣​និង​​៣០នាទី​ទៀប​ភ្លឺ​​ឈាន​​ចូល​ថ្ងៃ​​ទី​​១០ មីនា ​ក្រោម​​សំឡេង​​ស្រែក​យំពី​ក្រុមគ្រួសារ ព្រោះ​យុវជន​​ដែលស្លាប់​​នេះគឺ​ជា​កូនពៅមក​​ចូល​​​រួមមង្គល​ការ​បង​ប្រុស​ជា​កូនទី​ប្រាំ ។ ​សព​យុវ​​រង​​គ្រោះ​​​ត្រូវបានគេ​ដឹកយកទៅ​ធ្វើបុណ្យ​​នៅឯ​ស្រុក​​កំណើត​​ រីឯជន​ដៃ​ដល់​ត្រូវបាន​​​ស្គាល់​​អត្ត​សញ្ញាណ​​ ហើយ​​ពេលនេះ​សមត្ថកិច្ច​​កំពុងស្រាវជ្រាវ៕

មានជំងឺ​ផង​ក្រីក្រ​ផង​លេប​ថ្នាំ​​​២០គ្រាប់​ប៉ុនប៉ង​ធ្វើអត្តឃាត

Posted: 09 Mar 2011 07:09 PM PST

ស្ដ្រី​ដែល​ចង់​ស្លាប់

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​មុខ និង​ម្យ៉ាង​​ជីវភាព​ខ្វះខាត​​ផង ពិបាក​ចិត្ត​​​ពេក​​ក៏​បានលេប​ថ្នាំ​​​​​អស់​​២០គ្រាប់ ​ដើម្បី​​​​សម្លាប់​ខ្លួន​​​ កាលពីវេលាម៉ោង​​​៦​និង​​​៣០​នាទី​​​ព្រឹកថ្ងៃទី​​៦ មីនា នៅ​ភូមិ​​​ត្រពាំង​សំព័រ ​សង្កាត់​​​គោក​រកា ខណ្ឌ​ដង្កោ ។​ ស្ត្រី​​ម្នាក់នេះ​​​ឈ្មោះ​​វ៉ន សាវឿន អាយុ​​២៩​ឆ្នាំ ​មុខ​របរ​លក់​បង្អែម ​​ប្តីឈ្មោះ​​ជិន ណុំ អាយុ​​​៤០​ឆ្នាំ ​មានកូន​​​២​នាក់ ​​និង​មាន​ស្រុកកំណើត​​នៅ​ភូមិ​​​លង្វែក​ ឃុំ​ឧកញ៉ា​​​ប៉ាង ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ។​

តាម​សាច់ញាតិ​​របស់ស្ត្រី​​រូបនេះ​​​បាន​ឱ្យ​​ដឹង​ថា កាលនៅស្រុកកំណើត​​នាង​ធ្វើការ​នៅ​​​​រោង​ចក្រ​កាត់​ដេរ ​តែ​ដោយសារ​​មានជំងឺ​​ក៏ឈប់​ធ្វើ​ការ​​ទៅ​ ចំណែក​ប្តី​​ដើរ​លក់​​ការ៉េម ​តែ​ប្រាក់​ចំណូល​ដែលរ​​ក​បាន​មិន​អាច​ទ្រទ្រង់​​​ចិញ្ចឹម​គ្រួសារ​​​​បាន ក៏​មក​​​សុំ​ស្នាក់នៅ​​ផ្ទះបង​ស្រី​ឈ្មោះ​ជិន ​ថន អាយុ​​​៤៥​ឆ្នាំ ​នៅភូមិ​​​ត្រពាំង​​សំព័រ ​​សង្កាត់​​​គោករកា ​ខណ្ឌ ដង្កោ ។ ការ​មក​រស់នៅ​ជា​មួយ​បង​ស្រីនេះ ស្ត្រី​​រងគ្រោះ​លក់​បង្អែម​​ រីឯ​ប្តី​​ដើរ​ទិញ​​អេត​ចាយ ។​

ប្រភពព័ត៌​មានពីបងស្រី​​​ឈ្មោះ​ជិន ថន បាន​​ឱ្យ​​​ដឹង​ថា នាងវ៉ន ​សាវឿន មកស្នាក់នៅ​​ជា​មួយ​គាត់​​​​នេះ​លក់​បាន​លុយ​បន្តិ​ច​បន្តួច​​គ្រាន់តែ​​ផ្គត់ផ្គង់​​​គ្រួសារ​មិន​​​ចង់​គ្រប់ផង ​ហើយខ្លួន​​នាង​មានជំងឺ​ប្រចាំ​កាយ​​ច្រើនមុខ​ទៀត ​​ដូចជា ឈឺក្រពះ និង​​ដុះ​សាច់​ច្រមុះ ។ ​ថ្មីៗ​នេះ​នា​ង​បានទៅ​មើលអេកូ​នៅ​មន្ទីរពេទ្យ​​ជិត​វត្តភ្នំ ​​គ្រូពេទ្យ​ប្រាប់​ថា នាង​មាន​​គីសនៅ​​​ដៃ​ស្បូន ​ត្រូវវះកាត់​ចេញ ហើយ​​គ្រូពេទ្យ​​បាន​ឱ្យ​​ថ្នាំ​ផ្សះ​មួយ​ចំនួន​មក​នាង​ទុក​​លេប​ចំនួន​ជាង​​២០​គ្រាប់ ​លុះ​ពេលមក​ដល់​ផ្ទះវិញ នាង​ពិបាក​ចិត្ត​​​ពេក​ក៏គិត​ខ្លី​​បែបនេះ​​ទៅ ​។

​ការ​ដឹង​​ថា​នាង​លេប​ថ្នាំ ដោយសារ​បាត់​​​ប្រពន្ធ​​យូរពេក ​មិនឃើញ​ចុះពីលើ​ផ្ទះ​ ប្តី​ក៏​​ឡើ​ង​ទៅ​​លើ​ផ្ទះមើលប្រពន្ធ ស្រាប់តែ​ឃើញ​​​ប្រពន្ធ​​​បែក​ពពុះមាត់ស្កុល ​ហើយរក​មើល​​ថ្នាំ​ដែល​​គ្រូ​ពេទ្យ​​ឱ្យ​​នាង​​លេប​រាល់ថ្ងៃ​នោះមិនឃើញ ​ក៏​ប្រញាប់​ប្រញាល់​​ស្រែក​​ហៅ​ឱ្យគេជួយ ដោយ​ធ្វើ​​ទឹកស្ករ​​​លាយជាមួយក្រូ​ចឆ្មា​​រ​ឱ្យ​នាង​ផឹក​​នៅ​តែ​មិន​​បាត់​ទៀត ក៏បញ្ជូន​នាង​ទៅព្យាបាល​​នៅ​មន្ទីរពេទ្យ​​ព្រះកុសុមៈ៕

ជុំវិញ​កិច្ច​ប្រជុំJBCត្រៀមធ្វើនៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាបានដើរ​មុន​ភាគី​ថៃ​មួយជំហាន​ទៀតក្នុងការ​សម្រេចចិត្ត

Posted: 09 Mar 2011 07:04 PM PST

យោងតាម​កាសែត​បាង​កក​ប៉ុស្តិ៍​​របស់ថៃ​ផ្សាយ​​ជា​ភាសា​អង់គ្លេស​​នៅថ្ងៃទី​​៩ មីនា ​ឱ្យ​ដឹង​ថា ​នាយក​រដ្ឋ​មន្ត្រីថៃ​លោកអាប់ភីស៊ីត​ វ៉េ​ចាជី​វ៉ា ​សង្ឃឹម​​ថា កិច្ចប្រជុំ​​​គណៈ​កម្មាធិការ​​ព្រំដែន​​ចម្រុះ (JBC) ដែល​​​ត្រូវ​រៀបចំឡើង​នៅ​ក្នុងប្រទេស​ឥណ្ឌូ​ណេស៊ី​​នាពេលខាង​មុខនេះ​នឹង​​ជា​ចំណុច​​ចាប់​ផ្តើម​​មួយ ដើម្បី​​បន្ធូរ​បន្ថយ​​​ភាព​តានតឹង​​នៅ​តាម​​បណ្តោយព្រំដែន​​រវាង​ប្រទេស​​ថៃ និង​ប្រទេស​​កម្ពុជា ។​ លោកអាប់ភីស៊ីត បានលើកឡើង​​ដូច្នេះ​​ក្រោយ​ពី​​ភាគីកម្ពុជា​​បាន​​ឯក​ភាព​ចំពោះកិច្ច​ប្រជុំ​​នេះដែល​ស្នើឡើង​​ដោយ​ប្រធានអាស៊ាន​​​ដោយ​​ត្រូវ​រៀប​ចំ​ធ្វើ​នៅថ្ងៃទី​​២៤និង​​២៥ មីនាខាង​មុខ។​

កាសែតបាង​កកប៉ុស្តិ៍​​បានដកស្រង់​​សម្តី​លោក Thani Thongpha Kdi អ្នកនាំ​ពាក្យ​​ក្រសួង​​ការបរទេស​ថៃ ​ដែលថ្លែង​​កាលពីថ្ងៃទី​​​៨ ​មីនា ​កន្លង​មក​​​ថា រដ្ឋ​មន្ត្រី​​ការបរទេស​​ឥណ្ឌូណេស៊ី​​​លោក​ម៉ាធី ណាតាឡេហ្គាវ៉ា ​​ជា​​ប្រធាន​​អាស៊ាន ​បាន​​ជម្រាប​​ក្រសួង​​ការបរទេសថៃ​​​ថា កម្ពុជា​បាន​ឯកភាព​​រួចហើយ​ចំពោះ​​ការ​ចូល​រួម​​កិច្ចប្រជុំ​​ JBC ដែលស្នើឡើង​​​នោះ ។​

ដំបូង​កិច្ចប្រជុំ​ JBC ត្រូវគ្រោងរៀបចំ​​​​ធ្វើ​នា​ចុងខែ​​កុម្ភៈ កន្លង​មក ​ប៉ុន្តែ​បាន​ពន្យារ​ពេល​​វិញ ​ដោយភាគី​​ថៃ​អះអាង​ថា ​កម្ពុជា​​ចង់​ឱ្យ​មាន​​​អន្តរា​គមន៍​​​​ពីសហគមន៍​​អន្តរជាតិ​សិន ។​​ កាសែតថៃ​​ដដែល​នេះ​បាន​ដកស្រង់សម្តី​​​លោក​​​អាប់ភីស៊ីត ​ដែល​ថ្លែង​ថា ​«ខ្ញុំ​សង្ឃឹម​​​ថា កិច្ចប្រជុំ​​នេះនឹង​ជួយ​បន្ធូរបន្ថយ​​ភាព​តានតឹង​​រវាង​ប្រទេស​​ទាំង​ពីរ» ។ ​ប្រភពព័ត៌​មាន​​ពីកាសែត​​បាង​កកប៉ុស្តិ៍​​​ឱ្យ​​ដឹង​ទៀត​ថា ​លោក​នាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត ក៏នឹង​​មិន​ជំទាស់ដែរ ប្រសិនបើ​​កិច្ចប្រជុំ ​JBC ត្រូវរៀបចំ​​ធ្វើឡើង​​ក្រោមការ​សង្កេត​របស់​តំណាង​អាស៊ាន ឬ​ប្រធានអាស៊ាន។​

ទីភ្នាក់ងារ​​ព័ត៌មានផ្លូវ​​​​​​ការចិនស៊ីនហួ​​កាលពី​ថ្ងៃទី​​​៨ មីនា ​​បានដក​ស្រង់សម្តីលោក​កុយ គួង ​​អ្នកនាំពាក្យ​​ក្រសួងការបទេស​​ និងសហប្រតិបត្តិ​ការ​​អន្តរជាតិ​កម្ពុជា​ដែល​​ថ្លែង​ថា លោក​ឧបនា​យ​ក​រដ្ឋ​​មន្ត្រី​​​​ហោ ណាំ​ហុង រដ្ឋមន្ត្រី​​​ក្រសួងការ​បរទេស និង​ស​ហ​​ប្រតិបត្តិការ​​អន្តរជាតិ បាន​ផ្ញើ​លិខិត​​មួយ​ច្បាប់​ជូន​រដ្ឋ​មន្ត្រី​​ការបរទេស​​ឥណ្ឌូ​ណេស៊ី ​​លោក​​​ម៉ាធី ណាតាឡេហ្គាវ៉ា ដែលក្នុង​លិខិត​​នោះ​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​​​​សរសេរ​ថា ​​កិច្ចប្រជុំ JBC និង​កិច្ចប្រជុំ​​​ GBC ត្រូវតែ​​​រៀបចំឡើង​​​ដោយមាន​ការ​​ចូល​រួម​ពី​ប្រធាន​អាស៊ាន ឬ​តំណាង​អាស៊ាន ​យ៉ាង​ហោចណាស់​​ក៏​នៅ​​ក្នុងពិធី​​​បើក​កិច្ច​ប្រជុំ​ដែរ ​ហើយ​នៅ​ពេល​​កិច្ច​ប្រជុំ​​ចប់ ភាគី​​ទាំង​ពីរ​​កម្ពុជា ​និង​ថៃ​ត្រូវ​​តែ​រាយ​ការណ៍​​អំពីលទ្ធ​ផល​​នៃ​កិច្ច​​​ប្រជុំ​នេះ​ជូន​ប្រធាន​អាស៊ាន ។

យោងតាម​​របាយ​ការណ៍​​របស់​ស្ថាន​ទូត​កម្ពុជា​​​​​ប្រចាំប្រទេស​ឥណ្ឌូ​ណេស៊ី​​ ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​ លោក​ម៉ាធី ណា​តាឡេហ្គាវ៉ា បាន​​សម្រេច​ស្នើ​ឱ្យ​មាន​កិច្ច​ប្រជុំ​​​គណៈ​​កម្មាធិការ​ព្រំ​ដែន​ទូទៅ​និង​គណៈ​កម្មការ​ចម្រុះ​​បោះ​បង្គោល​​ព្រំដែន​​​កម្ពុជា-​ថៃ នៅ​ថ្ងៃទី​​២៤ និង​ថ្ងៃទី​២៥ មីនា នៅ​ក្នុង​ក្រុង​ Bogorក្បែរ​​​ទីក្រុង​ហ្សាការ​តា​។ ​លោក​កុយ គួង អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​ ​កម្ពុជា​ត្រូវបាន​​ដក​ស្រង់​សម្តី​ថា នៅ​ក្នុង​លិខិត​ឆ្លើយ​តបទៅ​រដ្ឋ​មន្ត្រី​​​ការបរទេស​​​ឥណ្ឌូណេស៊ី​​ លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង​ បាន​ស្នើ​ទៅ​ប្រធាន​​អាស៊ាន​ថា ត្រូវ​​​មាន​​​វត្ត​មាន​រដ្ឋ​មន្ត្រី​​ការបរទេស​ឥណ្ឌូណេស៊ី​ ឬ​​អ្នក​តំណាង​យ៉ាង​​ហោច​ណាស់​នៅ​​ពេលបើក​កិច្ច​ប្រជុំ​នៃជំនួប​​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​​ ដែល​ដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​​ការ​ពារ​ជាតិ និង​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​ចម្រុះ​ព្រំដែន​កម្ពុជា​-ថៃ​ ។

ក្រុម​អ្នក​​​វិភាគ​បាន​មើល​​ឃើញ​​​ថា ទោះបីជា​ពេល​នេះ​ភាគី​ថៃ​​បាន​ព្រម​ក្តី ក៏​បង្ហាញ​​ថា ​កម្ពុជា​​បាន​ដើរ​មុន​ថៃ​មួយ​ជំហាន​​ទៀត​ហើយ នៅពេល​ដែល​គេ​នៅ​មិន​ទាន់​បាន​ដឹងអំពី​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ថៃ ភ្លាមៗ​នោះ ។ ​រដ្ឋា​ភិបាល​កម្ពុជា​​បាន​ប្រកាស​​ជំហរ​​ច្បាស់​​លាស់​នៅ​ពេល​​​នេះ បន្ទាប់ពី​​ការ​ចរចា​​​ទ្វេភាគី​​កន្លងមក​​​ ហាក់​ដូចជា​​មិន​បានការ​អ្វីទាំងអស់​ក្នុង​ការ​​​ដោះ​ស្រាយ​​ជម្លោះ​ព្រំដែន​នេះ ហើយ​បាន​​ប្រកាស​ថា ​​​ចាប់ពី​ពេល​នេះ​ទៅ កម្ពុជា​ឈប់​ប្រើ​ប្រាស់​យន្ត​ការ​ទ្វេ​ភាគី​​ដោយ​គ្មាន​ភាគី​ទី៣​ទៀត​ហើយ ។ ការចរចា​​ ឬការ​ពិភាក្សា​ត្រូវ​ប្រព្រឹត្ត​​ទៅ​មួយ​ទល់​មួយ​​រវាង​កម្ពុជា​​និង​ថៃ​មែន ប៉ុន្តែ​ការពិភាក្សា​​ត្រូវ​មាន​ការ​​ដឹងឮ​​​ពីភាគី​ទី៣ គឺឥណ្ឌូណេស៊ី​ ។​

កិច្ច​ចរចា​ទ្វេភាគី​​ រវាង​គណៈ​​កម្មាធិ​ការ​ព្រំដែន​​​កម្ពុជា​និង​ថៃ បាន​ផ្អាក​តាំងពីឆ្នាំ​២០០៩​មក ។ ​ការ​កោះ​ប្រជុំ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​​ឥណ្ឌូ​ណេស៊ី​នា​ចុង​ខែ​មីនា​ខាង​មុខ​នេះ​ គឺ​ដោយ​មាន​ភាគី​ទី៣​ ចូល​រួម​​ដឹងឮ​ទើប​កិច្ច​ចរចា​ដំណើរ​ការ​ទៅ​បាន ។ ក្រសួង​ការ​បរទេស​​កម្ពុជា​ នៅ​ថ្ងៃទី៨ មីនា បាន​ទទួល​​យក​ជា​ផ្លូវ​ការ​ហើយ​នូវ​សំណើ​របស់​រដ្ឋ​មន្ត្រី​​ក្រសួងការបរទេស​​ឥណ្ឌូណេស៊ី​ លោក​ម៉ាធីណាតាឡេហ្គាវ៉ា ជា​ប្រធាន​​អាស៊ាន​ កាលពី​ថ្ងៃទី​​៧ ខែមីនា ​កន្លង​ទៅ​នេះ ​ដែល​បាន​កោះ​ឱ្យ​មាន​កិច្ច​ប្រជុំ​ទ្វេភាគី​​រវាង​គណៈកម្មាធិការ​ព្រំដែន​​កម្ពុជា និង​ថៃ ក្រោម​ការ​តាម​ដាន​ដោយ​ភាគី​៣​ នៅក្នុង​ប្រទេស​​ឥណ្ឌូណេស៊ី​​ខាង​មុខ​នេះ។ ​កិច្ច​ប្រជុំ​​នោះ គេ​បាន​ចែកជា​២​ផ្នែក​ដោយ​ឡែក​ពី​គ្នា គឺទី១-​ជា​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ចម្រុះ​រវាង​កម្ពុជា​និង​ថៃ និងទី២-​ជា​កិច្ច​ប្រជុំ​គណៈ​កម្មាធិការកិច្ច​ការព្រំដែន​ទូទៅ​ រវាង​កម្ពុជា​និង​ថៃ ដោយ​ចាប់ផ្តើម​​ធ្វើ​ពី​ថ្ងៃទី​២៤ ខែមីនា​ ដល់​ថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ២០១១​ នៅ​ក្នុង​ទីក្រុង​Bogor ​ជិតទី​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូ​ណេស៊ី ។

ប្រធាន​​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​​នៃ​ប្រទេស​កម្ពុជា លោក​វ៉ា គឹមហុង ត្រូវ​បាន​ដក​ស្រង់​​​ប្រសាសន៍​​ដោយ​វិទ្យុ​​​ផ្សាយ​ជាខេមរភាសា​​ថា លោក​បាន​ត្រៀម​ខ្លួន​ទៅ​ចូលរួម​នៅក្នុង​កិច្ច​ប្រជុំ​នោះ​ហើយ ។  «សម្តេច​តេជោ​​លោក​ឯក​ភាព​​ហើយ លោក​ឱ្យទៅ​ហើយ ។ បញ្ហា​គឺ​ទាក់​ទង​នឹង​រឿង​ព្រំដែន​រវាង​ប្រទេសទាំង២​ ដែល​នឹង​ត្រូវ​លើក​ឡើង» ។ គួររំលឹក​ថា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈកន្លងទៅនេះ រដ្ឋ​មន្ត្រី​​​ក្រសួង​ការ​បរទេស​​ឥណ្ឌូណេស៊ី​ លោក​ម៉ាធី ណាតាឡេហ្គាវ៉ា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ បាន​កោះ​​ហៅ​​ជាបន្ទាន់​មួយ​ឱ្យ​មាន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​​​ការបរទេស​អាស៊ាន​ នៅក្នុង​ទីក្រុង​ហ្សាការតា​ ប្រទស​ឥណ្ឌូ​ណេស៊ី  ដើម្បី​រក​ដំណោះ​ស្រាយ​បទ​ឈប់​បាញ់​​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ ដែល​បាន​ផ្ទុះ​​ឡើង​កាលពី​ថ្ងៃទី​៤​ ខែកុម្ភៈ​ រហូតដល់​ថ្ងៃទី​៧ ខែកុម្ភៈ​​កន្លង​ទៅនេះ ។ ការ​កោះ​ប្រជុំ​ជាបន្ទាន់​នោះ គឺ​​ក្រោយ​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​​សហប្រជា​ជាតិ​​បាន​កោះ​​ប្រជុំ​ជាបន្ទាន់​ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ តាម​សំណើ​របស់​កម្ពុជា​ ប្រឆាំង​នឹង​​ការ​ឈ្លានពាន​​របស់​កងទ័ព​ថៃ ។​

លោក​វ៉ា គឹមហុង បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​​​ទ្វេភាគី​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​និង​ថៃ ​បាន​​ផ្អាក​តាំងពី​ខែមេសា ឆ្នាំ២០០៩មក ដោយ​សារ​តែ​កំណត់​ហេតុ​យល់​ព្រម​គ្នា​ចំនួន​​៣ ​មិន​ត្រូវ​បាន​សភាថៃ​ផ្តល់​សច្ចាប័ន​ឡើយ​រហូត​ដល់ពេល​​នេះ ដូច្នេះ​​​ហើយទើប​​កម្ពុជា​ចង់​បាន​​​ឱ្យ​មាន​​ភាគី​​ទី៣​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​​ខាង​មុខ ។ កំណត់​ហេតុ​យល់​ព្រមទាំង​៣នោះ មាន​​ដូច​ជា​ ការរំសាយ​កងទ័ព​ថៃឈ្លានពាន​កម្ពុជា​ នៅ​តំបន់​ប្រាសាទ​​ព្រះវិហារ​ ការចុះ​រាវ​រក​បង្គោល​​ព្រំដែន​ចាស់ៗ​ចំនួន​៧៣​ ការធ្វើ​ផែនទីឱ្យ​បាន​ច្បាស់​លាស់​ និង​ការ​​​ខណ្ឌ​សីមា ជាអាទិភាព​នៅ​តំបន់​​ប្រាសាទ​ព្រះ​វិហារ​ជាដើម ។

  • ក្រុមអាវលឿងមានផែនការប្រមូលផ្តុំគ្នា នៅមុខស្ថានទូតឥណ្ឌូណេស៊ី

កាសែត​ឌឹ​ណេស្សិន ​នៅថ្ងៃទី​៩ មីនា ​ឆ្នាំ​​២០១១ ​ផ្សាយ​​ឱ្យ​ដឹង​ថា ក្រុមសម្ព័ន្ធ​​ភាពប្រជា​​ជន​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​​​​ ហៅក្រុម​អាវ​លឿង​​ប្រកាសថា ​ពួកគេ​​មាន​ផែនការ​​ដាក់ជូន​លិខិត​មួយច្បាប់ទៅ​​ស្ថានទូត​ឥណ្ឌូណេស៊ី​​ប្រចាំ​ទីក្រុង​​បាងកក​​នៅថ្ងៃទី​​១០ មីនា ​ទាមទារ​កុំ​​ឱ្យ​​ប្រទេស​​ឥណ្ឌូណេស៊ីជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​​ថៃ ។​

លោក Panthep Pourpongpan ជា​អ្នកនាំ​ពាក្យ​​​ក្រុមអាវ​លឿងនិយាយ​ថា ក្រុមអាវលឿង​​​ប្រឆាំង​​ដាច់ខាត​​ចំពោះការ​​ជ្រៀត​ជ្រែក​​ណា​មួយ​របស់​ឥណ្ឌូណេស៊ី​​​ដែលជា​ប្រធាន​អាស៊ាន​​ក្នុងកិច្ច​​ការផ្ទៃ​ក្នុង​​​របស់ថៃ ។​ តាមប្រភពព័ត៌​មាន​ពីកាសែតថៃ​​ឱ្យ​​ដឹង​​ទៀត​ថា ​នៅថ្ងៃទី​​​១០ មីនា ក្រុម​អាវ​លឿង នឹង​ប្រមូល​​​ផ្តុំគ្នា​នៅ​បរិវេណ​​ខាង​មុខ​​ស្ថានទូត​ឥណ្ឌូ​ណេស៊ី​​​​ដើម្បីដាក់​ជូន​លិខិត​នោះ ៕

សម្ពោធ​ផ្លូវ​​ និងសមិទ្ធ​ផល​គម្រោង​​ស្ថាបនា​​ភូមិ​សុវត្ថិភាពក្រោម​​កិច្ចសហ​ការ​​រវាង CMAC និង​ JMAS

Posted: 09 Mar 2011 06:44 PM PST

សម្ពោធ​ផ្លូវ​​ និងសមិទ្ធ​ផល​គម្រោង​​ស្ថាបនា​​ភូមិ​សុវត្ថិភាពក្រោម​​កិច្ចសហ​ការ​​រវាង CMAC និង​ JMAS
ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី
លោក​ប្រាក់ សុខុន កាត់ខ្សែបូ
ផ្ទៃដី​ដែល​បានរំដោះ​ចេញ​ផុត​ពី​ចំការ​មីន​កសាង​ភូមិ​
សមិទ្ធ​ផល​​​ភូមិ​សុវត្ថិភាព

ខេត្តបាត់ដំបង​ ៖ ​កាលពីព្រឹកថ្ងៃទី​​​៧ មីនា ​នៅ​​​សាលា​បឋម​សិក្សា​​ជ្រចាប់​ផេះ កុម៉ាតស៊ុ ស្ថិត​​ក្នុង​​ភូមិជា​​មន្ត្រី​ ឃុំ​ត្រែង​ ស្រុក​រតនៈមណ្ឌល​ ​​មានប្រារព្ធ​​ពិធី​សម្ពោធ​ផ្លូវ​​ និង​សមិទ្ធ​ផល​​​គម្រោង​​​ស្ថាបនា​ភូមិ​​សុវត្ថិភាព ដោយ​​កិច្ច​​សហ​ប្រតិបត្តិការ​​រវាង CMAC និង​អង្គ​ការ​ JMAS ក្រោមអធិបតីភាព​​លោកប្រាក់​​ សុខុន ​រដ្ឋមន្ត្រី​​​ប្រតិភូ​អម​​នាយករដ្ឋ​មន្ត្រី​ និងជា​អនុ​ប្រធាន​​អាជ្ញា​ធរ​មីន​កម្ពុជា ។ ចូល​រួម​ក្នុងពិធីនោះ​មាន​ លោក KAWA​MURA HIROSHI ភារ​​ធារី​​​ស្តី​ទីស្ថាន​ទូត​​​ជប៉ុនប្រចាំ​កម្ពុជា ​​​លោកប្រាជ្ញ​ ច័ន្ទ ​អភិបាល​ខេត្ត ​លោកអភិ​បាល​រង​​​ខេត្ត​​ប៉ៃលិន ​ពោធិ៍​សាត់ ​​និង​​បន្ទាយ​មានជ័យ ​មន្ត្រី​រាជការពាក់ព័ន្ធនានា​ជុំវិញ​​​ខេត្ត ​កង​កម្លាំង​​ប្រដាប់អាវុធ​ មន្ត្រី CMAC អភិបាល អភិ​បាល​រង​ស្រុក ​​លោក​មេ​ឃុំ ​មេភូមិ ​និងប្រជា​ពលរដ្ឋ​យ៉ាង​ច្រើនកុះករ ។​

​លោកហេង រតនា អគ្គនាយក​​ស៊ីម៉ាក់ ​បាន​​មាន​ប្រសាសន៍​​រាយការណ៍​ឱ្យ​ដឹង​ថា ​ក្នុងកិច្ច​សហ​ប្រតិបត្តិ​ការ​​នេះមាន​​ថវិកា​​សរុប​​៨០ម៉ឺន​ដុល្លារ ក្នុងនោះ​មួយ​​​ផ្នែក​គឺ​ជា​ការងារ​បោស​សំអាត​​មីន និង​មួយផ្នែក​​​ធំទៀត​​ គឺជា​ការ​​ងារ​អភិវឌ្ឍន៍​​​សហគមន៍​សម្រាប់គម្រោង​ឆ្នាំ​​២០០៩-​២០១០ ​​។ ជាមួយនេះ ​​បាន​ធ្វើការ​បោស​សំអាត​​​ជា​ដី​សម្បទាន​សង្គមកិច្ចសម្រាប់​សាង​សង់​លំនៅ​​ឋាន​​ចំនួន​​​៦២​ហិកតា ​ក្នុង​លទ្ធ​ផល​សរុប​​សម្រាប់​​គាំទ្រ​ការ​​អភិវឌ្ឍ​ចំនួន​​៧៤​ហិក​តា ​ដើម្បីជួយ​គាំទ្រ​ដល់​​ប្រជា​ពលរដ្ឋ​​ខ្វះខាត​​ដីធ្លី ចំនួន​​៥៥០គ្រួសារ ក្នុង​ភូមិ​​សាស្ត្រភូមិ​​ជា​​មន្ត្រី និង​​ភូមិ​គីឡូ​ ស្រុក​រតន​មណ្ឌល ដែលយើង​ធ្វើ​​ពិធីប្រគល់​​​នៅថ្ងៃនេះ។ ក្នុងនោះ​ស៊ីម៉ាក់​​បានរុក​រក​​ឃើញគ្រាប់​​មីន​​គ្រប់​ប្រភេទ​ចំនួន​១៤៧​គ្រាប់ ​និង​យុទ្ធ​​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​​ចំនួន​​៣៦​គ្រាប់ ។ ​ដោយ​ឡែក ឆ្នាំ​​២០១០-​២០១១ ​ដែលត្រូវបញ្ចប់​​នៅ​ខែ​កក្កដា ឆ្នាំ​២០១១ ​ខាង​មុខ ហើយ​ដែលបាននិង​​​កំពុង​ធ្វើ​ការ​បោស​សំអាត​​​ផ្ទៃដី​​កសិ​កម្ម​​សម្រាប់​​ប្រជាពល​រដ្ឋ​​ទូទៅ​ចំនួន​៨០ហិកតា ​រហូតមក​ដល់​ពេល​នេះ​យើង​​រុករក​ឃើញ​​គ្រាប់មីន​គ្រប់ប្រភេទ​​ជាង​​១០០គ្រាប់ ​និង​យុទ្ធភ័ណ​​្ឌ​មិនទាន់​ផ្ទុះ​​ជាង​​២០​គ្រាប់។ លើ​សពី​នេះ​ទៀត គឺការ​កសាង​​អគារ​​សិក្សា​​បាន​ចំនួន​​៣ខ្នង ​​មាន​១២បន្ទប់ ព្រមទាំង​បំពាក់សម្ភារ ខ្លោងទ្វារ បង្គន់​អនាម័យ ​និង​ទង់​ជាតិ ​។ ធ្វើ​​​ផ្លូវ​ក្រាលក្រួស​ក្រហម​​បាន​ចំន​ួន​​​៣ខ្សែ​​មានប្រវែង​​១០គីឡូម៉ែត្រ ​ព្រមទាំង​ដាក់លូ​បង្ហូរ​ទឹកចំនួន​​២៣កន្លែង ធ្វើស្ពាន​​​​ប្រវែង​​១២​ម៉ែត្រ ​ជីកស្រះ​​ទឹក​សហគមន៍​​​ទំហំ​​២៥ម៉ែត្រគុណ​​​៣០​ម៉ែត្រ ​បាន​ចំនួន​​១៤​កន្លែង​​ អណ្តូង​ស្នប់​​ចំនួន​១១ និង​ស៊ីទែន​​ទឹក​ចំណុះ​​​៥.០០០លីត្រ​​ចំនួន​១ ។​

លោកភារ​​ធារី​​ស្តីទី​ស្ថាន​ទូត​ជប៉ុន ​បាន​​មាន​ប្រសាសន៍​ថា អង្គការ​ JMAS បានចាប់​ផ្តើម​​សកម្ម​ភាព​ការងា​ររបស់ខ្លួន​​​នៅប្រទេស​កម្ពុជា ​ចាប់តាំងពី​​​ឆ្នាំ​​​២០០២ ហើយ​មាន​​សកម្ម​ភាព​សហ​ប្រតិបត្តិការ​​​រួមជាមួយស៊ីម៉ាក់ ដូចជា​ការ​​បោស​សំអាត​គ្រាប់​យុទ្ធ​ភ័ណ្ឌ​​មិនទាន់ផ្ទុះ និង​ដោះមីន​​សហគមន៍​​មូលដ្ឋាន ។ ចាប់តាំង​ពីឆ្នាំ​​២០០៨មក​ ​មានការ​ចាប់ផ្តើម​​គម្រោង​​​​ថ្មី​មួយ​ទៀត ​​​ដែលយើង​បាន​​និង​កំពុង​​សហការ​ការ​ងារ​​បច្ចុប្បន្ន​​ គឺជា​គម្រោង​ស្ថាបនា​​ភូមិ​សុវត្ថិភាព ​ដោយ​មានការ​គាំទ្រ​​ឧបត្ថម្ភ​​ពី​រដ្ឋា​ភិបាល​ជប៉ុន ​និង​ក្រុមហ៊ុន KOMATSU រួម​មាន​​ការ​ឧបត្ថម្ភ​​​ជា​ថវិកា ​​​គ្រឿងចក្រ​​​ និងម៉ាស៊ីន​​ផ្សេងៗ។ ​​គម្រោង​​នេះ​​បានទទួលការគាំទ្រ​​ និង​សហការ​គ្នាយ៉ាង​សកម្មពីសំណាក់​​បង​ប្អូនប្រជា​ពលរដ្ឋ​​​ និងមន្ត្រី​​​បុគ្គលិក​ស៊ីម៉ាក់ទាំង​អស់ ហើយ​ក្នុង​រយៈ​ពេល​​​៣ឆ្នាំកន្លង​មក​​នេះ យើង​​​បោស​សំអាត​​មីន​រួច​បានលើ​​ផ្ទៃ​ដី​ប្រមាណ​​​២០០ហិកតា ធ្វើ​ផ្លូវ​​ជីក​ប្រឡាយ​​សង​ខាង​ផ្លូវ ​​ជីក​​អណ្តូង​​ និងជីក​ស្រះ​ស្តុក​ទឹក​ចំនួន​​​៣កន្លែង​ ព្រមទាំង​​​សាង​សង់​​​អគារ​សិក្សា ។ យើង​នៅតែជួយគាំទ្រ​​​ការ​​កសាង​ភូមិ​សុវត្ថិភាព​​៣កន្លែង​​ ហើយ​បច្ចុប្បន្ន​​ក៏​​ដូចអនាគត ​យើង​​នៅតែ​បន្ត​​ធ្វើការ​អភិវឌ្ឍ​ទៅមុខជានិច្ច ។​

លោក​ប្រាក់ សុខុន ​បានថ្លែង​អំណរ​គុណ​ដល់​កិច្ច​សហប្រតិបត្តិការ​​ភាពជា​ដៃ​គូ​​រវាង​ស្ថាប័ន​ CMAC និងអង្គការ JMAS ដែលបានខិត​ខំ​​ប្រឹងប្រែង​​យកចិត្តទុកដាក់​​ប្រកប​ដោយ​​ឆន្ទៈ​​របស់រាជ​រដ្ឋាភិបាល​នៃព្រះរាជាណាចក្រក​ម្ពុជា ​ជាមួយបណ្តា​ប្រទេស​ជា​ដៃគូ​​អភិវឌ្ឍន៍​ ។ ​កិច្ច​​សហ​ប្រតិបត្តិការ​​ផ្ទាល់របស់​មន្ត្រី​​ បុគ្គលិក CMAC បានដើរ​តួ​នាទីយ៉ាង​សំខាន់​​​ក្នុងការ​ទប់​ស្កាត់​​ និងកាត់បន្ថយ​​​អត្រា​គ្រោះថ្នាក់​​ដោយសារ​មីន​ និង​យុទ្ធ​ភ័ណ្ឌ​មិនទាន់ផ្ទុះ ដែលនៅ​​​រាយប៉ាយ​លើ​ទីលាន​​សមរភូមិ​​ប្រយុទ្ធ​​ បន្សល់ទុក​ពីសម័យ​​សង្គ្រាម​ដ៏​​រ៉ាំ​រៃ ​។ យើង​​បាន​​ប្រែក្លាយ​​ផ្ទៃដី​​ដ៏មាន​សក្តានុពល​​ទាំងនេះ​​សម្រាប់ការ​ស្តារ​ឡើងវិញ​​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​​ អភិវឌ្ឍន៍​​សេដ្ឋកិច្ចសង្គម​​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​​ចាំ​បាច់ និង​លើកស្ទួយ​​​ជីវ​ភាព​​​រស់នៅ​​របស់ប្រជា​ពលរដ្ឋ​​ស្របតាម​​គោល​នយោ​បាយ​​កាត់បន្ថយភាពក្រីក្រ​​របស់រាជ​រដ្ឋា​ភិ​បាល​​​​ ។

ក្នុង​ឱកាស​​នោះដែរ ក៏មានការ​ប្រគល់​​ប័ណ្ណ​ដី​តាំង​ទីលំនៅ​ថ្មី​ចំនួន​៥៥០​គ្រួសារ និង​បំពាក់​មេដាយ​​អ្នកមាន​ស្នាដៃ​ល្អ និង​ឧបត្ថម្ភ​​ដល់​សិស្សា​នុ​សិស្ស​​ចំនួន​​៣០០នាក់ ក្នុង​​ម្នាក់​ៗ​​ទទួល​បាន​​សៀវ​ភៅ​​១ក្បាល ​ប៊ិច​​១ដើម ​ខ្មៅ​ដៃ​​​១ដើម  និង​ថវិកា​​​២.០០០រៀល ​​យុវជនកាយឫទ្ធិ ​៧០​នាក់ ​យុវ​ជន​កាកបាទក្រហម​​​​៧០​នាក់ ​ម្នាក់​ៗ​ទទួល​​បាន​ថវិកា​​១០.០០០​រៀល ​តាជី យាយជី ​​៣០​នាក់ ម្នាក់​ៗ​​ទទួលបាន​​កំណាត់​ស​​១ដុំ ថវិកា​​១០.០០០​រៀល ​ជនពិការ​​២០នាក់ ​ម្នាក់​ៗទទួល​បាន​​អាវយឺត​​១ និង​ថវិកា​​៤ម៉ឺនរៀល ​និង​ប្រជា​ពល​រដ្ឋ​​​៥០០នាក់ ​​ក្នុងម្នាក់​ៗ​​ទទួលបាន​អាវ​យឺត​​១ និង​​ថវិកា​​១០.០០០​រៀល ៕​

សមា​គម​សិល្ប​ករ​ខ្មែរ​នាំ​យក​អំណោយ​ជូន​កង​កម្លាំង​សមរ​ភូមិ​មុខ

Posted: 09 Mar 2011 06:41 PM PST

លោក ម៉ិ​ញ សុធី​វណ្ណ និង​អ្នកសិល្បៈ​ឯទៀត​ប្រគល់​អំណោយ
សមា​គម​សិល្ប​ករ​ខ្មែរ​នាំ​យក​អំណោយ​ជូន​កង​កម្លាំង​សមរ​ភូមិ​មុខ
សមា​គម​សិល្ប​ករ​ខ្មែរ​នាំ​យក​អំណោយ​ជូន​កង​កម្លាំង​សមរ​ភូមិ​មុខ

ខេត្ត​ព្រះ​វិហារ ៖ សមា​គម​សិល្ប​ករ​ខ្មែរ​ដឹក​នាំ​ដោយ​លោក ម៉ិញ សុធី​វណ្ណ កាល​ពី​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១១ កន្លង​មក​នេះ បាន​នាំ​យក​អំណោយ​ជា​សំភារ​មួយ​ចំនួន​ទៅ​ផ្តល់​ជូន​កង​កម្លាំង​នគរ​បាល​ដែល​កំពុង​ឈរ​ជើង​យ៉ាង​អង់​អាច​ក្លាហាន​ការ​ពារ​ទឹក​ដី​ចំណុច​បញ្ជា​ការ​ស្រាល​អន្លង់​ស្វាយ តំបន់​ប្រាសាទ​ព្រះ​វិហារ។ ចូល​រួម​ដំណើរ​នា​ឱកាស​នោះ​រួម​មាន​អ្នក​នាង​យុគ ចិន្តា អនុ​ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ និង​ជា​ពិធី​ការិនី​ស្ថានីយ​ទូរ​ទស្សន៍ CTN, អ្នក​នាង​ឈួន សុវណ្ណឆៃ, អ្នក​នាង​ ចន ច័ន្ទ​លក្ខិណា, លោក​យុត្ថារ៉ា ឆានី និង​លោក​យូ ឌីស្កូ។

លោក​ម៉ិញ​ សុធី​វណ្ណ បាន​ឱ្យ​ដឹង​ថា សំភារ​ដែល​នាំ​យក​ទៅ​ជូន​កង​កម្លាំង​សមរ​ភូមិ​មុខ​នា​ពេល​នោះ​រួម​មាន​ ត្រី​ងៀត​៦០០​គីឡូ​ក្រាម, ឆៃ​ប៉ូវ ១.២០០​គីឡូ​ក្រាម, សាច់​ក្រក​៦០០​គីឡូ​ក្រាម និង​ធុង​សម្រាប់​ដាក់​ទឹក​ចំនួន​៥០។ លោក​បញ្ជាក់​ថា សំភារ​ទាំង​អស់​នោះ​គឺ​បាន​មក​ពី​ចំណូល​សប្បុ​រស​ជន​ដែល​ចូល​រួម​ក្នុង​​ពិធី​ប្រគំ​តន្ត្រី​រាត្រីសមោ​​សរ​កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១១ កន្លង​មក។ សំភារ​ទាំង​នោះ​មាន​ចំនួន​តិច​តួច​ណាស់​បើ​ប្រៀប​ធៀប​​ទៅ​នឹង​តម្រូវ​ការ​របស់​កង​ទ័ព​ដ៏​អង់​អាច​ក្លា​ហាន​​ដែល​កំពុង​​ឈរ​ជើង​យ៉ាង​រឹង​មាំ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៅ​សមរ​ភូមិ​ជួរ​មុខ ប៉ុន្តែ​​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទឹក​ចិត្ត និង​ការ​ចូល​រួម​ចំណែក​ការ​ពារ​ទឹក​ដី​របស់​បង​ប្អូន​នៅ​សមរ​ភូមិ​ក្រោយ សំខាន់​សិល្ប​ករ សិល្ប​ការិនី​ខ្មែរ​យើង​ដែល​ជា​និច្ច​កាល​នឹក​រលឹក​គិត​គូរ និង​កោត​សរ​សើរ​ចំពោះ​បង​ៗ​កង​ទ័ព​សមរ​ភូមិ​មុខ​ ព្រម​ទាំង​ខិតខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ស្វែង​រក​ជា​ថវិកា និង​សំភារ​ផ្តល់​ជូន​កង​ទ័ព​ជា​បន្ត​បន្ទាប់​ទៀត។

លោក​​ម៉ិញ សុធី​វណ្ណ អំពាវ​នាវ​ដល់​សិល្បករ សិល្ប​ការិនី​ខ្មែរ​គ្រប់​រូប​​សូម​ចូល​រួម​ជា​ថវិកា និង​សំភារ​តាម​លទ្ធ​ភាព​របស់​ខ្លួន​មក​សមា​គម​សិល្ប​ករ​ខ្មែរ ឬ​ទៅ​ផ្ទាល់​ក៏​បាន​ ជូន​ដល់​កង​ទ័ព​នៅ​សមរ​ភូមិ​មុខ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ និង​ជួយ​រំលែក​ការលំបាក​របស់​បង​ប្អូន​យុទ្ធ​ជន​ដ៏​អង់​អាច​ក្លាហាន​របស់​យើង។ លោក​គិត​ថា ការ​ចែក​រំលែក​ទាំង​ឡាយ​របស់​សិល្ប​ករ សិល្ប​ការិនី​ គឺ​ជា​ការ​បង្ហាញ​នូវ​ទឹក​ចិត្ត​អង់​អាច​ក្លាហាន​ក្នុង​ការ​ការ​ពារ​ទឹក​ដី​កម្ពុជា​យើង បើ​ទោះ​ជា​យើង​មិន​បាន​ទៅ​​កាន់​សមរ​ភូមិ​មុខ​ដោយ​ផ្ទាល់​ក៏ដោយចុះ៕

សម្តេច​ព្រះ​វន​រ័ត​ ណយ ច្រឹក ៖ ព្រះ​ពុទ្ធ​យក​ធម៌​ មនុស្ស​យក​កិត្តិ​យស

Posted: 09 Mar 2011 06:36 PM PST

សម្ដេចព្រះ​វនរ័ត​យាង​ជា​ព្រះ​អធិបតីភាព

ខេត្ត​កំពង់​ចាម​​ ៖ «ព្រះ​ពុទ្ធ​យក​ធម៌ មនុស្ស​យក​កិត្តិ​យស​ ព្រះ​ពុទ្ធ​យក​ទៀន​ធូប មនុស្ស​យក​ទ្រព្យ​»។ នេះ​ជា​ព្រះ​ថេរ​ដីកា​របស់​សម្តេច​ព្រះ​វន​រ័ត ណយ ច្រឹក ព្រះ​សង្ឃ​នាយក​រង​ទី​៣​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រទាន​ឱវាទ​ក្នុង​ពិធី​បិទ​អនុ​សំ​វច្ឆរ​មហា​សន្និ​បាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ខេត្ត​ ដើម្បី​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​សង្ឃ​ប្រកាស​អនុ​​សំ​វច្ឆ​រៈ​ទូ​ទាំង​​​ប្រទេស​លើក​ទី​១៩​កាល​ពី​រសៀល​ថ្ងៃ​ទី​៧ មីនា ២០១១ ស្ថិត​នៅ​វត្ត​នគរ​បា​ជ័យ​ក្នុង​ស្រុក​កំពង់​សៀម​។​

លោក​ស្រី​ កានឿន ប្រធាន​មន្ទីរ​ធម្ម​ការ​ និង​សាសនា​ខេត្ត​បញ្ជាក់​ថា សង្ឃ​សន្និ​បាត​ដែល​បាន​ប្រារព្ធ​នា​ឱកាស​នេះមាន​គោល​ដៅ​សំខាន់​ពីរ​យ៉ាង​គឺ ១-ដើម្បី​ផ្សព្វ​ផ្សាយ​សង្ឃ​ប្រកាស​រួម​នៃ​អនុ​សំ​វច្ឆរៈ​មហា​សន្និ​បាត​ មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​លើកទី​១៩ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី ខែ​មករា ២០១១ ។ ចំណុច​ទី​២-ដើម្បី​ពិភាក្សា​ដាក់​ចេញ​នូវ​វិធាន​ការ​ និង​ទិស​ដៅ​ជាក់​ស្តែង​មួយ​ចំនួន​សំដៅ​អនុ​វត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​សង្ឃ​ប្រកាស​រួម​អនុ​សំ​វច្ឆរៈ​មហា​សន្និ​បាត​មន្ត្រី​សង្ឃ​លើក​ទី​១៨ ពង្រឹង​រចនា​សម្ព័ន្ធ​ដឹក​នាំ​គ្រប់​គ្រង​របស់​​មន្ត្រី​សង្ឃ​ខេត្ត​ លើក​ស្ទួយ​ការ​ប្រតិ​បត្តិ​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ​សាសនា​ និង​បណ្តា​ទិស​ផ្សេង​ទៀត​សំរាប់​អនុ​វត្ត​​ឆ្នាំ​​២០១១ និង​ឆ្នាំ​បន្ត​។

នៅ​ខេត្ត​កំពង់​ចាម​មាន​វត្ត​សរុប​ចំនួន​៥៨១​វត្ត​ ព្រះ​សង្ឃ​សរុប​ចំនួន​៦.៨២៤​អង្គ ​ចែក​ចេញ​ជា​ពីរ​គណៈគឺ​ ១-គណៈ​មហា​និកាយ​ចំនួន​៥៦​វត្ត​ មាន​ព្រះ​សង្ឃ​សរុប​៦.៥៥៦​អង្គ​ ក្នុង​នោះ​សាម​ណេរ​ចំនួន​៤.៣២៦​អង្គ​, ២-គណៈ​ធម្ម​យុត្តិ​កនិកាយ​​ចំនួន​១៦​វត្ត​ មាន​ព្រះ​សង្ឃ​សរុប​ចំនួន​២០៥​អង្គ​ ក្នុង​នោះ​សាម​ណេរ​ចំនួន​១៣២​អង្គ​។ ​​ខាង​អ៊ិ​ស្លាម​មាន​ព្រះ​វិហារ​១១៩​ ស៊ូរ៉ាវ​២១៨ មាន​ប្រជា​ជន​អ៊ិ​ស្លាម​ចំនួន​១៤២.១៣១​នាក់​ រស់​នៅ​ក្នុង​ភូមិ​ចំនួន​១៤៩​ភូមិ​ ក្នុង​ស្រុក​-ក្រុង​ទាំង​១៧​។ ខាងគ្រឹស្ត​សាសនា​ មាន​ព្រះ​វិហារ​ស្នាក់​ការ​ចំនួន​៨១ ចែក​ជា​ប្រូ​តេ​ស្តង់​ចំនួន​៧៣​ កា​តូ​លិក​ចំនួន​៤ សាលា​រៀន​សាសនា​ចំនួន​១៦ និង​មាន​សាសនិក​ចំនួន​២.៨៥៣​នាក់​។

សម្តេច​ព្រះ​វន​រ័ត​ ​ណយ ច្រឹក ព្រះ​សង្ឃ​នាយក​រង​ទី​៣​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​មាន​ថេរ​ដីកា​ថា ត្រូវ​តែ​គោរព​មេ​គណ​ខេត្ត​ ព្រះ​វិន័យ​ធម៌ នៅ​ពេល​​ដែល​មាន​កិច្ច​ការ​ណា​មួយ​នោះ​ត្រូវ​តែ​និមន្ត​ទៅ​ទំនាក់​ទំនង​ជាមួយមន្ទីរ​ធម្ម​ការ​ និង​សាសនា​ខេត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​។ វត្ត​ណា​ដែល​រឹង​មាំ​វត្ត​នោះ​មាន​សេចក្តី​សុខ និង​មាន​អ្នក​តូច​ អ្នក​ធំ​ចូល​មក​កុះ​ករ​ដែល​នឹង​នាំ​មក​នូវ​ការ​រីក​ចំរើន​ដល់​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ ​។ សម្តេច​ព្រះ​វន​រ័ត​ ណយ ច្រឹក​ មាន​ថេរដីកា​បញ្ជាក់​ថា នៅ​ពេល​ណា​ដែល​កើត​មាន​បញ្ហា​ទំនាស់​ណា​មួយ​បន្តិច​បន្តួច​នៅ​ក្នុង​វត្ត​​អារាម​ត្រូវ​តែ​ចេះ​ដោះ​ស្រាយ​ចៀស​វាង​កុំ​ឱ្យ​បញ្ហា​លំបាក​នោះ​ទៅ​ដល់​ថ្នាក់​លើ​។ ពេល​ដែល​ត្រូវ​កសាង​អ្វី​មួយ​នៅ​ក្នុង​វត្ត​ត្រូវ​តែ​ហៅ​ព្រះ​សង្ឃ​៤​ទៅ​៥​អង្គ​មក​ឱ្យ​ជួយ​ដឹង​ឮ​ ព្រម​ទាំង​មាន​លោក​តា​អាចារ្យ​ផង​ដែរ​ទើប​មិន​មាន​បញ្ហា​ ៕

គណៈ​បញ្ជា​ការ​​ឯកភាព​​ខណ្ឌ​ដង្កោ​រាយ​អន្ទាក់​​​ឆែក​​អាវុធ​​ជាតិ​ផ្ទុះ ចាប់​ម៉ូតូ-​រថ​យន្ត ​ច្រើនគ្រឿង

Posted: 09 Mar 2011 06:27 PM PST

ប្រតិបត្តិការ​​ខាងលើ​នេះ​បានធ្វើ​​ឡើងត្រង់​ចំណុច​​ផ្សារ​សេន​ជូរីប្លា​ហ្សា ភូមិ​តា​ងួន​
សមត្ថ​កិច្ច​​បានឃាត់​ខ្លួន​បុរស​ម្នាក់​​ដែល​ផឹកស្រាស្រវឹង​ស្រែក​ឡូ​ឡាបញ្ចេញ​ឫកពារ​ច្រងេងច្រងាង​ដាក់​សមត្ថ​កិច្ច​

រាជធានីភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជា​ការ​​ឯកភាព​ខណ្ឌ​ដង្កោ ដឹកនាំ​ដោយ​​លោក​អភិបាល​ខណ្ឌ​គិត សុផា ​បានចុះ​ធ្វើការ​ត្រួតពិនិត្យ​​អាវុធ​ជាតិផ្ទុះ ជាតិស្រវឹង អ្នកជិះ​ម៉ូតូ​​​អត់​កញ្ចាក់ ​អត់​ស្លាកលេខ ជា​ពិសេស​រថយន្ត​អត់​ស្លាក​​លេខ ឬ​ពាក់​​ស្លាក​លេខ​បណ្តោះអាសន្ន​​ ប៉ុន្តែ​​ហួសកាល​កំណត់ និង​ត្រួតពិនិត្យ​​​​ជន​ណា​ដែលធ្វើ​ដំណើរ​​មាន​​ភាពមិនប្រក្រតី។​

ប្រតិបត្តិការ​​ខាងលើ​នេះ​បានធ្វើ​​ឡើង​កាលពី​​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​​៩ មីនា ​២០១១ ​លើ​កំណាត់​​មហាវិថី​​សហព័ន្ធ​រុស្ស៊ី ត្រង់​ចំណុច​​ផ្សារ​សេន​ជូរីប្លា​ហ្សា ភូមិ​តា​ងួន​ សង្កាត់​កាកាប ខណ្ឌ​ដង្កោ ​ហើយ​កម្លាំង​​ដែល​ចេញ​ប្រតិបត្តិ​ការ​ដើម្បី​​សន្តិសុខ​​ សណ្តាប់​ធ្នាប់​​នេះ​សរុបជាង​​៥០​នាក់ ក្នុង​នោះ​មាន​កម្លាំង​ប៉ូលិស ប៉េអឹម ​ខាង​​​សណ្តាប់​ធ្នាប់​​ និង​មន្ត្រី​​សាលា​សង្កាត់-ខណ្ឌ​ផងដែរ។ ការ​ត្រួត​ពិនិត្យ​នេះ ​​សមត្ថ​កិច្ច​​បានឃាត់​ខ្លួន​បុរស​ម្នាក់​​ដែល​ផឹកស្រាស្រវឹង​ស្រែក​ឡូ​ឡាបញ្ចេញ​ឫកពារ​ច្រងេងច្រងាង​ដាក់​សមត្ថ​កិច្ច​ យកទៅ​ឃុំ​នៅ​​ព្រហ្មទណ្ឌ​​​នៃ​អធិការ​ដ្ឋាន​​ខណ្ឌ​។ ​

ឃាត់​រថយន្ត​​អត់ស្លាកលេខ​​​​១៣គ្រឿង និង​ម៉ូតូ​អត់មួក ​និង​កញ្ចក់​​​២០​គ្រឿង​​​ដោយ​រថយន្ត​​ធ្វើការ​ផាក​ពិន័យ​នៅនឹង​កន្លែង ចំណែក​ម៉ូតូ​យកទៅរក្សា​​ទុក​នៅ​​អធិការ​​ដ្ឋាន​នគរបាល​​ខណ្ឌ ដើម្បី​​ឱ្យ​ម្ចាស់​​ចូល​ទៅ​ដោះស្រាយ​​តាម​ច្បាប់​​នៅថ្ងៃ​​បន្ត​បន្ទាប់​ ។​ ​ដោយឡែក​មាន​រថយន្ត​​ខ្នា​តធំ​មួយគ្រឿង​ដឹក​ខ្សាច់​ធ្វើ​អាជីវ​កម្ម​ ប៉ុន្តែ​​ពាក់ស្លាកលេខ «ខ.ម» ត្រូវ​បានឃាត់​​​យ៉ាង​តឹង​រ៉ឹង ចាត់ការ​​តាម​ច្បាប់...៕​

ពុតត្បុត​អ្នក​ឈ្លានពាន ការ​ចង់​អូស​បន្លាយ​ពី​បទ​ឈប់​បាញ់​គ្នា គឺ​ដើម្បី​បញ្ឆេះ​សង្គ្រាម​ប៉ុណ្ណោះ

Posted: 09 Mar 2011 06:18 PM PST

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ខិត​ខំ​ជំរុញ​សេច​ក្តី​ព្រាង​កិច្ច​ព្រម​ព្រៀង (TOR) ផ្ញើ​ជូន​លោក Marty Natalegawa រដ្ឋ​មន្ត្រី​​ការ​បរទេស​​ឥណ្ឌូ​ណេ​ស៊ី ឱ្យ​បាន​ឆាប់​រហ័ស​​បំផុត​វិញ តាម​សំណូម​ពរ​របស់​ភាគី​ឥណ្ឌូ​ណេ​ស៊ី ​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន​​ថ្ងៃ​ទី ២២ កុម្ភៈ ឆ្នាំ​២០១១​​ ជា​​អាជ្ញា​កណ្តាល​​ដែល​យល់​ព្រម​បញ្ជូន​អ្នក​​សង្កេត​ការណ៍​ឥណ្ឌូណេ​ស៊ីតាម​សំណើ​សុំ​ពី​ភាគី​កម្ពុជា-ថៃ​ ​ក្នុង​កិច្ច​​​ចាំឃ្លាំ​មើល​បទ​ឈប់​បាញ់​​គ្នា ដើម្បី​តាម​ដាន​តើ​អ្នក​ណា​ជា​អ្នក​បង្ក​ជម្លោះ​​មុន​នោះ? ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា ​ក្នុង​គោល​បំណង​ដោះស្រាយ​​ជម្លោះ​ដោយ​សន្តិវិធី​បាន​បញ្ជាក់​នូវ​គោល​ជំហរ​បើក​​ចំហ​ដ៏​ធំ​ទូលាយ​​ឥត​លក្ខខណ្ឌ​ ក្នុង​ការ​ទទួល​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ពង្រឹង​បទ​ឈប់​បាញ់​គ្នា​ជា​ស្ថា​ពរ​ និង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​អធិប​តេយ្យ​ភាព​ បូរណ​ភាព​​ដែន​ដី​កម្ពុជា​ចំនួន​១៤​ចំណុច ​ស្ថិត​នៅ​​តាម​បណ្តោយ​​ព្រំ​ដែន​កម្ពុជា-ថៃ ។

ផ្ទុយ​ទៅវិញ ថៃ​ដែល​​មាន​លោក​​អាប់​ភី​ស៊ីត​ ជា​នាយក​រដ្ឋ​មន្ត្រី​​នោះ បាន​គេច​វេះ​​ក្នុង​ការ​ដាក់​អ្នក​សង្កេត​ការណ៍​បរទេស​ឱ្យ​ចូល​ពិនិត្យ​​ជាក់​ស្តែង​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ដែល​ស្ថិត​នៅ​​ក្នុង​ទឹក​ដី​កម្ពុជា​សុទ្ធ​សាធ​ ដូច​មាន​ផែន​ទី​បារាំង-សៀម បញ្ជាក់​ក្នុង​ឧប​សម្ព័ន្ធ​១ នៃ​​សាល​ដី​កា​តុលា​ការ​​យុត្តិ​ធម៌​​​អន្តរ​ជាតិ​​ថ្ងៃ​ទី ១៥ មិថុនា ឆ្នាំ​១៩៦២ នៅ​ក្រុង​ឡា​អេ ស្រាប់ ។ ​លោក​នាយក​រដ្ឋ​មន្ត្រី​​ថៃ​បាន​​គេច​វេះ​ពី​​ស្រមោល​នៃ​ឧក្រិដ្ឋ​​កម្ម​​ដែល​ខ្លួន​បា​ន​ប្រព្រឹត្ត​​កាល​ពី​ថ្ងៃ​ទី​៤-៧ កុម្ភៈ ឆ្នាំ​២០១១ គ្រប់​ពេល ។ ទន្ទឹម​នឹង​នេះ​ដែរ ​ថៃ​បាន​ចាប់​ផ្តើម​​កសាង​ផ្លូវ​យុទ្ធ​សាស្ត្រ​យោធា​នៅ​​ព្រំ​ដែន​​ថៃ-កម្ពុជា ​កាល​ពី​ថ្ងៃ​​សុក្រ ទី​៤ មីនា ឆ្នាំ​២០១១​​ ពី​ចំណោត​ PhaMorlDang ទៅ​កាន់​ SaTrao ដែល​ជា​អាង​ស្តុក​ទឹក​បុរាណ​នៅ​ភាគ​ខាង​​ជើង​ប្រាសាទ​ព្រះ​វិហារ ​ជា​ទីតាំង​​នគរ​បាល​​ល្បាត​ព្រំ​ដែន​​ដែល​ថៃ​បាន​ផ្អាក​​សាង​សង់​​ផ្លូវ​នោះ កាល​ពីថ្ងៃ​​​ទី​៤ ​កុម្ភៈ ឆ្នាំ ២០១១ ជា​ថ្ងៃ​ប្រយុទ្ធ​គ្នា​ដំបូង​ ដើម្បី​ចូល​ទៅ​ដណ្តើម​កាន់​កាប់​វត្ត​​កែវ​សិក្ខា​គិរី​ស្វារៈ​ម្តង​ទៀត ។ ថៃ​ក៏​មាន​គម្រោង​​ធ្វើ​សម​យុទ្ធ​​យោធា​នៅ​តំបន់​​ព្រំ​ដែន​ថៃ-កម្ពុជា​ ក្នុង​រូប​ភាព​បង្ហាញ​សាច់​ដុំ​ដែល​គេអាច​គិត​ថា ជា​ការ​ព្រួយ​បារម្ភ​​ដល់​ប្រជា​ពល​រដ្ឋ​ទាំងពីរ​ពី​ផល​ប៉ះ​ពាល់​​យា៉ង​ខ្លាំង​ដល់​សន្តិ​សុខ​របស់​ពួក​គាត់ ។

​សម​យុទ្ធ​យោធា​មាន​​ទ្រង់​ទ្រាយ​​ធំ​ ក្នុង​នោះ​មាន​កង​ទ័ព​​​ទាំង​បី​ប្រភេទ ទាំង​ជើង​គោក​មាន​រថ​ក្រោះ​​ កាំភ្លើង​ធំ ​កង​ទ័ព​ជើង​ទឹក​មាន​នាវា​ចម្បាំង និង​កង​ទ័ព​ជើង​អាកាស​​មាន​យន្ត​ហោះ​​ចម្បាំង​រួម​គ្នា​ផង (Bangkok Post ថ្ងៃទី​៦ មីនា ​២០១១) ។ ទង្វើ​​របស់​​ថៃ​ក្នុង​ការ​រារាំង​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូ​ណេ​ស៊ី និង​ការ​គំរាម​​បង្ក​សង្គ្រាម​​​ឈ្លាន​ពាន​កម្ពុជា​ទាំង​កំរោល ​​មិន​គោរព​​គោល​ការណ៍​​អន្តរ​ជាតិ​​នៃ​សេច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​សហ​ប្រជា​ជាតិ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១១ នៅ​ក្រុង​ញូវ​យ៉ក និង​សេចក្តី​​សម្រេច​​របស់​អាស៊ាន ថ្ងៃទី​២២ កុម្ភៈ ឆ្នាំ​២០១១ នៅ​ក្រុង​ហ្សា​ការ​តា នោះ ​ថៃ​​ពិត​ជា​បាន​រំលោភ​បំពាន​​ល្មើស​នឹង​ធម្ម​នុញ្ញ អ.ស.ប រួច​ហើយ ។ រីឯ​អ្នក​សង្កេត​ការណ៍​​បរទេស​ដែល​​ទៅ​ត្រួតពិនិត្យ​​ដល់​ទី​កន្លែង​ប្រាសាទ​ព្រះ​វិហារ​​នោះ ពិត​ជា​បាន​យក​ការណ៍​​ស្រង់​ព័ត៌​មាន​មើល​ឃើញ​នូវ​បំណែក​គ្រាប់​ផ្លោង គ្រាប់​​បែក​​ចង្កោម ​និង​សោកនា​ដកម្ម​​ដោយ​កង​ទ័ព​ថៃ​បាញ់​ផ្លោង​ទៅ​លើ​វត្ត​កែវ​​​សិក្ខា​គិរី​ស្វារៈ និង​ប្រាសាទ​ព្រះវិហារ​​ជា​បេតិក​ភណ្ឌ​ពិភព​លោក បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​ជា​ដំណំ​ ព្រម​ទាំង​​បន្សល់​ទុក​នូវស្លាក​ស្នាម​​ដ៏​ព្រៃ​ផ្សៃ​​​នៃ​ឧក្រិដ្ឋ​​ជន​ថៃ​ឈ្លាន​ពាន​​កម្ពុជា​ក្នុង​គោល​បំណង​​អាក្រក់​​ជា​ប្រវត្តិ​សាស្ត្រ ដើម្បី​កំទេច​កេរ​មរត​​ក​វប្ប​ធម៌​​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ ។

គ្រប់​ល្បិច​​កល​ទុច្ច​រិត​របស់​ថៃ​ មិន​អាច​បិទ​បាំង​សហ​គមន៍​អន្ត​រ​ជាតិ​អំពី​​អំពើ​​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​​មនុស្ស​ជាតិ ប្រឆាំង​សាសនា​ និង​ប្រឆាំង​សម្បត្តិ​វប្ប​ធម៌​​របស់​មនុស្ស​ជាតិ បង្ក​ឡើង​​ដោយ​ភាគី​ថៃ​ទៅ​លើ​ភាគី​កម្ពុជា​បាន​ទេ ។ ​ជា​ពិសេស​ចំពោះ​អ្នក​ស្នេហា​សន្តិ​ភាព ស្នេហា​កេរ​មរតក​វប្ប​ធម៌​របស់​មនុស្ស​ជាតិ​នៃ​គណៈ​ប្រតិ​ភូ​​​អនុ​ព័ន្ធ​យោធា​អម​ស្ថាន​ទូត​បរទេស​​ប្រចាំ​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​អង្កេត​ពិនិត្យ​​ជាក់​ស្តែង​​ដល់​ទី​កន្លែងនូវ​ការ​ខូច​ខាត​​ជា​ដំណំ​របស់​វត្ត​កែវ​សិក្ខា​ គិរី​ស្វារៈ និង​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិក​ភណ្ឌ​​​ពិភព​លោក​​នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១១ ជា​ដំបូង​គេ ​ក្នុ​ងនាម​សហគមន៍​​អន្តរ​ជាតិ​នា​ពេល​ថ្មីៗ​នេះ​ពិត​ប្រាកដ​ជា​មាន​មនោ​សញ្ចេត​នា​ ក្រៀម​ក្រំ​ ក្តុក​ក្តួល សោក​ស្តាយ​ក្នុង​ចិត្ត​​ក្រៃ​​លែង ​ចំពោះ​​ទស្សនីយ​ភាព​​ដ៏​សែន​រន្ធត់​​ខ្លោច​ផ្សា​នៃ​សោកនា​ដកម្ម​​ និង​វិនាស​កម្ម​​ដោយ​ស្នា​ដៃ​ដ៏​ថោក​ទាប​​ព្រៃ​ផ្សៃ​​​យង់​ឃ្នង​​​នៃ​ថ្នាក់​ដឹក​នាំ​ប្រទេស​មួយ ឥត​មាន​ការ​ទទួលខុស​ត្រូវ​ចំពោះ​​មនុស្ស​​ជាតិ​ទាំង​មូល​​នោះ ។

តំណាង​​ឱ្យ​ប្រជា​ជន​កម្ពុជា និង​ពិភព​លោក​ទាំង​មូល ​គណៈ​ប្រតិភូ​​សេនា​នុ​ព័ន្ធ​ខាង​លើ ដោយ​ឈរ​លើ​គតិ​យុត្តិ​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​​ ពិត​ជា​​បាន​រាយ​ការណ៍​ជូន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​សហ​ប្រជា​ជាតិ​ តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ អង្គ​ការ​យូណេ​ស្កូ ​និង​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​ពិភព​លោក​ ដើម្បី​មាន​វិធាន​ការ​សម​ស្រប​ក្នុង​ការ​អនុ​វត្ត​សាល​ដីកា​តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ អនុ​សញ្ញា​ការ​ពារ និង​រក្សា​សម្បត្តិ​​វប្ប​ធម៌​​ក្នុង​ករណី​​មាន​ជម្លោះ​​ប្រដាប់​អាវុធ​ (១៤ ឧសភា ឆ្នាំ​១៩៥៤) និង​អនុ​សញ្ញា​ស្តី​ពី​ការ​ការ​ពារ​​​បេតិក​ភណ្ឌ​​ធម្ម​ជាតិ និង​វប្ប​ធម៌​ពិភព​លោក​​ (១៦ វិច្ឆិកា ឆ្នាំ​១៩៧២) ឱ្យ​មាន​ប្រសិទ្ធ​ភាព​តទៅ ៕

ដោយ​ទិត សារុន​រ៉េត ទី​ប្រឹក្សា​​អម​រាជ​បណ្ឌិត្យ​សភា​កម្ពុជា

ស្រូវជាង១ពាន់​តោន​ក្លាយជាចំណីព្រះអគ្គីកណ្តាលរាត្រី

Posted: 09 Mar 2011 05:57 PM PST

ទីតាំង​រោងម៉ាស៊ីនកិនស្រូវដែលភ្លើងឆេះកាលពីយប់
គំនរស្រូវជាងមួយពាន់តោនត្រូវបានអន្តរាយដោយសារភ្លើងឆេះ
ទីតាំង​រោងម៉ាស៊ីនកិនស្រូវដែលភ្លើងឆេះកាលពីយប់
ម៉ាស៊ីនកិនស្រូវតម្លៃ១០ម៉ឺនដុល្លារ ត្រូវបានអន្តរាយដោយសារភ្លើងឆេះ
ម៉ាស៊ីនកិនស្រូវតម្លៃ១០ម៉ឺនដុល្លារ ត្រូវបានអន្តរាយដោយសារភ្លើងឆេះ

ខេត្ត​កំពង់ធំ ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​កន្លែង ដែល​មាន​ទំហំ​៤៥​ម៉ែត្រ គុណ​៣៤​ម៉ែត្រ មាន​ដំបូល និង​ជញ្ជាំង​ប្រក់ និង​បាំង​ស័ង្កសី ហើយ​មាន​ផ្ទុក​ស្រូវ​ជាង​មួយ​ពាន់​​តោន។ ទោះ​បី​ជា​បែប​ណា គេ​ពុំ​ទាន់​ដឹង​អំពី​មូល​ហេតុ​ពិត​ប្រាកដ ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះ​អគ្គី​ភ័យ​នោះ​ទេ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ថ្ងៃ​ទី​៨ ​ឈាន​ចូល​ថ្ងៃ​ទី​៩ មីនា នៅ​ចំណុច​ភូមិ​ឈើ​ទាល ឃុំ​កំពង់​ចិន​ខាង​​ត្បូង ស្រុក​ស្ទោង។ ក្រោយ​ពេល​កើត​ហេតុ​ប្រហែល​មួយ​ម៉ោង​ទើប​រថយន្ត​ពន្លត់​អគ្គី​ភ័យ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តបាន​ទៅ​ដល់​២​គ្រឿង​ជួយ​បាញ់​​ទឹក​ពន្លត់។

តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​ស្រុក​ស្ទោង​ឱ្យ​ដឹង​ថា រោង​ម៉ាស៊ីន​កិន​ស្រូវ​នេះ​មាន​ម្ចាស់​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ​ជីវ ហុង​តាំង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ងួន ឈុន​ហួង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ពួក​គេ​ទាំង​២​នាក់​រស់​នៅភូមិ​-​ឃុំ​កើត​ហេតុ​ខាង​លើ។ តាម​ប្រភព​ព័ត៌​មាន​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា ស្រូវ​ក្នុង​រោង​ម៉ាស៊ីន​នេះ​ត្រូវ​ភ្លើង​ឆេះ​អស់​ប្រហែល​២០​ភាគ​រយ ចំណែក​រោង​ និង​ម៉ាស៊ីន​កិន​ស្រូវ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច នៅ​សល់​តែ​គំនរ​ស្រូវ​ ដែល​ត្រូវ​ភ្លើង​ឆេះ​​ងំរហូត​ដល់​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៩ មីនា រថយន្ត​ពន្លត់​អគ្គី​ភ័យ​ទាំង​២​គ្រឿង​កំពុង​តែ​បូម​ទឹក​ស្ទឹង​ស្ទោង​ទៅ​បាញ់​ពន្លត់​គំនរ​ស្រូវ​ដែល​នៅ​ឆេះ​ហ៊ុយ​ៗ​​មិន​ទាន់​រលត់​ទាំង​ស្រុង​នៅ​ឡើយ។ កាល​ពី​ដំបូង​គេ​ច្រក​ស្រូវ​នេះ​ដាក់​​បាវ ឬ​ការុង តម្រួត​ដាក់​លើ​គ្នា​ក្នុង​រោង​ម៉ាស៊ីន​ លុះ​ពេល​ភ្លើង​ឆេះ​សំបក​​ការុង​ធ្វើ​អំពី​ជ័រ​អស់​ គេ​ឃើញ​តែ​គំនរ​ស្រូវ​​ប៉ុណ្ណោះ។

ម្ចាស់​រោង​ម៉ាស៊ីន​​​ឱ្យ​ដឹង​ថា ស្រូវ​ក្នុង​រោង​ម៉ាស៊ីន​​មាន​ចំនួន​ជាង​មួយ​ពាន់​តោន​ជា​ប្រភេទ​ស្រូវ​ម្លិះ​ ពួក​គាត់​ទិញ​អស់​ប្រាក់​ជាង​២​លាន​ដុល្លារ។ ទាក់​ទិន​នឹង​អគ្គី​ភ័យ​នេះ​ដែរ មាន​ប្រភព​ខ្លះ​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា អាច​បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​អគ្គិ​សនី។ ប្រភព​ខ្លះ​ទៀត​ថា អាច​បណ្តាល​មក​ពី​បំពង់​សឺម៉ាំង​ម៉ាស៊ីន​កិន​ស្រូវ​ក្តៅ​ខ្លាំង​ពេក ហើយ​មាន​​ផ្កា​ភ្លើង​ប៉ើង​ទៅ​ប៉ះ​ បណ្តាល​ឱ្យ​ឆេះ​តិច​ៗ​រហូត​រាល​ដាល​ឆេះ​ខ្លាំង​ទើប​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​ឆេះ​ឡើង ពី​ព្រោះ​នៅ​ពេល​ថ្ងៃ​មុន​កើត​ហេតុ​ រោង​ម៉ាស៊ីន​នេះ​មាន​កិន​ស្រូវ​ច្រើន​ខុស​ប្លែក​ធម្មតា។ លុះ​ដល់​ពេល​ល្ងាច​ទើប​ម្ចាស់​រោង​ម៉ាស៊ីន​ និង​កម្ម​ករ​នាំ​គ្នា​ចាក់​សោ​រោង​ ហើយ​នាំ​គ្នាមក​យាម​នៅ​ក្រៅ​រោង​ម៉ាស៊ីន។ លុះ​ពេល​ភ្លើង​ឆេះ​ពេញ​បន្ទុក​ហើយ​ទើប​ពួក​គេ​ដឹង ក៏​នាំ​គ្នា​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង។

តាម​មន្ត្រី​ការិយា​ល័យ​ព័ត៌​មាន​ស្រុក​ស្ទោង​ឱ្យ​ដឹង​ថា ការ​ខូច​ខាត​សរុប​អស់​ប្រហែល​មួយ​លាន​ដុល្លារ ពី​ព្រោះ​គ្រាន់​តែ​ក្បាល​ម៉ាស៊ីន​កិន​ស្រូវ​​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ និង​ឆេះ​ស្រូវ​អស់​មួយ​ចំនួន​ធំ ព្រម​ទាំង​ឆេះ​សំភារ​ផ្សេង​ៗ​អស់​ជា​ច្រើន​ទៀត។ ក្នុង​គ្រោះ​អគ្គី​ភ័យ​នេះ ពុំ​​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស ឬ​ឆេះ​រាល​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​ឡើយ៕

ភ្លៀង​កក់​ខែ​មួយមេ​មានព្យុះ ផ្ទះនិង​សាលារៀន​ប៉ើងដំបូល​ ខ្លះ​រលំ នៅ​ស្រុក​ជើងព្រៃ​និង​​កងមាស

Posted: 09 Mar 2011 05:50 PM PST

ខេត្ត​កំពង់​ចាម​ ៖ ស្រប​ពេល​ដែល​អាកាស​ធាតុ​កំពុង​តែ​ក្តៅ​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​ ស្រាប់​តែ​ព្រះ​ពិរុណ​បាន​ប​ង្អុរ​ធ្លាក់​មួយ​មេ​លាយ​ឡំ​ទៅ​ដោយ​​ខ្យល់​ព្យុះ​យ៉ាង​កំណាច​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៨ មីនា ២០១១ ជះ​កំហឹង​មក​លើ​ស្រុក​ជើង​ព្រៃ​ និង​ស្រុក​កង​មាស​ ជា​ហេតុ​បណ្តាល​ឱ្យ​ផ្ទះ​របស់​ប្រជា​ពលរ​ដ្ឋ​ សាលា​រៀន រង​ការ​ខូច​ខាត​ ដែល​ខ្លះ​រលំ​ និង​​ខ្លះ​របើក​ដំបូល​អស់​ចំនួន​២២​ខ្នង តែ​មិន​បណ្តាល​ឱ្យ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​នោះ​ទេ គ្រាន់​តែ​ងាប់​គោ​១​ក្បាល​ដែល​​ចង​នៅ​ខាង​ក្រោម​ផ្ទះ​។

លោក​វរ​សេនីយ៍​ត្រី​ហេង វុទ្ធី អធិការ​នគរ​បាល​ស្រុក​ជើង​ព្រៃ​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា នៅ​ស្រុក​ជើង​ព្រៃ​ ភ្លៀង​បាន​ធ្លាក់​មក​លាយ​ឡំ​ដោយ​​ខ្យល់ព្យុះ​​បោក​បក់​មក​លើ​ឃុំ​ចំនួន​៣​រួម​មាន​ឃុំ​សូទិព្វ​ ឃុំ​ខ្នុរ​ដំបង និង​ឃុំ​ព្រៃ​ចារ​ រយៈ​ពេល​ប្រហែល​ជា​កន្លះ​ម៉ោង​ដោយ​មាន​ផ្លេក​បន្ទោរ​ខ្វែង​ខ្វាត់​ពេញ​លើ​អាកាស​វេហាស៍​។ លោក​អធិការ​នគរ​បាល​ស្រុក​ជើង​ព្រៃ​បាន​បន្ត​ថា ក្នុង​ហេតុ​ការណ៍​គ្រោះ​ធម្ម​ជាតិ​នេះ​បណ្តាល​ឱ្យ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​រង​ការ​ខូច​ខាត​សរុប​ទាំង​អស់​ចំនួន​២០​ខ្នង​រួម​មាន​១-​ផ្ទះ​របស់​ឈ្មោះ​តែម ហឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់​នៅ​​ភូមិ​សូទិព្វ​ឃុំ​សូទិព្វ​ ទំហំ​៥​គុណ​៦​ម៉ែត្រ​រលំ​, ២-ផ្ទះ​របស់​ឈ្មោះ​យ៉ន យ៉ាន់​ ភេទ​ប្រុស នៅ​ភូមិ​ខ្នុរ​ដំបង​ ឃុំ​ខ្នុរ​ដំបង​ ទំហំ​៩​គុណ​១២​ម៉ែត្រ​ ធ្វើ​ពី​ឈើ​​របើក​ដំបូល​, ៣-​ផ្ទះ​របស់​ឈ្មោះ​ឡន ឡេន ភេទ​ប្រុស ​មាន​ទំហំ​៤​គុណ​៥​ម៉ែត្រ​ប្រក់​ស័ង្ក​សី​រលំ​, ៤-ផ្ទះ​របស់​ឈ្មោះ​ម៉េង កៀម ភេទ​ប្រុស មាន​ទំហំ​៤​គុណ​៥​ម៉ែត្រ​រលំ​, ៥-ផ្ទះ​របស់ឈ្មោះ​ហឿន ធឿន ភេទ​ប្រុស ទំហំ​៦​គុណ​៨​ម៉ែត្រ​ប្រក់​ស័ង្ក​សី​ របើក​ដំបូល​, ៧-ផ្ទះ​របស់​ឈ្មោះ​អុល អាត​ ភេទ​ប្រុស ទំហំ​៥​គុណ​៩​ម៉ែត្រ​ប្រក់​ស្លឹក​រលំ​, ៨-ផ្ទះ​របស់​ឈ្មោះ​ដួង ចន្ធូ ភេទ​ស្រី ទំហំ​៦​គុណ​៨​ម៉ែត្រ​ប្រក់​ស័ង្ក​សី​របើក​ដំបូល​, ៩-ផ្ទះ​របស់​ឈ្មោះ​ហ៊ិន ​ស៊ុយ ភេទ​ប្រុស​​ ទំហំ​៥គុណ​៥​ម៉ែត្រ​របើក​ដំបូល​, ១០-​ផ្ទះ​របស់​ឈ្មោះ​មឿន ម៉ៃ ភេទ ប្រុស ទំហំ​៤​គុណ​៥​ម៉ែត្រ​​ របើក​ដំបូល​, ១១-​ផ្ទះ​របស់​ឈ្មោះ​មិន ម៉ៃ ទំហំ​៤​គុណ​៥​ម៉ែត្រ​រលំ, ១២-​ផ្ទះ​របស់​ឈ្មោះ​​ស៊ាម​ ប្រុស ប្រក់​ស័ង្ក​សី​ ទំហំ​៤​គុណ​៥​ម៉ែត្រ​របើក​ដំបូល​, ១៣-ផ្ទះ​របស់​ឈ្មោះ​ឌឿន បូ ភេទ​ប្រុស ប្រក់​ស្លឹក​ ទំហំ​៥​គុណ​៥​​ម៉ែត្រ​រលំ​, ១៤-ផ្ទះ​របស់​ឈ្មោះ​តូ តូច ភេទ​ប្រុស ប្រក់​ស័ង្ក​សី​ទំហំ​៣៥​គុណ​៤​ម៉ែត្រ​របើក​ដំបូល​, ១៥-ផ្ទះ​របស់​ឈ្មោះ​ឈាវ ជ្រុង ភេទ​ប្រុស ប្រក់​ស័ង្ក​សី​ទំហំ​៤​គុណ​៦​ម៉ែត្រ​ រលំ, ១៦-ផ្ទះ​របស់​ឈ្មោះ​ទ្រី ទ្រឿន ភេទ​ប្រុស ប្រក់​ស័ង្ក​សី​ទំហំ​៥​គុណ​៧​ម៉ែត្រ​រលំ​, ១៧-ផ្ទះ​របស់​ឈ្មោះ​ហ៊ុំ ហេន ភេទ​ប្រុស នៅ​ភូមិ​សៀម​ប៉ោយ ឃុំ​ព្រៃ​ចារ ទំហំ​៤គុណ​៦​ម៉ែត្ររលំ​​, ១៨-​ផ្ទះ​របស់​ឈ្មោះ​អ៊ឹម ឡុំ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ របើក​ដំបូល​, ១៩-​ផ្ទះ​របស់​ឈ្មោះ​រស់ វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ប្រក់​ស័ង្ក​សី​ទំហំ​៤​គុណ​៤​ម៉ែត្រ​របើក​ដំបូល​, ២០-ផ្ទះ​របស់​ឈ្មោះ​ម៉ៅ កុល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ចារ​ ឃុំ​ព្រៃ​ចារ​ ប្រក់​ស័ង្ក​សី​ទំហំ​៤​គុណ​៥​ម៉ែត្រ​របើក​ដំបូល​ ព្រម​ទាំង​បាន​ងាប់​គោ​អស់​១​ក្បាល​ផង​ដែរ​ក្នុង​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ចង​នៅ​ខាង​ក្រោម​ផ្ទះ​ដោយ​ផ្ទះ​រលំ​សង្កត់​លើ​។

ចំណែក​លោក​វរ​សេនីយ៍​ត្រី​សូ សារិទ្ធ អធិការ​នគរ​បាល​ស្រុក​កង​មាសបាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នៅ​វេលា​ម៉ោង​៨​យប់​​ថ្ងៃ​ទី​៨ មីនា ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​លាយ​ឡំ​ទៅ​ដោយ​ខ្យល់ព្យុះ​មក​លើ​ភូមិ​ស្វាយ​កំពាន់​ទី​២ ឃុំ​ខ្ចៅ ស្រុក​កង​មាស​ ជា​ហេតុ​បណ្តាល​ឱ្យ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ឈ្មោះ​គិន ហឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ​ ត្រូវ​រលំ​ ហើយ​សាលា​រៀន​ហ៊ុន​សែន ខ្ចៅ​ក៏​ត្រូវ​បាន​របើក​ដំបូល​អស់​មួយ​ចំនួន​ផង​ដែរ ៕

មុន​ចូល​រោង​ការ៣ថ្ងៃ​ នាងជាប្រពន្ធមកអូស.កប្តីត្រឡប់ទៅផ្ទះវិញ

Posted: 09 Mar 2011 05:47 PM PST

រូបថតអនុស្សាវរីយ៍ពេលចងដៃ​ថ្ងៃ​រៀបការ

ខេត្ត​កំពត ៖ ពិត​ជា​គួរ​ឱ្យ​ឈឺ​ចាប់​ណាស់​ សម្រាប់​ស្ត្រី​ជាភរិយា​​​កាលបើ​ដឹង​ថា ប្តី​ជាទី​ស្រឡាញ់​​ និងជាទី​ពឹង​របស់ខ្លួន​លួចរៀប​ការ​ប្រពន្ធ​ថ្មី​មួយ​ទៀត​ ហើយ​វា​ក៏​ជា​ការ​បង្ក​ឱ្យ​មានក្តី​អា​ម៉ាស់​​​មួយ​ដល់​នារី​ដែល​ចាញ់​បោក​ ព្រោះ​តែ​​​គេ​ភូត​កុហក​ថា នៅ​កម្លោះ ឬ​ពោះ​ម៉ាយ ចូល​មក​ចែចូវ​សុំបើក​ទ្វារ​បេះ​ដូង​ និងព្រមព្រៀង​​​រៀប​ការ ផ្ទុយ​ទៅ​វិញ គឺជាការ​បោកប្រាស់​​ផ្លូវ​ចិត្ត​មួយ​​ដ៏ធ្ងន់​ធ្ងរ ។ តើ​នេះ​ជាកំហុស​នរណា?

​រឿង​រ៉ាវ​​លួច​រៀប​ការ​​ប្រពន្ធ​ថ្មី​​របស់ប្តី​​កំហូច​​ត្រូវ​បាន​ប្រពន្ធ​រារាំង​​​មុនពេល​អង្ករ​ក្លាយ​​ជា​បាយ ​គឺ​មាន​ន័យ​ថា ​មុនប្តី​កំហូច​ចូល​រោងការ៣​ថ្ងៃ។ រឿង​រ៉ាវ​​ប្តីកំហូច​នេះ​​ត្រូវបាន​ដឹងថា បុរស​​​ឈ្មោះ​បាន​ នីម អាយុ​៣១​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ផ្សារ​ដែក លើ​ឃុំ​​ផ្សារ​ដែក ​ស្រុកពញា​ឮ ខេត្ត​កណ្តាល បាន​ទៅ​​ធ្វើជា​កង​សន្តិស​ុខ​ឱ្យ​រោង​ចក្រ​​កាត់ដេរ​មួយ​នៅ​សង្កាត់​ភ្នំពេញថ្មី ​រាជ​ធានី​ភ្នំពេញ ​ហើយ​​ភូត​កុហកនារី​ម្នាក់​ជា​កម្មការិនី​កាត់​ដេរ​​​មានស្រុក​កំណើត​នៅភូមិ​​ចម្លង ជ្រៃ ឃុំ​ស្តេច​គង់ខាង​លិច​ស្រុក​បន្ទាយ​​មាសថា ខ្លួន​មិន​មាន​ប្រពន្ធ​ទេ សុំស្រឡាញ់​​នាង​រៀប​ការ​ពេញ​ច្បាប់ ក៏មានការ​​ត្រូវ​រ៉ូវ​គ្នា ។ ការ​បោក​ប្រាស់​​នាង​កម្ម​ការិនីនេះ​បានបង្ហាញ​​​លិខិត​​បញ្ជាក់​ពី​ចៅ​សង្កាត់​ភ្នំពេញ​ថ្មី រួម​ទាំង​មេ​ភូមិ​​បាយ៉ាប​ និង​មេ៥០​ខ្នង​ទី៥​ថា ឈ្មោះ​បាន​ នីម ពិត​ជា​នៅ​លីវ ។ ទោះ​បី​ជា​បែប​ណាក្តី លិខិត​នោះ​មិន​ដឹង​ថា ក្លែង​បន្លំ​ ឬ​ពិត​ទេ ។

ដោយ​សារ​ឃើញ​មានការ​អះ​អាង​ពី​អាជ្ញា​ធរ​​សង្កាត់​ភ្នំពេញ​ថ្មីបែបនេះហើយ ទើប​អាជ្ញា​ធរឃុំ​ស្តេច​គង់​មិនជំទាស់​ ហើយ​​ដាក់​ថ្ងៃ​មង្គល​ការនៅ​ថ្ងៃ​ទី៦កើត ខែ​ផល្គុន ត្រូវ​នឹង​ថ្ងៃទី១០ មីនា ​។ ឪពុក​ម្តាយ​ខាង​ស្រីពិត​ជា​មាន​ចិត្ត​រីក​រាយ​​​បាន​ដើរ​ហៅភ្ញៀវ​​ជិត​ឆ្ងាយ​​ និងបញ្ជា​​ទិញ​ម្ហូប​អា​ហារ​ ជួលភ្លេង​ ជួល​សំអាង​ការ​ និងរក​មេ​បា​ចាស់ទុំមកចូល​រួមពិធី​មង្គល​ការ​កូនប្រុសស្រី។ ​ប៉ុន្តែ​អ្វីដែល​ស្មាន​មិន​ដល់នោះ ស្រាប់​តែ​នៅ​ព្រឹក​ថ្ងៃទី៤ មីនា ​ស្ត្រី​ម្នាក់​ឈ្មោះ​អ៊ុក ជា​អាយុ​៣០ឆ្នាំ​ រួមទាំង​​កូនស្រី​ឈ្មោះ​មាន ស្រីនុច អាយុ៩​ឆ្នាំ ចេញ​​ពី​ឃុំ​​ផ្សារ​ដែក​ ទៅ​កាន់​ឃុំ​ស្តេច​គង់​ សួរ​រក​ប្តី​របស់ខ្លួន​ដែលជិត​ចូល​រោង​ការ​ជាមួយស្រីថ្មី ។ ស្ត្រី​រូបនេះ​​បានបង្ហាញ​រូប​ថត​ជាភស្តុ​តាង​នៃ​មង្គល​ការ​របស់ខ្លួន​ជា​មួយ​​ប្តី​កំហូច​នេះ​​ គឺ​ជា​រូប​ថត​​រៀប​ការ​ពេញច្បាប់ ។ ​​ជា​មួយនេះ​ក៏​មាន​លិខិត​​ពី​លោកមេ​ឃុំ​ផ្សារ​ដែក​​ចារ​បញ្ជាក់​ផងដែរ ។ ​

ស្ត្រី​ជា​ប្រពន្ធ​​និយាយ​​ប្រាប់​​អាជ្ញា​ធរ​ឃុំ​ស្តេច​គង់​ថា ​មុន​ពេលលួច​មក​រៀប​ការ​នេះ​ប្តីរបស់​​នាង​បាន​បញ្ចុះ​បញ្ចូល​នាង​ឱ្យ​​ដើរចង​ការ​លុយ​គេ​យក​ទៅ​សូក​គេ​ធ្វើការ។ ​ដោយ​មិន​ដឹង​ល្បិចប្តី​នោះ​​នាង​ព្យាយាម​ចង​ការ​គេបាន​ចំនួន​៦០០​ដុល្លារ​ឱ្យ​​ប្តី​ ហើយ​គេបែរ​ជា​យក​មក​ជូន​ខាង​ស្រីជា​ជំនូន​​រៀប​ការ​ទៅ​វិញ ។ ស្ត្រី​​ជាប្រពន្ធ​បន្ត​ថា ទោះ​បី​ជាគេ​ប្រាប់​ថា ប្តី​នាង​លួច​ការ​ស្រីថ្មី​ក៏​​ដោយ​ ក៏នាងមិនជឿដែរ លុះ​ដឹង​ថា គេ​ពិត​​ជា​លួច​រៀបការ​មែននោះ ទើប​នាង​សុំឱ្យ​លោក​មេ​ឃុំ​ផ្សារ​ដែក​ទូរ​ស័ព្ទ​ទៅ​ស្មៀន ឃុំ​ស្តេច​គង់ ​សុំ​ឱ្យ​បញ្ចប់​ពិធី​មង្គល​ការនេះ​ជា​បន្ទាន់ ។ លោកអេង អ៊ីវ​ មេ​ឃុំ​ស្តេច​គង់​រួម​ទាំង​​​ស្មៀន​​ឃុំ​បានបន្ទោស​ទៅ​លើ​លោកចៅ​សង្កាត់ ភ្នំពេញ​​ថ្មី​ថា ហេតុ​អ្វី​ក៏ហ៊ាន​បញ្ជាក់​ពីភាព​នៅ​លីវ របស់​បុរស​ឈ្មោះ​បាន​ នីម ។ ​​តាមពិត​គេ​គ្រាន់​តែ​​មក​ស្នាក់នៅ​​​ធ្វើ​ការ​​ប៉ុណ្ណោះ គួរ​តែ​ពិនិត្យ​​ឱ្យ​ច្បាស់ ។

មង្គល​ការ​មួយទៀត​ដែល​បានប្រារព្ធ​ឡើង​នៅ​ថ្ងៃទី៦ មីនា នៅភូមិ​អង្គសុរភី ​ឃុំ​អង្គ​សុរភី ស្រុក​កំពង់​ត្រាច មានមនុស្ស​ម្នា​ចូល​រួម​យ៉ាង​​ច្រើន​កុះករ​ ។ អ្វី​ដែល​ជា​ការ​​កត់​សម្គាល់​នោះ គឺ​​ជាមង្គល​រវាង​កម្លោះ​សង្ហា និងនាង​ក្រមុំ​ខ្វិន ។ កូន​កម្លោះ​ឈ្មោះ​ញឹម ហំ មាន​រូបរាង​ស្អាត​បាត​ដូច​គេ​ឯង​ដែរ បានស្ម័គ្រ​ចិត្ត​​រៀប​ការ​ជា​មួយ​​នាង​ជាកូនក្រមុំ​ឈ្មោះ​ស៊ីវ ម៉ីម៉ី ​ពិការដៃ​ជើង​តាំង​ពី​នៅតូច ។ ​បច្ចុប្បន្ន​​នាង​ដើរ​មិនរួច​ទេ ។

​តាម​​សំដី ក្រុម​សាច់​ញាតិ​ខាង​​កូន​ក្រមុំ​ថា ​កូន​កម្លោះ​​ញឹម ហំ បានមកស៊ីឈ្នួល​ធ្វើ​ចំការ​ឱ្យ​លោក​ស៊ីវ សាវុធ ​ឪពុក​​កូន​​ក្រមុំនៅភ្នំ​កូនសត្វ​ ឃុំ​កូនសត្វ​​ស្រុកទឹកឈូ ។ ​​ដោយ​សារឪពុក​ម្តាយ​​​ខាងស្រី​មើល​ឃើញ​ថា ញឹម ហំ អាច​​​ផ្តល់ទំនុក​ចិត្ត​​ និង​សង្ឃឹម​ទៅ​ថ្ងៃ​អនា​គត ក្នុងការ​ថែទាំ​កូន ស្រីពិការរបស់​ខ្លួន​បាន​​ក៏លើក​នាង​ឱ្យគេ ។ អ្នក​ភូមិ​​​ចាត់​ទុក​ថា ​កូន​កម្លោះ​​​មាន​សំណាង​​​ ទោះ​បី​យកប្រពន្ធ​​ពិការ​​ក្តី ព្រោះ​នាង​មានពូជ​ពង្ស​ជា​អ្នក​មានគួរសម​នៅ​ភ្នំពេញ ​។
ក្រុម​សាច់​​សាលោ​ហិត​​ខាងស្រី​​និយាយ​ថា ​កុំ​អី​រៀប​ការ​នៅ​ភ្នំពេញ ​ហើយ ​តែ​ខ្លាច​អ្នកកាសែត​ចុះ​ផ្សាយ​​នាំ​ឱ្យ​មិន​សប្បាយ​​​ចិត្ត ទើប​​នាំគ្នា​មក​ការ​នៅឯ​ស្រុក​ស្រែ ហើយ​ភ្ញៀវ​សុទ្ធ​តែ​មកពី​ភ្នំពេញទាំងអស់ ។

​ពេល​ហែ​ជំនូន​កូនកម្លោះ​មក​ដល់​ផ្ទះ​កូនក្រមុំ​នាង​ត្រូវ​ឪពុក​ត្រកង​បីឱ្យ​កូនកម្លោះ​បំពាក់​កម្រងផ្កា​ ។ បន្ទាប់ពី​បំពាក់​ហើយ​កូន​កម្លោះ​បានបីកូន​ក្រមុំ​ទៅក្នុងបន្ទប់​វិញ​ ។ ​ពេល​កាត់សក់​​យក​​សិរី​​​ឪពុក​បាន​បីនាង​កូន​ក្រមុំ​ចេញ​មក​ ហើយពេល​​​រួច​រាល់​ហើយ​កូន​កម្លោះ​​បី​នាងចូលបន្ទប់​វិញ​ ។ ​ក្នុង​ពិធីកាត់​ផ្លែ​ឈើ​​ ​កូនប្រុស​បានបីត្រកង​នាង​ម៉ីម៉ី៣ជុំ ស្រប​ពេលក្រុម​ភ្ញៀវ​បញ្ចេញ​​សំលេង​ហ៊ោ​រំពង​​រោងការ ។ តាមការ​កត់​សំគាល់​មើល​​កាយ​វិការ​គឺឪពុក​កូន​ក្រមុំ​បីកូន​​​សម​ជាង​កូន​ប្រសា​​ ព្រោះគាត់​ថ្នឹក​​បី​កូន​​ស្រីពិការ​នេះ​២០​ឆ្នាំ​មក​ហើយ ។ មង្គល​ការ​ដ៏កម្រ​មួយនេះ​​​ គ្មាន​អ្នក​ណា​សើច​​ចំអក​អ្វីទេ គឺ​​គ្រប់​គ្នា​អាណិត​​កូនក្រមុំ ដែលមាន​រូបរាង​​ស្អាត​បាត​​ បែរ​ជា​ខ្វិន​ទៅ​ណា​មក​ណា​មិនរួច ហើយ​បួង​សួង​ឱ្យ​នាង​ទទួល​បា​ន​​​ការ​​ថ្នាក់ថ្នម​​ពីចៅ​មាណព​ចាំ​ចំការ​នេះរៀង​រហូតទៅ​ចុះ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!