Koh Santipheap Daily

Koh Santipheap Daily


ស្ត្រី​៨​រូប​ចូល​រួម​បង្ហាញ​​វប្ប​ធម៌​​ប្រពៃណី​ខ្មែរ​ថ្ងៃទី៨មីនា

Posted: 08 Mar 2011 11:35 PM PST

ស្ត្រី​៨​រូប​ចូល​រួម​បង្ហាញ​​វប្ប​ធម៌​​ប្រពៃណី​ខ្មែរ​ថ្ងៃទី៨មីនា

រាជធានីភ្នំពេញ ៖ ​អា​ចថា ​ជា​​លើក​ទី១​​ដែល​​មជ្ឈ​មណ្ឌល​វប្ប​ធម៌​បារាំង​ បាន​​រៀបចំ​ពិព័រណ៍​ផ្ទាំង​គំនូរ​ស្នា​ដៃ​ស្ត្រី​ចំនួន៨​រូប​ដែល​បង្ហាញ​​អំពីលក្ខណៈ​នៃ​វប្ប​ធម៌​ប្រពៃណី​ខ្មែរ និង​អប​អរ​សាទរ​ចំពោះ​ខួប​លើកទី១០០​ទិវា​​អន្តរ​ជាតិនារី​៨ មីនា ។ ​លោក​អូលីវីយេ ប្លង់​សុង (Olivier Plan chon) នាយក​មជ្ឈ​មណ្ឌល​វប្ប​ធម៌​បារាំង​​បាន​ថ្លែង​ថា ការរៀបចំ​ពិព័រណ៍​​នា​ពេលនេះ គឺដើម្បី​​ឱ្យ​ទស្ស​និកជន​បានឃើញ​នូវ​សមត្ថភាព​របស់ស្ត្រី​ខ្មែរ​ក្នុងការ​បង្កើត​ស្នា​ដៃ​ថ្មីៗ ​សំខាន់​​​ការ​បង្ហាញ​នូវ​ខ្លឹម​សារ​នៃ​វប្ប​ធម៌​ប្រពៃ​ណី​​ខ្មែរ ។ តាម​ពិត ទៅ ការ​ងារ​ខ្លះ​របស់ស្ត្រី​ខ្មែរ​យើង​​គឺ​ល្អ​ជាង​​មនុស្ស​ប្រុស​ទៅ​ទៀត ​ដែលគួរ​ឱ្យ​កោតសរ​សើរ​​ផង​ដែរ ។ ការ​រៀបចំ​ពិព័រណ៍​​បែប​នេះ គឺ​សំដៅ​ចូលរួម​អប​អរ​ខួប​លើក​ទី១០០ នៃ​ទិវា​អន្តរ​ជាតិ​នារី​ ៨ មីនា  ។

​លោក​អូលីវីយេ​ ប្លង់​សុង បានបញ្ជាក់​ថា ​​ស្ត្រីខ្មែរចំនួន​៨រូប​ដែល​ចូល​រួមក្នុងពិព័រណ៍​​​នេះ​គឺ​​ម្នាក់ៗ​មាន​រូបភាព​​ច្នៃ​ប្រឌិត​​ពី​៤ ទៅ៥​​ផ្ទាំង ហើយ​សុទ្ធសឹង​តែ​មានអត្ថន័យ​បែបវប្បធម៌​ និងប្រពៃណី ។ ស្ត្រី​ទាំង៨​​រូបនេះ​រួមមាន​ឈ្មោះ​​ប៊ុត​ ច័ន្ទ​អនោជា, ខ្ចៅ​ ទូច, ចាន់ ពិសី, ភិន សោ​ភ័ណ, នួន បូរីណា, ងួន​ សាកល, ទេស​ វណ្ណា និងយ៉ឹម ម៉ាលីន ។ ផ្ទាំង​គំនូរ​​ទាំង​អស់​សុទ្ធ​សឹង​​​បង្ហាញ​នូវ​វប្បធម៌​ និងប្រពៃណីប្លែកៗ​ពីគ្នា​ដូច​ជា​​ប្រពៃណី​នៃការ​រៀបអាពាហ៍ពិពាហ៍​, ពិធី​ចូល​ម្លប់​​ដែល​​ប្តូរ​ពី​ជីវិត​កុមារី​ទៅ​ជា​មនុស្ស​ពេញ​វ័យ វប្ប​ធម៌​​គោរពព្រះ​ពុទ្ធ​​សាសនា គោរព​គ្រួសារ​​របស់​ស្ត្រី, ​ជីវិត​ស្ត្រី​ដែលរស់នៅ​ក្នុងភាពឯករាជ្យ និងសេរីភាពប្រកបដោយ​​សុភមង្គល​ រួម​ទាំង​រូប​ភាព​ដែលបង្ហាញ​ពីតួនាទី​ស្ត្រី​ក្នុង​សង្គម​ និង​ត្រូវ​គោរព​បំផុត ។

​ពិព័រណ៍​ខាងលើនេះ ​ចាប់បើកពីថ្ងៃទី៧ មីនា ឆ្នាំ​២០១១ ​ដែលមាន​រយៈ​ពេល​ជាងមួយខែ​​ និង​បើក​ឱ្យ​​ទស្ស​និក​ជន​ចូល​​ទស្ស​នា​ដោយ​មិន​គិត​ថ្លៃ ។ កញ្ញា​ចាន់ ពិសី ​អតីត​​សិស្ស​អង្គ​ការ​ហ្វា​ពន្លឺ​សិល្បៈ ដែល​មាន​ផ្ទាំង​គំនូរ​​ចូល​រួម​ក្នុងពិព័រណ៍​​​បាន​និយាយ​ថា នេះ​ជាលើកទី១​​របស់នាងក្នុង​ការ​​បង្ហាញ​​ស្នា​ដៃ​គំនូរ​បែប​វប្បធម៌ និងប្រពៃ​ណី ។ ប្រធាន​បទ ដែល​នាងចូល​រួម​នាពេលនេះ​គឺ​ «ស្ត្រីចូលម្លប់» ​ដែលចង់បង្ហាញ​អំពីទំនៀម​ទម្លាប់​​នៃ​ការ​ចូល​ម្លប់​របស់ស្ត្រី​ខ្មែរ​នា​សម័យ​ដើម ។ ​នាង​​យក​ផ្ទាំង​គំនូរ​នោះ​ដើម្បី​ពន្យល់​ឱ្យ​ស្ត្រីខ្មែរ​​បាន​ដឹង​ពីពិធី​ចូលម្លប់ ​ដែលប្តូរ​ពីជីវិត​​កុមារី​​ទៅ​ជា​​មនុស្សពេញ​វ័យ​ក្រមុំ​​ ដែលបច្ចុប្បន្ន​​មិន​សូវ​មានការ​​ប្រារព្ធ​ធ្វើ​ទៀត​ទេ ។  នាង​បញ្ជាក់​ថា ​​រយៈ​ពេល​នៃ​ការ​ចូល​ម្លប់​អាច​មាន​ច្រើនសបា្តហ៍ និងមាន​គោលបំណង​បង្ហាត់​បង្រៀន​ស្រី​ពេញ​​ក្រមុំឱ្យ​ត្រៀមខ្លួន​ដើរតួនាទី​ជាម្តាយ​​ និងទទួល​ខុសត្រូវ​​​ទុក​ដាក់​ផ្ទះសម្បែង ។  អ្វីជា​សំខាន់នោះ ​គឺនាង​ចង់ឱ្យ​យុវវ័យខ្មែរ​នា​ជំនាន់​នេះ​បាន​ស្វែង​យល់ និង​ស្គាល់​អំពីវប្បធម៌​​ប្រពៃណី​ខ្មែរ​នា​សម័យ​មុន ៕

ពិស​ពីង​ពាង​មួយ​ប្រភេទ​​ព្យា​បាល​អាការ​អសមត្ថ​ភាព​ផ្លូវភេទ​បុរស

Posted: 08 Mar 2011 11:22 PM PST

ពិស​ពីង​ពាង​មួយ​ប្រភេទ​​ព្យា​បាល​អាការ​អសមត្ថ​ភាព​ផ្លូវភេទ​បុរស

យល់ដឹង​ ៖​ អ្នក​វិទ្យា​សាស្ត្រ​នៃ​មហា​វិទ្យា​ល័យ​វេជ្ជ​​សាស្រ្ត​​​រដ្ឋ​ហ្សក​ហ្ស៊ី សហ​រដ្ឋ​​អាមេ​រិក ប្រទះ​ឃើញ​​ពីង​ពាង​ពូជ​ចេក ដែល​មាន​ឈ្មោះ​ថា Phoneutria Nigriventer ជា​ប្រភេទ​ពីង​ពាង​​រស់​នៅ​​តំបន់​អាមេ​រិក​កណ្តាល និង​អាមេ​រិក​ខាង​ត្បូង​ដោយ​ពិស​របស់​វា​មាន​ឥទ្ធិ​​ពល​ធ្វើ​ឱ្យ​អវ​យវៈ​​ភេទ​ឡើង​រឹង​រយៈ​ពេល​៤​ម៉ោង​ និង​អាច​ប្រើ​ប្រាស់​សម្រាប់​ព្យា​បាល​​អវ​យវៈ​ភេទ​មិន​ដំណើរ​ការ​បាន តាម​រយៈ​​ការ​ពិសោធន៍​​នា​ពេល​កន្លង​មក ដោយ​ប្រើ​​ម៉ូ​លេ​គុល​មួយ​ចំនួន​របស់​ពិស​ពីង​ពាង​ប្រភេទ​​នេះ ។

​លោក​សាស្ត្រា​ចារ្យ​កេន​នី នូ​នេស ជា​មនុស្ស​ម្នាក់​ក្នុង​​ចំណោម​​​អ្នក​ស្រាវ​ជ្រាវ ​បង្ហើប​ឱ្យ​ដឹង​ថា ពិស​​របស់​ពីង​ពាង​ពូជ​នេះ អាច​បង្ក​ឱ្យ​កើត​អាការ​រោគ​ជា​ច្រើន​ប្រភេទ​​​រួម​ទាំង​បាត់​​បង់​លក្ខណៈ​ធ្វើ​ការ​របស់​សាច់​ដុំ​អាការ​​ឈឺ​ចាប់​ធ្ងន់ៗ​ ពិបាក​ដក​ដង្ហើម​ និង​ប្រសិន​បើ​​មិន​បាន​ទទួល​ថ្នាំ​​បំបាត់​ពិស អាច​ឈាន​ឆ្ពោះ​ទៅ​រក​​ការ​ស្លាប់​​បាត់​បង់​ជីវិត​ដោយ​សារ​ខ្វះ​អុក​ស៊ីហ្សែន​បាន ។

ក្រៅ​ពី​អាការ​ជំងឺ​ទាំង​នេះ​ ពិស​របស់​វា​ថែម​ទាំង​អាច​ប្រើ​​សម្រាប់​ព្យា​បាល​អាការ​អវ​យវៈ​ភេទ​មិន​ដំណើរ​ការ​បាន​ផង​ដែរ ។ ​គួរ​បញ្ជាក់​ថា ​តាម​ការ​ពិសោធន៍​​នា​ពេល​កន្លង​មក​ ក្រុម​វេជ្ជ​បណ្ឌិត​​​បាន​ប្រើ​ម៉ូលេ​គុល​​ដែល​មាន​ឈ្មោះថា “PnTx2” របស់ពិស​​ពីង​ពាង​ខាង​លើ​ ប្រើ​ទៅ​លើ​​សត្វ​កណ្តុរ​ពិសោធន៍​​ដែ​លមាន​អវ​យវៈ​ភេទ​អត់​ដំណើរ​ការ​ បង្ហាញ​ឱ្យ​ឃើញ​ថា កណ្តុរ​ខាង​លើ​មាន​អាការ​រឹង​ផ្នែក​​ផ្លូវ​ភេទ និង​ការ​ពិសោធន៍​នេះ​ធ្វើ​ឱ្យ​មាន​ការ​រំពឹង​ទុក​ថា អាច​យក​ទៅ​ប្រើ​ផលិត​ថ្នាំ​វីយ៉ាហ្គ្រា​ថ្មី​សម្រាប់​បំបាត់​អាការ​ភេទ​ដែល​អសមត្ថ​ភាព​របស់​បុរស ។

លើស​ពី​នេះ​ទៀត ​ក្រុម​វេជ្ជ​បណ្ឌិត​​នៅ​មាន​ជំនឿ​ចិត្ត​ថា ពិស​ពីង​ពាង​ពូជ​ចេក ឬ​ពូជ “Phoneutria nigriventer” អា​ច​ព្យា​បាល​​អាការ​​ភេទ​របស់​ស្ត្រី​ដែល​ចុះ​ខ្សោយ​បាន ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​លើ​ផ្នែក​នេះ ​នៅឡើយ៕

វីរ៉ា ស៊ុម​ខ្វាមឃីត ​ធូរស្បើយ​ពីជំងឺ​វិញ​ហើយ

Posted: 08 Mar 2011 10:44 PM PST

វីរ៉ា ស៊ុម​ខ្វាមឃីត ក្នុងសំលៀក​បំពាក់​អ្នកទោស

រាជធានីភ្នំពេញ ៖ ​អគ្គនាយកនៃអគ្គ​នាយក​​ដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​​ លោក​គួយ ប៊ុនសន ​បានថ្លែង​​​​ឱ្យ​​ដឹង​ថា ទណ្ឌិត​​ជនជាតិ​​សៀម​​ឈ្មោះវីរ៉ា ស៊ុមខ្វាមឃីត ដែល​កំពុង​ជាប់​ឃុំ​​​ក្នុងពន្ធនាគារ​​ព្រៃស​នោះ បាន​ធូរស្បើយ​​ពីជំងឺ​​ផ្តា​សាយ​វិញ​ហើយ ។​
ថ្លែង​​តាមទូរស័ព្ទ​​​ប្រាប់​​កោះសន្តិភាព​​នៅ​ព្រឹក​​ថ្ងៃពុធ ទី​៩ មីនា នេះ លោក​​គួយ ប៊ុនសន ​បាន​បញ្ជាក់​​បន្ថែម​ថា លោក​វីរ៉ា​ ស៊ុម​ខ្វាមឃីត ​ពុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ​អ្វីនោះទេ ​​គឺផ្តា​សាយ​​បន្តិច​បន្តួច​​តែ​ប៉ុណ្ណោះ ​មិនដូចជា​ការ​លើកឡើង​​របស់ប្អូនប្រុស​​របស់​ទណ្ឌិត​​រូបនេះ ក៏ដូចជា​ថ្នាក់ដឹកនាំ​​មួយ​ចំនួន​នៅក្រុង​​បាងកក​នា​ពេលកន្លងមក​​នោះទេ ។ លោកអគ្គ​នាយក​ពន្ធនាគារគួយ ប៊ុនសន ​បាន​បញ្ជាក់​​​ថា នៅពេល​​នេះ ទណ្ឌិត​​វីរ៉ា ស៊ុមខ្វាម​ឃីត ​បាន​ជា​ពីជំងឺ​​​ផ្តាសាយ​ហើយ បន្ទាប់​ពី មាន​ការ​​ព្យាបាល​​ពីគ្រូពេទ្យ​​​ជំនាញ​​ប្រចាំ​ពន្ធនាគារ​​ព្រៃ​ស ​ដែលជា​ពន្ធនាគារ​​​ដ៏ធំ​ក្នុងប្រទេស​កម្ពុជា​នោះ ។ ​ទាក់ទង​ទៅនឹង​​ថា មាន​សំណើ​​​របស់ស្ថាន​ទូត​ថៃ​​ប្រចាំ​​ប្រទេស​កម្ពុជា ស្នើសុំ​​អនុញ្ញាត​​ឱ្យវេជ្ជ បណ្ឌិត​​មួយរូបទៅព្យាបាល​​លោក​វីរ៉ា ស៊ុម​​ខ្វាម​ឃីត ​​ក្នុងពន្ធនាគារ​នោះ លោក​​គួយ ប៊ុនសន បាន​បញ្ជាក់​​ឱ្យ​ដឹងបន្ថែមទៀត​ថា ​​រហូត​មក​​​ទល់នឹង​​វេលាព្រឹកថ្ងៃ​ពុធនេះ លោកមិនទាន់​​បាន​ទទួល​​សំណើនេះ​​នៅឡើយ​ទេ ។​
គួរបញ្ជាក់​​ថា កាលពីថ្ងៃ​សុក្រសប្តាហ៍​​មុន​ប្អូន​​ប្រុស​​​របស់​លោក​​វីរ៉ា ស៊ុមខ្វាមឃីត ឈ្មោះ​លោក​​ព្រី​ចារ ​បាន​និយាយ​​​ក្រោយ​ពេលដែល​​អះអាង​​ថា បាន​​មក​សួរ​សុខទុក្ខ​​បង​ប្រុសរបស់​ខ្លួន​​​នៅពន្ធនាគារ​​ព្រៃស​ក្នុង​​ប្រទេស​កម្ពុជា​នោះ​ថា ​លោក​វីរ៉ា ស៊ុមខ្វាមឃីត ​​មាន​​​ជំងឺ​ជា​ទម្ងន់​​ដោយ​​ស្នើ​​ឱ្យ​​​រាជ​រដ្ឋាភិបាលថៃ​​​ជួយអន្តរាគមន៍​​ឱ្យ​មាន​​​វេជ្ជ​បណ្ឌិត​​​ទៅព្យាបាល​​​ក្នុងពន្ធនាគារ​​​នោះ​ផង​​​។ ឆ្លើយតប​​អំពីបញ្ហា​នេះ​​​លោក​​គួយ ប៊ុន​សន ​អគ្គ​នាយក​​ពន្ធនាគារ​​ធ្លាប់​បាន​ប្រាប់​កោះ សន្តិភាព​​កាលពីថ្ងៃ​​​​ចន្ទ ​ថា មិនចាំ​បាច់​​ឱ្យមាន​វេជ្ជ បណ្ឌិត​​ពីខាង​ក្រៅមក​​​ព្យាបាល​នោះ​ទេ ពីព្រោះ​ខាង​ពន្ធនាគារ​​​ក៏​មាន​វេជ្ជបណ្ឌិត​​ដ៏​ចំណានៗ​សម្រាប់​ព្យាបាល​ផងដែរ​ ​ហើយ​​ទណ្ឌិត​​វីរ៉ា ស៊ុម​ខ្វាមឃីត ​​ពុំ​មាន​​ជំងឺ​អ្វីធ្ងន់​​ធ្ងរ​ដូច​​ការ​លើ​ក​ឡើង​​ និងចោទ​ប្រកាន់​​​នោះទេ​ ៕

តម្លៃ​ប្រេង​ចុះ​បន្តិច​វិញ​ក្រោយ​ឮ​ថា​ពួក​ OPEC ពិភាក្សា​គ្នា​ពី​ការ​បង្កើន​ផលិត​កម្ម

Posted: 08 Mar 2011 10:44 PM PST

តម្លៃ​ប្រេង​ឆៅ​បាន​ចុះ​បន្តិច​វិញ​កាល​ពី​ថ្ងៃ​ទី​៨ មីនា នៅ​ទី​ផ្សារ​​ក្រុង​ញូវ​យ៉ក ​ក្រោយ​ការ​ប្រកាស​អំពី​ការ​ពិភាក្សា​គ្នា​រវាង​បណ្តា​ប្រទេស​ជា​សមា​ជិក​នៃ​អង្គ​ការ​បណ្តា​ប្រទេសនាំ​ប្រេង​ចេញ​ហៅ​កាត់​ថា OPEC លើ​លទ្ធ​ភាព​នៃ​ការ​បង្កើន​ផលិត​កម្ម​ប្រេង​ដើម្បី​ទប់​ការ​ឡើង​ថ្លៃ​ប្រេង​ខ្ពស់​ទាក់​ទិន​ដល់​សភាព​ការណ៍​នៅ​លី​ប៊ី​។
តម្លៃ​ប្រេង​ឆៅ​នៅ​ក្រុង​ញូវ​យ៉ក​ធ្លាក់​មក​នៅ​ត្រឹម​មួយ​ធុង​​១០៣,៨១​ដុល្លារ​​ក្រោយ​ការ​ប្រកាស​ពី ការ​ពិភាក្សា​គ្នា​នេះ​ ដោយ​តម្លៃ​ប្រេង​មុន​នេះ​ឡើង​ដល់​ជាង​១០៥​ដុល្លារ​មួយ​ធុង​នៅ​ក្រុង​ញូវ​យ៉ក​។ នា​ថ្ងៃ​ទី​៧ មីនា តម្លៃ​ប្រេង​ឆៅ​មួយ​ធុង​ឡើង​ថ្លៃ​​ដល់​១០៥,​៤៤​ដុល្លារ​ ក្រោយ​ពី​ឡើង​ដល់​១០៧​ដុល្លារ​ក្នុង​មួយ​រយៈ​ពេល​។ នៅ​ទី​ក្រុង​ឡុង​តម្លៃ​ប្រេង​ឆៅ​ឡើង​ដល់​១១២,២៥​ដុល្លារ​មួយ​ធុង​។
ការ​ប្រកាស​អំពី​ការ​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ដែល​កំពុង​ធ្វើ​ក្នុង​ផ្ទៃ​របស់ OPEC ដែល​តំណាង​ឱ្យ​១​ភាគ​៣​នៃ​ផលិត​កម្ម​ប្រេង​ពិភព​លោក​ គឺ​េចញ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ប្រេង​កូវ៉ែត​។ លោក​អាម៉េដ​ អាល់​អាប់​ឌុល​ឡាហ៍ អាល់​សាបាហ៍ ថ្លែង​ទៅ​កាន់​សារ​ព័ត៌​មាន​នៅមុខ​សភា​កូ​​វ៉ែត​​ថា យើង​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​ ក៏ប៉ុន្តែ​យើង​នៅ​ពុំ​ទាន់​បាន​​សំរេច​​នូវ​​ទិស​ដៅ​ណា​មួយ​ដែល​ត្រូវ​ប្រកាន់​យក​នៅ​ឡើយ​។
កិច្ច​ប្រជុំ​ផ្លូវ​ការ​នា​ពេល​ខាង​មុខ​របស់​ OPEC គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៨ មិថុនា នៅ​ទី​ក្រុង​វី​យ៉ែន ។ OPEC ផលិត​ប្រេង​ជិត​៣០​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​បាន​ថ្លែង​ជាច្រើន​លើក​ច្រើន​សា​ថា​ ការ​ឡើង​ថ្លៃ​ប្រេង​មក​ពី​ពាក្យ​ចចាម​​អារ៉ាម​ពុំ​មែន​​មក​ពី​ខ្វះ​ការ​ផ្គត់​ផ្គង់​នោះ​ឡើយ​ទើប​ខ្លួន​មិន​បង្កើន​ផលិត​កម្ម​ទៀត​ ៕

រញ្ជួយដីកម្រិត​៧,២រីស្ទ័រ​កើត​ឡើង​នៅ​ភាគ​ខាង​ជើង​ជប៉ុន​ញ័រ​រង្គើដល់​ក្រុង​តូក្យូ​ និង​ព្រមាន​ពី​រលក​ស៊ូ​ណាមី

Posted: 08 Mar 2011 10:40 PM PST

យោងតាមទីភ្នាក់ងារ​​ព័ត៌​មាន​​ AP នៅថ្ងៃទី​​៩ មីនា ២០១១ នេះ​ឱ្យ​​ដឹង​ថា ​ការរញ្ជួយដី​​ដ៏មាន​ឥទ្ធិពល​​​មួយ​កម្រិត​​៧,២រីស្ទ័រ ​បាន​​កើត​ឡើង​​​នៅ​តំបន់​​ឆ្នេរ​សមុទ្រ ​ភាគខា​ងជើង​ប្រទេស​ជប៉ុន ​ធ្វើ​ឱ្យ​​អគារទាំង​ឡាយ​​ក្នុងទីក្រុង​តូក្យូ​​​ញ័រ​រង្គើ ​ហើយទីភ្នាក់​ងារ​​​ឧតុនិយម​របស់​​ប្រទេស​ជប៉ុន​​បាន​​​ចេញ​ការព្រមានផងដែរថា ការរញ្ជួយ​ដី​ដ៏ខ្លាំង​ក្លានេះ​​​នឹង​កើត​មាន​រលក​ស៊ូណាមី ​សម្រាប់​ភាគឦ​សាន​​​ប្រទេស​ ។ ​ទោះបី​ជា​​​​បែប​ណា ពុំទាន់​​មានរបាយការណ៍​​ស្តីអំពី​អ្នក​ស្លាប់​​ ឬរបួស​​ និងការ​ខូចខាត​​នៅ​​ឡើយទេ ​ចំណែក​​មន្ត្រី​នានា​​ក៏​កំពុង​វាយ​​តម្លៃ​​​​ពី​ស្ថាន​​​ការណ៍​​នៃបាតុ​ភូត​រញ្ជួយដី​​នេះ​នៅឡើយ​ដែរ​ ។​
តាមប្រភពព័ត៌​មាន​​​ថា បាតុភូត​រញ្ជួយដី​​នេះ កើតឡើង​​​កាលពី​វេលាម៉ោង​​​១១​និង​​​៤៥​នាទី ​​ព្រឹក​​ម៉ោង​ក្នុង​ប្រទេសជប៉ុន​ ថ្ងៃទី​​៩ មីនា ២០១១ ដែលចំណុច​​កណ្តាល​នៃ​រញ្ជួយ​ដី​​នេះ​មាន​​ចម្ងាយ​​​ប្រហែល​​​២០០ម៉ាយ​​ភាគ​ខាងជើង​​ទីក្រុង​តូក្យូ ដោយ​កើត​​​ឡើង​​​ជម្រៅ​​ប្រហែល​​៦,២​ម៉ាយ ។​ ទីភ្នាក់ងារ​​ឧតុ​និយម​​ជប៉ុន​ព្រមាន​ថា ​​រលក​ស៊ូណាមី កម្ពស់​​​២០​អុីញ​នឹង​វាយ​ប្រហារ​​​តំបន់ឆ្នេរ​សមុទ្រ​​នៅ​វេលា​​រសៀលនេះ​ ៕

ជប៉ុន​អនុម័ត​ទណ្ឌ​កម្មប្រឆាំង​លីប៊ី

Posted: 08 Mar 2011 10:40 PM PST

ប្រទេស​ជប៉ុន​​កាលពីថ្ងៃទី​​៨ មីនា ​បាន​សម្រេច​​អនុម័ត​​លើ​ទណ្ឌ​កម្ម​​ប្រឆាំង​​ប្រទេស​លីប៊ី ក្នុង​នោះ​មាន​ដូចជា​​កា​រផ្អិប​ទ្រព្យ​សម្បត្តិ​​​ និង​ការ​ហាមប្រាម​​លើ​ការ​ធ្វើដំណើរ​​ប្រឆាំង​​អតីត​​មេ​ដឹក​នាំ​ប្រទេស​​នេះ ជាពិសេស​​លោក​មូ​អាម៉ា កា​ដា​ហ្វី ដើម្បី​ឱ្យស្រប​ទៅ​តាម​​ដំណោះស្រាយ​​មួយរបស់​អង្គការ​​សហប្រជាជាតិ​ ដែល​សម្រេច​បាន​​កាល​ពីខែមុន ។​
គណៈ​រដ្ឋ​មន្ត្រី​​របស់នាយករដ្ឋ​មន្ត្រី​​​ជប៉ុន លោកណាអូតូ កាន បាន​សម្រេច​​​ភ្លាមៗ​ចំពោះ​​​ការ​ផ្អិប​​​ទ្រព្យស​ម្បត្តិ​​​ដែលមាន​នៅ​​ក្នុងប្រទេស​​ជប៉ុនរបស់​លោក​កាដាហ្វី ​រួមទាំង​​អតីត​មេ​ដឹក​នាំ​​លីប៊ី​​៥​​រូបទៀត ​ហើយ​ហាមមិន​​ឱ្យធ្វើ​​ដំណើរ​​ចេញ​​និង​ចូល​ប្រទេស​​ជប៉ុន ។​
ក្រុម​​ប្រឹក្សា​​សន្តិសុខ​​អង្គការ​​សហប្រជាជាតិ ដោយមានការ​​គាំទ្រពី​​ប្រទេស​អារ៉ាប់​ និង​ប្រទេស​​​​អាហ្វ្រិក កាលពីថ្ងៃទី​​​២៦ កុម្ភៈ កន្លង​មក ​​បានសម្រេច​​​អនុម័ត​​ជា​ឯកច្ឆន្ទ​​លើ​ទណ្ឌ​កម្ម​ប្រឆាំង​​របប​របស់​លោក​​កាដាហ្វី ​ដែលប្រើ​​កម្លាំង​​បង្ក្រាប​​បាតុករ ។​
មន្ត្រី​​ក្រសួង​ការបរទេស​ជប៉ុន​មួួយរូប​និយាយ​ថា ​ស្ថិតក្រោម​​​ទណ្ឌ​កម្ម​នេះ​ជប៉ុន​​នឹង​ផ្អិបទ្រព្យ​​សម្បត្តិរបស់​​​លោកកាដាហ្វី និង​សមា​
ជិ​ក​គ្រួសារ​​របស់លោក ។ ​មន្ត្រីដដែល​​បានប្រាប់​​ទីភ្នាក់ងារ​​​សារព័ត៌​មាន​​​បារាំង​ AFP ថា វិធាន​ការ​​នានា​​ដែលអនុម័ត​​ដោយប្រទេស​​ជប៉ុន​​ក៏​មាន​ការ​ហាមប្រាម​លើការ​​នាំចូល​អាវុធនៅ​ប្រទេស​​លីប៊ីដែរ ៕

សាលា​ឧទ្ធរណ៍​បដិសេធ​​ការ​សុំនៅ​ក្រៅ​ឃុំ​​របស់អតីត​ព្រះរាជអាជ្ញា​​តុប​​ ច័ន្ទ​សិរីវុធ

Posted: 08 Mar 2011 10:39 PM PST

រាជធានីភ្នំពេញ ៖ ​កាលពី​ព្រឹក​ថ្ងៃទី​​​៩ ​មីនា ​​២០១១ ​សាលា​ឧទ្ធរណ៍​​បានប្រកាស​​បដិសេធ​​​ការ​សុំនៅ​ក្រៅឃុំ​​របស់អតីត​ព្រះរាជ​អាជ្ញា​អម​​សាលា​ដំបូង​​ខេត្តពោធិ៍សាត់ ​​​លោក​តុប ច័ន្ទ​សិរីវុធ​ ដោយ​សារ​តែ​​​សាលា​ឧទ្ធរណ៍​​​មិន​បាន​​​ឃើញ​ឯកសារ​​​ស្នើ​ការពារ​​របស់មេធាវី​​​ជន​​​ជាប់​ចោទ​​ដាក់​មក​​សាលា​​​ឧទ្ធរណ៍​ ហើយ​បាន​​តម្កល់​​​សាល​ក្រម​​​សាលា​ដំបូង​​ខេត្តពោធិ៍​សាត់ ​​ចាត់ទុក​​ជា​​បាន​ការ​​ដដែល ។ ការបើកសវនាការ​នេះ​បានធ្វើ​​​ឡើង​ដោយ​​លោកចៅ​ក្រមជួន ស៊ុន​ឡេង ​​អនុប្រធាន​​​សាលា​​ឧទ្ធរណ៍​​ ព្រះ​​រាជ​អាជ្ញា​​លោក​ប៉ាន់ គឹម​លាង ​និង​មាន​​វត្តមាន​​មេធាវី​​ការពារ​ជន​ជាប់​ចោទ​​ផងដែរ ។​
គួររំលឹកថា កាល​ពី​ពេលថ្មីៗនេះសាលាដំបូង​ខេត្តពោធិសាត់បានធ្វើការបដិសេធចំពោះពាក្យ សុំនៅក្រៅឃុំរបស់មេធាវីជនជាប់ចោទ​តុប ច័ន្ទ សិរីវុធ ដែល​បាន​ដាក់​​ទៅកាន់​សាលាដំបូង ខេត្ត​ពោធិ៍សាត់ ដើម្បី​​សុំ​ឱ្យ​​ស្ថិត​នៅ​​ក្រៅ​ឃុំ​​ជា​បណ្តោះអាសន្ន​។ សាលាដំបូង​ខេត្តពោធិ៍សាត់​បាន​ប្រកាស​បដិសេធការស្នើ​សុំនេះ តែ​ក្រោយ​មកមេធាវី​ជន​ជាប់ចោទក៏​បាន​ប្តឹងឧទ្ធរណ៍​ចំពោះ​ការសំរេចរ​បស់សាលា​ដំបូង​ខេត្តពោធិ៍សាត់​នេះ​ជា​បន្តទៀត ដើម្បី​​ឱ្យខ្លួន​​អាច​ស្ថិត​​នៅ​​ក្រៅឃុំ​។
គេនៅចាំបានថា ជនជាប់ចោទ​​តុប ច័ន្ទ​សិរី​វុធ​ ត្រូវបានអង្គភាពប្រឆាំងអំពើពុកលួយ ​​ដឹក​នាំដោយលោក​ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ សហការជាមួយអាជ្ញា​ធរ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួនក្រោមបទចោទ
ប្រកាន់​ថា បានប្រព្រឹត្តអំពើពុករលួយ​បង្ខាំង​មនុស្ស​ខុសច្បាប់ និងជំរិតទារប្រាក់ពីជនរង គ្រោះ​ជា​ច្រើននាក់​ច្រើនករណី​​​៕

ពិស​ពីង​ពាង​មួយ​ប្រភេទ​​ព្យា​បាល​អាការ​អសមត្ថ​ភាព​ផ្លូវភេទ​បុរស

Posted: 08 Mar 2011 10:22 PM PST

អ្នក​វិទ្យា​សាស្ត្រ​នៃ​មហា​វិទ្យា​ល័យ​វេជ្ជ​​សាស្រ្ត​​​រដ្ឋ​ហ្សក​ហ្ស៊ី សហ​រដ្ឋ​​អាមេ​រិក ប្រទះ​ឃើញ​​ពីង​ពាង​ពូជ​ចេក ដែល​មាន​ឈ្មោះ​ថា Phoneutria Nigriventer ជា​ប្រភេទ​ពីង​ពាង​​រស់​នៅ​​តំបន់​អាមេ​រិក​កណ្តាល និង​អាមេ​រិក​ខាង​ត្បូង​ដោយ​ពិស​របស់​វា​មាន​ឥទ្ធិ​​ពល​ធ្វើ​ឱ្យ​អវ​យវៈ​​ភេទ​ឡើង​រឹង​រយៈ​ពេល​៤​ម៉ោង​ និង​អាច​ប្រើ​ប្រាស់​សម្រាប់​ព្យា​បាល​​អវ​យវៈ​ភេទ​មិន​ដំណើរ​ការ​បាន តាម​រយៈ​​ការ​ពិសោធន៍​​នា​ពេល​កន្លង​មក ដោយ​ប្រើ​​ម៉ូ​លេ​គុល​មួយ​ចំនួន​របស់​ពិស​ពីង​ពាង​ប្រភេទ​​នេះ ។

លោក​សាស្ត្រា​ចារ្យ​កេន​នី នូ​នេស ជា​មនុស្ស​ម្នាក់​ក្នុង​​ចំណោម​​​អ្នក​ស្រាវ​ជ្រាវ ​បង្ហើប​ឱ្យ​ដឹង​ថា ពិស​​របស់​ពីង​ពាង​ពូជ​នេះ អាច​បង្ក​ឱ្យ​កើត​អាការ​រោគ​ជា​ច្រើន​ប្រភេទ​​​រួម​ទាំង​បាត់​​បង់​លក្ខណៈ​ធ្វើ​ការ​របស់​សាច់​ដុំ​អាការ​​ឈឺ​ចាប់​ធ្ងន់ៗ​ ពិបាក​ដក​ដង្ហើម​ និង​ប្រសិន​បើ​​មិន​បាន​ទទួល​ថ្នាំ​​បំបាត់​ពិស អាច​ឈាន​ឆ្ពោះ​ទៅ​រក​​ការ​ស្លាប់​​បាត់​បង់​ជីវិត​ដោយ​សារ​ខ្វះ​អុក​ស៊ី​ហ្សែន​បាន ។
ក្រៅ​ពី​អាការ​ជំងឺ​ទាំង​នេះ​ ពិស​របស់​វា​ថែម​ទាំង​អាច​ប្រើ​​សម្រាប់​ព្យា​បាល​អាការ​អវ​យវៈ​ភេទ​មិន​ដំណើរ​ការ​បាន​ផង​ដែរ ។ ​គួរ​បញ្ជាក់​ថា ​តាម​ការ​ពិសោធន៍​​នា​ពេល​កន្លង​មក​ ក្រុម​វេជ្ជ​បណ្ឌិត​​​បាន​ប្រើ​ម៉ូលេ​គុល​​ដែល​មាន​ឈ្មោះថា “PnTx2” របស់ពិស​​ពីង​ពាង​ខាង​លើ​ ប្រើ​ទៅ​លើ​​សត្វ​កណ្តុរ​ពិសោធន៍​​ដែ​លមាន​អវ​យវៈ​ភេទ​អត់​ដំណើរ​ការ​ បង្ហាញ​ឱ្យ​ឃើញ​ថា កណ្តុរ​ខាង​លើ​មាន​អាការ​រឹង​ផ្នែក​​ផ្លូវ​ភេទ និង​ការ​ពិសោធន៍​នេះ​ធ្វើ​ឱ្យ​មាន​ការ​រំពឹង​ទុក​ថា អាច​យក​ទៅ​ប្រើ​ផលិត​ថ្នាំ​វីយ៉ា​ហ្គ្រា​ថ្មី​សម្រាប់​បំបាត់​អាការ​ភេទ​ដែល​អសមត្ថ​ភាព​របស់​បុរស ។

លើស​ពី​នេះ​ទៀត ​ក្រុម​វេជ្ជ​បណ្ឌិត​​នៅ​មាន​ជំនឿ​ចិត្ត​ថា ពិស​ពីង​ពាង​ពូជ​ចេក ឬ​ពូជ “Phoneutria nigriventer” អា​ច​ព្យា​បាល​​អាការ​​ភេទ​របស់​ស្ត្រី​ដែល​ចុះ​ខ្សោយ​បាន ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​លើ​ផ្នែក​នេះ ​នៅឡើយ៕

កម្ពុជា​ត្រៀម​​​រួច​រាល់សម្រាប់​​កិច្ចប្រជុំ​​គណៈ​កម្មាធិការ​​​ព្រំដែន​​នៅ​ឥណ្ឌូនេស៊ី​​...​ភាគីថៃ​មិន​ទាន់​ឆ្លើយ​តប

Posted: 08 Mar 2011 07:39 PM PST

រាជធានីភ្នំពេញ ៖ ​ទីភ្នាក់ងា​​​រ​ព័ត៌មាន​ផ្លូវ​​ការ​​​ចិនស៊ីនហួ ថ្ងៃទី​​៨ មីនា ២០១១ ​​​ម្សិលមិញ​​ បានដក​ស្រង់​សម្តី​លោក​​កុយ គួង ​អ្នកនាំពាក្យ​​ក្រសួង​​ការ​បរទេស និង​សហប្រតិបត្តិការ​​អន្តរ​ជាតិ​​​នៃព្រះ​រាជាណាចក្រកម្ពុជា ​​ថ្លែង​​​​​ថា ប្រទេស​ឥណ្ឌូណេស៊ីដែល​​ជា​ប្រធានអាស៊ាន​​​ផ្លាស់​ប្តូរ​​​វេន​​​បានស្នើ​​ឱ្យ​មានកិច្ចប្រជុំ​​​រដ្ឋ​មន្ត្រី​​​ការពារ​ប្រទេស​កម្ពុជា​-ថៃ ​និង​កិច្ចប្រជុំ​​គណៈ​កម្មាធិការ​​​ព្រំដែន​​ពី​​ថ្ងៃទី​​​២៤ ដល់ថ្ងៃទី​​​២៥ មីនា ខាង​មុខ​នេះ ​នៅក្នុង​ទីក្រុង​​​បូហ្គ័រ ​ប្រទេស​ឥណ្ឌូណេ​ស៊ី ​។ លោកកុយ គួង ​ថ្លែង​​ឱ្យ​​​ដឹង​ទៀត​ថា ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​​ឥណ្ឌូណេ​ស៊ី​​​លោក​ម៉ាធី ​ណា​តា ​ឡេ​ហ្គា​វ៉ា ​កាលពី​ថ្ងៃ​ទី​​៧ មីនា កន្លងមក ​​បាន​ផ្ញើ​លិខិត​​​មួ​យ​ច្បាប់​​មក​​កម្ពុជា​​ស្នើរៀបចំ​​កិច្ចប្រជុំគណៈ​កម្មាធិ​ការ​ព្រំដែន​​​ទូទៅ (GBC) និង​កិច្ចប្រជុំ​​គណៈ​កម្មា​ធិការ​​ព្រំដែន​​​​ចម្រុះ (JBC) ទទួលបន្ទុក​​កំណត់​ព្រំ​ដែន​​គោក​​រវាង​​ប្រទេស​កម្ពុជា ​និង​​ប្រទេសថៃ ​នៅ​ក្នុងទីក្រុង​បូហ្គ័រ ។​

ទីភ្នាក់ងារ​​ព័ត៌​មាន​​​​ស៊ីនហួ ​បានដកស្រង់​​សម្តី​លោកកុយ គួង ​ថ្លែង​ទៀត​​ថា កាលពីព្រឹក​​​ថ្ងៃ​​​ទី​៨ មីនា ២០១១ ​ម្សិលមិញ​នេះ ​​លោក​ឧប​នាយក​​​រដ្ឋ​មន្ត្រី​​ហោ ណាំហុង ​រដ្ឋ​មន្ត្រី​​​​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ​កម្ពុជា បាន​​​ឆ្លើយ​តប​​រួចហើយ​​​​ចំពោះ​សំណើ​​នេះគឺកម្ពុជា​​​ឯក​ភាព​ចំពោះកាល​បរិច្ឆេទ​​​នៃកិច្ច​​ប្រជុំ​នោះ ។ ​លោក​​កុយ គួង ​ថ្លែង​បន្តទៀត​ថា ​«នៅ​ក្នុង​​លិខិត​​មួយ​​ច្បាប់​​ផ្ញើ​ជូន​​​​លោក​​ណាតា ​ឡេ​ហ្គា​វ៉ា ​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​បាន​សរសេរ​​​ថា ​កិច្ចប្រជុំនោះត្រូវ​តែ​រៀបចំ​ឡើង​​ដោយ​​មានការ​​ចូលរួមពីប្រធាន​អាស៊ាន ឬ​តំណាង​​អាស៊ាន ​យ៉ាងហោចណាស់​​ក៏​បានចូល​រួម​​ក្នុង​​ពិធីបើក​កិច្ចប្រជុំ​​ដែរ ។ ​នៅ​ពេលកិច្ច​ប្រជុំ​​ចប់ កម្ពុជា​ និងថៃ ត្រូវ​​តែ​រាយការណ៍​ពី​លទ្ធ​ផល​​នៃការ​ប្រជុំ​​ជូនទៅ​ប្រធានអាស៊ាន»។​ កម្ពុជា​សង្ឃឹមទៀត​ថា ​ថៃ​នឹង​​ឯកភាពចំពោះ​​សំណើ​​បើក​កិច្ចប្រជុំនោះដែរ ។ ​ទោះបី​ជា​បែបណា ​ខាង​​ភាគី​​ថៃ​មិន​​ទាន់ឆ្លើយ​​តប​​យ៉ាង​ណា​​ចំពោះ​សំណើ​​របស់ប្រធាន​​អាស៊ាន​នោះ​នៅឡើយ​ទេ៕

ពួកបះបោរ​​លីប៊ី ទុកពេល​​​៧២ម៉ោង​​ឱ្យ​លោកកាដាហ្វី ​ចាកចេញ

Posted: 08 Mar 2011 07:37 PM PST

ពួកបះបោរ​​លីប៊ី ទុកពេល​​​៧២ម៉ោង​​ឱ្យ​លោកកាដាហ្វី ​ចាកចេញ​

​ប្រធាន​​ក្រុមប្រឹក្សា​​ជាតិលីប៊ី​ CNL របស់លី​ប៊ី ​​(ពួកបះបោរ) ​ប្រកាស​កាលពីថ្ងៃទី​​៨ មីនា ថា ពួកបះបោរ​​​​នឹង​ពុំកាត់​​ទោស​​លោក​មូអា​ម៉ា កា​ដា​ហ្វី ​ពីបទ​​ឧក្រិដ្ឋ​​​ដែលលោកបានប្រព្រឹត្ត​​ឡើយ ក្នុង​​លក្ខខណ្ឌ​​ដែល​លោក​ព្រមចាកចេញ​​ពីអំណាច​ក្នុង​​រយៈ​ពេល​​​៧២​ម៉ោង​​ ។​

តាម​​ទូរទស្សន៍​​កាតា អាល់​ហ្សា​ហ្ស៊ី​រ៉ា លោក MOUSTAFA ABDELDJEÏL អតីត​រដ្ឋ​​មន្ត្រី​​ក្រសួង​​យុត្តិធម៌លីប៊ី ដែលរត់​​​ចោល​ជួរ​​ចូលរួម​ជា​មួយ​​​ពួកបះបោរ​​ ហើយ​​ជា​ប្រធានរបស់​ CNL ថ្លែង​ថា ​ប្រសិនបើ​​​លោក​​កាដាហ្វី ​ព្រមចាកចេញ​​​ពី​​លីប៊ី ​ក្នុង​រយៈ​ពេល​​​៧២​ម៉ោង​ ហើយ​បញ្ចប់​​​ការ​វាយប្រហារ​ នោះ​យើង​​នឹង​មិនធ្វើការ​​កាត់​ទោស​​លោក​ពីបទ​ឧក្រិដ្ឋ​​ទាំង​ឡាយ​ឡើយ ។ ​អតីត​រដ្ឋ​​មន្ត្រី​​រូបនេះ​​គូសបញ្ចាក់​​​ទៀត​ថា ​ឱសាន​វាទ​នេះ​​នឹង​ពុំ​ពន្យារ​ពេល​​​ឱ្យ​ហួស​​ពី​​៧២ម៉ោង​​ឡើយ ។​ CNL ត្រូវ​បាន​​បង្កើត​​ឡើង​នៅទីក្រុង​​បេន​ហ្គា​​ហ្ស៊ី ​ជា​ទីក្រុង​​ធំទី​២ របស់​ប្រទេសលីប៊ី ​ស្ថិត​នៅ​​ភាគខាង​កើត​ប្រទេស ៕​

សម្តេចតេជោហ៊ុន សែន ​កំពុងអញ្ជើញ​​​​ជាអធិបតី​​សម្ពោធ​​បើកការ​ដ្ឋានផែស្ងួត​នៅ​ឃុំ​​បន្ទាយ​ដែក

Posted: 08 Mar 2011 07:32 PM PST

សម្តេចតេជោហ៊ុន សែន ​កំពុងអញ្ជើញ​​​​ជាអធិបតី​​សម្ពោធ​​បើកការ​ដ្ឋានផែស្ងួត

រាជធានីភ្នំពេញ ៖ ​ព្រឹក​ពុធ ថ្ងៃទី​​៩ មីនា នេះ​​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បាន​អញ្ជើញ​​​​ជាអធិបតីក្នុង​​ពិធីសម្ពោធ​​បើ​ក​ការ​ដ្ឋាន​​​សាង​សង់​​ចំណត​រថយន្ត​កុងតឺន័រ (ផែ ស្ងួត) ​របស់​​កំពង់​ផែស្វយ័ត​​​រាជធានីភ្នំពេញ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​​​​ផ្លូវ​ជាតិ​លេខ​​១ ​ក្នុង​​ភូមិ​កណ្តាលលើ ឃុំ​បន្ទាយដែក ​ស្រុកកៀន​ស្វាយ​​ ខេត្តកណ្តាល ។

សូមបញ្ជាក់​​​​ថា ​ការ​​សាង​សង់​​​ចំណត​​រថយន្ត​កុងតឺ​ន័រ​​របស់កំពង់​ផែ​​​ស្វយ័ត​​រាជ​ធានី​ភ្នំពេញ នាពេលនេះ ​សាង​សង់​ឡើង​ក្រោម​​​កម្ចី​ឥណ​ទាន​​ពី​ប្រទេស​ចិន​មាន​ទឹក​ប្រាក់​​ចំនួន​​២៨,២២​លានដុល្លារ​អាមេរិក ​នឹង​ត្រូវ​​សាង​សង់​​ប្រើ​រយៈ​ពេល​​​​៣០ខែ ។ ​ចំពោះ​ប្រសាសន៍​​​​សំខាន់ៗ ​របស់​សម្តេច​​អគ្គ​មហា​សេនា​បតីតេជោ​​ហ៊ុន សែន ​កោះសន្តិ​ភាពនឹង​ផ្សាយជូន​​​លោក​​អ្នក​​នៅ​​វេលាម៉ោង​ក្រោយៗ​​ជា​បន្ត​​បន្ទាប់​ទៀត ៕​

ផ្ទះមួយខ្នង​​ត្រូវ​​គ្រោះអគ្គីភ័យ​​ឆាបឆេះ​​អស់​ម៉ដ្ឋ​គ្មានសល់​តែ​មួយ​ប៉ព្រិច​ភ្នែក

Posted: 08 Mar 2011 07:23 PM PST

រាជធានីភ្នំពេញ ៖ ​លំ​នៅឋានប្រជា​ពលរដ្ឋ​​​មួយខ្នង​ត្រូវ​​អគ្គី​ភ័យ​​​ឆាបឆេះ​​អស់ម៉ដ្ឋ​​ទាំង​ស្រុង​តែ​មួយប៉ព្រិច​​ភ្នែកប៉ុណ្ណោះ ​​​នៅចំណុច​ភូមិព្រែក​​ថ្មី សង្កាត់​ព្រែកថ្មី ​ខណ្ឌ​មានជ័យ កាលពី​វេលា​ម៉ោង​​​​៤​និង​​​១០នាទីល្ងាច​ថ្ងៃទី​​៨ មីនា

២០១១ ។​ ម្ចាស់​លំនៅ​ឋានខាងលើនេះ ឈ្មោះ​ហៃ ​រដ្ឋា​ ភេទប្រុស អាយុ​​៣១​ឆ្នាំ ​មុខរបរ​ជា​​កសិករដាំ​បន្លែ ។ ​តាមប្រភព​​​​ព័ត៌​មាន​​​ទាក់ទិន​​នឹងគ្រោះ​​​មហន្តរាយ​​ខាងលើនេះ ​បាន​ឱ្យ​​ដឹង​ថា ​អគ្គីភ័យ​​បង្កឡើង​​បណ្តាល​មកពី​​ទុស្សេ​​​ចរន្ត​អគ្គិសនី​​ ​ហើយ​​ទ្រព្យសម្បត្តិ​​ក្នុង​​ផ្ទះ​​​ទាំង​ប៉ុន្មាន​ត្រូវក្លាយ​​​ជា​ចំណី​​អគ្គីភ័យ​​ទាំ​ង​ស្រុង​​​តែម្តង ។​

សូមបញ្ជាក់​ថា ​លំនៅ​ឋាន​ខាងលើនេះ​ធ្វើ​​អំពី​ឈើ​​ប្រក់​ក្បឿង​​មានទំហំ​​ទទឹង​​៥ម៉ែត្រ ​និង​បណ្តោយ​​​​៨ម៉ែត្រ ។ ក្នុងហេតុ​ការណ៍​​គ្រោះ​អាសន្ន​​​ខាងលើ​នេះ​ប្រជា​ពលរដ្ឋ​​បាននាំគ្នា​​ដួស​ទឹក​​តាមផ្ទះ​ជួយ​ជះ​ពន្លត់​​​អណ្តាត​ភ្លើង​​​​ក្រាប​​​ទៅ​វិញខ្លះ​ ​ហើយ​បន្តិចក្រោយ​មក​​​​​ទើប​រថយន្ត​​ពន្លត់​​​អគ្គីភ័យ​​​២គ្រឿង​​មក​ដល់​បាញ់​​ពន្លត់បន្ថែម​ទៀត បណ្តាល​ឱ្យ​​​អណ្តាត​ភ្លើង​​រលត់​​​​សូន្យ​សុង​ពុំឆាប​ឆេះ​​ដល់​លំនៅ​ឋាន​​ផ្សេងៗ​​ទៀត​​ឡើយ ៕​

តុលាការ​ក្រុងប៉ារីស​លើកពេល​កាត់ទោស​អតីត​ប្រធានាធិបតី​​​លោក​ហ្សាក់​ ស៊ី​រ៉ាក់

Posted: 08 Mar 2011 07:14 PM PST

​​អតីត​ប្រធានាធិប​តី​​បារាំង ​លោកហ្សាក់​ស៊ីរ៉ាក់

តុលាការ​​ឧក្រិដ្ឋ​​កម្មក្រុងប៉ារីស ​ប្រទេស​បារាំង​ បានប្រកាស​កាលពី​ថ្ងៃទី​៨ មីនា ​ថា ខ្លួន​នឹង​លើក​ពេល​ការ​កាត់ទោស​​អតីត​ប្រធានាធិប​តី​​បារាំង ​លោកហ្សាក់​ស៊ីរ៉ាក់ ​​ទៅខែ​មិថុនា ​ខាង​មុខ ដោយ​​ទុកពេល​​២ខែ ដើម្បី​​សម្រេច​​ថា តើ​​​​លោកហ្សាក់​​ស៊ី​រ៉ាក់ ​មានទោស​កំហុស តាមការ​​ចោទប្រកាន់​​ ឬក៏​អត់ ​​​តាំង​ពីឆ្នាំ​​​១៩៩០​មក ។​

លោកហ្សាក់ ស៊ីរ៉ាក់ ​អាយុ​​៧៨​ឆ្នាំ ត្រូវ​បាន​​ចោទប្រកាន់​ពី​​បទពុករលួយ​ និង​ពីបទ​​​បង្កើត​​​ការ​ងារ​​​ក្លែងក្លាយ​​ និងប្រើប្រាស់​​​ថវិកា​​​រដ្ឋ​មិន​ត្រឹម​ត្រូវ​​​នៅពេល​​លោក​កាន់​តំណែង​​ជាអភិបាល​​ក្រុង​ប៉ារីស នៅឆ្នាំ​​​១៩៩០ ។​ រដ្ឋអាជ្ញាសាធារណៈ​បាន​​ដាក់ពាក្យ​បណ្តឹង​​​ប្តឹង​​​លោក​ហ្សាក់​​ស៊ីរ៉ាក់ ​ក្រោយពី​​លោក​ហ្សាក់​​ស៊ី​រ៉ាក់ ​បាត់បង់​​​អភ័យឯកសិទ្ធិជា​ប្រធានាធិបតី​​​​បារាំង ​កាលពីឆ្នាំ​​២០០៧ កន្លង​មក ​ធ្វើ​ឱ្យ​​លោក​ក្លាយ​​ជា​​អតីត​​ប្រធានាធិបតី​​បារាំងដំបូងគេ ​​ស្ថិត​​ក្រោម​ការ​ស៊ើបអង្កេត​​ចាប់តាំង​ពី​មេ​ដឹកនាំ​​បារាំង លោក Marshal Philippe Petain ត្រូវ​បាន​កាត់ទោស​​ពីបទ​​ក្បត់ជាតិ ក្រោយ​​សង្គ្រាម​​​លោកលើកទី​​២​មក ។​

យោងតាម​​ការសន្និដ្ឋាន​នៃការបើក​សវនា​ការ​​​កាលពី​ខែ​តុលា ឆ្នាំ​២០១០ ​កន្លង​មក ​​បទ​ចោទ​ប្រកាន់​ករណី​ទី​១​ពាក់​ព័ន្ធ​​ជាមួយបុគ្គលិក​​ជាប់​កិច្ចសន្យា​​ជាមួយ​​សាលា​ក្រុង​​ប៉ារីស​​២១នាក់ ហើយ​​​លោកហ្សាក់ ស៊ី​រ៉ាក់ ក៏​ត្រូវ​​ចោទប្រកាន់​​ពីបទ​កិប​កេង​​​ប្រាក់​​ និង​​ពីបទរំលោភ​​បំពាន​​​ការ​ទុកចិត្តដែរ​ ។​ លោក​​ស៊ីរ៉ាក់ ថ្លែង​​ថា រូបលោកនឹង​បង្ហាញ​​ខ្លួន​ក្នុង​តុលាការ​ បើទោះ​បីជា​លោក​មាន​បញ្ហា​​សុខភាព​​ក៏ដោយ ។​

​តាមច្បាប់​​របស់ប្រទេស​បារាំង ​ប្រសិនបើ​ត្រូវ​កាត់​​ឱ្យជាប់​ទោស​ លោក​ស៊ី​រ៉ាក់ ​ប្រឈម​មុខ​នឹង​​ទោសជាប់​ពន្ធនាគារ​​រយៈ​ពេល​​១០​ឆ្នាំ ​និ​ង​ពិន័យ​​ជាប្រាក់​​១៥០.០០០​​អឺរ៉ូ ​ប្រហែល​​២១០.២៨០​ដុល្លារ​អាមeរិក ។​ លោក​​ហ្សាក់ ​ស៊ីរ៉ាក់ ​ជា​ឥស្សរ​ជន​​នយោ​បាយ​​ដ៏​មានប្រជាប្រិយភាពបំផុត​​មួយរូប​​របស់​ប្រទេស​​បារាំង ហើយ​​កាន់​តំណែង​​ជាអភិបាល​ក្រុង​​ប៉ារីស​​ចាប់ពីឆ្នាំ​​១៩៧៧ ដល់​ឆ្នាំ ​១៩៩៥ ​​ហើយ​ជាប់ពាក់ព័ន្ធ​​ជាមួយរឿង​អាស្រូវ​​ពុក​រលួយ​ ប៉ុន្តែ​លោក​មិនដែល​​ទទួល​​ការ​កាត់​ទោស​​ដោយ​​សារ​​លោក​បាន​ក្លាយជា​ប្រធានាធិបតី​​​​ចាប់​ពីឆ្នាំ​​១៩៩៥ ដល់​ឆ្នាំ​២០០៧ ៕​

កង​កម្លាំង​របស់​លោក​កា​ដា​ហ្វី​បន្ត​ការ​វាយ​បក​លើ​ទី​ក្រុង​ទាំង​ឡាយ​កាន់​កាប់​ដោយ​ពួក​បះ​បោរ

Posted: 08 Mar 2011 07:09 PM PST

ការទម្លាក់​គ្រាប់​បែក​របស់កងកម្លាំងរបស់​លោក​កាដាហ្វី

ការ​វាយ​ប្រហារ​ប្រឆាំង​ពួក​បះ​បោរ​របស់​កង​ក​ម្លាំង​លោក​កា​ដា​ហ្វី​បាន​បន្ត​ទៀត​កាល​ពី​ថ្ងៃ​ទី​៨ មីនា នៅ​ភាគ​ខាង​កើត​ប្រទេស​ ព្រម​ទាំង​​នៅ​ទី​ក្រុង​ ZAOUIAH ភាគ​ខាង​លិច​ក្រុង​ទ្រី​ប៉ូលី​។
កង​កម្លាំង​រដ្ឋា​ភិ​បាល​លី​ប៊ី​បាន​បន្ត​កាល​ពី​ថ្ងៃ​ទី​៨ មីនា នូវ​ការ​វាយ​ប្រហារ​របស់​ខ្លួន​ប្រឆាំង​ពួក​បះ​បោរ​នៅ​ភាគ​ខាង​កើត​ប្រទេស ព្រម​ទាំង​នៅ​ទីក្រុង​ ZAOUIAH ភាគ​ខាងលិច​ក្រុង​ទ្រី​ប៉ូលី​ ខណៈ​ពួក​ឧទ្ទាម​ទុក​ពេល​៧២​ម៉ោង​ឱ្យ​លោក​កា​ដាហ្វី​បោះ​បង់​ចោល​អំណាច​។
នៅ​លើ​រណសិរ្ស​ភាគ​ខាង​កើត​បណ្តា​អ្នក​កាសែត​​បរទេស​​រៀប​រាប់​ពី ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន​៤​លើក​របស់​កង​ទ័ព​លោក​កា​ដាហ្វី​ប្រឆាំង​​ទី​តាំង​ទាំង​ឡាយ​របស់​ពួក​ឧទ្ទាម​នៅ​ទី​ក្រុង​ RAS LANOUF ជា​ទី​ក្រុង​កំពង់​ផែ​​ប្រេង​ស្ថិត​​នៅ​តាម​​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង SYRTE និង​តំបន់​ជុំ​វិញ​ទី​ក្រុង​ RAS LANOUF នោះ​។ កង​រថ​ក្រោះ​ និង​កាំ​ជ្រួច​ក៏​វាយ​ប្រហារ​ក្នុង​តំបន់​នោះ​ដែរ​ប្រឆាំង​នឹង​ខ្សែរត្រៀម​​ជួរ​មុខ​ទាំង​ឡាយ​របស់​ពួក​ឧទ្ទាម​ដែល​ហាក់​ដូច​ជា​ពុំ​មាន​កម្លាំង​គ្រប់​គ្រាន់​​ក្នុង​​ការ​ទប់​​ទល់​​ចំពោះ​ការ​វាយ​ប្រហារ​​ដ៏​ខ្លាំង​ក្លា​បែប​នេះ​។ នៅ​ភាគ​ខាង​លិច​ប្រទេស​កង​កាំ​ភ្លើង​ធំ​និង​ការ​រថ​ក្រោះ​របស់​កង​កម្លាំង​លោក​កា​ដាហ្វី​​បាន​វាយ​ប្រហារ​ជា​ថ្មី​លើ​ទី​ក្រុង​ ZAOUIAH ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ទ្រី​ប៉ូលី​​។ ខាង​ផ្នែក​​ការ​ទូត​​វិញ​ប្រទេស​អង់​គ្លេស​​ និង​បារាំង​ស្វះ​ស្វែង​ឱ្យ​មាន​ការ​អនុ​ម័ត​លើ​ការ​បង្កើត​តំបន់​ហាម​ឃាត់​ការ​ហោះ​ហើរ​មួយ​នៅ​ពី​លើ​ប្រទេស​លី​ប៊ី​ដើម្បី​បញ្ចប់​ការ​វាយ​ឆ្មក់​តាម​អាកាស​របស់​កង​ទ័ព​រដ្ឋា​ភិ​បាល​។ សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃៗ​ទៀត​ដូច​ជា​ចិន​ជា​ដើម​នៅ​តែ​ពុំ​ទាន់​ដាច់​ស្រេច​ចំពោះ​ការ​ផ្តួច​ផ្តើម​គំនិត​មួយ​បែប​នេះ​។ ក៏​ប៉ុន្តែ​លោក​បារ៉ាក់​ អូ​បាម៉ា និង​នាយក​រដ្ឋ​មន្ត្រី​​អង់​គ្លេស​លោក​ដាវីដ កាមឺរ៉ូន​ ប្រកាស​ថា ទិស​ដៅ​​រួម​នៅ​លី​ប៊ី​គឺ​បញ្ចប់​អំពើ​ហិង្សា​ និង​ការ​ចាក​ចេញ​របស់​លោក​មូ​អាម៉ា​ កា​ដា​ហ្វី​។ សំរាប់​រដ្ឋ​មន្ត្រី​ ការ​បរទេស​បារាំង លោក ALAIN JUPPE និយាយ​ថា ក្រុង​ប៉ា​រីស​ត្រៀម​ធ្វើ​អន្តរា​គមន៍​ជាមួយ​ប្រទេស​ដទៃៗ​ទៀត​ដើម្បី​ការ​ពារ​​ប្រជា​ជន​ហើយ​រារាំង​លោក​កា​ដា​ហ្វី​កុំ​ឱ្យ​ប្រើ​ប្រាស់​យន្ត​ហោះ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ពួក​អ្ន​កជំនាញ​ការ​ខាង​យោធា​វាយ​តំលៃ​កាល​ពី​ថ្ងៃ​ទី​៨ មីនា នៅ​ទី​ក្រុង​ឡុង​ថា ការ​បង្កើត​តំបន់​ហាម​ឃាត់​ការ​ហោះ​​ហើរ​ពី​លើ​​ប្រទេស​លី​ប៊ី​នឹង​មាន​ប្រសិទ្ធ​ភាព​មាន​កំរិត​មួយ​ប៉ុណ្ណោះ​ដើម្បី​បញ្ឈប់​ការ​វាយ​លុក​របស់​កង​កម្លាំង​ស្និទ្ធ​លោក​កា​ដា​ហ្វី​ប្រឆាំង​នឹង​ពួក​បះ​បោរ​​ និង​ប្រជា​ជន​ ៕

តុលាការ​​ក្រុងគែរ​​សម្រេច​​រក្សា​ការផ្អិបទុក​ទ្រព្យ​សម្បត្តិ​​បរស់​លោក​មូបារ៉ាក់

Posted: 08 Mar 2011 07:04 PM PST

លោក​​ហូស្នី មូបារ៉ាក់ ​អតីត​ប្រធានាធិបតី​​​អេហ្ស៊ីប

តុលាការ​ឧក្រិដ្ឋ​​​កម្មក្រុង​​​គែរ​របស់​អេហ្ស៊ីប កាលពីថ្ងៃទី​​៨ មីនា បាន​​សម្រេច​​​តម្កល់​​ការ​ផ្អិប​​ទុក​ទ្រព្យ​​សម្បត្តិ​របស់​លោក​​ហូស្នី មូបារ៉ាក់ ​អតីត​ប្រធានាធិបតី​​​អេហ្ស៊ីប ​និង​តម្កល់​​ទុក​ការ​ហាម​ប្រាម​​​លើ​ការ​​​ធ្វើដំណើរ​​ប្រឆាំង​លោក​មូបារ៉ាក់ ​ខណៈ​ពេល​​ប្រទេស​​អេហ្ស៊ីប​ធ្វើដំណើរ​​ឆ្ពោះ​ទៅ​​​រក​ការ​​ជម្រុញ​​​ឱ្យ​មានការ​ចោទប្រកាន់ពី​បទពុករលួយ​​ប្រឆាំង​​មេដឹកនាំ​​ដែលត្រូវ​​បណ្តេញ​​ចេញពី​​តំណែង​​រូបនេះ ។​

​​​មេធាវី​របស់​លោក​មូបារ៉ាក់ ​លោក Samir  Shishtaaci  និយាយ​ថា​ ​លោកនឹង​ប្តឹង​​ឧទ្ធរណ៍​​ប្រឆាំង​​​ការ​សម្រេចនេះ ។ ​តាមប្រភព​ព័ត៌​មាន​​ថា ​តុលាការ​កំពូល​​របស់អេហ្ស៊ីប ​ពេលនេះ កំពុង​​​​​ពិចារណា​មើលពី​ការលុប​​ចោល​​ឋានៈ​សម្ងាត់​ដែល​ការពារ​លោក​មូបារ៉ាក់ ។​

លោកហូស្នី ​មូបារ៉ាក់ ​ដែលត្រូវ​បានបណ្តេញ​​​​ចេញពី​តំណែង​​កាលពីខែ​កុម្ភៈ​កន្ល​ងមក​ ត្រូវ​​គេ​ជឿ​ថា កំពុង​រស់នៅ​ក្នុង​​និវេស​នដ្ឋាន​​របស់​លោក​​នៅទីក្រុង​​រមណីយដ្ឋាន​​​​ជាប់​សមុទ្រ​ក្រហម ​Sharm el sheikh ​រួច​កំពុង​ប្រឈម​​មុខ​នឹង​ការ​​​ចាប់ខ្លួន​​យកមក​​​សួរ​ចម្លើយ​ ក្នុងករណី​​ចោទ​ប្រកាន់ពី​បទពុករលួយ​។​

អគ្គមេធាវី លោក Abdel Maguid Mahmoud បានចេញ​​បញ្ជា​​​ឱ្យផ្អិបទុក​ទ្រព្យ​សម្បត្តិ​​​របស់​លោក​មូបារ៉ាក់ ​និង​គ្រួសារ​​របស់​លោក​កាល​ពី​​ថ្ងៃទី​​​​២៨ កុម្ភៈ កន្លងមក ​និង​ហាម​​លោក​​មិន​​​ឱ្យចាកចេញ​​ពីប្រទេស ។​
លោក​​មូបារ៉ាក់ ​បានយល់ព្រម​​ចុះចេញពី​តំណែង​​កាលពីថ្ងៃទី​​១១ កុម្ភៈ ​កន្លងមក ​ក្រោយ​ពី​​បាតុកម្ម​ប្រឆាំង​ការ​​កាន់​អំណាច​របស់លោក​ធ្វើ​ឡើង​​ជាប់​ៗគ្នា​​​រយៈ​ពេល​​១៨​ថ្ងៃ ៕​

ឈើ​គ្រញូង​៣៣​កំណាត់​​ស្មើ​៧៦០គីឡូ​ក្រាម​​ចាប់​បាន​​នៅ​ផ្លូវ​ជាតិ​លេខ​៥

Posted: 08 Mar 2011 06:57 PM PST

​ឈើ​គ្រញូង​៣៣​កំណាត់​​ស្មើ​៧៦០គីឡូ​ក្រាម​​ចាប់​បាន​​នៅ​ផ្លូវ​ជាតិ​លេខ​៥
​ឈើ​គ្រញូង​៣៣​កំណាត់​​ស្មើ​៧៦០គីឡូ​ក្រាម​​ចាប់​បាន​​នៅ​ផ្លូវ​ជាតិ​លេខ​៥

ខេត្ត​កំពង់​ស្ពឺ ៖ ឈើ​គ្រញូង​​ចំនួន​៣៣​កំណាត់​មាន​ទំងន់​៧៦០​គីឡូ​ក្រាម ​​ស្មើ​នឹង​០,៥៨៤​ម៉ែត្រ​គូប ដែល​ដឹក​តាម​រថយន្ត​​​កាមរី​ ស៊េរី​៩២ ពណ៌​ស្លែ​មួយ​គ្រឿង​​​បាន​ត្រូវ​​រដ្ឋ​បាល​ព្រៃ​ឈើ​​សង្កាត់​ឧដុង្គ សហ​ការ​​ជា​មួយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ស្ពឺ ​និង​​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​សន្តិ​សុខ​៥៥១ ចាប់​បាន​​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ មីនា នៅ​តាម​​​ផ្លូវ​ជាតិ​លេខ​៥ ​ចំណុច​​ភូមិ​ស្រះ​កែវ ឃុំ​វត្ត​ចាស់​ ស្រុក​ឧដុង្គ ។ ឈើ​គ្រញូង​នេះ​ត្រូវ​បាន​គេ​​​ដឹក​ចេញ​មក​ពី​តំបន់​​មួយ​ក្នុង​​ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់ ឆ្ពោះ​ចូល​ទៅ​រាជ​ធានី​ភ្នំពេញ ។

ប្រធាន​​សង្កាត់​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ឧដុង្គ លោក​ឌុច វ៉ាន់​ឌី និង​ប្រធាន​ស្នាក់​ការ​​សន្តិ​សុខ​​​​​៥៥១ លោក​អ៊ឹម ភ័ណ្ឌ ​បាន​​ឱ្យ​ដឹង​ថា រថយន្ត​​​កាមរី​ ស៊េរី​៩២ ពណ៌​ស្លែ មួយ​គ្រឿង ​​ពាក់​ស្លាក​លេខ​បាត់​ដំបង 2A-0151 ផ្ទុក​​​ឈើ​​​​គ្រញូង​ចំនួន​៣៣​កំណាត់​ ត្រូវ​បាន​កម្លាំង​​សង្កាត់​រដ្ឋ​បាល​ព្រៃ​​ឈើ​​ឧដុង្គ សហ​ការ​ជា​មួយ​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៥១ ស្ទាក់​ចាប់​បាន​យ៉ាង​ប្រផិត​ប្រផើយ​​បំផុត ។ ​រថយន្ត​ពណ៌​ស្លែ​នេះ​ត្រូវ​បាន​ចាប់​បញ្ជូន​​​ទៅ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​​ឈើ​​​ឧដុង្គ ដើម្បី​ត្រួត​ពិនិត្យ​​​ហើយ​​ទាំង​ឈើ ទាំង​រថយន្ត​ត្រូវ​បាន​​រក្សា​ទុក​​បណ្តោះ​​អាសន្ន​នៅ​ទី​នោះ​។

លោក​ឌុច វ៉ាន់​ឌី ថ្លែង​ថា ​ការ​ដឹក​ឈើ​នេះ​​ពួក​គេ​​ពុំ​ខ្លាច​​​មេ​ព្រៃ​ទេ ​ទោះ​បី​ជា​​ឃាត់​បែប​ណា​ក៏​នៅតែ​ពុំ​ព្រម​ឈប់​ឱ្យ​ធ្វើការ​ត្រួត​ពិនិត្យ​​ត្រឹម​ត្រូវ​ដែរ​​ តែ​ដោយ​​មាន​កិច្ច​​សហ​ការ​​ជា​មួយ​កង​រាជ​អាវុធ​ហត្ថ​ស្នាក់ការ​​៥៥១ ជួយ​អន្តរា​​គមន៍​​​គ្រប់​សភាព​ការណ៍​ ទើប​ទប់​ស្កាត់​​បាន​ខ្លះៗ​ និង​មួយ​ចំនួន​ក៏​​មាន​ការ​​​ឆែក​ឆេរ​ផង​ដែរ ។ ​លោក​បញ្ជាក់​ថា នេះ​ជា​ការ​ចាប់​បាន​លើក​ទី​២ ដែល​​កាល​ពី​ប៉ុន្មាន​​ថ្ងៃ​មុន​​ក៏​ចាប់​បាន​រថយន្ត និង​ឈើ​មួយ​ចំនួន​ដែរ តែ​ជន​ល្មើស​គេច​ខ្លួន​រួច ៕

ពិធីបុណ្យតន្ត្រីឆ្នេរកែបរៀបចំដោយជនបរទេស

Posted: 08 Mar 2011 06:30 PM PST

ជនបរទេសនៅក្នុងពិធីបុណ្យតន្ត្រីឆ្នេរកែ
ជនបរទេស​ទាំងប្រុស​ទាំងស្រី​ធ្វើ​ពិធី​លើ​ឆ្នេរ​ខ្សាច់
​ព្រះ​សង្ឃ​សូត្រ​មន្ត​​ប្រោះ​ព្រំ​​ទឹក​មន្ត​ដល់​ជន​ជាតិ​បរទេស​ប្រុស​ ស្រី
ជនបរទេស​ទាំងប្រុស​ទាំងស្រី​ធ្វើ​ពិធី​លើ​ឆ្នេរ​ខ្សាច់

ខេត្តកំពត​​ ៖ ជន​ជាតិ​បរទេស​ជា​ច្រើន​​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​មួយ​ដែល​គេ​សរ​សេរ​ថា «បុណ្យ​តន្ត្រី​ឆ្នេរ​កែប»​។ ពិធី​បុណ្យ​នេះ​គេ​បាន​ប្រារព្ធ​កាល​ពី​រសៀល​ថ្ងៃ​ទី​៥ មីនា នៅ​ឆ្នេរ​កែប​ ។ អ្នក​សង្កេត​ការណ៍​​បាន​មើល​ឃើញ​ថា អ្នក​ចូល​រួម​បុណ្យ​តន្ត្រី​​ឆ្នេរ​កែប​នេះ​ភាគ​ច្រើន​ គឺ​ជន​ជាតិ​បរទេស​ ហើយ​នៅ​រសៀល​នោះ​គេ​មិន​ឃើញ​វត្ត​មាន​មន្ត្រី​ផ្លូវ​ការ​ណា​មួយ​ចូល​រួម​ទេ​ ។ មន្ត្រី​ផ្នែក​ទេស​ចរណ៍​គួរ​តែ​ចូល​រួម​ជួយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្តើម​បុណ្យ​​បែប​នេះ ផ្ទុយ​ទៅ​វិញ​​មាន​តែ​ក្រុម​តន្ត្រី​ និង​ព្រះ​សង្ឃ​សូត្រ​មន្ត​​ប្រោះ​ព្រំ​​ទឹក​មន្ត​ដល់​ជន​ជាតិ​បរទេស​ប្រុស​ ស្រីដែល​​អង្គុយ​នៅ​លើ​ឆ្នេរ​ខ្សាច់​កែប​​ប៉ុណ្ណោះ​។ លោក​អាចារ្យ​ដែល​ចេះ​ភាសា​បរទេស​បាន​និយាយ​ថា ពិធី​បុណ្យ​តន្ត្រី​ឆ្នេរ​​កែប​នេះ គឺ​ជន​បរទេស​ទាំង​អស់​ដែល​ជា​ម្ចាស់​ផ្ទះ​សំណាក់​បាន​រួម​គ្នាធ្វើ​ឡើង​​ឱ្យ​ឈ្មោះ​ថា បុណ្យ​​តន្ត្រី​ឆ្នេរ​កែប​។ លោក​គ្រូ​អាចារ្យ​និយាយ​ថា បុណ្យ​នេះ​ពួក​គេ​ចង់​បង្ហាញ​ថា ខេត្ត​កែប​គឺ​ជា​ខេត្ត​មួយ​សំបូរ​ទៅ ដោយ​រម​ណីយ​ដ្ឋាន​ និង​កន្លែង​កំសាន្ត​​នានា​មាន​សភាព​ស្ងៀម​ស្ងាត់​ និង​មួយ​ផ្នែក​ទៀត​ពួក​គេ​អាច​ទាក់​ទាញ​​អ្នក​ទេស​ចរ​បរទេស​ឱ្យ​កាន់​តែ​ច្រើន​មក​កំសាន្ត​ឆ្នេរ​កែប​ប្រទេស​កម្ពុជា​តាម​កា​រ​​ ផ្សាយ​នេះ។

លោក​ស្រី ជា​ យាន់​ដាន់ ជា​ជន​បរទេស​ និង​ជា​ម្ចាស់​ផ្ទះ​សំណាក់​ឆ្នេរ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​មាន​ការ​រួម​គ្នា​ធ្វើ​ពិធី​បុណ្យ​នៅ​ជាប់​ឆ្នេរ​កែប​នេះ​។ ការ​ធ្វើ​បុណ្យ​នេះ​បង្ហាញ​ប្រាប់​អ្នក​ទេស​ចរ​ផ្សេងៗ​ឱ្យ​មក​ចូល​រួម​ ម្យ៉ាង​វិញ​ទៀត​បង្ហាញ​ពី​ភាព​សប្បាយ​រីក​រាយ​របស់​ពួក​គេ​ដែល​បញ្ជាក់​ថា ខេត្ត​កែប​មាន​សន្តិ​សុខ​ល្អ​។ លោក​ស្រី​ជា​យាន់ដាន់​ ​និយាយ​ថា ពិធី​បុណ្យ​នេះ​ចំណាយ​លុយ​អស់​ច្រើន​ ប៉ុន្តែ​នេះ​ជា​មុខ​មាត់​របស់​ខេត្ត​កែប​ដែរ​។
លោក​ឆាយ ឃឿន​ ប្រធាន​មន្ទីរ​ទេស​ចរណ៍​​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​​អ្វី​ទេ គឺលោកបាន​ផ្តាច់​ទូរ​ស័ព្ទ​ទៅ​វិញ​​នៅ​ពេល​យើង​ទាក់​ទង​ទៅ​។ លោក​ហាស់ សារ៉េត អភិ​បាល​ខេត្ត​កែប​ធ្លាប់​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ផ្សេងៗ​ថា អ្នក​ទេស​ចរ​មក​កំសាន្ត​នៅ​ឆ្នេរ​កែប​មាន​កំណើ​ន​​ជាង​បណ្តា​ឆ្នាំ​មុនៗដែលបង្ហាញថា ឆ្នេរកែបនៅ តែមានសក្តានុពល​ ៕

វ៉ាឌី ភាលីង ពិធីការិនី បង្ហាញមុខលើវេទិកាតន្ត្រី បន្ទាប់ពីវះកាត់កែច្រមុះ

Posted: 08 Mar 2011 06:19 PM PST

វ៉ាឌី ភាលីង ពិធីការិនី
វ៉ាឌី ភាលីង ពិធីការិនី

រាជធានីភ្នំពេញ ៖ កញ្ញា​វ៉ាឌី ភាលីង​ ក្នុង​វ័យ​១៩ឆ្នាំ​ ជាកញ្ញា​ឯក​លេខ​២ កម្ម​វិធី​​យុវ​តារា ឆ្នាំ​២០០៧របស់​​ស្ថានីយ​​ទូរ​ទស្សន៍​​បាយ័ន ។​​ ក្រោយ​​មកនាង​ក្លាយជា​តារា​​​​សម្តែង​​កាយ​វិការ​​​​ខារ៉ា​អូខេ​​ និង​ជា​អ្នកចម្រៀង​កិត្តិយ​ស​តាម​កម្ម​វិធីប្រគំតន្ត្រី​​របស់ស្ថានីយ​ទូរ​ទស្សន៍​នានា​ ។ ក្នុង​ឆ្នាំ​២០១១នេះ ក្រោយ​ពី​វះកាត់​​កែ​ច្រមុះ​រួ​ចរាល់​នាងបានពង្រីក​អាជីព​​មួយទៀត​​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្ម​វិធី​តន្ត្រី​យុវ​វ័យ​រីក​រាយ​របស់​ស្ថានីយ​ទូរទស្សន៍អប្សរា ប៉ុសិ៍្ត​​លេខ​១១​ដែល​ផ្សាយ​ផ្ទាល់​រាល់​ល្ងាច​ថ្ងៃ​អា​ទិត្យ​ ។តាមការ​កត់សំគាល់កញ្ញា​វ៉ាឌី ភាលីង ​ក្រោយពី​វះកាត់​ធ្វើ​ច្រមុះ​ឱ្យ​មានក្តោង​​ និង ​ចុងស្រួចមកកាន់តែ មាន​រូបសម្ផស្ស​ស្រស់ ស្អាតថែមទៀតទៀត​ ។ នាងរំលឹកឱ្យ​ដឹង​ថា ចាប់​តាំង​ពី​នាង​ឈាន​ជើងចូល​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ​តាមរយៈ​ការ​ប្រឡង​ប្រជែង​​ក្នុងកម្ម​ វិធីយុវ​តារា​នៅឆ្នាំ​២០០៧មក នាងធ្លាប់ចូល រួមសម្តែង​​កាយ​វិការខារ៉ាអូខេ​ឱ្យផលិត​កម្ម​ ជាច្រើនទាំង​ក្នុង​ និងក្រៅ​ប្រទេស​ ។ ជា​មួយ គ្នានេះ​ដែរ នាងធ្លាប់ចូលរួម​សម្តែងរឿង​ភាគ​ ឱ្យស្ថានីយ​ទូរ​ទស្សន៍​បាយ័ន២​រឿង​គឺរឿង «ភូមិខ្ញុំស្រស់​ឆើត​ឆាយ» និងរឿង​ «​ដឹង​ទេ​ថា ខ្ញុំនៅរង់ចាំ​អ្នក» ​។ ក្នុងឆ្នាំ២០១១នេះនាង​បាន​ចូលរួម​សម្តែង​ក្នុង​រឿង «នាង​ឈូកស» ​ដែល កំពុង​ចាក់​ផ្សាយតាម​កញ្ចក់​ទូរ​ទស្សន៍ប៉ុសិ៍្តលេខ​៥​រាល់សបា្តហ៍ ។

កញ្ញាវ៉ាឌី ភាលីង ក្រៅពី​​មានការគាំទ្រ​ពី​សំណាក់ប្រិយមិត្ត​ទស្សនិកជន​នៅ​ក្នុង​ប្រទេស កន្លងមក ក៏មានការ​គាំទ្រពី​បង​ប្អូន​ខ្មែរដែល​រស់​នៅ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ ។ ​ដូចនេះ​ហើយ​កន្លង​​មក នាងធ្លាប់ចេញ​​​ទៅ​បង្ហាញ​ទេព​កោសល្យ​ និង​ទឹក​ដម​សម្លេងយ៉ាងពីរោះ​រណ្តំ​ចិត្ត​ជូនបងប្អូន​ខ្មែរ​ដែលរស់​នៅប្រទេស​បារាំង​កាលពីឆ្នាំ​២០១០ ផងដែរ ។​​ ចំពោះ​រឿង​ស្នេហា​វិញ កញ្ញា​វ៉ាឌី ភាលីងនិយាយ​ថា ថ្វីបើ​​នាង​ទទួលជោគ ជ័យ​លើ​អាជីព​សិល្បៈ​​មែន តែ​ជីវិត​ស្នេហា របស់នាង​បាន​បរាជ័យ​ដោយគូសង្សារ​របស់ នាង ​និងរូប​នាងបានចែកផ្លូវ​គ្នា​ដើរ​រយៈ​​ពេល២ឆ្នាំមក​ហើយ ។ ពេលនេះ​បេះ​ដូង​របស់ នាងនៅទំនេរ ៕

ដឹកលើសទម្ងន់ឡើងចំណោតមិន​រួច​ក្រឡាប់​បះ​ជើង

Posted: 08 Mar 2011 06:13 PM PST

រថយន្តដែលក្រឡាប់បះជើង​ព្រោះដឹកធ្ងន់
ទិដ្ឋភាពរថយន្តរអិលក្រឡាប់បះជើងក្នុងព្រែកវត្តកោះខែល
ទិដ្ឋភាពរថយន្តរអិលក្រឡាប់បះជើងក្នុងព្រែកវត្តកោះខែល

ខេត្ត​កណ្តាល ៖ រថយន្ត​​មួយ​គ្រឿង​ដឹក​​ខ្សែ​កាប​​ធ្ងន់​លើស​ចំណុះ​ ខណៈ​ពេល​ព្យាយាម​បើក​ឡើង​ចំណោត​​មិន​រួច​ក៏​រអិល​ថយ​ក្រោយ​ក្រឡាប់​ផ្ញារ​ជើង​ទ្រមេឃ​សង្កត់​​ម៉ូតូ​​ដែល​ជិះ​ពី​ក្រោយ ​ប៉ុន្តែ​សំណាង​ល្អ​ម្ចាស់​ម៉ូតូ​​គ្រាន់​តែ​រង​របួស​ស្រាល។ អ្នក​បើក​បរ​រថយន្ត​ដែល​រង​របួស​ស្រាល ​ក្រោយ​​កើត​ហេតុ​បាន​​គេច​ខ្លួន​បាត់។

ហេតុ​ការណ៍​ក្រឡាប់​រថយន្ត​ជើង​ទ្រមេឃ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៥០​រសៀល ថ្ងៃ​ទី​៧ មីនា នៅ​​ក្នុង​ព្រែក​វត្ត​កោះ​ខែល ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង។ រថយន្ត​​នោះ​ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3003 ដឹក​ដុំ​កង​ខ្សែ​កាប​ដែល​នៅ​ក្បាល​រថយន្ត​​បិទ​ឡូហ្គោ HUY ​ជា​សញ្ញា​សំគាល់​របស់​ក្រុម​ហ៊ុន។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​​ឱ្យ​ដឹង​ថា ​រថយន្ត​បើក​ពី​ត្បូង​ទៅ​ជើង គឺ​ពី​ស្រុក​កោះ​ធំ​សំដៅ​ទៅ​ភ្នំពេញ លើ​ផ្លូវ​ជាតិ​លេខ​​២១B ដឹក​ដុំ​កង​ខ្សែ​កាប។ ពេល​ទៅ​ដល់​​ស្ពាន​លេខ​២៧ រថយន្ត​​បើក​តាម​ផ្លូវ​វាង​ ព្រោះ​ស្ពាន​កំពុង​ធ្វើ​ថ្មី ហើយ​ឡើង​ចំណោត​ព្រែក​​មិន​រួច​ក៏​រអិល​ថយ​ក្រោយ​មក​វិញ​ក្រឡាប់​តែ​ម្តង។

សាក្សី​បន្ត​ទៀត​ថា ស្រប​ពេល​​​នោះ​​បុរស​ម្នាក់​បើក​​​ម៉ូតូ​​ម៉ាក​ស្មាស់​រេវ៉ូ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ​ពី​ក្រោយ ពេល​​ឃើញ​សភាព​ការណ៍​មិន​ស្រួល​​បាន​ផ្តួល​ម៉ូតូ​​ចោល​រួច​ផុត​ពី​គ្រោះ​ថ្នាក់។ រថយន្ត​នោះ​​បាន​ក្រឡាប់​សង្កត់​លើ​ម៉ូតូ​កៀប​ជាប់​បណ្តាល​ឱ្យ​ក្រពឹត​​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង។ ម្ចាស់​ម៉ូតូ​​ភ័យ​ព្រលឹង​ចុង​សក់ ព្រោះ​រថយន្ត​ក្រឡាប់​​ស្ទើរ​តែ​សង្កត់​​ខ្លួន​ជា​មួយ​ម៉ូតូ​ដែរ គឺ​​បាន​គេច​ផុត​តែ​បន្តិច​ប៉ុណ្ណោះ។

ម្ចាស់​ម៉ូតូ​ឈ្មោះ​អ៊ឹម វ៉ូចនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់​នៅ​ភូមិ​ក្រពើហា សង្កាត់​ព្រែក​ប្ញស្សី ក្រុង​តាខ្មៅ រង​របួស​ស្រាល។ ចំណែក​រថយន្ត​​នោះ​ខូច​ខាត​ក្រពឹត​ទ្រុង និង​ផ្នែក​ខាង​មុខ​។ តំណាង​​ម្ចាស់​រថយន្ត​បាន​ចេញ​មុខ​​ដោះ​ស្រាយ​​ជា​មួយ​ម្ចាស់​ម៉ូតូ​គឺ​សង​២០០​ដុល្លារ ដើម្បី​បញ្ចប់​រឿង៕

សម្តេច​តេ​ជោ ៖ លោក​រដ្ឋមន្ត្រី​តាម​ក្រសួង​និង​ស្ថាប័ន​នានា​កុំឱ្យ​មាន​ស្ថានភាព​ប្តី​ស័ក្តិ​៣ ប្រពន្ធ​ស័ក្តិ​៤ កូន​ស័ក្តិ​៥

Posted: 08 Mar 2011 06:09 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ព្រមានថា «​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ ស្ថាប័ន​នានា​កុំឱ្យ​មាន​ស្ថាន​ភាព​ប្តី​ស័ក្តិ​បី​ ប្រពន្ធ​ស័ក្តិ​៤ កូន​ស័ក្តិ​៥​។ ខ្ញុំ​បាន​ស្តាប់​ឮ​នូវ​ការ​ត្អូញ​ត្អែរ​ពី​ក្រសួង​ខ្លះ​ ដោយ​សារ​ប្រពន្ធ​ចូល​ទៅ​លូក​ដៃ​ជ្រៅ​ពេក​ក្នុង​​ក្រសួង​» ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បានព្រមាន​​បែប​នេះ​កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ខែ​មីនា នៅ​វិមាន​សន្តិ​ភាព​ទី​ស្តី​ការ​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អប​អរ​សាទរ​ទិវា​អន្តរ​ជាតិ​នារី​៨ មីនា ឆ្នាំ​២០១១ ខួប​លើក​ទី​១០០​។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​ស្នើ​ឱ្យ​លោក​រដ្ឋ​មន្ត្រី​នានា​ផ្អាក​ប្រពន្ធ​ឱ្យ​សំរាក​នៅ​ឯ​ផ្ទះ​ទៅ នៅ​ត្រឹម​តែ​ផ្ទះ​បាន​ហើយ​ កុំ​ទៅ​ជ្រុល​ហួស​។ គេ​ស្អប់​ប្តី​ដោយ​សារ​ប្រពន្ធ​ទៅ​លូក​ដៃ​ទៅ​ធ្វើ​រដ្ឋ​មន្ត្រី​ស្អី​គេ​ដែរ​។  បើ​មិន​ដូច្នេះ​ទេ ​អស់​លោក​សាក​ល្បង​​លមើល​ ប្រថុយ​ទៀត​លមើល។ មន្ត្រី​​រាជ​ការ​នៅ​ក្រោម​ឱវាទ​គេ​រអ៊ូ​រទាំ​រហូត​ឮ​ចូល​ត្រចៀក​ខ្ញុំ​ខ្លាំង​ជ្រុល​។ បញ្ហា​មក​ពី​ប្រពន្ធ​របស់​អស់​លោក​ជា​អ្នក​បង្កើត​ ខ្ញុំ​សូម​ផ្តាំ​ទុក​ឱ្យ​ហើយ​! ឥឡូវ​មាន​កន្លែង​ខ្លះ​ គឺ​ស្ថាប័ន​នោះ​ក្លាយ​ទៅ​ជា​កន្លែង​ចាត់​ការ​របស់​ប្រពន្ធ​នៅ​កន្លែង​ហ្នឹង​សូម​ដក​ខ្លួន​ថយ​ទៅ​មិន​មែន​ជា​រឿង​របស់​លោក​ជំទាវ​​ទេ ។ លោក​ជំទាវ​ដើរ​តួ​នាទី​ជួយ​ប្តី​បាន​ តែ​កុំ​ចា​ត់​ចែង​លើ​ការ​ងារ​របស់ប្តី​​​នៅ​ក្រសួង​។

សម្តេច​បន្ត​ថា មិន​មែន​អស់​លោក លោក​ជំទាវ​​ធ្វើ​អ្វី​ខ្ញុំ​មិន​ដឹង​នោះ​ទេ​ ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​និយាយ​ ព្រោះ​​មាន​មនុស្ស​​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​ត្អូញ​ត្អែរ ប្តី​ផង​ប្រពន្ធ​ផង​ កូន​នោះ​ផង​ ត្រួត​ត្រា​នៅ​ក្នុង​ក្រសួង​ដូច្នេះ​ល្ម​ម​ដក​ខ្លួន​ចេញ​ទៅ​បាន​
ហើយ​។ ​ក្រោយ​ឆ្នាំ​១៩៩៣​មិន​មែន​ទាំង​អស់​ទេ មាន​មួយ​ភាគតូច​ ខ្ញុំ​កត់​សំគាល់​ ប្រពន្ធ​រដ្ឋ​មន្ត្រី​ខ្លះ​​ដែល​ទើប​បាន​ទទួល​តំណែង​​បាន​ឡើង​មក​រៀប​ចំ​ការិយា​ល័យ​ឱ្យ​ប្តី​។ ទី​ចុង​បំផុត​រដ្ឋ​មន្ត្រី​ទាំង​នោះ​ធ្លាក់​ស័ក្តិ​ទាំង​អស់​។ ធ្វើ​របៀប​នេះ​ធ្វើ​បាប​ប្តី​​ទេ​ ណ៎​ា មិន​មែន​ជួយ​ប្តី​ទេ​។ កុំ​ក្រអឺត​ក្រទម​ កុំ​យក​ស្ថាប័ន​របស់​ជាតិ​ដែល​ប្តី​​កំពុង​ធ្វើ​ការ​ក្លាយ​ទៅ​ជា​កន្លែង​ចាត់​ការ​របស់​ប្រពន្ធ​។ នេះជា​បញ្ហា​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ វា​មាន​តិច​តួច​ទេ ប៉ុន្តែ​ត្រូវ​ស្តាប់​សំដី​របស់​មហា​ជន​អ្នក​នៅ​ក្រោម​ឱវាទ​ផង​។ ជួន​កាល​គេ​ថា ប្តី​មិន​បញ្ហា​ទេ ប៉ុន្តែ​យ៉ាប់​ប្រពន្ធ​ វា​យ៉ាប់​ពេក​ គេ​និយាយ​ត្រង់ៗ​។

សម្តេច​ថ្លែង​ថា ជួន​កាល​គេ​«បាទ»​នៅ​ទល់​មុខ​ហ្នឹង​ ប៉ុន្តែ​គេ​«បាទ»​ មិន​មែន​«បាទ»​ដោយ​ក្តី​គោរព​ស្រឡាញ់​យើង​ទេ«បាទ​» ទាំង​ទើស​ទាល់​ ដល់​ក្រោយ​ខ្នង​គេ​ជេរ​បញ្ជូន​ថែម​ទៀត​ផង​។ និយាយ​ត្រង់​ៗ​តែ​ម្តង​។ ទិវា​បុណ្យ​ខួប​នារី​ត្រូវ​និយាយ​លើក​នារី​ ប៉ុន្តែ​ក៏​មាន​នារី​ខ្លះ​ត្រូវតែ​និយាយ​ផង​ដែរ​ និយាយ​ឱ្យ​ហើយ​ ព្រោះ​ក្រែង​លោ​ថ្ងៃ​ក្រោយ​មិន​បាន​មក​កន្លែង​ហ្នឹង​ទៀត​ ព្រោះ​ពេល​ណា​មហា​ជន​គេ​ស្រែក​ច្រើន​ពេក​ខ្ញុំ​ក៏​ត្រូវ​បង្ខំ​ចិត្ត​ដែរ​ បង្ខំ​ចិត្ត​ឡើង​ជ្រញ់​ដក​ពីតំណែង​ដែរ ករណី​ហ្នឹង​។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ពី​ករណី​ប្រពន្ធ​លោក​រដ្ឋ​មន្ត្រីថា សូម​ជួយ​ប្តី​ក្នុង​ការ​ងារ​ តែ​កុំ​ឱ្យ​ចាត់​ចែង​ទៅ​លើ​ស្ថាប័ន​នោះ។​មាន​កន្លែង​ខ្លះ​​ជេរ​គេ​តែ​ម្តង​ ជេរ​គេ​តាំង​ពី​អ្នក​​បើក​បរ​រថ​យន្ត​។ មិន​មែន​ធម្មតា​ទេ ព័ត៌​មាន​ច្រើន​ណាស់​ យក​មន្ត្រី​បុគ្គ​លិក​ទៅ​បំរើ​ការ​នៅ​ឯ​ផ្ទះ​។ លើក​កំរិត​សមត្ថ​ភាព​ស្ត្រី​ឱ្យ​ខ្ពស់​ឡើង ក៏​ប៉ុន្តែ​លើក​កុំឱ្យ​ទៅ​ខុស​ជំនាញ ​ខុស​មុខ​ងារ​ រហូត​ទៅ​ដល់​លូក​ដៃ​ចាត់​ចែង​ការ​ងារ​របស់​ប្តី​នោះ​ទេ​។ សុំ​ផ្តាំ​ផ្ញើ​ប៉ុណ្ណឹង​ ជា​ប្រធាន​ស្ថាប័ន​នីតិ​ប្រតិ​បត្តិ​ត្រូវ​តែ​និយាយ បើ​យើង​មិន​និយាយ​ទុក​ឱ្យ​មន្ត្រី ខុស​ថ្ងៃ​ក្រោយ​។ បើ​មិន​ជឿ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហៅ​ប្រាំ​នាក់​​ចូល​បន្ទប់​ម្តង​ សួរ​ល​មើល​​ចេញ​អស់​រលីង​។ រឿង​នេះ​វា​អាច​ប៉ះ​ពាល់​មនុស្ស​មួយ​ចំនួន​ទៀត​ ក៏​ប៉ុន្តែ​វា​ក៏​ត្រូវ​​ចិត្ត​មនុស្ស​មួយ​ចំនួន​ធំ​ដែរ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!