Koh Santipheap Daily

Koh Santipheap Daily


ខ្មាន់កាំភ្លើង​​បើកការ​វាយប្រហារ​បន្ត​បន្ទាប់​​នៅ​ក្រុង​ការ៉ាជី​​ប៉ាគីស្ថាន​​ស្លាប់​​7នាក់

Posted: 05 Mar 2011 11:16 PM PST

ទីតាំងប៉ូលិសប៉ាគីស្ថានដែលរងការវាយប្រហារ

ប៉ូលិស​​៥​នាក់​បានត្រូវស្លាប់​​ និង​​២នាក់​ទៀត​រ​ងរបួស​នៅពេល​ខ្មាន់​កាំភ្លើង​មិន​ស្គាល់អត្ត​សញ្ញាណ​​​បើកការ​វាយប្រហារ​​កាលពីយប់ថ្ងៃទី​​៥ មីនា កន្លងមក ​ប្រឆាំង​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​ប៉ូលិស​​​នៅក្នុង​​ទីក្រុង​​កំពង់​ផែ​​ការ៉ាជី ភាគខាង​​ត្បូង ​ប្រទេស​ប៉ាគីស្ថាន ។​ ទីភ្នាក់​ងារ​ព័ត៌​មាន​ក្នុង​ស្រុកមួយរាយ​ការណ៍​ថា ​ការ​វាយប្រហារ​​​នោះកើតឡើង​នៅវេលា​ម៉ោង​​​១១​និង​​៣០នាទី​ម៉ោង​ក្នុងស្រុកនៅ​​តំបន់​ប្រជុំ​ជន Baldia ដោយខ្មាន់កាំភ្លើង​​​បានបាញ់​​រះទៅ​លើ​​ប៉ូលិស​​បន្ទាប់​មក​​រត់​គេចខ្លួន​ពី​កន្លែង​កើតហេតុ​​​ ។​
នៅក្នុង​​ឧប្បត្តិហេតុ​​​ដាច់ដោយ​​ឡែក​មួយ​ទៀត ​អ្នក​​ចេះ​ដឹង​កាន់​សាសនា​​អ៊ិស្លាម​​ម្នាក់ និង​​កូន​ប្រុសរបស់​​គេ​​​ត្រូវបាន​បាញ់ស្លាប់​នៅ​តំបន់​មួយក្នុង​​ទីក្រុង​​ការ៉ា​ជីដែរ ​កាលពីយប់ថ្ងៃទី​​​៥ មីនា ដូចគ្នា ៕

ឆេះ​ក្លឹប​កំសាន្ត​មួយ​នៅ​តៃ​វ៉ាន់​ស្លាប់9នាក់

Posted: 05 Mar 2011 11:16 PM PST

មនុស្សយ៉ាងហោចណាស់​​​៩​នាក់​បានស្លាប់ ​បាត់បង់ជីវិត និង​​​១១​នាក់ទៀត​​រង​របួស​នៅ​ក្នុង​​គ្រោះ​អគ្គីភ័យ​​​​ឆេះ​ក្លឹប​​កំសាន្ត​មួយ​នៅក្នុងទីក្រុង​តៃ​ជុង កោះតៃវ៉ាន់ ​កាលពីព្រឹក​​ថ្ងៃ​ទី​​​៦ មីនា ។ មន្ត្រី​​នានា​និយាយ​​​ថា មូលហេតុ​​​នៃការកើត​​គ្រោះ​អគ្គីភ័យ​​​​នេះ​ពាក់ព័ន្ធ​​ជាមួយនឹង​ការ​សម្តែង​​ក្នុង​ក្លឹប​​​នោះ ដែល​បង្ក​ឱ្យ​​ទុស្សេ​ខ្សែ​ភ្លើង ។​ គ្រោះអគ្គីភ័យ​​​ត្រូវ​បានពន្លត់​​ភ្លាមៗ ហើយ​​​សពជនរងគ្រោះ​ត្រូវបាន​រកឃើញ​នៅ​តាម​​ជាន់​​នានានៃ​​អគារ​ក្លឹប​​កំសាន្ត​នោះ ។ ​ទាក់​ទិន​​ទៅនឹង​​​គ្រោះអគ្គីភ័យ​នេះ​​មនុស្ស​​​២នាក់ត្រូវ​បាន​​ចាប់​សួរ​ចម្លើយ ៕

និស្សិត​ម្នាក់បើក​​រថយន្ត​បុកគ្នា​​ជា​មួយ​ម៉ូតូ​​ស្លាប់​​​​​ម្នាក់ របួស​​ធ្ងន់​​២នាក់

Posted: 05 Mar 2011 11:10 PM PST

​
​
​
​

រាជធានីភ្នំពេញ ៖ ​មនុស្សម្នាក់​​បានស្លាប់ បាត់បង់ជីវិត​​ភ្លាមៗ​នៅ​នឹងកន្លែង​ ហើយ​​​​២នាក់​​​ផ្សេងទៀត​​បានរង​របួស​​ធ្ងន់​​​ធ្ងរ ក្នុងហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​​​ដ៏រន្ធត់​មួយ​ដែលបាន​កើត​ឡើង​​នៅ​ចំណុចផ្លូវ​លេខ​​១៦៣ កែង​នឹង​លេខ​​៣៥០ សង្កាត់​​បឹង​កេង​កង​ទី​៣ ខណ្ឌ​ចំការមន ​​កាលពីវេលាម៉ោង​​​១០​និង​​​៤០នាទីយប់​ថ្ងៃទី​​៥ មីនា ​២០១១ ។​

ឧប្បត្តិហេតុ​​នៃគ្រោះថ្នាក់​​ចរាចរណ៍​​ខាងលើ​​បង្កឡើង​​ដោយ​សារ​រថយន្តម៉ាក​កាមរី ពណ៌​ស ពាក់​​ស្លាកលេខ ​ភ្នំពេញ 2F-0317 ​បើកបរ​ដោយ​​ឈ្មោះ​ហ៊ី ​សាយ័ន​វីរៈ​​ ភេទប្រុស ​អាយុ​​​២៤​ឆ្នាំ ជា​និស្សិត​​ ស្នាក់នៅ​​បណ្តោះអាសន្ន​​ក្នុងសង្កាត់​​អូឡាំពិក ខណ្ឌចំការមន ​បានបុកជាមួយ​អ្នក​ជិះ ម៉ូតូ​​មួយគ្រឿង​ឌុបគ្នា​​​៣នាក់ បណ្តាល​​ឱ្យ​អ្នក​​បើក​បរ​​ម៉ូតូ​​ម្នាក់​​ដួលបោក​ក្បាល​​ស្លាប់​​ភ្លាមៗ​នៅ​កន្លែង​​កើតហេតុ ​និង​​២នាក់ទៀត​រង​របួសធ្ងន់​ ត្រូវបញ្ជូន​​​ទៅសង្គ្រោះ​នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត។

តាមប្រភព​​ព័ត៌​មាន​នៅកន្លែងកើតហេតុ​​​បាន​ឱ្យ​​ដឹ​ងថា មុនពេល​កើត​ហេតុ ​អ្នកបើក​បរ​​រថ​យន្ត​​ខាងលើ​បាន​បើក​​រថយន្ត​​ធ្វើដំណើរ​​លើ​កំណាត់​ផ្លូវ​​លេខ​​១៦៣ ក្នុងទិសដៅ​​ពី​ជើង​ទៅ​ត្បូង​​ លុះ​ដល់​ចំណុចផ្លូវ​កែ​ងលេខ​​​៣៥០ ក៏​វាក់ជាមួយ​អ្នក​ជិះ ម៉ូតូ​​ម៉ាកអាយខុន ពណ៌ផ្កាឈូក ​ដែលជិះ​​ឌុបគ្នា​​៣នាក់ ​បណ្តាល​ឱ្យ​​អ្នកជិះម៉ូតូ​​ដួលបោក​ក្បាល​ស្លាប់ និង​​របួសធ្ងន់​​​ទាំងអស់គ្នា ។ ដោយឡែក​​រថ​យន្ត​​ជ្រុល​​​ល្បឿន​​ទៅបុករ៉ឺម៉ក​​ម៉ូតូ​ដែលឈប់ចត​ស្ងៀម​​នៅចិញ្ចើម​​​ផ្លូវ​ខាង​​ឆ្វេង​ ហើយជ្រុល​​ល្បឿន​​ទៅ​បុក​ផ្ទះ​​​​លេខ​​៤៣២ ​ក្បែរកន្លែង​​​កើត​ហេតុ​នោះ​បណ្តាល​ឱ្យ​​​​ខូចខាត​​​​ទ្វារ​ផ្ទះ​​អស់​មួយ​ចំហៀង​ទើប​រថយន្ត​​អស់​ល្បឿន​​​ឈប់ស្ងៀម​​លែង​ទៅមុខ​​រួច។ ​ក្រោយ​ពេល​កើតហេតុ​​​ សមត្ថកិច្ចជំនាញ​បានចុះ​ទៅ​​​វាស់វែង​​ស្ទូច​​យក​រថយន្ត​​​បង្កហេតុ​​ និងម៉ូតូ​អ្នក​​រង​គ្រោះ​ទៅរក្សាទុកនៅ​ក្នុង​​ការដ្ឋាន​​នគរ​បាល​​រាជធានី​​ភ្នំពេញ ដើម្បី​​ចាត់ការ​តាមច្បាប់ ។ ​លើសពីនេះ​​ទៅទៀត ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​​​អ្នក​បើកបរ​​​រថយន្ត​​បង្ក​ឈ្មោះ​​ហ៊ី ​សាយ័ន​វីរៈ ​នាំ​ទៅកាន់ការិយាល័យ​​​ជំនាញ​​ដើម្បី​​ចាត់ការ​​​តាម​ច្បាប់​​​ផងដែរ ។

សូមបញ្ជាក់​ថា ​អ្នកស្លាប់​​​ក្នុងហេតុការណ៍​​គ្រោះថ្នាក់​​​ចរាចរណ៍​​ខាងលើនេះ​​ឈ្មោះ​​​អេម សុភារុន ​អាយុ​​​​២២​ឆ្នាំ ​មានស្រុក​កំណើតនៅ​​ខេត្ត​កំពង់ធំ ​​​ហើយ​ស្នាក់នៅ​​បណ្តោះ​អាសន្ន​​ក្នុង​រាជ​ធានីភ្នំពេញ ។ ​ប៉ូលិសដែល​​ចុះទៅពិនិត្យ​​ហេតុ​ការណ៍ខាងលើ​​​នេះ​ពុំទាន់បាន​​​​ដឹង​ថា ភាគីទាំង​​​សង​ខាង​​ក្នុងហេតុការណ៍​​​គ្រោះថ្នាក់​​​​ចរាចរណ៍​​ធ្វើ​ដំណើរ​​ចេញ​ពី​​​​ណា​បំណងឆ្ពោះទៅ​​​ណាឡើយ ទាំង​​​កណ្តាលអធ្រាត្រ​​​ដូច្នេះ ។ ប៉ុន្តែប៉ូលិស​និយាយ​ថា​​​ភាគីទាំង​​សង​ខាង​ស្រវឹង​ស្រា​ដូចគ្នា ៕

7នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ដក​ហូត​ម៉ា​ទឹក​កក​39កញ្ចប់

Posted: 05 Mar 2011 10:55 PM PST

អ្នកជួញដូរថ្នាំដែលត្រូវឃាត់ខ្លួន
អ្នកជួញដូរថ្នាំដែលត្រូវឃាត់ខ្លួន

រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ចំនួន​៧​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ត​បន្ទាប់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ខណ្ឌ​ប្ញស្សី​កែវ និង​ខណ្ឌ​ទួល​គោក ក្នុង​រវាង​ថ្ងៃ​ទី​៤ និង​ទី​៥ មីនា ហើយ​ក៏​បាន​ដក​ហូត​ម៉ា​ទឹក​កក​បាន​ចំនួន​៣៩​កញ្ចប់​ផង​ដែរ។
ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​នេះ គឺ​ជន​សង្ស័យ​៣​នាក់​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក សហ​ការ​ជា​មួយ​កម្លាំង​ការិយា​ល័យ​គ្រឿង​ញៀន​​នៃ​កង​រាជ​​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៤ មីនា និង​ដក​ហូត​បាន​គ្រឿង​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន​២៤​កញ្ចប់ ដែល​ក្នុង​នោះ​មាន​២៣​កញ្ចប់​តូច និង​១​កញ្ចប់​ធំ។
ជន​សង្ស័យ​ដែល​​ត្រូវ​ចាប់​ខ្លួន ១-​ឈ្មោះ​ញឹក រិន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​អ្នក​រើស​អេត​ចាយ, ២-​ឈ្មោះ​ហ៊ាន ឈឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អ្នក​រើស​អេត​ចាយ។ អ្នក​ទាំង​២​នាក់​ជា​ប្តី​ប្រពន្ធ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្រុម​ទី​១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ, ៣-​ឈ្មោះ​ញ៉ែម ចំរ៉ុង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​កម្ម​ការិនី​ មាន​ទីលំនៅ​ផ្ទះ​ជួល​​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។ នៅ​ក្នុង​ការ​ឃាត់​ខ្លួន​នោះ​សមត្ថ​កិច្ច​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន​១៥​កញ្ចប់​តូច។
មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ឃាត់​ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ សមត្ថ​កិច្ច​បាន​ទៅ​សហ​ការ​ជា​មួយ​ការិយា​ល័យ​គ្រឿង​ញៀន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ឈាន​ទៅ​ឆែក​ឆេរ​លំនៅ​ឋាន​នៅ​ចំណុច​​ផ្ទះ​ជួល​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ នៅ​បន្ទប់​ផ្ទះ​ជួល​លេខ​១៦១F ក្រុម​ទី​១៥ ភូមិ​ទួល​​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​ និង​ឃាត់​ខ្លួន​បាន​អ្នកជួញដូរ​​៤​នាក់​ទៀត​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ មីនា ២០១១ ហើយ​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​១៥​កញ្ចប់ ដែល​ក្នុង​នោះ​មាន​១៤​កញ្ចប់​តូច និង​១​កញ្ចប់​ធំ។
ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ១-​ឈ្មោះ​អ៊ិន ស្រ៊ុន ហៅ​ដេក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ, ២-​ឈ្មោះ​អ៊ិន សុទ្ធារី ហៅ​សិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស, ៣-​ឈ្មោះ​អ៊ិន ទេព ហៅ​សយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស និង​៤-​ឈ្មោះ​អ៊ិន ចាន់​ថុល ភេទ​ស្រី អាយុ​៤២​ឆ្នាំ អ្នក​ទាំង​៤​នាក់​ត្រូវ​ជា​បង​ប្អូន និង​ម្តាយ​មីង មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​១៦១F ដែល​ជា​ផ្ទះ​ត្រូវ​ឃាត់ខ្លួន​ខាង​លើ៕

និស្សិត​ស្រី​អាយុ​20ឆ្នាំ​ធ្វើ​ប្រមុខ​​ប៉ូលិស​ក្រុង​​ម៉ិច​ស៊ិក​​មួយ​រត់ទៅ​អាមេរិក

Posted: 05 Mar 2011 10:55 PM PST

មេប៉ូលិសវ័យក្មេងម៉ិចស៊ិក

នាង MARISOL VALLES និស្សិតស្រី​​ម្នាក់ដែល​​ត្រូវបាន​តែង​តាំង​ជា​ប្រមុខ​ប៉ូលិសក្រុង PRAXEDIS GUADALUPE GUER-RERO ជាទីក្រុង​​មួយ​មានប្រជាជន​​១០.០០០​នាក់ ស្ថិត​នៅ​​ភាគខាង​កើត​​រដ្ឋ CHIHUAHUA កាលពីខែតុលា​កន្លងមក​នេះ ព្រោះតែ​​គ្មាន​​នរណា​​ហ៊ាន​​ឈរឈ្មោះ​​ធ្វើប្រមុខ​​ប៉ូលិស​ទីក្រុងនេះ​ទីបំផុត​​នាង​បាន​សម្រេច​សុំ​សិទ្ធិ​ជ្រកកោន​​នៅ​​សហរដ្ឋអាមេ​រិក​​ ក្រោយ​ការ​​គំរាមកំហែង​​នានា​មក ។​
នាង MARISOL VALLES អាយុ​​២០​ឆ្នាំ បានទៅ​កាន់​សហរដ្ឋ​អាមេរិក​​ជាមួយ​សមាជិក​គ្រួសារ​​នាង​​២នាក់ ​ហើយបានស្នើ​​សុំ​សិទ្ធិជ្រក​កោន​​​ខាងនយោបាយ ​ពីព្រោះ​នាង​បាន​ទទួល​ការ​គំរាម​​សម្លាប់​​​​​ពីសំណាក់​ក្រុម​​​​​ឧក្រិដ្ឋ​​ជន​មួយ​ដែល​ចង់​​បង្ខំ​​នាង​ឱ្យធ្វើការ​​សម្រាប់​ក្រុមគេ​។
កាលពីខែ​តុលា​កន្លង​មក​នេះ នាង MARISOL និស្សិត​ខាង​ការ​សិក្សា​ឧក្រិដ្ឋ​កម្ម​នៅ​ទីក្រុង​ CIUDAD JUAREZ បានយល់ព្រម​​ទទួល​យក​អម្រែក​​ដ៏​​ធ្ងន់នេះ​ធ្វើ​មេ​​ប៉ូលិសទីក្រុង PRAXEDIS GUADALUPE GUER-RERO ដែល​​ពួក​ឧក្រិដ្ឋ​​ជនគ្រឿងញៀន​មាន​​អំណាច​ខ្លាំង​ ។ អភិបាល​​ក្រុង​នេះ និង​​កូន​ប្រុស​​​ត្រូ​វគេ​សម្លាប់​​ជាមួយគ្នា កាលពីខែ​​មិថុនា កន្លង​មក​នេះ​ ។
ការចាកចេញរបស់នាង MARISOL VALLES ទៅកាន់​សហរដ្ឋ​អាមេរិក កើតមាន​​ក្រោយពី​​ការចាប់​ពង្រត់​​កាលពី​ថ្ងៃទី​​​២៦ ធ្នូ នូវ​នាង ERIKA GANDARA ប៉ូលិសស្ត្រី​​តែម្នាក់​​គត់​នៃ​ភូមិ​​ជិត​ខាង​មួយ​របស់​​នាង​ រួច​នារី​ប៉ូលិស​​រូបនេះ​បាត់ខ្លួន​រហូត ។ ទីក្រុង CIUDAD JUAREZ ជាទីក្រុង​​សំខាន់​របស់​រដ្ឋ​ CHIHUAHUA មាន​ប្រជាជន​​១លាននាក់ នៅ​ជាប់​​ព្រំដែន​​អាេមរិក ​​​មាន​អំពើ​​ហិង្សា​​ខ្លាំង​ជាង​គេ​បំផុតនៅ​​ម៉ិចស៊ិក​​ជាមួយ​មនុស្ស​ស្លាប់ជាង​​​៣.១០០​នាក់ ​កាលពី​ឆ្នាំ​២០១០ ៕

រថយន្តបឺស​ពន្លះជា​មួយ​កាំមីញ៉ុង​នៅភាគ​ខាង​ត្បូង​ប្រេស៊ីលស្លាប់​​26នាក់

Posted: 05 Mar 2011 10:39 PM PST

មន្ត្រី​នានា​និយាយ​ថា​ រថយន្ត​បឺស​ដឹក​អ្នក​ដំណើរ​មួយគ្រឿង​បានបុកគ្នា​ជាមួយរថយន្ត​កាំ​មី​ញ៉ុង​​ដែលដឹក​​ឈើ​ពេញ​​មួយគ្រឿង​នៅ​​តំបន់ភាគ​ខាង​ត្បូង​ប្រទេស​ប្រេស៊ីល កាលពីថ្ងៃទី​​​៥ មីនា កន្លង​​មក បណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​​២៦​នាក់ និង​​​២១​នាក់ទៀត​រង​របួស​ដោយ​​មួយចំនួន​របួសធ្ងន់​ធ្ងរ ។​ ប៉ូលិសនៅក្នុង​រដ្ឋ Santa Catarina ភាគ​ខាង​ត្បូង​​​ប្រទេស​ប្រេស៊ីល​​និយាយ​ថា រថយន្ត​បឺស​​ធ្វើដំណើរ​​​ពីត្បូង​ទៅជើង​នៅ​លើ​ដង​ផ្លូវ​មួយ​ដោយ​រថយន្ត​​បឺស​នេះ​ដឹកអ្នក​​​ដំណើរ​​ពេញ​ទៅ​​ចូលរួម​ក្នុង​​ព្រឹត្តិ​ការណ៍​មួយ​​ ហើយ​រថយន្ត​​កាំ​មីញ៉ុង​​​នោះធ្វើដំណើរ​​ផ្ទុយ​​គ្នា​បានបុកគ្នា​​​ពេញ​ទំហឹង​លាន់ដូចរន្ទះ ។ ភាគ​ច្រើន​​​នៃ​អ្នក​​​ស្លាប់​​ជា​អ្នក​ធ្វើ​​ដំណើរ​​តាម​រថយន្ត​បឺស ។​
គេមិន​បានដឹង​ពីមូលហេតុ​ដែល​នាំ​ឱ្យ​​រថយន្ត​ទាំង​ពីរគ្រឿង​នោះបុកគ្នា​ឡើយ​ ៕

កង​កម្លាំង​​លោកកាដាហ្វី ប៉ង​វាយ​​​ដណ្តើម​​​យក​ក្រុង​​​ ZAOUIAH ពួកបះបោរ​​រុល​ទៅ​​ទិសខា​ងលិច

Posted: 05 Mar 2011 10:39 PM PST

ពួកបះបោរលីប៊ីដែលមានរថក្រោះ​ និងកាំភ្លើងបាញ់យន្តហោះ

ពួកបះបោរ​​លីប៊ីនិយាយ​ថា បានវាយ​រុញ​ច្រាន​​កាលពីថ្ងៃទី​​​៥ មីនា នូវ​ការ​វាយប្រហារ​​​២​លើក​​​របស់កង​​កម្លាំង​លោក​​មូអាម៉ា កាដា​ហ្វី លើ​​ទីក្រុង ZAOUÏAH ចម្ងាយ​​​៥០គីឡូម៉ែត្រ ​ខាង​លិច​​​ទីក្រុង​ទ្រីប៉ូលី ចំណែក​​​ពួក​ឧទ្ទាម​​វិញ បាន​លើកគ្នា​​​​ពីទិស​ខាងកើត​​រុល​ឆ្ពោះទៅ​កាន់ទីក្រុង​​កំណើត​​របស់​​លោក​កា​ដាហ្វី គឺទីក្រុង​​ SYRTE។ រដ្ឋធានី​​គឺជា​ទិសដៅ​របស់ពួក​ឧទ្ទាម​​ដែល​កាលពីថ្ងៃទី​​៤ មីនា ​កន្លង​មកនេះ ​បានវាយ​ដណ្តើម​​​ត្រួតត្រា​​​ទីក្រុង​​កំពង់ផែ​ RAS LANOUF និង​ទីតាំង​​ប្រេង​កាត​​សំខាន់​​របស់​ក្រុង​នេះ ។ ពួក​ឧទ្ទាម​​ក៏និយាយ​ដែរ​ថា បាន​ដណ្តើម​​យកទីក្រុង​​ BEN  DJAOUAD ចម្ងាយ​​៥២៥គីឡូម៉ែត្រ ​ខាងកើត​​ក្រុង​ទ្រីប៉ូលី ​ហើយលើកគ្នា​​សំដៅ​ទីក្រុង​​ SYRTE ជាទីក្រុង​​កំណើត​​លោកកាដា​ហ្វី ។​
រថក្រោះ​​ទាំង​ឡាយ​​របស់កង​កម្លាំង​​លោក​កា​ដាហ្វី ​បាន​លុក​លុយចូល​​​​​ទីក្រុង ZAWI-YAH ។ ទីក្រុង​នេះ​ត្រូវ​ឡោម​ព័ទ្ធ​ហើយ​​យោង​តាម​​​​គ្រូ​ពេទ្យ​​ម្នាក់នៃ​ទីក្រុងនោះ​​ថា ពួក​ឧទ្ទាម​​នៅ​កាន់​កាប់​ភាគ​កណ្តាល​​ក្រុង​​​ ។ ពួក​ទាហានស៊ី​ឈ្នួល​​​បាន​បាញ់ប្រហារ​លើ​​ពួក​អ្នកដែល​​​ហ៊ាន​​ចេញក្រៅ​ផ្ទះ​ មាន​មនុស្ស​​​ស្លាប់​យ៉ាង​ច្រើន​​​ក្នុង​​ក្រុងនេះ ។​
នៅក្រុង​​បេ​ន​ហ្គាហ្ស៊ី ជាទីតាំង​​ធំរបស់​ពួក​បះបោរ​​ ហើយ​​ជាទីក្រុង​​ធំទី​២​របស់​​​ប្រទេស​មនុស្ស​យ៉ាង​តិច​​​២៧​នាក់ស្លាប់​ និងជា​ច្រើន​​សិប​នាក់ទៀត ត្រូវ​របួស ក្នុងការ​ផ្ទុះ​​២ ដែលពុំ​​​ទាន់​ដឹក​​ពី​ប្រភពក្នុង​​កន្លែង​​ស្តុក​​អាវុធ ។​
ពួកបះបោរ​​អះអាង​ថា ​បាន​បាញ់​ធ្លាក់​យន្ត​ហោះ​​​មួយ​គ្រឿង​​របស់កង​​កម្លាំង​​ដែល​ស្មោះ​ត្រង់​នឹង​​​លោក​​​កាដា​ហ្វី នៅជិត​ទីក្រុង​​ RAS LANOUF ភាគខាង​កើតប្រទេស​ ហើយ​​សម្លាប់​​អ្នកបើក​​​២នាក់ ។​
ក្រុមប្រឹក្សាជាតិ​​ ដែល​បង្កើត​ឡើង​ដោយ​ពួក​​បះបោរ​​នៅ​​លីប៊ី ​ប្រកាស​ថា ខ្លួន​គឺជា​​​សំណាង​តែ​មួយគត់របស់​លីប៊ី ​ក្រោយពី​កិច្ចប្រជុំ​​​លើក​ដំបូង នៅទីក្រុង​​បេនហ្គា​ហ្ស៊ី ៕

អារ៉ាប៊ី​សាអូឌីត​​ព្រមាន​ថា ខ្លួននឹង​​មិន​អត់​ឱន​ដល់បាតុកម្ម

Posted: 05 Mar 2011 10:35 PM PST

បាតុកម្មរបស់ពួកស៊ីអ៊ីតអារ៉ាប់ប៊ីសាអូឌីត

អាជ្ញាធរ​​​អារ៉ាប៊ី សាអូឌីត ​ឱ្យ​​ដឹង​កាលពីថ្ងៃ​ទី​​៥ មីនា ​ថា ខ្លួន​នឹង​មិន​​អត់​ឱន​​ដល់​បាតុកម្ម​ណា​មួយឡើយ ​បន្ទាប់ពី​​បាតុកម្ម​​មានកម្រិត​​​នានា​ដែល​កើតមាន​រយៈ​ពេល​ប៉ុន្មាន​​​ថ្ងៃចុងក្រោយ​​​​នេះ​នៅក្នុង​ប្រទេស​មក ។​ ក្រសួង​​មហា​​ផ្ទៃ​​អារ៉ាប៊ីសាអូឌីត ​​រំលឹក​ថា ច្បាប់របស់​ប្រទេស​​ហាមឃាត់​ទាំងស្រុង​​នូវបាតុ​កម្ម​ គ្រប់​ប្រភេទ​ដោយ​បញ្ជាក់​ថា កង​កម្លាំង​​​សន្តិ​សុខ​​នឹង​រាំង​ខ្ទប់​គ្រប់រូបភាព​​នៃ​ការ​បង្ក​​ចលាចល​​ប៉ះពាល់​​ដល់​ស​ណ្តាប់ធ្នាប់​​​​សាធារណៈ ។​
រយៈ​ពេល​​ប៉ុន្មានថ្ងៃ​ចុងក្រោង​នេះ ​ពួកបាតុ​ករ​ជា​សមាជិក​របស់ពួក​​ស៊ីអុីត​ ដែលមានភាគ​តិច​​នាំគ្នា​​​​ដើរ​ហែក្បួន​នៅភាគខាង​​លិចប្រទេស​ ហើយ​បើ​​យោងតាម​ពួកប្រឆាំង​​ថា បាតុកម្ម​តូច​មួយ​បានប្រព្រឹត្ត​​​ទៅ​កាលពីថ្ងៃទី​​​៤ មីនា ​កន្លង​មក​នេះ ​នៅព្រះវិហារ​​​មួយនៃទីក្រុង​​រីយ៉ាដ ។ ពួកស៊ីអុីត ​ដែល​ភាគច្រើន​​រស់នៅ​​ភាគខាង​កើត​ប្រទេស​​បានធ្វើការ​​តវ៉ា​​ប្រឆាំង​នឹង​ការរើស​អើង​​ហើយទាមទារ​ឱ្យ​​ដោះលែង​ពួកអ្នកទោស​​ដែល​ជាប់​​ឃុំឃាំង​​ដោយ​គ្មានការ​កាត់​ទោស ៕

ប្រទេស​រុស្ស៊ី​​ជ្រើសរើស​​បានបវរ​កញ្ញា​ប្រចាំ​​ឆ្នាំ​​2011

Posted: 05 Mar 2011 10:35 PM PST

បវរកញ្ញារុស្ស៊ីប្រចាំឆ្នាំ២០១១

នាង Natalya Kantemurova អាយុ​១៩​ឆ្នាំ កម្ពស់​​​១,៧៥​ម៉ែត្រ បានទទួលជ័យ​​ជំនះ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​បវរកញ្ញា​​ប្រចាំ​ឆ្នាំ​​២០១១ របស់​ប្រទេស​រុស្ស៊ី ។ ពិធីប្រកួត​ត្រូវបានរៀបចំ​ឡើង​​នៅក្នុង​​ទីក្រុងម៉ូស្គូ ​កាលពីថ្ងៃទី​​​៥ មីនា កន្លង​មក ។​ នាង Natalya Kantemurova ជា​នារី​ស្រស់​ស្អាត​​ម្នាក់​​រស់នៅក្នុងទីក្រុងម៉ូស្គូ ​បានយក​ឈ្នះ​​លើនារី​​៥០​នាក់ ​មកពីទូទាំង​ប្រទេស​រុស្ស៊ី ​ដែល​បាន​ចូលរួម​ក្នុងការប្រកួត​​នោះដែរ ។​
នាង Natalya ​និយាយ​ថា នាង​មានក្តី​​រីក​រាយ​​​ណាស់ ដែល​​​ពេលនេះ​នាង​​បានក្លាយជា​​បវរ​កញ្ញា​​ប្រចាំ​ឆ្នាំ​​២០១១ របស់​ប្រទេស​រុស្ស៊ី ។​
ក្រោយ​ពី​​បានទទួលជ័យជំនះ​​ជា​បវរ​កញ្ញា​​​ប្រចាំ​ឆ្នាំ​២០១១ របស់ប្រទេស​រុស្ស៊ី នាង Natalya នឹង​ធ្វើជា​បេក្ខនារី​​តំណាង​ប្រទេស​រុស្ស៊ី សម្រាប់​ចូលរួមក្នុងការប្រកួតជ្រើសរើស​​​បវរ​កញ្ញា​​ជាលក្ខណៈ​អន្តរជាតិ​ដែលនឹង​​រៀបចំឡើង​នា​ពេលខាង​មុខ​នេះ ៕

នាយករដ្ឋ​មន្ត្រី​​ឡាវ​នឹង​បំពេញ​ទស្សន​កិច្ច​​រយៈ​ពេល​​​២ថ្ងៃ​​​​​នៅកម្ពុជា​​ទី​​៧ ដល់​​​៨ មីនា

Posted: 05 Mar 2011 10:32 PM PST

រាជធានីភ្នំពេញ ៖ ​នាយករដ្ឋ​មន្ត្រីនៃ​សាធា​រណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក​ថង​ស៊ីង ថម​ម៉ាវង្ស ​នឹង​មក​បំពេញ​ទស្សនកិច្ច​​ផ្លូវ​ការ​​រយៈ​ពេល​​​២​ថ្ងៃនៅប្រទេស​កម្ពុជានា​ថ្ងៃទី​​​៧ ដល់ថ្ងៃទី​៨ មីនា ឆ្នាំ​២០១១ ខាង​មុខនេះ ។ នេះ​បើ​យោង​តាម​​គេហទំព័រ​​ជាភាសា​អង់គ្លេស​​របស់ក្រសួង​​ការបរទេស និង​​សហប្រតិបត្តិការ​​អន្តរជាតិ​​របស់​​​ប្រទេស​កម្ពុជា​​ចេញផ្សាយ​​​ឱ្យ​ដឹង​​នាពេលកន្លងមក​​ ។​
គេហទំព័រ​​ដដែលបាន​បញ្ជាក់​​ថា នៅ​ក្នុង​​ដំណើរទស្សនកិច្ច​​​របស់​​​លោក​នាយករដ្ឋ​មន្ត្រី​​ឡាវ​ក្នុងប្រទេស​កម្ពុជា តាម​ការអញ្ជើញ​របស់​​សម្តេច​​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​នាពេលខាង​មុខនេះ ​លោកថង​ស៊ីង ថម​ម៉ាវង្ស នឹង​ចូល​ក្រាប​បង្គំ​​គាល់​ព្រះករុណា​ ​​សម្តេច​ព្រះបរម​នាថ នរោត្តម សីហ​មុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា នៅឯ​ព្រះ​បរម​រាជ​វាំង​ក្នុង​រាជ​​​​ធានី​ភ្នំពេញ ។ ក្រៅ​​​ពីនោះ​លោក​​នាយករដ្ឋ​មន្ត្រី​​ឡាវ នឹង​ចូល​ជួបសម្តែង​​ការគួរសម ​និង​សវនា​ការ​​ដាច់ដោយឡែក​​ពីគ្នា ជា​​មួយប្រធាន​​ព្រឹទ្ធ​សភា សម្តេច ជា ស៊ីម ​ប្រធានរដ្ឋសភា ​សម្តេច​ហេង សំរិន ​និង​ចូលរួម​សវនាការ និង​​ពិភាក្សា​​ការងារ​ជាមួយសម្តេច​អគ្គមហាសេនាបតីតេជោ​​ហ៊ុន សែន ព្រមទាំង​​អញ្ជើញ​ទៅ​ទស្សនា​សារ​មន្ទីរ​​ជាតិផងដែរ ៕

ក្លឹប​អ្នកកាសែត​កម្ពុជានឹងរៀបចំ​​​វេទិកា​តុ​មូល​ស្តីពីសារ​ព័ត៌​មាន​​ និង​តួនាទី​​លើក​កម្ពស់​​​សិទ្ធិ​មនុស្ស

Posted: 05 Mar 2011 10:32 PM PST

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​​​​ថ្ងៃទី​​៥ មីនា ​២០១១ ដែលកោះ​សន្តិភាព​​ទទួល​បាន​ឱ្យ​​ដឹង​ថា ​ដោយមានការ​​​ឧបត្ថម្ភ​​ពីប្រតិភូ​​សហភាពអឺរ៉ុប​​ប្រចាំ​នៅ​​កម្ពុជា​​ក្លឹប​អ្នក​កាសែត​​កម្ពុជា​នឹង​រៀបចំវេទិកា​​ពិភាក្សា​​​ក្រោម​ប្រធានបទ​​ (សារ​ព័ត៌​មាន​​ និងតួនាទីក្នុង​ការ​លើក​កម្ពស់​​សិទ្ធិ​មនុស្ស​​) គ្រោង​​​នឹងធ្វើនៅ​ថ្ងៃទី​​១០ មីនា ​​២០១១ នៅសណ្ឋគារ​ឡឺរ៉ូយ៉ាល់ ​ដើម្បី​​ឱ្យ​​​អ្នកសារ​ព័ត៌ មាន​​​បានយល់ដឹង និង​ពិភាក្សា​​​បន្ថែម​​លើ​​ស្ថានភាព​សិទ្ធិមនុស្ស​​នៅ​កម្ពុជា ​​ព្រមទាំង​​តួនាទី​របស់​អ្នកសារ​ព័ត៌​មាន​​ក្នុង​ការ​​លើកកម្ពស់​​សិទ្ធិ​មនុស្ស​ ជាពិសេស​​សិទ្ធិស្ត្រី សិទ្ធិ​កុមារ​​​ជាដើម ។​
ក្លឹបអ្នកកាសែត​​កម្ពុជា​បន្ត​ថា វេទិកា​នេះ នឹង​មានការអញ្ជើញ​ចូលរួម​ពី​​វាគ្មិន​​សំខាន់​ៗ​ដូចជា ​លោក​រ៉ា ហ្វែល ដូចូវ ម៉ូរឺណូ (Rafael Dochao Moreno) ភារៈធារី​​ប្រតិភូ​​សហភាពអឺរ៉ុប​ប្រចាំ​នៅ​​ព្រះរាជាណាចក្រ​ក​ម្ពុជា មន្ត្រី​​រាជ​រដ្ឋាភិបាល ​និង​មន្ត្រីជំនាញ​​​ផ្នែកសិទ្ធិ​មនុស្ស​​​មកពីអង្គការ​​​មិន​មែន​រដ្ឋាភិបាល​​នានា ។​
នៅក្នុងគម្រោង​​នេះ​មានអ្នក​កាសែត​​៥០នាក់ ដោយរួមទាំង​​អ្នកកាសែត​​​មកពី​បណ្តា​ខេត្ត​​ចំនួន​​២០នាក់​​ផង នឹង​ទទួលបាន​ការ​បណ្តុះ​​បណ្តាល​ដោយ​អ្នក​​ច្បាប់​ អ្នក​ឯកទេស​​ខាង​សិទ្ធិ​​មនុស្ស និង​​​អ្នកកាសែត​​កម្ពុជា​ដែល​មាន​បទ​ពិសោធន៍​លើ​ផ្នែក​​​នេះ ៕

បាញ់​​៧គ្រាប់​​ប្លន់​លុយពីជនជាតិចិន​​យក​​អស់​​៤ពាន់​ដុល្លារ​​ ខណៈទើប​​ឈ្នះ ល្បែង

Posted: 05 Mar 2011 07:38 PM PST

រាជធានីភ្នំពេញ ៖ ​បុរសជនជាតិ​​ចិន​​ម្នាក់​បានរង​របួស​យ៉ាងធ្ងន់ធ្ងរ​​ដោយ​សារ​អំពើ​បាញ់​​ប្រហារ​ប្លន់​យក​​កាបូប​ប្រាក់ពី​សំណាក់​​ខ្មាន់​កាំភ្លើង​មិនស្គាល់​​អត្តសញ្ញាណ​​មួយក្រុម​​បាញ់​ត្រូវ​ចំនួន​​៣គ្រាប់​​​ បណ្តាល​ឱ្យ​​រ​ង​របួស​​យ៉ាងធ្ងន់ធ្ងរ​​នៅ​តាម​​បណ្តោយផ្លូវ​​លេខ​​២៨២ ​សង្កាត់​បឹង​កេង​កង​ទី​​១ ខណ្ឌ​ចំការមន ស្ថិតនៅ​​ចំណុច​​មុខក្លឹប​​មេហ្គា​ កាលពីវេលាម៉ោង​​​១១​និង​​​៣០​នាទី​យប់ថ្ងៃទី​​៤ កុម្ភៈ ​ឆ្នាំ​២០១១ ។​

បុរស​រង​គ្រោះ​​ក្នុងអំពើបាញ់​ប្រហារ​​ខាងលើ ឈ្មោះ​​យោវ យ៉ុន​យ៉ាង អាយុ​​៣៤​ឆ្នាំ ​ស្នាក់នៅ​​​ស្រុក​​ខ្មែរ ក្នុង​នាមជា​ភ្ញៀវ​ទេសចរ​​ និង​ជួល​ផ្ទះ​​​​ស្នាក់គេ​នៅ​​សង្កាត់​វាល​វង់ ខណ្ឌ​​៧​មករា ។ មុន​ពេល​​កើតហេតុ​​ ​ឈ្មោះយោវ យ៉ុនយ៉ាង បាន​​​ជិះ​ម៉ូតូ​​​ទុក ទុក ​(កង់បី) មួយគ្រឿង​​​ចេញពីលេ​ង​ល្បែង​​​​នៅកាស៊ីណូ​​​ ​ជា​មួយនារីជន​ជាតិ​ចិន​ម្នាក់​ទៀត​​​ជាមិត្ត​ភក្តិនឹងគ្នា ។ លុះ​ធ្វើ​ដំណើរ​​មក​ដល់​មុខក្លឹប​​មេហ្គា ឈ្មោះយោវ យ៉ុន​យ៉ាង ​និង​មិត្ត​ស្រី​ឈ្មោះ​​​យូ លី ​​ក៏បាន​​ឱ្យ​ម៉ូតូ​​កង់បី​​​ឈប់ ហើយ​ចុះ​​ពីលើ​ម៉ូតូ​​បំណង​​ចូល​ច្រៀង​​ខារ៉ាអូខេនៅក្លឹប​​មេហ្គា ។ ប៉ុន្តែ​​​​ខណៈ​​​នោះ ស្រាប់តែ​​មានជន​មិន​ស្គាល់​​​អត្ត​សញ្ញាណ​​២នាក់ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌ខ្មៅ ​មួយ​គ្រឿង​​មកឈប់​​ទន្ទឹម​ ហើយ​ដក​អាវុធខ្លី​​ភ្ជង់​ប្លន់​​​យកកាបូប​​​ប្រាក់​ពីឈ្មោះយូលី ជា​ហេតុ​បណ្តាល​​ឱ្យឈ្មោះ​​យោវ យ៉ុនយ៉ាង ​​ឃើញ​ក៏​ស្ទុះ ​​ទៅជួយ ហើយត្រូវ​​​ក្រុម​ចោរ​បាញ់​​​ចំនួន​៧គ្រាប់ ​បណ្តាល​ឱ្យ​​​រង​របួស​ ត្រូវ​ឈ្មោះ​​​យោវ យ៉ុន​យ៉ាង ​​ចំនួន​​៣គ្រាប់ ​​ចំ​ជើង​​​ទាំង​សង​ខាង​​ បច្ចុប្បន្ន​​កំពុង​សម្រាក​​ព្យាបាល​​​របួសនៅ​មន្ទីរពេទ្យ​​កាល់ម៉ែត ។​

តាមប្រភពព័ត៌​មាន​​ពីសមត្ថកិច្ច​​មូលដ្ឋាន​បាន​ឱ្យ​​ដឹង​ថា ក្នុង​​អំពើបាញ់​​ប្រហា​រខាងលើ​​​នេះ​ក្រុម​​ចោរ​ប្លន់​​យកបាន​​ប្រាក់ពី​​ឈ្មោះ​​យោវ យ៉ុនយ៉ាង ចំនួន​​​៤ពាន់​ដុល្លារ ​ជាប្រាក់​​ដែល​ទើប​​​ឈ្នះ​ល្បែង​​នៅកាស៊ីណូ​ ៕

បង្ក្រាប​​​ក្រុម​ចែក​ចាយ​គ្រឿងញៀន​​បាន​​៤​នាក់

Posted: 05 Mar 2011 07:25 PM PST

ក្រុម​​ចែកចាយ និង​ប្រើ​ប្រាស់​​​គ្រឿង​ញៀនចំនួន​៤​នាក់

រាជធានីភ្នំពេញ ៖ ​ក្រុម​​ចែកចាយ និង​ប្រើ​ប្រាស់​​​គ្រឿង​ញៀនចំនួន​៤​នាក់ ដែលជា​បង​ប្អូន​ និងម្តាយ​មីង ត្រូវប៉ូលិស​​​ខណ្ឌ​ឫស្សីកែវ ​សហការ​ជាមួយមន្ត្រីតុលាការចាប់ខ្លួនកាលពីវេលាម៉ោង​​១១​ព្រឹកថ្ងៃទី​​​៥ មីនា ​២០១១ បន្ទាប់ពី​ឆែកឆេរ​​បន្ទប់​ជួលរបស់​​ពួកគេ​នៅភូមិ​ទួលសង្កែ ​សង្កាត់​ទួលសង្កែ ​ខណ្ឌ​ឫស្សីកែវ ​រកឃើញ​គ្រឿងញៀន​​ ប្រភេទ​ម៉ា​ទឹក​កក​​ចំនួន​​១៤ ​​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ ។​

ជនសង្ស័យ​​ដែលត្រូវ​ចាប់ខ្លួន ១­-​ឈ្មោះ​​អ៊ិន ស្រ៊ុន ហៅ​ដេត ភេទប្រុស អាយុ​​២៣​ឆ្នាំ ​២-​ឈ្មោះ​​អ៊ិន ​សុទ្ធារី ហៅ​សិដ្ឋ​​​ ភេទប្រុស​ អាយុ​​​១៨​ឆ្នាំ ​ជាសិស្ស ​​៣-​ឈ្មោះ​​​អ៊ិន ​ទេព ហៅ​​សយ ​ភេទប្រុស អាយុ​​១៩​ឆ្នាំ ជាសិស្ស និង​​​៤-ឈ្មោះ​​​អ៊ិន ចាន់ថុល ភេទស្រី អាយុ​​៤២​ឆ្នាំ ​អ្នក​ទាំង​​​៤នាក់​ត្រូវជា​បងប្អូន​ និងម្តាយមីង មានទីលំនៅ​​ផ្ទះជួល​លេខ​​១៦១E ​ជា​​ផ្ទះ​ដែលត្រូវ​សមត្ថ​កិច្ច​ឆេកឆេរ​​រកឃើញ​​គ្រឿងញៀន​ ។ ដោយមាន​ការ​ស្រាវ​ជ្រាវ​​​​ពីប៉ូលិស​​​ប៉ុស្តិ៍​​ និង​ខណ្ឌ​​ឫស្សីកែវ​ទើប​ដឹង​ថា ជន​សង្ស័យ​​ជាមុខសញ្ញា​​ សមត្ថកិច្ច​​​​មាន​ការសង្ស័យ​​ ហើយសហការ​ជាមួយ​មន្ត្រី​តុលាការ​​​ឆែកឆេរ និង​ឃាត់ខ្លួន​​តែម្តង ៕​

សាលា​ខណ្ឌ​​ដូនពេញ​ចុះបិទ​​ការដ្ឋាន​សំណង់​​​សង្ស័យ​បង្ក​​អគ្គីភ័យ​ឆេះ​ផ្ទះ​​ពីរ​ល្វែង

Posted: 05 Mar 2011 07:15 PM PST

សាលា​ខណ្ឌ​​ដូនពេញ​​ចុះបិទ​ការ​ដ្ឋាន​សំណង់លេខ​​១៧ ផ្លូវលេខ​​​១៣៦ ​សង្កាត់ផ្សារ​​កណ្តាលទី​​១ សង្ស័យ​​បង្ក​អគ្គីភ័យ​​​ឆេះ​ផ្ទះពីរ​ល្វែង

រាជធានីភ្នំពេញ ៖ ​កាលពីព្រឹកថ្ងៃទី​​​​៥ មីនា ​២០១១ ​សាលា​ខណ្ឌ​ដូនពេញ ​បានបង្កើត​​គណៈ​កម្មការ​ចម្រុះ​​ដឹកនាំ​ដោយ​លោក​ហែម ឫទ្ធី ​​នាយក​​រង​រដ្ឋបាល​​​ខណ្ឌដូនពេញ ​ចុះបិទ​ការ​ដ្ឋាន​សំណង់លេខ​​១៧ ផ្លូវលេខ​​​១៣៦ ​សង្កាត់ផ្សារ​​កណ្តាលទី​​១ សង្ស័យ​​បង្ក​អគ្គីភ័យ​​​ឆេះ​ផ្ទះពីរ​ល្វែង ​​កាលពីថ្ងៃព្រហស្បតិ៍ និងធ្វើ​​​ឱ្យយុវតី​ម្នាក់រង​របួស ។​

លោកហែម ​ឫទ្ធី​ ​បាន​ឱ្យ​​ដឹង​ថា កាលពីថ្ងៃទី​​​៣ មីនា ​២០១១ ​វេលាម៉ោង​​៩​និង​​៣០នាទី​​​មានករណី​អគ្គីភ័យ​​​ឆាប​ឆេះ​​នៅ​​ផ្ទះ​​លេខ​​៧២Eo និង​ផ្ទះលេខ​​៧៣Eo ផ្លូវលេខ​​១៣៦ ភូមិទី​​​១០ ​សង្កាត់​ផ្សារ​​​កណ្តាលទី​​១ ខណ្ឌ​ដូនពេញ ​ដែល​មាន​មនុស្ស​ចំនួន​៧គ្រួសារ ​កំពុង​រស់នៅ​​បង្ក​ឡើង​​ដោយ​​ការ​ដ្ឋាន​សំណង់ដីឡូត៍​លេខ​​​១៧ ​ផ្លូវ​លេខ​​១៣៦ សង្កាត់ផ្សារ​កណ្តាល​ទី​​១ ខណ្ឌ​ដូន​ពេញ ដែលមានឈ្មោះ​ទេស ​អែត​ដា ភេទប្រុស និង​ឈ្មោះ​វាំង វណ្ណី ​​ភេទស្រី ជាប្រពន្ធ ។ នៅ​ថ្ងៃ​កើតហេតុ ​មេជាង​​បានប្រើ​កម្មករ​​ឱ្យរៀបចំ​​​ពុម្ព ដើម្បី​ចាក់​​ធ្នឹម​​​សំណង់ ​ដោយ​ពុំ​មាន​​ការប្រុង​ប្រយ័ត្ន​​ ធ្វើ​ឱ្យ​​​ពុម្ព​ដែក​​ធ្លាក់មក​លើ​ឈ្មោះ​ឡោ ​ម៉ារ៉ានី ​ភេទស្រីអាយុ​​២០​ឆ្នាំ ជាសិស្ស បណ្តាល​​​ឱ្យ​បែក​ក្បាលត្រូវ​​បានបញ្ជូនទៅ​មន្ទីរពេទ្យ​​ព្រះកេតុ​មា ក្រោយមក​​ខ្សែ​ភ្លើង ​ដែលបាន​ដាច់​​នោះ​ក៏​បាន​ទុស្សេ​​បង្កជា​​អគ្គីភ័យ​​ឆាប​ឆេះ​​​ផ្ទះលេខ​​៧៣Eo រួច​រាល​​មកដល់​ផ្ទះ​លេខ​​៧១Eo ។ ក្នុងហេតុការនេះផ្ទះពីរ​ល្វែងសង់អំពីថ្មក្រោម លើ ឈើ​ត្រូវបានខូចខាតទាំងស្រុង គឺ​ផ្ទះលេខ៧១​Eo ដែលអ្នកជួលឈ្មោះ​ប៉ែន ម៉ាឡា ភេទស្រី អាយុ៤១ឆ្នាំ អ្នកលក់ដូដែលជួលពីម្ចាស់​ដើម​ឈ្មោះ​លី គឹមអាន ជាអ្នកសារ​ព័ត៌មាន និង​ផ្ទះ​លេខ៧៣Eo ​មានម្ចាស់ឈ្មោះ​ឡោ វ៉ាន់ថា ភេទ​ប្រុស អាយុ៥៨ឆ្នាំ ជាអាជីវករ​លក់មាសនៅ​ផ្សារ​អូឫស្សី ។

លោកនាយករងរដ្ឋបាល​ខណ្ឌដូនពេញ​បាន​បញ្ជាក់ថា សាលាខណ្ឌដូនពេញបាន​ចេញ​សេច​ក្តីសំរេចលេខ២១៥សសរ/អណ១ចុះ ថ្ងៃទី៤ មីនា​ ២០១១ សំរេចបិទការដ្ឋាន​សំណង់​ក្បាល​ដីលេខ១៧ផ្លូវលេខ១៣៦ សង្កាត់ផ្សារ​កណ្ដាល​ទី១ ខណ្ឌដូនពេញ ជាបណ្ដោះអាសន្ន ដោយ​មូល​ហេតុធ្វេសប្រហែសបង្កអោយមានរបួស​ស្នាមដល់មនុស្ស និងអគ្គីភ័យ កើតឡើង​បណ្ដាលអោយឆេះផ្ទះលេខ៧១ និង៧៣Eo ផ្លូវ​លេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ​ដូន​ពេញ រាជធានីភ្នំពេញ៕

ថ្ងៃអាទិត្យជាថ្ងៃណាត់ជួបជុំ ក្រុមអ្នកបញ្ជល់មាន់នៅឯកភ្នំ សង្វៀន៣កន្លែងម្ចាស់តែមួយ

Posted: 05 Mar 2011 07:07 PM PST

ថតពីចម្ងាយសង្វៀនបញ្ជល់មាន់របស់ឈ្មោះមាស

​ខេត្ត​បាត់ដំបង​ ៖ ​ក្រុម​​អ្នក​ញៀន​​នឹ​ងល្បែង​​បញ្ជល់មាន់​​រាប់​សិប​នាក់​ត្រូវ​គេ​រាយការណ៍​​ថា ​​​​មក​ពី​​គ្រប់ទិសទី​​ បាន​ណាត់​​​​​ជួបជុំ​គ្នា​ស្ទើរ​​រៀង​​​រាល់​ថ្ងៃ​​អាទិត្យ ​ដើម្បី​បញ្ជល់​​មាន់នៅក្នុង​​​​អា​ណា​ចក្រ​​​តំបន់​ទេសចរណ៍​​ប្រាសាទ​​បុរាណ​ឯក​ភ្នំ ​ក្នុង​ឃុំ​​ពាមឯក ​ស្រុកឯក​ភ្នំ ។​

តាមការ​​ផ្តល់ព័ត៌​មាន​​ពីប្រជា​ពលរដ្ឋ​​នៅ​តំបន់​នោះ​បានប្រាប់កោះ​សន្តិភាព​​តាមទូរស័ព្ទ​​ថា ទីតាំង​​​​សង្វៀន​បញ្ជល់មាន់​នោះស្ថិតនៅ​​ក្នុងភូមិ​​​គោក​ដូង ឃុំ​ពាម​ឯក ​ស្រុកឯក​ភ្នំ ​នា​ភាគខាង​ជើង​​ប្រាសាទ​ឯក​ភ្នំ ដែលម្ចាស់​​សង្វៀន​​ឈ្មោះ​​មាស ។ អ្នក​ភូមិ​​និយាយ​ថា ​ឈ្មោះ​មាស ​បាន​បង្កើត​​​ឱ្យ​​មានសង្វៀន​បញ្ជល់​មាន់​​ចំនួន​​៣​កន្លែង​​ដើម្បី​ចល័ត​នៅពេល​មានសភាព​ការណ៍​មិន​ល្អ រាប់​​ទាំង​សង្វៀន​​​នៅ​កណ្តាល​​វាលស្រែ​​មួយកន្លែង​​ផង ។ ប៉ុន្តែ​​អាជ្ញា​ធរ ឬ​សមត្ថ​កិច្ច​​​​មូលដ្ឋាន​ហាក់​ដូច​ជា​​ត្រូវ​​​ដង ត្រូវ​ផ្លែគ្នា​​ក្នុង​អំពើ​​​អបាយមុខ​នេះ ​បើ​ដូច្នេះ​មែន​ តើ​គោលការណ៍​ភូមិ​-ឃុំ​​មាន​សុវត្ថិ​ភាព​ពេលនេះ​នៅ​ឯណា​?​

​ជា​​ក់ស្តែង​ នៅព្រឹក​ថ្ងៃទី​​២៧ កុម្ភៈ ​គេ​ឃើញ​​ក្រុម​​​អ្នក​​​ញៀន​​នឹង​ល្បែង​​​នេះបាន​ចាប់​ផ្តើម​​ជួប​ជុំគ្នា​​តាំង​ពីព្រឹក​​ ដោយខ្លះ​​មាន​ស្ពាយ​មាន់ជល់​មក​​​​​ជាមួយផង បានប្រមូល​ផ្តុំ​គ្នា​​ជាង​​៥០នាក់ ​នៅ​កន្លែង​​សង្វៀន​​ភូមិ​គោក​ដូង ។ ចំណែក​មធ្យោ​បាយ​​​ធ្វើដំណើរ​​មាន​ម៉ូតូ កង់ ផ្ញើ​តាម​​ផ្ទះ​​អ្នក​ស្រុក ។ ​បើ​តាម​សាក្សី​​នៅ​កន្លែង​​បញ្ជល់មាន់​​​​និយាយ​ថា ​នៅ​ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់​​ពួក​គេ​​បាន​ភ្ញាក់ផ្អើល​​មួយប្រាវ ដោយសារ​តែ​​មាន​អ្នក​កាសែត​ចូលទៅ​​លួច​ថត​ ​។ គ្រា​នោះ​ត្រូវ​​សង្ស័យ​ថា អាច​មាន​​អ្នក​ផ្តល់​សញ្ញា​ឱ្យក្រុម​​អ្នក​លេង​​ផ្លាស់​ទី​កន្លែង​ភ្លាមៗ​​ទៅបញ្ជល់​កណ្តាល​​​វាល​ស្រែ​វិញ មិនមែន​​​រឿង​អ្នកកា​សែត​ទៅថត​ទេ​ ។​

លោក​វិត វឿត នាយ​​​ប៉ុស្តិ៍​​នគរបាល​ឃុំ​ពាម​ឯក ​បានបដិសេធ​​ថា គ្មាន​កន្លែង​​បញ្ជល់​មាន់​​ទេ នៅ​ក្នុង​​មូលដ្ឋាន​​របស់​លោក​​ពេលនេះ​​ ប៉ុន្តែ​​​ពីមុន​ធ្លាប់​មាន​​មែន ។ ​ចំណែក​លោក​យៀម ​ប៊ុន​លឿប​ អធិការ​​ស្រុក​ឯក​ភ្នំ​វិញ ក៏​បាន​​បដិសេធ​​យ៉ាង​ដូច្នេះ​​​​ដែរ ។ លោក​អធិការ​​​បានបញ្ជាក់​ថា ​កន្លង​មក​​នៅ​ភូមិ​​គោក​ដូង​នេះ​វា​គ្រាន់តែ​​ជា​​កន្លែង​​​សាក​​ល្បង​​មាន់​លេងតែ​ប៉ុណ្ណោះ ហើយ​កាល​ណោះ​​​លោក​បាន​​បញ្ជា​ឱ្យ​លោក​មេឃុំហាម​ឃាត់​​​បញ្ឈប់​​​​ហើយ ​ប៉ុន្តែ​​ពេលនេះ​​បើ​នៅ​តែ​មាន​​លេង​​ទៀត ចាំ​លោកស្រាវជ្រាវ​​សិន ។​

ប្រជា​ពលរដ្ឋ​​នៅក្នុង​​មូលដ្ឋាន​និយាយ​ថា កន្លែង​​បញ្ជល់មាន់​​នេះ​បាន​បើក​លេង​ច្រើន​​ខែ​មក​ហើយ ​និង​​មាន​​ទ្រង់ទ្រាយ​​ធំបំផុត ​ភាគច្រើន​​ពួក​គេ​​ជួបជុំ​គ្នា​​ក្នុង​ថ្ងៃ​អាទិត្យ​​ ។ អ្នក​ភូមិ​បាន​បញ្ជាក់​ថា សង្វៀន​បញ្ជល់​មាន់​នេះ បើគ្មាន​​​អាជ្ញា​ធរ​ ឬ​សមត្ថ​កិច្ច​​ផ្តល់សញ្ញា​ភ្លើង​ខៀវ​​ទេ​ ពួកគេ​មិន​អាច​ដំណើរការ​បាន​ឡើយ ព្រោះសកម្ម​ភាព​​​ល្បែង​ជក់​​ចិត្ត​នេះ​អ៊ូអរ​ខ្លាំង​ណាស់ ៕​

នាងក្រមុំបត់ជើងក្នុងព្រៃកៅស៊ូ បុរសកំហូចឃើញផ្ទុះកាមតណ្ហា ស្ទុះទៅចាប់នាងប៉ុនប៉ងរំលោភ

Posted: 05 Mar 2011 07:02 PM PST

ជនជាប់ចោទ

ខេត្តកំពង់ចាម​ ៖ ​កម្លាំង​​​ប៉ុស្តិ៍​រដ្ឋបាល​​ឃុំ​​តាអុង ​បានឃាត់​ខ្លួន​បុរស​​​​ម្នាក់​ឈ្មោះ​​​បាន ប៊ន់ ​អាយុ​​​២៩​ឆ្នាំ ​រស់នៅ​ភូមិ​​​៣៤ ឃុំតាអុង ​ស្រុក​ចំការលើ ​កាលពីវេលាម៉ោង​​​៩​និង​​៣០​នាទី​​ព្រឹក​ថ្ងៃទី​​១ មីនា ​២០១១ ​ពីបទ​ប៉ុន​ប៉ង​​​រំលោភ​​​នាង​ក្រមុំ​​​ម្នាក់​អាយុ​​​១៨​ឆ្នាំ ​ក្នុងខណៈ​ពេល​​នាង​​ទៅ​បត់​ជើង​នៅក្នុង​ឡូត៍កៅស៊ូលេខ​​​១២ ខាង​កើត​ភូមិ​​​៣៣​ ចម្ងាយ​ប្រមាណ​​​​៣៥០ម៉ែត្រ ។​

តាម​លោក​អនុសេនីយ៍​​ឯក អ៊ិត ​ដារ៉ា អធិការ​នគរបាល​​ស្រុកចំការលើ បាន​​ឱ្យ​​​ដឹង​​ថា​ ក្នុង​ខណៈ​​ពេល​​ដែលនាង​ក្រមុំ​ម្នាក់​នោះ​ជិះ​ម៉ូតូ​​ចេញ​ពីផ្ទះ​ទៅបត់ជើងនៅក្នុង​ឡូត៍​កៅស៊ូ​​​នា​ព្រឹក​ថ្ងៃ​​​នោះ​ ​​ស្រាប់តែ​​បុរស​​​កំហូច​​កូន​៣​ម្នាក់​នេះ​លប​លួច​​មើល​ឃើញ​​ ហើយ​ទ្រាំ​មិនបានក៏ស្ទុះ​ចូលទៅ​​​បំណង​ចាប់​រំលោភ​ ព្រម​ទាំង​បាន​​ប្រវាយ​ប្រតប់​​គ្នាទៀត​ផង ។​ ប៉ុន្តែ​សំណាង​​ល្អ​មាន​អ្នកដទៃ ​ជិះម៉ូតូឆ្លង​កាត់​កន្លែង​នោះ​ និង​ឮសូរ​សំឡេង​ស្រែកឱ្យ​ជួយ​ជាហេតុ​ធ្វើឱ្យ​បុរសកំហូច​រត់​គេច​ខ្លួន​បាត់ស្រមោល​តែម្តង​។

លោកអធិការ​បាន​បន្ត​ថា បន្ទាប់មក​នាង​រង​គ្រោះក៏​បានជិះម៉ូតូត្រឡប់មកផ្ទះវិញ​តែ​ដោយ​មិនឃើញម្តាយ​ក៏ទៅ​តាមរកម្តាយ​រហូត​ដល់​កន្លែងបុណ្យសពរបស់អ្នកភូមិ​នៅភូមិ៣៣ ហើយ​រ៉ាយរ៉ាប់ប្រាប់​អំពីហេតុ​ការណ៍​ដែល​បាន​កើតឡើង។ ខណៈ​​នោះ​​ស្ត្រីជាម្តាយ​បាន​​ទៅប្តឹង​លោក​មេភូមិ៣៣​ឱ្យ​ជួយអន្តរាគមន៍ ហើយ​លោកមេភូមិក៏​បានផ្តល់​ដំណឹងនេះមក​នគរ​បាល​ប៉ុស្តិ៍រដ្ឋបាលឃុំ​តាអុងជាបន្ទាន់ ដើម្បីស្វែងរក​តាម​ចាប់ខ្លួន​បុរស ឈ្មោះ​ប៊ន់​។ ​នៅវេលា​​ម៉ោង​៩និង​៣០​​នាទីព្រឹកថ្ងៃដដែលនោះដែរ រូបលោក ​​បានបញ្ជា​ឱ្យលោក​នាយប៉ុស្តិ៍​រដ្ឋ​បាល​កោះ​ហៅ​ជនសង្ស័យឈ្មោះបាន ប៊ន់ មក​សួរ​នាំ​ជុំវិញ​ករណីចោទប្រកាន់របស់នាងរងគ្រោះ ហើយ​​បុរស​នោះ​ក៏​បានឆ្លើយសារភាពពីទង្វើ​របស់ខ្លួន​ថា ពិតជាបានប្រព្រឹត្តដូច្នោះ​​មែន ទើប​សមត្ថ​កិច្ច​សំរេច​ឃាត់ខ្លួន​បញ្ជូនមក​កាន់​អធិការដ្ឋាន​នគរ​បាល​ស្រុកចំការលើ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ បាន ប៊ន់ ​​បាន​ឆ្លើយសារភាពថា​ នៅ​ម៉ោង៦​ព្រឹក​​​ថ្ងៃ​ទី១ មីនា រូបគេបានជិះម៉ូតូម៉ាក Kriss Angkor ពណ៌​ក្រហម ចេញពីផ្ទះនៅភូមិ៣៤ ដើម្បី​ទៅ​ថែម​ប្រេងម៉ាស៊ីននៅផ្ទះរបស់​ឈ្មោះលី នៅភូមិ​បុសខ្នុរ លុះប្រហែលម៉ោងជិត៨ព្រឹក​បាន​ត្រឡប់មកផ្ទះវិញ​។ ​ពេល​មក​ដល់​ត្រង់​ឡូត៍​កៅស៊ូ​ខាងកើតភូមិ៣៣ ប្រទះ​ឃើញ​មនុស្ស​ស្រី​ម្នាក់អាយុប្រហែល១៨ឆ្នាំ មិន​ស្គាល់​ឈ្មោះ​ទេ តែ​ដឹងថា ជាអ្នកភូមិ៣៣ ​​ជិះ​ម៉ូតូ​​ម៉ាក DH ​ពណ៌​ក្រហម ។ ខណៈ​ឃើញបែបនេះ​ខ្លួន​​បាន​​ជិះទៅ​តាម​​​មើល ម្យ៉ាង​ដោយ​កន្លែងនោះស្ងាត់​​ក៏​បាន​ទុក​ម៉ូតូចោលហើយដើរតាមបានប្រហែល ជា​៥០​ម៉ែត្រ ឃើញ​ស្រ្តីនោះបំរុង​ឡើងជិះម៉ូតូ​ទើប​​ខ្លួន​​ទៅចាប់​ប៉ង​រំលោភ​​ តែ​ ត្រូវ​​​នាង​ស្រែក​ជេរ​យ៉ាង​ខ្លាំង ជាហេតុ​ធ្វើ​ឱ្យ​រូប​គេមានការភិត​ភ័យ​ក៏​ស្ទុះរត់មក​កន្លែង​ទុក​ម៉ូតូវិញ ហើយ​​ជិះគេច​ខ្លួន ។

លោកអធិការនគរបាលស្រុកចំការលើបាន បញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់​ស្ត្រីជា​ម្តាយរបស់នាងរងគ្រោះ​ ទើប​សមត្ថ​កិច្ច​​សម្រេច​បញ្ជូន​​​ជន​ឈ្មោះ​ប៊ន់ ​ទៅសាលាដំបូងខេត្ត​ហើយ​​លោកចៅក្រម​ថាន់ ឡេង ក៏​បាន​ចេញ​ដីកា​ឃុំខ្លួន​​ ដោយចោទប្រកាន់ពីបទប៉ងរំលោភសេពសន្ថវៈ ៕         

ទាហាន​​ប៊ូរុន​ឌីជាង40​នាក់​ ស្លាប់​​​នៅសូម៉ាលី

Posted: 05 Mar 2011 06:46 PM PST

ប្រភពព័ត៌​មាន​​យោធា​​រាយការន៍​​កាលពី​ថ្ងៃទី​​៥ មីនា ថា ទាហាន​ប៊ូរុន​​​ឌីដែល​ចូលរួម​ក្នុងបេ​សក​កម្ម​​​រក្សាសន្តិភាព​​នៅ​សូម៉ាលីជាង​​​៤០​នាក់ ​បានត្រូវស្លាប់ ហើយ​​​ជាង​​១០០​នាក់ ​ត្រូវរបួស ក្នុង​ឱកាសនៃប្រតិបត្តិការ​​មួយ​នា​ពេលថ្មីៗ​នេះ ប្រឆាំង​នឹងពួក​ឧទ្ទាម​ ។ ក៏ប៉ុន្តែ​​រដ្ឋាភិបាល​​ប៊ូរុនឌី ​ពុំបាន​អះអាង​ពី​​តួលេខ​នេះ​ឡើយ ។​ ប្រទេស​ប៊ូរុនឌី​ និងអ៊ូហ្គង់​ដា ​​ជា​ប្រទេស​​អាហ្វ្រិក​​២ ដែល​ចូលរួមក្នុង​​េបសក​កម្ម​រក្សា​សន្តិ​ភាព​របស់​សហភាពអាហ្វ្រិក​​នៅសូម៉ាលី​ AMISON ។ ចាប់តាំង​ពី​​ខែ​ធ្នូ ឆ្នាំ​២០០៧ មក ​ប៊ូរុនឌី បានបញ្ជូន​​ទាហាន​​​៤កង​​វរសេនាតូច​​មក​កាន់​សូម៉ាលី ដើម្បី​​ជួយទ្រទ្រង់​​​ដល់រដ្ឋាភិបាល​​​បណ្តោះ​អាសន្ន​សូម៉ាលី ​។ កងទាហាន​​របស់ AMISOM ជា​កម្មវត្ថុ​​​នៃការ​វាយប្រហារ​​ជា​ច្រើន​​ពីសំណាក់​​ពួក​ឧទ្ទាម​​​នៃក្រុម​​អាល់​សាបា​អាប ៕

ប្រធានាធិបតី​​យេម៉ែន​អះអាង​ថា នឹង​បន្ត​តំណែង​រហូត​ដល់ឆ្នាំ​2013

Posted: 05 Mar 2011 06:46 PM PST

ប្រធានាធិបតីយេម៉ែន

ប្រធានាធិបតី​យេម៉ែន លោក​អាលីអាប់​ឌុល​ឡាហ៍​ សាឡេហ៍ កាលពីថ្ងៃទី​៥ មីនា កន្លង​មក​ បានអះអាង​បញ្ជាក់​​​សាជា​ថ្មី​​ម្តង​ទៀត​ថា រូប​លោក​នឹង​នៅបន្តតំណែង​រហូត​ដល់​អាណត្តិ​​របស់​លោក​ផុត​​នៅឆ្នាំ​​២០១៣ ហើយ​លោក​បាន​​ច្រាន​ចោល​​ការទាមទារ​​ឱ្យ​មានការ​ធ្វើ​អន្តរ​​កាល​របស់​ក្រុម​​ប្រឆាំង ដើម្បី​ឱ្យ​លោក​ចុះ​ចេញ​ពី តំណែង​​នៅ​ឆ្នាំ​២០១១ ។ ​នេះបើ​តាម​ការ​រាយ​ការណ៍ឱ្យ​​ដឹង​​​​​ដោយទីភ្នាក់ងារ​​​ព័ត៌​មាន​ផ្លូវ​​ការ Saba របស់​យេម៉ែន ។​
ទីភ្នាក់ងារ​​​ព័ត៌​មាន Saba បានដកស្រង់​​សម្តី​ប្រភព​ផ្លូវ​ការ​​នៅ​​ខុទ្ទកាល័យ​​ប្រធានាធិបតី​ដែល​និយាយ​ថា ​ចំណុចទី​​៤​នៃ​សំណើ​របស់ក្រុម​​ប្រឆាំង​​ដែលទាមទារ​ឱ្យ​​លោក​សាឡេហ៍​ ចុះ​ចេញ​ពី​តំណែង​​នៅឆ្នាំ​​២០១១ ​ផ្ទុយទៅនឹង​ចំណុច​ទី​​៣ នៅក្នុង​សំណើ​​នេះ ​ដែល​ចែង​ថា ​ការ​សម្រេច​បាន​សុខ​សន្តិភាព ការធ្វើ​​អន្តរកាល​​អំណាច​​ដែលផ្អែក​​លើការ​ប្តេជ្ញាចិត្ត​​​របស់​​លោក​ប្រធានាធិបតី​​សាឡេហ៍​ ​ដែល​ថា ​​​រូបលោក​នឹង​​មិនកាន់អំណាច​​បន្ត ក្រោយ​ពី​​អាណត្តិ​​របស់​លោក​ត្រូវ​​ផុត​​នៅឆ្នាំ​២០១៣ ឬ​មិន​ប្រគល់​​អំណាច​ទៅ​ឱ្យ​កូនប្រុសរបស់លោក​ឡើយ ។​
ប្រភព​ដដែល​​ឱ្យ​ដឹង​ទៀត​ថា ​សំណើ​ផែន​ទី​​​នាំ​ផ្លូវ​ដែលមាន​​៥ចំណុច​របស់ក្រុមប្រឆាំង​​​មិន​ច្បាស់​​លាស់​ឡើយ ហើយ​ការ​បកស្រាយ​​តាម​ទំនើង​​ចិត្តរបស់ខ្លួន ​ជា​ការប៉ុនប៉ង​ធ្វើរដ្ឋ​ប្រហារ​​មួយប្រឆាំង​​លទ្ធិ​ប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ​​របស់យេម៉ែន ដោយ​បន្ថែមទៀត​​​ថា ការប៉ុនប៉ង​​​រំលោភបំពាន​​រដ្ឋធម្មនុញ្ញ​​មិន​អាច​ទទួល​យក​បាន​ទេ​ ។​
ការ​ឆ្លើយ​តប​ជា​ផ្លូវការ​​នេះ​ពី​ខាង​ភាគី​​លោក​សាឡេហ៍​ ធ្វើឡើង​រយៈ​ពេល​​៣​ថ្ងៃ ​ក្រោយ​ពី​ក្រុម​​ប្រឆាំង​លើ​កឡើង​ពីការបញ្ចប់​ការ​កាន់អំណាច​រយៈ​ពេល​​៣៣​ឆ្នាំ ​របស់លោក​​សាឡេហ៍​ ​នៅឆ្នាំ​​២០១១ ​តាមរយៈ​ការរៀបចំ​ការ​បោះឆ្នោត​​ប្រធានាធិបតី​​ដែល​​លោក​​សាឡេហ៍​ នឹង​មិនចូលរួម ប៉ុន្តែ​​ធ្វើជា​​អ្នកត្រួត​ពិនិត្យ ៕

បារាំង​នឹង​​ទទួលស្គាល់​​រដ្ឋប៉ាឡេស្ទីន​​មួយក្នុង​ខែ​កញ្ញា

Posted: 05 Mar 2011 06:46 PM PST

អ្នក​ចរចា​ប៉ាឡេស្ទីន លោកណា​ប៊ីល ​សាអាត​ អះអាង​​កាលពីថ្ងៃទី​​​៥ មីនា ថា បាន​ទទួល​​​ការ​សន្យា​របស់បារាំង​ដែល​ថា បារាំង​នឹង​ទទួលស្គាល់​​រដ្ឋប៉ាឡេស្ទីន​​មួយដែល​​​ដែន​ដី​ទាំង​ឡាយរបស់ខ្លួន​​ត្រូវអ៊ីស្រាអែល​​កាន់កាប់​​កាលពី ឆ្នាំ​​១៩៦៧ ក្នុងខែ​​កញ្ញា​ខាង​មុខនេះ ។​
លោកណាប៊ីល ​សាអាត ដែលបានបញ្ចប់​​ទស្សនកិច្ច​​​មួយនៅ​ក្រុងប៉ារីស កាលពីថ្ងៃទី​​៥ មីនា អះអាង​ថា បារាំង​បានពន្យារ​ពេល​​​ការ​ទទួលស្គាល់​​រដ្ឋប៉ាឡេស្ទីន​មួយ​ ពីព្រោះ​​បារាំង​ធ្វើ​ការ​​​ខិតខំ​ប្រឹងប្រែង​​នានា ដើម្បី​បញ្ចុះបញ្ចូល​​គ្រប់​​ប្រទេស​អឺរ៉ុប​​ទាំង​អស់​ឱ្យ​ទទួលស្គាល់​​រដ្ឋប៉ាឡេ​ស្ទីន​​​ដែរ ។​
លោក​​គូសបញ្ជាក់ទៀត​ថា បារាំង​​បានធ្វើ​ការ​​ផ្តួច​ផ្តើម​​​គំនិត​​មួយក្នុងសហភាពអឺរ៉ុប ដែល​​សំដៅ​​ជម្រុញ​​សហភាព​អឺរ៉ុប​ឱ្យគាំទ្រ​ដំណើរការ​​សន្តិភាព ហើយ​​ប្រកាន់​យក​ការ​ផ្តួច​ផ្តើម​​​គំនិត​​​​ដែលផ្អែក​​លើ​ការ​ទទួលស្គាល់​​រដ្ឋប៉ាឡេស្ទីន​​មួយ​ដែលមានទីក្រុង​​ហ្សេរុយ​សាឡឹមខាងកើត​​ជា​រដ្ឋធានី​។​
ក្រោយ​​ផ្អាកការចរចា​​សន្តិភាព ​ដោយ​សារ​ការ​បដិសេធ​​របស់អុីស្រាអែល​​ពុំព្រម​​ផ្អាក​​ការ​សាង​សង់​​​​តំបន់​​​និគម​ជន​​ជ្វីហ្វ ពួកប៉ាឡេស្ទីន​​​គំរាម​​ប្រើប្រាស់​​​រាល់​ការ​ជ្រើសរើស​​​ខាង​ការ​ទូត ក្នុង​នោះ​​រួម​មាន​​ការ​ស្វែ​ង​រក​​​​ការទទួលស្គាល់​​​របស់​ពិភពលោក​ដល់​រដ្ឋប៉ាឡេស្ទីន​មួយ ៕

ពលការិនី​​ម្នាក់​ទៀត​​ដេកស្លាប់​​ក្នុង​ក្រុម​ហ៊ុនធី​ & ភី​ ទីដែល​ពល​ការិនី​មុនលោត​ពី លើ​អគារ​បាក់​ជើង​ទាំង​២

Posted: 05 Mar 2011 06:40 PM PST

ពលការិនី​ម្នាក់​បាន​​ដេក​ស្លាប់​ក្នុង​បន្ទប់​​របស់​ក្រុម​ហ៊ុន​​នាំ​ពលករ​​ចេញទៅ​ក្រៅ​ប្រទេស​មួយ

រាជធានីភ្នំពេញ ៖ ពលការិនី​ម្នាក់​បាន​​ដេក​ស្លាប់​ក្នុង​បន្ទប់​​របស់​ក្រុម​ហ៊ុន​​នាំ​ពលករ​​ចេញទៅ​ក្រៅ​ប្រទេស​មួយ ដែល​មាន​​រឿង​ច្របូក​ច្របល់​​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល និងរិះគន់​​យ៉ាង​ខ្លាំងពី​សំណាក់​​អ្នកជិ​តខាង​ដែល​ដឹង​រឿង​នេះ កាលពី វេលាម៉ោង​​២រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​​៦ មីនា ២០១១​...​​រហូត​មក​ដល់​​​ព្រឹក​ព្រលឹម​​​​ថ្ងៃ ដដែល គេនៅ​មិនទាន់ដឹង​មូល​ហេតុ​ពិតប្រាកដ​​នៃការ​ស្លាប់​នៅឡើយ​​ទេ ដោយ​សារ​តែ​រង់ចាំ​​ប៉ូលិស​​ចក្ខុ​ចុះ​ពិនិត្យ​​សព​ឱ្យ​​បានត្រឹមត្រូវសិន ។​

ក្រុមហ៊ុន​​ដែល​មាន​ពលការិនី​​ដេកស្លាប់​​នេះ​​ឈ្មោះ​ធី​ & ភី Co.,Ltd (​ក្រុមហ៊ុន​ជួយរក​​ការ​ងារ​ជូនពលករ-​ពលការិនី​ខ្មែរ​នៅក្រៅ​ប្រទេស) អគារ​លេខ​​៣៤ ផ្លូវលេខ​២៧១ ភូមិ​ត្រពាំង​ឈូក ​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ​ពលការិនី​​ដែល​ដេកស្លាប់​​នេះ​ឈ្មោះ​​ស៊ឹង ស៊ីណា អាយុ​៣៥​ឆ្នាំ ​មាន​​ស្រុក​កំណើត​នៅ​ខេត្តតាកែវ...​មុនពេល​​ឈាន​​ដល់​ស្លាប់ គឺនៅ​វេលាម៉ោង​​១រំលង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​​៦ មីនា ២០១១ ស្ត្រី​ពល​​ការិនី​​​បាន​ស្រែក​​ថ្ងូរ​ត្អូញ​​ត្អែរ​ថា ចុក​ទ្រូង​ខ្លាំង​ណាស់! សូម​ជួយផង​...ប៉ុន្តែ​​គ្មាន​​អ្នកណា​​យក​ចិត្ត​ទុក​ដាក់​សោះ​ ជា​ពិសេស​ខាង​ក្រុមហ៊ុន​នេះ​តែ​ម្តង​ធ្វើ​​​ព្រងើយ​​កន្តើយ រហូត​ដល់​ម៉ោង​​២រំលង​​អធ្រាត្រ​​ថ្ងៃ​ដដែល ស្ត្រីពលការិនី​ម្នាក់នេះ​ក៏​ដាច់​ខ្យល់​​ស្លាប់​តែ​ម្តង ។ ​ពេល​ភ្ញាក់ផ្អើល​​ពលការិនី​​ដូច​គ្នា​បានរិះគន់​ថា ពេលស្ត្រី​​រូបនេះ (ស៊ឹង ស៊ីណា) ស្រែក​ថ្ងូរ​​ថា ឈឺទ្រូង​...​ប្រសិន​​បើ​ខាង​ក្រុម​​ហ៊ុន​​ចាត់​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​ឱ្យ​បានលឿន​​បន្តិច ​នាង​គឺ​មិនស្លាប់ទេ​...​នេះ​មកពី​មិន​មាន​អ្នក​យក​ចិត្ត​ទុកដាក់​​ ។​

តាម​​ប្រភពព័ត៌​មាន​ឱ្យ​​ដឹង​ថា ​បន្ទាប់ពី​ពល​ការិនី​​ស្លាប់ហើយ ទើប​គេឃើញ​​ខាង​បុគ្គលិក​ក្រុម​ហ៊ុន​​ធ្វើការ​ដឹក​ចេញទៅកាន់​មន្ទីរពេទ្យ​​ ប៉ុន្តែ​​យ៉ាង​ណា​ នាង​ស្លាប់បាត់​​ទៅហើយ​ រួច​ហើយ​​​ក៏​ដឹក​ចូ​លក្រុម​ហ៊ុន​​​វិញ ។ ករណីឡិបឡប់​បែប​នេះ ​ប៉ូលិស​មូលដ្ឋាន​បានឃាត់ខ្លួន​បុគ្គលិកក្រុមហ៊ុន​​ធី​ & ភី នេះ​​២នាក់​គឺ​ ម្នាក់ជា​​អ្នកបើកបរ​ និង​ម្នាក់​ទៀត​​ជា​អ្នកមើល​​ការ​ខុសត្រូវ​​លើ​ពលករ...​នៅ​វេលា​ព្រឹក​​ម៉ោង​៨ថ្ងៃដដែល គេឃើញ​​ប៉ូលិស​ចក្ខុ​​បានទៅដល់​កន្លែង​កើតហេតុ និង​កំពុង​​ពិនិត្យ​​​សព​​ពលការិនី​នៅឡើយ​ ។

សូម​បញ្ជាក់​ថា មុននេះ​​៤-៥​ថ្ងៃ​ក្រុមហ៊ុន​​ធី​& ភី​​នេះ ក៏​មាន​​ពលការិនី​ម្នាក់​​​បានសម្រេច​លោត​ពីលើ​អគារ​ជាន់ទី​២ ចុះមក​ក្រោម​​បណ្តាល​​ឱ្យ​បាក់​ជើង​​ទាំង​សង​ខាង​ផងដែរ​​ បន្ទាប់​ពី​នាង​នឹក​កូន​​ខ្លាំង​ពេក ហើយ​មិនត្រូវ​​បាន​ខាង​ក្រុមហ៊ុន​​អនុញ្ញាត​ឱ្យចេញទៅក្រៅ​...​ការ​ស៊ើប​​អង្កេត​​មិន​​​ទាន់​​បញ្ចប់​ផង ឥឡូវ​ចូល​​ដល់​ករណី​ស្លាប់​​​ពល​ការិនី​​ម្នាក់ទៀត​​នេះពិតជា​រឿង​​​​ជាន់​រឿង​មែន​៕​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!