Koh Santipheap Daily

Koh Santipheap Daily


លោកនាយករដ្ឋ​មន្ត្រី​​ឡាវ ​​​នឹង​​ជួប​សំដែង​​ការ​គួរសម​ជាមួយ​​​​សម្តេច​ហេង សំរិន ​​​​វេលាម៉ោង​​​៣​និង​​៣០​នាទីរសៀល

Posted: 06 Mar 2011 07:57 PM PST

រាជធានីភ្នំពេញ ៖ ​យោង​តាម​មន្ត្រី​​​រដ្ឋ​សភា​​​បាន​​ថ្លែង​​ឱ្យ​​​​ដឹងថា លោក​ថង ស៊ីង​ថម​ម៉ាវង្ស​ នាយករដ្ឋ​មន្ត្រី​​​ឡាវ ​​នឹង​​​​ដឹក​នាំ​​គណៈ​ប្រតិភូ​​​ជាន់ខ្ពស់​នៃ​សាធារណ​រដ្ឋ​​​ប្រជា​ធិប​តេយ្យ​​​ប្រជា​មានិត​ឡាវ​​ជួប​​សំដែង​ការ​គួរសម​ និង​សវនា​ការ​ជាមួយ​សម្តេច​​ហេង សំរិន ​ប្រធាន​រដ្ឋសភា​​នៅ​វេលាម៉ោង​​៣​និង​​​៣០នាទី​​រសៀល​ថ្ងៃ​ទី​​​៧ មីនា ២០១១ ។

នៅ​ក្នុង​​ដំណើរទស្សនកិច្ច​​​របស់​​​លោក​នាយក​រដ្ឋ​មន្ត្រី​​ឡាវ​ក្នុងប្រទេស​កម្ពុជា តាម​ការ​អញ្ជើញ​របស់​​សម្តេច​​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​នាពេល​នេះ ​លោកថង​ស៊ីង ថម​ម៉ាវង្ស នឹង​​ចូល​ក្រាប​បង្គំ​​គាល់​ព្រះករុណា​ ​​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហ​មុនី ​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា នៅឯ​ព្រះ​បរម​រាជ​វាំង​ក្នុង​រាជ​​​​ធានី​ភ្នំពេញ ។ ក្រៅ​​​ពីនោះ​លោក​​នាយក​រដ្ឋ​​មន្ត្រី​​ឡាវ នឹង​ចូល​ជួបសម្តែង​​ការគួរសម ​និង​សវនា​ការ​​ដាច់​ដោយឡែក​​ពីគ្នា ជា​​មួយប្រធាន​​ព្រឹទ្ធ​សភា សម្តេច ជា ស៊ីម និង​​ប្រធានរដ្ឋសភា ​សម្តេច​​ហេង សំរិន ​៕​

ព្រឹក​នេះ​​សម្តេច​តេជោហ៊ុន សែន ​ស្វាគមន៍​​ជួបស​វនាការ​​ជាមួយនាយករ​ដ្ឋ​មន្ត្រី​​ឡាវ ​នៅវិមាន​​សន្តិភាព​ទីស្តីការ​​នាយក​រដ្ឋ​មន្ត្រី

Posted: 06 Mar 2011 07:56 PM PST

រាជធានីភ្នំពេញ ៖ ​នាយករដ្ឋ​មន្ត្រីនៃ​សាធា​រណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក​ថង​ស៊ីង ថម​ម៉ាវង្ស ​​បាន​​មក​ដល់​រាជ​ធានី​​ភ្នំពេញ ក្នុង​ដំណើរ​​បំពេញ​ទស្សនកិច្ច​​ផ្លូវ​ការ​​រយៈ​ពេល​​​២​ថ្ងៃនៅប្រទេស​កម្ពុជានា​ថ្ងៃទី​​​៧ ដល់ថ្ងៃទី​៨ មីនា ឆ្នាំ​២០១១ ​ហើយ​​នៅ​​វេលាម៉ោង​​ជាង​៩ព្រឹក​​ថ្ងៃ​ទី​​​៧ មីនា ២០១១ នេះ​ លោកត្រូវ​​បានទទួល​ស្វាគមន៍​​ជួបសវនាការ​ជាមួយសម្តេច​​តេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​កម្ពុជា​ នៅ​វិមាន​​សន្តិភាព​ទីស្តីការ​​នាយក​រដ្ឋ​មន្ត្រី ។

នៅ​ក្នុង​​ដំណើរទស្សនកិច្ច​​​របស់​​​លោក​នាយក​រដ្ឋ​មន្ត្រី​​ឡាវ​ក្នុងប្រទេស​កម្ពុជា តាម​ការ​អញ្ជើញ​របស់​​សម្តេច​​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​នាពេល​នេះ ​លោកថង​ស៊ីង ថម​ម៉ាវង្ស នឹង​​ចូល​ក្រាប​បង្គំ​​គាល់​ព្រះករុណា​ ​​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហ​មុនី ​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា នៅឯ​ព្រះ​បរម​រាជ​វាំង​ក្នុង​រាជ​​​​ធានី​ភ្នំពេញ ។ ក្រៅ​​​ពីនោះ​លោក​​នាយក​រដ្ឋ​​មន្ត្រី​​ឡាវ នឹង​ចូល​ជួបសម្តែង​​ការគួរសម ​និង​សវនា​ការ​​ដាច់​ដោយឡែក​​ពីគ្នា ជា​​មួយប្រធាន​​ព្រឹទ្ធ​សភា សម្តេច ជា ស៊ីម និង​​ប្រធានរដ្ឋសភា ​សម្តេច​​ហេង សំរិន ​៕​

ឆ្នាំ២០០៨ដល់​ឆ្នាំ​២០១៥ជាយុទ្ធសាស្ត្រ​​កម្ពុជា​គ្មាន​គ្រឿងញៀន

Posted: 06 Mar 2011 07:51 PM PST

ក្នុង​ឱកាស​​​​ប្រជុំត្រួតពិនិត្យលទ្ធផល​បង្ក្រាប​គ្រឿង​ញៀន​ឆ្នាំ​២០១០ និងទិសដៅអនុវត្តឆ្នាំ២០១១

ខេត្ត​កំពង់​ចាម​​ ៖ «​ថ្នាំ​ញៀន​ប្រភេទ​​មេតំ​ហ្វេ​តា​មីន​ចំនួន​៣៦.៦១៣​គ្រាប់ ​និង​កម្ទេច​​ថ្នាំ​១​កញ្ចប់​ទម្ងន់​២២៩,៧​ក្រាម ​ថ្នាំ​ញៀន​មេ​​តំហ្វេ​​តាមីន​ម្សៅ​ពណ៌ស​ចំនួន​១៣៨​កញ្ចប់ ​និង​​​១កញ្ចប់​ទៀត​ទម្ងន់​២១,៣​ក្រាម ​កញ្ឆា​ក្រៀម​​ចំនួន​៣កេស ​ទម្ងន់​១៤,៥​គីឡូក្រាម ​និង​​ឧបករណ៍​វេច​ខ្ចប់​ជក់​មួយ​ចំនួន ​ត្រូវ​បាន​ដុត​​បំផ្លាញ​ចោល​នា​ពេល​កន្លង​មក»​។ ​នេះ​ជា​​ប្រសាសន៍​​​របស់​លោក​វរសេនីយ៍ឯក​​ជឹម សេង​ហុង ​ស្នង​ការ​រង​នគរបាលខេត្តទទួល​ផែន​កណ្តាលយុត្តិធម៌ ថ្លែងនៅក្នុងសាលប្រជុំសាលា​ខេត្ត ​កាលព្រឹកថ្ងៃទី៣ មីនា ២០១១ ​ក្នុង​ឱកាស​​​​ប្រជុំត្រួតពិនិត្យលទ្ធផល​បង្ក្រាប​គ្រឿង​ញៀន​ឆ្នាំ​២០១០ និងទិសដៅអនុវត្តឆ្នាំ២០១១ ។ 

លោកវរសេនីយ៍ឯកជឹម សេងហុង បានថ្លែង​ថា ក្នុងឆ្នាំ២០១០កន្លងទៅ​ ​សកម្ម​ភាព​​ប្រើប្រាស់​បំពានគ្រឿងញៀន​ប្រភេទថ្នាំ​ទឹក​កក​ម្សៅក្រាម​ពណ៌ស តាមការសង្កេតឃើញអ្នក​ប្រើប្រាស់មាន​ការប្រែប្រួល​(ខែខ្លះថយចុះខែខ្លះ​កើនឡើង)​ ប្រៀបធៀបទៅនឹងឆ្នាំ​២០០៩ មានអ្នកប្រើ​ប្រាស់​សរុបចំនួន៤៨១លើ​៣០១​​នាក់ (ស្រីចំនួន​២នាក់) ។ ដោយការខិតខំប្រឹងប្រែង​របស់​អាជ្ញា​ធរ​គ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់​សហការគ្នាបណ្តុះបណ្តាលលើកកំពស់ដល់​មន្ត្រី​អនុវត្តច្បាប់ និងពង្រីកប្រព័ន្ធការងារផ្សព្វ​ផ្សាយ​បានទូលាយដល់សហគមន៍ មិនតែប៉ុណ្ណោះ​បាន​​ផ្តល់ឯកសារគោលជាច្រើនសំរាប់ថ្នាក់មូល​ដ្ឋាន​ពិចារណាស្វែងយល់បន្ថែម។

ក្នុងឆ្នាំ២០១០ មន្ត្រីអនុវត្តច្បាប់បាន​​បង្រ្កាប​ចំនួន៦០ករណីលើ​១៦៩នាក់ (ស្រី១៤​នាក់​)​រឹប​អូសវត្ថុតាងរួមមានថ្នាំញៀនគ្រាប់ចំនួន​២.៦៧២​គ្រាប់ ថ្នាំញៀនម្សៅក្រាមចំនួន២២៣​កញ្ចប់​(កញ្ចប់ធំ១២កញ្ចប់) និង១កញ្ចប់ទៀត​ទម្ងន់​​៨៧ក្រាម ។ កញ្ឆាស្រស់ចំនួន៧៣៩​ដើម កញ្ឆា​ក្រៀមចំនួន១៤៨គីឡូក្រាម ជញ្ជីងអេឡិច​ត្រូនិក​​៣គ្រឿង អាវុធកា៥៤មួយដើម គ្រាប់​ចំនួន៩​គ្រាប់ រថយន្ត២គ្រឿង(រថយន្តធុនតូច) ម៉ូតូ​ចំនួន២គ្រឿង សំណាកថ្នាំ២កញ្ចប់ ព្រមទាំង​ឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។ ក្នុងនោះដែរ​បានបញ្ជូនទៅកាន់សាលាដំបូងខេត្ត​ចំនួន២០ករណី សើ្មនឹង​មុខសញ្ញា២៩នាក់ (ស្រី​៥នាក់) ​អនុវត្តដីការបស់សាលាដំបូងខេត្ត​ចំនួន​៥ដីកា ​ស្មើ៥មុខសញ្ញា បង្រ្កាបធ្វើកិច្ចសន្យាអប់រំ​ចំនួន​៤០ករណីសើ្ម១២៣នាក់​ (ស្រី៩នាក់) បញ្ជូន​ទៅ​ព្យាបាលចំនួន១២នាក់ ។

លោកលន់ លឹមថៃ អភិបាលរងខេត្តបាន​ថ្លែង​ថា ក្នុងនាមតំណាងឱ្យ​លោក ហ៊ុន ណេង អភិបាលខេត្ត ប្រធានគណៈកម្មា​​ធិការត្រួត​ពិនិត្យ​គ្រឿងញៀនខេត្តនិងក្នុងនាមរូប​លោក​ផ្ទាល់​ សូមវាយតំលៃខ្ពស់​ចំពោះលទ្ធ​ផល​ដែល​សម្រេចបាន និងសូមកោតសរសើរដោយ​ស្មោះ​ចំពោះលេខាធិការដ្ឋានគ្រឿងញៀនខេត្ត ដែល​ជា​សេនាធិការឱ្យខេត្តក៏ដូចជាសមាជិក-​សមាជិ​ការ​នៃគណៈកម្មាធិការខេត្តទាំងអស់ ដែល​មាន​​មនសិការទទូលខុសត្រូវនិងសហការ​អនុវត្តបាន​ល្អទាំងលើការផ្សពផ្សាយ ការផ្តល់​ព័ត៌​មាន ការ​បណ្តុះបណ្តាលនិងលើកិច្ចប្រតិបត្តិ​ការបង្ការ​ទប់ស្កាត់បង្រ្កាបបទល្មើសគ្រឿងញៀន។ ​សកម្ម​ភាព​ទាំងនោះបានឆ្លុះបញ្ចាំងយ៉ាង​ច្បាស់លាស់​អំពី​ការខិតខំប្រឹងប្រែងចាត់ចាំង​អនុវត្តផែនការ​ប្រៀបសមរភូមិប្រឆាំងគ្រឿង​ញៀនរបស់រាជ​រដ្ឋាភិបាល ដែលបានកំណត់ថា  ឆ្នាំ២០០៨ដល់​ឆ្នាំ២០១៥ គឺកម្ពុជាគ្មានគ្រឿង​ញៀន៕

រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​សុំ​លា​លែង​ព្រោះ​រឿង​អំណោយ​ខុស​ច្បាប់

Posted: 06 Mar 2011 07:50 PM PST

លោករដ្ឋមន្រ្តីការបរទេសជប៉ុនដែលសុំលាលែងពីតំណែង

រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​ លោក SEIJI MAEHARA ប្រកាស​​ពី​ការ​សុំ​លា​លែង​ពី​តំណែង​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៦ មីនា បន្ទាប់​ពី លោក​ទទួល​ស្គាល់​ថា បាន​ទទួល​អំណោយ​ជា​ប្រាក់​​​ពីនារី​ជន​ជាតិ​បរទេស​​ម្នាក់​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ផ្ទុយ​នឹង​ច្បាប់​របស់​ជប៉ុន​។ លោក​ SEIJI MAEHARA អាយុ​៤៨​ឆ្នាំ ទើប​កាន់​តំណែង​នេះ​បាន​៦​ខែ​ប៉ុណ្ណោះ។ ជា​មនុស្ស​លេច​ធ្លោ​ម្នាក់​ក្នុង​ផ្ទៃ​នៃ​គណ​បក​្ស​ប្រជា​ធិប​តេយ្យ​ជប៉ុន PDJ ដែល​កំពុង​កាន់​អំណាច​​លោក SEIJI ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​អាច​បន្ត​តំណែង​ពី​នាយក​រដ្ឋ​មន្ត្រី​លោក​ណា​អូ​តូ​​កាន​។ បន្ទាប់​ពី​បដិ​សេធ​រឿង​នោះ​ក្នុង​គ្រា​ដំបូង​ លោក SEIJI MAEHARA ទទួល​ស្គាល់​ថា លោក​បាន​ទទួល​អំណោយ​ជា​ប្រាក់​ចំនួន​៥០.០០០​យេន​(៤៣៤​អឺរ៉ូ​) ពី​នារី​ម្នាក់​ក្នុង​ចំណោម​នារី​ដែល​លោក​ស្គាល់​ដែល​នារី​នោះ​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​រស់​នៅ​ប្រទេស​ជប៉ុន​​ចាប់​តាំង​ពី ច្រើន​ឆ្នាំ​មក​ហើយ​។ ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​របស់​បណ្តា​គណ​បក្ស​នយោ​បាយ​ហាម​ឃាត់​ដល់​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ខាង​នយោ​បាយ​ជប៉ុន​មិន​ឱ្យ​ទទួល​យក​អំណោយ​ពី​ពល​រដ្ឋ​ ឬ​មនុស្ស​ទាំង​ឡាយ​មាន​ដើម​កំណើត​បរទេស។
ក្នុង​ឱកាស​នៃ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​កាល​ពី​យប់​ថ្ងៃ​ទី​៦​ មីនា នៅ​ទី​ក្រុង​តូ​ក្យូ​ រដ្ឋ​មន្ត្រី​​ដែល​សុំ​លា​លែង​រូប​នេះ​ថ្លែង​ថា «ខ្ញុំ​សូម​អភ័យ​ទោស​ដើម្បី​ដាក់​ការ​សុំ​លា​លែង​របស់​ខ្ញុំ​ក្រោយ​កាន់​តំណែង​នេះ​បាន​ត្រឹម​តែ​៦​ខែ​ ហើយ​ដែល​បាន​ធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្ត​លើ​បញ្ហា​ហិរញ្ញ​វត្ថុ​នយោ​បាយ​ទោះ​បី​ជា​ខ្ញុំ​ធ្លាប់​បាន​លើក​​ពី​នយោ​បាយ​ស្អាត​ស្អំ​មួយ​ក្តី​។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ជ្រាល​ជ្រៅ​ដែល​បាន​បង្ក​បញ្ហា​បែប​នេះ​មក​ពីការ​ខុស​ឆ្គង​ផ្ទាល់​របស់​ខ្ញុំ» ៕

ទូរគមនាគមន៍​​កម្ពុជា​​អបអរទិវា​​សិទ្ធិ​​នារី​អន្តរជាតិ​​៨មីនា

Posted: 06 Mar 2011 07:45 PM PST

ពិធី ក្រោម​អធិបតីភាព​លោក​សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​​​ និង​ទូរគមនាគមន៍​កម្ពុជា

រាជធានីភ្នំពេញ​ ៖ ទូរគមនាគមន៍​កម្ពុជា​​​កាលពី​ថ្ងៃទី​៤ មីនា ​មាន​រៀបចំ​​ពិធីអបអរសាទរ​​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា​​ ខួប​លើក​ទី១០០​ ​ក្រោម​អធិបតីភាព​លោក​សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​​​ និង​ទូរគមនាគមន៍​កម្ពុជា​ ។ មាន​មតិសំណេះសំណាល​​នៅ​ក្នុង​ឱកាសនោះ​​ លោក​សូរ ឃុន ​បាន​ណែនាំ​​ឱ្យ​ស្ត្រី​​​ទូរគមនាគមន៍​​​ទាំង​អស់​​ត្រូវ​ចេះ​អភិវឌ្ឍន៍​​ខ្លួន​ឯង​​តាម​រយៈ​​ការ​ខិតខំ​រៀន​សូត្រ​លើក​កម្ពស់​​ការ​យល់​ដឹង​ និង​ជំនាញ​​​វិជ្ជាជីវៈ​ការងារ ​ដើម្បី​លើក​កម្ពស់​​តម្លៃ​​ស្ត្រី​​ ។ ការពិតការ​ទទួល​​ស្គាល់​តម្លៃ​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​ មិនមែន​ទើបតែ​​មាន​រយៈពេល​​១០០​ឆ្នាំ​​កន្លង​មក​នេះ​នោះទេ ​កម្ពុជា​មាន​​ប្រវត្តិ​​ទទួល​​​ស្គាល់​​និង​​លើកកម្ពស់​​តម្លៃ​ស្ត្រី​តាំងពី​​បុរាណ​​​​​កាលមក​ម៉្លេះ​ មកទល់​នឹង​បច្ចុប្បន្ន​​ចំនួន​ស្ត្រី​​​ក្នុង​ទីផ្សារ​ការងារ​កាន់​តែច្រើន​ឡើងៗ​​តាំងពី​ថ្នាក់​ទាប​រហូតដល់​ថ្នាក់​ខ្ពស់់​ក៏​មាន​​​មិន​តិចដែរ ។ ​

តំណាង​ស្ត្រី​​ទូរគមនាគមន៍​​កម្ពុជា​​បាន​ថ្លែង​ថា ឥទ្ធិ​ពល​​​របស់​ស្ត្រី​​ជាកត្តា​​ដ៏​សំខាន់មួយ​​ដែល​​អាច​ធានា​បាន​ដល់​ការ​រីកចម្រើន​​លើគ្រប់​វិស័យ​​ និង​មានន័យ​ត្រួសត្រាយ​​ផ្លូវ​​ផងដែរ​ សម្រាប់​​​ផ្តល់​​ឱកាស​ដល់​នារី​កម្ពុជា​ទាំង​បច្ចុប្បន្ន និង​អនាគត​ និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​​អភិវឌ្ឍន៍​ខ្លួន​គាត់​ឱ្យ​មាន​សមត្ថភាព​ ទេព​កោសល្យ​ និង​មុខ​ជំនាញ​ វិជ្ជាជីវៈ​ដែល​ជា​មធ្យោ​បាយ​​​ដ៏​ប្រសើរ​បំផុត​សម្រាប់​​​ផ្សព្វ​ផ្សាយ​​ ពីកិត្តិយស​​នារីកម្ពុជា​ទាំង​បច្ចុប្បន្ន​ និង​អនាគត ។ លើសពីនេះ​ទៀត សំឡេង​​​របស់​ស្ត្រី​ឆ្លុះបញ្ចាំងចេតនា​​ពិត​ប្រាកដ​ដែល​មាន​​ដូចជា​អ្នក​មើលថែទាំ​គ្រួសារ​ អ្នកគ្រប់​គ្រង​ និង​ជាអ្នក​ឧបត្ថម្ភ​​ផ្គត់​ផ្គង់ ហើយ​មាន​ភាព​ច្បាស់​លាស់ ក្នុងគម្រោង​​​អភិវឌ្ឍន៍​ជាតិ​នៅ​គ្រប់​លំដាប់​ថ្នាក់​ ជាពិសេស​ក្នុង​គម្រោង​អភិវឌ្ឍន៍​ភូមិ-ឃុំ​ កាត់​បន្ថយ​ភាពក្រីក្រ លុប​បំបាត់​ភាព​ក្រតោកយ៉ាក សុខភាពទន់​ខ្សោយ ក្រខ្សត់​ចំណេះ​​ដឹង និង​​តួនាទី​​អន់​ថយ ។ ការ​យក​ចិត្ត​ទុក​​ដាក់​​ពីរាជ​រដ្ឋា​ភិបាល​​បាន​ផ្តល់​​អាទិភាព​​ខ្ពស់​ក្នុង​ការ​​លើក​កម្ពស់​​តួនាទី​​និង​ស្ថានភាព​របស់​ស្ត្រី​​ដោយ​មាន​ការ​យក​ចិត្ត​ទុកដាក់ ជំរុញ​ការ​កសាង​សមត្ថភាព​ស្ត្រី​លើ​គ្រប់​​ផ្នែក​ កែ​ប្រែ​ឥរិយាបថ​  ប្រើ​អំពើ​ហិង្សា​​​គ្រប់​រូបភាព​ប្រឆាំង​នឹង​ស្ត្រី​​ភេទ ហើយ​នឹង​សមធម៌​ដើម្បី​​ឱ្យ​ស្ត្រី​​មាន​លទ្ធភាព​​គ្រប់​គ្រាន់​ ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​​ និង​ដោយ​ស្មើភាព​​​ក្នុង​ដំណើរ​ការ​កសាង​ប្រទេស​ ដែល​បច្ចុប្បន្ន​​នារី​យើង​មាន​ការរីក​ចម្រើន​​គួរ​​ឱ្យ​កត់​សម្គាល់​ ។​

តំណាង​ស្ត្រី​ទូរគមនាគមន៍​​កម្ពុជា​​បាន​ថ្លែង​បន្ត​ថា ក​ន្លង​មក ​រាជ​រដ្ឋា​ភិបាល​បាន​​យក​ចិត្ត​ទុក​​ដាក់​​លើក​កម្ពស់​ស្ថានភាព​ស្ត្រី ក្នុងតួនាទី​ធ្វើ​សេចក្តី​សម្រេច​​​ចិត្ត​នៅក្នុង​វិស័យ​សាធារណៈ និង​ឯកជន​​តាម​រយៈ​ការ​រៀបចំ​​គោល​នយោ​បាយ​​ និង​កម្ម​វិធី​​បង្កើន​ចំនួន​មន្ត្រី​ និង​សមត្ថភាព​របស់គេ​ ជាក់​ស្តែង​សមាមាត្រ​ស្ត្រី​ក្នុងជួរ​រាជ​រដ្ឋា​ភិបាល​​កើន​ឡើង​​ មាន​ស្ត្រី​​មួយ​​រូបជា​​ឧបនាយក​រដ្ឋ​មន្ត្រី​ ២​រូប​ជា​រដ្ឋ​មន្ត្រី ជា​រដ្ឋ​លេខាធិការ​១៦​រូប​​ អនុរដ្ឋ​លេខា​ធិការ​ ៣៨រូប​ ។ ក្នុងជួរ​អាជ្ញា​ធរ​​ដែនដី​មាន​​​ស្ត្រី​​ជាអភិបាល​រង​ខេត្ត-ក្រុង ស្ត្រី​ជា​អភិ​បាល​​​ស្រុក​​ ចំណែក​​ស្ត្រី​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់  មាន​ការ​​​កើន​ឡើង​​​លទ្ធផល​​​ដ៏​ត្រចះ​ត្រចង់​​ ​ជា​សក្ខីភាព​​បង្ហាញ​​ពីការ​យក​ចិត្ត​​ទុក​ដាក់​​របស់​សម្តេច​​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​​ជា​នាយក​រដ្ឋ​មន្ត្រី​​ និង​រាជរដ្ឋា​ភិបាល​ ក្នុង​ការ​ឈាន​​ទៅ​សម្រេច​​គោល​នយោបាយ​​សមភាព​យេនឌ័រ។​ ​ ដោយ​ឡែក​​នៅទូរគមនាគមន៍​កម្ពុជា​ ​មាន​​ការ​គាំទ្រ​ និ​ង​យក​ចិត្តទុក​ដាក់​ពី​លោក​​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ ទទួល​បន្ទុក​​ជាអគ្គ​នាយក​នៃ​​​ទូរគមនា​គមន៍​​​កម្ពុជា​ ​យើង​មាន​​ថ្នាក់​ដឹកនាំ​ជានារី ​ចាប់ពី​​ប្រធាន​ផ្នែក​ ប្រធាន​ការិយា​​ល័យ រហូត​ដល់​​ប្រធាន​​​​នាយក​ដ្ឋាន​​ និង​​អនុប្រធាន​​នាយក​ដ្ឋាន ៕​

ចិននឹង​​លុបបំបាត់​​ចោលភាពក្រីក្រ​​នៅត្រឹម​ឆ្នាំ​2020

Posted: 06 Mar 2011 07:40 PM PST

លោកនាយករដ្ឋមន្រ្តីចិន

នាយករដ្ឋ​មន្ត្រី​​ចិន លោក​វេន ជា​បាវ ​ថ្លែង​កាលពីថ្ងៃទី​​​៦ មីនា ​ថា ចិន​មាន​​បំណង​លុប​បំបាត់​​​​ភាពក្រីក្រ​ឱ្យអស់ត្រឹម​​ឆ្នាំ​​២០២០ ​ហើយ​ពេលនេះ​​ចិនកំពុង​​តាមដាន​​​បន្ទាត់​ភាពក្រីក្រ​​របស់​​ពលរដ្ឋ​​ដើម្បី​​ជួយពលរដ្ឋ​ក្រីក្រ ។​
លោក​វេន ​​ជា​បាវ ថ្លែង​​​ដូច្នេះ​ក្នុង​ឱកាស​នៃ​​សម័យប្រជុំ​ប្រចាំ​ឆ្នាំ​​​របស់​​សភា​ប្រជាជន​ចិន ដែល​រៀបចំឡើង​​ក្នុង​ទីក្រុង​​ប៉េកាំង ។​
លោក​នាយករដ្ឋ​មន្ត្រី​​វេន ​ជា​បាវ ​ថ្លែង​ប្រាប់​​អង្គ​ប្រជុំ​​ថា ​ពេលនេះ​ក្រុមប្រឹក្សា​​​រដ្ឋកំពុង​​ពង្រាង​​ផែនការ​​កាត់បន្ថយ​​ភាពក្រីក្រថ្មី​​រយៈ​ពេល​​១០​ឆ្នាំ ​(២០១១-២០២០) ​ហើយផែនការ​​កាត់​បន្ថយ​​ភាពក្រី​ក្រ​​នេះ​នឹង​ធ្វើឡើង​​តាមរយៈ​ការផ្តល់​​ជំនួយ​​​ និងការ​​អភិវឌ្ឍន៍​​ដែល​ផ្តោត​លើ​ចំនួន​ពល​រដ្ឋ​​ក្រីក្រ​។​
យោងតាម​​ស្តង់​ដា​​ចំណាយ​មួយ​​​ដុល្លារ ​សម្រាប់​​មនុស្ស​​​ម្នាក់ក្នុង​​មួយថ្ងៃ​​របស់អង្គការ​​សហ​ប្រជាជាតិ​​ថា ចិន​​មាន​មនុស្ស​​​១៥០លាន​នាក់ កំពុង​រស់​ក្រោម​​បន្ទាត់​​ភាពក្រីក្រ ៕

សមត្ថ​កិច្ច​ទប់​ស្កាត់​​​ក្មេង​ទំនើង​​កាប់​​ចាក់គ្នា​​កន្លែងលេង​ល្ខោន​​ក្នុង​វត្ត​​​ទួល​ពិសិដ្ឋ

Posted: 06 Mar 2011 07:40 PM PST

សមត្ថកិច្ច​​បង្រ្កាប​បាន​ក្រុម​ក្មេង​​ទំនើង​ចំនួន​២​ក្រុម​ដែល​មាន​គ្នា​ចំនួន​ដល់​ទៅ​​៩នាក់

ខេត្ត​កំពង់​ចាម​​ ៖ យោង​​តាម​បញ្ជារ​របស់ ​លោក​ឧត្តមសេនីយ៍​ត្រី​នួន សាមិន ​ស្នងការ​នគរ​បាល​ខេត្ត​ កម្លាំង​​អធិការដ្ឋាន​នគរបាល​ស្រុក​​ត្បូងឃ្មុំ​ បាន​យក​ចិត្ត​ទុក​ដាក់​និង​អនុវត្តន៍​តាម​​ជាប់​ជា​ប្រចាំ ​។​ ជាក់​ស្តែង​គ្រាន់​តែ​យប់​ថ្ងៃទី៣ មីនា ​និងម៉ោង​១ រំលងអធ្រាត្រ​ ឈាន​ចូល​ព្រឹក​​ថ្ងៃ​ទី៤ ​មីនា​ សមត្ថកិច្ច​​បង្រ្កាប​បាន​ក្រុម​ក្មេង​​ទំនើង​ចំនួន​២​ក្រុម​ដែល​មាន​គ្នា​ចំនួន​ដល់​ទៅ​​៩នាក់​​ ដក​ហូត​​បាន​កាំបិត​បុ័ងតោ១​ បញ្ជូន​មក​​កាន់​អធិការ​ដ្ឋាន​​នគរបាល​ស្រុក​ត្បូង​ឃ្មុំ​។

តាមលោកអនុសេនីយ៍ឯកឡុង សារិន អធិការ​រងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែន​យុត្តិ​ធម៌​បានប្រាប់កោះសន្តិភាពឱ្យដឹងថា ដោយ​អនុវត្តន៍តាមគោលនយោបាយភូមិ-ឃុំ​មាន​សុវត្ថិភាព កំលាំង​ប៉ុស្តិ៍រដ្ឋបាលឃុំ​មង់​រៀវ បានចេញល្បាតតាមដងផ្លូវសាធារណៈ​នានា​នៅវេលាម៉ោង១២យប់អាធ្រាត្រ ថ្ងៃទី៣​មីនា នៅត្រង់ចំនុចភូមិមង់រៀវ ឃុំមង់រៀវ បានឃាត់​ក្មេងទំនើង២នាក់ក្នុងនោះមានម្នាក់​ឈ្មោះ​ឡូយ ម៉េងលាង ភេទប្រុស អាយុ២០ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះអ៊ាន ទួត ភេទប្រុស ហៅតុង អាយុ​១៧ឆ្នាំ និង​ដកហូតបានកាំបិត១ដែល​ដាក់​សៀត​នៅនឹងចង្កេះរបស់ជនទី១ដែលធ្លាប់ត្រូវបាន​អប់រំចាប់​ម្តងរួចមក​ហើយ​នាពេលកន្លងមក ។

លោកអធិការរងរូបនេះបានបន្តថា ដោយ​ឡែកនៅវត្តទូលពិសិដ្ឋ ស្ថិតនៅភូមិដូង ឃុំថ្ម​ពេជ្រ ស្រុកត្បូងឃ្មុំ មានរៀបចំបុណ្យផ្កាសាមគ្គី​សាមគ្គីដោយមានល្ខោនបាសាក់បាន​សំដែងជូនទស្សនារយៈ​ពេល៣​យប់ជាប់ៗគ្នា ចាប់ពីថ្ងៃ​ទី​១​ មីនា និង​រហូតបន្តមកថ្ងៃទី៣ មីនា និង​មាន​ប្រជាពលរដ្ឋមកពីគ្រប់ទិសទីរីក​រាយ​​ទស្សនា​យ៉ាងច្រើនកុះករ ។ ប៉ុន្តែនៅវេលាម៉ោង១​រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី៤មីនា ស្រាប់​តែមានក្រុមក្មេងទំនើង២ក្រុមមានគ្នាប្រហែល​ជិត២០នាក់​មាន​ទំនាស់ចាប់ផ្តើមក្របួច.ក​អាវគ្នា ជាហេតុធ្វើឱ្យ​មានការភ្ញាក់ផ្អើល ។

ភ្លាមៗនោះត្រូវបានកំលាំងនគរបាលដែល​ឈរជើងការពារក្នុងបរិវេណវត្តបាន​ចេញ​មក​អន្តរាគមន៍ឃាត់មិនឱ្យមានទំនាស់ តែក្រុមក្មេង​ទំនើងទាំងនោះ ហាក់បីដូចជាមិនខ្លាច​ចំពោះ​សមត្ថកិច្ចទាល់តែ​សោះបានសង្រ្គឺតធ្មេញដាក់គ្នា​ដូចខ្លាគ្រហឹម ។ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ​ថ្ម​ពេជ្របានទូរស័ព្ទមកកាន់លោកវរសេនីយ៏ ហ៊ាង ហ៊ត់ អធិការនគរបាលស្រុកត្បូងឃ្មុំ​ដើម្បី​សុំគោលការណ៍ និងទទូលបាន​បញ្ជារពីលោក​វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរ​បាល​ខេត្តទទួលផែនការិយាល័យកណ្តាល​យុត្តិធម៌កម្លាំង​ស្រុកបានចេញទៅ​ជួយ​ដោយ​បានឃាត់ក្មេងទំនើងបាន៧នាក់រួមមាន១-ឈ្មោះស្រ៊ា សិដ្ឋ ភេទប្រុសអាយុ០ឆ្នាំ ២-ឈ្មោះ​លីម ឆៃលី ភេទប្រុសអាយុ១៩ឆ្នាំ ៣-​ឈ្មោះឈាត ឆាយ ភេទប្រុស ​អាយុ១៩​ឆ្នាំ ​៤-ឈ្មោះរូន ណោ ភេទប្រុសអាយុ២០ឆ្នាំ ៥-ឈ្មោះសុខ ណាងភេទប្រុសអាយុ២៩ឆ្នាំ ៦-​ឈ្មោះ ណាង ស៊ីណា ភេទប្រុស អាយុ២៣ឆ្នាំ ​៧-ឈ្មោះវៃ ស៊ីថន ភេទប្រុសអាយុ២៥ឆ្នាំ ទាំង​អស់គ្នារស់នៅឃុំបឹងព្រូលនិងឃុំរកាពប្រាំ​ស្រុកត្បូងឃ្មុំ ។

លោកអនុសេនីយ៍ឯក ឡុង សារិន អធិការ​រងនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ថា ក្រុម​ក្មេងទំនើងទាំងនេះសុទ្ធតែមានឈ្មោះនៅក្នុង​បញ្ជីរគ្រប់គ្រង់របស់សមត្ថកិច្ចផងដែរ ។ ផ្អែក​តាមបញ្ជាររបស់​លោកស្នង​ការ​​​នគរបាលខេត្ត​ក្រុមក្មេងទាំងដែលបានបង្រ្កាបទាំង៩នាក់នេះ​ត្រូវបានធ្វើការអប់រំ​ ដោយឱ្យឪពុកម្តាយ​មក​ធានានឹងមិនឱ្យមានលើកក្រោយទៀតទេបើ​ពុំនោះនឹងចាត់ការតាមច្បាប់ ៕

ពិធីការ​មួយនៅ​​ឥណ្ឌា​ចំណាយប្រាក់​​ដល់ទៅ​15លានអឺរ៉ូ

Posted: 06 Mar 2011 07:35 PM PST

នៅប្រទេស​ឥណ្ឌា​​មានពិធី​រៀបការ​ដ៏ធំ​បំផុត​​មួយដែល​ផ្អើល​​ពួក​អ្នកកាសែត​ឥណ្ឌា​​​នាំគ្នាចុះទៅ​​យកព័ត៌​មាន​​​ឱ្យ​បាន​លម្អិត​​ ពិសេស​​លើ​ពិធី​​ជប់​លៀង​ទទួល​​ភ្ញៀវ ។​ លោក​ឡាលីត តាន់​វ៉ារ បានរៀប​ការ​​​នា​ពេល​ថ្មីៗ​​នេះ​​ជាមួយ​គូដណ្តឹង​​នាង​យ៉ូ​ហ្ស៊ី​តា ​ចាអ៊ូ​ណា ​ពូរីយ៉ា ​ក្នុង​​គេហដ្ឋាន​​គ្រួសារ​​ជនបទ​​មួយ ស្ថិត​នៅ​​ជិត​ទីក្រុង​ញូវដែល្លី ។ ​គេ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​​​ពេល​​ឮ​ពីការប្រកាស​​តួលេខ​​ទាក់​​ទិន​ដល់​ចំ​នួន​ភ្ញៀវ​​ដែលអញ្ជើញ​ចូល​រួម​ហូប​​ការ ដែល​មាន​​រវាង​ពី​​១៨.០០០ទៅ​​៣០.០០០​នាក់ និង​សេចក្តី​​រាយការណ៍​​ថា គ្រាន់តែ​​ការរៀប​ចំ​កន្លែង​​​រៀបការ​នេះ​គេប្រើ​​ពេល​​អស់​​៤០ថ្ងៃ និង​ប្រើ​មនុស្ស​​ដល់​​​១.០០០​នាក់ ។ កូន​កម្លោះ​​អាយុ​​​២៦​ឆ្នាំ ​ពាក់ខ្សែ​.ក​ធ្វើ​ពី​ក្រដាស​ប្រាក់​​យ៉ាង​ច្រើន​ ហើយ​បានទទួល​​ជាពិសេស​​នូវ​ឧទ្ធម្ភាគចក្រ​​​មួយ​គ្រឿង​​ជា​កាដូ ។ ប្រាកដ​ណាស់​​ នោះគឺ​​មហា​​​អាពាហ៍ពិពាហ៍​​មួយដែល​ពុំធ្លាប់​មាន​ដូច​​​សោះ​នៅ​ឥណ្ឌា​​ធ្វើ​ឱ្យ​​សារ​ព័ត៌​មាន​​ឥណ្ឌា​ចេញ​ផ្សាយ​​​ព្រោង​ព្រាត ។ ​ម្ហូប​អាហារ​​ដែលទទួល​ភ្ញៀវ​​មាន​​​១០០មុខខុសៗគ្នា ​ហើយក្នុង​ពិធីរៀបការ​​មាន​ដាក់​តាំង​អេក្រង់​​ទូរទស្សន៍​​យ៉ាង​ធំ​ចំនួន​១២​ ។​គ្រាន់​តែ​​​ជាងកោរ​ពុកមាត់ ពុកចង្កា​​​​រ​​ឱ្យ​កូន​កម្លោះ​​​​ទទួលបាន​កាដូដល់ទៅ​​៥.៥០០​ដុល្លារ ​ដែល​បាន​ចូលរួម​ក្នុងការរៀប​ចំ​​​ រួចកាសែត​​ TIMES OF INDIA ប៉ាន់​​ប្រមាណ​​​​តម្លៃ​​នៃការ​រៀបការ​នេះ​ថា មាន​ចំនួន​ប្រមាណ​​ជា​២២លាន​ដុល្លារ ឬ​​១៥​លាន​អឺរ៉ូ ។ ចំណែក​​ឪពុករបស់​​កូនកម្លោះ​​និយាយ​ប្រាប់​​​សារ​ព័ត៌​មាន​​ថា ​«ខ្ញុំ​​ពុំ​យល់​​សោះ​ ហេតុ​អ្វី​​ក៏​ការ​រៀប​ការ​នេះល្បី​​ខ្លាំង​ម៉្លេះ ។ រាល់​ការ​​វាយ​តម្លៃ​​ក្នុង​ម៉ាស៊ីន​ឃោសនា​​សុទ្ធតែ​​ជា​ពាក្យ​​ចចាម​អារ៉ាម។ ​នេះ​ជា​​ពិធីរៀ​ប​ការ​​​សាមញ្ញ​មួយ​ប៉ុណ្ណោះ។ ឪពុក​កូន​ក​ម្លោះ​​​និយាយ​ថា​ កូន​កម្លោះ​​​​ជា​អ្នក​​​​នយោបាយ​​ល្បីមួយ​​រូប​ និង​ជា​​អ្នក​​មាន​​ចំណែក​​​ឪពុក​​របស់កូនក្រមុំ ​ជាអតីត​​​អ្នក​នយោ​បាយ​​ម្នាក់​​​នៅរដ្ឋ​​ធានី​ឥណ្ឌា ។​ មុនពេលរៀបការ​​ មនុស្ស​​​២.០០០​នាក់ ​ក៏បាន​អញ្ជើញ​​ចូលរួម​​ក្នុងពិធី​​មួយដែរ ​ដោយ​​ក្នុង​​ឱកាស​​នោះ​​ទទួលបាន​​រូប​នំធ្វើ​​​ពីប្រាក់​សុទ្ធ​​មួយ និង​សម្លៀក​បំពាក់​​​មួយ​កំប្លេ​​ ព្រមទាំង​ប្រាក់​​​៥០០​ដុល្លារ​​សម្រាប់​ភ្ញៀវ​​ម្នាក់​ៗ ​។ គ្រួសារ​​កូនក្រមុំ​​ទទួល​អនាគត​​កូនប្រសា​​ប្រុស​​ជាមួយកាដូ​មួយ​មាន​ទឹកប្រាក់​​៥លានដុល្លារ ៕

សភាព​ការណ៍​នៅ​លី​ប៊ី​ ៖ កង​ទ័ព​រដ្ឋា​ភិ​បាល​​បន្ត​ការ​វាយ​បក​ពួក​បះ​បោរ​ដែលដក​ថយ​ពី​ក្រុង​នានា

Posted: 06 Mar 2011 07:34 PM PST

ពួកបះបោរកំពុងរត់គេចគ្រាប់

កង​កម្លាំង​ស្មោះ​ត្រង់​​នឹង​លោក​មូ​អា​ម៉ា​ កា​ដា​ហ្វី បាន​បន្ត​កាល​ពី​ថ្ងៃ​ទី​៦ មីនា នូវ​ការ​វាយ​បក​របស់​ខ្លួន​ប្រឆាំង​ពួកបះ​បោរ​ដែល​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋ​អំណាច​បច្ចុប្បន្ន​។ ការ​ប្រយុទ្ធ​គ្នា​ដ៏​សំខាន់​នា​ថ្ងៃ​ទី​៦ មីនា កើត​មាន​នៅ​ទី​ក្រុង​ MISTRATA ចម្ងាយ​២០០​គីឡូ​ម៉ែត្រ​ខាង​កើត​ទី​ក្រុងទ្រី​ប៉ូ​លី​។ ពួក​ស្និទ្ធ​លោក​កា​ដា​ហ្វី បាន​វាយ​រុញ​ច្រាន​​ពួក​ឧទ្ទាម​នៅ​តាម​ផ្លូវ​ថ្នល់​ទៅ​កាន់​ទី​ក្រុង​ SYRTE ដែល​ជា​ទី​ក្រុង​កំណើត​របស់​​លោក​កា​ដា​ហ្វី​។ ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​រថ​ក្រោះ និង​កាំ​ភ្លើង​ធំ​នោះ​ជា​ការ​វាយ​លុក​យ៉ាង​សាហាវ​បំផុត​រហូត​មក​ទល់​ពេល​នេះ​ ដោយ​ពួក​អ្នក​គាំ​ទ្រ​លោក​កា​ដា​ហ្វី​ ដើម្បី​ដណ្តើម​ត្រួត​ត្រា​វិញ​នូវ​ទីក្រុង​ MISRATA ។ គ្រូ​ពេទ្យ​ម្នាក់​រៀប​រាប់​ពី មនុស្ស​ស្លាប់​១៨​នាក់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​។ កង​ទ័ព​លី​ប៊ី​ក៏​បន្ត​ផង​ដែរ​នូវ​ការ​វាយ​លុក​លើ​ទី​ក្រុង ZAOUIAH តាំង​ពី​ថ្ងៃ​ទី​៥​ មីនា​មក​ដោយ​ប្រើ​រថ​ក្រោះ​​ យន្ត​ហោះ​ប្រដេញ​ និង​ឧទ្ធម្ភាគ​ចក្រ​។ កង​ទ័ព​លោក​កា​ដា​ហ្វី​ក៏​ប្រកាស​ផង​ដែរ​ពី​ការ​ដណ្តើម​ត្រួត​ត្រា​តំបន់​មួយ​នៅ​ជុំ​វិញ​ទី​ក្រុង​បេន​ហ្គា​ហ្ស៊ី​ ដែល​ពួក​អ្នក​កាសែត​បាន​បដិ​សេធ​។ ទោះ​បី​ជា​ទទួល​បរាជ​័យ​​នា​ពេល​មុន​នេះ​ក្តី​ក៏​របប​លោក​កា​ដា​ហ្វី​បាន​ប្រារព្ធ​ធ្វើ​ពិធី​អប​អរ​សាទរ​ដល់​ជោគ​ជ័យ​របស់​ខ្លួន​ដែរ​ក្្នុង​ទី​ក្រុង​ទ្រី​​ប៉ូលី​។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ មីនា ពួក​អ្នក​គាំ​ទ្រ​លោក​កា​ដា​ហ្វី​ជា​ច្រើន​ពាន់​នាក់​បាន​លើក​គ្នា​មក​កាន់​​ដង​វិថី​ទាំង​ឡាយ​ដោយ​គ្រវី​ទង់​ជាតិ​ និង​បាញ់​ទៅ​លើ​មេឃ​។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួក​អ្នក​​គាំ​ទ្រ​ រដ្ឋ​អំណាច​បាន​លុប​ចោល​ពន្ធ​ដា​ជា​ច្រើន​។ ពួក​ស្និទ្ធ​​លោក​កា​ដា​ហ្វី ក៏​ទទួល​បាន​ជោគ​ជ័យ​ដែរ​ក្នុង​ការ​វាយ​បណ្តេញ​ពួក​ឧទ្ទាម​ចេញ​ពី​ទី​ក្រុង BIN DJAOUAD ចំងាយ​១៦០​គីឡូ​ម៉ែត្រ​ខាង​កើត​ទី​ក្រុង SYRTE ។ កង​ទ័ព​ស្និទ្ធ​លោក​កា​ដា​ហ្វី​កាល​ពី​ថ្ងៃ​ទី​៦ មីនា បាន​ធ្វើ​ការ​បាញ់​ផ្លោង​ និង​វាយ​ប្រហារ​តាម​ជើង​គោក​ប្រឆាំង​ទី​ក្រុង​ជា​ច្រើន​ត្រួត​ត្រា​ដោយ​ពួក
ប្រឆាំង​។ ពួក​ឧទ្ទាម​ដែល​បដិ​សេធ​ពី​ការ​បាត់​បង់​ទី​តាំង​ទាំង​ឡាយ​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ទី​ក្រុង​ BEN JAWAD ។ កង​ទ័ព​រដ្ឋា​ភិ​បាល​អះ​អាង​ថា ដណ្តើម​យក​បាន​វិញ​នូវ​ទី​ក្រុង​ជា​ច្រើន ហើយ​ទូរ​ទស្សន៍​រដ្ឋ​លី​ប៊ី​ប្រកាស​ថា កង​ទ័ព​កំពុង​​តែ​លើក​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​បេន​ហ្គា​ហ្ស៊ី​​ជា​ទី​តាំង​បង្អែក​របស់​ពួក​បះ​បោរ។
លោក​កា​ដា​ហ្វី​ថ្លែង​ថា លោក​យល់​ព្រម​ឱ្យ​មាន​ការ​បញ្ជូន​គណៈ​កម្ម​ការ​ស៊ើប​អង្កេត​មួយ​របស់​អ.ស.ប​ ឬ​របស់​សហ​ភាព​អាហ្វ្រិក​ដើម្បី​វាយ​តម្លៃ​ពី​សភាព​ការណ៍​។ លោក​ក៏​បាន​គំរាម​​ផង​ដែរ​ពី​ការ​លុក​លុយ​របស់​អាល់​កៃ​ដា​ និង​ការ​ហូរ​ចូល​ពួក​អន្តោ​ប្រវេសន៍​យ៉ាង​ច្រើន​បំផុត​ទៅ​កាន់​អឺរ៉ុប​។ មនុស្ស​ជាង​១៩១.០០០​នាក់​បាន​រត់​គេច​ខ្លួន​ពី​អំពើ​ហិង្សា​ ហើយ​មនុស្ស​ប្រមាណ​ជា​១០.០០០​​នាក់​កំពុង​តែ​រត់​ទៅ​កាន់​ព្រំ​ដែន​អេហ្ស៊ីប ៕

នាយករដ្ឋ​មន្ត្រី​​ប៉ាឡេស្ទីន​ស្នើបង្កើត​​រដ្ឋាភិបាល​​បង្រួប​បង្រួម​មួយ

Posted: 06 Mar 2011 07:23 PM PST

លោកនាយករដ្ឋមន្រ្តីប៉ាឡេស្ទីន

លោក Salam  Fayyad ដែលនឹង​ត្រូវ​​តែង​តាំង​ជានាយករដ្ឋ​មន្ត្រី​​​ប៉ាឡេស្ទីន ថ្លែង​កាល​ពី​ថ្ងៃទី​​​៦ មីនា ​​ថា ​ក្រោយពី​​រូបលោក​បាន​សិក្សា​​អំពី​ការ​​ខុសឆ្គង​ដែលនាំ​​ដល់ការ​បែក​បាក់​របស់​ប៉ាឡេស្ទីន​កាលពីឆ្នាំ​​២០០៧​មក​នោះ លោក​បាន​ស្នើ​​​ឱ្យ​​​មានការ​បង្កើត​រដ្ឋាភិបាល​​បង្រួប​​បង្រួម​​មួយ​ដែល​រាប់បញ្ចូល​​ទាំងក្រុម​​​ហា​ម៉ាស់​​ និងក្រុម​​ហ្វា​តា​ហ៍ ។ លោក Salam ​ថ្លែង​ដូច្នេះ​​ក្នុងអំឡុង​ពេល​​នៃបទ​សម្ភាសន៍​មួយ​ជាមួយ​​ទីភ្នាក់ងារ​​សារ​ព័ត៌​មាន​​ចិនស៊ីនហួ ។​
លោក Salam ថ្លែង​ថា ​រដ្ឋាភិបាល​​បង្រួប​បង្រួម​​ដែល​មាន​ចលនា​​អ៊ិស្លាម​​ហាម៉ាស់ និង​​​ចលនា​​​​ហ្វាតាហ៍ ​​ដឹកនាំ​ដោយលោក​ប្រធា​នា​ធិបតី​​ម៉ាមូ​​ដអាប់បាស់ ​បានបែក​បាក់គ្នាកាល​ពី​ខែ​មិថុនា ឆ្នាំ​​​២០០៧ កន្លងមក ​ដោយ​សារតែ​​ការ​គ្មាន​​គោល​ការណ៍​​សន្តិសុខ​​ច្បាស់លាស់ ។ ​​ប៉ុន្តែ​​ពេលនេះ​ដោយ​មិន​​គិត​​​ពីការ​ខ្វែ​ងគំនិត​គ្នា​ផ្នែកនយោបាយ​​​  លោក​ Salam បានមើល​ឃើញ​​​​មូលដ្ឋានជា​រួម​មួយ​គឺ​បង្កើត​​រដ្ឋាភិបាល​ដែលគាំទ្រ​ដោយ​​ក្រុម​ហ្វាតាហ៍ ​​និង​ក្រុម​​ហា
ម៉ាស់ ។​
ចាប់តាំង​ពី​​ក្រុម​ហាម៉ាស់​​ វាយ​យក​ឈ្នះលើ​​កង​កម្លាំង​​គាំទ្រ​លោក​​ប្រធានាធិបតី​​អាប់​បាស់ ​កាន់កាប់​​ជ្រោយ​ហ្គាហ្សា​​កាលពីឆ្នាំ​២០០៧​មក ក្រុមនេះ​បានស្វះស្វែង​​​រក​បទ​ឈប់បាញ់​​គ្នាជា​មួយ​​ប្រទេស​​អុីស្រាអែល​​ ។​
ទាក់ទិន​ទៅនឹង​ការ​បង្កើត​រដ្ឋាភិបាល​​បង្រួប​បង្រួម​​នេះ លោក Salam Fayyad ថ្លែង​ថា​ យើង​​មិនអាច​​រង់ចាំ​​រហូតដល់​​​ពួក​គេ​ឯក​ភាព​​គ្នា​​លើអ្វី​ៗ​គ្រប់​យ៉ាង​នោះទេ ​ដូច្នេះ​​វា​​​​សំខាន់ណាស់​​​ក្នុង​ការ​មានរដ្ឋាភិបាល​មួយ​ដែលផ្តល់​​​ផល​ប្រយោជន៍​​​ដល់​ពលរដ្ឋប៉ាឡេស្ទីន​​ និង​អនុវត្ត​​គោលការណ៍​​សន្តិសុខ​​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​​រក​​ការបង្រួប​បង្រួមគ្នា ។​
ក្នុង​បទ​សម្ភាសន៍​​នោះដែរ លោក Salam  Fayyad ថ្លែង​ថា សហគមន៍​​អន្តរជាតិ​​មានកាតព្វ​កិច្ច​​ជួយពលរដ្ឋ​​ប៉ាឡេស្ទីន​បង្កើត​​​រដ្ឋ​​របស់​ខ្លួននៅ​ត្រឹម​ខែ​​កញ្ញា​ខាងមុខ​នេះ​ ៕

ព្រួត​គ្នា​វាយ​ស្ត្រី​ម្នាក់​ប៉ូលិស​​ចាប់​​បាន​បី​នាក់​​ តុលា​ការ​ឃុំ​ខ្លួន​ម្នាក់

Posted: 06 Mar 2011 07:14 PM PST

ក្រុម​​ជន​សង្ស័យ​​មាន​គ្នា​៦​នាក់​ ប៉ុន្តែ​​ប៉ូលិស​ឃាត់​​ខ្លួន​បាន​តែ​៣​នាក់

ខេត្ត​កណ្តាល ៖ ស្ត្រី​ម្នាក់​​បាន​រង​របួស​យ៉ាង​ដំណំ​​ដោយ​សារ​តែ​ក្រុម​គ្រួសារ​មួយ​នៅ​ផ្ទះ​ជិត​គ្នា ព្រួត​វាយ​​ដោយ​សារ​​តែ​ខឹង​ស្ត្រី​​រូប​នេះ​ជះ​ទឹក​​ដាក់​ ខណៈ​​ភាគី​​​ផ្ទះជិត​គ្នា​ម្នាក់​បាន​ស្តោះ​ទឹក​មាត់​​ចំអក​​ឡក​ឡឺយ ។ ហេតុ​ការណ៍​ប្រទូស្ត​​រ៉ាយ​មួយ​គ្រួសារ​​ព្រួត​គ្នា​វាយ​លើ​​ស្ត្រី​ម្នាក់​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ ថ្ងៃ​ទី​៥ មីនា នៅ​ខាង​មុខ​ផ្ទះ​​​ស្ត្រី​​រងគ្រោះ​ឈ្មោះ​ម៉ៅ សុផារី អាយុ​​៤៨​ឆ្នាំ រស់​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​​​តា​ខ្មៅ ក្រុង​តាខ្មៅ ។

​ចំណែក​​ភាគី​ក្រុម​​ជន​សង្ស័យ​​មាន​គ្នា​៦​នាក់​ ប៉ុន្តែ​​ប៉ូលិស​ឃាត់​​ខ្លួន​បាន​តែ​៣​នាក់ ១-ឈ្មោះ​ប៊ូ ​ភំ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ២-ឈ្មោះ​​មាស ធារ៉ា ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ និង​៣-ឈ្មោះ​ភំ ភួង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ ​ចំណែក​៣​នាក់​ទៀត​​មិន​ត្រូវ​បាន​ចាប់ខ្លួន​ ១-ឈ្មោះ​ភំ សុខា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ​២-ឈ្មោះ​​ហែម​ វណ្ណា  ភេទ​ស្រី អាយុ​៥២​ឆ្នាំ និង​៣-ឈ្មោះ​សួង មករា ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ អ្នក​ទាំង​អស់​គ្នា​រស់​នៅ​ផ្ទះ​ជិត​គ្នា​ ជា​មួយ​ជន​រងគ្រោះ ។

តាម​សំដី​​ស្ត្រី​រង​គ្រោះ​​បាន​ប្រាប់​ប៉ូលិស​​ថា នៅ​ថ្ងៃ​កើត​ហេតុ​គាត់​​ជា​​ជន​រងគ្រោះ​នៅ​ផ្ទះ​តែ​​ម្នាក់​ឯង ។​ នៅ​ពេល​កើត​ហេតុ​ឈ្មោះ​ប៊ូ ភំ បាន​ដើរ​កាត់​មុខ​ផ្ទះ​​គាត់​ ហើយ​បាន​ខាក​ស្តោះ​​ទឹក​មាត់​​នៅ​ខាង​មុខ​ផ្ទះ​ជា​ច្រើន​ដង ដែល​គាត់​ចាត់​ទុក​ថា ​ជា​ការ​ចំអក​ឡក​ឡឺយ ។ ​ពេល​នោះ​គាត់​បាន​ចេញ​ពី​ក្នុ​ងផ្ទះ​មក​សួរ​ឈ្មោះ​​ប៊ូ ភំ ថា ចុះ​ហេតុ​អ្វី​បាន​ជា​ដើរ​កាត់​មុខ​ផ្ទះ ខ្ញុំ​​ហើយ​ខាក​ស្តោះ​​ទឹក​មាត់​ តែ​​រហូត​អ៊ីចឹង ។ ​សួរ​ចប់​ជន​រង​គ្រោះ​​​ក្តៅ​​ចិត្ត​ស្រាប់​ផង បាន​ដើរ​ទៅ​ដង​​ទឹក​​មួយ​ផ្តិល​យក​មក​ជះ​ដាក់​ឈ្មោះ​ប៊ូ ភំ បណ្តាល​ឱ្យ​ទទឹក​ ពេល​នោះ​ក៏​មាន​ការ​ប្រវាយ​ប្រតប់​គ្នា​រវាង​​អ្នក​ទាំងពីរ​កើតឡើង​ ។ ​ខណៈ​នោះ​ដែរ​ក្រុម​គ្រួសារ​របស់​​ឈ្មោះ​ប៊ូ ភំ មាន​គ្នា​​៦​នាក់​បាន​ចេញ​មក​ព្រួត​គ្នា​វាយ​ទៅ​លើ​រូប​គាត់​ ខ្លះ​បោច​​សក់​ ខ្លះ​ទៀត​វាយ​ដោយ​ដៃ និង​ទាត់​ធាក់ ប​ណ្តាល​ឱ្យ​​​រូប​គាត់​តែ​ម្នាក់​ឯង​​រង​របួស​យ៉ាង​ដំណំ ប៉ោង​មុខ​មាត់ ។

​ក្រោយ​ពី​កើត​ហេតុ​​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ជ័យ​ជំនះ ស្រុក​តា​ខ្មៅ។ ​ចំណែក​បក្ស​ពួក​ក្រុម​គ្រួសារ​​ដែល​ព្រួតគ្នា​វាយ​គេ​នេះ​ត្រូវ​បាន​ប៉ូលិស​​​ក្រុង​តា​ខ្មៅ ហៅ​ទៅ​ធ្វើ​ការ​សាក​សួរ​ហើយ​ធ្វើ​ការ​​ឃាត់​ខ្លួន​៣​នាក់ គឺ​​១-ឈ្មោះ​​ប៊ូ​ ភំ ២-ឈ្មោះ​មាស ធារ៉ា និង​៣-ឈ្មោះ​ភំ ភួង ។ មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​​ទាំង​៣​នាក់ បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កណ្តាល ចាត់​ការ​បន្ត​ទៀត​តាម​ច្បាប់។ នៅ​រសៀល​​​ថ្ងៃ​ទី​៥ មីនា ​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​បី​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​តែ​ម្នាក់​ទេ គឺ​ឈ្មោះ​ប៊ូ ភំ ដែល​ចេញ​ដីកា​​សម្រេច​ឃុំ​ខ្លួន​​ដោយ​លោក​ខូវ ចាន់​ថូ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល ៕

ទីតាំង​ពលការិនី​លួចរត់​​ធ្លាក់បាក់​ជើង ពេល​នេះស្លាប់​ស្ត្រីម្នាក់ទៀត

Posted: 06 Mar 2011 07:10 PM PST

ទីតាំងដែលពលការិនីស្នាក់នៅ និងរូបតូចប៉ូលិសពិនិត្យសព
បុរសមេការ (រូបអាវស) ត្រូវបាននាំខ្លួនទៅធ្វើការសាកសួរ
ការត្រួតពិនិត្យសព

រាជធានីភ្នំពេញ ៖ ពល​ការិនី​​ម្នាក់​ស្លាប់​នៅ​លើ​ទីតាំង​ផ្ទះ​ល្វែង​ជាន់​​ទី​២ របស់​ក្រុម​ហ៊ុន​​ធី & ភី ខូល​អិល​​ធី​ឌី ដែល​ជា​ក្រុម​ហ៊ុន​​​​រក​ការ​ងារ​ជូន​​ពល​ការិនី​ខ្មែរ​​ទៅ​ធ្វើ​ការ​នៅ​បរទេស​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​៣៤ ​ផ្លូវ​២៧១ ភូមិ​បឹង​ឈូក សង្កាត់​​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​កាល​ពី​​វេលា​ម៉ោង​២ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ មីនា ។ នេះ​ជាហេតុ​ការណ៍​​មួយ​ថ្មី​ទៀត​បន្ទាប់​ពី​​ពល​ការិនី​ម្នាក់​ដែល​នឹក​​កូន​ពេក សុំ​ច្បាប់​មិន​បាន​ក៏​ប្តូរ​ជីវិត​​​សម្រូត​ខ្លួន​ចុះ​តាម​​ទុយោ​ទឹក​ធ្លាក់​​បាក់​ជើង ​កាល​ពី​ថ្ងៃ​ទី​២ មីនា មុន​នេះ ។

​ប៉ូលិស​​បាន​នាំ​ខ្លួន​មនុស្ស​​ពាក់​ព័ន្ធ​​៣​​នាក់ ​ជុំ​វិញ​​​ការ​ស្លាប់​​​​ពល​ការិនី​នេះ​មាន​​អ្នក​បើក​បរ​រថយន្ត​​​ម្នាក់ និង​អ្នក​​មើល​ការ​ខុស​ត្រូវ​ក្រុម​ហ៊ុន​២​នាក់ ទៅ​​ធ្វើ​ការ​​សាក​សួរ​នៅ​​អធិការ​ដ្ឋាន​​ ​ក៏​ប៉ុន្តែ​​ជន​ទាំង​​៣​​នាក់ ​ពុំ​ត្រូវ​បាន​ប៉ូលិស​​ឃាត់​ខ្លួន​ ឬ​ចោទ​​ប្រកាន់​​​ពី​បទ​អ្វី​ឡើយ ។ ​តែ​ទោះ​បី​ជា​​យ៉ាង​ណា ប៉ូលិស​​និយាយ​ថា ​កំពុង​តែ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ ដើម្បីចាត់​​ចែង​របៀប​ណា​ ខណៈ​​ពេល​ដែល​​ក្រុម​ហ៊ុន​​នេះ​ចេះ​តែ​កើត​​មាន​រឿង​រ៉ាវ​អាក្រក់​បន្ត​បន្ទាប់​​បែប​នេះ​ ។

នៅ​កន្លែង​កើត​ហេតុ​​​ជា​ទី​ដែល​​ពល​ការិនី​​​ម្នាក់​ស្លាប់​ ពួក​អ្នក​​មើល​ការ​ខុស​ត្រូវ​ក្រុម​ហ៊ុន​បាន​ប្រើ​កម្លាំង​​ជិត​១០​នាក់ ​ជា​មនុស្ស​កាច​មក​​រារាំង​ និង​បណ្តេញ​​មិន​ឱ្យ​អ្នក​កាសែត​​​យក​ព័ត៌​មាន​​ឡើយ ។ ​ជុំ​វិញ​ករណី​ពល​​ការិនី​ស្លាប់​ខាង​លើ លោក​ម៉ក់ ហុង អធិ​ការ​ប៉ូលិស​​ខណ្ឌ​សែន​សុខ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ពល​ការិនី​នេះ​ឈ្មោះ​ស៊ឹង ស៊ី​ណា អាយុ​​៣៧​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ភូមិ​វាល​គ្រៀល ​ស្រុក​កំពង់​​សៀម ខេត្ត​​កំពង់​ចាម ​មាន​កូន​៣​នាក់ ស្រី​ម្នាក់ ប្រុស​២​នាក់ ហើយ​បាន​មក​ស្នាក់​នៅ​ក្នុង​​ក្រុម​ហ៊ុន​នេះ​ប្រមាណ​ជាង​៤​ខែ​មក​ហើយ ដោយ​រង់​ចាំ​ទៅ​ស៊ី​ឈ្មួល​បំរើ​គេ​​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ។ លោក​បន្ត​ថា ការ​ស្លាប់​របស់​​​ពល​ការិនី​នេះ ​ដោយ​សារ​គាំង​បេះ​ដូង (ខ្យល់​គរ) នេះ​ បើ​តាម​ការ​ពិនិត្យ​​របស់​គ្រូ​ពេទ្យ​។

លោក​បញ្ជាក់​ទៀត​ថា ​មនុស្ស​៣​នាក់​ដែល​ប៉ូលិស​​នាំ​ខ្លួន​ទៅ​សាក​សួរ​គឺ ១-ឈ្មោះ​ពៅ ថុន ​អ្នក​បើក​បរ​រថយន្ត ២-ឈ្មោះ​ឆាយ ​ហាក់ និង​៣-​ឈ្មោះ​ជិន សុវណ្ណ ​ជា​អ្នក​​​មើល​ការ​ខុស​ត្រូ​វ​ក្រុម​ហ៊ុន ដោយ​ពួក​គេ​​ជា​អ្នក​​ដឹក​សព​ស្ត្រី​រង​គ្រោះ​​ចេញ​ពី​ទី​តាំង​ក្រុម​ហ៊ុន​​បំណង​ទៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​​មិន​ទាន់​​ដល់​មន្ទីរ​ពេទ្យ​ផង ក៏​​​​​ដឹក​ត្រឡប់​​មក​វិញ ទើប​​រាយ​ការណ៍​​ប្រាប់​​ប៉ូលិស​​។ ត្រង់​ចំណុច​នេះ ជំហាន​ដំបូង​​ប៉ូលិស​បាន​សង្ស័យ​ថា ​បើ​មនុស្ស​ស្លាប់​​​ហើយ​ម៉េច​ក៏​ដឹក​ទៅ​​មន្ទីរ​​ពេទ្យ​ មិនទុក​នៅ​ក្នុង​ផ្ទះ​ក្រុម​ហ៊ុន​​ ហើយ​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ដើម្បី​​ទៅ​ពិនិត្យ​។ ប៉ុន្តែ​អ្នក​ទាំង​បី​បាន​និយាយ​ដោះ​សារ​ថា ​ការ​ដែល​ពួក​គេ​ដឹក​ស្ត្រី​រង​គ្រោះ​នេះ​​ទៅ​មន្ទីរ​ពេទ្យ ​ដើម្បី​ជួយ​សង្គ្រោះ​​ តែ​ដល់​ឃើញ​ស្ត្រី​នេះ​ស្លាប់​​ហើយ​ក៏​ដឹក​មក​ផ្ទះ​​វិញ។

ចំពោះ​​មន្ត្រី​ប៉ូលិស​​​ផ្នែក​បច្ចេក​ទេស​ពិនិត្យ​សាក​សព​បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ការ​ពិនិត្យ​លើ​ខ្លួន​សាក​សព​ស្ត្រី​រងគ្រោះ​ គឺ​ពុំ​បាន​​រក​ឃើញ​​ស្លាក​​​ស្នា​ម​អ្វី​គួរ​ឱ្យ​​កត់​សំគាល់​​នោះ​ទេ ។ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា ​គ្រូ​ពេទ្យ​​បាន​បូម​​ឈាម​សាក​សព​យក​ទៅ​ពិនិត្យ​មើល​ថែម​ទៀត ​ថា តើ​ស្ត្រី​រង​គ្រោះ​​នេះ​អាច​មាន​ជាតិ​​ពុល ឬ​យ៉ាងណា​នោះ?

ចំណែក​លោក​ឃួង ស្រេង អភិ​បាល​ខណ្ឌ​សែន​សុខ បាន​ប្រាប់​កោះ​សន្តិ​ភាព​ដែរ​ថា ​លោក​បាន​បញ្ជា​ឱ្យ​ប៉ូលិស​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ចំពោះ​​រឿង​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​បន្ត​បន្ទាប់​នេះ​ ហើយ​តុលា​ការ​ជា​អ្នក​សម្រេច​​យ៉ាង​ណា​​ជា​ឆន្ទា​នុ​សិទ្ធិ​របស់​តុលា​ការ​​។

​គួរ​បញ្ជាក់​ថា ​ក្រុម​ហ៊ុន T&P ខាង​លើ​នេះ បាន​កើត​បញ្ហា​ចំនួន​២​ដង ក្នុង​រយៈ​ពេល​មិន​ទាន់​បាន​មួយ​សប្តាហ៍​​ផង ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​​ឈឺ​ក្បាល​​ថែម​ទៀត​ផង ។ ​​បើ​ទោះ​បី​ជា​យ៉ាង​ណា ប្រភព​ព័ត៌​មាន​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ពល​ការិនី​ជា​ច្រើន​នាក់​ត្រូវ​គេ​ផ្ទុក​ឱ្យ​រស់​នៅ​លើ​ផ្ទះ​ល្វែង​ជាន់​ទី​២ ដោយ​​ការ​ចេញ​ចូល​មាន​ការ​ឆែក​ឆេរ​​ពី​អ្នក​យាម​ទ្វារ​មាន​ភាព​ប្រយ័ត្ន​​ប្រយែង​ខ្លាំង​ណាស់ ។ បើ​មើល​ទិដ្ឋ​ភាព​ពី​ខាង​ក្រៅ​នោះ​វិញ ជុំ​វិញ​របង​​នេះ​ត្រូវ​បាន​គេ​ហ៊ុម​ព័ទ្ធ​​​ដោយ​​សំណាញ់​ដែក និង​បន្លា​លួស និង​មាន​​ជញ្ជាំង​ស័ង្ក​សី​បិទ​ពី​ចំហៀង​​ថែម​ទៀត​ផង​ដែល​គេ​មើល​ពី​ក្រៅ​ទៅ​សង្ស័យ​មន្ទីរ​ឃុំ​ឃាំង​​អ្វី​មួយ៕

បាញ់​៧​គ្រាប់ប្លន់លុយ​ពីជនជាតិ​ចិន​ចំនួន៤​ពាន់ដុល្លារ តាមប្រភពព័ត៌មានថា​អ្នករងគ្រោះ​ចេញពីបនល្បែង

Posted: 06 Mar 2011 06:42 PM PST

រាជ​ធានី​ភ្នំពេញ ៖ បុរស​ជន​ជាតិ​ចិន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​អំពើ​បាញ់​ប្រហារ​ប្លន់​យក​កាបូប​ប្រាក់​ពី​សំណាក់​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម​បាញ់​ត្រូវ​ចំនួន​៣​គ្រាប់។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​តាម​​បណ្តោយ​ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ឆ្នាំ​២០១១។

បុរស​រង​គ្រោះ​ក្នុង​អំពើ​បាញ់​ប្រហារ​ខាង​លើ​​ឈ្មោះ​យោវ យ៉ឺន​យ៉ាង អាយុ​៣៤​ឆ្នាំ ជា​ភ្ញៀវ​​ទេស​ចរ ជួល​ផ្ទះ​ស្នាក់​នៅ​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា។ មុន​ពេល​កើត​ហេតុ​ឈ្មោះ​យោវ យ៉ឺន​យ៉ាង បាន​ជិះ​ម៉ូតូ​កង់បី​មួយ​គ្រឿង​ចេញ​ពី​លេង​ល្បែង​ជា​មួយ​នារី​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ជា​មិត្ត​ភក្តិ។ លុះ​ធ្វើ​ដំណើរ​ទៅ​ដល់​មុខ​ក្លឹប​មេហ្គា ជន​ជាតិ​ចិន​ទាំង​២​ក៏​បាន​ឱ្យ​ម៉ូតូ​កង់បី​ឈប់​ ហើយ ចុះ​ពី​លើ​ម៉ូតូ​បំណង​ចូល​ច្រៀង​ខារ៉ា​អូខេ នៅ​ក្នុង​ក្លឹប​មេហ្គា ខណៈ​ពេល​នោះ​ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ​មួយ​គ្រឿង មក​ឈប់​ទន្ទឹម​ ហើយ​ដក​កាំភ្លើង​ខ្លី​ភ្ជង់​ប្លន់​យក​កាបូប​ប្រាក់​ពី​ឈ្មោះ​យូ លី ជា​ហេតុ​បណ្តាល​ឱ្យ​ឈ្មោះ​យោវ យ៉ឺន​យ៉ាង ឃើញ​ក៏​ស្ទុះ​ទៅ​ជួយ ហើយ​ត្រូវ​ក្រុម​ចោរ​បាញ់​រះ​ចំនួន​៧​គ្រាប់​បណ្តាល​ឱ្យ​របួស​ឈ្មោះ​យោវ យ៉ឺន​យ៉ាវ ចំនួន​៣​គ្រាប់​ចំជើង​ទាំង​សង​ខាង។ បច្ចុ​ប្បន្ន​កំពុង​សំរាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។

តាម​ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា ក្នុង​អំពើ​បាញ់​ប្រហារ​ខាង​លើ​នេះ​ក្រុម​ចោរ​ប្លន់​​យក​បាន​ប្រាក់​ពី​ឈ្មោះ​យូ លី​ ចំនួន​៤.០០០​​ដុល្លារ ដែល​ម្ចាស់​ប្រាក់​និយាយ​ថា ទើប​តែ​ឈ្នះ​ល្បែង​ពី​កាស៊ីណូ​មិន​ទាន់​បាន​ចាយ​ផង។ ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ករណី​នេះ​ហើយ ព្រោះ​វា​ទាក់​ទិន​ដល់​អ្នក​ទេស​ចរ៕

២នាក់​ប្តីប្រពន្ធ​​​​​ឡាន​បុក​កិន​​​ប្តី​​ស្លាប់ ​ប្រពន្ធ​​រង​របួសធ្ងន់

Posted: 06 Mar 2011 06:29 PM PST

​បុរស​ម្នាក់​​ស្លាប់​បាត់​បង់​ជីវិត​​ភ្លាមៗ
​រថយន្ត​​កូរ៉េ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​ពណ៌ខៀវ បង្កហេតុ
ស្ត្រី​​ជា​ប្រពន្ធ​រង​របួស​​ធ្ងន់

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ស្លាប់​បាត់​បង់​ជីវិត​​ភ្លាមៗ ​​និង​​ស្ត្រី​​ម្នាក់​​​​ទៀត​​ជា​ប្រពន្ធ​រង​របួស​​ធ្ងន់ ​ដោយសារ​​រថយន្ត​​ខ្នាត​ធំ​ប៉ះពារ និង​កិន​​នៅលើ​កំណាត់​ផ្លូវលេខ​​២៧១ ​មុខ​​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-​​សូវៀត ស្ថិត​ក្នុង​សង្កាត់​ទំនប់ទឹក ​ខណ្ឌ​ចំការមន កាលពីវេលា​ម៉ោង​​​៦​និង​​១០នាទី​ព្រឹក​ថ្ងៃទី​​៧ មីនា ឆ្នាំ​​២០១១ ។​

ហេតុការណ៍​​​ដ៏រន្ធត់​នេះ​បង្កឡើង​​ដោយ​រថយន្ត​​កូរ៉េ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​ពណ៌ខៀវ ​​សណ្តោង​​​កន្ទុយ​​ដឹក​គ្រឿង​​ចក្រឈូស​ឆាយ​​ដី (អាប៊ុល) បានបើកបរ​​​ជ្រែគេឯង​​​ទាំង​សណ្តោង​​​កន្ទុយច្រងេង​​​​ច្រងាង​​ បណ្តាល​ឱ្យ​​ប៉ះ​ម៉ូតូ​បុរ​ស​រងគ្រោះ​ដួល​​អ្នក​ជិះ​ម៉ូតូខ្ទាត​ចូល​​កង់​រថយន្ត​កិន​ស្លាប់​​​ភ្លាមៗ​​​យ៉ាង​អាណោច​អាធ័ម​បំផុត​ ។ រី​ឯស្ត្រី​​ជា​ប្រពន្ធ​​​បានរង​របួស​​​ធ្ងន់ធ្ងរ​​ត្រូវបញ្ជូន​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ​-​​​សូវៀត ។ ​បុរ​ស​​ដែលស្លាប់​ក្នុង​ហេតុ​ការណ៍​​​​​គ្រោះថ្នាក់​ចរា​ចរណ៍​​នេះ​ពុំទាន់ស្គាល់​​​អត្តសញ្ញាណ​​​នៅឡើយទេ ​ហើយស្ត្រី​​ជា​ប្រពន្ធ​វិញ​ក៏ពុំ​ទាន់​​​និយាយស្តី​អ្វី​រួច​​ដែរ ដោយ​សារ​របួសធ្ងន់​​​ធ្ងរពេក ។​

តាមប្រភពព័ត៌​មាន​​​​​ជំហាន​ដំបូង​​បាន​ឱ្យ​​​ដឹង​ថា មុន​ពេលកើត​ហេតុ​​បុរស​រងគ្រោះ​បាន​ជិះម៉ូតូ​ម៉ាក​គុបជ្រុង​ C70 ពណ៌ស្លែ​​ ឌុប​ប្រពន្ធ​​ធ្វើដំណើរ​​​លើ​ដង​ផ្លូវ​​​លេខ​​២៧១ ​​ក្នុងទិសដៅ​​​ពីត្បូងទៅ​ជើង លុះ​​ដល់​​ចំណុច​កើតហេតុ​​​ ក៏ជួប​ហេតុ​ការណ៍​​​គ្រោះថ្នាក់​​ចរាចរណ៍​​ដោយចៃ​ដន្យ​​តែម្តង ។ សូម​បញ្ជាក់​ថា អ្នកបើកបរ​​រថយន្តខាង​លើ​នេះ​ត្រូ​វ​បាន​សមត្ថ​កិច្ច​​ឃាត់ខ្លួន​​ក្រោយ​​​ពេល​​ព្យាយាម​​​រត់គេច​ពី​​កន្លែង​កើតហេតុ​​​ក្នុងបំណង​មិនទទួល​​ខុសត្រូវ​លើ​កំហុស​​របស់ខ្លួន ៕

សមត្ថ​កិច្ច​​​​បន្ត​​​​ឆែកឆេរ​​លំនៅឋាន​​​មេ​ខ្លោង​​ផលិត​​ថ្នាំ​ញៀន​ហុង អេនឌី​ រកឃើញ​ទូដែក និង​រថយន្ត​​ទំនើប

Posted: 06 Mar 2011 06:19 PM PST

សមត្ថកិច្ច​ប៉ូលិស​​ប្រឆាំង​គ្រឿងញៀននិង​​មន្ត្រី​​តុលាការ​បាន​​ចុះទៅ​​ធ្វើ​ការ​​​ឆែក​ឆេរ​​ផ្ទះ​ប្រពន្ធ​​​របស់ឈ្មោះ​​ហុង អេនឌី កាលពីព្រឹក​ថ្ងៃ​ទី​២ មីនា កន្លងទៅ​នេះ

រាជធានីភ្នំពេញ ៖ ​យោង​តាម​កា​រស៊ើប​អង្កេត​​​របស់សមត្ថកិច្ច​​​ជំនាញ​នៃស្នង​ការ​​ដ្ឋាន​រាជ​ធានីភ្នំពេញ សហការជាមួយនគរបាល​​នាយក​ដ្ឋាន​​សន្តិសុខ​​ក្រសួង​មហាផ្ទៃ​​​ ​មន្ត្រី​​មូល​ដ្ឋាន​​ និង​មន្ត្រី​តុលាការ​នៅល្ងាច​​​ថ្ងៃទី​​​៦ មីនា ​២០១១ ​​​បាន​ចុះ​ឆែក​​ឆេរ​លំនៅឋាន​​របស់​ឧក្រិដ្ឋ​​ជនហុង អេនឌី មេខ្លោង​​​ផលិត​គ្រឿង​ញៀន​​មួយកន្លែង​​ទៀត​ស្ថិត​នៅ​ភូមិ​ក្បាល​​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ។​

ប្រតិបត្តិការ​​ខាងលើនេះ សមត្ថ​កិច្ច​​​​រក​ឃើញ​​មាន​ទូ​ដែក​មួយ និង​រថយន្ត​​ម៉ាក LEXUS 470 ថ្មី​មួយ​គ្រឿង​​ទៀត ។ ក្រៅ​ពីនេះ ពុំឃើញ​មាន​អ្វីគួរ​ឱ្យ​កត់សម្គាល់​​ឡើយ ​សូម្បីតែ​​​មនុស្ស​​ក្នុងលំនៅ​ឋាន​​ក៏ពុំ​​មាន​​ដែរ ។ ​ចំពោះ​​លំនៅ​​ឋាន​​ និង​ស​ម្ភារ​ដែល​សមត្ថកិច្ច​​បានចុះអនុវត្ត​​ខាងលើ​នេះ​ត្រូវ​​បានតុលាការ​​ចេញដីកា​​រឹបអូស​​ និងបិទទ្វារ​​ផ្ទះ​ទាំងស្រុងតែ​ម្តង ។ ដោយឡែក​ទូដែក​ត្រូវ​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ក្រសួង​មហា​ផ្ទៃ​ និង​បង្កើត​គណៈ​កម្មការ​​​​សម្រេច​​គាស់មើល​​នៅព្រឹក​​ថ្ងៃទី​​​៧ មីនា ២០១១ នេះ ។​

សូម​​បញ្ជាក់​​​ថា កាលពីព្រឹក​ថ្ងៃ​ទី​២ មីនា ២០១១ ​កន្លងទៅ​នេះ សមត្ថកិច្ច​ប៉ូលិស​​ប្រឆាំង​គ្រឿងញៀន​​រាជធានីភ្នំពេញ ដឹកនាំដោយ​​​លោក​​វរសេនីយ៍​​ទោ យឹម សុជាតិ ​សហការជាមួយ​​អាជ្ញា​ធរ​​ដែន​ដី​​មាន​ប៉ូលិស​​​មូលដ្ឋាន​ មន្ត្រី​​​សាលា​ខណ្ឌ​​មានជ័យ និង​​មន្ត្រី​​តុលាការ​បាន​​ចុះទៅ​​ធ្វើ​ការ​​​ឆែក​ឆេរ​​ផ្ទះ​ប្រពន្ធ​​​របស់ឈ្មោះ​​ហុង អេនឌី មេខ្លោង​​ផលិត​-ជួញដូរ​​គ្រឿងញៀន​​​នៅ​ក្នុង​​សង្កាត់​​បឹង​ទំពុន និង​ផ្ទះ​ម្តាយ​ក្មេក​​នៅ​សង្កាត់​ចាក់​​អង្រែក្រោម​ ខណ្ឌ​មានជ័យ ។​

ប្រតិបត្តិការ​​​ឆែកឆេរ​​លំនៅ​ឋាន​​​ទាំង​​២​កន្លែង​​នេះ​មួយ​កន្លែង​នៅ​សង្កាត់​ចាក់អង្រែ​​ក្រោម​ជា​លំនៅ​ឋាន​​របស់​​ម្តាយ​ក្មេក​​ហុង អេនឌី ​ហើយ​មួយកន្លែង​នៅ​​សង្កាត់​​បឹង​ទំពុន ​​ជា​លំនៅឋាន​​របស់ប្រពន្ធ​​ហុង អេនឌី ​។ ការឆែកឆេរ​ទីតាំង​​នេះ​នៅ​សង្កាត់​​ចាក់អង្រែ​​ក្រោម​ សមត្ថកិច្ច​​​រក​ពុំ​​ឃើញ​មាន​​វត្ថុតាង​ល្មើស​​អ្វីឡើយ ។ ​ប៉ុន្តេ​​ដោយ​​ឡែក​លំនៅ​​ឋាន​នៅ​បឹង​ទំពុន​​ សមត្ថ​កិច្ច​​រកឃើញ​​រថយន្តទំនើបៗ ២គ្រឿង​ទៀត​ គឺ​១-​​ម៉ាកឡិច​ស៊ីស ពណ៌ខ្មៅ RX 300 និង​១គ្រឿង​ទៀត​ម៉ាក ឡិចស៊ីស ​ពណ៌ខ្មៅ ​ស៊េរី​​៤៧០ ត្រូវ​បាន​សមត្ថ​កិច្ច​​រក្សទុក ។​

​ជន​​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ឈ្មោះ​​ហុង អេនឌី ភេទ​ប្រុស អាយុ​៥១ឆ្នាំ ២-ឈ្មោះ​ណៃ ស្រីនី ភេទ​ស្រី អាយុ​​១៩ឆ្នាំ​ និង៣-ឈ្មោះ​ណៃ វ៉ាន់​ណែត ភេទ​ប្រុស អាយុ​១៦ឆ្នាំ​ ។ ជនទាំង​៣​នាក់​នេះ​​​មាន​ឈ្មោះ​ហុង អេនឌី ​ជា​មេខ្លោង​ផលិត​ និងជា​ម្ចាស់​​ទីតាំង​ផលិត​ថ្នាំ​ញៀនចំតួ​ ​តែម្តង ត្រូវបានប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​​នៃ​ស្នងការ​ដ្ឋានរាជធានីភ្នំពេញ ​សហ​ការ​ជាមួយ​មន្ត្រី​​អាជ្ញាធរ​មូលដ្ឋាន​​តំណាង​ព្រះ​​រាជអាជ្ញា​​រាជធានី ដឹកនាំ​ដោយ​​លោក​​វរ​សេនីយ៍​ទោ​យឹម សុជាតិ ប្រធានការិយាល័យ​​ប្រឆាំង​គ្រឿងញៀន​​នៃស្នង​ការ​ដ្ឋាន​រាជ​ធានី ព័ទ្ធ​​ចាប់​ខ្លួន​​កាលពី​​វេលាម៉ោង​ជាង​១១​យប់ ​​ថ្ងៃទី​​២៨ កុម្ភៈ ​២០១១ នៅ​ផ្ទះ​​​ដីឡូត៍​គ្មាន​លេខ​មួយ​កន្លែង ក្រុម​ទី​៤ ​សង្កាត់​វាលស្បូវ ​ខណ្ឌ​​​មានជ័យ ប្រមូល​បាន​សារធាតុ​​ផ្សំ​ផលិត​គ្រឿងញៀន​ និង​ឧបករណ៍​​​ប្រើប្រាស់​​ជាច្រើន​​ ហើយ​នៅព្រឹក​​​នេះ​ទៀត ​គឺ​ថ្ងៃ​ទី​​១ មីនា ​សមត្ថ​កិច្ច​​កំពុង​បន្តការ​ឆែក​​នៅ​ផ្ទះ​​ខាងលើ​ដដែល ។​

ក្នុង​ការ​រុក​រក​​វត្ថុ​តាង និង​​​ឧបករណ៍​ផលិត​ថ្នាំ​ញៀន​ខាង​លើ​នេះ សមត្ថ​កិច្ច​ចម្រុះ​​​បាន​ដក​ហូត​រថយន្ត​២គ្រឿង​​ ម៉ាក​ទួរីស​​១២​កៅអី ១គ្រឿង ម៉ាក​មែរសឺដែស​​​​១គ្រឿង ។ លើស​ពីនេះ​​ទៅ​ទៀត​ ​​ដក​ហូត​បាន​ឧបករណ៍​​​ផលិត​ថ្នាំ​ញៀន​​មួយ​កំប្ល៉េ ។ ដោយ​​ឡែក ​សារធាតុ​​ផ្សំ​ដែល​​សមត្ថ​កិច្ច​​ដក​​ហូត​បាន​មាន​ Pseudo ethed  Zine 210​ក្រាម​ Hydro Chloricacid ៥០​កេស​​ ស្មើ​នឹង​១.១០០​ដប Sodium Chloride ៥កេស​​ស្មើ​៦២​​ដប ​Sulfuri acide ១៥២​កេស  ស្មើ​​១៥​២០​​ដប អាវុធ​ខ្លី​ម៉ាក​​​ប្រា​ហា​១​ដើម​ បង់១មាន​​៣គ្រាប់​ ។ ម៉ូតូ​ម៉ាក​អាយខន​មួយ​គ្រឿង​ ​ម្សៅ​ខ្មៅ​​លាយ​រួច​មួយ​ធុង ព្រម​ទាំង​សំភារៈ​ប្រើ​ប្រាស់​​មួយ​ចំនួន​ធំ​ទៀត​៕

ក្រុង​កែប​អភិវឌ្ឍន៍​ អ្នក​នៅ​លើ​ផ្លូវគ្មានដីសង់ផ្ទះ​ប្រឈម​​នឹង​ការ​ចាកចេញ

Posted: 06 Mar 2011 06:04 PM PST

លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ទាំងនេះនឹងត្រូវ​ឱ្យ​ចាកចេញ​នាពេល​ខាងមុខ
លំនៅឋាននៅលើផ្លូវដែលពេលនេះអាជ្ញាធរមានគំរោងអភិវឌ្ឍន៍ និងតម្រូវឲ្យរុះរើចេញ

ខេត្តកែប​ ៖ ​លំនៅ​ឋាន​​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​​នៅ​ភូមិ​កែប ​សង្កាត់កែប ​ក្រុង​កែប ​ត្រូវ​បាន​សាង​សង់​​​​នៅ​លើ​​ដង​ផ្លូវ​​សាធារណៈ​​យ៉ាង​ច្រើន​​​​ស្អេក​ស្កះ ​ដែលមតិសាធារណៈ​​​​​​បានស្តី​បន្ទោស​​​​ទៅ​​លើ​អាជ្ញាធរ​ថា​ មិន​​គួរ​ឱ្យ​​ពលរដ្ឋ​​​មកសាង​សង់​​លំនៅឋាន​​ច្រើនបែបនេះទេ​ ​ព្រោះ​​ការ​សាង​សង់​​​​មាន​រាប់​រយ​គ្រួសារសុទ្ធតែ​​នៅ​លើ​​ផ្លូវ​​​សាធារណៈ​ក្នុង​​ក្រុង​ ។ ​ដោយអាជ្ញា​​ធរ​ខេត្ត​ចាប់​ផ្តើម​រៀបចំ​​​​ធ្វើការ​អភិវ​ឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​​​ឡើងវិញ​​នេះ ​​សំណង់​​នៅលើ​​ផ្លូវ​​សាធារណៈ​​ក្នុង​​ទីរួមខេត្ត ត្រូវបណ្តេញ​​​ចេញ​ក្នុងពេលឆាប់​ៗ​​​នេះហើយ ។​

ប្រជា​ពលរដ្ឋ​​​ម្នាក់​ឈ្មោះ​​​ឆេង នីម ​ភេទ​ស្រី អាយុ​​២៦​ឆ្នាំ ​​បានធ្វើ​ផ្ទះនៅលើទ្រូង​​​ផ្លូវ​ជាតិ ​​បាន​ប្រាប់​ថា ​គាត់​មក​​​រស់នៅ​ភូមិ​​​កែបនេះតាំង​​​ពី ឆ្នាំ​​២០០០។ ស្ត្រីរូបនេះ​​​បាននិយាយ​ថា ​គាត់​មាន​ស្រុក​កំណើត​​នៅឯស្រុក​​ត្រាំកក់​​ ខេត្ត​​​តាកែវ ​បច្ចុប្បន្ន​​ប្តីជា​មេគ្រួសារ​​ធ្វើការ​​នៅសាលា​ខេត្ត​​​កែប រី​ឯ​គាត់​​ជា​ប្រពន្ធ​​លក់ដូរ​បន្តិ​ចបន្តួច​​​នៅ​តាម​ឆ្នេរ​កែប​​​ ពេល​មាន​​រដូវបុណ្យ​​ទាន​ម្តង​​​ម្កាល។ ​ស្ត្រីរូបនេះ​បាននិយាយ​​​​ថា គាត់​មានការ​​ព្រួយ​បារម្ភ​ដែរ ព្រោះ​ដឹង​ថា ​​បាន​រស់នៅ​​លើ​ផ្លូវ​​សាធា​រណៈ តែ​​​បើអាជ្ញាធរ​​បណ្តេញ​​ចេញមិន​​​ដឹង​ជា​ពួកគាត់​​​​ទៅរស់នៅទីណាទេ ​ព្រោះ​កន្លង​មក​​​​សង់​​ផ្ទះ​​លើ​ផ្លូវ​​​អត់មាន​​អ្នក​ណា​​​ហាមឃាត់ឡើយ​។

លោកគិត ហ៊រ ​ប្រធាន​សហគមន៍​​ពលរដ្ឋ​​គ្មាន​ដីធ្លី​​បានប្រាប់​​កោះសន្តិភាព​​ថា ប្រជា​ពលរដ្ឋ​​​ដែល​សាង​សង់​​​លំនៅឋាន​នៅលើផ្លូវ​សាធារណៈ​​​ក្នុងភូមិ​​កែប សង្កាត់​​​កែប​នេះ​មាន​ចំនួន​​១៧២​គ្រួសារ។ លោកប្រធាន​​សហគមន៍​​បានបញ្ជាក់​ថា ពលរដ្ឋ​​ដែល​​រស់នៅ​គ្មាន​អ្វីជាពឹង​​ទេ គឺ​មក​​ពី​គ្រប់​​ទិសទី ។ ​លោក​គិត ហ៊រ មានប្រសាសន៍​​បញ្ជាក់​ថា លោក​មាន​​សំណើ​មួយ​ទៅ​មូល​និធិ​​អភិវឌ្ឍន៍​​​កាត់បន្ថយ​​ភាពក្រីក្រ​​​នៅ​ភ្នំពេញ​​ ដើម្បី​​សុំ​ថវិកា​​មួយ​ចំនួន​​មកជួយ​ប្រជា​ពលរដ្ឋ​​ ដែល​រស់​នៅ​​​លើ​ផ្លូវ​​សាធារណៈ​​មានលទ្ធ​ភាព​​​អាច​ចាក​ចេញ។​

លោក​ម៉ម ​ទូច ប្រធាន​​​មន្ទីរសាធារណៈ​​ការ​ខេត្ត​​កែប មានប្រសាសន៍​ថា ផ្លូវ​ចាស់​-ថ្មី​​នៅ​​​ក្រុង​កែប​​ត្រូវធ្វើការ​​អភិវឌ្ឍន៍​​ឡើងវិញ​នៅឆ្នាំ​​២០១១ ​និង​២០១២ ខាង​មុខនេះ ​​នឹង​ត្រូវ​​ឈូស​ឆាយ​​ទាំងអស់ ​​ចំណែក​​ការ​ពាក់ព័ន្ធ​នឹង​លំនៅ​ឋាន​​​​របស់​ពលរដ្ឋ​​​មក​សង់​​នៅបែប​​​អនាធិបតេយ្យ លើ​ផ្លូវ​​បែបនេះ​គឺ​ខាង​​អាជ្ញាធរ​ខេត្ត​​​​ជា​អ្នក​​ចាត់ចែងដោះស្រាយ​។

​ពលរដ្ឋ​ម្នាក់​​ទៀត​​​ឈ្មោះ​​ឃីន សារ៉េត និង​ប្រពន្ធ​ឈ្មោះ​​ឆាយ ស្រី អាយុ​​៤២​ឆ្នាំ ​រស់នៅ​​លើ​ផ្លូវ​​សាធារណៈ​ជាប់​នឹង​របង​មន្ទីរ​សូរិយោដី​​​ខេត្ត​បានប្រាប់​ថា ​គាត់​មក​​រស់នៅ​ខេត្តកែប​នេះ​​​តាំង​ពី​ឆ្នាំ​១៩៩១ ​កាលនោះ គាត់​ធ្វើជា​ទាហាន​​ ។ បុរស​រូបនេះ​​និយាយ​​​ថា បច្ចុប្បន្ន​​នេះ​គាត់មាន​កូន​​​ប្រុស-ស្រី​​៦​នាក់​​​ទៅហើយ ​​និង​គ្មាន​ដី​មួយ​ចំរៀក​​​សម្រាប់​ចែក​​​កូនទេ​ ហើយ​បើ​អាជ្ញាធរ​​បណ្តេញ​ចេញ​​ទៀត​ពួក​គាត់​ពិតជា​​វេទនា​​
ហើយ ។ ​ស្ត្រីម្នាក់​​​ទៀត​បាន​​អះអាង​​ថា ​ពួក​គាត់​នៅ​លើ​ដង​ផ្លូវ​​​ខាង​ក្រោយ​​មន្ទីរ​សុរិយោដី​​ខេត្ត​នេះ​តាំង​ពីព្រៃដុះ​​ស៊ុប​​ទ្រុប​​មក​ម៉្លេះ ​បើគិតទៅ​ជាង​​១៥​ឆ្នាំ​ហើយ។ ​​តែ​​មុន​​នឹង​ធ្វើការ​​​​ចាកចេញ​​ដោយមិន​​បានទទួល​​ថវិកា​សំណង​ផ្លាស់​ប្តូរ​​ណា​មួយ​​សមរម្យ​​​គឺពួកគាត់មិន​​​ចេញទេ។

លោក​ណុប​ សំអុន ចៅសង្កាត់​កែប​មាន​ប្រសាសន៍​​​ថា សំណង់​អនាធិបតេយ្យ​​ដែល​បាន​​សង់​នៅ​​ខុសច្បាប់​​នេះត្រូវបាន​ផ្អាក​​ឈប់​ឱ្យ​ពល​រដ្ឋ​​​​សាង​សង់​​បន្តហើយ។ ​គេ​បាន​កត់សម្គាល់​​​ឃើញ​ថា ​កន្លងមក​​​​ពលរដ្ឋ​​រស់នៅ​​​ក្នុង​អគារ​​បឹង​ហ្គាឡូ​ជាប់​នឹង​សាលា​​ខេត្ត​​​ត្រូវបាន​អាជ្ញា​ធរ​បណ្តេញ​​ឱ្យ​​ចេញទាំង​​បង្ខំ​​ផងដែរ ប៉ុន្តែមិនដឹងថា​ករណីនេះអាជ្ញាធរនឹងដោះស្រាយដោយវិធីណា​ទេ៕           

ស្ត្រី​ប្រមឹក​វាយ​សំពងកូន​ប្រុស​ជាប់​ចំណង​រង​របួស​ធ្ងន់ធ្ងរ

Posted: 06 Mar 2011 05:59 PM PST

កូនប្រុសរងរបួសដោយសារម្តាយវាយពេលស្រវឹង

ខេត្ត​ស្វាយ​រៀង​​ ៖ អំពើ​ហិង្សា​មួយ​គួរ​ឱ្យ​រន្ធត់​​ដែល​ស្ត្រី​ជា​ម្តាយ​​ស្រវឹង​ស្រា​បាត់​បង់​ស្មារតី​​បាន​យក​ព្រនង់​ឫស្សី​ប៉ុន​ក​ដៃ​វាយ​សំពង​ទៅ​លើ​​កូន​ប្រុស​ចំ​ពី​លើ​ក្បាល​បី​ព្រនង់​បែក​ហូរ​ឈាម​ស្រោច​ពេញ​ផ្ទៃ​មុខ​ ត្រូវ​បាន​ម្តាយ​មីង​ដឹក​​តាម​ម៉ូតូ​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ។ ប្រការ​​គួរ​ឱ្យ​កត់​សំគាល់​គឺកូន​ប្រុស​ដែល​រង​គ្រោះ​ ខណៈ​ត្រូវ​ជាប់​ចំណង​ទៀត​ទើប​មិន​អាច​គេច​រួច​ពី​ព្រនង់​ដែលម្តាយ​វាយ​មក​លើ​។

ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ មីនា វេលា​ម៉ោង​២​រសៀល​ នៅ​ភូមិ​ព្រៃ​ពោធិ ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ។ បើ​តាម​ស្ត្រី​ឈ្មោះ​​ម៉ែន សុគន្ធា អាយុ​៤៣​ឆ្នាំ ត្រូវ​ជា​ម្តាយ​មីង​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា កូន​ប្រុស​រង​គ្រោះ​ឈ្មោះ​ម៉ែន សុភី អាយុ​២៣​ឆ្នាំ ត្រូវ​បាន​ម្តាយ​ឈ្មោះ​សេង​ សារិត​ អាយុ​៤៥​ឆ្នាំ​ យក​ព្រនង់​ឫស្សី​ប៉ុន​ក​ដៃ​វាយ​សំពង​លើ​ក្បាល​ចំនួន​បី​ព្រនង់​បែក​រយះ​ដល់​ឆ្អឹង​ចំនួន​៣​កន្លែង​ដេរ​ជាង​៣០​ថ្នេរ​ និង​ចំ​ស្មា​ឆ្វេង​មួយ​ព្រនង់​ បាក់​ម្រាម​ដៃ​ស្តាំ​មួយ សន្លប់​នៅ​នឹង​កន្លែង​ ហើយ​ក៏​ត្រូវ​រូប​គាត់​ជា​ម្តាយ​មីង​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។

ស្ត្រី​ជា​ម្តាយ​មីង​បាន​បន្ត​ទៀត​ថា មុន​ពេល​កើត​ហេតុ​ ស្ត្រីជា​ម្តាយ​បាន​ផឹក​ស្រា​ស្រវឹង​អួ​ទី​នួរ​ រី​ឯ​កូន​ដែល​រង​គ្រោះ​ក៏​ផឹក​ស្រា​ស្រវឹង​ដែរ​ តែ​ផឹក​នៅ​កន្លែង​ផ្សេង​គ្នា​។ ពេល​ដែល​បុរស​ជា​កូន​ផឹក​ស្រវឹង​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ដេក តែ​ពេល​នេះ​មាន​មិត្ត​ភក្តិ​ក្នុង​ភូមិ​ដែលផឹក​ស្រា​ជាមួយ​​គ្នា​មក​បបួល​ដើរ​លេង​ទៀត តែ​ប្អូន​ប្រុស​ឃើញ​បង​ស្រវឹង​ជោគ​ដូច្នេះ​ក៏​ឃាត់​មិន​ឱ្យ​ទៅ​តាម​មិត្ត​ភក្តិ​នោះ​ទេ ​គឺ​ឃាត់​ឱ្យ​ដេក។​ ដោយ​បង​ប្រុស​មិន​ព្រម​ស្តាប់​ចេះ​តែ​ដើរ​ទ្រេត​ទ្រោត​​រក​ចុះ​ពី​លើ​ផ្ទះ​ក៏​ត្រូវ​ប្អូន​ប្រុស​បង្កើត​ចាប់​ចង​ទៅ​នឹង​សសរ​ក្រឡោង​ផ្ទះ​ ហើយ​បង​ប្រុស​ដែល​ស្រវឹង​ក៏​អង្គុយដេកលក់​​​នៅ​សសរ​ផ្ទះនោះ​ទៅ។ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ក៏​ឃើញ​​ស្ត្រី​ជា​ម្តាយ​ស្រវឹង​មក​ពី​នាយ​ដើរ​ឡើង​ទៅ​លើ​ផ្ទះ​មិន​ដឹង​ជា​បាន​ព្រនង់​មក​ពី​ណា​ ស្រាប់​តែ​វាយ​សំពង​លើ​កូន​ដូច​ជា​ខឹង​ពី​អង្កាល់​ណា​មក​អត់​មាន​មូល​ហេតុ​សោះ វាយ​កូន​​រហូត​សន្លប់​ទាំង​ក្នុង​ចំណង ​ទើប​ប្តីនិង​ប្អូន​ប្រុស​ដឹង​ទាន់​​រត់​ឡើង​ទៅ​ជួយ​ចាប់ ​កុំ​អី​មិន​ដឹង​ជា​យ៉ាង​ណាឡើយ​។

ស្ត្រី​ជា​ម្តាយ​ប្រមឹក​ខួប​រូប​នេះ​មាន​កូន​៥​នាក់​ ស្រី​២​នាក់​ តែង​តែ​​ផឹក​ស្រា​ស្រវឹង​រាល់​ថ្ងៃ​ ហើយ​ជេរ​ប្រមាថ​ប្តី និង​កូន​គ្មាន​ញញើតទេ ព្រម​ទាំង​​ធ្លាប់​កាប់​ប្តី​រង​របួស​ដៃ​ម្តង​ និង​វាយ​កូន​ស្រី​គ្មាន​ចូល​ផ្ទះ​បាន​ទេ។ កូន​ស្រី​ទាំង​​ពីរ​នាក់​រស់​នៅ​ជាមួយ​ម្តាយ​មីង​ និងម្តាយ​ធំ​ និង​នៅ​ជា​មួយ​តែកូន​ប្រុសៗ។  និយាយ​រួម​ពួក​គេ​សុទ្ធ​សឹង​ត្រូវ​ព្រនង់​គ្រប់ៗ​គ្នា​ ។ រី​ឯ​មុខ​របរ​កូនៗ​ និង​ប្តី​រក​ស៊ីរែក​ដី​ ជីក​ស្រះ​​ឱ្យ​គ ។ ចំណែក​ប្តី​ឈ្មោះ​ម៉ែន សាមី អាយុ​៤៧​ឆ្នាំ​ បាន​ត្រឹម​តែ​និយាយ​មិន​ចេញ ៕

ប្រទះឃើញ​សាកសព​​បុរស​​២នាក់​​​ សមត្ថកិច្ច​​សង្ស័យ​​ជាការ​​សម្លាប់ដោយគំនុំ

Posted: 06 Mar 2011 05:56 PM PST

សពជនរងគ្រោះ
សពជនរងគ្រោះ
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន

​ខេត្តក្រចេះ​ ៖ ​សាកសព​បុរស​ពីរនាក់​ ត្រូវ​​បានគេប្រទះឃើញ​​​នៅ​ក្នុង​ព្រៃ​​ក្បែរ​ភូមិ​​ដោយ​​នៅលើ​​​សព​​មានស្នាម​កាប់ និង​វាយ​ជាច្រើន​កន្លែង ហើយ​ត្រូវសមត្ថកិច្ច​​​​​ធ្វើការ​​​សន្និដ្ឋាន​ថា ​​ការ​ស្លាប់​​​របស់ជនរងគ្រោះជា​ករណី​​ឃាត​កម្ម ។ ​ក្រោយពី​​​ចុះធ្វើ​​​ការ​ស្រាវជ្រាវ​​​រយៈ​ពេល​​​៣ថ្ងៃ​​ក្រោយ​មក​​​ ប៉ូលិស​​​បាន​​ឃាត់ខ្លួន​​ជន​​ម្នាក់​មក​ធ្វើ​ការ​​សួរនាំ​​ដោយសង្ស័យ​​​ថា អាច​មានជាប់​ពាក់​ព័ន្ធ​​​​​ក្នុងករណីនេះ ។​

មន្ត្រី​​ប៉ូលិស​​​ការិយាល័យ​​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​​បាន​​​ឱ្យ​​ដឹង​​កាលពីថ្ងៃទី​​​៥ មីនា ថា ​សព​​បុរស​​រង​គ្រោះ​​ត្រូវបានគេប្រទះឃើញ​​​​កាល​ពីយប់ថ្ងៃទី​​​២៨ កុម្ភៈ នៅចំណុច​​កាបី ​(​តំបន់​​​៤) ​ក្នុង​ភូមិ​សាស្ត្រ​​​ឃុំ​​​២​ធ្នូ ​ស្រុក​ស្នួល ​ដែលជា​​តំបន់​ពុំ​សូវ​មាន​​​ផ្ទះប្រជា​ពលរដ្ឋ​​​​​រស់នៅ​ច្រើន ។ ជនរងគ្រោះ​ទាំង​ពីរនាក់​​ត្រូវ​បាន​គេស្គាល់​​​​អត្តសញ្ញាណ​​​ថា ​​​ម្នាក់​​ឈ្មោះ​ប៊ុត ខ្មៅ ​អាយុ​​​២៧​ឆ្នាំ ​មានទីលំនៅ​​​​ក្នុង​ឃុំ​​​ត្រពាំង​​ផ្លុង ​ស្រុកពញាក្រែក ​ខេត្ត​កំពង់​ចាម ​​និង​ម្នាក់ទៀត​​ឈ្មោះ​​​សាត ​អាត ​​អាយុ​​​២៥​ឆ្នាំ ​មានទី​លំនៅ​ភូមិ​កន្ទួត ឃុំ​កោង​កាង ​ស្រុក​ពញា​​ក្រែក ​ខេត្ត​​កំពង់ចាម ​តែ​​​ទាំង​​២​​នាក់​បាន​មក​ធ្វើជា​កម្មករ​រថយន្ត​​ដឹកដំឡូង​ ​និង​រស់នៅ​​ចំណុច​​កើតហេតុខាងលើ​ ។​

​មន្ត្រី​​ប៉ូលិស​​ព្រហ្មទណ្ឌកម្រិត​ធ្ងន់​​​ខេត្ត​បាន​ឱ្យ​​​ដឹង​ថា ​ឆ្លង​តាម​ការចុះស្រាវជ្រាវ​​​ឃើញ​ថា កាល​ពីថ្ងៃ​​កើតហេតុ​​​ ជនរងគ្រោះទាំង​​២នាក់​ និងមិត្ត​ភក្តិ​​បានផឹកស្រា​​ស្រាវឹង​​​ជោកជាំ រហូត​ដល់​​យប់​​ក៏នាំគ្នា​ទៅដេកនៅ​ផ្ទះមិត្ត​ភក្តិ​​​ម្នាក់ទៀត ​ហើយ​​ទៅដល់​ផ្ទះ​​មិត្តភក្តិ​​នោះ​ជនរងគ្រោះ​​ទាំង​​២​​នាក់​ជាមួយនឹង​​ម្ចាស់​ផ្ទះ​បានប្រកែកគ្នា​​​ពីរឿងបាត់​ឈើ ​ដោយជនរងគ្រោះ​​ទាំង​​២​​ចោទ​ថា ម្ចាស់​ផ្ទះ​​នេះ​លួច​ឈើរបស់គេ​​​ ។ ​ក្រោយ​​​ពីការ​​ប្រកែក​​​​គ្នា​រួច​​មក ជនរងគ្រោះ​​​ និងម្ចាស់ផ្ទះ​បាន​និយាយ​​​​គ្នា​លេង​ធម្មតា ​ហើយក៏​មិន​បានដេក​​នៅ​ផ្ទះ​​នោះ​ដែរ ​ដោយនាំគ្នា​​ដើរត្រឡប់​​មកវិញ​ទាំង​សភាព​​ស្រវឹង​ឈ្ងោក​មុខ ។

ប្រភពដដែល​​បាន​​ឱ្យ​​​ដឹង​​​ទៀត​ថា ​បន្ទាប់​ពី​ពួកគេទាំង​​​២ន​ាក់​ដើរ​ត្រឡប់មក​វិញ ក៏​​​បាត់​​​ដំណឹង​ឈឹង​ទៅ​ ​លុះស្អែក​​ឡើង​ក៏ឃើញ​​​​ជន​រង​គ្រោះ​ទាំង​​ពីរនាក់​​​​​ស្លាប់ក្នុង​​ព្រៃ​​​ក្បែរ​ភូមិ ​​ដោយ​នៅ​លើ​រាង​កាយ​​​​​មាន​​ស្នាម​​កាប់ និង​វាយ​​​ជា​ច្រើន​កន្លែង ។ សមត្ថកិច្ច​​សន្និដ្ឋាន​ថា ​ជនល្មើស​​អាច​មាន​គ្នា​​​ពីរ​នាក់​​​ធ្វើ​សកម្ម​ភាព​កាប់​ និង​វាយ​​ជន​រងគ្រោះ​​​​ដែលមានសភាពស្រវឹង​ដាប​ទៅហើយ​ ។​

លោក​​វរ​សេនីយ៍ត្រី​​ចាន់ សុខ​​គីម ​​នាយ​ការិ​យា​ល័យ​​​ប្រឆាំងបទល្មើស​​​ព្រហ្មទណ្ឌកម្រិត​​ធ្ងន់​​បាន​​ឱ្យ​​ដឹ​ងទៀត​ថា ​ក្រោយពេល​​កើតហេតុ ​​កម្លាំង​ប៉ូលិស​​បានចុះធ្វើ​ការ​ស្រាវជ្រាវ​​​ លុះ​ដល់​ថ្ងៃ​ទី​​​​​៣ មីនា ​​​ក៏​​​បានឃាត់ខ្លួន​​​ជន​សង្ស័យ​​​ម្នាក់​ឈ្មោះ​​​ទូច ​សាមែន ​​ដែលជាម្ចាស់​ផ្ទះ​​​ និងជា​​​ជន​ដែល​​មាន​​​ទំនាស់​ជាមួយនឹង​ជន​​​រង​គ្រោះ​ទាំង​​​២នាក់​​កាលពីល្ងាច​មុនកើតហេតុ ​រួចនាំ​មក​កាន់​ការិយាល័យ​ដើម្បីធ្វើការ​​សាកសួរ​​តាមនីតិ​វិធី​​ជំនាញ ។ មិនទាន់​មាន​ប្រភពព័ត៌​មាន​​​ឱ្យ​​ដឹង​ថា ក្រោយ​ពី​​​ឃាត់ខ្លួន​​​ជនសង្ស័យ​ ហើយ​តើ​​​ទទួល​បាន​​ចម្លើយ​​​បែប​ណានៅឡើយ​​ទេ ៕

អ្នក​សង្កេតការណ៍​ឥណ្ឌូ​ណេ​ស៊ី គំរោង​មាន​១៤​កន្លែង​និង​រយៈពេល​១២​ខែ តែ​កម្ពុជា​អាច​បន្ថែម​ច្រក​និង​រយៈពេល

Posted: 06 Mar 2011 05:42 PM PST

ខេត្ត​កំពត ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋ​​​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​​​​ថា ​កាល​ពី​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១១ ​រដ្ឋ​មន្ត្រី​​ការ​បរទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ផ្ញើ​សំបុត្រ​​មក​រដ្ឋ​មន្ត្រី​​ការ​បរទេស​​កម្ពុជា​ រដ្ឋ​​មន្ត្រី​ការ​បរទេសថៃ​ និង​បញ្ជូន​ទៅ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​អស់​​ហើយ​ គ្មាន​​អី​អាថ៌​កំបាំង​ទៀត​ទេ ។

​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រសាសន៍​​​​​បែប​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១១ ក្នុង​ឱកាស​ដែល​សម្តេច​ និង​លោក​ជំទាវ​បណ្ឌិត​​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​​​ក្នុង​ពិធី​​សំណេះ​សំណាល​​សួរ​សុខ​ទុក្ខ​យោធិន​​​ពិការ​ និង​សម្ពោធ​​វិទ្យា​ល័យ​​ ប៊ុន រ៉ានី ហ៊ុន សែន ​​កោះ​ស្លា​ ដែល​មាន​ពីរ​ជាន់​ ១២​បន្ទប់ និង​អគារ​សម្ភព​មួយ​​ខ្នង​នៅ​​​ក្នុង​ភូមិ​អភិ​​វឌ្ឍន៍​​យោធិន​​ពិកា​រ​កោះ​ស្លា​ស្រុក​ឈូក ខេត្ត​​កំពត ។

​សម្តេច​​េតជោ​នាយក​​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា ​ក្នុង​លិខិត​​នោះ​គឺ​បញ្ជាក់​ថា ​​កម្ពុជា​បាន​ទទួល​យក​ទាំង​ស្រុង​ថែម​ទាំង​បញ្ជាក់​ពី​ចំណុច​នៃ​តំបន់​ត្រូវ​សង្កេត​ការណ៍ និង​ពេល​វេលា​។ ​ចំណុច​​សង្កេត​ការណ៍​មាន​១៤​កន្លែង និង​ពេល​វេលា​សម្រាប់​​សង្កេត​ការណ៍​​មាន​​១២​ខែ ។ កម្ពុជា​ បើក​ ​ច្រក​បន្ថែម​ទៀត ពេល​វេលា​អាច​ត្រូវ​បន្ត​សម្រាប់​សង្កេត​​ការណ៍​ ទី​កន្លែង​អាច​នឹង​ត្រូវ​បន្ថែម​ទៀត ។ លោក​រដ្ឋ​មន្ត្រី​​ការ​បរទេស​ឥណ្ឌូ​ណេ​ស៊ី ​​បញ្ជាក់​ថា ​លោក​មាន​ការ​យល់​ដឹង​ថា ភាគី​ថៃ​មិន​ជំទាស់​ទេ ប៉ុន្តែ​​កំពុង​ពិចារណា...។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បញ្ជាក់​ទៀត​ថា ​​ខាង​ឥណ្ឌូ​ណេ​ស៊ី​ ​កំពុង​រៀប​ចំ​ឱ្យ​មាន​គណៈ​កម្ម​​ការ​ព្រំ​ដែន​ទូទៅ និង​គណៈ​កម្ម​ការ​បោះ​បង្គោល​​ព្រំ​ដែន​​កម្ពុជា-ថៃ​នៅ​ឯ​ទី​ក្រុង​ហ្សា​ការ​តា។ ​តែ​ភាគី​ថៃ​វិញ​នៅ​​តែ​និយាយ​​ទ្វេ​ភាគី​ៗ ។

​សម្តេច​មាន​ប្រសាសន៍​ថា ​ទ្វេ​ភាគី​ក៏​ទ្វេ​ទៅ​ ព្រោះ​ទី​បំផុត​​វា​គង់​តែ​សម្រេច​ទ្វេ​ភាគី​ហ្នឹង​ទេ ។ ប៉ុន្តែ​តើ​អ្នក​ដែល​កោះ​ហៅ​ឱ្យ​ទៅ​ប្រជុំ​ហ្នឹង​ឈ្មោះ​អី? ទន្ទឹម​នេះ​សម្តេច​តេជោ​ព្រមាន​ថា នែ កុំ​ចរចា​បិទ​ទ្វារ​គំរាម​​អត់​ទេ​ណា...? ​អត់​បាន​ទេ ទៅ​ហ្សា​ការ​តា​ទាំង​អស់​គ្នា​​​ ឥណ្ឌូ​ណេ​ស៊ី​កំណត់​​ពេល​​​ទៅ​ រដ្ឋ​មន្ត្រី​​ការ​ពារ​ជាតិ​ និង​​រដ្ឋ​មន្ត្រី​​​ការ​ពារ​ជាតិ​ទៅ​ប្រជុំ​​ ប្រធា​ន​គណៈ​កម្ម​ការ​ព្រំ​ដែន​ និង​ប្រធាន​គណៈ​កម្ម​ការ​ព្រំ​ដែន​ទៅ​ប្រជុំ​​នៅ​ទី​នោះ​ ហើយ​ឥណ្ឌូ​ណេ​ស៊ីធ្វើ​ម្ចាស់​ផ្ទះ​ និង​ធ្វើ​ជា​​អាជ្ញា​​កណ្តាល ។

សម្តេច​តេជោ​នាយ​ករដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​​ថា ថៃ​ខ្លួន​ឯង​ជា​អ្នក​​ប្រកាស​ទទួល​​យក​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​សីុ​ ​ដល់​កម្ពុជា​ស្វាគមន៍​ថៃ​បែរ​ជា​ថា កំពុង​​ពិចារណា​ម្តង ហើយ​​​ប្រដៅ​គេ​ឱ្យ​ទទួល​យក​ទៀត ។ សម្តេច​សង្កត់​ថា ខ្ញុំ​មិន​ចង់​​ឃើញ​សង្គ្រាម​​​ទេ នេះ​គឺ​ជា​លទ្ធ​ផល​នៃ​សង្គ្រាម​​ ហើយ​ខ​្លួន​ខ្ញុំ​​​ក៏​ជា​លទ្ធ​ផល​នៃ​សង្គ្រាម​​ដែរ តើ​ខ្ញុំ​ចង់​ពិការ​ ឬ​អ្វី...?

ខ្យល់ថ្មីបោកបក់ទៅលើជំលោះប្រដាប់​អាវុធ​រវាងថៃ-កម្ពុជា ការចូលរួមរបស់ភាគីទីបី។ នេះ​គឺ​ជា​ការ​កត់​សំគាល់​​ក្នុង​ទស្សន​វិភាគ​​​របស់​លោក​សាស្ត្រា​ចារ្យ​ ប៉ែន ងឿន ទី​ប្រឹក្សា​​ជាន់​ខ្ពស់​ និង​​ជា​សមា​ជិក​​នៃ​គណៈ​​កម្មាធិ​ការ​​សិក្សា​នៃ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ ។

លោក​បាន​​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​ថា ​ជំលោះរវាងថៃ-កម្ពុជា ដែល​បង្កឡើងដោយ​សកម្ម​ភាពឈ្លាន​ពាន​របស់​ថៃម្តងហើយម្តងទៀត បាន​ក្លាយទៅជាបញ្ហា​អន្តរ​ជាតិ​ចាប់តាំង​ពី​ជំនួប​ក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការសហប្រជា​ជាតិនៅ​ក្នុង​ទីក្រុងញូវយ៉ក កាល​ពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ​២០១១ ហើយបន្ទាប់​មក​មានការប្រឹងប្រែង​ជួយសម្រុះសម្រួល​ពី​សំណាក់ប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នជា​ប្រធានសមាគមអាស៊ាននៅ​ក្នុង​កិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន កាលពីថ្ងៃទី​២២ កុម្ភៈ។ ចេញ​ពីក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​នៅក្នុងទីក្រុង​ញូវយ៉ក ឆ្លងកាត់​មហា​សមុទ្រ​អាត្លង់ទិច ទៅដល់សហភាពអឺរ៉ុប សភាអឺរ៉ុប​បាន​ថ្កោលទោសចំពោះការ​វាយ​ប្រហារ​ដ៏ធ្ងន់ធ្ងរ​ដែល​កើតឡើងកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កុម្ភៈ ព្រមទាំងស្វាគមន៍ចំពោះកិច្ច​ប្រឹងប្រែងទាំង​ឡាយ​របស់​រដ្ឋមន្រ្តីការបរទេស​ឥណ្ឌូនេស៊ី Marty Natalewaga ដែលបាន​សម្រប​សម្រួល​ឲ្យមានជំនួបរវាងរដ្ឋមន្រ្តីការ​បរទេសអាស៊ាន​ទាំងដប់ បើទោះបីជាមានការ​បដិ​សេធពីមុន​មក​របស់នាយក​រដ្ឋមន្រ្តី អាភីស៊ីត វាចាជីវ៉ា ចំពោះ​គំនិតនៃការចូលរួមរបស់អាស៊ាន​ក្នុងការដោះ​ស្រាយ​ជំលោះនេះ​ក៏ដោយ។

លទ្ធផលកិច្ចប្រជុំទីក្រុង​ហ្សា​ការ​តា​នោះ គឺ​កម្ពុជា និងថៃបានយល់ព្រមអនុញ្ញាតឱ្យ​ជន​ស៊ីវិល​ឥណ្ឌូនេស៊ី និងកងទ័ពមិនប្រដាប់​ដោយ​អាវុធបំពេញមុខងារជាអ្នកសង្កេតការណ៍ក្នុង​តំបន់ខ្សែព្រំដែន​ដែលកងអង្គភាពកងទ័ពប្រដាប់​អាវុធកម្ពុជា និងកងអង្គភាពកងទ័ពប្រដាប់​អាវុធថៃកំពុងឈរជើង។ វាគួរឱ្យកត់សំគាល់​ដែរ​ថា ជំហររបស់កម្ពុជាត្រូវបានបញ្ជាក់ដោយ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថា នៅ​ក្នុងខ្សែបន្ទាត់ព្រំដែនរបស់ភាគីកម្ពុជា អ្នក​សង្កេត​ការណ៍ឥណ្ឌូនេស៊ីមានសេរីភាព​ពេញ​លេញ​ក្នុងការចេញចូល គឺមានន័យថា ពួកគាត់​ចង់ទៅ​កន្លែងណាក៏បាន ពេលណាក៏បាន ហើយ​ពួក​គាត់​ចង់មើលអ្វីក៏បានឱ្យតែពួកគាត់ចង់​មើល។

ដូចគ្នានេះដែរ សហគមន៍អន្តរជាតិរួមមាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​សមា​គមអាស៊ាន និងសហភាពអឺរ៉ុបបានភ្ញាក់ស្រឡាំង​កាំងដោយឮថា រហូតមកដល់ថៃ្ងទី១ មីនា ឆ្នាំ​២០១១ «ថៃនៅមិនទាន់មានផែនការ​ច្បាស់​លាស់​ថា នៅពេលណានឹងអនុញ្ញាត្តឲ្យអ្នក​សង្កេត​ការណ៍ចូល» ដូចបានចុះផ្សាយដោយកាសែត​ដឺណេហ្សិន កាលពីថ្ងៃទី១ មីនា ឆ្នាំ២០១១ ក្រោមចំណងជើងថា ថៃធ្វើឲ្យ​អាក់ខានដល់អ្នក​ទស្សនាប្រាសាទ។ កាសែតដដែលនេះ បាន​រាយ​ការណ៍ផងដែរថា មេបញ្ជាការយោធា លោក Prayuth Chan-ocha បាននិយាយថា «ថៃនឹង​មិនអនុញ្ញាត្តឲ្យអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី មានការ​ចេញចូលដោយសេរីទៅកាន់​តំបន់​ព្រំ​ដែនមានជម្លោះក្បែរប្រាសាទព្រះវិហារទេ» ហើយ​ថា រដ្ឋមន្រ្តី​ការពារជាតិ និងរដ្ឋមន្ត្រីការ​បរទេសថៃ «រហូតមកដល់ពេលនេះ មិនទាន់​បានស្រុះស្រួលគ្នាអំពីតួនាទីរបស់​អ្នកសង្កេត​ការណ៍​ទៀតផង»។ គ្មានអ្វីគួរឲ្យសង្ស័យនៅ​ក្នុង​ចិត្តរបស់សហគមន៍អន្តរជាតិទេថា ថៃបាន​ប៉ុន​ប៉ង​ធ្វើឲ្យអាក់ខានដល់ការរៀបចំបែបបទ​ការ​ងារ​របស់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ដែលនឹង​ត្រូវ​បានបញ្ជូនទៅកាន់ប្រទេសថៃ និងកម្ពុជា ដោយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី Marty Natalegawa ដែល​ជាប្រធានសមាគម​អាស៊ាន​បច្ចុប្បន្ន​ខណៈដែលកម្ពុជាបានឆ្លើយតប​យ៉ាង​វិជ្ជ​មាន។

នៅក្នុងអត្ថបទមួយចេញផ្សាយដោយការ​សែតដឺណេហ្សិន​ កាលពីថ្ងៃទី១ មីនា ឆ្នាំ២០១១ ក្រោមចំណងជើងថា «ជម្លោះព្រំដែនអាចជា​ឱកាស​មួយដើម្បីកំណត់ឡើងវិញនូវសមត្ថភាព និងតួនាទី​សមាគមអាស៊ាន» លោក Alexander Mohr ជំនាញការផ្នែកទំនាក់ទំនង​អន្តរជាតិ និងជាដៃគូរទំនាក់ទំនង​អន្តរជាតិនៅ​ឯក្រុមហ៊ុនទំនាក់ទំនងជាមួយរដ្ឋាភិបាលអឺរ៉ុប Alber & Geiger ក្នុងទីក្រុងប្រ៊ុចសែល ហើយ ជា​អតីតអ្នកធ្វើបឋកថាស្តីពីទំនាក់ទំនង​អន្តរ​ជាតិ​នៅឯសកលវិទ្យាល័យរបស់បារាំងឈ្មោះ«វិទ្យាស្ថាន​សិក្សានយោបាយក្រុងប៉ារីស» ប្រទេស​បារាំង​បានសន្និដ្ឋានថា «ការចូល​ពាក់ព័ន្ធពី​ភាគី​ទីបីអាចជា​សក្តានុពលដ៏ធំក្នុងការដោះស្រាយ​បញ្ហារវាងប្រទេសទាំងពីរ ហើយក្នុងពេលជា​មួយ​គ្នានេះ កំណត់​ឡើងវិញនូវសមត្ថភាព និង​តួនាទីរបស់សមាគមអាស៊ាននៅក្នុងតំបន់​សម្រាប់រយៈពេលវែង»។

ជាការពិតណាស់ នៅពេលមនុស្សជាច្រើន​មកពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ផង សមាគមអាស៊ានផង និងសហភាពអឺរ៉ុបផង រហូតដល់បុគ្គលឯកជនអន្តរជាតិបានដឹងពីឬស​គល់នៃ​ជម្លោះរវាងថៃនិងកម្ពុជា ដូចដែល​សម្តេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកប​ដោយ​គតិបណ្ឌិត​ថា «យើងកំពុងធ្វើដំណើរ​ចេញ​ពីទីងងឹត ហើយយើងកំពុងតែមកដល់ទីភ្លឺ» ដំណោះស្រាយជម្លោះរវាងថៃ និងកម្ពុជា ត្រូវ​ការ​ការពាក់ព័ន្ធពីភាគីទីបីជាចាំបាច់មិនអាចខាន​បានឡើយ។ នៅពេលដែលយើង​កំពុងនិយាយ ដំណើរការនេះកំពុងតែបោះជំហានទៅមុខ។
មេដឹកនាំ និងសមាជិករដ្ឋាភិបាលថៃ គឺជា​មនុស្ស​មានល្បិចកល​ពិសពុល និងរអិលដូច​អន្ទង់។ ឥឡូវវាយឺតពេលពេកហើយសម្រាប់ ពួក​គេក្នុងការធ្វើឲ្យអាក់ខានដល់ដំណើរការពាក់ព័ន្ធ​ពីភាគីទីបី។ ទោះជាយ៉ាងណាក៏ដោយ ពួកគេ​នឹង​ព្យាយាម។ ជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេ គឺកាត់បន្ថយការ​ខាតបង់ឲ្យនៅកម្រិតអប្ប​បរមា៕

ដាស់តឿន​មន្ត្រី​ប៉ូលិស​ដែលយកលុយពី​ពួក​ជួញ​គ្រឿង​ញៀន ត្រូវភ្ញាក់​រលឹក​បំពេញ​តួនាទី​ជាសមត្ថកិច្ច​និង​ដក​ខ្លួន​​ឱ្យ​ឆ្ងាយ

Posted: 06 Mar 2011 05:33 PM PST

លោកអភិបាលខណ្ឌ គិត សុផា មានមតិក្នុងពិធី

រាជ​ធានី​ភ្នំពេញ ៖ លោក​គិត សុផា អភិ​បាល​ខណ្ឌ​ដង្កោ បាន​ធ្វើ​ការ​ដាស់​តឿន​​ជា​ចំហ​ដោយ​​និយាយ​ពិត​​និយាយ​ត្រង់​ដល់​មន្ត្រី​ប៉ូលិស​តាមបណ្តា​ប៉ុស្តិ៍​នានា​ទូទាំង​ខណ្ឌ​ ចំពោះ​អ្នក​ដែល​ធ្លាប់​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ជួញ​ដូរ​ ឬ​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ដូច​ជា​ការ​យក​លុយ​​កាក់​ពី​អ្នក​ទាំង​នោះ​ត្រូវ​តែ​ភ្ញាក់​រលឹក​ឡើង បំពេញ​តួនាទី និង​កាតព្វ​កិច្ច​របស់​ខ្លួន​ជា​សមត្ថ​កិច្ច​ឡើង​វិញ និង​​បង្ក្រាប​ក្រុម​ជន​ទុច្ច​រិត​គ្រឿង​ញៀន​នោះ​ឱ្យ​អស់​ដើម្បី​យក​ស្នា​ដៃ។ ប្រសិន​បើ​មិន​មាន​ការ​ភ្ញាក់​រលឹក​ ហើយ​នៅ​តែ​បណ្តោយ​ខ្លួន​ឱ្យ​មាន​ការ​ពាក់​ព័ន្ធ​​នឹង​ជន​ខាង​លើ​ទៀត​ នោះ​នឹង​ត្រូវ​ចាប់​ខ្លួន​ដោយ​គ្មាន​ការ​លើក​លែង ដូច​​ជន​ទាំង​នោះ​ដែរ។

លោក​គិត សុផា បាន​មាន​ប្រសាសន៍​ដាស់​តឿន​​បែប​នេះ​ នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​អនុ​វត្ត​ការ​ងារ​ឆ្នាំ​២០១០ និង​ទិស​ដៅ​ឆ្នាំ​២០១១ របស់​រដ្ឋ​បាល​ខណ្ឌ​ដង្កោ ដែល​បាន​​ធ្វើ​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១១ នៅ​​សាល​ប្រជុំ​ធំ​សាលា​ខណ្ឌ​។ អញ្ជើញ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​មាន​លោក​អភិ​បាល​រង​ខណ្ឌ មន្ត្រី​ការិយា​ល័យ​ជុំ​វិញ​ខណ្ឌ​ លោក​ចៅ​សង្កាត់ ចៅ​សង្កាត់​រង កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រម​ទាំង​មេភូមិ​គ្រប់​ភូមិ​​ក្នុង​ខណ្ឌ​។

នៅ​ក្នុង​ឱកាស​នោះ លោក​ចៅ​សង្កាត់​ ចៅ​សង្កាត់​រង ព្រម​ទាំង​មន្ត្រី​ការិយា​ល័យ​ជំនាញ​ជុំ​វិញ​ខណ្ឌ​ បាន​ឡើង​ធ្វើ​បទ​អន្តរា​គមន៍​លើ​របាយ​ការណ៍​លទ្ធ​ផល​អនុ​វត្ត​ការ​ងារ​នៅ​ក្នុង​សង្កាត់ និង​ការិយា​ល័យ​របស់​ខ្លួន​រាយ​ការណ៍​ដល់​អង្គ​ប្រជុំ​ទាំង​មូល​បាន​ដឹង ជា​ពិសេស​លទ្ធ​ផល​ហេដ្ឋា​ចរនា​សម្ព័ន្ធ និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់។ បន្ទាប់​ពី​ចប់​បទ​អន្តរា​គមន៍​របស់​អាជ្ញា​ធរ​សង្កាត់ និង​មន្ត្រី​ការិយា​ល័យ​នានា​រួច​មក លោក​គិត សុផា ​បាន​​មាន​មតិ​បូក​សរុប​បិទ​អង្គ​ប្រជុំ​ដោយ​​លើក​ឡើង​ពី​ចំណុច​សំខាន់​ៗ​ជា​ច្រើន​ ក្នុង​នោះ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ គឺ​​ការ​ដាស់​តឿន​ដល់​សមត្ថ​កិច្ច​ប៉ូលិស​ដែល​ធ្លាប់​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ គួរ​តែ​ឆាប់​ភ្ញាក់​រលឹក។ មិន​តែ​ប៉ុណ្ណោះ​ លោក​បាន​ណែនាំ​ដល់​លោក​ចៅ​សង្កាត់​ រួម​ជា​មួយ​ស្មៀន​សង្កាត់ និង​មេ​ភូមិ​ទាំង​អស់​ ត្រូវ​ប្រុង​ប្រយ័ត្ន​ និង​ពិនិត្យ​ឱ្យ​បាន​​​ហ្មត់​ចត់​លើ​ការ​ងារ​អត្រា​នុកូល​ដ្ឋាន។
លោក​អភិ​បាល​ខណ្ឌ​ថ្លែង​ថា ពេល​នេះ​យុទ្ធនា​ការ​បង្ក្រាប​ក្រុម​ជួញ​ដូរ​ ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​ធ្វើ​ឡើង​គ្រប់​ទីកន្លែង​​ទាំង​អស់​​ ហើយ​មាន​ការ​ចាប់​ខ្លួន​ជន​​ជា​អ្នក​ប្រព្រឹត្ត​ជា​ច្រើន​នាក់។ មិន​តែ​ប៉ុណ្ណោះ ​ក្រោយ​​ពេល​សមត្ថ​កិច្ច​ចាប់​ខ្លួន​ជន​ទាំង​នោះ​បាន​ឆ្លើយ​ថា មាន​ប៉ូលិស​ប៉ុស្តិ៍​ ឬ​ប៉ូលិស​ខណ្ឌ​តែង​តែ​យក​លុយ​ពួក​គេ ដែល​ប្រការ​នេះ​តុលា​ការ​អាច​ចេញ​ដីកា​ចាប់​ខ្លួន​បាន។ ប៉ុន្តែ​តុលា​ការ​បាន​ទុក​ឱ្យ​ប៉ូលិស​ទាំង​នោះ​កែ​ខ្លួន​ ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង និង​​ត្រូវ​តែ​ចាប់​បង្ក្រាប​ក្រុម​ជួញ​ដូរ​ ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ទាំង​នោះ ព្រោះ​បាន​ស្គាល់​មុខ​អស់​ហើយ។

លោក​អភិ​បាល​ខណ្ឌ​បន្ត​ទៀត​ថា ដូច្នេះ​អ្នក​ជាប់​ពាក់​ព័ន្ធ​ទាំង​ឡាយ​គួរ​តែ​ភ្ញាក់​រលឹក និង​បំពេញ​តួនាទី​ជា​ប៉ូលិស​ឱ្យ​បាន​ត្រឹម​ត្រូវ​ ប្រសិន​បើ​មិន​ព្រម​កែខ្លួន​ទេ​នឹង​ត្រូវ​ចាប់​ខ្លួន​ដូច​អ្នក​ជួញ​ដូរ​ទាំង​នោះ​ដែរ​ហើយ។ ដោយ​ឡែក​លោក​ចៅ​សង្កាត់​ ស្មៀន និង​មេ​ភូមិ​ទាំង​អស់​​គួរ​តែ​ពង្រឹង​ឡើង​វិញ​លើ​ការ​ងារ​អត្រា​នុកូល​ដ្ឋាន​ ជា​​ពិសេស​មុន​នឹង​​បញ្ជាក់​ពី​នរណា​ម្នាក់​នៅ​លីវ​ឱ្យ​គេ​ទៅ​រៀប​ការ​ត្រូវ​ពិនិត្យ​តាម​ដាន​ឱ្យ​បាន​ហ្មត់​ចត់​បំផុត ចៀស​វាង​បញ្ជាក់​ខុស។ ​​ថ្មី​ៗ​​កន្លង​មក​នេះ​ខុស​ម្តង​ហើយ ដោយ​សារ​អាជ្ញា​ធរ​សង្កាត់​កាកាប និង​មេភូមិ​តាងួន បញ្ជាក់​ខុស​ឱ្យ​បុរស​ម្នាក់​មាន​កូន​ដល់​ទៅ​៣​នាក់ ហើយ​ចុះ​ចោល​ប្រពន្ធ និង​កូន​មក​រៀប​ការ​ប្រពន្ធ​ថ្មី​ដោយ​មិន​ទាន់​មាន​ការ​លែង​លះ​គ្នា ធ្វើ​ឱ្យ​ប្រពន្ធ និង​កូន​មក​តវ៉ា​ដល់​រោង​ការ និង​​ធ្វើ​ឱ្យ​កើត​មាន​វិប្បដិ​សារី​ខ្លាំង​ណាស់ ដែល​នេះ​គឺ​ជា​ការ​ធ្វេស​ប្រហែស​​បំផុត ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!