VOA News: ព័ត៌មាន: “សកម្មជនសុំឱ្យបន្ថែមការយកចិត្តទុកដាក់ដល់សិទ្ធិស្រី្តក្នុងឆាកនយោបាយ” plus 3 more |
- សកម្មជនសុំឱ្យបន្ថែមការយកចិត្តទុកដាក់ដល់សិទ្ធិស្រី្តក្នុងឆាកនយោបាយ
- ម្ចាស់ភោជនីយដ្ឋានហាមឃាត់ការបញ្ចាំងភាពយន្តរឿង«អ្នកណាសម្លាប់លោកជា វិជ្ជា?»
- ពលរដ្ឋខ្មែរត្អូញត្អែរពីបញ្ហាប្រេងសាំងឡើងថ្លៃដោយសារវិបត្តិនៅពិភពអារ៉ាប់
- សាលារាជធានីភ្នំពេញហាមឃាត់អង្គការស្រ្តីមិនឱ្យប្រារព្ធទិវាសិទ្ធិនារីនៅទីសាធារណៈ
សកម្មជនសុំឱ្យបន្ថែមការយកចិត្តទុកដាក់ដល់សិទ្ធិស្រី្តក្នុងឆាកនយោបាយ Posted: 08 Mar 2011 02:10 PM PST ក្នុងឱកាសនៃទិវានារីអន្តរជាតិសកម្មជនសិទ្ធិស្ត្រីក្នុងប្រទេសកម្ពុជាខ្លះបានបង្ហាញពីគ្រោះថ្នាក់ធ្ងន់ធ្ងរមួយចំនួនដល់ការអភិវឌ្ឍប្រទេសនៅពេលស្ត្រីមានចំនួនមិនគ្រប់គ្រាន់ក្នុងឆាកនយោបាយហើយជួបនឹងបញ្ហាទុក្ខលំបាកបន្ថែមទៀត។ ក្រុមសកម្មជនទាំងនោះបានរៀបរាប់ថាកម្ពុជានៅមានការខ្វះខាតនូវចំនួនស្ត្រីក្នុងឆាកនយោបាយប្រើប្រៀបធៀបទៅនឹងប្រទេសនៅសហភាពអឺរ៉ុបនិងប្រទេសមួយចំនួនទៀត។ លោកស្រី ពុង ឈីវកេកនាយិកានៃអង្គការលីកាដូបានថ្លែងថាការអភិវឌ្ឍ ប្រទេសមួយប្រកបដោយស្ថិរភាពលុះត្រាតែមានចំនួនស្ត្រីមានច្រើនក្នុងការសម្រេចចិត្តក្នុងកិច្ចការរដ្ឋ ហើយបញ្ហាទុក្ខលំបាកស្ត្រីទាំងឡាយចាំបាច់ដោះស្រាយឲ្យបានប្រាកដប្រជាដែរ។ «អញ្ចឹងមិនមែនជាចៃដន្យទេ ព្រោះអ្វីបើយើងផាត់ចំនួនស្ត្រីចេញ ស្ត្រីពីដំបូងចេះ តែអត់ធ្មត់អីបាន ថ្ងៃណាមួយស្ត្រីហ្នឹងលែងអត់ធ្មត់ អញ្ចឹងសង្គមហ្នឹងអត់មានស្ថិរភាពទេ។ ហើយបើអត់មានស្ថិរភាពនៅក្នុងសង្គម បានន័យថាពិបាកនឹងអភិវឌ្ឍសេដ្ឋកិច្ច អភិវឌ្ឍសង្គមហ្នឹងណាស់»។ ដោយមិនទាន់គិតពីបញ្ហាជួញដូរមនុស្ស ស្ត្រី កុមារ និងរឿងរ៉ាវ ផ្សេងទៀត លោកស្រីពុង ឈីវកេកបានបន្ថែមថាបញ្ហាប្រឈមមុខបច្ចុប្បន្នដែលអាចរារាំងការអភិវឌ្ឍមួយផ្នែកនោះរួមមានកំណើននៃអំពើហិង្សាដែលកើន២១០ ករណីក្នុងឆ្នាំ២០១០ ប្រើប្រៀបធៀបឆ្នាំ២០០៩មានតែ២០០ ករណី។ បញ្ហា កំណើននៃការរំលោភសេពសន្ធវៈមាន ភាគច្រើនកុមារីអនីតិជន ជិត៣០០ ករណីក្នុងឆ្នាំ២០១០ បើប្រៀបធៀបឆ្នាំកន្លងទៅមានតែ២៦០ ករណី។ លោកស្រី ពុង ឈីវកេក បានអះអាងថា៖ «ព្រោះក្មេងដែលនៅក្នុងគ្រួសារមួយដែលមានអំពើហិង្សាឬក៏ក្មេងដែលគេរំលោភ សេពសន្ធវៈ ឬក្មេងដែលត្រូវគេជួញដូរ ពេលណាធំទៅ ពេញវ័យទៅ កូនប្រុស ពេលណាដែលមានគ្រួសារខ្លួនឯង ទៅធ្វើអំពើហិង្សាខ្លួនឯង ហើយកូនស្ត្រីអញ្ចឹងដែរ អាចពេលណាមានស្វាមី មានកូនទៅ ស្ត្រីហ្នឹងទៅធ្វើអំពើ ហិង្សា ទៅលើកូនខ្លួនឯង។ព្រោះកាលដែលនៅក្នុងគ្រួសារហ្នឹងចេះតែឃើញអំពើហិង្សា។ ដូច្នេះ ឃើញទេផលអវិជ្ជមានមិនមែនតែបច្ចុប្បន្នទេ អាចទៅអនាគតទៅទៀត»។ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៤លាននាក់មានស្ត្រីចំនួន៥១,៥ភាគរយ និងបុរស ៤៨,៥ភាគរយ តែចំនួនស្ត្រីដែលមានមុខនាទីក្នុងរដ្ឋាភិបាល ថ្នាក់កណ្តាល និង មូលដ្ឋាននៅមានចំនួនតិចនៅឡើយ។ លោក ស្រី ពុង ឈីវកេក ទទួលស្គាល់ពី កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់បញ្ចូល ចំនួន ស្ត្រីឲ្យបានច្រើន ក្នុងឆាកនយោបាយដែរប៉ុន្មានឆ្នាំថ្មីជាពិសេសអាណត្តិចុងក្រោយនេះ។ លោក ស្រី លឹម មន្នីអនុប្រធានផ្នែកស្ត្រីនៃអង្គការសិទ្ធិមនុស្សអាដហុកបាន ទទួលស្គាល់ថាស្ត្រីក្នុងឆាកនយោបាយមានកំណើនជាងមុននៅក្នុងថ្នាក់ខេត្ត ស្រុក ឃុំ-សង្កាត់ ដែលភាគច្រើនមានតួនាទីជាអនុប្រធានឬអភិបាលរង។ លោក ស្រី លឹម មន្នីបានដាក់ជំនឿថាការចូលរួមរបស់ស្ត្រីរួមនឹងការផ្តល់អំណាចដើម្បី សម្រេចកិច្ចការនោះគឺជារឿងសំខាន់។ «តែទោះបីមានតែចំនួនក៏ប៉ុន្តែមិនបានប្រគល់អំណាច មិនបានប្រគល់សិទ្ធិសម្រេចចិត្តឲ្យក៏យើងនៅតែមិនទាន់បានសម្រេចផែនការដែរ។ នេះជាបញ្ហា»។ លោក ស្រី លឹម មន្នីបានអះអាងទៀតថាបញ្ហារំលោភសេពសន្ធវៈ បញ្ហាអំពើ ហិង្សាលើស្រ្តី និងការរត់ពន្ធមនុស្សទៅធ្វើការងារនៅក្រៅប្រទេសនៅតែជា បញ្ហាដ៏ធ្ងន់ធ្ងរ នោះនឹងប៉ះពាល់ដល់ការអភិវឌ្ឍដ៏ធ្ងន់ធ្ងរនិងភាពជឿនលឿន ដោយសារប៉ះពាល់ដល់ស្ត្រីដែលជាដៃគូអភិវឌ្ឍន៍ប្រទេស។ «ហើយបញ្ហាទាំងនេះបើកើត ទៅលើស្ត្រីនិងក្មេងស្រីច្រើនវាអាចបាត់ធនធានស្ត្រី។ បើបាត់ធនធានស្ត្រីមានន័យថាការចូលរួមរបស់ស្ត្រីត្រូវថយចុះ»។ លោកស្រីលឹម មន្នីបានអះអាងថាមានសកម្មភាពអប់រំច្រើនពីអង្គការ របស់ លោកស្រីនៅតាមបណ្តាខេត្តមួយចំនួនក្នុងពេលប្រារព្ធទិវាសិទ្ធិនារី៨មិនាជាខួបលើកទី១០០ឆ្នាំនេះ។ លោកស្រីពុង ឈីវកេកវិញបានអះអាងថាអង្គការរបស់លោកស្រីបានផ្តោតទៅលើការអប់រំនិងផ្តល់អំណោយដល់ស្ត្រីប្រមាណ១.០០០នាក់ដែលកំពុងជាប់ពន្ធនាគារ។ស្ត្រីខ្លះមានកូនតូចនៅជាមួយក្នុងពន្ធនាគារផងដែរ ដោយសារតែគ្មានអ្នកទទួលខុសត្រូវចិញ្ចឹមកូននៅផ្ទះ ហើយខ្លះទៀតមានផ្ទៃពោះផងដែរ។ លោកស្រី អ៊ឹង កន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីពុំអាចទាក់ទងបានទេដើម្បី អត្ថាធិប្បាយតែក្នុងផែនការសកម្មភាព៥ឆ្នាំចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៤ របស់ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីដែល លោកស្រី អ៊ឹង កន្ថាផាវីជាប្រធានបាន រៀបចំ យុទ្ធសាស្ត្រលម្អិតនានាដើម្បីដោះស្រាយបញ្ហាប្រឈមមុខរបស់ស្ត្រីសំដៅកាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ នៅក្នុងឯកសារដដែលបានបញ្ជាក់ថា៖ «ដើម្បីបញ្ឈប់អំពើហិង្សានិងការជួញដូរ ស្ត្រី រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តច្បាប់ស្តីពីការរារាំងអំពើហិង្សាក្នុងគ្រួសារ និងគាំពារជនរងគ្រោះ ដើម្បីការពារសិទ្ធិស្ត្រី ឲ្យស្របច្បាប់ មានប្រសិទ្ធភាពនិងទាន់ពេលដល់ជនរងគ្រោះដែលភាគច្រើនជាស្រ្តី និងកុមារ ដោយមានកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍នានា»។ នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងទិវាសិទ្ធិនារី៨ មិនាថ្ងៃនេះលោកស្រីមីសែល បាឆេលឡេត (Michelle Bachelet) នាយិកាប្រតិបត្តិនៃអង្គការស្ត្រីរបស់អ.ស.ប ដែលជាស្ថាប័នទើបបង្កើតឡើងនោះ បានទទូចឲ្យពិភពលោក មានការចាប់អារម្មណ៍ដល់ស្ត្រីឲ្យបានខ្លាំងជាពិសេសការប្រឈមមុខនឹងគ្រោះថ្នាក់របស់ស្ត្រីក្នុងពិភពលោក។ លោកស្រីបានថ្លែងថាដល់ពេលវេលាដើម្បីធ្វើការសន្យាចំពោះការធ្វើឲ្យភាពស្មើគ្នារវាងបុរសនិងស្ត្រីក្លាយជាការណ៍ពិតហើយ។ លោកស្រី បាឆេលឡេតដែលអះអាងពីការប្តេជ្ញាចិត្តដើម្បីធ្វើឲ្យមានសមធម៌នៃយេនឌ័រតាមរយៈការអប់រំផ្តល់ចំណេះដឹងបទពិសោធន៍ ធនធាននានាដល់ស្ត្រីនោះបាន ថ្លែងបញ្ជាក់ថា៖ «យើងនឹងធ្វើកិច្ចការជាមួយដៃគូជិតដិត មានស្ត្រី និងបុរស អ្នកដឹកនាំ ហើយនឹង ពលរដ្ឋ សង្គមស៊ីវិលនិងងបណ្តាញអ.ស.ប ទាំងអស់ដើម្បីជួយដល់ប្រទេសនានាឲ្យចាប់ផ្តើមបង្កើតគោលនយោបាយ កម្មវិធី ហើយនឹងថវិកាក្នុងការសម្រេចបានគោលបំណងដ៏សមរម្យនេះ»៕ This posting includes an audio/video/photo media file: Download Now |
ម្ចាស់ភោជនីយដ្ឋានហាមឃាត់ការបញ្ចាំងភាពយន្តរឿង«អ្នកណាសម្លាប់លោកជា វិជ្ជា?» Posted: 08 Mar 2011 12:41 PM PST ខ្សែភាពយន្តឯកសារដ៏រសើបមួយដែលមានចំណងជើងថា«នរណាសម្លាប់លោកជា វិជ្ជា?» ត្រូវបានហាមឃាត់សារជាថ្មីម្តងទៀតខណៈពេលដែលសហជីពសេរីកម្មករបានដាក់បញ្ចាំងឲ្យក្រុមកម្មករទស្សនារយៈពេលប្រមាណតែ១៥នាទីតែប៉ុណ្ណោះ។ សហជីពសេរីកម្មកររបស់ព្រះរាជាណាចក្រកម្ពុជាបានរៀបចំទិវានារីអន្តរជាតិ៨មិនាលើកទី១០០នៅភោជនីយដ្ឋានពិភពថ្មីដោយមានការចូលរួមពីក្រុមកម្មករកម្មការីនីប្រមាណជាង៤០០នាក់បន្ទាប់ពីកម្មវិធីសំណេះសំណាលរបស់អ្នកតំណាងសហជីពក្រុមគ្រូបង្រៀន គណបក្សនយោបាយ និងតំណាងស្ថានទូតបានបញ្ចប់ហើយចូលដល់កម្មវិធីដាក់បញ្ចាំងខ្សែភាពយន្តឯកសាររឿង«នរណាជាអ្នកសម្លាប់លោកជា វិជ្ជា?» ត្រូវបានអ្នកទទួលខុសត្រូវភោជនីយដ្ឋាននេះបានមកហាមឃាត់។ ស្រី្តមួយរូបដែលជាអ្នកទទួលខុសត្រូវក្នុងភោជនីយដ្ឋាននេះដែលបានអះអាងស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថាអ្នកស្រីបានទទួលបញ្ជាពីអាជ្ញាធរខណ្ឌដូនពេញមិនអនុញ្ញាតឲ្យដាក់បញ្ចាំងខែ្សភាពយន្តឯកសារនេះបានឡើយ។ «គេតេ(ទូរស័ព្ទ)មកអំបាញ់មិញ ខាងខណ្ឌដូនពេញ។ ឥឡូវសូមផ្អាកកម្មវិធីសិនពូព្រោះខ្ញុំនៅហាងដែរ។ ខ្ញុំអត់ដឹងដែរទាល់បន្តិចទៀតខាងខណ្ឌគេមកដល់អាហ្នឹងចាំជួបគេទៅ»។ ខ្សែភាពយន្តឯកសារនរណាជាឃាតករសម្លាប់លោកជា វិជ្ជា មានរយៈពេលប្រមាណ៥៥នាទីរបស់ផលិតករជនជាតិអាមេរិកកាំងមួយរូបឈ្មោះ ប្រែដលី ខក់ (Bradley Cox) បានបង្ហាញពីរូបភាពលោកជា វិជ្ជា កាលនៅរស់រានមានជីវិតរហូតដល់ឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ ចុងបញ្ចប់នៃខ្សែភាពយន្តនេះបានដាក់ចម្ងល់ថា នរណាជាឃាតករសម្លាប់លោកជា វិជ្ជា បើទោះបីជារដ្ឋាភិបាលបានចាប់ខ្លួនលោកប៊ន សំណាង និងលោកសុខ សំអឿន មកកាត់ទោសយ៉ាងណាក៏ដោយ។ កញ្ញាពេជ្រ ស្រីនី អាយុ២៨ឆ្នាំ កម្មករមកពីរោងចក្រមិថុនា ដែលបានចូលរួមទស្សនាខ្សែភាពយន្តឯកសារនេះបានសម្តែងការខកចិត្តចំពោះការរារាំងនេះ។ កញ្ញាបាននិយាយថា យើងចង់ដឹងថា នរណាជាឃាតករសម្លាប់លោកជា វិជ្ជា ហើយនៅពេលដែលមានការរារាំងយ៉ាងដូច្នេះ បានធ្វើឲ្យពួកយើងជាកម្មករមានការដាក់មន្ទិលសង្ស័យទៅលើរដ្ឋាភិបាល។ «ខ្ញុំមានចម្ងល់ ពេលដែលគេដាក់បញ្ចាំងអញ្ចឹង ខ្ញុំចង់ដឹងដែរ។ ដូចអ្វីដែលគេបានប្រាប់ថា តើនរណាជាឃាតករអញ្ចឹង។ បើជាអ្នកជាឃាតករ គេស្រែកថាខ្លួនគេមិនមែនជាឃាតករអយុត្តិធម៌ណាស់។ គេបានរងគ្រោះអញ្ចឹងដែរ។ ខ្ញុំឆ្ងល់រឿងហ្នឹងដែរ ហើយខ្ញុំក៏ចង់ដឹងដែរ តែតែងតែមានបញ្ហាអញ្ចឹងរហូតពួកខ្ញុំអត់ដែលបានមើលទេ»។ លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្មករកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នកកាសែតថាការរាំងមិនឲ្យដាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះមានន័យថា រដ្ឋាភិបាលនៅពីក្រោយខ្នងនៃករណីឃាតកម្មទៅលើលោកជា វិជ្ជា។ «អាជ្ញាធរក្រុងភ្នំពេញ ក៏ដូចជារដ្ឋាភិបាលរារាំងម្តងហើយម្តងទៀត។ នេះបង្ហាញឲ្យឃើញថាមានមន្រ្តីជាន់ខ្ពស់ណាមួយនៅខាងក្រោយឃាតកម្ម ជា វិជ្ជា ហើយ»។ អ្នកស្រីមួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆំាង ដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរ បានមានប្រសាសន៍ថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាពិសេសសិទ្ធិក្នុងការទទួលព័ត៌មានត្រូវបានរឹតបន្តឹងក្នុងប្រទេសកម្ពុជា។ «យើងនៅតែសួរទៀត អ្នកណាជាអ្នកសម្លាប់ជា វិជ្ជា។ រាស្រ្តត្រូវដឹងរាស្រ្តតូ្រវតែបានព័ត៌មានហ្នឹងហើយជាកាតព្វកិច្ចរបស់រដ្ឋាភិបាលនៅក្នុងការបញ្ចេញព័ត៌មាន»។ លោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ដែលមានវត្តមាននៅក្នុងបរិវេណភោជនីយដ្ឋានពិភពថ្មីដែរនោះបានបដិសេធពុំធ្វើអត្ថាធិប្បាយទេដោយលោកបានអះអាងថាលោកមកទទួលទានអាហារពេលព្រឹកនៅទីនេះ។ «មិនមករឿងហ្នឹងផង ខ្ញុំមកហូបគុយទាវ។ ខ្ញុំមកហូបគុយទាវទេ។ សូមទោសអត់បានទេ អត់ពាក់ព័ន្ធទេ»។ គួររំលឹកផងដែរថា នេះជាលើកទី៣ហើយ ដែលខ្សែភាពយន្តឯកសារនរណាជាឃាតករសម្លាប់ លោកជា វិជ្ជា ត្រូវបានរារាំងមិនឲ្យដាក់បញ្ចាំងជាសាធារណៈនោះ៕ This posting includes an audio/video/photo media file: Download Now |
ពលរដ្ឋខ្មែរត្អូញត្អែរពីបញ្ហាប្រេងសាំងឡើងថ្លៃដោយសារវិបត្តិនៅពិភពអារ៉ាប់ Posted: 08 Mar 2011 12:21 PM PST តម្លៃប្រេងឡើងថ្លៃនៅពេលបច្ចុប្បន្នបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅនិងមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរបានទទួលស្គាល់ថាការបះបោរនៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងបានបណ្តាលឱ្យប្រេងឡើងថ្លៃជាបន្តបន្ទាប់ចាប់តាំងពីខែមករាមកប៉ុន្តែក៏លើកឡើងថារដ្ឋាភិបាលគួរចាត់វិធានការជួយដល់ពួកគេ។ នៅថ្ងៃអង្គារនេះប្រជាពលរដ្ឋខ្មែរបានសម្តែងការមិនសប្បាយចិត្តចំពោះតម្លៃប្រេងឡើងថ្លៃជាបន្តបន្ទាប់ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅនិងមុខរបររបស់មនុស្សទូទៅ។ ចលនាបះបោររបស់ប្រជាពលរដ្ឋនៅប្រទេសទុយនេស៊ី លីប៊ី អេហ្ស៊ីប បារ៉ែន យេមែន និងប្រទេសមួយចំនួនទៀតនៅតំបន់មជ្ឈិមបូព៌ាប្រទេសដែលជាប្រទេសផលិតប្រេងដ៏ធំសម្រាប់ផ្គត់ផ្គង់ពិភពលោកបានបង្កការលំបាកដល់ការផលិតប្រេងនិងការនាំចេញប្រេងទៅកាន់ទីផ្សារពិភពលោកដែលជាហេតុនាំឱ្យតម្លៃប្រេងឡើងថ្លៃ។ លោកស៊ុន ដារា អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៣ផ្នែកច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបាននិយាយថា នៅពេលតម្លៃប្រេងនៅលើទីផ្សារពិភពលោកមានការឡើងថ្លៃ តម្លៃប្រេងនៅកម្ពុជាក៏បានឡើងថ្លៃដែរ ដោយសារប្រទេសកម្ពុជាបានទិញប្រេងពីទីផ្សារពិភពលោក។ «ប្រេងសាំងឡើងថ្លៃជាលំដាប់ពី៤.០០០រៀលក្នុងមួយលីត្រទៅ៤.៥០០រៀលក្នុងមួយលីត្ររហូតដល់ ៥.១០០រៀលក្នុងមួយលីត្រ។ ខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំខ្វល់ខ្វាយអំពីបញ្ហាប្រេងសាំងឡើងថ្លៃជាលំដាប់។ កាលពីមុនប្រេងសាំងនៅមានតម្លៃថោក ខ្ញុំមិនសូវជាខ្វល់ខ្វាយក្នុងការធ្វើដំណើរ ពីព្រោះយើងអាងថា ប្រេងសាំងចុះថ្លៃបន្តិចហើយ។ យើងជិះម៉ូតូមិនសូវខ្វល់ខ្វាយ»។ លោកដារាបន្ថែមថាលោកត្រូវកាត់បន្ថយការប្រើប្រាស់យានយន្តរបស់លោកសម្រាប់ជីវភាពប្រចាំថ្ងៃ។ «ដល់ឥឡូវ តម្លៃប្រេងសាំងឡើងថ្លៃ ហើយតម្លៃទំនិញនៅលើទីផ្សារក៏ឡើងថ្លៃដែរ។ អញ្ចឹងការចំណាយរបស់យើងមានការខ្វះខាត។ យើងត្រូវការត្បិតត្បៀតមែនទែន។ យើងជិះម៉ូតូនៅពេលដែលយើងទៅសាលា ឬ ទៅកន្លែងណា ដែលយើងគិតថាសំខាន់។ យើងអាចដើរទៅកន្លែងជិត ឬ ជិះកង់ និងកាត់បន្ថយការជិះម៉ូតូ ព្រោះបើយើងជិះម៉ូតូ ទៀត យើងអត់មានប្រាក់ទិញប្រេងសាំងចាក់ម៉ូតូ»។ មិនត្រឹមតែអ្នកប្រើប្រាស់យានយន្តធម្មតាទេដែលទទួលរងផលប៉ះពាល់អ្នកប្រកបរបរអាជីវកម្មផ្សេងៗក៏មានការប៉ះពាល់ដូចគ្នា។ លោកលឹម ស្រេង អាយុ៥៧ឆ្នាំ អ្នកគ្រប់គ្រងសហគ្រាសឡឥដ្ឋមួយនៅក្នុងទីក្រុងភ្នំពេញបានបញ្ជាក់ថាការបះបោរនៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងជាពិសេសនៅប្រទេសលីប៊ីគឺជាឧបសគ្គដ៏សំខាន់មួយដែលនាំឱ្យតម្លៃប្រេងឡើងថ្លៃប៉ុន្តែសកម្មភាពរបស់រដ្ឋាភិបាលក៏ជាកត្តាដ៏សំខាន់មួយទៀតចំពោះការឡើងថ្លៃប្រេងជាបន្តបន្ទាប់បច្ចុប្បន្ននេះ។ «ចំណូល និងចំណាយទូទាត់ទៅមិនចំណេញទេ។ ប្រេងសាំងឡើងថ្លៃនេះបានធ្វើឱ្យទំនិញគ្រប់យ៉ាងឡើងថ្លៃទាំងអស់ពីព្រោះការដឹកជញ្ជូននិងការផលិតផលផ្សេងៗត្រូវការប្រើប្រេងសាំង។ ប្រេងឡើងថ្លៃប៉ុន្មានថ្ងៃនេះ បើគិតពីប្រាក់ចំណូល និងប្រាក់ចំណាយត្រូវខាតហើយក្នុងអំឡុងប្រេងឡើងថ្លៃពីរ បីខែនេះ។ ក្នុងមួយថ្ងៃខាត២០០ទៅ៣០០ដុល្លារអាមេរិក»។ លោក ប៊ុត ទិន អាយុ៣៧ឆ្នាំ អ្នករត់ម៉ូតូឌុបម្នាក់នៅក្នុងទីក្រុងភ្នំពេញ បាននិយាយថាលោកមិនចូលចិត្តការបះបោរនៅក្នុងតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងនោះទេ ពីព្រោះវាធ្វើឱ្យតម្លៃប្រេងឡើងថ្លៃដែលប៉ះពាល់មិនត្រឹមតែជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទេសនានានៅក្នុងពិភពលោកនេះ។ លោកប៊ុត ទិន បានបញ្ជាក់ថាលោកទទួលរងគ្រោះពីតម្លៃប្រេងឡើងថ្លៃនេះ ប៉ុន្តែតម្លៃរត់ម៉ូតូឌុបរបស់លោកមិនអាចឡើងថ្លៃបានទេដោយពន្យល់ថាបើលោកតម្លើងថ្លៃលោកគ្មានអ្នកជិះម៉ូតូរបស់លោកទេ។ លោកប៊ុត ទិន បានគិតថាតម្លៃប្រេងអាចនឹងចុះថ្លៃ ខណៈដែលការបះបោរនៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងត្រូវបានបញ្ចប់។ ការបះបោរនៅតំបន់មជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើងនៅក្នុងសប្តាហ៍ថ្មីៗនេះបានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃលើសពី១០០ដុល្លារអាមេរិកក្នុងមួយធុង។ អង្គការសហប្រជាជាតិផ្នែកម្ហូបអាហារនិងកសិកម្មបានរាយការណ៍កាលពីថ្ងៃសុក្រថាតម្លៃម្ហូបអាហារពិភពលោកបានឡើងថ្លៃក្នុងរយៈពេលប្រាំបីខែជាប់ៗគ្នានៅក្នុងខែកុម្ភៈខណៈដែលអង្គការពិភពលោកនេះក៏បានព្រមានថាគោលដៅធំបំផុតដែលមិនបានគិតទុកជាមុនចំពោះតម្លៃប្រេងអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវស្ថានភាពដែលមានគ្រោះថ្នាក់ចំពោះទីផ្សារម្ហូបអាហារ៕ This posting includes an audio/video/photo media file: Download Now |
សាលារាជធានីភ្នំពេញហាមឃាត់អង្គការស្រ្តីមិនឱ្យប្រារព្ធទិវាសិទ្ធិនារីនៅទីសាធារណៈ Posted: 08 Mar 2011 11:50 AM PST អង្គការចលនាស្ដ្រីកម្ពុជា ដែលជាអង្គការមួយប្រមូលផ្ដុំដោយពលការីនី និងកម្មការីនីជាច្រើនក្នុងប្រទេសកម្ពុជា បានខកខានក្នុងការប្រារព្ធខួបលើកទី១០០នៃទិវានារីអន្ដរជាតិបន្ទាប់ពីមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។ អង្គការនេះមានគម្រោងប្រមូលផ្ដុំស្ដ្រីមកពីមជ្ឈដ្ឋានការងារផ្សេងៗគ្នាចំនួនប្រមាណជាង១.០០០នាក់ នៅទីលានសួនច្បារមុខវត្តបុទុមវត្ដីក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ ដើម្បីឧទ្ទិសដល់ការលើកតម្កើងស្រ្ដីកម្ពុជាក្នុងការងារ និងការប្រឈមពីការបំពាននានាក្នុងការងាររបស់ស្ដ្រី។ ក៏ប៉ុន្ដែគម្រោងការនេះមិនត្រូវបានអនុញ្ញាតដោយអភិបាលសាលារាជធានីភ្នំពេញនោះឡើយ។ អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Rights Watch របស់សហរដ្ឋអាមេរិកបានហៅបម្រាមនេះថា គឺជាកង្វល់ពិតប្រាកដមួយសម្រាប់ប្រទេសផ្ដល់អំណោយទានដល់កម្ពុជាធ្វើការពិចារណា។ នៅក្នុងលិខិតឆ្លើយតបទៅនឹងអង្គការចលនាស្ដ្រីកម្ពុជា កាលពីល្ងាចថ្ងៃទី៧ មិនា លោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ មិនបានបង្ហាញពីមូលហេតុជាក់លាក់ដែលនាំឲ្យលោកមិនអនុញ្ញាតការប្រមូលផ្ដុំនេះទេ។ លោកស្រី មាស មរកដ នាយិការនៃអង្គការនេះមានប្រសាសន៍ថា ដោយសារតែបម្រាមនេះធ្វើឲ្យអង្គការរបស់លោកស្រីបង្វែរការប្រារព្ធទិវានារីអន្ដរជាតិ៨មិនា ទៅធ្វើនៅបរិវេណអង្គការមួយទៀតក្រៅទីក្រុងភ្នំពេញ។ «យើងទើបតែទទួលបានលិខិតពីសាលារាជធានីភ្នំពេញកាលពីល្ងាចមិញតែប៉ុណ្ណោះ។ គាត់ជូនដំណឹងមកយើងវិញថា គាត់មិនបានផ្ដល់ទីកន្លែងនោះសម្រាប់យើងធ្វើទេ ហើយដោយមិនមានមូលហេតុអ្វីទេយើងក៏មិនអស់ចិត្តដែរ»។ ភា្លមៗនោះអង្គការ Human Rights Watch បានបញ្ចេញប្រតិកម្មនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដោយស្ដីបន្ទោសចំណាត់ការរបស់អភិបាលក្រុងភ្នំពេញហើយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញលើសេចក្ដីសម្រេចចិត្តក្នុងការបដិសេធការអនុញ្ញតឲ្យអង្គការចលនាស្រ្ដីកម្ពុជាធ្វើការប្រមូល ផ្ដុំគ្នានេះ។ លោក ប្រេដ អាដាម (Brad Adams) នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ដោយចាត់ទុកថា បម្រាមនេះដូចជា «រឿងលេងសើច» លោកអធិប្បាយថា «ការបដិសេធសិទ្ធិរបស់ស្ដ្រីក្នុងការប្រមូលផ្ដុំគ្នាដោយសន្ដិវិធីនេះមានន័យថា រដ្ឋាភិបាលមិនទុកចិត្តលើពលរដ្ឋរបស់ខ្លួន»។ របាយការណ៍របស់អង្គការឃ្លាំមើលការគោរពសិទ្ធិមនុស្សមួយចំនួន ធ្លាប់បានស្ដីបន្ទោសលើការរឹតត្បិតសេរីភាពបញ្ចេញមតិនៅកម្ពុជានាពេលកន្លងមក។ លោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ លោក ខៀវ កាញ៉ារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល និងលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ដ្រី មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ សូមបញ្ជាក់ថា ទិវានារីអន្ដរជាតិ៨មិនា គឺជាថ្ងៃឈប់សម្រាកជាផ្លូវការរបស់មន្ដ្រីរាជការនៅប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |