VOA News: ព័ត៌មាន: “កម្ពុជានិងថៃសង្ឃឹមថាអាចរកវិធីនាំអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកតំបន់ជម្លោះក្រោយជំនួបបូហ្គ័រ” plus 1 more |
Posted: 10 Mar 2011 08:54 AM PST ប្រទេសកម្ពុជានិងថៃ រំពឹងថានឹងពិភាក្សាគ្នាអំពីការទទួលយកក្រុមអ្នកសង្កេតការណ៍អាស៊ាននិងបញ្ហាបន្ថយភាពតានតឹងអំពីជម្លោះព្រំដែន នៅក្នុងជំនួបនៅប្រទេសឥណ្ឌូនេស៊ី។ បញ្ហាអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ជម្លោះហើយនឹងបញ្ហាបន្ថយភាពតានតឹងតាមព្រំដែននឹងត្រូវពិភាក្សាគ្នាក្រោមកិច្ចសម្របសម្រួលរបស់ប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ាននៅចុងខែមិនានេះ។ នេះជាការបញ្ជាក់របស់មន្ត្រីថៃនិងកម្ពុជា។ លោក ថានី ថុងភក្តី អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទកាលពីថ្ងៃពុធថា ប្រទេសថៃនឹងចូលរួមក្នុងកិច្ចប្រជុំជាមួយកម្ពុជា ហើយស្វាគមន៍ចំពោះការចូលរួមប្រជុំរបស់កម្ពុជា។ ក៏ប៉ុន្តែកាលបរិច្ឆេទនៃកិច្ចប្រជុំនោះ ប្រទេសថៃកំពុងតែធ្វើការជាមួយខាងផ្នែកយោធាថៃ។ លោកថុងភក្តីបានថ្លែងបញ្ជាក់ដូចនេះថា៖ «យើងសង្ឃឹមថាភាគីទាំងពីរនឹងមានឱកាសពិភាក្សាគ្នាអំពីបែបបទការងារស្តីអំពីអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីក៏ដូចជាពិភាក្សាអំពីវិធានការផ្សេងៗទៀត ដែលគួរតែដាក់ចេញដើម្បីធានាថាការប៉ះទង្គិចគ្នាទៅថ្ងៃអនាគតរវាងភាគីទាំងពីរនឹងត្រូវជៀសវាងបាន»។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកម៉ាទី ណាតាលីហ្គាវ៉ា ដែលជាប្រធានប្តូរវេន សមាគមអាស៊ានឆ្នាំនេះបានស្នើសុំកាលពីថ្ងៃទី៧ ខែមិនាឲ្យមានការប្រជុំរវាងប្រទេសទាំងពីរថៃនិងកម្ពុជា។ លោកបានស្នើឲ្យមានកិច្ចប្រជុំចំនួនពីរនៅថ្ងៃទី២៤ និងទី២៥ ខែមិនានៅទីក្រុងបូហ្គ័ (Bogor) ដែលជាទីក្រុងក្បែរទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីក្នុងលំដាប់គណៈកម្មការព្រំដែនទូទៅ GBC និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះទទួលបន្ទុកការបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងថៃ JBC ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងថាកម្ពុជាត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំទាំងឡាយដែលរៀបចំដោយប្រធានអាស៊ានហើយទទួលយកសំណើររបស់ប្រធានអាស៊ានដោយឥតលក្ខខណ្ឌទាក់ទិននឹងការទទួលក្រុមអ្នកសង្កេតការណ៍និងបញ្ហាកិច្ចប្រជុំគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ។ ក៏ប៉ុន្តែលោកគួងអះអាងថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធបានជម្រាបតាមលិខិតផ្លូវការមកកាន់លោក ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាថាខ្លួនពុំទាន់បានទទួលការឆ្លើយតប ជាផ្លូវការពីប្រទេសថៃនៅឡើយទេទាំងបញ្ហាបែបបទការងារបញ្ជូនអ្នកសង្កេតការណ៍អាស៊ាននឹងការចូលរួមប្រជុំក្នុងគណៈកម្មាធិការព្រំដែននៅប្រទេសឥណ្ឌូនេស៊ី។ «ហើយក្នុងលិខិតនោះបានបញ្ជាក់ពីរចំណុចសំខាន់។ចំណុចទីមួយទាក់ទងនឹងតំបន់ ដែលអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដែលនឹងត្រូវមកត្រួតពិនិត្យនោះ។ ហើយ ទាក់ទងនឹងចំណុចហ្នឹងឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានហ្នឹងបានបញ្ជាក់ថាបានទទួលព័ត៌មានជាក់លាក់ហើយពីភាគីកម្ពុជាពាក់ព័ន្ធនឹងព័ត៌មានស្តីពីតំបន់ដែល អ្នកសង្កេតការណ៍ត្រូវមកត្រួតពិនិត្យនេះ។ តែឥណ្ឌូនេស៊ីបានបញ្ជាក់ផងដែរថា មិនទាន់បានទទួលព័ត៌មានពីភាគីថៃនៅឡើយទេ»។ លោក កុយ គួងបានបញ្ជាក់បន្ថែមថា៖ «ចំណុចទីពីរទាក់ទងនឹងការត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចំនួនពីរគឺកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែន JBC និងគណៈកម្មាធិការព្រំដែនទូទៅGBC ដែលគ្រោងធ្វើនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិនា ២០១១ ខាងមុខនោះ ឥណ្ឌូនេស៊ីក៏បានបញ្ជាក់ថាបានទទួលព័ត៌មានឬក៏ចម្លើយជាក់លាក់ពីភាគីកម្ពុជាហើយដែរ ហើយក៏នៅតែមិនទាន់បានទទួលចម្លើយពីភាគីថៃនៅឡើយទេមកដល់ពេលនេះ»។ លោក គួងបានបញ្ជាក់ថាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបានឆ្លើយតបនៅក្នុងសារលិខិតរបស់លោកទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីដោយយល់ព្រមជាផ្លូវការទៅនឹងលក្ខខណ្ឌថ្មីបន្ថែមមួយចំនួនទាក់ទងនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ តែលោក គួងបដិសេធធ្វើអត្ថាធិប្បាយលម្អិតអំពីរឿងនោះ។ ប្រសិនបើកើតឡើងមែន កិច្ចប្រជុំលំដាប់គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរនៅប្រទេសឥណ្ឌូនេស៊ីនេះត្រូវគេចាត់ទុកថាជាកិច្ចប្រជុំលើកទីមួយដែលមានភាគីទី៣ចូលរួមនឹងធ្វើឡើងនៅលើទឹកដីនៃប្រទេសទី៣ ដែលជាកន្លែងឯករាជ្យមួយ ដើម្បីដោះស្រាយជម្លោះនៃប្រទេសទាំងពីរដោយសន្តិវិធី ដែលត្រូវគេដឹង ថាជាការចង់បានរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយនឹងសហគមន៍អន្តរជាតិ។ កិច្ចប្រជុំក្រោមការសម្របសម្រួលរបស់ឥណ្ឌូនេស៊ីនេះត្រូវគេគិតថាកើតឡើង ក្រោយពីប្រទេសថៃសុំពន្យាពេលឬប្រកាន់ជំហរពិភាក្សាទ្វេភាគីជាមួយកម្ពុជាជាមុន សិនមុនពេលទទួលយកអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ជម្លោះនៅតាមព្រំដែននៃប្រទេសទាំងពីរជាពិសេសតំបន់ប្រាសាទព្រះវិហារដែលធ្លាប់មានការវាយប្រយុទ្ធគ្នាដោយសារការចោទប្រកាន់ពីបញ្ហារំលោភបំពានបូរណភាពដែនដី។ ប្រទេសទាំងពីរថៃនិងកម្ពុជាធ្លាប់បានសន្យានៅចំពោះមុខតំណាងប្រទេសអាស៊ានទាំង១០ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នាហើយទទួលយកក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះដើម្បីធានាកិច្ចឈប់បាញ់គ្នា។ ភាគីទាំងពីរបានព្រមព្រៀងគ្នាផងដែរដើម្បីបន្តកិច្ចចរចាក្នុងក្របខណ្ឌអាស៊ានដើម្បីដោះស្រាយវិវាទព្រំដែនដែលបង្កឲ្យមានភាពតានតឹងផ្នែកយោធា៕ This posting includes an audio/video/photo media file: Download Now |
តុលាការកាត់ទោសបុរសអង់គ្លេសម្នាក់ឱ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទរួមភេទជាមួយអនីតិជន Posted: 10 Mar 2011 06:01 AM PST នៅថ្ងៃព្រហស្បតិ៍នេះតុលាការក្រុងភ្នំពេញបានកាត់ទោសវិស្វករកំព្យូទ័រជនជាតិអង់គ្លេសម្នាក់ឱ្យជាប់ពន្ធនាគារចំនួនប្រាំពីរឆ្នាំពីបទចំណាយប្រាក់ទិញក្មេងស្រីមិនទាន់គ្រប់អាយុចំនួន២នាក់យកមករួមភេទដែលច្បាប់របស់ប្រទេសកម្ពុជាបានហាមឃាត់ដាច់ខាត។ ប៉ូលីសបានចាប់ខ្លួនលោកម៉ាធ្យូ ហាឡែន(Matthew Harland) អាយុ៣៨ឆ្នាំនៅក្នុងទីក្រុងភ្នំពេញកាលពីខែឧសភាបន្ទាប់ពីទិញក្មេងស្រីពីរនាក់អាយុ១១ឆ្នាំនិងអាយុ១២ឆ្នាំសម្រាប់រួមភេទនៅក្នុងឆ្នាំ២០០៦។ លោកចៅក្រមកោ វណ្ណឌី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញបានអានសាលក្រមថាតុលាការបានសម្រេចដាក់ពន្ធនាគារជនជាប់ចោទម៉ាធ្យូ ហាឡែនឱ្យជាប់ពន្ធនាគារចំនួនប្រាំពីរឆ្នាំអំពីបទទិញក្មេងស្រីមិនទាន់គ្រប់អាយុយកមករួមភេទនិងបានបញ្ជាឱ្យជនជាប់ចោទបង់ប្រាក់សំណងដល់ជនរងគ្រោះម្នាក់ៗចំនួនមួយលានរៀលស្មើនឹង២៥០ដុល្លារអាមេរិក។ លោកគង់ រ៉ានី មេធាវីជនជាប់ចោទបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងថាវាអយុត្តិធម៌ ឬ យុត្តិធម៌យើងមិនហ៊ានថាពីព្រោះតុលាការសម្រេចសេចក្តីដោយមានការយល់ឃើញនិងសំអាងលើភស្តុតាងរបស់គាត់។ ប៉ុន្តែអ្វីដែលកូនក្តីរបស់ខ្ញុំមិនអស់ចិត្តហ្នឹងដោយសារភស្តុតាងចោទប្រកាន់មកលើគាត់តិចពេក»។ លោកនួន ផានីត មេធាវីជនរងគ្រោះបានថ្លែងថាសេចក្តីសម្រេចនេះបានផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោកហើយប៉ុន្តែលោកមិនពេញចិត្តចំពោះតុលាការដែលមិនបានសម្រេចបណ្តេញជនជាប់ចោទចេញពីកម្ពុជា។ «ខ្ញុំអាចទទួលយកសេចក្តីសម្រេចនេះបាន។ ខ្ញុំពេញចិត្តចំនួននៃការកាត់ទោសរយៈពេលប្រាំពីរឆ្នាំនេះ។ ប៉ុន្តែពាក់ព័ន្ធទៅនឹងទោសបន្ថែមដែលគាត់ (ចៅក្រម) មិនបានប្រើឆន្ទានុសិទ្ធិរបស់គាត់តាមបញ្ញត្តិច្បាប់ចែងស្តីពីការដាក់ទោសបន្ថែមបណ្តេញគាត់ (ជនជាប់ចោទ) ចេញពីកម្ពុជា។ ខ្ញុំមិនយល់ស្របលើចំណុចហ្នឹង។ការមិនបានបណ្តេញគាត់ចេញពីកម្ពុជាហ្នឹងខ្ញុំយល់ថាវាធ្វើឱ្យកំណើនរបស់ជនល្មើសកាន់តែមានវត្តមានច្រើននៅកម្ពុជាដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ជនរងគ្រោះហើយយើងមានការបារម្ភមួយទៀតខ្លាចជនល្មើសហ្នឹងមានការគុំគួននិងអាចប្រព្រឹត្តបទល្មើសបន្ថែមទៀត»។ របាយការណ៍របស់អង្គការសកម្មភាពដើម្បីកុមារបានបញ្ជាក់ថាមានជនបរទេសចំនួន១០៦នាក់ត្រូវបានជាប់ពន្ធនាគារអំពីបទរួមភេទជាមួយកូនក្មេងជាង៣៤០នាក់រវាងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១០ មានជនបរទេសចំនួន១៨នាក់និងនៅដើមឆ្នាំ២០១១នេះមានជនបរទេសចំនួនប្រាំមួយនាក់ត្រូវបានជាប់ទោសពីការរួមភេទជាមួយកូនក្មេង។ លោកសំនៀង សីលា នាយកប្រតិបត្តិនៃអង្គការសកម្មភាពដើម្បីកុមារបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ូលីសបានខិតខំធ្វើការស៊ើបអង្កេតនិងចាប់ជនល្មើសផ្លូវភេទបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស។ «អង្គការក៏នៅតែមានការព្រួយបារម្ភចំពោះបញ្ហាទេសចរណ៍ផ្លូវភេទនេះដែរ។ យើងត្រូវតែបង្កើនការស៊ើបអង្កេតនិងការអនុវត្តច្បាប់ឱ្យបានតឹងរឹងដើម្បីនាំជនប្រព្រឹត្តល្មើសទាំងអស់នោះទៅផ្តន្ទាទោស»។ ប្រទេសកម្ពុជាបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរួមភេទជាមួយកូនក្មេងនៅក្នុងឆ្នាំ២០០៣ដើម្បីព្យាយាមលុបលាងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាថាជាជម្រករបស់ពួកមនុស្សស្រេកឃ្លានខាងផ្លូវភេទ។ ចាប់តាំងពីពេលនោះមក ជនបរទេសច្រើនរាប់សិបនាក់ត្រូវបានចាប់ដាក់ពន្ធនាគារចំពោះការប្រព្រឹត្តិ ឧក្រិដ្ឋកម្មផ្លូវភេទជាមួយក្មេងមិនទាន់គ្រប់អាយុឬក៏បានបណ្តេញចេញឱ្យទៅប្រឈមនឹងការកាត់ទោសនៅក្នុងប្រទេសកំណើតរបស់ពួកគេ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |