Koh Santipheap Daily

Koh Santipheap Daily


ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះ​វិហារ និង​ពុទ្ធា​ភិសេក​ព្រះ​ពុទ្ធ​រូប​ក្នុង​វត្ត ព្រះ​ច័ន្ទ​រង្សី ហៅ​វត្ត​រលួស ស្ថិត​ក្នុង​ឃុំ​បឹង​ឈូក ស្រុក​ទឹក​ឈូ ខេត្ត​កំពត

Posted: 10 Mar 2011 11:25 PM PST

​លោក​ហាស់ វ៉ារី ថ្លែងក្នុងពិធី
​លោក​ហាស់ វ៉ារី ក្នុងពិធីកាត់ឫសសីមាតាមបវេណីព្រះពុទ្ធសាសនា
​លោក​ហាស់ វ៉ារី អញ្ជើញថតរូបអនុស្សាវរីយ៍

ខេត្ត​កំពត ៖ ព្រះ​វិហារ​ដែល​ទើប​បាន​កសាង​រួច​រាល់​ជា​ស្ថាពរ​ រួម​នឹង​សមិទ្ធ​ផល​ថ្មី​ៗ​មួយ​ចំនួន​ទៀត​បម្រើ​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​​នៅ​វត្ត​ព្រះ​ច័ន្ទ​រង្សី ហៅ​វត្ត​រលួស ស្ថិត​ក្នុង​ភូមិ​រលួស ឃុំ​បឹង​ឈូក ស្រុក​ទឹក​ឈូ ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ ត្រូវ​បាន​ប្រារព្ធ​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា និង​ពុទ្ធា​ភិសេក​ព្រះ​ពុទ្ធ​រូប​នាព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១១។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិ​បតី​ភាព​លោក​ហាស់ វ៉ារី ទីប្រឹក្សា​ផ្ទាល់ និង​ជា​តំណាង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​លោក​ជំទាវ ព្រម​ទាំង​បាន​ការ​ចូល​រួម​ផង​ដែរ​ពី​សំណាក់​​មន្ត្រី​អាជ្ញា​ធរ​ខេត្ត ស្រុក ឃុំ និង​ប្រជា​ពល​រដ្ឋ​ប្រមាណ​​ជាង​៣​ពាន់​នាក់។

ក្នុង​សុន្ទរកថា​ស្វាគមន៍ និង​របាយ​ការណ៍​ដែល​លើក​ឡើង​ដោយ​លោក​​អ៊ុក ឡាយ អភិ​បាល​ស្រុក​ទឹក​ឈូ បាន​ឱ្យ​ដឹង​ថា ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ទីអារាម​នេះ ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង ប៉ុន្តែ​ក្រោយ​ថ្ងៃ​​ជ័យ​ជំនះ​៧​មករា ទាំង​ព្រះ​សង្ឃ និង​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ​បាន​រួម​គ្នា​កសាង​វត្ត​នេះ​ជា​បណ្តើរ​ៗ​ឡើង​វិញ​ទុក​ជា​ទីកន្លែង​គោរព​សក្ការៈ។ មក​ដល់​ពេល​នេះ​ទីអារាម​ក៏​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​អំណោយ​ដ៏​ថ្លៃ​ថ្លា​​ពី​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ តាម​រយៈ​លោក​ហាស់ វ៉ារី និង​លោក​ជំទាវ​សម្រាប់​កសាង​ព្រះ​វិហារ របង​ប្រវែង​៦០០​ម៉ែត្រ និង​សមិទ្ធ​ផល​ជា​ច្រើន​ទៀត​បាន​រួច​រាល់ ដោយ​ចំណាយ​ទឹក​ប្រាក់​សរុប​ចំនួន​១៤៨.៩៩០​ដុល្លារ ក្នុង​នោះ​អំណោយ​សម្តេច និង​លោក​ជំទាវ​ចំនួន​៨១.៣៥៦​ដុល្លារ និង​ថវិកា​ចំនួន​៦៧.៦៣៤​ដុល្លារ​ទៀត​បាន​មក​ពី​ការ​ចូល​រួម​​របស់​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ និង​បាន​ធ្វើ​បុណ្យ​ឆ្លង​នា​ពេល​នេះ។ មាន​ប្រសាសន៍​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ លោក​ហាស់ វ៉ារី បាន​សម្តែង​ការ​ដឹង​គុណ និង​អំណរ​គុណ​ដ៏​ខ្ពង់​​ខ្ពស់​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ ដែល​តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជា​ប្រចាំ​ចំពោះ​សុខ​ទុក្ខ​ និង​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ទូទៅ​នៅ​​ទូទាំង​ប្រទេស។ លោក​​ក៏​បាន​ជម្រាប​ជូន​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ​ប្រកប​ដោយ​​ភាព​ឈ្លាស​វៃ​ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ ទាំង​វិស័យ​ពុទ្ធ​ចក្រ និង​អាណាចក្រ។ ជា​មួយ​គ្នា​នេះ បាន​ផ្តាំ​ផ្ញើ​ដល់​ព្រះ​សង្ឃ​ និង​​ពុទ្ធ​បរិ​ស័ទ​ទាំង​អស់​ សូម​ជួយ​ថែរក្សា​​សមិទ្ធ​ផល​ថ្មី​ៗ​ទាំង​នោះ ទុក​ជា​ទីកន្លែង​គោរព​សក្ការៈ​សម្រាប់​ពុទ្ធ​សាស​និក​កម្ពុជា​ទូទៅ​បាន​យូរ​អង្វែង។

ជា​បន្ត​ គណៈ​អធិ​បតី​ក៏​បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្ស​រិយ​យស​ជូន​ដល់​សប្បុ​រស​ជន​ចំនួន​១៤​រូប ក្នុង​នោះ​មាន​មេដាយ​ថ្នាក់​អស្សប្ញទ្ធិ​ចំនួន​១, មេដាយ​មុនី​សារា​ភ័ណ្ឌ​ថ្នាក់​ធិប​ឌិន្ទ​ចំនួន​១, មេដាយ​មុនី​សារាភ័ណ្ឌ​ថ្នាក់​សេរី​វឌ្ឍន៍​ចំនួន​១០ និង​មេដាយ​មាស​ស្ថាបនា​ជាតិ​ចំនួន​២។ បាន​ឧបត្ថម្ភ​ និង​ចែក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ ក្នុង​នោះ​ឧបត្ថម្ភ​ដល់​ការ​រៀបចំ​ពិធី​បុណ្យ​ថវិកា​ចំនួន​៨.៨០០​ដុល្លារ, ប្រគេន​ព្រះ​សង្ឃ​៧​អង្គ ក្នុង​១​អង្គ​ទេយ្យ​វត្ថុ​១​កញ្ចប់ និង​បច្ច័យ​២​ម៉ឺល​រៀល, ផ្តល់​ការ​រៀបចំ​វេទិកា​២​លាន​រៀល, យាយ​ជី តាជី​១០០​នាក់ ក្នុង​ម្នាក់​ៗ​កំណាត់​ស១ដុំ និង​នំ​១ធុង, លោក​គ្រូ អ្នក​គ្រូ​៥០​នាក់ ម្នាក់​ៗ​សារុង​១ និង​នំ​​១​ធុង, ផ្តល់​ថ្នាំ​ពេទ្យ​ព្យាបាល​ជម្ងឺ​ស្ត្រី​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​៤៥០​ប្រអប់, ប្រគេន​សៀវ​ភៅ​ធម្ម​ទាន​ដល់​វត្ត​ចំនួន​១​ម៉ឺន​​ក្បាល, កម្លាំង​ការ​ពារ​១​លាន​រៀល និង​ប្រជា​ពល​រដ្ឋ​ចូល​រួម​ជាង​២​ពាន់​នាក់ ក្នុង​ម្នាក់​ៗ​សារុង​១ និង​នំ​១​ធុង។

តមក​ គណៈ​អធិ​បតី​ក៏​បាន​អញ្ជើញ​កាត់​ខ្សែបូ​ធ្វើ​ពិធី​ពុទ្ធា​ភិសេក និង​កាត់​ដុំ​និមិត្ត​សីមា ព្រម​ទាំង​រាប់​បាត្រ​ប្រគេន​ព្រះ​សង្ឃ​តាម​ទំនៀម​ទម្លាប់​ព្រះ​ពុទ្ធ​សាសនា​ជា​កិច្ច​បង្ហើយ​បុណ្យ​ផង​ដែរ៕

ការរញ្ជួយដី​​កម្រិត​៨,៨រីស្ទ័រ​កើតឡើង​នៅប្រទេស​ជប៉ុន​​ទៀត​​របួស​​ច្រើននាក់

Posted: 10 Mar 2011 11:24 PM PST

ការរញ្ជួយដី​​កម្រិត​៨,៨រីស្ទ័រ​កើតឡើង​នៅប្រទេស​ជប៉ុន​​

ទីភ្នាក់ងារ​ព័ត៌មាន​​ចិនស៊ីនហួ​​រាយការណ៍​ថា ​ការរញ្ជួយដី​​​ដ៏​មានឥទ្ធិ​ពល​មួយ​កម្រិត​​​៨,៨​​រីស្ទ័រ ​កើតឡើង​នៅកោះ​​ហុន​​ស៊ូភាគឦ​សាន​​​ប្រទេស​ជប៉ុន កាលពីវេលាម៉ោង​​​​២​និង​​​៥៦​នាទី​រំលង​អធ្រាត្រ​​​ម៉ោង​ក្នុង​​ស្រុក​ថ្ងៃទី​​​១១ មីនា។ ទីភ្នាក់​ងារ​​​ភូមិ​សាស្ត្រ​​​ជប៉ុន​និយាយ​ថា បាតុ​ភូត​រញ្ជួយ​ដី​នេះ​​​ធ្វើ​ឱ្យ​​​ញ័ររង្គើ​​​រ​តំបន់ទាំង​ឡាយ​​នៃ​ឆ្នេរ​​មហា​សមុទ្រ​​​ប៉ាស៊ីហ្វិក​​របស់​​​ជប៉ុន ហើយ​​ញ័រ​ដល់​​ក្រុង​តូក្យូ​​ និងក្រុង​អូសាកា ដែល​ជា​​ក្រុង​ធំៗ​របស់​ជប៉ុន​​​ ។​

មនុស្ស​ជា​ច្រើន​​នាក់ត្រូ​វ​​បាន​រាយការណ៍​​ថា រង​របួស​​ក្នុងការ​រញ្ជួយដី​​នេះ ។​ បាតុភូត​​គ្រោះធម្មជាតិ​​រញ្ជួយដី​​នេះកើត​ឡើង​ចម្ងាយ​​​៣៨២​គីឡូ​ម៉ែត្រ ​ភាគឦ​សាន​​​​ក្រុង​តូក្យូ​ ដោយកើតឡើងជម្រៅ​​​១០​​គីឡូម៉ែត្រ ​ក្រោម​​បាត​សមុទ្រ ។ ​ពុំ​មាន​របាយការណ៍​​​អំពី​​​អ្នក​ស្លាប់​​​ និង​ការ​ខូចខាត​​ក្នុង​​ការរញ្ជួយដី​​នោះ​នៅ​​ឡើយ​​ទេ ។​

ទាក់ទិនទៅនឹង​​​ការរញ្ជួយដី​​នេះ ជប៉ុន​បាន​ចេញ​​ការព្រមាន​​ពី​រលក​យក្ស​​ស៊ូណាមី ​កម្ពស់​ដល់​​៦ម៉ែត្រ ​ហើយ​មជ្ឈមណ្ឌល​​ព្រមានពី​​រលក​យក្ស​ស៊ូណាមី ​នៅរដ្ឋ​​ហាវ៉ៃ ​សហរដ្ឋអាមេរិក ​និយាយ​ថា ​ការព្រមាន​ពីរលក​យក្ស​ស៊ូណាមី នេះ គឺ​​សម្រាប់​ប្រទេស​ជប៉ុន​​ ប្រទេស​រុស្ស៊ី ​​និង​កោះ Marcus ។ នេះ​ជា​​លើក​ទី​​២​ហើយ​ដែល​ការរញ្ជួយដី​​​ដ៏​មាន​​ឥទ្ធិពល​​បានកើតឡើង​​នៅប្រទេស​ជប៉ុន​​ ក្នុង​រយៈ​ពេល​មិន​ដល់​មួយសប្តាហ៍​ផង ៕​

ប៉ូលិស​បាញ់​ទៅ​លើ​ពួកបាតុ​ករ​នៅ​អារ៉ា​ប៊ី​ សា​អូឌីត

Posted: 10 Mar 2011 10:40 PM PST

ពួកបាតុករស៊ីអ៊ីតអារ៉ាប៊ីសាអ៊ូឌីត

បាតុ​ករ​ស៊ី​អ៊ីត​៣​នាក់​បាន​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​១០ មីនា នៅ​ភាគ​ខាង​កើត​អារ៉ា​ប៊ី​ សា​អូឌីត​ ដោយ​សារ​ការ​បាញ់​ប្រហារ​របស់​ប៉ូលិស​ដែល​ប៉ុន​ប៉ង​បំបែក​ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុ​កម្ម​មួយ​។
អាជ្ញា​ធរ​អារ៉ា​ប៊ី​សា​អូឌីត បាន​រំលឹក​ជា​ច្រើន​លើក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ថា បាតុ​កម្ម​ទាំង​ឡាយ​ត្រូវ​ហាម​ឃាត់​ក្នុង​ប្រទេស​នេះ និង​ថា​ ប៉ូលិស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​អន្តរា​គមន៍​ដើម្បី​ឱ្យ​មាន​ការ​គោរព​​ច្បាប់​។ ឧប្បត្តិ​ហេតុ​ទាំង​នោះ​កើត​មាន​មុន​ការ​អំពាវ​នាវ​មួយ​ឱ្យ​ធ្វើ​បាតុ​កម្ម​ផ្សាយ​តាម​ FACEBOOK ។
ការ​បាញ់​ប្រហារ​កើត​មាន​ ខណៈ​ដែល​មនុស្ស​រវាង​ពី​៦០០​ទៅ​៨០០​នាក់​ ក្នុង​នោះ​មាន​នារី​ជា​ច្រើន​ផង​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​ក្រុង AL-QATIF ដើម្បី​ទាម​ទារ​ឱ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង​ស៊ីអ៊ីត​៩​នាក់​។ ពេល​ក្បួន​បាតុ​កម្ម​​លើក​ទៅ​ដល់​កណ្តាល​ទី​ក្រុង​ហៀប​នឹង​បញ្ចប់​ទៅ​ហើយ​ កង​ទាហាន​ចាប់​ផ្តើម​បាញ់​ទៅ​លើ​ពួក​បាតុ​ករ​បណ្តាល​ឱ្យ​ពួក​គេ​​៣​​នាក់​ត្រូវ​របួស​។ ការ​បាញ់​ប្រហារ​មាន​រយៈ​ពេល​ប្រមាណ​ជា​១០​នាទី​។
ពួក​អ្នក​ទោស​ដែល​ពួក​បាតុ​ករ​ទាម​ទារ​ឱ្យ​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី​១០ មីនា គឺ​មនុស្ស​៩​នាក់​ដែល​ចាប់​ខ្លួន​កាល​ពី​ឆាំ្ន​១៩៩៦​ក្រោយ​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​​ប្រឆាំង​​អាមេរិក​នៅ​ទី​ក្រុង​ KHOBAR ភាគ​ខាង​កើត​ប្រទេស ៕

បុរសម្នាក់​អះអាង​ថា ​​ជា​​ប្អូនជីដូនមួយរបស់​​លោក​​​កាហ្សៃ ​ត្រូវ​​​សម្លាប់​​ដោយ​ទាហាន​អូតង់

Posted: 10 Mar 2011 10:36 PM PST

មន្ត្រីមួយរូបនិយាយ​ថា សាច់ញាតិត្រូវ​ជា​បង​ប្អូនជីដូនមួយ​របស់​លោកហាមីដ កាហ្សៃ ​ប្រធានាធិបតី​​​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​​ត្រូវ​​បានបាញ់​ស្លាប់​​​ព្រោះ​​​ការ​​ភ័ន្ត​ច្រឡំ​​ដោយ​ទាហាន​​អង្គការ​​អូតង់​នៅ​តំបន់​ភាគ​ខាង​ត្បូង ​ប្រទេស​​អាហ្វហ្គានីស្ថាន ។​
ជនរងគ្រោះ​​​នោះឈ្មោះ Yar Mahammad Khan ត្រូវបានបាញ់ស្លាប់​នៅក្នុង​គេហឋាន​​របស់​លោក​ក្នុងសង្កាត់​ Dand ក្បែរទីក្រុង​​កង់​ដា​ហារ ​​ក្នុង​​ការ​វាយឆ្មក់​​មួយ ។
អង្គការ​​អូតង់និយាយ​ថា ​ពេលនេះខ្លួន​​កំពុង​​ស៊ើបអង្កេត​​លើ​​ឧប្បត្តិហេតុនេះ ។​
ទោះបីជា​​បែបណា ​ប្រភព​មួយ​អះ​អាង​​​ថា បុរសដែល​​ស្លាប់​​កាលពីថ្ងៃទី​​១០ មីនា កន្លង​មក​ ហាក់ដូចជា​មិន​មែនជា​​សាច់ញាតិ​​ជិតស្និទ្ធ​​របស់​លោក​​ប្រធានាធិបតី​​​កាហ្សៃ​​ទេ ប៉ុន្តែ​​ប្រភពខ្លះ​អះ​អាង​ថា លោកជា​បងប្អូន​​​ជីដូនមួយ​​របស់​​​លោក​កាហ្សៃ ។ ​អ្នកនាំពាក្យ​​​របស់លោក​ហាមីដ កា​ហ្សៃ​ និយាយ​​ថា លោកប្រធានាធិបតី​​​កាហ្សៃ ​ស្គាល់​បុរស​​នោះដែរ ​គឺ​រស់នៅ​ក្នុង​​ភូមិ​ជាមួយ​​គ្នា។​ ការ​ស្លាប់​​របស់​លោក Yar Muhammad Khan ធ្វើ​ឱ្យ​​លោកកាហ្សៃ​​មានទុក្ខ​ក្រៀម​ក្រំ​​​យ៉ាង​ខ្លាំង ​ហើយលោក​បានអំពាវ​នាវ​​ដល់អង្គ​ការ​​អូតង់​​ឱ្យឈប់​សម្លាប់​​ជនស៊ីវិល​​ទៀត ៕

ឆ្កែ​​វៃ​ឆ្លាត​ចេះ​ជួយធ្វើការងារ​​ម្ចាស់​បានច្រើនមុខ

Posted: 10 Mar 2011 10:36 PM PST

សត្វឆ្កែវៃឆ្លាតមួយក្បាល

ឆ្កែ​ចិញ្ចឹម​​មួយក្បាល​​ត្រូវបានគេ​ចាត់ទុក​​ថា ជា​ឆ្កែ​​​វៃ​ឆ្លាត​​បំផុត​ ហើយចេះ​ជួយ​ធ្វើ​ការ​​ងារ​សម្រាប់ម្ចាស់របស់វា បានជាច្រើនប្រភេទ​​​​ដូច​ជា ប្រើមាត់​របស់វា​​ខាំយួរកន្ត្រក​​បន្លែ​​ពីផ្សារ​ទៅ​ផ្ទះ និង​ចេះ​​ទៅទិញកាសែត​ឱ្យម្ចាស់​របស់​​វាជា​ដើម ។​​ឆ្កែនេះ​ឈ្មោះ Mao Mao នៅពេល​​ទៅ​​ផ្សារជា​មួយ​​ម្ចាស់​​​​វា​​ម្តងៗ ធ្វើ​ឱ្យ​មនុស្ស​​​ផងទាំង​ឡាយ​​មានការ​ភ្ញាក់ផ្អើល​​យ៉ាងខ្លាំង​​ដោយសារ​​​ភាពវៃ​ឆ្លាត​​ និង​ភាពរហ័ស​រហួន​​របស់វា ។​
ឆ្កែ​​ឈ្មោះ​ Mao Mao នេះ​ចិញ្ចឹម​​ដោយ​បុរស​​ម្នាក់​​រស់នៅក្នុង​ទីក្រុង​ជីហាន ​ខេត្ត​​សានទុង ​ភាគ​ខាង​​កើតប្រទេស​​ចិន ហើយត្រូវ​​បានហ្វឹក​ហ្វឺន​​ឱ្យ​ទម្លាប់​​ធ្វើការងារ​​ផ្សេង​ៗ​តាំង​ពី​​វា​នៅ​តូចម៉្លេះ ៕

ក្រុមការងារ​​កសាង​ផែនការ​អភិវឌ្ឍន៍​​​ខណ្ឌ​ដូនពេញ​​បើក​កិច្ចប្រជុំ​​លើកទី​​១

Posted: 10 Mar 2011 10:34 PM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំរបស់សាលាខណ្ឌដូនពេញ

រាជធានីភ្នំពេញ ៖ ​ក្រុមការងារ​កសាង​ផែនការ​​អភិវឌ្ឍន៍​​រយៈ​ពេល​​៥​ឆ្នាំ ​និង​កម្មវិធី​​វិនិ​យោគ​​​៣​ឆ្នាំ​រំកិល​ថ្នាក់ខណ្ឌ​​ បានបើក​កិច្ចប្រជុំ​​ជា​លើកទី១ កាលពីព្រឹកថ្ងៃទី​​​១១​ មីនា ​២០១១ ​នៅសាលប្រជុំ​​សាលា​ខណ្ឌ​ដូនពេញ ​ក្រោម​អធិប​​តីភាព​​​លោក​​សុខ សម្បត្តិ ​​អភិបាល​ខណ្ឌ​ដូនពេញ ​និង​ការ​ចូលរួមពីសមា​ជិក​ សមាជិកា​ចំនួន​​៤១​
រូប ។
គួររំលឹក​ថា កាលពីថ្ងៃទី​​​២ មីនា ​២០១១ ​ក្រុម​​ប្រឹក្សា​​​ខណ្ឌ​ដូនពេញ​​បានអនុម័ត​​ការ​បង្កើត​ក្រុម​ការងារ​​​កសាង​ផែនការ​​អភិវឌ្ឍន៍​​ និង​កម្មវិធី​​វិនិយោគ​​៣ឆ្នាំ​រំកិល​​​ខណ្ឌ​ដូនពេញ ​ដែល​មាន​លោក​សុខ​ សម្បត្តិ​ ​អភិបាល​ខណ្ឌ​​ជា​ប្រធាន លោក​ឯក ឃុនឌឿន ​អភិបាលរង ជា​អនុ​ប្រធាន​ ​និង​មាន​​​សមាជិក ​សមាជិកា​ចំនួន​​​៤១​នាក់ ។​
លោកសុខ​ សម្បត្តិ ​អភិបាលខណ្ឌ​​ដូនពេញ ​និង​ជា​ប្រធានក្រុម​​ការងារ​​កសាង​ផែនការ​អភិ​វឌ្ឍន៍​​រយៈពេល​​​​៥​ឆ្នាំ ​និង​កម្មវិធីវិនិយោគ​​​​៣​ឆ្នាំ រំកិល ខណ្ឌ​ដូនពេញ ​បានមានប្រសាសន៍​​ថា ក្នុង​ដំណើរ​​​ការកសាង​​ផែនការអភិវឌ្ឍន៍​​ខណ្ឌ​ដូន​ពេញ​​ ក្រុម​ការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​​កម្មវិធី​វិនិយោគ​​​៣ឆ្នាំរំកិល​​ប្រចាំ​ឆ្នាំ មានភារ​កិច្ច​​សំខាន់​ៗ​​​ដូចជា​ រៀបចំ​​​សេចក្តីព្រាង​​​គោល​ការណ៍​​ណែនាំ​​ផ្នែកគោល​នយោបាយ​​របស់ក្រុម​ប្រឹក្សា ​រៀបចំសេចក្តី​​ព្រាង​​ប្រតិទិន​​​ការងារ​សម្រាប់​ដំណើរ​​ការ​កសាង​ផែនការ​​​​អភិវឌ្ឍន៍ និង​​កម្មវិធី​វិនិយោគ​ បូកសរុប​​បញ្ហា និង​​តម្រូវការ​​នានា​ដែលស្នើ​​ឡើងដោយ​​សង្កាត់​​ រដ្ឋ​បាល​ខណ្ឌ និង​ស្នើ​​ឡើង​ដោយ​ការិយាល័យ​​អង្គភាព​នានា ព្រម​ទាំង​​អង្គការ​សង្គមស៊ីវិល និ​ង​វិស័យ​​ឯកជន​។ រៀបចំ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​​អំពីការ​កសាង​ផែន​ការ​អភិវឌ្ឍន៍​​និង​​កម្មវិធី​​​វិនិយោគ​​ខណ្ឌ​​-សង្កាត់​ ដឹក​នាំ​​ និង​សម្រប​សម្រួល​​​ដំណើរការ​​កសាង​ផែន​ការ​​អភិ​វឌ្ឍន៍​ និង​កម្មវិធី​​វិនិយោគ រៀបចំ​សិក្ខា​សាលា ​វេទិកា​ពិគ្រោះយោបល់​ជាមួយភាគី​​ពាក់​ព័ន្ធ​​​នានា ក្នុង​ដំណើរការ​​​​កសាង​ផែនការ​អភិវឌ្ឍន៍​​ និង​កម្ម​វិធី​វិនិយោគ​ ។ រៀបចំសេចក្តីព្រាង​​​ផែន​ការ​អភិ​វឌ្ឍន៍​ និង​​កម្មវិធី​​វិនិយោគ ​រៀបចំ​ឯក​សារ​ពាក់ព័ន្ធ​​​នានា​សម្រាប់​​កិច្ចប្រជុំ​​ក្រុមប្រឹក្សា​​ ដើម្បី​​ពិនិត្យ​​​ និងអនុម័ត​​ផែនការ​​អភិវឌ្ឍន៍​ និង​កម​្មវិធី​វិនិយោគ ​កែសម្រួល​និង​ផ្សព្វ​ផ្សាយ​ផែនការ​អភិ​វឌ្ឍន៍​​ និង​កម្មវិធី​​វិនិយោគ​​​​៣ឆ្នាំ
រំកិល ៕

លោកកាដាហ្វី​សន្យា​ពីសង្គ្រាម​ប្រេង​កាត​ខណៈ​កង​ទ័ព​លោក​បន្តវាយ​បក​លើ​ទីលាន

Posted: 10 Mar 2011 10:34 PM PST

កាំភ្លើងធំបាញ់យន្តហោះ​របស់ពួក​បះបោរ
ផ្សែងហ៊ុយក្រោយទម្លាក់គ្រាប់បែក

បណ្តា​ទីតាំង​ប្រេង និង​ឧស្ម័ន​​គឺទី​ក្រុង BREGA ​និង​ក្រុង GAS LANOUF ដែល​ផ្គង់​ផ្គង់​​ពិសេស​ឧស្ម័ន​​ដល់មជ្ឈ​មណ្ឌល​អគ្គិសនី​ជា​ច្រើន​នាភាគ​ខាង​កើត​លីប៊ី ​ពេលនេះ​ស្ថិតក្នុង​ការ​​ត្រួតត្រា​​របស់​កង​កម្លាំង​លោក​កា​ដាហ្វី ​វិញ ហើយ។ ​រដ្ឋាភិបាល​​ក្រុង​ទ្រី​ប៉ូ​លី ក្រោយ​ដណ្តើម យក​បានទី​ក្រុង​ទាំង២​នោះ​វិញ​អាច​ផ្តាច់​ភ្លើង​ក្នុង​បណ្តា​ទីក្រុង​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ពួក​បះ​បោរ​​នៅ​ភាគ​ខាង​កើត​លីប៊ី ។
ពី​ទី​ក្រុង RAS LANOUF ប្រេង​ឆៅ​ចម្រាញ់​​ដល់​២២០.០០០​ធុង ​ក្នុង​មួយថ្ងៃចេញ​ពី​ទី​នោះ ព្រម​ទាំង​ឧស្ម័នជា​ច្រើន​តោន​ផង​ដែរ ។ មេ​ដឹក​នាំ​​លីប៊ី លោកកាដា​ហ្វី បាន​គំរាម​​ពីការ​ធ្វើ​សង្គ្រាម​​ប្រេង​កាត​មួយ​ដែល​ប្រការ​នេះធ្វើ​ឱ្យ​ប៉ះ ពាល់​​ភ្លាមៗ​ដល់​​ផ្សារ​ភាគ​ហ៊ុន និង​ធ្វើ​ឱ្យ​តម្លៃ​​​ប្រេង​ឡើងខ្ពស់បន្តិច​ទៀត ​ដែលនោះ​ជា​​ការ​គាប​សង្កត់​វិញ​លើ​បណ្តា​ប្រទេស​លោក​ខាង​លិច ដែល​ចំណុះ​លើការ​នាំ​ចូល​ប្រេង​កាត ។
ការវាយប្រហារ​​តាមអាកាស និងការ​វាយ​ប្រហារ​​ទាំង​ឡាយ​អាចឱ្យ​កង​ទ័ព​របស់លោក​កា​ដា​ហ្វីវាយបណ្តេញ​កាលពីថ្ងៃទី១០ មីនា នូវ​ពួក​ឧទ្ទាម​ជា​ច្រើន​រយ​នាក់​ចេញពីកំពង់​ផែ​​​ប្រេង​​យុទ្ធ​សាស្ត្រ​​ RAS LANOUF ខណៈ​ដែលការ​ពិភា​ក្សា​​ជា​អន្តរ​ជាតិ​លើ​​មធ្យោ​បាយ​​បញ្ឈប់​ការ​បង្ក្រាប​​បង្ហូរ​ឈាម​នៅ​បន្ត​ទៀត​ដោយ​មានការ​មិនចុះ​សម្រុង​គ្នា ។ ក៏​ប៉ុន្តែ​ពួក​ប្រឆាំង​បាន​ទទួល​ជោគ​ជ័យ​​លើ​រណសិរ្ស​ការ​ទូត ។​ ប្រទេស​បា​រាំង បាន​ក្លាយ​ជាប្រទេស​ដំបូង​គេ​ដែលទទួល​ស្គាល់​ក្រុម​ប្រឹក្សា​ជាតិ​លីប៊ី ជាតំណាង​​ស្រប​ច្បាប់ របស់​ប្រជាជន​ ហើយ​ការ​ផ្លាស់​ប្តូរ​ឯក​អគ្គ​រដ្ឋ​ទូត​គ្រោង​រវាង​ក្រុង​ប៉ារីស  និងក្រុង​បេន​ហ្គា​ហ្ស៊ី​​ជា​ទី​ក្រុង​សំខាន់​នៅ​ភាគ​ខាង​កើតលី​ប៊ី ស្ថិត​ក្នុង​​កណ្តាប់ដៃ​ពួក​​ឧទ្ទាម ។ ចំណែក​រដ្ឋការ​លោក​អូ​បាម៉ាវិញប្រកាស​ផ្អាក​ទំនាក់​ទំនង​​ជាមួយ​ស្ថាន​ទូត​លីប៊ី​​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ដោយ​រដ្ឋ​​មន្ត្រី​ការ​បរទេស​អាមេរិក​លោកស្រី​ហ៊ីល​ឡារី​គ្លីន​តុន​បញ្ជាក់​ថា លោកស្រី​នឹង​ជួប​នាសបា្តហ៍​ខាង​មុខ​នេះ ជាមួយ​បណ្តា​​មេ​ដឹក​នាំ​ប្រឆាំង​នៅ​សហ​រដ្ឋ​អាេមរិក​ អេ​ហ្ស៊ីប​​ និង​ទុយនីស៊ី ។
សម្រាប់​ពេលនេះ​នៅពុំ​ទាន់​មាន​អ្វីប្រាកដ ​ដែលគូស​​បញ្ជាក់​ថា ពួ​កលោក​​ខាង​លិច​នឹង​អាច​ផ្តល់ ជំនួយ​ខាង​យោធា​ដល់​ពួកបះ​បោរ​ ក៏ដូច​ជា​ការ​បង្កើត​តំបន់​ហាមហោះហើរមួយ​ពីលើ​ដែន​ដីលី​ប៊ី ដែរ ។
រងការ​វាយប្រហារ​នៅក្រុង RAS LAN-OUF ចម្ងាយ​​៦២០គ.ម ​ខាងកើត​ក្រុងទ្រី​ប៉ូលី ពួកឧទ្ទាម​​បានរត់​គេច​ខ្លួន​ជា​ច្រើន​រយ​នាក់​សំដៅ ​ទៅ​កាន់​ទិសខាងកើត​តាម​រថ​យន្ត ។ ឧទ្ទាម​ម្នាក់​ និយាយ​ថា គ្រាប់រ៉ុក្កែត​​ និងគ្រាប់​កាំភ្លើង​​ផ្លោង​បាញ់​ចេញ​ពី​រថ​ក្រោះ​ធ្លាក់ដូច​ទឹក​ភ្លៀង​លើទីក្រុង ​នេះ​ដែល​ហាក់​ដូច​ជា​ការ​វាយលុក​ពេញ​បន្ទុក​របស់​កង​កម្លាំង​​លោកកាដាហ្វី ។​ នៅភាគ​ខាង​លិច​ប្រទេស​លោក​កាដាហ្វីអះ​អាង​ពីការ​វាយ​​ដណ្តើម​យកបាន​វិញ​នូវទី​ក្រុង​ ZAOUIAH ​ជា​ទី​ក្រុង​ស្ថិត​នៅ​ក្បែរ​ក្រុង​ទ្រី​ប៉ូលី ។
យោ​ង​តាម​កាក​បាទក្រហ​មអន្តរ​ជាតិ​ថា ជន​ស៊ី​វិលជាច្រើន​សិប​នាក់​ត្រូវស្លាប់​ និងរបួស​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះក្នុងការ​ប្រយុទ្ធ​គ្នា ​រវាង​កងទ័ព​លោក​កាដាហ្វី និងពួកឧទ្ទាម ៕

វីរ៉ា ស៊ុម​ខ្វាម​ឃីត ត្រូវមានភារកិច្ច​ ៖ សារ​ភាព​កំហុស, ជាប់ពន្ធនាគារ​២ភាគ​​៣​សិន ទើបអាច​សុំការ​លើកលែង​បាន

Posted: 10 Mar 2011 10:34 PM PST

រាជធានីភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​​ពន្ធនាគារ​​ក្រសួងមហាផ្ទៃ​​ លោកគួយ ​ប៊ុនសន ​បានមានប្រសាសន៍​កាលពីព្រឹក​ថ្ងៃ​ទី​​១១ មីនា ២០១១ ថា ​ទណ្ឌិត​​ជន​ជាតិ​សៀម​ឈ្មោះ​​វីរ៉ា​ ស៊ុម​ខ្វាមឃីត ​​មិនអាច​លើក​លែង​ទោស​​​បាន​ទេ ពីព្រោះ​​​លោកវីរ៉ា​ស៊ុមខ្វាម​ឃីត ​មិនទាន់បាន​​អនុវត្ត​​​ទោសក្នុង​ពន្ធនាគារ​​បាន​​២ភាគ​​៣​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​​​ការលើកលែង​ទោស​​អាច​ធ្វើ​ទៅបានល្គឹក​ណាតែ​លោក​​វីរ៉ា​ស៊ុម​ខ្វាមឃីត បាន​សារ​ភាព​ថា ខ្លួន​បានចូល​ក្នុង​ទឹក​ដី​​កម្ពុជា​ដោយ​ខុស​ច្បាប់​​ និងប្រព្រឹត្ត​​​បទល្មើស​​​ចារ​កម្ម​​ដូចជា​ការ​ចោទប្រកាន់​​នោះពិតប្រាកដ​មែន។​
ការថ្លែង​​របស់​លោកគួយ ប៊ុនសន ​អគ្គ​នាយក​​​នៃ​អគ្គនាយកដ្ឋាន​​ពន្ធនាគារ​របស់ប្រទេស​កម្ពុជាខាងលើនេះ​ធ្វើឡើង​​​បន្ទាប់ពី​កាសែត​​​ថៃ​រ៉ាត់ ​របស់សៀម​បាន​ចេញ​ផ្សាយ​​កាលពីថ្ងៃទី​​១០ មីនា​​ ម្សិល​មិញ​​ថា​ ស្ថានទូត​ថៃប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នឹងនាំលិខិត​សុំព្រះ​រាជទាន​​​ទោស​ដល់​​ទណ្ឌិត​វីរ៉ា​ ស៊ុមខ្វាមឃីត ​និង​អ្នក​​ទោសស្ត្រី​​​ម្នាក់​​ទៀត​ចុះហត្ថលេខា​​ដើម្បីស្វែង​​រកការ​អភ័យ​ទោស​​​ណាមួយ​ពីកម្ពុជា​នៅវេលាថ្ងៃ​សុក្រ ទី​​១១ មីនា នេះ ។ កាសែត​ដដែល​​បានដកស្រង់​សម្តី​លោក​ឈួន ​នុន​អុី​កូម៉ា​ស៊ុត ​លេខាធិការ​នៃ​​ក្រសួងការបរទេស​​ថៃ​​និយាយ​ថា មេធាវី​ជន​​ជាតិ​កម្ពុជា​​បានធ្វើសេចក្តីព្រាង​​លិខិត​សុំ​ព្រះ​រាជ​ទាន​​​ទោស​ជា​ភាសា​​កម្ពុជា​រួច​រាល់ហើយ ។ ​លិខិត​នេះត្រូវបាន​បញ្ជូន​​ឱ្យ​​ស្ថានទូត​ថៃ​ប្រចាំ​​នៅ​កម្ពុជា​បកប្រែជា​​ភាសាថៃ ដើម្បី​ឱ្យវីរ៉ា ស៊ុម​ខ្វាម​ឃីត ​និង​អ្នកស្រី​​រ៉ាទ្រី ​​អាន ហើយ​និង​ចុះ​ហត្ថ​លេខា​​​នៅថ្ងៃ​សុក្រ​នេះ ។​
លោក​ឈួន ​នុន​​អុី​កូម៉ា​​ស៊ុត ​លេខាធិការ​​នៃក្រសួង​​ការបរទេស​ថៃដដែល​បាននិយាយ​​​​ទៀត​ថា ​បើគ្មាន​អត្ថន័យ​​ណាមួយ​ត្រូវកែ​សម្រួល​​ក្នុងខ្លឹមសារ​​នៃលិខិតនោះ​ទេ ​គេ​រំពឹង​​​ថា នឹង​​អាច​​បញ្ជូន​​លិខិត​សុំ​​ព្រះរាជ​ទាន​​ទោស​នេះ​ឱ្យ​ដល់​​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​បញ្ជូន​បន្តទៅ​​ក្រសួង​យុត្តិធម៌​​ និង​ខុទ្ធកាល័យ​​នាយករដ្ឋ​មន្ត្រី​​​កម្ពុជា​នៅ​សប្តាហ៍ក្រោយ​នេះ ។​
ថ្លែង​តាម​​ទូរស័ព្ទ​​ប្រាប់​កោះសន្តិភាព​​នៅ​ព្រឹក​​ថ្ងៃសុក្រ ទី​១១​ មីនា ឆ្នាំ​២០១១ នេះ លោក​​គួយ ប៊ុនសន ​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​​ពន្ធនា​គារ​​ក្រសួងមហាផ្ទៃ​​បានបញ្ជាក់​​​ឱ្យ​ដឹង​ដែរ​ថា កាលពី​​ថ្ងៃទី​​​១០ មីនា ម្សិលមិញ ​លោក​​បាន​ទទួល​​លិខិត​ថត​ចម្លង​​​​ពីស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ​ក្នុងការ​អនុញ្ញាត​​​ឱ្យ​ទណ្ឌិត​ជន​​ជាតិសៀម​​​ទាំង​​២​នាក់នោះផ្តិ​ត​មេដៃ ដើម្បី​​រក​​​ការសុំ​លើេកលែង​​ទោសនោះរួចហើយ ។ ​​ប៉ុន្តែ​​​លោកបាន​បញ្ជាក់​ថា ​លោកមិនទាន់​បានទទួល​​លិខិត​ជាផ្លូវការ​​ពីក្រសួង​​​ការបរទេសថៃ​​នោះនៅឡើយ​ទេ ​ហើយ​ថា ​ដរាបណា​​ពុំមាន​​លិខិត​ផ្លូវការ​​ គឺមិនអនុញ្ញាត​​ឱ្យ​អ្នក​​ណា​ម្នាក់​​​ចូលជួប​ដើម្បី​​ឱ្យ​​ទណ្ឌិត​​ទាំង​​​២នាក់នោះ​ផ្តិតមេដៃបានឡើយ​៕

ខ្លា​​ចាស់​​​មួយ​គូ ៖ ​ពេជ្រ អារុណ និង​វ៉ែន ​សុវណ្ណ ជួប​គ្នា​​នៅរេញ​បាយ័ន

Posted: 10 Mar 2011 07:20 PM PST

រាជធានីភ្នំពេញ ៖ នៅលើ​សង្វៀន​​ប្រដាល់​ស្ថានីយ​ទូរទស្សន៍​​បាយ័ន​​សម្រាប់​ថ្ងៃ​​អាទិត្យ ទី​១៣ មីនា ខាង​មុខ​នេះ ​ពេជ្រ អារុណ មក​ពី​ក្លឹប​​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ ត្រូវ​បាន​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជា​មួយ​វ៉ែន សុវណ្ណ មក​ពី​ក្លឹប​​កង​កេង​ខេត្ត​បាត់​ដំបង ។ ​

អារុណ និង​សុវណ្ណ សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​​ជើង​ចាស់​ មាន​បទ​ពិសោធន៍​​ពេញ​ខ្លួន​ដូច​គ្នា ​និង​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​ប្រដាល់​មុខ​រឹង​ស្បែក​ស្វិត វាយ​​មិន​ឈឺ ។ អារុណ ចេះ​ប្រើ​ការ​បាន​​គ្រប់​​ស្នៀត​ទាំង​អស់​ ទាំង​ការ​ទាត់​ ដាល់ ជង្គង់ និង​កែង ប៉ុន្តែ​មួយ​រយៈ​ចុង​​ក្រោយ​​នេះ មិន​​ដូច​ពី​​មុន​ទេ ទោះ​បី​ជា​គេ​នៅ​​រក្សា​វិជ្ជាគុន​បាន​ល្អ  តែ​បញ្ហា​​កម្លាំង​ហាក់​បី​​ដូច​ជា​​មាន​ការ​ថម​ថយ​​ច្រើន។ ​ចំណែក​វ៉ែន សុវណ្ណ ក៏​ដូច​គ្នា​ដែរ មក​ដល់​ពេល​នេះ​​អ្នក​ប្រដាល់​ជើង​ចាស់​ទាំង​អស់​សុទ្ធ​តែ​​មាន​បញ្ហា​ផ្នែក​​កម្លាំង ។ ​សុវណ្ណ មាន​ជំនាញ​ប្រើ​កណ្តាប់​ដៃ​ ការ​វាយ​ចេញ​របស់​គេ​មួយៗ​ តែ​​បើ​ត្រូវ​គោល​​ដៅ ​គឺ​ចប់​សព្វ​គ្រប់​​​តែ​ម្តង បាន​សេច​ក្តី​ថា ដៃ​គូ​ពិត​ជា​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​ទេ ប៉ុន្តែ​កណ្តាប់​ដៃ​ធ្ងន់​នោះ ក៏​មិន​ងាយ​ ឬ​កម្រ​​វាយ​ត្រូវគោល​ដៅ​ដែរ។ រវាង​គូ​នេះ ​មិន​អាច​សន្និ​ដ្ឋាន​​ជា​មុន​បាន​ថា​នរណា​​ឈ្នះ​នោះ​ឡើយ ។

ពុទ្ធ ហ៊ុច មក​ពី​ក្លឹប​​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ត្រូវ​ប្រកួត​ជា​មួយ​បឺត រិទ្ធី ​មក​ពី​ក្លឹប​​និរោធ​មាន​ជ័យ ។ ​បឺត រិទ្ធី បើ​គិត​ពី​ប្រវត្តិ​ប្រកួត​​ចាស់​វស្សា​​ជាង​ពុទ្ធ​ ហ៊ុច ​ប៉ុន្តែ​នៅ​ពេល​ពុទ្ធ ហ៊ុច ​កំពុង​ល្បី​ រិទ្ធី ក៏​មិន​ដែល​​បង្ហាញ​​មុខ​ដែរ ។ រិទ្ធី ពី​មុន​ពូកែ​កណ្តាប់​ដៃ​​ណាស់ ប៉ុន្តែ​ពេល​នេះ មិន​ដឹង​ជា​យ៉ាង​ណា​ទេ ។ រីឯ​​ពុទ្ធ ហ៊ុច ​ជា​មួយ​នឹង​ភាព​រឹង​មាំ​គេ​ពូកែ​ស្នៀត​​ទាត់​​ ហើយ​ពេល​​ខ្លះ​​ស្នៀត​កែង​របស់​គេ​ក៏​បង្ក​គ្រោះ​ថ្នាក់​ដែរ ។ ពុទ្ធ ហ៊ុច មាន​សង្ឃឹម​​ច្រើន​សម្រាប់​ការ​ប្រកួត​នេះ ។
សូយ គោ មក​ពី​ក្លឹប​​អូដឹ​ម​កីឡា​ ត្រូវ​ប្រកួត​ជា​មួយ​ឱម ​សំរេច មក​ពី​ក្លឹប​​កង​ពល​តូច​ឆត្រ​យោង​៩១១ ។ អ្នក​ប្រដាល់​​ទាំង​២​រូប​នេះ​ជា​​រលក​ក្រោយ​ទេ តែ​មិន​ធម្ម​តា​ឡើយ ។ ពួក​គេ​អាច​ចាត់​ទុក​ក្នុង​លំដាប់​អ្នក​​ខ្លាំង​សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម ។

​ម៉ៃ ​សុវណ្ណ មក​ពី​ក្លឹប​ចាក់​អង្រែ​​មាន​ជ័យ ​ត្រូវ​ប្រកួត​ជា​មួយ​សៀក សំអូន មក​ពី​ក្លឹប​​កង​ទ័ព​​ជើងគោក ។ លួន ​លីម មក​ពី​ក្លឹប​​តាឡី​ដំរី​មាន​​ឫទ្ធិ ត្រូវ​ប្រកួត​ជា​មួយ​ពេជ្រ សំពៅ មក​ពី​ក្លឹ​ប​ក្រសួង​ការ​ពារ​ជាតិ ។ រីឯ​​ម៉ន គឹម​សុង មក​ពី​ក្លឹប​​ព្រែក​ឯង​កីឡា ត្រូវ​ប្រកួត​ជា​មួយ​វង្ស វិសិទ្ធ មក​ពី​ក្លឹប​​កង​ទ័ព​ជើង​ទឹក៕

រៀបចំ​​​ទីស្នាក់​​ការ​​​សង្កាត់​​រដ្ឋ​បាល​​ព្រៃឈើ​​​​និង​ថ្នាល​បណ្តុះ​​កូនឈើ

Posted: 10 Mar 2011 07:10 PM PST

រៀបចំ​​​ទីស្នាក់​​ការ​​​សង្កាត់​​រដ្ឋ​បាល​​ព្រៃឈើ​​​​និង​ថ្នាល​បណ្តុះ​​កូនឈើ​
រៀបចំ​​​ទីស្នាក់​​ការ​​​សង្កាត់​​រដ្ឋ​បាល​​ព្រៃឈើ​​​​និង​ថ្នាល​បណ្តុះ​​កូនឈើ​
រៀបចំ​​​ទីស្នាក់​​ការ​​​សង្កាត់​​រដ្ឋ​បាល​​ព្រៃឈើ​​​​និង​ថ្នាល​បណ្តុះ​​កូនឈើ​

ខេត្ត​កំពត​ ៖ មន្ត្រី​​ថ្នាក់​ដឹកនាំ​​​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​​កំពត​​-កែប​ដឹកនាំ​​ដោយ​​លោក​ស៊ឹម ឡាប៉័ង​ នាយ​ខណ្ឌ​​រដ្ឋ​បាល​​​ព្រៃឈើ​​ នៅ​ថ្ងៃទី​​៨ និង​ទី៩ ខែ​មីនា ​បាន​ដឹកនាំ​មន្ត្រី​​​ក្នុង​ខណ្ឌ​​​រដ្ឋ​បាល​​​ព្រៃឈើ​​​កំពត​​ ចុះ​ទៅ​​ពិនិត្យ​ទីតាំង​​សង្កាត់​​រដ្ឋ​បាល​​​ព្រៃឈើ​ ដែល​មាន​ស្រាប់​កន្លងមក​នៅ​ក្នុង​ខេត្ត​ទាំងពីរ​ កំពត-កែប​ ។ ជាមួយ​នេះ ​រៀបចំ​ទីតាំង​​ថ្នាល​បណ្តុះ​កូនឈើ​​​និង​លើក​ស្លាក​សញ្ញា​​​តាម​​បណ្តា​សង្កាត់​​ដែល​មាន​តែ​ទីស្នាក់​ការ​តែ​គ្មាន​ស្លាក​សម្គាល់​​​ទីស្នាក់​ការដូចជា​ស្នាក់​​ការ​សង្កាត់​​​រដ្ឋ​បាល​​ព្រៃឈើ​កំពង់​បាយ​ បឹងទូក​ សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​កែប សង្កាត់​​រដ្ឋ​បាល​ព្រៃឈើ​​ស្រុក​​​អង្គរ​ជ័យ ​និង​នៅ​មាន​ស្នាក់​ការ​​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​កំពត ។

នៅ​​ជំហាន​​ដំបូង​​នេះ ​លោក​​​ស៊ឹម ឡាប៉័ង​ ​បាន​ចុះ​មក​​ដល់ទី​ស្នាក់​ការ​សង្កាត់​រដ្ឋ​បាល​​ព្រៃ​ឈើ​​​កំពង់​បាយ​បឹងទូក​ ។ លោក​គាម តឹប​ នាយ​​សង្កាត់​​រដ្ឋ​បាល​​ព្រៃឈើ​​​កំពង់​​បាយ​បឹងទូក ​បាន​រាយការណ៍​​​ពីទំហំ​​ដី​នៅ​​ក្នុង​សង្កាត់​​​គឺមាន​ដីទំហំ​​មួយ​ហិកតា​កន្លះ​ ​​ដែល​មាន​ប្លង់​​សម្គាល់​​​កម្ម​សិទ្ធិ​​​របស់​​រដ្ឋ​បាល​​ព្រៃឈើ​​ស្រប​ច្បាប់​​ ។ កន្លង​មក​ ទីតាំង​នេះ​គ្រាន់​​តែ​​ដាក់​ស្លាក​​សញ្ញា​​ថា ជាស្ថានីយ​បណ្តុះ​កូន​ឈើ​​​ប៉ុណ្ណោះ​ ទោះបី​ជានាយ​សង្កាត់​មក​​ស្នាក់​នៅ​ធ្វើ​ការ​នៅទី​​ស្នាក់​ការ​នេះ​ក្តី​​ក៏ការ​រៀបចំ​​ដាក់​ស្លាក​​សញ្ញា​​សម្គាល់​គ្មាន​​​​ទេ​ ​ពេល​នេះ​​លោក​ស៊ឹម ឡាប៉័ង​ ​ដែល​ទើប​នឹង​​មកទទួល​ការ​គ្រប់គ្រង​​​ផ្នែក​​រដ្ឋ​បាល​​​ព្រៃឈើ​​ថ្មី បាន​ចុះ​​ពង្រឹង​ការងារ​ស្នូល​របស់​មន្ត្រី​​រដ្ឋបាល​​​ព្រៃឈើ​​​គ្រប់​ផ្នែក​ផង រៀបចំ​ដាក់​ស្លាក​សញ្ញា​​​ផង និង​ពិនិត្យ​ឡើងវិញ​ការធ្វើ​​ថ្នាលបណ្តុះ​កូនឈើ​​ឱ្យ​​ត្រូវតាម​ស្តង់​ដារ​​បស់​​ក្រសួង​​​កសិកម្ម​​ រុក្ខា​ប្រមាញ់​​និង​នេសាទ​ផង​។​ មិន​តែប៉ុណ្ណោះ​​​ក្នុង​ការ​រៀបចំ​​​នេះ ​លោក​បាន​ចំណាយ​ទាំង​សំភារ​និង​ថ្លៃ​ឈ្នួល​​ដល់​​កម្មករ​​​ថែមទៀត ។
លោក​ស៊ឹម ​ឡាប៉័ង ​​បានថ្លែង​ថា ផ្អែក​តាម​អនុសាសន៍​​​​ លោក​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ​ លោកប្រធាន​​រដ្ឋ​បាល​ព្រៃឈើ​​ និង​លោក​អភិបាល​​ខេត្ត​ទាំង​៣ បាន​ចង្អុល​ណែនាំ​​ដល់​​អង្គភាព​​រដ្ឋបាល​​ព្រៃឈើ​​ឱ្យ​បណ្តុះ​​កូន​​​ឈើ​​គ្រប់​ប្រភេទ​ឱ្យ​បាន​​ច្រើន​​ក្នុង​ឆ្នាំ២០១១​នេះ​ ​ដើម្បី​​ចែក​ជូន​​​ប្រជាពលរដ្ឋ​ក្នុង​ការ​ដាំដុះ​ ។ ​មក​ដល់​ពេលនេះ លោក​បាន​ដឹកនាំ​មន្ត្រីរដ្ឋបាលព្រៃ​ឈើ​នៅ​ក្នុង​អង្គភាព​​ខណ្ឌ​រដ្ឋ​បាល​ ចុះ​ពិនិត្យ​ថ្នាល​បណ្តុះ​​​កូនឈើ​​ដែល​មាន​ទាំង​ថ្នាល​ចាស់​និង​ថ្នាល​​បណ្តុះ​​កូនឈើ​ថ្មី​មាន​ជាអាទិ៍​​ដូចជា ថ្នាល​បណ្តុះកូនឈើភ្នំតាម៉ៅ ថ្នាល​បណ្តុះ​​កូនឈើ​នៅ​​សង្កាត់​​​រដ្ឋ​បាល​​ព្រៃឈើ​ត្រាំកក់​ គិរីវង់ ស្រុក​អង្គរជ័យ​ សង្កាត់​​រដ្ឋ​បាល​ព្រៃឈើ​​ឈូក និង​ជុំគិរី​ ។

លោកស៊ឹម ឡាប៉័ង បន្តទៀតថា ការ​ចុះ​​ពង្រឹង​​សកម្ម​ភាព​ការងារ​​ស្នូល​​​របស់​​​ជំនាញ​​រដ្ឋ​បាល​​​ព្រៃឈើ​​​នេះ​ លោក​​​ជួប​ការ​​​លំបាក​​ជាច្រើន​អន្លើ​ដែរ ។ ដូចជា​ការរៀបចំ​ធ្វើ​​ទីតាំង​​និង​ថ្នាល​បណ្តុះ​ មន្ត្រី​នៅ​ក្រោម​​ឱវាទ​មួយ​​ចំនួន​នៅ​​ខ្វះ​បច្ចេកទេស​ក្នុង​ការ​រៀបចំ​​ទីតាំង​​និងធ្វើ​ថ្នាល​បណ្តុះ​​ ​ការ​យល់​ដឹង​​បច្ចេក​ទេស​នៅ​មាន​​កំរិត​ទាប ទីស្នាក់​ការ​របស់​​សង្កាត់​​មាន​តែ​​​ឈ្មោះ​​គ្មាន​កន្លែង​ធ្វើ​ការ​​ និងគ្មាន​ស្លាក​សញ្ញា​សម្គាល់​​ឱ្យ​បាន​ច្បាស់​​លាស់ ។ ​ពេល​នេះ​​ ជា​បន្ទុក​​របស់​លោក​​ហើយ ដូច្នេះ​លោក​ត្រូវ​តែខំ​​ធ្វើ​បន្ត​ដើម្បី​​សម្រេច​ជោគជ័យ​​​តាម​អនុសាសន៍​និងការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ផងដែរ ៕

គ្រូ​ស្រោច​ទឹក​មន្ត​ឆក់​ឱកាស​បបោស​អង្អែល​នាងក្រមុំ

Posted: 10 Mar 2011 06:48 PM PST

គ្រូ​បោកស្រោច​ទឹក​

រាជធានីភ្នំពេញ ៖ រឿង​​ស្រោច​ទឹក​មន្ត​តែង​តែ​​ធ្លាយ​ចេញនូវ​រឿង​អាស្រូវ​​ជា​រឿយៗ​ដូច​អន្ទិត​​នេត ខៃ ​ដែល​ធ្វើ​​ឱ្យនារី​រាប់​សិបនាក់​​រង​ការ​ខូច​ខាត​​​ និង​ប៉ះ​ពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ដោយសារ​​តែ​​ការ​លួចថត​ពេល​ស្ត្រី​​ទាំង​អស់នោះ​ចូល​បន្ទប់​​ទឹក​មន្ត ។ លើក​នេះ​រឿង​រ៉ាវ​ស្រោច​ទឹក​មន្ត​ទៀត​​​ហើយ​ដែលគ្រូ​ចិន​សែ​ម្នាក់​​បានជាប់​ចោទ​​ឆក់​​ឱកាស​ស្រោច​ទឹក​មន្ត​បន្លំ​បបោស​អង្អែល​​រាង​កាយ​​ស្ត្រីក្រមុំ​​ម្នាក់​ ហើយ​ក៏​​ឈាន​​ទៅ​ដល់​លូកច្របាច់​​ និង​បឺត​សុដន់ទៀត ។ ​ទោះ​បី​ជា​បែប​ណា​​ក្តី​គ្រូ «​បោក» នេះ​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ឱ្យ​ប៉ូលិស​ ។

នៅ​វេលាម៉ោង​៧ និង៣០​នាទី​យប់​ថ្ងៃទី៩ មីនា ​បន្ទាប់​ពី​ស្រោច​ទឹក​មន្ត​​អាគមឱ្យស្ត្រី​វ័យ​ក្មេង​​នៅក្នុងភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ​​ដើម្បី​ឱ្យ​សុខ​​សប្បាយ​​​រកស៊ី​មានបាន​​ មាន​ភ្ញៀវ​​មក​ទិញ ​​អីវ៉ាន់​ច្រើន​​រួច​មក សុខ​ចិត្ត​​​ធ្វើអ្វីៗ​តាម​តែ​គ្រូ​បង្គាប់​ដូច​ជា​សម្ងំ​ឱ្យ​បបោស​​អង្អែល​ ​ដោះ​ខោ​អាវ​ រួច​​ច្របាច់​​ និងបឺត​​សុដន់ ។

គ្រូ​ចិនសែ​​ដែល​ឆ្លៀត​ឱកាសនោះ ​ត្រូវ​សមត្ថ​កិច្ច​​​ឱ្យ​ដឹង​ថា ឈ្មោះ​នៅ វៃ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជំនាញ​មើ​ល​ជំងឺ​​ និង​ធ្វើ​មន្ត​អា​គម​ផ្សេងៗ​ មាន​ទី​លំនៅក្នុង​ភូមិ​សំប៉ានលើ​ ឃុំ​​ព្រែក​​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
តាម​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ប្ញស្សី​កែវឱ្យ​ដឹង​ថា គ្រូ​ចិន​សែ​រូប​នោះ​ត្រូវ​បង​ប្អូន​របស់​ស្ត្រី​រងគ្រោះ​ដែល​​ទទួល​រង​ការ​បៀត​បៀន​កេរ្តិ៍​ខ្មាសនាំគ្នា​ចាប់​ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​​​ប៉ូលិស​​ប៉ុសិ៍្ត​​​ទួល​សង្កែ បន្ទាប់ពី​គ្រូ​​រូប​នោះ​​ស្រោច​​ទឹក​ប្រោះ​ព្រំ​​ឱ្យ​សុខ​សប្បាយ​​ ហើយ​យក​ដៃ​បបោស​អង្អែលច្របាច់​ និង​បឺត​សុដន់ ដើម្បី​ឱ្យ​នាង​បាត់​ឈឺ​ក្បាល ។

មន្ត្រី​ប៉ូលិស​​ឱ្យ​ដឹង​ទៀត​ថា កាលពីវេលា​ម៉ោង​​១១ និង៣០​នាទី​ព្រឹក​ថ្ងៃទី៨ មីនា គ្រូ​ចិន​សែ​​ និង​ជា​គ្រូ​ស្នេហ៍​ផង​នោះ ត្រូវ​បង​ស្រី​របស់នារី​រងគ្រោះ​ទូរស័ព្ទ​ទាក់​ទង​​ឱ្យ​ទៅ​​ស្រោច​ទឹក​​លើក​រា​សី ដើម្បី​ឱ្យ​រក​ស៊ី​មានបាន នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុង​ភូមិ​ទួល​សង្កែ ​សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ប្ញស្សី​កែវ ។ ​​បន្ទាប់​ពី​ស្រោច​ទឹក​ឱ្យបង​ស្រីហើយ ក៏​ឱ្យ​ប្អូនស្រី​​ដែល​អះ​អាង​ថា ចេះ​តែ​ឈឺ​ក្បាល​​មក​ស្រោច​​ទឹកម្តង​ដោយ​តម្រូវ​​ឱ្យ​ដោះ​អាវ​ ហើយ​គ្រូ​នេះ​​​បានបបោស​អង្អែល​​ និង​យ​ក​ដៃ​ច្របាច់​សុដន់ និង​យកមាត់​បឺត​សុដន់​​ ព្រម​ទាំង​​​សួរ​ថា បាត់ឈឺ​ក្បាលឬនៅ និង​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ?

បន្ទាប់​ពី​ស្រោច​ទឹក​មន្ត​​​រួច​ហើយ ​គ្រូ​បោក​រូបនោះ​​ទៅបាត់ ។ លុះ​ក្រោយមក ស្ត្រី​រង​គ្រោះ​​បាន​និយាយ​រឿង​រ៉ាវ​​ប្រាប់​​បង​ស្រី​ និង​ក្រុម​គ្រួសារ​​ពីស​កម្ម​ភាព​គ្រូ​បបោស​អង្អែល​ និង​បឺត​សុដន់​​របស់​​នាង​​ធ្វើ​ឱ្យ​​ក្រុម​គ្រួសារ​មាន​កំហឹង​ឆាប​ឆេះភ្លាម​​ ទើបមានផែនការ​​ចាប់គ្រូ​​​នេះ​ ។ ​ស្ត្រី​ជា​បង​​​បាន​ទូរស័ព្ទ​​ទៅ​លោកគ្រូ​នោះ​​​ឱ្យ​មក​ស្រោច​​ទឹកម្ត​​ង​ទៀត​​​​ ហើយ​តាម​ឃ្លាំ​មើល បើ​សិន​ជា​គ្រូ​​ប្រព្រឹត្ត​អំពើ​ដូច​ពី​ថ្ងៃមុននឹង​ចាប់​ខ្លួន​ ។ ​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី៩ មីនា ​គ្រូ​នេះ​មក​ម្ត​ង​ទៀត ដោយ​ចូល​ទៅ​​ក្នុង​បន្ទប់​នាង​ក្រមុំ​ ហើយ​បបោស​អង្អែល​ច្របាច់​ដោះ​ដូច​មុន​​ ទើប​ត្រូវ​ចាប់​​ខ្លួន​ប្រគល់​​ឱ្យ​សមត្ថ​កិច្ចតែ​ម្តង។

​តាម​ពាក្យ​​បណ្តឹង​​របស់ស្ត្រី​រង​គ្រោះ​ដែល​ជា​អាជីវករ​លក់​ចាប់​ហួយឱ្យ​ដឹង​ថា​ នៅ​ថ្ងៃទី៨ មីនា ​វេលា​ម៉ោង១១ និង​៣០​នាទីព្រឹក​​ពេល​ដែល​​​អង្គុយ​​លេង​ក្នុង​ផ្ទះ​​ ស្រាប់​តែ​បង​ស្រី​​ហៅ​​គ្រូ​មក​ស្រាច​​ទឹកឱ្យ​ ដើម្បី​ឱ្យ​សុខ​សប្បាយ​​​ និង​​រក​ស៊ី​មាន​​ភ្ញៀវ​​មក​ទិ​ញ​ច្រើន ។ ​​នៅ​ពេល​​ស្រោច​ទឹក​​គ្រូ​នោះ​ឱ្យ​នាងដោះ​ខោអាវ​ចោម​ពុង​ក្រមា​ តែ​នាង​ពុំ​ព្រមធ្វើ​តាម​ដោយ​យក​​ខោ​អាវ​​ដេក​យប់​មក​ស្លៀក ដើម្បី​ស្រោច​ទឹក​វិញ។ ពេល​ស្រោច​ទឹក​នៅបន្ទប់​ផ្ទះបាយ​ គ្រូនេះ​បានឱ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​នាង​វិញ ​រួច​គ្រូ​នោះយក​ដៃ​បបោស​អង្អែល​ខ្នង ហើយ​សួ​រ ថា ​​​មាន​អារម្មណ៍​​ចង់រួម​ភេទ​​ដែ​ឬ​ទេ? នាង​​ឆ្លើយ​ថា អត់​ទេ ។ ​ក្រោយ​មក​ទៀត លោកគ្រូ​នោះ​​ឱ្យ​នាង​ប្រឡេះ​ឡេវ​អាវ​ ហើយ​លូកដៃ​​បបោស​​អង្អែល​ និង​ច្របាច់​​​សុដន់​ ព្រមទាំង​​បឺត​ជញ្ជក់​​សុដន់​របស់​នាង ។ ​នៅចំពោះ​​មុ​ខ សមត្ថ​កិច្ច​​​គ្រូ​ស្រោច​ទឹក​​មន្ត​​នេះ​​សារភាព​​ថា គាត់ធ្វើ​​បែប​នោះ​ ដើម្បី​ឱ្យ​តណ្ហា​ពុះ​កញ្ជ្រោល​​រោល​រាល​ឡើង​ មិន​មែន​​ជា​ការ​បញ្ចុះ​​មន្ត​អាគមអ្វីទេ ៕

សមត្ថកិច្ច​តាម​ប្រមាញ់​បំបែក​សំបុក​ចោរ​ប្លន់​អ្នក​លក់​មាស​នៅ​កំពង់ឆ្នាំង

Posted: 10 Mar 2011 06:31 PM PST

វត្ថុតាង​ដែល​បាន​រឹប​អូស​និង​ជន​៤នាក់​​ចាប់​ខ្លួន​នៅ​ខេត្ត​កណ្តាល
ការផ្អើលឆោឡោក្រោយពីអំពើប្លន់ និងទូដាក់គ្រឿងអលង្ការត្រូវចោរវាយបំបែក
ការផ្អើលឆោឡោក្រោយពីអំពើប្លន់
បណ្តាវត្ថុតាង ដែលសមត្ថកិច្ចប៉ូលិសខេត្តកណ្តាល បានរឹបអូសពីបក្សពួកចោរ៤នាក់
បណ្តាវត្ថុតាង ដែលសមត្ថកិច្ចប៉ូលិសខេត្តកណ្តាល បានរឹបអូសពីបក្សពួកចោរ៤នាក់

ខេត្ត​កំពង់ឆ្នាំង ៖ មក​ដល់​ថ្ងៃ​នេះ​មាន​រយៈ​ពេល​កន្លះ​ខែ​គត់​​ ដែល​អំពើ​​​ប្លន់​ទូមាស​ក្នុងផ្សារ​​ពង្រ ដោយ​ក្រុម​ចោរប្រដាប់​អាវុធ​​បាន​ចូលប្លន់​​​យ៉ាង​ព្រហើន កាលពីវេលា​ម៉ោង​៦ និង​៥០នាទី​ព្រលប់​​ថ្ងៃទី២៥ ​កុម្ភៈ យកទ្រព្យ​សម្បត្តិ​​ពី​ជន​រង​គ្រោះ​​គិតជា​លុយ​ជាង​១ម៉ឺន​​ដុល្លារ​បាន​ដោយ​សុវត្ថិ​ភាព​ ។ ប៉ុន្តែ​ក្រោមកិច្ច​​ប្រឹង​ប្រែង​​របស់​មន្ត្រី​​ប៉ូលិស​​ខេត្ត​​បាន​តាម​​ប្រមាញ់​យ៉ាង​ស្វិត​​ស្វាញ​​​រហូតដល់​ទទួល​​បាន​លទ្ធ​ផល​គួរ​ឱ្យ​កោត​សរ​សើរ​ ​​ដែល​តាម​ប្រភព​​ក្រៅ​ផ្លូវ​ការ​​បាន​និយាយ​ថា ​ជន​សង្ស័យ​ចំនួន​៦នាក់​ត្រូវ​បាន​​​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ​មកពី​តាម​បណ្តា​ខេត្ត​​ផ្សេងៗ​​និង​រឹបអូស​​បាន​​កាំភ្លើងដែល​ជាមធ្យោ​បាយ​​​ធ្វើ​សកម្ម​ភាព​ប្លន់​នោះ​ទៀត​ផង ។

ទោះ​​ជា​យ៉ាង​ណា មន្ត្រី​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​​ខេត្តពុំ​ទាន់​​​បាន​​បង្ហាញ​អត្ត​សញ្ញាណ​​​ក្រុម​ជន​សង្ស័យ​​ទាំងនេះ​ទេ ព្រោះ​ប៉ូលិស​​កំពុង​ដុតដៃ​ដុត​ជើង​​តាម​ចាប់បក្សពួក​ដែលនៅសល់​បន្ត​ទៀត​ដែលតាម​​​ដឹង​សរុប​មាន​គ្នា​ជាង​១​០​នាក់​ឯណោះ ។ ​មន្ត្រី​ប៉ូលិស​មិន​ទាន់​​បង្ហាញ​ពី​អត្ត សញ្ញាណ​​ជន​សង្ស័យ​​ក៏ពិត​មែន ប៉ុន្តែ​​បាន​បញ្ជាក់​ថា ពិត​ជា​ចាប់​បាន​ជន​សង្ស័យ​ក្នុងអំពើប្លន់​នេះចំនួន​៧​នាក់​​មែន​ រួម​ទាំង​កាំភ្លើងមួយ​ដើម​​ និងវត្ថុ​តាង​ជា​ច្រើន​ទៀត។

​គួររំលឹកថា ​ក្នុង​​អំពើ​ប្លន់​ប្រដាប់​អាវុធ​នោះ​ក្រុមចោរ​មានគ្នា​ប្រហែល​​៨​នាក់បាន​ចូល​ប្លន់​ផ្ទះ​​​អ្នក​លក់​មាស និង​​ប្តូរ​ប្រាក់​ និង​កាត​ទូរស័ព្ទ​​ដៃ​របស់​ជនរងគ្រោះ​ឈ្មោះ​ឈួ លៀង ​និងប្រពន្ធ​​ឈ្មោះ​គា មួយគា ដោយ​វាយប្តីប្រពន្ធ​​ទាំង​ពីរ​នាក់​នោះ​បណ្តាល​ឱ្យ​បែកក្បាល និងប្លន់​យ​ក​អស់មាស​១០តម្លឹង លុយ​ខ្មែរ​១០​លាន​រៀល កាតទូរស័ព្ទ​​​ដៃ​១០០០​ដុល្លារ ​​​និង​ទូរ​ស័ព្ទ​ដៃ​២​គ្រឿង​​ទៀត ។ ក្រៅពីម្ចាស់​​ផ្ទះ​រងគ្រោះ​​ក៏​មាន​យុវ​ជន​ពីរនាក់​ផ្សេង​ទៀត​បាន​រង​របួស​​ដោយ​គ្រាប់​កាំភ្លើង​របស់ចោរ​​ម្នាក់២​គ្រាប់ផង​ដែរ ខណៈ​ដែល​ក្រុម​ចោរ​ទាំងនោះបាញ់​បើក​ផ្លូវ​​រំដោះ​ខ្លួន​ចេញ ។​

ក្រោយ​កើតហេតុ​​​ប៉ូលិស​​បានរកឃើញ​សំបក​គ្រាប់​អាកា​ចំនួន១៨គ្រាប់​ដែល​បាញ់​ចេញ​​​ពីកាណុង​កាំភ្លើង​​ចំនួន៦​ដើម និង​ក្រៅ​ពីនោះ​​ក្រុមចោរ​​ក៏បានបន្សល់​ទុកម៉ូតូ​​កញ្ចាស់​២​គ្រឿង​​ដែល​ជាមធ្យោបាយ​​ជិះ​មក​ធ្វើ​សកម្មភាព​ប្លន់​​ផង​ដែរ ។ ​តាម​ប្រភព​ជិត​ស្និទ្ធ​ និងមន្ត្រី​ប៉ូលិស​បាន​​និយាយ​​ឱ្យ​ដឹង​ថា ក្រុម​ចោរ​​សុទ្ធ​សឹង​ជា​ចោរ​​​​ជើងចាស់​​​មានជំនាញ​ ​ធ្លាប់​ដើរប្លន់​តាម​​បណ្តា​ខេត្ត​មួយចំនួនក្នុង​ប្រទេស​កម្ពុជា​​ដែលចាប់​​​​មិន​ដែល​បាន​​សោះ ហើយទើប​មក​អស់​លក្ខណ៍​​​នៅ​ពេល​នេះ ។ យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ខេត្ត​កណ្តាល​​ទាក់​ទិន​នឹង​ចោរ​ប្លន់​អ្នក​លក់​មាស​ប្តូរ​ប្រាក់​នៅ​ផ្សារ​ពង្រ​ ខេត្ត​កំពង់​ឆ្នាំង​កន្លង​មក​ មុខ​សញ្ញា​ចោរ​​ប្លន់​ប្រដាប់​អាវុធ​៤​នាក់​បាន​ត្រូវ​​កំលាំង​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល ​សហ​ការ​ជាមួយ​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ ក្រសួង និង​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​ រួម​ជាមួយ​ប៉ូលិស​ស្រុក​អង្គ​ស្នួល​ និង​ស្រុក​ពញា​ឮ​ សហ​ការ​គ្នា​ធ្វើ​ការ​ស្រាវ​ជ្រាវ​រហូត​ដល់​បាន​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៩ មីនា នៅ​ចំណុច​ភូមិ​ស្តុក​ឈូ ឃុំ​ទំនប់​ធំ ស្រុក​ពញា​ឮ​ ខេត្ត​កណ្តាល​។

លោក​វរ​សេនីយ៍​ត្រី​សឹុង សេង​លី នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រតិ​បត្តិ​​ការ​បំបែក​សំបុក​ចោរ​​លួច និង​​​ប្លន់​ប្រដាប់​អាវុធ​ឆ្លង​ខេត្ត​នេះ​ កំលាំង​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់​ និង​រឹប​អូស​បាន​វត្ថុ​តាង​​មួយ​​ចំនួន​ធំ។ ជន​សង្ស័យ​ទី​១​ឈ្មោះ​ឡេង អីុម ហៅ​សល់​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ទី​លំនៅ​​​ក្នុង​ភូមិ​ស្តុក​ឈូ​ ឃុំ​ទំនប់​ធំ​ ស្រុក​ពញា​ឮ​ ខេត្ត​កណ្តាល​ ជា​កសិករ​ ដែល​ជន​នេះ​ជា​មេ​ខ្លោង​ក្នុង​អំពើ​លួច​ ប្លន់​ ទី​២-ឈ្មោះ​ម៉ុក ស៊ី​ធឿន ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ស្ថានីយ​ ឃុំ​ស្វាយ​អាត់​ ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍​សាត់ ជា​កសិករ​, ទី៣-ឈ្មោះ​មុត ផាន់​នី​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់​នៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ ​ជា​កម្មករ​រោង​ចក្រ​ និង​៤-ឈ្មោះ​សុង ចាន់​រិទ្ធ​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​​ទួល​តា​ឯក ក្រុង​បាត់​ដំបង​ មាន​មុខ​របរ​ មិន​ពិត​ប្រាកដ។ ក្រោយ​ពី​​ឃាត់​ខ្លួន​ សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ​ឈ្មោះ​ឡេង អ៊ឹម ហៅ​សល់​ ជា​មេ​ខ្លោង នៅ​ភូមិ​ស្តុក​ឈូ ឃុំ​ទំនប់​ធំ ស្រុក​ពញា​ឮ ខេត្ត​កណ្តាល​ ធ្វើ​ការ​រឹប​អូស​បាន​វត្ថុ​តាង​រួម​មាន ម៉ូតូ​ម៉ាក​ស្មាស់​​រីវ៉ូ ១​គ្រឿង​ ស៊េរី​ឆ្នាំ​២០០៩ ម៉ូតូ​ធុន​សេ​១២៥​​ ស៊េរី​ឆ្នាំ​២០០៧មួយ​​គ្រឿង កន្ត្រៃ​កាត់​ដែក​ចំនួន​២ ​សោរ​ម៉ូតូ​៦​គ្រឿង​ ខ្នង​កង់​ម៉ូតូ​២​ ដែក​ស្វាន​៣គ្រឿង ម៉ា​ស៊ីន​ភ្លើង​មួយ​គ្រឿង​ កន្ត្រក​ម៉ូតូ​​១០​ ដូយ​១ កូន​សោ​១​ប្រអប់​ កញ្ចក់​ម៉ូតូ​៥​គូ​ដែក​គាស់​១ ​ក្បាំង​ម៉ូតូ​១​គូ ថ្នាំ​បំពុល​២​កញ្ចប់​ ស្លាក​លេខ​ម៉ូតូ​៤ តែម​ម៉ូតូ​ និង​សំភារ​គ្រឿង​បន្លាស់​ម៉ូតូ​​មួយ​ចំនួន​ឧប​ករណ៍​ដាប់​លេខ​ម៉ូតូ​មួយ​កំប្លេ ស៊ឹម​ទូរ​ស័ព្ទ​ចំនួន​១៣​ស៊ឹម ម៉ូតូ​DHO ១​គ្រឿង​ និង​កាំ​ភ្លើងAK ស្វាយ​​បត់​១​ដើម​ទៀត។​

លោក​ឧត្តម​សេនីយ៍​ត្រី​អ៊ាវ ចំរើន ស្នង​ការ​នគរ​បាល​ខេត្ត​កណ្តាល​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មាន​ករណី​​ប្លន់​​មាន​ស្ថាន​ទម្ងន់ដោយ​ប្រើ​ប្រាស់​កាំ​ភ្លើង​​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ វេលា​ម៉ោង​៦ និង​៣០​នាទី​ នៅ​ចំណុច​ផ្សារ​ពង្រ​ ស្ថិត​ក្នុង​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ​ ខេត្ត​​កំពង់​ឆ្នាំង ហើយ​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ចាប់​ជន​សង្ស័យ​​បាន​ម្នាក់​ឈ្មោះ​ទិន ចយ ភេទ​ប្រុស អាយុ​​៤៩​ឆ្នាំ នៅ​ភូមិ​​សារ​វ័ន្ត​ ឃុំ​ស្នាម​អន្សា​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់​ ។ បន្ទាប់​ពី​ចាប់​បាន​ម្នាក់​ ក៏​ធ្វើ​ការ​ស្រាវ​ជ្រាវ​​​បន្ត​ទៀត ហើយ​កំណត់​មុខ​សញ្ញា​បក្ស​ពួក​ជន​សង្ស័យ​កំពុង​ស្នាក់​នៅ​ខេត្ត​កណ្តាល​ទើប​ដល់​ថ្ងៃ​ទី​៩ ខែ​មីនា វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​​លោក​បាន​ដឹក​នាំ​កំលាំង​ប៉ូលិស​ខេត្ត​កណ្តាល​ដោយ​សហការ​ជាមួយ​ប៉ូលិស​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង និង​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំង​ រួម​ជាមួយ​ប៉ូលិស​ស្រុក​ពញាឮ​ និង​ស្រុក​អង្គស្នួល​ធ្វើ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​៤​នាក់​ និង​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​​មេ​ខ្លោង​រឹប​អូស​បាន​វត្ថុ​តាង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដូច​បាន​រៀប​រាប់​ខាង​លើ​។​

លោក​ស៊ឹង សេង​លី បាន​ឱ្យ​ដឹង​ថា វត្ថុតាង​យ៉ាង​ច្រើន​សន្ធឹក​នេះ​ គឺ​បក្ស​ពួក​ជន​សង្ស័យពេល​​​ធ្វើ​សកម្ម​ភាព​លួច​ប្លន់​បានក៏យក​មក​កែ​ច្នៃ​​នៅ​ផ្ទះ​មេ​ខ្លោង​ឈ្មោះ​ឡេង អីម ដើម្បី​លក់​បន្ត​ ។ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​មីនា ជន​សង្ស័យ​ទាំង​៤​នាក់​បាន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំង​ជា​ម្ចាស់​ករណី​ សាក​សួរ​បន្ត​ទៀត​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​​ចាត់​ការ​តាម​ច្បាប់ ៕
             (ឫទ្ធិសែន​+បាសាក់​)

ការរញ្ជួយដី​​នៅភាគនិរតី​ចិនស្លាប់25នាក់

Posted: 10 Mar 2011 06:30 PM PST

សែងអ្នករបួសក្នុងការរញ្ជួយដីនៅចិន

អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ​អ្នក​ស្លាប់​​​ក្នុង​​ការ​រញ្ជួយដី​​នៅភាគ​និរតី​​​ប្រទេស​ចិន កាលពី​​​ថ្ងៃទី​​១០ មីនា ​កន្លង​មក ​​មាន​ចំនួន​​២៥​នាក់ ហើយ​​មនុស្ស​ជាង​​១៦០នាក់​ទៀត​រង​របួស ។ ​ការ​រញ្ជួយដី​​នេះ កម្រិត​​៥,៤​រីស្ទ័រ កើតឡើង​​នៅ​​តំបន់​​ក្បែរ​ព្រំដែន​ជាមួយប្រទេស​ភូមា បណ្តាល​​ឱ្យ​ផ្ទះ​​​ជា​ច្រើន​ខ្នង ​នៅ​តំបន់​​ដាច់ស្រយាល​​យីង​ជ្រៀង ​ខេត្ត​​យុនណាន ​ត្រូវ​រលំ​បាក់​ ។​
ទីភ្នាក់​ងារ​​សារ​ព័ត៌មាន​​រ​ដ្ឋ​ចិន​​រាយការណ៍​ថា ​ការរញ្ជួយដី​នេះ​​កើតឡើង​​នៅវេលាម៉ោង​​ប្រហែល​​១រសៀល​ថ្ងៃទី​​​១០ មីនា ​កាត់ផ្តាច់​​​ការ​ផ្គត់​ផ្គង់​​​អគ្គិសនី​​ និ​ងបណ្តាល​​​ឱ្យ​អគារ​​សណ្ឋាគារ និង​សាលា​រៀន​​ដួលរលំ ។​
ចំណុចកណ្តាល​នៃ​ការ​រញ្ជួយដី​​នេះគឺ​មាន​​ចម្ងាយ​​​២គីឡូម៉ែត្រ ពី​សង្កាត់​យីង​ជៀង ​មាន​ប្រជា​ពលរដ្ឋ​​​​២៧០.០០០​នាក់ ​ភាគច្រើន​​ជា​ជន​ជាតិ​ភាគតិច ។​
រដ្ឋ​មន្ត្រី​​ការ​បរទេស​​សហរដ្ឋអាមេរិក​​ លោក​ស្រី​​​ហ៊ីល ឡារី គ្លីន​តុន ​ជំនួស​មុខ​​ឱ្យ​​លោក​ប្រធា​នាធិបតី​​បារ៉ាក់ អូបាម៉ា ​​បានសម្តែង​​​សមាន​ទុក្ខ​ និងរួម​​រំលែកទុក្ខ​​ជាមួយ​គ្រួសារ​ជនរងគ្រោះ​​ក្នុង​ការ​រញ្ជួយដី​​នេះ ៕

ការរញ្ជួយដី​​កម្រិត6,5​រីស្ទ័រ ធ្វើ​ឱ្យ​កក្រើក​រមណីយដ្ឋាន​​កោះបាលី

Posted: 10 Mar 2011 06:30 PM PST

ទីភ្នាក់ងារ​​ព័ត៌​មាន​​ AP នៅថ្ងៃទី​​១១ មីនា ​ឱ្យ​​ដឹង​ថា ការ​រញ្ជួយដី​​ដ៏មាន​ឥទ្ធិ​ពល​មួយ​កម្រិត​​​៦,៥​រីស្ទ័រ កើតឡើង​នៅ​តំបន់​​ភាគ​ឦសាន​​​ទីក្រុង Denpasar ជា​ក្រុង​​ដ៏​សំខាន់​​​របស់កោះបាលី ប្រទេស​​ឥណ្ឌូណេស៊ី ​ធ្វើ​ឱ្យ​ញ័រ​កក្រើក​​តំបន់​រមណីយដ្ឋាន​​ដ៏មានប្រជា​ប្រិយ​របស់​​កោះបាលី។ តាមការ​ស្រាវជ្រាវ​​របស់​ផ្នែក​​ភូមិ​​សាស្ត្រ​​របស់​​សហរដ្ឋអាមេរិក​​បង្ហាញ​ថា បាតុ​ភូត​រញ្ជួយ​ដី​​នេះកើតឡើង​​កាលពី​វេលាម៉ោង​​១​និង​​៨នាទី ​យប់ ឈាន​ចូលថ្ងៃទី​​១១ មីនា ​ប៉ុន្តែ​​ពុំ​មាន​​របាយ​ការណ៍​​ស្តីអំពី​​អ្នកស្លាប់ ឬ​អ្នករបួស​ និង​ការ​ខូចខាត​នៅឡើយ​ទេ ។​
គ្រោះ​​រញ្ជួយដី​​នេះកើតឡើង​ចម្ងាយ​​​៦១២​ម៉ាយ ប្រហែល​​​២៥៩​គីឡូម៉ែត្រ ​ភាគ​ឦសាន​ទីក្រុង Denpasar ដោយ​​​ចំណុច​កណ្តាល​របស់​​វា​ស្ថិត​​​ក្នុងជម្រៅ​២៥៩​គីឡូម៉ែត្រ ​​ក្រោម​​បាត​សមុទ្រ ។ ទោះបីជា​បែបណា ការរញ្ជួយដី​​នេះ ពុំ​មាន​​ចេញ​​ការព្រមាន​​អំពី​រលកយក្ស​ស៊ូណាមី​
ទេ ៕

អាជ្ញាធរ​និង​សមត្ថកិច្ច​បណ្តេញ​មនុស្ស​​ឱ្យចេញ​ពី​ព្រៃ ខណៈរាប់រយ​នាក់​​សម្រុកចូល​ស៊ី​ឈ្នួល​កាប់​ឈើ​នៅ​តំបន់​កន្ទុយនាគ

Posted: 10 Mar 2011 06:23 PM PST

​ខេត្តរតនគិរី ៖ ​មនុស្ស​ជាង​​២០​០​នាក់ ​បាន​​ត្រូវ​​បណ្តេញ​​ចេញពី​ព្រៃ​​ក្នុង​តំបន់​​ឧទ្យា​នជាតិ​​​វីរៈ​ជ័យ ​ពី​សំណាក់​​សមត្ថ​កិច្ច​​ប៉ូលិស​​​វរការពារ​ព្រំ​ដែន​​ និងអាជ្ញាធរ​​ស្រុក​ដែល​គ្រប់គ្រង​​តំបន់​នោះ។ មនុស្ស​ជាង​​២០០នាក់នេះ​បាន​សម្រុក​​ចូល​ក្នុងព្រៃ​​​​តំបន់​ឧទ្យាន​​ជាតិ​​​ ក្នុង​បំណង​ចូល​កាប់​ឈើ​គ្រញូង​​​​ដោយខុសច្បាប់ និង​​យ៉ាង​អនា​ធិប​តេយ្យ​ ដើម្បី​​លក់​ឱ្យ​​ក្រុមហ៊ុន​​ បន្ទាប់ពី​មាន​ក្រុមហ៊ុន​ចំនួន​​​២​បានមក​​​វិនិយោគ​​ដីសម្បទាន​​សេដ្ឋកិច្ច​​អភិវឌ្ឍន៍​​ដំណាំកសិ​​-​ឧស្សាហកម្ម (កៅ ស៊ូ) ​​ក្បែរ​តំបន់នោះលើ​ផ្ទៃ​ដី​​​ជិត​​៣​ម៉ឺន​ហិក​តា។

ប្រភព​ពីស្រុក​អណ្តូង​​មាស​​ឱ្យ​ដឹង​ថា មាន​មនុស្ស​ច្រើន​​សិប​នាក់បានសម្រុក​ចូល​​​ក្នុង​តំបន់​កន្ទុយ​នាគ​ ​ដោយ​​ពួក​គេ​បានបែង​ចែក​​ជា​​ក្រុមៗ​ ដែលមាន​ម៉ាស៊ីន​ត្រង់​សឺន័រ​ជាប់​ទៅជា​មួយ​ និង​​​​គ្រឿង​​ឧបភោគ បរិភោគផង​ដែរ​ ​ព្រម​ទាំង​មាន​​មេការ​ម្នាក់ចាត់ចែង​​ផ្តល់​​លុយ​​ និងកត់​​ត្រា​​បញ្ជី​​ឈ្មោះ​​កម្មករស៊ីឈ្នួល ប៉ុន្តែ​​ក៏​មាន​​អ្នក​ខ្លះ ត្រូវ​បាន​​បណ្តេញ​​ចេញមក​វិញ។ ប្រភពដ​ដែល​​​បាន​បន្ត​​​ថា ​​កម្មករ​​ ​ដែល​​ត្រូវ​សមត្ថកិច្ច​​បណ្តេញ​​​ឱ្យ​ចេញ​​​ពី​ព្រៃ​​មក​វិញ​នោះ ​​​មិនមានឈ្មោះ​ក្នុង​បញ្ជី​​មេការ ឬ​ពុំ​មែន​​ជាបុគ្គលិក​របស់ក្រុមហ៊ុន​​​ណា​មួយ​ឡើយ ​ហើយ​អ្នក​​​ដែលត្រូវ​​បណ្តេញ​​​មកវិញ​​នេះ​ភាគច្រើន​​មកពី​ខេត្ត​​ផ្សេងៗ​​ ហើយ​ពុំ​មាន​គោលដៅ​​ការងារ ឬមេការ​​ទទួល​ខុសត្រូវ​​​ច្បាស់​លាស់ គឺ​ផ្អើល​​ល្បី​តៗគ្នា​​ និង​​ចាញ់​ការ​ឃោសនា​​របស់​​មេ​ខ្យល់ ដែលពុំ​មែន​ជា​បុគ្គ​លិក ឬមេការ​​របស់​ក្រុមហ៊ុន​​ដែល​អភិវឌ្ឍន៍​​​ដី​សម្បទាន​​សេដ្ឋ​កិច្ច ដំណាំ​កសិ​​-​ឧស្សាហ​កម្មនោះ ឡើយ ។​​ អ្នក​ដែល​​​សម្រុក​ចូលព្រៃនោះ​ ក៏​​​ទទួលរង​​នឹង​​ការ​កើត​​ជំងឺ​​គ្រុន​ចាញ់ និង​ខាត​បង់ប្រាក់​​​កាស ហើយ​​អ្នកខ្លះដែល​​​មិន​​មាន​ប្រាក់ជិះ​រថ​យន្ត​ត្រឡប់​​ទៅស្រុក​ក៏​បានធ្វើ​ដំណើរ​ដោយ​​ថ្មើរ​ជើង​​ និង​សុំ​បាយ​អ្នកស្រុក​​​ហូបទៀត​ផង ។ ​

ប្រភពពី​​ស្រុក​អណ្តូង​​មាស​បាន​ឱ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​​ថ្ងៃ​កន្លង​ទៅនេះ​ សមត្ថកិច្ច​ និង​អាជ្ញា​ធរ​​បាន​​បណ្តេញ​​អ្នក​​ចូល​ព្រៃ​ដោយ​ខុស​ច្បាប់​​ចំនួន​​៩៦​នាក់ និង​បានដកហូត​​ម៉ាស៊ីន​ត្រង់​សឺន័រ​​ចំនួន​៣៨​គ្រឿង ​។ ចំណែក​​​​​នៅឯស្រុក​​​តា​វែង​ឯណោះវិញ ​នា​ថ្ងៃ​ទី​​៧ មីនា ឆ្នាំ​២០១១ ​ក៏​បាន​​បណ្តេញ​​មនុស្ស​ចេញ​ពី​ព្រៃ​តំបន់​កន្ទុយនាគ​ចំនួន​​១៥០​នាក់ផងដែរ ។ ប៉ុន្តែ​ប្រភព​មួយទៀត​​ពី​ស្រុក​អណ្តូង​មាសដែរ​ បាន​ឱ្យ​ដឹង​​ថា ចំពោះ​កម្មករ​​ណាដែល​បាន​ទទួលប្រាក់​ពីមេកា​រ​ដើម្បី​​​ចូល​ទៅ​កាប់​ឈើ​គ្រញូង​នោះ​រួចហើយ ​មិន​​ត្រឡប់មក​​វិញ​​​​ទេ គឺ​​​​ត្រឡប់​មកវិញ​​តែ​អ្នក​​​មិន​ទាន់​បាន​​ទទួលប្រាក់​ពីមេការ​​ប៉ុណ្ណោះ​ ​ហើយ​អ្នក​ខ្លះ​​ក៏​​​​​បាត់ខ្លួនផងដែរ ។

តំណាង​ក្រុមហ៊ុន​មួយ​រូបក្នុងចំណោម​​​ក្រុម​ហ៊ុន​​វិនិយោគ​​អភិវឌ្ឍន៍​​ដំណាំ​កសិ-ឧស្សាហ​កម្ម​បាន​ឱ្យ​ដឹង​ថា ចំពោះ​ក្រុមហ៊ុន​​​គ្រាន់តែ​បើកការ​ដ្ឋាន​​​ឈូស​ឆាយ​ផ្លូវ​ឆ្ពោះ​​​​ទៅ​កាន់​តំបន់​​ដែល​ត្រូវ​អភិវឌ្ឍន៍​​ដំណាំ​កសិ​-ឧស្សាហកម្ម​​ប៉ុណ្ណោះ ​ពុំ​បាន​​អនុញ្ញាត​ឱ្យ​មេការ ឬ​បុគ្គលិក​​របស់ក្រុមហ៊ុន​ណា​មួយជ្រើសរើស​​កម្មករដើម្បី​ចូលព្រៃ​កាប់ឈើ​នោះ​ទេ ព្រោះក្រុមហ៊ុន​​មាន​បុគ្គលិក​​ ឬ​ក្រុម​​​ការ​ងារ​​​នោះ​រួចជា​ស្រេច​ទៅហើយ ។ ​បើសិនជា​​មានការ​ជ្រើស​​រើស​កម្មករ​នោះ​​ក្រុមហ៊ុន​ពុំទទួលខុសត្រូវ​​ឡើយ​ ​ហើយក្រុមហ៊ុន​​​ក៏មិន​ទាន់​បាន​ចាប់​ផ្តើម​​ធ្វើការ​ឈូស​ឆាយ​​ដើម្បី​​ដាំ​ដំណាំ​​ដែរ ។​ បច្ចុប្បន្ន​​ អាជ្ញាធរ​​ខេត្ត​កំពុង​ចាត់វិធានការ​​ និង​ដាក់​​បទបញ្ជា​​​​ដល់សមត្ថ​កិច្ច​​ និង​អាជ្ញាធរ​ស្រុក​ ដែលជាប់ព្រំប្រទល់​​តំបន់នោះ​​ ធ្វើការ​​ទប់​ស្កាត់​​​​ការ​​សម្រុក​​ចូលព្រៃ​​របស់​កម្មក​រស៊ី​ឈ្នូល ៕​

ហ៊ីយ៉ាន់ដាយដឹកជ្រូក​​ហក់ត្របាក់ម៉ូតូ​ឌ្រីម​​ស្លាប់​​៣នាក់ ​របួស​​ធ្ងន់​​៣នាក់ ​នៅលើ​ផ្លូវ​​ភ្នំពេញ​-​ហា​ណូយ

Posted: 10 Mar 2011 06:18 PM PST

អ្នកបើកបររថយន្ត​ហ៊ីយ៉ាន់ដាយ
សពជនរងគ្រោះ
សពជនរងគ្រោះ
សពជនរងគ្រោះ

រាជធានីភ្នំពេញ ៖ ​មនុស្ស​​​៣នាក់​បាន​ស្លាប់​​ភ្លាម​ៗ នៅនឹង​កន្លែង ​រីឯ​​៣នាក់ផ្សេង​ទៀត​បានរ​ងរបួស​​ធ្ងន់គ្រាន់​បើ​ ត្រូវបញ្ជូនទៅសង្គ្រោះ​​នៅមន្ទីរ​ពេទ្យ ​ដោយសារ​​រថយន្ត​ខ្នា​តធំ​ដឹកជ្រូក​​បុកគ្នាជាមួយម៉ូតូ​មួយគ្រឿង​​ និងកិន​មនុស្ស​​​បន្ថែម​ទៀត​​​ រួចហើយ​​ជ្រុល​ទៅ​​ធ្លាក់​ស្នា​​មភ្លោះ​​កាលពី​វេលា​​​ម៉ោង​៩​យប់​ថ្ងៃទី​​​១០ មីនា ២០១១​ លើ​កំណាត់​ផ្លូវ​​ភ្នំពេញ​-ហាណូយ ហៅ​ផ្លូវ​​១០១៩ ​ស្ថិត​ក្នុង​​ភូមិ​​​បាយាម សង្កាត់​​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​ ។

រថយន្ត​​​ដែលបង្ក​​ឱ្យ​មនុស្ស​ស្លាប់​​ និង​របួស​​​​នេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-8493 ចំណែក​​ម៉ូតូ​ដែល​​រង​ការ​បុក​ម៉ាក​​ឌ្រីម C125 ស៊េរី​​២០០៥ ​ពណ៌ក្រហម​​ ពាក់ស្លាក​លេខ ​​ភ្នំពេញ 1D-0037 ជិះគ្នា​​​៣នាក់ ស្លាប់ទាំង​​៣​នាក់។​ ​ភាគីខា​ងរថយន្ត​ក៏ជិះគ្នា​​​៣នាក់​​ដែរ រង​របួស​ធ្ងន់​​គ្រាន់បើ ដោយ​ក្នុងនោះ មាន​ក្មេង​ប្រុស​​​​ម្នាក់​ខ្ទាត​​ចេញពីរថយន្ត​​ និង​​២នាក់​​​ទៀត កៀបជាប់​នៅក្នុង​​រថយន្ត ដោយ​សារ​តែ​​រថយន្ត​នោះ​ជ្រុល​​ធ្លាក់​ស្នាម​​ភ្លោះ​​ទៅបុក​ដីទួល​ដាក់​លូ​​ឈប់​ង៉ក់ ​ដូច​គេបង្ខំ​ ទើប​មាន​​ការប៉ះទង្គិច​​​ និង​កៀបជាប់​​មនុស្សបែបនេះ ។ ​អ្នកស្លាប់​​ និង​អ្នក​​រង​របួស​​មិនទាន់ត្រូវ​បាន​​ស្គាល់​ឈ្មោះទេ ​ព្រោះ​ប៉ូលិស​​​ធ្វើ​កំណត់ហេតុ​​មិនទាន់​ចប់ ៕​

បុរស​ចំណាស់​លេបថ្នាំសម្លាប់ខ្លួន ចោទ​ប្រពន្ធ​ថា«ស្រីផិត ក្បត់ប្តី» កូនៗមាន​តែការ​ហួសចិត្ត

Posted: 10 Mar 2011 06:06 PM PST

បុរសវ័យចំណាស់លេបថ្នាំសម្លាប់ខ្លួន
ប្រភេទ​​ថ្នាំ​គ្រាប់​បន្ទះៗ​ចំនួន​៥​​បន្ទះ​​និង​មាន​ថ្នាំ​​​ម្សៅ​​១កញ្ចប់​​ផង​​ដែរ
អ្នក​ជិតខាងផ្អើលឆោឡោ

រាជធានីភ្នំពេញ​ ៖ បុរស​ចំណាស់​​ម្នាក់​ បាន​​​លេបថ្នាំ​សម្លាប់​​​ខ្លួន​ក្នុង​បន្ទប់​​ដេក​​ ព្រោះតែ​​ការ​​ប្រចណ្ឌ​ប្រពន្ធ​​ជាមួយ​បុរស​ដទៃ ។ ការ​ធ្វើ​​អត្ត​ឃាត​របស់​​​បុរស​ចំណាស់​​នេះធ្វើ​ឱ្យ​​​កូនៗ​ហួស​ចិត្ត​គ្រប់គ្នា​​ ព្រោះ​តែ​ឪពុក​​របស់គេ​​គិត​ខ្លី​​ ហើយ​​ប្រមាថ​​ជីវិត​​របស់​ខ្លួន​បែបនេះ​​ ។ ហេតុការណ៍​​នេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃទី​១០ ​មីនា នៅចំណុច​​ផ្ទះ​លេខ​៦០៩​ ផ្លូវ​វត្ត​​អង្គ​តា​មិញ ស្ថិតក្នុង​ភូមិ​​ប៉ប្រក​ខាង​​ត្បូង​ ​សង្កាត់​​កាកាប​ ខណ្ឌ​ដង្កោ​ ។

បុរស​ចំណាស់​ដែល​​លេប​ថ្នាំ​​សម្លាប់​ខ្លួន​​នេះ ឈ្មោះ​ភួយ ភួន អាយុ​៥៥​ឆ្នាំ​ ឯប្រពន្ធ​ឈ្មោះ​​សួន ស្រី អាយុ​៥២ឆ្នាំ​ មុខរបរ​​លក់​​ដូរ​ មាន​កូន​ប្រុស​​៥​នាក់​ ហើយ​​ពេល​ប្តី​​លេបថ្នាំ​សម្លាប់​​ខ្លួន​​នោះ​ស្ត្រី​​ជា​ប្រពន្ធ​​​មិន​បាន​​នៅផ្ទះ​​ទេ ព្រោះ​​​បុរស​ជា​ប្តី​​បាន​​​​​ដេញគាត់​ឱ្យ​ចេញ​ពីផ្ទះ​ ​រយៈពេល​​៣​ថ្ងៃ​មក​ហើយ​​ ដោយសារ​​តែការ​ប្រចណ្ឌ​​ខុស​ទំនង​នេះ ​។​

តាម​​ប្រភព​ព័ត៌​មាន​​​បាន​ឱ្យ​ដឹងថា បុរស​​ចំណាស់់​នោះ​​និង​ប្រពន្ធ​​បាន​ឈ្លោះ​គ្នា​ ព្រោះ​តែរឿង​​ប្រចណ្ឌ​​ប្រពន្ធ​ជាមួយបុរស​​ដទៃ​​ទៀត​ ហើយ​​គាត់​បាន​ដេញ​​ប្រពន្ធ​និង​កូន​ប្រុស​ម្នាក់​​​ដែល​រស់​នៅ​ជាមួយ​ឱ្យ​​ចេញពីផ្ទះ​រយៈពេល​​​​៣​​ថ្ងៃ​​មក​ហើយ ។  ចំណែក​ឯប្រពន្ធ​និង​កូន​ប្រុស​​​បន្ទាប់​ពីត្រូវ​​បុរស​​​នោះ​ដេញ​​ចេញពីផ្ទះ​បាននាំគ្នា​ចាកចេញ​​​ទៅ​ស្នាក់​នៅ​​​បណ្តោះ​អាសន្ន​​​ផ្ទះ​បងប្អូន​​ទុក​ឱ្យ​បុរស​នោះនៅផ្ទះ​តែម្នាក់​ឯង​ទើប​ភាព​ឯកោ​នេះ​បាន​បង្ក​ឱ្យគាត់​​គិត​ខ្លី​លេបថ្នាំ​សម្លាប់​ខ្លួន​បែបនេះ​ ។

ប្រភពដដែល​​​​បន្ត​​​ថា​ មុន​ពេល​ធ្វើ​​អត្តឃាត​បុរសនោះ​បាន​សរសេរ​​នូវពាក្យ​បណ្តាំ​និងមូល​ហេតុ​នៃ​ការ​សម្លាប់​​ខ្លួន​នៅលើ​ជញ្ជាំង​​ផ្ទះ​​ដោយ​រៀបរាប់​ពីការ​​​ដែល​ប្រពន្ធ​​ផិត​ក្បត់​​ដោយ​បាន​​ពោល​ពាក្យ​ថា ​«ស្រី​​ផិតក្បត់​​​ខ្ញុំ​សូម​​ស្មា​រលា​ ហើយ​​សូម​​អ្នក​រស់​​នៅ​រង​កម្ម​ចុះ »  ហើយ​ក៏​​នៅ​មាន​​ពាក្យ​ពេចន៍​​​ជាច្រើន​ទៀត​ដែល​បុរស​នោះ​​​សរសេរ​ក្នុង​ន័យ​​​ហាម​ឃាត់​មិន​ឱ្យ​កូនៗ​ធ្វើ​បុណ្យ​​ឱ្យ​ទៀតផង ។

ប្រភព​ដដែល​​បាន​បន្ត​ទៀត​ថា ​ការ​ភ្ញាក់​​ផ្អើល​​ថា​ បុរស​នោះ​សម្លាប់​ខ្លួន​​​គឺ​ដោយ​​សារ​​កូនៗ​របស់​​គាត់​នៅ​ម្តុំ​​ស្ពាន​​ជ្រោយ​​ចង្វា និង​កំពង់​ស្ពឺ​ទទួល​បាន​ដំណឹង​​ថា ឪពុក​ម្តាយ​​ទាស់​ទែង​គ្នា​រហូត​ឈាន​ដល់​​បុរស​ជាឪពុក​បណ្តេញ​ម្តាយ​ចេញពី​ផ្ទះ​ថែមទៀត​ ពេល​នោះ​កូនៗ​ក៏​បាន​នាំគ្នា​​ធ្វើ​ដំណើរ​​​ទៅមើល​​ឪពុក​នៅ​ផ្ទះ ។ លុះ​ពេលទៅ​ដល់​បាន​ឃើញ​ទ្វារ​ផ្ទះ​​បិទ​ជិត​និង​មាន​​ចាក់​សោ​ពីខាង​ក្នុង​ជាប់​ទៀត​ផង ពេល​​នោះ​ធ្វើ​​​ឱ្យ​ពួកគេ​មាន​ការ​ងឿង​​ឆ្ងល់​ជាខ្លាំងក៏​បាន​​កាត់​សោ​ចូល​ទៅ​មើល​​ឃើញ​​ឪពុក​​ស្លាប់​​នៅ​លើ​​គ្រែ​ក្នុង​​បន្ទប់​ដេក​ជាន់ទី១​បាត់ទៅ​ហើយ ។​

អ្នក​ជិតខាង​​បាន​សម្តែង​នូវ​ការ​ហួសចិត្ត​​​​ គ្រប់គ្នា​ដោយ​​សារតែ​​បុរស​នោះ​​និង​ប្រពន្ធ​​ចាស់ៗ​​​ហើយ​មិនគួរ​យក​​ការប្រចណ្ឌ​ដាក់​ខ្លួន​ហើយគិត​ខ្លី​ធ្វើ​អត្តឃាត​​សម្លាប់​ខ្លួន​បែបនេះ​។ ​ថ្នាំដែល​​បុរស​នោះ​លេបសម្លាប់​ខ្លួន​​ជា​ប្រភេទ​​ថ្នាំ​គ្រាប់​បន្ទះៗ​ចំនួន​៥​​បន្ទះ​​និង​មាន​ថ្នាំ​​​ម្សៅ​​១កញ្ចប់​​ផង​​ដែរ ហើយ​គេ​ក៏​មិន​ដឹង​ថា ​តើ​​​ស្រីជា​​ប្រពន្ធ​​ប្រព្រឹត្ត​​ដូចការ​ចោទ​ប្រកាន់​​របស់​​ប្តី​មែន​​ឬអត់​​នោះ​ឡើយ ។ មានតែ​ការ​ហួស​ចិត្ត​ប៉ុណ្ណោះ​ដែល​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​នៅ​តែ​ប្រចណ្ឌ​គ្នា ៕

ឪពុកម្តាយ​វាយ​ធ្វើ​បាប​ នាង​មក​លោត​ទឹក​ស្ពានជ្រោយចង្វា

Posted: 10 Mar 2011 05:58 PM PST

​ស្ត្រី​ដែលមាន​វិបត្តិ​​គិត​ខ្លី​នេះ អង្គុយលើគ្រែ

រាជធានីភ្នំពេញ ៖ ​ស្ត្រីម្នាក់​បានអះ​អាង​ថា ​​ដោយ​​រង​ការ​វាយធ្វើបាប​​ពីឪពុក​ម្តាយ​​រហូតទ្រាំ​​លែង​បាន​​​ក៏​ជិះ​រថ​យន្ត​ពី​ខេត្ត​កំពង់ចាម ​មក​កាន់​រាជធានី​ភ្នំពេញ ដែល​នាង​ពុំ​ធ្លាប់​ស្គាល់​សោះ ​និង​បាន​មក​លោត​ទឹក​​​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​​ជ្រោយ​ចង្វា​កាលពី​វេលាម៉ោង៧ និង​៥៥​​នាទី​យប់​ថ្ងៃទី៩ ​​មីនា ​តែ​ត្រូវ​ប៉ូលិស​​អង្គ​ភាព​​គោលដៅ​​ទី៣ ការ​ពារ​​ស្ពានជ្រោយចង្វា​ឃាត់​ទាន់ ហើយ​ធ្វើ​ការ​អប់រំ​ ប្រគល់​ទៅ​​ឱ្យ​អង្គ​ការ​អភិវឌ្ឍន៍​​​ស្ត្រី​​​កម្ពុជា នាំ​ទៅ​​អប់រំ​ផ្លូវ​ចិត្ត​​បន្ត​ទៀត​ដើម្បី​ឱ្យ​ចាក​ផុតពី​វិបត្តិ​​​ដែល​ធ្វើឱ្យ​​នាងគិតខ្លី ។

​ស្ត្រី​ដែលមាន​វិបត្តិ​​គិត​ខ្លី​នេះ ត្រូវ​បានសមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ​ស៊ុំ ​ស្រី​តូ ហៅ​ហ្សា​ហ្វីយ៉ា ​អាយុ​២​០ឆ្នាំ ជនជាតិ​អ៊ិស្លាម ​​ជាសិស្ស​ថ្នាក់​ទី​១១ វិទ្យា​ល័យ​ប៊ុន រ៉ានី ​ហ៊ុន សែន ​អម្ពវ័ន ​​មាន​ទី​លំ​នៅភូមិ​រកាខ្នុរទី៦ ឃុំរកា​ខ្នុរ ស្រុក​ក្រូច​ឆ្មារ ​ខេត្ត​កំពង់​ចាម ។

តាម​សមត្ថ​កិច្ច​​អង្គភាព​គោលដៅ​ទី៣ ​ការ​ពារ​​ស្ពាន​ជ្រោយចង្វា​​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​​កើត​ហេតុ​​ស្ត្រី​រូប​នោះ​​បានធ្វើ​ដំណើរ​​ឡើង​ទៅ​លើ ​ស្ពាន​ជ្រោយចង្វាពី​ទិស​ខាង​លិច ក្នុងគោល​បំណង​​ទៅ​លោត​ទឹក​​សម្លាប់​ខ្លួន ។ ពេល​ដែល​ទៅ​​ដល់​លើ​​ស្ពាន​បាន​តោង​បង្កាន់​ដៃ ហើយ​យំ​ខ្សឹក​ខ្សួល​ តែ​នាង​ហាក់​ដូច​ជា​ពុំ​ដាច់ចិត្តសោះ ។ ដោយ​​មានការ​សង្ស័យ ប៉ូលិស​​នៅលើ​​ស្ពាន​​​ក៏​បាន​ឃាត់​សួរ​នាំ​ ហើយ​ត្រូវ​ស្ត្រី​រូបនោះ​​រឹត​តែ​យំ​ខ្លាំង​ឡើង​ដោយ​ប្រាប់ថា ​នាងពុំ​​ចង់​រស់នៅ​នោះ​ ទេ ។ ​ភ្លាមៗ​សមត្ថ​កិច្ច​​យាម​​ស្ពាន ​បាន​នាំ​​នាង​មក​អង្គ​ភាព​ដែល​នៅ​ក្បាល​​ស្ពាន​ដើម្បីសួរ​នាំ ។ ​

តាម​ស្ត្រី​វ័យ​ក្មេង​រូបនោះ​បានឱ្យ​ដឹង​ថា នាង​​ពុំ​​ចង់​រស់នៅ​នោះទេ ហើយ​មានបំណង​​មក​លោត​ទឹក​សម្លាប់ខ្លួន​ដោយ​សារ​តែ​ឪពុក​ម្តាយ​​វាយ​ធ្វើបាប​​​ និង​ចោទ​ថា នាង​ជាស្រីចង្រៃ ។ ​​ស្ត្រី​ឈ្មោះ​ស៊ុំ ស្រីតូ បានឱ្យ​ដឹង​ទៀតថា ​ដោយ​សារ​​តែទ្រាំ​​ការ​វាយធ្វើបាប​ពីសំណាក់​ឪពុក​ម្តាយ​លែង​បាន​ ទើប​នាង​សម្រេច​ចិត្ត​​សម្លាប់​​​ខ្លួន​ចំនួន​២​លើក​មក​ហើយ គឺ​លើក​ទី១​លេប​ថ្នាំ​អស់​៣០គ្រាប់ សម្លាប់ខ្លួនម្តង និង​​​លើកទី២​លេប​គ្រាប់ស្លែង​​ម្តងទៀត​​តែ​ពុំ​ស្លាប់សោះ ។​ ទើប​នៅ​ថ្ងៃទី៧ មីនា ​បានជិះ​រថយន្ត​​ពី​ខេត្ត​​កំពង់​ចាមមក​ភ្នំពេញ​​​ ហើយចេះ​តែ​ដើរ​​ និង​ដេក​តាម​បង់​លើ​សួន​ច្បារ​គ្មានគោល​ដៅ​ច្បាស់​លាស់ ​ព្រម​ទាំង​ធ្វើដំណើរ​​ឡើង​លើ​ស្ពាន​មក​លោត​​ទឹក​សម្លាប់​ខ្លួន តែ​ត្រូវ​ប៉ូលិស​​ជួយ​​ឃាត់​​ទាន់ ។
បន្ទាប់​ពី​សួរនាំ និងធ្វើ​ការ​អប់​រំ​​រួចមក ​នៅ​ព្រឹក​​ថ្ងៃទី១០ មីនា សមត្ថកិច្ច​​ប៉ូលិស​​អង្គ​ភាព​គោល​ដៅ​​ទី៣ ​ការ​ពារ​ស្ពាន​ជ្រោយ​ចង្វា ក៏​បាន​ប្រគល់​​ស្ត្រី​មានវិបត្តិ​​​​រូបនេះ​ទៅ​ឱ្យ​អង្គការ​​អភិវឌ្ឍន៍​​ស្ត្រី​កម្ពុជា​​ដើម្បី​ធ្វើ​ការអប់រំបន្តទៀត​ ៕

ពិព័រណ៍​​ការ​ងារ​ផ្នែក​ព័ត៌​មាន​វិទ្យា​នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា(តិចណូ)

Posted: 10 Mar 2011 05:53 PM PST

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (សាលាតិចណូ) នឹងមានរៀបចំការ​តាំង​ពិព័រណ៍ការងារមួយលើផ្នែកព័ត៌មានវិទ្យា (ICT Career Expo) នៅថ្ងៃសុក្រ ទី១៨ និងថ្ងៃសៅរ៍ ទី១៩ មីនា ២០១១ នៅសាលាតិចណូ​ ដែល​នឹង​មាន​ការចូលរួមពីក្រុមហ៊ុនបំរើសេវាកម្មខាង​ផ្នែក​ព័ត៌មានវិទ្យាចំនួន១៧ក្រុមហ៊ុន។

គោលបំណងនៃការតាំងពិព័រណ៍នេះ គឺដើម្បី បង្កើតអោយមានការជួបជុំគ្នារវាងអ្នកស្វែងរក​ការងារធ្វើ ជាមួយនឹងក្រុមហ៊ុនខាងផ្នែកព័ត៌មានវិទ្យាដែលត្រូវការជ្រើសរើសបុគ្គលិកមាន​សមត្ថ​ភាពខ្ពស់ ដើម្បីបំពេញការងារ ។ និស្សិត​ដែល​កំពុងតែសិក្សាផ្នែកព័ត៌មានវិទ្យា ក៏អាច​មាន​ឱកាសស្វែងយល់អំពីទីផ្សារការងារដែល ក្រុមហ៊ុននានាកំពុងតែផ្តល់អោយ។

នៅក្នុងឱកាសពិព័រណ៍នេះ​ដែរ ស្តង់​សម្ភាសន៍​ការងារមួយនឹងរៀបចំឡើងដើម្បីអោយក្រុម​ហ៊ុន​ដែលចូលរួមពិព័រណ៍អាចធ្វើការសម្ភាស ​ជ្រើសរើសបុគ្គលិកភ្លាមៗនៅនឹងកន្លែង ។ ហើយ​ក្នុង​ពេលជាមួយគ្នានោះដែរ សាលាតិចណូ ក៏នឹង​រៀបចំបទបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗក្នុងវិស័យ​ព័ត៌មានវិទ្យា ពីសំណាក់វាគ្មិនដែលជាអ្នកជំនាញ​មកពីក្រុមហ៊ុនព័ត៌មានវិទ្យាធំៗនៅកម្ពុជា ។

នៅ​ក្នុងបទបង្ហាញនេះ ក៏មានវាគ្មិនដែល​ជាអ្នក​អា​ជីពក្នុងជំនាញផ្សេងៗក្នុងផ្នែកព័ត៌មាន​វិទ្យា ដូចជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ អ្នករចនា​គេហទំព័រ អ្នកគ្រប់គ្រងបណ្តាញកុំព្យូទ័រ នឹងមកបង្ហាញ​ពី​ភារកិច្ចដែលគាត់ត្រូវទទួលខុសត្រូវ និងជំនាញ​ដែលគាត់ត្រូវមានដើម្បីក្លាយ​ទៅជា​អ្នកជំនាញក្នុងអាជីពរបស់គាត់។ ហើយកម្មវិធី​ចុងក្រោយ គឺជាការចាប់រង្វាន់រកអ្នកឈ្នះ​រង្វាន់​កុំព្យូទ័រ NetBook មួយគ្រឿង និងរង្វាន់ផ្សេងៗទៀតដោយការចូលរួមលេងហ្គេម​ឆ្លើយ​សំណួរ​ផ្សេងៗដែលទាក់ទងទៅនឹងបច្ចេកវិទ្យាព័ត៌មាន​នៅលើគេហទំព័ររបស់ពិព័រណ៍​www.itc.edu.kh/ict

អគ្គ​នាយក​​ដ្ឋាន​គយ​​​ប្រជុំ​​ពិនិត្យ​​មើល​ពី​វឌ្ឍន​ភាព​នៃ​ការ​អនុ​វត្ត​​ប្រព័ន្ធ​ ASYCUDA

Posted: 10 Mar 2011 05:25 PM PST

អគ្គ​នាយក​​ដ្ឋាន​គយ​​​ប្រជុំ​​ពិនិត្យ​​មើល​ពី​វឌ្ឍន​ភាព​នៃ​ការ​អនុ​វត្ត​​ប្រព័ន្ធ​ ASYCUDA

រាជធានីភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៧ មីនា ​ឆ្នាំ​២០១១ នៅ​សាល​ប្រជុំ​​នៃ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា​ មាន​ប្រារព្ធ​​កិច្ច​​ប្រជុំ​មួយ​ស្តី​​ពី​ការ​ត្រៀម​​អនុ​វត្ត​គម្រោង​​ពង្រីក​ប្រព័ន្ធ​​ស្វ័យ​​ប្រវត្តិ​​កម្ម​​ទិន្ន​ន័​យ​គយ ឬហៅ​កាត់​ថា អាស៊ី​គូដា (ASYCUDA) ក្រោម​អធិ​បតី​ភាព​​លោក​​បណ្ឌិត ​ប៉ែន ស៊ី​ម៉ន ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​ប​ន្ទុក​ជា​អគ្គ​នាយក​​គយ​ និង​រដ្ឋា​​ករ​កម្ពុជា ។ ​គោល​បំណង​​សំខាន់​នៃ​កិច្ច​ប្រជុំ​ គឺ ពិនិត្យ​​​មើល​ពី​វឌ្ឍន​ភាព​នៃ​ការ​អនុ​​វត្ត​ប្រព័ន្ធ​អាស៊ីគូ​ដា​ដែល​បាន​​ដាក់​ឱ្យ​ដំណើរ​ការ​​នៅ​ការិយា​ល័យ​ និង​​ទី​ស្នាក់​ការ​គយ និង​រដ្ឋា​ករ​ទាំង​៥​កន្លែង ​និង​វឌ្ឍន​ភាព​នៃ​ការ​ត្រៀម​អនុ​វត្ត​​គម្រោង​ពង្រីក​ប្រព័ន្ធ​​អាស៊ីគូ​ដា​នេះ​តាម​បណ្តា​មាត់​ច្រក​គយ​សំខាន់ៗ​​​ចំនួន​១៧​កន្លែង​ថែម​ទៀត ។ ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​​ ប្រធាន អនុ​ប្រធាន​​ និង​សមា​ជិក​ក្រុម​ការ​ងារ​​គម្រោង​ជាតិ ព្រម​ទាំង​អស់​លោក​ជា​ប្រធាន​​នាយក​ដ្ឋាន ​ការិយា​ល័យ​ សាខា​ និង​ទី​​ស្នាក់​​ការ​គយ​ និង​រដ្ឋា​ករ​ បាន​​​រាយ​ការណ៍​ពី​វឌ្ឍន​ភាព លទ្ធ​ផល​ការ​ងារ ​ការ​ប្រឈម​នានា ក្នុង​ការ​ត្រៀម​​អនុ​វត្ត​គម្រោង​​ពង្រីក​ប្រព័ន្ធ​អាស៊ី​គូ​ដា​នេះ។

​នៅ​ក្នុង​ឱកាស​នោះ​ លោក​ប​ណ្ឌិត ប៉ែន ​ស៊ីម៉ន ​បាន​គូស​បញ្ជាក់​ថា គម្រោង​​ប្រព័ន្ធ​ស្វ័យ​​ប្រវត្តិ​​កម្ម​ទិន្ន​ន័យ​​គយ​នេះ ជា​ផ្នែក​មួយ​​នៃ​ផែន​ការ​១២​ចំណុច​របស់រាជ​រដ្ឋា​ភិបាល​កម្ពុជា ​សម្រាប់​​ការ​ធ្វើ​​ឱ្យ​ប្រសើរ​ឡើង​នូវ​​បរិយា​​កាស​​វិនិ​យោគ និង​កិច្ច​​សម្រួល​​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា និង​ក៏​ជាការ​ងារ​​គន្លឹះ​មួយ​នៃ​កម្ម​វិធី​កំណែ​ទំរង់​ និង​ទំនើប​​កម្ម​រដ្ឋ​បាល​​គយ និង​រដ្ឋា​ករ​កម្ពុជា​ឆ្នាំ​២០០៩-២០១៣ ។ ជា​មួយ​គ្នា​នេះ​ លោក​ក៏​បាន​ណែ​នាំ​​មន្ត្រី​គយ​ទាំង​អស់​ឱ្យ​ចូ​លរួម​អនុ​វ​ត្ត​គម្រោង​នេះ​ឱ្យ​បាន​​សកម្ម និង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ធានា​​សម្រេច​​ជោគ​ជ័យ​​នៃ​គម្រោង​​ដែល​​គាំទ្រ​ដោយ​ធនា​គារ​ពិភព​លោក​​នេះ ព្រោះ​​ថា ប្រព័ន្ធ​​ស្វ័យ​ប្រវត្តិ​កម្ម​ទិន្ន​ន័យ​​​គយ នឹង​ប្រើ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​​កសាង និង​អនុ​វត្ត​គម្រោង​ថ្មី​នោះ គឺ​បញ្ជរ​តែ​មួយ​ជាតិ (National Single Window) ដែល​ជា​ផ្នែក​មួយ​ទៀត​នៃ​​ផែន​ការ​១២​ចំណុច​​របស់​រាជ​រដ្ឋា​ភិបាល​ និង​ក៏​ជា​កាតព្វ​កិច្ច​របស់​កម្ពុជា​ក្នុង​នាម​ជា​សមា​ជិក​អាស៊ាន​ផង​ដែរ ។
​លោក​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​​បាន​ណែ​នាំ​ និង​លើក​ទិស​ដៅ​ការ​ងារ​ចំពោះ​មុខ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

  1. -នាយក​ដ្ឋាន​​ ការិយា​ល័យ និង​ទី​ស្នាក់​ការ​គយ និង​រដ្ឋា​ករ ដែ​លស្ថិត​នៅ​ក្រោម​គម្រោង​​នេះ ត្រូវ​ជំរុញ​ឱ្យ​បាន​ឆាប់​​បំផុត​​នូវ​ការ​កែ​លំអ ឬ​កសាង​ការិយា​ល័យ​ សម្រាប់​បំពាក់​​និង​អនុ​វត្ត​​ប្រព័ន្ធ​អាស៊ីគូ​ដា ឱ្យ​ស្រ​ប​តាម​គំនូស​ប្លង់​ដែល​គណៈ​កម្ម​ការ​ដឹក​នាំ​គម្រោង​បាន​ឯក​ភាព ។
  2. -​លោក​​ប្រធាន​ និង​សមាជិក​ក្រុម​​​ការ​ងារ​គម្រោង​ជាតិ​ ត្រូវ​​ចុះ​តាម​ដាន និង​ជំរុញ​ការ​ងារ​នេះ​រួម​ទាំង​ការ​ងារ​ទទួល និង​ដំឡើង​​សំភារ​បរិក្ខារ​​នានា​របស់​គម្រោង​​ផង ។
  3. -​ទាំង​អស់​​គ្នា​ត្រូវ​ត្រៀម​ធ្វើ​ការ​ជា​មួយ​អ្នក​ជំនាញ​​ការ​ជាតិ និង​អន្តរ​ជាតិ ដែល​នឹង​ចាប់​ផ្តើម​​ការ​ងារ​ចាប់​ពី​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១១ នេះ ។
  4. -លោក​ប្រធាន​​ក្រុម​ការ​ងារ​គម្រោង​ជាតិ ត្រូវរិះ​​រកវិធី​​ ឬ​យន្ត​ការ​ធ្វើ​យ៉ាងណា​ស្រូប​ទាញ​​យក​បទ​​ពិសោធន៍​​ការងារ (ចំណេះ​ដឹង និង​ចំណេះ​ធ្វើ) ​​ពី​ជំនាញ​​ការ​ទាំង​នោះ ​ទាំង​ផ្នែក​មុខ​ងារ និង​បច្ចេក​ទេស​របស់​ប្រព័ន្ធ គឺ​ថា​ត្រូវ​ចាប់​​យក​ភាព​ជា​ម្ចាស់​ការ​​ក្រោយ​ពេល​បញ្ចប់​គម្រោង​នេះ​ដែល​មាន​រយៈ​ពេល​១៦​ខែ ។
  5. -ត្រូវ​ត្រៀម​​រៀប​ចំ​ប្រជុំ​គណៈ​កម្មា​ធិការ​ដឹក​នាំ​គម្រោង​​លើក​ទី ១១ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ដើម​​ខែ​ឧសភា ឆ្នាំ​២០១១ នេះ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!