VOA News: ព័ត៌មាន: “កម្ពុជានិងថៃគ្រោងជួបគ្នាចុងខែមិនានៅឥណ្ឌូនេស៊ី” plus 3 more |
- កម្ពុជានិងថៃគ្រោងជួបគ្នាចុងខែមិនានៅឥណ្ឌូនេស៊ី
- ធនាគារពិភពលោកបន្ទោសរដ្ឋាភិបាលកម្ពុជាអំពីការបដិសេធសិទ្ធិចុះបញ្ជីកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋបឹងកក់
- តុលាការភ្នំពេញកោះហៅកម្មករប្រាំមួយនាក់មកសាកសូរ
- អ្នកនយោបាយព្រមានថាបដិវត្តន៍នៅពិភពអារ៉ាប់អាចឆ្លងមកកម្ពុជាបើមិនដោះស្រាយបញ្ហាធំៗ
កម្ពុជានិងថៃគ្រោងជួបគ្នាចុងខែមិនានៅឥណ្ឌូនេស៊ី Posted: 09 Mar 2011 06:53 AM PST គណៈកម្មាធិការព្រំដែននៃប្រទេសកម្ពុជានិងថៃគ្រោងនឹងជួបប្រជុំគ្នានៅចុងខែមិនាក្នុងទីក្រុងបូហ្គ័រ (Bogor) ប្រទេសឥណ្ឌូនេស៊ី ក្រោមការសម្របសម្រួលរបស់ឥណ្ឌូនេស៊ី ដើម្បីបន្តដោះស្រាយបញ្ហាវិវាទព្រំដែនក្រោយពេលប្រទេសកម្ពុជាអះអាងថាលែងមានការទុកចិត្តគ្នាក្នុងការចរចាទ្វេភាគីជាមួយប្រទេសថៃ។
ថ្លែងប្រាប់ វីអូអេ កាលពីថ្ងៃអង្គារលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងថាប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រជុំតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាលីហ្គាវ៉ា ដែលជាប្រធានប្តូរវេន សមាគម អាស៊ានឆ្នាំនេះ ដែលបានស្នើសុំកាលពីថ្ងៃទី៧ខែមិនាឲ្យមានការប្រជុំរវាងប្រទេសទាំងពីរ ថៃនិងកម្ពុជា។ «ហើយនៅថ្ងៃនេះ ថ្ងៃទី៨ខែមិនា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺលោក បានធ្វើលិខិតឆ្លើយតបទៅនឹងសំណើរបស់ប្រធានអាស៊ាននេះ ដោយបញ្ជាក់ថាកម្ពុជាយល់ព្រមទៅនឹងសំណើរបស់ប្រធានអាស៊ាន»។ លោក កុយ គួងបានបញ្ជាក់បន្ថែមថារដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានស្នើឲ្យ មានកិច្ចប្រជុំចំនួនពីរនៅថ្ងៃទី ២៤ និងទី ២៥ ខែ មិនានេះ នៅទីក្រុងបូហ័្គរដែលជាទីក្រុងក្បែរទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី សម្រាប់ឲ្យមានការបន្ត ការចរចាដោះស្រាយបញ្ហាវិវាទព្រំដែនរវាងប្រទេសថៃនិងកម្ពុជា ក្នុងគណៈកម្មការ ព្រំដែនទូទៅ GBC និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះទទួលបន្ទុកការបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងថៃ។ លោកកុយ គួងបានដកស្រង់អត្ថាធិប្បាយរបស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាមកបញ្ជាក់ថា កម្ពុជាចង់ឲ្យមានតំណាងរបស់អាស៊ានចូលរួមក្នុងកិច្ចប្រជុំ។ «ហើយលោកក៏បានបញ្ជាក់ដែរថាកិច្ចប្រជុំនេះត្រូវតែមានវត្តមានរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ឬក៏អ្នកតំណាងដែលវត្តមាននេះយ៉ាងហោចណាស់ក៏នៅពេលពិធីបើកនៃកិច្ចប្រជុំទាំងពីរនេះ។ ហើយក្រោយពីកិច្ចប្រជុំទាំងពីរនេះចប់គឺភាគីទាំងពីរនឹងធ្វើសេចក្តីរាយការណ៍ជូនប្រធានអាស៊ាន»។ លោក គួង បានបន្ថែមថាកម្ពុជាសង្ឃឹមថាប្រទេសថៃនឹងចូលរួម។ លោក ប៉ានីតាន់ វឌ្ឍនាយ៉ាកន (Panitan Watanayagorn) អ្នកនាំពាក្យរដ្ឋាភិបាលថៃបានថ្លែងប្រាប់ វីអូអេ ផ្នែកខេមរភាសាតាមទូរស័ព្ទថា៖ ប្រទេសថៃជាអ្នកស្នើឲ្យមានកិច្ចប្រជុំទ្វេភាគីរវាងថៃនិងកម្ពុជាក្នុងគណៈកម្មាធិការព្រំដែនទាំងឡាយដើម្បីដោះស្រាយបញ្ហាទាក់ទិននឹងការវាស់វែងបង្គោលព្រំដែន បញ្ហាក្នុងតំបន់នានា ហើយនឹងបញ្ហាសន្តិសុខតាមព្រំដែនជាដើម។ «នេះជាយន្តការនៅក្នុងលំដាប់ទ្វេភាគីដែលយើងបានស្នើដល់កម្ពុជាឲ្យវិលមក ចរចានៅក្នុងយន្តការនេះ»។ លោក វឌ្ឍនាយ៉ាកន ពុំបានបញ្ជាក់ថារឿងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីចុងខែនេះជាការសម្របសម្រួលពីសមាគមអាស៊ានជាពិសេសប្រទេសឥណ្ឌូនេស៊ីនោះទេ។ តែលោកថ្លែងថាកិច្ចប្រជុំនោះមិនមែននៅក្នុងប្រទេសថៃនិងកម្ពុជាទេ គឺអាចនៅឥណ្ឌូនេស៊ី។ ហើយកាលបរិច្ឆេទនិងបញ្ហាលម្អិតលោក វឌ្ឍនាយ៉ាកនអះអាងថាថៃនៅរង់ចាំតែការឆ្លើយតបពីកម្ពុជាតែប៉ុណ្ណោះ។ កិច្ចប្រជុំរវាងគណៈកម្មាធិការព្រំដែនប្រទេសថៃនិងកម្ពុជាកើតឡើងក្រោយពេលដែលថៃសុំពន្យាពេលទទួលយកអ្នកសង្កេតការណ៍អាស៊ានមុនពេលជួបប្រជុំ រវាងកម្ពុជានិងថៃកើតឡើង។ ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញគេសង្កេតឃើញ ថាមុននិងក្រោយពេលមានកិច្ចព្រមព្រៀងនៅមុខបណ្តាមេដឹកនាំអាស៊ានទាំង ១០ប្រទេសក្នុងកិច្ចប្រជុំកាលពីចុងខែកុម្ភៈនៅប្រទេសឥណ្ឌូនេស៊ី អំពីកិច្ចឈប់ បាញ់គ្នានិងការទទួលយកអ្នកសង្កេតការណ៍៣០នាក់ ម្ខាងពាក់កណ្តាល កម្ពុជាបានប្រកាសទទួលយកអ្នកសង្កេតការណ៍អាស៊ានដោយឥតលក្ខខណ្ឌដើម្បីធានាកិច្ចឈប់បាញ់គ្នាហើយនឹងត្រួតពិនិត្យមើលស្ថានការណ៍តាមព្រំដែននៃប្រទេសទាំងពីរដែលកំពុងមានភាពតានតឹងដោយកំឡាំងប្រដាប់អាវុធ។ តែប្រទេសថៃធ្លាប់បានសុំពន្យាពេលសិនដើម្បីចរចា ទ្វេភាគី ជាមួយកម្ពុជា។ ប្រទេសកម្ពុជាធ្លាប់ច្រានចោលកិច្ចចរចាទ្វេភាគីណាជាមួយថៃពេលគ្មានភាគីអាស៊ានចូលរួម។ ការកំណត់ដូច្នេះកើតឡើងក្រោយពីមេដឹកនាំកម្ពុជាអះអាងថាលទ្ធផលនៃការចរចាគ្មានការគោរពនិងអនុវត្តន៍តាមទោះបីជាមានការចរចាក្តី។ដូចជាឧទាហរណ៍មួយ ដែលមេដឹកនាំកម្ពុជាបានលើកយកបញ្ជាក់គឺឯកសារ ព្រំដែនចំនួនបីទាក់ទងនឹងការបោះបង្គោលព្រំដែននិងការដោះស្រាយរឿងព្រំដែនដែលគណៈកម្មាធិការព្រំដែនទាំងពីរប្រទេសបានសម្រេចជាច្រើនឆ្នាំរួចហើយនោះនៅរាំងស្ទះឬមិនត្រូវអនុម័តយល់ព្រមដោយសភាថៃទេ។ កងទ័ពប្រទេសកម្ពុជានិងថៃបានវាយប្រយុទ្ធគ្នាកាលពីដើមខែកុម្ភៈដោយសារ ការចោទប្រកាន់គ្នាទៅវិញទៅមករឿងការរំលោភបំពានបូរណភាពដែនដី ជាពិសេសដី នៅក្បែរតំបន់ប្រាសាទព្រះវិហារ។ ការវាយប្រយុទ្ធគ្នាចំនួន ៤ថ្ងៃជាប់គ្នានោះ បានបណ្តាលឲ្យស្លាប់និងរបួសទាំងសងខាងហើយប៉ះពាល់ដល់ប្រាសាទ ព្រះវិហារជាបេតិកភណ្ឌពិភពលោកនិងធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៃប្រទេសទាំងពីរភៀសខ្លួនមួយរយៈពេលចេញពីលំនៅដ្ឋាន៕ This posting includes an audio/video/photo media file: Download Now |
Posted: 09 Mar 2011 12:50 PM PST ធនាគារពិភពលោកបានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាអំពីការបដិសេធសិទ្ធិចុះបញ្ចីកម្មសិទ្ធិដីធ្លីរបស់ ប្រជាពលរដ្ឋបឹងកក់ មុនពេលរដ្ឋាភិបាលបានជួលតំបន់បឹងកក់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន និងបានចាប់ផ្តើមយុទ្ធនាការបំភិតបំភ័យ និងការគាបសង្កត់ បង្ខំគ្រួសារជាច្រើនរស់នៅក្នុងតំបន់នោះ ឱ្យ ចាកចេញ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានបដិសេធការអះអាងរបស់ធនាគារពិភពលោកនេះ។ នៅថ្ងៃពុធនេះ គណៈកម្មាធិការអធិការកិច្ចផ្ទៃក្នុងរបស់ធនាគារពិភពលោកបានរកឃើញថា ធនាគារ ពិភពលោកប្រចាំនៅកម្ពុជាបានទទួលបរាជ័យក្នុងការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ប្រជាពលរដ្ឋបឹងកក់ច្រើនពាន់គ្រួសារ ដែលប្រឈមនឹងការបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយបង្ខំ។ គណៈកម្មាធិការនាយកធនាគារពិភពលោកបានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ដើម្បីសម្រេចអំពីការរកឃើញរបស់គណៈកម្មាធិការអធិការកិច្ចនៃធនាគារពិភពលោកដែលថា គម្រោងចុះបណ្ណកម្មសិទ្ធិ ដីធ្លីនៅកម្ពុជា មានទឹកប្រាក់ជិត២៩លានដុល្លារអាមេរិកនេះមិនគោរពតាមគោលនយោបាយរបស់ធនាគារ និងបានធ្វើឱ្យមនុស្ស២០.០០០នាក់ប្រឈមនឹងការបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេដោយបង្ខំ នៅក្នុងទីក្រុងភ្នំពេញ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារពិភពលោក។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា គណៈកម្មាធិការអធិការកិច្ចបានរកឃើញថា ធនាគារពិភព លោកបានបំពានគោលនយោបាយរបស់ខ្លួន ដោយមិនបានរៀបចំ និងត្រួតពិនិត្យគម្រោងរដ្ឋបាល និងការគ្រប់គ្រងដីធ្លីនៅកម្ពុជាឱ្យបានត្រឹមត្រូវ។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា បរាជ័យទាំងនេះបានរួមចំណែកដល់ការបណ្តេញចេញដោយ បង្ខំនូវប្រជាជនប្រមាណ៤.២៥០គ្រួសាររស់នៅជុំវិញតំបន់បឹងកក់។ ប្រជាពលរដ្ឋទាំងនេះត្រូវបានបដិសេធសិទ្ធិចុះបញ្ចីកម្មសិទ្ធិដីធ្លីរបស់ពួកគេយ៉ាងអយុត្តិធម៌ក្នុងរយៈពេលយ៉ាងខ្លី មុនពេលរដ្ឋាភិបាលជួលតំបន់បឹងកក់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍របស់ឯកជន និងបានចាប់ផ្តើមយុទ្ធនាការបំភិតបំភ័យ និងការគាបសង្កត់ ដើម្បីបង្ខំគ្រួសារជាច្រើនរស់នៅក្នុងតំបន់នោះឱ្យចាកចេញ។ លោកស្រីទន់ សុភានី អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានបដិសេធ របាយការណ៍របស់ធនាគារពិភពលោកនេះ ដោយថ្លែងថា វាជារឿងអយុត្តិធម៌សម្រាប់រដ្ឋាភិបាល។ លោកស្រីទន់ សុភានីបានបន្តថា ធនាគារពិភពលោកមិនបានលើកឡើងពីដំណោះស្រាយជាលទ្ធផលរបស់រដ្ឋាភិបាលសម្រាប់មនុស្សភាគច្រើនទេ ប៉ុន្តែបានលើកយកផលប៉ះពាល់របស់មនុស្សភាគតិច មកចងភ្ជាប់ជាមួយផលប្រយោជន៍របស់មនុស្សភាគច្រើន។ «តាមទស្សនៈរបស់ខ្ញុំ របាយការណ៍នេះគឺជាការការពារកិត្តិយសរបស់ធនាគារពិភពលោកទេ។ គាត់ មានតំណាងសម្រាប់ប្រតិបត្តិការគម្រោងក្នុងភាពជាដៃគូជាមួយភាគីកម្ពុជា។ ក្រុមការងាររបស់គាត់ (ធនាគារពិភពលោក) នៅជាប់ជាមួយនឹងការិយាល័យប្រតិបត្តិគម្រោង ដែលចាយប្រាក់របស់គាត់ហ្នឹង រឿងអ្វីមកខុសតែខាងភាគីកម្ពុជា? ហើយពួកគាត់នឹងរួចខ្លួន ឬយ៉ាងម៉េច? ហើយគាត់ទម្លាក់កំហុសមកលើរដ្ឋាភិបាលតែម្នាក់ឯង គាត់រួចខ្លួន? វាមិនត្រឹមត្រូវទេ ពីព្រោះកម្ពុជាចាំតែទទួលលទ្ធផលទេ។ សវនកម្មត្រូវបានឡើងដោយពួកគាត់»។ អ្នកស្រីទេព វណ្ណនី តំណាងសហគមន៍បឹងកក់ បាននិយាយថា គណៈកម្មាធិការនាយកធនាគារពិភពលោកគួរតែគាំទ្ររបាយការណ៍របស់គណៈកម្មាធិការអធិការកិច្ច និងគាបសង្កត់ឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍បឹងកក់។ «យើងប្រឈមនឹងការបណ្តេញចេញដែលជិតនឹងកើតឡើង និងការរំលោភសិទ្ធិមនុស្សជាប្រចាំ ហើយយើងត្រូវការអន្តរាគមន៍ជាបន្ទាន់»។ លោកសៀ ភារ៉ុម នាយកលេខាធិការដ្ឋាននៃអង្គការសិទ្ធិលំនៅដ្ឋាន បានថ្លែងថា ការរកឃើញរបស់ គណៈកម្មាធិការអធិការកិច្ចចង្អុលបង្ហាញការប្តេជ្ញាចិត្តដ៏បរិសុទ្ធចំពោះសេចក្តីពិត នីតិរដ្ឋ និងការទទួលខុសត្រូវ។ លោកសៀ ភារ៉ុមបានបន្តថា «ឥឡូវនេះ យើងបែរទៅរកគណៈកម្មាធិការធនាគារពិភពលោក ដើម្បីធ្វើអ្វីៗគ្រប់បែបយ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីគាំទ្រដល់គោលការណ៍សំខាន់ៗ និងទីបញ្ចប់ នាំយកវិធានការយុត្តិធម៌ដល់ប្រជាពលរដ្ឋទាំងនោះ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ»។ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានអំពាវនាវឱ្យក្រុមអាជាធរក្រុងភ្នំពេញបញ្ឈប់ការបណ្តេញអ្នកភូមិបឹងកក់ដោយបង្ខំ។ លោកសុខ ពេញវុធ អភិបាលរងសាលាខណ្ឌដូនពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «(អាជ្ញាធរ)អត់មានបង្ខិតបង្ខំ និងបណ្តេញចេញដោយបង្ខំទេ។ វាជាការបន្តុះបង្អាប់ដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ចំពោះកិច្ចការនេះ។ ខ្ញុំគិតថា គាត់លើកឡើង គាត់មិនបានពិនិត្យគ្រប់ជ្រុងជ្រោយទេ ពីព្រោះយើងមិនដែលមានការបណ្តេញចេញដោយបង្ខំទេ។ យើងធ្វើការដោះស្រាយ សម្របសម្រួលដោយសន្តិវិធី»។ លោកសុខ ពេញវុធ បានបន្ថែមថា ប្រជាពលរដ្ឋជាង២.៥០០គ្រួសារ ដែលបានចាកចេញពីតំបន់បឹងកក់ បានទទួលយកគោលនយោបាយរបស់រដ្ឋាភិបាល ដោយការស្ម័គ្រចិត្ត ក្នុងជម្រើសមួយនៃ ជម្រើសទាំងបី៕ This posting includes an audio/video/photo media file: Download Now |
តុលាការភ្នំពេញកោះហៅកម្មករប្រាំមួយនាក់មកសាកសូរ Posted: 09 Mar 2011 12:12 PM PST តុលាការក្រុងភ្នំពេញបានកោះហៅកម្មកររោងចក្រកាត់ដេរចំនួន៦នាក់ពីបទសង្ស័យថា ពួកគេបានបង្កការគំរាមកំហែងដល់ក្រុមហ៊ុន។ សហជីពសេរីកម្មករព្រួយបារម្ភថា នេះគឺជាចំណាត់ការរបស់តុលាការ ដើម្បីបង្ក្រាបការតវ៉ារបស់ក្រុមកម្មករនៅតាមបណ្ដារោងចក្រ។ កម្មករចំនួនពីរនាក់ ដែលជាសកម្មជនរបស់សហជីពដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ត្រូវតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃពុធនេះ ហើយកម្មករចំនួនបួននាក់ផ្សេងទៀតនៃសហជីពដដែលនោះត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺជាបន្ដបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ។ កម្មករទាំងប្រាំមួយនាក់នេះធ្វើការក្នុងរោងចក្រកាត់ដេរ Quick Sew ក្នុងខណ្ឌមានជ័យ ក្រុងភ្នំពេញ។ ពួកគេត្រូវចោទប្រកាន់ដូចៗគ្នាពីបទបង្កការគំរាមកំហែងធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ក្រុមហ៊ុនដែលពួកគេកំពុងបម្រើការ។ កាលពីថ្ងៃទី២៨កុម្ភៈ លោកជា ឡៃអ៊ី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរោងចក្រ Quick Sew ត្រូវថៅកែគំរាមបណ្ដេញចេញពីការងារ បន្ទាប់ពីលោកបានដឹកនាំការតវ៉ា ទាមទារឲ្យថៅកែរោងចក្រគោរពសិទ្ធិការងាររបស់កម្មករ។ លោកអះអាងថា ថៅកែរោងចក្រតម្រូវឲ្យកម្មករធ្វើការបន្ថែមម៉ោង និងធ្វើការចំថ្ងៃបុណ្យជាតិ ដោយពុំមានការឧបត្ថម្ភប្រាក់ឈ្នួលសមរម្យ។ ការគំរាមបណ្ដេញចេញនេះនាំឲ្យកម្មករទូទាំងរោងចក្រសរុបជាង១.៤០០នាក់ភ្ញាក់ផ្អើល ហើយពួកគេបានផ្អាកការងាររយៈពេលប្រមាណជាងមួយម៉ោង។ គ្រានោះមានការចរចាភ្លាមៗ ហើយក្រោយមកថៅកែរោងចក្រក៏បានយល់ព្រមឲ្យលោកជា ឡៃអ៊ីចូលធ្វើការវិញ។ លុះដល់ថ្ងៃពុធសប្ដាហ៍មុន ក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងភ្នំពេញ ប្រឆាំងរូបលោក និងអនុប្រធានរបស់លោកម្នាក់ លេខាម្នាក់ រួមទាំងសមាជិករបស់សហជីពចំនួនបីនាក់ទៀត។ ក្រោយពីការសាកសួររបស់លោកព្រះរាជអាជ្ញារងមាស ចន្ទ័ពិសិដ្ឋ អស់រយៈពេលជាងមួយម៉ោងកាលពីព្រឹកមិញ លោកឡៃអ៊ីមានប្រសាសន៍ថា តុលាការបានទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនដែលថា ការផ្អាកសកម្មភាពរយៈពេលខ្លីនោះបានធ្វើឲ្យមានការខាតបង់ទឹកប្រាក់ជាងប្រាំម៉ឺនដុល្លារអាមេរិក។ «តុលាការបានសួរតាមដំណើរដើមទងពីដំបូងរហូតដល់គេបញ្ឈប់ការងារខ្ញុំ។ ចុងក្រោយគាត់សួរតាមអ្វីដែលក្រុមហ៊ុនដាក់ពាក្យបណ្ដឹងប្រឆាំងខ្ញុំថា ខ្ញុំបានគំរាមកំហែងរោងចក្រ ធ្វើឲ្យរោងចក្រខាតប្រយោជន៍ប្រមាណជាងប្រាំម៉ឺនដុល្លារ»។ ដោយឡែក លោកមិត សាប៊ុន កម្មករម្នាក់ទៀតដែលត្រូវបានកោះហៅដែរ បានឲ្យដឹងថា លោកបានអានពាក្យបណ្ដឹងរបស់ថៅកែរោងចក្រ Quick Sew។ ថៅកែរោងចក្រនោះប្ដឹងទារសំណងជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារអាមេរិក។ «ក្រុមហ៊ុនទារជំងឺចិត្ត២៥០.០០០ដុល្លារ ហើយខ្ញុំសុំក្រដាសនោះពីគេ តែគេមិនឲ្យ»។ នៅថ្ងៃនេះ វីអូអេបានធ្វើទំនាក់ទំនងទៅលោកព្រះរាជអាជ្ញារងមាស ច័ន្ទពិសិដ្ឋ ដែលជាអ្នកកោះហៅកម្មករទាំងនេះទៅសាកសួរ តែទាក់ទងមិនបាន ដោយសារតែទូរស័ព្ទរបស់លោករោទិ៍ ហើយគ្មានអ្នកទទួល។ លោកណត ណយ ប្រធានរដ្ឋបាលរោងចក្រ Quick Sew ទទួលស្គាល់ថា ទាំងភាគីក្រុមហ៊ុនទាំងភាគីកម្មករសុទ្ធតែមានកំហុសដូចគ្នា នាពេលកន្លងមក។ ប៉ុន្ដែការធ្វើកូដកម្មកាលពីចុងខែកុម្ភៈគឺជាមូលហេតុបុគ្គល។ «កូដកម្មរបស់ពួកគាត់ ក៏ធ្វើឡើងដោយមិនស្របច្បាប់ដែរ ហើយធ្វើនេះសុទ្ធតែជារឿងបុគ្គល»។ កាលពីខែកុម្ភៈ អ្នកស្រីផេង ជូ ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រ June Textile ឬរោងចក្រមិថុនា ត្រូវតុលាការក្រុងភ្នំពេញកោះហៅតាមបទចោទដូចគ្នានេះដែរ បន្ទាប់ពីអ្នកស្រីបានដឹកនាំការតវ៉ារយៈពេលប្រាំថ្ងៃ ជំទាស់នឹងប្រធានរដ្ឋបាលរបស់រោងចក្រ។ រោងចក្របានលើកឡើងថា ខ្លួនបានខាតបង់ប្រាក់ប្រមាណជា៣០ម៉ឺនដុល្លារអាមេរិក ដោយសារការធ្វើកូដកម្មនេះ។ ក៏ប៉ុន្ដែ ក្រោយមកករណីនេះត្រូវបានដោះស្រាយដោយការសម្របសម្រួល។ លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា កម្មករដែលទទួលរងការចោទប្រកាន់ទាំងនេះ ពុំបានធ្វើអ្វីក្រៅពីការតវ៉ា និងធ្វើកូដកម្មដើម្បីទាមទារការអនុវត្តច្បាប់ឲ្យ បានត្រឹមត្រូវនោះទេ។ លោកជា មុន្នីចាត់ទុកថា នេះគឺជាការប្រើប្រព័ន្ធតុលាការក្នុងស្រុកគាបសង្កត់លើចលនាតវ៉ារបស់កម្មករ។ «យើងមានការព្រួយបារម្ភណាស់ចំពោះការហៅទៅសាកសួរព័ត៌មាន ពីព្រោះជាទូទៅ ខាងកម្មករ កម្មការិនីមិនមានកំហុស បំផ្លិចបំផ្លាញ ឬគំរាមកំហែងអ្នកវិនិយោគទេ មានតែអ្នកវិនិយោគទេ ដែលកេងប្រវ័ញ្ចកំម្លាំងកម្មករ កម្មការិនី»។ លោកជាតិ ខេមរា មន្ដ្រីជាន់ខ្ពស់របស់សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC មិនធ្វើអត្ថាធិប្បាយទេ ដោយសារតែលោកមិនបានដឹងអំពីករណីបណ្ដឹងនេះទេ។ ទោះជាយ៉ាងណា បើយោងតាមច្បាប់របស់ប្រទេសកម្ពុជា ប្រសិនបើតុលាការរកឃើញថា កម្មករដែលកំពុងទទួលរងការចោទប្រកាន់ទាំងប្រាំមួយនាក់នេះមានកំហុស ពួកគេអាចនឹងទទួលរងការផាកពិន័យ និងមានកម្រិតទោសជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ៕ This posting includes an audio/video/photo media file: Download Now |
អ្នកនយោបាយព្រមានថាបដិវត្តន៍នៅពិភពអារ៉ាប់អាចឆ្លងមកកម្ពុជាបើមិនដោះស្រាយបញ្ហាធំៗ Posted: 09 Mar 2011 08:04 AM PST ក្រុមមេដឹកនាំគណបក្សជំទាស់និងអ្នកវិភាគឯករាជ្យព្រមានថាភាពក្រីក្រ ភាពអត់ការងារធ្វើ បញ្ហារំលោភដីធ្លី គម្លាតដ៏ធំរវាងអ្នកមាននិងអ្នកក្រ អំពើពុករលួយ បញ្ហាជនអន្តោប្រវេសន៍ បញ្ហារំលោភបំពានព្រំដែនពីប្រទេសជិតខាងដែលមិនទាន់ដោះស្រាយបាន អាចនឹងនាំទៅដល់ការបះបោរឬបដិវត្តន៍ក្នុងប្រទេសកម្ពុជាដូចជាការបះបោរទម្លាក់មេដឹកនាំក្នុងប្រទេសជាច្រើនក្នុងពិភពលោករួមមានដូចជាប្រទេស ទុយនីស៊ី អេហ្ស៊ីប និងលីប៊ីជាដើម។ លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីស្វែងរកការគាំទ្រផ្នែកនយោបាយពីអន្តជាតិបានអះអាងថាបដិវត្តន៍មួយនឹងកើតមានឡើងប្រសិនបើអ្នកដឹកនាំកម្ពុជាសព្វថ្ងៃមិនព្រមប្តូររបៀបដឹកនាំ ប្រទេសដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពសមរម្យឲ្យប្រទេសអភិវឌ្ឍពិតប្រាដ មានសេរីភាពនិងប្រជាធិបតេយ្យពេញលេញ។ «លទ្ធិប្រជាធិបតេយ្យ ថាប្រជាធិបតេយ្យគឺប្រជារាស្ត្រជាម្ចាស់ទឹកម្ចាស់ដី។ ឥឡូវ ម្ចាស់ទឹកម្ចាស់ដីកន្លែងណាបើយកដីធ្លីផ្ទះសម្បែង ស្រែចម្ការ ព្រៃឈើ បឹងបួរ ស្ទឹងកោះ សូម្បីតែឆ្នេរសមុទ្រអីហ្នឹងគឺយកអស់។ អញ្ចឹងហើយបានខ្ញុំ យល់ថាមិនយូរទេ ប្រទេសកម្ពុជាយើងនឹងមានបដិវត្តន៍ដីធ្លីមួយទៀត។ ហើយគួបផ្សំ លើសពីបដិវត្តន៍ដីធ្លីគឺបដិវត្តន៍យុវជន ដែលអត់ការងារធ្វើ មួរម៉ៅ ឈឺចាប់ តវ៉ា អស់ សង្ឃឹមទាមទារឲ្យមានការប្តូររបប ប្តូរការដឹកនាំរបៀបដឹកនាំ ប្រព័ន្ធដឹកនាំសព្វថ្ងៃ»។ លោក សម រង្ស៊ីថ្លែងយោងទៅលើបដិវត្តន៍សម័យខ្មែរក្រហមចាប់ផ្តើម នៅពាក់ កណ្តាលទសវត្សរ៍ទី៦០ ដែលលោកចង់ឲ្យជៀសវាងនោះ គឺកើតឡើងដោយ សារបញ្ហាដីធ្លី ហើយនឹងស្ថានការណ៍ប្រហាក់ប្រហែលគ្នានឹងសព្វថ្ងៃនេះ។ «វាងមិនផុតទេ។ ហើយខ្ញុំជឿថាថ្ងៃណាមួយ ហើយខ្ញុំមិនជឿថាយូរប៉ុន្មានទេក្នុង ពេលឆាប់ៗថ្ងៃណាមួយ គឺច្បាស់ជាមានការបះបោរ ច្បាស់ជាមានការប្តូររបប ដឹកនាំ មានការផ្តួលរំលំអំណាចផ្តាច់ការជាពុំខានដូចនៅប្រទេស ទុយនីស៊ី ដូចនៅប្រទេសអេហ្ស៊ីប ដូចនៅប្រទេសកំពុងតែមានកើតហេតុនៅប្រទេសលីប៊ី ប្រទេស យេមែន ប្រទេស បារ៉ែន»។ លោក សម រង្ស៊ីបានអះអាងថាប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នមានការឈឺចាប់ នឹង អំពើអយុត្តិធម៌ក្នុងសង្គម ភ័យខ្លាចនឹងពាក្យអភិវឌ្ឍន៍ និង វប្បធម៌សម្បកក្រៅ ដែលលោក សម រង្ស៊ីបានចង្អុលបង្ហាញឲ្យឃើញពីការអះអាងរបស់មន្ត្រី រដ្ឋាភិបាលទាក់ទងនឹងការរីកចម្រើនលើវិស័យផ្សេងៗនោះថាជារឿងមិនពិត។
ប្រទេសកម្ពុជាដែលឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃជាងបីទសវត្សរ៍ បានក្លាយជាប្រទេស ក្នុងចំណោមប្រទេសក្រីក្រជាងគេបំផុតមួយក្នុងពិភពលោក។ ក្រុមអ្នកវិភាគបាននិយាយឲ្យដឹងថាមានប្រជាពលរដ្ឋខ្មែរជិត៣០ភាគរយក្នុងចំណោមពលរដ្ឋជាង១៤លាននាក់ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ រកចំណូលបានប្រមាណមិនដល់១ដុល្លារក្នុងមួយថ្ងៃ។ ប្រជាពលរដ្ឋប្រមាណ៨៥ភាគរយរស់នៅពឹងផ្អែក ដោយរបរកសិកម្ម។ យុវជនខ្មែរអត់ការងារធ្វើជាច្រើនម៉ឺននាក់ក្នុងមួយៗឆ្នាំ មានការរឹតត្បិតសេរីភាពខាងការបញ្ចេញមតិ និងការតវ៉ា ការប្រមូលផ្តុំធ្វើបាតុកម្ម អំពើរំលោភបំពាន ដីធ្លី កើតឡើងដល់ប្រជាពលរដ្ឋជាច្រើនករណី ដែលអាជ្ញាធរមិនអាច ដោះស្រាយ បាន។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងថាការឈឺចាប់របស់ ប្រជាពលរដ្ឋកម្ពុជាលើបញ្ហាជាច្រើនដែលរដ្ឋាភិបាលមិនអាចដោះស្រាយបាននោះកំពុងឈានទៅរកការផ្លាស់ប្តូរហើយដូចប្រទេសនានា។ តែលោកសង្កត់ ធ្ងន់ថាប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នត្រូវការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតសិន។ «ប៉ុន្តែថ្ងៃណាមួយរដ្ឋាភិបាល គណបក្សកាន់អំណាចនៅតែមិនអាចរៀបចំការបោះឆ្នោតឲ្យមានលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌ អាហ្នឹងវាអាច វាអាចឈានទៅរកការងើបឡើងម្យ៉ាងទៀតដែរ។ តែបញ្ហាខ្មែរដែលខ្ញុំកត់សម្គាល់ ទម្លាប់ដែលខ្ញុំមើលឃើញទៅ ការងើបឡើងរបស់ប្រជាពលរដ្ឋខ្មែរកន្លងមក តាមប្រវត្តិសាស្ត្រ ភាគច្រើនរត់ចូលទៅធ្វើការតស៊ូដោយបង្កើតចលនាតស៊ូដោយប្រដាប់អាវុធអីអញ្ចឹង កន្លងមក តែកាលហ្នុងមានព្រៃចូល តែឥឡូវវាអត់ព្រៃចូលដូច្នេះហើយប្រជាពលរដ្ឋប្រហែលជាពិបាកក្នុងការចេញទៅតស៊ូដើម្បីប្រឆាំងអីអញ្ចឹងគឺមានការលំបាក ហើយការតស៊ូដោយហិង្សាដោយសង្គ្រាមប្រជាពលរដ្ឋ យើងហាក់ដូចជារាងចាល ដូច្នេះហើយខ្ញុំមើលទៅ វានៅមានការតឹងតែងណាស់ហើយប្រជាពលរដ្ឋខ្មែរប្រហែលរង់ចាំការបោះឆ្នោតសិនដើម្បីឲ្យមានការផ្លាស់ប្តូរ»។ លោក កឹម សុខាអះអាងថាលោកលើកទឹកចិត្តឲ្យមានការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតជាជាងអំពើហិង្សា។ ក្រុមប្រជាពលរដ្ឋអេហ្ស៊ីបនិងប្រទេសទុយនីស៊ីបានងើបបះបោរកាលពីខែមុនប្រឆាំងបណ្តេញមេដឹកនាំដែលកាន់អំណាចយូរៗចេញពីមុខតំណែង ហើយ ប្រទេសមួយចំនួនទៀតរួមទាំងប្រទេសលីប៊ីមានប្រជាពលរដ្ឋកំពុងងើបឡើងផ្តួលរំលំមេដឹកនាំផ្តាច់ការដែលកាន់អំណាចជាង៤០ឆ្នាំផងដែរ។ <!--IMAGE--> លោក សម រង្ស៊ីក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីការ សារទររបស់លោកចំពោះការបះបោរបស់ពលរដ្ឋនៃប្រទេសនានាដោយមិនរង់ ចាំការបោះឆ្នោតដែលលោកបានចាត់ទុក ថាមានការគៃបន្លំដូចជាមេដឹកនាំ អេហ្ស៊ីប ហូស្សនី មូបារ៉ាក់។ «ប្រទេសដទៃទៀតដែលខ្ញុំនិយាយអម្បាញ់ម៉ិញ ជនជាតិគេ ប្រជាពលរដ្ឋ គេៗ អត់ចាំការបោះឆ្នោតទេ ពីព្រោះការបោះឆ្នោតនោះ វាមានការលួចបន្លំសន្លឹក ឆ្នោត ដូចជាលោក ហូស្សនី មូបារ៉ាក់ គាត់មុននឹងធ្លាក់ គេបង្ខំឲ្យចុះចេញពីតំណែង គាត់កាន់អំណាច៣០ឆ្នាំជាង ហើយគាត់ចេះតែលួចបន្លំសន្លឹកឆ្នោត។ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយគឺគាត់ក្រាញអំណាច។គាត់ឈ្នះជានិច្ច ប៉ុន្តែអាឈ្នះឆ្នោតដោយលួចបន្លំដូចនៅស្រុកខ្មែរអញ្ចឹង គាត់លួច ឈ្មោះគេ លុប ឈ្មោះគេ បន្លំឈ្មោះគេ ពេលរាប់សន្លឹកឆ្នោត ធ្វើតួលេខ របាយការណ៍ កែច្នៃប្រឌិតតាមតែអំពើចិត្តលទ្ធផលនៃការបោះឆ្នោតនៅប្រទេសអេហ្ស៊ីបដូចនៅប្រទេសកម្ពុជាគឺមិនមែនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋខ្មែរទេ តែផ្ទុយទៅវិញរំលោភឆន្ទៈប្រជាពលរដ្ឋខ្មែរ»។ លោក ជៀម យាបមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្ស គ្រប់គ្រងប្រទេសនិងជាសមាជិកសភាមួយរូប។ លោកបានថ្លែងការពារជំហរ រដ្ឋាភិបាលនៃគណបក្សរបស់លោកថាការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងការបោះ ឆ្នោតឆ្នាំ២០០៨ ដោយទទួលបាន៩០អាសនៈក្នុងចំណោមសរុប១២៣នៃ រដ្ឋ សភានោះថាបានមកពីការណ៍ដែលប្រជាពលរដ្ឋជឿទុកចិត្ត។ លោកបានបញ្ជាក់ថា៖ ព្រឹត្តិការណ៍ក្នុង ប្រទេស នីមួយៗក្នុងពិភពលោកវាខុសពីស្ថានភាពនៅប្រទេសកម្ពុជា។ ហើយការដឹកនាំប្រទេសយូរឬ ឆាប់គឺស្រេចតែលើអ្នកបោះឆ្នោតដែលនៅជឿទុកចិត្ត។ «សម្តេចតេជោ ហ៊ុន សែន លោកអត់មានបំណង ត ៣០ឆ្នាំអីណាៗនោះទេ។ ស៊ីសងទៅលើអ្នកដែលទៅបោះឆ្នោត, ដោយសារគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតតទៅទៀត យើងឃើញថាការជ្រើសរើសរបស់គណបក្សនេះ នៅតែ ជឿទុកចិត្ត នៅតែជ្រើសតាំងសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីរបស់គណបក្សខ្លួន នៅពេលដែលគណបក្សខ្លួនហ្នឹងឈ្នះឆ្នោតដើម្បីដឹកនាំប្រទេស ជាតិ។ អានេះខ្ញុំសូមជម្រាបថាសភាពការណ៍នៃប្រទេសលីប៊ី ឬក៏ទុយនេស៊ី ឬក៏ អេហ្ស៊ីប ឬក៏នៅប្រទេសផ្សេងៗទៀតដែលមានកន្លងមកហើយគឺថាវាមិនដូចជានៅកម្ពុជាទេ។ នៅកម្ពុជាយើងយកច្បាប់ធ្វើជាមូលដ្ឋាន យកលទ្ធផលបោះឆ្នោតនៅទូទាំង ប្រទេសធ្វើជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេសជាតិ»។ លោកជៀម យាប បានថ្លែងថាគណបក្សរបស់លោកមានការពិភាក្សាគ្នាអំពីបញ្ហាជាតិនិងអន្តជាតិជាច្រើនលើកក្នុងមួយឆ្នាំៗដើម្បីផ្ទៀងផ្ទាត់សភាពការណ៍ក្នុងការដឹកនាំប្រទេសនិងដោះស្រាយបញ្ចៀសបញ្ហាដែលជាអស្ថិរភាពរបស់សង្គមនិងនយោបាយ។ «សភាពការណ៍យើងមិនមែនគិតតែពីសភាពការណ៍ផ្ទៃក្នុងរបស់យើងទេ។ យើងគិតសភាពការណ៍អន្តជាតិផងដែរដើម្បីយកមក Check and Balance (ឬពិនិត្យ ផ្ទៀងផ្ទាត់) ជាមួយសភាពការណ៍ជាក់ស្តែងរបស់ប្រទេសជាតិយើង។ហើយយ៉ាងណាៗនោះយើងអាចដឹងបានភ្លាមៗដោយសារតែការក្តាប់សភាពការណ៍ហើយយកមកប្រជុំគ្នាដើម្បីរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាដើម្បីឲ្យការអនុវត្តន៍ជាក់ស្តែងទៅតាមកម្មវិធីនយោបាយដែលមានស្រាប់ហ្នឹង។ គឺថាដើម្បីឲ្យបានទទួលលទ្ធផលល្អប្រសើរ»។ លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យម្នាក់ដាក់ជំនឿរបស់លោកថា ប្រទេសកម្ពុជាទំនងជាបានរៀនសូត្រពីកត្តាសំខាន់ៗទាក់ទងនឹងបញ្ហាបះបោរនៅក្រៅប្រទេស ដើម្បីទប់ស្កាត់មិនឲ្យកើតមានការបះបោរនៅកម្ពុជាទេ។ «ខាងរដ្ឋាភិបាលមានបណ្តាញគ្រប់គ្រងនិងទប់ទល់ហ្នឹង គឺកុំឲ្យមានការផ្ទុះការបះបោរ ហ្នឹងគឺថាភ្លាមចាត់វិធានការភ្លាម ហើយដូចមានបច្ចេកទេសគឺខ្លាំង ដូចស្រុកចិនអញ្ចឹងដែរគឺបង្រ្កាបភ្លាមៗ។ ហើយដែលប្រហែលជាអាចរៀនសូត្រ អំពីការខ្វះខាតអំពីកត្តាដែលនាំឲ្យមានការបះបោរនៅប្រទេសទាំងប៉ុន្មាននោះដែរ។ ហើយក៏មានចាត់វិធានការកែប្រែខាងនយោបាយផ្សេងៗដើម្បីទប់ទល់កុំឲ្យមានកត្តាដែលនាំមកនូវការបះបោរហ្នឹងណាស់ដូចនៅប្រទេសគេផ្សេងៗហ្នឹង»។ លោក ឡៅ ម៉ុងហៃ បានបន្ថែមថាស្ថានការណ៍ដែលបះបោរនៅប្រទេសនានាដូចជាប្រទេសអេហ្ស៊ីប ទុយនេស៊ី ល៊ីប៊ី និងប្រទេសផ្សេងៗទៀតកើតឡើង ដោយស្ថានការណ៍ស្រដៀងគ្នា គឺគម្លាតធំរវាងអ្នកមាននិងអ្នកក្រីក្រ គម្លាតរវាងអ្នកធំនិងអ្នកតូចឬមនុស្សធម្មតា ភាពអត់ការងារធ្វើជាដើមផង។ លោកឡៅ ម៉ុងហៃបានពន្យល់ទៀតថា ប្រទេសទាំងនោះមាន ស្ថានភាពសេដ្ឋកិច្ចល្អជាងកម្ពុជា រដ្ឋាភិបាលមានទំនុកទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ ក៏ប៉ុន្តែទំនុកចិត្តនោះត្រូវរលាយអស់នៅពេលដែលមានបដិវត្តន៍កើតឡើង។ លោកឡៅ ម៉ុងហៃបានអះអាងដែរថាបញ្ហាមួយដែលពលរដ្ឋនៃប្រទេសទាំងនោះមិនសប្បាយចិត្តដែរគឺការណ៍ដែលក្រុមមេដឹកនាំប្រទេសទាំងនោះដូចជាប្រទេស អេហ្ស៊ីប គឺលោក មូបារ៉ាក់ (Mubarak) និង លោក ហ្កាដាហ្វ៊ី (Gaddafi) នៃប្រទេសល៊ីប៊ី ដែលកាន់ អំណាចយូរមកហើយចង់បន្តតំណែងឲ្យទៅក្រុមគ្រួសារឬកូនរបស់ខ្លួនទៀត។ «កត្តាមួយទៀតដែលគេចាប់អារម្មណ៍ដែរគឺថ្នាក់ដឹកនាំប្រទេស ២, ៣ហ្នឹង គឺ ចង់ឲ្យកូនរបស់ខ្លួនហ្នឹងឡើងកាន់អំណាចបន្តដូច មូបារ៉ាក់ ដូច ហ្កាដាហ្វ៊ីអញ្ចឹងបាទ គឺគិតគូរតែក្រុមគ្រួសារខ្លួនឯង។ អាហ្នឹងជាកត្តាដែលខឹងសម្បារដែរ»។ លោកបណ្ឌិត ឡៅ ម៉ុងហៃបានអះអាងថារដ្ឋាភិបាលកម្ពុជាគួររកវិធានការដោះស្រាយបានដើម្បីទប់ស្កាត់ការបះបោរ។ លោកបានពន្យល់ពីបទពិសោធដ៏លំបាក នៃតម្រូវការក្រោយពេលដែលផ្លាស់ប្តូរមេដឹកនាំក្នុងប្រទេសមួយចំនួន ដែលមានការបះបោរក្នុងប្រទេសដែលផ្តាច់ការ។ «ហើយជាពិសេសក្នុងរបបមួយដែលឥតមានលទ្ធិប្រជាធិបតេយ្យគឺរបបផ្តាច់ការខ្វះខាតអ្នកនយោបាយ ស្ថាប័ននយោបាយដើម្បីទៅជំនួស។ ឥឡូវនេះគឺថា អ្នក ទៅជំនួសដូចជារដ្ឋាភិបាល រដ្ឋមន្ត្រីនៅអេហ្ស៊ីបអញ្ចឹងគឺថា សុទ្ធតែមនុស្សដែលជំនាន់មុនដដែលៗនៅទុយនីស៊ីក៏អញ្ចឹង។ ម៉្លោះហើយមានបាតុកម្មបន្តទៀតដើម្បីសុំទម្លាក់មន្ត្រីឬនាយករដ្ឋមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងរបបមុន ហើយឲ្យ ដាក់មនុស្សថ្មី។ ប៉ុន្តែវាពិបាករកមនុស្សថ្មី ព្រោះរបបហ្នឹងមិនឲ្យមានមនុស្សថ្មី។ មនុស្សណាដែលឯករាជ្យ មនុស្សដែលធ្វើនយោបាយប្រឆាំងអីវាអត់ឲ្យមាន។ម្ល៉ោះហើយខ្លួនឯងរលំទៅប្រទេស វាអត់មាន ស្ថាប័នអីក៏អត់មាន។ អង្គការ សង្គមស៊ីវិល គណបក្សប្រឆាំងដែលរឹងមាំទៅជំនួសបានគឺអត់មាន»។ លោក ឡៅ ម៉ុងហៃ បានបន្ថែមទៀតថាក្នុងស្ថានភាពកម្ពុជានោះ រដ្ឋាភិបាលគួរតែបង្រួមគម្លាតរវាងអ្នកមាននិងអ្នកក្រជាពិសេសថ្នាក់ដឹកនាំហើយនឹងបង្កើត ការងារធ្វើក្នុងចំណោមយុវជនក្រៅពីដោះស្រាយបញ្ហាប្រឈមមុខរបស់កម្ពុជាផ្សេងៗទៀត៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |