Koh Santipheap Daily

Koh Santipheap Daily


ក្មេង​ស្រី​ពីរ​នាក់​​ស្ទើរ​តែ​​​ក្លាយ​ជា​ទំនិញ​​គេ​យក​ទៅ​លក់

Posted: 11 Mar 2011 03:06 AM PST

ក្មេង​ស្រី​ជំទង់​​ពីរ​នាក់​​ត្រូវ​​​គេ​សង្ស័យ​ថា មាន​គេ​ល្បួង​ប្រុង​នាំ​​យក​ទៅ​លក់

រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​ជំទង់​​ពីរ​នាក់​​បាន​នាំ​គ្នា​​ជិះ​ម៉ូតូ​​​ដោយ​អត់​ពាក់​មួក​សុវត្ថិ​ភាព និង​​អត់​កញ្ចក់​​មើល​ក្រោយ​ លួច​ចេញ​ពី​ផ្ទះ​​ឯ​ខេត្ត​​កំពង់​ចាម​មក​ភ្នំពេញ ដែល​ត្រូវ​​​គេ​សង្ស័យ​ថា មាន​គេ​ល្បួង​ប្រុង​នាំ​​យក​ទៅ​លក់ ប៉ុន្តែ​​សំណាង​ល្អ​ពេល​ទៅ​ដល់​​ចំណុច​​គោល​ដៅ​ប៉ូលិស​ខណ្ឌ​ដង្កោ​ឈរ​ជើង​ ប៉ូលិស​ក៏​បាន​​ឃាត់​​ដើម្បី​សួរ​នាំ ។ ពេល​នោះ​ពួក​គេ​បាន​និយាយ​កុហក​ប៉ូលិស​ថា ពួក​គេ​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​ភ្នំពេញ​ដើម្បី​រក​ការ​ងារ​ធ្វើ​ដោយ​ឪពុក​ម្តាយ​​ដឹង​​​ឮ​​ទាំង​អស់​ លុះ​ក្រោយ​​ពេល​ប៉ូលិស​​ឃាត់​បាន​ប៉ុន្មាន​ម៉ោង​​​ស្រាប់​តែ​​លេច​មុខ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​​ជិះ​ម៉ូតូ​​កង់​​៣​មួយ​គ្រឿង​​ទៅ​សួរ​រក​ដោយ​អះ​អាង​ថា ពួក​គេ​​បាន​​លួច​ចាក​ចេញ​ពី​ផ្ទះ​រយៈ​ពេល​១​យប់​១​ថ្ងៃ​មក​ហើយ ។

​បុរស​-​ស្ត្រី​ទាំង​ពីរ​នាក់ គឺ​ជា​ឪពុក​ម្តាយ​របស់​ក្មេង​​ស្រី​ជំទង់​ម្នាក់​ក្នុង​ចំណោម​​​ពួក​គេ​ទាំង​ពីរ​នាក់​នោះ ហើយ​បន្ទាប់​ពី​រក​កូន​ឃើញ​ពួក​គាត់​ក៏​បាន​ជួល​ម៉ូតូ​​កង់​៣​ដឹក​ត្រឡប់​​ទៅ​ផ្ទះ​វិញ ។ ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១ នៅ​លើ​​​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​កែង​ផ្លូវ​លេខ​២០០៤ ភូមិតា​ងួន សង្កាត់​កាកាប ខណ្ឌ​ដង្កោ។ ក្មេង​ស្រី​ជំទង់​ទាំង​ពីរនាក់​នេះ ម្នាក់​ឈ្មោះ​សុទំ ប៉ាត់​ទីម៉ា អាយុ​១៥ឆ្នាំ ​ជា​សិស្ស​​ថ្នាក់​​ទី​៨ ​វិទ្យា​ល័យ​​បែក​អន្លូង ឪពុក​ឈ្មោះ​សែន សុទំ អាយុ​៤៩​ឆ្នាំ ម្តាយ​ឈ្មោះ​កែវ គឹម​លន អាយុ​៤៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​គីឡូ​១០ ឃុំ​អារក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម ​ចំណែក​ឯ​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ​​ត្រេង ធី អាយុ​​១៥​ឆ្នាំ​ដែរ ​តែ​បាន​លាក់​លៀម​មិន​ប្រាប់​​ឈ្មោះ​ឪពុក​ម្តាយ​ទេ ​និង​មាន​ទីលំ​នៅ​ក្នុង​​​ភូមិ​​ជា​មួយគ្នា។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​​មាន​ការ​ឃាត់​សួរ​នាំ​គេ​បាន​ឃើញ​ក្មេង​ស្រី​ជំទង់​​​២​នាក់​នេះ ជិះ​ម៉ូតូ​ម៉ាក​​វ៉េវ​១​គ្រឿង​ពណ៌​ខ្មៅ អត់​ស្លាក​លេខ​​ និង​អត់​ពាក់​មួក​​សុវត្ថិ​ភាព​ ​ប្រឡាក់​​​​​ដី​ក្រហម​ស្រមក​ ។ ពួក​នាង​​ធ្វើ​ដំណើរ​ក្នុង​​ទិស​ដៅ​ពី​លិច​ទៅ​កើត លុះ​​​ទៅ​ដល់​ចំណុច​គោល​ដៅ​ប៉ូលិស​ខាង​លើ​ ប៉ូលិស​​ក៏​បាន​​ឃាត់​ដើម្បី​ធ្វើ​ការ​​សាក​សួរ ។ មុន​ដំបូង​ពួក​នាង​បាន​ភូត​កុហក​ថា ដើរ​រក​ការ​ងារ​ធ្វើ​ ប៉ុន្តែ​​បន្ទាប់​​ពី​​មើល​ទៅ​មិន​គួរ​ឱ្យ​ទុក​ចិត្ត ទើប​ប៉ូលិស​​នាំ​ទៅ​កាន់​​ប៉ុស្តិ៍​កាកាប ដើម្បីសួរ​នាំ​បន្ត​ទៀត​ ។ ក្រោយ​​ពេល​ប៉ូលិស​សួរ​នាំ​តាម​ជំនាញ ទើ​ប​ធ្លាយ​រឿង​មាន​​បុរស​ម្នាក់​ទិញ​​ទូរស័ព្ទ​១​គ្រឿង ​ឱ្យ​ពួក​នាង​ប្រើ​ ប៉ុន្តែ​ទូរស័ព្ទ​នោះ​បុរស​ខាង​លើ​បាន​ឱ្យ​មិត្ត​ភក្តិ​​របស់នាង​យក​ទៅ​ឱ្យ​​គឺ មិន​បាន​​យក​ទៅ​ឱ្យ​​ផ្ទាល់​​ដៃ​ទេ ហើយ​បុរស​នោះ​​បាន​ផ្តាំ​ថា ពេល​ដែល​រូប​គេ​​​ហៅ​ចូល​និយាយ​​គ្នា​រួច ​សុំ​ឱ្យ​ពួក​​នាង​លុប​លេខ​របស់​ខ្លួន​ចោល​ទៀត​ផង ។

​ប្រភព​ដដែល​បន្ត​ថា ​លុះ​​នៅ​ថ្ងៃ​ទី​១០ មីនា ពួក​នាង​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​​ចាក​ចេញ​ពី​ស្រុក​កំណើត​ ដើម្បី​​ទៅ​ជួប​បុរស​អ្នក​ទិញ​ទូរស័ព្ទ​ឱ្យ​នោះ ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា ​ខណៈ​ទៅ​ដល់​​ខាង​លិច​ផ្សារ​ពោធិ​ចិន​តុង​ក៏​ត្រូវ​ប៉ូលិស​ឃាត់​​តែ​ម្តង ។ ទោះ​បី​ជា​បែប​ណា ​ក្មេង​ស្រី​ជំទង់​ទាំង​​ពីរ​នាក់​នោះ​និយាយ​កុហក​ច្រើន​ណាស់ ហើយ​បាន​ព្យាយាម​​លាក់​លៀម​​អត្ត​សញ្ញាណ​បុរស​ដែល​ទិញ​ទូរស័ព្ទ​​ឱ្យ​ទៀត​ផង ។ ប៉ូលិស​​​សង្ស័យ​ថា ក្មេង​ស្រី​ទាំងពីរ​នាក់​​នេះ​​ត្រូវ​បុរស​អ្នក​ទិញ​ទូរស័ព្ទ​ឱ្យ​​នោះ​ល្បួង​នាំ​យក​ទៅ​លក់​ដោយ​កុហក​ពួក​នាង​ថា នាំ​មក​ធ្វើ​ការ​នៅ​ភ្នំពេញ។ ​ម្យ៉ាង​ទៀត​​​តាម​ការ​សាក​សួរ​ពួក​នាង​​​​ចេញ​ពី​​​ស្រុក​មក​មាន​គ្នា​៤​នាក់ ដោយ​មិន​ឱ្យ​ឪពុក​ម្តា​យក្រុម​គ្រួសារ​ដឹង​ទេ ​ដែល​នេះ​គឺ​ជា​​ការ​រៀប​ចំ​​​របស់​ជន​ម្នាក់​នោះ ហើយ​ពេល​មក​ដល់​ភ្នំពេញ ក្មេង​ស្រី​២​នាក់​ទៀត ​បាន​បែក​ទៅ​កន្លែង​ផ្សេង​​នៅ​សល់​ពួក​​នាង​២​នាក់ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គ្មាន​ទិស​ដៅ​ ហើយ​ក៏​ត្រូវ​ឃាត់​សួរ​នាំ​​តែ​ម្តង ។

ចំណែក​​ឪពុក​ម្តាយ​​ក្មេង​ស្រី​នោះ​បាន​និយាយ​ថា ​ពួក​​គាត់​បាន​ចាក​ចេញ​មក​ភ្នំពេញ ដើម្បី​ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រយៈ​ពេល​៣​ខែ​មក​ហើយ ដោយ​ទុក​កូន​ស្រី​ឱ្យ​​នៅ​ជា​មួយ​បង​ប្អូន​ឯ​ស្រុក ។ ​ពួក​គាត់​មិន​ដែល​ដឹង​ថា កូន​ស្រី​​ប្រើ​ទូរស័ព្ទ​​ទេ ព្រោះ​កន្លង​មក​កូនស្រី​គ្មាន​ទូរស័ព្ទ​​ឡើយ ​ហើយ​នៅថ្ងៃ​កើត​ហេតុ​​បង​របស់​ពួក​គាត់​បាន​ទូរស័ព្ទ​​ប្រាប់​ថា កូន​របស់​គាត់​បាន​បាត់​ពី​ផ្ទះ​​​១​យប់​ហើយ​មិន​ដឹង​ទៅ​ណា ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ពួក​​គាត់​មាន​ការ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង លុះ​​ក្រោយ​មក​ទើប​​ទទួល​ដំណឹង​​ថា កូន​​​ស្រី​ត្រូវ​ប៉ូលិស​​ខណ្ឌ​ដង្កោ ចាប់​ឃាត់​​ទើប​​នាំ​គ្នា​​​មក​សុំ​យក​កូន​ត្រឡប់​​ទៅ​ផ្ទះ​វិញ ។ ​ចំណែក​ឯ​បុរស​ជា​ឪពុក​ខឹង​​កូន​ស្រីខ្លាំង​ណាស់ និង​បាន​យក​ទូរស័ព្ទ​​ដែល​ជន​មិន​ស្គាល់​មុខ​ទិញ​ឱ្យ​កូន​ស្រី​នោះ​ទៅ​បោក​កំទេច​ចោល​ទៀត​ផង ៕

ជិះ​ម៉ូតូ​បុក​គូទរថ​យន្ត​ចត​ស្ងៀម​ស្លាប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់

Posted: 11 Mar 2011 02:59 AM PST

ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ឌុប​​គ្នា​ទៅ​បុក​គូទ​រថ​យន្ត​ដែល​ចត​ស្ងៀម​លើ​ចិញ្ចើម​ថ្នល់​
គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​លើ​ផ្លូវ​ជាតិ​លេខ​៥​
​​អ្នក​បើក​ស្លាប់​ភ្លាមៗ ឯ​នារី​ដែល​រួម​ដំណើររង​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​រពេទ្យ​

ខេត្ត​ពោធិ៍​សាត់​ ៖ បុគ្គ​លិក​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​Hello ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ឌុប​​គ្នា​ទៅ​បុក​គូទ​រថ​យន្ត​ដែល​ចត​ស្ងៀម​លើ​ចិញ្ចើម​ថ្នល់​បណ្តាល​ឱ្យ​​អ្នក​បើក​ស្លាប់​ភ្លាមៗ ឯ​នារី​ដែល​រួម​ដំណើររង​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​រពេទ្យ​។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​លើ​ផ្លូវ​ជាតិ​លេខ​៥​ត្រង់​ចំណុច​​មុខ​ទី​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្ថិត​ក្នុង​ភូមិ​សា​​លា​គំរូ​ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍​សាត់​ កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១០ មីនា ២០១១​។

ប៉ូលិស​ចរាចរ​ក្រុង​ពោធិ៍​សាត់​ឱ្យ​ដឹង​ថា រថ​យន្ត​នោះជា​រថ​យន្ត​កង់​៦​ចំណុះ​ពីរ​តោន​កន្លះ​ពណ៌​ផ្ទៃ​មេឃ​ ពាក់​ស្លាក​លេខ​ទ០០៨៥​ភព​៣​។ ចំណែក​ជន​រងគ្រោះ​២​នាក់​នោះ​ម្នាក់​ឈ្មោះ​ម៉ឹង នៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ និងម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​ឈ្មោះ​ឈាន មករា ភេទ​ស្រី អាយុ​២០​ឆ្នាំ បាន​ផុង​មុខ​នឹង​ដែក​ទ្រុង​រថ​យន្ត​ចេញ​ឈាម​គួរ​ឱ្យ​រន្ធត់​ត្រូវ​គេ​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ តែ​​សង្ឃឹម​រស់​តិច​បំផុត​។ ទាំង​ពីរ​នាក់នេះ​​រស់​នៅ​ភូមិ​បេង​ ឃុំ​ស្នា​អន្សា​ ស្រុក​ក្រគរ​ ជា​បុគ្គ​លិក​បំរើ​ការ​ងារ​ឱ្យ​ក្រុម​ហ៊ុន Hello ជិះ​ម៉ូតូ​សេ​១២៥​ ស៊េរី​២០០៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍​សាត់​១​A៧១៧៣។

តា​ម​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​និយាយ​ថា គេ​ឃើញ​រថ​យន្ត​នោះ​ធ្វើ​ដំណើរ​​ពី​កើត​ទៅ​លិច​ ហើយ​​ឈប់​នៅ​ពីមុខ​ទី​ស្នាក់​ការ​គណ​បក្ស​តាំង​ពី​ម៉ោង​ប្រហែល​១០​ទៅ​១១​ព្រឹក​។ ពេល​នោះ​មាន​​មនុស្ស​២​នាក់​ទំនង​ជា​អ្នក​បើក​បរ​​ និង​ព្រូ​បាន​ជួស​ជុល​រហូត​ដល់​ម៉ោង​ប្រហែល​២​ទៅ​៣​រសៀលទើប​ចេញ​ទៅ​​បាត់​ទុក​រថ​យន្ត​នៅ​ទី​នោះ​។ លុះក្រោយ​​មកកើត​មាន​គ្រោះ​ថ្នាក់​នៅ​ទី​នោះ​តែ​ម្តង​។ 

ទោះ​បី​ពុំ​មាន​អ្ន​កឃើញ​ហេតុ​​ការណ៍​ច្បាស់​លាស់​ក៏​ដោយ​ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា អ្នក​បើក​ម៉ូតូ​អាច​ចាំង​ពន្លឺ​ថ្ងៃ​មើល​រថ​យន្ត​ចត​ពីមុខ​មិន​ឃើញ ខណៈ​គេ​បើក​ក្នុង​ល្បឿន​លឿន​ហួស​កំណត់​ ហើយ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ​។ ម្យ៉ាង​ទៀត​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ដល់​ចំណុច​នោះ​​អាច​មាន​រថ​យន្ត​តូច​-ធំ​មក​ពីមុខ ហើយ​មិន​អាច​គេច​ទៅ​ណា​បាន​ក៏​​ងាក​ចង្កូត​មក​វិញ​បុក​រថ​យន្ត​ដែល​ចត​ខាង​ស្តាំ​ដៃ​នោះ​ពេញ​ទំហឹង​តែ​ម្តង។

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា នៅ​មុន​នោះ​ប្រហែល​កន្លះ​ម៉ោង​ នៅ​ចំណុច​ខាង​កើត​កន្លែង​កើត​ហេតុ​នោះ​ចំងាយ​ប្រហែល​២០០​ម៉ែត្រ​មាន​អ្នក​ជិះ​ម៉ូតូ​ឌុប​គ្នា​៣​នាក់​ជិះ​ទៅ​បុក​គល់​ឈើ​បណ្តាល​ឱ្យ​សន្លប់​ទាំង​អស់​គ្នា ។ បន្ទាប់​ពី​គេ​នាំ​យក​ជ​ន​រង​គ្រោះ​មិន​ទាន់​ដល់​មន្ទីរ​ពេទ្យ​ស្រួល​បួល​ផង​ស្រាប់​តែ​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​មួយ​​ករណី​ទៀត ​។​ ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា រថ​យន្តដែល​ចត​ស្ងៀម​​លើ​ចិញ្ចើម​ថ្នល់​នោះ​ជា​រថ​យន្ត​​ដឹក​ទឹកកក​​នៅ​ក្រវាត់​ក្រុង​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ពោធិ៍​សាត់​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​នីតិ​វិធី​ ៕

ប្រឆាំង​​​សាលាឧទ្ធរណ៍​ដែល​សម្រេច​ឱ្យ​​វាយ​​របង​ផ្សារ​​​ព្រែក​ព្នៅ

Posted: 11 Mar 2011 02:56 AM PST

ក្រុម​​​អាជីវករ​​​​ផ្សារ​ព្រែក​ព្នៅ

រាជធានីភ្នំពេញ ៖ អាជីវករ​​ផ្សារ​ព្រែក​ព្នៅ​​បានកើនឡើង​​រហូតដល់​​​៧០០នាក់​ហើយ​ដែល​កើត​​ទុក្ខមិនសុខ​ចិត្ត​​ ​ចំពោះ​ការ​​សម្រេច​របស់​​សាលា​ឧទ្ធរណ៍​​លុបចោល​​​សាលក្រម​​​សាលា​ដំបូង​​រាជ​ធានីភ្នំពេញ​​ដែលអនុញ្ញាត​​ឱ្យ​​​រក្សា​​​​​​របង​​របស់​អាជីវករ​​​​សង់​ឡើង​​ដើម្បី​​ខណ្ឌចែក​​​រវាង​​ផ្សារ​​ឯក​ជន និង​​ផ្សារ​រដ្ឋនោះ ​។ ម្យ៉ាងទៀត​​ក្រុម​​​អាជីវករ​​បាន​​ព្រមាន​​ប្តឹង​ការ​​​ចាញ់ក្តីនេះ​​ទៅ​សម្តេច​​នាយករដ្ឋ​មន្ត្រី​​​ហ៊ុន សែន ​​និង​​​ឧត្តម​ក្រុមប្រឹក្សា​​​នៃអង្គ​​ចៅក្រម​​​ ​ព្រមទាំង​​ព្រះ​មហា​ក្សត្រ​​​ប្រយោជន៍​​ដើម្បីជួយ​​អន្តរាគមន៍​​​រក​យុត្តិ​ធម៌ពិតប្រាកដ​​ដល់​​​អាជីវករ​​ក៏ដូចជា​​​ប្រយោជន៍​រួម​របស់​​ជាតិ​ទាំងមូល​​​ផងដែរ​ ។ ​​​ក្រុម​អាជីវករ​ប្រកាស​ថា ដាច់​ខាត​មិន​​​ឱ្យ​រំលាយ​​របង​ផ្សារ​​ដែល​​សាង​សង់​​​រួចហើយនោះទេ​ ​និង​ហ៊ាន​​​យក​​ឈាមទៅ​ប្តូរ បើសិន​ជា​ជនណា​​ហ៊ាន​ចេញមុខ​ទៅវាយ​​​របងខណ្ឌ​​ផ្សារ​រដ្ឋ និង​ឯក​ជន​​នេះ ។​

កាលរសៀលថ្ងៃទី​​​៩ មីនា ឆ្នាំ​​​​២០១១ ​សាលា​ឧទ្ធរណ៍​​បានប្រកាស​​​សាល​​ដីកា​​បដិសេធ​​​សាលក្រម​របស់​​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ ​ដោយឱ្យ​ម្ចាស់​​ដីឡូត៍ (ផ្សារ​ឯកជន) ឈ្នះក្តី​មួយរយភាគរយ​តែម្តង ​ពោលគឺ​​​​ឱ្យអាជីវ​ករ​​លក់ដូរ​​​៧០០​នាក់ ​នៅផ្សារ​​​​រដ្ឋ​ព្រែក​ព្នៅចាញ់ ក្តីយ៉ាង​​អាម៉ាស់បំផុត ។ ប៉ុន្តែ​​​ស្របពេល​​ដែល​សាលា​​ឧទ្ធរណ៍​​​ប្រកាស​​​ឱ្យ​ចាញ់​នោះ ​​ភ្លាមៗ​​​ក្រុម​អាជីវ​ករ​​ទាំងក្មេង​​ចាស់​ប្រុស-ស្រី​​​​បាននាំគ្នា​​​ទៅ​​ឈរ​នៅ​មុខ​​សាលា​ឧទ្ធរណ៍​​​ស្រែក​​​ខ្លាំងៗ​​ថា ​«មន្ត្រី​​​សាលា​ឧទ្ធរណ៍ពុករលួយ ​កាត់​ក្តី​​​ឱ្យ​បុគ្គល​ម្នាក់​​ពីរនាក់​​ឈ្នះ ​អាជីវករ​​រាប់​រយនាក់​​ចាញ់ ​ព្រោះតែ​​ផលប្រយោជន៍» ។​

​ស្ត្រី​​ឈ្មោះ​គុជ ​ប៊ុនធី ​អាជីវករ​​លក់​​គ្រឿង​ទេស​​​​បានអះអាង​​​ថា ពួកគាត់​​មិន​សុ​ខ​ចិត្ត​​​​ចំពោះ​ការកាត់ក្តី​​​របស់មន្ត្រី​​​សាលា​ឧទ្ធរណ៍​​ដោយ​អយុត្តិ​ធម៌​បែបនេះឡើយ ព្រោះ​​​​​ជា​ច្រើនឆ្នាំ​​​កន្លង​មក​ហើយ ​ដែល​​ម្ចាស់​ដីឡូត៍​​ឈ្នះក្តីនេះ គាបសង្កត់​​អាជីវករ​​ដោយ​បង្ខំ​​​ឱ្យបង់​​លុយ​​ គឺ​គ្រាន់តែ​​លក់​បន្លែ​១កញ្ច្រែង​​​ទារ​រហូត​ដល់​៥.០០០​រៀលឯ​ណោះ​ ​។ ពួក​គាត់​​​លក់​​​ដូរ​នៅមុខ​​ឬក្នុងដីឡូត៍​ពិបាកវេទ​នា​​ប្រមាណ​​​១០​ឆ្នាំ​មកហើយ​ ទើបតែ​នៅក្រោយ​​ផ្សារ​ព្រែក​ព្នៅ​របស់រដ្ឋ​​កើតឡើង ពួកគាត់​​ម​ក​លក់ដូរ​នៅ​ក្នុងផ្សារ​នេះ​​បាន​មាន​​ជីវភាព​​ធូរ​ស្រាល​​ដោយសារតែ​​ផ្សារ​រដ្ឋ​​​យក​​​ថ្លៃ​ឈ្នួល​ថោកបំផុត គឺ​​១ថ្ងៃ​​ត្រឹម​តែ​​​​៨០០​រៀល​ប៉ុណ្ណោះ ។​

​គាត់​បន្ត​ថា ​ក្រុមអាជីវករ​​នឹង​ផ្តិតមេដៃ​​​​ប្តឹង​ដល់ទីបញ្ចប់​ ដោយមិន​​រាថយ​ចំពោះ​​ម្ចាស់​ដីឡូត៍​​នេះទេ ​ព្រោះ​​​សកម្ម​ភាព​របស់ក្រុម​អាជីវករ​​​គឺ​ជាការ​ការ​ពារ​​ផលប្រយោជន៍​​រួម មិន​​ដូច​​​​​កា​រ​សម្រេច​​របស់​​សាលា​ឧទ្ធរណ៍​​បែរ​ជា​​ការពារ​​ផល​ប្រយោជន៍​​បុគ្គល​១នាក់ ២​នាក់​ទៅវិញ។​ ចំពោះ​​​សាល​ក្រម​​​របស់​សាលាដំបូង​​រាជធានី​ភ្នំពេញ​ជា​ការ​ត្រឹម​​ត្រូវបំផុត ​​ហើយ​បើសិន​មិន​​ធ្វើ​​របង​ខណ្ឌ​​​ដីទេ ច្បាស់ជា​​បាត់​ដី​​រដ្ឋ​​ថែមទៀត ៕​

វិទ្យុជាតិ​​កម្ពុជា​-វៀតណាម​សហ​ការ​គ្នា​​ពង្រីក​វិសាល​ភាព​ផ្សព្វផ្សាយ​​ឱ្យ​​កាន់តែ​​ទូលំ​ទូលាយ

Posted: 11 Mar 2011 02:50 AM PST

ប្រធាន​​វិទ្យុ​​សំឡេង​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ ចូល​ជួប​​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ

រាជ​ធានី​ភ្នំពេញ ៖ ​​ព្រឹក​ថ្ងៃ​​ទី​១១ មីនា ​២០១១​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​អនុ​ញ្ញាត​ឱ្យ​លោក​វូ វ៉ាន់​ហៀន ប្រធាន​​វិទ្យុ​​សំឡេង​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ ចូល​ជួប​​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​វិទ្យុ​វៀត​ណាម និង​វិទ្យុ​ជាតិ​កម្ពុជា នៅវិមាន​​​សន្តិភាព​​ទីស្តី​ការ​នាយក​រ​ដ្ឋ​មន្ត្រី​​។

លោក​វូ វ៉ាន់​ហៀន បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​វិទ្យុ​វៀត​ណាម​នៅ​កម្ពុជា​​នា​ពេល​នេះ គឺ​ដើម្បី​សហ​ការ​ជា​មួយ​ក្រសួង​ព័ត៌​មាន​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី​១០ មីនា កន្លង​មក​នេះ លោក​បាន​​ប្រគល់​សម្ភារ​មួយ​ចំនួន​ជូន​ដល់​ស្ថានីយ​វិទ្យុ​ជាតិ​កម្ពុជា​នៅ​ខេត្ត​សៀម​រាប។ ឥឡូវ​នេះ​ វិទ្យុ​ជាតិ​កម្ពុជា និង​​វិទ្យុ​​សំឡេង​វៀត​ណាម​កំពុង​តែ​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គ្នា​ដើម្បី​​ស្រាវ​ជ្រាវ និង​តម្លើង​ប្រព័ន្ធ FM និង AM មួយ​ទៀត។ នៅ​ក្នុង​ន័យ​នេះ កាល​ណា​​តម្លើង​ប្រព័ន្ធ​នេះ​ហើយ វិទ្យុ​ជាតិ​កម្ពុជា នឹង​អាច​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​តែ​ម្តង។ លោក​វូ វ៉ាន់​ហៀន ក៏​បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ​ថា វិទ្យុ​សំឡេង​វៀត​ណាម ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ជួយ​ដល់​វិទ្យុ​ជាតិ​កម្ពុជា​ ក៏​ដូច​ជា​​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ជា​ដើម។

ជា​ការ​ឆ្លើយ​តប សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​​ចំពោះ​វិទ្យុ​​សំឡេង​វៀត​ណាម​ដែល​តែង​តែ​ជួយ​ដល់​វិទ្យុ​ជាតិ​កម្ពុជា ទាំង​ជំនួយ​បច្ចេក​ទេស ទាំង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស។ ក្នុង​ន័យ​នេះ​ផង​ដែរ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​សូម​​ជំរុញ​ឱ្យ​មាន​ការ​ពង្រីក និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​កាន់​តែ​ធំ​ឡើង​ ហើយ​សូម​ឱ្យ​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។ ទន្ទឹម​នេះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ធ្វើ​ការ​ណែនាំ​ដល់​វិទ្យុ​ជាតិ​ ធ្វើ​យ៉ាង​ណា​ឱ្យ​​នាំ​មុខ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​ចរា​ចរណ៍ ឧតុ​និយម និង​ស្ថាន​ភាព​ផ្លូវ​ថ្នល់​នៅ​ពេល​មាន​ទឹក​ភ្លៀង​លិច​ម្តង​ៗ​ ដើម្បី​ជួយ​ដល់​ចរា​ចរណ៍៕

បើក​រថយន្ត​បុក​បង្គោល​​ភ្លើង​បាក់​អស់មួយ​ដើម​ទាំង​ថ្ងៃ

Posted: 11 Mar 2011 02:46 AM PST

បើក​រថយន្ត​បុក​បង្គោល​​ភ្លើង​បាក់​អស់មួយ​ដើម​ទាំង​ថ្ងៃ

រាជធានីភ្នំពេញ​ ៖ ​បង្គោល​ភ្លើង​គោម​បំភ្លឺ​​​ផ្លូវ​​សាធារណៈ​​មួយដើម​ស្ថិត​នៅ​តាម​បណ្តោយ​​មហាវិថី​​ព្រះមុនីវង្ស សង្កាត់​បឹងកេង​កង​ទី​១ ខណ្ឌ​ចំការមន​ បាន​បាក់​ត្រឹម​​​គល់​​ដួល​​​ទៅគង​​លើ​​ដើម​ត្របែក​ព្រៃ​ដោយ​សារ​រថយន្ត​​បុក​។ គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​កើត​ឡើង​​នៅ​វេលា​ម៉ោង​១២​និង​៤០នាទី​​​​ថ្ងៃត្រង់​ថ្ងៃទី​១១ មីនា ឆ្នាំ២០១១ ។​

តាម​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹងថា ​បុរស​ឈ្មោះ​ញឹម ​ឈាង អាយុ​​៥២ឆ្នាំ​ ស្នាក់​នៅ​​សង្កាត់​​​បឹង​ទំពុន​​ ខណ្ឌ​មាន​ជ័យ បាន​បើក​រថយន្ត​ម៉ាក​CRV ​​ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2A-1785 ​​លើ​ដង​​​មហា​វិថីព្រះ​មនីវង្ស​ ​ក្នុងទិស​ដៅ​​ពីជើង​ទៅត្បូង​ លុះ​ដល់​ចំណុច​​កើត​ហេតុ​​ជ្រុល​ចង្កូតទៅ​​បុក​បង្គោល​​ភ្លើង​បាក់​តែម្តង ។

លោក​ញឹម ឈាង ​ឱ្យដឹង​ថា ពេល​គាត់​បើក​រថយន្ត​​ដល់​ចំណុច​​នោះ​ឃើញ​​មនុស្ស​ពោះធំម្នាក់​​​ដើរ​កាត់​មុខ ដូច្នេះ​ហើយ​ទើប​​គាត់​​ទាញ​ចង្កូត​​​គេច​បណ្តាល​ឱ្យ​កើត​គ្រោះ​ថ្នាក់​​នេះ​​​តែម្តង។ ទោះជា​យ៉ាងណាក្តី​ ​ក្រោយ​​ពេល​ហេតុការណ៍​​កើតឡើង​ គាត់​​ពុំ​ឃើញ​មាន​មនុស្ស​ណា​ឆ្លង​កាត់​​មុខ​រថយន្ត​ឡើយ ។ បញ្ហា​​នេះ​គាត់​និយាយ​ថា​ ទំនង​ជា​ខ្មោច​​លង​គាត់​ ។ ផ្ទុយ​ទៅវិញ​ ​បើ​តាម​ប្រភព​ព័ត៌​មាន​​ផ្សេងៗ​ទៀត​និយាយថា​ លោក​ញឹម ឈាង ​ងក់​​ទើប​​បើករថយន្ត​​បុក​បង្គោល​ភ្លើង​​បែបនោះ៕

នែបនិត្យ​ស្នេហា​​​ជិត​១​ឆ្នាំ​ម្តាយប្តឹង​កង​រាជ​អាវុធ​ហត្ថ​​តាម​ចាប់​​ដល់​​ផ្ទះសំណាក់​ក្លាយជា​អ្នកទោស

Posted: 11 Mar 2011 02:43 AM PST

ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​ឈ្មោះ​ង្វៀន យ៉ុងធឹក និងនារី​រងគ្រោះ​​អាយុ​១៨​ឆ្នាំ

ខេត្តកណ្តាល ៖ បុរស​ជន​ជាតិ​​វៀត​ណាម​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​ឃាត់​ខ្លួន​កាល​ពីថ្ងៃទី១០​ មីនា ២០១១ ​ដោយយោង​តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​នារីរង​គ្រោះ​​ដែល​ចោទ​ថា​បានចាប់​កូនស្រី​ដាក់​រថយន្ត​នាំយក​ទៅ​រំលោភ ​សេពសន្ថវៈកាលពីវេលាម៉ោង៨ និង​៤០នាទីព្រឹក​​ថ្ងៃទី៧ មីនា ​២០១១ នៅចំណុច​ភូមិ​ព្រែក​ល្វា ​ឃុំពញាឮ ស្រុកពញាឮ ប៉ុន្តែ​បុរស​ជាប់ចោទ​​បានអះអាង​ថា ​មិនមែនជា​​រឿង​ចាប់​រំលោភ​​​សេពសន្ថវៈ​នោះ​ទេ គឺជារឿង​​ស្នេហា​ផ្អែម​ល្អែម​ដែលពួកគេ​​បានស្និទ្ធ​ស្នាល​​នឹង​គ្នា​​អស់រយៈ​ពេល​​ជិតមួយ​ឆ្នាំមក​ហើយ​។

លោក​អេង ហ៊ី មេបញ្ជា​ការ​រង​ និង​ជា​ប្រធានមន្ទីរ​ស្រាវជ្រាវ​​ និង​យុត្តិធម៌​នៃបញ្ជា​ការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្ត​​​ឱ្យ​​ដឹង​ថា ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​ឈ្មោះ​ង្វៀន យ៉ុងធឹក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានប្រពន្ធ​រស់នៅ​ភូមិ​ជ្រោយ​ដង ឃុំសំរោងធំ ស្រុក​កៀន​ស្វាយ មុខ​​របរ​លក់​ទិញ-ត្រី ។ ចំណែក​​នារី​រងគ្រោះ​​អាយុ​១៨​ឆ្នាំ រស់នៅ​​ឃុំ​រកាកោង ស្រុក​មុខ​កំពូល ។ លោក​ប្រធាន​ការិយា​ល័យ​បានឱ្យ​ដឹង​​ទៀត​ថា ការ​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​វៀត​ណាម​ឈ្មោះ ង្វៀន យ៉ុង​ធឹក ​ធ្វើ​ឡើង​​តាមពាក្យ​បណ្តឹង​របស់ ​ម្តាយ​នារីក្រមុំរង​គ្រោះ​ឈ្មោះឌឿក ដែលបាន​ប្តឹង​ថា កាលពីវេលាម៉ោង​៨ និង៤០​នាទី​ព្រឹក​ថ្ងៃ ទី៧ មីនា​ ឆ្នាំ២០១១ ឈ្មោះ​ង្វៀន យ៉ុងធឹក បាន​​ចាប់​អូស​ដៃ​កូន​ក្រមុំគាត់ចូល​ក្នុងរថយន្តរបស់គេ​​​ខណៈគាត់ និង​កូនស្រី​កំពុង​ដើរ​តាម​ផ្លូវ​មក​ដល់​ចំណុច​ភូមិ​ព្រៃល្វា ឃុំពញាឮ ស្រុក​ពញា​ឮ និង​​មានបក្សពួក​២​នាក់​ទៀត​នៅ​ក្នុង​រថ​យន្ត​ម៉ាក​កាមរី​ ស៊េរី​ឆ្នាំ១៩៨៩ ហើយ​បើក​មក​ភ្នំពេញ បាត់​នាំ​​យកទៅ​រំលោភ​សេពសន្ថវៈ ។

ប៉ុន្តែបើតាម​ចម្លើយ​របស់​ជន​សង្ស័យ​ឈ្មោះ​ង្វៀន​ យ៉ុង​ធឹក ប្រាប់សមត្ថកិច្ច​​ថា ខ្លួន​​និងឈ្មោះ ង្វៀន​​ ថាវ​ ធ្លាប់​ទំនាក់​ទំនង​ស្នេហា​​នឹង​គ្នា​ជិត​​១​ឆ្នាំ​មក​ហើយ និងធ្លាប់​នែប​និត្យ​ជាមួយ​នាង​ជា​ញឹក​ញាប់ផង​ដែរនៅ​នឹងផ្ទះ​របស់នាង​ពេលម្តាយ​​នាង​មិននៅ ។ ​នៅថ្ងៃកើត​ហេតុ​ថ្ងៃទី៧ មីនា ពេល​ខ្លួន​ជិះ​រថយន្ត​​​តាមផ្លូវ​​បាន​ឃើញ​នាង​ដើរជាមួយ​ម្តាយ​នៅ​ស្រុក​ពញា​ឮ ពេលនោះ​ខ្លួន​ក៏​បាន​ឈប់​រថយន្ត​សួរ​នាំ​នាង​ ខណៈនោះ​នាង​បានសុំខ្លួន​ដោយ​​សារ​មកភ្នំពេញ ពេល​មកដល់​ភ្នំពេញ​​នាង​ក៏​បាន​ចុះ​ពីលើ​រថ​យន្ត​​ហើយ​ខ្លួនក៏បើក​​ទៅ​កាន់​​ជ្រៃធំ ស្រុកកោះ​ធំ។ ​លុះ​ព្រឹក​​ឡើង​ថ្ងៃទី៨ មីនា ដដែល​​ក៏ត្រូវ​នាង​ទូរស័ព្ទ​មក​ខ្លួន​សួរ​​ថា នៅឯ​ណា? ​ខ្លួន​ក៏​ប្រាប់ថា នៅ​​​ជ្រៃ​ធំ ស្រុកកោះ​ធំ ពេល​​នោះ​ខ្លួន​​ក៏​បាន​ណាត់​នាងឱ្យ​មក​ជួបនៅ​ទីនោះ​​ពេល​នាង​មក​ដល់​ ខ្លួន​បាន​ជួលផ្ទះ​សំណាក់​នៅ​​ជ្រៃ​ធំ ស្នាក់នៅ​ជាមួយ​គ្នា​ដោយ​​ឱ្យ​តម្លៃ​ផ្ទះ​សំណាក់​ចំនួន​៥០​ដុល្លារ ប៉ុន្តែ​​ស្នាក់​នៅ​​បាន​តែ​ពីរ​ថ្ងៃ​​ប៉ុណ្ណោះ ក៏ត្រូវ​ម្តាយ​នាង​តាមរក​ឃើញ ​និង​​ហៅ​​កង​រាជអាវុធ​ហត្ថ​ចាប់ខ្លួន​តែ​ម្តង ៕

តាម​ស្រឡាញ់​៣​ឆ្នាំ រៀបការ​​​រួច ​យប់​ផ្សំ​ដំណេក​​នា​ងចង.ក​​ស្លាប់​​ចោ​លប្តី​យំបោក​ខ្លួន

Posted: 11 Mar 2011 02:40 AM PST

ផ្ទះដែលទើប​រៀបការ​​រួចនេះ និងរូបតូច​​ស្ត្រីដែលធ្វើ​អត្ត​ឃាត​​ដោយចង.ក
​​នាង​កូនក្រមុំ​​បាន​ធ្វើ​អត្ត​ឃាត​​ដោយចង.ក​សម្លាប់​​​ខ្លួនមុន​​ពេល​ចូល​​បន្ទប់​ផ្សំ​ដំណេក

​ខេត្តបាត់ដំបង​ ៖ ​ក្រោយពី​​ពិធីមង្គ​ល​ការ​ត្រូវបានបញ្ចប់​​ និង​ក្រោយ​ពី​​សាច់ញាតិ​​ និង​ភ្ញៀវ​កិត្តិយស​​​វិលត្រឡប់​​ទៅលំនៅ​ឋាន​​រៀង​ៗ​ខ្លួនរួចមក ​គេ​​សង្ឃឹម​​​គ្រប់​ៗគ្នាថា គូស្វាមី​​ភរិយា​​ថ្មោង​ថ្មី​​​ដែលទើប​រៀបការ​​រួចនេះ​នឹង​បាន​​នែប​និត្យ​​​​យ៉ាង​​សុខសាន្ត​ក្នុងរាត្រី​​ទឹកឃ្មុំ ​​ដែល​គូស្នេហ៍​​​នេះ​បាន​​អត់ធ្មត់​ និងរង់ចាំ​​​យ៉ាង​​អន្ទះសាអស់​រយៈ​ពេល​​​៣ឆ្នាំ​​​មក​​​ហើយ ។ ​ផ្ទុយទៅវិញ ​រាត្រី​​ទឹកឃ្មុំ​​​បែរ​ជា​ក្លាយទៅជា​​រាត្រីសោកសៅ ​និង​រន្ធត់​​​ចិត្ត​ក្រៃលែង ​ដោយសារ​តែ​​នាង​កូនក្រមុំ​​បាន​ធ្វើ​អត្ត​ឃាត​​ដោយចង.ក​សម្លាប់​​​ខ្លួនមុន​​ពេល​ចូល​​បន្ទប់​ផ្សំ​ដំណេក ធ្វើ​ឱ្យស្វាមី​​របស់នាង​​និង​ឪពុក​​ម្តាយ​​​យំសោក​​បោកខ្លួន​​ដូច​​អក​​ព្រាត់​​គូ​​ ។ ​

លោក​​ក្រឹង​ រ៉ាមី ​នាយ​​​​ប៉ុស្តិ៍​នគរ​បាល​ស្តីទី​​​អូរ​ដំបង​​​មួយ​បាន​ប្រាប់កោះសន្តិភាព​​អំពីមូល​ហេតុ​​គួរ​​ឱ្យភ្ញាក់​ផ្អើល​​នេះ​ថា ​បានកើតឡើង​​នៅ​ក្រុមទី​​៦ ​ភូមិ​សំរោងកោង​ ឃុំ​អូរ​ដំបង​​១ ​ស្រុក​សង្កែ ​ហើយនាង​​បានចង.ក​សម្លាប់ខ្លួន​នៅ​វេលា​ម៉ោង​​​៩​និង​​​​១៥នាទី​​យប់ថ្ងៃទី​​​១០ មីនា ​គឺ​ជា​​​រាត្រី​ដែលនាង​​ និងស្វាមី​ត្រូវ​ផ្សំដំណេក ក្រេប​ទឹកឃ្មុំ​​ក្រោយ​ពី​បញ្ចប់​​ពិធីមង្គលការ​របស់​​​ពួកគេ ក្នុង​រយៈ​ពេល​​​២​ថ្ងៃរួចមក ។ ​លោកមេ​ប៉ុស្តិ៍​​ស្តីទី​រូបនេះ​​បាន​ប្រាប់ទៀត​ថា ​នារី​ធ្វើ​អត្ត​ឃាត​ឈ្មោះ​​​​រិទ្ធ ​សំណាង ​អាយុ​​​២០​​ឆ្នាំ និង​​ស្វាមី​របស់​នាង​​ដែល​ទើបរៀប​ការ​​​នេះ​ឈ្មោះ​​​សុខ ជា អាយុ​​​២៣​ឆ្នាំ ។

ជុំវិញហេតុការណ៍​​ដ៏សោកសៅ​​នេះ ​​ម្តាយ​កូន​ក្រមុំ អ្នកស្រី​​​គឿន ​នី អាយុ​​៥៤​ឆ្នាំ ​បានរៀប​រាប់​ប្រាប់សមត្ថកិច្ច​​​ថា គាត់​​​បាន​រៀបចំពិធី​​មង្គ​ល​ការ​​ឱ្យកូនប្រុស-​ស្រី​នេះ​​​នៅថ្ងៃទី​​៩ និង​​​បង្ហើយ​នៅ​រសៀល​​ថ្ងៃទី​​១០ មីនា ​លុះ​នៅ​យប់​ផ្សំដំណេក ​ស្រាប់តែ​​កូនស្រីគាត់​ធ្វើអត្តឃាត​​ខ្លួនឯង ​ដោយ​គ្មាន​អ្នកណា​​ដឹង​ពីមូលហេតុ ​ពិតប្រាកដ​​​ឡើយ ។ ​អ្នកស្រីគឿន ​នី បាន​​ពោលទាំង​​ទឹកភ្នែក​​​ថា ​នៅ​ក្នុង​រាត្រីនោះ​ ខណៈ​ដែល​​​នាងកំពុង​មើល​ទូរទស្សន៍​​ នាងពោល​ថា ​ឈឺពោះ​...​ហើយ​​បាន​ប្រាប់​​​​ស្វាមី​បរស់នាង​ថា ទៅរក​បត់ជើង​បន្តិច​សិន... ​លុះ​ពេល​​​​​ចុះពីផ្ទះក៏​​​ទៅបាត់​រហូត...​គឺ​រហូត​​រកឃើញ​​សព​​ចង.ក​នៅ​នឹង​ដើម​​ឈើ​ក្រោយ​ផ្ទះ​ ៕

កម្ពុជា​ និងកូរ៉េ​​រួម​គ្នា​​ពង្រីក​តំបន់​​ធម្មជាតិ​​បៃ​តង

Posted: 11 Mar 2011 02:31 AM PST

កម្ពុជា​ និងកូរ៉េ​​រួម​គ្នា​​ពង្រីក​តំបន់​​ធម្មជាតិ​​បៃ​តង​

រាជ​ធានី​ភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជា​មួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នាព្រឹក​ថ្ងៃ​ទី​១១ មីនា នៅ​វិមាន​សន្តិ​ភាព​ទីស្តី​ការ​នាយក​រដ្ឋ​មន្ត្រី លោក HAN SEUNG SOO បេសក​ជន​ពិសេស​របស់​លោក​ប្រធានា​ធិបតី​សាធា​រណ​រដ្ឋ​កូរ៉េ​ បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា ​គោល​បំណង​លោក​មក​កាន់​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​នៅ​ពេល​នេះ គឺ​មាន៖

១-​ពាំនាំ​ផ្តាំ​ផ្ញើ​ការ​​សាក​សួរ​សុខ​ទុក្ខ​អំពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​កូរ៉េ​ ជូន​ដល់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

២-​ដើម្បី​បាន​សហ​ប្រតិ​បត្តិ​​ការ និង​​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​បរិ​ស្ថាន ​រវាង​ក្រសួង​បរិ​ស្ថាន​ និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​បៃតង​របស់​កូរ៉េ។

លោក HAN SEUNG SOO បាន​បន្ត​ថា សាធា​រណ​រដ្ឋ​កូរ៉េ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បង្កើត​ធម្ម​ជាតិ​បៃតង ហើយ​វិទ្យា​ស្ថាន​ជាតិ​របស់​កូរ៉េ​ស្រាវ​ជ្រាវ​ធម្ម​ជាតិ​បៃតង​នេះ​បាន​កកើត​ឡើង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​ហើយ ​និង​មាន​បំណង​ចែក​រំលែក​បទ​ពិសោធន៍​លើ​បញ្ហា​នេះ​មាន​កម្ពុជា​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ​និង​បាន​សម្តែង​នូវ​ការ​អប​អរ​សាទរ​ចំពោះ​ការ​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈរវាង​ក្រសួង​បរិ​ស្ថាន​កម្ពុជា និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​កូរ៉េ។ សម្តេច​​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​នេះ ហើយ​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​កំពុង​អភិ​វឌ្ឍន៍ ហើយ​ការ​អភិ​វឌ្ឍ​​នោះ​កម្ពុជា​មាន​ភាព​បៃតង​របស់​កម្ពុជា​ផ្ទាល់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កម្ពុជា​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​ថា  ភាព​បៃ​តង​នេះ​នឹង​អាច​ធ្លាក់​ចុះ និង​ការ​ឡើង​កំដៅ​ដោយ​ភាព​ស្ងួត ដូច្នេះ​កម្ពុជា​បាន​ចែក​តំបន់​ការ​ពារ​ ក៏​ដូច​ជា​តំបន់​អភិ​វឌ្ឍន៍ និង​មាន​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ដើម្បី​ធ្វើ​យ៉ាង​ណា​ពង្រីក​វិសាល​ភាព​តំបន់​ធម្ម​ជាតិ និង​តំបន់​ដាំ​ដុះ​សាជា​ថ្មី​ឱ្យ​បាន​កាន់​តែ​ធំ​​ឡើង៕

ឪពុក​ចុង​ចាប់​រំលោភ​​បាន​សម្រេច​ពី​រ​ដង​មិន​បាន​សម្រេច​ពីរ​​ដង​ប្តឹង​​ប៉ូលិស​ចាប់​ខ្លួន

Posted: 11 Mar 2011 02:26 AM PST

បុរស​ជាឪពុក​ចុង​ម្នាក់​ឈ្មោះ​​​ថោង វណ្ណៈ អាយុ​៤៦​ឆ្នាំ ​ត្រូវ​បាន​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ បុរស​ជាឪពុក​ចុង​ម្នាក់​ឈ្មោះ​​​ថោង វណ្ណៈ អាយុ​៤៦​ឆ្នាំ ​ត្រូវ​បាន​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ បន្ទាប់​ពី​កូន​ស្រី​​​​ដែល​ទើប​​មាន​អាយុ​១៤​ឆ្នាំ ​ដាក់​ពាក្យ​​ប្តឹង​​ចោទ​ប្រកាន់​ពី​​បទ​​ចាប់​រំលោភ​​សេព​សន្ថវៈ​លើ​រូប​នាង​ចំនួន​៤​លើក ​បាន​សម្រេច​២​លើក មិន​បាន​សម្រេច​​​២​លើក។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៨ មីនា ​២០១១ នៅ​ក្រុង​​​សំរោង។

លោក​វរ​សេនីយ៍​ត្រី នួន អេត អធិ​ការ​ក្រុង​សំរោង​ បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ក្មេង​ស្រី​​រង​គ្រោះ​បាន​​ដាក់​ពាក្យ​បណ្តឹង​ចោទ​ប្រកាន់​​ឪពុក​ចុង​របស់​នាង​ថា បាន​ចាប់​រំលោភ​សេព​សន្ថវៈ​លើ​រូប​នាង​ចំនួន​៤​លើក​បាន​សម្រេច​​​២​លើក មិន​បាន​សម្រេច​​​២​លើក ។ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​រួចមក​ ​លោក​បាន​បញ្ជា​​ឱ្យ​កម្លាំង​ប៉ូលិស​​ក្រុង​​ចុះ​ទៅ​​ឃាត់​ខ្លួន​ជន​សង្ស័យ​​ជា​ឪពុក​ចុង​​​​នោះ​​នាំ​​យក​មក​​អធិ​ការ​​ដ្ឋាន​ក្រុង​សំរោង​ដើម្បី​ធ្វើ​ការ​សាក​សួរ ។

​លោក​វរ​សេនីយ៍​ត្រី​បាន​បន្ត​ទៀត​ថា ​​ក្មេង​​ស្រី​រងគ្រោះ​បាន​​រៀប​រាប់​ប្រាប់​សមត្ថ​កិច្ច​ថា នាង​ត្រូវ​​ឪពុក​ចុង​​ចិត្ត​​តិរច្ឆាន​រូប​នេះ​​​ចាប់​រំលោភ​នៅ​នឹង​ផ្ទះចំនួន​២​លើក​ ខណៈ​​ពេល​ម្តាយ​របស់​នាង​មិន​នៅ​​​ តែ​មិន​បាន​សម្រេចទេ ហើយ​​​រូប​នាង​ក៏​មិន​បាន​​ចាំ​ថ្ងៃ​​ខែ​ដែរ​។ បន្ទាប់​​មក​​រូប​នាង​​ត្រូវ​ឪពុក​ចុង​​​​ដដែល​នេះ​ចាប់​រំលោភ​​បាន​សម្រេច​​ចំនួន​២​លើក ដែល​លើក​ទី​១​​នៅ​ក្នុង​ព្រៃ​ចំការ លើក​​ទី​២​នៅ​ក្នុង​ផ្ទះ​ដែល​ម្ចាស់​គេ​ទុក​ចោល​ ទើប​​រូប​នាង​​ស​ម្រេច​ចិត្ត​​​​ដាក់​ពាក្យ​​ប្តឹង​ឱ្យ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​ឪពុក​ចុង​​រូប​នេះ​​យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់ ហើយ​រឿង​ដាក់​ពាក្យ​បណ្តឹង​នេះ​ សូម្បី​តែ​ម្តាយ​​របស់​នាង​ក៏​​នាង​មិន​​​ឱ្យ​ដឹង​ដែរ។

ជន​សង្ស័យ​​ឈ្មោះ​ថោង វណ្ណៈ ​បាន​ឆ្លើយ​​សារ​ភាព​ថា ​ខ្លួន​ពិត​ជា​​បាន​ចាប់​រំលោភ​កូន​ស្រី​​ចុង​ប្រាកដ​មែន ​តែ​នាង​មិន​បាន​ខូច​ខាត​ផ្លូវ​ភេទ​ទេ ដោយ​សារ​​ខ្លួន​ចាប់​រំលោភ​​​មិន​បាន​​​​ស៊ីជំរៅ​ឡើយ។ ទោះ​បី​ជា​បែប​ណា​ក៏​ដោយ យោងតាម​​​ពាក្យ​បណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​ និង​យោង​ទៅ​តាម​​ចម្លើយ​សារ​ភាព​ពី​ជន​សង្ស័យ​​ជា​ឪពុក​ចុង​សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​ឧត្តរ​មាន​ជ័យ ​​ហើយ​ត្រូវ​តុលា​ការ​​សម្រេច​ឃុំ​ខ្លួន​​បុរស​នេះ​​ដាក់​ពន្ធ​នា​គារ​ខេត្ត​សៀម​រាប​បណ្តោះ​អាសន្ន​ រង់​ចាំ​សវ​នា​ការ​ផ្តន្ទា​ទោស​​​ទៅតាម​ផ្លូវ​ច្បាប់៕

ពលរដ្ឋ​​ខ្មែរ​​១០នាក់ ​ដែលគេច​​ពីគ្រាប់​កាំភ្លើង​​ទាហានសៀម​​បានត្រឡប់​​​ចូល​ផ្ទះ​​វិញអស់ហើយ

Posted: 11 Mar 2011 02:23 AM PST

​ខេត្តបន្ទាយមានជ័យ​ ៖ ​ប្រជាពលរដ្ឋ​ខ្មែរ​​​១០​នាក់ ​ដែលបាត់ខ្លួន​ក្រោយ​​​ការ​រត់គេច​​​ពី​ការ​បាញ់រះ​របស់ទាហាន​​​​​ព្រំដែន​​សៀមកាលពីថ្ងៃ​ពុធ ទី​​៩ មីនា កន្លង​មកនេះ បានវិលត្រឡប់​​មក​ដល់​លំនៅឋាន​​ដោយសុវត្ថិភាព​​វិញអស់ហើយ ។ ​បើ​តាម​​​អ្នកយក​ព័ត៌មានកោះសន្តិភាព​​​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ​ក៏បា​ន​បញ្ជាក់​​ឱ្យដឹង​នៅ​​រសៀល​ថ្ងៃសុក្រ ទី​​១១ មីនា នេះដែរ​ថា បុរស​ម្នាក់​​ដែលទាហាន​​​សៀមបាញ់​បាក់ភ្លៅ​​របួសធ្ងន់ ​និង​បាន​​ចាប់ខ្លួនបញ្ជូនទៅ​​ទឹកដីសៀមនោះ មិន​ទាន់​ដឹង​​ដំណឹង​យ៉ាងណា​នោះ​នៅឡើយ​ទេ ។​

នៅពេល​ទាក់ទង​តាមទូរស័ព្ទ​​ដើម្បីសុំ​សេច​ក្តីអត្ថាធិប្បាយ​​​​​ជុំវិញព័ត៌​មាន​​​នេះ​ អភិបាល​ស្រុក​​​បន្ទាយ​អំពិល​​​ លោក​ចាប ហាត បានបង្វែរ​​សំណួរ​​​ឱ្យទៅ​​សួរ​លោក​​​អធិការ​​ស្រុកវិញ ។ ចំណែក​​​លោកហុង ​ចម្រើន ​​អធិការ​​ស្រុក​បន្ទាយ​​អំពិល ​ខេត្ត​ឧត្តរ​មានជ័យ ​មិនអាច​ទាក់ទង​​​​បាន​ទេ នៅ​​​រសៀល​ថ្ងៃសុក្រ​នេះ ដោយទូរស័ព្ទ​​របស់​លោក​​ភ្ជាប់​បាន​​ហើយ ប៉ុន្តែប្រព័ន្ធ​​​​ទូរស័ព្ទ​​​ពិ​បាក​​ឆ្លើយ​ឆ្លង ។​

គួររំលឹក​ថា ​កាលពីវេលាម៉ោង​​​​៤​និង​​៣០នាទី​រសៀលថ្ងៃពុធ ទី​​៩ មីនា ​កន្លងមក​នេះ នៅ​ចំណុច​​​ជប់អង្គញ់​ក្នុង​ទឹកដីឃុំគោក​មន ស្រុក​បន្ទាយ​​អំពិល​​ទាហានឈុត​ខ្មៅ​សៀម ​បានធ្វើការ​បាញ់រះ​ទៅលើ​ប្រជា​ពលរដ្ឋខ្មែរ ​បណ្តាល​ឱ្យ​​មនុស្ស​ម្នា​​ក់​របួសធ្ងន់​​​ក្រោយ​​មក​ត្រូវ​ចាប់ខ្លួន និង​បាត់​ខ្លួន​​ម្នាក់ ហើយ​​មនុស្ស​​​១១​នាក់​ទៀត ​ក្នុង​នោះ​ក៏​​មានរបួសស្រាល​​ម្នាក់​បាន​រត់​រួចមក​ដល់​​​ភូមិ​វិញ ។​

ពលរដ្ឋខ្មែរ​​​ឈ្មោះឈឿន ញូង ភេទ​ប្រុស ​អាយុ​​​៣៨​ឆ្នាំ ​បានរង​របួស​​​បាក់ភ្លៅ ​ហើយ​ត្រូវ​​ទាហាន​​​ឈុតខ្មៅ​​សៀមចាប់​ខ្លួន ចំណែក​​​អ្នក​របួស​​​ស្រាល​ឈ្មោះ​ហៀច ​ភេទប្រុស អាយុ​​២៧​ឆ្នាំ ​ត្រូវបានគេ​បញ្ជូនទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​​បង្អែក​​​ស្រុកមង្គលបុរី ​​ខេត្ត​បន្ទាយ​មានជ័យ​ ។ រីឯ​​ប្រជា​ពលរដ្ឋ​​​១០​នាក់​ផ្សេង​ទៀត ​បានរត់​គេច​ខ្លួន​​រួចពីការបាញ់​​​​សម្លាប់​ដោយ​​កាំភ្លើង​​​ពីក្រុម​​ទា​ហានសៀម​​​ ៕​

ព្រះ​អគ្គីលេប​ត្របាក់​ម៉ូតូ​-កង់​​​ និងរោង​​ស្នាក់នៅ​របស់​កម្មករ​​​រោង​ចក្រ​ Best Way ក្រុងបាវិត

Posted: 11 Mar 2011 02:08 AM PST

ព្រះ​អគ្គីលេប​ត្របាក់​ម៉ូតូ​-កង់​​​ និងរោង​​ស្នាក់នៅ​របស់​កម្មករ​​​រោង​ចក្រ​ Best Way ក្រុងបាវិត​
ព្រះ​អគ្គីលេប​ត្របាក់​ម៉ូតូ​-កង់​​​ និងរោង​​ស្នាក់នៅ​របស់​កម្មករ​​​រោង​ចក្រ​ Best Way ក្រុងបាវិត​

ខេត្ត​ស្វាយ​រៀង​ ៖ ភ្លើង​បាន​ឆាប​ឆេះ​ម៉ូតូ​អស់​ចំនួន​២៦​គ្រឿង និង​កង់​​រាប់​សិបគ្រឿង​​ ព្រម​​ទាំង​សំលៀក​បំពាក់​ របស់​​របរ​ កន្ទេល​ មុង​ភួយ​ ដែល​ជា​​របស់​កម្ម​ករ​​​ស្នាក់​នៅ​ក្នុង​រោង​ចក្រ​​​អស់យ៉ាង​ច្រើន​​គួរ​ឱ្យ​សោកស្តាយ​ កាល​ពី​ថ្ងៃ​ទី​១០​ មីនា ២០១១ វេលា​ម៉ោង​៣ និង​៥០​នាទី​​រសៀល​​ នៅ​រោង​ចក្រ​ដំឡើង​កង់​​របស់​​ក្រុម​ហ៊ុន​ Best Way តំបន់​សេដ្ឋ​កិច្ច​ពិសេស​បាវិត​នៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត​ ក្រុង​បាវិត​។

ទាក់​ទិន​ករណីនេះ​កម្មករ​ម្នាក់​សុំ​មិន​​បញ្ចេញ​ឈ្មោះ​​ប្រាប់​កោះ​សន្តិ​ភាព​ថា អគ្គី​ភ័យ​នេះ​​បណ្តាល​​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​ ក៏​ប៉ុន្តែ​អ្វី​ដែល​កម្មករ​ខឹង​​នោះ គឺ​ពេល​ភ្លើង​ឆាប​ឆេះ​​ម៉ូតូ កង់​ និង​ទ្រព្យ​សម្បត្តិ​ សំលៀក​បំពាក់ កន្ទេល​ មុង ភួយ​របស់​ពួក​គេ​​ បែរ​ជា​ពួក​សន្តិ​សុខ​ក្រុម​ហ៊ុន​ចាក់​សោ​រោង​ចក្រ​មិន​ឱ្យ​កម្មករ​ កម្ម​ការិនី​ចេញ​ទៅ​ជញ្ជូន​​យក​ទ្រព្យ​របស់​ខ្លួន​ចេញ​ពី​ភ្លើង​ទេ ។ ភ្លើង​ឆាប​ឆេះ​អស់​រយៈ​ពេល​ជាង​១០​នាទី​ទើប​បាញ់​ទឹក​ពន្លត់​បាន​។ ភ្លើង​បាន​ឆេះ​រោង​​ដាក់​កង់​ម៉ូតូ និង​កន្លែង​កម្ម​ករ​ស្នាក់​នៅ​ក្បែរ​​អគារ​រោង​ចក្រ​ក្នុង​បរិ​វេណ​រោង​ចក្រ​ Best Way រហូត​ដល់​ម៉ោង​សំរាក ​ម៉ោង​៦​ល្ងាច​ទើប​ឱ្យ​កម្មករ​ចេញ​ពី​ក្នុង​រោង​ចក្រ​។ ​សន្តិ​សុខ​ក្រុម​ហ៊ុន​បាន​រារាំង​មិន​ឱ្យ​អ្នក​យក​ព័ត៌​មាន​ចូល​ទៅ​ជិត​ទី​ធ្លា​​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ឬ​រោង​ចក្រ​​ឡើយ លុះ​ពេល​អ្នក​យក​ព័ត៌​មាន​ទៅ​រក​ការ​បំភ្លឺ​ពី​សមត្ថ​កិច្ច​​​​ទើប​បើក​ឱ្យ​ក្រុម​កម្មករ​ កម្មការិនី​​ចេញ​ពី​រោង​ចក្រ​។ 

បើ​តាម​​មន្ត្រី​រោងចក្រ Best Way ​​ប្រាប់​ឱ្យ​ដឹង​ថា ម៉ូតូ​​២៦​គ្រឿង​ ​ក្នុង​មួយ​គ្រឿងមាន​តម្លៃ​​ចាប់​ពី ​៥០០​ដុល្លារ​ដល់​១.៥០០​ដុល្លារ​ រី​ឯ​កង់​ និង​សំលៀក​បំពាក់​មួយ​ចំនួន​ធំ​មិន​​ដឹង​ជា​គិត​ជា​ទឹក​ប្រាក់​ប៉ុន្មាន​ទេ ។ ​កម្មករ​ពុំ​មាន​តំណាង​សហ​ជីព​ដើម្បី​ជួយ​ចូល​ដោះ​ស្រាយ​ជា​មួយ​ក្រុម​ហ៊ុន​ Best Way ទេ ទើប​មាន​ការ​ព្រួយ​បារម្ភ​ និង​សូម​អំពាវ​នាវ​សុំ​ឱ្យ​​ក្រសួង​ការ​ងារទៅ​​ជួយ​​​ធ្វើ​អន្តរា​គមន៍​​ដោះ​ស្រាយ​សំណង​ដល់​​កម្មករ​តាម​តម្លៃ​ទំហំ​ការ​ខូច​ខាត​ និង​​មាន​ភាពយុត្តិ​ធម៌​ផង។ រហូត​ដល់​​ព្រឹក​​ថ្ងៃ​ទី​១១ មីនា កម្មករ​បាន​ធ្វើ​កូដ​កម្ម​មិន​ចូល​ធ្វើ​ការ​ និង​ក្រោយ​មក​កម្មករ​ដែលមិន​បាន​ទទួល​ផល​ប៉ះ​ពាល់​បាន​សំរេច​ចិត្ត​ចូល​ធ្វើ​ការ​វិញ​​។ ទាក់​ទិន​ករណី​នេះកោះ​សន្តិ​ភាព​​ព្យាយាម​ទូរ​ស័ព្ទ​ទៅ​លោក​អ៊ូ សា​ខឿន តំណាង​ក្រសួង​ការ​ងារ​នៅ​ប្រចាំ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ដែរ​ តែ​លោក​បាន​បិទ​ទូរ​ស័ព្ទ​៕

រញ្ជួយ​ដី​ខ្លាំង​៨,៩​រីស្ទ័រ​នៅជប៉ុន​មាន​រលក​យក្ស​ស៊ូណាមី​កំពស់​ដល់​១០ម៉ែត្រ​បោក​កំទេច​អ្វីៗទាំងអស់

Posted: 11 Mar 2011 01:58 AM PST

​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​

ការរញ្ជួយ​ដី​យ៉ាងខ្លាំង​​បំផុត​មួយ​មាន​កម្លាំង​​​ដល់​ទៅ​៨,៩​​រីស្ទ័រ កើត​មាន​នាថ្ងៃទី១១ មីនា ​នៅភាគ​ឦសាន​ ប្រទេស​​ជប៉ុន​បង្កឱ្យ​​មានស៊ូ​ណា​មី​យ៉ាងសាហាវ​កំពស់​ដល់​ទៅ​១០ម៉ែត្រ ដែល​កំទេច​រាល់អ្វីៗ​ទាំង​អស់​​តាមផ្លូវ​វាយ​ប្រហារ​របស់​​រលក​​យក្ស​ទាំង​នេះ ដែលមាន​ទាំង​ផ្ទះ អគារ​​ទាំង​ឡាយ​ រថ​យន្ត​​ កសិដ្ឋាន​​ និងនាវា... ។

​ទូរ​ទស្សន៍​​រដ្ឋ​ជប៉ុន​ NHK និយាយ​ពី​មនុស្ស​ ស្លាប់​ និង​របួស​ជាច្រើន​នាក់ពិសេស​​ដោយ​សារ​ការបាក់ដី​នៅភាគ​ខាង​ជើង​​ប្រទេស ។ ការ​រញ្ជួយ​ដី​​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​​ក្នុង​នោះ​មានអគារស្តុក​ប្រេងមួយ​នៃរោង​ចក្រ​​ចំរាញ់​ប្រេង​កាតនៅ CHIBA ជិតក្រុង​តូក្យូ ។ ទូរទស្សន៍​​បង្ហាញ​​ពី​រូប​ភាព​​នានា​នៃ​ស្ពានក្រុង​សេនដៃ​ជាទី​ក្រុង​មួយ​​មាន​ប្រជាជន​​១​លាននាក់​ស្ថិត​នៅ​ភាគ​​ខាង​ជើង ត្រូវ​​​រង​ការ​វាយ​​ប្រហារ​ដោយ​រលក​យក្ស​​មាន​កំពស់១០​ម៉ែត្រ ។ ​រលក​យក្ស​មួយ​ទៀត​មាន​កំពស់៧ម៉ែត្រ កើត​មាន​បន្ទាប់ពី​រលក​យក្ស​កំពស់​១០​ម៉ែត្រនោះ ។

​ការ​ប្រកាស​អាសន្ន​ស៊ូណាមី​ត្រូវ​បាន​​ធ្វើ​​ក្នុង​​ផ្នែក​មួ​​យ​យ៉ាង​ធំ​នៃ​ឆ្នេរ​សមុទ្រ​​ប៉ា​ស៊ី​ហ្វិក​​នៅ​កោះ ហុនស៊ូ​ជា​កោះ​សំខាន់​មួយ​របស់​ជប៉ុន ។ នៅ​តៃ​វ៉ាន់​ និងនៅ​ឥណ្ឌូ​ណេ​ស៊ី​ក៏​មាន​ការ​ប្រកាសអាសន្ន​ស៊ូណាមី​ដែរ ។ សាលា​ក្រុង​វ៉ា​កា​យ៉ា​ម៉ា បាន​ចេញ​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​២០.០០០​នាក់ ជា​ការ​​បង្ការ​ចំពោះ​​រលក​ស៊ូណាមី​ថ្មីៗ​ទៀត ។

​ការរញ្ជួយ​ដីនេះ​កើត​មាន​នាវេលាម៉ោង​៥ និង​៤៦​នាទី​ម៉ោង​សាកល​នៅចម្ងាយ​១៣០​គ​.ម ​ខាង​កើត​​ទីក្រុង​​សេន​ដៃក្នុង​ដែន​ទឹក​នៃ​កោះ​ហុន​ស៊ូ ​ក្នុងជម្រៅ​២៤គ.ម​ក្រោម​សមុទ្រ ។ ​នៅ​ទី​ក្រុង​តូក្យូ​អគារ​ទាំង​ឡាយ​ញ័រ​រញ្ជួយ​យ៉ាង​ខ្លាំង​ ។
ទូរទស្សន៍​ NHK បង្ហាញ​រូប​ភាព​ទាំង​ឡាយ​នៃ​ពពក​ផ្សែង​ខ្មៅ​​ហុយ​ចេញ​ពី​អគារ​មួយ​នៅ ODAIBA ​ជាយ​ក្រុង​តូក្យូ ហើយ​ចរាចរណ៍​ផ្លូវ​ដែក​​របស់​រថ​ភ្លើង​លឿន​​ទៅ​កាន់​ភាគ​ខាង​ជើង​ប្រទេស​ត្រូវ​កាត់ផ្តាច់​។ ព្រ​លាន​យន្ត​​ហោះ​ក្រុង​តូក្យូ ណារីតា បាន​ត្រូវ​បិទទ្វារ ។ ផ្សែងខ្មៅ​ក៏​ហុយ​ចេញ​​ផង​ដែរ ពីតំបន់​ឧស្សា​ហកម្ម​មួយ​ក្នុង​​សង្កាត់​ ISOGO នៅ​ជាយក្រុង​យូកូ​ហាម៉ា ។

​ក្រសួង​ការ​ពារ​ប្រទេស​​ជប៉ុន​បាន​បញ្ជា​ឱ្យ​យន្តហោះ​យោធា​៨គ្រឿង​​ហោះឡើង​ ដើម្បី​ ពិនិត្យ​ការខូចខាត ។ មជ្ឈ​មណ្ឌល​នុយ​ក្លេអ៊ែរ ​​និងរោងចក្រ​​ចំរាញ់​ប្រេង​កាតជា​ច្រើន​ត្រូវបិទ​​ ហើយ​​រោងចក្រ​​ស្ល​ដែក​មួយ​កំពុង​ត្រូវ​ភ្លើង​ឆេះ។
​ធនាគារ​ជប៉ុន​សន្យា​ពីជំនួយ​ ដើម្បី​ធានា​ដល់​ស្ថេរភាព​នៃទីផ្សារ  ។

ការរញ្ជួយ​ដី​ដែលកើត​​នា​វេលា​ម៉ោង​​៣​រសៀល​​ម៉ោ​ង​ក្នុង​ស្រុក​ ម៉ោង​៧​ព្រឹក​​ម៉ោង​នៅ​បារាំង​​ធ្វើឱ្យ​​​អគារ​ទាំង​ឡាយ​​នៅក្រុង​តូក្យូ​ញ័រ ​រង្គើរ​​យ៉ាងខ្លាំង ។ ​ការរញ្ជួយ​ខ្លាំង​ដំបូង​មាន​រយៈ​​​ពេល​ជាង​២​នាទី​​ធ្វើ​​ឱ្យ​អគារ​​ទាំង​ឡាយ​​​ញ័រ​រង្គើរ​ចាប់​ពីកំពស់​១ម៉ែត្រទៅ ។ ប៉ុន្មាន​នាទីក្រោយ​មក ​មាន​ការរញ្ជួយ​ខ្លាំង​មួយ​ទៀត ។ ភ្លាមៗ​​ក្រោយ​ការ​រញ្ជួយដី​នេះ​អ្នករបួស​ជា​ច្រើន​ត្រូវ​បានជំរឿន​​ឃើញ ។ កំពង់​ផែ​ និងព្រលាន​យន្ត​ហោះ​ត្រូវ​​បិទ​ក្នុង​ផ្នែក​​មួយ​យ៉ាង​ធំ​របស់​
ប្រទេស ។ អគារ​មួយ​​បាក់​ក្នុង​រាជ​ធានី​​ ព្រម​ទាំង​អ​គ្គ​ី​ភ័យ​ជា​ច្រើន ។​ ការ​ប្រកាស​អាសន្ន​​កំរិត​​​ខ្ពស់​បំផុត​​​ត្រូវ​បាន​ធ្វើ​​ ។ ការប្រកាស​​អាសន្ន​​ស៊ូ​ណាមីធ្វើ​នៅជប៉ុន​ ហ្វី​លី​ពីន ​រុស្ស៊ី ​និង​ប្រជុំ​​កោះ MARTANNES ។

ការរញ្ជួយ​ដី​នេះ​ញ័រ​​កក្រើក​​រហូត​ដល់​ក្រុង​ប៉េ​កាំង​​ ស្ថិត​នៅ​ចំងាយ​២.៥០០​គ.ម ​នាភាគ​ខាង​លិច ។ ​​បណ្តា​និយោ​ជិត​ដែល​ធ្វើ​ការ​​ក្នុង​អគារ​ខ្ពស់​​ទាំងឡាយ​​ក្នុង​រដ្ឋ​ធានី​ចិនរាយការណ៍ពី​ការ​ញ័រ​​រង្គើរ​ តែ​ពុំ​បា​ន​រាយការណ៍​ពីអ្នក​ត្រូវ​​របួស​ឡើយ ។ ​នៅ​កណ្តាល​ក្រុង​តូក្យូ ដំបូល​អគារ​មួយ​បាន​បាក់​ដែល​ក្នុង​អគារ​នោះ​​មាន​និស្សិត​៦០០​នាក់ ​កំពុង​ចូល​រួម​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បណ្តាល​ឱ្យ​និស្សិត​​​ច្រើន​នាក់​ត្រូវ​របួស ។

ជប៉ុន​បាន​​បញ្ជូន​នាវា​ទាំង​ឡាយ​​ ព្រម​ទាំង​​​កង​នា​វា​​​ចម្បាំង​​ទៅ​កាន់​តំបន់​ MIYAGI ​ដែល​រង​ការ​ប៉ះ​ពាល់​​ដោយ​ការរញ្ជួយ​ដី​ខ្លាំង​នោះ ។ ​ក្នុង​តំបន់​រង​ការ​ប៉ះ​ពាល់​ដោយ​រលក​យក្ស ​​រូប​ភាព​​ទាំង​ឡាយ​​ថត​តាម​ឧទ្ធម្ភាគ​ចក្រ​​​បង្ហាញ​​តំបន់​​រស់​នៅ​របស់​ប្រជាជន​ត្រូវ​ទឹក​លិច​ទាំង​ស្រុង ​ផ្លូវ​ថ្នល់​ទាំង​ឡាយ​ត្រូវ​​រលក​វាយ​ប្រហារ​​ហើយ​រថយន្ត​ ឬ​នាវា​​​ត្រូវ​កម្លាំង​​​រលក​​បោក​នាំ​យក​ទៅ​ជាមួយ​​ ។ គេ​នៅពុំ​​ទាន់​ដឹង​ថា តើ​មាន​ជន​រងគ្រោះ​​ប៉ុន្មាន​នាក់​ឡើយ​បង្ក​ឡើង​​ដោយ​គ្រោះ​មហន្តរាយ​​នេះ ឬ​តើ​ប្រជា​ជន​​អាច​​មាន​ពេល​រត់​ភៀសខ្លួន​​ចេញ​​ទាន់ ឬយ៉ាង​ណា​ឡើយ ។ ​ការ​ខូច​ខាត​ពិត​ជា​មានទំហំ​​ធំ​ធេង​​បំផុត​​រហូត​ដល់​នៅ​តំបន់​​​ឆ្ងាយ​ពី​ចំណុចកណ្តាល ។ អគ្គិសនី​​ត្រូវ​ដាច់ រួច​តំបន់ជា​ច្រើន​នាភាគ​ខាង​ជើង​ជប៉ុន​​រង​ការប៉ះ​ពាល់​ ជា​ពិសេស​ដល់​អគារ​​ប្រមាណ​ជា​៤លាន​ក្នុងតំបន់​ក្រុង​តូក្យូ ។ ​ការ​ប្រកាស​​អាសន្ន​ស៊ូណាមី ​ត្រូវ​បាន​ធ្វើ​ស្ទើរ​តែ​​នៅគ្រប់​តំបន់​ទាំង​អស់​នៃ​ឆ្នេរ​​មហា​សមុទ្រ​​ប៉ា​ស៊ី​ហ្វិក​ក្នុង​នោះ​រួមមាន​អូស្ត្រាលី​ និងអាមេរិក ខាង​ត្បូង ។

  • រញ្ជួយដី​​នៅ​ជប៉ុន​​ចេញ​​ការព្រមាន​​ពី​រលក​ស៊ូណាមី​​សម្រាប់​​២០ប្រទេស​


​ការព្រមាន​ពីរលក​យក្ស​​ស៊ូណាមី ត្រូវបាន​ចេញនៅថ្ងៃទី​​​១១ មីនា ​សម្រាប់ប្រទេស​ចំនួន​​២០ និង​កោះ​នៅ​មហាសមុទ្រ​​ប៉ាស៊ីហ្វិកជា​ច្រើន​ទៀត​ក្រោយពី​ការរញ្ជួយដី​​ដ៏​មាន​ឥទ្ធិពល​​​កម្រិត​​៨,៩​រីស្ទ័រ វាយប្រហារ​​​ឆ្នេរ​​សមុទ្រ​ភាគ​ឦសាន​​ប្រទេស​ជប៉ុន បង្ក​ឱ្យកើត​​រលក​​យក្ស​ស៊ូណាមី ​ធ្វើ​ឱ្យ​​​ញ័រ​រង្គើ​​រ​ស្ពាន​​ ធ្លាក់​រថយន្ត​​ជាច្រើន​គ្រឿង​ចូល​​ក្នុងទឹក​​អណ្តែត​​ត្រៀប​ត្រា និង​​បណ្តាល​ឱ្យ​​ឆេះ​អគារ​​ជាច្រើន​​ផងដែរ ។​ មន្ត្រី​នានា​​ផ្នែក​សង្គ្រោះ​​បន្ទាន់​​​បាន​ព្រមាន​​ពល​រដ្ឋដែល​​រស់នៅ​​តាមបណ្តោយ​​ឆ្នេរស​មុទ្រ​​ក្នុង​​ប្រទេសជប៉ុន​​​​ចាក​ចេញ​​ពី​​ផ្ទះសម្បែង ​ទៅរក​​កន្លែង​មាន​សុវត្ថិភាព ។​

អ្នកស្រាវជ្រាវ​​​ផ្នែកភូមិ​សាស្ត្រ​​សហរដ្ឋអាមេ​រិក​​និយាយ​ថា រលក​​ស៊ូណាមី ​ដែលកើតឡើង​​​ដោយការ​រញ្ជួយដី​​​នោះ​អាច​បង្ក​​​ការ​ខូចខាត​ដល់​តំបន់​​​ឆ្នេរ​សមុទ្រ​​​នៅ​​រដ្ឋ​ហាវ៉ៃ​របស់​អាមេរិក ដូច្នេះ​​ត្រូវចាត់​វិធានការ​​ជា​បន្ទាន់​​ដើម្បី​​​ជួយ​សង្គ្រោះ​​​ជីវិត​មនុស្ស​​​ និង​ទ្រព្យ​សម្បត្តិ​ ។​

គ្រោះ​​​រញ្ជួយដី​​​លើ​កចុងក្រោយ​​ដែលកើត​ឡើង​​​នៅប្រទេស​​ជប៉ុននេះ​ជា​​ការរញ្ជួយដី​​ធ្ងន់ធ្ងរ​បំផុត​​ចាប់តាំងពីការរញ្ជួយដី​​កម្រិត​​​៩រីស្ទ័រ ​កើត​ឡើង​​នៅខេត្ត​​ Aceh ប្រទេស​ឥណ្ឌូណេស៊ី កាល​ពីថ្ងៃទី​​២៦ ធ្នូ ឆ្នាំ​​២០០៤ កន្លង​មក ​បណ្តាល​​ឱ្យ​កើត​​រលក​យក្ស​​ស៊ូណាមី ​ស្លាប់​មនុស្ស​​ជា​ច្រើន​ម៉ឺននាក់ នៅក្នុងប្រទេស​ជាច្រើន ​​ជាប់​​​មហា​សមុទ្រ​​ឥណ្ឌា ។​ ក្រោយពី​​ទទួល​​បានព័ត៌​មាន​​ថា មានបាតុ​ភូត​​គ្រោះរញ្ជួយដី​​ដ៏មាន​ឥទ្ធិពល​​នៅប្រទេស​ជប៉ុន​​ ប្រទេស​កូរ៉េ​​​ខាងត្បូង​​បានបញ្ជូន​​អ្នកជួយ​សង្គ្រោះ​​​​មួយក្រុមទៅ​កាន់ប្រទេស​ជប៉ុន ដើម្បី​​ជួយ​ក្នុង​​ប្រតិបត្តិការ​​ជួយសង្គ្រោះ ។

  • រញ្ជួយដី​នៅ​សេនដៃ ជាការរញ្ជួយ​ខ្លាំង​​បំផុតមួយនៃ​​សតវត្ស​

ការរញ្ជួយដី​​​ថ្ងៃទី​​១១ មីនា នៅ​ភាគឦ​សាន​​​ប្រទេស​ជប៉ុន​ជា​ការ​​រញ្ជួយដី​​ខ្លាំង​បំផុតមួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់​​ប្រទេសនេះ​ ​ចាប់តាំង​ពី​​​១៤០​ឆ្នាំ​មកហើយ​ រួច​ក៏​​ជា​ការរញ្ជួយដី​​យ៉ាង​សាហាវ​​បំផុតមួយនៃ​​សតវត្ស​​ដែរ ។ ​យោង​តាម​​វិទ្យា​ស្ថាន​ភូមិ​​​​វិទ្យា​​​អាមេរិក​ USGS ថា ការ​រញ្ជួយដី​​​នេះ​​មាន​​កម្លាំង​​ដល់ទៅ​៨,៩រីស្ទ័រ ។​

នេះជា​ការរញ្ជួយដី​​​ខ្លាំង​ជាង​​​ការរញ្ជួយដី​​នៅ​​កាន​តូ​​ មានកម្លាំង​​៧,៩រីស្ទ័រ ដែលបណ្តាល​ឱ្យ​មនុស្ស​​​ស្លាប់​​១៤០.០០០​​នាក់ ក្នុង​តំបន់​​ក្រុង​​​តូក្យូ កាលពី​ថ្ងៃទី​​១ កញ្ញា ​ឆ្នាំ​​១៩២៣ ។​ ក្នុងឆ្នាំ​​១៩៣៣ ​ការ​រញ្ជួយដី​​​កម្លាំង​​៨,១​រីស្ទ័រ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​​​៣.០០០នាក់ ​​នៅឆ្នេរ​សមុទ្រ​​​​ភាគ​​ឦសាន​ប្រទេស​ជប៉ុន​​ដែរ ។ ​ក្នុង​ឆ្នាំ ១៩៩៥ ការ​រញ្ជួយដី​​នៅក្រុង​​កូបេ មានកម្លាំង​​​៧,២​រីស្ទ័រ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​ជាង​​​៥.០០០​នាក់ ​ហើយ​បង្ក​​ការខូចខាត​​ដល់​​​១០០ពាន់​លាន​ដុល្លារ ​ដែលនេះ​ជា​គ្រោះមហន្តរាយ​ធម្មជាតិ​​ដែល​​​ញ៉ាំង​ឱ្យ​​​មាន​​ខូចខាត​​​ច្រើនបំផុត​​នៃប្រវត្តិ​សាស្ត្រ ៕​​

ក្រុម​ចោរ​ប្លន់ប្រដាប់​ដោយកាំភ្លើង​​ AK នៅ​ផ្សារ​ពង្រ និង​​ប្លន់​​តាម​ខេត្ត​នានាត្រូវ​​ចាប់​​ខ្លួន និង​បង្ហាញ​មុខ

Posted: 11 Mar 2011 01:29 AM PST

បង្ហាញ​មុខ​​ក្រុម​ចោរ​ប្លន់ប្រដាប់​ដោយកាំភ្លើង​​ AK
ក្នុង​ការ​បង្ហាញ​ជន​សង្ស័យ​ទាំង​៧​នាក់​នេះ
ប៉ូលិស​ក៏​បាន​បង្ហាញ​ភស្តុតាង​យ៉ាង​ច្រើន​ដែល​ពាក់​ព័ន្ធ​ក្នុង​អំពើ​លួច​ប្លន់​នោះ​ផង​ដែរ

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​ព្រឹក​ថ្ងៃ​ទី​១១ មីនា ប៉ូលិស​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​​នគរ​បាល​ខេត្ត​បាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​បង្ហាញ​ជន​សង្ស័យ​៧​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​ កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នៅ​ផ្សារ​​ពង្រ​បាន​លុយ​ជាង​១​ម៉ឺន​ដុល្លារ​ដោយ​សុវត្ថិ​ភាព​។​ ក្នុង​ការ​បង្ហាញ​ជន​សង្ស័យ​ទាំង​៧​នាក់​នេះ​ ប៉ូលិស​ក៏​បាន​បង្ហាញ​ភស្តុតាង​យ៉ាង​ច្រើន​ដែល​ពាក់​ព័ន្ធ​ក្នុង​អំពើ​លួច​ប្លន់​នោះ​ផង​ដែរ ជន​សង្ស័យ ​ទាំង​នេះ​​តែង​តែ​បង្ក​អសន្តិ​សុខ​លួច​ប្លន់​ប្រជា​ពល​រដ្ឋ​​ឆ្លង​ខេត្ត​ឥត​ឈប់​ឈរ​ ហើយ​ស្នា​ដៃ​​របស់ប៉ូលិស​នេះ​​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​សាទរ​យ៉ាង​ខ្លាំង​​​ដោយ​បាន​លើក​គ្នា​ទៅ​ចោម​រោម​​មើល​កក​កុញ​។

ជន​សង្ស័យ​ទាំង​៧​នាក់​ មាន​១-ឈ្មោះ​អៀ តាល់​ ហៅ​ហេង អាយុ​២៩​ឆ្នាំ នៅ​ភូមិ​តា​កែវ​ក្រោម ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់, ២-ឈ្មោះ​ទិន ចយ ហៅ​ឆយ អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​សារ​វ័ន្ត​ ឃុំ​ស្នា​អន្សា​ ស្រុក​ក្រ​គរ​ ខេត្ត​ពោធិ៍​សាត់​, ៣-ឈ្មោះ​មុត ផាន់​នី​ អាយុ​២០​ឆ្នាំ នៅ​ភូមិ​តោ្នត​ញី​ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្តាល​, ៤-ឈ្មោះ​ប៉ុក ស៊ី​ធឿន អាយុ​៣១​ឆ្នាំ នៅ ភូមិ​ស្ថានីយ​ ឃុំ​ស្វាយ​អាត់​ ស្រុក​សំពៅ​មាស​ ខេត្ត​ពោធិ៍​សាត់​, ៥-ឈ្មោះ​សុខ ចាន់​រិទ្ធ​ អាយុ​៣០​ឆ្នាំ​ នៅ​ភូមិ​ទួល​តា​ឯក ឃុំ​ទួល​តា​ឯក ខេត្ត​បាត់​ដំបង​, ៦-ឈ្មោះ​វ៉ែន វាសនា​ ហៅ​ឃុន ឃីម អាយុ​៤២​ឆ្នាំ​ នៅ​ភូមិ​កណ្តាល ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រ​គរ ខេត្ត​ពោធិ៍​សាត់​ និង​៧-ឈ្មោះ​ឡេង អ៊ីម​ ហៅ​ដួង អ៊ឹម ហៅ​ហ៊ឹម ហៅ​សល់​ អាយុ​៤២​ឆ្នាំ រស់​នៅ​ភូមិ​ស្តុក​ឈូក​ ឃុំ​ទំនប់​ធំ​​ ស្រុក​ពញា​ឮ​ ខេត្ត​កណ្តាល​។

ក្រោយ​​​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៧​នាក់​​នេះ​ ប៉ូលិស​​​ដក​ហូត​សំភារ​​​បំរើ​ឱ្យ​ចោរ​កម្ម​មាន​កាំ​ភ្លើង ​​AK បត់​២​​ដើម​​ គ្រាប់​១៨​​គ្រាប់​ និង​បង់​មួយ​ដែល​​១ដើម​ដក​ហូ​ត​បាន​ពី​​ផ្ទះ​ឈ្មោះ​វ៉ែន វាសនា​។ គោ​យន្ត​១​គ្រឿង​​ ម៉ាស៊ីន​​ភ្លើង​មួយ​ កន្ត្រៃ​កាត់​ដែក​២​ ដែក​គាស់​១ ថ្នាំ​បំពុល​ឆ្កែ​១​ថង់​ ម៉ូ​ទ័រ​ស្វាន​៣​គ្រឿង សោ​ម៉ូតូ​៦​ ប្រដាប់​​កាច់​សោ​ម៉ូតូ​២ ស្លាក​លេខ​ម៉ូតូ​៤ កន្ត្រក​ម៉ូតូ​១០ កញ្ចក់​ម៉ូតូ​៥គូ ឡាំង​កូន​សោ​១​ប្រអប់​ ក្បាំង​ម៉ូតូ​២​ ដែក​ដូយ​១​ ស៊ីម​ទូរ​ស័ព្ទ​១៣ ប្រដាប់​កែ​ច្នៃ​លេខ​ម៉ូតូ​១ ម៉ូតូ​ចំនួន​៣​គ្រឿង និង​គ្រឿង​បន្លាស់​ម៉ូតូ​ជា​ច្រើន​ទៀត​។ សំភារ​ខាង​លើ​នេះ​បាន​ដក​ហូត​នៅផ្ទះឈ្មោះ​ឡេង អ៊ឹម ដែល​ជា​មេ​ខ្លោង​។ ក្រៅ​ពី​នេះ​ម៉ូតូ​ចំនួន​៤​គ្រឿង​ទៀត​ក៏​បាន​ដក​ហូត​ពី​ក្រុម​នេះ​ផង​ដែរ​ដែល​សរុប​ម៉ូតូ​ទាំង​អស់​មាន​ចំនួន​៧​គ្រឿង៕

ឆក់​ស្បោង​លុយ​រាប់ម៉ឺន​​​ដុល្លារ​ទើប​បើក​​ពីធនា​គារ​ ខណៈ​រថយន្ត​​ធូរកង់​នៅ​មុខ​​​កន្លែង​ធ្វើការ

Posted: 11 Mar 2011 01:06 AM PST

រូបក្នុងរង្វង់ ស្រ្តីរងគ្រោះ ជាបុគ្គលិក​​អង្គការ​​តាប៊ី​ថា ខេមបូឌា ​
ខណៈ​​​បុគ្គលិក​ម្នាក់នេះ​​ទើប​​វិលត្រឡប់​​មកពី​បើកប្រាក់​ពីធនា​គារ
ស្រ្តីរងគ្រោះបាន​ជិះ​រថ​យន្ត​​ម៉ាក​​ស្តារិច ពណ៌.ស​ ធ្វើ​ដំណើរ​​​​ត្រឡប់​​មក​ពី​បើក​ប្រាក់​​នៅ​ធនាគារ​​

រាជធានីភ្នំពេញ ៖ ​បុគ្គលិក​​អង្គការ​​តាប៊ី​ថា ខេមបូឌា ​ម្នាក់​ត្រូវជនមិនស្គាល់​​មុខ​​​មាន​​គ្នា​​២​នាក់​ចូល​ទៅ​ឆក់​ស្បោង​​​លុយ​៤ម៉ឺន​ដុល្លារ ​​រួច​ហើយ​​ជិះម៉ូតូ​​គេច​ខ្លួន​ទៅបាត់ ខណៈ​​​បុគ្គលិក​ម្នាក់នេះ​​ទើប​​វិលត្រឡប់​​មកពី​បើកប្រាក់​ពីធនា​គារ​ ហើយ​ចុះ​​ពី​លើ​រថយន្ត​​ដែល​សំចត​នៅ​​​មុខ​ទីស្នាក់​ការ​​​អង្គការ​​តាប៊ី​ថា ខេមបូឌា ស្ថិតនៅ​​ផ្ទះលេខ​​​២៣៩ ​ផ្លូវលេខ​​៥១ ​កែង​ផ្លូវ​​លេខ​​៣៦០ ​សង្កាត់​​បឹង​កេង​កងទី​១ ខណ្ឌ​ចំការមន ​វេលា​ម៉ោង​​១១​និង​​២០នាទី​​ថ្ងៃទី​១១ មីនា ២០១១ ។​

តាមប្រភពព័ត៌​មាន​​ទាក់​ទិន​នឹង​អំពើ​​ឆក់​​ស្បោង​​លុយ​ដុល្លារ​ខាង​លើ​នេះ ​​ឱ្យ​​ដឹង​ថា ​មុន​ពេល​​​​​កើត​ហេតុ​ ស្ត្រី​​ឈ្មោះ​​​យី វណ្ណារី អាយុ​​​​៥១​ឆ្នាំ ​​បាន​ជិះ​រថ​យន្ត​​ម៉ាក​​ស្តារិច ពណ៌.ស​ ធ្វើ​ដំណើរ​​​​ត្រឡប់​​មក​ពី​បើក​ប្រាក់​​នៅ​ធនាគារ​​កម្ពុជា​​សាធា​រណៈ​ ស្ថិតនៅ​​តាម​​បណ្តោយ​ផ្លូវ​​ភ្លោះ​វត្ត​ភ្នំ ក្នុង​ភូមិ​​សាស្ត្រ​​ខណ្ឌ​ដូនពេញ ​​ចំនួន​​៥២.០០០​ដុល្លារ ​​ដើម្បី​យក​មកទិញ​​សម្ភារ​ផ្សេងៗផ្គត់ផ្គង់​​ក្នុង​អង្គ​ការ​​ទាំងមូល ។ ​ខណៈ​ពេលមក​ដល់មុខ​ស្នាក់ការ​​អង្គការ​​ ត្រូវ​ជនមិនស្គាល់​​មុខម្នាក់​​ស្លៀក​ពាក់​ស៊ីវិល​​ដើរ​​សំដៅមក​​​រក​រថ​យន្ត​​​របស់គាត់​ធ្វើ​ដូច​ជា​​មនុស្ស​​ស្អាត​បាត​ធម្មតា ។ ប៉ុន្តែ​ខណៈ​​ពេល​ដែល​ស្ត្រី​ឈ្មោះ​​យី វណ្ណារី បើក​ទ្វារ​​​រថយន្ត​​ចុះ​ដី ​ដោយដៃ​យួរស្បោង​​ប្រាក់​ទើប បើក​ពីធនា​គារ​ផងនោះ​ ស្រាប់តែ​​​ជនស៊ីវិល​​ដែល​ដើរ​តម្រង់​​មក​រក​គាត់​ ស្ទុះ​​​ឆក់កាបូប​​​ប្រាក់​​​ពីដៃ ​ដោយ​ថែម​ទាំង​​​​ប្រតាយ​​ប្រតប់​គ្នា​បន្តិចផង...​ពេលបាន​​កា​បូប​ប្រាក់ហើយ​ចោរ​ក៏រត់ឡើង​​ម៉ូតូ​​គ្នា​របស់​គេ ដែល​​បញ្ឆេះ​​ចាំ​ជា​ស្រេច​នោះ​គេច​ខ្លួន​បាត់​​តែម្តង ។

សូមបញ្ជាក់​​​ថា ប្រាក់​នៅ​​ក្នុង​​​កាបូប​​នោះ​៤ម៉ឺន​​ដុល្លារ ។ ​ដោយឡែក​​ប្រាក់​​​​១២.០០០​ដុល្លារ និង​សៀវ​ភៅ​​ធនាគារជ្រុះ​​នៅ​កន្លែង​​​​កើត​ហេតុ​ ដូច្នេះ​​មាន​​ន័យ​ថា លុយ​ទាំង​អស់​​៥២.០០០​ដុល្លារ ត្រូវ​​ចោរ​​ឆក់​​យក​ទៅបាត់​អស់​​៤ម៉ឺនដុល្លារ ៕​

ក្រុម​តំណាង​​រាស្ត្រ​​​គណបក្សសម រង្ស៊ី ​ចុះពិនិត្យ​​ក្រុមហ៊ុន ​ធី & ភី ដែលមាន​​ពលការិ​នីស្លាប់ និង​​រំដោះក្មេងស្រី

Posted: 11 Mar 2011 12:37 AM PST

​ក្រុម​តំណាង​​រាស្ត្រ​​​គណបក្សសម រង្ស៊ី ​ចុះពិនិត្យ​​ក្រុមហ៊ុន ​ធី & ភី

រាជធានីភ្នំពេញ ៖ ​តំណាង​​រាស្ត្រ​​គណបក្ស​​សម រង្ស៊ី ​មានលោក​ស្រី​មូរ សុខហួរ, សុន ឆ័យ, យឹម សុវណ្ណ និង​អភិ​បាល​​​ខណ្ឌ​សែនសុខ ​​លោក​ឃួង ស្រេង បានចុះ​​ទៅពិនិត្យ​​​មើល​ក្រុម​ហ៊ុន​ ធី & ភី​ (​ក្រុមហ៊ុន​​​នាំ​ពលករ-ពលការិនី​ទៅធ្វើ​ការ​​នៅ​ក្រៅប្រទេស) ដែលធ្លាប់​​​មានពលការិនី​​ដេក​ស្លាប់ និង​ពលការិនី​ខ្លះទៀត​លោតពីលើ​អគារ ​រង​របួស​​ធ្ងន់ធ្ងរ និងការចុះ​ពិនិត្យ​​មើល​ក្រុម​ហ៊ុន​នេះ​ផងដែរ គឺ​ក្រុម​​តំណាង​រាស្ត្រ និង​លោក​អភិ​​បាល​​ខណ្ឌ​​បានស្វះ​ស្វែង​​រំដោះ​​ក្មេង​ស្រីម្នាក់​ (ពល​ការ​ិនី​​មិនទាន់​​គ្រប់អាយុ) ចេញពីក្រុមហ៊ុន​​នេះ ផងដែរ។

លោក​អភិបាល​​ខណ្ឌ​សែន​​សុខឃួង ស្រេង បាន​មានប្រសាសន៍​ថា ​​ការ​ស្លាប់​របស់​​ពល​ការិនី និងការ​​លោតពី​លើអគារ​បណ្តាល​ឱ្យ​រង​របួស គឺបង្ហាញ​​ច្បាស់​ណាស់ថា ក្រុមហ៊ុន​​ខ្វះ ការ​យក​ចិត្តទុក​ដាក់​​ចំពោះ​​ពល​ការិនី​ដែល​ស្នាក់នៅ​​ត្រៀម​​​ចេញ​ទៅ​បម្រើ​ការ​នៅ​ក្រៅ​ប្រទេស ។ ចំពោះ​ការ​បិទ​អាជីវ​កម្ម​​ដំណើរ​ការ​របស់​ក្រុម​ហ៊ុន​​នេះ គឺ​អាជ្ញាធរ​រង់ចាំ​​ការ​សម្រេច​ពី​តុលា​ការ​ ​តែ​ប៉ុណ្ណោះ​។ លោក​​សុន ឆ័យ ​តំណាង​រាស្ត្រ​​​មកពី​គណ​បក្ស​​សម រង្ស៊ី ​​បាន​​​​ប្រាប់​​​ថា ការ​ចុះ​​មក​​ក្រុមហ៊ុន ភី & ធី នេះ​គឺ​​ដើម្បី​​​​រំដោះក្មេង​ស្រី​​ដែល​ចង់​ត្រឡប់​​​ទៅផ្ទះ​វិញ ​បន្ទាប់មក​​ពិនិត្យ​មើល​លក្ខណ​សម្បត្តិ​​របស់​ក្រុមហ៊ុន​នេះ​ថា តើ​មាន​បរិស្ថាន​​យ៉ាង​ម៉េច? ​ក្រុមហ៊ុន​​​​ធ្វើការ​ជាមួយ​ពលការិនី​​ដោយ​របៀប​ម៉េច និង​ពិនិត្យ​​ទៅលើ​ពលការិ​នី​​​ដែល​មក​ស្នាក់នៅ​​ក្នុង​​ក្រុមហ៊ុននេះ​​​​ ​។​

​លោក​​សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា​ ការ​ចុះ​​មក​​​អង្កេត​​​របស់​​ក្រុម​​អ្នក​​តំណាង​​រាស្ត្រ​នា​ពេលនេះ​​គឺ​ឃើញ​​ថា ក្រុម​ហ៊ុន​នេះមិន​មានភាព​ប្រក្រតី​​ទេ ​​មានក្មេង​ស្រី​​មិនទាន់​គ្រប់អាយុ​​ និង​​មាន​ការ​ធ្វើ​​របងព័ទ្ធជុំវិញ​​​ដូចជា​គុកព្រៃ.ស​​។ ​ការស្លាប់​​របស់នារី​ម្នាក់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ​មិនមែន​​ស្លាប់​ដោយ​សារ​គាំងបេះដូងនោះទេ គឺ​ស្លាប់​ដោយ​​សារ​​ថប់ខ្យល់​​ច្រើន​ជាង​ ព្រោះពេល​​​ក្រុម​​អ្នក​តំណាង​រាស្ត្រ​ចូល​​ពិនិត្យ​​បន្ទប់​ស្នាក់នៅ​​​រក​ឃើញ​​ថា គ្រប់​​​​បន្ទប់​​​មាន​មនុស្ស​​​ដេក​​៣០​នាក់ ហើយ​បន្ទប់​​នោះតូច​​ចង្អៀត គឺមានក្លិន​​​មិនល្អ ​ថប់​ខ្យល់ អាច​បណ្តាល​​ឱ្យ​​ពលការិនី​​ទាំងនោះ​ពល​បរិស្ថាន​សន្លប់ និង​ខ្យល់​គរ​ដួលស្លាប់​​ក៏​មាន​៕

យេ​ម៉ែន ៖ ប្រធានា​ធិបតី​សា​េឡហ៍​ស្នើ​រដ្ឋ​ធម្ម​នុញ្ញ​​ថ្មី​មួយ

Posted: 11 Mar 2011 12:32 AM PST

ប្រធានា​ធិបតី​យេម៉ែន​ លោក​អាលី​ អាប់​ដាល់​ឡាហ៍ សា​ឡេហ៍​ បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី​១០ មីនា ពី​ការ​តាក់​តែង​រដ្ឋ​ធម្ម​នុញ្ញ​​ថ្មី​មួយ​ដែល​ធានា​ឯក​រាជ​ភាព​របស់​សភា និង​របស់​តុលា​ការ​ ក៏​ប៉ុន្តែ​បាតុ​ករ​ជាច្រើន​ពាន់​នាក់​ដែល​មាន​កំហឹង​នៅ​តែ​បន្ត​ហែ​ក្បួន​តាម​ដង​វិថី​ដើម្បី​ទាម​ទារ​ការ​ចាក​ចេញ​ពី​អំណាច​របស់​លោក​។
បណ្តា​មេ​ដឹក​នាំ​ប្រឆាំង​បាន​បដិ​សេធ​​សំណើ​នេះ​របស់​ប្រធានា​ធិបតី​យេ​ម៉ែន​ដោយ​អំពាវ​នាវ​ឱ្យ​មាន​បាតុ​កម្ម​ធំៗ​នា​ថ្ងៃ​ទី​១១ មីនា​ ១​ខែ​ក្រោយ​ចាប់​ផ្តើម​ចលនា​តវ៉​មកា​។
ក្នុង​ស្តាត​មួយ​នៃ​ទី​ក្រុង​សា​ណា​ រដ្ឋ​ធានី​យេ​ម៉ែន​​ មុខអ្ន​ក​គាំ​ទ្រ​​លោក​ជា​ច្រើន​ពាន់​នាក់​ លោក​អាលី​អាប់​ដាល់​ឡាហ៍ សា​ឡេហ៍ ដែល​កាន់​អំណាច​ចាប់​តាំង​ពី​៣២​ឆ្នាំ​មក​ហើយ​សន្យា​ថា​ រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​នឹង​តាក់​តែង​ចាប់​ពី​ពេល​នេះ​ទៅ​រហូត​ដល់​ដំណាច់​ឆ្នាំ​ ហើយ​នឹង​ធានា​ដល់​ការ​ចែក​គ្នា​ដាច់​រវាង​រដ្ឋ​អំណាចនីតិ​បញ្ញត្តិ​ និង​នី​តិ​ប្រតិ​បត្តិ​។ ប្រធានា​ធិបតី​យេ​ម៉ែន​ក៏​សន្យា​​ផង​ដែរ​ពី​ការ​បោះ​ឆ្នោត​សភា​ និង​ការ​បង្កើត​រដ្ឋា​ភិ​បាល​ថ្មី​មួយ​រហូត​ដល់​ដើម​ឆ្នាំ​២០១២​។ លោក​បន្ត​ថា លោក​បាន​ចេញ​បញ្ជា​ដល់​រដ្ឋា​ភិ​បាល​ឱ្យ​ឆ្លើយ​តប​តាម​ការ​ទាម​ទារ​របស់​ពួក​យុវ​ជន​ដែល​បោះ​ជំរំ​តវ៉ា​នៅ​ក្រុង​សា​ណា​ អា​ដេន និង​តា​អេស​ ហើយ​ស្នើ​ឱ្យ​ពួក​គេ​ចាក​ចេញ​។ ក្រោយ​សុន្ទរកថានេះ​ របស់​ប្រធានា​ធិបតី​បន្តិច​ មនុស្ស​ប្រមាណ​ជា​៤.០០០​នាក់​ ពិសេស​ពួក​និស្សិត​បាន​នាំ​គ្នា​ហែ​ក្បួន​បាតុ​កម្ម​នៅ​តាម​ដង​វិថី​ក្រុង​សា​ណា​ទាម​ទារ​ឱ្យ​លោក​ចាក​ចេញ​ពី​អំណាច​។ បាតុ​កម្ម​មួយ​ទៀត​កើត​មាន​ក្នុង​រដ្ឋ​ធានី​ដែរ​ចូល​រួម​ដោយ​គ្រូ​ពេទ្យ​ ​បុគ្គ​លិក​ពេទ្យ និង​​បណ្តា​និស្សិត​ពេទ្យ​មក​ពី​ទូ​ទាំង​ប្រទេស​ដែល​បរិហារ​ការ​បង្ក្រាប​របស់​កង​ទ័ព​ប្រឆាំង​ពួក​បាតុ​ករ​​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​សាកល​វិទ្យា​ល័យ​​ក្រុង​សាណា​ដែល​កាល​ណោះ​កង​ទាំហាន​បាន​បាញ់​គ្រាប់​ពិត​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ត្រូវ​របួស​នា​សប្តាហ៍​នេះ៕

រោងចក្រ​ដំឡើង​រថយន្ត​​ដំបូង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដំណើរ​ការ

Posted: 11 Mar 2011 12:11 AM PST

​
​
​
​
​

រាជធានីភ្នំពេញ​ ៖ រោង​ចក្រ​​ខ្មែរ​ដំឡើង​​រថយន្ត​ទី១ គឺ​ជារោង​ចក្រ​​ដំឡើង​រថយន្ត​ដំបូង​គេ​បង្អស់​​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នាសម័យ​​​នេះ ដែល​មាន​​ទីតាំង​​ស្ថិត​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៣​ ក្នុង​ចម្ងាយ​​​ប្រហែល​ជាង​១គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីអាកាសយាន​ដ្ឋាន​​​អន្តរជាតិ​ភ្នំពេញ​ ។ ក្រុម​​ហ៊ុន​មួួ​យនេះ​គឺជា​ក្រុម​ហ៊ុន​ធ្វើ​​អាជីវកម្ម​រួម​ចំនួន​៣ គឺកម្ពុជា​​ ចិនប៉េកាំង​ និង​ចិន​ហុង​កុង ដែល​បាន​ប្រើ​ប្រាស់​ទុន​សរុប​ចំនួន​​១៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ។​
លោក​ជូលី ប្រធាន​ផ្នែក​លក់​របស់​ក្រុម​ហ៊ុន​ដំឡើង​រថយន្ត​ខ្មែរ​ទី១ នេះ​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ រោង​ចក្រ​ដែល​បាន​ដំណើរ​ការ​អស់​រយៈពេល​ជាង​៣​ខែ​មក​ហើយ​នោះ​ កំពុង​​តែ​មាន​ការ​​មមាញឹក​​ក្នុង​ការ​ដំឡើង​រថយន្ត​ចំនួន​៣​ប្រភេទ​​គឺរថយន្ត​ប្រភេទ​ភីកអាប់  រថយន្ត​ប្រភេទ​​១៥​កៅអី និង​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​១តោន​ រហូត​ដល់​៣​តោន ។

លោក​ Li Shi Yong ប្រធាន​​គ្រប់​គ្រង​​រោង​ចក្រ​ខ្មែរ​​ដំឡើង​​រថ​យន្ត​​​ទី១ នេះ​បាន​ឱ្យ​ដឹងថា រថយន្ត​ទាំង​នេះ​បាន​​ផលិត​ឡើង​តាម​​បច្ចេកវិទ្យា​ទំនើប​ទាន់​សម័យ​ ការរចនា​ម៉ូដ​ និង​រូប​រាង​​រថយន្ត​ទាំង​មូល ស្អាត​សង្ហា មាន​ភាព​រឹង​មាំ​​ ធន់​បាន​យូរ ស៊ីប្រេង​តិច​ និង​ការ​បញ្ចេញ​ផ្សែង​​មក​ខាង​ក្រៅ​របស់​ម៉ាស៊ីន​​មិន​បំពុល​បរិស្ថាន​​ឡើយ។ ​លោក​បាន​​បញ្ជាក់​​ថា មុននឹង​មានការ​​ផលិត​រថយន្ត​នេះ​ឡើង​ ក្រុម​ហ៊ុន​បាន​​កំណត់​គោល​នយោ​បាយ​​​ជា​ចំបង​ គឺសំដៅ​លើ​​ការ​ដឹក​ជញ្ជូន​​ ដូច្នេះ​គ្រប់​លក្ខណៈ​របស់​​រថយន្ត​ត្រូវ​​តែ​មាន​ភាព​រឹង​មាំ​ ព្រោះ​​តម្រូវ​ការ​​​ប្រជាកសិករ​ចូល​ចិត្ត​ធ្វើ​​ម៉េច​​​ដឹក​ឱ្យ​បាន​ច្រើន ។

តាម​ការ​ឱ្យ​ដឹង​ពី​​លោក​ប្រធាន​ផ្នែក​ទីផ្សារ​ធំជាង​គេ​របស់​ក្រុម​ហ៊ុន​ខ្មែរ​ដំឡើង​​រថយន្ត​ទី១ ថា ក្រុម​ហ៊ុន​ធំដែល​ជា​ក្រុម​ហ៊ុន​មេ​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន  បាន​​​ដំណើរ​ការ​​តាំងពី​ឆ្នាំ​១៩៥៨​មក​ម៉្លេះ​ ។ ក្រុម​ហ៊ុន​​នេះ​មានភាគ​ហ៊ុន​រវាង​រដ្ឋ​ និង​ឯកជន​របស់​ចិន​​ កម្លាំង​​ផលិត​ក្នុង​១ឆ្នាំ​ជាង​១​លាន​គ្រឿង​ និង​បាន​​លក់​ចែក​ចាយ​​នៅ​ពាស​ពេញ​ពិភព​លោក ។ ប្រទេស​កម្ពុជា​ គឺជា​សាខា​ទី៤ហើយ​បន្ទាប់ពី​​រោង​ចក្រ​​​ដ៏​ធំរបស់​ចិន​មួួ​យនេះ​បាន​ដំឡើង​​​នៅរុស្ស៊ី​​ ម៉ារ៉ុក​ និង​​​វៀតណាម​ ហើយ​នាអនា​គត​​​មាន​គម្រោង​​​ទៅ​បង្កើត​​​នៅអឺរ៉ុប​ និងអាមេរិក​​ខាង​ជើង​​ជាបន្ត​ទៀត ។

មូល​ហេតុ​​ដែល​នាំឱ្យ​ក្រុម​ហ៊ុន​ចិន​សម្រេច​ចិត្ត​មក​​បង្កើត​រោង​ចក្រ​​ដំឡើង​រថយន្ត​នៅ​កម្ពុជា​លើក​​នេះ​ ត្រូវ​បាន​​លោក​ប្រធាន​ទីផ្សារ​​ឱ្យ​ដឹងថា ​គឺ​លោក​​​បាន​មើល​ឃើញ​កម្ពុជា​​មាន​ស្ថិរ​ភាព​​នយោ​បាយ​ មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​​​​យ៉ាង​ឆាប់​​រហ័ស​ ហើយ​ក៏ដើម្បី​​បង្កើត​ការងារ​សម្រាប់​​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៀតផង ។  អ្វីដែល​​ជា​ចំណុច​សំខាន់​​ផ្សេង​ទៀត​នោះ គឺ​ការ​មើល​ឃើញ​​ការ​នាំចូល​​រថយន្ត​ជជុះ​ មិន​ធានា​​សុវត្ថិភាព​​ហើយ​បំពុល​​​បរិស្ថាន​ទៀត​ផង ។ ​ រយៈពេល​ជាង​៣​ខែ​មក​នេះ រោង​ចក្រ​​បាន​បញ្ចេញ​លក់​រថយន្ត​គ្រប់​ប្រភេទ​​អស់​ជាង​១០០​គ្រឿង​ហើយ ។

រោង​ចក្រ​បាន​ធានាការ​ដំឡើង​ឱ្យ​បាន​១ម៉ឺន​គ្រឿង​ក្នុង​១​ឆ្នាំ នាពេល​អនាគត ។ រោង​ចក្រ​​ខ្មែរ​ដំឡើង​​រថយន្ត​​ទី១​នេះ​ បាន​ចុះបញ្ជី​និង​ចាប់​ដំណើរ​ការ​តាំង ពី​ឆ្នាំ​២០០៩មក​ម៉្លេះ ។ សម្រាប់​អតិថិជន​​ដែល​​បាន​ជាវ​រថយន្ត​ពីក្រុម​ហ៊ុន​នេះ​ទៅ​ គឺ​មាន​ធានា​​នូវ​សេវាកម្ម​ច្រើន​យ៉ាង​ ដូចជា​សេវា​​កម្ម​​ថែទាំ​ជួស​ជុល​​ឱ្យ​តែ​​ស្ថិត​​នៅ​​ក្នុង​​ឆ្នាំ​​កុងត្រា​​ដែល​មាន​រយៈ​​ពេល​២​​ឆ្នាំ​ ឬ​ស្មើ​នឹង​៥ម៉ឺន​​គីឡូ​ម៉ែត្រ​ បើ​ទោះជា​​មាន​​បញ្ហា​​នៅទីណា​ក៏ដោយ​​ គឺ​ក្រុម​​ហ៊ុន​​នឹង​បញ្ជូន​​អ្នក​ឯកទេស​​ទៅ​ដល់​ភ្លាម​ ឬបើ​​មាន​​​ត្រង់​​កន្លែង​ណា​នៃគ្រឿង​​រថយន្ត​​មិន​ត្រឹម​​​ត្រូវ​អាច​យក​​មក​ដល់​រោង​ចក្រ​ជួសជុល​​កែលម្អ​ឡើង​វិញ​ភ្លាម​ៗ​តែម្តង ៕

កូនប្រុស​​​លោកកាដាហ្វី ​សន្យា​ពី​ការ​វាយលុក​​ទ្រង់ទ្រាយធំ​មួយ

Posted: 11 Mar 2011 12:08 AM PST

កូនប្រុសលោកលីប៊ី

លោកសៃ​អ៊ីហ្វ​អាល់ អ៊ីស្លាម កូ​ន​ប្រុស​​ម្នាក់ ក្នុង​ចំណោម​​កូន​ប្រុស​របស់លោក​មូអាម៉ា កាដា​ហ្វី ​ថ្លែង​​កាលពីថ្ងៃទី​​១០ មីនា ថា ពេលនៃ​ការ​វាយ​លុក​​ទ្រង់ទ្រាយ​​ធំមួយ​ប្រឆាំង​ពួកបះ​បោរ​​លីប៊ី​​បាន​មកដល់ហើយ ។​ ក្នុង​​បទសម្ភាសន៍​​មួយជាមួយ​រ៉យទ័រ​លោក​​សៃ​អ៊ីហ្វ​ អាល់​​អ៊ីស្លាម ថ្លែង​ថា ពេល​​វេលា​នៃ​ការ​​រំដោះ​មក​ដល់​​ហើយ ។ ពេល​វេលា​គឺ​ការ​​បញ្ចេញ​សកម្ម​ភាព ។ ពេលនេះ​​យើង​កំពុង​​តែរុលទៅ​មុខ។
ពេលសួរ​ថា តើ​រដ្ឋាភិបាល​នឹង​បង្កើន​ប្រតិ​បត្តិ​ការ​​យោធា ឬយ៉ាង​ណា​? ​កូន​ប្រុស​​​លោកកា​ដាហ្វី ​រូបនេះ ឆ្លើយ​តប​ថា ពេល​វេលា​ឥឡូវ​​បាន​មក​ដល់​​ហើយ ។ ​ពេល​វេលា​នៃការ​ធ្វើ​សកម្ម​ភាព​​មក​ដល់​ហើយ ។ យើង​​បាន​ទុកពេលឱ្យពួក​បះ​បោរ​​២សប្តាហ៍​​​រួច​ហើយ​ដើម្បី​​ធ្វើការ​​​ចរចា ។​
ដោយ​ប្រកាន់​​យក​​ភាសា​ធ្ងន់​ៗ​ជាង​ធម្មតា ​លោក​សៃ​អ៊ីហ្វអាល់​​អ៊ីស្លាម អះអាង​ថា ពួក​​​កា​ដា​ហ្វី​​មានទំនុក​ចិត្ត​​ចំពោះ​​​ជោគជ័យ​​របស់​ពួកគេ ។ យើង​នឹង​មិន​ចុះ​ញ៉ម​​ដាច់ខាត ។ យើងនឹង​​មិន​ចុះ​ចាញ់​ឡើយ ។ នេះជា​​ប្រទេស​របស់យើង យើង​ប្រយុទ្ធ​​​នៅលីប៊ី ។
លោកសៃ​​អ៊ីហ្វ​​អាល់​អ៊ីស្លាម អាយុ​​៣៨​ឆ្នាំ ​បន្ត​ទៀត​ថា ​ពួក​ប្រឆាំង​ និងពួកអឺរ៉ុបត្រូវ​និយាយ​​ចំពោះ​​​ប្រជាជនលីប៊ី ។ ប្រសិនបើ​​​ពួក​គេ​​ជួយគាំទ្រ​​ពួកជីវពល​ នោះ​ពួកគេ​ធ្វើ​​ចុះ ។ ​ក៏ប៉ុន្តែ​​​ខ្ញុំ​សូម​​និយាយ​ប្រាប់​​ពួកគេ​ថា ​ពួកគេ​នឹ​ងត្រូវ​​ខាត​បង់ ។ ​យើងនឹង​​ឈ្នះ ហើយ​​យើង​នឹង​​មិន​​ខ្លាច​កង​នាវា​ចម្បាំង​​អាមេរិក របស់អូតង់ បារាំង និង​អឺរ៉ុប ​ឡើយ ។ យើងស្ថិត​នៅក្នុងប្រទេស​លីប៊ី យើ​ង​សុខ​ចិត្ត​​​ស្លាប់នៅទីនេះ​ ។​
អំពើ​​ហិង្សា​​នៅលីប៊ី​ជា​អំពើ​​ហិង្សា​​ធ្ងន់ធ្ងរ​​បំផុត​​នៃរលក​​បះបោរ​​ដែលកើតមានក្នុង​​ពិភព​អារ៉ាប់​​ចាប់តាំង​ពី​ដើមឆ្នាំ​​មក ។ ​លោកសៃ​អ៊ីហ្វ ​​អាល់​អ៊ីស្លាម និយាយ​​ដែរ​ថា ​ពួកអ្នក​ស្ម័គ្រចិត្ត​​​ជាច្រើន​​​ពាន់នាក់​​ត្រៀម​កាន់​​អាវុធ​ប្រឆាំង​កង​កម្លាំង​​ប្រឆាំង​រដ្ឋាភិបាល ដែល​លោក​បាន​ប្រៀប​ធៀប​​ទៅនឹង​​ពួកជីវ​ពល​អ៊ិស្លាម ដែល​មាន​​វត្ត​មាន​​នៅសូម៉ាលី ។
ទូរទស្សន៍​រដ្ឋ​លីប៊ីនិយាយ​ថា ​ក្រោយ​​វាយ​​ដណ្តើម​​យក​​បានទីក្រុង​​ប្រេង RAS LANOUF កង​ទ័ព​​លីប៊ី ​កំពុង​​លើក​​ឆ្ពោះទៅកាន់​ក្រុង​​បេន​ហ្គា​ហ្ស៊ី ទីតាំង​​ធំរបស់​​​ពួកបះបោរ ។ ​ប្រឈម​មុខ​នឹង​ការ​វាយលុក​​ប្រមុខ​​ក្រុមប្រឹក្សា​​ជាតិរបស់​​ពួកបះបោរ​​បានអំពាវ​នាវ​រក​ជំនួយ​អន្តរជាតិ ដោយ​​អះអាង​​ថា បើគ្មាន​ជំនួយទេ ​នោះលោក​កា​ដាហ្វី នឹង​កម្ទេច​​​​ប្រទេស ៕

បាតុ​កម្ម​នៅឥណ្ឌា​ទាម​ទារ​បង្កើត​រដ្ឋថ្មីមួយ

Posted: 11 Mar 2011 12:08 AM PST

ពួកបាតុករទាមទារបង្កើតរដ្ឋាភិបាលថ្មី

ប៉ូលិស​​ឥណ្ឌា​បាន​ប្រើឧស្ម័ន​បង្ហូរ​ទឹក​​​ភ្នែក​​កាល​ពី​ថ្ងៃទី១០ មីនា នៅទី​ក្រុង​​ហ៊ីដឺរ៉ាបាដ ប្រឆាំង​នឹង​ពួកបាតុ​ករ​​ជាច្រើន​ពាន់​នាក់​ដែល​ទាម​ទារ​​បង្កើន​រដ្ឋ​ថ្មីមួយ​នៅ​ភាគ​ខាងត្បូងឥណ្ឌា ។
ក្នុង​​រដ្ឋ​ធានី​នៃ​រដ្ឋ​ឥន្ត្រា​ប្រា​ដេសនេះ​ដែល​ សំបូរ​ដោយ​​ក្រុម​ហ៊ុន​ពហុ​ជាតិ​មនុស្ស​ច្រើន​ពាន់​នាក់​មានទាំង​​ពួកមេ​ធាវី​ និងនិស្សិត​ផង​បាន​នាំ​គ្នា​​ហែ​ក្បួន​បាតុកម្ម​នៅ​តាមដង​វិថីនានា​ ។
ការ​ទាម​ទារ​ឱ្យ​បង្កើត​រដ្ឋ TELENGANA មួយនៅ​ភាគ​ខាង​កើត​រដ្ឋ​ឥន្ត្រា​​ប្រាដេស​ជាតំបន់​ពុំ​សូវ​មាន​កាអភិ​វឌ្ឍន៍កើត​មាន​តាំង​ពី​៤០ឆ្នាំ ​មកហើយ ក៏ប៉ុន្តែ​ការ​ទាម​ទារ​នោះ ទើប​​បង្កើន​ខ្លាំង កាលពី​ឆ្នាំ​ទៅ​មិញពេល​រដ្ឋាភិបាល​សហ​ព័ន្ធ​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ម៉ាន់​ម៉ូ​ហាន់​ស៊ិញ​​ប្រកាស​ទទួល​យក​ជា​គោលការណ៍ ៕

ក្រុម​​អាវលឿង​គំរាម​​កាន់កាប់​វិមាន​រដ្ឋាភិបាល​​ដូចកាលពីឆ្នាំ​2008

Posted: 11 Mar 2011 12:07 AM PST

កាសែត​បាង​កកប៉ុស្តិ៍​​នៅថ្ងៃទី​​​១១ មីនា ផ្សាយ​​​ឱ្យ​​ដឹង​ថា ​លោកចម្លង​ស្រីមឿង ​​ជាមេ​ដឹកនាំ​​​ក្រុមជ្រុលនិយម​​​សៀម​អាវលឿង​ កាលពី​​ថ្ងៃ​ទី​​១១ មីនា ​បានគំរាម​ថា នឹង​ដឹកនាំក្រុមបាតុ ករ​​អាវ​លឿង​​សម្រុ​ក​ចូល​​​ប្រមូល​​ផ្តុំ​​ក្នុងវិមាន​រដ្ឋាភិ​បាល​ ប្រសិនបើ​ក្រុម​​បាតុ​ករ​អាវ​លឿង​ត្រូវ​បាន​បំបែក​ចេញ​ពី​កន្លែង​​ប្រមូល​ផ្តុំ​​បច្ចុប្បន្ន​​​របស់​ពួក​​គេ​ដោយ​ប៉ូលិស​នោះ ។​
លោក​​ចម្លង​ស្រីមឿង ​បានគំរាម​​ដូច្នេះ​​ក្រោយ​ពី​មជ្ឈមណ្ឌល​សម្រាប់​រដ្ឋ​បាល​​សន្តិភាព​ និងសណ្តាប់​​ធ្នាប់ (CAPO) ចេញ​ឧសាន​​វាទ​ថា ក្រុម​​​​អាវលឿង និងក្រុម​ឈ្មោះ​បណ្តាញ​​អ្នក​​
ស្នេ​ហាជាតិ​​ថៃ​ត្រូវតែ​​រុះរើ​​កន្លែង​​​ប្រមូលផ្តុំ​​របស់​ខ្លួន​ពីផ្លូវ Rathchadanmoen និងផ្លូវ Phitsanulok ត្រឹម​ថ្ងៃទី​​​១៥ មីនា ​បើ​មិន​​ដូច្នេះ​​ទេ ពួកគេ​នឹង​​ប្រឈម​មុខ​​​បញ្ហា​ធ្ងន់ធ្ងរ ​ព្រោះ​​កន្លែង​នោះ​ត្រូវ​យក​ធ្វើជា​កន្លែង​​រៀបចំពិធី​តាំង​ពិព័រណ៍​​កាកបាទ​ក្រហម ។​
ក្នុងការ​គំរាម​នេះដែរ លោក​ចម្លង​ស្រីមឿង ​បានអំពាវ​នាវ​​​ដល់​ពលរដ្ឋ​​ថៃ​ឱ្យចូលរួម​ក្នុងការ​ប្រមូលផ្តុំ​​​របស់ក្រុមអាវលឿង​​ ។
លោក​ចម្លងស្រីមឿង ​និយាយ​ថា ​ប្រសិន​បើ​​រដ្ឋាភិបាល​​ប្រើកម្លាំង​ ដើម្បី​​បំបែ​ក​ក្រុម​​​បាតុករ​នោះ​ លោកនឹង​ដឹកនាំ​​ក្រុម​បាតុករ​​សម្រុក​ចូល​​ក្នុងវិមាន​​រដ្ឋាភិបាល​​ ហើយកាន់កាប់​វិមាននោះ​​ដូចក្រុម​អាវ​លឿង​​ធ្លាប់​បាន​ធ្វើកាលពីឆ្នាំ​​​២០០៨​កន្លង​មក ។​
គេនៅ​ចាំ​បាន​ថា ក្រុ​​មបាតុ​ក​រ​អាវលឿង ​កាលពីឆ្នាំ​​២០០៨ ​​បានកាន់កាប់​វិមាន​រដ្ឋាភិបាល​អស់រយៈពេល​​​១៩៣​ថ្ងៃ ​ទាមទារ​ឱ្យ​​​លោក​សា​ម៉ាក់ ​សុន​​ថារ៉ា​វេត ​ដែលជា​​នាយក​រដ្ឋ​មន្ត្រី​​ នៅ​ពេល​​​នោះចុះ​​ចេញពីតំណែង បន្ទាប់​មក​​ទាមទារ​​ឱ្យ​​លោកស៊ុមឆៃ​​វង្សា​វ៉ាត ​ចុះចេញពី​តំណែង​ទៀត ក្រោយពី​​លោកស៊ុមឆៃ​ បន្ត​តំណែង​​ពី​​លោក​សាម៉ាក់ ​មិនទាន់​បានប៉ុន្មាន​ផង។​
កាលពីព្រឹកថ្ងៃទី​​១១ មីនា ​សមាជិក​​សំខាន់ៗ​​របស់ក្រុម​អាវ​លឿង​បានឡើង​​លើ​វេទិកា​​ប្រមូល​​ផ្តុំ​ដើម្បី​​ប្រាប់​​ក្រុមបាតុករ​​ទាំង​អស់​ឱ្យ​ពិនិត្យ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​​ ព្រោះ​អាជ្ញាធរ​នឹង​បំបែក​​ពួក​គេ​​នាពេលខាង​មុខ​នេះយ៉ាង​​យូរ​ត្រឹម​ថ្ងៃទី​​១៤ មីនា ។​
ក្រុមជ្រុលនិយម​​​សៀមអាវលឿង​​បានប្រមូល​ផ្តុំ​គ្នា​ដើម្បី​​ទាមទារ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី​​​អាប់​ភី​ស៊ីត ​ចុះចេញពីតំណែង​​ ដោយ​ចោទ​ថា ​លោក​អាប់ភីស៊ីត មិនបំពេញ​​​កាតព្វកិច្ច​​របស់ខ្លួន ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!