VOA News: ព័ត៌មាន: “សាលាក្រុង​ផ្អាក​ឱសានវាទ​បណ្តេញ​អ្នកភូមិ​បឹងកក់​ចេញពី​ផ្ទះ​សម្បែង” plus 2 more

VOA News: ព័ត៌មាន: “សាលាក្រុង​ផ្អាក​ឱសានវាទ​បណ្តេញ​អ្នកភូមិ​បឹងកក់​ចេញពី​ផ្ទះ​សម្បែង” plus 2 more


សាលាក្រុង​ផ្អាក​ឱសានវាទ​បណ្តេញ​អ្នកភូមិ​បឹងកក់​ចេញពី​ផ្ទះ​សម្បែង

Posted: 07 Mar 2011 11:59 AM PST

ភ្នំពេញ៖ អ្នក​តវ៉ា​ច្រើន​រយ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​បឹងកក់​ជាង​១៥០០​គ្រួសារ​បាន​នាំគ្នា​តវ៉ា​នៅ​មុខ​សាលាក្រុង​ភ្នំពេញ​ប្រឆាំង​នឹង​ការ​ដាក់​ឱសានវាទ​បណ្តេញ​ពួកគាត់​ចេញពី​ផ្ទះ​សម្បែង​​និង​បាន​បង្ខំ​ឱ្យ អាជ្ញាធរ​សាលាក្រុង​ភ្នំពេញ​ផ្អាក​ការ​បណ្តេញ​នេះ​ជា​បណ្តោះ​អាសន្ន​សិន។ អ្នកភូមិ​បឹងកក់​ទាមទារ​ដី​ទំហំ​១៥​ហិចតា​ក្នុង​ចំណោម​ដី​សរុប​១៣៣​ហិចតា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។​ មន្ត្រី​សាលាក្រុង​ភ្នំពេញ​នឹង​យក​សំណើ​នេះ​ជូន​ទៅ​ជូន​លោក​អភិបាល។

នៅ​ថ្ងៃច័ន្ទ​នេះ​ សាលាក្រុង​ភ្នំពេញ​បាន​ប្រកាស​ផ្អាក​ការ​បណ្តេញ​អ្នកភូមិ​បឹងកក់​ចេញពី​ផ្ទះ​សម្បែង​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​សប្តាហ៍​នេះ​ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​បឹងកក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ មុខ​សាលាក្រុង​ភ្នំពេញ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​កំណត់​ឱសានវាទ​បណ្តេញ​ពួកគាត់​ចេញពី​តំបន់​បឹងកក់។

សាលា​ខណ្ឌ​ដូនពេញ​ កាលពី​សប្តាហ៍​មុន​ បាន​ដាក់​ឱសានវាទ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​សម្រាប់​ការ ​បណ្តេញ​អ្នកភូមិ​បឹងកក់​ដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃពុធ​ខាង​មុខ​នេះ ​ហើយ​ក្នុង​ករណី​ប្រជា​ពលរដ្ឋ​មិន​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹងនេះ​ទេ​ សាលា​ខណ្ឌ​ដូន​ពេញ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​ ពិសេស​មិន​ទទួល​ខុសត្រូវ​លើ​ការ​បាត់បង់​ ឬ​ការ​ខូចខាត​សម្ភារៈ​របស់​ប្រជា​ពលរដ្ឋ​ឡើយ។

អ្នកភូមិ​បឹងកក់​ប្រមាណ​២០០​នាក់​ តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ​បឹងកក់​ជាង​១៥០០​គ្រួសារ​ បាន​នាំគ្នា​តវ៉ា​នៅមុខ​សាលាក្រុង​ភ្នំពេញ​ ប្រឆាំង​នឹង​ឱសានវាទ​បណ្តេញ​ពួក​គាត់​ចេញពី​ផ្ទះ​សម្បែង។

លោក​កើត ឆែ ​នាយក​រង​ផ្នែក​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ​ បាន​ថ្លែង​ប្រាប់​អ្នក​តំណាង​១០នាក់​របស់​អ្នក​តវ៉ា​នៅ​តំបន់​បឹងកក់​ក្នុង​ការ​ជួប​ពិភាក្សា​នៅ​សាលាក្រុង​ភ្នំពេញ​ថា​ សាលាក្រុង​ភ្នំពេញ​បាន​ផ្អាក​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​បឹងកក់​សិន​ ហើយ​ត្រួត​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃការ​កសាង​ផ្លូវ។

អ្នកស្រី​លី ស្រីមុំ ​តំណាង​ប្រជា​ពលរដ្ឋ​បឹងកក់​ បាន​និយាយ​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ក្រោយ​ពី​ការ​ពិភាក្សា​ជាមួយ​មន្ត្រី​សាលាក្រុង​ភ្នំពេញ​ថា​ អ្នកភូមិ​បឹងកក់​បាន​ទទួល​យក​ការ​ផ្អាក​ការ​បណ្តេញ​ ចេញ​នេះ​ ប៉ុន្តែ​នៅតែ​ទទូច​ស្នើសុំ​ដី​ទំហំ​១៥​ហិចតា​នៃ​ផ្ទៃដី​សរុប​១៣៣​ហិចតា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ នៅ​នឹង​កន្លែង​សម្រាប់​ប្រជា​ពលរដ្ឋ​ជាង​១៥០០​គ្រួសារ។

«ឥឡូវនេះ​ គាត់នឹង​ផ្អាក​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ។ ខ្ញុំ​យល់​ថា​ ​ការ​អភិវឌ្ឍ​នេះ​គ្មាន​តម្លាភាព​សម្រាប់​ ប្រជា​ពលរដ្ឋ​ទេ​ ព្រោះ​ថា ​ប្រជា​ពលរដ្ឋ​មាន​ផ្ទះ​ គេ​អភិវឌ្ឍ​រហូត​ដល់​គាត់​អត់​ផ្ទះ។​ អញ្ចឹង​ ខ្ញុំ​ចង់​ឱ្យ​រាជ​ រដ្ឋាភិបាល​ក៏ដោយ​ សាលា​រាជធានី​ភ្នំពេញ​ក៏ដោយ​ សូម​ឱ្យ​គិត​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ជាធំ»។

លោក​កើត ឆែ​បាន​បញ្ជាក់​ថា​ លោក​នឹង​បញ្ជូន​សំណើ​សុំ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ចំនួន​១៥​ហិចតា​នេះ​ ទៅ​ជូន​លោក​ឯក​ឧត្តម​កែប ជុតិមា ​អភិបាល​សាលាក្រុង​ភ្នំពេញ​នៅថ្ងៃ​ពុធ​ ហើយ​បាន​សន្យា​ជូន​ដំណឹង​ដល់​អ្នកភូមិ​បឹងកក់​ តាមរយៈ​ប្រធាន​ភូមិ​អំពី​លទ្ធផល​នេះ​ នៅពេល​ក្រោយ។

អ្នកស្រី​លី ស្រីមុំ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​ «បើ​គ្មាន​ដំណោះស្រាយ​ និង​គ្មាន​បើក​ការ​ចរចា​ជាមួយ​ ប្រជា​ពលរដ្ឋទេ​ ពួកខ្ញុំ​នៅ​ថ្ងៃច័ន្ទ​នឹង​មក​ជួប​ឯកឧត្តម​កែប ជុតិមា​ម្តងទៀត»។

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​ថា​ ករណី​បឹងកក់​នេះ​គឺជា​ការ​រំលោភ​ ច្បាប់​ និង​រំលោភ​សិទ្ធិ​មនុស្ស​ដ៏ធ្ងន់ធ្ងរ​ ដែល​អាច​បណ្តាល​ឱ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​សង្គម។

«ការ​ពន្យារ​ពេល​ (ការ​បណ្តេញ​ចេញ)​នេះ​មិន​ដោះស្រាយ​(បញ្ហា)​ទេ ​ពីព្រោះ​ទោះបី​មាន​ការ​ពន្យារ​ ពេល​ក៏ដោយ​ ក៏​ប្រជា​ពលរដ្ឋ​រងគ្រោះ​នូវ​ការ​រំលោភ​សិទ្ធិ​របស់​គាត់​ដែរ។​ ជាទូទៅ​ គាត់​រស់នៅ​ដោយ​ ការ​ភ័យខ្លាច​ដដែល​ ទោះបី​ជា​ពន្យារ​ពេល​ ឬ​មិន​ពន្យារ​ពេល​ក៏ដោយ។ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​ រំលោភ​ទៅលើ​ប្រជា​ពលរដ្ឋ​រួច​ទៅ​ហើយ​ដែល​ធ្វើ​ឱ្យ​គាត់​មាន​ការ​ភ័យខ្លាច ​ដោយ​សារ​យើង​មិន​យក​ច្បាប់​មក​ប្រើ។ ​ដល់​ពេល​ឥឡូវនេះ ​ទោះ​បី​ជា​មាន​ការ​ពន្យារ​ពេល​ ក៏វា​នៅតែ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ​ ពីព្រោះ​យើង​ទុក​ឱ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច។ ​រឿង​នៅ​បឹងកក់​នេះ​ រឿង​ពន្យារ​ពេល ​(ការ​បណ្តេញ​ចេញ)​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ទាល់​តែ​សោះ។ វា​គ្រាន់​តែ​ជា​ការព្យាយាម​បន្ធូរ​ សម្រាល​បរិយាកាស​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​ចុង​បញ្ចប់​ ការ​រំលោភ​សិទ្ធិ​របស់​គាត់​នៅ​តែ​ជា​ការ​រំលោភ​សិទ្ធិ​របស់​គាត់​ដដែល»។

នៅ​ក្នុង​ឆ្នាំ២០០៧​ រដ្ឋាភិបាល​បាន​ផ្តល់​កិច្ច​សន្យា​ជួល​រយៈ​ពេល​៩៩​ឆ្នាំ​ ដែល​មាន​តម្លៃ​ទឹក​ប្រាក់​៧៩​ លាន​ដុល្លារ​អាមេរិក​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ Shukaku Inc. ​របស់​លោក​ឡាវ ម៉េងឃីន​ ​សមាជិក​ ព្រឹទ្ធ​សភា​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ CPP​ ធ្វើការ​អភិវឌ្ឍ​ទីក្រុង​ទំនើប។

សម្រាប់​ជាថ្នូរ​នឹង​ការ​ចាកចេញ ​រដ្ឋាភិបាល​បាន​ផ្តល់​៨៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ​ ឬ​ទៅ​តាំង​ទី​លំនៅ​ថ្មី​នៅ​ជាយ​ទីក្រុង​ភ្នំពេញ ​ឬ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង៕

This posting includes an audio/video/photo media file: Download Now

ក្រុមប្រឹក្សា​ការងារ​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​

Posted: 07 Mar 2011 11:39 AM PST

ភ្នំពេញ៖ កម្មករ​រោងចក្រ​កាត់ដេរ​ និង​រោងចក្រ​វាយន​ភណ្ឌ​ដទៃ​ទៀត​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ទៀត​ចាប់ពី​ខែ​មិនា​នេះ​តទៅ។ ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​ក្រុម​ប្រឹក្សា​ការងារ​ទើបតែ​បាន​សម្រេច​​ដំឡើង​ប្រាក់ខែ​ ប្រាក់​បន្ថែម​ម៉ោង ​និង​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ។

ចាប់ពី​ខែ​មិនា​នេះ​តទៅ​ កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​រោងចក្រ​ដែល​បម្រើ​ឲ្យ​វិស័យ​នាំចេញ​ដទៃ​ទៀត​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់ខែ​ពីរ​ដុល្លារ​ជាបន្ថែម​ទៀត​ក្នុង​មួយ​ខែ​ប្រសិន​បើ​ពួកគេ​ធ្វើការ​ដោយ​ពុំមាន​ការ​ឈប់​សម្រាក​ដោយ​ប្រការ​ណាមួយ។​ ជាងនេះ​ទៀត​ ក្រុម​កម្មករ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​អាហារ​ចំនួន​២០០០​រៀល ​ឬស្មើ​នឹង​ប្រហាក់​ប្រហែល​០,៥០​សេន​ដុល្លារ​អាមេរិក​សម្រាប់​ធ្វើ​ការ​បន្ថែម​ម៉ោង​ រួមទាំង​នឹង​​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អតីត​ភាព ការងារ​ពី​ពីរដុល្លារ​ហូត​ដល់​១១​ដុល្លារ​ក្នុង​មួយ​ខែ​ ប្រសិន​បើ​កម្មករ​បំពេញ​ការងារ​ចាប់ពី​ពីរ​ឆ្នាំ​រហូត ដល់​១១​ឆ្នាំ​យ៉ាង​តិច។

នេះ​គឺជា​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ការងារ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​ ក្រុមប្រឹក្សា​ការងារ​រួមមាន​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ តំណាង​ថៅកែ​ឧស្សាហ​កម្ម​កាត់ដេរ​ និង​តំណាង​សហ​ជីព​កម្មករ។

សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ក្រុម​កម្មករ​ កាលពី​ខែ​កក្កដា ​ឆ្នាំ២០១០​ ចំនួន​ប្រាំ​ដុល្លារ​សម្រាប់​កម្មករ​ក្នុង​រយៈ​ពេល​សាកល្បង​និង​ធ្វើ​ឲ្យ​ប្រាក់​ឧបត្ថម្ភ​ចំនួន​១១​ដុល្លារ​ដល់​កម្មករ​ពេញ​សិទ្ធិ​នេះ​ ទៅ​ជា​ប្រាក់ខែ​ផ្លូវការ។ ​ក៏​ប៉ុន្ដែ​ការ​ដំឡើង​ប្រាក់ខែ​នោះ​ត្រូវ​បាន​ជំទាស់​ដោយ​ក្រុម​សហជីព​កម្មករ ​ដោយសារ​តែ​ពួក​គេ​លើក​ឡើង​ថា​ ការ​តំឡើង​ប្រាក់​ឈ្នួល​នោះ​នៅ​តិច​តួច​ ហើយ​មិន​សមស្រប​តាម​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ទេ។

លោក​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ ​កម្មករ​កាត់ដេរ​កម្ពុជា​ ហៅកាត់​ថា​ CCAWDU មាន​ប្រសាសន៍​ថា ​លោក​នៅ​មិន​ទាន់​ពេញចិត្ត​ចំពោះ​ការ​សម្រេច​នេះ​នៅ​ឡើយ​ទេ។

«លទ្ធផល​នេះ​នៅ​មិនទាន់​ដល់​កម្រិត​ដែល​យើង​ពេញចិត្ត​ទេ។​ គោលការណ៍​របស់​យើង​គឺ​យើង​ចរចា​ឲ្យ​បាន ​៣ដុល្លារ ​(ក្នុងមួយខែ)​ ទើប​ជា​ការ​ពេញចិត្ត»។

ដោយឡែក​ លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លើក​ឡើងថា​ លោក​អាច​ទទួល​យក​ចំណុច​មួយ​ចំនួន​ក្នុង​ចំណោម​អត្ថប្រយោជន៍​ទាំង​បី​ចំណុច​ខាងលើ​នេះ។

«យើង​ខ្ញុំ​អាច​ទទួល​យក​បាន​ចំណុច​មួយចំនួន ​ហើយ​ចំណុច​មួយចំនួន​ទៀត ​សុំឲ្យ​ក្រុម​ប្រឹក្សា​ការងារ​ធ្វើ​ការ​ពិចារណា​ឡើង​វិញ»។

ចំណុច​ដែល​លោក​ជា មុន្នី​ទាមទារ​ឲ្យ​មាន​ការ​គិតគូរ​ឡើងវិញ​នោះ​គឺ​ការ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​ដែល​អាច​បាន​១២​ដុល្លារ​ក្នុង​១ខែ​ ក្រោយ​ពី​ការ​បំពេញ​ការងារ​អស់រយៈ​ពេល​១១​ឆ្នាំ​ គឺ​មិន​មែន​១១​ដុល្លារ​ដូច​ពេល​នេះ​ទេ។​ លោក​ជា មុន្នី​ចាត់ទុក​ថា ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ការងារ​នៅ​ ពេល​នេះ ​គឺ​ដើម្បី​បញ្ចៀស​កូដកម្ម​របស់​ក្រុម​កម្មករ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ។​ ក្រុម​សហជីព​គំរាម​ធ្វើ​កូដកម្ម​ក្នុង​ខែ​មិនា​នេះ ​ប្រសិន​បើ​រោងចក្រ​កាត់ដេរ​មិនព្រម​បន្ថែម​ប្រាក់​ផល​ប្រយោជន៍​ដល់​កម្មករ​ទេ​នោះ។

កម្មករ​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជា​៣៦០០០០នាក់​និង​មាន​រោងចក្រ​ប្រមាណ​ជិត​៣០០​រោងចក្រ​ នេះ​បើយោង​តាម​តួលេខ​ផ្លូវការ។

លោក​ខេន លូ (Ken Loo) ​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់ថា​ GMAC ​ មាន​ប្រសាសន៍​ថា​ សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ការងារ​នៅ​ថ្ងៃ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចរចា​គ្នា​ជា​ច្រើន​រវាង​ថៅកែ​រោងចក្រ​និង​សហជីព​កម្មករ​ ហើយ​លោក​ជឿ​ថា ​សេចក្ដី​សម្រេច​នេះ​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​រួម។

«នេះ​គឺជា​ការជឿនលឿន​ទៅមុខ​មួយ ​ហើយ​យើង​សង្ឃឹម​ថា ​វានឹង​ជួយ​ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ទំនាក់ទំនង​រវាង​រោងចក្រ​និង​កម្មករ ​ហើយ​វា​នឹង​ជួយ​ធ្វើឲ្យ​សង្វាក់​ផលិត​កម្ម​ប្រសើរ​ឡើង​ ថែម​ទៀត​ផង​ដែរ»។

វិស័យ​វាយន​ភណ្ឌ​គឺ​ជា​វិស័យ​ចលករ​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​សំខាន់​មួយ។ ​ទឹកប្រាក់​បាន​ពី​ការនាំចេញ​ក្នុង​វិស័យ​នេះ​មាន​ទំហំ​ជាង​២០០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន៕

This posting includes an audio/video/photo media file: Download Now

តុលាការ​កំពូល​សម្រេច​ថា​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ត្រូវជាប់​ពន្ធនាគារ​២ឆ្នាំ​​ក្នុង​រឿង​ព្រំដែន

Posted: 07 Mar 2011 10:14 AM PST

តុលាការ​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​​បាន​សម្រេច​​ដំកល់​សាល​ដីការ​របស់​សាលា​ឧទ្ធរណ៍​ចំពោះ​ករណី​លោក​សម រង្ស៊ី​មេដឹកនាំ​​គណៈ​បក្ស​ប្រឆាំង​ដោយ​សម្រេច​ឲ្យ​លោក​ជាប់​ពន្ធនាគា​ររយៈពេល​២​ឆ្នាំ​ដដែល។​ សាលក្រម​បាន​កើត​មាន​ឡើង​បន្ទាប់ពី​លោក​បាន​ដក​តម្រុយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កាលពីជាង​១​ឆ្នាំ​មុន​ដោយ​លោក​បាន​អះអាង​កសិករ​កម្ពុជា​បាន​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង​មាន​អំណាច​ជាង​របស់​ខ្លួន។

ចៅក្រម​តុលាការ​កំពូល​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​លោក​សម រង្ស៊ី​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ត្រូវតែ​ទទួល​ទោស​រយៈពេល​២​ឆ្នាំ​ដែល​ត្រូវ​បាន​សម្រេច​កាល​​ពី​ឆ្នាំ​ទៅ​ដោយ​សាលា​ឧទ្ធណ៍។

លោក​សម រង្ស៊ី​ ដែល​រស់នៅ​និរទេសខ្លួន​ក្នុង​ប្រទេស​បារាំង​ បាន​ត្រូវ​តុលាការ​កាត់​ឲ្យជាប់​ទោស​ពីការ​ញុះញង់​ឲ្យមាន​ការរើសអើង​ខាង​ជាតិ​សាសន៍​ហើយ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បតិ្ត​សាធារណៈ​ក្នុង​ឧបទ្ទវហេតុ​កាលពី​ខែ​តុលា​ឆ្នាំ​​២០០៩​នៅ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

សមាជិក​ជាន់​ខ្ពស់​ខ្លះ​របស់​គណបក្ស​សម រង្ស៊ី​ ឬ ​SRP​ និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​សាលក្រម​នេះ​មិន​ធ្វើ​ឲ្យមាន​ការភ្ញាក់​ផ្អើល​ទេ។

លោក​សុន ឆៃ​ សមាជិក​សភា​ជើងចាស់​ម្នាក់​របស់​គណបក្ស​សម​​​​ រង្ស៊ី​ SRP​ បាន​និយាយ​ថា​​តុលាការ​បាន​ធ្វើ​តាម​បញ្ជា​របស់​គណបក្ស​កាន់​អំណាច។

«មិន​មាន​ការភ្ញាក់​ផ្អើល​ទេ​ យើង​ទាំងអស់​បាន​ទស្សន៍ទាយ​ថា​តុលាការ​កំពូល​នឹង​រក្សា​សាលក្រម​ដោយ​បញ្ជូន​លោក​សម​ រង្ស៊ី​ឲ្យជាប់​ពន្ធនាគារ​២​ឆ្នាំ។​ហើយ​យើង​មិន​មាន​សេចក្តី​សង្ឃឹម​ថា​ប្រព័ន្ធ​យុត្តិធ៌ម​ក្នុង​ប្រទេស​កម្ពុជា​ឬ​តុលាការ​​ខ្លួន​ឯង​ នឹង​អាច​ធ្វើ​កំណែ​ទម្រង់​ណា​មួយ​ដើម្បី​​បង្កើន​ទំនុក​ចិត្ត​ខ្លះ​ពី​សាធារណៈ​ជន​ក្នុង​ថ្ងៃ​អនាគត​ទេ»។

លោក​សុន ឆៃ​ ថ្លែង​ថា​គោល​បំណង​របស់​គណបក្ស​គ្រប់គ្រង​​អំណាច​គឺ​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​សម រង្ស៊ី ​មិន​អាច​ចូលរួម​ក្នុង​ការបោះឆ្នោត​លើក​ក្រោយ​ ដែល​ត្រូវ​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៣។

សេចក្តី​សម្រេច​នៅ​ថ្ងៃ​នេះ​ មាន​ន័យ​ថា​ លោក​សមរង្ស៊ី​មាន​ឱកាស​តិចតួច​ណាស់​ ​ក្នុង​ការចូលរួម​ការ​បោះឆ្នោត​ លើកលែង​តែ​មាន​ការសម្រប​សម្រួល​​ខាង​នយោបាយ​​មួយ។

លោក​សុន ឆៃ ​ថ្លែង​បន្ត​ទៀត​ថា​ សហគមន៍​អន្តរ​ជាតិ​ ដែល​បាន​វិនិយោគ​ទុន​ប្រាក់​រាប់ពាន់​លាន​ដុល្លា​ដើម្បី​ឲ្យមាន​ស្ថេរភាព​នយោបាយ​ក្នុង​ប្រ​ទេស​កម្ពុជា​ មិន​យល់​ពី​ស្ថានភាព​ធ្ងន់ធ្ងរ។

«ពួកគេ​ហាក់​ដូច​ជា​យល់​ច្រឡំ​ថា​រឿងក្តី​របស់​លោកសម​ រង្ស៊ី​ជា​រឿងក្តី​បុគ្គលដែល​វា​មិន​បាន​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ដើម្បី​​រក្សា​បរិយាកាស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ទេ។​ នេះ​ជា​កំហុស​ដ៏​ធំ​មួយ។​ ប្រទេស​ម្ចាស់​ជំនួយ​ ជា​ពិសេស​ប្រទេស​លោក​ខាង​លិច ​ដែល​បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​ដល់​ប្រទេស​កម្ពុជា​គួរតែ​ ពិនិត្យ​មើល​បញ្ហា​លោក​សម រង្ស៊ី​ឲ្យ​បាន​ហ្មត់ចត់»។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈកិច្ច​កាលពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ទៅកាន់​ទីក្រុង​ភ្នំពេញ​ លោក​ Surya Subedi ​បេសកជន​ខាង​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា​ មន្រ្តី​រដ្ឋាភិបាល​ គួរមាន​ការ​អត់ឱន​កាន់តែ​ច្រើន​ឡើង​ ហើយ​គួរ​ឈប់​ប្រើប្រាស់​តុលាការ​ប្រឆាំង​នឹង​អ្នក​រិះគន់​របស់​ខ្លួន។

មេដឹកនាំ​គណបក្ស​ប្រឆាំង​សម រង្ស៊ី​ បាន​ប្រឈមមុខ​បញ្ហា​ផ្លូវច្បាប់​កាន់តែ​ច្រើន​ឡើង។ កាលពីឆ្នាំ​ទៅ​លោក​បាន​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​បន្ទាប់​ពី​លោក​បាន​បង្ហាញ​ផែនទី​នៅ​សន្និសិទ​​សាព័ត៌មាន ​ដែល​រដ្ឋាភិបាល​អះអាង​ថា​មិន​បង្ហាញ​ព្រំដែន​ត្រឹមត្រូវ​រវាង​វៀតណាម​និង​កម្ពុជា។

រដ្ឋាភិបាល​និយាយ​នៅពេល​នោះ​ថា​ សកម្មភាព​របស់​លោក​ ស្មើ​និង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ក្លែងក្លាយ​ឯកសារ​សាធារណៈ។

បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ជា​បញ្ហា​រសើប​មួយ​សម្រាប់​រដ្ឋាភិ​បាល។​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​រក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋា​ភិបាល​ក្រុង​ហាណូយ​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន ​មិន​ទុក​ចិត្ត​ប្រទេស​ជិតខាង​ដែល​មាន​អំណាច​ខ្លាំង​ជាងនេះ​ទេ៕

ប្រែ​សម្រួល​ដោយ ​ជឹង ប៉ូជីន

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!