Koh Santipheap Daily

Koh Santipheap Daily


ខណ្ឌ​ប្ញស្សី​កែវ​ឆ្នាំ​២០១០មាន​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​៦១លើក​​ថយចុះ​ចំនួន​៥៣​លើក

Posted: 07 Mar 2011 11:31 PM PST

នៅ​ក្នុង​ឱកាសបើក​សន្និបាត​​បូកសរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១០ ​និងទិស​ដៅ​​ការ​ងារ​ឆ្នាំ​២០១១
នៅ​ក្នុង​ឱកាសបើក​សន្និបាត​​បូកសរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១០ ​និងទិស​ដៅ​​ការ​ងារ​ឆ្នាំ​២០១១

រាជធានីភ្នំពេញ ៖ បទ​ល្មើស​​​ព្រហ្ម​ទណ្ឌ​​នៅ​ឆ្នាំ​២០១0 ក្នុងខណ្ឌប្ញស្សី​កែវ បានកើត​ឡើង​ចំនួន​៦១​លើក បើ​ប្រៀប​ធៀប​នឹងឆ្នាំ​២០០៩ គឺថយ​ចុះ​ចំនួន​៥៣​លើក។ នេះ​បើ​តាម​របាយ​ការណ៍​​បូកស​រុប​​លទ្ធ​ផល​អនុវត្ត​​ការ​ងារ​ឆ្នាំ​២០១០ របស់​សាលា​ខណ្ឌ​ប្ញស្សី​កែវនៅ​ក្នុង​ឱកាសបើក​សន្និបាត​​បូកសរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១០ ​និងទិស​ដៅ​​ការ​ងារ​ឆ្នាំ​២០១១ ដែល​បាន​​ប្រារព្ធ​ធ្វើ​នៅ​សាលា​ខណ្ឌកាល​ពី​ព្រឹក​ថ្ងៃទី៧ ​មីនា ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​លោកឃ្លាំង​ ហួត ​​អភិបាល​ខណ្ឌ​ ។

លោកនុត ពុធ​ដារ៉ា ​អភិបាល​រង​ខណ្ឌ​ប្ញស្សី​កែវ​បានអាន​សុន្ទរ​ក​ថា បើកសន្និបាត​ឱ្យ​ដឹង​ថា ​សន្និបាត​បូក​​សរុប​​លទ្ធ​ផល​អនុវត្ត​​ការ​ងារឆ្នាំ​២០១០ និង​ទិស​ដៅការ​ងារ​ឆ្នាំ២០១១របស់​​​សាលា​ខណ្ឌ​ប្ញស្សីកែវ ដែល​បាន​រៀបចំឡើង​​នៅពេលនេះ គឺ​​សំដៅ​ឆ្លុះ​បញ្ចាំង​ និងរំលេច​ឱ្យ​ឃើញ​​ពីស្នាដៃ​ និងបណ្តា​​សមិទ្ធ​ផល​ជា​ច្រើន​​ដែល​​សម្រេច​បាន​លើ​កិច្ច​សហ​ការ​អនុវត្ត​​ប្រកបដោយ ប្រសិទ្ធភាព​ក្នុង​ការ​ការ​ពារ​សន្តិសុខ​​​ សុវត្ថិ​ភាព ​ការ​រៀបចំសណ្តាប់ធ្នាប់​​ ​របៀប​​​រៀបរយ​​សាធា​រណៈ​ជូនប្រជា​ពលរដ្ឋ​​ បង្ក្រាប​​បានទាន់ពេល​នូវ​សកម្មភាព​​ចោរលួច​ ឆក់ ប្លន់​ ទប់​ស្កាត់ និង​បង្ក្រាប​​​សកម្ម​ភាព​ក្មេង​ទំនើង​ ល្បែង​ស៊ីសង​គ្រឿង​ញៀន ​អំពើ​​ល្មើសច្បាប់​នានា ការជួញដូរ​មនុស្ស​​ ជួញ​ដូរ​​ផ្លូវភេទ​​ដោយ​អនុវត្ត​តាម​គោលនយោ​បាយ​​ «​​ភូមិ​-សង្កាត់​មាន​​សុវត្ថិ​ភាព​» ​​រួម​ទាំង​​ការពង្រឹង​​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ដែលកំពុង​តែ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ម៉ឺង​
ម៉ាត់ ។ នេះ​គឺ​ជា​កត្តា​គន្លឹះ​​ក្នុងការ​បង្ក​លក្ខណៈ ​​​និងជំរុញ​​ឱ្យ​ការ​អភិ​​វឌ្ឍ​​មូលដ្ឋាន​ទទួល​បាន​ជោគ​ជ័យ ​រួម​ចំណែក​​ដល់កិច្ច​​អភិវឌ្ឍន៍​រាជ​ធានី ភ្នំពេញ​ទាំងមូល​​ ​ឈាន​ទៅ​កាត់បន្ថយ​ភាព​ក្រីក្រ ​តាមយុទ្ធ​សាស្ត្រ​​​​​ចតុកោណ​​ជំហានទី២​​របស់​រាជ ​រដ្ឋាភិបាល​​កម្ពុជ​ាដែលមានសម្តេច​តេជោ ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត។

​លោកស្រី​កែវ ច័ន្ទស៊ុនណារី នាយិកា​រដ្ឋ​បាល​​សាលា​​ខណ្ឌ​ប្ញស្សី​កែវ បានអាន​របាយ​ការណ៍​បូកសរុប​លទ្ធផល​អនវុត្ត​ការ​ងារឆ្នាំ​២០១០ និងទិស​ដៅការ​ងារ​ឆ្នាំ២០១១ឱ្យ​ដឹង​ថា ​សកម្ម​ភាព​​​​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​​នៅក្នុង​ខណ្ឌ​ប្ញស្សី​កែវ​កើត​ឡើង​​ចំនួន​៦១​លើក​​ប្រៀប​ធៀប​នឹងឆ្នាំ​២០០៩ ​ថយ​ចុះ​ចំនួន​៥៣​លើក បណ្តាល​ឱ្យ​ស្លាប់​​មនុស្សចំនួន​៤នាក់ របួសធ្ងន់​៤នាក់ របួស​ស្រាល​៤​នាក់ នៅ​ក្នុងនោះ​បទ​ល្មើស​ឧក្រិដ្ឋកើត​ឡើង​២៤​លើក (ថយចុះ​​២៣​លើក) និងបទ​ល្មើស​មជ្ឈិម​កើត​ឡើង​ចំនួន​៣៧​លើក​​ (ថយចុះ​​៣០លើក) ។ ចំពោះ​លទ្ធ​ផល​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​​បទ​ល្មើស​​​ព្រហ្ម​ទណ្ឌ​​គ្រប់​ប្រភេទ ​យើង​ទទួលបាន​លទ្ធ​ផល​ល្អ​ដោយ​បង្ក្រាប​​សរុប​ចំនួន​១០២លើក ឃាត់​ខ្លួន​បានចំនួន​១២៨​នាក់ ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានីភ្នំពេញ ។

​លោកឃ្លាំង ហួត​ ​បានណែ​នាំដល់​មន្ត្រី​​ក្រោមឱវាទ​ឱ្យយកចិត្ត​ទុកដាក់​អំ​ពីសេចក្តី​សុខ​ សុវត្ថិ​ភាព ជូន​ប្រជាពលរដ្ឋ​​គ្រប់មូលដ្ឋាន​ញៀន ធ្វើ​យ៉ាង​ណាគ្មានអំពើ​លួច​ ឆក់ ប្លន់ ​​​គ្មានការ​ប្រើ​ប្រាស់​អាវុធខុសច្បាប់ គ្មាន​​ការប្រើប្រាស់​​គ្រឿង​ គ្មាន​ការ​ជួញ​ដូរ​​ស្ត្រី​ និងកុមារ និង​ជួញដូរ​​ផ្លូវភេទ ​ គឺ​ការ​អនុវត្ត​​គោល​នយោ​បាយភូមិ-សង្កាត់​​មាន​សុវត្ថិភាព ។ ​លោកឃ្លាំង ហួត បានបញ្ជាក់ថា មិន​អនុ​ញ្ញាត​ឱ្យ​មន្ត្រីណា​មួយ​មានការ​ពាក់ព័ន្ធ​​​នឹង​ថ្នាំញៀន​ឡើយ ហើយបើ​មានការ​ពាក់ព័ន្ធគឺ​គ្មាន​នរណា​អាចជួយ​បានទេ ។ លោក​ឃ្លាំង ហួត បាន​ស្តី​បន្ទោស​ដែរថា មន្ត្រី​ប៉ូលិស​​ឥឡូវ​​មេ​ច្រើន​ជាងកូនចៅ ហើយ​មន្ត្រី​​ប៉ូលិស​ខ្លះ​​ពេលមានភ្លើង​ឆេះ​ទើប​​ឃើញ​មុខ។ ​លោក​ក៏បាន​សំណូមពរ​​ដល់​លោក​​​អធិការ​ខណ្ឌប្ញស្សី​កែវ ត្រូវ​អនុវត្ត​ឱ្យម៉ឺ​ងម៉ាត់ ​កុំស្លូត​ពេក​ប្រយ័ត្ន​គេហៅ​ថា អធិការ​ស៊ីមពីរ ៕

រដ្ឋាភិបាល​​អូស្ត្រាលី​​ផ្តល់​​៥០០.០០០​​ដុល្លារ ដើម្បីអនុវត្ត​​​គម្រោង​​ស្រាវជ្រាវ​​​​ពីអំពើ​ហិង្សា​​លើ​​ស្ត្រី​​ពិការ

Posted: 07 Mar 2011 11:11 PM PST

រាជធានីភ្នំពេញ ៖ ​យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌​មាន​​​របស់ស្ថានទូត​អូស្ត្រាលីប្រចាំ​នៅ​កម្ពុជា កាលពីថ្ងៃទី​​​៧ មីនា ​ឆ្នាំ​២០១១ ​បាន​ឱ្យ​​ដឹង​ថា ​​រដ្ឋាភិបាល​​ប្រទេស​អូស្ត្រាលី​​បាន​ផ្តល់​​ថវិកា​​ចំនួន​​​៥០០.០០០​ដុល្លារ​អាមេរិក ​ដល់​សាកលវិទ្យា​ល័យ​​ម៉ូណាស ដើម្បី​​អនុវត្ត​​គម្រោង​​ស្រាវជ្រាវ​​​មួយស្តី​​ពី​អំពើហិង្សា​​ដែល​ទាក់ទង​​នឹង​បញ្ហា​​យេន​ឌ័រលើស្ត្រី​​ពិការ​នៅ​កម្ពុជា ។​
សេចក្តី​ប្រកាសព័ត៌​មាន​បន្ត​ថា គម្រោង​នេះ​នឹង​ត្រូវ​​អនុវត្ត​​ដោយសហការ​គ្នា​រវាង​ដៃគូ​​កម្ពុជា និង​​អូស្ត្រាលី​ ហើយ​នឹង​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​​សាកល្បង និងជំនាញ​ផ្សេងៗ​ទៀត​​ ដើម្បី​​ជួយ​ដល់​​ស្ត្រី​​ពិការ​ដែល​ជា​ជនរងគ្រោះ​​នៃ​អំពើ
ហិង្សា ។
លោក​ជំទាវ​​ផេនី រីឆាដស៍ ឯកអគ្គ​​រាជ​​ទូត​អូស្ត្រាលីប្រចាំ​នៅកម្ពុជា បានថ្លែង​ថា «អំពើ​ហិង្សា​លើ​ស្ត្រី​​ជា​អំពើ​មួយ​មិនអាច​ទទួល​យក​បាន​ឡើយ ​ហើយវា​អាច​កាត់បន្ថយ​​ទៅបាន​​ លុះ​ត្រា​​ណាតែ​​យើងធ្វើ​ឱ្យ​មានការ​រីកចម្រើន​​លើ​សម​ភាព​យេនឌ័រ ៕

ការ​វាយ​បក​យ៉ាង​ធំ​របស់​កង​កម្លាំង​ស្និទ្ធ​រដ្ឋា​ភិ​បាល​លី​ប៊ី​ប្រឆាំង​ពួក​បះ​បោរ

Posted: 07 Mar 2011 11:11 PM PST

ឆាកប្រយុទ្ធមួយនៅលីប៊ី

សហ​គមន៍​អន្តរ​ជាតិ​នៅ​តែ​ពុំ​ទាន់​ចុះ​សំរុង​​គ្នា​លើ​ការ​ធ្វើ​អន្តរា​គមន៍​យោធា​នៅ​លី​ប៊ី​។ ការ​ប្រយុទ្ធ​​គ្នា​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែល​កង​កម្លាំង​ស្និទ្ធ​​លោក​កា​ដា​ហ្វី បាន​ធ្វើ​ការ​វាយ​បក​ក្នុង​តំបន់​ឈូង​សមុទ្រ​ SYRTE។ នា​ថ្ងៃ​ទី​៧ មីនា មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​​កំពង់​ផែប្រេង​ RAS LANOUF ។ ទន្ទឹម​នឹង​នេះ​មាន​ការ​ខិ​ត​ខំ​ប្រឹង​ប្រែង​នានា​ដើម្បី​ប៉ុន​ប៉ង​ជួយ​ដល់​ប្រជា​ជន​ស៊ីវិល​ និង​ទប់​ស្កាត់​​ការ​រត់​ភៀស​ខ្លួន​របស់​ពួក​គេ​​។
យោង​តាម​អ.ស.ប​ថា មនុស្ស​ជាង​១លាន​នាក់​បាន​រត់​ភៀស​ខ្លួន​​ចេញ​ពី​លី​ប៊ី​ ឬ​ជាប់​ក្នុង​អំពើ​ហិង្សា​នៅ​ខាង​ក្នុង​ប្រទេស​ដោយ​ពួក​គេ​ត្រូវ​ការ​ជំនួយ​បន្ទាន់​។ អ.ស.ប វាយ​តម្លៃ​ថា មនុស្ស​​២០០.០០០​នាក់​ បាន​រត់​ភៀស​ខ្លួន​​ចេញ​ពី​លី​ប៊ី​រួច​ហើយ​ និង​​គ្រោង​ពី​ការ​ចាក​ចេញ​របស់​ម​នុស្ស​២០០.០០០​នាក់​ទៀត ហើយ​យល់​ថា ​មនុស្ស​ដល់​ទៅ​៦០០.០០០​នាក់​កំពុង​ស្ថិត​ក្នុង​គ្រោះ​​ថ្នាក់​នៅ​លី​ប៊ី​។ កង​កម្លាំង​របស់​លោក​កា​ដា​ហ្វី​ មាន​វត្ត​មាន​នៅ​លើ​គ្រប់​រណ​សិរ្ស​ទាំង​អស់​។ នៅ​លើ​រណ​សិរ្ស​ភាគ​ខាង​កើត​ប្រទេស​ កង​កម្លាំង​លោក​កា​ដា​ហ្វី ក្រោយ​ដណ្តើម​យក​បាន​មូល​ដ្ឋាន​ BIN DJAOUAD បាន​ចូល​ទៅ​​កាន់​ទី​ក្រុង RAS LANOUF ។​ ប្រជា​ជន​នៃ​ក្រុង​កំពង់​ផែ​ RAS LANOUF ដែល​បញ្ឈប់​សកម្ម​ភាព​ចាប់​​ផ្តើម​ចាក​ចេញ​ពី​ទី ក្រុង​នេះ ហើយ​ពួក​បះ​បោរ​និយាយ​ថា នាំ​ពួក​គេ​ទៅរក​ជម្រក​នានា​នៅ​វាល​ខ្សាច់​។ មាន​ការ​ទម្លាក់​គ្រាប់​បែក​ជា​ច្រើន​នៅទី​ក្រុង​នេះ​។ ពួក​បះ​បោរ​បាន​ស្នើ​ដល់​សហ​គមន៍​អន្តរ​ជាតិ​ឱ្យ​ធ្វើ​ការ​វាយ​ឆ្មក់​តាម​អាកាស​ប្រឆាំង​នឹង​កង​កម្លាំង​លោក​កា​ដាហ្វី​។ ពួក​បះ​បោរ​បាន​ទប់​ទល់​វិញ​ជាមួយ​នឹង​កាំ​ភ្លើង​ធំ​ព្រម​ទាំង​កាំភ្លើង​​ការ​ពារ​អាកាស ៕

ការប្រយុទ្ធ​​បង្ហូរ​ឈាម​​គ្នានៅ​ស៊ូដង់​​ខាង​ត្បូង​រវាង​កងទ័ព​ និងពួក​ឧទ្ទាម

Posted: 07 Mar 2011 11:11 PM PST

ពួកបះបោរកំពុងតបតជាមួយកងកំលាំងស្និទ្ធនឹងលោកកាដាហ្វី

អ្នកនាំពាក្យ​​ម្នាក់របស់​​កងទ័ព​ប្រជាជន​​រំដោះ​ស៊ូដង់ SPLA រាយការណ៍​​កាលពីថ្ងៃទី​​៧ មីនា ថា តុល្យការ​​នៃការប្រយុទ្ធ​​គ្នា​​រវាង​កងទ័ព​​ស៊ូ​ដង់​​ខាង​ត្បូង និង​ពួក​​ជីវពល​​ឧទ្ទាម ក្នុងរដ្ឋ HAUT NIL អ្នកស្លាប់​​ឡើងដល់​​​៧២​នាក់ ។ អ្នកនាំ​ពាក្យ​​រូបនេះ​​ក៏រាយការណ៍​​ផងដែរ ពី​មនុស្ស​​​ស្លាប់​​​២១​នាក់ ក្នុងការប្រយុទ្ធគ្នា​​នៅ​តំបន់ ​JONG​LEY ។
អ្នកនាំពាក្យ​​របស់ SPLA លោក PHILIP AGUER និយាយ​ថា មានការប្រយុទ្ធ​គ្នានានា កាលពី​​ថ្ងៃទី​៦ មីនា កន្លងមកនេះ ​​​រវាង SPLA និង​អតីត​កង​ជីវពល​ស្ថិត​ក្រោម​​បញ្ជា​​របស់​លោក​ ULONY ​ជា​ប្រមុខ​​កង​ជីវភាព​​នោះដែល​បម្រើ​ផលប្រយោជន៍​​ឱ្យក្រុង​​ខាទុម​ចាប់តាំង​ពី​យូរមក​ហើយ ។​ អតីត​​ពួក​​ឧទ្ទាម​​ទាំងនោះ​​បច្ចុប្បន្ន​​ជា​ប្រមុខ​​របស់កង​​កម្លាំង​​តំបន់​​ពាក់​កណ្តាល​​ស្វយ័ត​​ស៊ូដង់​​ខាង​ត្បូង​​នោះ​ដែលត្រូវ​​ក្លាយជា​​​រដ្ឋ​ឯក​រាជ្យ​​មួយក្នុង​ខែ​កក្កដា ខាងមុខនេះ ។​
អ្នក​នាំពាក្យ​រូបនេះបញ្ជាក់​ថា ​មនុស្ស​​៧២​នាក់ បានត្រូវ​​ស្លាប់​ក្នុង​​​ការ​ប៉ះទង្គិច​គ្នា​​នៅ HAUT NIL ។ ទន្ទឹម​​នឹង​នេះ​ លោក AGUER រៀប​រាប់​​ពីមនុស្សស្លាប់​​​២១​នាក់ ក្នុងនោះ​​មាន​ទាហាន​​​៧​នាក់ ក្នុង​​ការប្រយុទ្ធ​គ្នាកាលពីថ្ងៃទី​៧ មីនា រវាង​កងទ័ព​​​ស៊ូដង់​ខាងត្បូង និងក្រុម​​ជីវ​ពល​​ឧទ្ទាម​ក្នុង​រដ្ឋ​ JONG​LEY ជិតខាង ៕

លោក​កាដាហ្វី ព្រលយ​ពាក្យ​ថា លោក​នឹង​ចុះចេញពីតំណែង​បើ​មាន​ការធានា

Posted: 07 Mar 2011 07:48 PM PST

មេដឹកនាំ​​លីប៊ី​​ លោក​​មូអាម៉ា ​កាដាហ្វី​​

​តាមប្រភពព័ត៌​មាន​​មួយ​ថា មេដឹកនាំ​​លីប៊ី​​លោក​​មូអាម៉ា ​កាដាហ្វី​​ ពេលនេះ​បានត្រៀម​ខ្លួន​​រួច​​ជា​ស្រេច​ ដើម្បី​ចុះ​ចេញពីតំណែង​​ក្រោយ​ពី​កាន់​​​អំណាច​អស់រយៈ​ពេល​​៤១​ឆ្នាំមក ។ ប្រភព​​ព័ត៌មាន​​​ពី​បណ្តា​​ញ​ទូរទស្សន៍​​​អារ៉ាប់អាល់​ហ្សាហ្ស៊ី​រ៉ា​ ឱ្យ​ដឹង​ថា ​លោក​កា​ដាហ្វី បាន​ស្នើ​​ឱ្យ​​មាន​ការ​ប្រជុំ​​សភា ដើម្បី​​ឯកភាព​គ្នា​​ឱ្យ​មាន​អន្តរ​កាល​​ ដើម្បី​​ត្រួស​ត្រាយ​​ផ្លូវ​​សម្រាប់​​លោកចុះ​ចេញ​ពី​តំណែង ។ ​

លោកកាដាហ្វី ​បានព្រលយ​ពាក្យ​​ថា រូប​លោក​បានត្រៀមខ្លួន​​រួចជាស្រេច​​ដើម្បីចុះ​ចេញ​ពី​តំណែង​ ប្រសិនបើ​​ក្រុមប្រឹក្សា​​​ឧទ្ទាម​​ផ្តល់​​ឱ្យ​​លោក​​នូវ​ប្រាក់​​​មួយ​ចំនួន​ ហើយ​សន្យា​ថា មិន​កាត់ទោស​​រូបលោក ។ ​ប៉ុន្តែទោះបីជា​បែបណា​ក្តី ​សំណើ​របស់​​លោក​កាដាហ្វី ត្រូវបាន​ច្រាន​ចោល​​​ដោយក្រុមប្រឹក្សា​​ឧទ្ទាម​ដោយអះអាង​​ថា សំណើនេះ​​របស់​លោក​​កាដាហ្វី ​គ្រាន់តែ​​​ចង់​យក​រួច​​ខ្លួន​ប៉ុណ្ណោះ ។ ​

ជាមួយគ្នានេះ ​កាសែត​​ជា​ភាសា​អារ៉ាប់​​​២​ កាសែត​មួយ​មាន​មូលដ្ឋាន​​នៅក្នុង​ទីក្រុង​​ឡុង និង​​មួយទៀត​​មាន​មូលដ្ឋាន​​នៅក្នុង​​ប្រទេស​​អារ៉ាប់​រួម កាល​​​​​ពី​ថ្ងៃទី​​​៧ ​​មីនា កន្លងមក ​បានចេញ​ផ្សាយ​ព័ត៌​​មាន​​មួយ​ថា លោក​​កាដាហ្វី ​ពេលនេះ​កំពុង​ស្វែង​​រក​​​ផ្លូវ​​​រត់​គេច​​ខ្លួន ។ កូន​ប្រុសរបស់​លោក​កាដាហ្វី​​ម្នាក់​​ព្រមាន​ថា លីប៊ី នឹង​កើតមាន​សង្គ្រាម​​ស៊ីវិល​​ ប្រសិនបើ​​ឪពុក​​លោក​ចុះ​ចេញ​ពី​តំណែង ​៕​

ពិធីការ​មួយនៅ​​ឥណ្ឌា​ចំណាយប្រាក់​​ដល់ទៅ​15លានអឺរ៉ូ

Posted: 07 Mar 2011 07:47 PM PST

ពិធីការ​មួយនៅ​​ឥណ្ឌា

នៅប្រទេស​ឥណ្ឌា​​មានពិធី​រៀបការ​ដ៏ធំ​បំផុត​​មួយដែល​ផ្អើល​​ពួក​អ្នកកាសែត​ឥណ្ឌា​​​នាំគ្នាចុះទៅ​​យកព័ត៌​មាន​​​ឱ្យ​បាន​លម្អិត​​ ពិសេស​​លើ​ពិធី​​ជប់​លៀង​ទទួល​​ភ្ញៀវ ។​
លោក​ឡាលីត តាន់​វ៉ារ បានរៀប​ការ​​​នា​ពេល​ថ្មីៗ​​នេះ​​ជាមួយ​គូដណ្តឹង​​នាង​យ៉ូ​ហ្ស៊ី​តា ​ចាអ៊ូ​ណា ​ពូរីយ៉ា ​ក្នុង​​គេហដ្ឋាន​​គ្រួសារ​​ជនបទ​​មួយ ស្ថិត​នៅ​​ជិត​ទីក្រុង​ញូវដែល្លី ។ ​គេ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​​​ពេល​​ឮ​ពីការប្រកាស​​តួលេខ​​ទាក់​​ទិន​ដល់​ចំ​នួន​ភ្ញៀវ​​ដែលអញ្ជើញ​ចូល​រួម​ហូប​​ការ ដែល​មាន​​រវាង​ពី​​១៨.០០០ទៅ​​៣០.០០០​នាក់ និង​សេចក្តី​​រាយការណ៍​​ថា គ្រាន់តែ​​ការរៀប​ចំ​កន្លែង​​​រៀបការ​នេះ​គេប្រើ​​ពេល​​អស់​​៤០ថ្ងៃ និង​ប្រើ​មនុស្ស​​ដល់​​​១.០០០​នាក់ ។ កូន​កម្លោះ​​អាយុ​​​២៦​ឆ្នាំ ​ពាក់ខ្សែ​.ក​ធ្វើ​ពី​ក្រដាស​ប្រាក់​​យ៉ាង​ច្រើន​ ហើយ​បានទទួល​​ជាពិសេស​​នូវ​ឧទ្ធម្ភាគចក្រ​​​មួយ​គ្រឿង​​ជា​កាដូ ។ ប្រាកដ​ណាស់​​ នោះគឺ​​មហា​​​អាពាហ៍ពិពាហ៍​​មួយដែល​ពុំធ្លាប់​មាន​ដូច​​​សោះ​នៅ​ឥណ្ឌា​​ធ្វើ​ឱ្យ​​សារ​ព័ត៌​មាន​​ឥណ្ឌា​ចេញ​ផ្សាយ​​​ព្រោង​ព្រាត ។ ​ម្ហូប​អាហារ​​ដែលទទួល​ភ្ញៀវ​​មាន​​​១០០មុខខុសៗគ្នា ​ហើយក្នុង​ពិធីរៀបការ​​មាន​ដាក់​តាំង​អេក្រង់​​ទូរទស្សន៍​​យ៉ាង​ធំ​ចំនួន​១២​ ។​គ្រាន់​តែ​​​ជាងកោរ​ពុកមាត់ ពុកចង្កា​​​​រ​​ឱ្យ​កូន​កម្លោះ​​​​ទទួលបាន​កាដូដល់ទៅ​​៥.៥០០​ដុល្លារ ​ដែល​បាន​ចូលរួម​ក្នុងការរៀប​ចំ​​​ រួចកាសែត​​ TIMES OF INDIA ប៉ាន់​​ប្រមាណ​​​​តម្លៃ​​នៃការ​រៀបការ​នេះ​ថា មាន​ចំនួន​ប្រមាណ​​ជា​២២លាន​ដុល្លារ ឬ​​១៥​លាន​អឺរ៉ូ ។

ចំណែក​​ឪពុករបស់​​កូនកម្លោះ​​និយាយ​ប្រាប់​​​សារ​ព័ត៌​មាន​​ថា ​«ខ្ញុំ​​ពុំ​យល់​​សោះ​ ហេតុ​អ្វី​​ក៏​ការ​រៀប​ការ​នេះល្បី​​ខ្លាំង​ម៉្លេះ ។ រាល់​ការ​​វាយ​តម្លៃ​​ក្នុង​ម៉ាស៊ីន​ឃោសនា​​សុទ្ធតែ​​ជា​ពាក្យ​​ចចាម​អារ៉ាម។ ​នេះ​ជា​​ពិធីរៀ​ប​ការ​​​សាមញ្ញ​មួយ​ប៉ុណ្ណោះ។ ឪពុក​កូន​ក​ម្លោះ​​​និយាយ​ថា​ កូន​កម្លោះ​​​​ជា​អ្នក​​​​នយោបាយ​​ល្បីមួយ​​រូប​ និង​ជា​​អ្នក​​មាន​​ចំណែក​​​ឪពុក​​របស់កូនក្រមុំ ​ជាអតីត​​​អ្នក​នយោ​បាយ​​ម្នាក់​​​នៅរដ្ឋ​​ធានី​ឥណ្ឌា ។​ មុនពេលរៀបការ​​ មនុស្ស​​​២.០០០​នាក់ ​ក៏បាន​អញ្ជើញ​​ចូលរួម​​ក្នុងពិធី​​មួយដែរ ​ដោយ​​ក្នុង​​ឱកាស​​នោះ​​ទទួលបាន​​រូប​នំធ្វើ​​​ពីប្រាក់​សុទ្ធ​​មួយ និង​សម្លៀក​បំពាក់​​​មួយ​កំប្លេ​​ ព្រមទាំង​ប្រាក់​​​៥០០​ដុល្លារ​​សម្រាប់​ភ្ញៀវ​​ម្នាក់​ៗ ​។ គ្រួសារ​​កូនក្រមុំ​​ទទួល​អនាគត​​កូនប្រសា​​ប្រុស​​ជាមួយកាដូ​មួយ​មាន​ទឹកប្រាក់​​៥លានដុល្លារ ៕

អូ​តង់​ពិនិត្យ​ពី​ការ​ជ្រើ​ស​រើស​ខាង​យោធា​នៅ​លី​ប៊ី

Posted: 07 Mar 2011 07:42 PM PST

អូ​តង់​ពិនិត្យ​ពី​ការ​ជ្រើ​ស​រើស​ខាង​យោធា​នៅ​លី​ប៊ី​

យោង​តាម​ប្រធានា​ធិបតី​លោក​បារ៉ាក់​ អូ​បា​ម៉ា ថា អង្គ​ការ​អូ​តង់​បាន​ពិនិត្យ​ពី​ការ​ជ្រើស​រើស​ខាង​យោធា​ដែល​ទាក់​ទិន​ដល់​ប្រទេស​លី​ប៊ី​។ លោក​អូ​បា​ម៉ា​ក៏​ព្រមាន​ផង​ដែរ​ដល់​បណ្តា​សហ​ការី​របស់​លោក​មូ​អាម៉ា​ កា​ដា​ហ្វី ដែល​ត្រូវ​គិត​ដល់​អំពើ​ហឹង្សា​ទាំង​ឡាយ​។

ចំណែក​ពួក​អ្នក​កា​រ​ទូត​បារាំង និង​អង់​គ្លេស​កំពុង​ធ្វើ​ការ​លើ​គំរោង​ដំណោះ​ស្រាយ​មួយ​របស់​អ.ស.ប​ដើម្បី​បង្កើត​តំបន់​ហាម​មិន​ឱ្យ​មាន​ការ​ហោះ​ហើរ​ពី​លើ​ដែន​អាកាស​របស់​លី​ប៊ី​។ សហ​ភាព​អឺរ៉ុប​បាន​រៀប​ចំ​​ទណ្ឌ​កម្ម​ខាង​ហិរញ្ញ​វត្ថុ​ថ្មីៗ​ប្រឆាំង​លី​ប៊ី​ ដែល​សំដៅ​ជា​ពិសេស​លើ LIBYAN INVESTMENT AUTHORITY (LIA) ជាមូល​និធិ​មួយ​របស់​រដ្ឋា​ភិ​បាល​ដែល​គ្រប់​គ្រង​ចំណូល​ប្រេង​កាត​របស់​ប្រទេស​។

អ.ស.ប​ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ជា​ច្រើន​បាន​ធ្វើ​ការ​អំពាវ​នាវ​ជា​បន្ទាន់​មួយ​រក​មូល​និធិ​១៦០​លាន​ដុល្លារ​សំរាប់​ជំនួយ​មនុស្ស​ធម៌​ដល់​ជន​រង​គ្រោះ​ដោយ​សារ​ជម្លោះ​នៅ​លី​ប៊ី​។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​អា​ប៊ូ​ដា​ប៊ី​ បណ្តា​ប្រទេស​អារ៉ាប់​នៅ តំបន់​ឈូង​សមុទ្រ​ពែរ្ស៍​ប្រកាស​គាំ​ទ្រ​ចំពោះ​ការ​បង្កើត​ដោយ​អ.ស.ប​នូវ​តំបន់​ហាម​ហោះ​ហើរ​មួយ​​ពី​លើ​ដែន​អាកាស​លី​ប៊ី​។ ប្រមុខ​ការ​ទូត​លី​ប៊ី លោក​មូសា​តូ​សា​ បាន​ចោទ​ប្រកាន់​ប្រទេស​បារាំង​ អង់​គ្លេស និង​សហ​រដ្ឋ​អាមេរិក​ថា កំពុង​ធ្វើ​សកម្ម​ភាព​សំដៅពុះ​​បំបែក​ប្រទេស​លី​ប៊ី​។

អង្គ​ការ​អូ​តង់​បាន​ប្រមូល​យន្ត​ហោះ​ស៊ើប​ការណ៍​​ធុន AWACS ឱ្យ​ហោះ​សង្កេត​ការណ៍​នៅ​លី​ប៊ី​២៤​ម៉ោង​លើ​២៤​ម៉ោង​។ នេះ​ជា​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧​ មីនា​ របស់​លោក IVO DAAL​DER ឯក​អគ្គ​រដ្ឋ​ទូត​អាមេ​រិក​ប្រចាំ​អូ​តង់​។ ក្នុង​ឱកាស​នៃ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​អ្នក​ការ​ទូត​រូប​នេះ​ថ្លែង​ថា ការ​សំរេច​ចិត្ត​នេះ​ត្រូវ​បាន​ប្រកាន់​យក​ដើម្បី​កែ​លំអ​សមត្ថ​ភាព​ស៊ើប​ការណ៍​របស់​បណ្តា​យន្ត​ហោះ​ធុន AWACS របស់​អូតង់​ដោយ​ហោះ​ស៊ើប​ការណ៍​២៤​ម៉ោង​លើ​២៤​ម៉ោង​ និង​៧​ថ្ងៃ​លើ​៧​ថ្ងៃ​។ យើង​ចង់​តាម​ដាន​ឱ្យ​ដឹង​ប្រាកដ​តើ​មាន​អ្វី​ខ្លះ​​កើត​មាន​ក្នុង​ប្រទេស​នោះ ៕

លោកអូបាម៉ា ៖ ការប្រើ​កម្លាំង​យោធា​ប្រឆាំង​លីប៊ីអាច​ធ្វើទៅបាន

Posted: 07 Mar 2011 07:40 PM PST

អំពើហិង្សា​​នៅប្រទេស​លីប៊ី

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​ថ្លែង​ថា អាមេរិក និងបណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​​​អង្គការ​​អូតង់​​នៅតែ​​កំពុងពិចារណា​មើល​ពី​ការ​ឆ្លើយ​​តបដោយប្រើ​​កម្លាំង​​យោធា​​ចំពោះ​​អំពើហិង្សា​​នៅប្រទេស​លីប៊ី ។ លោក​អូបា​ម៉ា​ ​លើកឡើង​​ដូច្នេះ​​នៅ​ក្នុង​ឱកាស​​នៃការ​ជួប​​ពិភាក្សា​​គ្នា​ជាមួយ​​នាយករដ្ឋ​មន្ត្រី​​អូស្ត្រាលី លោកស្រី​ជូលៀ ​ហ្គីឡាត ដែល​កំពុង​​ស្នាក់នៅ​ក្នុង​​​ក្រុងវ៉ាស៊ីនតោន ។​

ថ្លែង​នៅក្នុង​​ខុទ្ទកាល័យ Oval លោកប្រធា​នាធិបតី​​អូបាម៉ា​ ថ្លែង​​​ថា សហរដ្ឋអាមេរិក​​នឹង​ឈរ​ខាង​ពលរដ្ឋលីប៊ី​​នៅពេល​​ពួកគេប្រឈម​មុខ​នឹង​អំពើ​​ហិង្សា ​ដែលមិន​អាច​ទទួលយក​បាន ។​ ទន្ទឹមពេលគ្នានេះ ​លោកអូបាម៉ា ​បានផ្ញើ​​លិខិត​មួយ​​ច្បាប់​​​ជូនទៅ​មេដឹកនាំ​​លីប៊ី លោក​​​កាដា​ហ្វី ​ដែលក្នុង​លិខិត​នោះ​លោកអូបាម៉ា ​ថ្លែង​​ថា លោកកាដាហ្វី និង​អ្នក​គាំទ្រ​​លោកត្រូវ​​តែ​ទទួល​ខុសត្រូវ​​ចំពោះ​​អំពើហិង្សា​ក្នុងប្រទេស ។​

លោកអូបាម៉ា ថ្លែង​កាលពីថ្ងៃទី​​៧ មីនា ថា អំពើហិង្សា​​ប្រឆាំង​ពលរដ្ឋ​លីប៊ី ​ជា​រឿង​មិន​អាច​ទទួលយកបានឡើយ ​​ហើយ​លោក​បាន​​ព្រមាន​ថា អ្នក​ដែល​ជាប់ពាក់​​ព័ន្ធ​ជាមួយនឹង​​អំពើ​ហិង្សា​​នេះ​ត្រូវ​​តែ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន ។​

លោក​​ប្រធានាធិបតី​​ថ្លែងទៀត​ថា អូស្ត្រាលី​​នឹងចូល​រួមជាមួយ​សហរដ្ឋអាេមរិក​​ក្នុង​ការ​ដាក់​ទណ្ឌ​​កម្ម​​ប្រឆាំង​​រដ្ឋាភិបាល​​លីប៊ី ​ដោយ​លោក​ថ្លែង​បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក​​នៅតែ​បន្ត​តាមដាន​​អំពើ​ហិង្សា​​ និង​ស្ថានការណ៍​​នៅ​ក្នុង​ប្រទេស​លី​ប៊ី ៕​

ប្រទេស​រុស្ស៊ី​​ជ្រើសរើស​​បានបវរ​កញ្ញា​ប្រចាំ​​ឆ្នាំ​​2011

Posted: 07 Mar 2011 07:38 PM PST

បវរកញ្ញារុស្ស៊ីឆ្នាំ២០១១

នាង Natalya Kantemurova អាយុ​១៩​ឆ្នាំ កម្ពស់​​​១,៧៥​ម៉ែត្រ បានទទួលជ័យ​​ជំនះ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​បវរកញ្ញា​​ប្រចាំ​ឆ្នាំ​​២០១១ របស់​ប្រទេស​រុស្ស៊ី ។ ពិធីប្រកួត​ត្រូវបានរៀបចំ​ឡើង​​នៅក្នុង​​ទីក្រុងម៉ូស្គូ ​កាលពីថ្ងៃទី​​​៥ មីនា កន្លង​មក ។​ នាង Natalya Kantemurova ជា​នារី​ស្រស់​ស្អាត​​ម្នាក់​​រស់នៅក្នុងទីក្រុងម៉ូស្គូ ​បានយក​ឈ្នះ​​លើនារី​​៥០​នាក់ ​មកពីទូទាំង​ប្រទេស​រុស្ស៊ី ​ដែល​បាន​ចូលរួម​ក្នុងការប្រកួត​​នោះដែរ ។

នាង Natalya ​និយាយ​ថា នាង​មានក្តី​​រីក​រាយ​​​ណាស់ ដែល​​​ពេលនេះ​នាង​​បានក្លាយជា​​បវរ​កញ្ញា​​ប្រចាំ​ឆ្នាំ​​២០១១ របស់​ប្រទេស​រុស្ស៊ី ។​ ក្រោយ​ពី​​បានទទួលជ័យជំនះ​​ជា​បវរ​កញ្ញា​​​ប្រចាំ​ឆ្នាំ​២០១១ របស់ប្រទេស​រុស្ស៊ី នាង Natalya នឹង​ធ្វើជា​បេក្ខនារី​​តំណាង​ប្រទេស​រុស្ស៊ី សម្រាប់​ចូលរួមក្នុងការប្រកួតជ្រើសរើស​​​បវរ​កញ្ញា​​ជាលក្ខណៈ​អន្តរជាតិ​ដែលនឹង​​រៀបចំឡើង​នា​ពេលខាង​មុខ​នេះ ៕

គណៈប្រតិភូ​អាជ្ញាធរ​​ជាតិ​អប្សរា​ចុះ​សួរ​សុខ​ទុក្ខ​​​យុទ្ធ​ជន​​រង​របួស​​នៅ​មន្ទីរ​​ពេទ្យ

Posted: 07 Mar 2011 07:34 PM PST

គណៈប្រតិភូ​អាជ្ញាធរ​​ជាតិ​អប្សរា​ចុះ​សួរ​សុខ​ទុក្ខ​​​យុទ្ធ​ជន​​រង​របួស​​នៅ​មន្ទីរ​​ពេទ្យ​

ខេត្ត​សៀមរាប​ ៖ គណៈប្រតិភូ​អា​ជា្ញ​ធរ​ជាតិ​អប្សរា​ដឹកនាំ​ដោយ​លោក​ប៊ុ​ន ណា​រិ​ទ្ធិ អគ្គ​នាយក​អា​ជា្ញ​ធរអប្សរា កាលពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​ មីនា ឆ្នាំ២០១១​កន្លង​ទៅ​ បាន​ចុះ​សួរសុខទុក្ខ និង​​នាំ​យក​អំណោយរបស់​លោ​កប​ណ្ឌិត​ស​ភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ ទៅ​ជូន​ដល់​វីរ​យុទ្ធ​ជនដែល​រងរ​បួស​ដោយសារ​សង្គ្រាម​ឈ្លាន​ពាន​​ពី​សំណាក់​​ទាហាន​សៀម​ថ្ងៃ​ទី៤​ដល់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ និងគ្រោះ​ថ្នាក់​ក្រឡាប់​រថ​យន្ដ​កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​យោធភូមិភាគ​៤​ ។

ថ្លែង​នៅ​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​វីរយុទ្ធ​ជន​រង​របួស​ដែល​កំពុងសំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេ​ទ្យ​យោធភូមិ​ភាគ​៤នោះ លោកប៊ុ​ន ណា​រិ​ទ្ធិ ​អគ្គនាយក​អា​ជា្ញ​ធរ​អប្សរា​មាន​ប្រសាសន៍​ថា ក្នុង​នាម​អា​ជា្ញ​ធរ​អប្សរា​សូមសម្ដែង​នូវ​ការ​​កោត​សរសើរ​និងដឹងគុណ​ខ្ពស់​ចំពោះ​វីរភាព​ដ៏អង់​អាច​ក្លាហាន​របស់​វីរ​យុទ្ធ​ជន​របស់​យើង​ទាំងអស់​ដែល​ឈរជើង​ការពារ​នៅ​គ្រប់​ទិស​មុខព្រួញ​សមរភូមិ​មុខ ជា​ពិ​សេស​តំបន់​សមរភូមិ​ព្រះ​វិហារ ​ដែល​បាន​ប្រឹង​​ប្រែ​ង​អស់ពី​កម្លាំង​កាយចិត្ដ​ធ្វើការ​ប្រយុទ្ធ​តតាំង​ក្នុង​​បុព្វហេតុ​ការពារ​បូរណភាព​ដែនដី​សុវណ្ណ​ភូមិ​របស់​យើង ពី​ការ​រំលោភ​ឈ្លាន​ពាន​ពី​សំណាក់​យោធា​សៀម ស្ថិត​​ក្រោម​​មហិច្ឆតា​របស់​លោក​អាប់​​ភី​ស៊ី​ត នាយក​រដ្ឋមន្ដ្រី​ល្មោ​ភ​សង្គ្រាម និងជា​ឧក្រិដ្ឋជន​ស​ង្គ្រាម ។

លោក​បាន​បន្ថែម​ទៀ​តថា យើង​ទាំងអស់​គ្នា​​ជា​ពលរដ្ឋ​ខ្មែរ​មានការ​ឈឺចាប់​ជាទី​បំផុតចំពោះ​ទ​ង្វើ​ឈ្លានពានរបស់​យោធា​សៀម​មក​លើ​ប្រទេស​​កម្ពុជា ដែល​ព្យាយាម​ធ្វើការ​វាយ ​ប្រហា​រ​ដោយ​អាវុធ​ជា​ច្រើន​លើក​មកហើយជា​ពិសេស​នៅ​ថ្ងៃ​ទី៤​ដល់​ថ្ងៃ​ទី៧ ខែកុម្ភៈកន្លង​ទៅ​នេះ​ បណ្ដាល​ឱ្យ​ជន​ស៊ី​វិលក៏ដូច​ជា​វីរយុទ្ធ​ជន​យើង​ស្លាប់​ និង​រង​របួស​។ ​ហើយ​ដើម្បី​សម្ដែង​នូវ​ការ​​ដឹងគុណ​ចំពោះ​វីរភាព​ដ៏អង់អាច​ក្លាហាន​នេះ ​ថ្ងៃនេះ​ក្នុង​នាម​ពលរដ្ឋ​ខ្មែរ និង​ក្នុង​នាម​សមរភូមិ​​ក្រោយ ​យើង​បាន​ចុះ​មក​សួរ​សុខ​​ទុក្ខ​ដោយ​នាំ​មក​​ជាមួយនូវ​អំ​ណោ​យ​របស់​លោ​កប​ណ្ឌិត​ស​ភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុ​កទីស្ដីការគណៈរដ្ឋមន្ដ្រី មក​ប្រគល់​ជូន​ផង​ដែរ​។​ កន្លង​មក​អា​ជា្ញ​ធរ​អប្សរា​ក៏បាន​ចូលរួម​ឧ​បត្ថម្ភ​​ជា​ថវិកា និង​គ្រឿង​​ឧ​បភោ​គ​​បរិភោគ​​ជា​ច្រើន​លើក​​ច្រើន​សា​មក​ហើយ​ដល់​កង​ទ័​ព​សមរ​ភូមិ​មុខ​​តាម​រយៈ​អា​ជា្ញ​ធរ​ខេត្ដសៀមរាប​។

យោង​តាម​​ប្រធាន​មន្ទីរពេទ្យ​យោធភូមិ​ភា​គ​​៤​​ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​យុទ្ធ​ជន​ចំនួន​៥៩​រូប​​បាននិងកំពុងស្នាក់​​​នៅសម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​​យោធភូមិ​ភាគ​៤នោះ ដោយ​ក្នុង​នោះ​២៣​រូប​ជា​​អ្នកជំងឺទូទៅ ១៣រូប​​ជា​វីរ​​យុទ្ធ​ជន​រង​​របួស​ក្នុង​ស​ង្គ្រា​ម​ឈ្លានពាន​ពី​សំណាក់​ចោរ​សៀម​​កាលពី​អំឡុងថ្ងៃ​ទី៤​ដល់​ថ្ងៃ​ទី៧ ខែ កុ​ម្ភៈ ឆ្នាំ២០១១ នៅ​សមរភូមិ​ព្រះ​វិហារ និង​២៣​​រូប​ទៀត​​រង​របួស​នៅ​ក្នុង​ឧប្បត្ដិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ កាលពី​ពេល​កន្លង​ទៅ ​។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អគ្គនាយក​ដ្ឋាន​អា​ជា្ញ​ធរ​ជាតិ​អប្សរា លោកជ្រុ​ន សុផល ដែល​បាន​រួម​ដំណើ​រ​ចុះ​សួរសុខទុក្ខ​វីរយុទ្ធ​ជន​រង​របួស​នោះ​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នោះ​គណៈប្រតិភូក៏បាន​នាំ​យក​អំណោយ​មួយ​ចំនួន​របស់​លោ​កប​ណ្ឌិត​ស​ភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋ​មន្ត្រី​ទទួល​​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រីជូន​ដល់​វីរ​យុវជន​ទាំង៥៩រូប ដែល​កំពុងតែ​សម្រាក​ព្យា​បាល​របួស និងជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​យោធភូមិ​ភាគ៤ ដោយ​ក្នុង​ម្នាក់​ៗទទួល​បានឃីត​​មួយ​កញ្ចប់ និងថវិកា​​ចំនួន៥ម៉ឺនរៀល។ ដោយឡែក​ក្រុម​គ្រូពេទ្យ​ចំនួន៥០នាក់ ម្នាក់​ៗទទួល​បាន​ថវិកា​១​ម៉ឺន​រៀល​ផង​ដែរ​។

សូម​បញ្ជា​ក់ថា កាលពី​ព្រឹក​ថ្ងៃ​ទី៧ ខែកុម្ភៈ លោក ស្រី​ ម៉ៅល្អ ប្រធាន​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរនិងបុរាណ​វិទ្យា​បង្ការ​នៃ​អា​ជា្ញ​ធរ​អប្សរា​ ក៏បាន​ដឹកនាំ​មន្ដ្រី​ក្រោម​ឱវាទ ចុះ​មកសួរ​ទុក្ខ​និង​ចែក​អំណោយ​ដល់​​វីរយុទ្ធ​ជន​រង​របួស​ទាំងនោះ​ដោយ​ម្នាក់​ៗ​ទទួល​បាន​​ថវិកា​​១៩​ម៉ឺន​រៀល ក្នុង​នោះ​​ដែរ ​លោក​​រដ្ឋ​លេខា​ធិការ​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី​​ក៏​បាន​ឧ​ប​ត្ថ​ម្ភ​៨ម៉ឺន​រៀល ដល់​យុទ្ធ​ជន​ម្នាក់​ៗ​ផង​ដែរ​ ៕

មជ្ឈិម​បូព៌ា​ជ្រួល​ច្របល់​​ភ្ញៀវ​ទេស​ចរ​ធ្លាក់​ចុះ​គួរ​កត់​សម្គាល់

Posted: 07 Mar 2011 07:26 PM PST

ភាពជ្រួលច្របល់នៅតំបន់មជ្ឈិមបូព៌ា

គណៈ​កម្មា​ធិការ​ផ្នែក​ទេស​ចរណ៍​របស់​ប្រទេស​ហ្ស៊ក​ដា​នី​​បាន​បញ្ជាក់កាល​ពី​ថ្ងៃ​ទី​៦ មីនា ថា ភ្ញៀវ​ទេស​ចរ​បរទេស​លុប​ចោល​ការ​ធ្វើ​ដំណើរ​ចូល​ភូមិ​ភាគ​អារ៉ាប់​ស្ទើរ​តែ​ទាំង​អស់​ ដោយ​សណ្ឋា​គារ​នៅ​ហ្ស៊​ក​ដា​នី​ត្រូវ​លុប​ចោល​បន្ទប់​ស្នាក់​នៅ​ច្រើន​ជាង​​៥០%​នៅ​សល់​តែ​ភ្ញៀវ​ទេស​ចរ​ក្នុង​តំបន់​ ខណៈ​ពេល​ប្រាក់​ចំណូល​ក្នុង​ប្រទេស​ហ្ស៊ក​ដា​នី​លើ​វិស័យ​ទេស​ចរណ៍​ក្នុងមួយ​ឆ្នាំ​​មាន​ប្រហែល​១៤% ឬ​ប្រហែល​១.០០០​លាន​ដុល្លារ​អាមេរិក​។ នៅក្នុង​របាយ​ការណ៍​បញ្ជាក់​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេស​ចរ​មក​ពី​ប្រទេស​បារាំង​ គឺ​ជា​ក្រុម​ចម្បង​របស់​ប្រទេស​​ហ្ស៊ក​ដា​នី​ ខណៈ​ពេល​ភ្ញៀវ​ទេស​ចរ​បរទេស​លុប​ចោល​ការ​ធ្វើ​ដំណើរ​ដែល​ចាត់​ទុក​ថា​ ជា​ការ​បាត់​ចំណូល​ក្នុង​ប្រទេស​។ 

ភ្ញៀវ​ទេស​ចរ​មក​ពី​បារាំង​សំលឹង​ឃើញ​ថា ព្រះ​មហា​ក្សត្រ​អាប់​ឌុល​ឡា​នៃ​​ប្រទេស​ហ្ស៊ក​ដា​នី​កំពុងទទួលរង​​ការ​ផ្តួល​អំណាច​​ដូច​ព្រះ​មហា​ក្សត្រ​ម៉ារ៉ុក  ​។ ចំណែក​ស្ថាន​ភាព​ទេស​ចរណ៍​របស់​ប្រទេស​ស៊ីរី​ក៏​ប្រឈម​មុខ​នឹង​បញ្ហាអ្នក​​ទេស​ចរត្រូវ​ផ្អាក​ធ្វើ​ដំណើរ​ច្រើន​ដូច​គ្នា​ ដោយ​បាន​ធ្លាក់​ចុះ​ប្រហែល​១១ទៅ​១២%​ រី​ឯ​ការ​លុប​ចោល​ការ​កក់​បន្ទប់​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ​បាន​ថយ​ចុះ​ប្រហែល​៣៥ទៅ​៤០% ​។ បច្ចុប្បន្ន​រដ្ឋា​ភិ​បាល​អាមេរិក​បាន​ប្រកាស​អាសន្ន​ដល់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​ត្រូវ​ចៀស​វាង​ធ្វើ​ដំណើរ​ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​យេម៉ែន​ ព្រោះ​ស្ថាន​ការណ៍​ក្នុង​តំបន់​នៅ​មាន​ភាព​គ្រោះ​ថ្នាក់​ក្រោយ​ពី​កើត​ហេតុ​ក្រុម​អាល់​កៃ​ដា​សំលាប់​មន្ត្រីប្រតិ​បត្តិ​ការ​ពិសេស​ចំនួន​៤​​នាក់​នៅ​កណ្តាល​ក្រុង​សា​ណា​ ៕

កម្មករ​ផ្នែក​​ប្រេង​នៅកូឡុំប៊ី​​23នាក់ត្រូវ​​បានចាប់ពង្រត់

Posted: 07 Mar 2011 07:24 PM PST

កម្មករ​​ផ្នែក​​ប្រេង​​យ៉ាងហោចណាស់​​​២៣​នាក់​ត្រូវ​បាន​ចាប់​ពង្រត់​​កាលពី​ថ្ងៃទី​៧ មីនា ​កន្លង​មក ​ដោយ​ពួកទ័ព​​ព្រៃ​​នៃកង​កម្លាំង​​​បដិ​វត្តន៍​​​កូឡុំប៊ី (FARC) នៅ​តំបន់ព្រៃ Vichada ភាគ​អាគ្នេយ៍​​ប្រទេ​ស​កូឡុំប៊ី ។ ​ប្រភពព័ត៌​មាន​​មួយ​បាន​ប្រាប់ស្ថានីយ​​វិទ្យុ RCN របស់​កូឡុំប៊ី​ថា កម្ម​ករទាំង​នោះត្រូវ​បានចាត់តាំង​​​​ឱ្យ​ស្វែង​រក​​ឧស្ម័ន​​អុីដ្រូកាបូន​​នៅ​តំបន់ព្រៃ​​នោះ ដែលជា​​កន្លែង​​លាក់ខ្លួន​របស់​កងកម្លាំង​បដិវត្តន៍​​កូឡុំ​ប៊ី ។​
កម្មករ​​ទាំង​នេះ​ធ្វើការ​​ឱ្យក្រុមហ៊ុន​​រុករ​កប្រេង​ Talisman របស់ប្រទេស​កាណាដា ។ ក្រោយពី​​​ទទួល​បានព័ត៌​មាន​​ពីការ​ចាប់ពង្រត់​​​នោះ កង​ទ័ព​កូឡុំ​ប៊ី​​ជា​ច្រើន​នាក់​ត្រូវបានបញ្ជូនទៅ​កាន់​តំបន់​ព្រៃ​នោះដើម្បី​​​ស្វែង​រក​កម្មករទាំង​នេះ​ ៕

នាយប៉ូលិស​ស្រី​​ដំបូងគេ​​របស់ម៉ិចស៊ិក​​ត្រូវ​បណ្តេញ​ចេញពី​តំណែង

Posted: 07 Mar 2011 07:24 PM PST

នាយប៉ូលិសស្រីម៉ិចស៊ិកដែលដកតំណែង

នាង Marisol Valles Garcia អាយុ​​២០​ឆ្នាំ ​ដែលត្រូវ​​បានតែង​តាំង​​​ជានាយប៉ូលិស​​ប្រចាំ​រដ្ឋ Praxedis Guerrevo ប្រទេស​ម៉ិចស៊ិក ត្រូវ​បាន​បណ្តេញ​ចេញពីតំណែងវិញហើយ ​​ដោយសារ​នាង​មិន​​បាន​ធ្វើការ​​កាលពីថ្ងៃទី​​៧ មីនា ​កន្លង​មក​ រយៈ​​​ពេលមួយថ្ងៃ ក្រោយពី​​ពេល​​វេលាឈប់​សម្រាក​​ដែលត្រូវ​​ផ្តល់​​​​ឱ្យនាង​ត្រូវ​ផុត​កំណត់ ។ ​មុននេះ​​​មាន​​របាយការន៍​​នានា​ថា នាង Garcia បាន​ចាក​ចេញ​​ពីប្រទេស​​ម៉ិចស៊ិក​​​ដើម្បីស្វះ​​​​ស្វែង​រក​​សិទ្ធិជ្រក​កោន​​នៅ​សហរដ្ឋអាមេរិក​​​ ដោយ​សារ​​រង​​​ការ​គំរាម​កំហែង​​ជា​ច្រើន​ក្នុង​ប្រទេស ។​
នាង Valles Garcia ទទួល​បានភាព​​ល្បីល្បាញ​​​លើ​ឆាក​​អន្តរជាតិ​​​កាលពី​​ឆ្នាំ​​២០១០ ​នៅពេលនាង​​យល់​ព្រម​​ទទួល​​តំណែង​​ជា​នាយ​ប៉ូលិស​​​ ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់បំផុត​​ ដែល​មន្ត្រី​​​ម៉ិចស៊ិក​​ជាន់ខ្ពស់​​ជា​ច្រើន​នាក់​​​មិន​ហ៊ាន​
ទទួល ។ នាង​ជា​នាយ​ប៉ូលិស​ស្រី​ដំបូង​គេ​របស់​​ប្រទេស​ម៉ិចស៊ិក ។​
មន្ត្រី​រដ្ឋ Praxedis Guerrero និយាយ​ថា ​នាង Garcia ជា​និស្សិត​​មហាវិទ្យាល័យ​​​ផ្នែក​​​ឧក្រិដ្ឋ​​វិទ្យា​ត្រូវបានអនុញ្ញាត​​ឱ្យឈប់សម្រាក​​ដោយ​សារ​កូន​អាយុ​​៨ខែ ​របស់នាង​​មានជំងឺ​​ ប៉ុន្តែ​​​​នាង​បានឈប់​​លើ​​ស​ពេល​កំណត់​រយៈ​ពេល​មួយថ្ងៃ ។ ដោយសារតែ​​​នាង​មិន​បាន​សុំ​ច្បាប់​​បន្ថែម​​អភិបាល​រដ្ឋ​ក៏​បាន​សម្រេច​បញ្ចប់​តំណែង​​របស់នាង ។​
នាង Valles Garcia ត្រូវ​បាន​តែង​តាំង​​ជា​នាយ​ប៉ូលិស​​ពីខែ​តុលា ឆ្នាំ​២០១០ កន្លងមក ៕

នាយក​រដ្ឋ​មន្ត្រី​ឡាវ​ធ្វើទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា

Posted: 07 Mar 2011 07:23 PM PST

សម្តេចតេជោ អមនាយករដ្ឋមន្ត្រីឡាវត្រួតពល
នាយករដ្ឋមន្ត្រីឡាវ សម្តេចតេជោ នៅ​វិមាន​សន្តិ​ភាព​ទី​ស្តី​ការ​នាយក​រដ្ឋ​មន្ត្រី
លោក​រដ្ឋមន្ដ្រី ខៀវ កា​ញា​រី​ទ្ធ ផ្ដល់​ព័ត៌មាន​ជុំវិញ​ទស​ន្ស​កិច្ច​របស់​នាយក​រដ្ឋមន្ដ្រី​ឡាវ

រាជ​ធានី​ភ្នំពេញ​​ ៖ តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា លោក THONG SING THAMMAVONG នាយក​រដ្ឋ​មន្ត្រី​នៃ​សា​ធា​រណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិត​ឡាវ​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

លោក​នាយ​ក​រដ្ឋ​មន្ត្រី​ឡាវ​នឹង​អញ្ជើញ​ចូល​គាល់​ព្រះ​ករុណា ព្រះ​មហា​ក្សត្រ​ អញ្ជើញ​ចូល​ជួប​​សំដែង​ការ​គួរ​សម​ជាមួយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា ស៊ឹម ប្រធាន​ព្រឹទ្ធ​​សភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ និង​ចូល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​សម្តេច​តេជោ​ហ៊ុន សែន​។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​វិមាន​សន្តិ​ភាព​ទី​ស្តី​ការ​នាយក​រដ្ឋ​មន្ត្រី​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ លោក​ខៀវ កាញា​រីទ្ធ រដ្ឋ​មន្ត្រីក្រសួង​ព័ត៌​មាន​​បាន​ប្រាប់​ឱ្យ​ដឹង​ថា សម្តេច​តេជោ​នាយក​រដ្ឋម​ន្ត្រី​បាន​ស្វា​គមន៍ ​អប​អរ​សាទរ​លោក THONSING THAMMAVONG ដែល​ត្រូវ​បាន​​ជ្រើស​​តាំង​ជា​ឯក​ច្ឆន្ទ​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​​សា​ធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មា​និត​ឡាវ​។ ការ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​នេះ គឺ​ជា​ជំហាន​​ថ្មី​មួយ​ទៀត​ក្នុង  ​ការ​ពង្រឹង​មិត្ត​ភាព​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​កម្ពុជា​-ឡាវ ជា​ពិសេស​​នៅ​ឆ្នាំ​នេះ​ដែល​ជា​ឆ្នាំ​ទី​៥៥​នៃ​ការ​ភ្ជាប់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​។

លោក​នាយករដ្ឋ​មន្ត្រី​ឡាវ​​បាន​ថ្លែង​អំណរ​គុណចំពោះ​​ការ​ជូន​ពរ​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ។ ​លោក​បាន​ឧទ្ទេស​នាម​ជា​ពីរ​ចំណែក​ គឺ​ចំណែក​ទី១​ លោក​ឧទ្ទេស​នាម​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា​-ឡាវ​។ ចំណែក​ទី​២ ឧទ្ទេស​នាម​អំពី​សភាព​ការណ៍​ប្រទេស​ឡាវ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​មាន​ប្រសាសន៍​ថា ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កម្ពុជា​-ឡាវ​នេះ គឺ​លោកមាន​​ការ​រីក​រាយ​ដោយ​បាន​ឃើញ​កន្លង​មក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជាន់​ថ្នាក់​រវាង​កម្ពុជា​ និង​ឡាវ​មាន​ការ​រីកចំរើន​ជា​បន្ត​បន្ទាប់​។ ពិត​មែន​តែ​ប្រទេស​ទាំង​ពីរ​នៅ​មាន​ជួប​ការ​លំបាក​ក្តី ប៉ុន្តែ​ឃើញ​នៅ​​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​ក្នុង​ស្មារតី​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ គឺ​ធ្វើ​ឱ្យ​មាន​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​ និង​ប្រជា​ជន​ទាំង​ពីរ​។

លោក​បាន​ថ្លែង​ការ​រីក​រាយ​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​ក្រសួង​ការ​ពារ​ប្រទេស​ និង​ផ្នែក​សន្តិ​សុខ​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​ព្រំ​ដែន​កម្ពុជា​-ឡាវ​ដែល​បាន​សហ​ប្រតិ​បត្តិ​ការ​គ្នាល្អ​ដើម្បី​ធ្វើឱ្យ​ព្រំ​ដែន​កម្ពុជា​-ឡាវជា​ព្រំ​ដែន​មួយ​មាន​សន្តិ​ភាព ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​បង្ក​លក្ខណៈ​ក្នុង​ការ​ធ្វើ​​ពាណិជ្ជ​កម្ម​រវាង​ប្រជា​ជន​ទាំង​ពីរ និង​ធ្វើ​ឱ្យ​បាត់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ គ្រឿង​ញៀន និង​ចូល​រួម​ក្នុង​ការអភិ​រក្ស​ព្រៃ​ឈើ​ ទប់​ទល់​នឹង​ការ​បំផ្លាញ​ធម្ម​ជាតិ​ បង្ការ​ជម្ងឺ​រាត​ត្បាត​ និង​បាន​ពង្រីក​វិស័យ​ទេស​ចរ​ណ៍​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ថ្មី​បាន​ស​ម្តែង​នូវ​​ការ​រីក​រាយ​ចំពោះ​ការ​រីកចំរើន​នៃ​ការ​​បោះ​បង្គោល​ព្រំ​ដែន​ ហើយ​ឃើញ​ថា ភាគី​ទាំង​ពីរ​បាន​សំរេច​ក្នុង​ស្មារតី​ជា​បង​ជា​ប្អូន​ជួយ​គ្នា​​នៅ​កន្លែង​ណា​មាន​ការ​លំបាក​គឺ​បាន​ជួយ​គ្នា​ដោះ​ស្រាយ​ក្នុង​ស្មារតី​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​ផង ជា​បង​ប្អូន​ផង​។

ពាក់​ព័ន្ធ​​ទៅ​នឹង​ចំណុច​ដែល​សេស​សល់​ លោក​នាយក​រដ្ឋ​មន្ត្រី​​ឡាវ ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​បន្ត​ចរចា​​ដោះ​ស្រាយ​ដើម្បី​​បោះ​បង្គោល​ព្រំ​ដែន​ឱ្យ​បាន​ឆាប់​រហ័ស​។ លោក​បាន​សុំ​ស្នើ​ឱ្យ​យក​ចំណុចដុង​​ក្រឡ​ដើម្បី​​ស្ថាប​នា​បង្គោល​ព្រំ​ដែន​ជា​អនុ​ស្សាវរីយ៍​មួយ​ជាមិត្ត​ភាព​ដើម្បី​កំណត់​ថា ប្រទេស​ទាំង​ពីរ​បាន​​រួម​គ្នា​ដោះ​​ស្រាយ​ការ​បោះ​បង្គោល​ព្រំ​ដែន​នេះ​ដោយ​ជោគ​ជ័យ​។ ទន្ទឹម​នេះ​ដែរ​ លោក THONSING បាន​ប្រាប់​ថា ខាង​ឡាវ​បាន​រៀប​ចំ​បង្គោល​បញ្ជូន​អគ្គិស​នី​កម្លាំង​១១៥​គីឡូ​វ៉ុល​មក​ដល់​ព្រំ​ដែន​ ហើយ​ដើម្បី​ឱ្យ​ខាង​កម្ពុជា​រៀប​ចំ​បន្ត​ទទួល​អគ្គិ​សនី​​ ។​ ទន្ទឹម​នេះ​ផង​ដែរ​លោក​បាន​សំដែង​ការ​រីក​រាយ​អំពី​ការ​ដែល​បាន​សហការ​គ្នាលើ​​ទំនាក់​ទំនង​ទូរ​គមនា​គមន៍​​ត​ភ្ជាប់​កាប​អុប​ទិក​។ ទាក់​ទង​ទៅ​នឹង​ការ​ដោះ​ដូរ​នៅ​តាម​ព្រំ​ដែន​សូម​ឱ្យ​គិត​គូរ​ពី ការ​បន្ធូរ​បន្ថយ​ពន្ធ​នៅ​ក្នុង​តំបន់​ត្រី​កោណ​អភិ​វឌ្ឍន៍​​ រៀប​ចំ​បែប​បទ​ក្នុងការ​ឆ្លង​កាត់​ប្រទេស​ទាំង​ពីរ​នេះ​ឆ្ពោះ​ទៅ​ប្រទេស​ទី​​៣​ដើម្បី​សំរួល​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ធ្វើ​ដំណើរ​នោះ​មាន​ល្បឿន​បាន​ឆាប់​រហ័ស​ជា​ទី​បំផុត​។

នៅ​ក្នុង​ការ​ងារ​អប់​រំ​ លោក​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ឡាវ​បាន​សំដែង​ការ​រីក​រាយ​ជា​ទី​បំផុត​ចំពោះ​ការ​បង្កើន​សិស្ស​រវាង​កម្ពុជា​ និង​ឡាវ​ទៅវិញ​ទៅ​មក ហើយ​ឡាវ​នឹង​ខិត​ខំ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ប្រាក់​បៀ​វត្ស​ដល់​និស្សិ​ត​កម្ពុជា​​ដែល​រៀន​នៅ​ឡាវ​ឱ្យ​បាន​ទៀង​ទាត់​។ ដោយ​សារ​ឆ្នាំ​នេះ​ជា​ខួប​ទី​៥៥​នៃ​ទំនាក់​ទំនង​ការ​ទូត​​កម្ពុជា​-ឡាវ​ លោក THONSING បាន​​ស្នើ​សុំ​​ឱ្យ​​សហការ​គ្នា​រៀប​ចំ​ជា​កម្ម​វិធី​រំលឹក​ទិវា​នេះ​ដោយ​ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ប្រទេស​នីមួយៗ​។
ចំពោះ​សភាព​ការណ៍​នយោ​បាយ​របស់​ឡាវ​ លោក​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ឡាវ​បាន​ជំរាប​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា សភាព​ការណ៍​នយោ​បាយ​របស់​ឡាវ​ គឺមាន​ស្ថិរ​ភាព​ សន្តិ​សុខ​ និង​​វិស័យ​សេដ្ឋ​កិច្ច​កន្លង​ទៅ​​ប្រទេស​ឡាវ​គឺ​បាន​កំណើន​៧,៩​%​។ ចំណូល​របស់​ប្រជា​ជន​គឺ​កើន​ឡើង​ពី​៥៣៤​ដុល្លារ​នៅ ឆ្នាំ​២០០៥​ដល់​៩៨៩​ដុល្លារ​នៅ​ឆ្នាំ​២០០៩​-២០១០​។ ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក៏​មាន​ការ​រីក​ចំរើន​ គឺជីវ​ភាព​របស់​ប្រជា​ជនមាន​ការ​កើន​ឡើង​។ ទំនាក់​ទំនង​ការ​បរទេស​របស់​ឡាវបាន​បើក​ទូលាយ​។ គណ​បក្ស​ប្រជា​ជន​បដិ​វត្តន៍​ឡាវ​ត្រៀម​នឹង​បើក​មហា​សន្និ​បាត​របស់​ខ្លួន​នៅ​ពាក់​កណ្តាល​ខែ​មីនា​ខាង​មុខនេះ​។

ទោះ​បី​ជា​មាន​​ការ​រីក​ចំរើន​ក្តី​ លោក THONSING បាន​ជំរាបសម្តេច​តេជោ​​ថា ប្រទេស​ឡាវ​នៅ​មាន​ការ​ប្រឈម​មុខ​ជា​ច្រើន ក្នុង​នោះ​ប្រជាជន​ឡាវ​ភាគ​ច្រើន​គឺ​រស់​នៅ​តំបន់​ព្រៃ​ភ្នំ​ដាច់​ស្រយាល​ ហើយ​និង​រស់​នៅ​ដោយ​រណប​ធម្ម​ជាតិ​ ដូច្នេះ​គឺ​ជា​ការ​លំបាក​មួយ​របស់​ប្រទេស​ឡាវ​។ ចំពោះ​ទិស​ដៅ​ខាង​មុខ លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​មាន​ប្រសាសន៍​ថា គឺ​ធ្វើ​យ៉ាង​ណា​ពង្រឹង​ស្ថិរ​ភាព​នយោ​បាយ និង​សង្គម​ ហើយ​និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ឱ្យ​ឡើង​បាន​៨%​ក្នុង​មួយ​ឆ្នាំ​ ។ ចំពោះ​ទិ​ស​ដៅ​សហ​ស្ស​វត្ស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រទេស​ឡាវ​នឹង​ខិត​ខំ​ធ្វើ​ឱ្យ​បាន​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

លោក​ខៀវ កាញា​រីទ្ធ​ បាន​បន្ត​ទៀត​ថា សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការ​អប​អរ​សាទរ​ចំពោះ​​ការ​រីក​ចំរើន​នៃ​សេដ្ឋ​កិច្ច​របស់​ឡាវ​ដោយ​​​មាន​កំណើន​៧,៩%​​នេះ​ដែល​ជា​កំណើន​មួយ​ខ្ពស់​នៅ​ក្នុង​តំបន់​។ សម្តេច​​សង្ឃឹម​ថា ឡាវ​នឹង​អាច​សំរេច​បាន​ផែន​ការ​សេដ្ឋ​កិច្ច​ដែល​បាន​ដាក់​នៅ​ពេល​ខាង​មុខ និង​ជូន​ពរ​ឱ្យ​សន្និ​បាត​លើក​ទី​៩​គណ​បក្ស​ប្រជា​ជន​បដិ​វត្តន៍​​ឡាវ​ទទួល​បាន​ជោគ​ជ័យ​។ កន្លង​មក​នេះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​លើក​បញ្ជាក់​ថា ក្រៅ​ពី​ទំនាក់​ទំនង​រវាង​រដ្ឋ និង​រដ្ឋ​ទំនាក់​ទំនង​រវាង​រដ្ឋា​ភិ​បាល​​ទាំង​ពីរ​ គឺ​មាន​ការ​ប្រជុំ​ថ្នាក់​ជាន់​ខ្ពស់​គណ​បក្ស​​នៃ​ប្រទេស​ទាំង​ពីរ​ គឺ​គណ​បក្ស​ឡាវ​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​ទាំង​ពីរ​នេះ​គឺ​មាន​​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​ទាំង​ផ្នែក​រដ្ឋ ទាំង​ផ្នែក​បក្ស​។​

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​លើក​ផង​ដែរ​អំពី​សភាព​ការណ៍​ប្រទេស​កម្ពុជា​វិស័យ​សេដ្ឋ​កិច្ច​ពី​ឆ្នាំ​២០០៤​ដល់២០០៧ កម្ពុជា​មាន​កំណើន​​៤%​ ប៉ុន្តែ​ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ​ ហើយ​នៅ​ឆ្នាំ​២០១០​នេះ​​សេដ្ឋ​កិច្ច​កម្ពុជា​ទើប​តែ​នឹង​បាន​ឡើង​៥,៥%​ ហើយ​កម្ពុជា​សង្ឃឹម​ថា នៅ​ឆ្នាំ​២០១១​ អាច​នឹង​ឡើង​ដល់​៦% ​នេះ​ដោយ​សារ​វិស័យ​កាត់​ដេរ​ កសិ​កម្ម និង​ទេស​ចរណ៍​មាន​ការ​រីក​ចំរើន​ ប៉ុន្តែ​វិស័យ​អចល​ន​ទ្រព្យ​នៅ​មិន​ទាន់​មាន​ការ​រីក​ចំរើន​នៅ​ឡើយ​។ ចំពោះ​វិស័យ​កសិ​កម្ម​​នៅ​កម្ពុជា​​នៅ​ឆ្នាំ​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បញ្ជាក់​ថា កម្ពុជា​បាន​ធ្វើ​ស្រូវ​វស្សា​១០៤%​នៃ​ផែន​ការ ​ស្រូវ​ប្រាំង​ធ្វើ​បាន​១១៨%​នៃ​ផែន​ការ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាន​សល់​ស្រូវ​សំរាប់​នាំ​ចេញ​៣.៨០០.០០០​តោន​គិត​ជា​អង្ករ​២.៥០០.០០០​តោន​ ដូច្នេះ​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ខិត​ខំ​​ផលិត​ស្រូវ​ឱ្យ​បាន​ច្រើន និង​ដើម្បី​នាំ​ចេញ​អង្ករ​ឱ្យ​បាន​ច្រើន​។ ដោយ​សារ​កន្លង​មក​នេះ​កម្ពុជា​ខ្វះ​ម៉ាស៊ីន​កិន​ស្រូវ​ធ្វើ​ឱ្យ​៧០%​នៃ​ស្រូវ​កម្ពុជា​សល់​នាំ​ទៅ​វៀត​ណាម​ ហើយ​៣០%​នាំ​ទៅ​ប្រទេស​ថៃ។​ សព្វ​ថ្ងៃ​នេះ​កម្ពុជា​កំពុង​រៀប​ចំ​ដើម្បី​បង្កើន​គុណ​ភាព​ម៉ា​ស៊ីន​កិន​ស្រូវ​ដើម្បី​ជំរុញ​អង្ករ​នាំ​ចេញ​ទៅ​ក្រៅ​ ហើយ​បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​ជោគ​ជ័យ​ក្នុង​ការ​ដណើ្តម​ទី​ផ្សារ​នៅ​អឺរ៉ុប​ ប៉ុន្តែ​ទន្ទឹម​នេះ​កម្ពុជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ផុយ​ស្រួយមួយ​ក្រោយ​ពី​វិបត្តិ​សេដ្ឋ​កិច្ច​​ដែល​កំពុង​ស្តារ​នេះ គឺ​​កម្ពុជា​មាន​បញ្ហា​ព្រំ​ដែន​ដែល​បាន​កើត​ឡើង ។ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បាន​លើក​ឡើង​ថា នេះ​គឺ​​មិន​មែន​ជា​​ការ​ចៃដន្យ​​ទេ គឺ​ជា​​ចេតនា​​ព្រាង​ទុក​មួយ​របស់​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ថៃ ។ ដូច្នេះ ​ហើយ​កម្ពុជា​ឈរ​លើ​គោល​ការណ៍​មួយ គឺ​មិន​ចង់​​ធ្វើ​សង្គ្រាម​ជា​មួយ​ប្រទេស​ណា​ទេ ប៉ុន្តែ​ការ​ឈ្លាន​ពាន​មក​នេះ​ដែល​ចាំ​បាច់​កម្ពុជា​ត្រូវ​តែ​តប​ត​​វិញ ។ ទោះ​បី​ជា​​កម្ពុជា​បាន​ប្រឹង​ចរចា​​ទ្វេ​ភាគី​រាប់​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​កម្ពុជា​មិន​បាន​ជោគ​ជ័យ​​  ដូច្នេះ​​ហើយ​កម្ពុជា​​ត្រូវ​បង្ខំ​ចិត្ត​ត្រូវ​​តែ​អូស​ថៃ​ទៅ​ក្រុម​ប្រឹក្សា​​សន្តិ​សុខ អ.ស.ប និង​បន្ទាប់​មក​ទៅ​អាស៊ាន ។

​សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​​ជា​ថ្មី​ម្តង​ទៀត​ថា ជំហរ​របស់​កម្ពុជា គឺ​ការ​ចរចា​​លើ​បញ្ហា​​ជំលោះ​ព្រំ​ដែន​នេះ គឺ​ជា​ការ​ចរចា​​ពហុ​ភាគី។ ប៉ុន្តែ​ការ​ចរចា​​វិស័យ​សេដ្ឋ​កិច្ច ទេស​ចរណ៍ គឺ​ចរចា​​ទ្វេ​ភាគី ។ ​សម្តេច​​​បាន​ជំរាប​ភាគី​​ឡាវ​ថា កម្ពុជា​បញ្ចូន​​ឯក​សារ​ទៅ​ទី​ក្រុង​ឡា​អេ ដើម្បី​ធ្វើ​ការ​បក​ស្រាយ​​ឡើង​វិញ លើ​សាល​ក្រម​របស់​តុលា​ការ​នេះ ។

នៅ​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា-ឡាវ សម្តេច​តេជោ​​បាន​លើក​សំណូម​ពរ​មួយ​ចំនួន​គឺ ​តភ្ជាប់​​ខ្សែ​កាប​អុប​ទិក​ដូច​គ្នា​​។ សម្តេច​សុំ​ឱ្យ​តភ្ជាប់​​​នៅ​ត្រង់​ចំណុច​នៅ​ត្រពាំង​​ក្រៀល ដើម្បី​​អាច​តភ្ជាប់​​កាប​អុប​​ទិក រវាង​ប្រទេស​ទាំងពីរ​ដែល​​អាច​ឱ្យ​មាន​ប្រព័ន្ធ​ VIDEO CONFE​RENCE ដែល​ធ្វើ​ឱ្យ​​ខេត្ត និង​ខេត្ត ឬ​ថ្នាក់​ក្រសួង​អាច​ធ្វើ​សន្និ​សីទ​ទាក់​ទង​គ្នា​បាន​ដែល​ជា​ការ​​ងាយ​ស្រួល​ក្នុង​កិច្ច​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ ។ ចំពោះ​បណ្តាញ​អគ្គិ​សនី​ដែល​ឡាវ​បាន​បញ្ចូន​មក​ដល​់ស្ទឹង​ត្រែង​នោះ សម្តេច​នាយក​រដ្ឋ​មន្ត្រី​បាន​​ថ្លែង​អំណរ​គុណ​​ដែល​បាន​បង្ក​លក្ខណៈ​​ងាយ​ស្រួល​ដល់​ប្រជា​ជាតិ​​កម្ពុជា ។

​សម្តេច​​បាន​សម្តែង​​ការ​រីក​រាយ​​ចំពោះ​ការ​ចុះ​ហត្ថ​លេខា​​លើ​​អនុ​ស្ស​រណៈ​នៃ​​ការ​យោគ​យល់​គ្នា​​រវាង​ក្រសួង​ព័ត៌​មាន​កម្ពុជា-ឡាវ ​​លើ​សេវា​កម្ម​ផ្លូវ​គោក និង​​អនុ​ស្ស​រណៈ​ការ​យោគ​យល់​​គ្នា​លើ​​វិស័យ​​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ដែល​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បាន​លើក​សរ​សើរ​អំពី​ការ​សម្រេច​​ពី​ការ​ដឹក​ជញ្ជូន​តាម​រថយន្ត​ទេស​ចរណ៍ ពីសៀម​រាប-​ប៉ាក់​សេ ជា​ជំហាន​ថ្មី​មួយ​ទៀត​ក្នុង​ការ​បង្កើន​ទេស​ចរណ៍។ ចំពោះ​រឿង​អាហា​រូបករណ៍​សម្តេច​បាន​ទទួល​ថា កម្ពុជា​អាច​ ទទួល​បន្ថែម​​បន្ត​ទៅ​ទៀត​ ប៉ុន្តែ​បច្ចុ​ប្បន្ន​នេះ​កម្ពុជា​កំពុង​តែ​សាង​សង់​​អន្តេ​វាសិក​ដ្ឋាន ហើយ​បាន​លើក​ថា មិន​ចាំ​បាច់​ស្នើ​ទេ បើ​ប្រទេស​ណា​អាច​ទទួល​លទ្ធ​ភាព​បាន​ច្រើន​ទទួល​ច្រើន។ ចំពោះ​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​សុំ​ឱ្យ​ធ្វើ​ដូច​វៀត​ណាម បើ​ខាង​ឡាវ​ពិនិត្យ​ហើយ កម្ពុជា​មិន​បាច់​ពិនិត្យ​ទេ បើ​កម្ពុជា​​ពិនិត្យ​ហើយ​គឺ​ខាង​ឡាវ​មិន​បាច់​ពិនិត្យ​ទេ ធ្វើ​​យ៉ាង​នេះ​មាន​លក្ខណៈ​ងាយ​ស្រួល​បង្កើន​ការ​ដឹក​ជញ្ជូន​ឱ្យ​បាន​ឆាប់។

ចំពោះ​ទិវា​កិច្ច​ទំនាក់​ទំនង​ការ​ទូត​លើក​ទី​៥៥ កម្ពុជា-​ឡាវ សម្តេច​បាន​ស្នើ​ឱ្យ​គួរ​តែ​ចាប់​ធ្វើ​ដំបូង គឺ​រៀបចំ​សម្ពោធ​បង្គោល​ព្រំ​ដែន​អនុ​ស្សា​វរីយ៍កម្ពុជា-​ឡាវ នៅ​ដុងក្រឡ គឺ​សុំ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ទាំង​២ ចូល​រួម​សម្ពោធ។ ទី២ គឺ​សុំ​ឱ្យ​រៀបចំ​​ជា​ផ្សារ​ណាត់-​សិល្បៈ​ផ្សេង​ៗ​ទៀត​នៃ​ចំណង​ទាក់​ទង​នៃ​ប្រទេស​យើង​ទាំង​២។ សុំ​ឱ្យ​ភាគី​ឡាវ​ពង្រីក​យន្ត​ការ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៃ​តំបន់​ត្រី​កោណ​​អភិ​វឌ្ឍ​កម្ពុជា​-វៀត​​ណាម-​ឡាវ។

សម្តេច​បាន​សំដែង​ការ​អរ​គុណ​​ប្រទេស​ឡាវ​ដែល​ជួយ​ព្យាបាល​ប្រជា​ជន​កម្ពុជា​នៅ​ជាប់​ព្រំ​ដែន​ រដ្ឋា​ភិបាល​ឡាវ​បាន​បញ្ជូន​ប្រាក់​៥​ម៉ឺន​ដុល្លារ​ជួយ​ដល់​ប្រជា​ជន​រង​គ្រោះ​នៅ​កោះ​ពេជ្រ។ សម្តេច​បាន​​សម្តែង​នូវ​ការ​រីក​រាយ ដោយ​ការ​​បាន​​បោះ​​បង្គោល​៨៨%ហើយ​​ ដូច្នេះ​កន្លែង​ណា​នៅ​មិន​ទាន់បោះ​ គឺ​សុំ​បន្ត​សហ​ការ​គ្នា​ឱ្យ​បាន​ឆាប់​រហ័ស។

ជា​កិច្ច​ឆ្លើយ​តប​ លោក THONGSING THAMAVONG នាយក​រដ្ឋ​មន្ត្រី​ថ្មី​ឡាវ​បាន​បញ្ជាក់​ថា រដ្ឋា​ភិបាល​ឡាវ ​បាន​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​សភាព​ការណ៍​កម្ពុជា-​ថៃ ហើយ​បាន​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​គឺ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​តែ​វិបត្តិ​ផ្ទៃ​ក្នុង​របស់​ថៃ។ តាម​ពិត​កម្ពុជា​មិន​គួរ​មាន​រឿង​បែប​ហ្នឹង​ទេ ព្រោះ​រឿង​អ្វី​ៗ​ដែល​កម្ពុជា​បាន​លើក​គឺ​ជា​ការ​ងារ​មួយ​ដែល​ស្រប​ច្បាប់ ដូច្នេះ​លោក​សូម​ស្នើ​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​កន្លង​មក​នេះ​បាន​យក​ជំហរ​មួយ​ដ៏​ត្រឹម​ត្រូវ ហើយ​បាន​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​អន្តរ​ជាតិ និង​​និយាម​អន្តរ​ជាតិ ធ្វើ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​ទាំង​អស់​បាន​គាំទ្រ​ដល់​ជំហរ​របស់​ប្រទេស​កម្ពុជា​នេះ។ ប្រទេស​ឡាវ​នឹង​ខិតខំ​ថែម​ទៀត​ដើម្បី​​ប្រឹង​ប្រែង​យ៉ាង​ណា​ជួយ​ធ្វើ​ឱ្យ​សភាព​ការណ៍​រវាង​កម្ពុជា-​ថៃ​បាន​ធូរ​ស្រាល។

លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​​បាន​អញ្ជើញ​សម្តេច និង​លោក​ជំទាវ​ ព្រម​ទាំង​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​​ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ឡាវ​នៅ​ពេល​វេលា​មួយ​សម​ស្រប។ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ទទួល​យក​ហើយ​នឹង​ពិចារណា​ផង​ដែរ និង​សម្រេច​​នៅ​ពេល​ណា​សម​ស្រប។ កម្ពុជា​-​ឡាវ​មាន​ការ​ងារ​ច្រើន​នៅ​ឆ្នាំ​២០១២ ខាង​មុខ គឺ​ឡាវ​ត្រូវ​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន-​អឺរ៉ុប កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន ហើយ​កម្ពុជា​ក៏​ត្រូវ​រៀបចំ​បោះ​ឆ្នោត​សមា​ជិក​ព្រឹទ្ធ​សភា និង​ការ​បោះ​ឆ្នោត​មូល​ដ្ឋាន៕

ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​ពីរគូ​ជាបងថ្លៃ​​ប្អូនថ្លៃនឹងគ្នា​​ពីបទ​ជួញដូរ​ថ្នាំញៀន

Posted: 07 Mar 2011 07:21 PM PST

ជនសង្ស័យ​៤​នាក់ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​សា​លា​ដំ​បូង​​ខេត្

ខេត្តពោធិ៍សាត់់​​ ៖ ជនសង្ស័យ​៤​នាក់​ជា​ប្ដី​​ប្រពន្ធ​និង​ជា​បង​ថ្លៃ​ប្អូ​ន​ថ្លៃ​នឹង​គ្នា​ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​សា​លា​ដំ​បូង​​ខេត្ត​​បន្ទាប់​ពី​ឆែក​​ឆេរ​​ក្នុង​លំនៅ​ដ្ឋាន​រក​ឃើញ​ថ្នាំ​​ញៀន​ប្រភេទ​យ៉ា​បា​ពណ៌​ក្រហម​ចំនួន​១២១​​គ្រាប់​កន្លះ​ កាល​ពី​ថ្ងៃ​ទី៥ ​មីនា ​។ ​ជន​សង្ស័យ​​ទាំង​៤​​នាក់​មាន​១-​ឈ្មោះ​យិន ភាន ​ហៅ​ហ៊ាន ភា ​ភេទប្រុស​ អាយុ៣២​​ឆ្នាំ​ ២-​​ឈ្មោះ​​អ៊ុត តុន ​​ភេទស្រី ​អាយុ​៣២​ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​ ៣-​ឈ្មោះ​​អ៊ឹម ខុន ​ភេទ​ប្រុស ​អាយុ​៤៨​​ឆ្នាំ ​និង​​៤-​ឈ្មោះ​​​អ៊ុត តាក់​ ភេទ​ស្រី​ អាយុ៣៧ឆ្នាំ​ជា​ប្រពន្ធ។ ទាំង​៤នាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នារស់​នៅភូមិរវៀង​ឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍​សាត់ ។

តាម​​ប្រភព​ពី​លោកអនុសេនីយ៍ឯកសូ សាហុង ​អធិការរង​នគរបាលស្រុកភ្នំក្រវាញ​ទទួល​​បន្ទុកការងារយុត្តិ​ធម៌ឱ្យដឹងថា ជន​សង្ស័យ​ទាំង៤នាក់ខាងលើ​គឺជា​មុខសញ្ញាជួញ​ដូរថ្នាំញៀនដែលសមត្ថកិច្ច​តាមស៊ើបអង្កេតរក​ភស្តុតាងដើម្បីដាក់បន្ទុក​ជាយូរមកហើយ។ កន្លងមកពួកគេមិនសូវនៅផ្ទះ​ជាប់លាប់ទេចេញ-ចូលៗដូចអំពិលអំពែក ប៉ុន្តែ​​លើកនេះឃើញនៅ​យូរ​ ភ្នាក់ងារបានរាយ​ការណ៍​មក​សមត្ថកិច្ច​ហើយ​ក៏សុំ​យោបល់ពីលោក​ស្នង​ការនគរបាល​ខេត្តដើម្បីសុំដីកាពីលោកព្រះ​រាជអាជ្ញាអម​សាលា​ដំបូងខេត្ត ទើបនៅថ្ងៃទី​៥ មីនា សមត្ថ​កិច្ច​ចុះទៅឆែកឆេរក្នុងលំនៅ​ដ្ឋានជនសង្ស័យ​ រកឃើញ​ថ្នាំញៀន​ប្រភេទយ៉ាបាចំនួន​១២១​គ្រាប់​កន្លះពណ៌ក្រហម​ដាក់ក្នុងដបជរ័​ដែលគេ​លាក់ទុកកប់ក្នុងដីក្រោម​ផ្ទះ។ បន្ទាប់ពី​រកឃើញ​វត្ថុ​តាងហើយ សមត្ថកិច្ច​ក៏ធ្វើការ​ឃាត់​ខ្លួនជន​សង្ស័យប្ដីប្រពន្ធទាំង​ពីរ​គូរនេះតែម្ដង។​ នៅ ចំពោះ​មុខសមត្ថកិច្ចជនសង្ស័យឈ្មោះ​អ៊ឹម ខុន ប្រពន្ធឈ្មោះអ៊ុត តាក់ ជាបងថ្លៃបាន​បដិសេធ​ថាខ្លួនគ្រាន់​តែជាម្ចាស់ផ្ទះប៉ុណ្ណោះ ប៉ុន្តែ​មិនបាន​ដឹងថាប្អូន​ថ្លៃរកស៊ីជួញដូរថ្នាំញៀននោះ​ទេ ។

​ចំណែកជនសង្ស័យឈ្មោះយិន ភាន ហៅ​ហ៊ាន ភា បានសារភាពថា ខ្លួននិងប្រពន្ធបាន​បោះបង់​មុខ​របរផ្សេងហើយ​មករកស៊ីជួញដូរថ្នាំញៀន​នេះដោយសារមុខរបរនេះកាក់កបខ្លាំង។ ចាប់ពី​ខែតុលាឆ្នាំ២០១០​ ​មកដល់ដើមខែមីនា ឆ្នាំ​២០១១​នេះខ្លួនបានចែកចាយថ្នាំញៀនចំនួន​៥លើក ហើយលក់ទៅឱ្យអ្នកចូលព្រៃកាប់ឈើ អារឈើ អ្នកបើករថយន្តដឹកឈើ និងកម្មករ​ក្រុមហ៊ុនផ្សេងៗ ដែលថ្នាំញៀនប្រភេទយ៉ាបា​នេះជួយមិនឱ្យងងុយដេក និងធ្វើការមិន​ចេះអស់​កំលាំង។ ថ្នាំញៀននេះខ្លួនទិញមកពីខេត្តប៉ៃលិន និងផ្សារឡែមខេត្តបាត់ដំបង។ជនសង្ស័យទាំង៤នាក់សមត្ថកិច្ចបានកសាង​​សំណុំបែបបទបញ្ជូនទៅសាលាដំបូងខេត្ត​នារសៀលថ្ងៃទី៧ មីនា​នេះ​ដើម្បីផ្ដន្ទាទោសតាម​ច្បាប់ ៕

នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ត្រី​ទឹក​សាប​នាំ​ទៅ​ថៃ​មាន​ចំនួន​ច្រើន

Posted: 07 Mar 2011 07:04 PM PST

នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ត្រី​ទឹក​សាប​នាំ​ទៅ​ថៃ​មាន​ចំនួន​ច្រើន

ក្រុង​ប៉ោយ​ប៉ែត​​ ៖ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ដែល​ជា​ច្រក​សេដ្ឋ​កិច្ច​ធំ​មួយ​ជាមួយ​ប្រទេស​ថៃ​ ​ឈ្មួញ​បាន​​នាំ​ត្រី​ទឹក​សាប​ទៅ​លក់​នៅ​ប្រទេស​ថៃ​ពី​២០​ទៅ​៣០​តោន​នៅ​ខែ​កុម្ភៈ​កន្លង​មក​ខុស​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១០​ និង​ខែ​មករា​ កន្លង​ទៅ​មាន​ពី​៤០​ទៅ​៥០​តោន​។

មន្ត្រី​សង្កាត់​រដ្ឋ​បាល​ជល​ផល​ក្រុង​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ទោះ​ជា​សភាព​ការណ៍​​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​​យ៉ាង​​ណា​ក៏​ដោយ​ ក៏​ផ្នែក​សេដ្ឋ​កិច្ច​​នៅ​តែ​ដំណើរ​ការ​ដោយ​មាន​ការ​ដោះ​ដូរ​ទំនិញ​ជា​ធម្មតា​។ ជាក់​ស្តែង​​បើ​និយាយ​ពី​ត្រី​សាច់​ដែល​នាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​ថៃ​ រាល់​ថ្ងៃ​នេះ មាន​ចំនួន​៥ក្រុមហ៊ុន​​ គឺ​១-​ក្រុម​ហ៊ុន​ហ៊ុត​ជ្រា, ២-គឹម ស្រ៊ាង, ៣-ប៊ុត ចាន់ធូ, ៤-ញឹម ហៀង និង​៥-រដ្ឋ ដូរ៉េ ។ មន្ត្រី​​​ដដែល​​បន្ត​ថា​ត្រី​ដែល​នាំ​ចូល​ទៅ​ប្រទេស​ថៃ​ មាន​តាម​រដូវ​គឺ​នៅ​​ខែ​ធ្នូ និង​ខែ​មករា ក្នុង​១​ខែ​មាន​ពី​៤០​ទៅ​៥០​តោន​ ដោយ​ឡែក​នៅ​ខែ​កុម្ភៈ​ក្នុង​១​ខែ​​ពី​២០​ទៅ​៣០​តោន​ ក្នុង​នោះ​ត្រី​រស់​ ក្នុង​១​ថ្ងៃ​ជិត​១​តោន។ ត្រី​ដែលនាំ​ចេញ​ជា​ប្រភេទ​ត្រី​រ៉ស់​ ត្រី​តា​ឱន​ ត្រី​អណ្តែង​ ត្រី​កែស​ ត្រីឆ្លូញ​ ត្រី​ប្រមា ត្រី ចង្វា​ពោត ដែល​ឈ្មួញ​​ទិញ​ពី​ខេត្ត​​​ជុំ​វិញ​បឹង​ទន្លេ​សាប មាន​ខេត្ត​សៀម​រាប​ កំពង់​ធំ​​កំពង់​ឆ្នាំង​ ពោធិ៍​សាត់​ បាត់​ដំបង​ បន្ទាយ​មាន​ជ័យ​។

មន្ត្រីសង្កាត់​រដ្ឋ​បាល​ជល​ផលបាន​បន្ត​ទៀត​​ថា ក្រៅ​ពី​ត្រី​ដែល​នាំ​ចូល​នៅ​ប្រទេស​ថៃ​ ក្រុម​ហ៊ុន​ទាំង​៥​បាន​នាំ​ចូល​ពី​ថៃ​មក​កម្ពុជា​វិញ​ នូវ​ត្រី​ក្លា​ស្សេ​ទឹក​កក​មាន​ត្រី​ប្រា​ ត្រី​ឆ្ពិន និង​ត្រី​កាម៉ុង​ក្នុង​១​ខែ​​ពី​៥ទៅ​១០​តោន​ ៕

ផលិត​កម្ម​វិស្ណុ​ភាព​យន្ត​ត្រូវ​តួ​សម្តែង​​ចោទ​អត់​ឱ្យ​លុយ

Posted: 07 Mar 2011 06:52 PM PST

រាជ​ធានី​ភ្នំពេញ​​ ៖ រឿង​ ចន្ទ​ចាក​វេហាស៍ របស់​ផលិត​កម្ម​វិស្ណុ​ភាព​យន្ត​ដែល​បាន​ចេញ​ថត​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ រហូត​​មក​ដល់​ពេល​នេះ​ជិត​ចប់​ហើយ​ ដោយ​​មាន​លោក​​ជ័យ រិទ្ធា​ ជា​អ្នក​និពន្ធ​ និងដឹក​នាំ​រឿង​ និង​ជា​អ្នក​កាន់​កាមេរ៉ា​ថត។ ទោះ​ជា​យ៉ាង​ក្តី​ ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១១​ កញ្ញា​សុវណ្ណ លីនដា ជា​តារា​ថ្មី​ទើប​រះ​ដែល​បាន​ចូល​រួម​សម្តែង​នៅ​ក្នុង​រឿង​ ចន្ទ​ចាក​វេហាស៍ នេះ​ដែរ​ ជា​តួ​អង្គ​ឈ្មោះ​លីន​ដា​​ឱ្យ​ដឹង​ថា ក្នុង​សាច់​រឿង​​នាង​ត្រូវ​​ថត​​៤​ថ្ងៃ​ចប់​ តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​នោះ គឺ​ពេល​នាង​សុំ​បើក​លុយ​ លោក​ជ័យ រិទ្ធា មិន​បើក​ឱ្យ​​ទេ ដោយ​ប្រាប់​ថា លោក​គ្មាន​លុយ​ឱ្យ​ទេ​។ សំរាប់​កំរៃ​របស់​នាង​ គឺ​ក្នុង​១​ថ្ងៃ​៤​ម៉ឺន​រៀល ឬ​១០​ដុល្លារ​ដូច្នេះ​នាង​ថត​រយៈ​ពេល​​៤ថ្ងៃ​ស្មើ​នឹង​៤០​ដុល្លារ​ ។

កញ្ញា​លីន​ដា​និយាយ​ថា កាល​ពី​លោកជ័យ រិទ្ធា ឱ្យ​​នាយ​តឿ​ហៅ​​នាង​ទៅ​សម្តែងដូច​ជា​ងាយ​​ស្រួល​ណាស់​ តែ​ពេល​សម្តែង​​ហើយ​ស្រាប់​តែ​​មិនបើក​​លុយ​ឱ្យ​ទៅ​វិញ ។ ដូច្នេះ​នាង​សុំ​ឱ្យ​​ផលិត​កម្ម​​កាត់​ត្រង់​ឈុត​ឆាក​ដែល​នាង​សម្តែង​រយៈ​ពេល​៤​ថ្ងៃ​នោះ​ចេញ ។ នាង​ចំណាយ​ប្រាក់​​ទិញ​សំលៀក​បំពាក់​ល្អៗ និង​ជិះ​ម៉ូតូ​ទៅ​សម្តែង​​ចំណាយ​សាំង​អស់​ជាច្រើន​​ និង​ចំណាយ​ពេល​វេលា​អស់​រយៈ​ពេល​៤​ថ្ងៃ​ បែរ​ជា​គ្មាន​បាន​ប្រាក់​កំរៃ​បន្តិច​សោះ​ ។ នាង​សុំ​បើក​ប្រាក់​ពី​​លោក​ជ័យ រិទ្ធា ត្រូវ​លោក​ប្រាប់​​ថា គ្មាន​​លុយ​បើក​ឱ្យ​ទេ ចំណែក​​នាយ​តឿ​ជាអ្នក​​ហៅ​នាង​​ទៅថត​ពេល​នាង​ទូរ​ស័ព្ទ​​ទៅ​សួរ​មិន​លើក​​ទេ ។

កញ្ញា​លីន​ដា​ និយាយ​ទៀត​ថា លោក​ជ័យ រិទ្ធា បាន​ឱ្យ​ដឹង​ថា «លោក​បើក​ផលិត​កម្ម​​​ប៉ុនណា​ប៉ុន​ណី​ រឿង​អី​គ្មាន​លុយ​បើក​ឱ្យ​តួ​ក្នុង​មួយ​ថ្ងៃ​១០​ដុល្លារ​នោះ តែ​បើ​តួ​ប្រាប់​មុន​ថា យក​លុយ​គាត់​បើក​ឱ្យ​ភ្លាម​»។ តាម​ពិត​កាល​ពី​ហៅ​នាង​ថត​នាយ​តឿ​អ្នក​ចាត់​ការ​ទូ​ទៅ​និយាយ​ថា ចាំ​គេ​បើក​លុយ​ឱ្យ​​ តែ​ពេល​ថត​ចប់​ស្រាប់​តែ​ក្រុម​ការ​ងារ​របស់​ផលិត​កម្ម​វិស្ណុ​ ​និយាយ​​ដេញ​ដោល​គ្នា​ពី មួយ​ទៅ​មួយ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​​។ បើ​មិន​ចង់​ឱ្យ​លុយ​តួ​សម្តែង​ហេតុ​អី​ពេលហៅ​ទៅ​​ថត​មិនប្រាប់​ឱ្យ​ហើយ​ ​ឬ​​សួរ​តួសម្តែង​ថា​តើ​មក​ថត​យក​លុយ​ឬអត់​?

ការ​ចោទ​ប្រកាន់​តែ​ម្ខាង​របស់​នាង​លីន​ដា​បែប​នេះ​​ទៅ​លើ​ផលិត​កម្ម​វិស្ណុ​យើង​មិន​ចាត់​ទុក​ថា វា​ជា​ការ​ពិត ឬ​យ៉ាង​ណា​នោះ​ទេ ។ ជា​ធម្មតា​បញ្ហា​មួយ​​ដែល​កើត​ឡើង​​គូ​ភាគី​​តែង​តែ​​និយាយ​យក​ត្រូវ​រៀង​ខ្លួន​ ឬ​ទំលាក់​កំហុស​ទៅ​ភាគី​ម្ខាង​។ ​ជួន​កាល​បញ្ហា​ដែល​កើត​ឡើង​រវាង​តួ​សំដែង​ និង​ផលិត​កម្ម​នេះ​អាច​មាន​ហេតុ​ផល​ណា​មួយ​ខុស​ពី​ការ​លើក​ឡើង​របស់​នាង​លីនដា​ ៕

តាម​ប្រមាញ់​ទីតាំង​មេខ្លោង សមត្ថកិច្ច​រក​ឃើញ​រថយន្ត​ទ្រុង​ក្លា​ស្សេ​បង្កប់​ឧបករណ៍​ផលិត​គ្រឿងញៀន

Posted: 07 Mar 2011 06:45 PM PST

​ការ​ស្រាវ​ជ្រាវ​ និង​​ស៊ើប​អង្កេត​​យ៉ាង​ក្តៅ​​គគុក​មួយ​​របស់​សមត្ថ​កិច្ច​ជំនាញតាម​ប្រមាញ់​ទីតាំង​មេខ្លោង
​ប្រតិ​បត្តិ​ការ​​នេះ​ សមត្ថ​កិច្ច​បាន​ឆែក​​ឆេរ​លំនៅ​ឋាន​តាមដីកា​​ឆែក​ឆេរ​របស់​សាលា​ដំបូង​រាជ​ធានី
សមត្ថកិច្ចកាត់សោទ្រុងរថយន្ត
ប្រទះឃើញឧបករណ៍ផលិតថ្នាំញៀនក្នុងរថយន្តនេះ (រូបថត ជោគជ័យ)

រាជធានីភ្នំពេញ ៖ ​ការ​ស្រាវ​ជ្រាវ​ និង​​ស៊ើប​អង្កេត​​យ៉ាង​ក្តៅ​​គគុក​មួយ​​របស់​សមត្ថ​កិច្ច​ជំនាញ​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​រាជ​ធានីភ្នំពេញ សហ​ការ​ជា​មួយ​នគរ​បាល​​នាយក​ដ្ឋាន​​សន្តិ​សុខ​ក្រសួង​មហា​ផ្ទៃ​​ និង​តុលា​ការ​ត្រូវ​បាន​ធ្វើ​ឡើង​ជុំ​វិញ​​អចលន​ទ្រព្យ​របស់​​មេ​ខ្លោង​ផលិត​គ្រឿង​ញៀន​​​ឈ្មោះ​​ហុង អេន​ឌី ទោះ​បី​ជា​លំនៅ​ឋាន​​​២​កន្លែង​ត្រូវ​បាន​ទទួល​ការ​ឆែក​ឆេរ​​ហើយ​ក្តី​​ ក៏​នៅ​រសៀល​ថ្ងៃ​ទី​៦ ​និង​ព្រឹក​ថ្ងៃ​ទី​៧ មីនា ​លំនៅ​ឋាន​២​កន្លែង​ទៀត​ត្រូវ​បាន​ធ្វើ​ការ​​ឆែក​ឆេរ​ ។

លំនៅ​ឋាន​ទី​៣ ដែល​ត្រូវ​បាន​​ឆែក​ឆេរ​នៅ​​រសៀល​ថ្ងៃទី​៦ មីនា ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ទំនប់ ​សង្កាត់​​បឹង​ទំពុន ខណ្ឌ​​មាន​ជ័យ ។ ​ប្រតិ​បត្តិ​ការ​ខាង​លើ​នេះ​សមត្ថ​កិច្ច​បាន​ឆែក​​ឆេរ​លំនៅ​ឋាន​តាមដីកា​​ឆែក​ឆេរ​របស់​សាលា​ដំបូង​រាជ​ធានី​ ​​បាន​រក​ឃើញ​មាន​ទូដែក​មួយ និង​រថយន្ត​ម៉ាក LEXUS ​៤៧០ ថ្មី​មួយ​គ្រឿង​​ទៀត។ ​ក្រៅ​ពី​នេះ​ពុំ​ឃើញ​មាន​អ្វី​គួ​រ​ឱ្យ​កត់​សំគាល់​​​ឡើយ សូម្បី​តែ​មនុស្ស​ក្នុង​លំនៅ​ឋាន​ក៏​ពុំ​​មាន​ដែរ ។ ចំពោះ​លំនៅ​ឋាន​ និង​សម្ភារ​ដែល​សមត្ថ​កិច្ច​​​បាន​ចុះ​អនុ​វត្ត​ការ​ឆែក​ឆេរ​ត្រូវ​បាន​តុលា​ការ​ចេញ​ដីកា​​រឹប​អូស​ និង​បិទ​ទ្វារ​​ផ្ទះ​ទាំង​ស្រុង​តែ​ម្តង ។​ដោយ​ឡែក​​ទូ​​​ដែក​តុលា​ការ​​បាន​សម្រេច​​ឱ្យ​គាស់​ត្រួត​ពិនិត្យ​​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មីនា។

សូម​រំលឹក​ថា ឈ្មោះ​ហុង អេន​ឌី ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១ មីនា ​នៅ​ក្នុង​ដីឡូត៍​គ្មាន​​លេខ​ ​ភូមិ​ស្វាយ​​តាអុក សង្កាត់​​វាល​ស្បូវ ខណ្ឌ​​មាន​ជ័យ​ ហើយ​បច្ចុ​ប្បន្ន​​ត្រូវបាន​តុលា​ការ​​ចេញដីការ​​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស​កាលពី​ល្ងាច​​ថ្ងៃ​ទី​៥ មីនា ។ ​នៅ​​ព្រឹក​​ថ្ងៃ​ទី​៧ មីនា ទូដែក​ដែល​សមត្ថ​កិច្ច​ដក​ហូត​បាន​នៅ​ក្នុង​ផ្ទះ​ហុង អេន​ឌី នៅ​ភូមិ​​ក្បាល​ទំនប់ សង្កាត់​បឹង​​ទំពុន នោះ ​គណៈ​កម្ម​ការ​ចំរុះ​​រួម​​មួយ​​បាន​គាស់​ពិនិត្យ​មើល​​នៅ​អង្គ​ភាព​នាយក​ដ្ឋាន​សន្តិ​សុខ​ផ្ទៃ​ក្នុង​ក្រសួង​​មហា​ផ្ទៃ​​ តែ​ពុំ​មាន​អ្វី​ឡើយ សូម្បី​តែ​លុយ​មួយ​សេន​​ក៏​គ្មាន​ដែរ​។ ចំពោះ​​បញ្ហា​នេះ​ប្រភព​ព័ត៌​មាន​មួយ​បង្ហើប​ថា ​ក្រុម​គ្រួសារ​​ហុង អេន​ឌី ដឹង​រឿង​មុន​ បាន​ប្រមូល​លុយ និង​​​មាស​​ប្រាក់​​ចេញ​អស់​ពី​ក្នុង​ទូដែក ។

នៅ​ព្រឹក​ថ្ងៃទី​៧ មីនា ​ដោយ​មាន​ការ​ដឹក​នាំ​ពី​​តំណាង​​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​​លោក​គួច ចំរើន​​ អភិ​បាល​ខណ្ឌ​​មាន​ជ័យ ​លោក​ហ៊ី ណា​រិន អធិ​ការ​​នគរ​បាល​ខណ្ឌ  លោក​ជឹម ស៊ីថា ​អធិ​ការ​រង​នគរ​បាល​ខណ្ឌ​ លោក​​ម៉ែន ​ហេង​​ទិត្យ អធិ​ការ​រង​នគរបាល​ខណ្ឌ​ និង​លោក​តេង ស៊ី​ណូ អធិ​ការ​រង​​ដែរ​នោះ​ បាន​ចុះ​ឆែក​ឆេរ​លំនៅ​ឋាន​របស់​ឈ្មោះ​ហុង អេន​ឌី ​មួយ​កន្លែង​ថ្មី​ទៀត​ស្ថិត​នៅ​​ភូមិ​ព្រែក​ថ្មី ស​ង្កាត់​​ព្រែក​ថ្មី ខណ្ឌ​​មាន​ជ័យ គឺ​ជា​ផ្ទះ​ទី​៥ ។
ប្រតិ​បត្តិ​ការ​នោះ​ ក៏​មាន​ការ​ដឹក​នាំ​បញ្ជា​​​ដោយ​ផ្ទាល់​​របស់​​លោក​ឧត្តម​សេនីយ៍​​ត្រី ជា​ ឡាយ ​អនុ​ប្រធាន​​នាយក​ដ្ឋាន​​កណ្តាល​សន្តិ​សុខ​​និង​មន្ត្រី​ជំនាញ​​ជា​ច្រើន​​រូប​ទៀត ។ ​ដោយ​ឡែក​ផ្នែក​​មន្ត្រីតុលា​ការ​វិញ ក៏​មាន​វត្ត​មាន​លោក​ជីវ កេង ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដឹក​នាំ​អនុ​វត្ត​​​នីតិវិធី​ច្បាប់​ផង​ដែរ ។ ​នៅ​ក្នុង​រង្វង់​អនុ​វត្ត​កិច្ច​ប្រតិ​បត្តិ​ការ​ឆែក​ឆេរ​​លំនៅ​ឋាន​​នៅ​ភូមិ​ព្រែក​​ថ្មី​ខាង​លើ​នេះ សមត្ថ​កិច្ច​បាន​រក​ឃើញ​ឧបករណ៍​​ផលិត​ថ្នាំ​ញៀន​ត្រូវបាន​បំពាក់​នៅ​ក្នុង​រថយន្ត​ក្លា​ស្សេ​​មួយ​គ្រឿង​ដូច​រថយន្ត​ក្លា​ស្សេ​ទឹក​អនាម័យ ដើម្បី​ចល័ត​​ចុះ​ឡើង​ផលិត​ពី​ទី​​តាំង​មួយ​ទៅ​ទីតាំង​មួយ​ផ្សេង​ដែល​ងាយ​​ស្រួល​ក្នុង​ការ​បំភ័ន្ត​​ភ្នែក​សមត្ថ​កិច្ច​ គឺ​ជា​រថយន្ត​ផលិត​​ថ្នាំញៀន​​ចល័ត។ លើស​ពី​នេះ​ទៅ​ទៀត ​សមត្ថ​កិច្ច​បាន​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ដែល​ផលិត​ហើយ​ប្រភេទ​ថ្នាំ​​ម្សៅ​​កន្លះ​បាវ​ដែល​ត្រៀម​​ដឹក​យក​ទៅ​ចែក​ចាយ​​នៅតាម​តំបន់​​ផ្សេងៗ​ក្នុ​ងព្រះ​​រាជា​ណាចក្រ​កម្ពុជា​ ។

កិច្ច​ប្រតិ​បត្តិ​ការ​ដដែល​ខាង​លើ​នេះ សមត្ថ​កិច្ច​រក​ពុំ​ឃើញ​មាន​មនុស្ស​ណា​ម្នាក់​នៅ​ក្នុង​លំនៅឋាន​​នោះ​ទេ ។ ដោយ​សារ​តែ​បញ្ហា​នេះ​​​ក្រុម​សមត្ថ​កិច្ច​បាន​បង្ខំ​ចិត្ត​យក​កន្ត្រៃ​​កាត់​ដែក​​កាត់​ផ្តាច់​​សោ​ទីតាំង​ខាងលើ​ដោយ​កម្លាំង​បាយ។ ​ក្នុង​នោះ​ដែរ​​សូម្បី​តែ​​រថយន្ត​​​ឃ្លុប​ដែល​បំពាក់​ឧបករណ៍​​ផលិត​ថ្នាំ​ញៀន​​ក៏​​ត្រូវ​សមត្ថ​កិច្ច​​កាត់​​សោ​​ទ្វារ​ដែក​ ទើប​ដឹង​ថា មាន​ឧបករណ៍​ផលិត​ថ្នាំ​ញៀន​​ និង​សារ​ធាតុ​ញៀន​ផ្សេងៗ​​ទៀត​នៅ​ក្នុង​រថយន្ត​​នោះ ។ សូម​បញ្ជាក់​ថា ​ទីតាំង​ផលិត​ថ្នាំ​ញៀន​នៅ​ភូមិ​​ព្រែក​ថ្មី សង្កាត់ព្រែក​ថ្មី ដែល​ទើប​​ត្រូវបាន​ផ្ទេរ​​ចូល​មក​ក្នុង​​ការ​គ្រប់​គ្រង​​រដ្ឋ​បាល​​​របស់​សាលា​​រាជ​ធានី​​ភ្នំពេញ​នោះ គឺ​ជាទីតាំង​ទី​៤ ​ហើយ​ដែល​សមត្ថ​កិច្ច​​ចុះ​អនុ​វត្ត​រឹប​អូស​យក​មក​​តម្កល់​​ទុក។ ​

ចំពោះ​ទីតាំង​ទាំង​៤​កន្លែង ​ដែល​សមត្ថ​កិច្ច​​អនុ​វត្ត​​កន្លង​មក​ ទី​១ គឺ​ដីឡូត៍​​នៅភូមិ​ស្វាយ​​តា​អុក សង្កាត់​វាល​ស្បូវ ទី​២ ផ្ទះ​ល្វែង​​នៅភូមិ​សន្សំ​កុសល​ សង្កាត់​​បឹង​ទំពុន ទី៣ ផ្ទះ​ល្វែង​នៅ​ភូមិ​​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន និង​ទី​៤ គឺ​ដីឡូត៍​ធំ​នៅ​ភូមិ​ព្រែក​ថ្មី​ខាង​លើ​តែ​ម្តង ។ ចំពោះ​​ទីតាំង​ទាំង​៤​កន្លែង​នោះ សុទ្ធ​តែ​បំពាក់​កាមេរ៉ាចាប់​រូប​ភាព​គ្រប់​ជ្រុង​ទាំង​អស់។ ទីតាំង​ទាំង​នោះ​សម្រាប់​​​មនុស្ស​ធម្ម​តា​ល្មមៗ ​ពុំ​មាន​​លទ្ធ​ភាព​ទិញ​យក​មក​ធ្វើ​​ជា​កម្ម​សិទ្ធិ​ឡើយ ៕

រុះរើ​តូប​អាជីវករ​នៅ​ផ្សារ​កំពង់​ប្រណាកជម្រះបញ្ជី ប្រធានស៊ីដាច់កូនចៅ

Posted: 07 Mar 2011 06:19 PM PST

តូបផ្សារដែលលក់ដូរលើដីទំនាស់ត្រូវបានរុះរើ
ទិដ្ឋភាពនៃការរុះរើតូបលក់ដូរនៅកំពង់ប្រណាកនាព្រឹកថ្ងៃ៧ មីនា
ទិដ្ឋភាពនៃការរុះរើតូបលក់ដូរនៅកំពង់ប្រណាកនាព្រឹកថ្ងៃ៧ មីនា
ទិដ្ឋភាពនៃការរុះរើតូបលក់ដូរនៅកំពង់ប្រណាកនាព្រឹកថ្ងៃ៧ មីនា
ទិដ្ឋភាពនៃការរុះរើតូបលក់ដូរនៅកំពង់ប្រណាកនាព្រឹកថ្ងៃ៧ មីនា
ទិដ្ឋភាពនៃការរុះរើតូបលក់ដូរនៅកំពង់ប្រណាកនាព្រឹកថ្ងៃ៧ មីនា
តូបផ្សារដែលលក់ដូរលើដីទំនាស់ត្រូវបានរុះរើ
តូបផ្សារដែលលក់ដូរលើដីទំនាស់ត្រូវបានរុះរើ

ខេត្ត​ព្រះ​វិហារ ៖ ​សមត្ថ​កិច្ច​ចំរុះ​មួយ​ក្រុម​របស់​គណៈ​កម្ម​ការ​សុរិយោ​ដី​ខេត្ត កាល​ពី​ថ្ងៃ​ទី​៧ មីនា ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក បាន​​ធ្វើ​ការ​រុះ​រើ​តូប​របស់​​អាជីវ​ករ​នៅ​ផ្សារ​កំពង់​ប្រណាក ដោយ​សំអាង​ថា មាន​ការ​ជូន​ដំណឹង​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ ការ​អនុ​វត្ត​​រុះ​រើ​តូប​ដែល​អាជ្ញា​ធរ​ចាត់​ទុក​ថា ជា​សំណង់​អនា​ធិប​តេយ្យ​នៅ​លើ​ដី​ទំនាស់​នេះ ដឹក​នាំ​ដោយ​លោក​ស ថាវី អភិ​បាល​រង​ខេត្ត និង​លោក​ឡុង ស៊ីថា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត និង​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​តូច វង្ស អភិ​បាល​ក្រុង​ព្រះ​វិហារ ចៅ​សង្កាត់​កំពង់​ប្រណាក មន្ត្រី​រៀបចំ​ដែន​ដី​ខេត្ត ដោយ​ក្នុង​នោះ​មាន​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ប៉ូលិស​ស្នង​ការ​ដ្ឋាន​ខេត្ត-​ក្រុង​ព្រះ​វិហារ សរុប​ជិត​១.០០០​នាក់។

ការ​​បើក​យុទ្ធនា​ការ​រុះ​រើ​សំណង់​តូប​ផ្សារ​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​អះ​អាង​ថា អនុ​វត្ត​តាម​ដីកា​លេខ​១៤ ចុះ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១០ របស់​គណៈ​កម្ម​ការ​សុរិយោ​ដី​ថ្នាក់​ខេត្ត និង​លិខិត​លេខ​១៣២ របស់​អាជ្ញា​ធរ​ដោះ​ស្រាយ​ទំនាស់​ដី​​ធ្លី​ចុះ​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០០៩ និង​យោង​សារា​ចរ​ណែនាំ​លេខ​០១ ស្តីពី​អនុ​វត្ត​នីតិ​វិធី​លើ​សំណុំ​រឿង​វិវាទ​ដី​ធ្លី​របស់​អនុ​គណៈ​កម្ម​ការ​សុរិយោ​ដី​រាជ​ធានី​-ខេត្ត ចុះ​ថ្ងៃ​ទី​២១ មករា ឆ្នាំ​២០១០ យោង​លិខិត​លេខ​៩៨៤ ចុះ​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១០ របស់​គណៈ​កម្ម​ការ​សុរិយោ​ដី​ថ្នាក់​ជាតិ ស្តី​ពី​សេចក្តី​សម្រេច​ជូន​ដំណឹង​ចូល​ជា​ស្ថាពរ។

ជុំ​វិញ​ការ​រុះ​រើ​សំណង់​តូប​ផ្សារ​២៦​ល្វែង នៅ​ក្នុង​ផ្សារ​កំពង់​ប្រណាក​នេះ លោក​ស ថាវី អភិ​បាល​រង​ខេត្ត និង​ជា​ប្រធាន​ក្រុម​ការ​ងារ​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌​មាន​ និង​អាជីវ​ករ​នៅ​ក្នុង​ផ្សារ​កំពង់​ប្រណាក​នា​ព្រឹក​នោះ​ឱ្យ​ដឹង​ថា ពេល​នេះ​ខេត្ត​បាន​សម្រេច​ធ្វើ​ការ​រុះ​រើ​ ហើយ​ការ​អនុ​វត្ត​រុះ​រើ​នេះ​ក៏​ព្រោះ​តែ​មាន​ការ​ប្តឹង​តវ៉ា​ពី​មន្ត្រី​រាជ​ការ​នៃ​មន្ទីរ​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល​ខេត្ត​ជា​​ច្រើន​ឆ្នាំ​មក​ហើយ តែ​ដោះ​មិន​ចេញ។

អ្នក​ដឹង​ប្រវត្តិ​ពី​ដី​ផ្សារ​នេះ​បាន​ឱ្យ​ដឹង​ថា ការ​ពិត​មន្ទីរ​ឧស្សាហ​កម្ម រ៉ែ និង​ថាម​ពល​ខេត្ត​ព្រះ​វិហារ​ កាល​ពី​ទស​វត្ស​ឆ្នាំ​១៩៩០ បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​នា​អាណត្តិ​ទី​១ ក្នុង​ឆ្នាំ​១៩៩៣ អាជ្ញា​ធរ​ខេត្ត​​បាន​សម្រេច​យក​ដី​នោះ​ទៅ​ធ្វើ​ជា​ផ្សារ​វិញ​ម្តង​ដោយ​សារ​​ឃើញ​ដី​នោះ​មាន​ទំហំ​ធំ​ស្ថិត​នៅ​កណ្តាល​ខេត្ត ។ ក៏​ប៉ុន្តែ​ពេល​នោះ​អាជ្ញា​ធរ​​ខេត្ត​​ក៏​បាន​សម្រេច​ធ្វើ​​សម្ប​ទាន​ដី​ផ្សារ​នោះ​ជា​​រួម​ទៅ​ឱ្យ​​មន្ទីរ​​ឧស្សា​ហកម្ម​ខេត្ត​ ​ចំនួន​៤៥ឡូត៍ ដើម្បីឱ្យ​អង្គ​ភាព​ចែក​ទៅ​​ឱ្យ​​មន្ត្រី​រាជ​ការ​ក្នុង​មន្ទីរ​ឱ្យ​បាន​សម​រម្យ​​។ ក្រោយ​ពី​ទទួល​បាន​ដីឡូត៍​ទាំង​អស់​ខាង​លើ​បែរ​ជា​​ប្រធានមន្ទីរ​ឧស្សាហកម្ម​​​ខេត្ត​លោក​សំ លាង​នី យក​ដី​ទាំង​អស់​ខាង​លើ​បែង​ចែក​ដោយ​ខ្លួន​ឯង​ មិន​មាន​ការ​ស្មើ​ភាព​ទើបធ្វើ​ឱ​្យ​មន្ត្រី​​រាជ​ការ​ក្នុង​មន្ទីរ​ឧស្សា​​ហកម្ម​ខេត្ត​​ប្តឹង​​លោកប្រធាន​ សំ លាង​នី​ ទៅ​អាជ្ញា​​ធរ​ខេត្ត​​សុំ​ឱ្យ​ជួយ​ធ្វើ​ការ​បែង​ចែក​​ដី​នេះ​ដល់ពួកគេ​ឱ្យ​​បាន​ស្មើ​ភាព​​នៅក្នុងឆ្នាំ​១៩៩៨។ ប៉ុន្តែ​តាមដែល​គេ​បាន​​ដឹង​ ការ​តវ៉ា​របស់​មន្ត្រី​​ក្រោមឱ​វាទ​របស់​លោក​សំ លាង​នី តាំងពី​ពេលនោះមក ទោះ​ជា​ខំ​ប្តឹង​ដល់​សម្តេច​តេជោ​​រហូត​មានចំណារ​សុំឱ្យ​​​អតីត​​អភិ​បាល​ខេត្ត​ព្រះវិហារ​ លោកព្រាប តាន់ ​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និងបែង​ចែក​ដីនោះ​ដល់​មន្ត្រី​រាជ​ការ​ឱ្យបានសមរម្យ​​យ៉ាង​ណា​ក៏​ដោយ ពេល​នោះ​អាជ្ញា​​ធរ​ខេត្តដោះ​មិនចេញ ទីបញ្ចប់​​គឺពួក​មន្ត្រី​រាជ​ការ​​ទាំង​នោះ​ក៏នៅ​តែ​មិនទទួល​បានភាព​យុត្តិ​ធម៌​​​​ដដែល។ ទើបពួក​គេ​នៅ​តែ​បន្ត​ការ​ប្តឹង​ទាម​ទារ​ទៅ​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​សុំ​ឱ្យ​​ធ្វើការ​ដោះ​ស្រាយ​​ និងបែង​ចែកដី​សម្បទាន​របស់ខេត្ត​​ឱ្យ​ពួក​គាត់​ជា​បន្ត​ទៀត​រហូត​មកដល់​ពេលនេះ។

លោកសំ លាង​នី ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម ​ខេត្ត​បានឱ្យ​ដឹង​ថា ដីក្នុងផ្សារ​ដែល​គាត់​បានជួល​ទៅ​ឱ្យ​​អាជីវករ​ទាំង​អស់នោះ​គឺជា​ដី​របស់គាត់​ទាំង​អស់​មិន​មែន​​ជា​ដីរបស់​អ្នក​ណា​ម្នាក់ឡើយ ។ លោកបានបញ្ជាក់​ថា លោកបានបែង​ចែកឱ្យ​កូនចៅ​ ហើយ​រូបគាត់បាន​ប្រមូលទិញ​​យកវិញ​នៅ​ឆ្នាំ១៩៩៨ ។ លោកសំ​ លាង​នី នៅបាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា លោក​នឹង​ដាក់ពាក្យ​​​ប្តឹង​ពី​អាជ្ញា​ធរ​ខេត្ត​ដែល​បានរុះ​រើ​​​សំណង់​​ចេញពី​លើ​ដី​ដែល​លោក​ជួល​ឱ្យ​អាជីវ​ករ​​ទៅ​តុលាការ​ ។

មានការ​កត់សំគាល់​ថា ដីផ្សារ​ដែលកំពុង​មាន​​ការ​រុះរើ​​​ គឺមាន​ទំនាស់​​​រាប់​ឆ្នាំ​មកហើយ​។​ តាម​មន្ត្រី​រាជការ​នៃ​​មន្ទីរឧស្សា​ហកម្ម​ខេត្ត​បាន​ឱ្យ​ដឹង​ថា ដីទំនាស់​ក្នុងផ្សារ​កំពង់​​​ប្រណាកមួយ​​កន្លែង​​​នេះ​គឺ​មក​ទល់ពេលនេះ​មានរយៈ​ពេល​ប្រមាណ​១៣​ឆ្នាំ​ហើយ​ដែលដោះ​មិនចេញ​ ដោយ ​កន្លងទៅ​​ពួកគាត់​ជា​មន្ត្រី​​រាជការ​ក្នុង​មន្ទីរ​ឧស្សា​ហកម្ម​​​ខេត្ត ស្ថិតក្រោមឱ​វាទ​លោកសំ លាងនី ​​មានគ្នា​ចំនួន១៣​នាក់​ប៉ុណ្ណោះ និងកន្លង​មក​ពួក​គេ​ទាំងអស់គ្នា​បាន​សុំឱ្យ​លោកសំ​ លាង​នី ជា​ប្រធាន​បែងចែក​​របបដី​សម្ប​ទាន​ដែលខេត្ត​ប្រគល់​ជូន​​៤៥​ឡូត៍​តែម្នាក់​​​ពីរឡូត៍​ក្នុងចំនួន​១៣​នាក់តែ​ប៉ុណ្ណោះ​។ ទី​បំផុត​ក្នុង​ដី​៤៥​ឡូត៍​ត្រូវ​បាន​លោក​សំ លាង​នី ឱ្យ​ពួក​គាត់​តែ​៦​ឡូត៍​សំរាប់​គ្នា​១៣​នាក់​ ហើយ​ពួក​គេ​បាន​បដិ​សេធ​ថា កន្លង​ទៅ​ពួក​គាត់​ជា​កូន​ចៅ​មិន​បាន​លក់​ដី​មួយ​ឡូត៍​ណា​ទៅ​ឱ្យ​​លោក​ប្រធាន​ទេ។ ដោយ​ខ្លះ​បាន​ឱ្យ​ដឹង​ថា ពួក​គាត់​ខ្ចី​អង្ករ​​លោក​ប្រធាន​​ពីរ​ទៅ​បី​បាវ​​ស្រាប់​​តែ​ក្រោយ​មក​លោក​ប្រធាន​បាន​ប្រាប់​ថា គឺ​ជា​ថ្នូរ​រួច​គ្នា​នឹង​ដី​មួយ​ឡូត៍​។ ដូច្នោះ​ទើប​ពេល​នោះ​ធ្វើ​ឱ្យ​ពួក​គេ​ប្តឹង​សុំ​ឱ្យ​អាជ្ញា​ធរ​ជួយ​រក​យុត្តិ​ធម៌​។​

លោក​ ស ថាវី អភិ​បាល​រង​ខេត្ត​ជា​ប្រធាន​ក្រុម​សមត្ថ​កិច្ច​ចុះ​អនុវត្ត​បាន​ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ​ដី​ទំនាស់​ក្នុង​ផ្សារ​ ដែល​បាន​តំរូវ​​ឱ្យ​អាជីវ​ករ​រុះ​រើ​​សំណង់​ដែល​បាន​សង់​នៅ​លើ​ដី ទំនាស់​ចេញ​នោះ​ គឺ​ក្នុង​គោល​បំណង​យក​ដី​ដែល​មាន​ទំនាស់​យូរ​ឆ្នាំ​នោះ​ទៅ​រក្សា​គ្រប់​គ្រង​ដោយ​អាជ្ញា​ធរ​ខេត្ត​ និង​ដើម្បី​ធ្វើ​ការ​ពិនិត្យ​បែង​ចែក​ឱ្យ​មាន​ភាព​យុត្តិ​ធម៌​ដល់​មន្ត្រី​រាជ​ការ​ឡើង​វិញ​ ហើយ​ដី​ណា​ក្រៅ​ពី​ទំនាស់​ត្រូវ​ឱ្យ​អាជីវ​ករ​ដាក់​ពាក្យ​ទៅ​គណៈ​កម្មការ​ផ្សារ​ដែល​គ្រប់​គ្រង​ដោយ​សាលា​ខេត្ត​ដើម្បី​សង់​តូប​លក់​ដូរ​ជា​ថ្មី​​ឡើង​វិញ។

លោក​ម៉ែន វុត្ថា អនុ​ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​ខេត្ត​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មការ​សុរិយោ​ដី​ខេត្ត​បាន​ឱ្យ​ដឹង​ដែរ​ថា ដី​ដែល​មាន​ទំនាស់​ដ៏​រាំុ​រ៉ៃ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក​នេះ ត្រូវ​​បាន​ដក​ហូត​និង​ធ្វើ​ការ​រុះ​រើ​សំណង់​ចេញ ដោយ​ឡែក​ដី​ឡូត៍​ណា​ដែល​ជា​ចំណែក​លោក​សំ លាង​នី ប្រធាន​មន្ទីរ​ឧស្សាហ​កម្ម​ខេត្ត​ គឺ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​លោក​សំ លាង​នី​វិញ​ ចំណែក​ណា​ដែល​ត្រូវ​​ប្រគល់​ឱ្យ​ទៅ​មន្ត្រី​រាជ​ការ​ក្រោម​ឱវាទ​ គឺ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ពួក​គាត់​នា​ពេល​ខាង​មុខ​នេះ។

ជុំ​វិញ​ការ​រុះ​រើ​នេះ​បាន​ប៉ះ​ពាល់​ដល់​អាជីវ​ករ​ផង​ដែរ ទោះ​បី​ជា​​ដី​ ជា​ទីតាំង ជា​ដី​ទំនាស់​ក្តី​ក៏​ពួក​គេ​មាន​ការ​បង់​ខាត​​ក៏​បាន​នាំ​គ្នា​តវ៉ា​សុំ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​ចេញ​សំណង​ ប៉ុន្តែ​អាជ្ញា​ធរ​ខេត្ត​បញ្ជាក់​ប្រាប់​អាជីវ​ករ​ទៅ​វិញ​ថា អាជ្ញា​ធរ​ខេត្ត​មិន​​ចេញ​សំណង​ឱ្យទេ ដោយ​សំអាង​ថា នៅ​លើ​ដី​ទំនាស់​ខាង​លើ​នេះ​អាជ្ញា​ធរ​បាន​ហាម​ឃាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ឱ្យ​រង់​ចាំ​ការ​ដោះ​ស្រាយ​ចប់​រួច​រាល់​សិន​ទើប​​អាច​ដំណើរ​ការ​ឱ្យ​សាង​សង់ ឬ​ជួល​ឱ្យ​អាជីវ​ករ​លក់​ដូរ​ជា​ធម្មតា។
លោក​តូច វង្ស អភិ​បាល​ក្រុង​ព្រះ​វិហារ​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​ស្តាប់​តាម​លោកសំ លាងនី ប្រធាន​មន្ទីរ​ឧស្សាហ​កម្ម រ៉ែ និង​ថាម​ពល ដែល​អះ​អាង​ខ្លួន​ឯង​ថា ជា​ម្ចាស់​ដី​បាន​ប្រកូក​ប្រកាស​ហៅ​អាជីវ​ករ​ឱ្យ​ជួល​ គឺ​ជា​ដី​របស់​ខ្លួន ហើយ​ប្រមូល​យក​ថវិកា​ពី​ការ​ជួល​ដី​ទំនាស់​​ក្នុង​មួយ​ខែ​​ជាង​២.០០០​ដុល្លារ​អាមេរិក ក្នុង​រយៈ​​កាល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។ លោក​តូច វង្ស បញ្ជាក់​ថា មុន​ពេល​មាន​ការ​អនុ​វត្ត​បែប​នេះ គឺ​អាជ្ញា​ធរ​ខេត្ត​ក្រុង​បាន​ជូន​ដំណឹង​ជា​ច្រើន​លើក​ហើយ​ថា សុំ​រង់​ចាំ​ការ​ដោះ​ស្រាយ​ចប់​សិន ​ទើប​មាន​ការ​អនុ​ញ្ញាត​ឱ្យ​ជួល​លក់​ដូរ​បាន។ ប៉ុន្តែ​កន្លង​ទៅ​នេះ​ប្រជា​ពល​រដ្ឋ​ជា​អាជីវ​ករ​មិន​ស្តាប់​អាជ្ញា​ធរ​ទេ គឺ​ស្តាប់​តែ​លោក​សំ លាងនី ដែល​មិន​មែន​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​ទៅ​វិញ។
ក្រុម​អ្នក​សង្កេត​ការណ៍​កំពុង​រង់​ចាំ​មើល តើ​ការ​លោភ​លន់របស់​លោក​សំ លាងនី នឹង​ត្រូវ​​បាន​ទទួល​យុត្តិ​ធម៌​បែប​ណា?   

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ព្រមាន ប្តឹង​ទៅ​តុលាការ​ខេត្ត​ប្រឆាំង មន្ត្រីយោធា​ដឹក​ឈើ​គ្រញូង

Posted: 07 Mar 2011 06:16 PM PST

មន្រ្តីរដ្ឋបាលព្រៃឈើពិនិត្យរថយន្តដឹកឈើគ្រញូង

​ខេត្ត​សៀមរាប​ ៖ ​មន្ត្រី​​​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើ​សៀម​រាប​​​ បានថ្លែង​​​ព្រមាន​​មន្ត្រី​​យោធា​​​មួយរូប​ ដែល​យក​រថយន្ត​របស់​អង្គ​ភាពទៅ​ប្រព្រឹត្ត​​បទល្មើស​​​ដឹកជញ្ជូនឈើគ្រញូង​​​ឱ្យ​ចូលខ្លួន​​មក​ដោះស្រាយ​​តាម​​ការ​ជូនដំណឹង​​​ បើ​ពុំ​ដូច្នោះ​​ទេ នឹង​​រៀបចំ​សំណុំ​រឿង​​ប្តឹង​ទៅ​តុលាការ​​ដើម្បី​ចាត់ការ​ទៅ​តាមច្បាប់ស្តីពី​ព្រៃឈើ​។​

ការថ្លែង​​ព្រមាន​​​​ឱ្យ​​​មន្ត្រីយោធា​​​រូបនេះ​ចូល​ខ្លួន​​មក​ដោះស្រាយ​​នោះធ្វើឡើង​​កាលពីរសៀល​ថ្ងៃទី​​​៦ មីនា ​ឆ្នាំ​២០១១ ​បន្ទាប់ពី​សមត្ថកិច្ច​ខណ្ឌ​រដ្ឋ​បាល​​ព្រៃឈើ​​បាន​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង​​របស់​មន្ត្រីយោធា​​ម្នាក់ ​កាលពីវេលាម៉ោង​​៦​និង​​១០នាទី​ព្រឹក​ថ្ងៃ​ទី​​៥ មីនា ​ឆ្នាំ​២០១១ ​នៅ​តាមបណ្តោយ​ផ្លូវ​​​​លេខ​៦៧​ ភូមិ​ខ្នារ​រង្វាស់ ឃុំ​ឃុនរាម ​​ស្រុកបន្ទាយស្រី ខេត្ត​​​សៀមរាប ​ខណៈ​​ធ្វើ​​​សកម្ម​ភាព​ដឹក​​ឈើ​គ្រញូង​ខ្នាត​ធំ​ៗ​​ចំនួន​​​៤ដុំ​​​ស្មើនឹង​កន្លះ​​ម៉ែត្រ​គូប ​(ប្រាំ​ផ្លាន) ចេញពីស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរ​មានជ័យ​ ចូល​មក​​​ខេត្ត​សៀម​រាប​​ ក៏ប៉ុន្តែ​​ម្ចាស់​​​បាន​រត់​​គេច​ខ្លួន​បាត់ ។​

លោក​ម៉ែន​ វុទ្ធី ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​​​ព្រៃឈើ​​សៀម​រាបដែល​​បានចុះ​ទៅធ្វើកំណត់ហេតុ បង្ក្រាប​​រ​ថយន្ត​​​នោះបាន​និយាយ​ថា រថ​យន្ត​​ដឹក​ឈើគ្រញូងនេះ​​មាន​​ម៉ាក​​អ៊ីស៊ុយ​ហ្ស៊ុយ ​ពាក់​ស្លាកលេខ ​ខេមរ​​ភូមិន្ទ ០៧. ២-២១៧៥ ពណ៌​ត្រេអុី ​។ ក្រោយ​​ពី​​ធ្វើការ​រឹបអូស​​​​ បាន​រក​ឃើញ​​​​អត្ត​សញ្ញាណ​​ប័ណ្ណ​​​​ប្រជាជន​មួយសន្លឹក​ អត្ត​សញ្ញា​ប័ណ្ណ​​កងយោធ​ពល​ខេមរភូមិន្ទ​​​មួយ​សន្លឹក ​និង​លិខិត​​​អនុញ្ញាត​ប្រើ​ប្រាស់​​អាវុធ​​មួយ​សន្លឹក ។​

លោក​ម៉ែន ​វុទ្ធី បានថ្លែង​​ឱ្យ​​ដឹង​ថា ​ទាក់ទិន​ទៅនឹង​ករណី​បង្ក្រាប​​រថយន្ត​​យោធា​​ដឹក​ឈើ​គ្រញូងនេះ​​ខណ្ឌ​រដ្ឋ​បាល​​​ព្រៃឈើ​​​កំពុងតែ​​​បន្ត​អនុវត្ត​​​ទៅតាមនីតិវិធី ​ដោយយើង​បានចេញ​​​​សេច​ក្តី​​ជូនដំណឹង​ទៅ​​ឱ្យ​មន្ត្រី​​​យោធា​ម្នាក់​​ដែល​រត់​គេចខ្លួន​នោះ​ចូលមកដោះស្រាយ បើពុំ​ដូច្នេះ​​​ទេ ​យើង​នឹង​រៀបចំ​សំណុំ​បែប​បទ​​ប្តឹងទៅ​​​តុលាការ​​​ដើម្បី​​​​ផ្តន្ទាទោស​​​​តាមច្បាប់​​​ស្តីពីព្រៃ​ឈើ​ ។​

​សូម​រំឮក​ថា កាលពីដើម​ឆ្នាំ​២០១០​កន្លង​ទៅ​ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ​ហ៊ុន សែន បាន​ធ្វើការ​ព្រមាន​ដល់​កង​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ជា​ពិសេស​កងទ័ព​ឱ្យ​ដកខ្លួន​ចេញពី​ការ​រកស៊ី​ឈើ​ប្រណីត​ល្មើស​ច្បាប់​​​។ ​សម្ដេច​បាន​ព្រមាន​ថា ​នឹង​មិន​អត់​ឱន​​ឱ្យ​មន្ដ្រី​យោធា​ណា​ក៏​ដោយ​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​​ ​បើ​ទាះ​ជា​អ្នក​នោះ​​មាន​ឋានន្តរ​ស័ក្តិ​​ត្រឹមណា​ក៏​ដោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ឆ្នាំ​២០១១ កន្លង​ទៅ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ សៀម​រាប​ក៏បាន​​ប​ង្ក្រាប​​រថយន្ដ​​ហ្សេ​អឹមសេ ពណ៌ត្រេអ៊ូ មួយ​គ្រឿង ដឹកឈើ​គ្រ​ញូង​ចំនួន​ជាង​​​៤​​ម៉ែត្រ​គូប​ពី​ស្រុក​អន្លង់​វែង ខេត្ដឧត្ដរ​មាន​ជ័យ​ដែរ​។ ​​​កាលនោះ​មន្ដ្រី​យោធា​មួយ​រូប​​ដែល​​ជា​អ្នកបើកបរ​រថយន្ដ​​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាកា​ដើម្បី​ធ្វើការ​ចោទប្រកាន់​​ ហើយ​ពេល​នេះ​​ស្ថិត​នៅ​ក្នុង​​​ការ​ឃុំខ្លួន​​​នៅ​ឡើយ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!