VOA News: ព័ត៌មាន: “អ្នកតំណាងសមាគមកម្មកររិះគន់សេចក្តីព្រាងច្បាប់សម្រាប់គ្របគ្រងសហជីពនៅកម្ពុជា” plus 5 more |
- អ្នកតំណាងសមាគមកម្មកររិះគន់សេចក្តីព្រាងច្បាប់សម្រាប់គ្របគ្រងសហជីពនៅកម្ពុជា
- តម្រូវការឈើនៅទីផ្សារចិននិងវៀតណាមនាំឲ្យមានការកាប់ឈើកើនឡើងនៅកម្ពុជា
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៣ កក្កដា
- កម្ពុជាលុបចោលផែនការបញ្ជូនសិស្សទៅប្រឡងគណិតវិទ្យានៅប្រទេសហូឡង់
- ព័ត៌មានអន្តរជាតិសង្ខេប - ១២ កក្កដា (ថ្មី)
- ជម្លោះកម្ពុជាថៃជាមូលហេតុថ្មីមួយនៃការបំផ្លាញព្រៃឈើ
អ្នកតំណាងសមាគមកម្មកររិះគន់សេចក្តីព្រាងច្បាប់សម្រាប់គ្របគ្រងសហជីពនៅកម្ពុជា Posted: 12 Jul 2011 11:40 AM PDT នៅថ្ងៃអង្គារនេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ បានបដិសេធការចោទប្រកាន់ទៅលើសេចក្តីព្រាងច្បាប់សម្រាប់គ្រប់គ្រងសហជីពដ៏មានរឿងចម្រូងចម្រាស់ថ្មីមួយដែលលំអៀងទៅរកភាគីក្រុមហ៊ុន ខណៈដែលក្រុមមន្ត្រីសហជីពបានចោទប្រកាន់ថាសេចក្តីព្រាងច្បាប់នេះ បានគាបសង្កត់សកម្មភាពនានារបស់សហជីព ហើយបម្រើផលប្រយោជន៍របស់ក្រុមហ៊ុន។ តំណាងប្រមាណ១០០នាក់ពីសហជីព ក្រុមហ៊ុម អង្គការពលកម្មអន្តរជាតិ និងតំណាងរដ្ឋាភិបាលបាន ចូលរួមពិគ្រោះយោបល់ និងការផ្តល់អនុសាសន៍ចុងក្រោយបង្អស់លើសេចក្តីព្រាងច្បាប់សហជីពនេះ។ លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពនៅសណ្ឋាគារភ្នំពេញថា លោកបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យលើកឡើងនូវការព្រួយបារម្ភនិងពិចារណាលើសេចក្តីព្រាងច្បាប់នេះ ដោយឈរលើគោលការណ៍ច្បាប់។ «យើងស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ទាំងភាគីសហជីព ទាំងភាគីនិយោជក តំណាងអង្គការពលកម្មអន្តរជាតិ ធ្វើការពិភាក្សាគ្នាឈរលើមូលដ្ឋានច្បាប់ និងការយោគយល់គ្នា ហើយក្នុងនាមក្រសួងអាណាព្យាបាល ក៏ដូចជាអ្នកសម្របសម្រួលក្នុងការងារនេះ នឹងមិនលំអៀងទៅរកភាគីណាមួយឡើយ។ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏ច្បាប់នេះពុំអាចបំពេញចិត្តទៅតាមអ្វីដែលភាគីពាក់ព័ន្ធស្នើឡើងបានមួយរយភាគរយដែរ»។ លោក វង សូត បានបញ្ជាក់ថា ការពិគ្រោះយោបល់លើកទីបីនេះ គឺជាការពិគ្រោះយោបល់ចុងក្រោយ មុនពេលបញ្ចូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនៅដំណាច់ឆ្នាំ២០១១។ លោករ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា បានថ្លែងថា សហជីពមានការព្រួយបារម្ភអំពីសេចក្តីព្រាងច្បាប់នេះ រួមមានការរឹតបន្តឹងសហជីព ការរំលាយសហជីព ការដាក់ទណ្ឌកម្មសហជីព និងមាត្រាមួយចំនួនដែលតម្រូវឱ្យសហជីពបំពេញលក្ខណៈសម្បត្តិ។ «សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ យើងមើលឃើញចំណុចចាប់ពីមាត្រាមួយរហូតដល់មាត្រាកៅសិបមួយ មានចំណុចជាច្រើនដែលបានរឹតបន្តឹងទៅដល់សិទ្ធិ និងសេរីភាពរបស់សហជីព»។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ បានថ្លែងថាច្បាប់នេះដាក់ទោសឲ្យជាប់ពន្ធនាគារពីមួយថ្ងៃ ដល់បីឆ្នាំ ចំពោះការធ្វើការងារសហជីព និងពិន័យជាប្រាក់ពីមួយម៉ឺនរៀលដល់១០លានរៀល ហើយ សហជីពដែលហ៊ានតស៊ូការពារសិទ្ធិកម្មករនឹងលែងមានវត្តមាននៅកម្ពុជាទៀតហើយ។ «មាត្រា១៦ មាត្រា១៧ មាត្រា១៨ មាត្រា១៩ មាត្រា២០ យើងស្នើសុំឱ្យលុបចោល ដោយសារមាត្រាទាំងនេះ តម្រូវឱ្យយើងរៀបចំធ្វើរបាយការណ៍ជាប្រចាំ ទាំងរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សកម្មភាព ដាក់ទៅក្រសួងការងារ ហើយបើមិនបានដាក់ទេ ក្រសួងការងារអាចព្យួរ និងបិទចោលសហជីពនោះ ហើយតុលាការអាចបិទចោលសហជីពនោះដែរ ហើយមាត្រា២៣ ចែងថាជនទីបី ឬ តតីជន បានន័យថា នរណាក៏ដោយ និយោជកក៏បានដែរ អាចមានសិទ្ធិស្នើសុំលុបចោលសហជីព ឬ ប្តឹងថ្នាក់ដឹកនាំសហជីពបាន»។ លោកស្រី សាន់ដ្រា ដាមីកូ តំណាងនិយោជក បានថ្លែងនៅក្នុងការបើកសិក្ខាសាលានេះថា ភាគីនិយោជកបានរកឃើញថាសេចក្តីព្រាងច្បាប់ថ្មីនេះ ដោះស្រាយការប្រឈមមួយចំនួនយ៉ាងល្អ ដែលយើងបានផ្តល់ដំបូលមានឱ្យមានការពិគ្រោះយោបល់ ហើយយើងព្យាយាមដោះស្រាយបញ្ហាកង្វល់មួយចំនួន។ «ភាគីនិយោជកស្វាគមន៍ចលនាសហជីពនៅក្នុងប្រទេសកម្ពុជា ដែលមានសុខភាព តំណាង និងការពង្រឹង»។ លោក ប៊ិល សលទ័រ (Bill Salter) តំណាងអង្គការពលកម្មអន្តរជាតិ បានថ្លែងនៅក្នុងការបើកសិក្ខាសាលានេះដោយផ្ទាល់ថា យើងសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជាពិចារណាអត្ថន័យចំពោះផលប៉ះពាល់ដោយសេចក្តីព្រាងច្បាប់នេះ។ លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថាក្រសួងការងារ និងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល នឹងពិនិត្យពិចារណាបន្ថែមលើសេចក្តីព្រាងច្បាប់នេះ សំដៅធ្វើយ៉ាងណាឱ្យមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងស្របតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
តម្រូវការឈើនៅទីផ្សារចិននិងវៀតណាមនាំឲ្យមានការកាប់ឈើកើនឡើងនៅកម្ពុជា Posted: 12 Jul 2011 01:30 PM PDT នៅក្នុងខណៈដែលឈ្មួញខុសច្បាប់នៅកម្ពុជាកំពុងតែសម្រុកពន្យុះឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងក្លាសម្រាប់សេចក្ដីត្រូវការនៅក្រៅប្រទេសនោះ មានទីផ្សារសំខាន់បំផុតចំនួនពីរដែលស្រូបយកផលិតផលព្រៃឈើរបស់កម្ពុជាគឺប្រទេសវៀតណាមនិងប្រទេសចិន។ ជារៀងរាល់ថ្ងៃឈើខុសច្បាប់ និងស្របច្បាប់បានហូរចូលប្រទេសទាំងពីរ ហើយបានបង្កឲ្យមានការកាប់បំផ្លាញឈើមានតម្លៃក្នុងប្រទេសកម្ពុជាយ៉ាងរីករាលដាល។ អតីតអ្នកបើកបររថយន្ដស៊ីឈ្នួលដឹកឈើម្នាក់ក្នុងខេត្តព្រះវិហារបានថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអេមេរិកជាខេមរភាសាថា ឈើខុសច្បាប់ត្រូវគេដឹកដោយលួចលាក់ចូលទៅកាន់ប្រទេសវៀតណាមតាមរយៈឧកញ៉ាម្នាក់ដែលរង់ចាំទទួលឈើទាំងនោះនៅចំណុចព្រំដែនខេត្តកំពង់ចាមរួចជាស្រេច។ ឈ្មួញរូបនេះនឹងលក់ឈើបន្ដទៅកាន់ប្រទេសវៀតណាម ដែលនឹងបន្ដលក់ឈើតាមផ្សារងងឹតទៅកាន់ប្រទេសចិនទៀត។ មានប្រសាសន៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អតីតអ្នកបើករថយន្តដឹកឈើខុសច្បាប់នេះបញ្ជាក់ថា ការដឹកជញ្ជូនឈើជាទូទៅត្រូវការពារដោយរថយន្ដនាំមុខ។ «យកទៅស្តុកក្នុងរោចក្រកែច្នៃជិតដល់សួង។ កន្លែងហ្នឹងជារបស់ឧកញ៉ាម្នាក់នៅអូររាំងឪ ហើយដឹកចេញទៅវៀតណាម។ វៀតណាមមកធ្វើយកទៅ»។ ប្រភពដដែល និងប្រភពពីមន្ដ្រីសង្គមស៊ីវិលដែលធ្វើការឃ្លាំមើលផ្នែកបរិស្ថានបានឲ្យដឹងថា វិបត្តិព្រំដែនរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃបានជំរុញឱកាសថ្មីមួយសម្រាប់ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ជាពិសេសការកាប់បំផ្លាញព្រៃឈើនៅតាមបណ្ដាខេត្តនៅតាមតំបន់ព្រំដែន។ ប្រភពខាងលើបានអះអាងថា មន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជានៅពីក្រោយខ្នងនៃការកាប់ព្រៃឈើខុសច្បាប់ទាំងនេះ។ ម្យ៉ាងវិញទៀត ឈើដែលកំពុងទទួលរងការកាប់បំផ្លាញ គឺជាប្រភេទឈើប្រណិតៗ ដូចជាក្រញូង បេង និងនាងនួន ជាដើមដែលជាប្រភេទឈើលំដាប់លេខ១ និងមានតម្លៃខ្ពស់។ លោកឈុត វុទ្ធី នាយកអង្គការការពារធនធានធម្មជាតិដែលមានបទពិសោធន៍ខាងឃ្លាំមើលបរិស្ថានជាច្រើនឆ្នាំ បានបញ្ជាក់អំពីវិធីសាស្រ្តក្នុងការនាំឈើចេញទៅកាន់ប្រទេសជិតខាងយ៉ាងដូច្នេះថា ការនាំឈើចេញត្រូវបានប្រើប្រាស់តាមមធ្យោបាយផ្លូវគោកនិងផ្លូវទឹក។ «ការបញ្ជូនចេញតាមផ្លូវទឹកហ្នឹងវារាងឆ្ងាយ ក៏ប៉ុន្តែបើតាមផ្លូវគោកវារាងជិត។ ដល់អញ្ចឹងប្រទេសជិតខាងយើងគឺប្រទេសចិន និងប្រទេសវៀតណាម ហើយប្រទេសចិនជាប្រទេសមួយដែលមានទីផ្សារហ្នឹងធំជាងគេគឺមិនមែនយកចេញតែពីប្រទេសកម្ពុជាទេគឺយកចេញពីថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី រហូតទៅដល់អាហ្វិក និងទៅដល់ប្រទេសផ្សេងៗទៀតនៅលើពិភពលោក»។ មធ្យោបាយក្នុងការនាំឈើចេញបានប្រើប្រាស់រថយន្តធំៗ រថយន្តដឹកកុងតឺន័រ និងដឹក តាមកប៉ាល់ជាដើម។ លោកវុទ្ធីបាននិយាយថា ការនាំចេញទៅកាន់ប្រទេសវៀតណាមបានធ្វើឡើងតាមច្រកដូង ក្នុងខេត្តកំពង់ចាម ក្នុងមួយថ្ងៃយ៉ាងតិច១២រថយន្ត។ តួលេខនេះប្រព្រឹត្តទៅតាមរដូវកាល។ ចំណែកឯការដឹកទៅកាន់ប្រទេសចិនវិញបានដឹកជញ្ជូនចេញតាមរថយន្តកុងតឺន័រ ដោយឆ្លងកាត់ខេត្តកំពង់ស្ពឺ រួចឆ្ពោះទៅកំពង់ផែស្ងួត ផែរាម កោះកុង និងក្រុងព្រះសីហនុ។ លោកបាននិយាយថា ឈើដឹកចេញតាមផ្លូវទឹកមានចំនួនច្រើនជាងផ្លូវគោគ តែលោកមិនបានដឹងចំនួនពិតប្រាកដទេ។ ទាក់ទងនឹងការបង់ពន្ធ លោកនិយាយថា ការដឹកចេញទៅប្រទេសវៀតណាមវិញ ឈើក្នុង១ម៉ែត្រគូបត្រូវបង់ពន្ធ១.០០០ដុលា្លរសហរដ្ឋអាមេរិក។ «វៀតណាមមានកម្លាំងពលកម្ម។ គេកែច្នៃដែលមានតម្លៃខ្ពស់។ គេលក់ចេញទៅតែម្តងគឺទៅតាមច្រកកំពង់ចាមយើងហ្នឹង គឺតាមច្រកដូង គឺចេញជាចំហរតែម្តង។ កាលណាទៅដល់ខាងណោះ គឺក្នុង១គូបបង់ពន្ធចូលរដ្ឋគេ១០០០ដុល្លារ។ គេយកលុយចូលរដ្ឋ។ ផុតពីហ្នឹង ឈើយកទៅគោលដៅណាក៏យកទៅគឺទៅតាមឈ្មួញដែលគេចង់បាន»។ លោកឈុត វុទ្ធីបន្ថែមថា តំបន់ភ្នំក្រវ៉ាញនៅភាគកណ្តាលនៃខេត្តពោធិ៍សាត់ ដែលជាកន្លែងវារីអគ្គិសនីដ៏ធំមួយ គឺជាប្រភពនៃការចេញឈើធំជាងគេ។ បន្ទាប់មក មានខេត្តផ្សេងៗទៀត ដូចជាខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរីនិងខេត្តកំពង់ធំ។ លោកបានបញ្ជាក់ថា ប្រទេសចិនបានយកឈើដែលនាំចេញពីកម្ពុជាទៅកែច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារឹមផ្សេងៗ។ «ប្រទេសចិនមានជំនឿទៅតាមបែបបុរាណរបស់គាត់។ ចំណែកអ្នកមានៗ គេច្រើនទិញចម្លាក់ឈើធ្វើជាកាដូ(វត្ថុអំណោយ)នៅពេលបើសម្ពាធអ្វីមួយ។ គេធ្វើជារូបសេះឬក៏រូបស្អីផ្សេងៗ។និយាយឲ្យចំទៅ ឈើក្រញូងគឺជាប្រភេទឈើដែលមានពណ៌ល្អ ហើយគេច្រើនឆ្លាក់ធ្វើជាវត្ថុសម្រាប់គោរពបូជា»។ ពុំមានរបាយការណ៍ជាផ្លូវការថា ការនាំឈើចេញទៅកាន់ប្រទេសចិននិងវៀតណាមមានចំនួនប៉ុន្មាននោះទេក្នុងមួយខែៗ។ លោកវុទ្ធីបាននិយាយថា នៅកម្ពុជាឈើប្រណិតៗនឹងត្រូវកាប់បំផ្លាញហិនហោចអស់នៅចុងឆ្នាំ២០១១នេះ ប្រសិនបើមិនមានការទប់ស្កាត់ទេនោះ។ លោកថន សារ៉ាត់ អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋបាលព្រៃឈើបានស្ទាក់ស្ទើរក្នុងការឆ្លើយទៅនឹងសំណួរថាតើព្រៃឈើសព្វថ្ងៃនៅសេសសល់ប៉ុន្មាន។ លោកបាននិយាយពង្វាងថា ព្រៃឈើអាចដុះវិញបាន ប្រសិនបើយើងចេះប្រើប្រាស់។ លោកបានបញ្ជាក់ទៀតថា ប្រសិនបើយើងបំផ្លាញបានន័យថា យើងដកហូតដោយពុំខ្វល់តាមរយៈការទន្ទ្រានកាប់រានទាំងធំ ទាំងតូច។ «យើងនៅមានសក្តានុពល ប្រសិនបើយើងអាចថែរក្សាបានដូចសម្តេចនាយកលោកថា បើថែរក្សាព្រៃបាន មិនខ្វះអុសដុតទេ។ គួរតែយើងហ្នឹងចេះរៀបចំការគ្រប់គ្រងវិស័យព្រៃឈើតាមរូបភាពតម្រូវការទីផ្សារ ក៏ប៉ុន្តែត្រូវគោរពតាមបច្ចេកទេសនៃបទដ្ឋានព្រៃឈើដែលបានចែងនិងដាក់ចុះសម្រាប់ឲ្យភ្នាក់ងាររដ្ឋាភិបាលអនុវត្ត»។ សកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់និងការលក់ផលិតផលព្រៃឈើដែលមានតម្លៃទៅកាន់ប្រទេសជិតខាងកម្ពុជាបានធ្វើឲ្យរដ្ឋាភិបាលបាត់បង់ចំណូលថវិការដ្ឋច្រើនលានដុល្លារក្នុងមួយឆ្នាំៗ។ កាលពីពេលកន្លងទៅនេះ ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឈន៍អន្ដរជាតិ (USAID) បានរិះគន់ថា កម្ពុជាបានបាត់បង់ប្រាក់ចំណូលប្រមាណពី៣០០ទៅ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដោយសារអំពើពុករលួយ។ ដោយឡែក លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេស ធ្លាប់បានលើកឡើងថា ការបាត់បង់ចំណូលពីព្រៃឈើតែមួយមុខក្នុងប្រទេសកម្ពុជាមានប្រមាណជាង១០០លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់បានប្រកាសរួចហើយថា ឈើស្របច្បាប់មានចំនួន៥ប្រភេទគឺឈើកាប់ចេញពីព្រៃសម្បទានសេដ្ឋកិច្ច ឈើកាប់ចេញពីព្រៃគុប ឈើកាប់ចេញពីអាងទឹកវារីអគ្គិសនី ឈើនាំចូលពីក្រៅប្រទេស និងឈើសម្រាប់កែច្នៃធ្វើទូកង។ ក៏ប៉ុន្ដែការកាប់បំផ្លាញព្រៃឈើមានតម្លៃបានបង្ហាញពីការខ្វះចន្លោះក្នុងការប្រតិបត្តិនូវគោលការណ៍ច្បាប់។ លោក ឈុត វុទ្ធី នាយកអង្គការការពារធនធានធម្មជាតិបាននិយាយថា ប្រទេសកម្ពុជាមានច្បាប់ ក៏ប៉ុន្តែក្រសួងសាមីមិនអនុវត្តច្បាប់ ហើយនេះជាចំណុចលំបាកពង្រឹង។ លោកឈុត វុទ្ធីបានបន្ថែមទៀតថា ឈើប្រណិតនៅសល់តិចគឺសល់ប្រហែលពី២%ទៅ៣%តែប៉ុណ្ណោះ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៣ កក្កដា Posted: 12 Jul 2011 02:08 PM PDT អាហ្វហ្គានីស្ថាន៖ ប្អូនប្រុសរបស់លោកប្រធានាធិបតីអាហ្វហ្គានីស្ថានដែលជាមនុស្សមានអំណាចខ្លាំងម្នាក់ក្នុងផ្នែកខាងត្បូងប្រទេសបានត្រូវធ្វើឃាតនៅឯផ្ទះលោកដោយអង្គរក្សម្នាក់ដែលលោកទុកចិត្ត។ អាហ្វហ្គានីស្ថាន៖ ប្រទេសបារាំងនិយាយថាខ្លួនគ្រោងនឹងដកទាហានប្រយុទ្ធ១.០០០នាក់ពីប្រទេសអាហ្វហ្គានីស្ថានមិនឱ្យហួសពីដំណាច់ឆ្នាំ២០១២ទេ។ ប៉ាគីស្ថាន៖ ពួកមន្ត្រីប៉ាគីស្ថាននិយាយថា ការវាយប្រហារដែលគេសង្ស័យថាត្រូវធ្វើដោយយន្តហោះស.រ.អ.គ្មានមនុស្សបើក បានបណ្តាលឱ្យជនសកម្មប្រយុទ្ធយ៉ាងតិច៤២នាក់ស្លាប់នៅក្នុងផ្នែកពាយ័ព្យនៃប្រទេសប៉ាគីស្ថានកាលពី២ថ្ងៃកន្លងទៅនេះ នៅក្នុងការវាយប្រហារធ្ងន់ធ្ងរបំផុតមួយទៅលើអគារមានកំផែងព័ទ្ធជុំវិញរបស់ពួកជនសកម្មប្រយុទ្ធកាលពីប៉ុន្មានខែមុននេះ។ ស៊ីរី៖ ប្រទេសស៊ីរីបានរិះគន់យ៉ាងខ្លាំងដល់លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ Hillary Clinton ក្រោយពីលោកស្រីបានមានប្រសាសន៍ថា ប្រធានាធិបតី Bashar Al-Assad «បានបាត់បង់ភាពត្រឹមត្រូវតាមច្បាប់»។ ប៉ាគីស្ថាន៖ រដ្ឋមន្ត្រីក្រសួងការពារប្រទេសប៉ាគីស្ថាននិយាយថា ប្រសិនបើស.រ.អ.កាត់ផ្តាច់ជំនួយយោធា៨០០លានដុល្លារ រដ្ឋាភិបាលប្រហែលដកក្រុមទាហានដែលប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធនៅក្នុងតំបន់កុលសម្ព័ន្ធមានចលាចលនៅតាមព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។ This posting includes an audio/video/photo media file: Download Now |
កម្ពុជាលុបចោលផែនការបញ្ជូនសិស្សទៅប្រឡងគណិតវិទ្យានៅប្រទេសហូឡង់ Posted: 12 Jul 2011 10:49 AM PDT សិស្សពូកែផ្នែកគណិតវិទ្យាចំនួន៦រូបបានសម្តែងការខកចិត្តចំពោះក្រសួងអប់រំ ដែលបានប្រកាសលប់ចោលផែនការបញ្ជូនសិស្សកម្ពុជាទៅចូលរួមប្រឡងសិស្សពូកែផ្នែកគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកនៅប្រទេសហូឡង់ (Netherlands)។ «ខកចិត្តហើយពួកខ្ញុំ និយាយទៅដល់ឥឡូវឡើងចង់បាក់ទឹកចិត្តទាំងអស់គ្នាដឹងឆ្នាំក្រោយរៀនទៅម៉េចទៀតផង»។ សិស្សសុខុន រ៉េនី ជាសិស្សពូកែមួយរូបនៅក្នុងចំណោមសិស្សពូកែផ្នែកគណិតវិទ្យាចំនួន៦រូបផ្សេងទៀត ដែលខកខានមិនបានទៅចូលរួមប្រកួតប្រជែងផ្នែកគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកនៅប្រទេស ហូឡង់។ កម្មវិធីប្រឡងផ្នែកគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកនេះ និងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែកក្កដានេះ ដោយមានសិស្សពូកែផ្នែកគណិតវិទ្យាមកពីប្រទេសចំនួន១០០ ចូលរួមសម្រាប់ដណ្តើមពានរង្វាន់មេដាយផ្នែកគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកសម្រាប់សិស្សផ្នែកមធ្យមសិក្សា។ ប្រទេសកម្ពុជាគ្រោងនឹងបញ្ជូនសិស្សចំនួន៦រូប មកពីខេត្តកណ្តាល កំពង់ចាម បាត់ដំបង ពោធិ៍សាត់ និងទីក្រុងភ្នំពេញ ដើម្បីទៅចូលរួមការប្រកួតប្រជែងនេះ។ ក៏ប៉ុន្តែកាលពីថ្ងៃទី២៨ខែមិថុនាកន្លងទៅនេះ ក្រសួងអប់រំបានប្រកាសលុបចោលក្នុងការបញ្ជូនសិស្សកម្ពុជាទៅចូលរួមប្រកួតប្រជែង។ មន្រ្តីក្រសួងអប់រំនៅថ្ងៃអង្គារនេះ មិនបានធ្វើអត្ថាធិប្បាយឲ្យបានពិស្តារអំពីមូលហេតុក្នុងការមិនបញ្ជូនសិស្សពូកែផ្នែកគណិតវិទ្យាទៅចូលរួមប្រកួតប្រជែងនេះទេ គ្រាន់តែបានបញ្ជាក់ថា ក្រសួងអប់រំបានជូនដំណឹងទៅប្រទេសហូឡង់រួចហើយ អំពីការខកខានមិនបានបញ្ជូនសិស្សកម្ពុជាទៅចូលរួមប្រឡងនោះ។ លោក អ៊ូ អេង អគ្គនាយកនៃអគ្គនាយកដ្ឋានវាយតម្លៃគុណភាពអប់រំមិនបានធ្វើអត្ថាធិប្បាយទេ។ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំអត់បានដឹងផង ថ្នាក់ដឹកនាំសម្រេចម៉េច ខ្ញុំអត់បានដឹងផង»។ សិស្សពូកែទូទាំងប្រទេសចំនួន៦រូប ដែលត្រូវបានជ្រើសរើសឲ្យទៅចូលរួមប្រកួតប្រជែងផ្នែកគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកនេះ រួមមាន យុវជនសុខុន រ៉េនី ហែម សុភីរ៉ាត់ ហំ ស៊ីវម៉េង ឈួន សហធន ទៀង ចាន់សុជាតិ និងអៀង ទិត្យា។ យុវជន សុខុន រ៉េនី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ បាន និយាយថា ក្រសួងអប់រំមិនបានបញ្ជាក់ហេតុផលឲ្យបានប្រាកដប្រជាទេ។ ដូច្នេះអ្វីដែលពួកគេ បានខិតខំប្រឹងប្រែង គឺគ្មានតម្លៃសម្រាប់សិស្ស ដែលតំណាងមកពីប្រទេសកម្ពុជា។ «និយាយទៅ បាក់ទឹកចិត្តទាំងអស់គ្នា ម្នាក់ៗគិតទៅខាត ព្រោះយើងអត់បានរៀន អត់បានអ្វី ហើយនិយាយទៅ ទោះបីយើងទៅរៀនវិញចាប់ផ្តើមពីដំបូងវិញ អត់បានរៀនទី១១ផង និយាយទៅពួកខ្ញុំវេទនា»។ ចំណែកសិស្សហែម សុភីរ៉ាត់ ជាសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម បានធ្លាក់ទឹកចិត្តនៅពេលដែលក្រសួងអប់រំបានលុបចោលមិនឲ្យទៅចូលរួមការប្រឡងនេះ។ «សំខាន់ យើងចង់ដឹងអំពីមូលហេតុច្បាស់លាស់ បានយើងដឹងថា អស់ចិត្តយើងថា ក្រសួងមានបញ្ហាអ្វី ដែលថាមិនឲ្យយើងទៅ។ អាហ្នឹង យើងទទួលយកបាននូវបញ្ហាហ្នឹង ដល់យើងអត់ដឹងសោះអញ្ចឹង យើងសោកស្តាយដែរ ពីព្រោះយើងអត់បានទៅ»។ លោក រឿង សោភណ្ឌ គ្រូបណ្តុះបណ្តាលផ្នែកគណិតវិទ្យាបន្ថែមដល់សិស្សទាំង៦រូបនេះ បាននិយាយថា ក្រសួងអប់រំ បានធ្វើឲ្យសិស្សបាក់ទឹកចិត្តក្នុងការសិក្សា។ លោកបាននិយាយទៀតថា នៅឆ្នាំក្រោយៗទៀត សិស្សពូកែផ្នែកគណិត្យវិទ្យា និងត្រូវប៉ះពាល់។ «ទីមួយវាធ្វើឲ្យអារម្មណ៍ក្មេង លែងចង់រៀន ហើយវាខូចទឹកចិត្ត វានឹងអាចធ្វើឲ្យវិស័យអប់រំខាងផ្នែកគណិតវិទ្យាអន់ វាអន់ធាក់ថយទៅវិញ »។ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានស្តីបន្ទោសថា យុវជនកម្ពុជានឹងអស់ជំនឿទៅលើវិស័យសិក្សានៅកម្ពុជា។ «វាជាផ្នែកមួយប៉ះពាល់ដល់ការសិក្សាគុណភាពអប់រំផង បើសិនអន្តរជាតិ ពិភពលោកគេបានផ្តល់ឱកាសឲ្យយើងហើយ យើងគួរតែបញ្ជូននូវយុវជន ដែលគាត់ពូកែខាងគណិតវិទ្យា បានទៅចូលរួមប្រកួត»។ ក្រសួងអប់រំធ្លាប់បានបញ្ជូនសិស្សពូកែនៅទូទាំងប្រទេស ផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងផ្នែក វិទ្យាសាស្រ្តទៅចូលរួមប្រកួតប្រជែងនៅឯក្រៅប្រទេស ចាប់តំាងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១០។ សិស្សពូកែ ដែលបានទៅចូលរួមប្រកួតប្រជែងនៅឯក្រៅប្រទេស ធ្លាប់បានទទួលមេដាយមាសចំនួនពីរ (មេដាយ)ប្រាក់ចំនួន១៥ និងសំរិទ្ធចំនួនជាង៣០៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប - ១២ កក្កដា (ថ្មី) Posted: 11 Jul 2011 05:41 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ចិន៖ មេបញ្ជាការយោធាថ្នាក់ខ្ពស់របស់សហរដ្ឋអាមេរិកទស្សនាមូលដ្ឋានយោធាចិននៅតំបន់ឆ្នេរសមុទ្រខាងកើតរបស់ប្រទេសចិននៅថ្ងៃអង្គារនេះ ជាថ្ងៃទីបីនៃទស្សនកិច្ចថ្នាក់ខ្ពស់ ក្នុងគោលបំណងធ្វើឲ្យប្រសើរដល់សហប្រតិបត្ដិការយោធារវាងប្រទេសទាំងពីរ។ អាហ្វហ្គានីស្ថាន៖ ប្អូនប្រុសឪពុកជាមួយម្តាយទីទៃរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន Hamid Karzai បានត្រូវគេបាញ់សម្លាប់នៅផ្ទះរបស់លោក ក្នុងខេត្ដភាគខាងត្បូងកាន់ដាហារ។ បារាំង៖ ប្រទេសបារាំងឲ្យដឹងថាខ្លួននិងដកកងទ័ពបារាំងចេញពីអាហ្វហ្គានីស្ថានចំនួន១ភាគ៤នៃកងកម្លាំងបារាំងនៅចុងឆ្នាំ២០១២។ ស៊ីរី៖ សហរដ្ឋអាមេរិកនិយាយថាប្រធានាធិបតីនៃប្រទេសស៊ីរី Bashar Al Assad បាត់បង់ភាពស្របច្បាប់ ខណៈដែលប្រទេសបារាំងវិញបានអំពាវនាវសារជាថ្មីដល់ក្រុមប្រឹក្សាសន្ដិសុខអ.ស.ប. ឲ្យចាត់វិធានការ ដោះស្រាយបញ្ហាវិបត្ដិមិនឈប់ឈរនៅក្នុងប្រទេសនោះ។ លីប៊ី៖ សហរដ្ឋអាមេរិកនិយាយថាខ្លួនតៀមដើម្បីគាំទ្រកិច្ចប្រឹងប្រែងសម្រុះសម្រួលរបស់ប្រទេសរុស្ស៊ីនៅក្នុងរឿងលីប៊ី ខណៈដែលបារាំងបញ្ចេញសញ្ញានៃការខកចិត្ដចំពោះកង្វះនៃការជឿនលឿនទៅមុខក្នុងការដោះស្រាយវិបត្តិនយោបាយនៅលីប៊ី។ ប៉ាគីស្ថាន៖ អតីតប្រធានាធិបតីបាគីស្ថាន Pervez Musharaf ថ្លែងថា លោកសោកស្ដាយចំពោះសេចក្ដីសម្រេចចិត្ដរបស់សហរដ្ឋអាមេរិក ដែលបញ្ឈប់ជំនួយយោធា៨០០លានដុល្លារទៅឲ្យយោធាប៉ាគីស្ថាន។ អ៊ីស្រាអែល៖ មន្ដ្រីសហរដ្ឋអាមេរិកនិយាយថាក្រុមអ្នកការទូតថ្នាក់ខ្ពស់អន្ដរជាតិបានបរាជ័យក្នុងការឈោងយកកិច្ចព្រមព្រៀងអំពីមធ្យោបាយធ្វើកិច្ចចរចាសន្ដិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនមានដំណើរការឡើងវិញ។ ប៉ាគីស្ថាន៖ មន្ដ្រីបាគីស្ថាននិយាយថា ការវាយប្រហាររបស់យន្ដហោះគ្មានមនុស្សបើកមួយគ្រឿងរបស់សហរដ្ឋអាមេរិកទៅលើតំបន់ឦសានប្រទេសប៉ាគីស្ថានបានសម្លាប់ជនសកម្មប្រយុទ្ធយ៉ាងតិច៥នាក់។ ជប៉ុន៖ ការស្ទង់មតិថ្មីមូយបង្ហាញឲ្យឃើញថា ការគាំទ្រមកលើរដ្ឋាភិបាលជប៉ុនបានធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីនាយករដ្ឋមន្ដ្រី ណាអូតូ ខាន បានឡើងកាន់អំណាចកាលពីពីរឆ្នាំមុន។ អង់គ្លេស៖ ស្ថាបនិកអង្គការ Wikileaks លោកJulian Assange បានចូលទៅបង្ហាញខ្លួននៅមុខតុលាការឧទ្ធរណ៍នៅថ្ងៃអង្គារនេះ ដើម្បីប្រឆាំងនឹងបត្យាប័នបញ្ជូនលោកពីប្រទេសអង់គ្លេសទៅកាន់ប្រទេស ស៊ុយអែត ដែលចង់សួរលោកអំពីរឿងរំលោភផ្លូវភេទ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> ស៊ូដង់៖ ប្រទេសស៊ូដង់ខាងត្បូងដែលទើបទទួលឯករាជ្យកាលពីពេលថ្មីៗនេះបាននិយាយថាខ្លួននឹងដាក់ឱ្យប្រើរូបិយប័ណ្ណរបស់ផងខ្លួនផ្ទាល់នៅសប្តាហ៍ក្រោយដែលជាជំហានថ្មីបំផុតឆ្ពោះទៅកាន់ការបង្កើតប្រទេសជាតិថ្មីមួយ។ ប៉ាគិស្ថាន៖ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្ស៧នាក់នៅក្នុងការប្រជុំមហាជននយោបាយមួយក្នុងផ្នែកពាយ័ព្យនៃប្រទេសប៉ាគិស្ថាន។ ប៉ាគិស្ថាន៖ ប្រទេសប៉ាគិស្ថាននិយាយថាសេចក្តីសម្រេចចិត្តរបស់ស.រ.អ.ក្នុងការព្យួរជំនួយយោធា៨រយលានដុល្លារដល់ប្រទេសនេះនឹងគ្មានផលប៉ះពាល់ដល់កិច្ចប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធអ៊ីស្លាមនិយមទេ។ ស៊ីរី៖ កាលពីថ្ងៃច័ន្ទហ្វូងប្រជាពលរដ្ឋស៊ីរីដែលស្មោះត្រង់នឹងប្រធានាធិបតី Bashar al-Assad បានចូលក្នុងបរិវេណនៃស្ថានទូតស.រ.អ.ក្នុងក្រុងដាម៉ាស់ហើយបានបណ្តាលឱ្យមានការខូចខាត។ អ៊ីរ៉ាក់៖ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសស.រ.អ. Leon Panetta បានមានប្រសាសន៍ថាកងកម្លាំងស.រ.អ.នៅក្នុងប្រទេសអ៊ីរ៉ាក់ធ្វើសកម្មភាពជាឯកតោភាគីប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធ Shi'ite ដែលលោកនិយាយថាបានប្រើប្រាស់អាវុធផ្តល់ឱ្យដោយអ៊ីរ៉ង់ដើម្បីធ្វើការវាយប្រហារដ៏ប្រល័យទៅលើក្រុមទាហានអាមេរិកាំង។ លីប៊ី៖ ប្រទេសបារាំងនិយាយថាខ្លួនមានការទាក់ទងដោយប្រយោលជាមួយមេដឹកនាំលីប៊ី Moammar Gadhafi ក៏ប៉ុន្តែ «គ្មានកិច្ចចរចាដោយផ្ទាល់» ជាមួយរដ្ឋាភិបាលគាត់ទេ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីស.រ.អ. បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថាដល់ពេលវេលាហើយត្រូវទុកនយោបាយដោយទ្បែកហើយធ្វើឱ្យមានកិច្ចព្រមព្រៀងមួយជាមួយគណបក្សទាំងពីរក្នុងសភាដែលនឹងអនុញ្ញាតឱ្យស.រ.អ.ខ្ចីប្រាក់តទៅទៀតនៅពេលដែលកាត់បន្ថយឱនភាពនិងបំណុលរបស់រដ្ឋាភិបាល។ This posting includes an audio/video/photo media file: Download Now |
ជម្លោះកម្ពុជាថៃជាមូលហេតុថ្មីមួយនៃការបំផ្លាញព្រៃឈើ Posted: 11 Jul 2011 03:53 PM PDT វិបត្តិព្រំដែនរវាងកម្ពុជានិងថៃទំនងជាមូលហេតុថ្មីមួយនៃការបំផ្លាញព្រៃឈើនៅកម្ពុជា។ សាក្សីម្នាក់បានអះអាងថា មន្ដ្រីជាន់ខ្ពស់យោធាកម្ពុជាស្ថិតនៅពីក្រោយខ្នងនៃការកាប់ព្រៃឈើខុសច្បាប់ទាំងនេះ។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារបញ្ហាសន្តិសុខផ្ទាល់ខ្លួនអតីតអ្នកបើករថយន្តដឹកឈើឲ្យមេបញ្ជាការយោធាជាន់ខ្ពស់មួយរូបបានរៀបរាប់ថា ឈើប្រណិតៗដូចជាក្រញូង បេង នាងនួន ជាដើមដែលជាប្រភេទឈើលំដាប់លេខ១ត្រូវបានទាហ៊ានដែលប្រចាំការនៅតំបន់ព្រំដែនប្រាសាទព្រះវិហារចូលកាប់ ហើយយកមកគរទុកនៅបន្ទាយយោធាមួយនៅចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីបា្រសាទដ៏ចំណាស់របស់ខ្មែរនេះ។ ប្រភពដដែលអះអាងថា បន្ទាយយោធានោះមិនត្រូវបានអនុញ្ញាតឲ្យសមត្ថកិច្ចព្រៃឈើចូលធ្វើការត្រូតពិនិត្យទេ ពីព្រោះទីនោះជាមូលដ្ឋានកងទ័ព។ លោកបានប្រាប់វីអូអេខ្មែរថា៖ «និយាយរួម កន្លែងស្តុកឈើនេះគឺកន្លែងមេទាហានជើងក្រោយ។ បន្ទាយទាហានយកមកប្រមូលទុកមួយដុំ។ រួចហើយគ្រប់ឡាន ប្រមូលដាក់ឡានឡើងមកកំពង់ចាម។ ប្រមូលឈើគ្រប់មួយជើងទៅ ជូនកាលប្រាំទៅប្រាំពីរឡានតាមឈើមានតិចមានច្រើន»។ បន្ទាប់ពីបា្រសាទព្រះវិហារដែលមានវ័យចំណាស់ជាង៩០០ឆ្នាំរបស់កម្ពុជាត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨រួចមកថៃបានចាប់ផ្ដើមដាក់ពង្រាយកងទ័ពរបស់ខ្លួននៅចម្ងាយប្រមាណតែ៣០០ម៉ែត្រពីប្រាសាទនេះប៉ុណ្ណោះ។ ហើយភាពតានតឹងផ្នែកប្រដាប់អាវុធបានផ្ទុះឡើង។ យោធាទាំងសងខាងបានប៉ះទង្គិចគ្នាជាច្រើនលើក ហើយបានបង្កឲ្យមានការស្លាប់ និងរបួសទាំងសងខាងក្នុងអំឡុងពេលបីឆ្នាំមកនេះ។ ដំណាលគ្នានឹងភាពចលាចលនេះ ការកាប់បំផ្លាញឈើប្រណិតបានផ្ទុះឡើងយ៉ាងកក្រើក។ ការដឹកជញ្ជូនឈើទាំងនោះស្ទើរតែមានលក្ខណៈជាចំហ។ ពីរបីខែកន្លងមកនេះ កាសែតធំៗក្នុងស្រុកបានចុះផ្សាយស្ទើរជាប់ៗគ្នាអំពីការចាប់ឈើប្រណិតៗក្នុងនោះភាគច្រើនគឺឈើក្រញូង។ ឈើក្រញូងដែលជាប្រភេទឈើខ្លឹម តាន់ និងពណ៌ខ្មៅ និងគឺជាឈើដែលកំពុងពេញនិយម និងមានតម្លៃខ្ពស់ជាខ្លាំង។ រថយន្ដទំនើបៗដូចជាតូយ៉ូតាឡិកស៊ើស លែនគ្រូស៊ើ រថយន្ដយោធា ឬរថយន្ដតាក់ស៊ី ត្រូវបានក្រុមឈ្មួញប្រើសម្រាប់ដឹកឈើខុសច្បាប់។ ក៏ប៉ុន្តែសារព័ត៌មានទាំងនោះ មិនបានបង្ហាញអ្នកនៅពីក្រោយខ្នងនៃអំពើខុសច្បាប់នេះទេ ហើយគ្មានអ្នកណាម្នាក់ត្រូវបានចាប់ខ្លួន និងនាំទៅកាត់ទោសទេ។ ចំណែកឯឈើដែលរឹបអូសបានក៏មិនត្រូវបង្ហាញថា នឹងត្រូវរក្សាទុកកន្លែងណាដែរ។ សារព័ត៌មានក្នុងស្រុកក៏បានបង្ហាញទៀតថា ឈ្មួញប្រើរូបភាពប្លែកៗតាមរយៈបង្កប់ក្នុងរថយន្តកាកបាទក្រហម រថយន្តដឹកថ្ម រថយន្តសាំង ចាក់បេតុងស្រោបឈើនៅខាងក្នុង និងបង្កប់ឈើក្នុងរថយន្តដឹកខ្សាច់ជាដើម។ ប្រជាពលរដ្ឋមួយរូបផ្សេងទៀតនៅក្នុងខេត្តព្រះវិហារបាននិយាយថាមានទាហាននិងអ្នកមានអំណាចមួយចំនួននៅបន្តដឹកឈើយ៉ាងតិចមួយថ្ងៃពី៤ទៅ៥ឡាន។ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រជាពលរដ្ឋដដែលបានបញ្ជាក់ទៀតថា ពេលទៅសមរភូមិ រថយន្តដឹកកងទ័ព ក៏ប៉ុន្តែពេលត្រឡប់មកវិញដឹកឈើដោយគ្របកៅស៊ូតង់បិទជិត។ លោកថ្លែងថា៖ «មកវិញគេដាក់ឈើពេញៗឡានតែម្តង ជាពិសេសអាជ្ញាធរមានសម្ថកិច្ចឆែកឆេរនៅលើឡានរបស់ទាហាន យើងមើលឃើញជាក់ស្តែងផ្លូវជាតិលេខ៦២មកពីព្រះវិហារ កំពង់ធំយើងមើលឃើញថាបើមានឡានក្រឡាប់ ឡានទាហានស្តុបសុទ្ធតែឈើ»។ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិបាននិយាយថា កម្ពុជាបច្ចុប្បន្ននេះនៅសល់ឈើប្រហែល៣០ទៅ៤០ភាគរយតែប៉ុណ្ណោះបន្ទាប់ពីបានបំផ្លាញយ៉ាងអណាធិបតេយ្យ។ ព្រៃឈើនៅកម្ពុជាបានគ្របដណ្តប់លើផ្ទៃដីប្រមាណជា៧០ភាគរយរហូតនៅត្រឹមទសវត្ស១៩៦០។ លោក ឈុត វុទ្ធី បានឲ្យដឹងទៀតថា ឈ្មួញរកស៊ីឈើធំជាងគេមានមនុស្សតែបួនទៅប្រាំនាក់តែប៉ុណ្ណោះនៅកម្ពុជា ហើយមធ្យោបាយដឹកជញ្ជូនគ្មានសម្ថកិច្ចណាមួយហ៊ានចេញមុខរារាំងទេគឺដឹកចេញពីព្រៃទៅដល់ទីតាំងស្ដុកឈើតែម្តង។ លោកបានបញ្ជាក់ទៀតថា កម្ពុជាមានច្បាប់ការពារធនធានធម្មជាតិ ក៏ប៉ុន្តែពីមួយថ្ងៃព្រៃឈើបានថយចុះយ៉ាងលឿន។ លោកនិយាយថា៖ «ដោយមូលហេតុថា មានភាពថយចុះ យើងសង្កេតថា ទិដ្ឋភាពទូទៅនៅពេលបច្ចុប្បន្ន ការកាប់ចំការផង ក្រុមហ៊ុនព្រៃសប្បទានផង ហើយក្រុមហ៊ុនព្រៃគុបកាប់ប្រចាំឆ្នាំ។ យើងសង្កេតឃើញថា ការកាប់ហ្នឹងមិនមែនមានតែព្រៃគុបទេ។ ខ្លាំងបំផុតទៅលើដីសម្បទាន»។ លោក ថន សារ៉ាត់ អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ បានទទួលស្គាល់ថាពិតជាមានការកាប់បំផ្លាញព្រៃឈើពិតប្រាកដមែន ក៏ប៉ុន្តែមិនមានចំនួនច្រើនទេ។ លោកបានអះអាងថាឈ្មួញរកស៊ីឈើបានប្រើប្រាស់គ្រប់រូបភាពទាំងអស់ដើម្បីបន្លំភ្នែកសម្ថកិច្ច។ ក៏ប៉ុន្ដែលោកបដិសេធការលើកឡើងដែលថា មានអ្នកមានអំណាចនៅពីក្រោយខ្នងនៃឧក្រិដ្ឋកម្មព្រៃឈើនោះ។ លោកថន សារ៉ាត់ បានបញ្ជាក់ទៀតថា រដ្ឋបាលព្រៃឈើកំពុងទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទដើម្បីស្រោចស្រង់ព្រៃធម្មជាតិឡើងវិញ។ លោកនិយាយថា៖ «គួរតែយើងពិនិត្យមើលសក្តានុពលធនធានព្រៃឈើនេះតាមរូបភាពណាមួយដែលធ្វើឲ្យអ្នកលក់ និងអ្នកទិញនៅឯទីផ្សារណាមួយ ហើយចៀសវាងយើងប្រគល់ទីផ្សារទៅឲ្យប្រទេសជិតខាងជាអ្នកលក់ជំនួសយើង»។ ដើម្បីកែទំរង់វិស័យព្រៃឈើ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដកលោកទី សុគន្ន ចេញពីមុខដំណែងជាប្រធានរដ្ឋបាលព្រៃឈើដោយឲ្យទៅកាន់តួនាទីជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។ ចំណែកឯអ្នកដែលត្រូវជំនួសតួនាទីថ្មីគឺលោក ឆេង គឹមស៊ុន។ បន្ទាប់ពីមានការកំណែទម្រង់ព្រៃឈើ យុទ្ធនាការបង្ក្រាបហាក់បីដូចជាខ្លាំងខ្លាមួយរយៈ ក៏ប៉ុន្តែឈើដែលគេកាប់ និងលក់ខុសច្បាប់ជាច្រើនរយម៉ែត្រគូបត្រូវបានរឹបអូស និងជនជាប់ពាក់ព័ន្ធមួយចំនួនត្រូវបានចាប់ខ្លួន។ ក៏ប៉ុន្ដែយុទ្ធនាការនោះហាក់ដូចជាបានថយចុះមកវិញ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់រដ្ឋបាលព្រៃឈើប្រចាំខែឧសភាឲ្យដឹងថាការបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ ព្រមទាំងបទល្មើសកាប់រានព្រៃសរុបមានចំនួន៩៦ករណីគឺបានកើនឡើងចំនួន៣ករណីបើប្រៀបធៀបទៅ និងខែឧសភាឆ្នាំ២០១០ដែលមានចំនួន៩៣ករណី។ របាយការណ៍ដដែលឲ្យដឹងថា សំណុំរឿងបទល្មើសព្រៃឈើកំពុងស្ថិតក្នុងដៃសមត្ថកិច្ចរបស់តុលាការ។ ពីខែមេសាដល់ខែឧសភា២១២ករណីត្រូវបានបញ្ជូនទៅតុលាការ។ រដ្ឋបាលព្រៃឈើបានរឹបអូសយកឈើហ៊ុបមូលជ្រុងចម្រុះបានចំនួន៤៧៨ម៉ែត្រគូប ឈើអារ២៩៩ម៉ែត្រគូប ឈើគ្រាក់ក្រញូង៨០៤ម៉ែត្រគូប និងសត្វព្រៃរស់ងាប់គ្រប់ប្រភេទចំនួន៤៨១ក្បាល។ អង្គការការឃ្លាំមើលការរំលោភបរិស្ថានអន្តរជាតិឈ្មោះក្លូបល វីតណេស (Global Witness) ក្នុងពេលថ្មីៗនេះមិនមានរបាយការណ៍អំពីការកាប់ឈើនៅកម្ពុជាទេ។ លោក ចច បូដិន (George Boden) អ្នកយុទ្ធនាការប្រឆាំងការកាប់ឈើរបស់អង្គការក្លូបល វីតណេស បានប្រាប់វីអូអេខ្មែរតាមរយៈសារអេឡិកត្រូនិកពីទីក្រុងឡុងដ៍អង់គ្លេសមកថា អង្គការរបស់លោកបានធ្វើការស្រាវជ្រាវលើការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាយ៉ាងធំទូលាយកាលពីពេលមុន ហើយការស៊ើបអង្កេតនោះបានបង្ហាញឲ្យឃើញថា មានឥស្សរជនពុករលួយមួយក្ដាប់តូចដែលនៅជុំវិញលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានត្រួតត្រាសម្បត្តិធនធានធម្មជាតិកម្ពុជាសម្រាប់ផលប្រយោជន៍របស់ពួកគេផ្ទាល់ ខណៈដែលប្រជាពលរដ្ឋសាមញ្ញទទួលបានប្រយោជន៍តិចតួចពីធនធានធម្មជាតិនេះ។ អង្គការក្លូបល វីតណេស បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា Family Trees ដែលរបាយការណ៍នោះ បង្ហាញអំពីការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅកម្ពុជា។ អ្នកជាប់ពាក់ព័ន្ធភាគច្រើនដែលមានឈ្មោះនៅក្នុងបញ្ជីរបស់អង្គការក្លូបល វីតណេស សុទ្ធសឹងជាមន្រ្តីក្នុងកងអង្គរក្សនិងខ្សែស្រឡាយ សាច់ញ្ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក កែវ រ៉េមី អនុប្រធានអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានឆ្លើយតបដោយមិនចំសំណួរដែលទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើដែលកំពុងកើតមាននោះទេ ក៏ប៉ុន្ដែលោកបានបង្វែរការឆ្លើយតបថា នៅលើពិភពលោកមិនអាចមានដឹកនាំប្រទេសណាល្អ១០០ភាគរយបានទេ។លោកបាននិយាយទៀតថា នៅសហរដ្ឋអាមេរិកក៏មានឧក្រិដ្ឋកម្ម ការជួញដូរថ្នាំញៀន ជួញដូរមនុស្ស និង សម្លាប់មនុស្សផងដែរ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |