VOA News: ព័ត៌មាន: “គេហទំព័រវីគីលីកស៍បង្ហាញការរិះគន់ការតែងតាំងចៅក្រមសាលាក្តីខ្មែរក្រហម” plus 2 more |
- គេហទំព័រវីគីលីកស៍បង្ហាញការរិះគន់ការតែងតាំងចៅក្រមសាលាក្តីខ្មែរក្រហម
- សាលាឧទ្ធរណ៍តម្កល់ទោសសកម្មជនពីររូប
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៤ កក្កដា
គេហទំព័រវីគីលីកស៍បង្ហាញការរិះគន់ការតែងតាំងចៅក្រមសាលាក្តីខ្មែរក្រហម Posted: 14 Jul 2011 02:06 PM PDT មុននឹងសាលាក្តីខ្មែរក្រហមចាប់ផ្តើមជំនុំជម្រះពេញអង្គសេចក្តីលើសំណុំរឿង០០២ ដ៏មានសារៈ សំខាន់បំផុត គេហទំព័រ វីគីលីកស៍ (Wikileaks) បានបញ្ចេញឯកសារសម្ងាត់ពីស្ថានទូតសហរដ្ឋអាមេរិក ដែលទាក់ទងនឹងការតែងតាំងចៅក្រមរបស់សាលាក្តីខ្មែរក្រហម។ ឯកសារដែលចេញផ្សាយកាលពីថ្ងៃពុធ បានបរិយាយពីការរិះគន់ការតែងតាំងចៅក្រមខាងភាគីកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះមិនល្អ។ គេហទំព័រវីគីលីកស៍បានយោងទៅដល់ឯកសារដែលត្រូវបានទម្លាយចេញនៅឆ្នាំ២០០៦ ថាការតែងតាំងចៅក្រមកម្ពុជាពីររូប គឺលោកធូ មុន្នី និងលោកយ៉ា សុខន ទៅកាន់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហម គឺជាជម្រើសដ៏អាក្រក់ ដោយហេតុថា ចៅក្រមទាំងពីររូបត្រូវបានចាត់ទុកថា ជាចៅក្រមដែលមាននិន្នាការនយោបាយ។ លោកចៅក្រមធូ មុន្នី ធ្លាប់បានដោះលែងក្មួយប្រុសរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុង ការជំនុំជម្រះដោយសាលាឧទ្ធរណ៍។ ក្មួយប្រុសរបស់លោកហ៊ុន សែន ដែលបានបាញ់ប្រហារជនស៊ីវិលនៅក្បែរស្តាតអូឡាំពិក កាលពីប៉ុន្មានឆ្នាំកន្លងទៅ ដែលបានបង្កឲ្យមនុស្សស្លាប់ចំនួនបីនាក់។ ដោយឡែកលោកចៅក្រមយ៉ា សុខន ធ្លាប់ត្រូវបានដាក់ពិន័យដោយក្រុមប្រឹក្សាអង្គចៅក្រមកាលពីឆ្នាំ២០០៥។ ជាមួយគ្នានេះដែរ វីគីលីកស៍ ក៏បានលើកពីការរិះគន់ផងដែរចំពោះចៅក្រមហួត វុទ្ធី នៅអង្គបុរេជំនុំជម្រះដែលត្រូវបានដាក់ពិន័យដោយឧត្តមក្រុមប្រឹក្សាដូចគ្នា។ ចៅក្រមម្នាក់ទៀតគឹលោកថោង អុល ត្រូវចាត់ទុកថា គឺជាមនុស្សដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា ហើយធ្លាប់បានកាត់ទោសឲ្យលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំឲ្យជាប់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់លោក។ ក៏ប៉ុន្តែវីគីលីកស៍ បានបន្ថែមថា ការតែងតាំងដ៏ស្មោកគ្រោកជាងនេះ គឺការតែងតាំងចៅក្រម នៃ ថុល អតីតប្រធានតុលាការយោធាឲ្យធ្វើជាចៅក្រមនៃអង្គបុរេជំនុំជម្រះ។ ចៅក្រមនៃ ថុល ធ្លាប់កាត់ទោសតំណាងរាស្រ្តគណបក្សសម រង្ស៊ី លោកជាម ចន្នី ឲ្យជាប់ពន្ធនាគារកាលពីប៉ុន្មានឆ្នាំកន្លងទៅ ប្រកបទៅដោយការរិះគន់ពីសហគមន៍អន្តរជាតិ។ ទូរសារលេចធ្លាយពីស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានលាតត្រដាងដោយ វីគីលីកស៍ បានបន្ថែមថា ការតែងតាំងលោកស្រីជា លាង ដែលត្រូវជាក្មួយរបស់លោកសុខ អាន តាមរយៈចំណងអាពាហ៍ពិពាហ៍ ឲ្យធ្វើជាសហព្រះរាជអាជ្ញាកម្ពុជា បានរងនូវការចោទប្រកាន់ពីបទប្រកាន់បក្ខពួក។ វីគីលីកស៍ ក៏បានស្រង់សម្កីតាមទូរសារដែរថា អង្គការសហប្រជាជាតិក្នុងរដ្ឋធានីភ្នំពេញ ស្ថានទូតកាណាដា អាល្លឺម៉ង់ បារាំង អង់គ្លេស និងស្ថានទូតជប៉ុន សុទ្ឋតែមិនមានចេតនារិះគន់ជាចំហចំពោះការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាកម្ពុជានៅសាលាក្តីខ្មែរក្រហមនោះទេ។ យ៉ាងណាក៏ដោយ ក៏វីគីលីកស៍ បានសង្ខេបថា ឯកសារដែលលេចធ្លាយបានបង្ហាញថា ឯកអគ្គរាជទូត ជប៉ុន បានជួបផ្ទាល់ជាមួយលោកហ៊ុន សែន កាលពីខែឧសភា ឆ្នាំ២០០៦ ហើយបានលើកអំពីកង្វល់ទាក់ទងទៅនឹងឈ្មោះរបស់ចៅក្រមខ្មែរមួយចំនួននៅក្នុងសាលាក្តីខ្មែរក្រហម។ ជាមួយគ្នានេះ វីគីលីកស៍ បានលើកពីទស្សនៈរបស់អង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គមសេរី (OSJI) នៅក្នុងទូរសារសម្ងាត់ថា ការជ្រើសរើសលោកយូ ប៊ុនឡេង ឲ្យធ្វើជាសហចៅក្រមស៊ើបអង្កេត និងលោកគង់ ស្រ៊ីម ជាប្រធានអង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្តីខ្មែរក្រហម គឺជាជម្រើសល្អបំផុត ។ លោកឌឹម សុវណ្ណារុំ មន្រ្តីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមមិនធ្វើអត្ថាធិប្បាយការទម្លាយឯកសារសម្ងាត់របស់វីគីលីកស៍នេះទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «អាហ្នឹងខាងផ្នែកកិច្ចការសាធារណៈអត់មានការអត្ថាធិប្បាយអ្វីទេ ជុំវិញឯកសារសម្ងាត់លេចធ្លាយដោយវីគីលីកស៍នេះ»។ លោក ម៉ាក វ៉េនិហ្ក (Mark Wenig) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំរដ្ឋធានីភ្នំពេញ និងលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាសុទ្ធតែបានអះអាងថា ការលេចធ្លាយឯកសារសម្ងាត់ពីស្ថានទូតសហរដ្ឋអាមេរិក នឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងកម្ពុជានោះទេ៕ This posting includes an audio/video/photo media file: Download Now |
សាលាឧទ្ធរណ៍តម្កល់ទោសសកម្មជនពីររូប Posted: 14 Jul 2011 02:29 PM PDT នៅថ្ងៃព្រហស្បតិ៍នេះ សាលាឧទ្ធរណ៍បានតម្កល់ទោសជាប់ពន្ធនាគារចំនួនពីរឆ្នាំប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្សលីកាដូចំពោះការបាចខិតប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាល និងថ្ងៃ៧មករាថា ជាថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជា។ ប៉ូលីសបានចាប់ខ្លួនលោក លាង សុខជឿន អាយុ២៨ឆ្នាំ បុគ្គលិកអង្គការសិទ្ធិមនុស្សលីកាដូនៅផ្ទះរបស់លោកក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១០ ពីបទពាក់ព័ន្ធនឹងការផ្សព្វផ្សាយខិត្តប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាល និងថ្ងៃ៧មករា នៅក្នុងខេត្តតាកែវ។ តុលាការខេត្តតាកែវបានកាត់ទោសលោកលាង សុខជឿន ឱ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនពីរលានរៀលអំពីបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ជាមួយនឹងព្រះសង្ឃខ្មែរកម្ពុជាក្រោមបីអង្គរួមមានព្រះសង្ឃថាច់ ឡេ និងថាច់ វណ្ណៈ ប៉ុន្តែថាច់ កុងភួង ត្រូវបានកាត់កំបាំងមុខឱ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ និងពិន័យជាប្រាក់បីលានរៀល។ លោកប៉ុល សំអឿន ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ បានប្រកាសសាលដីកានៅចំពោះមុខជនជាប់ចោទថា សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់តុលាការខេត្តតាកែវប្រឆាំងនឹងលោកលាង សុខជឿន ដោយបានប្តូរការចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិតមកជាការបង្កអសន្តិសុខសង្គម។ អង្គការសិទ្ធិមនុស្សលីកាដូបានបដិសេធដាច់ខាតចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលតម្កល់ទោសជាប់ពន្ធនាគារដល់លោកលាង សុខជឿន ។ លោក ហម ស៊ុនរិទ្ធ មេធាវីការពារជនជាប់ចោទ បានថ្លែងថា លោកមិនសប្បាយចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ខ្ញុំគិតថា វាដូចជាមិនអាចទទួលស្គាល់បាននូវសេចក្តីសម្រេចនេះទេ។ ខ្ញុំបានសោកស្តាយចំពោះអ្វីដែលកើតមានឡើងក្នុងការប្រកាសសាលក្រមព្រឹកម៉ិញនេះ»។ លោក អ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមសវនាការសាលាឧទ្ធរណ៍នេះ បានថ្លែងថា លោក លាង សុខជឿន តែងតែរក្សាភាពគ្មានទោសរបស់លោកតាំងពីពេលចាប់ខ្លួនរហូតដល់សាលាឧទ្ធរណ៍។ លោកថ្លែងថា៖ «យើងឃើញថា ភស្តុតាងទាំងអស់មានវិសមតិសង្ស័យជាច្រើន ដូចជាដីកាបង្គាប់ឱ្យនាំខ្លួន គឺនាំខ្លួនលោក លាង សុខលី ហៅជឿន ជាជនជាតិវៀតណាម ប៉ុន្តែសមត្ថកិច្ចបែរជានាំខ្លួន និងចាប់ខ្លួនលោកលាង សុខជឿន ជាបុគ្គលិកលីកាដូជនជាតិខ្មែរទៅវិញ ដោយសម្អាងគ្រាន់ថា ជឿនបានស្គាល់គ្នាជាមួយជនសង្ស័យពីរនាក់ទៀត គឺថាច់ កុងភួង និងថាច់ វណ្ណៈ កាលពីរៀនជាមួយគ្នាឆ្នាំ២០០៥នោះ»។ អង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អង្គការលីកាដូមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូរការបទចោទប្រកាន់។ សេចក្តីថ្លែងការណ៍នេះបានបន្តថា តុលាការបានរំលោភលើមាត្រា៦៧១នៃក្រមព្រហ្មទណ្ឌថ្មីនៅពេល ដែលតុលាការបានផ្លាស់ប្តូរការកាត់ទោសដំបូងរបស់លោក លាង សុខជឿន ទៅជាបទការញុះញង់ឱ្យប្រព្រឹត្តឧក្រិដ្ឋនេះ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៤ កក្កដា Posted: 13 Jul 2011 11:42 PM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ អង្គការការពារបរិស្ថានមួយដែលមានឈ្មោះថា Global Witness បានស្វាគមន៍ការសន្យារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថានឹងពិនិត្យមើលនូវផលប៉ះពាល់ពីការបូមយកខ្សាច់នៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។ អាហ្វហ្គានីស្ថាន៖ មន្ត្រីអាហ្វហ្កានីស្ថាននិយាយថា អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ បានវាយប្រហារទៅលើវិហារអ៊ីស្លាម(ម៉ុស្គ៍)មួយនៅទីក្រុងកាន់ដាហារភាគខាងត្បូង បណ្តាលឲ្យស្លាប់មនុស្ស៤នាក់ នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធមួយសម្រាប់ប្អូនប្រុសលោកប្រធានាធិបតី ហាម៊ីដ កាកស្ហៃ ដែលត្រូវគេប្រហារជីវិត។ អ.ស.ប.៖ អង្គការសហប្រជាជាតិ(អសប) និយាយថាចំនួនជនស៊ិវិលដែលបានស្លាប់នៅក្នុងសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បានឡើង១៥%បើប្រៀបធៀបទៅនិងរយៈពេលដដែលកាលពីមួយឆ្នាំមុន។ ឥណ្ឌា៖ មន្រ្តីឥណ្ឌានិយាយថា ពេលនេះជាពេលឆាប់ពេកដើម្បីចោទប្រកាន់ក្រុមពិសេសណាមួយអំពីការប្រព្រឹត្តធ្វើការវាយប្រហារដោយគ្រាប់បែកបីលើកបន្តជាប់ៗគ្នា ដែលបានផ្ទុះឡើងនៅក្នុងទីក្រុងម៊ុំបៃ ធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ បណ្តាលឲ្យស្លាប់មនុស្សចំនួន១៧នាក់ និងធ្វើឲ្យរបួសមនុស្ស១៣៣នាក់ទៀត។ លីបង់៖ មន្រ្តីប្រទេសលីបង់ និយាយថា ពួកអ្នកចាប់ពង្រត់បានដោះលែងទេសចរជាតិអេស្តូនីចំនួន ៧នាក់ដែលពួកគេបានចាប់ពង្រត់កាលពីខែមិនាមុន។ អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានប្រកាសការបណ្តេញភ្នាក់ងារប៉ូលីសជាន់ខ្ពស់ជាង៦០០នាក់នៅក្នុងចំណាត់ការមួយដើម្បីធ្វើតាមពាក្យទាមទាររបស់ក្រុមបាតុករជាច្រើនពាន់នាក់ ដែលបានអំពាវនាវឲ្យមានយុត្តិធម៌យ៉ាងឆាប់រហ័សសម្រាប់ជនដែលមានការទាក់ទងនៅក្នុងបទឧក្រិដ្ឋនៅក្រោមអតីតប្រធានាធិបតី ហុស្នី ម៊ូបារ៉ាក់។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-->លីប៊ី៖ ប្រធានគណកម្មការអឺរ៉ុប លោក Jose Manuel Barroso បានស្នើចូលទៅជួយក្រុមបះបោលនៅក្នុងប្រទេសលីប៊ី ឲ្យបង្កើតស្ថាប័នប្រជាធិបតេយ្យ បើកាលណាគេអាចយកជ័យជំនះលើកងកម្លាំងរបស់មេដឹកនាំកាដាហ្វី។ អេហ្ស៊ីប៖ ប្រទេស អេហ្ស៊ីប បានប្រកាសការលប់ចោលប៉ូលីស៦០០នាក់កាលពីថ្ងៃពុធ នៅក្នុងវិធានការមូយដើម្បីបំពេញចិត្ដក្រុមបាតុករ ដែលបានមកប្រមូលផ្ដុំគ្នាកាលពីសប្ដាហ៍មុន។ ឥណ្ឌា៖ ការផ្ទុះគ្រាប់បែកបីដងបានបំផ្លាញធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា គឺ មុមបៃ កាលពីថ្ងៃពុធ បណ្ដាលឲ្យមនុស្ស២១នាក់ស្លាប់ និង ១០០ នាក់ទៀតរបួស។ ទួរគី៖ បណ្ដាញព័ត៌មានរដ្ឋទួរគី និយាយថា ប៉ូលិសបានចាប់ឃុំជនសង្ស័យ ១៤នាក់ ថាជាក្រុមជនសកម្មប្រយុទ្ធអាលកៃដា នៅពេលមានការលបឆ្មក់ជាច្រើនដងនៅទូទាំងតំបង់ភាគខាងលិចប្រទេសទួរគី។ អាហ្វហ្គានីស្ថាន៖ មន្ដ្រីអាហ្វហ្គានីស្ថាន និយាយថា អត្ដឃាតជនម្នាក់ បានសម្លាប់ទាហានបារាំង៥នាក់ នៅតំបន់ភាគខាងកើតប្រទេស។ ការវាយប្រហារនៅថ្ងៃពុធ ធ្វើឡើងនៅក្នុងមណ្ឌល តាដបាដ ក្នុងខេត្ដ កាប៊ីសា។ សរអ និង រុស្ស៊ី៖ សរអ និង រុស្ស៊ី បានអនុវត្ដវិធានការខ្លាំងក្លាក្នុងការទទួលយកក្មេងមកចិញ្ចឹម ក្រោយពីមានម្ដាយជាតិអាមេរិកាំងម្នាក់ បានទាត់ចោលកូនចិញ្ចឹមជាតិរុស្សីម្នាក់ឲ្យត្រឡប់ទៅទីក្រុងម៉ូស្គូវិញ ដោយឯកឯងតាមយន្ដហោះ។ អាហ្វហ្គានីស្ថាន៖ អង្គការជំនួយស្បៀងអាហារពិភពលោក និយាយថារដូវរាំងស្ងួតនៅ ប្រទេសអាហ្វហ្គានីស្ថាន នឹងបង្ខំមនុស្សច្រើនលាននាក់បន្ថែមឲ្យរកជំនួយអាហារនៅចុងឆ្នាំនេះ ជំរុញឲ្យមានភាពតានតឹងដល់កិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ដើម្បីឲ្យអាហារដល់ប្រទេសក្រីក្រ។ ស៊ីរី៖ នាយករបស់អង្គការ សមាគម អារ៉ាប់ លោក Nabil Elaraby បានតិះតៀនធ្ងន់ធ្ងរ កាលពីថ្ងៃពុធមកលើ អ្វីដែលលោកហៅថា ការជ្រៀតជ្រែកពីបរទេស នៅក្នុងកិច្ចការអារ៉ាប់ ក្រោយពីបានធ្វើការចចារជាមួយប្រធានាធិបតីស៊ីរី លោក Bashar Al Assad.។ សរអ៖ ប្រធានធនាគារកណ្ដាល សរអ លោក Ben Bernanke ថ្លែងថាសេដ្ឋកិច្ចនឹងប្រឈមមុខនឹងមហន្ដរាយ បើក្រុមសាធារណរដ្ឋ និងប្រធានាធិបតី អូបាម៉ា មិនអាចរកឃើញកិច្ចព្រមព្រៀងនៃការដំឡើងកម្រិតប្រាក់បំណុលទេ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |