VOA News: ព័ត៌មាន: “និស្សិតភាគច្រើនចង់ចូលបម្រើការងារជាមន្រ្តីរាជការ” plus 3 more |
- និស្សិតភាគច្រើនចង់ចូលបម្រើការងារជាមន្រ្តីរាជការ
- បឹងកក់បោះជំហានអភិវឌ្ឍន៍ដោយមិនចាំបាច់មានដំណោះស្រាយ
- កម្ពុជាចាប់ផ្តើមដំណើរការផ្សារមូលប័ត្រ
- ព័ត៌មានអន្តរជាតិសង្ខេប - ១១ កក្កដា
និស្សិតភាគច្រើនចង់ចូលបម្រើការងារជាមន្រ្តីរាជការ Posted: 11 Jul 2011 03:05 PM PDT និស្សិតភាគច្រើននៅក្នុងប្រទេសកម្ពុជាមានបំណងចង់ចូលបម្រើការងារជាមន្រ្តីរាជការ បើទោះបីជាប្រាក់បៀរវត្សមិនអាចទប់ទល់នឹងការចាយវាយក៏ដោយ។ ក៏ប៉ុន្ដែទីផ្សារការងារនៅតាមស្ថាប័នសារធារណៈនៅតូចចង្អៀតនៅឡើយ។ ប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសកម្ពុជាសុទ្ធតែបានដឹងរួចមកហើយថា មន្រ្តីរាជការមានប្រាក់បៀវត្សតិច ហើយពិតជាពិបាកធ្វើឲ្យពួកគេរស់នៅដោយមានជីវភាពសមរម្យ ប្រសិនបើពួកគេមិនពឹងផ្អែកលើប្រភពចំណូលពីខាងក្រៅនោះទេ។ ក៏ប៉ុន្តែគុណវិបត្តិនេះមិនបានរារាំងនិស្សិតខ្មែរមួយចំនួនធំដែលតម្រង់ខ្លួនឈានទៅចាប់ការងារជាបុគ្គលិករដ្ឋនោះទេ។ ពួកគេហាក់ដូចជាបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលយកការងារនោះតាមមុខជំនាញរបស់ពួកគេ។ កញ្ញាសារ៉េតស្រី អង្គាររិទ្ធ ជានិស្សិតឆ្នាំទី៤ផ្នែកហិរញ្ញវត្ថុនិងធនាគារនៃសកលវិទ្យាល័យជាតិគ្រប់គ្រង។ នាងបានឲ្យដឹងថា នាងចង់ចូលបម្រើការងារជាមន្ត្រីរាជការច្រើនជាងការងារឯកជន បើទោះបីជាមានប្រាក់ខែតិចក៏ដោយ។ មូលហេតុដោយសារការងាររដ្ឋគឺមានលក្ខណៈងាយស្រួលជាងឯកជនគឺជាការងារយូរអង្វែង រួមទាំងមានប្រាក់ចូលនិវត្តន៍ផងដែរ។ និសិ្សតរូបនោះបានបញ្ជាក់ថា ធ្វើការងាររដ្ឋអាចយកពេលមួយចំនួនក្នុងម៉ោងធ្វើការទៅបម្រើការងារឬធ្វើអ្វីផ្សេងទៀតបាន ហើយនៅពេលខ្លះក៏អាចរកប្រាក់មួយចំនួនបានផងដែរតាមរយៈផ្តល់សេវាផ្សេងៗនៅពេលមានអ្នកមកពឹងពាក់។ «ភាគច្រើន មិត្តភក្តិខ្ញុំគឺគាត់ពួកខ្ញុំចូលចិត្តធ្វើការងាររដ្ឋ ការងាររដ្ឋមើលទៅដូចមានកិតិ្តយសប៉ុន្តែគុណវិបត្តិគឺប្រាក់ខែតិច ការងាររដ្ឋវាមិនតឹងរឹងប៉ុន្មានយើងអាចឆ្លៀតពេលរកការងារផ្សេងបាន បើគេតឹងរ៉ឹង លុះត្រាតែប្រាក់ខែរដ្ឋច្រើនដូចប្រាក់ខែឯកជនដែរ»។ មន្ដ្រីរាជការកម្ពុជាប្រមាណជា៦០ភាគរយនៃមន្ដ្រីរាជការកម្ពុជាសរុបចំនួនជាង១៨០.៣០០នាក់ទទួលបានប្រាក់បៀវត្សចន្លោះពី៦៥ដុល្លារទៅ១០០ដុល្លារអាមេរិកក្នុងមួយខែ។ ពួកគេធ្វើការចំនួនប្រាំបីម៉ោងក្នុងមួយថ្ងៃនិងប្រាំថ្ងៃក្នុងមួយសប្ដាហ៍។ ក៏ប៉ុន្ដែមន្ដ្រីរាជការកម្ពុជាមួយចំនួនត្រូវគេដឹងថា បានបង្ហាញវត្តមានតិចជាងពេលម៉ោងកំណត់នៅកន្លែងការងាររបស់ខ្លួន លើកលែងតែកន្លែងបំពេញការងារដែលអាចទាញយកកម្រដទៃទៀតបាន ទើបមានការបំពេញការងារជាប់លាប់និងទៀងទាត់។ ប្រាក់ខែមូលដ្ឋាននេះនេះទំនងជាគ្រាន់តែអាចផ្ដល់លទ្ធភាពសម្រាប់ការគ្រប់គ្រងចំណាយជាបុគ្គល ជាជាងលទ្ធភាពចិញ្ចឹមគ្រួសារដែលមានបន្ទុកដូចជាកូន និងសមាជិកគ្រួសារបន្ថែមពីលើនេះ។ ប្រការនេះដែលធ្វើឲ្យនិស្សិតមួយចំនួនសម្លឹងមើលលទ្ធភាពពីរដំណាលគ្នាគឺការកេងចំណេញម៉ោងពេលធ្វើការរបស់រដ្ឋ និងការឆ្លៀតយកតួនាទីទៅបំពេញការងារផ្សេងទៀត ឬសម្រាប់សេវាដែលឈានទៅដល់ការប្រកបអំពើពុករលួយ ដូចជាការលើកឡើងរបស់លោកឈិត ត៉ក់ ជានិស្សិតឆ្នាំទី៤ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ចនៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានគ្រោងទុកជាស្រេចថា បើសិនជាប្រាក់ខែដែលបានមកនោះមិនអាចឆ្លើយតបទៅតាមការចំណាយក្នុងគ្រួសារបានទេនោះ គាត់ប្រហែលជាបង្ខំចិត្តត្រូវលួចម៉ោងការងាររដ្ឋខ្លះដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពជាមិនខាន។ «ថ្ងៃអនាគត បើខ្ញុំចូលការងាររដ្ឋ ហើយបើវានៅតែដូចស្ថានភាពបច្ចុប្បន្ន ខ្ញុំទទួលស្គាល់ថា វាពិតជាជំរុញឲ្យ ខ្ញុំឆ្លៀតយកម៉ោងរបស់រដ្ឋ ប្រហែលទៅរកការងារក្រៅធ្វើបន្តិចបន្តួច ហើយនេះខ្ញុំនិយាយពីបរិបទក្នុងស្ថានភាពស្រុកខ្មែរនាពេលបច្ចុប្បន្ន។ ប៉ុន្តែក្នុងអារម្មណ៍របស់ខ្ញុំ ខ្ញុំគិតថា ស្រុកខ្មែរក្នុងស្ថានភាពបច្ចុប្បន្ននឹងមានការផ្លាស់ប្តូរនៅថ្ងៃខាងមុខ។ ប្រាក់ខែរបស់មន្រ្តីរាជការមានការកើនឡើង។ ប្រសិនជារាជរដ្ឋាភិបាលគាត់ផ្តល់ប្រាក់កម្រៃគ្រប់គ្រាន់ នោះមន្រ្តីរាជការ ដូចជាខ្ញុំនឹងមានទឹកចិត្តក្នុងការបំពេញការងារបានល្អដោយមិនទៅរកការងារក្រៅ នាំឲ្យប៉ះពាល់ដល់ការងារនៅក្នុងរដ្ឋ ដែលបម្រើប្រជាពលរដ្ឋមិនអស់ពីដៃពីជើងទេ»។ លោកជាង សុខា ជានាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនដែលធ្វើការបណ្តុះបណ្តាលជំនាញផ្សេងៗដល់ក្រុមនិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៣២។ លោកបានឲ្យដឹងថា និស្សិតភាគច្រើនតែងតែចង់ធ្វើការងាររដ្ឋច្រើនជាងឯកជនបែបនេះ ដោយសារពួកគេយល់ឃើញថា គេអាចលួចម៉ោងការងារទៅបម្រើការងារអ្វីផ្សេងបាននិងរកលុយតាមរយៈបម្រើសេវាខាងក្រៅ ហើយពួកគេយល់ឃើញបែបនេះដោយសារពួកគេឃើញមន្រ្តីមុនៗធ្វើបែបនេះកន្លងរួចមកហើយ។ លោកបានបន្តថា ដើម្បីលុបបំបាត់គំនិតបែបនេះចេញពីក្រុមនិស្សិតបាន លុះត្រាតែមានការរឹតបន្តឹងឲ្យបានតឹងរ៉ឹងចំពោះម៉ោងធ្វើការ ហើយប្រការដែលសំខាន់បំផុតគឺត្រូវតែមានប្រាក់ខែសមរម្យ ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន ហើយបើមិនដូច្នេះទេ ទង្វើបែបនេះនៅតែបន្តមាននៅក្នុងសង្គមខ្មែរ។ «មានបុគ្គលិកដែលធ្វើការត្រឹមត្រូវទៅតាមប្រព័ន្ធមានន័យថា មិនលួចម៉ោង មិនរកសេវាក៏ប៉ុន្តែប្រាក់ខែនៅតែទាបដដែល។ អញ្ចឹងសួរថា គុណភាពការងាររបស់មន្រ្តីរាជការទាំងអស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គមទាំងមូលឬរបស់ប្រជាពលរដ្ឋ តើវាមានគុណភាពដែលឬទេ? វាអត់មានគុណភាពទេ។ អញ្ចឹងហើយស្ថានភាពសង្គមមិនអាចប្រសើរបានទេ ដរាបណាប្រាក់ខែនៅដដែល មូលហេតុត្រង់គឺថា អ្នកដែលបានប្រាក់ខែតិច គាត់មិនអាចបំពេញការងារប្រកបដោយគុណភាពឆ្លើយតបរបស់សង្គមទាំងមូលបានទេ»។ លោកពេជ្រ ប៊ុនធិន រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈបានទទួលស្គាល់ថាកាលពីមុនមានមន្រ្តីរាជការលួចម៉ោងធ្វើការ ទៅបម្រើការងារផ្សេងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយមានមន្រ្តីខ្លះបានរកលុយតាមរយៈបម្រើសេវាផ្សេងៗ។ ក៏ប៉ុន្តែនៅពេលនេះ មន្រ្តីបែបនេះនៅមានតិចតួចណាស់ក្នុងរដ្ឋាភិបាល ដោយសារកាលពីកន្លងទៅមានចន្លោះប្រហោងដែលធ្វើឲ្យមន្រ្តីទាំងនោះអាចប្រព្រឹត្តអំពើបែបនេះបាន។ ក៏ប៉ុន្តែនៅពេលនេះរដ្ឋាភិបាលបានកំពុងបំបាត់មន្រ្តីទាំងនោះ ដោយរដ្ឋាភិបាលមានការរឹតបន្តឹងម៉ោងធ្វើការតាមរយៈដាក់ម៉ាស៊ីនផ្តិតក្រយៅដៃជាដើម។ លោកបានបន្តថា ចាប់ពីពេលនេះតទៅ ការចូលបម្រើការងារជាមន្រ្តីរាជការដើម្បីប្រព្រឹត្តអំពើពុករលួយ ឬលួចម៉ោងការងាររដ្ឋទៀតនោះ ប្រហែលជាមិនអាចធ្វើទៅបានទៀតនោះទេ។ ហើយមន្រ្តីដែលប្រព្រឹត្តអំពើខុសឆ្គងបែបនេះនឹងត្រូវទទួលទោសនៅពេលដែររកឃើញ។ «យើងធ្វើមន្រ្តីរាជការ យើងអាចថា រកក្រៅបានដោយសារស៊ីសំណូក សូកប៉ាន់នោះ គឺជាគំនិតមួយខុសឆ្គង ពីព្រោះវាជាអំពើដែលល្មើសច្បាប់។ឥឡូវនេះយើងថា វាមានការចន្លោះប្រហោងអំពីការគ្រប់គ្រង។ វាអាចនៅអញ្ចឹងបាន ប៉ុន្តែយូរទៅ ខ្ញុំជឿថា សំណាញ់ច្បាប់ ការគ្រប់ គ្រងវាកាន់តែល្អ រួចហើយរដ្ឋដំឡើងប្រាក់ខែ២០ភាគរយរៀងរាល់ឆ្នាំកន្លងមកនេះគឺដើម្បីកាត់បន្ថយកុំឲ្យមន្រ្តីរាជការមានចេតនា ឬនឹកស្រមើស្រមៃដល់អំពើពុករលួយ ស៊ីសំណូកសូកប៉ាន់នេះឯង»។ យ៉ាងណាក៏ដោយ ក្រុមនិស្សិតខាងលើសុទ្ធតែចង់ប្រកបការងារប្រកបដោយភាពស្អាតស្អំ ហើយចង់ឲ្យរដ្ឋាភិបាលផ្ដល់អាទិភាពសម្រាប់ធនធានមនុស្សជំនាន់ថ្មី។ មានយុវជនកម្ពុជាយ៉ាងតិចចំនួន៣០០.០០០នាក់ត្រូវការការងារធ្វើជារៀងរាល់ឆ្នាំ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០០៩របស់កម្មវិធីអភិវឌ្ឈន៍របស់អង្គការសហប្រជាជាតិ UNDP។ របាយការណ៍ដដែលបង្ហាញថា គ្រឹះសា្ថនសាធារណៈ ឬហៅថា ស្ថាប័នរដ្ឋបានទាញយកធនធានមនុស្សទាំងនេះបានតិចតួចតែប៉ុណ្ណោះ។ យោងតាមលោកពេជ្រ ប៊ុនធិន រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈបានឲ្យដឹងថា ជារៀងរាល់ឆ្នាំមាននិសិ្សតជាង៤ម៉ឺននាក់ចេញពីមហាវិទ្យាល័យ ស្វែងរកការងារធ្វើ ក្នុងចំណោមនោះជាង៣ម៉ឺននាក់បានដាក់ពាក្យប្រឡងចូលបម្រើការងារជាមន្រ្តីរាជការនៅតាមក្រសួងនានា។ ក៏ប៉ុន្ដែរដ្ឋាភិបាលមានលទ្ធភាពស្រូបយកនិស្សិតត្រឹមតែជាង៧.០០០នាក់តែប៉ុណ្ណោះចូលក្នុងស្ថាប័នរដ្ឋក្នុងមួយឆ្នាំៗ ស្របពេលដែលមន្ត្រីរាជការចូលនិវត្តន៍មានចំនួនប្រមាណជា៣០០០នាក់ក្នុងមួយឆ្នាំ។ លោកពេជ្រ ប៊ុនធិន បញ្ជាក់ថា ក្នុងមួយឆ្នាំៗ ក្រសួងអប់រំគឺជាជង្រុកដែលបានស្រូបយកនិស្សិត៥.០០០នាក់ឲ្យចូលបម្រើការគឺច្រើនជាងគេក្នុងចំណោមក្រសួងសរុបចំនួន២៦។ ក្រសួងសុខាភិបាលទទួលយកនិស្សិតចំនួនប្រមាណជាង១.០០០នាក់ ក្រសួងការងារជាង៣០០នាក់ ក្រសួងមហាផ្ទៃប្រមាណជាង១០០នាក់ ក្រៅពីនេះក្រសួងផ្សេងៗត្រូវការជ្រើសរើសនិស្សិតតិចតួចតែប៉ុណ្ណោះ។ លោកនុតចាន់ ម៉ូលីវណ្ណ ជានិស្សិតឆ្នាំទី៤ផ្នែករៀបចំដែនដីនិងរដ្ឋបាលដីធ្លីនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។គាត់បានបង្ហាញពីការបេ្ដជា្ញចិត្តដ៏កម្របំផុតមួយក្នុងចំណោមក្រុមនិស្សិត។ «នៅពេលក្រៅពីម៉ោងរដ្ឋ ម៉ោងឯកជនរបស់យើង យើងអាចពង្រីកនូវអាជីវកម្មខ្នាតតូចមួយដែលយើងធ្វើទៅបាន ដើម្បីផ្គត់ផ្គង់ជីវភាពរបស់យើងប្រចាំថ្ងៃ តែសំខាន់ ចំពោះពេលវេលាធ្វើការរដ្ឋ យើងត្រូវគោរព ព្រោះថា យើងត្រូវបម្រើការងារឲ្យសាធារណៈ»។ មន្ដ្រីរាជការបានប្រាក់ខែឧបត្ថម្ភដោយរដ្ឋាភិបាលមានចំនួនតិចតួច ហើយចាយវាយមិនគ្រប់គ្រាន់ទេ។ ដូច្នេះពួកគេបានស្វែងរកមុខរបរទីពីរសម្រាប់ស្រូបយកចំណូលបន្ថែមទៀតដូចជាស៊ីឈ្នួលធ្វើជាកងសន្ដិសុខឲ្យឈ្មួញឯកជន រត់រ៉ឺម៉ក ឬម៉ូតូឌុប ឬអ្នកខ្លះទៀតឈានដល់ប្រព្រឹត្តអំពើពុករលួយប្រចាំថ្ងៃដែលជាទង្វើផ្ទុយនឹងច្បាប់របស់រដ្ឋទៀតផង។ និស្សិតខ្មែរមួយចំនួនបានប្ដេជ្ញាក្នុងចិត្តមិនព្រមចូលបម្រើក្នុងស្ថាប័នរដ្ឋទេ នៅពេលដែលពួកគេបញ្ចប់ការសិក្សា ដោយសារប្រាក់ខែតិចតួច។ និស្សិតមួយចំនួនទៀតចង់ចូលបម្រើការងាររាជការ ដើម្បីយកងារនេះធ្វើឈ្នាន់ទទួលបានអាហារូបករណ៍សម្រាប់បន្ដការសិក្សានៅក្រៅប្រទេស ដូចករណីលោកសូន ម៉ុងត្រាក់ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មជាដើម។ «ខ្ញុំចង់ធ្វើការងាររដ្ឋ ដែលផ្តល់ឱកាសសម្រាប់រូបខ្ញុំឈានបន្តការសិក្សារបស់ខ្ញុំនៅបរទេស។ ស្ថានភាពនៅក្នុងប្រទេសយើងគឺថា ប្រាក់ខែរដ្ឋគឺថា រាងទាប អញ្ចឹងដំបូងជាកាតព្វកិច្ចគឺយើងត្រូវតែជួយរដ្ឋវិញសិន ប៉ុន្តែនៅពេលដែលយើងមានសមត្ថភាពខ្លាំងយើងអាចរកប្រាក់ខែបានច្រើនជាងនេះ យើងត្រូវតែប្តូរការងារ»។ រដ្ឋាភិបាលកម្ពុជាចំណាយប្រមាណជាង៦១ពាន់លានរៀលគឺស្មើជាង១៤,៦លានដុល្លារជារៀងរាល់ខែសម្រាប់បើកប្រាក់បៀរវត្សដល់មន្រ្តីរាជការនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលមានគោលនយោបាយដំឡើងប្រាក់ខែរាជការចំនួន២០%ជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្ដែអ្នកសេដ្ឋកិច្ចកម្ពុជា និងមន្ដ្រីរាជការក្នុងប្រទេសចាត់ទុកថា ការដំឡើងប្រាក់ខែនេះមិនមានតុល្យភាពនឹងតម្លៃទំនិញឡើងថ្លៃនៅលើទីផ្សារបច្ចុប្បន្នទេ៕ This posting includes an audio/video/photo media file: Download Now |
បឹងកក់បោះជំហានអភិវឌ្ឍន៍ដោយមិនចាំបាច់មានដំណោះស្រាយ Posted: 11 Jul 2011 12:07 PM PDT ក្រុមហ៊ុនស៊ូកាគូអ៊ីន បានចាប់ផ្តើមបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍បឹងកក់ហើយនៅថ្ងៃច័ន្ទនេះ ខណៈដែលសាលារាជធានីភ្នំពេញបានបដិសេធសំណើសុំផ្ទះល្វែងទំហំ៤ម៉ែត្រគុណ១៦ម៉ែត្រ របស់អ្នកភូមិបឹងកក់ដែលប្រឈមនឹងការបណ្តេញចេញ។ ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីអ្នកភូមិបឹងកក់បានធ្វើការតវ៉ាអំពីការអភិវឌ្ឍបឹងកក់ ដោយរួមមានដាក់ញត្តិទៅស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស សហគមន៍អឺរ៉ុបជាបន្តបន្ទាប់ ដើម្បីសុំឱ្យជួយគាំទ្រនៅក្នុងជម្លោះដីធ្លីរបស់ពួកគាត់ជាមួយសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនអភិវឌ្ឍន៍។ សាលារាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាចំពោះសំណើសុំផ្ទះល្វែងដែលមានចំនួនជាង១.០០០ល្វែងនោះពុំមានលទ្ធភាពដោះស្រាយជូនទេ។ អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍បឹងកក់ បាននិយាយថា សហគមន៍បឹងកក់មានការរន្ធត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រែក្រឡាស់របស់សាលាក្រុងភ្នំពេញនេះ។ «ខ្ញុំនៅតែជំរុញឱ្យខាងសាលាក្រុងគិតពិចារណាឱ្យបានល្អិតល្អន់ម្តងទៀតដើម្បីរកដំណោះស្រាយអ្វីដែលប្រជាពលរដ្ឋស្នើសុំផ្ទះល្វែង៤ម៉ែត្រគុណ១៦ម៉ែត្រកន្លងមកបន្តទៀត»។ លោកស៊ូ សុផល អាយុ៣៣ឆ្នាំ រស់នៅភូមិ២០ក្នុងសហគមន៍បឹងកក់បានបញ្ជាក់ថា លោកបានសម្តែងនូវការអស់ជំនឿចិត្តទៅលើរដ្ឋាភិបាលនិងអាជ្ញាធរ។ «ខ្ញុំមានអារម្មណ៍ខកចិត្ត ចំពោះអាជ្ញាធរដែនដី ដែលពួកខ្ញុំជានិច្ចកាលតែងតែមានទំនុកចិត្តទៅលើគាត់ក្នុងការដោះស្រាយវែកញែកឱ្យពួកខ្ញុំ។ ឥឡូវ គាត់ឆ្លើយបដិសេធគ្រប់សំណើរបស់ពួកខ្ញុំ។ ខ្ញុំអស់មានជំនឿចិត្តហើយៗ ក្នុងចិត្តខ្ញុំក៏មិនដឹងថារត់ទៅចង់ពឹងអ្នកណាទេ ដើម្បីឱ្យគេជួយដោះស្រាយ បញ្ហានេះឱ្យខ្ញុំ»។ អ្នកស្រី ប៉ុល ស្រីពៅ អាយុ៣៦ឆ្នាំ រស់នៅភូមិ២៤ក្នុងសហគមន៍បឹងកក់ បានថ្លែងថា អាជ្ញាធរបានធ្វើឱ្យអ្នកស្រីមានការឈឺចាប់យ៉ាងខ្លាំងចំពោះការបដិសេធសំណើសុំផ្ទះល្វែង នេះ ហើយនេះជាការមិនទទួលខុសត្រូវរបស់អាជ្ញាធរ។ «ខ្ញុំយល់ថាទង្វើរបស់គាត់នេះល្មើសនឹងច្បាប់ភូមិបាលទាំងស្រុងដែលខ្ញុំជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ គាត់អភិវឌ្ឍតែជាមួយអ្នកមានទេ ចំណែកពួកខ្ញុំអ្នកក្រ គាត់បដិសេធចោលទាំងអស់។ ខ្ញុំយល់ថា គាត់គ្មានភាពយុត្តិធម៌ ចំពោះខ្ញុំផ្ទាល់ និងប្រជាពលរដ្ឋផ្ទាល់។ វាគ្មានតម្លាភាពទាល់តែសោះក្នុងការអភិវឌ្ឍនេះ»។ សេចក្តីថ្លែងការណ៍របស់សាលារាជធានីភ្នំពេញ បាននិយាយថា សាលារាជធានីភ្នំពេញនឹងធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការឱ្យបងប្អូនរស់នៅនឹងកន្លែង ក្រោយពេលក្រុមមន្ត្រីជំនាញសាលារាជធានីភ្នំពេញបញ្ចប់ការវាស់វែង។ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ថា សាលារាជធានីភ្នំពេញមិនបានធ្វើអ្វីខុសពីការដឹកនាំរបស់រាជរដ្ឋាភិបាលឡើយ ប៉ុន្តែសាលារាជធានីភ្នំពេញទទួលស្គាល់ថា មានបញ្ហាដែលសាលារាជធានីកំពុងដោះស្រាយ។ «ការចាក់បំពេញបឹងកក់មិនមែនជារឿងចម្លែកនិងរឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ។ យើងទទួលស្គាល់ថាប្រាកដជាមានបញ្ហា។ បញ្ហាដែលយើងត្រូវដោះស្រាយហើយយើងបានដោះស្រាយស្ទើររួចរាល់។ យើងនឹងបន្តដោះស្រាយនៅសល់បញ្ហាមួយចំនួនជាមួយបងប្អូនទៀត។ ខ្ញុំនិងមន្ត្រីរបស់ខ្ញុំមិនបានធ្វើអ្វីខុសពីគោលការណ៍របស់រាជរដ្ឋាភិបាលឡើយ »។ លោកឡាវ វ៉ាន់ តំណាងក្រុមហ៊ុនស៊ូកាគូអ៊ីន បានថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ថា ការដោះស្រាយផលប៉ះពាល់អស់រយៈពេលបួនឆ្នាំចាប់ពីឆ្នាំ២០០៧ រហូតដល់ ពិធីសម្ពោធបើកការដ្ឋានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍បឹងកក់នៅថ្ងៃនេះ។ «ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍តាមផែនការមេ រួមមានអាគារពាណិជ្ជកម្ម ផ្សារទំនើប សាលសន្និសីទ មណ្ឌលកម្សាន្ត ក្លឹបកម្សាន្ត សណ្ឋាគារ សាកលវិទ្យាល័យ មន្ទីរពហុព្យាបាល លំនៅដ្ឋាន រមណីយដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ»។ រដ្ឋាភិបាលបានជួលដីតំបន់បឹងកក់ទៅឱ្យក្រុមហ៊ុនស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍទីក្រុងរណបសម្រាប់រយៈពេល៩៩ឆ្នាំនិងមានទឹកប្រាក់ចំនួន៧៩លានដុល្លារអាមេរិក៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាចាប់ផ្តើមដំណើរការផ្សារមូលប័ត្រ Posted: 11 Jul 2011 11:13 AM PDT បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំនៅថ្ងៃច័ន្ទនេះ ប្រទេសកម្ពុជាបានប្រកាសបើកជាផ្លូវការនូវក្រុមហ៊ុនមូលប័ត្រកម្ពុជា ដែលមន្រ្តីរដ្ឋាភិបាល និងអ្នកសេដ្ឋកិច្ចឯករាជ្យរំពឹងពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចសម្រាប់អនាគតនៃប្រទេសកម្ពុជា។ លោកគាត ឈន់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកក្រុមហ៊ុនមូលប័ត្រកម្ពុជា ថានេះ គឺជាមោទនភាពរបស់ប្រទេសកម្ពុជា នៅពេលដែលក្រុមហ៊ុននេះអាចនឹងចាប់ដំណើរការជាផ្លូវការនៅចុងឆ្នាំ២០១១នេះ។ «ការសម្ពោធដាក់ឲ្យដំណើរការនាថ្ងៃនេះ ជាសក្ខីភាពបង្ហាញថា ក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលឲ្យមានការជួញដូរដែលគ្រោងចាប់ផ្តើមនៅចុងឆ្នាំនេះ»។ ក្រុមហ៊ុនមូលប័ត្រកម្ពុជា គឺជាក្រុមហ៊ុនចម្រុះកម្ពុជានិងប្រទេសកូរ៉េ ដោយមានភាគហ៊ុនពីរាជរដ្ឋាភិបាលកម្ពុជាចំនួន៥៥ភាគរយនិង៤៥ភាគរយគឺជាភាគហ៊ុនរបស់ក្រុមហ៊ុន Korea Exchange Inc មកពីប្រទេសកូរ៉េខាងត្បូង។ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានប្រកាសពីគម្រោងបើកផ្សារមូលប័ត្រកម្ពុជាចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ក៏ប៉ុន្តែការបង្កើតផ្សារភាគហ៊ុននេះ ត្រូវបានពន្យារពេលជាច្រើនលើក។ រហូតមកទល់នឹងពេលនេះមានក្រុមហ៊ុនរដ្ឋចំនួន៣ គឺអាជ្ញាធររដ្ឋាករទឹកស្វយ័តភ្នំពេញ កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ដែលត្រូវចុះបញ្ជីសម្រាប់ដំណើរការដំបូងគេ។ <!--IMAGE-->លោក Kim Bongsoo អគ្គនាយកក្រុមហ៊ុន Korea Exchange Inc មានប្រសាសន៍តាមរយៈអ្នកបកប្រែថាមូលប័ត្រកូរ៉េបានរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ចនៅប្រទេសកូរ៉េ។ ហើយ៥០ឆ្នាំក្រោយពីការបង្កើតមូលប័ត្រ ប្រទេសកូរ៉េបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទី១៣ នៅក្នុង ពិភពលោក។ លោក Kim Bongsoo មានប្រសាសន៍ថា ផ្សារមូលប័ត្រ នឹងរួមចំណែកដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចទាំងមូលនៅក្នុងប្រទេសកម្ពុជា។ «ទីផ្សារមូលប័ត្រគឺជាសសៃឈាមសំខាន់មួយសម្រាប់ការប្រមូលមូលនិធិផ្គត់ផ្គង់ដល់សហគ្រាស ដូច្នេះហើយបានជាវឌ្ឍនភាពនៃទីផ្សារមូលប័ត្រនឹងរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល»។ លោកបណ្ឌិតកង ច័ន្ទតារារ័ត្ន នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាអភិវឌ្ឍន៍យល់ថា ការបង្កើតក្រុមហ៊ុនផ្សារមូលប័ត្រនេះអាចរីកចម្រើនទៅបានអាស្រ័យទៅលើទំនុកចិត្តរបស់ប្រជាពលរដ្ឋទូទៅហើយការចាប់ផ្តើមដែលមានតែក្រុមហ៊ុនរដ្ឋចំនួនតែបីនេះ ដោយសារតែមិនទាន់មានការទុកចិត្តពីក្រុមហ៊ុនឯកជនដទៃទៀត។ «គឺជាជំហានមួយថ្មី ដែលប៉ះពាល់ដល់ទំនុកចិត្តរបស់មហាជនទូទៅ ក៏ដូចជាអ្នកវិនិយោគទូទៅ ហើយ អញ្ចឹងវាមានក្រុមហ៊ុនតិចតួចណាស់ ដែលហ៊ានប្រថុយទិញមុន»។ ប្រទេសកម្ពុជា គឺជាប្រទេសដែលបង្កើតផ្សារមូលប័ត្រ ឬក៏ផ្សារភាគហ៊ុនយឺតជាងគេ បើធៀបទៅនឹងប្រទេសជិតខាងរបស់ខ្លួន ដូចជាប្រទេសវៀតណាម ដែលបានបង្កើតផ្សារមូលប័ត្រនៅឆ្នាំ២០០០ រីឯ ប្រទេសឡាវ បានបង្កើតផ្សារភាគហ៊ុនកាលពីខែមករា ដើមឆ្នាំ២០១១នេះ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប - ១១ កក្កដា Posted: 11 Jul 2011 07:30 AM PDT កម្ពុជា៖ ប្រទេសកម្ពុជាបានបើកទ្វារទីផ្សារមូលប័ត្រដែលគេបានរង់ចាំយូរ នៅថ្ងៃច័ន្ទនេះ ទោះបីជាមិនទាន់មានក្រុមហ៊ុនណាមួយចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មក៏ដោយ។ ប៉ាគីស្ថាន៖ អ្នកនាំពាក្យយោធាប៉ាគីស្ថានម្នាក់ថ្លែងថា សេចក្ដីសម្រេចចិត្ដរបស់ស.រ.អ. ដើម្បីព្យួរជំនួយថវិកាយោធា៨០០លានដុល្លារ ទៅឲ្យប្រទេសប៉ាគីស្ថាននោះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រតិបត្ដិការរបស់ខ្លួនទេ។ ប៉ាគីស្ថាន៖ មន្ដ្រីនៅតំបន់ឦសានប្រទេសប៉ាគីស្ថាន និយាយថា ការផ្ទុះមួយនៅក្នុងការប្រមូលផ្ដុំនយោបាយ បានសម្លាប់មនុស្សយ៉ាងតិច៤ នាក់។ មន្ដ្រីរដ្ឋការនិយាយថា មានមនុស្សយ៉ាងតិច ១២ នាក់ទៀតបានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកនៅថ្ងៃច័ន្ទនៅក្នុងមណ្ឌលបាតក្រាម។ អ៊ីរ៉ាក់៖ លោករដ្ឋមន្ដ្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក Leon Panetta ថ្លែងថាសហរដ្ឋអាមេរិកមានចិត្ដព្រួយបារម្ភអំពីការណ៍ដែលអ៊ីរ៉ង់ផ្ដល់អាវុធទៅឲ្យជនសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរាក់ នៅពេលដែលលោករៀបចំជួបប្រជុំជាមួយមេដឹកនាំអ៊ីរ៉ាក់អំពីអនាគតនៃកងកម្លាំងយោធា សហរដ្ឋអាមេរិកនៅក្នុងប្រទេសនោះ។ ស៊ីរី៖ ក្រុមសកម្មជនសិទ្ធិមនុស្សនិងអ្នកស្រុកស៊ីរីនិយាយថា កងកម្លាំងយោធាស៊ីរី គាំទ្រដោយរថពាសដែក បានវាយសម្រុកចូលទៅក្នុងកណ្ដាលទីក្រុងហូម ដោយបានសម្លាប់មនុស្សយ៉ាងតិចម្នាក់ និង ធ្វើឲ្យរបួស២០នាក់។ ស.រ.អ.៖ ក្រុមមេបញ្ជាការថ្នាក់ខ្ពស់មកពីស.រ.អ.និងពីប្រទេសចិននិយាយថា គេបានបើកកិច្ចចរចាគ្នា ដ៏ស្មោះត្រង់នៅថ្ងៃច័ន្ទនេះអំពីជម្លោះដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូងនិងរឿងជម្លោះដទៃ។ ស.រ.អ.៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអំពាវនាវឲ្យមានកិច្ចចរចាគ្នាបន្ថែមអំពីថវិកាចាយវាយនៅថ្ងៃច័ន្ទនេះ នៅឯសេតវិមានក្រោយពីខកខានមិនបានស្វែងរកកិច្ចព្រមព្រៀងជាមួយក្រុមសាធារណរដ្ឋ។ ឥណ្ឌូនេស៊ី៖ ប៉ូលិសឥណ្ឌូនេស៊ីនិយាយថា ខ្លួនបានស្កាត់ចាប់យកនាវាដឹកជនជាតិស្រីលង្កា៨៥នាក់ ដែលជាអ្នកស្វែងរកការជ្រកកោនក្នុងប្រទេសទីបី ដែលជិះក្នុងនាវាមួយគ្រឿងបើកបរទៅរកប្រទេសនូវែលសេឡង់។ អ៊ូហ្គង់ដា៖ ប្រធានាធិបតីនៃប្រទេសអ៊ូហ្គង់ដា លោក Yoweri Museveni បានអំពាវនាវឲ្យពង្រីកយុទ្ធនាការយោធាប្រឆាំងជីវពលប្រដាប់អាវុធនៅក្នុងប្រទេសសូម៉ាលីដោយថ្លែងថាប្រទេសនេះជាការគំរាមដល់សេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងកើតនិងជាប្រទេសបញ្ជូនភេរវកម្មក្នុងតំបន់។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |