VOA News: ព័ត៌មាន: “សហរដ្ឋអាមេរិកមានប្រតិកម្មចំពោះការផ្សាយឯកសារសម្ងាត់តាមគេហទំព័រវិគីលីកស៍” plus 2 more |
- សហរដ្ឋអាមេរិកមានប្រតិកម្មចំពោះការផ្សាយឯកសារសម្ងាត់តាមគេហទំព័រវិគីលីកស៍
- ក្រុមសិទ្ធិមនុស្សអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់សកម្មជនសិទ្ធិមនុស្ស
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៥ កក្កដា
សហរដ្ឋអាមេរិកមានប្រតិកម្មចំពោះការផ្សាយឯកសារសម្ងាត់តាមគេហទំព័រវិគីលីកស៍ Posted: 15 Jul 2011 02:26 PM PDT រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្កោលទោសចំពោះការបញ្ចេញព័ត៌មានសម្ងាត់ដែលធ្លាយពីស្ថានទូតរបស់ខ្លួនប្រចាំក្រុងភ្នំពេញ លើគេហទំព័រវីគីលីកស៍ (Wikileaks) ហើយព្រមានថា ការបង្ហាញព័ត៌មានបែបនេះគ្រោះថ្នាក់ណាស់។ ការទម្លាយព័ត៌មានសម្ងាត់ធ្វើឲ្យក្រសួងការបរទេសកម្ពុជាកោះហៅមន្ដ្រីទូតអាមេរិកឲ្យចូលបំភ្លឺភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែ កក្កដា ឆ្នាំ២០១១នេះ។ ចាប់តាំងពីថ្ងៃអង្គារមកគេហទំព័រវីគីលីកស៍បានបញ្ចេញឯកសារដែលជាទូរសារសម្ងាត់ធ្លាយចេញពីស្ថានទូតសហរដ្ឋអាមេរិកក្នុងក្រុងភ្នំពេញសរុបចំនួន៧៧៧ឯកសារ។ ឯកសារទាំងនោះផ្តោតលើការដឹកនាំ និងរបត់នយោបាយរបស់កម្ពុជា។ ឯកសារទាំងនេះទាក់ទងច្រើនទៅនឹងបញ្ហាសេដ្ឋកិច្ច នយោបាយ បញ្ហានៃការឡើងស្នងរាជ្យ ការលូកដៃរបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាចូលក្នុងគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច ឃាតកម្មលើមេដឹកនាំសហជីពសេរីកម្មករ និងតំណាងកម្មករដែលមិនអាចរកឃាតករពិតប្រាកដឃើញ។ ក្រៅពីនោះវីគីលីកស៍ ក៏បានទម្លាយចេញនូវទូរសារដែលបរិយាយទំនាក់ទំនងកម្ពុជាក្នុងសមាគមអាស៊ាន បញ្ហាសាលាក្ដីខ្មែរក្រហម និងទស្សនវិស័យកម្ពុជាចំពោះមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅភូមាជាដើម។ លោក ម៉ាក វិនិហ្ក (Mark Wenig) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ បាននិយាយក្នុងសារអេឡេចត្រូនិក កាលពីថ្ងៃព្រហស្បតិ៍ថា «សហរដ្ឋអាមេរិកថ្កោលទោសការបញ្ចេញព័ត៌មានរបស់រដ្ឋាភិបាលអាមេរិកដោយមានការគិតទុកជាមុន និងដោយមិនមានការអនុញ្ញាត»។ មន្រ្ដីអ្នកនាំពាក្យដដែលថ្លែងថា ការបញ្ចេញព័ត៌មានបែបនេះធ្វើប្រជាពលរដ្ឋរស់ក្នុងគ្រោះថ្នាក់ ជាការគម្រាមដល់សន្ដិសុខជាតិ និងធ្វើឲ្យអន្ដរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើការងារជាមួយបណ្ដាប្រទេសនានាដើម្បីដោះស្រាយបញ្ហារួម និងជម្រុញការរីកចម្រើនក្នុងគោលដៅរួម។ សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយមួយរបស់កម្ពុជា។ ក្រៅពីជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលសហរដ្ឋអាមេរិកក៏បានជួយគាំទ្រកម្ពុជាក្នុងវិស័យយោធាមួយចំនួន និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ សារសម្ងាត់ដែលត្រូវបានផ្សាយដោយវីគីលីកស៍ ចាប់ពីខែមិនា ឆ្នាំ១៩៩២ ដល់ខែកុម្ភៈឆ្នាំ ២០១០បង្ហាញថា សហរដ្ឋអាមរិកបានព្យាយាមស្វែងរកតុល្យភាពជាមួយចិន នៅកម្ពុជា ដោយសហរដ្ឋអាមេរិកព្រួយបារម្ភពីការរីកកាន់តែធំនូវអំណាចរបស់សាធារណៈរដ្ឋប្រជាមានិតចិន។ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកលោក ម៉ាក វិនិហ្ក ចាត់ទុកថា ការទម្លាយព័ត៌មាននេះមិនមែនគ្រាន់តែជាការវាយប្រហារផលប្រយោជន៍នយោបាយការបរទេសរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការវាយប្រហារសហគមអន្តរជាតិ សម្ពន្ធ័ភាព និងភាពជាដៃគូក្នុងការការពារសន្ដិសុខរួម ការលើកតម្កើងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការជំរុញការលូតលាស់សេដ្ឋកិច្ចទៀតផង។ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានកោះហៅ ភារធារីស្ដីទីស្ថានទូតសហរដ្ឋអាមេរិក លោក ចេហ្វ ដេហ្កល (Jeff Daigle) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីស្នើឲ្យមានការពន្យល់ពាក់ព័ន្ធនឹងការធ្លាយសារសម្ងាត់តាមគេហទំព័រវិគីលីកស៍នេះ។ លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យការបរទេសមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា មន្រ្ដីជាន់ខ្ពស់ទូតអាមេរិកបានបញ្ជាក់ថា ការបញ្ចេញព័ត៌មាននោះមិនមែនជាជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ ហើយព័ត៌មាននោះមិនពិតទាំងស្រុងទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានកោះហៅភារធារីស្ដីទីស្ថានទូតសហរដ្ឋអាមេរិកដើម្បីមកបំភ្លឺបញ្ហាខ្លះ។ ក្នុងជំនួបនោះភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានបញ្ជាក់ច្បាស់ថា ព័ត៌មានតាមវីឃីលីកស៍នោះភាគច្រើនជាព័ត៌មានបុគ្គល។ មិនបានបង្ហាញពីជំហរ ឬនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ»។ វីគីលីកស៍ជាបណ្ដាញព័ត៌មានមួយត្រូវបានអះអាងថា មានឯកសារសម្ងាត់របស់ប្រទេសមួយចំនួនក្នុងពិភពលោកជាងមួយលានឯកសារដែលក្នុងនោះក៏មានឯកសារផ្ទៃក្នុងរបស់អាមេរិកផងដែរ។ វីគីលីកស៍បានស្រង់ការបរិយាយរបស់មន្ដ្រីការទូតអាមេរិកនៅរាជធានីភ្នំពេញស្តីអំពីការដឹកនាំរបស់លោក ហោ ណាំហុងនៅគុកបឹងត្របែកក្នុងសម័យខ្មែរក្រហម។ គេហទំព័រនោះក៏បង្ហាញអំពីដំណើរការចរចារវាងកម្ពុជា និងថៃលើការកំណត់ព្រំដែនទឹក និងគោកឆ្នាំ ២០០៧។ លើសពីនេះ គេហទំព័រវីគីលីកស៍ ក៏បានលើកឡើងអំពីជម្លោះផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជារវាងភាគីលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី ស ខេង និងជម្លោះរវាងលោកហេង ពៅ អតីតស្នងការនគបាលក្រុងភ្នំពេញដែលត្រូវតុលាការរបស់រដ្ឋបាលលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន កាត់ទោសឲ្យជាប់ពន្ធនាគារ និងលោកហុក ឡងឌី អតីតអគ្គស្នងការនគបាលជាតិដែលបានទទួលមរណភាពក្នុងឧបទ្ទវហតុធ្លាក់ឧត្ថម្ភាគចក្រប៉ុន្មានឆ្នាំមុននេះ។ គេហទំព័រវិគីលីកស៍ក៏បានលាតត្រដាងផងដែរពីជម្លោះដីធ្លីរវាងក្រុមប្រជាពរដ្ឋក្រីក្រទល់នឹងអ្នកមានអំណាច និងអ្នកមានលុយនៅកម្ពុជាដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា១២ភាគរយ ហើយជម្លោះកាន់តែកើនឡើង។ ទោះជាមានការធ្លាយព័ត៌មាននេះក្តី ទាំងខាងភាគីកម្ពុជា និងភាគីសហរដ្ឋអាមេរិកមិនបានអះអាងពីភាពល្អក់កករផ្នែកការទូតទេ។ លោក កុយ គួង បញ្ជាក់ថា ក្រោយពីជំនួបរវាងលោកហោ ណាំហុង ជាមួយនឹងភារធារីស្ដីទីស្ថានទូតសហរដ្ឋអាមេរិកមក ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនល្អរបស់ខ្លួន។ លោកថ្លែងថា៖ «ភាគីទាំងពីរបានឯកភាពគ្នា ហើយថាមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរទេ ដែលទំនាក់ទំនងប្រទេសទាំងពីរកំពុងតែរីកចម្រើនមានលក្ខណៈទូលំទូលាយ»៕ This posting includes an audio/video/photo media file: Download Now |
ក្រុមសិទ្ធិមនុស្សអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់សកម្មជនសិទ្ធិមនុស្ស Posted: 15 Jul 2011 01:10 PM PDT អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅថ្ងៃសុក្រនេះបានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងភ្នំពេញឱ្យទម្លាក់ចោលការចោទប្រកាន់លោក លាង សុខជឿន ពីបទផ្សព្វផ្សាយខិត្តប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាល។ កាលពីថ្ងៃព្រហស្បតិ៍ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ទោសជាប់ពន្ធនាគារចំនួនពីរឆ្នាំប្រឆាំងនឹងលោក លាង សុខជឿន សកម្មជនសិទ្ធិមនុស្សអង្គការលីកាដូចំពោះការបញ្ចោញមតិនយោបាយដោយសន្តិវិធី។ លោក ព្រែត អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំអាស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អសមត្ថភាពនិង នយោបាយភាវូបនីយកម្មនៃតុលាការកម្ពុជា គឺបង្ហាញយ៉ាងច្បាស់នៅក្នុងករណីនេះដែលសកម្មជនសិទ្ធិមនុស្សត្រូវបានដាក់ពន្ធនាគារយ៉ាងងាយចំពោះការរិះគន់រដ្ឋាភិបាល។ លោកអាដាមស៍បានបន្ថែមទៀតថា លោក លាង សុខជឿនមិនគួរត្រូវបានចោទប្រកាន់តាំងពីដំបូង ប៉ុន្តែបទចោទប្រកាន់បានផ្លាស់ប្តូរនៅសាលាឧទ្ធរណ៍ដោយគ្មានផ្តល់ឱកាសតវ៉ា ហើយការចោទប្រកាន់បង្កើតស្តង់ដាថ្មីមួយតាមអំពើចិត្ត។ រដ្ឋាភិបាលគួរតែទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក លាង សុខជឿនជាបន្ទាន់។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថារដ្ឋាភិបាលគ្មានសិទ្ធិអំណាចណាអាចជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់តុលាការបានទេ។ លោក ផៃ ស៊ីផាន បានបន្ថែមថា ចៅក្រមមានឆន្ទានុសិទ្ធិក្នុងការសម្រេចក្តីតាមស្មារតីនៃច្បាប់ បើជនណា បុគ្គលណា អង្គការណាយល់ឃើញថាការសម្រេចក្តីនេះមិនបានជាផលប្រយោជន៍របស់អ្នកជាប់ទោសនោះទេ គេអាចប្តឹងប្រឆាំងនឹងសេចក្តីសម្រេចនោះតាមរបៀបថ្លៃថ្នូរ។ លោកថ្លែងថា៖ «បើការបកស្រាយច្បាប់មិនសមស្រប យើងត្រូវនាំគ្នាប្រឆាំងនឹងច្បាប់។ បើចៅក្រមមិនមានគតិយុត្តទេ យើងត្រូវប្តឹងទៅចៅក្រមនោះ។ នេះជាលក្ខណៈ និងសកម្មភាពនៃនីតិរដ្ឋ និងសេចក្តីថ្លៃថ្នូរដែលប្រទេសជាតិទាំងអស់ក្នុងលោកធ្វើ។ វាមិនធ្វើសេចក្តីថ្លែងការណ៍ដាក់សម្ពាធលើតុលាការកម្ពុជា ឬ រដ្ឋាភិបាលកម្ពុជាទេ»។ សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានសរសេរថា លោក ប៉ុល សំអឿន ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ បានប្តូរបទចោទពីការផ្សាយព័ត៌មានមិនពិតទៅជាការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋតាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌថ្មីដែលមិនមាននៅពេលការចោទប្រកាន់ប្រឆាំងនឹងលោក លាង សុខជឿននៅក្នុងខែមករា ឆ្នាំ២០១០ត្រូវបានធ្វើឡើង។ ប៉ូលីសបានចាប់ខ្លួនលោក លាង សុខជឿននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១០ ពីបទពាកព័ន្ធនឹងការផលិត និងការចែកផ្សាយខិត្តប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាលនៅខេត្តតាកែវក្នុងខែមករា ឆ្នាំ២០១០ ហើយតុលាការខេត្តតាកែវបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនពីរលានរៀលនៅក្នុងខែសីហា ឆ្នាំ២០១០។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ការជំនុំជម្រះទោសរបស់លោក លាង សុខជឿនត្រូវបានកត់សម្គាល់ថា មានកំហុសនីតិវិធីជាច្រើន ព្រមទាំងរំលោភលើមាត្រាស្តីពីការកាត់ទោសដោយយុត្តិធម៌ដែលមានចែងក្នុងច្បាប់កម្ពុជានិងអន្តរជាតិ។ ការកាត់ទោសនេះ មិនមានសេចក្តីថ្លែងការណ៍របស់សាក្សី ឬភស្តុតាងគួរឱ្យជឿបាននៅក្នុងតុលាការទេ។ ចៅក្រមជំនុំជម្រះមិនបង្គាប់ឱ្យមានចម្លើយសាក្សីការពារលោក លាង សុខជឿនទេ។ សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា អង្គការឃ្លាំមើលសិទ្ធិមនុស្សបានសម្តែងការខ្វល់ខ្វាយអំពីលក្ខខណ្ឌនានាដែលត្រូវបានដាក់ទៅលើបុគ្គលិកសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរៀបចំច្បាប់មួយដែលដាក់កម្រិតអង្គការក្រៅរដ្ឋាភិបាល។ ច្បាប់នេះផ្តល់អំណាចឱ្យបដិសេធការចុះបញ្ជី និងបិទអង្គការក្រៅរដ្ឋាភិបាលដែលមានប្រវត្តិមិនច្បាស់លាស់ និងធ្វើតាមអំពើចិត្ត។ អង្គការក្រៅរដ្ឋាភិបាលត្រូវបានចាត់ទុកថាមានសារៈសំខាន់ទាំងការផ្សព្វផ្សាយសេវាជាមូលដ្ឋាន និងជួយការពារសិទ្ធិជាមូលដ្ឋាននៅកម្ពុជា។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះមានលក្ខណៈនយោបាយប្រឆាំងនឹងរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកបានប្រាប់វីអូអេយ៉ាងដូច្នេះថា៖ «សេចក្តីថ្លែងការណ៍នេះមានលក្ខណៈក្នុងទិសដៅនៃស្មារតីនយោបាយ។ មិនមែនជាទិសដៅជួយរកយុត្តិធម៌ដល់ជនជាប់ចោទ ឬជនទណ្ឌិតនោះទេ។ អង្គការឃ្លាំមើលសិទ្ធមនុស្សនេះគួរតែផ្លាស់ប្តូរឥរិយាបថចំពោះប្រទេសជាតិកម្ពុជា។ សេចក្តីថ្លែងការណ៍នេះជាអំពើជ្រៀតជ្រែកមួយ ហើយដែលយើងមើលថា មិនគួរកើតមាន។ សេចក្តីថ្លែងការណ៍នេះគ្រាន់តែជាការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងនយ័នយោបាយតែប៉ុណ្ណោះ»។ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសិទ្ធិមនុស្សលីកាដូបានបដិសេធដាច់ខាតចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលតម្កល់ទោសជាប់ពន្ធនាគារដល់លោក លាង សុខជឿន៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៥ កក្កដា Posted: 14 Jul 2011 07:26 PM PDT ព័ត៌មានចុងក្រោយបំផុត៖ វៀតណាម៖ ប្រទេសវៀតណាមស្វាគមន៍នាវាចម្បាំងសហរដ្ឋអាមេរិកបីគ្រឿងនៅលើផ្ទៃទឹករបស់ខ្លួននៅថ្ងៃសុក្រនេះដែលគ្រោងធ្វើសមយុទ្ធយោធារួមគ្នា។ ឥណ្ឌូណេស៊ី៖ ភ្នំភ្លើងមួយក្នុងប្រទេសឥណ្ឌូណេស៊ីភាគកណ្តាលបានព្រួសផេះ ដុំថ្ម និងផ្សែងរាប់រយម៉ែត្រទៅលើអាកាសអស់រយៈពេលពេញមួយយប់ ប៉ុន្តែ អ្នកជំនាញការនិយាយថាការផ្ទុះនោះមិនគំរាមកំហែងដល់មនុស្សដែលកំពុងរស់នៅជើងភ្នំទេ។ ចិន៖ អ្នកតំណាងកំពូលម្នាក់នៃសាសនារ៉ូម៉ាំងកាតូលិក បានពណ៌នាភាពតានតឹងរវាងវិមានវ៉ាទិកង់និងសាសនាកាតូលិចដែលរដ្ឋាភិបាលចិនគ្រប់គ្រងថាជា«សង្គ្រាម»មួយ។ ឥណ្ឌា៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥណ្ឌានិយាយថាក្រុមអ្នកស៊ើបអង្កេតបានស៊ើបអង្កេតភ័ស្តុតាងកោសល្យវិច្ច័យនិងតាមកាសែតវីដេអូដែលថត នៅពេលដែលពួកគេបន្តការស៊ើបអង្កេតការផ្ទុះគ្រាប់បែកសម្លាប់មនុស្សដែលបានធ្វើឲ្យរង្គើទីក្រុង Mumbai កាលពីថ្ងៃពុធ។ លីប៊ី៖ លោកស្រីរដ្ឋមន្រ្តីការបរទេសស.រ.អ. ហ៊ិឡារី គ្លិនតុន អញ្ជើញទៅដល់ប្រទេសទួរគីហើយ ដើម្បីធ្វើការចរចាអន្តរជាតិស្តីពីប្រទេសលីប៊ី ដែលរំពឹងថានឹងពង្រឹងចំណងរបស់ក្រុងវ៉ាស៊ីនតោនជាមួយកងកម្លាំងប្រឆាំង ដែលកំពុងប្រយុទ្ធដើម្បីទម្លាក់មេដឹកនាំលីប៊ី មោអាម៉ា ហ្កាដាហ្វ៊ី។ អង់គ្លេស៖ នាយកប្រតិបត្តិដ៏សំខាន់ម្នាក់នៃមហាក្រុមហ៊ុនបណ្តាញព័ត៌មានសកលលោករបស់លោក Rupert Murdochបានលាចេញពីតំណែងនៅពេលមានការរិះគន់យ៉ាងខ្លាំងលើការលួចស្តាប់ទូរស័ព្ទហើយនឹងរឿងអាស្រូវសូកប៉ាន់ប៉ូលីសដែលបណ្តាលឲ្យមានការស៊ើបអង្កេតនៅត្រើយទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក។ ស.រ.អ៖ លោកប្រធានាធិបតីស.រ.អ. បារ៉ាក់ អូបាម៉ា នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅសេតវិមាននៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីកិច្ចចរចារបស់លោកជាមួយមេដឹកនាំសភា ស្តីអំពីការតម្លើងចំនួនប្រាក់កម្ចីរបស់ជាតិនិងការកាត់បន្ថយឱនភាព។ ម៉ិកស៊ិក៖ យោធានៃប្រទេសម៉ិកស៊ិកនិយាយថាខ្លួនបានប្រទះឃើញចម្ការកញ្ឆាមួយដែលមិនបានធ្លាប់បានឃើញនៅក្នុងប្រទេស។ ស៊ូដង់៖ ទង់ជាតិនៃប្រទេសឯករាជ្យថ្មី គឺស៊ូដង់ខាងត្បូងបានលើកឡើងនៅខាងក្រៅអ.ស.ប. បន្ទាប់ពីប្រទេសនេះបានក្លាយទៅជាសមាជិកទី១៩៣របស់អង្គការពិភពលោក កាលពីថ្ងៃព្រហស្បតិ៍នេះ។ បួគីណាហ្វាសូ៖ ប្រទេសបួគីណាហ្វាសូបានបណ្តេញទាហាន៥៦៦នាក់ដែលជាប់ទាក់ទិននឹងការប៉ុនប៉ងធ្វើការបះបោរនៅចន្លោះខែមេសានិងខែមិថុនា។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> ទួរគី៖ ក្រុមអ្នកការទូតអន្ដរជាតិកំពុងជួបប្រជុំនៅទីក្រុងអ៊ីស្តានប៊ុល ដើម្បីពិភាក្សាអំពីការស្វែងរកដំណោះស្រាយនយោបាយចំពោះសង្គ្រាមក្នុងប្រទេសលីប៊ី។ មេដឹកនាំប្រទេសនេះ លោក Moammar Gadhafi បានប្ដេជ្ញាចិត្ដសារជាថ្មីថា នៅប្រយុទ្ធដល់ទីបញ្ចប់ ប្រឆាំងពួកបះបោរដែលខំប្រឹងប្រែងបញ្ចប់ការគ្រប់គ្ង៤២ឆ្នាំរបស់លោក។ អេហ្ស៊ីប៖ បណ្ដាញផ្សាយព័ត៌មានប្រទេស អេហ្ស៊ីប ឲ្យដឹងថា លោកអតីតប្រធានាធិបតី Hosni Mubarack ប្រាប់ក្រុមរដ្ឋអាជ្ញា ថាលោកមិនបានបញ្ជាឲ្យកងរក្សាសន្ដិសុខបាញ់ទៅលើក្រុមអ្នកតវ៉ាក្នុងរយ:ពេលការបះបោរ១៨ថ្ងៃ បានបង្ខំឲ្យលោកលាលែងពីដំណែងនៅខែកុម្ភ:ទេ។ ឥណ្ឌា៖ ក្រុមមន្ដ្រីថ្នាក់ខ្ពស់ឥណ្ឌា កំពុងការពារផែនការរបស់រដ្ឋាភិបាលនៅក្នុងក្រុង មុមបៃ ហើយសន្យាថានឹងផ្ដល់ចម្លើយនានា ពេលដែលគេប្រឈមមុខនឹងការខឹងសម្បារ និងការសោកសង្រេងរបស់ប្រជាជន ក្រោយពីមានគ្រាប់បែកបីគ្រាប់ផ្ទុះជាប់ៗគ្នា នៅទីនោះ ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច១៧នាក់ស្លាប់ និងរបួស១៣៣នាក់ទៀត។ ស៊ូដង់ខាងត្បូង៖ ទង់ជាតិរបស់ប្រទេសស៊ូដង់ខាងត្បូង ដែលទទួលឯករាជថ្មី ត្រូវបានបង្ហូតឡើងនៅមុខអសប នៅថ្ងៃព្រហស្បតិ៍ ក្រោយបន្ដិចប៉ុណ្ណោះពីបានចូលជាសមាជិកទី១៩៣នៃអសប។ អាហ្វហ្គានីស្ថាន៖ ក្រុមមន្ដ្រីអាហ្វហ្គានីស្ថាននិយាយថា ជនស៊ីវិល៦នាក់ត្រូវបានសម្លាប់ពេលអង្គការអូតង់ប្រតិបត្ដិការនៅក្នុងប្រទេសភាគខាងកើត នៅពេលដែលអសប រាយការណ៍ថា ប្រជាជនអាហ្វហ្គានីស្ថាន ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាម កើនឡើង១៥% នៅឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំទៅ។ អាហ្វហ្គានីស្ថាន៖ អ្នកដាក់គ្រាប់បែកអត្ដឃាតម្នាក់ បានវាយប្រហារទៅលើព្រះវិហារអ៊ីស្លាមមួយនៅក្រុងកានដាហារ នៅប៉ែកខាងត្បូង បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ ពេលមានពិធីបុណ្យសពជូនប្អូនប្រុសរបស់លោកប្រធានាធិបតី ហាមីដ កាហ្សៃ ដែលត្រូវបានសម្លាប់។ ស៊ូដង់ខាងត្បូង៖ ក្រុមប្រើផ្កាយរណបឃ្លាំមើលរបស់សរអបានបង្ហាញឲ្យឃើញនូវតំបន់បីដែលគេសង្ស័យថា ជាផ្នូរកប់សពបញ្ចូលគ្នានៅរដ្ឋ កូរ៉ូដូហ្វាន នៅប្រទេសស៊ូដង់ខាងត្បូង។ សរអ៖ ក្រុមមន្ដ្រីហិរញ្ញវត្ថុសរអ កំពុងតែព្រមានសារជាថ្មី អំពីមហន្ដរាយសក្ដានុពល ដែលនឹងកើតមានឡើងបើអ្នកតាក់តែងច្បាប់ខកខានមិនបានតម្លើងកម្រិតប្រាក់បំណុលនៃប្រទេសនេះ ត្រឹមថ្ងៃទី២ ខែសីហា ទេ។ ទួរគី៖ ក្រុមមន្ដ្រី ទួរគី និយាយថា ពួកសកម្មប្រយុទ្ធ ឃើដស៍ បានសម្លាប់ទាហាន១៣នាក់ ហើយធ្វើឲ្យរបួស៧នាក់ទៀត នៅក្នុងការពើបប្រយុទ្ធគ្នា នៅខេត្ដ ឌីយ៉ារបាកៀរ។ អង់គ្លេស៖ ក្រសួងស៊ើបការសម្ងាត់សហព័ន្ធ អេហ្វប៊ីអាយ ឲ្យដឹងថា ខ្លួនបើកការស៊ើបអង្កេត សាជីវកម្ម News Corporation របស់មហាសេដ្ឋីបណ្ដាញផ្សាយព័ត៌មានលោក Rupert Murdoch ថាតើបានលួចស្ដាប់ការសន្ទនាតាមទូរស័ព្ទរបស់ក្រុមអ្នករងគ្រោះដោយការវាយប្រហាររបស់ភេរវជននៅថ្ងៃ១១កញ្ញាមែនឬទេ។ រុស្ស៊ី៖ លោកនាយករដ្ឋមន្ដ្រី វ្ល៉ាឌីមា ពូទីន ប្រទេសរុស្ស៊ី ស្ដីបន្ទោសលើការធ្វេសប្រហែស និង ការលោភលន់ ដោយសារនាវាចម្លងយ៉ាងចាស់មួយគ្រឿងបានលិចនៅក្នុងទន្លេ វ៉ូលហ្កា ពេលមានខ្យល់ព្យុះ បណ្ដាលឲ្យមនុស្សយ៉ាងតិច១១៣នាក់ស្លាប់។ សរអ៖ គ្រួសារ និងមិត្ដភ័ក្ដិ បាននាំគ្នាទៅគោរពសពអតីតស្ដ្រីទីមួយ Betty Ford ដែលទទួលមរណ:ភាព កាលពីអាទិត្យមុនក្នុងអាយុ៩៣ឆ្នាំ។ ប្រកបដោយវោហាស័ព្ទ គាត់ជាអ្នកគាំទ្រស្ដ្រី ដែលខំប្រឹងឈប់ទទួលទានស្រា។ លោកស្រីរៀបការជាមួយលោកប្រធានាធិបតី Gerald Ford ប្រមាណ៦០ឆ្នាំមកហើយ។ ប៉ាគីស្ថាន៖ នៅទីក្រុង ការ៉ាជី អំពើហិង្សានយោបាយបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១៥នាក់ ក្រោយពីសមាជិកម្នាក់នៃគណបក្សគ្រប់គ្រងអំណាចបានធ្វើអត្ថាធិប្បាយយ៉ាងបំពាន។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |