VOA News: ព័ត៌មាន: “ចៅក្រម​មិន​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​អំពី​រឿង​ក្តី​០០៤” plus 3 more

VOA News: ព័ត៌មាន: “ចៅក្រម​មិន​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​អំពី​រឿង​ក្តី​០០៤” plus 3 more


ចៅក្រម​មិន​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​អំពី​រឿង​ក្តី​០០៤

Posted: 13 Jul 2011 12:40 PM PDT

សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​មិន​ឆ្លើយ​តប​នឹង​លិខិត​ចំហ​របស់​ក្រុម​ជន​រងគ្រោះ​ពី​ការ​លើក​ទំនប់​បឹង​ត្រពាំង​ថ្ម​ ខេត្ត​បន្ទាយ​មានជ័យ​ទេ។ លិខិត​ចំហ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​សំណុំ​រឿង​០០៤​ដ៏​ចម្រូង​ចម្រាស់។ ​ក៏​ប៉ុន្ដែ​ សាលាក្តី​ខ្មែរ​ក្រហម​ឲ្យ​ដឹង​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​នៅ​តែ​បន្ដ​ស៊ើប​អង្កេត​សំណុំ​រឿង​​នេះ​នៅ​ឡើយ។

កាល​ពី​​ថ្ងៃ​​ទី​​២៩ ​មិថុនា​ ប្រជា​​ពលរដ្ឋ​​ចំនួន​​ប្រាំ​​រូប​​ដែល​​អះ​អាង​​ថា ​ខ្លួន​តំណាង​ឲ្យ​ជន​រងគ្រោះ​​ដោយ​​របប​​ខ្មែរ​​ក្រហម​​ចំនួន​​៥៥០​​គ្រួសារ​ ក្នុង​ឃុំ​​ជីក​ ​ឃុំ​​ប៉ាយ​​ចា​ ​និង​​ឃុំ​​ភ្នំ​​ជីក​ ​ស្រុក​​ភ្នំស្រុក​​ ខេត្ត​​​បន្ទាយ​​មាន​​ជ័យ​ បាន​​ផ្ញើ​​លិខិត​​ចំហ​​មួយ​​ច្បាប់​​ជូន​​សហ​​ចៅក្រម​​ស៊ើប​​អង្កេត​​លោក​​យូ ប៊ុន​​ឡេង​​ និង​​លោក​​ស៊ីក​​ហ្វ្រ៊ីក​​ ប៊្លុង ដោយ​​ស្នើ​​ឲ្យ​​សហ​​ចៅក្រម​​ស៊ើប​​អង្កេត​​ជំរុញ​​ការងារ​​របស់​​ខ្លួន​លើ​សំណុំ​រឿង​០០៤ ​​ប្រកប​ទៅ​ដោយ​​ឯករាជ្យភាព។

ក្រុម​ប្រជាពលរដ្ឋ​អះអាង​​ថា ​​ខ្លួន​គឺ​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ការ​លើក​ទំនប់​អាង​ត្រ​ពាំង​ថ្ម​ដែល​នៅ​​ទី​​នោះ​​មាន​​ប្រជា​​ពលរដ្ឋ​​យ៉ាង​​តិច​​ចំនួន​​៣២.០០០​នាក់​​ត្រូវ​ពួក​ខ្មែរ​ក្រហម​​កេណ្ឌ​​យក​​ទៅ​ធ្វើ​ការ​ដោយ​បង្ខំ​ក្នុង​ចន្លោះ​​​​ឆ្នាំ​១៩៧៧ ​និង​ឆ្នាំ​១៩៧៩។ មនុស្ស​ជា​​ច្រើន​​ពាន់​នាក់​បាន​​ស្លាប់ ​​និង​​ត្រូវ​​បាន​​សម្លាប់​នៅ​ទី​នោះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​សរ​សេរ​នៅ​ក្នុង​​លិខិត​​ចំហ​​​ថា​ ពួក​គេ​​ព្រួយ​​បារម្ភ​​ថា ​​សំណុំ​​រឿង​០០៤​ ដែល​គ្រប​ដណ្ដប់​វិសាលភាព​លើ​​តំបន់​អាង​ត្រពាំង​ថ្ម​នេះ​ត្រូវ​ទាត់​ចោល។ ពួកគេ​បាន​​ស្នើ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង​​នេះ។

សារ​អេឡិចត្រូ​និច​ពី​ការិយាល័យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ដែល​វីអូអេ​ខ្មែរ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​បញ្ជាក់​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​មិន​ឆ្លើយតប​លិខិត​ចំហ​បែប​នេះ​ទេ​ដោយ​ហេតុ​ថា​ ការ​ស៊ើប​អង្កេត​គឺ​ជា​ការ​សម្ងាត់ ​ហើយ​សហ​ចៅក្រម​ស៊ើប​អង្កេត​កំពុង​តែ​ស៊ើប​អង្កេត។ ឧក្រិដ្ឋកម្ម​ដែល​ក្រុម​​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ក្នុង​លិខិត​ចំហ​ទាក់​ទង​នឹង​សំណុំ​រឿង​០០៤​នោះ គឺ​ជា​​ផ្នែក​មួយ​របស់​សំណុំ​​រឿង​០០២​​ដែល​កំពុង​រង់ចាំ​ការ​បើក​សវនាការ។

លោក​ហុង គឹមសួន​ ដែល​ជា​មេធាវី​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​ប្រាំ​មួយ​រូប​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤ និង​​ដែល​បាន​ជួយ​សម្រួល​លិខិត​​ចំហ​នេះ​ទៅ​កាន់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​មាន​ប្រសាសន៍​ថា​ រូប​លោក​និង​ក្រុម​ប្រជា​ពលរដ្ឋ​ម្ចាស់​លិខិត​ចំហ​នឹង​រង់ចាំ​តាម​ដាន​ការ​វិវត្តន៍​នៃ​សំណុំ​រឿង​០០៤​នេះ​តទៅ​ទៀត។ លោក​ថ្លែង​ដូច្នេះ​ថា៖

«យើង​ជូន​ព័ត៌មាន​តាម​ការ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ដែល​គាត់​ឮ​ថា​ តុលា​ការ​នេះ​នឹង​ច្រានចោល​ករណី​​០០៤​ ទើប​គាត់​ធ្វើ​លិខិត​ចំហ​ដើម្បី​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​កង្វល់ គាត់​ចង់​ចូល​រួម​បន្ដ​ក្នុង​ករណី​០០៤​ នេះ។ ប្រជាពល​រដ្ឋ​ក៏​គាត់​ចាំ​មើល​ដែរ​ថា ​ប្រសិន​បើ​មិន​មាន​ការបោះ​បង់ ​ឬ​ក៏​ច្រានចោល​ករណី​០០៤​ទេ​ ពួក​គាត់​នឹង​ត្រៀម​ខ្លួន​ចាំ​ចូល​រួម​ក្នុង​នាម​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ឬ​ជា​សាក្សី»។

សាលាក្តី​ខ្មែរ​ក្រហម​​បាន​បញ្ចប់​ការ​កាត់​ក្ដី​សំណុំ​រឿង​០០១​ កាល​ពី​ខែ​មិនា ​ឆ្នាំ​២០១១​​នេះ​នៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ដោយ​រង់​ចាំ​តែ​ការ​ប្រកាស​សាលដីការ​តែ​ប៉ុណ្ណោះ។ សំណុំ​រឿង​០០២​ដែល​មាន​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ចំនួន​បួន​នាក់​គ្រោង​នឹង​បើក​សវនាការ​ពេញអង្គ​សេចក្ដី​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ។

ក្រុម​​អ្នក​​តាម​​ឃ្លាំ​​មើល​​​សាលា​ក្ដី​​ខ្មែរ​​ក្រហម​​បាន​បន្ទោស​ថា ការ​ស៊ើប​អង្កេត​ឬ​ក៏​​ព័ត៌មាន​ស្ដី​ពី​សំណុំ​​រឿង​០០៣ ​និង​០០៤ ​បាន​ស្ថិត​នៅ​ក្នុង​ភាព​សម្ងាត់​ជា​ខ្លាំង ហើយ​ជន​រងគ្រោះ​មិន​អាច​ទទួល​ព័ត៌​មាន​ជា​ដុំ​កំភួន ​និង​ជាក់លាក់​សម្រាប់​​ចូល​រួម​នៅ​​ក្នុង​ដំណើរការ​​រឿង​ក្ដី​នេះ​ទេ។

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ សហ​ព្រះរាជអាជ្ញា​បរទេស​ លោក​ អ៊ែនឌ្រូ ខេលី​ បាន​​ស្នើ​​ឲ្យ​​សហចៅ​ក្រម​ស៊ើប​​អង្កេត​បន្ថែម​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​សំណុំ​រឿង​០០៤ ទាក់​ទង​​ទៅ​​នឹង​​ឧក្រិដ្ឋកម្ម​​ដែល​​ត្រូវ​​បាន​ប្រព្រឹត្ត​លើ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​​នៅ​​ក្នុង​ខេត្ត​តាកែវ ​​និង​​នៅ​​ក្នុង​​ខេត្ត​ពោធិ៍សាត់៕

This posting includes an audio/video/photo media file: Download Now

សហជីព​កម្មករ​ផ្តល់​អនុសាសន៍​ដល់​សេចក្តី​ព្រាង​ច្បាប់​សហជីព

Posted: 13 Jul 2011 02:56 PM PDT

មេ​ដឹកនាំ​សហ​ជីព​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ឱ្យ​លុបចោល​ និង​កែ​សម្រួល​មាត្រា​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​សហជីព​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​សហជីព​ថ្មី​មួយ​ដ៏​ចម្រូង​ចម្រាស់។ ពួកគេ​ព្រមាន​ធ្វើ​មហា​បាតុកម្ម ​បើ​អនុសាសន៍​ទាំង​នោះ​ត្រូវ​បាន​បដិសេធ។

សហជីព​បាន​ទាមទារ​ឱ្យ​មាន​ការ​លុបចោល​មាត្រា​ចំនួន​១២​ និង​កែ​សម្រួល​មាត្រា​យ៉ាង​តិច​៣៥​នៃ​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​មាត្រា​សរុប​ចំនួន​៩១​ ដើម្បី​ជៀស​វាង​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​សហ​ជី​ព ការ​រំលាយ​សហជីព​ ការ​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​សហជីព​ ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ និង​របាយការណ៍​សកម្មភាព​ជូន​ក្រសួង​ការងារ​ និង​មាត្រា​មួយ​ចំនួន​ដែល​តម្រូវ​ឱ្យ​សហជីព​បំពេញ​លក្ខណៈ​សម្បត្តិ។

មេដឹកនាំ​សហ​ជីព​ចំនួន​ប្រាំពីរ​រូប​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ថា​បើ​អនុសាសន៍​របស់​សហជីព​មិនត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ​ទេ​ សហជីព​នឹង​មិន​គាំទ្រ​ និង​មិន​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រាង​ច្បាប់​នេះ​ទេ ហើយ​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​ ដើម្បី​ឱ្យ​មាន​ការគាំទ្រ​ចំពោះ​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​សហជីព។

សហព័ន្ធ​សហជីព​នៅ​កម្ពុជា​មាន​ចំនួន​ជាង​៤០។ លោក អាត់​ ធន់ ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ស៊ី​ខៅឌូ​ បាន​ថ្លែង​ថា រដ្ឋាភិបាល​នឹង​មិន​បោះបង់​ចោល​អនុសាសន៍​នានា​ដែល​ត្រូវ​បាន​លើក​ឡើង​របស់​សហជីព​នោះ​ទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«សហជីព​កម្មករ​ដែល​ការពារ​សិទ្ធិ​កម្មករ​ នឹង​ធ្លាក់​ចុះ​ ឈាន​ទៅ​ដល់​ការ​គ្មាន​សហជីព​ដែល​ការពារ​សិទ្ធិ​កម្មករ​ទៀត​ បើ​រដ្ឋាភិបាល​មិន​ដាក់​បញ្ចូល​អនុសាសន៍​របស់​សហ​ជីព​នៅ​ក្នុង​សេចក្តីព្រាង​ច្បាប់​នោះ»។

លោក​រ៉ុង​ ឈុន​ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ បាន​ថ្លែង​ថា សេចក្តីព្រាង​ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​សហជីព​ខ្សោយ​ ហើយ​មេដឹកនាំ​សហ​ជីព​នឹង​ត្រូវ​បាន​បំបិទមាត់​ និង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។ លោក ឈុន ថ្លែង​ថា៖

«ច្បាប់​នេះ​ត្រូវ​ធានា​សិទ្ធិ​សេរីភាព​របស់​សហជីព។ យើង​មិន​មែន​បង្កើត​ច្បាប់​មួយ​លេង​សើច​មក​ដាក់​បន្ទុក​លើ​អ្នក​រៀបចំ​សហជីព​ និង​សិទ្ធិ​សេរីភាព​របស់​សហជីព​នោះ​ទេ។​ នេះ​ជា​គោលបំណង​សហជីព​ចង់​បាន។​ ជីវិត​ស្ថាប័ន​សហ​ជីព​ផុយ​ស្រួយ​ និង​ងាយ​នឹង​លុប​បំបាត់​ បើ​ភាគី​និយោជក​ ឬ​ភាគី​ក្រសួង​ពាក់ព័ន្ធ​ណាមួយ​មិន​សប្បាយ​ចិត្ត។​ ច្បាប់​នេះ ធាតុ​ពិត​រឹតបន្តឹង​សិទ្ធិ​សេរីភាព​របស់​សហ​ជីព​មែន»។

លោក​ហាំង​ ស៊ីថា​ សមាជិក​គណៈកម្មការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ​ បាន​បញ្ជាក់​ក្នុង​ការ​ពិគ្រោះ​យោបល់​ថា៖

«សេចក្តីព្រាង ច្បាប់​នេះ​មិន​បាន​ធ្វើឱ្យ​សហ​ជីព​ខ្សោយ​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ឧបករណ៍​ណែនាំ​តម្រង់​ទិស​ដល់​សហជីព​ ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​មែន​តំណាង​ឱ្យ​ផល​ប្រយោជន៍​បុគ្គល​ណា​មួយ​ទេ»។

លោក​ អ៊ុំ​ មាន ​រដ្ឋ​លេខាធិការ​ក្រសួង​ការងារ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រី​ភាគី​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហ​ជីព​យ៉ាង​ដូច្នេះ​ថា៖

«ក្រសួង​សូម​ទទួល​យក​ការ​ចូល​រួម​មតិ​ដ៏​ឧត្តុង​ឧត្តម​របស់​ឯកឧត្តម​ លោក​ជំទាវ​ អស់​លោក​ លោក​ស្រី​ ដើម្បី​ទុកជា​ធាតុ​ចូល​ក្នុង​ការ​ពិនិត្យ​រៀបចំ​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​នៃ​សហគ្រាស​ គ្រឹះស្ថាន ហើយ​បន្ទាប់​ពី​ការ​កែ​សម្រួល​រួច​ ក្រសួង​នឹង​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ដើម្បី​ពិនិត្យ​ឆ្លង​បន្ត»។

លោក​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ បាន​ថ្លែង​កាលពី​ថ្ងៃអង្គារ​ថា ក្រសួង​ការងារ​នឹង​មិន​លម្អៀង​ទៅ​រក​ភាគី​ណា​មួយ​ឡើយ​ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី​ ក៏​ច្បាប់​នេះ​ពុំ​អាច​បំពេញ​ចិត្ត​ទៅ​តាម​អ្វី​ដែល​ភាគី​ពាក់ព័ន្ធ​ស្នើ​ឡើង​បាន​មួយ​រយភាគ​ដែរ៕

This posting includes an audio/video/photo media file: Download Now

ក្រសួង​អប់រំ​មិន​បញ្ជូន​សិស្ស​ពូកែ​ទៅ​ប្រឡង​នៅ​បរទេស

Posted: 13 Jul 2011 02:41 PM PDT

បន្ទាប់​ពី​មិន​បាន​បញ្ជូន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ហូឡង់ ក្រសួង​អប់រំ​ត្រូវ​បាន​រក​ឃើញ​ថា ​មិន​បាន​បញ្ជូន​សិស្ស​ពូកែ​ទៅ​ប្រកួត​នៅ​បរទេស​ចំនួន​១១​នាក់​ហើយ​ដែល​ក្នុង​នោះ​រួមមាន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​និង​រូបវិទ្យា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្រៀន​មួយ​រូប​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ។ លោក​គ្រូ​ម្នាក់​នេះ​បញ្ជាក់​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«កាល​ពី​ខែ​មុន​មាន​ការ​ប្រឡង​រូបវិទ្យា ដែល​ត្រូវ​ទៅ​ប្រឡង​នៅ​ប្រទេស​អ៊ី​ស្រា​អែល។ គេ​អត់​បាន​បញ្ជូន​ទៅ»។

សិស្ស​ពូកែ​ផ្នែក​រូបវិទ្យា​ចំនួន​៥​នាក់​បើ​តាម​គម្រោង​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រឡង​នៅ​អ៊ីស្រាអែល​កាល​ពី​ដើម​ខែ​មិថុនា​ កន្ល​ទៅ​នេះ​ក៏​ប៉ុន្តែ​បាន​ខក​ខាន​ទៅ​វិញ។ ក្រសូង​អប់រំ​បាន​ជូន​ដំណឹង​ប្រទេស​ហូឡង់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​មិន​បាន​បញ្ជូន​សិស្ស​ទៅ​ចូល​រួម​ប្រឡង​គណិតវិទ្យា​ទេ តែ​ក៏​មិន​បាន​បញ្ជាក់​ពី​ហេតុ​ផល​ច្បាស់​លាស់​ដែរ។

ហូឡង់​គ្រោង​នឹង​រៀបចំ​ការ​ប្រឡង​ប្រជែង​សិស្ស​ពូកែ​គណិតវិទ្យា​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១១ ​នេះ​ដោយ​មាន​សិស្ស​ចំនួន​១០០​ប្រទេស​ចូល​រួម​ ដែល​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។ ការ​ប្រកាស​លុប​ចោល​នេះ​បាន​ធ្វើ​ឲ្យ​សិស្ស​ដែល​បាន​រៀន​ត្រៀម​ខក​ចិត្ត និង​បាន​រិះ​គន់​ក្រសួង​អប់រំ​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​បង្ហាញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ។

រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ​ មិន​មាន​ការ​បញ្ជាក់​ណា​មួយ​ពី​ក្រសួង​អប់រំ​អំពី​មូលហេតុ​នៃ​ការ​មិន​បញ្ជូន​សិស្ស​ពូកែ​ទៅ​ប្រឡង​នៅ​បរទេស​នៅ​ឡើយ​ទេ។ ​លោក ​អ៊ឹម​ សិទ្ឋី​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​មិន​អត្ថាធិប្បាយ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា លោក​កំពុង​ជាប់​រវល់​ប្រជុំ។

«ជាប់​ប្រជុំ។ យើង​ធ្វើ​ការងារ។ មក​សម្ភាសន៍​ស្អី»។

ខណៈ​ដែល​ក្រសួង​អប់រំ​មិន​បាន​បញ្ជូន​សិស្ស​ទៅ​ប្រឡង​សិស្ស​ពូកែ​នៅ​បរទេស​នោះ មន្ត្រី​របស់​ក្រសួង​មួយ​ចំនួន​ត្រូវ​បាន​ចោទប្រកាន់​ថា មិន​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​សិស្ស​ផ្នែក​គណិតវិទ្យា​ចំនួន​ប្រាំមួយ​រូប​ដែល​បាន​មក​រៀន​បំប៉ន​បន្ថែម​នៅ​ក្នុង​រដ្ឋធានី​ភ្នំពេញ​ចាប់​ពី​ដើម​ខែ​មករា​រហូត​ដល់​ចុង​ខែ​មិថុនា។

លោក​គ្រូ​បង្រៀន​មួយ​រូប​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាប់​ថា​ សម្រាប់​សិស្ស​ដែល​ត្រូវ​មក​រៀន​បំប៉ន​បន្ថែម​នឹង​ត្រូវ​បាន​ប្រាក់​ឧបត្ថម​ចំនួន​២០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ម្នាក់ៗ។ ក៏ប៉ុន្តែ​មន្រ្តី​របស់​ក្រសួង​អប់រំ​បាន​ផ្តល់​ប្រាក់​សម្រាប់​តែ​ថ្លៃ​បាយ​បី​ពេល​តែ​ប៉ណ្ណោះ។​ លោក​គ្រូ​បាន​បន្ថែម​ថា បើ​គិត​ចំនួន​សិស្ស​ប្រាំមួយ​នាក់​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ សិស្ស​ទាំង​នោះ​ត្រូវ​បាត់​បង់​ប្រាក់​ចំនួន​ជាង​២០.០០០ដុល្លារ​អាមេរិក។​ លោក​គ្រូ​បាន​ប្រាប់​វីអូអេ​ថា៖

«នៅ​ក្នុង​ស្រុក​ នៅ​ពេល​ដែល​គេ​ឲ្យ​សិស្ស​មក​បំប៉ន​នៅ​ភ្នំពេញ​ ខ្ញុំ​លួច​សួរ​គេ​ទើប​ដឹង​ថា គេ​បាន​ចុះ​ហត្ថលេខា​ពី​រតនាគារ​ជាតិ​ម្នាក់​បាន​២០​ដុល្លារ​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​អ្វី​ដែល​យើង​ទទួល​បាន​សិស្ស​ម្នាក់​ទទួល​បាន​មួយ​ថ្ងៃ​បាយ​បី​ពេល ហើយ​ការ​ធ្វើ​ដំណើរ​ទៅ​បំប៉ន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ហ្នឹង គេ​ចូល​លុយ​គ្នា​ជិះទុកៗ»។

លោកគ្រូ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ហេតុផល​សន្តិសុខ​នោះ​បាន​បញ្ជាក់​ថា មិន​ដឹង​ប្រាក់​ឧបត្ថម្ភ​ទាំងអស់​នោះ ក្រសួង​អប់រំ​មិន​ផ្តល់ឲ្យ ឬក៏​ខាង​រតនាគារ​មិន​ទាន់​បញ្ជូន​ឲ្យ។​ ប៉ុន្តែ​លោក កែ​ ប៊ុនឡេង​ ប្រធាន​រតនាគា​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា លោក​បាន​ចុះ​ហត្ថលេខា​បញ្ជូន​ចេញ​រួច​រាល់​ហើយ​រាល់​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​របស់​ក្រសួង​អប់រំ។ លោក​បញ្ជាក់​ថា៖

«បញ្ហា​រឿង​លុយ​ ពេល​មក​ដល់ ខ្ញុំ​ជូន​ហើយ។ ខ្ញុំ​មក​នៅ​នេះ​១១​ឆ្នាំ​ហើយ។ ខ្ញុំ​មិន​ដឹង​គៀងគរ​យក​លុយ​ហ្នឹង​ទៅ​ទុក​ធ្វើ​អ្វី។ អត់​ទេ។ រឿង​ប្រាក់​ខែ រឿង​ប្រាក់​ម៉ោង​ រឿង​ប្រាក់​ឧបត្ថម្ភ​ទៅ​រៀន​នេះ​គេ​ហៅ​ថា​ប្រាក់​អាហារូបករណ៍​របស់​និស្សិត។ អញ្ចឹង​ទេ​អត់​ទេ។ អត់​មាន​លុយ​អញ្ចឹង អាច​ថា​ទើ​នៅ​នឹង​ក្រសួង​​ក៏​មិនដឹង»។

លោក​ប៊ុន​ឡេង​បាន​បញ្ជាក់​ទៀត​ថា លោក​មិន​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ប្រាក់​ដែល​ត្រូវ​បញ្ជូន​ចេញ​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

សហគមន៍​មូលដ្ឋាន​នៅ​មិន​មាន​ជំនឿ​លើ​ផែនការ​ស្រោចស្រង់​គម្រប​ព្រៃឈើ

Posted: 13 Jul 2011 11:34 AM PDT

នៅពេល​ដែល​មាន​របាយការណ៍​ស្តីពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​រង្គាល​តាម​រយៈស្រប​ច្បាប់​និង​ខុស​ច្បាប់​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ទោះ​បី​ជាខ្លួន​មិន​​បាន​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​នេះ​ក៏​ដោយ ​ក៏​បាន​បង្ហាញ​ការប្រឹង​ប្រែង​របស់​ខ្លួន​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​មួយ​ដើម្បី​ស្រោចស្រង់​​គម្រប​ព្រៃឈើ​ឡើង​វិញ។ គោល​នយោបាយ​នេះ ​ដែល​ជា​កម្ម​វិធី​ព្រៃឈើ​ជាតិ​សម្រាប់​រយៈ​ពេល​២០​ឆ្នាំ​ដោយ​គិត​ចាប់ពី​​ឆ្នាំ​២០១០​ទៅ។

គោល​នយោបាយ​ដែល​មាន​ចំនួន​១៦៤​ទំព័រ​ដែល​ វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ បាន​ទទួល​បាន​លើក​ឡើង​នូវ​យុទ្ធសាស្រ្ត​ជា​ច្រើន​សម្រាប់​ការគ្រប់​គ្រង​ព្រៃ​ឈើ​ឱ្យ​មាន​និរន្តរភាព ​ដែល​រួម​មាន​អភិបាលកិច្ច​ល្អ​លើ​វិស័យ​ព្រៃឈើ​ ការរៀបចំ​ផែនការ​ការប្រើ​ប្រាស់​ដី​ធ្លី​ ការការពារ​បរិស្ថាន​និង​អភិរក្ស​ធនធាន​ព្រៃ​ឈើ​ ​ជម្រើស​របប​គ្រប់គ្រង​ព្រៃឈើ​និង​យុទ្ធសាស្រ្ត​ផ្សេងៗ​ទៀត។

<!--IMAGE-->លោក​ ថន សារ៉ាត់​ អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ ផែនការ​ និង​ ហិរញ្ញ​វត្ថុ​របស់​រដ្ឋបាល​ព្រៃឈើ​បាន​និយាយ​ថា​យើង​មាន​កម្មវិធី​ជាតិ​ចំនួន​៦​ ដើម្បី​កែទម្រង់​វិស័យ​ព្រៃឈើ។

លោក​បាន​បញ្ជាក់​ថា ​កម្មវិធី​ទាំង​នោះ​រួមមាន​៖ ​កំណត់​ព្រំប្រទល់​ព្រៃ​ឈើ​ ចំណាត់​ថ្នាក់​និង​ចុះ​បញ្ជិកា អភិរក្ស​ធនធាន​ព្រៃ​ឈើ​និង​ជីវចម្រុះ​ ការ​អនុវត្ត​ច្បាប់​និង​អភិបាលកិច្ច​ សហគមន៍​ព្រៃឈើ​ អភិវឌ្ឍ​សមត្ថភាព​ និង​ថវិកា​ដែល​បាន​មក​ពី​ព្រៃ​ឈើ​យក​ទៅ​ថែ​រក្សា​ព្រៃឈើ​វិញ។

«យើង​បាន​គិត​គូរ​ថា​ប្រសិន​ជា​កម្មវិធី​ព្រៃ​ឈើ​ជាតិ​ប្រមូល​ចំណូល​ចូល​ថវិកា​ជាតិ​ ថវិកា​ជាតិ​​នឹង​ផ្ដល់​និរន្តរភាព​ថវិកា​ចំណាយ​ ដើម្បី​បម្រើ​គម្រោង​តាម​បែប​បទ​បច្ចេកទេស ​និង​គណនេយ្យ​ត្រឹម​ត្រូវ​និង​តម្លាភាព។ ​យក​ប្រាក់​ដែល​បាន​មក​ពី​ការ​គ្រប់គ្រង​ព្រៃឈើ​យក​ទៅ​ប្រើ​ប្រាស់​ ដើម្បី​ថែរក្សា​ព្រៃឈើ​និង​បង់​ចំណូល​ចូល​ថវិកា​ជាតិ​និង​បើក​ជា​បៀវត្សរ៍​ពេញលេញ​ជូន​មន្ត្រី​រាជការ»។

ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា​បាន​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ប្រមាណ​ជា​៧០%​រហូត​ត្រឹម​ទសវត្សរ៍​ទី​៦០។

ក៏​ប៉ុន្ដែ​លោក​ ឈុត​ វុទ្ធី​ ​នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​អះអាង​ថា​ព្រៃឈើ​កម្ពុជា​នៅ​សល់​ប្រមាណ​ពី​៣០%​ទៅ​៤០​%​តែ​ប៉ុណ្ណោះ។ លោក​បាន​ទស្សន៍ទាយ​ថា​ ក្នុង​រយៈ​ពេល​ចុង​ឆ្នាំ​២០១១​នេះ​ ​ឈើ​ប្រណិតៗ​នឹង​ត្រូវ​ហិន​ហោច​ខ្ទេច​ខ្ទី​អស់​ប្រសិន​បើ​ពុំ​មាន​វិធានការ​ទប់​ស្កាត់។

ឈើ​ប្រណិតៗ​ដូច​ជា​ក្រញូង​ បេង ​នាងនួន​ ជា​ដើម​កំពុង​ទទួល​រង​ការកាប់​បំផ្លាញ​យ៉ាងខ្លាំង​ក្លា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​ដែល​គេ​ភ្ជាប់​ការកាប់បំផ្លាញ​នេះ​មួយ​ផ្នែក​ទៅនឹង​អរិភាព​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ។ ប្រទេស​ចិន ​និង​ប្រទេស​វៀត​ណាម​គឺជា​ទីផ្សារ​យ៉ាងសំខាន់​ដែលកំពុង​ស្រូបយក​ផលិតផល​ព្រៃឈើ​ពី​កម្ពុជា។

កម្មវិធី​ព្រៃឈើ​ថ្នាក់​ជាតិ​ដដែល​បន្ថែម​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​គួរឲ្យ​កត់​សម្គាល់​ក្នុង​ការថែរក្សា​ធនធាន​ព្រៃឈើ​ដែល​គ្របដណ្តប់​ជាង​៥៩​ភាគរយ​ស្មើនឹង​ជាង​១០,៨​លាន​ហិកតា​នៃ​ផ្ទៃ​ប្រទេស។

ការ​តវ៉ា​ពីការកាប់បំផ្លាញ​ព្រៃឈើ​ត្រូវបាន​លេចឮ​ជា​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​​ការរិះគន់​លើ​ការកាប់​បំផ្លាញ​ព្រៃឈើ​របស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​របស់​ប្រទេស​អង់គ្លេស Global Witness​ រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​បណ្ដេញ​អង្គការ​នេះ​ចេញពី​ទឹកដី​របស់​ខ្លួន។ អង្គការ​នេះ ដែល​បាន​សរសេរ​របាយការណ៍​មួយ​ស្ដីពី​ ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​បង្ហិនបង្ហោច​ក្នុង​ប្រទេស​កម្ពុជា​ក្រោមចំណង​ជើងថា ​Family's Tree​ ឬ​ហៅ ជា​ភាសាខ្មែ​រថា​ «សែស្រឡាយ​លក់​ជាតិ»។ របាយការណ៍​នោះ​បាន​បង្ហាញ​ពី​សមាជិក​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​ ដែល​ប្រឡូក​ប្រឡាក់​ក្នុង​ការកាប់​បំ​ផ្លាញ​ព្រៃឈើ​មាន​តម្លៃ​នៅ​កម្ពុជា។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ សហគមន៍​ព្រៃឈើ​បាន​ព្យាយាម​ធ្វើការ​តវ៉ា​ចំពោះ​ការ​កាប់បំផ្លាញ​ព្រៃឡង់​ដែល​ជា​ព្រៃឈើ​ដ៏ធំ​លាតសន្ធឹង​ពី​ខេត្ត​ព្រះវិហារ​ កំពង់ធំ​ ខេត្ត​ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង​ ក៏ប៉ុន្ដែ​ នៅតែ​ពុំមាន​ការដោះ​ស្រាយ​ពី​ក្រុម​អាជ្ញាធរ​នោះ​ទេ។

យ៉ាងណា​ក៏ដោយ​នៅក្នុង​ឯកសារ​នៃ​កម្ម​វិធី​ព្រៃ​ឈើ​ជាតិ​បាន​បង្ហាញ​ពី​ការប្រឈម​ជាច្រើន​ក្នុង​ការ​ការពារ​ព្រៃឈើ​ភាគច្រើន​នៃ​ប្រជាជន​នៅ​ជនបទ​ពឹងផ្អែក​លើ​ការចូលព្រៃ​រុករក​អនុផល​ព្រៃ​ឈើ។​ ជាពិសេស ​សម្រាប់​អាហារ​ ថាមពល​ អុស​ កូនឈើ​តូចៗ​ និង​សសរ​ ប្រមូល​ជ័រ​ ឃ្វាល​គោ​ ក្របី​ ប្រមូល​រុក្ខជាតិ​ថ្នាំ​ បុរាណ​ និង​មាន​ជំនឿ​អារក្ស​អ្នកតា​ជាដើម។

ថ្វីបើ​យ៉ាងនេះក្ដី ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្តារព្រៃ​ឈើ​ឡើង​វិញ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃឈើ​និង​មន្ត្រី​អង្គការ​ឃ្លាំ​មើល​ការរំលោភ​បរិស្ថាន​មិន​មាន​ជំនឿ​ទៅ​លើ​កម្មវិធី​ព្រៃ​ឈើ​ជាតិ​នេះ។

លោក​ស្វាយ ភឿន​ អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​បាលហាល ​ឃុំ​រីករាយ ស្រុក​រវៀង ​ខេត្ត​ព្រះវិហារ​មិន​បាន​សម្តែង​ការ​គាំទ្រ​ទៅ​នឹង​កម្មវិធី​ការពារ​ព្រៃឈើ​របស់​រដ្ឋាភិបាល​ទេ​ ​លោក​លើក​ឡើង​ថា ​ព្រៃឡង់​ក្នុង​ខេត្ត​របស់​លោក​កំពុង​រងការបំផ្លាញ​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន​ CRCK​ និង​ក្រុមហ៊ុន​ PNT។

ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ បាន​ទទួល​អាជ្ញា​ប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​តំបន់​ព្រៃ​ឡង់​កាល​ពី​ឆ្នាំ​២០០៩​នៅ​លើ​ផ្ទៃ​ដី​៤៥០.០០០​ហិកតា​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​គឺ​ខេត្ត​កំពង់ធំ​ ព្រះ​វិហារ​ ក្រចេះ​ និង​ ខេត្ត​ស្ទឹងត្រែង។ ​ក៏​ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​គោរព​កិច្ច​សន្យា​របស់​ខ្លួន​ទេ។

«ខ្ញុំ​មិន​ជំនឿ​ទេ។ ​មិន​ជំនឿ​ត្រង់​ថា​រដ្ឋា​ភិបាល​បាន​សម្រេច​ឱ្យ​ទៅ​ចម្ការ​ឈើ​ដាំ​ផង។ ​ជាពិសេស​ពួក​ខ្ញុំ​ជា​សហគមន៍​ហ្នឹង​ពួក​ខ្ញុំ​បដិសេធ​ទាំ​ស្រុង​ហើយ​បើ​រដ្ឋាភិបាល​រាប់​គិត​ទាំង​ចម្ការ​ឈើ​ដាំ​អញ្ចឹង​នោះ»។

លោ​កជុំ យីម​ អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ស្រែ​វាល​ខាង​កើត​ឃុំ​ដង​កាំបិទ​ស្រុក​សណ្តាន់​ខេត្ត​កំពង់​ធំ​បាន​និយាយ​​ថា ​ចម្ការ​ឈើ​ដាំ​មិន​ដូច​ព្រៃ​ធម្មជាតិ​ទេ។

«តាម​លក្ខណៈ​យើង​មើល​ទៅ ​កាល​ណា​យើ​ដាំ​កូន​ឈើ​ឡើង​វិញ​វាអត់​មាន​សត្វព្រៃ​ ផ្លែ​ឈើ​ បន្លែ​ វាកើត​​ពី​ប្រពៃ​ណី​ពី​បុរម​ដូន​តា»។

លោក​ ឈុត វុទ្ធី​ បាន​បញ្ជាក់​ថា​ការកែទម្រង់​ព្រៃ​ឈើ​ឡើង​វិញ​លុះត្រា​តែ​អ្នកជំនាញ​ពាក់ព័ន្ធ​ទាំង​អស់​ស្រឡាញ់​ធនធាន​ធម្មជាតិ​តែ​បើ​ពួកគេ​ជា​ពាណិជ្ជករ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។

«នៅ​ប្រទេស​យើង​អ្នក​ធ្វើការ​រដ្ឋ​ផង​ពាណិជ្ជករ​ផង​ កន្លែង​នេះ​ហើយ​ជា​កំហុស​ឆ្គង​មួយ​ដែល​យើង​មិន​បាន​ត្រួត​ពិនិត្យ។ ​នៅ​ប្រទេស​ជឿន​លឿន​ឬ​ក៏​ប្រទេស​ផ្សេង​អ្នកធ្វើការ​រដ្ឋ​អត់​ធ្វើ​ពាណិជ្ជករ​បាន​ទេ»។

លោក​ឈុត វុទ្ធី​ បន្ថែម​ថា ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​រួមចំណែក​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ​កម្ពុជា​យ៉ាង​រិចរិល។

ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សម្បទាន​ព្រៃឈើ​ចំនួន​៤៤​ក្រុមហ៊ុន​ ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​​នេះ​នៅក្នុង​ខេត្ត​កំពង់ធំ ព្រះវិហារ​ ក្រចេះ ​ស្ទឹងត្រែង​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ រតនៈគីរី​ និង​មណ្ឌលគីរី​ ហើយ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​ចំនួន​ទៀត ​ដូចជា​ ក្រុមហ៊ុន​មកពី​ ប្រទេស​ចិននិង​ប្រទេស​វៀតណាម​ បាន​ទទួល​សិទ្ធិ​វិនិយោគ​ពង្រីក​ដី​រាប់សែន​ហិកតា​សម្រាប់​ការ​អភិវឌ្ឍ​ដំណាំ​កសិកម្ម​ដូចជា ​ដំណាំ​កៅស៊ូ​ជាដើម៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!