|
- ប្រធានាធិបតីអូបាម៉ាប្រកាសដកទ័ពពីអាហ្វហ្កានីស្ថាន
- លោកប្រធានាធិបតីអូបាម៉ាប្រាប់វីអូអេអំពីផែនការដកកងទ័ពពីអាហ្វហ្កានិស្ថាន
- ក្រសួងមហាផ្ទៃស្តីបន្ទោសលើកង្វះកិច្ចសហការក្នុងការទប់ស្កាត់ការជួញដូមនុស្ស
- ជីវប្រវត្តិសង្ខេប៖ នួន ជា បងធំទីពីរនៃរបបខ្មែរក្រហម
- ការផ្សព្វផ្សាយសៀវភៅម្ហូបខ្មែរយកមូលនិធិជួយសិស្សខ្មែរក្រីក្រមានការគាំទ្រច្រើន
- លោកអូបាម៉ាបញ្ជាឲ្យដកចំនួនទ័ពបន្ថែមពីប្រទេសអាហ្វហ្កានីស្ថានមកវិញ
- ខ្មែរអាមេរិកាំងចូលរួមចលនាទាមទារឱ្យអាមេរិកលុបបំបាត់គ្រាប់មីន
ប្រធានាធិបតីអូបាម៉ាប្រកាសដកទ័ពពីអាហ្វហ្កានីស្ថាន Posted: 23 Jun 2011 03:14 PM PDT នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃពុធទៅកាន់ពលរដ្ឋអាមេរិក លោកប្រធានាធិបតីអូបាម៉ាថ្លែងថា ស.រ.អានឹងដកទ័ព ដំបូង ១ម៉ឺននាក់ ពីចំណោមទ័ព៣ម៉ឺន៣ពាន់នាក់ដែលលោកបានបញ្ជូនទៅ Afghanistanបន្ថែម កាលពីចុងឆ្នាំ ២០០៩ នៅមុនដំណាច់ឆ្នាំនេះ។ ហើយលោកនិងដកទ័ពចំនួន ២ម៉ឺន ៣ពាន់នាក់ទៀត នៅដំណាច់ឆ្នាំ ២០១២។ សព្វថ្ងៃមានទ័ពអាមេរិកប្រមាណ១សែននាក់ ធ្វើសង្គ្រាមនៅប្រទេស Afghanistan ដែលមានរយៈពេលជិត១០ឆ្នាំហើយ។ លោក Obama ថ្លែងថា ដល់ពេលដកទ័ពមួយចំនួនមកវិញហើយ។ លោកថ្លែងអំពីគោលជំហររឹងមាំរបស់អាមេរិក និង អូតង់ និងជ័យជំនះលើពួក Taliban។ លោក Obama ថ្លែងថា ពួក al-Qaida នៅប៉ាគីស្ថានថិតនៅក្រោមការគាបសង្កត់ខ្លាំងឡើងជាងពេលណាទាំងអស់ តាំងពីការវាយប្រហារលើសរអានៅឆ្នាំ២០០១មក និងការស្លាប់របស់ Osama bin Laden។ «ចាប់ពីខែក្រោយទៅ យើងនិងអាចដកទ័ព ១ម៉ឺននាក់ ពី Afghanistan រហូតដល់ចុង ឆ្នាំនេះ ហើយយើងនិងដកទ័ព ៣ម៉ឺន ៣ពាន់នាក់ទៀតនៅរដូវក្តៅឆ្នាំក្រោយ គឺដកទ័ពបន្ថែមទាំងអស់ ដែលខ្ញុំបានប្រកាសនៅបណ្ឌិតសភា West Point។ ក្រោយពីនោះមក ទ័ពយើងនិងវិលត្រឡប់មកវិញជាបន្តបន្ទាប់ ខណៈដែលកងសន្តិសុខ Afghan ចូលមកជំនួស»។ លោក Obama ថ្លែងថាកងកម្លាំង Afghan បានទទួលយកភារៈកិច្ចការពារសន្តិសុខនៅតំបន់ខ្លះរួចជាស្រេចទៅហើយ»។ លោកបញ្ជាក់ឡើងវិញថា ពួក Taliban ដែលកំពុងចចារជាមួយរដ្ឋាភិបាល Afghan ចាំបាច់ត្រូវបំបែកខ្លួនពីពួក al-Qaida បោះបង់ចោលអំពើហិង្សា និង គោរពតាមរដ្ឋធម្មនុញ្ញនៃប្រទេស Afghanistan។ លោក Obama ថ្លែងថា គោលដៅធ្វើឲ្យប្រទេស Afghanistan មិនមែនជាទីជម្រកសុខសាន្តរបស់ពួក al-Qaida អាចសម្រេចទៅបាន ប៉ុន្តែលោកបានថ្លែងថា ពលរដ្ឋ Afghan ចាំបាច់ត្រូវតែធ្វើឲ្យប្រទេសរបស់ខ្លួន មានសន្តិសុខ។ «យើងនិងមិនព្យាយាមធ្វើឲ្យ Afghanistan ក្លាយទៅជាកន្លែងល្អឥតខ្ចោះទេ។ យើងមិនអាចយាមផ្លូវ ឬ យាមល្បាតភ្នំនៃប្រទេសនេះរហូតទេ។ នោះជាការទទួលខុសត្រូវរបស់ Afghanistan ដើម្បីការពារពលរដ្ឋរបស់ខ្លួន និងងាកទៅរកសេដ្ឋកិច្ចមួយដែលអាចជួយដល់សន្តិភាពជាប់លាប់មួយ»។ អគ្គលេខាធិការអូតង់ ឧតម្តសេនីយ៍ Anders Fogh Rasmussen កោតសរសើរដល់សេចក្តីប្រកាសរបស់លោក Obama និងដល់កិច្ចប្រឹងប្រែងរបស់សរអា និង អូតង់ នៅ Afghanistan។ «ពួក Taliban កំពុងឋិតនៅក្រោមការគាបសង្កត់។ កងកម្លាំង Afghan កាន់តែមានកម្លាំងខ្លាំងឡើង»។ នៅរដ្ឋធានី Washington មានប្រតិកម្មលាយចម្រុះ។ សមាជិកសភាខ្លះរិះគន់លោកប្រធានាធិបតី ថាដកទ័ពច្រើនពេក ហើយអ្នកខ្លះចង់ឲ្យមានការដកទ័ពច្រើនជាងនេះ។ អ្នកវិភាគព័ត៌មានជើងចាស់របស់វីអូអេ លោក Gary Thomas ថាសេចក្តីសម្រេចរបស់លោកអូបាម៉ាជាសេចក្តីត្រូវការដើម្បីសម្រេចនូវគោលដៅពីរ។ «លោកត្រូវធ្វើយ៉ាងណាកុំឲ្យគេថាបោះបង់ចោលលោក Karzai តែឲ្យនៅមានសម្ពាធលើពួក Taliban ដើម្បីឲ្យពួកគេចូលមកចរចា»។ លោក Obama ដឹងអំពីអារម្មណ៍ប្រឆាំងនិងសង្គ្រាមនៅ Afghanistan គ្រាដែលសរអាកំពុងខិតខំស្តារសេដ្ឋកិច្ចរបស់ខ្លួន។ តែលោកថាឲ្យមានការប្រកាន់យកមាគ៌ាកណ្តាល គឺនៅចន្លោះនៃការនៅឯកោ និង ការចូលពាក់ពាន់ខ្លាំងពេក។ «យើងត្រូវជ្រើសយកផ្លូវកណ្តាល។ យើងចាំបាច់ត្រូវឱបក្រសោបយកតួនាទីតែមួយគត់របស់អាមេរិកនៅក្នុងព្រឹត្តការណ៍នាៗ។ តែយើងចាំបាច់ត្រូវតែមើលតាមហេតុការណ៍មានធម៌មេត្តា មានយុទ្ធសាស្ត្រ និង មានការតាំងចិត្ត»។ ការតាំងចិត្តនោះ លោកអូបាម៉ា ថ្លែងថានិងនាំឲ្យ Afghanistan រក្សាសន្តិសុខរបស់ប្រទេសខ្លួនទាំងស្រុងនៅឆ្នាំ ២០១៤។ លោកថ្លែងថាលោកនិង ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់អូតង់ នៅទីក្រុង Chicago នៅខែឧសភាក្រោយ ដើម្បីពិភាក្សាអំពីការផ្ទេរតួនាទីនោះ៕ ប្រែសម្រួលដោយ ប៉ូច រាសី This posting includes an audio/video/photo media file: Download Now |
លោកប្រធានាធិបតីអូបាម៉ាប្រាប់វីអូអេអំពីផែនការដកកងទ័ពពីអាហ្វហ្កានិស្ថាន Posted: 23 Jun 2011 02:53 PM PDT កាលពីថ្ងៃពុធលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាពិភាក្សាជាមួយវីអូអេសំឡេងស.រ.អា.អំពីស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសអាហ្វហ្កានិស្ថាន។ លោកប្រធានាធិបតីបានប្រាប់លោក Andre de Nesnera អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់វីអូអេនៅសេតវិមានអំពីផែនការរបស់លោក។ លោកប្រធានាធិបតីអូបាម៉ាបានគូសបញ្ជាក់អំពីស្ថានការណ៍ប្រសើរឡើងនៅអាហ្វហ្កានិស្ថានដែលស.រ.អា.អាចចាប់ផ្តើមដកកងទ័ពពីប្រទេសនេះនៅខែក្រោយ។ «អ្វីដែលយើងកំពុងធ្វើនេះគឺយើងនឹងដកកងទ័ពចំនួន១ម៉ឺននាក់នៅដំណាច់ឆ្នាំនេះ ហើយនៅដំណាច់រដូវក្តៅឆ្នាំក្រោយ យើងនឹងដកកងទ័ព២៣.០០០នាក់បន្ថែមទៀត»។ លោកប្រធានាធិបតីមានប្រសាសន៍ថា ប៉ុន្តែវត្តមានកងទ័ពអាមេរិកាំងនៅអាហ្វហ្កានិស្ថាននឹងនៅសល់ច្រើនគួរសម។ លោកបានសម្រេចចិត្តដកកងទ័ព ក្រោយពីលោកបានពិភាក្សាជាមួយមេបញ្ជាការកងទ័ពអាមេរិក និងរដ្ឋាភិបាលអាហ្វហ្កានិស្ថាន។ «បញ្ហាគន្លឹះមួយនៃបញ្ហាសំខាន់ៗនោះគឺយើងត្រូវធានាថា យើងរក្សាតុល្យភាពដ៏ត្រឹមត្រូវ ធ្វើឲ្យពលរដ្ឋអាហ្វហ្កានិស្ថានដឹងថា យើងចង់ឲ្យអធិបតេយ្យភាពអាហ្វហ្កានិស្ថានមានការធានា ហើយយើងទទួលស្គាល់ថា ពលរដ្ឋអាហ្វហ្កានិស្ថានមានការទទួលខុសត្រូវច្រើនឡើង ដែលជារឿងល្អសម្រាប់ទាំងអស់គ្នា»។ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ លោក Hamid Karzai ប្រធានាធិបតីអាហ្វហ្កានិស្ថានបានទិតៀនស.រ.អា. និងសម្ព័ន្ធមិត្តអូតង់អំពីចំណាត់ការសង្គ្រាម ជាពិសេសទាក់ទងនឹងការបាត់បង់ជីវិតជនស៊ីវិល។ ប៉ុន្តែលោកអូបាម៉ាមានប្រសាសន៍ថា លោក Karzai ក៏មានគោលដៅយុទ្ធសាស្ត្រដូចគ្នានឹងស.រ.អា.ដែរ។ «គោលដៅនោះគឺអធិបតេយ្យភាព និងរដ្ឋាភិបាលអាហ្វហ្កានិស្ថានដ៏រឹងមាំដែលអាចសម្រេចអំពីជោគវាសនារបស់ខ្លួន ហើយយល់ថា សហគមន៍អន្តរជាតិ ជាពិសេសស.រ.អា.គឺជាដៃគូរឹងមាំដែលគាំទ្របំណងប្រាថ្នាពលរដ្ឋអាហ្វហ្កានិស្ថាន»។ លោកប្រធានាធិបតីអូបាម៉ាយល់ស្របថា ស.រ.អា.មានការនឿយណាយនឹងសង្គ្រាម។ «វាប្រាកដណាស់ថា ក្រោយពីជាប់ដៃក្នុងសង្គ្រាមជិត១០ឆ្នាំនៅអាហ្វហ្កានិស្ថានការបាត់បង់ជីវិត និងការខាតបង់ថវិកាធ្វើឲ្យប្រជាពលរដ្ឋនឿយណាយ»។ ក៏ប៉ុន្តែលោកប្រធានាធិបតីមានប្រសាសន៍ថា លោកជឿថា ប្រជាពលរដ្ឋអាមេរិកាំងចង់ឲ្យពលរដ្ឋអាហ្វហ្កានិស្ថានមានប្រទេសមួយដែលមានសន្តិសុខ ដែលគេអាចថែរក្សាបាន៕ ប្រែសម្រួលដោយ ពិន ស៊ីសុណ្ណ This posting includes an audio/video/photo media file: Download Now |
ក្រសួងមហាផ្ទៃស្តីបន្ទោសលើកង្វះកិច្ចសហការក្នុងការទប់ស្កាត់ការជួញដូមនុស្ស Posted: 23 Jun 2011 01:42 PM PDT នៅថ្ងៃព្រហស្បត៍នេះ ក្រសួងមហាផ្ទៃបានស្តីបន្ទោសដល់កង្វះខាតនៃកិច្ចសហ ប្រតិបត្តិការរវាងស្ថាប័នរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល ថាជាឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយដែលមានអ្នកចូលរួមប្រមាណ៨០នាក់ដែលជាមន្ត្រីរដ្ឋាភិបាលតាមក្រសួង ខេត្តចំនួនប្រាំមួយ និងមន្ត្រីអង្គការសង្គមស៊ីវិល។ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរ មនុស្សទាមទារឱ្យមានកិច្ចសហការរួមគ្នាពីគ្រប់ស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីឱ្យប្រជាពលរដ្ឋរួចផុតពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្សនេះ។ «កន្លងមកការធ្វើសកម្មភាពនៅរាយប៉ាយ មិនមានទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ និងគ្មានការសម្របសម្រួលបណ្តាលឱ្យមានការជាន់ភារកិច្ចគ្នា ជាហេតុធ្វើឱ្យមានចំណុចអវិជ្ជមានមួយចំនួននិងគ្មានប្រសិទ្ធិភាពនៅឡើយ ដែលធ្វើឱ្យខាតបង់នូវធនធាន និងផលប្រយោជន៍ថែមទៀតផង»។ លោក ស ខេង បានស្នើឱ្យស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលត្រូវប្រើ ធនធាននិងជំនាញរបស់ខ្លួនឱ្យចំទិសដៅក្នុងការលុបបំបាត់ចំណុចអវិជ្ជមាន កិច្ចការត្រួតគ្នា និងកង្វះកិច្ចសហការនេះ ហើយត្រូវបង្កើនការយល់ដឹងអំពីនីតិវិធីច្បាប់ សមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ សមត្ថភាព នៃអ្នកផ្តល់សេវា គុណភាពនៃសេវា ពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់អំពីបញ្ហាដទៃទៀត ដែល អាចជាធាតុផ្សំនៃបទល្មើសនិងឧបសគ្គទាំងឡាយដែលធ្វើឱ្យរាំងស្ទះដល់ការប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ដឹកនាំការបង្ក្រាបការជួញដូរមនុស្ស បានថ្លែងនៅក្នុងការបិទសិក្ខាសាលានេះថាយុទ្ធសាស្ត្រចំនួនបីចំណុចទាក់ទងនឹងការអប់រំ ការផ្តល់ជម្រើស និងការគាំទ្រផ្លូវច្បាប់ត្រូវបានបង្កើតឡើងដែលអាចមានប្រសិទ្ធភាពក្នុងការបង្ការគ្រោះថ្នាក់នៃការជួញដូរសម្រាប់ប្រជាពលរដ្ឋខ្មែរ។ «យុទ្ធសាស្ត្ររួមចំនួនបីចំណុច ដើម្បីបង្ការទប់ការជួញដូរមនុស្ស គឺមានការអប់រំផ្សព្វផ្សាយល្អ ការផ្តល់ជម្រើសក្នុងការរស់នៅ និងការគាំទ្រផ្នែកច្បាប់។ នេះគឺជាយុទ្ធសាស្ត្របី ដែលយើងគិតថា អាចជួយឱ្យ ប្រជាពលរដ្ឋរួចផុតពីភាពរងគ្រោះបានកាន់តែច្រើន»។ លោកស្រី លឹម មុន្នី ប្រធានផ្នែកសិទ្ធិស្ត្រីនៃសមាគមសិទ្ធិមនុស្ស អាដហុក បានថ្លែងថា លោកស្រីគាំទ្រយុទ្ធសាស្ត្រទាំងបីចំណុចនេះក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ប៉ុន្តែលោកស្រីនៅតែព្រួយបារម្ភខ្លាចក្រែងយុទ្ធសាស្ត្រមិនអាចដំណើរការទៅបាន។ «បើគ្មានឆន្ទៈនយោបាយក្នុងការអនុវត្តឱ្យបានហ្មត់ចត់ និងឱ្យបានត្រឹមត្រូវ វានៅអត់ប្រយោជន៍ និងគ្មានលទ្ធផលជាវិជ្ជមានផ្តល់ឱ្យសង្គមយើង»។ លោកស្រី សាលី ប្រាសាដ (Shally Prasad) នាយិកាផ្នែកកិច្ចការប្រជាធិបតេយ្យ និងអភិបាលកិច្ចនៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិកបានថ្លែងថាយើងត្រូវធ្វើកិច្ចការបីយ៉ាងក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការបង្ការ ក្នុងនោះមានការបង្កើនការយល់ដឹង ការគាំទ្រផ្នែកសេដ្ឋកិច្ចនិងការកាត់បន្ថយចំណាកស្រុកដែលគ្មានសុវត្ថិភាព។ របាយការណ៍ឆ្នាំ២០១០របស់គណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបអំពើជួញដូរមនុស្ស បានបញ្ជាក់ថា មានករណីចំនួន១៦០ទាក់ទងនឹងបទល្មើសជួញដូរមនុស្ស និងបទល្មើសអាជីវកម្មផ្លូវភេទ និងចាប់ខ្លួនជនល្មើសបានចំនួន២៤២នាក់។ ក្នុងចំណោមបទល្មើសទាំងនេះ រួមមាន៦៥ករណីជាប់ពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ដោយមានជនល្មើសចំនួន១០២នាក់ និងចំនួន៩៥ករណីជាប់ទាក់ទងនឹងអាជីវកម្មផ្លូវភេទ ដោយមានជនល្មើសចំនួន១៤០ នាក់។ របាយការណ៍នេះ បានបន្ថែមថាមានជនរងគ្រោះចំនួន៦៨៦នាក់ រួមមានក្មេងមិនទាន់គ្រប់អាយុចំនួន ២៩៧នាក់ និងមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងទៅមានចំនួន៤៨៩នាក់៕ This posting includes an audio/video/photo media file: Download Now |
ជីវប្រវត្តិសង្ខេប៖ នួន ជា បងធំទីពីរនៃរបបខ្មែរក្រហម Posted: 23 Jun 2011 11:42 AM PDT នួនជាត្រូវគេស្គាល់ថា គឺជាមេដឹកនាំខ្ពស់បំផុតលំដាប់ទីពីរ ឬជាបងធំទីពីរក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវចាប់ខ្លួនដោយសាលាក្ដីខ្មែរក្រហមពីខេត្តប៉ៃលិន នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៧ ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលទាក់ទងនឹងការធ្វើទារុណកម្មនិងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ការធ្វើមនុស្សឃាតនិងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ បទចោទទាំងនេះ ទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧ លាននាក់។ នួន ជា បានកាន់កាប់តួនាទីជាប្រធានសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យជាអនុលេខាបក្សនៃបក្សកុម្មុយនីស្តកម្ពុជាជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍និង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា។ សាលាក្ដីខ្មែរក្រហមក៏បានចោទប្រកាន់លោក នួន ជា ថាជាសមាជិកគណៈកម្មាធិការយោធានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា។ ប៉ុន្តែ នួន ជា បានបដិសេធតួនាទីចុងក្រោយនេះ។ នេះបើផ្អែកតាមឯកសាររបស់សាលាក្ដីខ្មែរក្រហម។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា លោក នួន ជា គឺជាមនុស្សដែលប្រកាន់គោលនយោបាយបក្សកុម្មុយនីស្ដជ្រាលជ្រៅបំផុត។ «គាត់ជាទូទៅត្រូវបានគេវិនិច្ឆ័យថាជាមនុស្សដែលមានគំនិតមនោគមវិជ្ជាជ្រៅជ្រះជាងមេដឹកនាំមួយចំនួនទៀត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ហើយមួយទៀត គាត់នៅក្នុងគណៈកម្មាធិការ មជ្ឈិមបក្សនៃបក្សកុម្មុយនីស្ដ នៃបក្សកុម្មុយនីស្ដកម្ពុជា ដែលជាអ្នកសម្រេចនូវគោលនយោបាយ និងផែនការ ហើយគោលនយោបាយនិងផែនការនេះឯងដែលដាក់ចុះមកឲ្យកម្មាភិបាលថ្នាក់ក្រោមអនុវត្តហើយដែលបង្កឲ្យមានការអត់អាហារមនុស្សស្លាប់ដោយជំងឺ អត់ថ្នាំសង្កូវ និងការកាប់សម្លាប់អស់មនុស្សរាប់លាននាក់»។ កើតនៅ ភូមិវត្តគ ខេត្តបាត់ដំបង នៅថ្ងៃទី៧ខែកក្កដាឆ្នាំ១៩២៦ នួន ជា មានឈ្មោះដើមគឺ ឡុង ប៊ុនរួត។ គាត់បានទៅបំពេញការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យធម្មសាស្រ្តក្នុងទីក្រុងបាងកក ប្រទេសថៃ។ ក្នុងពេលស្នាក់នៅទីនោះ ចន្លោះពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៩៤៨ នួន ជា បានចូលរួមជាមួយបក្សកុម្មុយនីស្តថៃ និង បានបម្រើការជាបុគ្គលិកម្នាក់ក្នុងក្រសួងការបរទេសថៃ ក្នុងនាយកដ្ឋានឥណ្ឌូចិន និងប្រទេសភូមា។ នៅ ឆ្នាំ ១៩៦០ គាត់ត្រូវបានតែងតាំងជាអនុលេខាបក្សនៃបក្សកុម្មុយនីស្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា។ គាត់ស្ថិតនៅក្នុងតំណែងទាំងពីរនេះពេញមួយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។ គឺជាកូនទីបី ក្នុងគ្រួសារដែលមានកូនចំនួនប្រាំបួននាក់ ឪពុករបស់ នួន ជា គឺជាជនភៀសខ្លួនមកពីប្រទេសចិននៅចំសម័យដែលខេត្តបាត់ដំបងស្ថិតក្រោមប្រទេសថៃកាន់កាប់នៅឡើយ។ យោងតាមឯកសារដែលមានចំណងជើងថា វចនានុក្រមខ្មែរក្រហម របស់លោក សូឡូម៉ុងកាន់ បានបង្ហាញថា នៅចុងឆ្នាំ១៩៥០ នួន ជា បានចូលរួមចលនាតស៊ូកុម្មុយនីស្ដទ័ពព្រៃប្រឆាំងនឹងបារាំងដើម្បីទាមទារឯករាជ្យ។ គាត់ បានឡើងកាន់កាប់តួនាទីជានាយករដ្ឋមន្ដ្រីស្ដីទីចាប់ពីខែកញ្ញា ឆ្នាំ ១៩៧៦ ដល់ខែមករា ឆ្នាំ១៩៧៧ និងឡើងធ្វើជាប្រធានសភាពីឆ្នាំ ១៩៧៦ ដដែលរហូតដល់ ឆ្នាំ ១៩៧៩។ គេហទំព័រដែលមានឈ្មោះថា យុត្តិធម៌សម្រាប់កម្ពុជា បញ្ជាក់ថា នួន ជា ត្រូវបានចាត់តាំងជាបងធំទី២នៃ គណៈកម្មការអចិន្ដ្រៃយ៍របស់គណៈកម្មាធិការកណ្ដាលនៅថ្ងៃទី៩ខែតុលា ឆ្នាំ១៩៧៥។ គាត់មានមុខងារទទួលខុសត្រូវផ្នែកសុខមាលភាពសង្គម វប្បធម៌ ឃោសនាការ និងការអប់រំ។ នួន ជា បានដាក់បញ្ជាឲ្យបងខៀវ ឬសុន សេន មើលការខុសត្រូវ ឌុច ដោយផ្ទាល់នៅទួលស្លែង ឬមន្ទីរស២១ នៅទីនោះដែលមនុស្សយ៉ាងតិចចំនួន ១២.៣៨០ នាក់បានត្រូវបានសម្លាប់។ យ៉ាងហោចណាស់ នួន ជា ទទួលបានឯកសារសារភាពរបស់កងទ័ពខ្មែរក្រហមចំនួន២៧។ កងទ័ពទាំងនេះ ដែលត្រូវបានចាប់យកទៅឃុំឃាំង និងសម្លាប់ចោលនៅមន្ទីរស ២១។ វចនានុក្រមខ្មែរក្រហម របស់លោក សូឡូម៉ុង កាន បញ្ជាក់ថា នួន ជា ក៏បានដាក់បញ្ជានៅចុងឆ្នាំ ១៩៧៨ ឲ្យ សម្លាប់យោធាខ្មែរក្រហមចំនួន ៣០០ នាក់នៅតំបន់បូព៌ា និងសម្លាប់ វន វ៉េត។ វន វ៉េត ជាអតីតឧបនាយករដ្ឋមន្ដ្រី និងជាអ្នកស្និទ្ធបំផុតម្នាក់របស់ប៉ុល ពត ដែលជាមេស្ថាបនិករបបខ្មែរក្រហម។ ដោយជាប់ទាក់ទងនឹងការសម្លាប់បោសសម្អាតមនុស្សដែលកើនដល់ចំនួន១០០.០០០នាក់ នៅតំបន់បូព៌ា នៅ ពាក់កណ្ដាលឆ្នាំ១៩៧៨ នួន ជា ដើរតួយ៉ាងសំខាន់ក្នុងការបញ្ជាឲ្យសម្លាប់បញ្ញជនកម្ពុជាមកពីក្រៅប្រទេស ដែលត្រូវឃុំឃាំងនៅគុកបឹងត្របែក ប ៣២ នៅភ្នំពេញ និងគុក ប ១៧ និង ប ១៨ នៅខេត្តកំពង់ចាម។ ក៏ប៉ុន្ដែនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ PBS (Public Broadcasting Service) របស់សហរដ្ឋអាមេរិក នួន ជា មិនទទួលស្គាល់ការកាប់សម្លាប់នេះទេ។ គឺគ្រាន់តែមានការស្ដាយក្រោយតែប៉ុណ្ណោះ។ «ខ្ញុំគោរពនូវវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋខ្ញុំ ដែលបានលះបង់អាយុជីវិត ហើយក៏ខ្ញុំសម្តែងនូវការសោកស្តាយ ហើយជម្រាបឲ្យឃើញថា មិនមែនកម្ពុជាប្រជាធិបតេយ្យជាអ្នកសម្លាប់ប្រជាជនកម្ពុជារបស់ឯងទេ គឺ ប្រទេសដែលគេតាំងខ្លួនជាអមិត្តជាមួយកម្ពុជាប្រជាធិបតេយ្យ ហើយខ្ញុំសូមអនុញ្ញាតមិនចេញឈ្មោះប្រទេសណា ដើម្បីបែកបាក់សាមគ្គីទេ»។ ក៏ដូចជាមេដឹកនាំខ្មែរក្រហមដទៃទៀត ដូចជា ប៉ុល ពត ដែលបានស្លាប់ក្នុងព្រៃជ្រៅកាលពីឆ្នាំ ១៩៩៨ តា ម៉ុក ដែលត្រូវបានចាប់មកឃុំខ្លួនដោយរដ្ឋាភិបាល ហើយបានស្លាប់នៅមុនពេលការកាត់ទោសមកដល់ នួន ជា បានយកចង្អុលដៃតម្រង់ទៅរកប្រទេសវៀតណាមថា ជាអ្នកបង្កការកាប់សម្លាប់ប្រជាជនខ្មែរទាំងជិតពីរលាននាក់នោះ។ លោក ឆាំង យុ មានប្រសាសន៍ថា នួន ជា រហូតដល់វ័យនេះនៅតែមានទស្សនៈប្រកាន់ពូជសាសន៍ដដែល។ «នួន ជា គាត់ដូចថា មានគំនិតមួយជាអ្នកអភិរក្សនិយម មនោគមវិជ្ជា ហើយទាល់សព្វថ្ងៃ គាត់នៅមានគំនិតអញ្ចឹង គាត់នៅតែប្រកាន់ជំហរមួយប្រកាន់ពូជសាសន៍ ប្រឆាំងនឹងវៀតណាម។យើងមានម្យ៉ាងគេហៅថាឯកសារទូរលេខ នៅក្នុងឯកសារទូរលេខនេះគឺបង្ហាញថាគ្រប់សកម្មភាពថ្នាក់ក្រោមរួមទាំងចាប់អ្នកលួចដំឡូងអ្នកលួចមាន់ឬក៏សម្លាប់ខ្មាំងយួនតាមទល់ដែនឬក៏តាំងពីជម្លៀសជនជាតិឥស្លាម ទៅកាន់ភូមិភាគឧត្តរ ស្រូវព្រោះមិនមានលទ្ធផលល្អតាំងពីការដកស្ទូង គឺថាត្រូវបានរាយការណ៍ជូនថ្នាក់លើទាំងអស់ មានទាំងនួន ជា ប៉ុល ពត អៀង សារី ខៀវ សំផន ឬក៏អ្នកផ្សេងៗទៀតនៅក្នុងគណៈកម្មការមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា។ អញ្ចឹងការដឹងឮថា មានការស្លាប់អត់អាហារ មានការជំងឺឈឺថ្កាត់ ការសម្លាប់មនុស្សដោយគ្មានតុលាការវិនិច្ឆ័យ សមរម្យហ្នឹងគឺទាំងអស់គ្រប់គ្រាន់សម្រាប់ដាក់ឲ្យនួន ជា ទទួលខុសត្រូវក្នុងនាមជាសមាជិកម្នាក់របស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាដែលជាអ្នកសម្រេចនូវគោលការណ៍រួម។ ហើយគាត់ក៏មានចំណែកនៅក្នុងនោះដែរ»។ ក្រោយពីពួកខ្មែរក្រហមបានដួលរលំអំណាច នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បានភៀសខ្លួនទៅកាន់ប្រទេសថៃហើយបន្ដគ្រប់គ្រងការប្រយុទ្ធប្រឆាំងកងទ័ពវៀតណាមនិងកងទ័ពកម្ពុជា។ ខណៈដែលអៀង សារី និងមេទ័ពខ្មែរក្រហមពីរនាក់ទៀតគឺ សុខ ភាព និង អ៊ី ឈាន ចុះចូលជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ នៅខែ សីហា ឆ្នាំ ១៩៩៦ គាត់បានរត់គេចទៅកាន់ខេត្ត ចាន់បូរី ប្រទេសថៃជាមួយប្រពន្ធក្រោយរបស់គាត់ គឺអ្នកស្រី លី គឹម សេង រួចបន្ទាប់មកចូលមកកាន់តំបន់អន្លង់វែង ហើយបានរួមចលនាជាមួយ ខៀវ សំផន។ មេដឹកនាំកំពូលខ្មែរក្រហមទាំងពីរនាក់នេះ បានចុះចូលជាមួយរបបក្រុងភ្នំពេញរបស់លោក ហ៊ុន សែន នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៩៨។ នួន ជា ធ្លាប់បានប្រាប់ VOA ផ្នែកខេមរភាសានៅផ្ទះរបស់គាត់ក្នុងខេត្តប៉ៃលិនពីការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការបកស្រាយអំពីវាំងននអតីតកាល ប្រសិនបើខ្លួនគាត់នឹងត្រូវចាប់ខ្លួននោះ។ «បើតុលាការគេហៅ ខ្ញុំ នឹងទៅបំភ្លឺជូនតុលាការឲ្យជ្រាបអំពីសភាពការណ៍ អំពីការណ៍ជាក់ស្តែង អំពីសច្ចៈធម៌ ពេលនោះយ៉ាងម៉េច»។ បច្ចុប្បន្ន នួន ជា គឺជាមនុស្សជរាម្នាក់ដែលមានជំងឺលើសឈាមជាប្រចាំ និងមានបញ្ហាបេះដូង។ នៅខែកក្កដាខាងមុខ គាត់នឹងឈានដល់វ័យ៨៥ឆ្នាំយ៉ាងពេញលេញ។ មុនចាប់ខ្លួនដោយសាលាក្ដីខ្មែរ ក្រហម គាត់តែងតែទៅកាន់មន្ទីរពេទ្យនៅប្រទេសថៃជាប្រចាំ។ គាត់បានរស់នៅផ្ទះឈើតូចមួយខ្ពស់ផុតពីដីក្នុងព្រៃជាប់ជាមួយនឹងព្រំដែនកម្ពុជាថៃនៅភូមិផ្សារព្រំខេត្តប៉ៃលិន។ ថ្វីបើគាត់បានប្ដេជ្ញាថា គាត់នឹងធ្វើការបកស្រាយចំពោះមុខតុលាការ ក៏ប៉ុន្ដែនួន ជា នៅតែទន្ទេញជាប់មាត់ កាលពីពេលមុនថា គាត់មានកំហុសតិចតួចតែប៉ុណ្ណោះ។ មុនចាប់ខ្លួន នួន ជា ត្រូវគេឃើញថា ជាមនុស្សដែលចូលចិត្តកាន់សៀវភៅធម៌ និងទន្ទេញធម៌ព្រះពុទ្ធហើយគាត់ជាអ្នកចូលវត្តយ៉ាងទៀងទាត់ម្នាក់។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានហៅឥរិយាបថនេះថា គឺជាការរំងាប់ចិត្ត ដើម្បីដោះស្រាយកំហុសនិងជាលេសមួយដើម្បីបិទបាំងបទឧក្រិដ្ឋដ៏ធំមួយដែលគាត់បានដឹងឮ៕ This posting includes an audio/video/photo media file: Download Now |
ការផ្សព្វផ្សាយសៀវភៅម្ហូបខ្មែរយកមូលនិធិជួយសិស្សខ្មែរក្រីក្រមានការគាំទ្រច្រើន Posted: 23 Jun 2011 02:21 PM PDT សៀវភៅម្ហូបខ្មែរ «Cooking The Cambodian Way» លក់បានច្រើនជាងចំនួនអ្នកចូលរួម នៅក្នុងការផ្សព្វផ្សាយជាលើកទីមួយដើម្បីប្រមូលថវិកាជួយសិស្សក្រីក្រនៅប្រទេសកម្ពុជា។ កម្មវិធីនេះធ្ចើនៅសមាគមអាស៊ី Asia Society នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃពុធទី៨ខែមិថុនា។ អ្នកស្រីណារិន ជេមសុន អ្នកនិពន្ធសៀវភៅនេះ ដែលមានម្ហូបខ្មែរ៨៤មុខ បានប្រាប់អ្នកចូលរួមជិត១០០នាក់ថា អ្នកស្រីនឹងយកថវិកាបានពីការលក់សៀវភៅ១.៥០០ក្បាលនេះ ទៅឧបត្ថម្ភអង្គការ Caring for Cambodia ដែលបានជួយសិស្សក្រីក្រនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្រោយពីអ្នកស្រីបានផ្សព្វផ្សាយអំពីគុណភាពនិងរបៀបធ្វើម្ហូបខ្មែរនោះ លោកស្រីបានឆ្លើយប្រាប់អ្នកចូលរួមក្នុងកម្មវិធីសំណួរ ចម្លើយថា៖ «ហើយសំនួរទី២ថា ហេតុអ្វីមិនមានភោជនីយដ្ឋានខ្មែរ ចម្លើយគឺមកពីខ្មែរមិនពូកែរកស៊ី»។ <!--AV--> ចម្លើយនេះនាំឲ្យមានការផ្ទុះសំណើចពីអ្នកចូលរួម ហើយនឹងអ្នកស្រីផ្ទាល់។ បន្ទាប់មកលោកស្រីពន្យល់ថា ហេតុផលមិនមែនមកពីម្ហូបខ្មែរមិនឆ្ងាញ់ពិសារទេ។ «ក្រោយពីសង្គ្រាម និងសម័យខ្មែរក្រហម ខ្មែរធ្វើម្ហូបឲ្យតែបានរស់ មិនគិតឆ្ងាញ់ពិសារទេ តែឥឡូវម្ហូបខ្មែរឆ្ងាញ់ពិសារដូចពីដើមវិញហើយ»។ អ្នកស្រី Jamie Amelio ជាស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Caring for Cambodia ដែលឧបត្ថម្ភសាលារៀនចំនួន១៤ខ្នងនិងសិស្សជាង៦.០០០នាក់ក្នុងខេត្តសៀមរាប។ អ្នកស្រីបានរំឭកពីដំណើររឿងដែលនាំឲ្យអ្នកស្រីណារិន ជេមឺសុនចាប់អារម្មណ៍នឹងអង្គការរបស់អ្នកស្រី ហើយសម្រេចលក់សៀវភៅនេះយកថិវិកាជួយ Caring for Cambodia។ អ្នកស្រីរំឭកយ៉ាងដូច្នេះថា៖ «មានរឿងគួរឲ្យចាប់អារម្មណ៍ ពេលខ្ញុំជួបអ្នកស្រីណារិន។ សំណាងល្អ ផ្ទះរបស់អ្នកស្រីនៅស្រុកខ្មែរឋិតនៅជិតសាសាមួយរបស់យើង។ ពេលយើងពិភាក្សាគ្នា អ្នកស្រីចាប់អារម្មណ៍នឹងការងារអប់រំរបស់យើង។ ខ្ញុំនិងអ្នកធ្វើការឲ្យ Caring for Cambodia ស្រឡាញ់ប្រទេសគាត់។ យើងនឹងយកលុយរបស់គាត់ទៅជួយកុមារកម្ពុជាមិនឲ្យបាត់មួយដុល្លារឡើយ»។ សូមជម្រាបថា អ្នកចូលរួមខ្លះជាវសៀវភៅ Cooking The Cambodian Way ដល់ទៅ៥ ឬ៦ក្បាលឯណោះគឺទិញទុកជាអំណោយដល់មិត្តភក្តិ ឬសហការីដែលផ្តាំឲ្យទិញឲ្យ ព្រោះរវល់មិនបានមកចូលរួម។ អ្នកស្រីរស្មី ណូរិន បុគ្គលិកក្រសួងការបរទេសស.រ.អា.បានប្រាប់វីអូអេ សំឡេងស.រ.អា.ថា៖ «ខ្ញុំទិញសៀវភៅច្រើនដើម្បីធ្វើជាអំណោយសម្រាប់ពួកម៉ាកធ្វើការជាមួយខ្ញុំ។ ខ្ញុំទិញសៀវភៅច្រើនដើម្បីជួយស្រុកខ្មែរយើង ព្រោះអីលុយលក់សៀវភៅនេះយកទៅជួយស្រុកខ្មែរយើង ជួយធ្វើសាលានៅស្រុកខ្មែរយើង។ ហើយទី២ ខ្ញុំទិញច្រើនដើម្បីឲ្យគេដឹងពីម្ហូបខ្មែរ ហើយធ្វើយ៉ាងម៉េច។ ម្ហូបយើងឆ្ងាញ់ ម្ហូបយើងល្អ»។ លោកស្រីបន្ថែមថា៖ «បានសៀវភៅហ្នឹងទៅ ខ្ញុំនឹងធ្វើម្ហូបជប់លៀងជាមួយពួកម៉ាក។ ខ្ញុំចង់ធ្វើញាំស្វាយខ្ចី សម្លម្ជូរគ្រឿង សម្លឆាគ្រឿង»។ ជនជាតិអាមេកាំងក៏ជាវសៀវភៅច្រើនដែរ ដូចជាអ្នកស្រី Eleny Scheidt។ អ្នកស្រីឲ្យដឹងថា៖ «ថ្ងៃនេះខ្ញុំទិញសៀវភៅនេះពីរក្បាល មួយក្បាលសម្រាប់ខ្លួនខ្ញុំ មួយក្បាលទៀតសម្រាប់កូនស្រីខ្ញុំ។ ខ្ញុំបានដឹងថា អ្នកស្រី Jamie Amelio ចាប់ផ្តើមបើកអង្គការCaring for Cambodia ដូច្នេះយើងទៅប្រទេសកម្ពុជាដើម្បីជួយសាលារបស់គាត់នៅសៀមរាប ហើយយើងក៏ចាប់ផ្តើមចូលចិត្តម្ហូបខ្មែរ»។ លោកកឹម សុស ទីប្រឹក្សានៃវិទ្យុអាស៊ីសេរី ពន្យល់ថា បច្ចុប្បន្ន អ្នកបរិភោគចូលចិត្តម្ហូបវៀតណាម និងម្ហូបថៃជាងម្ហូបខ្មែរគឺដោយសារគេស្គាល់ មិនមែនដោយសាររសជាតិទេ។ លោកបកស្រាយថា៖ «ឥឡូវខ្មែរយើងគេកាន់តែស្គាល់ច្រើនឡើងៗ ហើយម្នាក់ៗចង់ភ្លក្សម្ហូបខ្មែរ។ កាលណាមានសៀវភៅអញ្ចឹង គេចេះតែចាប់អារម្មណ៍ហើយ។ ដូច្នេះគេចាប់ អារម្មណ៍ច្រើនឡើងៗ។ ដូចឥឡូវនេះ ឃើញមនុស្សមកច្រើនណាស់។ ខ្ញុំភ្ញាក់។ មនុស្សឥឡូវគេចាប់អារម្មណ៍ពីសុខភាពណាស់។ យើងឃើញហើយថា ម្ហូបខ្មែរយើងមានបន្លែច្រើនណាស់ ដូច្នេះវាជួយសុខភាពច្រើនណាស់»។ លោក Matthew King មន្ត្រីក្រសួងសន្តិសុខមាតុភូមិចូលចិត្តម្ហូបខ្មែរ។ លោកបានរៀនធ្វើនំបញ្ចុកសម្លខ្មែរជាលើកទី១ តែដោយគ្មានបទពិសោធន៍ លោកធ្វើមិនបានឆ្ញាញ់ដូចនំបញ្ចុកដែលលោកធ្លាប់ពិសារនៅស្រុកខ្មែរទេ។ លោកនិយាយថា៖ «ខ្ញុំរៀនធ្វើនំបញ្ចុកតាមសៀវភៅ តែខ្ញុំធ្វើមិនល្អ ហើយកូនៗសើច។ ដូច្នេះខ្ញុំត្រូវសូមឲ្យអ្នកស្រីណារិនមកបង្រៀនខ្ញុំ»។ ក្នុងពេលឆ្លើយសំនួរ អ្នកស្រីណារិនជេមឺសុន ប្រាប់អ្នកចូលរួមថា អ្នកស្រីអាចបើកវគ្គបង្រៀនរបៀបធ្វើម្ហូបខ្មែរនៅវត្តខ្មែរគឺវត្តពុទ្ធិការ៉ាម នៅក្រុង Silver Spring រដ្ឋម៉ារីឡេន៕ This posting includes an audio/video/photo media file: Download Now |
លោកអូបាម៉ាបញ្ជាឲ្យដកចំនួនទ័ពបន្ថែមពីប្រទេសអាហ្វហ្កានីស្ថានមកវិញ Posted: 22 Jun 2011 08:03 PM PDT លោកប្រធានាធិបតីសហរដ្ឋអាមេរិក បា៉រ៉ាក់ អូបាម៉ា បានប្រកាសពីដំណាក់កាលដំបូងនៃការបញ្ចប់សង្គ្រាមរយៈពេល១០ឆ្នាំរបស់អាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយបញ្ជាឲ្យមានការដកកងទ័ពចំនួន៣៣.០០០នាក់នៅត្រឹមដំណាច់ឆ្នាំ២០១២។ នៅក្នុងសុន្ទរកថាមួយឯសេតវិមានកាលពីថ្ងៃពុធ លោកប្រធានាធិបតី អូបាម៉ា បានជម្រាបដល់ពលរដ្ឋអាមេរិកថា«រលកនៃសង្គ្រាមបានស្រាកស្រាន្តទៅវិញហើយ»។ លោកមានប្រសាសន៍ថា កងទ័ពអាមេរិកចំនួន១មឺុននាក់ដំបូង នឹងត្រូវដកចេញនៅដំណាច់ឆ្នាំនេះ។ កងទ័ពដែលនៅសេសសល់នៃចំនួនទ័ពបន្ថែមទាំងអស់ដែលលោកបានប្រកាសកាលពីខែធ្នូឆ្នាំ២០០៩ នឹងត្រឡប់មកមាតុប្រទេសវិញនៅឆ្នាំក្រោយ។ កងទ័ពអាមេរិកនឹងត្រូវបន្តដកចេញក្នុង«ល្បឿនថេរ»មួយ ខណៈដែលកងទ័ពអាហ្វហ្កានីស្ថានចូលមកជំនួសតួនាទី។ <!--AV--> បច្ចុប្បន្ននេះមានទាហានអាមេរិកប្រហែល១០០.០០០នាក់កំពុងបម្រើការនៅអាហ្វហ្កានីស្ថាន។ លោកប្រធានាធិបតី អូបាម៉ា និយាយថា នៅត្រឹមឆ្នាំ២០១៤ ដំណាក់កាលអន្តរកាលនឹងត្រូវចប់សព្វគ្រប់ ដោយជនជាតិអាហ្វហ្កាននឹងត្រូវទទួលខុសត្រូវចំពោះសន្តិសុខប្រទេសដោយខ្លួនឯង។ <!--AV--> នៅក្នុងសុន្ទរកថារបស់លោក មេដឹកនាំអាមេរិករូបនេះនិយាយថា អង្គការអាល់កៃដា (al-Qaida) កំពុងរងសម្ពាធជាងពេលណាៗទាំងអស់ចាប់តាំងពីក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ខែកញ្ញាមក ហើយក្រុមនេះកំពុងស្ថិតនៅលើ«ផ្លូវទៅកាន់បរាជ័យ»។ កងកម្លាំងពិសេសរបស់ស.រ.អា.បានសម្លាប់មេដឹកនាំក្រុមអាល់កៃដាគឺ អូសាម៉ា ប៊ិន ឡាដិន នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២ខែឧសភាកន្លងទៅនេះ។ លោកប្រធានាធីបតីស.រ.អា.ថ្លែងថា នៅប្រទេសអាហ្វហ្កានីស្ថាន កងកម្លាំងរបស់អាមេរិកបានសម្លាប់ទាហានតាលីបាន់ និងដំណ្តើមកាន់កាប់បានទីតាំងរឹងមាំមួយចំនួនរបស់ក្រុមបះបោរនេះ។ លោកអូបាម៉ាបានទទួលស្គាល់ថាសង្គ្រាមនៅប្រទេសអាហ្វហ្កានីស្ថានមិនអាចបញ្ចប់បានទេ បើគ្មានដំណោះស្រាយផ្នែកនយោបាយណាមួយនោះ។ លោកបានសម្តែងនូវការគាំទ្រចំពោះ ដំណើរការចរចាបង្រួមបង្រួមជាតិដឹកនាំដោយរដ្ឋាភិបាលអាហ្វហ្កានីស្ថានជាមួយនឹងសមាជិកក្រុមតាលីបាន់ណា ដែលសុខចិត្តផ្តាច់ខ្លួនចេញពីក្រុមអាល់កៃដា លះបង់ចោលការប្រើអំពើហិង្សា និងគោរពរដ្ឋធម្មនុញ្ញអាហ្វហ្កានីស្ថាន។ លោកប្រធានាធិបតីក៏មានប្រសាសន៍ថា កិច្ចប្រឹងប្រែងរបស់ស.រ.អា.នេះក៏ត្រូវចាត់វិធានការចំពោះជម្រកមានសុវត្ថភាពរបស់ក្រុមភេរវជននៅប្រទេសប៉ាគីស្ថាន ដែលជាប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថាន។ លោកអូបាម៉ានិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយរដ្ឋាភិបាលប៉ាគីស្ថានដើម្បីបំបាត់ឫសគល់នៃ«មហារីកអំពើហិង្សាជ្រុលនិយម» ហើយទាមទារឲ្យប្រទេសប៉ាគីស្ថានរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន។ លោកអូបាម៉ាមានប្រសាសន៍ថា សហរដ្ឋអាមេរិកត្រូវប្រើយុទ្ធសាស្ត្រ «បង្រួមជាងមុន» ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានា ដោយប្រើ«កម្លាំងឲ្យចំគោលដៅ» និងមិនចាំបាច់បញ្ជូនកងកម្លាំងទ័ពដ៏ច្រើនសន្ធឹកទៅក្រៅប្រទេសទេ។ ដោយកត់សម្គាល់ថាស.រ.អា.បានចំណាយថវិកាអស់១លានលានដុល្លារមកហើយទៅលើសង្គ្រាមក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ លោកប្រធានាធិបតីមានប្រសាសន៍ថា ប្រទេសអាមេរិកនៅពេលនេះត្រូវ វិនិយោគទៅលើធនធានដ៏សំខាន់បំផុតរបស់ខ្លួន គឺពលរដ្ឋអាមេរិក ហើយត្រូវយកចិត្តទុកដាក់ទៅលើការ«កសាងជាតិ»នៅឯមាតុភូមិវិញ។ ប្រែសម្រួលដោយ សឹង សុផាត This posting includes an audio/video/photo media file: Download Now |
ខ្មែរអាមេរិកាំងចូលរួមចលនាទាមទារឱ្យអាមេរិកលុបបំបាត់គ្រាប់មីន Posted: 22 Jun 2011 03:29 PM PDT ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងទីក្រុងសេអាថល (Seattle) រដ្ឋវ៉ាស៊ីនតោនចូលរួមជាមួយនឹងសហជ័យលាភីពានរង្វាន់ណូបែលសន្តិភាព គឺលោក ទន់ ចាន់ណារ៉េតដើម្បីជំរុញដល់ស.រ.អាគាំទ្រការលុបបំបាត់ចោលគ្រាប់មីនដូចប្រទេសជាង១០០ទៀតដែរ។ ស.រ.អា រុស្ស៊ី និង ចិនត្រូវគេដឹងថាជាប្រទេសមហាអំណាចដែលមិនទាន់ផ្តល់ការគាំទ្រចំពោះការលុបបំបាត់គ្រាប់មីនតាមរយៈការឈប់ផលិតការបំផ្លាញឃ្លាំងស្តុក ការឈប់ប្រើប្រាស់ជាដើម។ ក្នុងដំណើរទស្សនកិច្ច២០ថ្ងៃក្នុងប្រទេសអាមេរិក ហើយបញ្ចប់កាលពីដើមសប្តាហ៍មុនលោក ទន់ ចាន់ណារ៉េតបានចាប់ផ្តើមប្រមូលហត្ថលេខាពីពលរដ្ឋអាមេរិកាំង និងពលរដ្ឋខ្មែរអាមេរិកាំងដែលលោកបានជួប។ ការប្រមូលហត្ថលេខានេះត្រូវលោកណារ៉េតប្រាប់ឲ្យដឹងថាគឺ ក្នុងគោលបំណងឲ្យពលរដ្ឋអាមេរិកាំងដាក់សម្ពាធលើរដ្ឋាភិបាលរបស់គេដើម្បីកែប្រែជំហរ ហើយបែរមកគាំទ្រការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីនដូចប្រទេសជាង ១៥០ ផ្សេងទៀតក្នុងពិភពលោក។ លោក ហ៊េនរី អ៊ុង (Henry Ung) ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ក្នុងចំណោមជាច្រើននាក់នៅរដ្ឋវ៉ាស៊ីនតោនដែលបានជួបសំណេះសំណាលជាមួយលោក ទន់ ចាន់ណារ៉េត បានអះអាងថា លោកបានចុះហត្ថលេខាគាំទ្រចំពោះការប្រឹងប្រែងរបស់ពលរដ្ឋខ្មែរក្នុងការទប់ស្កាត់គ្រាប់មីន។ «ឃើញបង (ទន់ ចាន់ណារ៉េត) គាត់ពុះពារតស៊ូជួយអញ្ចឹងខ្ញុំក៏ត្រេកអរម្យ៉ាងដែរ។ ម៉្លោះហើយការ Support ខាងហ្នឹងខ្ញុំ១០០ភាគរយនិង Support គាត់ហើយ ដើម្បីឲ្យគាត់ជួយអ្នកក្រោយទៅទៀត មិនត្រឹមតែស្រុកខ្មែរយើងទេស្រុកក្រៅៗជាច្រើនដែលមានបញ្ហាគ្រាប់មីន»។ លោក ហ៊េនរី ធ្វើការជានាយកសាខាក្រុមហ៊ុន ហិរញ្ញវត្ថុ ពិភពលោក (WFG)។ លោកបានធ្វើដំណើរមកកាន់ស.រ.អាក្នុងឆ្នាំ១៩៨១ បន្ទាប់ពីធ្លាប់ដើរឆ្លងកាត់តំបន់គ្រាប់មីននៅជាយដែនខ្មែរនិងថៃ មុនពេលអ.ស.បផ្នែកជនភៀសខ្លួនយកមកដល់ស.រ.អា។ លោក បានចាត់ទុកថាខ្លួនលោកជាមនុស្សសំណាងល្អដែលមិនបានពិការ ហើយរួចផុតជីវិតពេលដើរកាត់តំបន់គ្រាប់មីននៅឯភ្នំដងរែកទីតាំងសមរភូមិមុខ ដែលសម្បូរគ្រាប់មីនជាងគេមួយក្នុងប្រទេស។ «ពីឆ្នាំ១៩៧៩ ពេលប៉ុលពតបាក់បែកទៅ បានមកនៅស្រុកថៃ ពេលហ្នឹងគេយកខ្ញុំទៅទម្លាក់ភ្នំដងរែកហ្នឹង ខ្ញុំនឹងក្រុមគ្រួសារខ្ញុំ ឪពុកម្តាយខ្ញុំគេទម្លាក់ចោលនៅព្រះវិហារហ្នឹងឯង។ ចុះមកហ្នឹងក៏បានឈឺចាប់ ឆ្លងកាត់អាគ្រាប់មីនគ្រាប់បែក ហ្នឹងពេលហ្នឹងដែរ។ ម្ល៉ោះហើយខ្ញុំយល់ខាងហ្នឹង»។ អ្នកស្រីវ៉ារីយ៉ា ផូថន (Warya Pothan ) មានស្រុកកំណើតនៅភ្នំពេញ បានមករស់នៅស.រ.អា រដ្ឋវ៉ាស៊ីនតោនតាំងពីឆ្នាំ១៩៧៥ បានថ្លែងថាអ្នកស្រីបាន ចុះហត្ថលេខាលើញត្តិ (Petition) គាំទ្រការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន ដើម្បីបញ្ជៀស គ្រោះថ្នាក់ដោយគ្រាប់មីននៅលើពិភពលោកដែល លោក ទន់ ចាន់ណារ៉េត បានធ្វើយុទ្ធនាការនិងកំពុងបន្តធ្វើទៅមុខ។ «សំខាន់ណាស់ខ្មែរយើងត្រូវគាំទ្រគាត់ព្រោះអី យើងមានមីននៅស្រុកខ្មែរ ច្រើនពេកហើយនឹងស្លាប់របួសច្រើនណាស់។ ហើយយើងត្រូវជួយគាត់ដើម្បីឲ្យគាត់ជួយពិភពលោក។ រឿងហ្នឹងរឿងពិភពលោកទាំងមូលមិនមែនរឿងតែខ្មែរទេ»។ អ្នកស្រីបានអះអាងថាប្រវត្តិសាស្ត្របានបង្ហាញនូវគ្រាប់មីនយ៉ាងច្រើនក្នុង ប្រទេសកម្ពុជាហើយគ្រោះថ្នាក់និងការឈឺចាប់ពិតជាកើតមានយ៉ាងខ្លាំង។ អ្នកស្រីមានបងប្អូន ជាច្រើននាក់ស្លាប់ដោយសារគ្រាប់មីននេះដែរសម័យទសវត្សរ៍១៩៨០។ ប្រទេសកម្ពុជាមានគ្រាប់មីនបង្កប់ដីរាប់លានគ្រាប់បន្សល់ទុកក្រោយសង្រ្គាមស៊ីវិលជាង៣ទសវត្សរ៍នៅតាមតំបន់ជាច្រើនជាពិសេសតំបន់អតីតសមរភូមិនៅភាគពាយ័ព្យនិងភាគខាងជើងប្រទេស។ តួលេខនៃអង្គការដោះមីនស៊ីម៉ាក់នៃប្រទេសកម្ពុជាបានបង្ហាញឲ្យឃើញថារយៈពេល១០ឆ្នាំចុងក្រោយចំនួនមនុស្សស្លាប់ពីជាង១.១៥៤នាក់ក្នុងមួយឆ្នាំធ្លាក់ចុះមកត្រឹម ១៨៥នាក់។ អ្នកស្រី ម៉ូលី សំ ជាសកម្មជនអប់រំសហគមន៍នៅក្នុងរដ្ឋវ៉ាស៊ីនតោនទាក់ទងនឹងការកាត់បន្ថយគ្រឿងញៀន អះអាងថាអ្នកស្រីមានទឹកចិត្តពុះពោរក្នុងការជួយរួមចំណែកប្រឆាំងនឹងគ្រាប់មីន ខ្លាំងណាស់ទោះបីជាមិនបានឆ្លងកាត់ និងរងគ្រោះដោយសារគ្រាប់មីនក្តី។ អ្នកស្រីថ្លែងដូច្នេះដោយយល់ ឃើញថាមានមនុស្សជាច្រើនលាននាក់ក្នុងពិភពលោករួមទាំងជនជាតិកម្ពុជាផង បានបាត់បង់ជីវិតនិងពិការឈឺចាប់។ អ្នកស្រី ម៉ូលីបានបញ្ជាក់ថាអ្នកស្រីបានចុះហត្ថលេខាលើញត្តិដើម្បីគាំទ្រលុបបំបាត់គ្រាប់មីននោះដែរ។ «មានចិត្តចង់ជួយខ្លាំងណាស់នៅក្នុងរឿងហ្នឹងដើម្បីឲ្យបានជោគជ័យទៅដើម្បីឲ្យបានសេចក្តីសុខក្នុងសាកលលោក»។ អ្នកស្រីម៉ូលីដែលមានស្រុកកំណើតនៅក្នុងទីក្រុងភ្នំពេញបានភៀសខ្លួនមកដល់ប្រទេសអាមេរិកតាំងពីឆ្នាំ១៩៧៧។ ស្រដៀងគ្នានឹងពលរដ្ឋខ្មែរអាមេរិកាំងដទៃទៀត អ្នកស្រីដានី ម័រតុន សកម្មជននៃអង្គការ Grassroot Orgnization បានចូលរួមគាំទ្រនិងចុះហត្ថលេខាលើញត្តិដែលត្រូវដាក់ជូនរដ្ឋាភិបាលស.រ.អានោះផងដែរ ដើម្បី ជំរុញឲ្យស.រ.អាយល់ព្រមលុបបំបាត់គ្រាប់មីន។ «លោក ចាន់ណារ៉េតដែលគាត់ជាមនុស្សពិការម្នាក់ គាត់មានការក្លាហានជាទីបំផុត។ គាត់បានធ្វើកិច្ចការនេះដ៏អស្ចារ្យ ហើយយើងដែលមានដៃពីរជើងពីរ ហើយគាត់គ្មានសុំអ្វីសោះ គ្រាន់តែហត្ថលេខារបស់យើង យើងគួរតែជួយគ្នាឲ្យប្រធានាធិបតីស.រ.អា អូបាម៉ាចូលរួម»។ អ្នកស្រីដានី បានមកដល់ប្រទេសអាមេរិកកាលពីឆ្នាំ១៩៨១ តាមរយៈជំរំជនភៀសខ្លួន«ខាវអ៊ីដាង»។ អ្នកស្រីបានអះអាងថាអ្នកស្រីបានសង្កេតឃើញមានការដើរជាន់មីនស្លាប់យ៉ាងច្រើននៅឯព្រំដែនខ្មែរនិងថៃសម័យទសវត្សរ៍១៩៨០។ ស.រ.អាស្ថិតក្នុងចំណោមប្រទេស៣៩ ដែលមិនទាន់ចូលរួមផ្តល់សច្ចាប័នបញ្ឈប់ការប្រើប្រាស់គ្រាប់មីន។ នៅក្នុងញត្តិដែលត្រូវផ្ញើជូនលោកប្រធានាធិបតីស.រ.អាបារ៉ាក់ អូបាម៉ា ដើម្បីចូលរួមក្នុងសន្ធិសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីន បានឲ្យដឹងថា៖ «ជាពេលវេលាដែលស.រ.អាត្រូវយល់ព្រមទៅនឹងសន្ធិសញ្ញាហាមឃាត់គ្រាប់មីនហើយចូលរួមជាមួយបណ្តាប្រទេសលើពិភពលោកក្នុងការបញ្ចប់ការប្រើប្រាស់គ្រាប់មីនជាចុងក្រោយ»។ ស.រ.អាត្រូវគេដឹងថាកំពុងត្រួតពិនិត្យមើលឡើងវិញនូវគោលនយោបាយរបស់ខ្លួនស្តីពីបញ្ហាគ្រាប់មីននេះ។ លោកទន់ ចាន់ណារ៉េត ដែលទទួលពានរង្វាន់ណូបែលសន្តិភាពនៅទីក្រុងអូស្លូ កាលពីឆ្នាំ១៩៩៧ ជាមួយនឹងក្រុមយុទ្ធនាការប្រឆាំងនឹងគ្រាប់មីននោះ បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផងដែរ ពីសាកលវិទ្យាល័យ Seattle រដ្ឋ Washington កាលពីពីរសប្តាហ៍កន្លងទៅបន្ថែមពីលើបេសកកម្មរបស់លោកប្រមូលស្នាមមេដៃលើញត្តិរឿងគ្រាប់មីននេះ។ លោក ទន់ ចាន់ណារ៉េត អាយុ៥១ឆ្នាំ ពិការជើងទាំងសងខាងដោយសារជាន់មីនកាលពីដើមទសវត្សរ៍១៩៨០។ លោកធ្លាប់ធ្វើជាទាហានចលនាតស៊ូគ្រប់គ្រងដោយសពលោក សឺន សាន៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |