|
- ជីវប្រវត្តិ៖ ខៀវ សំផន អតីតអ្នកសេដ្ឋកិច្ចនិងប្រមុខរដ្ឋមានតែឈ្មោះរបស់ខ្មែរក្រហម
- មូលនិធិ Knight International for Journalism បានប្រកាសរង្វាន់ដល់អ្នកសារព័ត៌មានខ្មែរ
- អតីតមេដឹកនាំសហជីពត្រូវបានដោះលែងក្រោយពីជាប់ពន្ធនាគារហើយ
- ស្រ្តីខ្មែរអាមេរិកាំងចេញផ្សាយសៀវភៅម្ហូបខ្មែរដើម្បីរៃអង្គាសប្រាក់កសាងសាលារៀន
- ទីក្រុងមូលដ្ឋានយោធាស្វាគមន៍ការដកកងទ័ព
ជីវប្រវត្តិ៖ ខៀវ សំផន អតីតអ្នកសេដ្ឋកិច្ចនិងប្រមុខរដ្ឋមានតែឈ្មោះរបស់ខ្មែរក្រហម Posted: 24 Jun 2011 12:58 PM PDT លោកខៀវ សំផន មានឈ្មោះនៅសម័យខ្មែរក្រហមគឺ មិត្ត ហែម។ កើតនៅថ្ងៃទី២៧ខែកក្កដាឆ្នាំ១៩៣១ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ខៀវ សំផន គឺជាកូនប្រុសច្បងនៃគ្រួសារមួយដែលមានបងប្អូនប្រុសស្រីប្រាំនាក់។ ក៏ប៉ុន្ដែគេមិនដឹងពីភូមិកំណើតពិតប្រាកដរបស់គាត់នោះទេ។ គាត់គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំកំពូលខ្មែរក្រហមដែលគាត់មានសញ្ញាប័ត្រនិងចំណេះដឹងយ៉ាងជ្រៅជ្រះបំផុត។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ខៀវ សំផន គឺជាអ្នកគូសវាសគោលនយោបាយរបស់ពួកខ្មែរក្រហមដែលបានរុញច្រានឲ្យមានវិនាសកម្មដល់ជីវិតប្រជាពលរដ្ឋខ្មែរ។ «គាត់គឺជាអ្នកដែលចូលរួមក្នុងការសម្រេចនូវគោលនយោបាយរបស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ដែលធ្វើឲ្យប្រជាជនជាងពីរលាននាក់បានស្លាប់បាត់បង់ជីវិត»។ ឪពុករបស់លោក ខៀវ សំផន គឺជាចៅក្រមម្នាក់នៅខេត្តកំពត ដែលបានរៀបការជាមួយម្ដាយរបស់គាត់នៅ ស្រុកជីហែខេត្តកំពង់ចាម។ គាត់បានស្លាប់នៅពេលដែលលោកខៀវ សំផន មានអាយុ១៦ឆ្នាំ។ ម្ដាយរបស់លោកខៀវ សំផន ជាឈ្មួញប្រហុកម្នាក់នៅខេត្តកំពង់ចាម។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិក្រុងភ្នំពេញ ខៀវ សំផន បានចាកចេញទៅបន្ដការសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៥៣។ នៅទីនោះគាត់បានជួបជាមួយ ប៉ុល ពត មេស្ថាបនិករបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមនិងជួបជាមួយ អៀង សារី នៅក្នុងពេលនោះដែរ។ គាត់ក៏បានចូលរួមក្នុងចលនាកុម្មុយនីស្ដនិយមជាមួយ អៀង សារី និង ប៉ុល ពត នៅក្នុងប្រទេសបារាំង។ ខៀវ សំផន បានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកវិទ្យាសាស្ដ្រសេដ្ឋកិច្ចនៅឆ្នាំ១៩៥៩ ហើយបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ នៅពេលនោះខៀវ សំផន បានធ្វើជាសាស្ដ្រាចារ្យភាសាបារាំងនៅវិទ្យាល័យកម្ពុជាបុត្រ និងធ្វើជាសាស្ដ្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភ្នំពេញ។ គាត់បានបង្កើតកាសែតមួយឈ្មោះថាកាសែត Observateur ដែលមាននិន្នាការឆ្វេងនិយម។ ជាប់ឆ្នោតជាតំណាងរាស្ដ្រនៅខែមិថុនាឆ្នាំ១៩៦២ សម្រាប់មណ្ឌលខេត្តកណ្ដាល លោកត្រូវបានតែងតាំងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មមុននឹងបានរត់គេចខ្លួនពីទីក្រុងភ្នំពេញទៅដោយការគំរាមចាប់ខ្លួនពីសំណាក់សម្តេច នរោត្តម សីហនុ ពីការចោទប្រកាន់ថា បានបង្កការបះបោរនៅស្រុក សំឡូតជាមួយលោក ហ៊ូ នឹម និង លោក ហ៊ូ យន់។ ភៀសខ្លួនដល់ស្រុកត្រាំកក់ខេត្តតាកែវ គាត់បានជួបជាមួយតា ម៉ុក ដែលជាអនុលេខាតំបន់និរតី។ តាម៉ុក ពេលនោះ ស្លៀកពាក់ឯកសណ្ឋានខ្មៅបង់កក្រមាក្រហម។ អតីតនិស្សិតស្រុកបារាំងរូបនេះ បានចាប់ផ្ដើមបោះជំហានចូលក្នុងចលនាប្រដាប់អាវុធ។ ប្រាំបីខែក្រោយពីស្នាក់នៅក្នុងខេត្តតាកែវ គាត់បានបានចូលធ្វើទ័ពព្រៃនៅតំបន់ភ្នំឱរ៉ាល់ និងព្រៃធំ ខេត្តកំពង់ស្ពឺ។ ខៀវ សំផន ត្រូវតែងតាំងជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ដ្រីការពារប្រទេសចន្លោះពីខែឧសភា ឆ្នាំ១៩៧០ ដល់ខែមេសាឆ្នាំ១៩៧៥នៅតំបន់រំដោះនិងត្រូវតែងតាំងជាអគ្គមេបញ្ជាការកងទ័ពប្រជាជនរំដោះជាតិកម្ពុជាពីខែមិថុនាឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៥។ នេះបើផ្អែកតាមឯកសារ ដែលមានឈ្មោះថាវចនានុក្រមខ្មែរក្រហមរបស់លោកសូឡូម៉ុង កាន (Solomon Kan) និងគេហទំព័រដែលមានឈ្មោះថាយុត្តិធម៌សម្រាប់កម្ពុជា។ ពីខែមេសាឆ្នាំ១៩៧៥និងខែមេសា ឆ្នាំ១៩៧៦ ខៀវ សំផន បានត្រូវតែងតាំងជាមេដឹកនាំគណៈកម្មការធម្មនុញ្ញ និងចាប់ផ្ដើមតាក់តែងធម្មនុញ្ញថ្មី ដោយមានការចូលរួមឲ្យយោបល់ពីសមាជិកបក្សកុម្មុយនីស្ដកម្ពុជា។ គាត់ឡើងកាន់តំណែងជាប្រមុខរដ្ឋខ្មែរក្រហមនៅឆ្នាំ ១៩៧៦ ជំនួសឲ្យសម្ដេចសីហនុ ដែលបានលាលែងពីតំណែង។ បន្ទាប់មកគាត់បានចូលជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការកណ្ដាល ដែលគាត់មិនត្រឹមតែចូលរួមប្រជុំតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែគាត់ក៏បានចូលរួមផ្ដល់សេចក្ដីសម្រេចចិត្តនយោបាយដែលត្រូវបានអនុវត្តនៅពាសពេញប្រទេសផងដែរ។ លោក ឆាំង យុ មានប្រសាសន៍ថា លោកខៀវ សំផន មានការទទួលខុសត្រូវពេញលេញ ចំពោះការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា។ «តាំងពីឆ្នាំ១៩៧៣ ពេលដែលមានសង្គ្រាមជាមួយរបបសាធារណរដ្ឋនៅឡើយនោះ គឺថាគាត់តែងតែចេញមុខសហការជាមួយវៀតណាម ក្នុងការពិនិត្យមើលតំបន់សហករណ៍ តំបន់រំដោះ ដែលគេចាប់ផ្តើមអភិវឌ្ឍនោះ។ គាត់មើលថា តើគោលនយោបាយរបស់បក្សធ្វើបានដល់កម្រិតណា មិនចាំបាច់គាត់យកដៃទៅសម្លាប់ យកកាំភ្លើងទៅសម្លាប់មនុស្សម្នាក់ ហើយយើងបានថា គាត់មានកំហុសទេ។ ឯកសារកំណត់ហេតុរបស់ មជ្ឈិមបក្សនៃបក្សកុម្មុយនីស្តកម្ពុជា ដែលនិយាយអំពីកម្ចេចសត្រូវផ្ទៃក្នុង និងសត្រូវខាងក្រៅក៏មានគាត់ចូលរួមដែរ។ អញ្ចឹង គឺទាំងអស់នេះ វាគ្រប់គ្រាន់បង្ហាញ ឬក៏ដាក់ឲ្យគាត់ទទួលខុសត្រូវជាបុគ្គល»។ ខៀវ សំផន បានហោះទៅកាន់ក្រុងប៉េកាំងមុនកងទ័ពវៀតណាមចូលមកដល់ក្រុងភ្នំពេញ នៅថ្ងៃរំដោះប្រទេសជាតិថ្ងៃ៧មករាឆ្នាំ១៩៧៩។ ហើយមួយឆ្នាំក្រោយមកគាត់បានឡើងកាន់តំណែងជាប្រមុខរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យជំនួសប៉ុល ពត។ ខៀវ សំផន គឺជាអ្នកចូលរួមជាភាគីចរចាសន្ដិភាពនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ខែតុលា ឆ្នាំ ១៩៩១ ក្រោមការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ។ ប៉ុន្ដែក្រោយមកក្រុមកងទ័ពព្រៃខ្មែរក្រហមធ្វើពហិការមិនទទួលស្គាល់កិច្ចព្រមព្រៀងនេះទេ។ នៅខែវិច្ឆិកា ឆ្នាំ១៩៩១ គាត់បានធ្វើទស្សនកិច្ចជាផ្លូវការនៅក្រុងភ្នំពេញ ហើយត្រូវបានកម្លាំងមហាជនវាយសង្រ្គប់បែកក្បាល ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញពិភពលោក។ ខៀវ សំផន បានគេចផុតពីការបោសសម្អាតផ្ទៃក្នុងក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅឆ្នាំ១៩៩៧ គឺនៅពេលនោះប៉ុល ពត បានបញ្ជាឲ្យសម្លាប់សុន សេន អតីតរដ្ឋមន្ដ្រីក្រសួងការពារជាតិ។ ហើយក្រោយមក ប៉ុល ពត ខ្លួនឯងត្រូវតា ម៉ុក ចាប់ខ្លួនវិញម្តង។ ទីបំផុតនៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ១៩៩៨ ខៀវ សំផន បានចុះចូលជាមួយរដ្ឋាភិបាលជាមួយអតីតបងធំទី២ នួន ជា ផងដែរ។ គាត់ត្រូវចាប់ខ្លួនដោយសាលាក្ដីខ្មែរក្រហមនៅថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០០៧ បន្ទាប់ពីចេញពីមន្ទីរពេទ្យកាល់ម៉ែត គាត់ត្រូវបានចោទប្រកាន់ដូចគ្នានឹងការចោទលើនួន ជា អៀង សារី និងអៀង ធីរិទ្ធ ក្នុងសំណុំរឿង០០២ ពី បទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលទាក់ទង នឹងការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ការធ្វើមនុស្សឃាត និងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ បទចោទទាំងនេះដែលទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងតិច ១,៧លាននាក់ ចន្លោះពី ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ មុនការចាប់ខ្លួនប៉ុន្មានថ្ងៃប៉ុណ្ណោះ លោក ខៀវ សំផន បានផ្ដល់បទសម្ភាសតាមទូរស័ព្ទជាមួយ VOA ជាខេមរភាសាដោយលោកចោទប្រកាន់ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរថាកើតឡើងដោយសារកម្លាំងបង្កប់របស់ប្រទេសវៀតណាម។ «ដូច្នេះខាងវៀតណាម មិនចូលជ្រកជាមួយកម្ពុជាទេ លូកដៃកកូចូលជ្រៅក្នុងកម្លាំងតស៊ូកម្ពុជាឆ្នាំ១៩៧៥និង១៩៧៦ រឿងអត់បាយដាច់ពោះ។ អារឿងស្លាប់រឿងអ្វីហ្នឹង វាមកពីស្អីខ្លះ ខ្ញុំយល់ឃើញថា មិនមែនមកពី ប៉ុល ពត ទេ វាកើតចេញពីមេស្តេចត្រាញ់។ហើយស្តេចត្រាញ់ទាំងអស់សុទ្ធតែធ្លាប់នៅជាមួយយួន»។ នៅក្នុងឯកសារមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញថា ប៉ុល ពត នួន ជា ខៀវ សំផន និងអៀងសារី សហការជាមួយកងទ័ពវៀតណាម និងជួបប្រជុំក្នុងក្រុងភ្នំពេញជាមួយគណបក្សពលករវៀតណាម ដោយបង្ហាញការប្ដេជ្ញាប្រឆាំងនឹងសហរដ្ឋអាមេរិក។ ខៀវ សំផន នៅឆ្នាំ២០០៤ បានបោះពុម្ពសៀវភៅមួយ ដែលមានចំណងជើងថា «ប្រវត្តិសាស្ដ្រថ្មីៗរបស់កម្ពុជា និងគោលជំហរបស់ខ្ញុំ»នៅក្នុងសៀវភៅនោះដែលគាត់និយាយថា គាត់មិនបានដឹងពីការកាប់សម្លាប់ប្រជាជនកម្ពុជានោះទេ។ សៀវភៅនោះត្រូវគេមើលឃើញថា គឺជាការប្រឹងប្រែងបង្ហាញនូវភាពស្អាតស្អំរបស់លោក ខៀវ សំផន នៅពេលដែលគាត់ដឹងថា គាត់មិនអាចគេចផុតពីការកាត់ទោសទេនោះ។ ជារៀងរហូតមកខៀវ សំផន បានប្រកាសប្រាប់ក្រុមអ្នកយកព័ត៌មាន ដែលបានទៅធ្វើបទសម្ភាសជាមួយគាត់ថា នៅក្នុងសម័យខ្មែរក្រហម លោកមានតែមុខតំណែងតែប៉ុណ្ណោះ ប៉ុន្ដែគ្មានអំណាចទេ រីឯសិទ្ធិសម្រេចអ្វីទាំងអស់ ស្ថិតនៅលើបក្សកុម្មុយនីស្ដកម្ពុជា។ នៅក្នុងសវនាការប្រឆាំងនឹងការបន្ដការឃុំខ្លួនជាបណ្ដោះអាសន្នកាលពីខែ កុម្ភៈឆ្នាំ២០១០ លោក ខៀវ សំផន បានញែកខ្លួនចេញពីទទួលខុសត្រូវឧក្រិដ្ឋកម្មលើពលរដ្ឋកម្ពុជាពីក្រុមមេដឹកនាំកំពូលខ្មែរក្រហមបីនាក់ផ្សេងទៀត។ «ខ្ញុំមានសិទ្ធិអ្វីសម្រេចពីការសម្លាប់មនុស្ស បើខ្ញុំមានអ្វីដែលគេឲ្យខ្ញុំដឹងពីរឿងសម្រេចចាប់ចងនរណាៗ វាទៅជាខ្ញុំ លោក នួន ជា លោក អៀង សារី លោកស្រី អៀង ធីរិទ្ធ ឯណាៗ ដូចតែគ្នាតែមួយ»។ នៅពេលនេះ អតីតប្រមុខរដ្ឋខ្មែរក្រហមត្រៀមខ្លួនចូលរង្វង់ក្រចកសេះក្នុងសវនាការបឋមជាលើកដំបូងនៅ ថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ ខៀវ សំផន មានមេធាវីបារាំងម្នាក់គឺលោក Jacques Vergès ដែលលោកធ្លាប់ស្គាល់គ្នានិងលោក ស សាវ៉ាន មេធាវីកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
មូលនិធិ Knight International for Journalism បានប្រកាសរង្វាន់ដល់អ្នកសារព័ត៌មានខ្មែរ Posted: 24 Jun 2011 12:12 PM PDT មូលនិធិ Knight International for Journalism បានប្រកាសរង្វាន់ដល់អ្នកសារព័ត៌មាន ដែលរួមមានអ្នកសារព័ត៌មានខ្មែរគឺលោកថេត សម្បត្តិ និងអ្នកស្រី Chistiane Amanpour អតីតអ្នកយកព័ត៌មាន CNN របស់អាមេរិកដ៏ល្បីផងដែរ។ កាលពីល្ងាចថ្ងៃអង្គារ អ្នកស្រី Joyce Bernathan ប្រធានមូលនិធិ Knight International for Journalism បានប្រកាសប្រាប់អ្នកចូលរួមជិត១០០នាក់នៅ Newseum នៃរដ្ឋធានីវ៉ាស៊ីនតោនថា មូលនិធិ Knight International for Journalism ដែលជាអង្គការលើកស្ទួយវិស័យសារព័ត៌មានដ៏ធំដែលមានមូលដ្ឋាននៅស.រ.អា.បានសម្រេចប្រគល់រង្វាន់ដល់អ្នកសារព័ត៌មានចំនួន៤នាក់ដែលរួមមានអ្នកសារព័ត៌មានខ្មែរគឺលោកថេត សម្បត្តិសហផលិតករខ្សែភាពយន្តសត្រូវប្រជាជន (Enemies of The People) និងអ្នកស្រី Christiane Amanpour អតីតអ្នកយកព័ត៌មាន CNN ដ៏ល្បីរបស់អាមេរិកហើយបច្ចុប្បន្នបម្រើការនៅទូរទស្សន៍ ABC ហើយនឹងស្ត្រីអ្នកសារព័ត៌មានជនជាតិម៉ិចស៊ីកូពីរនាក់ទៀត សម្រាប់ព័ត៌មានស៊ើបអង្កេតរបស់គេ។ អ្នកស្រី Joyce Bernathan បានប្រាប់វីអូអេ សំឡេងស.រ.អា.ថា មូលនិធិ Knight International for Journalism បានសម្រេចប្រគល់រង្វាន់ដល់លោកថេត សម្បត្តិសម្រាប់ការខិតខំតស៊ូព្យាយាម អត់ធ្មត់ប្រកបដោយលក្ខណៈអាជីវៈ ឥតលម្អៀងជាច្រើនឆ្នាំ ទម្រាំនួន ជា មេដឹកនាំខ្មែរក្រហមព្រមសារភាពអំពីការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នៅឯពិធីប្រកាសរង្វាន់នៅសារមន្ទីរ Newseum ដ៏ល្បីនេះ អ្នកស្រី Joyce Bernathanបានប្រាប់វីអូអេអំពីការសម្រេចរបស់គណៈកម្មការប្រគល់រង្វាន់ Knight International for Journalism យ៉ាងដូច្នេះថា៖ «ឆ្នាំនេះមជ្ឈមណ្ឌលសម្រាប់អ្នកសារព័ត៌មានអន្តរជាតិសម្រេចប្រគល់រង្វាន់ Knight International Journalism ឲ្យលោកថេត សម្បត្តិ ពីព្រោះគណៈកម្មការប្រគល់រង្វាន់យល់ថា គាត់ជាអ្នកសារព័ត៌មានលេចធ្លោបំផុតដែលយើងមិនធ្លាប់ឃើញយូរមកហើយ។ ការដែលគាត់អាចបញ្ចុះបញ្ចូលឲ្យនួន ជា បងធំទីពីរក្នុងរបបខ្មែរក្រហម ហើយនឹងឃាតករផ្សេងទៀតសារភាពនោះគឺជាសមិទ្ធិផលដ៏អស្ចារ្យ។ ហើយគណៈកម្មការប្រគល់រង្វាន់យល់ឃើញថា ក្រៅពីគាត់ជាអ្នកកាសែតស៊ើបអង្កេតដ៏ពូកែនោះ ព័ត៌មានរបស់គាត់នេះគឺជាភាគទានដ៏សម្បើមអស្ចារ្យធ្វើឲ្យពិភពលោកយល់ពីសោកនាដកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក»។ អ្នកស្រីឲ្យដឹងថា មូលនិធិ Knight International for Journalism ផ្តល់រង្វាន់ដល់អ្នករាយការណ៍ស្ម័គចិត្ត និងអ្នកយកព័ត៌មានអាជីព ពីព្រោះព័ត៌មានក្តៅៗបានពីអ្នករាយការណ៍ស្ម័គចិត្ត និងព័ត៌មានស៊ើបអង្កេតសំខាន់គឺដូចគ្នា ហើយមានការប្រកួតប្រជែងខ្លាំងណាស់។ អ្នកស្រីឲ្យដឹងថា៖ «ប៉ុន្តែនៅឆ្នាំនេះ ពេលយើងពិនិត្យ មានបេក្ខជនជាង១៦០នាក់ ដូច្នេះនេះជាដំណើរការប្រកួតប្រជែងខ្លាំងណាស់ ព្រោះក្នុងចំណោម១០នាក់ចុងក្រោយ មានអ្នករាយការណ៍ស្ម័គចិត្ត និងអ្នកយកព័ត៌មានអាជីពពូកែៗដូចគ្នា ហើយទីបំផុតគណៈកម្មការរង្វាន់សម្រេចថា បួននាក់នេះលេចធ្លោជាងគេក្នុងឆ្នាំនេះ»។ <!--IMAGE--> លោកថេត សម្បត្តិ អ្នកសារព័ត៌មាន Phnom Penh Post បានប្រាប់វីអូអេសំឡេងស.រ.អា.តាមទូរស័ព្ទពីរាជធានីភ្នំពេញថា លោកភ្ញាក់ផ្អើលដែលបានទទួលរង្វាន់ដ៏សំខាន់បែបនេះទេ។ លោកនិយាយថា៖ «ខ្ញុំមិននឹកស្មានថា ខ្ញុំបានទទួលរង្វាន់ប្រភេទនេះទេ ដោយសារថា ខ្ញុំមិនដែលបានចូលរៀនសាលាណាដ៏ត្រឹមត្រូវអំពីសារព័ត៌មានទេ គឺគ្រាន់តែទៅធ្វើការ ចេះតែសរសេរទៅ ចេះតែព្យាយាមទៅ ហើយទីបំផុតគេផ្តល់កិត្តិយសឲ្យ»។ លោកថេត សម្បត្តិឲ្យដឹងថា ពេលលោកមកទទួលរង្វាន់ Knight International for Journalism ដែលគ្រោងធ្វើនៅខែវិច្ឆិកាខាងមុខនេះ លោកនិងលោក Rob Lemkin សហផលិតករខ្សែភាពយន្ត«សត្រូវប្រជាជន» (Enemies of The People) ក៏គ្រោងចាប់ផ្តើមផ្សព្វផ្សាយឌីវីឌីខ្សែភាពយន្តនេះដែរ។ លោកឲ្យដឹងទៀតថា នេះជាគម្រោងផ្សព្វផ្សាយបន្ថែមពីលើឌីវីឌីសត្រូវប្រជាជន ដែលមានខ្លឹមសារ និងគុណភាពខ្ពស់ចំនួន១.០០០ច្បាប់ដែលផលិតសម្រាប់បណ្ណាល័យ និស្សិត អ្នកស្រាវជ្រាវប្រើប្រាស់ជាឯកសារ។ លោក Rob Lemkin បានចេញសេចក្តីប្រកាសអបអរ និងបានកោតសរសើរលោកថេត សម្បត្តិអំពីភាពអត់ធ្មត់មិនធម្មតា និងប្រកបដោយយុទ្ធសាស្ត្រ និងដែលនាំឲ្យលោកអាចកសាងទំនុកចិត្តពីមេដឹកនាំខ្មែរក្រហមគឺនួន ជា ហើយនឹងឃាតករដៃដល់ដែលបានសារភាពអំពីការសម្លាប់មនុស្សដែលខ្លួនបានប្រព្រឹត្ត។ អ្នកស្រី Diane Hodges អ្នកយកព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោនកោតសរសើរលទ្ធផលរបស់លោកថេត សម្បត្តិ ពីព្រោះខ្មែរក្រហមដ៏ដូចជនកម្មុយនិស្តដទៃដែរ មិនចង់និយាយជាមួយអ្នកយកព័ត៌មានសេរី និងឯករាជ្យទេ។ លោកស្រីធ្លាប់ធ្វើជាអ្នកកាសែតនៅប្រទេសថៃ ហើយបានព្យាយាមជួបសម្ភាសន៍ប៉ុល ពតនៅក្បែរព្រំដែនកម្ពុជាថៃ ក្នុងឆ្នាំ១៩៩០ តែមិនបានសម្រេច។ លោកស្រីប្រាប់វីអូអេក្នុងពិធីប្រការរង្វាន់នោះថា៖ «យើងជិះឡានទៅភាគខាងកើតប្រទេសថៃ ទៅកន្លែងដែលយើងបានឮថា ប៉ុល ពតកំពុងរស់នៅ។ យើងស្វេងរកប៉ុល ពតដើម្បីសម្ភាសន៍តែពេលយើងទៅដល់ មានទាហានថៃការពារតំបន់នោះ ហើយគេប្រាប់យើងថា ទីនោះជាតំបន់ត្រូវការពារ។ គេឆែកកាតយើង ហើយគេមិនឲ្យយើងចូលទេ ព្រោះយើងមិនមានលិខិតអនុញ្ញាតចូលតំបន់ការពារនោះ»។ លោក Ayman Salah ជាសមាជិករបស់ Knight International ឆ្នាំ២០១១ និងជាអ្នកបង្កើត Hacks/Hackers គឺគម្រោងសមាហរណកម្មរវាងអ្នកសារព័ត៌មាននិងអ្នកបច្ចេកវិទ្យាព័ត៌មាននៅមជ្ឈិមបូព៌ា ដែលជាគម្រោងសំខាន់ក្នុងការពង្រីកសកម្មភាពព័ត៌មានពីអ្នករាយការណ៍ស្ម័គ្រចិត្ត។ ដោយបានឃើញតែឈុតសំខាន់ៗនៃខ្សែភាពយន្តសត្រូវប្រជាជន លោកនិយាយថា៖ «ខ្ញុំចង់មើលរឿងនេះ ហើយខ្ញុំនឹងរកទិញឌីវីឌីរឿងសត្រូវប្រជាជននេះ យកមកមើល។ លោកថេត សម្បត្តិស៊ើបអង្កេតរឿងនេះបានល្អណាស់»។ ដូចលោក Ayman Salahដែរ លោកNadeem Hotiana មន្ត្រីព័ត៌មានស្ថានទូតប៉ាគីស្ថានក៏ចង់មើលខ្សែភាពយន្តនេះដែរ។ អ្នកស្រី Joyce Bernathan ឲ្យបានបន្ថែមថា ក្នុងកម្មវិធីប្រគល់រង្វាន់សារព័ត៌មានរបស់មូលនិធិ Knight International Journalism ដល់ជ័យលាភីទាំងបួននាក់ក្នុងខែវិច្ឆិកានោះនឹងមានអ្នកចូលរួមយ៉ាងតិច៥០០នាក់នៅទីក្រុងវ៉ាស៊ីនតោននេះ៕ This posting includes an audio/video/photo media file: Download Now |
អតីតមេដឹកនាំសហជីពត្រូវបានដោះលែងក្រោយពីជាប់ពន្ធនាគារហើយ Posted: 24 Jun 2011 10:26 AM PDT តុលាការរាជធានីភ្នំពេញបានកាត់ទោសឱ្យអតីតមេដឹកនាំសហជីពប្រចាំរោងចក្រកាត់ដេរម្នាក់ជាប់ពន្ធនាគារចំនួនដប់ខែអំពីបទជួញដូរគ្រឿងញៀនប៉ុន្តែបានដោះលែងអតីតមេដឹកនាំសហជីពនៅល្ងាចថ្ងៃសុក្រនេះបន្ទាប់ពីបានជាប់ពន្ធនាគារចំនួនជាងប្រាំពីរខែមកហើយដែលក្រុមមន្ត្រីសហជីព សិទ្ធិមនុស្សនិងមេធាវី បានហៅសេចក្តីសម្រេចនេះថាជាអំពើអយុត្តិធម៌។ លោកសួស ចន្ថា អាយុ២៤ឆ្នាំ ប្រធានសហជីពប្រចាំរោងចក្រកាត់ដេរយូណាយធីត អាផារ៉ែលនៅក្នុងខណ្ឌដង្កោ ត្រូវបានចាប់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០ អំពីបទចែកចាយគ្រឿងញៀននិងត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរយៈពេលប្រាំពីរខែនិងប្រាំថ្ងៃ។ លោកឌិត ស៊ីវុត្ថា ចៅក្រមជំនុំជម្រះតុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រមចំពោះមុខជនជាប់ចោទថា តុលាការបានសម្រេចផ្តន្ទាទោសឈ្មោះ សួស ចន្ថា អាយុ២៤ឆ្នាំ ឱ្យជាប់ពន្ធនាគារចំនួន១០ខែ ប៉ុន្តែត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួនប្រាំពីរខែ និងប្រាំថ្ងៃ ហើយទោសនៅសល់ត្រូវព្យួរ។ លោកអ៊ឹម ម៉ាច មេធាវីរបស់លោកសួស ចន្ថា បានថ្លែងថា លោកមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការកាត់សេចក្តីរបស់តុលាការដោយអយុត្តិធម៌ប្រឆាំងនឹងកូនក្តីរបស់លោក។ «ការដាក់ទោសសម្រាប់កូនក្តីខ្ញុំមិនយុត្តិធម៌ទេ ពីព្រោះកូនក្តី របស់ខ្ញុំមិនបានប្រព្រឹត្ត ហើយនេះ គឺជាជនណាម្នាក់ដែលធ្វើបាបគាត់»។ លោកគង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ បានថ្លែងថា ការសម្រេចរបស់តុលាការមិនយុត្តិធម៌ទេនិងផ្ទុយពីអ្វីដែលសាក្សីនិងមេធាវីបានសាកសួរព័ត៌មាននិងភស្តុតាងទាំងអស់នោះ។ «បើយើងវិភាគការប្រមូលភស្តុតាង និងហេតុផលជាលក្ខណៈវិទ្យាសាស្ត្រ លោកសួស ចន្ថា អត់មានពាក់ព័ន្ធនឹងរឿងជួញដូរ និងការប្រើប្រាស់គ្រឿងញៀនទេ។ យើងសប្បាយចិត្តចំពោះការដោះលែង សួស ចន្ថា ក៏ប៉ុន្តែអ្វីដែលតុលាការចោទប្រកាន់គាត់ថា គាត់ជាអ្នកចែកចាយគ្រឿងញៀនយោងតាមហេតុផលនេះ គឺមិនយុត្តិធម៌ទេ»។ កងរាជអាវុហត្ថ បានឆែកឆេររកឃើញគ្រឿងញៀនម្សៅចំនួនប្រាំបួនកញ្ចប់តូចៗនៅក្រោមកែបម៉ូតូរបស់ លោក សួស ចន្ថា និងបានចោទប្រកាន់លោកអំពីបទចែកចាយគ្រឿងញៀន។ ក្នុងតុលាការលោកសួស ចន្ថា បានបដិសេធមិនទទួលស្គាល់ភស្តុតាងម្សៅគ្រឿងញៀនទាំងអស់នេះទេ ហើយបានបដិសេធការចោទប្រកាន់អំពីការប្រើប្រាស់គ្រឿងញៀន និងការចែកចាយគ្រឿងញៀន។ លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថាលោកសួស ចន្ថា មិនគួត្រូវបានផ្តន្ទាទោសចំពោះការចោទប្រកាន់នេះទេពីព្រោះវាមានភាពមិនប្រក្រតីតាំងពីពេលចាប់ខ្លួនគាត់។ «បើយើងយោងតាមភស្តុតាង យោងតាមចម្លើយសាក្សី និងជនរងគ្រោះ យើងថា លោកសួស ចន្ថា នេះ ជាមនុស្សស្អាតស្អំ ដូចជាមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ យើងសង្ស័យថារឿងនេះមានអ្វីនៅពីក្រោយខ្នងបង្កើតជាភាពមិនប្រក្រតីដែលជាការសោកស្តាយ ដែលធ្វើឱ្យលោកសួស ចន្ថា ត្រូវបាន តុលាការផ្តន្ទាទោសដប់ខែ និងដាក់ពន្ធនាគារជាក់ស្តែងប្រាំពីរខែ និងប្រាំថ្ងៃនេះ»។ លោក សួស ចន្ថា ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃសនៅល្ងាចថ្ងៃសុក្រនេះ ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលនេះ ខ្ញុំមានអារម្មណ៍រំភើប។ ចំពោះសវនាការកាត់ទោសចំពោះរូបខ្ញុំ គឺខ្ញុំមិនពេញចិត្តទេ ពីព្រោះនិយាយឱ្យខ្លី ខ្ញុំអត់សប្បាយ។ វាមិនមែនជាទង្វើរបស់ខ្ញុំទេ»។ មនុស្សប្រមាណ៥០នាក់ពីតំណាងសហជីព និងអង្គការសង្គមស៊ីវិលនានាព្រមទាំងក្រុមគ្រួសារបានទទួលស្វាគមន៍លោកសួស ចន្ថា ចេញពីពន្ធនាគារព្រៃស។ បន្ទាប់ពីចេញពីពន្ធនាគារព្រៃស លោក សួស ចន្ថា បានធ្វើដំណើរទៅកាន់វត្តព្រះពុទ្ធសាសនាមួយនៅក្បែរ ដើម្បីស្រោចទឹករំដោះគ្រោះ៕ This posting includes an audio/video/photo media file: Download Now |
ស្រ្តីខ្មែរអាមេរិកាំងចេញផ្សាយសៀវភៅម្ហូបខ្មែរដើម្បីរៃអង្គាសប្រាក់កសាងសាលារៀន Posted: 24 Jun 2011 10:49 AM PDT ពិតមែនតែស្ថិតនៅឆ្ងាយពីប្រទេសជាតិយ៉ាងណាក៏ដោយតែគំនិតនិងមនោសញ្ចេតនានៅតែនឹកអាឡោះអាល័យស្រុកកំណើតរបស់ខ្លួនជានិច្ច។អ្នកស្រី ណារីន សេង ចេមសុន (Narin Seng Jameson) ជនជាតិខ្មែរ-អាមេរិកាំងបានសរសេរសៀវភៅម្ហូបខ្មែរមានឈ្មោះថា«របៀបធ្វើម្ហូបខ្មែរ» (Cooking the Cambodian Way) គោលបំណងគឺដើម្បីផ្សព្វផ្សាយពីការធ្វើម្ហូបខ្មែរនិងយកប្រាក់ដើម្បីជួយអង្គការ Caring for Cambodia ជួយកសាងសាលារៀនសម្រាប់សិស្សខ្មែរនៅខេត្តសៀមរាប។ ការផ្សព្វផ្សាយសៀវភៅនេះបានធ្វើឡើងកាលពីថ្ងៃពុធទី៨ខែមិថុនាដើមខែនេះ នៅសមាគម Asia Society ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រីណារីន សេង ចេមសុន (Narin Seng Jameson) ជាអ្នកនិពន្ធសៀវភៅបានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថា អ្នកស្រីបានចំណាយពេលរាប់សិបឆ្នាំដើម្បីកត់ត្រានិងសរសេរសៀវភៅនេះ។ អ្នកស្រីមានប្រសាសន៍ថា ទោះបីអ្នកស្រីមានស្វាមីជាអ្នកការទូតជាតិអាមេរិកាំងហើយអ្នកស្រីនិងស្វាមីបានរស់នៅប្រទេសជាច្រើនក៏ដោយ អ្នកស្រី តែងតែធ្វើម្ហូបខ្មែរទទួលភ្ញៀវដែលជាមិត្តភក្តិរបស់គ្រួសារអ្នកស្រីជានិច្ច។ អ្នកស្រីមានប្រសាសន៍បន្តទៀតថាក្នុងសៀវភៅម្ហូបខ្មែររបស់អ្នកស្រីនោះ មានមុខម្ហូបចំនួន៨៤មុខហើយមុខម្ហូបនិមួយៗមានរូបថតដែលសរសេររៀបរាប់ពីគ្រឿងផ្សំនិងពីវិធីធ្វើម្ហូបហើយក៏មាននិយាយពីវប្បធម៌ខ្មែរនិងទេសចរណ៍ខ្មែរនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជាផងដែរ។ «ខ្ញុំចូលចិត្តម្ហូបណាតាំងបាយក្តាំង នាងឡាវ ណែម ចៀនចួន ប្រហុកគ្រឿង សុទ្ធតែគ្រឿងខ្មែរសុទ្ធសាធ។ ហើយនៅក្នុងសៀវភៅនោះក៏មានម្ហូបបារាំងខ្លះដែរពីព្រោះខ្មែរយើងក៏ចូលចិត្តម្ហូបបារាំងដែរ»។ លោក អាឌ្រាន ស្តូវឺ (Adrian Stover) ជាអតីតអ្នកធ្វើការស្ម័គ្រចិត្តរបស់អង្គការ Peace Corps ក្នុងប្រទេសកម្ពុជាពីឆ្នាំ២០០៨ដល់ឆ្នាំ២០១០ ដែលជាទីកន្លែងដែលលោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងខេត្តសៀមរាប។ «ខ្ញុំចូលចិត្តម្ហូបខ្មែរ។ ម្ហូបដែលខ្ញុំចូលចិត្តគឺឡុកឡាក់ជាមួយបាយនិងពងមាន់។ម្ហូបនេះឆ្ងាញ់ណាស់»។ ប្រាក់ដែលបានមកពីការលក់សៀវភៅនេះគឺផ្តល់ទៅឲ្យអង្គការ Caring for Cambodia ដែលជាអង្គការមួយជួយសិស្សក្រីក្រនៅក្នុងខេត្តសៀមរាប។ លោកស្រី ជេមមី អាមេលីអូ (Jamie Amelio) ប្រធានអង្គការ Caring for Cambodia បានប្រាប់អ្នកចូលរួមក្នុងការផ្សព្វផ្សាយសៀវភៅថា លោកស្រីបានជួបនឹងក្មេងស្រីតូចម្នាក់នៅខេត្តសៀមរាបមកសុំប្រាក់លោកស្រីមួយដុល្លារ។ «ខ្ញុំមើលក្មេងស្រីតូចនោះ នាងមិនមែនសុំប្រាក់ខ្ញុំមួយដុល្លារទេ តាមពិតនាងសុំខ្ញុំឲ្យជួយនាង។ សម្លៀកបំពាក់របស់នាងរហែករយ៉េរយ៉ៃ មុខក្រៀមក្រំហើយសក់កន្ទ្រើង»។ លោកស្រីមានប្រសាសន៍បន្តទៀតថាលោកស្រីបានទៅមើលថ្នាក់រៀនរបស់នាង ថ្នាក់រៀននោះមានស្ថានភាពរញ៉េរញ៉ៃ សិស្ស៤ ទៅ៥នាក់អង្គុយលើកៅអីមួយ។ ហើយជួនកាលគ្រូមកបង្រៀនហើយជួនកាលមិនមកបង្រៀនទេ។ «ក្មេងស្រីនោះបានប្រាប់ខ្ញុំថា យើងមានខ្មៅដៃមួយ យើងត្រូវកាច់ចែកគ្នាសរសេរ។ ខ្ញុំក៏បានឲ្យលុយទៅនាង»។ លោកស្រីបានវិលត្រឡប់មកកាន់ប្រទេសសឹង្ហបូរីវិញហើយបាននិយាយប្រាប់មិត្តភក្តិរបស់លោកស្រីពីផែនការជួយក្មេងក្រីក្រឲ្យបានចូលរៀន។ បី បួនខែក្រោយមក មិត្តភក្តិបានផ្តល់ជាខោអាវ ម៉ាស៊ីនកំព្យូទ័រនិងប្រាក់សម្រាប់អង្គការរបស់លោកស្រី។ សៀវភៅ «Cooking the Cambodia Way» លក់បានច្រើនជាងចំនួនអ្នកចូលរួម។ លោកស្រីរស្មី ណូរីន ជនជាតិអាមេរិកាំងដើមកំណើតខ្មែរ រស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សព្វថ្ងៃនេះលោកស្រីជាមន្រ្តីនៅក្រសួងការបរទេសសហរដ្ឋអាមេរិកមានប្រសាសន៍ថាលោកស្រីបានទិញសៀវភៅនេះជាច្រើនក្បាលគោលបំណងគឺដើម្បីរៀនពីវិធីធ្វើម្ហូបខ្មែរហើយម៉្យាងទៀតគឺដើម្បីផ្តល់ប្រាក់ជួយកសាងសាលារៀនផង។ «ខ្ញុំធ្វើម្ហូបខ្មែរបង្ហាញពួកម៉ាក ពីព្រោះអត់មានភោជនីយដ្ឋានលក់ម្ហូបខ្មែរនៅវ៉ាស៊ីនតោនទេ ដូច្នេះ ខ្ញុំចង់ឲ្យគេស្គាល់ម្ហូបខ្មែរ ពីព្រោះមានតែម្ហូបថៃ។ ថៃមានភោជនីយដ្ឋានច្រើនណាស់ អត់មានភោជនីយដ្ឋានខ្មែរសោះ ដូច្នេះចង់ធ្វើខ្មែរឲ្យគេស្គាល់។ ហើយម្ហូបដែលខ្ញុំធ្វើគឺស្រួលៗដូចជាឆាខ្ញី ជាដើម»។ អ្នកស្រីណារីនមានប្រសាសន៍ថា សៀវភៅ «Cooking the Cambodian Way» មានគ្រប់នៅទីកន្លែងទាំងក្នុងប្រទេសកម្ពុជាហើយឥឡូវនេះក៏មានលក់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ អ្នកស្រីមានប្រសាសន៍បន្តទៀតថាសៀវភៅ នេះបានបោះពុម្ភចំនួន១.៥០០ក្បាល។ នៅក្នុងប្រទេសកម្ពុជាមានសៀវភៅនេះលក់នៅបណ្ណាគារ និងអាកាសយានដ្ឋានជាដើម៕ This posting includes an audio/video/photo media file: Download Now |
ទីក្រុងមូលដ្ឋានយោធាស្វាគមន៍ការដកកងទ័ព Posted: 24 Jun 2011 04:53 AM PDT នៅពេលលោកប្រធានាធិបតីអូបាម៉ាប្រកាសអំពីផែនការរបស់លោកក្នុងការចាប់ផ្តើមដកកងទ័ពពីប្រទេសអាហ្វហ្កានិស្ថាននោះ ផ្នែកកងទ័ពនៅទូទាំងប្រទេសស្វាគមន៍ព័ត៌មាននេះ។ តំបន់ Watertownនៅញូយ៉កស្ថិតនៅជិត Fort Drumដែលជាមូលដ្ឋានរបស់កងពលធំ Mountain Division លេខ១០ របស់កងទ័ពអាមេរិក ដែលតែងតែចេញទៅច្បាំងក្នុងទសវត្សរ៍កន្លងមកនេះ។ ជញ្ជាំងសាល American Legion Hall នៅ Watertown មានរូបថតយុទ្ធជន យុទ្ធនារីដែលបម្រើជាតិអំឡុងពេលសង្គ្រាម។ អ្នកខ្លះត្រូវពលីជីវិត។ Phil Gary ធ្វើទាហានក្នុងសង្គ្រាមវៀតណាម។ គាត់គាំទ្រផែនការរបស់លោក ប្រធានាធិបតីអូបាម៉ា ក្នុងការចាប់ផ្តើមដកទាហានច្រើនពាន់នាក់ពីអាហ្វហ្កានិស្ថាននៅដំណាច់ឆ្នាំនេះ។ ពួកគេភាគច្រើនមកពីកងពលធំ Mountain Division លេខ១០ នៅ Fort Drum។ <!--AV--> «រាល់ឆ្នាំ គ្មានពេលណាដែលគ្មានជម្លោះទេ ក្នុងពិភពលោកនេះ។ ខ្ញុំជឿថា គេតែងតែសុំជំនួយតាមរយៈអ.ស.ប. និងប្រទេសផ្សេងទៀត។ ដូច្នេះ បើលោកសួរយោបល់ខ្ញុំ ខ្ញុំសូមជម្រាបថា ខ្ញុំយល់ស្របនឹងផែនការនេះ ព្រោះខ្ញុំមានជំនឿលើលោកប្រធានាធិបតី និងការដឹកនាំរបស់លោក»។ កាតព្វកិច្ចបម្រើកងទ័ពមិនចម្លែកទេនៅ Watertown ដែលជាទីក្រុងឧស្សាហកម្មតូចមួយតាមដងទន្លេ Black River។ នៅទីនេះទស្សនៈអភិរក្សមានភាពខ្លាំងក្លានិងមានប្រវត្តិបម្រើកងទ័ព។ រូបចម្លាក់នៅទីធ្លាក្រុងបង្ហាញអំពីកិត្តិយស អំពីប្រទេស និងអំពីសង្គ្រាមក្នុងអតីតកាល។ បន្ទុកនេះក្លាយជាទម្លាប់សម្រាប់ទាហានកងពលធំ Mountain Division លេខ១០ ដែលភាគច្រើនរស់នៅ Watertown។ ពួកគេឋិតក្នុងចំណោមអង្គភាពទៅអាហ្វហ្កានិស្ថានមុនគេ។ ទាហានខ្លះត្រូវបញ្ជូនទៅ៣ដងក្នុងទសវត្សរ៍កន្លងទៅនេះ។ លោក Jeffrey Graham អភិបាលក្រុង Watertown ថ្លែងថា សង្គ្រាមអាហ្វហ្កានិស្ថាននិងអ៊ីរ៉ាក់ជាបន្ទុកធ្ងន់ធ្ងរសម្រាប់សហគមន៍នេះ។ «ខ្ញុំគិតថា មិនមែនត្រឹមតែពលរដ្ឋក្រុង Watertown ដែលមានមូលដ្ឋានទាហានទេ ដែលនឿយណាយនឹងសង្គ្រាមនេះ មនុស្សភាគច្រើនក្នុងប្រទេសនេះ ក៏នឿយណាយនឹងសង្គ្រាមនេះដែរ។ គេចង់បញ្ចប់គ្រោះថ្នាក់ ការចំណាយ និងការបញ្ជូនកងទ័ព»។ Michael Oquendo, Adonis Frias Rodriquez និង Lewis Paulino ជាទាហានសកម្មនៅ Fort Drum ដែលរស់នៅក្នុងសហគមន៍ដ៏តូចជិតមូលដ្ឋាននេះ។ ២ខែមុន ពួកគេត្រឡប់មកពីសមរភូមិរយៈពេលមួយឆ្នាំនៅអាហ្វហ្កានិស្ថាន។ គេមានទស្សនៈផ្សេងៗគ្នាអំពីការដកកងទ័ព តែវាមិនមែនជារឿងចម្លែកក្នុងកងទ័ពទេ។ Michael Oquendo ថ្លែងថា ការដកទ័ពជាការយល់ខុស។ «បើយើងដកទ័ពក្នុងស្ថានភាពនេះ ជារឿងមិនល្អទេ ពីព្រោះអាមេរិកធ្វើកិច្ចការបានច្រើននៅទីនោះ ដូចជាកសាងរចនាសម្ព័ន្ធគ្រប់យ៉ាងក្នុងប្រទេស និងបង្រួបបង្រួមប្រទេសនោះ»។ Lewis Paulino មិនយល់ស្របទេ។ គាត់ថា អាមេរិកមានបញ្ហាក្នុងប្រទេសច្រើនណាស់។ «យើងមានរឿងនៅទីនេះច្រើនណាស់។ ខ្ញុំគិតថា ដោះស្រាយបញ្ហានៅទីនេះសំខាន់ជាងដោះស្រាយបញ្ហាប្រទេសដទៃ។ នៅទីនេះ យើងមានកិច្ចការច្រើនត្រូវធ្វើ»។ ប៉ុន្តែទាហានក្មេងៗទាំង៣នាក់នេះនិយាយថា បើប្រទេសជាតិត្រូវការ គេនឹងទៅម្តងទៀត។ ពួកគេបន្ថែមទៀតថា ទាហានត្រូវបម្រើជាតិប្រកបដោយកិត្តិយស៕ ប្រែសម្រួលដោយលី ម៉ូរីវ៉ាន់ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |