|
គណបក្សនយោបាយ១០ឡើងតុលាការរឿងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០០៦ Posted: 22 Jun 2011 02:17 PM PDT តុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះបានបើកសវនាការជំនុំជម្រះដើម្បីពិភាក្សាដេញដោលចំពោះគណបក្សនយោបាយចំនួន១០ ពាក់ព័ន្ធទៅនឹងបណ្តឹងរបស់ក្រសួងមហាផ្ទៃពីបទមិនបានផ្ញើរបាយការណ៍ស្តីពីសកម្មភាពរបស់គណបក្សនយោបាយកាលពីឆ្នាំ២០០៦។ នៅក្នុងចំណោមគណបក្សនយោបាយទាំង១០មានគណបក្សដែលលេចធ្លោជាងគេ គឺគណបក្សសម រង្ស៊ី និងគណបក្សហ៊្វុនស៊ិនប៉ិច។ ចំណែកឯគណបក្សផ្សេងៗទៀតមិនមានអាសនៈក្នុងរដ្ឋសភាទេ។ នៅក្នុងបន្ទប់សវនាការខាងគណបក្សសម រង្ស៊ី មានលោកជួង ជូងី មេធាវីការពារក្តី ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិច ពុំមានវត្តមាន ឬក៏តំណាងមេធាវីចូលការពារក្តីទេ។ បន្ទាប់ពីបានបើកសវនាការអស់រយៈពេលប្រមាណជាងពីរម៉ោង លោកសួស សំអាត ប្រធានចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ បានអះអាងថា រឿងក្តីនេះ នឹងប្រកាសសាលក្រមនៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ។ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅពីមុខតុលាការក្រុងភ្នំពេញលោក ជួង ជូងី មេធាវីការពារក្តីឲ្យលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងបាននិយាយថា ចៅក្រមស្រុកខ្មែរគ្មានសមត្ថភាពផ្តន្ទាទោសក្នុងរឿងក្តីមួយចំពោះគណបក្សនយោបាយចំនួន១០ ក្នុងពេលតែមួយបានទេ។ «ក្នុងរឿងក្តីមួយសវនាការមួយ ភាគីវិវាទ ឬក៏ចុងចោទមួយមិនធានាបានថា ពិតជាផ្តល់យុត្តិធម៌ទេ ប៉ុន្តែគណបក្សនយោបាយ១០ សវនាការតែមួយក្នុងរឿងតែមួយឈានទៅផ្តន្ទាទោសគណបក្សនយោបាយ១០មិនមានចៅក្រមណាមានសមត្ថភាពផ្តល់យុត្តិធម៌ក្នុងករណីបែបនេះទេ»។ ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញប្រឆាំងជំទាស់ទៅ នឹងគណបក្ស នយោបាយចំនួន១៦ ពីបទមិនបានផ្ញើរបាយការណ៍កាលពីឆ្នាំ២០០៦ទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចហិរញវត្ថុ ដែលបទល្មើសនេះជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រាទី៣៨នៃច្បាប់ស្តីពីគណបក្សនយោបាយ។ លោកមាស សារឹម អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានរបស់ក្រសួងមហាផ្ទៃបានថ្លែងប្រាប់អង្គសវនាការថា តាមច្បាប់បោះឆ្នោតគណបក្សនយោបាយត្រូវតែធ្វើរបាយការណ៍មកក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី៣១ រៀងរាល់ខែ ធ្នូ មុនដំណាច់ឆ្នាំ។ លោកបានមានប្រសាសន៍ទៀតថាក្នុងចំណោមគណបក្សទាំងនោះមានគណបក្សចំនួន៦បានសរសេរលិខិតមកស្នើសុំការលើកលែងទោស ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏លោកបានស្នើសុំឲ្យតុលាការផ្តន្ទាទោសទៅតាមច្បាប់។ យោងតាមមាត្រា៣៨នៃច្បាប់ស្តីពីគណបក្សនយោបាយ ប្រសិនណាបើតុលាការរកឃើញទោសគណបក្សនយោបាយទាំង១០នោះ នឹងត្រូវពិន័យចំនួន៣លានរៀល។ លោកជួង ជូងី មេធាវីការពារក្តីឲ្យគណបក្សសម រង្ស៊ី បានតវ៉ាចំពោះមុខតុលាការថា ការយឺតយ៉ាវចំនួនពីរថ្ងៃនេះ គឺដោយសារតែថ្ងៃទី៣១ខែធ្នូឆ្នាំ២០០៦ គឺជាថ្ងៃអាទិត្យ ហើយនៅថ្ងៃទីមួយគឺជាថ្ងៃចូលឆ្នាំសាកល ថ្ងៃទាំងពីរនេះ មន្រ្តីរាជការបានឈប់សម្រាកមិនបានធ្វើការងារទេ។ លោកបានមានប្រសាសន៍ទៀតថា តុលាការគួរតែវិនិច្ឆ័យឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការរិះគន់៕ This posting includes an audio/video/photo media file: Download Now |
ប៉ូលិសបង្រ្កាបអ្នកតវ៉ាលំនៅដ្ឋាននៅមុខផ្ទះលោកហ៊ុនសែន Posted: 22 Jun 2011 01:58 PM PDT នគរបាលបានបំបែកអ្នកភូមិបូរីកីឡាប្រមាណ៥០នាក់ ដែលបានធ្វើការតវ៉ានៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ ដើម្បីសម្តែងពីការភ័យខ្លាចបាត់បង់សិទ្ធិទទួលបានផ្ទះសម្រាប់ការអភិវឌ្ឍនៅនឹងកន្លែងរបស់ពួកគាត់។ អ្នកតវ៉ាប្រមាណ៥០នាក់នេះ តំណាងឱ្យប្រជាពលរដ្ឋចំនួន៣៨៤គ្រួសារ ដែលមានជីវភាពក្រីក្រលំបាក រស់នៅក្នុងសហគមន៍បូរីកីឡា ខណ្ឌ៧មករា។ នេះបើតាមលិខិតជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមានស្នាមមេដៃ។ កងកម្លាំងនគរបាល បានរុញច្រានអ្នកតវ៉ាបូរីកីឡាឱ្យចេញពីផ្លូវថ្នល់មុខលំនៅដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅទីក្រុងតាខ្មៅខេត្តកណ្តាល និងអ្នកតវ៉ាម្នាក់ត្រូវបាននគរបាលវាយឱ្យរងរបួសធ្ងន់ក្នុងការប៉ះទង្គិចគ្នា។ លោកស្រីភួង សុភាព អាយុ៣៧ឆ្នាំ រស់នៅភូមិ១២ សង្កាត់វាលវង្ស ខណ្ឌ៧មករា បាននិយាយថា នគរបាលមិន គួរប្រើអំពើហិង្សាមកលើអ្នកតវ៉ាអហិង្សាដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយធ្វើអន្តរាគមន៍អំពីការកសាងអាគារតាមការសន្យា។ «ព្រឹកម៉ិញ ពួកខ្ញុំទៅតវ៉ានៅមុខផ្ទះសម្តេច។ ស្រាប់តែមានកងកម្លាំងប្រដាប់អាវុធមួយក្រុម បានមកប្រតាយប្រតប់វាយនាងខ្ញុំ។ អ្នកខ្លះដួលដាច់ជើងដាច់ដៃរហែកខោរហែកអាវរបស់ស្រី។ នគរបាលវាយប្រជាពលរដ្ឋកុំឱ្យយើងទៅតវ៉ា។ យើងទៅតវ៉ាសុំសាងសង់បង្គ្រប់ដប់អាគារ។ ប៉ុន្តែឥឡូវនេះ វា (ក្រុមហ៊ុន) ធ្វើតែប្រាំបីអាគារទេ។ អញ្ចឹងវាខ្វះពួកខ្ញុំ។ អាគារទីប្រាំបួន និងអាគារទីដប់ ដែលពួកខ្ញុំរង់ចាំឡើងទៅនៅនេះ មិនអត់។ ដល់អត់ ពួកខ្ញុំធ្វើការតវ៉ាឱ្យកសាងពីរអាគារទៀត ឱ្យគ្រប់ចំនួនដប់អាគារ ដូចសម្តេចសម្បទានឱ្យសហគមន៍បូរីកីឡា»។ លោកស្រីហោ ចិន្តា អាយុ៣១ឆ្នាំដែលបានរងរបួស បាននិយាយថានគរបាលបានប្រើអំពើហិង្សា ដើម្បី រារាំងអ្នកតវ៉ាមិនឱ្យបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ «នរគបាលបានវាយខ្ញុំចំជើង ក្បាលជង្គង់ និងទ្រូង ពីព្រោះនគរបាលមិនចង់ឱ្យពួកខ្ញុំឈរជួបសម្តេច។ ពួកខ្ញុំ ចង់ជួបសម្តេចឱ្យជួយអន្តរាគមន៍»។ លោកឆេង សុភ័ស្ត មន្ត្រីឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថាសកម្មភាពរបស់នគរបាលបានរំលោភសិទ្ធិមនុស្សនិងមិនគោរពសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ តំបន់បូរីកីឡាមានផ្ទៃដីទំហំសរុប១៤,៦០ហិកតា។ ក្នុងឆ្នាំ២០០៣ រដ្ឋាភិបាលបានប្រគល់ដីទំហំ២,៦០ ហិកតាទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ជាថ្នូរនឹងការកសាងអាគារចំនួនដប់ដែលមានកម្ពស់ប្រាំមួយជាន់លើផ្ទៃដីទំហំពីរហិកតាសម្រាប់ការអភិវឌ្ឍនៅនឹងកន្លែងរបស់ប្រជាពលរដ្ឋចំនួន១.៣៩២គ្រួសារ ហើយដីនៅសល់ចំនួនដប់ហិកតាទៀតជាកម្មសិទ្ធិរបស់រដ្ឋ។ លោក ហ៊ឹម ចក់ សមាជិកគណៈកម្មការអភិវឌ្ឍន៍សហគមន៍បូរីកីឡា បាននិយាយថាអ្នកភូមិបូរីកីឡាមានការព្រួយបារម្ភខ្លាចមិនទទួលបានផ្ទះនិងនាំគ្នាទៅតវ៉ានៅមុខផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្នុងចំណោមអ្នកតវ៉ាអ្នកខ្លះ មានឈ្មោះទទួលបានផ្ទះនិងអ្នកខ្លះមិនមានឈ្មោះទទួលបានផ្ទះដោយសារគ្មានឯកសារទទួលស្គាល់ពីអាជ្ញាធរ។ លោក ហ៊ឹម ចក់ បានពន្យល់ថាគណៈកម្មការអភិវឌ្ឍន៍សហគមន៍បូរីកីឡា បានសម្រេចកសាងចំនួនត្រឹមប្រាំបីអាគារគ្រប់គ្រាន់ហើយសម្រាប់អ្នកមានឯកសារត្រឹមត្រូវ ដែលទទួលស្គាល់ដោយអាជ្ញាធរពីឆ្នាំ២០០០។ «ខ្ញុំបាទដាក់ចំនួន១០អាគារឱ្យលើស បើមានបញ្ហាអ្វីយើងបញ្ចុះមកវិញ វាងាយស្រួល។ បើយើងដាក់សំណើសុំប្រាំបីអាគារយើងស្នើសុំលើកទីពីរ វាពិបាកណាស់។ យើងត្រូវដាក់ឱ្យលើសចំនួនសិនទៅវាងាយស្រួល យើងបន្ថយចុះមកវិញ នៅពេលយើងពិនិត្យចំនួនមនុស្សជាក់ស្តែង»។ លោកសោម សុវណ្ណ អភិបាលខណ្ឌ៧មករា បានថ្លែងថា គម្រោងកសាងអាគារតម្រូវតាមចំនួនប្រជាពលរដ្ឋជាក់ស្តែងដែលមានឯកសារទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរ ហើយគ្មានគ្រួសារស្របច្បាប់ណាមួយត្រូវបានបាត់បង់សិទ្ធិទទួលបានផ្ទះនេះទេ។ «គោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ហើយថាប្រជាពលរដ្ឋគ្រប់លក្ខណៈសម្បត្តិ ត្រូវបានទទួលផ្ទះ។ រដ្ឋត្រូវតែផ្តល់ផ្ទះជូនគាត់គ្រប់ៗគ្នាហើយ។ រដ្ឋត្រូវតែផ្គត់ផ្គង់ទីលំនៅដ្ឋានជូនគាត់ហើយ»។ លោក ហ៊ឹម ចក់ បានបញ្ជាក់ថា ឥឡូវនេះ ប្រជាពលរដ្ឋចំនួន១.០៤៤គ្រួសារ បានចូលទៅរស់នៅក្នុងអាគារចំនួនប្រាំមួយរួចហើយ រីឯអាគារពីរទៀតកំពុងដំណើរការសាងសង់សម្រាប់ប្រជាពលរដ្ឋចំនួន ៣៤៨គ្រួសារ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |