|
- ចៅក្រមកោះហៅមេដឹកនាំខ្មែរក្រហមឡើងតុលាការសប្តាហ៍ក្រោយ
- លោកហ៊ុនសែនព្រមានចាប់ខ្លួនអ្នកទិញបញ្ជីបើកប្រាក់សោធន
- រដ្ឋាភិបាល៖ស្ថានភាពការងារមិនល្អនិងការងារច្រើនហួសជាមូលហេតុឱ្យកម្មករសន្លប់
- ការផ្ទុះអាវុធនៅភូមាធ្វើឲ្យមានការព្រួយបារម្ភពីការសាយភាយនៃជម្លោះ
ចៅក្រមកោះហៅមេដឹកនាំខ្មែរក្រហមឡើងតុលាការសប្តាហ៍ក្រោយ Posted: 21 Jun 2011 11:52 AM PDT លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានកោះហៅអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់នៅក្នុងសំណុំរឿង០០២ នៅថ្ងៃអង្គារនេះ ឲ្យចូលខ្លួននៅក្នុងសវនាការបឋម។ សវនាការរយៈពេលបួនថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទទី២៧ខែមិថុនាសប្តាហ៍ក្រោយនេះ។ នៅក្នុងដីកាកោះដែល វីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃនេះ បានបញ្ជាឲ្យនួន ជា អតីតប្រមុខប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម អៀង សារី អតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស និងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដែលកំពុងតែជាប់ឃុំឃាំងជាបណ្តោះអាសន្ននោះឲ្យចូលខ្លួននៅក្នុងសវនាការនៅវេលាម៉ោង៨:៣០នាទី រហូតទៅដល់ចប់សវនាការ។ យោងតាមឯកសារដែលទទួលបានដីកាកោះត្រូវបានបញ្ជូនទៅកាន់ប្រធានពន្ធនាគាររបស់សាលាក្តីខ្មែរក្រហម លោកម៉ៅ សុភារម្យ ហើយលោកម៉ៅ សុភារម្យ បានប្រគល់ដីកាកោះនោះទៅឲ្យជនជាប់ចោទនីមួយៗរួចរាល់ហើយនៅថ្ងៃនេះ។ របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម បានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតយ៉ាងតិច១,៧លាននាក់។ ពួកគេត្រូវបាត់បង់ជីវិត ដោយសារតែការកាប់សម្លាប់ ការធ្វើការដោយបង្ខំការបង្អត់អាហារនិងធ្វើទារុណកម្ម។ ថ្វីបើសវនាការបឋមរយៈពេលបួនថ្ងៃគ្រាន់តែជាការបើកសវនាការសម្រាប់រៀបចំការបើកសវនាការពេញអង្គសម្រាប់កាត់ទោសជនជាប់ចោទទាំងបួននាក់ ក៏ប៉ុន្តែអ្នកវិភាគ និងមន្រ្តីសាលាក្តីខ្មែរក្រហម បានហៅសវនាការនៅសប្តាហ៍ក្រោយនេះថា គឺជាការចាប់ផ្តើមកាត់ទោសដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រវត្តិសាស្រ្តសាលាក្តីខ្មែរក្រហម។ លោកឌឹម សុវណ្ណារុំ មន្រ្តីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈ មានប្រសាសន៍ថា សវនាការនេះ គឺជាការបើកទំព័រពន្យល់ពីអតីតកាលនិងជាការនាំមកនូវយុត្តិធម៌។ «គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ពីព្រោះប្រជាជនកម្ពុជាយើង ដែលជាជនរងគ្រោះនៃរបបខ្មែរក្រហម បានរង់ចំាព្រឹត្តិការណ៍ហ្នឹងអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ ទីបំផុតយុត្តិធម៌នឹងមកដល់។ អ្នកដែលបានធ្វើឲ្យមនុស្សកម្ពុជា ធ្វើឲ្យប្រជាជនកម្ពុជារាប់លាននាក់ត្រូវបានសម្លាប់មិនអាចគេចផុតពីទោសទណ្ឌបានទេ»។ កញ្ញាសេង ធារី មេធាវីខ្មែរសញ្ជាតិអាមេរិក និងជានាយិកានៃសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅកម្ពុជាបានរំពឹងជាពិសេសថា អាថ៌កំបាំងជាមួយប្រទេសដែលគាំទ្រពួកខ្មែរក្រហម និងត្រូវរំលេចចេញផងដែរ។ «ករណី០០២ មានសារៈសំខាន់ជាងគេបង្អស់ពីព្រោះវាអាចផ្តល់ព័ត៌មានឲ្យយើងថែមទៀត។ យើងចង់ឆ្លើយតបទៅសំណួរថាអ្នកណាទទួលខុសត្រូវ មិនត្រឹមតែមុខដែលយើងស្គាល់តាមរូបភាពទេ ប៉ុន្តែអ្នកណាឈរពីក្រោយពួកគាត់ វាអាចទាក់ទិនដល់ប្រទេសផ្សេងៗ ហើយតុលាការអាចបំភ្លឺ អាចបំផុសឲ្យព័ត៌មានអស់ហ្នឹងកើតឡើង»។ អង្គជំនុំជម្រះសាលាដំបូងនឹងត្រូវលើកយកមកពិចារណាទៅលើចំនួនសាក្សី អ្នកជំនាញនិងដើមបណ្តឹងរដ្ឋប្បវេណីសរុបចំនួន១.០៩៤នាក់។ សហចៅក្រមស៊ើបអង្កេត បានទទួលស្គាល់ដើមបណ្តឹងរដ្ឋប្បវេណីសរុបចំនួនជាង២.០០០នាក់ ក៏ប៉ុន្តែនឹងមានដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួនតែប៉ុណ្ណោះនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង។ លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវឯកសារនៃសម័យខ្មែរក្រហមដ៏ធំបំផុតមួយនៅប្រទេសកម្ពុជាចាត់ទុកថា ការកាត់ទោសនេះ និងជួយជំរុញនីតិរដ្ឋនៅប្រទេសកម្ពុជា។ «សវនាការ០០២នេះ វាមិនសំខាន់ចំពោះអនាគតទេ វាសំខាន់ចំពោះបច្ចុប្បន្នកាលទៀត ហើយធ្វើយ៉ាងណាឲ្យប្រទេសយើងក្លាយជានីតិរដ្ឋពិតប្រាកដ ហើយការរំលោភសិទ្ធិមនុស្សក្តី្កក៏ត្រូវបានបំបាត់មិនឲ្យមានអំពើហិង្សាផ្សេងៗនានា។ ហើយមួយទៀតទោះបីជាស្ថិតនៅក្នុងរូបភាពណាក៏ដោយ ខ្ញុំគិតថា០០២នេះ វាជាមូលដ្ឋានសំខាន់មួយ ដើម្បីសិក្សា និងការចងចាំ ការអប់រំ ពង្រឹងនីតិរដ្ឋនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត»។ ការកាត់ក្តីពេញអង្គសេចក្តីនៃសំណុំរឿង០០២ គ្រោងនឹងធ្វើឡើងនៅក្នុងខែសីហា ខាងមុខនេះ។ ជនជាប់ចោទទាំងបួននាក់ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នៅពេលនេះ អៀង សារី បានឈានដល់វ័យ៨៦ឆ្នាំ នៅចុងឆ្នាំនេះ រីឯនួន ជា និងឈានដល់វ័យ ៨៥ឆ្នាំ នៅខែខាងមុខ អតីតប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន ជិតដល់វ័យ៧០ឆ្នាំទៅហើយ រីឯអ្នកស្រី អៀង ធីរិទ្ធ បានឈានដល់វ័យ៦៩ឆ្នាំ។ អៀង សារី ខៀវ សំផន និងនួន ជា សុទ្ធតែបានធ្លាប់និយាយថា ខ្លួនមិនដឹងមិនឮអំពីការសម្លាប់ ប្រជាពលរដ្ឋខ្មែរអស់ជិតពីរលាននាក់នោះទេ។ លោកឆាំង យុ ចាត់ទុកថា សាលាក្តីខ្មែរក្រហមនឹងត្រូវរកឲ្យឃើញចំពោះការលាក់បាំងការទទួលខុសត្រូវនេះ។ កាលពីថ្ងៃច័ន្ទនៅក្នុងទំព័រទស្សនៈរបស់កាសែត The New York Times លោកសាស្រ្តាចារ្យច្បាប់នៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក គឺលោក Peter Maguire បានហៅការកាត់កាត់ក្តីនៅក្នុងសំណុំរឿង០០២នេះថាជាការកើតឡើងនៅចន្លោះការចោទប្រកាន់អំពីការជ្រៀតជ្រែកនយោបាយពីសំណាក់រដ្ឋាភិបាលកម្ពុជា និងភាពអសមត្ថភាពរបស់អង្គការសហប្រជាជាតិ៕ This posting includes an audio/video/photo media file: Download Now |
លោកហ៊ុនសែនព្រមានចាប់ខ្លួនអ្នកទិញបញ្ជីបើកប្រាក់សោធន Posted: 21 Jun 2011 01:17 PM PDT នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនមន្ត្រីក្រសួងសង្គមកិច្ចណាដែលប្រព្រឹត្តអំពើពុករលួយទាក់ទងនឹងរឿងប្រាក់សោធនរបស់មន្ត្រីរដ្ឋាភិបាលបាត់បង់សមត្ថភាពនិងចូលនិវត្តន៍។ លោកហ៊ុន សែន ថ្លែងថាអតីតមន្ត្រីរដ្ឋាភិបាលបាត់បង់សមត្ថភាពនិងចូលនិវត្តន៍មិនបានទទួលប្រាក់សោធនពេញលេញរបស់ពួកគាត់ដែលបានផ្តល់ជូនដោយរដ្ឋាភិបាលនោះទេ ពីព្រោះមានមន្ត្រីសង្គមកិច្ចមួយចំនួនបានទិញបញ្ជីបើកប្រាក់សោធន ពីអតីតមន្ត្រីបាត់បង់សមត្ថភាព និងចូលនិវត្តន៍ទាំងនោះ ដោយតម្លៃថោក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងទិវាអតីតយុទ្ធជនកម្ពុជាថាការិយាធិបតេយ្យនិងការមិនអើពើពីសំណាក់មន្ត្រីសង្គមកិច្ចបើកប្រាក់សោធនដល់ពួកគាត់ទាន់ពេលវេលា។ ពួកគេធុញទ្រាន់ចំពោះការធ្វើដំណើរជាច្រើនលើកពីទីឆ្ងាយមកបើកប្រាក់សោធនរបស់ពួកគាត់មិនបាន ហើយបន្ទាប់មកពួកគាត់បានលក់បញ្ជីបើកប្រាក់សោធនរបស់ពួកគាត់ដោយតម្លៃថោកទៅមន្រ្តីសង្គមកិច្ច។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា លោកសូមធ្វើការព្រមានជាសាធារណៈដល់មន្ត្រីសង្គមកិច្ចឱ្យបញ្ឈប់ការទិញបញ្ជីបើកប្រាក់សោធនរបស់មន្ត្រីរដ្ឋាភិបាលបាត់បង់សមត្ថភាពនិងចូលនិវត្តន៍ហើយប្រគល់បញ្ជីបើកប្រាក់សោធនទៅពួកគាត់វិញ។ បើសិនមន្ត្រីសង្គមកិច្ចណានៅតែបន្តធ្វើបែបនេះទៀត ពួកគេនឹងប្រឈមនឹងការចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយពីបទប្រព្រឹត្តអំពើពុករលួយ។ «ថ្ងៃក្រោយសូមព្រមាននៅនឹងកន្លែង ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញគ្រប់ទិដ្ឋភាពអស់ហើយ។ ថ្ងៃក្រោយគឺចាប់ខ្លួនតែម្តង បើសិនជាមានមន្រ្តីអតីតយុទ្ធជនធ្វើបែបនេះជាបន្ត។ ក្នុងការលក់បញ្ជីបើកប្រាក់សោធន មិនមែនត្រឹមតែអតីតយុទ្ធជន មានទាំងនិវត្តន៍ជន»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តថាមន្ត្រីសង្គមកិច្ច ដែលបានទទួលផលប្រយោជន៍ពីញើសឈាមនិងទុក្ខវេទនារបស់មន្ត្រីរដ្ឋាភិបាលបាត់បង់សមត្ថភាព និងចូលនិវត្តន៍ គួរតែបោះបង់ចោលអំពើបែបនេះទៅ។ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ធ្លាប់បានថ្លែងថា ក្នុងឆ្នាំ២០១០ ជនពិការនិងអ្នកចូលនិវត្តន៍ចំនួន២៦៨.០៨២នាក់ បានទទួលការគាំទ្រពីរដ្ឋ ហើយប្រាក់ចំនួនជាង១.៥០០.០០០ដុល្លារអាមេរិកត្រូវបានចំណាយទៅលើជនពិការ និងអ្នកចូលនិវត្តន៍ទាំងនោះ។ លោកយឹម ម៉ារ៉ា អាយុ៥៦ឆ្នាំយុទ្ធជនពិការភ្នែកនៅក្នុងសង្គ្រាមទសវត្សរ៍១៩៨០ បានបញ្ជាក់ថា លោកត្រូវបានទទួលប្រាក់សោធនចំនួន១៤០.០០០រៀលប៉ុន្តែលោកបើកបានតែ១២០.០០០រៀល ដោយបាត់ អស់២០.០០០រៀល។ ប្រាក់សោធនរបស់លោកបើកមិនទៀងទាត់ ពីព្រោះពេលវេលាបើកប្រាក់សោធននេះមិនមានកំណត់។ «សម្រេចតែគេថាខែនេះ លើសមួយសប្តាហ៍ ពីរសប្តាហ៍ ទើបគេបើកឱ្យ ហើយជួនកាលទៅលើសតែមួយថ្ងៃ ពីរថ្ងៃ គេបើកឱ្យទៅ។ ការណ៍ហ្នឹងហើយដែលពិបាក»។ លោកគឹមសួរ ភីរិទ្ធ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថាមន្ត្រីសង្គមកិច្ចតែងតែទិញបញ្ជីបើកប្រាក់សោធនពីមន្ត្រីចូលនិវត្តន៍និងជនពិការក្នុងតម្លៃតែ៥០ភាគរយប៉ុណ្ណោះនៃតម្លៃសរុប។ មន្ត្រីទាំងនេះបានកេងប្រវ័ញ្ជចំណេញលើប្រាក់សោធនរបស់និវត្តន៍ជននិងជនពិការ។ ហើយគណបក្សសម រង្ស៊ី មិនអាចទទួលយកបាននូវអំពើកេងប្រវ័ញ្ជបែបខុសច្បាប់នេះទេ។ «វាអាចចាត់ទុកជាអំពើពុករលួយមួយហើយ។ គេមិនអនុញ្ញាតឱ្យមន្ត្រីដែលធ្វើកិច្ចការនៅក្នុងហ្នឹង ទៅប្រកបរបរខុសច្បាប់ជាមួយអ្នកចូលនិវត្តន៍និងជនពិការដែលមានតួនាទីត្រូវទទួលបានប្រាក់ឧបត្ថម្ភបែបហ្នឹងទេ។ នេះជាបញ្ហាពុករលួយ ហើយជាបញ្ហាល្មើសច្បាប់ ដែលមិនត្រូវអត់ឱនឱ្យមាននិទណ្ឌភាព ហើយត្រូវតែ លុបបំបាត់កុំឱ្យកើតមានជាបន្តទៀតនៅក្នុងសង្គមកម្ពុជាយើង»។ លោកលឹមអែល ដ្យូរ៉ាដូ អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានថ្លែងថាបើមន្ត្រីណារំលោភលើប្រព័ន្ធប្រាក់សោធនរបស់មន្ត្រីរដ្ឋាភិបាលបាត់បង់សមត្ថភាពនិងចូលនិវត្តន៍ មន្ត្រីនោះត្រូវទទួលការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់។ «ចាប់ពីឥឡូវនេះ បើមានអ្នកទិញ អ្នកលាក់ឈ្មោះបង្កព្យុះភ្លៀង អ្នកនោះត្រូវប្រឈមមុខនឹង ការទទួលខុសត្រូវចំពោះមុខច្បាប់ហើយ»។ គ្រួសារយុទ្ធជនពលី យុទ្ធជនពិការ អ្នកចូលនិវត្តន៍ អ្នកដែលបានបាត់បង់សមត្ថភាពការងារ បានទទួលប្រាក់សោធនពីរដ្ឋាភិបាល៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋាភិបាល៖ស្ថានភាពការងារមិនល្អនិងការងារច្រើនហួសជាមូលហេតុឱ្យកម្មករសន្លប់ Posted: 21 Jun 2011 12:58 PM PDT រយៈពេលចំនួនមួយសប្តាហ៍បន្ទាប់ពីក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ King Fashion បានដួលសន្លប់ជាបន្តបន្ទាប់មន្រ្តីរដ្ឋាភិបាលខ្មែរបានរកឃើញមូលហេតុធំៗចំនួនបីដែលបណ្តាលឲ្យក្រុមកម្មករបានដួលសន្លប់។ លោកឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងាររបស់ក្រសួងការងារ បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ការថែមម៉ោងច្រើន កង្វះអនាម័យ និងការដាក់តាំងសម្ភារៈបាំងខ្យល់ចេញចូលជាមូលហេតុ ចម្បង ដែលធ្វើឲ្យក្រុមកម្មករបានដួលសន្លប់កាលពីសប្តាហ៍មុន។ «សំខាន់កាលណាកន្លែងធ្វើការមួយ ដើម្បីឲ្យមានអុកស៊ីហ្សែនគ្រប់គ្រាន់វាត្រូវមានខ្យល់ត្រជាក់ ខ្យល់ចេញចូល ដល់ពេលគាត់បាំងជិតអស់ទៅវាហប់ បញ្ហាគាត់ធ្វើការច្រើនទៀតផង ក៏វាអាចទន់ដៃទន់ជើង។ ក៏ប៉ុន្តែពេលដែលយកទៅពេទ្យពេលហ្នឹង ឃើញគ្រូពេទ្យគ្រាន់តែដាក់សេរ៉ូម មានកម្លាំងទៅគាត់ ចេញអស់ទៅ។ អញ្ចឹងមានន័យថា វាអត់មានអ្វីធ្ងន់ធ្ងរទេ»។ កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បត៍សប្តាហ៍មុនរយៈពេលពីរថ្ងៃជាប់ៗគ្នា មានក្រុមកម្មករនៃរោងចក្រ កាត់ដេរ King Fashion ប្រមាណជិត២០០នាក់ ដែលមានទីតំាងនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់ដោយពុំដឹងមូលហេតុ។ ក្រុមមន្រ្តីឃ្លាំមើលការរំលោភសិទ្ធិការងារ និងក្រុមកម្មករមួយចំនួនបានសង្ស័យថាការដួលសន្លប់នេះសង្ស័យបណ្តាលមកពីសារធាតុគីមីដែលបានភាយចេញពីក្រណាត់ និងអ្នកខ្លះទៀតបាននិយាយថា សង្ស័យបណ្តាលមកពីការទទួលទានទឹកនៅក្នុងរោងចក្រ។ កម្មការីនីម្នាក់អាយុ២២ឆ្នាំ ដែលបានបម្រើការងារនៅរោងចក្រ King Fashion រយៈពេលមួយឆ្នាំមកហើយនោះនិងសុំមិនឱ្យបញ្ចេញឈ្មោះបាននិយាយថា កញ្ញាពុំធ្លាប់ទទួលរងគ្រោះទេ កាលពីលើកមុន។ កញ្ញាបាននិយាយទៀតថាកង្វះខាតខ្យល់អុកស៊ីហ្សែនចេញចូល បានធ្វើឲ្យកញ្ញាបានដួលសន្លប់ កាលពីសប្តាហ៍មុន។ «ក្លិនប្លែក។ ធម្មតាតែដល់ពេលម៉េចវាថប់ៗដង្ហើមចេញមកតម្រង់ជួរថប់ៗដង្ហើមក៏ខ្ញុំសន្លប់ទៅ»។ ការដួលសន្លប់របស់ក្រុមកម្មករបានកើតមានឡើងរយៈពេលតែមួយខែប៉ុណ្ណោះ បន្ទាប់ពីរោងចក្រ កាត់ដេរស្បែកជើងមួយដែលមានឈ្មោះថា ហ៊ុយ ជៀន មានទីតំាងនៅក្នុងខណ្ឌដង្កោដែរនោះ មានកម្មករប្រមាណជិត១.០០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់រយៈពេលបីថ្ងៃជាប់ៗគ្នា។ លោកមឿង តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាននិយាយថា ចាប់តាំងពីឆ្នាំ២០១០ មានកម្មករប្រមាណជាង២.០០០នាក់ នៅក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង និងនៅក្នុងទីក្រុងភ្នំពេញ បានដួលសន្លប់។ លោកបានមានប្រសាសន៍ទៀតថា នៅតាមបណ្តារោងចក្រ ដើម្បីរក្សាផលិតផលវត្ថុធាតុដើមដូចជាស្បែក ក្រណាត់ និងអំបោះ ឲ្យរក្សាទុកបានយូរ ម្ចាស់រោងចក្រ បានប្រើប្រាស់ថ្នាំការពារ ដើម្បីកុំឲ្យសត្វល្អិតបំផ្លាញ។ «កម្មករ គឺដោយសារតែកម្លាំង គាត់ក៏ធ្វើការជាច្រើនពេកអញ្ចឹងទៅ ហើយរបបអាហារមិនគ្រប់ហើយគួបផ្សំនិងក្លិនជាតិថ្នាំទាំងអស់ហ្នឹងផង។ វាធ្វើឲ្យគាត់សន្លប់ ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុត ខ្ញុំ អាចនិយាយថា រោងចក្រក៏ដូចជារដ្ឋាភិបាល គឺអត់ទាន់បានយកចិត្តទុកដាក់ឲ្យបាន១០០ភាគរយទេ»។ នៅក្នុងប្រទេសកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ប្រមាណ២៧៦រោងចក្រ ដែលបានចុះបញ្ជីនៅក្នុងសមាគមរោងចក្រកាត់ដេរកម្ពុជា។ លោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានមានប្រសាសន៍ថាក្រុមកម្មករមិនបានពាក់ម៉ាស់ការពារទេ នៅពេលបំពេញការងារទើបបណ្តាលឲ្យពួកគេបានដួលសន្លប់។ «ជាទូទៅកម្មករទាំងអស់ភាគច្រើន យើងច្រើនតែចែកម៉ាស់ឲ្យប្រើ ប៉ុន្តែសំខាន់នៅលើការណ៍ដែលកម្មករគាត់ប្រើ ជួនកាលគាត់ពាក់នៅក្រោមច្រមុះ គាត់មិនពាក់លើច្រមុះ ជួនកាលគាត់ថា វាហប់ ពិបាកដកដង្ហើម ការអនុវត្តវាមាន ប៉ុន្តែក្រុមហ៊ុនតែងតែចែកឲ្យ»។ កាលពីសប្តាហ៍មុនក្រុមហ៊ុនផលិតផលស្បែកជើងដ៏ធំមួយដែលមានឈ្មោះថា Puma របស់ប្រទេសអាល្លឺម៉ង់ បានចេញរបាយការណ៍មួយថា ការធ្វើការថែមម៉ោងច្រើន និងការរំលោភទៅលើល័ក្ខខ័ណ្ឌសុវត្ថិភាព និងសុខភាពជាមូលហេតុចំពោះការដួលសន្លប់យ៉ាងច្រើនរបស់ក្រុមកម្មករនៅរោងចក្រផ្គត់ផ្គង់មួយរបស់ប្រទេសកម្ពុជាកាលពីអំឡុងខែមេសា។ ឧស្សាហកម្មកាត់ដេរ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា។ នៅក្នុងត្រីមាសទីមួយដើមឆ្នាំ២០១១នេះការនាំចេញសម្លៀកបំពាក់ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងប្រមាណ២៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០។ យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងត្រីមាសទីមួយឆ្នាំ២០១១ ការនាំចេញសម្លៀកបំពាក់ទៅកាន់សហរដ្ឋអាមេរិក មានទឹកប្រាក់ប្រមាណ៥២១លានដុល្លារសហរដ្ឋអាមេរិក ហើយនៅក្នុងឆ្នាំ២០១០ មានប្រមាណ៤១១លានដុល្លារសហរដ្ឋអាមេរិក៕ This posting includes an audio/video/photo media file: Download Now |
ការផ្ទុះអាវុធនៅភូមាធ្វើឲ្យមានការព្រួយបារម្ភពីការសាយភាយនៃជម្លោះ Posted: 21 Jun 2011 01:37 PM PDT ការប្រយុទ្ធគ្នារវាងកងទ័ពភូមា និងក្រុមបះបោរជនជាតិភាគតិច កាឈិន (Kachin) នៅភាគឦសានប្រទេសនេះបានរាលដាលទៅដល់ខេត្តសាន( Shan) ដែលនៅជិតខាង។ ការប្រយុទ្ធគ្នានេះបានធ្វើឲ្យមានការព្រួយបារម្ភកើនឡើងអំពីការរាលដាលនៃជម្លោះនេះ។ ប្រជាពលរដ្ឋរាប់ពាន់នាក់បានជម្លៀសខ្លួនទៅព្រំប្រទល់ប្រទេសចិន ដែលកំពុងជំរុញឲ្យមានការអត់ធ្មត់ទាំងសងខាង។ នៅថ្ងៃព្រហស្បតិ៍ទី១៦ខែមិថុនាឆ្នាំ២០១១សប្តាហ៍មុននេះ ការផ្ទុះអាវុធនៅតែបន្តរវាងកងទ័ពភូមា និងក្រុមបះបោរជនជាតិភាគតិចកាឈិននៅតំបន់ភ្នំជាប់នឹងព្រំដែនប្រទេសចិន។ ការប្រយុទ្ធនៅខេត្តកាឈិន ភាគខាងជើង ដែលបានចាប់ផ្តើមអស់រយៈពេលមួយអាទិត្យកន្លងមកហើយនោះ បានរាលដាលទៅដល់ខេត្តសាន (Shan)នៅ ជិតនោះដែលជាតំបន់របស់ជនជាតិសានរស់នៅ។ Shan Herald ជាក្រុមអ្នកសារព័ត៌មាននិរទេសដែលមានទីស្នាក់ការនៅទីក្រុងបាងកក បានរាយការណ៍ថា កងទ័ពភូមាចំនួនប្រាំវរសេនាតូចកំពុងវាយប្រហារលើក្រុមបះបោរមួយទៀតគឺកងទ័ពរបស់ខេត្តសាន។ ប្រយុទ្ធគ្នារាលដាលនេះបានធ្វើឲ្យមានការព្រួយបារម្ភថា ជម្លោះនេះប្រហែលជាមិនអាចគ្រប់គ្រងបានទេ។ ខូន សីយេ ជីយេន (Khuensai Jaiyen) ជាបណ្ណាធិការរបស់សារព័ត៌មាន Shan Herald និយាយថា ប្រសិនបើក្រុមជនជាតិផ្សេងទៀតចូលរួមក្នុងការប្រយុទ្ធនេះ វានឹងអាចក្លាយជាសង្រ្គាមដែលមានទ្រង់ទ្រាយធំ។ លោកក៏បាននិយាយផងដែរថា មេដឹកនាំជនជាតិទាំងនោះសង្ឃឹមថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ការវាយប្រហារនេះមុនពេល វារីករាលដាលកាន់តែខ្លាំងឡើង។ <!--IMAGE--> «ពួកគេគិតថា ប្រទេសចិនចង់បានសន្តិសុខ និងស្ថិរភាពនៅតាមព្រំដែន។ សូម្បីរដ្ឋាភិបាលក្រុងប៉េកាំងក៏បាននិយាយដូច្នេះដែរ តាំងពីកងទ័ពភូមាវាយប្រហារកូកាង (Kokang) ដែលជាក្រុមជនជាតិមួយផ្សេងទៀតនៅឆ្នាំ២០០៩»។ ការប្រយុទ្ធគ្នារវាងកងទ័ពភូមា និងក្រុមបះបោរកូកាង (Kokang) កាលពី២ឆ្នាំកន្លងមកនេះបានធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់រត់គេចខ្លួនទៅកាន់ប្រទេសចិន។ អស្ថិរភាពនេះធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងបានចេញសេចក្តីរិះគន់មួយយ៉ាងកម្រលើរដ្ឋាភិបាលភូមាដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់ចិន។ ការប្រយុទ្ធចុងក្រោយនេះបានផ្ទុះឡើងនៅក្នុងតំបន់ ដែលចិនកំពុងតែសង់ទំនប់វារីអគ្គិសនីជាច្រើន។ គេមិនដឹងច្បាស់ពីដើមហេតុធ្វើឲ្យមានការផ្ទុះអាវុធនោះទេ។ លោកខូអេនសៃ (Khuensai) និយាយថា ការវាយប្រយុទ្ធគ្នានេះចាប់ផ្តើមនៅពេលដែលប្រទេសភូមាបញ្ជូនកងទ័ពទៅមើលសណ្តាប់ធ្នាប់សន្តិសុខនៅកន្លែងសាងទំនប់ទាំងនោះ រីឯអ្នកសេចក្តីរាយការណ៍ផ្សេងទៀតនិយាយថា ការវាយប្រយុទ្ធគ្នានេះបានកើតឡើងដោយសារតែមានការដោះដូរអ្នកទោសរវាងភាគីទាំងសងខាងមានបញ្ហា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកហុង ឡៃមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍នេះថា លោកមានការព្រួយបារម្ភពីការប្រយុទ្ធនេះ។ លោកមានប្រសាសន៍ថា ពួកគេកំពុងតែតាមដានស្ថានភាពនៅតាមព្រំដែនយ៉ាងដិតដល់ និងជំរុញឲ្យរាល់ភាគីទាំងអស់ប្រកាន់ភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ដើម្បីជៀសវាងការជំរុញស្ថានភាពឲ្យកាន់តែតានតឹង និងជំរុញឲ្យភាគីទាំងអស់ដោះស្រាយការខ្វែងគំនិតគ្នានានាតាមរយៈការចរចាគ្នា។ ការប៉ះទង្គិចគ្នានៅខេត្តកាឈិន (Kachin) កាលពីប៉ុន្មានសប្តាហ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់រត់ទៅប្រទេសចិន ក៏ប៉ុន្តែមានសេចក្តីរាយការណ៍ថា អាជ្ញាធរចិនបានរារាំងពួកគេភាគច្រើននៅឯព្រំដែន។ លោកហុងបដិសេធថា ប្រទេសចិនមិនបានរារាំងប្រជាពលរដ្ឋដែលរត់គេចពីកន្លែងប្រយុទ្ធគ្នានោះទេ។ ក្រុមធ្វើយុទ្ធនាការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានឲ្យដឹងថា ទាហានជាច្រើនបានស្លាប់នៅក្នុងការប្រយុទ្ធគ្នានោះ។ រដ្ឋាភិបាលប្រទេសភូមាមិនបានចេញសេចក្តីប្រកាសជាផ្លូវការពីការផ្ទុះអាវុធនោះទេ ហើយគេស្ទើរតែមិនអាចធ្វើការផ្ទៀងផ្ទាត់ព័ត៌មានអំពីស្ថានការណ៍នោះបានទេ ពីព្រោះតំបន់នោះនៅឆ្ងាយដាច់ស្រយាល និងគេមិនអនុញ្ញាតឲ្យអ្នកកាសែតចូលនៅមើលតំបន់នោះទេ។ នៅទសវត្សរ៍១៩៩០ កងទ័ពដើម្បីឯករាជ្យភាពកាឈិន (Kachin) ក៏ដូចជាកងកម្លាំងនៃជនជាតិភាគតិចដទៃផ្សេងទៀតដែរ បានចុះកិច្ចព្រមព្រៀងជាច្រើនជាមួយអាជ្ញាធរភូមាអំពីបទឈប់បាញ់គ្នា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាច្រើនឆ្នាំដើម្បីឯករាជ្យ។ ក៏ប៉ុន្តែការផ្ទុះអាវុធបានចាប់ផ្តើមតាំងពីឆ្នាំ២០០៩ នៅពេលដែលរដ្ឋាភិបាលយោធាភូមាចាប់ផ្តើមដាក់សំពាធលើក្រុមជាច្រើន ក្នុងបំណងចង់ឲ្យក្រុមទាំងនោះឋិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដូចកងកម្លាំងការពារព្រំដែន៕ ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |