VOA News: ព័ត៌មាន: “ដើម​បណ្តឹង​នៅ​សាលាក្តី​ខ្មែរ​ក្រហម​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​បី​នាក់​ទៀត” plus 3 more

VOA News: ព័ត៌មាន: “ដើម​បណ្តឹង​នៅ​សាលាក្តី​ខ្មែរ​ក្រហម​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​បី​នាក់​ទៀត” plus 3 more


ដើម​បណ្តឹង​នៅ​សាលាក្តី​ខ្មែរ​ក្រហម​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​បី​នាក់​ទៀត

Posted: 20 Jun 2011 09:57 AM PDT

មេធាវី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់​ គឺ​កញ្ញា​សេង ធារី ​បាន​ទៅមុខ​មួយ​ជំហាន​ទៀត​នៅ​ថ្ងៃច័ន្ទ​នេះ​ក្នុង​ការត្រៀម​ដាក់​ពាក្យ​សុំ​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​សម្រាប់​សំណុំ​រឿង​០០៤ ​ដោយ​បាន​អំពាវនាវ​ឲ្យ​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដទៃ​ផ្សេង​ទៀត​ចូលរួម​ដាក់​ពាក្យ​ស្នើ​សុំ​នេះ​ដូច​គ្នា​ឲ្យ​បាន​ច្រើន។

នៅ​ក្នុង​លិខិត​ចំហ​មួយ​ច្បាប់​នៅ​ថ្ងៃនេះ ​អតីត​នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ បច្ចុប្បន្ន​ជា​នាយិកា​សមាគម​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​នៅ​កម្ពុជា ​បាន​ប្រកាស​ថា​ នាង​នឹង​ដាក់​ពាក្យស្នើ​សុំតាំង​ខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​ចុងក្រោយ​នេះ​ប្រឆាំង​នឹង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ចំនួន​បី​នាក់​ដែល​នាង​បង្ហាញ​ឈ្មោះ​ចំៗ​ជាថ្មី​ម្ដង​ទៀត។ ជន​ទាំងនោះ​រួមមាន​លោកស្រី​ អ៊ឹម​ ចែម ​តាទិត​ និង​តា ថា។

កញ្ញា​ សេង ធារី​ បាន​សរសេរ​ចោទប្រកាន់​នៅក្នុង​លិខិត​ចំហ​នោះថា​ ជន​ទាំងបី​ទទួល​ខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល​ប្រជា​ពលរដ្ឋ​កម្ពុជា​ចន្លោះ​ពីឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ១៩៧៩ ​នៅតាម​តំបន់​ ដែល​ពួកគេ​កាន់កាប់​អំណាច។

កញ្ញា ​សេង ធារី ​បាន​សរសេរ​ក្នុង​លិខិត​នោះថា​ នាង​ស្នើឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ធ្វើការ​ស៊ើប​អង្កេត​អំពី​ពិរុទ្ធភាព​របស់​ជន​ទាំងបី​ទាក់ទង​ទៅ​នឹង​តំបន់​ឧក្រិដ្ឋកម្ម​នៃ​មន្ទីរ​សន្ដិសុខ​វត្ត​ធ្លក​ និង​មន្ទីរ​សន្ដិសុខ ​បឹង រ៉ៃ ​ក្នុង​ខេត្ត​ស្វាយរៀង​ ដែល​នៅ​មន្ទីរ​សន្ដិសុខ​ទាំងពីរ​មាន​ជនរងគ្រោះ​ចន្លោះ​ពី​២០.០០០​ ទៅ​៣០.០០០​នាក់​ត្រូវ​បាន​សម្លាប់។

អតីត​អ្នកទោស​កុមារ​នៅ​សម័យ​ខ្មែរ​ក្រហម​រូប​នេះ​ បាន​បង្ហាញ​នូវ​ព័ត៌មាន​ពិស្ដារ​បន្ថែម​ទៀតទាក់​ទង​ទៅនឹង​ទី​កន្លែង​ឧក្រិដ្ឋកម្ម​នៅភូមិ​ភាគឧត្តរ​ ភូមិភាគ​នីរតី​ និង​នៅ​ភូមិភាគ​បូព៌ា។ កញ្ញា​សេង ធារី ​អះអាង​ថា ​ជន​ជាប់​សង្ស័យ​ទាំងបី​ក្នុង​សំណុំរឿង​ទី៤​នេះ ​មាន​ការជាប់ពាក់​ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​នៅទី​កន្លែង​ទាំង​នោះ។

កញ្ញា​នាយិកា​សមាគម​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​នៅ​កម្ពុជា​ បាន​ដាក់​ពាក្យ​ស្នើសុំ​តាំង​ខ្លួនជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សម្រាប់​សំណុំ​រឿង​០០៣កាលពី​ពេល​ថ្មីៗ​នេះ​ ក៏​ប៉ុន្ដែ​នាង​ត្រូវ​សហ​ចៅក្រម​ស៊ើបអង្កេត​ទាត់ចោល​ហើយ​នាង​កំពុងតែ​ប្ដឹង​សារទុក្ខ។

សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​នឹង​បើក​សវនាការ​បឋម​សម្រាប់​សំណុំរឿង​ទីពីរ​រយៈពេល​បួន​ថ្ងៃចាប់​ពីថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ​ទៅ។ សំណុំរឿង​ដ៏មាន​សារៈ​សំខាន់​បំផុត​មួយ​នេះ​មាន​ជន​ជាប់ចោទ​ដែល​កំពុង​ស្ថិត​ក្នុង​ការឃុំឃាំង​បណ្ដោះ​អាសន្ន​ចំនួន​បួន​នាក់​ គឺ​នួន ជា ​ខៀវ សំផន​ អៀង សារី និង​អៀង ធីរិទ្ធ។

កញ្ញា ​សេង ធារី ​បាន​អំពាវនាវ​ដល់​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ឲ្យ​យក​ឱកាស​នេះ​បំពេញ​ពាក្យ​ស្នើសុំ​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​សម្រាប់​សំណុំរឿង​ ០០៣ ​និង​សំណុំ​រឿង​០០៤ឲ្យ​ហើយ។

លោកឌឹម ​សុវណ្ណារុំ ​មន្ដ្រី​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​បើក​កកាយ​អត្តសញ្ញាណ​ជន​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​ទាំងពី​ចុងក្រោយ​ថា​ ជា​ការរំលោភ​លើ​គោលការណ៍​លក្ខការណ៍​របស់​តុលាការ។ ហើយ​លោក​បាន​ព្រមាន​ថា​ កញ្ញា​សេង ធារី ​ត្រូវតែ​ទទួល​ការខុសត្រូវ​ចំពោះ​ផលវិបាក​ណាមួយ​ដែល​អាច​កើតចេញ​ពី​សេចក្ដី​ថ្លែងការណ៍​របស់​នាង។

«រាល់​ការណ៍​ដែល​យើង​បង្ហាញ​អត្តសញ្ញាណ​របស់​ជនសង្ស័យ​នេះ ​គឺជា​ការរំលោភ​ទៅលើ​គេហៅថា​សច្ចធារណ៍​នៃ​និរទោស​ រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ ​ទាំង​សំណុំរឿង​០០៣​ទាំង​សំណុំរឿង​០០៤​ យើង​ទាំងអស់​គ្នា​ដឹង​ថា ​មាន​ជនសង្ស័យ​ចំនួន​ប្រំារូប ​ក៏ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​ សហ​ចៅក្រម​ស៊ើប​អង្កេត​ពុំដែល​បាន​ជម្រាប​ជូន​ពីឈ្មោះរ​បស់​ជន​សង្ស័យ​នោះ​ឡើយ»។

ទោះជា​យ៉ាងណា ​លោក ឡាត់ គី​ អ្នកសម្រប​សម្រួល​កម្មវិធី​សាលាក្ដី​ខ្មែរ​ក្រហម​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ យល់​ថា ​កញ្ញា​សេង ធារី ​ទំនង​ជា​មិនគួរ​ប្រឈមនឹង​បញ្ហា​អ្វី​កើតឡើង​ពី​សេចក្ដី​ថ្លែង​ក្នុង​លិខិត​ចំហ​របស់​នាង​ឡើយ។

លោក​ ឡាត់ គី​ គាំទ្រ​ការចេញ​លិខិត​បែប​នេះ។

«ខ្ញុំ​យល់​ថា ​វា​ជា​មធ្យោបាយ​មួយ​ផងដែរ ​ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ពិចារណា​ទៅលើ​សំណុំរឿង​មួយ​នេះ»។

សូម​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​ជា​ខ្លាំងក្លា​មិនចង់​ឲ្យ​មាន​ការចាត់ការ​លើ​សំណុំរឿង ​០០៣ ​និង​ សំណុំ​រឿង ​០០៤នេះ​ទេ។ អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ជា​ចំហ​ថា​ ខ្លួន​មាន​កង្វល់​ថា ​សាលាក្ដី​ខ្មែរ​ក្រហម​អាច​នឹង​បោះបង់​សំណុំរឿង​ទាំងពីរ​ដោយ​ស្ងាត់​កំបាំង​បំផុត៕

This posting includes an audio/video/photo media file: Download Now

រដ្ឋមន្ត្រី​ការពារ​ជាតិ​ទៅចិន​ដើម្បី​ពិភាក្សា​ការងារ​យោធា

Posted: 20 Jun 2011 11:47 AM PDT

លោក​ឧប​នាយករដ្ឋមន្រ្តី​ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នៅ​ថ្ងៃច័ន្ទ​នេះ ​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចំនួន​មួយ​សប្តាហ៍​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​រវាង​រដ្ឋមន្រ្តី​នៃ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ លោក​ឧប​នាយក​រដ្ឋមន្រ្តី​ ទៀ បាញ់​ បាន​មាន​ប្រសាសន៍​ថា ​លោក​គ្រោង​នឹង​ជួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​និង​លោក​លាង គួងលី (Liang Guanglie)​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​ចិន។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ទៀ បាញ់​ មិនបាន​មាន​ប្រសាសន៍​លម្អិត​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទេ។ ក៏ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ​ភាគី​ចិន ​និង​កម្ពុជា ​នឹង​ពិភាក្សា​អំពី​បញ្ហា​វិស័យ​យោធា។

«ទស្សនកិច្ច​របស់​គណៈប្រតិភូ​ គឺ​បញ្ជាក់​ច្បាស់​ហើយ​ គឺ​យោធា​ហើយ​រវាង​ក្រសួង​ការពារ​ជាតិ​ ធ្វើ​យ៉ាង​ណា​ក៏ដោយ ​គឺវា​មា​នមួយផ្នែក​ហើយ ​ដែល​ពិភាក្សា​គ្នា»។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រសួង​ការពារជាតិ​កម្ពុជា ​បាន​កើតមាន​ឡើង​បន្ទាប់ពី​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន​១៨៧នាក់​ទៅកាន់​ប្រទេស​របស់​ខ្លួន​វិញ ​ក្រោយពី​បាន​សម្ងំ​លាក់ខ្លួន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា។

ប្រតិបត្តិការ​បង្រា្កប​នោះ​បាន​ធ្វើឡើង​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ពេល​តែមួយ​រវាង​ប្រទេស​កម្ពុជា ​ថៃ ​ចិន​តៃវ៉ាន់ ​ឥណ្ឌូនេស៊ី ​និង​ម៉ាឡេស៊ី​ហើយ​បាន​ធ្វើឡើង​កាល​ពី​ដើម​ខែ​នេះ។

ជនជាតិ​ចិន​ទាំង​១៨៧​នាក់នេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បឧក្រិដ្ឋកម្ម​ឆ្លងដែន​ ដោយ​បាន​យក​ប្រទេស​កម្ពុជា​ធ្វើជា​ទីតាំង​សម្រាប់​ធ្វើការ​គំរាមកំហែង​ជំរិត​ទារប្រាក់​នៅ​ឯ​ក្រៅ​ប្រទេស។

លោក​គឹម ស៊ូភិរិទ្ធ ​អ្នកតំណាង​រាស្រ្ត​ និង​ជាអ្នក​នាំពាក្យ​ស្តីទី​របស់​គណបក្ស​សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា​លើក​នេះ​ទំនង​ជា​អាច​នាំមក​នូវ​ជំនួយ​យោធា​បន្ថែម​ទៀត​ពី​ប្រទេស​ចិន។

«ប្រទេស​ចិន​ជានិច្ចកាល​តែងតែ​ផ្តល់​នូវ​ផ្នែក​ជំនួយ​យោធា​មក​ប្រទេស​កម្ពុជា។ យើង​ឃើញ​មាន​រថយន្ត​ជាហូរហែ ​ហើយ​ក៏អាច​មាន​ទំនាក់ទំនង​ក្នុង​ការ​ទិញ​ដូរ​សម្ភារៈ​ និង​គ្រឿង​សព្វាវុធ​មួយ​ចំនួន​ព្រោះ​ខ្ញុំ​ដឹងថា ​សម្ភារៈ​សឹក​មួយ​ចំនួន​នៅ​ប្រទេស​យើង​ គឺ​សុទ្ធតែ​របស់​ដែល​វា​សល់​ពី​សម័យ​ចិន​នៅ​មាន​អំណាច​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា»។

កាលពី​អំឡុង​ខែ​ឧសភា ​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ឯកសណ្ឋាន​យោធា​ចំនួន​៥០.០០០​សម្រាប់​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ទំនាក់​ទំនង​យោធា​នៃ​ប្រទេស​ទាំងពីរ។

នៅឆ្នាំ​២០១០​ប្រទេស​ចិន​បាន​ផ្តល់​សម្ភារៈ​យោធា​ចំនួន​២៥៧​គ្រឿង​ ដើម្បី​ជំនួស​ឲ្យ​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ដែល​សន្យា​ថា​នឹង​ផ្តល់​មក​កម្ពុជា​ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ទៅវិញ​ដោយសារ​ហេតុផល​សិទ្ធិ​មនុស្ស។

ក្នុង​ចំណោម​ជំនួយ​យោធា​ទាំងនោះ​មាន​រថយន្ត​ចំនួន​២០០គ្រឿង​ រថយន្ត​សម្រាប់​មេបញ្ជាការ​ចំនួន​៣០​គ្រឿង ​រថយន្ត​ពេទ្យ​ចំនួន​២០​គ្រឿង ​និង​រថយន្ត​ដឹក​គ្រឿង​បន្លាស់​ចំនួន​៥គ្រឿង។

ប្រទេស​ចិន​​និង​កម្ពុជា​​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា​តាំង​ពី​យូរយារ​ណាស់​មក​ហើយ។

ជំនួយ​យោធា​របស់​ប្រទេស​ចិន​មកកម្ពុជា​បាន​កើត​មាន​ឡើង​បន្ទាប់ពី​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ដ៏​រ៉ាំរ៉ៃ ​ជាមួយ​នឹង​ប្រទេស​ថៃ។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ទៀ បាញ់​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ​កម្ពុជា​ត្រូវការ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ដើម្បី​ការពារ​បូរណភាព​ទឹកដី៕

This posting includes an audio/video/photo media file: Download Now

ពិព័រណ៌​សិក្សា​នឹង​ជួយ​ណែនាំ​និស្សិត​ពី​អាជីព​ការងារ

Posted: 20 Jun 2011 11:03 AM PDT

អតីត​និស្សិត​អាហារ​រូបករណ៍​ហ្វូលប្រាយ​ថ៍ (Fulbright) ​ចំនួន​១៣០​នាក់​គ្រោងនឹង​តាំង​ពិព័រណ៌​សិក្សា​ដ៏មាន​សារៈ​សំខាន់​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​ជួយ​ណែនាំ​ដល់​សិស្ស​ដែល​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ឱ្យ​ជ្រើសរើស​មុខ​ជំនាញ​និង​អាជីព​ការងារ​ត្រឹមត្រូវ​សម្រាប់​អនាគត។

សមាគម​អតីត​និស្សិត​អាហាររូបករណ៍​សហការ​ជាមួយ​នឹង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​តាំង​ពិព័រណ៌​សិក្សា​ស្តីពី​ការ​ជ្រើសរើស​ជំនាញ ​និង​អាជីព​ការងារ​ឆ្នាំ២០១១​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ថ្ងៃទី​២៦​ ខែ​មិថុនា ដោយ​មាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

លោក​ធាម រតនៈ​ ប្រធាន​សមាគម​និស្សិត​អាហារ​រូបករណ៍​ហ្វូលប្រាយថ៍​​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​ ពិព័រណ៌​សិក្សា​នេះ​នឹង​ផ្តល់​ឱ្យ​សិស្ស​ដែល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ២០១១​ នូវ​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ជម្រើស​ក្នុង​ការ​ជ្រើសរើស​មុខ​ជំនាញ​សម្រា​ប់ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​ពន្យល់​អំពី​ទីផ្សារ​ការងារ​ និង​ប្រភេទ​ការងារ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ពួកគេ​នាពេល​អនាគត។

លោក​ ធាម រតនៈ​ បាន​បញ្ជាក់​ថា​ អតីត​និស្សិត​អាហាររូបករណ៍​ធ្វើការ​ណែនាំ​សិស្ស​ឱ្យ​ធ្វើការ​សម្រេចចិត្ត​ ជ្រើសរើស​យក​មុខជំនាញ​ឱ្យ​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត ​និង​តម្រូវការ​របស់​និយោជក។

«ខ្ញុំ​ជឿថា​វាល្អ​ ពីព្រោះ​ថា​អ្នកជំនាន់​មុខ​ដែល​ទទួល​ការជោគជ័យ​ ធ្លាប់​ទៅរៀន​ស្រុកក្រៅ​មក​វិញ​ យើង​ទទួល​បាន​ការងារ​ល្អ ​ហើយ​អាច​ណែនាំ​ទៅប្អូនៗ​ជំនាន់​ក្រោយ។ ប្រធានបទ​សំខាន់​គឺ​ការជ្រើសរើស​ ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ​និង​ការខំរៀន​ដើម្បី​ត្រៀម​អាហារ​រូបករណ៍។ គាត់​អាច​យល់ដឹង​ពី​ការរើស​ជំនាញ​ ហើយ​គាត់​អាច​សួរនាំ​ពី​បទ​ពិសោធន៍​ការងារ»។

ចាប់ពី​ឆ្នាំ​១៩៩៤​ដល់​បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​មាន​អតីត​និស្សិត​អាហារ​រូបករណ៍​ហ្វូលប្រាយ​ថ៍​របស់​សហរដ្ឋ​អាមេរិក​ ចំនួន​១៣០​នាក់​ដែល​កំពុង​បម្រើការ​នៅ​តាម​ស្ថាប័ន​សាធារណៈ​ និង​ឯកជន ​មាន​ជំនាញ​ផ្នែក​អប់រំ​ការ​គ្រប់គ្រង​ជំនួញ ​កសិកម្ម ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ច្បាប់។

លោក​ ធាម រតនៈ ​បាន​បញ្ជាក់​ថា បញ្ហា​របស់​និស្សិត​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ និង​អាជីព​ការងារ ​ហើយ​ពិព័រណ៌​សិក្សា​ស្តីពី​ជំនាញ​ និង​អាជីព​ការងារ​ឆ្នាំ​២០១១​ ដែល​ក្នុង​ពិព័រណ៌​នេះ ​សាកល​វិទ្យាល័យ​រដ្ឋ​និង​ឯកជន​នានា​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​ដែល​សាកលវិទ្យាល័យ​របស់​ពួកគេ​អាច​ផ្តល់​ជូន​សិស្ស​ដែល​ទើប​នឹង​រៀន​ចប់​វិទ្យាល័យ។

ប្រទេស​កម្ពុជា​កំពុងតែ​ជួប​ប្រទះ​នូវ​កង្វះខាត​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​ធនធាន​មនុស្ស។ ដោយ​សង្កេត​ឃើញ​ថា​សិស្ស​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ​ មាន​ការ​យល់ដឹង​តិចតួច​​អំពី​ការ​ជ្រើសរើស​មុខ​ជំនាញ​សម្រាប់​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ​ ដើម្បី​ឱ្យ​ត្រូវនឹង​គោលបំណង​សម្រាប់​អាជីព​អនាគត។

លោក​ រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ថ្លែងថា​ ការចង្អុល​បង្ហាញ​អំពី​អនាគត​ទីផ្សារ​ការងារ​សម្រាប់​សិស្ស​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ស្ទើរតែ​គ្មានសោះ​ក្នុង​ការ​ជ្រើសរើស​យក​មុខជំនាញ​នេះ៖

«យើង​មាន​ការព្រួយបារម្ភ​ ចំពោះ​យុវជន​រៀន​បញ្ចប់​ថ្នាក់​ទី១២​និង​និស្សិត​រៀន​បញ្ចប់​នៅ​តាម​មហា​វិទ្យាល័យ​ ដែល​ចេញ​មកវិញ​ គ្មាន​ការងារ​ធ្វើ​ភាគច្រើន។ នេះ​ជាចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ដែល​មិនបាន​បង្កើត​ការងារ​ទុកឱ្យ​យុវជន​ក្រោយ​ពី​បញ្ចប់​ការសិក្សា»។

លោក​ រ៉ុង ឈុន​ បា​នបន្ត​ថា ​សិស្ស​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ មិនមាន​បទពិសោធន៍​ឬ ​យល់ដឹង​ស៊ីជម្រៅ​ក្នុង​ការ​ជ្រើសរើស​មុខ​ជំនាញ ​មិនបាន​ស្វែងយល់​ស៊ីជម្រៅ​ទៅលើ​មុខជំនាញ​ និង​ទីផ្សារ​ការងារ​ទេ។

«បើមាន​ការតាំង​ពិព័រណ៌​តម្រង់​ទិស​ដល់​យុវជន ​យើង​គិត​ថា​ វា​ជា​ការណ៍​ល្អ​ប្រសើរ​មួយ​ ដើម្បី​ឱ្យ​គាត់​រៀន​ចំ​គោលដៅ​ទីផ្សារ​ការងារ​តែម្តង​ងាយ​ស្រួល ​នៅពេល​គាត់​បញ្ចប់​ពីមហា​វិទ្យាល័យ​ទៅ​ គាត់អាច​ស្វែងរក​ការងារ​បាន​ធ្វើ»។

លោកស្រី​ ខារ៉ូល រ៉ុដលី (Carol Rodley)​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ និង​លោក​ អ៊ឹម សិទ្ធី ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​គាំទ្រ​ ​នឹង​ចូលរួម​ក្នុង​កម្មវិធី​តាំង​ពិព័រណ៌​សិក្សា​នេះ៕

This posting includes an audio/video/photo media file: Download Now

ឧត្ដមសេនីយ៍​ថៃ​អំពាវនាវ​ឲ្យ​អ្នក​គាំ​ទ្រ​រាជាធិបតេយ្យ​ទៅ​បោះឆ្នោត

Posted: 20 Jun 2011 11:48 AM PDT

អគ្គ​មេបញ្ជាការ​យោធា​ថៃ​បាន​​បញ្ចេញ​ឥទ្ធពល ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដោយ​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​បោះឆ្នោត​ឲ្យ«មនុស្សល្អ»ណា ដែល​គាំ​ទ្រ​រាជាធិបតេយ្យ។ អត្ថាធិប្បាយ​របស់​លោក​ឧត្ដម​សេនីយ៍ ​អាច​បក​ស្រាយ​ថា​ ជា​​ការ​វាយ​ប្រហារ​ដោយ​បិតបាំង​មក​លើ​គណបក្ស​ជំទាស់។

នៅ​ក្នុង​ការ​ផ្សាយ​តាម​ទូរទស្សន៍​ពេល​យប់​ជ្រៅ​ទៅ​កាន់​ជនជាតិ​ថៃ​ទូទៅ ​ប្រទេស​អគ្គមេបញ្ជាការ​កង​ទ័ព​ថៃ ឧត្ដម​សេនីយ៍​ ប្រយុទ្ធ ចាន់​ អូចាហ​ថ្លែង​ថា​ ពលរដ្ឋ​ថៃ​ទាំង​អស់​គួរ​ទៅ​បោះឆ្នោត​តែ​លោក​ព្រមាន​ថា​ បើ​ប្រជាពលរដ្ឋ​ថៃ​បោះឆ្នោត​តាម​បែប​ផែន​ចាស់​ដូច​ពី​លើក​មុន​ ហើយ​ជ្រើស​គណបក្ស​ដដែល​ ឬ​ ក៏​មិន​ទៅ​បោះឆ្នោត​​​ប្រទេស​ជាតិ​​នឹង​​មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ទេ។

ឧត្ដម​សេនីយ៍​​ប្រយុទ្ធ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ថៃ​បោះ​ឆ្នោត​គាំទ្រ​«មនុស្សល្អ»​ដែល​គាំទ្រ​រាជាធិបតេយ្យ។

ឧត្ដម​សេនីយ៍​ប្រយុទ្ធ ចាន់​ អូចាហ ​ថ្លែង​ថាសេវាសន្ដិសុខ​រក​ឃើញ​ថា​មាន​ភស្ដុតាង​បង្ហាញ​នូវ​ការ​វាយ​ប្រហារ​ទៅ​លើ​រាជា ធិបតេយ្យ​ ជាពិសេស​រាយ​ឈ្មោះ​អ្នក​គាំ​ទ្រយ៉ាង​តិច​ម្នាក់​នៃ​អតីត​នាយក​រដ្ឋ​មន្ដ្រី​ថាក់​ស៊ីន​ស៊ី​ណា​វ៉ាត្រ។

លោក​​និយាយថា​មាន​សកម្មភាព​មិន​ស្រប​ច្បាប់​កាន់​តែ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​មើល​ងាយ​​ព្រះ​មហាក្សត្រ ​ជា​ពិសេស​​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត ដែល​ភ្ជាប់​ក្រុម​មូយ​រស់​នៅ​ក្រៅ​ប្រទេស។

លោក​ថ្លែង​ថា​លោក​និយាយ​ដូច្នោះ​ ដោយ​សារ​តែ​ជន​ទាំង​នោះ​មាន​កំហុស​តាម​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ដែល​ព្យាយាម ​ប្រមាថ​រាជាធិបតេយ្យ​ និង​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​មនុស្ស​ជា​ច្រើន​ទៀត។ លោក​ថ្លែង​ទៀត​ថា​ អាជ្ញា​ធរ​​មិន​អាច​អនុញាត​ឲ្យ​ជន​ទាំង​​នោះ​បំពាន​លើ​ច្បាប់​បាន​ឡើយ។

ច្បាប់​តឹងរឹង​របស់​ប្រទេស​ថៃ​ប្រឆាំង​នៃ​​ការ​ប្រមាថ​មើលងាយ​ រាជាធិបតេយ្យ​ទទូល​ទណ្ឌកម្ម​​ជាប់​គុក​ រហូត​ដល់​១៥​​ឆ្នាំ​ បាន​ត្រូវ​ទិតៀន​​ថា​យក​ទៅ​រំលោភ​ប្រើ​ប្រាស់​ដើម្បី​ប្រយោជន៍​នយោបាយ។

ឧត្ដម​សេនីយ៍​​ប្រយុទ្ធ​​បាន​ចោទ​ថា​​ មាន​មេដឹកនាំ​មួយ​ចំនួន​របស់​គណបក្ស​ជំទាស់របស់​ក្រុម​អាវ​ក្រហម ដែល​ជា​អ្នក​រៀបចំ​ការ​ដើរ​តវ៉ា​នៅ​លើ​ផ្លូវ​កាល​ពី​ឆ្នាំ​មុន​ប្រឆាំង​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ ដែល​ជា​ការ​ប្រមាថ​មើល​ងាយ​ព្រះមហាក្សត្រ។

ឧត្ដមសេនីយ៍​​ប្រយុទ្ធ​​បាន​ដឹក​នាំ​ការ​វាយ​បង្ក្រាប​យោធា​ដែល​បញ្ចប់​បាតុកម្ម។​ ការ​ប្រយុទ្ធ​គ្នា​រវាង​យោធា​និងក្រុម​បាតុករ​ ដែល​ខ្លះ​មាន​អាវុធ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​៩០​​នាក់​ ភាគ​ច្រើន​ជា​ជន​ស៊ីវិល។

គណបក្ស​លោក​​ថាក់ស៊ីន​​បាន​យក​ជ័យជម្នះ​​លើ​ការ​បោះឆ្នោត​​៤ ​លើក​ចុង​ក្រោយ​តែ​យោធា​ថៃ​ បាន​ទម្លាក់​លោក​ចេញ​ពី​ដំណែង​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​ក្នុង​ឆ្នាំ​២០០៦ ​ហើយ​បាន​ចោទ​ប្រកាន់​លោក​ថាក់ស៊ីន​ ថា​ជា​អ្នក​កាន់​អំណាច​ផ្ដាច់ការ​ ស៊ីសំណូក​ និង​ មិន​ស្មោះត្រង់​ចំពោះ​រាជាធិបតេយ្យ។

លោក​ ថាក់​ស៊ីន ​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។ រួច​លោក​ថាក់ស៊ីន​បាន​គេច​ចេញ​ពី​ប្រទេស ​ដើម្បី​ចៀស​វាង​ការ​ចាប់​ដាក់​គុក​តាម​បទ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ។

ប្អូន​ស្រី​របស់​លោក​​​ថាក់ស៊ីន​ យីងលូក​ ស៊ី​ណា​វ៉ាត្រ​ដឹក​នាំ​គណបក្ស​ជំទាស់​ភឿថៃ។ ​អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​ថៃ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា​ បើ​គណបក្ស​​ភឿថៃ​​ឈ្នះ​ឆ្នោត យោធា​​អាច​ធ្វើ​រដ្ឋប្រហារ​ម្ដងទៀត។ មេបញ្ជា​ការ​យោធា​បាន​បដិសេធ​លទ្ធភាព​ដូច្នោះ។

ទោះ​បី​ជា​បាន​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​ដូច្នោះ​ក៏​ដោយ ​ឧត្ដមសេនីយ៍​​ប្រយុទ្ធ​​ថ្លែង​ថា ​យោធា​នៅ​តែ​រក្សា​ភាព​អព្យាក្រិត្យ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣​ខែ​​កក្កដា។ យោធា​របស់​ប្រទេស​ថៃ​ធ្លាប់​មាន​ប្រវត្ដិសាស្រ្ដ​ដ៏​យូរ​​អំពី​ការ​ចូល​ជ្រៀត​ជ្រែក​ក្នុង​នយោបាយ​ ដោយ​បាន​ប្រព្រឹត្ដ​រដ្ឋប្រហារ​១៨​​ដង ​រួចមក​ហើយ​ចាប់​តាំង​ពី​ប្រទេស​ថៃ​ចាកចេញ​ពី​​រាជាធិបតេយ្យ​ផ្ដាច់ការ​ទៅ​រក​រាជាធិបតេយ្យ ​អាស្រ័យ​លើ​រដ្ឋធម្មនុញ្ញ។

ប្រែ​សម្រួល​ដោយ អ៊ូ​ ធួក

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!