VOA News: ព័ត៌មាន |
ថៃហាមការនាំចូលផលិតផលកសិកម្មពីកម្ពុជា Posted: 17 May 2011 06:46 AM PDT ជម្លោះព្រំដែនអាចជាមូលហេតុនាំឲ្យមានការហាមការនាំចូលប្រទេសថៃនូវផលិតផលកសិកម្មកម្ពុជា។ លោកគង់ ពុធារ៉ា ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ នៅថ្ងៃចន្ទ័នេះថា ថៃបានហាមឃាត់ការនាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជាពោតនិងក្រូចឆ្មា។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ក្រូចឆ្មាឲ្យតែនាំចូលច្រកណាក៏ដោយទៅស្រុកថៃគឺស្រុកថៃ គាត់ដាក់ពន្ធលើក្រូចឆ្មា និងពោត។ អញ្ចឹងប្រជាកសិករយើងអត់អាចនាំចូលទៅស្រុកថៃបានទេ។ ហើយគាត់ដាក់កូតាទៅប្រជាកសិករអ្នកនាំចូល ដូចជាប្រជាកសិករភាគច្រើនប៉ះពាល់ទៅលើប្រជាកសិករខ្មែរ ដូចជាពោត ហើយគាត់ដាក់ទៅខុសពេលវេលា បានន័យថាខុសពេលវេលានៃការប្រមូលផល»។ ការហាមឃាត់ការនាំទំនិញផលិផលកសិកម្មកម្ពុជាចូលទៅប្រទេសថៃនេះ បានកើតមានឡើងបន្ទាប់ពីជម្លោះព្រំដែនកាលពីពេលថ្មីៗនេះ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងនៅតំបន់ ថ្មដូន ខេត្តឧត្តរមានជ័យកម្ពុជា និងខេត្តសុរិន្ទរបស់ថៃ។ កាលពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី២ខែឧសភា កន្លងទៅនេះកងទ័ពនៃប្រទេសទំាងពីរបាន វាយប្រយុទ្ធគ្នាអស់រយៈពេលចំនួន១២ថ្ងៃជាប់ៗគ្នា ដែលធ្វើឲ្យកងទ័ពទាំងសងខាងប្រមាណយ៉ាងតិច១៨ នាក់បានស្លាប់បាត់បង់ជីវិត និងជាង៧០នាក់ផ្សេងទៀត បានទទួលរងរបួស។ បន្ទាប់ពីជម្លោះព្រំដែននេះ ថៃបានហាមឃាត់ការនាំប្រេងសាំងចូលមកកម្ពុជានិងផលិតផលផ្សេងៗទៀត ហើយចុងក្រោយនេះ បានហាមឃាត់មិនឲ្យនាំផលិតផលកសិកម្មកម្ពុជាចូលទៅប្រទេសថៃ។ លោកគង់ ពុធារ៉ា បានមានប្រសាសន៍ថា ការហាមឃាត់នេះ ក្រសួងពាណិជ្ជកម្មថៃបានចេញលិខិត ត្រឹមត្រូវ។ លោកបានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងទទួលរងនូវផលប៉ះពាល់ដោយសារតែការបិទទំនិញមិនឲ្យឆ្លងដែនរវាងប្រទេសទាំងពីរ។ លោកថ្លែងថា៖ «គឺប៉ះពាល់ គឺអត់នាំអ្វីកើតទៅវិញទៅមកដោះដូរ។ ទីបំផុតសឹងតែថ្ងៃក្រោយវាអាចធ្វើជាវិទ្ធង្សនា ដូចជាធ្វើវិកលយុគសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ និយាយឲ្យចំហៅដូចជាសង្គ្រាមពាណិជ្ជកម្ម»។ លោក ផានីតាន់ វតនាយ៉ាកន (Panitan Watanayagorn) អ្នកនំាំពាក្យរដ្ឋាភិបាលថៃ និងនាយកដ្ឋានពាណិជ្ជកម្មរបស់ថៃ មិនអាចស្នើសុំ ដើម្បីទំនាក់ទំនងបានទេនៅថ្ងៃច័ន្ទនេះ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីអំឡុងខែមេសាបានប្រកាសថា ប្រសិនណាបើថៃបិទព្រំដែននោះ លោកនឹងប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ឈប់ប្រើប្រាស់ទំនិញមកពីប្រទេសថៃ។ លោកបានមានប្រសាសន៍ទៀតថា គ្មានទំនិញមកពីប្រទេសថៃ កម្ពុជាមិនស្លាប់ទេ។ ស្របពេលនឹងថៃផ្អាកមិនឲ្យនាំទំនិញចូលកម្ពុជា និងផ្អាកនាំផលិតផលកសិកម្មកម្ពុជាចូលប្រទេសថៃនោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកចម ប្រសិទ្ធ បានសម្រេចផ្អាកការតាំងពិព័រណ៍ ផលិតផលថៃ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខាងមុខនេះនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។ យោងតាមលិខិតមួយច្បាប់របស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៣ខែឧសភា ដែលបានផ្ញើជូនទៅ អគ្គរាជទូតថៃបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មេបញ្ជាការយោធភូមិភាគទី២របស់ថៃ បានលើកឡើងទៅ និងបញ្ហាការធ្វើពាណិជ្ជកម្ម និងការបិទព្រំដែននេះ មិនមែនជាពេលសមស្រប ដើម្បីបង្ហាញផលិតផលរបស់ថៃនៅកម្ពុជាទេ។ ដូច្នេះកម្ពុជាបានសម្រេចមិនឲ្យមានការតាំងពិព័រណ៍នេះកើតឡើងទេ។ ជម្លោះព្រំដែននៃប្រទេសទាំងពីរនៅតែមានភាពតានតឹងនៅឡើយ។ លោកឧត្តមសេនីយ៍ត្រីឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា នៅថ្ងៃពុធ ខាងមុខនេះ និងមានកិច្ចប្រជុំប្តូរវេនគ្នារវាងរដ្ឋមន្រ្តីការពារជាតិអាស៊ានដែលគ្រោងធ្វើនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីសន្តិសុខនៅក្នុងតំបន់។ លោកបានមានប្រសាសន៍ទៀតថា ក្រៅពីកិច្ចប្រជុំ និងមានការជួបប្រជុំពិភាក្សាដាច់ដោយឡែក មួយទៀតរវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និងថៃក្រោមការរៀបចំរបស់ប្រទេសឥណ្ឌូនេស៊ីដើម្បីពិភាក្សាអំពីជម្លោះព្រំដែនរវាងកម្ពុជានិងថៃ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |